Author: វល័ក្ខ

  • កុំព្យូទ័រ​ស៊េរី​ថ្មី​របស់ Xiaomi ស្អាត ហើយ​ខ្លាំង​ទៀត

    កុំព្យូទ័រ​ស៊េរី​ថ្មី​របស់ Xiaomi ស្អាត ហើយ​ខ្លាំង​ទៀត

    ម្សិលមិញ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​របស់​ចិន Xioami បាន​បញ្ចេញ​នូវ​កុំព្យូទ័រ​យួរដៃ Mi Notebook Pro មាន​រូបរាង​ស្អាត និង​មាន​សមត្ថភាព​ដំណើរការ​ខ្លាំង ដើម្បី​ប្រជែង​ជាមួយនឹង​ស៊េរី​កុំព្យូទ័រ​របស់ Apple។

    កុំព្យូទ័រ​នេះ​មាន​រាងស្ដើង តួខ្លួន​រចនា​ឡើង​ពី​លោហៈ​ម៉ាញ៉េ​ស្យូ​ម អាល់​ឡយ (Magnesium alloy) មាន​ទម្ងន់​ស្រាល ត្រឹមតែ 1.95 គីឡូក្រាម លើ​អេក្រង់​ទំហំ 15.6 អ៊ី​ញ។ វា​ត្រូវបាន​ក្រុមហ៊ុន​បំពាក់​ជាមួយនឹង​បន្ទះ​ឈី​ប​មាន​សមត្ថភាព​ខ្ពស់ Intel Core i7 និង​មាន RAM 8GB/16GB ទំហំ​ផ្ទុក 256 GB ប្រភេទ SSD មាន​ក្រាហ្វិក NVIDIA GeForce MX150 និង​ភ្ជាប់​នូវ​រន្ធ Port សរុប​ចំនួន 7។ Mi Notebook Pro ក៏មាន​ប្រើ​នូវ​ទ្រនាប់​ស្គែ​ន​ក្រយៅដៃ Fingerprint នៅ​បរិវេណ Touch Pad និង​មានប្រើ​នូវ​ប្រព័ន្ធ​ត្រជាក់ Symmetrical Cooling សម្រាប់​ជួយ​កាត់បន្ថយ​កម្ដៅ ទោះជា​ប្រើ​យូរ​ក៏​គ្មាន​បញ្ហា​កម្ដៅ​ដែរ។

    កុំព្យូទ័រ​នេះ ភ្ជាប់​ជាមួយ​បាស់​បំពង​សំឡេង​មកពី​ក្រុមហ៊ុន Harman និង​បច្ចេកវិទ្យា​សំឡេង Dolby panoramic sound។ កុំព្យូទ័រ​យួរដៃ​មួយ​នេះ​ត្រូវបាន Xiaomi ចាប់ផ្តើម​លក់​នៅក្នុង​តម្លៃ CNY 5,600 (ប្រមាណ $860) សម្រាប់​ប្រភេទ Core i5 ចំណែក​ប្រភេទ Core i7 មានតម្លៃ CNY 6,400 (ប្រមាណ $980)៕

    Video៖ https://youtu.be/NXy63RHhlYA

  • នេះ​ជា Link ដើម្បី​ទស្សនា​ការផ្សាយ​ផ្ទាល់​របស់ Apple នៅក្នុង​ព្រឹត្តិការណ៍​យប់​នេះ

    នេះ​ជា Link ដើម្បី​ទស្សនា​ការផ្សាយ​ផ្ទាល់​របស់ Apple នៅក្នុង​ព្រឹត្តិការណ៍​យប់​នេះ

    អ្វីៗទាំងអស់​នឹងត្រូវ​បាន​បង្ហាញ​នៅ​រាត្រី​នេះ​នៅ​ម៉ោងជាង12  រំលងអធ្រាត្រ​បន្តិច​ឈានចូល​ថ្ងៃទី13 ម៉ោង​នៅក្នុង​ប្រ​ទស​កម្ពុជា  Apple នឹងធ្វើ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍ Special Event នេះ​ដោយផ្ទាល់​នៅ​គេហទំព័​របស់ខ្លួន ហើយ​ប្រិយមិត្ត​ដែល​ចង់​ចូលរួម​ទស្សនា​ក៏​អាច​ចូល​បាន​តាមរយៈ Link ខាងក្រោម​នេះ។

    ចុច​លើ Link នេះ​ដើម្បី​ចូលទៅ​ទស្សនា​ការផ្សាយ​ផ្ទាល់

    ក្នុងការ​ចូលរួម​ទស្សនា​ផ្ទាល់​នេះ Apple អនុញ្ញាត​បានតែ​ចំពោះ​ប្រិយមិត្ត​ដែល​ប្រើ​ទូរស័ព្ទ iPhone  iPad  iPod Touch ដែលមាន​កម្មវិធី Safari ចាប់ពី iOS 9.0 ឬ​ខ្ពស់ជាង​នេះ កុំព្យូទ័រ Mac ប្រើ​កម្មវិធី Safari លើ macOS v10.11 ឬ​ខ្ពស់ជាង​នេះ ហើយ​ចំពោះ​អ្នក​ដែល​ប្រើ​កុំព្យូទ័រ Windows ធម្មតា ត្រូវ​ប្រើ​កម្មវិធី Microsoft Edge លើ​ប្រព័ន្ធ Windows 10។ ដោយឡែក​ចំពោះ​អ្នក​ប្រើ Apple TV អាច​ប្រើ​បាន​ពី​ជំនាន់​2nd ឬ 3rd ដែលមាន Software 6.2 R ឬ​ខ្ពស់ជាង​នេះ។

