Author: វល័ក្ខ

  • iOS 11 ដែល Apple ត្រៀម​ដាក់ឱ្យ Update មាន​អ្វី​ប្លែក​ខ្លះ?

    iOS 11 ដែល Apple ត្រៀម​ដាក់ឱ្យ Update មាន​អ្វី​ប្លែក​ខ្លះ?

    ក្នុង​ព្រឹត្តិការណ៍​កាលពី​យប់មិញ ក្រៅពី​ទូរ​ស័​ព្ធ iPhone 8 និង X ហើយ​នោះ  ក្រុមហ៊ុន Apple ក៏បាន​ប្រកាស​ឱ្យ​អ្នកប្រើប្រាស់​របស់ខ្លួន​ត្រៀ​ម​ធ្វើការ Update លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS 11 ផងដែរ ចាប់ពី​ថ្ងៃទី19 ខែកញ្ញា ឆ្នាំ2017 ខាងមុខនេះ។ ដូច្នេះ​សួរថា តើ iOS 11 ថ្មី​នេះ​មាន​អ្វី​ខ្លះទៅ​ដែល​ប្លែក​ពិសេស​លើសពី​ជំនាន់​មុន?

    ប្រព័ន្ធ​ប្រតិបត្តិការ iOS 11 បានកំណត់​ស្តង់ដារ​ថ្មី​មួយ គឺ​អ្វីដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ចល័ត​ទំនើប​បំផុត​របស់​ពិភពលោក​គួរតែមាន។ វា​ធ្វើឱ្យ iPhone ប្រសើរ​ជាង​មុន។ វា​ធ្វើឱ្យ iPad កាន់​តែមាន​សមត្ថភាព​ជាង​មុន។ ជាមួយiOS11នេះ  iPhone និង​iPad គឺជា​ឧបករណ៍​ដែលមាន​ឥទ្ធិពល​បំផុត និង​ឆ្លាត​វៃ​ជាងគេ ដែល​អ្នក​ប្រើ​មិន​ធ្លាប់មាន​ពីមុន ហើយ​ចំពោះ iOS ថ្មី​នេះ វា​មាន​ចំណុច​ដែល​ប្លែក និង​ពិសេស​មួយចំនួន​ដែល​អ្នកគាំទ្រ​ទាំងអស់​គួរស្វែងយល់។

    ប្រព័ន្ធ​ដំណើរការ​ល្អជា​ង​មុន៖ វា​ជា​អ្វីដែល​អ្នកប្រើប្រាស់​ត្រូវកា​រ​បំផុត iOS 11 ត្រូវបាន Apple បង្កើតឡើង​មាន​ភាព​ស្រឡះ​ល្អ រស់​រវើក វៃឆ្លាត និង​មាន​សមត្ថភាព​កាន់តែខ្លាំង ការបើក​ប្រើប្រាស់​កម្មវិធី និង​ល្បឿន​ការលេង​ហ្គេម​កាន់តែ​ល្អ។

    ផ្ទៃ​ប្រើប្រាស់​ស្អាត និង​ស្រឡះ​ល្អ៖ ចំពោះ​ផ្ទៃ​ប្រើប្រាស់​នៅលើ iOS ទោះជា​មិនសូវមាន​អ្វី​ប្លែក​ច្រើន​មែន ប៉ុន្តែ​បើ​មើល​ឱ្យ​ច្បាស់ វា​មាន​ភាព​ស្រឡះ​ល្អ និង​ងាយស្រួល​ប្រើ​ជាង​មុន ហើយ​នៅលើ iPad វា​បាន​បន្ថែម​នូវ Dock ថ្មី​ដែលមាន​សណ្ឋាន និង​របៀប​ប្រើប្រាស់​ដូច​ទៅនឹង macOS ដែរ។

    Control Center៖ ម្ដងនេះ Apple បាន​ដុសក្អែល​ស្អាត​ច្រើន ដោយបាន​បន្ថែម​នូវ​ផ្ទាំង Control Center ថ្មី រួម​នឹង​ដាក់ចូល​នូវ​មុខងារ​ផ្លូវ​កាត់​ចាំបាច់​បំផុត​សម្រាប់​អ្នក​ប្រើ ដូចជា​មុខងារ​ចូលទៅ​បើក​អ៊ី​ន​ធើ​ណិ​ត (3/4GLTE)ជាដើម។

    App Store ថ្មី៖ ជំនាន់​ថ្មី​នេះ យើង​ទទួលបាន App Store ថ្មី​សន្លាង​ដែលមាន​កម្មវិធីថ្មីៗជាច្រើន​សម្រាប់​ទាញយក​ទៅប្រើ​ប្រាស់ ហើយ Apple បាន​កាត់ចោល​នូវ​កម្មវិធី ឬ​ហ្គេម​ទាំងឡាយណា​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ 32bit។ ចំណុច​នេះ យើង​នឹង​មានតែ​កម្មវិធី និង​ហ្គេមល្អៗតែប៉ុណ្ណោះ។

    មុខងារ និង Drag & Drop៖ សម្រាប់​មុខងារ​ប្រើ​សម្រាប់​បែងចែក​អេក្រង់​ជា 2 ដែល​វា​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​ស្មា​ត​ហ្វូ​ន Android  ប៉ុន្ដែ​វា​ថ្មី សម្រាប់ iOS នេះ ដោយ​យើង​អាច​ទាញ រូបភាព អក្សរ និង File នានា​ពី​កន្លែង​មួយ​ទៅមួយ​បាន​កាន់តែ​ងាយ។ ប៉ុន្តែ​វា​អាច​ប្រើ​បានតែ​លើ iPadប៉ុណ្ណោះ។

    មុខងារ​ទទួលដំណឹង Notification៖ Apple បានអនុញ្ញាត​ឱ្យ​ឧបករណ៍​របស់ខ្លួន​មើល​ដំណឹង​ទូទៅ​បាន​ទាំងអស់​តែម្តង បើទោះជា​ដំណឹង​មក​ច្រើន​ក៏ដោយ គ្រាន់តែ​អូស​នៅលើ Lock Screen ប៉ុណ្ណោះ។

    កាមេរ៉ា​ថ្មី៖ ក្រៅពី​បន្ថែម​សមត្ថភាព​ផ្នែក Hardware ក្រុមហ៊ុន Apple ក៏​នៅ​ពង្រីង​បន្ថែម​ផ្នែក Software ផងដែរ។ ដោយ iOS 11 មាន​ចំណុចល្អៗជាច្រើន​ជំនួស​ដល់​ការថតរូប ដូចជា Live Photos មាន​បន្ថែម​នូវ​មុខងារ Loop, Bounce, Long Exposure ហើយ​មុខងារ​ថតរូប Portrait Mode មាន​បន្ថែម Menu ថ្មី ដែល​អាច​បើក Flash ពន្លឺ ឬ HDR នៅក្នុង Portrait mode និង​មាន Effect បន្ថែម​ជាច្រើន និង​ពេល​ថត​ហើយ​យើង​អាច​កែកុន​ភាព​ព្រាល Portrait បាន។