    សម្រាប់​ព្រឹត្តិការណ៍​នេះដែរ ត្រូវបាន​គេ​រំពឹងទុក​ថា Apple នឹង​បង្ហាញ​ពី​ឧបករណ៍​ជំនាន់ថ្មីៗជាច្រើន រួម​នឹង​មុខងារ​ផ្តោតលើ​ការវិវឌ្ឍ នៃ​ផ្នែក Software និង​ការដាក់ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ iOS11ផងដែរ។

    សូមកុំ​ភ្លេច​តាមដាន​ជាមួយ​ក្រុមការងារ​គេហទំព័រ ឡា​រ៉ែ​ន និង​ចែករំលែក (Share) ព័ត៌មាន​នេះ ដើម្បីឱ្យ​មិត្ត​ភ័ក្ដិ​របស់​អ្នក​បាន​ដឹងផង៕

  • រយៈពេល7ខែ ខ្មែរ​ចេញ​កម្សាន្ត​នៅក្រៅ​ប្រទេស​ជិត1លាន​នាក់

    រយៈពេល7ខែ ខ្មែរ​ចេញ​កម្សាន្ត​នៅក្រៅ​ប្រទេស​ជិត1លាន​នាក់

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល7ខែ​ឆ្នាំនេះ​ចំនួន​ប្រជាជន​កម្ពុជា​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​មាន​ជិត1លាន​នាក់ កើនឡើង22ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី12 កញ្ញា​នេះ​ថា ក្នុង​រយៈពេល7ខែ​ឆ្នាំនេះ ប្រជាជន​ខ្មែរ 998,000នាក់​បាន​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស។ ប្រទេស​ដែល​ពួកគេ​ចេញទៅ​ភាគច្រើន​រួមមាន​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី សាំង​ហ្កា​ពួរ និង​ទៅ​ទស្សនា​នៅ​ប្រទេស ជប៉ុន​ក៏មាន​ការកើនឡើង​ខ្ពស់​ផងដែរ។ លោក​បន្តថា ការកើនឡើង​នូវ​ការចេញ​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​របស់​ប្រជាជន​ខ្មែរ​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កាន់តែ​ប្រសើរឡើង។

    លោក​បន្តថា កាលពី​ឆ្នាំមុន​ភ្ញៀវទេសចរ​កម្ពុជា​ចេញទៅ​ទស្សនា​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ1លាន​នាក់ និង​រំពឹង​កើនឡើង​ជាង1លាន​នាក់​នៅ​ឆ្នាំនេះ ដោយសារ​កំណើន​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាជន​ខ្មែរ​និយម​ដើរ​កម្សាន្ត​ច្រើន​នៅក្រៅ​ប្រទេស។

    ជាមួយនឹង​ការចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ក្នុង​តំបន់​កើនឡើង កម្ពុជា​ក៏​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ផងដែរ ដោយ​ក្រសួងទេសចរណ៍​បាន​ព្យាករ​ថា កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​ដល់5.4លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ចំនួន1លាន​នាក់។

    លោក ធួន ស៊ីណាន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា លោក​មិន​ហ៊ាន​បដិសេធ​អំពី​ការលើកឡើង​នេះ​ទេ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​មាន​ក្រុមហ៊ុនធំៗជាច្រើន​បាន​លុបចោល​ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​មិនល្អ ប៉ុន្តែ​ប្រសិនជា​បូក​ចំនួន​ភ្ញៀវទេសចរ​នឹង​ចំនួន​អ្នក​ចេញទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​ផង​ឃើញ​ចំនួន​ភ្ញៀវ​ទំហំ​ប៉ុណ្ណឹង​លោក​មានការ​យល់ស្រប ព្រោះ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​បាន​កើនឡើង​យ៉ាងគំហុក។

    លោក​បន្តថា ប្រជាពលរដ្ឋ​ខ្មែរ​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​វៀតណាម​តាម​ច្រក​បាវិត ច្រក​ត្រពាំង​ស្រែ និង​ច្រក​ត្រពាំង​ផ្លុ​ង និង​ចេញ​តាម​ច្រក​អូរ​ស្មាច់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​សុ​រិ​ន្ទ្រ​ប្រទេស​ថៃ​មាន​មិន​ក្រោម500នាក់​ទេ​ក្នុង​មួយថ្ងៃ។

    លោក ធួន ស៊ីណាន បាន​បន្តថា ការ​ចេញទៅ​កម្សាន្ត​នៅ​ប្រទេស​គេ គឺមាន​ផលចំណេញ​ពីរ ទី1 ប្រជាជន​ខ្មែរ​អាច​មើលឃើញ​ពី​ការអភិវឌ្ឍ​នៅ​ប្រទេស​របស់គេ និង​អាច​យកគំនិត​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​របស់ខ្លួន​វិញ និង​ទី2 ជាការ​បង្ហាញថា កម្ពុជា​មិន​រង់ចាំតែ​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​នោះទេ តែ​វា​បង្ហាញឱ្យឃើញថា ប្រជាជន​ខ្មែរ​ក៏មាន​ជីវភាព​ធូរធារ​អាច​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស បាន​ស្មើមុខស្មើមាត់​នឹង​ប្រជាជន​នៃ​ប្រទេស​ក្នុង​តំបន់​ផងដែរ៕

     