    Apple Music ថ្មី៖ Apple Music ថ្មី​នេះ មាន​ភាព​ស្រឡះ ងាយស្រួល​ស្វែងរក​បទ​ចម្រៀង មិន​ថា​ការ​ស្វែ​ករក​តាម Album ឬ Playlist ឡើយ។

    សារ Message ៖ សម្រាប់​មុខងារ​នេះ Apple បាន​បន្ថែម​នូវ Sticker, Emoji, Games ជាដើម ហើយ​ថែមទាំង​អាច​បង្រួម Keyboard ឱ្យ​តូច​ទៅ​ម្ខាង​ដើម្បី​ងាយស្រួល​ចុច​ដៃ​ម្ខាង​បាន​ទៀតផង។

    ARKit៖ ចំពោះ​ចំណុច​មួយ​ចុងក្រោយ​នេះ វា​ជា​បច្ចេកវិទ្យា​ថ្មី ដែល​យើង​អាចបង្កើត​រូបភាព​សិប្បនិម្មិត ជាមួយនឹង​ទិដ្ឋភាព​ពិត​នៅ​ខាងក្រៅ​បាន៕

  • ភាពខុសគ្នា​រវាង​សណ្តែកបណ្តុះ​គីមី និង​សណ្តែកបណ្តុះ​ធម្មជាតិ

    ភាពខុសគ្នា​រវាង​សណ្តែកបណ្តុះ​គីមី និង​សណ្តែកបណ្តុះ​ធម្មជាតិ

    ភ្នំពេញ៖  ជា​រៀងរាល់​ព្រឹក​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជនផ្សេងៗនៅ​ទូទាំងប្រទេស​កម្ពុជា​តែង​ចូល​ទទួលទាន​អាហារ​នៅតាម​អាហា​រដ្ឋា​ន​នានា ដូចជា​បាយ គុយទាវ ឬ​បបរគ្រឿង​ជាដើម ដែល​អាហារ​ទាំងនោះ​ភាគច្រើន​គេ​ដាក់​សណ្តែកបណ្តុះ​ស្រស់​ដើម្បី​បន្ថែម​រសជាតិ​របស់​វា។

    ដើម្បី​ឱ្យដឹងថា សណ្តែកបណ្តុះ​ទាំងនោះ​ជា​សណ្តែក​ធម្មជាតិ ឬ​ជា​សណ្តែក​ដែល​ផ្ទុក​សារធាតុ​គីមី​នោះ អ្នកយកព័ត៌មាន​កាសែត ឡា​រ៉ែ​ន បាន​ជួប​សម្ភាស​ជាមួយ​លោក ភុ​ន រតនា អតីត​និស្សិត និង​ជា​អ្នកឯកទេស​ដាំ​បន្លែ​ធម្មជាតិ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ដែលមាន​សំនួរ-ចម្លើយ​ដូចខាងក្រោម៖

    សំនួរ៖ ដើម្បីឱ្យ​ប្រិយមិត្ត​អ្នកអាន​យើង​លោក​បាន​យល់ច្បាស់ ចូរ​ប្អូន​លើកឡើងត្រួសៗថា តើ​សណ្តែកបណ្តុះ​ផ្ទុក​សារធាតុ​គីមី​នោះ​មាន​រូបរាង និង​សណ្ឋាន​ដូចម្តេចខ្លះ?

    ចម្លើយ៖ ងាយស្រួល​ចំណាំ​ទេ​បង លក្ខណៈ​សម្គាល់​សណ្តែកបណ្តុះ​ផ្ទុក​សារធាតុ​គីមី​នេះ យើង​អាច​មើល​នឹង​ភ្នែក​ទទេ​បាន​ដោយ​ងាយ ទៅតាម​លក្ខណៈសំខាន់ៗចំនួន3 ៖

    ទី1.មាន​រាង​ថ្លោសធំៗ

    ទី2.មាន​សម្បុរ​សក្បុស

    និង​ទី3.មិនមាន​ឫស​ដូច​សណ្តែក​ធម្មជាតិ​នោះទេ ដោយសារ​គេ​ដាក់​ថ្នាំ​ផ្តាច់​ឫស​ឱ្យ​សណ្តែក​នោះ​រីក​ថ្លោស​បានល្អ។

    សំនួរ៖ តើ​គេ​ធ្វើ​ដូចម្តេច​បានជា​សណ្តែក​នោះ​មាន​សម្បុរ​ស ថ្លោស ហើយ​គ្មាន​ឬ​ស​ដូច្នេះ? ហើយ​គេ​ធ្វើបែបនេះ​ដើម្បី​ប្រយោជន៍​អ្វី?

    ចម្លើយ៖ បាទ​បង  គ្មានអ្វី​ជាជាង​ប្រយោជន៍​ជាធំ​នោះទេ គេ​ដាក់​ថ្នាំ​គីមី​ច្រើន​ឱ្យ​សណ្តែក​ថ្លោស​ធំ និង​ស​ល្អ ហើយ​មាន​ទម្ងន់​ធ្ងន់​លក់បាន​ចំណេញ​ច្រើន បើ​យើង​ជា​អតិថិជន​មិន​បានដឹង​ប្រាកដជា​ទិញ​សណ្តែក​សម្បុរ​ស មិន​យក​សម្បុរ​មិនសូវ(ស)ល្អ​នោះទេ។ ការផ្តាច់​ឫស​នេះ​ងាយស្រួល​ទេ គឺ​គ្រាន់តែ​អ្នក​បណ្តុះ​យក​អ័រម៉ូន(គីមី)មក​រោយ​លើ​សណ្តែក​នោះ វា​នឹង​ផ្តាច់​ឫស​ដោយ​ឯកឯង រួចហើយ​ដាក់​ថ្នាំ​គីមី​ឱ្យ​សណ្តែក​នោះ​ឡើង​សក្បុស ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទិញ ឬ​អតិថិជន​ឱ្យ​លក់​ឆាប់​ដាច់។

    សំនួរ៖ បើតាម​ប្អូន​ជា​អ្នកជំនាញ តើ​ការដាក់​ថ្នាំ​នោះ​ប៉ះពាល់​សុខភាព​ឬទេ?