  • តំណក់​ប្រេង​កម្ពុជា​អាច​នឹង​ប្រើ​មិនបាន​យូរ បើ​គ្មាន​គោលការណ៍​តម្លាភាព

    តំណក់​ប្រេង​កម្ពុជា​អាច​នឹង​ប្រើ​មិនបាន​យូរ បើ​គ្មាន​គោលការណ៍​តម្លាភាព

    ភ្នំពេញ- គ្រា​ដែល​ប្រទេស​កម្ពុជា​ជិត​ទទួលបាន​ដំណក់​ប្រេង​ដំបូងបង្អស់​នៅ​ឆ្នាំ 2019ខាងមុខ​នោះ  ត្រូវបាន​អ្នកជំនាញ​បញ្ជាក់ថា ដើម្បី​រក្សា​ឱ្យបាន​និរន្ដរភាព​ក្នុងការ​បូម​យក​ធនធាន​កម្រ​មួយ​នេះ ការ​អនុវត្ដ​យន្ដការ​តម្លាភាព​គឺជា​រឿង​មួយ​ចាំបាច់​បំផុត។

    ឯកឧត្ដម ម៉េង ស័ក្ដិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើងថា៖ «ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រេងកាត និង​ឧស្ម័ន​តម្រូវឱ្យមាន​យន្ដការ​តម្លាភាព​ច្បាស់លាស់ ព្រោះ​វា​ជា​ធនធាន​ដែល​មិន​កកើត​ឡើងវិញ និង​ជា​ធនធាន​ត្រូវបាន​កំណត់ដោយ​ច្បាប់​ថា ជា​សម្បត្ដិ​រដ្ឋ និង​របស់​ប្រជាពលរដ្ឋ​យើង​គ្រប់​ជំនាន់។ ដូច្នេះ​ការ​ដកយក​ធនធាន​នេះ​មកប្រើប្រាស់​សម្រាប់​ធ្វើជា​ទុនវិនិយោគ​ក្នុងដំណាក់កាល​ណាមួយ ត្រូវ​គិតគូរ​ឱ្យបាន​វែងឆ្ងាយ និង​ប្រុងប្រយ័ត្ន​ដើម្បី​ការពារ​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់​មនុស្ស​ជំនាន់ក្រោយៗទៀត»។

    រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បន្ដថា ដើម្បី​អាច​ធានាបាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​ឱ្យ​ទទួលបាន​ផលប្រយោជន៍​រយៈពេល​វែង​នោះ យន្ដការ​តម្លាភាព​ជាគ​ន្លឹះ​សំខាន់​ត្រូវ​អនុវត្ដ​ដែល​ក្នុងនោះ​មាន​ចំណុចធំ3 គឺ៖

    1. ត្រូវ​ពង្រីក​ការយល់ដឹង​ពី​វិស័យ​ប្រេង​ឱ្យបាន​ទូលំទូលាយ​ទៅកាន់​មហាជន​ទូទៅ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​អាច​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​នេះ​ដោយ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់។
    2. ត្រូវមាន​យន្ដការ​ពិគ្រោះ​យោបល់​ដោយ​ពហុភាគី ដោយមាន​ការចូលរួម​ពី​តួអង្គសំខាន់ៗដូចជា​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ី​វី​ល និង​ក្រុមហ៊ុន​ឯកជន​ខាង​ផ្នែក​ឧស្សាហកម្ម ឬ​ក្រុមហ៊ុន​អន្ដរជាតិ​ដែល​ធ្វើ​ធុរកិច្ច​លើ​វិស័យ​ប្រេង។ តួអង្គ​ទាំងបី​ត្រូវបង្កើត​ឱ្យបាន​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ ក្នុង​ការជជែក​ដោះស្រាយ​ទាំង​បញ្ហា​គោលនយោបាយ បញ្ហា​យុទ្ធសាស្ដ្រ និង​បច្ចេកទេស ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​ទាញយក​ធន​ធាន​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន។
    3. ការគិតគូរ​ពី​សមត្ថភាព​ស្ថាប័ន​កិច្ចការ​របស់​ជាតិ ជា​កិច្ចការ​សំខាន់បំផុត​ត្រូវធ្វើ ដើម្បី​បញ្ចៀស​ភាពមិន​ស៊ីចង្វាក់​គ្នា ភាព​កង្វះ​សមត្ថភាព​ក្នុង​គ្រប់គ្រង​នៅក្នុង​ផ្នែក​ស្ថាប័ន​កិច្ចការ ព្រោះ​យើង​ត្រូវ​ធានា​ឱ្យបាន​ថា ក្នុងនាម​យើង​ជា​ម្ចាស់​ធនធាន យើង​អាច​ការពារ​បាន​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​យើង​ដែលជា​ម្ចាស់​ធនធាន​ជា​អតិបរមា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់៕
  • PSG ត្រៀម​ផ្តល់​មេរៀន​ជូរចត់​ដល់ Celtic ក្នុង Champions League រាត្រី​នេះ

    PSG ត្រៀម​ផ្តល់​មេរៀន​ជូរចត់​ដល់ Celtic ក្នុង Champions League រាត្រី​នេះ

    Paris Saint-Germain នឹង​ចាប់ផ្តើម​ការ​ប្រមាញ់​រក​ជ័យជម្នះ​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League នៅលើ​ទឹកដី​ក្រុម Celtic នៅ​រាត្រី​នេះ ក្រោម​ជំនួយ​ដ៏​ធំ​ពី​សំណាក់​តារា​ឆ្នើម Neymar និង Kylian Mbappe។ ក្លិប​យក្ស​របស់​បារាំង​មួយ​នេះ សង្ឃឹមថា ការចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ពួកគេ អាចជួយ​ឲ្យ​ពួកគេ​សម្រេចបាន​នូវ​ក្តី​សុបិន​របស់​ម្ចាស់​ក្លិប​សញ្ជាតិ​កាតា តាមរយៈ​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប។

    PSG បាន​ឆ្លើយតប​ទៅនឹង​ការខកចិត្ត​របស់​ពួកគេ​ដោយ​ការបាត់បង់​ពាន Ligue 1 ក្រោម​ស្នាដៃ​ក្រុម Monaco និង​ការធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League វគ្គ16ក្រុម​ចុងក្រោយ ក្រោម​ស្នាដៃ​ក្រុម Barcelona តាមរយៈ​ការ​ជះ​លុយ​ជា​កំណត់ត្រា​ពិភពលោក​ចំនួន222លាន​អឺរ៉ូ (ស្មើនឹង264លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញយក Neymar ពី Barca។

    បើទោះបី​ការចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​សេដ្ឋី​សញ្ជាតិ​កាតា​បាន​ជួយ​ឲ្យ PSG ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​បារាំង​ជា​លើក​ទី4ជាប់ៗគ្នា​ចាប់ពី​ឆ្នាំ2013 ដល់​ឆ្នាំ2016 ក៏ដោយ ប៉ុន្តែ​ពួកគេ​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ឡើយ។ ការបង្ហាញ​ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តែមួយ​លើក និង​ជា​លើកចុងក្រោយ​របស់​ក្រុម PSG បាន​កើតឡើង​កាលពី​ឆ្នាំ1999 មុននឹង​ធ្លាក់​ចេញ​ត្រឹមតែ8ក្រុម​ចុងក្រោយ 4លើកជាប់ៗគ្នា ក៏ដូចជា​ចាញ់​ក្នុង​លទ្ធផល 6-1 ក្នុងការ​ប្រកួត​ជើង​ទី2នៅលើ​ទឹកដី​ក្រុម Barcelona បើទោះបី​បាន​ផ្តួល​ក្រុម Barca លើ​ទឹកដី​ខ្លួនឯង 4-០ កាលពីដើម​ឆ្នាំនេះ​ក៏ដោយ។

    ប៉ុន្តែ ក្រោយពី PSG បានធ្វើការ​ពង្រឹង​ក្រុម​តាមរយៈ​ការនាំយក Neymar និង Mbappe ក្តីសង្ឃឹមផ្សេងៗជុំវិញ​ក្រុម​របស់លោក Unai Emery ពិតជា​ស្ថិតក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់។ ក្រោយពី​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ Metz 5-1 ក្នុងការ​ប្រកួត​លី​ក​កាលពី​ថ្ងៃ​សុក្រ ខ្សែការពារ Thomas Meunier បាន​ឲ្យ​ដឹងថា៖ «យើង​ត្រៀមលក្ខណៈ​បានល្អ​ប្រសើរ​ជាង​ពីមុន​ក្នុង Champions League។ យើង​ស្ថិតក្នុង​ពូ​ល​ដ៏​ល្អ ហើយ​យើង​អាច​មើលឃើញថា នៅថ្ងៃនេះ យើង​មាន​រាល់​ជម្រើស​ទាំងអស់»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕
    ប្រភពពី៖ Sport24

  • ក្រុមហ៊ុន Car4you គម្រប់​ខួប 5ឆ្នាំ​នៅ​កម្ពុជា

    ក្រុមហ៊ុន Car4you គម្រប់​ខួប 5ឆ្នាំ​នៅ​កម្ពុជា

    ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​ក្នុង​ឆ្នាំ 2012 លើ​ការ​នាំចូល​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​ម៉ាក​អី​ុ​ហ្គ្រី​ន (E-green) និង​រថយន្ត​ហ្វូ​តុ​ន (Foton) ក្រុមហ៊ុន Car4you បានរៀបចំ​កម្មវិធី​គម្រប់​ខួប5ឆ្នាំ​របស់ខ្លួន ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​បន្ដ​ការគាំទ្រ និង​ប្រើប្រាស់​គ្រប់​សេវាកម្ម​របស់​ក្រុមហ៊ុន​នាពេល​កន្លងមក។

    លោក Kjeld Olsen នាយក​ក្រុមហ៊ុន Car4you Co., Ltd បានឱ្យដឹងថា រយៈពេល 5ឆ្នាំនេះ​ជា​ពេលវេលា​ដ៏​គួ​ឱ្យ​កត់សម្គាល់​សម្រាប់​ក្រុមហ៊ុន​លោក និង​អតិថិជន​ទាំងអស់គ្នា។ ថ្ងៃនេះ​លោក​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន និង​ដៃគូ​អាជីវកម្ម​ទាំងអស់​ដែល​បាន​គាំទ្រ​កន្លងមក និង​បន្ត​គាំទ្រ​ក្រុមហ៊ុន Car4you។

    លោក​ថ្លែងថា ៖ “ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ កាលពីពេល​ចាប់​ផ្តើមដំបូង​ក្រុមហ៊ុន​មានតែ​បុគ្គលិក1នាក់ និង​រថយន្ត​មួយគ្រឿង​ប៉ុណ្ណោះ​នៅក្នុង​ក្រុមហ៊ុន​នៅ​កន្លែង​ដ៏​តូច​មួយ។