    ចម្លើយ៖ ប្រាកដ​ណាស់​បង  សារធាតុ​គីមី​ដែល​ដាក់ឱ្យ​សណ្តែក​ឡើង​ស ថ្លោស ឬ​ផ្តាច់​ឬ​ស​នេះ វា​ពិតជា​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ស្រដៀង​ទៅនឹង​សារធាតុ​ម្សៅ​បូរ៉ា​ក់​ដែល​គេ​ដាក់​លើ​ចំណីអាហារ​ដើម្បីឱ្យ​ទុក​បានយូរ​ដូច្នោះ​ដែរ ដែល​វា​នឹង​ប៉ះពាល់​សុខភាព​ទាំង​រយៈពេល​ខ្លី និង​វែង។ សម្រាប់​រយៈពេល​ខ្លី វា​នឹង​ធ្វើឱ្យ​យើង​រាករូស ក្អួតចង្អោរ ឈឺក្បាល វិលមុខ​ជាដើម ចំណែក​ប៉ះពាល់​រយៈពេល​វែង​វា​បណ្តាលឱ្យ​រលាក​ក្រពះ​ពោះវៀន កើត​ជំងឺ​បេះដូង ឈឺសន្លាក់​រុំ​ា​រ៉ៃ​ជាដើម។ សារធាតុ​គីមី​ប្រភេទ​នេះ​នៅ​ប្រទេស​ថៃ វៀតណាម ឬ​កូរ៉េ គេ​ហាម​មិនឱ្យ​ប្រើប្រាស់​ជាដាច់ខាត។

    សំនួរ៖ ចុះ​សណ្តែកបណ្តុះ​តាមរបៀប​ធម្មជាតិ​គេ​សម្គាល់​ដូចម្តេច ហើយ​មាន​វិធីសាស្ត្រ​បណ្តុះ​បែបណា​ដែរ?

    ចម្លើយ៖ វិធីសាស្ត្រ​បណ្តុះ​ងាយស្រួល​ទេ ដោយ​គ្រាន់តែ​យើង​យក​គ្រាប់​សណ្តែកបាយ​ដែល​គ្មាន​ផ្ទុក​សារធាតុ​គីមី ហើយ​ប្រើ​ទឹក​ចម្រោះ​សុទ្ធ​ល្អ ឬ​ទឹក​ដែល​មិនមាន​ផ្ទុក​សារធាតុ​គីមី​មក​ដាក់​បណ្តុះ នោះគេ​នឹង​ទទួលបាន​សណ្តែកបណ្តុះ​ធម្មជាតិ​ហើយ។ ចំណែក​សណ្ឋាន​របស់​វា​គេ​អាច​សម្គាល់​បាន​ដោយ​ឃើញ​មាន​ឫស សម្បុរ​សរាង​ក្រ​ម៉ៅ និង​មិនសូវ​ថ្លោស​ធំ​ដូច​សណ្តែក​គីមី​នោះទេ។ បើ​យើង​បណ្តុះ​តាមរបៀប​ធម្មជាតិ គ្រាប់​សណ្តែកបាយ1គីឡូក្រាម យើង​នឹង​ទទួលបាន​សណ្តែកបណ្តុះ4-5គីឡូក្រាម ហើយ​បើ​សណ្តែកបណ្តុះ​តាមបែប​គីមី​វិញ គ្រាប់​សណ្តែកបាយ1គីឡូក្រាម ទទួលបាន​សណ្តែកបណ្តុះ​ដល់​ទៅ9-10គីឡូ​ឯណោះ។

    សំនួរ៖ ជា​ចុងក្រោយ​តើ​ប្អូន​មាន​អ្វី​ផ្តាំផ្ញើ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែរឬទេ​ពាក់ព័ន្ធ​នឹង​សណ្តែកបណ្តុះ​នេះ?

    ចម្លើយ៖ បាទ​បង  ជាធម្មតា​សណ្តែក​គីមី​មានតម្លៃ​ថោក​ជាង​សណ្តែក​ធម្មជាតិ ប៉ុន្តែ​សណ្តែក​គីមី​នោះ​ធ្ងន់​ដោយសារតែ​សារធាតុ​ទឹក​ច្រើន និង​ឡើង​ស​ដោយសារ​ថ្នាំ​ជួយ​ឱ្យ​ធំ តែ​វា​ប៉ះពាល់​សុខភាព ចំណែក​សណ្តែក​ធម្មជាតិ​មានតម្លៃ​ថ្លៃ​បន្តិច​មែន តែ​វា​មាន​សារធាតុ​ Fibber និង Vitamin C ជួយ​ដល់​សុខភាព​យើង​បាន​ច្រើន ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ទទួលទាន​បន្លែ​ណា ដែល​ជួយ​ដល់​សុខភាព​របស់​យើង មិន​ប៉ះពាល់​សុខភាព​នាំឱ្យ​ខាតបង់​ថវិកា​ថ្លៃ​ព្យាបាល​ជំងឺ៕

  • Tottenham រំពឹង​បញ្ចប់​ភាព​វេទនា​នៅ Wembley ពេល​ប៉ះ Dortmund រាត្រី​នេះ

    Tottenham រំពឹង​បញ្ចប់​ភាព​វេទនា​នៅ Wembley ពេល​ប៉ះ Dortmund រាត្រី​នេះ

    ក្រោយពី​បាន​ជួប​ការខកចិត្ត​ជា​បន្តបន្ទាប់​នៅឯ​កីឡដ្ឋាន Wembley  ក្រុម Tottenham Hotspur នឹង​សម្លឹង​រក​ការបញ្ចប់​ភាព​សំណាងអាក្រក់ផ្សេងៗដែល​តាម​ពីក្រោយ​ពួកគេ​នៅពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជើង​ខ្លាំង Borussia Dortmund នៅ​រាត្រី​នេះ នៅ​កីឡដ្ឋាន​ជាតិ​របស់​អង់គ្លេស​មួយ​នេះ។

    វា​នឹង​ក្លាយ​ជាការ​ប្រជែង​ដណ្តើម​ពិន្ទុ​ដ៏​សំខាន់​មួយ នៅពេលដែល​ក្រុម Spurs របស់លោក Mauricio Pochettino ចាប់ផ្តើម​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ​ជាមួយនឹង​ក្រុម​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ។

    សម្រាប់​ក្រុម Tottenham កីឡដ្ឋាន Wembley គឺជា​កន្លែង​ដ៏​គ្រោះថ្នាក់​មួយ​ដែល​កំពុងតែ​រំខាន​ដល់​មហិច្ឆតា​របស់​ពួកគេ​ក្នុងការ​ប្រជែង​ដណ្តើមពាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក។ ក្រុម​មាន់​ខ្នាយ​មាស Tottenham បាន​បង្ខំចិត្ត​ផ្លាស់ប្តូរ​ទៅលេង​នៅ​កីឡដ្ឋាន Wembley នៅពេលដែល​កីឡដ្ឋាន White Hart Lane របស់​ពួកគេ​កំពុងស្ថិត​ក្នុងការ​សាងសង់​ជាថ្មី។