    លោក​បន្ថែមទៀតថា ពេលនេះ​យើង​មាន​ក្រុមការងារ30នាក់ និង​បាន​លក់​រថយន្ត​ជាច្រើន​គ្រឿង​ជូន​អតិថិជន​ក្នុងមួយឆ្នាំ។ មាន​កត្តាពិសេសៗជាច្រើន​ដែល​ជំរុញ​ឱ្យ​យើង​សម្រេចចិត្ត​ជ្រើស​រើសយក អី​ុ​ហ្គ្រី​ន និង​ហ្វូ​តុ​ន មក​លក់​នៅក្នុង​ព្រះ-រាជាណាចក្រ​កម្ពុជា។ អី​ុ​ហ្គ្រី​ន ត្រូវបាន​ផលិតឡើង​ជាមួយ​គ្រោង​ដែក​ដ៏​រឹងមាំ ជាមួយនឹង​គ្រឿងបន្លាស់​គុណភាព​ខ្ពស់​របស់​អាមេរិក ដូចជា អាគុយ ម៉ូ​ទ័​រ បតបញ្ជា។ យើង​ផ្តល់ជូន​ការធានា 2ឆ្នាំ និង​ផ្តល់​សេវា​ជួសជុល​ដល់ទីកន្លែង​ទាំង​ក្នុង​ខេត្ត និង​រាជធានី​ភ្នំពេញ។

    បច្ចុប្បន្ន​រថយន្ត អី​ុ​ហ្គ្រី​ន ត្រូវបាន​លក់​ទៅ​សណ្ឋាគារ រមណីយដ្ឋាន គ្រប់ទិសទី​ក្នុងប្រទេស ចំណែក​រថយន្ត​ហ្វូ​ន​តុ​ន​ក៏បាន​ទទួល​ភាពជោគជ័យ​យ៉ាងខ្លាំង​ក្នុ ង​កិច្ចដំណើរការ​ផលិតរ​ថ​យន្ត​អស់​ជាច្រើន​ឆ្នាំ​មកហើយ។ រថយន្ត​ជាច្រើន​លាន​គ្រឿង​ផលិតឡើង​សម្រាប់​ដឹក​អ្នកដំណើរ រថយន្ត​ដឹក​ភ្ញៀវទេសចរ រថយន្តក្រុង រថយន្ត​ដឹក​អីវ៉ាន់ និង​រថយន្ត​ជា​លក្ខណៈ​គ្រួសារ​ជាដើម។

    ហ្វូ​តុ​ន ត្រូវបាន​ផលិត​ដោយ​អ្នកជំនាញ​ចម្រុះ​ជាតិ​សាសន៍ និង​មាន​បច្ចេកវិទ្យា​ពី​អាមេរិក អាល្លឺម៉ង និង​ជប៉ុន។ ហ្វូ​តុ​ន​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​គ្រឿងបន្លាស់​ពី​អាមេរិក និង​ជប៉ុន ដោយ​ផ្តល់​ការធានា​រយៈពេល 3ឆ្នាំ។ នៅ​ចុង​ឆ្នាំនេះ​ក្រុមហ៊ុន​ក៏​នឹងមាន​ម៉ូ​ឌែ​ល​រថយន្ត​ថ្មី​ចំនួន 2ទៀត​សម្រាប់​អតិថិជន គឺ ហ្វូ​តុ​ន​ទុន​ឡែ​ន ភី​ក​អាប់ (Foton Tunland Pick Up) លេខ​អូ​តូ កាប់​ពី​តាស់ បំពាក់​ដោយ​គ្រឿង​ទំនើប​ទាំង​ក្នុង និង​ក្រៅ។ ម៉ូ​ឌែ​ល​មួយទៀត ហ្វូ​តុ​ន សូ​វ៉ាន់​ណា (Foton Sauvana) អេស​យូ​វី កាប់​ពី​តាស់ លេខ​អូ​តូ​ផងដែរ។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ (099) 555 199៕

  • Crystal Palace បណ្តេញ​លោក De Boer ចេញ ក្រោយពី​ដឹកនាំ​បានត្រឹមតែ 4ប្រកួត

    Crystal Palace បណ្តេញ​លោក De Boer ចេញ ក្រោយពី​ដឹកនាំ​បានត្រឹមតែ 4ប្រកួត

    ក្លិប Crystal Palace កាលពី​ថ្ងៃ​ចន្ទ បាន​បណ្តេញ​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​គឺ​លោក Frank de Boer ចេញពី​តំណែង ក្រោយពី​ចាប់ផ្តើម​មិន​បានល្អ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ក្រោយពី​ពួកគេ​បាន​ចាញ់​រាល់​ការប្រកួត​បើកឆាក​ទាំង 4លើក ដោយ​មិនបាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សូម្បីតែ 1គ្រាប់។

    ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​បាត​តារាង​លី​កមួយ​នេះ កំពុងតែ​ទាក់ទង​ជាមួយនឹង​លោក Roy Hodgson ដើម្បី​តែងតាំង​ជំនួស​កន្លែង​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ។

    ក្លិប Crystal Palace បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្លិប​កីឡាបាល់ទាត់ Crystal Palace បានសម្រេច​ចែកផ្លូវ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​គឺ​លោក Frank de Boer ហើយ​កាលពី​ព្រឹក​មិញ​នេះ»។ ក្លិប Crystal បាន​ឲ្យ​ដឹង​ទៀតថា៖ «យើង​សូម​ថ្លែងអំណរគុណ​ដល់​លោក Frank សម្រាប់​ការលះបង់​របស់លោក និង​ការខិតខំ​ព្យាយាម​ធ្វើការ​របស់លោក​អំឡុង​ពេល​លោក​ចំណាយពេល​នៅក្នុង​ក្លិប​នេះ។ អ្នកចាត់ការ​ទូទៅ​ថ្មី​ម្នាក់​នឹងត្រូវ​តែងតាំង​ក្នុងពេលឆាប់ៗនេះ ហើយ​យើង​សូម​ជូនពរ​ឲ្យ​លោក Frank ជួបតែ​សំណាងល្អ​បំផុត​នៅ​ថ្ងៃ​អនាគត»។