    ប៉ុន្តែ បច្ចុប្បន្ន​ក្រុម Spurs បាន​លេង​ការប្រកួត​ចំនួន12លើក​មកហើយ​នៅ​កីឡដ្ឋាន Wembley ចាប់តាំងពី​កីឡដ្ឋាន​ចាស់​របស់ខ្លួន​ត្រូវបាន​ជួសជុល ដោយ​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​ត្រឹមតែ2លើក​គត់ និង​ចាញ់​ដល់​ទៅ8លើក។ ភាព​ត្រដាបត្រដួស​របស់​ក្រុម Tottenham នៅ Wembley បាន​កើតឡើង​ចំពេល​ដ៏​សំខាន់​កាលពី​រដូវ​កាល​មុន​ក្នុង​ក្របខ័ណ្ឌ Champions League ដោយ​នៅពេលនោះ​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​តែ1លើក​គត់​ក្នុង​ការប្រកួត​ជម្រុះ​តាម​ពូ​ល។

    CSKA Moscow គឺជា​ក្រុម​តែមួយ​ដែល​ពួកគេ​បាន​ផ្តួល ខណៈដែល​ការរង​បរាជ័យ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម Monaco និង Bayer Leverkusen បានធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចេញពី​យុទ្ធនាការ​នោះ​តែម្តង។ លើសពីនេះទៅទៀត មានការ​ខកចិត្ត​ដ៏​ធំ​បន្ថែមទៀត​នៅ Wembley សម្រាប់​ក្រុម Spurs នៅ​មុនពេល​បញ្ចប់​រដូវ​កាល​មុន ខណៈដែល​ពួកគេ​បាន​ចាញ់​ក្រុម Chelsea ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល 4-2។ ប៉ុន្តែ Tottenham បាន​កម្តៅ​សាច់ដុំ​ក្នុងការ​ប្រកួត​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម Everton 3-០ ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល Dortmund បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ លើ​ទឹកដី​ក្រុម SC Freiburg ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Bundesliga។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

  • ជើងឯក​អ៊ីតាលី Juventus ខកចិត្ត​ពេលធ្វើ​ជា​ភ្ញៀវ​របស់ Barcelona

    ជើងឯក​អ៊ីតាលី Juventus ខកចិត្ត​ពេលធ្វើ​ជា​ភ្ញៀវ​របស់ Barcelona

    ក្រុម​រង​តំណែង​ជើងឯក​ពានរង្វាន់ UEFA Champions League រដូវ​កាល​មុន Juventus បានទទួល​នូវ​ការខកចិត្ត​ជាខ្លាំង​នៅពេល​ធ្វើដំណើរ​ទៅ​ប្រកួត​ក្នុង​ទឹកដី​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona ដោយ​លទ្ធផល 3-0 ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល D កាលពី​រាត្រី​ថ្ងៃ​អង្គារ​កន្លងមក។

    បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​ចំនួន3លើកជាប់ៗគ្នា​ក្នុង​ក្របខណ្ឌ​កំពូល​អី​តា​លី Serie A រួចមក ក្រុម​ជើង​ខ្លាំង Juventus មិនអាច​ស្វែងរក​គ្រាប់​បាល់​បញ្ចូល​ទី​គូប​ដិ​បក្ស​របស់ខ្លួន​បន្តទៀត​ទេ ប៉ុន្តែ​បែរជា​ត្រូវ​គូប្រកួត​ទម្លុះ​សំណាញ់​ទី​របស់ខ្លួន​ដល់​ទៅ3 គ្រាប់ ។

    ក្នុងការ​ប្រកួត​ដែល​ធ្វើឡើង​ក្នុង​ទឹកដី​របស់ខ្លួន នា​កីឡដ្ឋាន Camp Nou ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Leonel Messi របស់ Barcelona រក​គ្រាប់​បាល់​បញ្ចូល​ទី​ម្នាក់ឯង​បាន​ចំនួន2គ្រាប់ ដោយ​គ្រាប់​ទី1 ក្នុង​នាទី ទី45 និង​គ្រាប់​ទី2 ក្នុង​នាទី​ទី69 ចំណែក1គ្រាប់​ទៀត​រកបាន​ដោយ​ខ្សែបម្រើ​អន្តរជាតិ​ក្រូ​អាត Ivan Rakitić ក្នុង​នាទី​ទី 56។ ជ័យជម្នះ​នេះ​អាច​ចាត់ទុកថា ជាការ​សងសឹក​មួយ​ផងដែរ​របស់ Barcelona ដែល​ធ្លាប់​ត្រូវបាន Juventus ទម្លាក់​ចេញពី​ការប្រកួត​ក្នុង​ក្របខណ្ឌ​នេះ​កាលពី​ឆ្នាំមុន ក្នុង​វគ្គ8ក្រុម​ចុងក្រោយ ដោយ​លទ្ធផល​សរុប​ទាំង2 ជើង 3-0។

    ក្នុងការ​ប្រកួត​ក្របខណ្ឌ​នេះ​ផងដែរ ក្រុម​ជើងឯក​របស់​អង់គ្លេស Chelsea បានផ្តល់​នូវ​មេរៀន​ដ៏​ជូរចត់​មួយ​សម្រាប់​ក្រុម​មកពី​ប្រទេស​អា​ហ្សា​បៃ​ហ្ស​ង់ Qarabag ដោយ​លទ្ធផល 6-0 ខណៈ​ម្ចាស់ផ្ទះ Celtic ត្រូវ​ក្រុម​ភ្ញៀវ​ទៅ​លត់​ដល់ផ្ទះ 0-5៕

    លទ្ធផល​ការប្រកួត  UEFA Champions League កាលពី​រាត្រី​ថ្ងៃ​អង្គរ

    AS Roma 0 0 Atl. Madrid
    Bayern Munich 3-0 Anderlecht
    Benfica1-2 CSKA Moscow
    Manchester United 3-0 Basel
    Olympiakos Piraeus 2-3 Sporting

  • ថៃ​សន្យា​ទិញ​ទំនិញ​កសិផល​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន

    ថៃ​សន្យា​ទិញ​ទំនិញ​កសិផល​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន

    ភ្នំពេញ៖ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ណាត់​ថា​វុ​ធ ភោ​ធិ​សារ៉ូ បាន​សន្យា​ជំរុញ​ឱ្យ​ពាណិជ្ជករ​ថៃ​ទិញ​ទំនិញ​កសិផល​ពី​កសិករ​ខ្មែរ​ឱ្យបាន​កាន់តែច្រើនឡើងៗ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​កសិក​រ​ខ្មែរ ពិសេស​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ឱ្យមាន​ជីវភាព​កាន់តែ​ប្រសើរឡើង។