    លោក De Boer វ័យ 47ឆ្នាំ ដែល​ការដឹកនាំ​បានត្រឹមតែ4ប្រកួត​របស់លោក​នោះ​គឺជា​ចំនួន​ដ៏​តិច​បំផុត​ក្នុង​ក្របខ័ណ្ឌ Premier League របស់​អ្នកចាត់ការ​ទូទៅ​ម្នាក់ បាន​ឲ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​ថា លោក​ពិតជា​សោកស្តាយ​ណាស់​ចំពោះ​ការសម្រេចចិត្ត​នេះ។ គ្រូបង្វឹក​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ពិតជា​ខកចិត្ត​ណាស់​ចំពោះ​ការសម្រេចចិត្ត​នេះ ប៉ុន្តែ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​កីឡាករ បុគ្គលិក និង​អ្នកគាំទ្រ​សម្រាប់​ការគាំទ្រ​របស់​ពួកគេ។ សូម​ឲ្យ​សំណាងល្អ​ទៅ​ថ្ងៃ​អនាគត»៕

    ប្រភពពី៖ AFP

  • ងាយៗ ដើម្បី​ផ្ទេរ​ទិន្នន័យ​ពី​ទូរស័ព្ទ iPhone ចាស់​ទៅកាន់ iPhone 7 តាមរយៈ iCloud

    ងាយៗ ដើម្បី​ផ្ទេរ​ទិន្នន័យ​ពី​ទូរស័ព្ទ iPhone ចាស់​ទៅកាន់ iPhone 7 តាមរយៈ iCloud

    និយាយ​ពី​រឿង​ផ្ទេរ​ទិន្នន័យ​រវាង​ទូរស័ព្ទ iPhone វិញ អ្នកប្រើប្រាស់​មួយចំនួន​នៅតែ​ជួប​បញ្ហា ដោយ​អ្នកខ្លះ​នៅតែ​ទៅរក​អ្នកជំនាញ ឬ​តាម​ហាង​ឱ្យគេ​ជួយ ពេលដែល​ខ្លួន​ប្ដូរ​ទូរស័ព្ទ​ថ្មី បើទោះបីជា​ក្រុមហ៊ុន Apple បាន​ផ្ដល់នូវ​ជម្រើស​នៃ​ការផ្ទេរ​ទិន្នន័យ​ជាច្រើន​ឱ្យ​ហើយក៏​ដោយ។

    សម្រាប់​ថ្ងៃនេះ ឡា​រ៉ែ​ន សូម​លើក​ពី​វិធីសាស្ដ្រ​មួយ ដែល​ធ្វើឱ្យ​ប្រិយមិត្ត​ទាំងអស់គ្នា​មាន​ភាពងាយស្រួល​ក្នុង​ការផ្ទេរ​ទិន្នន័យ ពី​ទូរស័ព្ទ iPhone ចាស់​ទៅ iPhone 7 តាមរយៈ​ប្រព័ន្ធ iCloud ដែល​ផ្ដល់​សុវត្ថិភាព​ខ្ពស់។
    ដោយ​នៅលើ​ទូរស័ព្ទ iPhone ចាស់​លោកអ្នក​ត្រូវ៖

    1. បើក​ដំណើរការ Wi-Fi លើ​ទូរស័ព្ទ iPhone ស៊េរី​ចាស់
    2. បន្ទាប់មក សូម​ចូលទៅ​កាន់ Settings
    3. បន្ទាប់មកទៀត ចុច​លើ iCloud
    4. ចុច​លើ Backup
    5. ចុច​លើ Backup Now
    6. ពេលដែល​ការ Backup ត្រូវបាន​បញ្ចប់ សូម​បិទ​ទូរស័ព្ទ iPhone ចោល
    7. ដោះ​ស៊ីម​ចេញពី​ទូរស័ព្ទ iPhone ចាស់ ហើយ​ដាក់ចូល​ទូរស័ព្ទ​ថ្មី

    លើ​ទូរស័ព្ទ iPhone 7

    1. ដាក់​ស៊ីម​ចូលក្នុង​ទូរស័ព្ទ iPhone 7
    2. បើក​ទូរស័ព្ទ​ឡើង
    3. Slide to Set Up
    4. ជ្រើសរើស​ភាសា និង​ភ្ជាប់​ទៅកាន់ Wi-Fi
    5. ជ្រើសរើស Select from iCloud Backup
    6. Sign In ចូលទៅ​កាន់​គណនី iCloud
    7. ចុច​លើ Next
    8. យល់ព្រម​ទៅនឹង Terms and Conditions ហើយ​ចុច​លើ Confirm
    9. ជ្រើសរើស Backup
    10. វាយ​បញ្ចូល Password របស់ iCloud ប្រសិនបើ​វា​ទាមទារ

    ក្រោយ​បញ្ជ​ប់​តាម​ការកំណត់​បញ្ជា​ទាំងនេះ ហើយ​លោក​អ្នកនឹង​ទទួលបាន​ឯកសារ រួម​នឹង​ទិន្នន័យ​ទាំងអស់​ដែលមាន​លើ​ទូរស័ព្ទ iPhone ចាស់ ដែល​បានធ្វើការ Backup ដោយ​លោកអ្នក​មិនចាំបាច់ ដោត​ខ្សែ Copy ឬ​ប្រើ​កម្មវិធី iTuneទៀត​ទេ៕

  • អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​បាន 1,414លាន​ដុល្លារ

    អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​បាន 1,414លាន​ដុល្លារ

    ភ្នំពេញៈ នាយកដ្ឋាន​ពន្ធដារ​ បានធ្វើ​ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង1,414លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល8ខែ​ឆ្នាំនេះ ស្មើ​ជាង82ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ។

    ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក​គង់ វិបុល បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែសីហា​នា​ព្រឹក​ថ្ងៃទី11 កញ្ញា​នេះ​ថា ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​ពន្ធដារ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​កា​រ​ប្រមូល​ចំណូល​ពន្ធ ជា​លទ្ធផល​សម្រាប់​ខែសីហា ឆ្នាំ2017នេះ​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន​មាន​ចំនួន​ជាង515ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ​ជាង128លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​គិត​រយៈពេល8ខែ ឆ្នាំ2017 ចំណូល​ពន្ធ-អាករ​ដែល​ប្រមូលបាន​មាន​ចំនួន​ជាង5,657ពាន់លាន​រៀល ត្រូវ​ជាង1,414លាន​ដុល្លារ​អាមេរិក។

    ជាមួយគ្នានេះ​លោក គង់ វិបុល បានផ្តល់​ការណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់​ម៉ឺងម៉ាត់​ក្នុងការ​ឆ្លើយតប​ទៅកាន់​អ្នក​ជាប់ពន្ធ ធ្វើយ៉ាងណា​ឱ្យ​អ្នក​ជាប់ពន្ធ​សប្បាយចិត្ត មិន​សម្តែង​ការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ។

    ការប្រមូល​ពន្ធ​ដែល​បាន​កើនឡើង​នេះ ជា​ផ្នែក​មួយ​នៃ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ការងារ​ទី5នេះ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មានលទ្ធភាព​ក្នុង​ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នានា។

    លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​មាន​ភាពល្អប្រសើរ ដោយ​ឆ្លុះបញ្ចាំង​តាមរយៈ​ការប្រមូល​ពន្ធ​កើនឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ប៉ុន្តែ​ការងារ​ប្រមូល​ពន្ធ​ជួប​ការលំបាក និង​ប្រឈមមុខ​នឹង​បញ្ហា​ច្រើន​ដែល​ទាមទារ​ឲ្យ​មាន​ការធ្វើការងារ​ប្រកបដោយ​ឆន្ទៈ និង​មានការ​ដុតដៃដុតជើង។

    លោក​បន្តថា “ការប្រមូល​ពន្ធ​បច្ចុប្បន្ន​មិនទាន់​ឆ្លើយតប​នឹង​អ្វីដែល​យើង​ចង់បាន​នៅឡើយ​ទេ ព្រោះ​យើង​អាច​ប្រមូល​ពន្ធ​បាន​ច្រើនជាង​នេះ។

    លោក គង់ វិបុល បាន​ទទួលស្គាល់ថា ការងារ​ប្រមូល​ពន្ធ​ពិតជា​ជួប​ការលំបាក​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​លើ​ធនធានមនុស្ស និង​ការកែប្រែ​ឥរិយាបថ​មន្ត្រី​ពន្ធដារ​ឲ្យ​ធ្វើ​ការងារ​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ទើប​ការងារ​ប្រមូល​ពន្ធ​បានទទួល​លទ្ធផល​ល្អ ប៉ុន្តែ​ការផ្លាស់ប្តូរ​ឥរិយាបថ​មន្ត្រី​ជាការ​ងារ​ដ៏​លំបាក​មួយ ព្រោះ​មន្ត្រី​ខ្លះ​យើង​មិនអាច​ប៉ះពាល់​បាន៕

  • អ្នកធ្លាក់​បាក់​ឌុប​ក៏​អាច​ថ្កុំថ្កើង​បានដែរ បើ​ដឹង​ពី​វិធី​ពិចារណា​សម្រាប់​ជីវិត

    អ្នកធ្លាក់​បាក់​ឌុប​ក៏​អាច​ថ្កុំថ្កើង​បានដែរ បើ​ដឹង​ពី​វិធី​ពិចារណា​សម្រាប់​ជីវិត

    ប្រឡង​ធ្លាក់​ជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​មិន​ចង់​ជួប តែ​មនុស្ស​មួយចំនួន​ដែល​ជួប​ស្ថានភាព​នេះ​បែរជា​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​បទពិសោធ​ជីវិត និង​មាន​ការតស៊ូ​ខ្លាំង​ជាង​មនុស្ស​ធម្មតា ប្រសិនបើ​គេ​ចេះ​កែប្រែ​កំហុស ហើយ​ស្គា​ល់ពី​ខ្លួនឯង​ច្បាស់។ សម្រាប់​អ្នកធ្លាក់​បាក់​ឌុប​ក៏​ដូចគ្នា​ដែរ តាមពិតទៅ​ជីវិត​មនុស្សម្នាក់ៗមិនអាច​ជោគជ័យ​រហូត​នោះទេ ហើយ​ការធ្លាក់​មួយឆ្នាំ​ក៏​មិន​បង្ហាញឱ្យឃើញថា យើង​នឹង​ទទួល​បរាជ័យ​មួយជីវិត​នោះដែរ។

    លោក គីម ដា​រ៉ា ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia បាន​លើកឡើងថា លទ្ធផល​បាក់​ឌុប​គ្រាន់តែ​ជា​ជោគជ័យ​បឋម​មួយ​ប៉ុណ្ណោះ ព្រោះថា វា​គ្រាន់តែ​ជា​ដំណាក់កាល​នៃ​ការចាប់ផ្តើម​ជីវិត​សម្រាប់​ត្រៀម​ចូល​ឧ​ត្ត​មសិ​ក្សា ឬ​ត្រៀម​ចាប់​អាជីព​ណាមួយ​តែប៉ុណ្ណោះ។ សម្រាប់​ជីវិត គឺ​នៅមាន​ដំណាក់កាល​ជាច្រើន​បន្តទៀត​ដែល​ត្រូវ​ជម្នះ និង​ត្រូវ​សិក្សា។