    ថ្លែង​ក្នុង​សិក្ខាសាលា ស្តីពី​ការពង្រីក​សក្តានុពល​ពាណិជ្ជកម្ម​តាម​បន្ទាត់​ព្រំដែន​កាលពី​ម្សិលមិញ​នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍​បញ្ជាក់ថា វឌ្ឍនភាព​ដ៏​ប្រសើរ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ថៃ និង​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​នៃ​ការធ្វើ​ពិពិធ​កម្ម​ទំហំ​ពាណិជ្ជកម្ម​នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​ការ​ឈានទៅ​សម្រេច​ផែនការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន14ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ2020 ដែល​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានដាក់​ចេញ​កាលពីពេលថ្មីៗនេះ។ ឯកឧត្តម​មានប្រសាសន៍​ដូច្នេះ​ថា «ជំហរ​របស់​អាជ្ញាធរ​ថៃ គឺ​ការជួយ​សម្រួល​ការដឹក​ជញ្ជូន​ទំនិញ​របស់​ពាណិជ្ជករ​កម្ពុជា​ទៅកាន់​ប្រទេស​ទី​បី និង​ការគាំទ្រ​របស់​ពាណិជ្ជករ​ថៃ​ក្នុង​ការជួយ​ទិញ​ទំនិញ​កសិផល​កាន់តែច្រើន​ពី​កម្ពុជា»

    ជាមួយគ្នានេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​ថា​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​ដែល​សម្រេច​បានជា​មធ្យម7%រៀងរាល់ឆ្នាំ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការធ្វើ​ពិពិធ​កម្មវិស័យ​កម្មន្តសាល​ធុន​ស្រាល ដើម្បី​បន្តធ្វើ​សមាហរណកម្ម​ទៅក្នុង​បណ្តាញ​ផលិតកម្ម​កម្រិត​តំបន់ និង​សកល។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​លើកយក​គោលដៅ​អាទិភាពសំខាន់ៗនៃ «គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ2014-1024» ដែលជា «យុទ្ធសាស្ត្រ​កំណើន​ថ្មី» ឬ​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​ផលិតកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។

    ក្នុងនាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម​បាន​សន្យា​ជួយ​សម្រួល​ធុរជន​ថៃ តាមរយៈ​ការផ្តល់ជូន​នូវ​ភាពអនុគ្រោះ​ជាមួយ​លក្ខខណ្ឌ​វិនិយោគពិសេសៗ ព្រមទាំង​គោលនយោបាយ​លើកទឹកចិត្តល្អៗ ដើម្បី​រួមចំណែក​ដល់​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅតាម​ព្រំដែន​កម្ពុជា-ថៃ សំដៅ​រក្សា​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម និង​ធានា​សេ្ថ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ប្រទេស​ទាំងពីរ។

    យោងតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ថៃ​ក្នុង​ឆ្នាំ2014 មាន​ចំនួន4,418លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ2016 មាន​ចំនួន4,441លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​កើនឡើង 0,6%។ ជាមួយគ្នានេះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ថៃ ក្នុង​ឆ្នាំ2014 មាន​ចំនួន 638លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ2016 មាន​ចំនួន 944លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​កើនឡើង 47,96% រីឯ​ការ​នាំចូល​របស់​កម្ពុជា​ពី​ប្រទេស​ថៃ ក្នុង​ឆ្នាំ2014 មាន​ចំនួន 4,880លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ2016 មាន​ចំនួន 4,607លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​ថយចុះ 4,49%៕

  • Chelsea លត់ Qarabag ចាស់ដៃ ខណៈ Barcelona ផ្តួល Juventus

    Chelsea លត់ Qarabag ចាស់ដៃ ខណៈ Barcelona ផ្តួល Juventus

    ក្រុម​តោ​ខៀវ Chelsea បានចាប់ផ្តើម​យ៉ាង​ល្អឥតខ្ចោះ​ចំពោះ​យុទ្ធនាការ​ប្រជែង​ដណ្តើមពាន Champions League របស់​ពួកគេ ខណៈដែល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​សំណាក់​ខ្សែបម្រើ Pedro និង Davide Zappacosta បាន​ជួយ​ឲ្យ​ពួកគេ​លត់​ក្រុម Qarabag យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-0 កាលពី​ថ្ងៃ​អង្គារ។

    ក្រុម​របស់លោក Antonio Conte បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​របស់​អា​ស៊ែ​របៃ​ហ្ស​ង់ ខណៈដែល​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​របស់ Pedro បាន​ជួយ​ឲ្យ​ក្រុម Chelsea រកបាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​កីឡដ្ឋាន Stamford Bridge។

    Zappacosta បានធ្វើ​ការអបអរ​កា​រ​បង្ហាញខ្លួន​លើទឹក​ដី​ខ្លួនឯង​ជា​លើក​ទី1របស់គេ ក្រោយពី​បាន​ផ្ទេរ​ពី​ក្លិប Torino តាមរយៈ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើក​ទី1របស់គេ។ Chelsea បាន​បន្តធ្វើ​ការគ្រប់គ្រង​លើ​គូប្រកួត​របស់ខ្លួន​ទាំងស្រុង ខណៈដែល​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី4 គ្រាប់​បន្តបន្ទាប់​គ្នា​ទៀត ដើម្បី​បំពេញ​ការទទួល​ជ័យជម្នះ​ដ៏​រីករាយ​តែម្តង។ ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ក្នុងពេល​ក្រុម Barcelona ដណ្តើមបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម​សេះបង្កង់ Juventus ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ​ទាំង​ភាពជឿជាក់។

    ក្រោយពី​ជួប​បញ្ហា​ផ្ទៃក្នុង​នៅ​រដូវក្តៅ​នេះ ការជួប​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​រង​កាលពី​ឆ្នាំមុន​នៅលើ​ទឹកដី​ខ្លួនឯង ប្រហែល​វា​មិនមែនជា​ការប្រកួត​ដែល​ក្រុម Barcelona ចង់បាន​ឡើយ ប៉ុន្តែ Messi បាន​លេង​យ៉ាង​ល្អឥតខ្ចោះ​ដើម្បី​ជួយ​ឲ្យ Barca ទទួលបាន3ពិន្ទុ​ពេញ៕

    ប្រភពពី៖ Sport24

  • អាមេរិក​ជួយ​ទិញ​សម្ភារ​ប្រើប្រាស់​តម្លៃ 100លាន​ដុល្លារ​ពី​កម្ពុជា

    អាមេរិក​ជួយ​ទិញ​សម្ភារ​ប្រើប្រាស់​តម្លៃ 100លាន​ដុល្លារ​ពី​កម្ពុជា

    ភ្នំពេញៈ សហរដ្ឋអាមេរិក​បាន​ជួយ​ទិញ​ទំនិញប្រើប្រាស់​សម្រាប់​ធ្វើដំណើ​រត​ម្លៃ100លាន​ដុល្លារ​នៅ​កម្ពុជា​ដែល​វិស័យនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ 10ម៉ឺន​នាក់។

    ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក វីល្លៀម ហេ​ដស៍ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំតុមូល​ជាមួយនឹង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​នា​រសៀល​ថ្ងៃទី12 កញ្ញា​ម្សិលមិញ​ថា កាលពី​ឆ្នាំមុន​យើង​បាន​បង្កើត​ឧស្សាហកម្ម​ថ្មី​សន្លាង​មួយ​សម្រាប់​កម្ពុជា​ដែលមាន​ទឹកប្រាក់ 100លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​វិស័យនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា10ម៉ឺន​នាក់។

    លោក​បន្តថា “យើង​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា យើង​បាន​ជួយ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ការងារ​មួយ​ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន​សម្លៀកបំពាក់ល្បីៗនៅក្នុង​ពិភពលោក រួមទាំង​ក្រុមហ៊ុន​អាមេរិក​រាប់សិប​ទៀតផង​ដែរ។

    លោក​ឯកអគ្គរដ្ឋទូត​បាន​បន្តថា នៅ​ឆ្នាំនេះ​យើង​បាន​សម្ពោធ​កម្មវិធី​កសិកម្ម​ថ្មី​មួយ​ដែល​បាន​គិតគូរ​ចំពោះ​តម្លៃ​កសិផល​ទាប​ខ្លាំង​ដែល​ប៉ះពាល់​ដល់​កសិករ​កម្ពុ​ជា យើង​ក៏បាន​ជួយ​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​នៃ​ផលិតភាព​កសិកម្ម​ទាប និង​អសន្តិសុខ​ស្បៀង​រយៈពេល​ជាង20ឆ្នាំ​មកហើយ។

    ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នេះ​ជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​ជំហរ​របស់​សហរដ្ឋអាមេរិក​សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​បានលើកឡើង​ថា សហរដ្ឋអាមេរិក​មិនបាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទេ ប៉ុន្តែ​កម្ពុជា​បាន​ទាញ​សហរដ្ឋអាមេរិក​ឲ្យ​ចូលរួម​ពាក់ព័ន្ធ ហើយ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​មានការ​ឈឺចាប់​ពេលដែល​កម្ពុជា​ប្រកាសថា អាមេរិក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កកូរកកាយ​កម្ពុជា​ដែល​តាម​ការពិត​សហរដ្ឋអាមេរិក​មិនបាន​ពាក់ព័ន្ធ​សោះឡើយ។

    លោក វីល្លៀម ហេ​ដស៍ បាន​ថ្លែងថា “ជាការ​ពិត អាមេរិក​មិនមែនជា​ប្រទេស​ស្មុគស្មាញ និង​ពិបាក​ធ្វើការ​ជាមួយ​ទេ តែ​សូម​ធ្វើ​មកលើ​យើង​ដោយ​យុត្តិធម៌ និយាយ​ជាមួយ​យើង​ដោយ​ស្មោះត្រង់ ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​តាម​ដែល​អាចធ្វើ​ទៅបាន ប្រើប្រាស់​អំណាច​ទីផ្សារ​របស់​យើង​ដើម្បី​ជា​ប្រយោជន៍​របស់​អ្នក ស្វាគមន៍​កម្មវិធី​ជំនួយ និង​ក្រុមហ៊ុន​របស់​យើង”៕

  • កក្រើក ជាមួយ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ពី​សំណាក់​តារា​ថៃ និង​តារា​ខ្មែរ​កណ្តាល​ផ្សារ​ទំនើប អ៊ី​អន

    កក្រើក ជាមួយ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ពី​សំណាក់​តារា​ថៃ និង​តារា​ខ្មែរ​កណ្តាល​ផ្សារ​ទំនើប អ៊ី​អន

    ជាមួយនឹង​វត្តមាន​ថ្មី​នៃ​ក្រុមហ៊ុន​ជាច្រើន​មកពី​ប្រទេស​ថៃ ក្នុង​គោលបំណង​ចាប់ដៃ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពាណិជ្ជករ​កម្ពុជា​លើ​គ្រប់​វិស័យ​នោះ កាលពី​ល្ងាច​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 ម្សិលមិញ​នេះ មហាជន​ជាច្រើន​នាក់​បាន​សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ខណៈដែល​បានឃើញ​វេទិការ​នៃ​ការ​ព្រឹត្តិការណ៍ Thailand Fashion & Lifestyle 2017 បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​យ៉ាង​ស្រស់ស្អាត​នៅ​ចំ​កណ្តាល​ផ្សារ​ទំនើប AEON ក្រោម​វត្តមាន​របស់​កំពូល​តា​រា​បង្ហាញ​ម៉ូដ​ជនជាតិ​ថៃ និង​ជនជាតិខ្មែរ​ជាច្រើន​នាក់​ឡើង​បង្ហាញ​រូប​សម្រស់​ជាមួយ​ការ​គ្រង​ម៉ូដ​សម្លៀកបំពាក់​បែប​ទាន់សម័យ​គួរ​ជាទី​ទាក់ទាញ​បំផុត។

    នៅក្នុង​ព្រឹត្តិការណ៍​ជាមួយគ្នានេះ ក្រៅពី​មានការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​ជាច្រើន​ឈុត​សម្រាប់​សុភាពនារី ក៏មាន​ការបង្ហាញ​ម៉ូដ​ឈុត​សម្លៀក​របស់​កុមារ​ផងដែរ ដែល​រាល់​ម៉ូដ​សម្លៀកបំពាក់​ទាំងនោះ​សុទ្ធតែ​បាន​កែច្នៃ​ដោយ​អ្នកជំនាញល្បីៗជា​ជនជាតិ​ថៃ។

    ថ្លែង​នៅក្នុង​កម្មវិធី​នេះ លោក ជី​រ៉ាវុធ  សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​កម្ពុជា បាន​លើកឡើងថា តាមរយៈ​ព្រឹត្តិការណ៍ Thailand Fashion & Lifestyle 2017 នេះ បានបង្ហាញ​ឱ្យឃើញ​ពី​ភាពជោគជ័យ​នៃ​កិច្ចសហការ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា-ថៃ ក្រោមរូបភាព​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​មក​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ប្រទេសមួយ​នេះ ។

    លោក ជី​រ៉ាវុធ  សុ​វណ្ណា​អាត បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​កម្ពុជា គឺជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាងសំខាន់​បំផុត​របស់​ប្រទេស​ថៃ ដែល​កាលពី​ឆ្នាំ2016កន្លង​ទៅនោះ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​ទឹកប្រាក់​រហូតដល់ 5,609 លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​នៅ​ឆ្នាំ 2017នេះ ក៏​នៅតែមាន​ការកើនឡើង​គួរ​ជាទី​មោទន​បំផុត ។

    នៅ​ក្នុងឱកាស​ជាមួយគ្នានេះ លោក ជី​រ៉ាវុធ  សុ​វណ្ណា​អាត ក៏បាន​ប្តេជ្ញា​ថា ក្នុងនាម​ជា​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​កម្ពុជា លោក​នឹង​ព្យាយាម​ខិតខំ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ថៃ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត ៕

  • អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​រៀបចំ​ការបង់ពន្ធ​អចលនទ្រព្យ ឱ្យ​ដូច​ពន្ធ​មធ្យោបាយ​ធ្វើដំណើរ

    អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​រៀបចំ​ការបង់ពន្ធ​អចលនទ្រព្យ ឱ្យ​ដូច​ពន្ធ​មធ្យោបាយ​ធ្វើដំណើរ

    ភ្នំពេញ បច្ចុប្បន្ន​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​ហាក់​ពុំទាន់​យល់ដឹង​ពី​ការបំពេញ​ព័ត៌មាន​ឱ្យបាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់​លើ​អចលនទ្រព្យ​របស់ខ្លួន​ដែល​ត្រូវ​បង់ពន្ធ​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​ការធ្វើ​បច្ចុប្បន្នភាព​នៃ​អចលនទ្រព្យ​ពុំ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ។

    ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើកឡើងថា នៅពេល​បង់ពន្ធ ព័ត៌មាន​អចលនទ្រព្យ​ខ្លះ​ត្រូវបាន​ប្រែប្រួល ជួនកាល​ដី​មួយ​ដុំ​កាត់​ទៅជា10ដុំ ឬ​ដី​ច្រើន​ដុំ​បង្រួម​ចូលគ្នា​ធ្វើជា​បុរី​ក៏មាន ដើម្បី​បញ្ចៀស​ពី​ការបង់ពន្ធ​ទៅ​តាមតែ​ទិន្នន័យ​ចាស់ ដូច្នេះ​យើង​ត្រូវធ្វើ​បច្ចុប្បន្នភាព​លើ​អចលនទ្រព្យ​នោះ។

    ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជាក់ថា៖ «ប្រជាពលរដ្ឋ​មួយចំនួន​គាត់​អត់​ទាន់​យល់​ពី​ការធ្វើ​បច្ចុប្បន្នភាព​លើ​អចលនទ្រព្យ​របស់ខ្លួន​ទេ ក្នុងករណី​មាន​ព័ត៌មាន​ប្រែប្រួល​លើ​អចលនទ្រព្យ ពួកគាត់​ត្រូវតែ​មក​ធ្វើ​បច្ចុប្បន្នភាព​នោះ។ ឥឡូវ​ខ្ញុំ​កំពុងតែ​ចាត់ចែង​រៀបចំ​ឱ្យ​មន្ដ្រី​ជាប់កិច្ចសន្យា​ចំនួន 100 នាក់​ដើម្បី​ចុះ​ទៅដល់​គេហដ្ឋាន ឬ​ទីតាំង​អចលនទ្រព្យ​នោះ​ដើម្បី​បំពេញ ឬ​ធ្វើ​បច្ចុប្បន្នភាព​ជូន​ពួកគាត់​តែម្ដង​ដើម្បី​កុំឱ្យ​ពួកគាត់​មានការ​លំបាក»។

    ឯកឧត្ដម គង់ វិបុល បន្ដទៀតថា ការចុះ​ធ្វើ​សម្រង់​ទិន្នន័យ​បច្ចុប្បន្នភាព​អចលនទ្រព្យ​ជូន​ប្រជាពលរដ្ឋ​យកមក​បញ្ចូល​ក្នុង​ព័ត៌មាន​ដេ​តា​បេស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ គឺ​ដើម្បី​ធ្វើឱ្យ​ពួកគាត់​មាន​ភាពងាយស្រួល ដូច​ទៅនឹង​អ្វីដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ធ្លាប់​បានធ្វើ​ទៅលើ​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​រួចមកហើយ​ដូច្នោះ​ដែរ។

    បច្ចុប្បន្ន​មាន​អ្នក​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ប្រើ​កាត​ក្នុង​រង្វង់ 90%ហើយ។ ឯកឧត្ដម​បន្ថែមថា៖ «ជា​ទិសដៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ចង់​ធ្វើឱ្យ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​មាន​ដំណើរការ​ដូចគ្នា​នឹង​ការប្រមូល​ពន្ធ​លើ​ពន្ធ​មធ្យោបាយ​ធ្វើដំណើរ​ដែរ»។

    ទោះជា​យ៉ាងណា​ដំណើរការ​នេះ​ក៏ត្រូវ​ការ​មាន​កិច្ចសហការ​រវាង​មន្ដ្រី​ជាមួយនឹង​ម្ចាស់​អចលនទ្រព្យ​ផងដែរ ដើម្បី​បញ្ចៀស​កុំឱ្យ​ម្ចាស់​អចលនទ្រព្យ​ជូ​ប​ការលំបាក​ក្នុង​ការរក​ប័ណ្ណកម្មសិទ្ធិ ឬ​ឯកសារ​ពាក់ព័ន្ធ​នានា​របស់​ពួកគាត់​យកមក​បង់ពន្ធ​រាល់​ឆ្នាំ។ ពលរដ្ឋ​គ្រាន់តែ​បំពេញ​ព័ត៌មាន​ទាំងនោះ​តែមួយ​ដង​គត់​នៅក្នុង​កាត​មួយ លុះ​នៅពេល​មក​បង់ពន្ធ​លើ​អចលនទ្រព្យ​របស់ខ្លួន គាត់​គ្រាន់តែ​យក​កាត​នោះមក​ស្គែ​ន​បារ​កូដ ទិន្នន័យ​ទាំងអស់​នឹង​ចេញ​នៅក្នុង​ប្រព័ន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ហើយ ដែល​វា​នឹង​ជួយ​សម្រួល​ដល់​ការបង់ពន្ធ​យ៉ាង​ងាយស្រួល៕

  • ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ផ្តើម​ចាក់​បញ្ចាំង​នៅតាម​រោងកុន​ទូទាំងប្រទេស​កម្ពុជា

    ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ផ្តើម​ចាក់​បញ្ចាំង​នៅតាម​រោងកុន​ទូទាំងប្រទេស​កម្ពុជា

    ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ (First They Killed My Father)» ជា​ភាសា​ខ្មែរ​ដែល​បាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន Netflix ផ្តើម​ចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី 08 ខែកញ្ញា ឆ្នាំ2017 ក្រោម​ការ​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន Westec Media Limited ហើយនឹង​ចាក់​បញ្ចាំង​នៅ​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន Netflix ត្រឹម​ថ្ងៃទី 15 ខែកញ្ញា​ខាងមុខនេះ ។

    ក្រោម​ការដឹកនាំ​ដោយ លោកស្រី Angelina Jolie ខ្សែភាពយន្ត​រឿង «មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» គឺជា​ខ្សែភាពយន្ត​ប្រែ​សម្រួល​ចេញពី​ការចងចាំ​ដ៏​ឈឺចាប់​របស់​អ្នកស្រី អ៊ឹង លួង ដែលជា​អ្នកនិពន្ធ​សៀវភៅ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ដែល​បាន​រួចផុតជីវិត​ពីរ​បប​ខ្មែរក្រហម​ដ៏​សាហាវយង់ឃ្នង​ក្នុងអំឡុង​ពី​ឆ្នាំ 1975 ដល់​ឆ្នាំ1979 ។