    លោក គីម ដា​រ៉ា បាន​និយាយថា៖ «សម្រាប់​អ្នកធ្លាក់​បាក់​ឌុប សូម​គិត​ឡើងវិញ។ អនាគត​មិនមែន​សម្រេច​តែ​ក្នុង​រយៈពេល​មួយថ្ងៃ​នោះទេ​គឺ​នៅមាន​ពេលវេលា​ច្រើន​ទៀត​ដែល​ត្រូវ​ឆ្លងកាត់ ហេតុនេះ​ការរៀន​ឡើងវិញ​មួយឆ្នាំ​ទៀត​ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ព្រោះ​អ្នកខ្លះ​ជាប់​បាក់​ឌុប​រាប់​ឆ្នាំ​ក៏​ជីវិត​មិនទាន់មាន​ផ្លែផ្កា​អ្វី​ដែរ តែ​អ្នក​ខ្លះទៀត​ទើបនឹង​ជាប់ ឬ​ទើបនឹង​បញ្ចប់​ការសិក្សា​ជំនាន់​ក្រោយ​បែរជា​ជោគជ័យ​ជាង​ក៏មាន»។

    អ្នក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ធ្លាក់ ឬ​ជាប់​មិន​សំខាន់​ពេក​ទេ អ្វីដែល​សំខាន់​គឺ​ដឹង​ឱ្យ​ច្បាស់​ថា​ខ្លួនឯង​ចង់​ធ្វើ​អ្វី​នៅ​ថ្ងៃ​អនាគត។ ប្រសិនបើ​ចង់​សិក្សា​ជំនាញខ្ពស់ៗដែល​ត្រូវការ​ទ្រឹស្តី​ច្រើន យើង​គួរ​រៀន​មួយឆ្នាំ​ទៀត តែ​ប្រសិនបើ​ចង់​រៀន​ជំនាញ​ដែល​ត្រូវអនុវត្ត​ច្រើន យើង​គួរ​ចាប់ផ្តើម​រៀន​ជំនាញ​តែម្តង។ យើង​គួរ​គិត​មើល​ពី​ជីវិត​របស់​អ្នកស្រាវជ្រាវធំៗ ដើម្បី​ជោគជ័យ គាត់​ត្រូវ​បរាជ័យ ឬ​ចំណាយពេល​រាប់​ឆ្នាំ ហេតុនេះ​ការដែល​យើង​ខក​មួយឆ្នាំ គឺ​មិនមែនជា​ចំណុច​ដែល​ត្រូវ​សោកសៅ​ពេក​នោះទេ។

    បង្ហាញ​លើ​ចំណុច​ស្រដៀង​គ្នា​នេះដែរ​លោក សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស បាន​លើកឡើងថា ប្អូនៗដែល​ធ្លា​ក់បាក់​ឌុប​គួរ​បើ​ចិត្ត​ឱ្យ​ទូលាយ​ដើម្បី​គេច​ចេញពី​ភាព​សោកសៅ​ដោយ​ទទួលយក​ការលើកទឹកចិត្ត​ពី​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ហើយ​កុំឱ្យ​ជីវិត​ធ្លាក់​ទៅក្នុង​ភាព​ទុក្ខសោក តាមពិតទៅ​ការធ្លាក់​មួយឆ្នាំ មិនមែនជា​រឿង​ធ្ងន់ធ្ងរ ឬ​ជា​រឿង​ដែល​គួរឱ្យខ្លាច​ពេក​នោះទេ។ សូមកុំ​បោះបង់​ការខិតខំ​ប្រឹងប្រែង​ចោល ព្រោះ​បើ​បោះបង់​ទឹក​ចិត្តជា​អ្នករៀន​សូត្រ​ចោល យើង​នឹង​ធ្លាក់​រហូត។

    លោក​សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស បាន​និយាយថា៖ «គ្មាន​បុគ្គល​ណា កើតមក​ជោគជ័យ​ដោយ​គ្មាន​ការខិតខំ​ប្រឹងប្រែង​នោះទេ។ យើង​បាន​ខិតខំ​រហូតដល់​ទៅ 12ឆ្នាំ ការប្រឡង​មិនមែនជា​ឧបសគ្គ​ទេ​ឱ្យតែប្អូនៗមិន​បោះបង់​ការខិតខំ​ប្រឹងប្រែង ថ្ងៃ​ណាមួយ​នឹង​ទទួលបាន​ជោគជ័យ​ជាក់​ជាមិនខាន»។

    លោក​សាស្ត្រាចារ្យ បានលើកឡើង​ផងដែរ​ថា ប្អូនៗដែល​មិនទាន់​ជោគជ័យ​ក្នុង​ការប្រឡង​បាក់​ឌុប កុំ​បាក់​ទឹកចិត្ត​ឱ្យសោះ ព្រោះ​បុគ្គល​ជោគជ័យ​ក្នុង​លោក​នេះ ពួកគាត់​សុទ្ធតែ​ធ្លាប់​បរាជ័យ​រាប់មិនអស់ ហេតុនេះ​ការបរាជ័យ​ម្តង​មិន​រាប់​ថា​ជា​គ្រោះ​ធំ​ទេ ព្រោះ​ជីវិត​ត្រូវ​ប្រឈម​ជាមួយនឹង​បញ្ហា​ជាច្រើន ដែល​ត្រូវការ​ភាពរឹងមាំ​ទៅ​ជម្នះ៕