    នៅក្នុង​សាច់រឿង​ត្រូវបាន​រៀបរាប់​តាម​ការមើលឃើញ​របស់​អ្នកស្រី​តាំងពី អាយុ5ឆ្នាំ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច រហូតដល់​គាត់​អាយុ9ឆ្នាំ។ ខ្សែភាពយន្ត​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​យ៉ាង​មោះមុត និង​ការតស៊ូ​យ៉ាង​ប្តូរផ្តាច់​របស់​គ្រួសារ​អ្នកស្រី ដើម្បី​បានរស់នៅ​ជាមួយគ្នា​យ៉ាង​វេទនា​អំឡុង​សម័យ​ខ្មែរក្រហម។ ជាមួយគ្នានេះ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ក៏​ធ្វើឡើង​ដើម្បី​ជាការ​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់ និង​អ្នក​ដែល​បាន​រួច​ផុតពី​ការស្លាប់​ក្រោម​របប​ខ្មែរក្រហម​ផងដែរ។ វា​បាន​ផ្តោត​សំខាន់​លើ​សេចក្ដីស្រឡាញ់ និង​ការលះបង់​របស់​ក្រុមគ្រួសារ​ខ្មែរ និង​ឆ្លុះបញ្ចាំង​ពី​ភាពស្រស់ស្អាត ដួងវិញ្ញាណ និង​ស្មារតី​រឹងមាំ​របស់​ប្រជាជន​ខ្មែរ និង​វប្បធម៌​ខ្មែរ។

    ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ធ្លាប់បាន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី 18 ខែ​កម្ភៈ កន្លងទៅ នៅ​លានជល់ដំរី​នៃ​បរិវេណ​ប្រាសាទអង្គរវត្ត​នៅក្នុង​ខេត្តសៀមរាប ក្រោម​វត្តមាន​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ  ហើយនឹង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី និង​ឥស្សរជនសំខាន់ៗ ដោយ​ផ្តល់​អាទិភាព​ដល់​អ្នក​រស់រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម ក៏ដូចជា​អ្នកជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ និង​អង្គ​ការអប់រំ​ប្រវត្តិសាស្ត្រ​នៅក្នុង​តំបន់​ផងដែរ ។ ខ្សែភាពយន្ត​នេះ​ត្រូវបាន​ថត​ក្នុងប្រទេស​កម្ពុជា​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2015 រហូតដល់​ខែកុម្ភៈ ឆ្នាំ 2016 ដែល​និយាយ​ជា​ភាសា​ខ្មែរ​ទាំងស្រុង ហើយ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំជាងគេ​ដែល​មិន​ធ្លាប់បាន​ផលិតឡើង​ក្នុង​ប្រទេសមួយ​នេះ។  អ្នកបច្ចេកទេស សិប្បករ និង​អ្នកជំនាញ​ផ្នែក​សិល្បៈ​ជនជាតិខ្មែរ បាន​ចូលរួម​យ៉ាងច្រើន​បំផុត​ក្នុង​ក្រុមការងារ​ថត​ខ្សែភាពយន្ត​នេះ រួមជាមួយ​តួអង្គ​សម្តែងផ្សេងៗទៀត​សរុប​ប្រមាណ​ជាង 3500 នាក់។

    ជាមួយគ្នានេះ កុមារី ស្រី​ម៉ុ​ច សារឿ​ម ដែល​បាន​ដើរ​ជា​តួអង្គ​សំខាន់​របស់​អ្នកស្រី អ៊ឹង លួង ដែលមាន​អាយុ​ពី 5-9 ឆ្នាំ ហើយនឹង​លាតត្រដាង​ពី​ទិដ្ឋភាព​នៃ​រឿងនេះ ស្ថិតនៅក្នុង​សាលារៀន​អង្គការ​មនុស្សធម៌​មួយ​ក្នុង​តំបន់។ តួអង្គ​ឪពុកម្តាយ​របស់​អ្នកស្រី អ៊ឹង លួង  ត្រូវបាន​សម្តែង​ដោយ​លោក ភឿង កុម្ភៈ និង​អ្នកនាង ស្វែង សុជាតា។ បងប្អូន​របស់​អ្នកស្រី អ៊ឹង លួង ត្រូវបាន​សម្តែង​ដោយ​នី​តា  និង​នី​កា​សារុន (ហៅ​ហ្គិ​ច), រុន ចិន្តា (ហៅ​ជូ) , មុន គឹម​ហាក់ (ហៅ គឹម) , អូន ស្រី​នាង (ហៅ គាវ) , ឃួន សុធា (ហៅ​គួ​យ) និង ហេង តារា (ហៅ​ម៉េង) ។

    គួរបញ្ជាក់​ផងដែរ​ថា ខ្សែភាពយន្ត​រឿង «មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» គឺជា​ខ្សែភាពយន្ត​ដើម​របស់​ក្រុមហ៊ុន Netflix Inc ដែល​ផលិត​ដោយ​អ្នកស្រី អែន​ជឺ​លី​ណា ជោ​លី, លោក ប៉ាន់​រិទ្ធី ជា​អ្នកដឹកនាំ​រឿង និង​ជា​ផលិតករ​ខ្សែភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ ដែល​ធ្លាប់បាន​ដឹកនាំ​រឿង «ការបាត់បង់​រូបភាព» ជា​ភាសា​អង់គ្លេស​ហៅថា «the missing picture» បាន​ជាប់​ឈ្មោះ​ជា​បេក្ខជន​ក្នុងការ​ប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​អូ​ស្កា និង​លោក Michael Vieira ផលិតករ​ខ្សែភាពយន្ត​ល្បីល្បាញ​នៃ​រឿង (By the Sea) ។ លោក Xavier Box (រឿង​Umrika) និង​អ្នកស្រី Patricia Rommel (រឿង The Lives of Others)  គឺជា​អ្នក​កាត់​តនៃ​ខ្សែភាពយន្ត​នេះ។

    លោកអ្នក​អាច​កក់​សំបុត្រ​ដោយផ្ទាល់ ឬ​តាមរយៈ​អន​ឡាញ តាម​ម៉ោង​បញ្ចាំងភាពយន្ត​នេះ ដែល​អ្នក​អាច​ជ្រើសរើស​នៅលើ​គេហទំព័រ​ដូចខាងក្រោម ៖

    https://cinema.org.kh
    https://legend.com.kh
    https://www.majorcineplex.com.kh/cinema/
    https://primecineplex.com
    https://barayandetcinema.com/