Author: វល័ក្ខ

  • iPhone X ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ Apple

    iPhone X ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ Apple

    ចាប់តាំងពី​ថ្ងៃ​កកើត​ទូរស័ព្ទ iPhone កាលពី​ឆ្នាំ 2007 រហូតដល់​ឆ្នាំ 2017 នេះ ទូរស័ព្ទ iPhone X បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ដ្រ​របស់ Apple ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ ទោះបីជា iPhone 8 និង 8 Plus ដែល​កើត​ក្នុង​ថ្ងៃ​តែមួយ​ដូចគ្នា​ក៏​ថ្លៃ​មិន​ស្មើ​ដែរ។

    Apple បានដាក់​ចេញ​នូវ​ទូរស័ព្ទ iPhone X អំឡុងពេល​ព្រឹត្តិការណ៍​កាលពី​ថ្ងៃទី12 ខែកញ្ញា នៅ​កន្លែងចាស់​ដែល​លោក Steve Jobs ធ្លាប់បាន​ឡើង​បង្ហាញ​ទូរស័ព្ទ iPhone ជំនាន់​ដំបូង​គេ។ iPhone ជំនាន់​ក្រោយ​របស់​Apple មានភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​ដំណើរ​ការដែល​មាន​ភាពទាន់សម័យ និង​មាន​អេក្រង់​ធំ​ទូលាយ​ជាង​មុន មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ និង​មុខងារ​ដោះ​សោ​ទូរស័ព្ទ​តាម​បច្ចេកវិទ្យា Face ID។

    តម្លៃ​របស់​វា​គឺ 999ដុល្លារ ហើយ​ធ្វើឱ្យ​វា​ក្លាយជា​ទូរស័ព្ទ iPhone ថ្លៃ​ជាងគេ​បំផុត​របស់​Apple បើ​ប្រៀបធៀប​នឹង​ទូរស័ព្ទ iPhone 8 និង iPhone 8 Plus ដែល​ចេញ​ក្នុងពេល​ជាមួយគ្នា​ដែលមាន​តម្លៃ​ចាប់ពី​ត្រឹមតែ 699 ដុល្លារ​ប៉ុណ្ណោះ៕

  • ឃើញ​របាយការណ៍​នេះហើយ ស្ដ្រី​កម្ពុជា​គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​នៃ​ការថែរក្សា​សុខភាព

    ឃើញ​របាយការណ៍​នេះហើយ ស្ដ្រី​កម្ពុជា​គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​នៃ​ការថែរក្សា​សុខភាព

    ភ្នំពេញ យោងតាម​របាយ​ការ​រណ៍​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ដ្រី​កម្ពុជា​ត្រូវបាន​គេ​រកឃើញថា មាន​ជំងឺមហារីក​មាត់ស្បូន​ប្រមាណ 60% ជា​អត្រា​ខ្ពស់​ជាងគេ​បើ​ប្រៀបធៀប​ទៅ​និង​ស្ដ្រី​ក្នុង​បណ្ដា​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ាន  ជាពិសេស គឺមាន​ស្ដ្រី​ប្រមាណ60%ហើយ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។

    លោកជំទាវ ញ៉េប សុភាព ប្រធាន​នាយកដ្ឋាន​សុខមាលភាព​ស្រី្ដ និង​កុមារ​នៃ​ក្រសួង​សង្គមកិច្ច​បានលើកឡើង​ថា ផលប៉ះពាល់​នេះ​កើតឡើង​បណ្ដាលមកពី​ស្ដ្រី​នៅ​កម្ពុជា​ខ្វះ​ការការពារ និង​អនាម័យ  ក្រៅពីនេះ​ប្រទេស​កម្ពុជា​នៅមាន​ការប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី ដែល​ធ្វើឱ្យ​ស្ដ្រី​មានការ​ខ្មាសអៀន​ច្រើន​ពុំ​សូវ​ហ៊ាន​និយាយ​ដោយ​បើកចំហ​អំពី​បញ្ហា​នេះ  ម្យ៉ាង​ពុំទាន់​មានការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ទៅដល់​ស្ត្រី​ជា​មាតា​នៅឡើយ។

    មន្ដ្រី​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា ជំងឺមហារីក​មាត់ស្បូន​មិនមែនជា​ជំងឺ​តំណពូជ​ទេ ពិសេស​ជំងឺ​នេះ​អាច​ការពារ​បាន​ស្ទើរតែ100%តាមរយៈ​ការការពារ​ដោយ​ចាក់​ថ្នាំ​វ៉ាក់សាំង ដូច្នេះ​ស្ដ្រី​កម្ពុជា​ទាំងអស់​គួរតែ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់​ដើម្បី​ដឹង​ពី​ស្ថានភាព​នៃ​សុខភាព​របស់ខ្លួន។ ជំងឺ​នេះ​ច្រើនតែ​កើតឡើង​លើ​ស្ដ្រី​ដែលមាន​ដៃគូ​រួមភេទ​ច្រើន និង​ស្ដ្រី​ដែល​មានកូន​ច្រើន គ្រា​ដែល​ពួកគាត់​មានកូន​ដំបូង​ស្ថិតក្នុង​វ័យក្មេង​នៅឡើយ។

    ប្រធាន​នាយកដ្ឋាន​សុខមាលភាព​ស្រី្ដ និង​កុមារ​នៃ​ក្រសួង​សង្គមកិច្ច​បានបញ្ជាក់​បន្ថែម​ថា៖«ស្ត្រី​ជា​មាតា​ត្រូវតែ​ហ៊ាន​បង្ហាញ​ចេញ​អ្វី​ដែលជា​បញ្ហា​លើ​សុខភាព​របស់​ខ្លួនឯង ព្រោះ​បញ្ហា​សុខភាព និង​ការពិនិត្យ​សុខ​ភាពជា​រឿង​សំខាន់​ដែល​ស្ដ្រី​គ្រប់រូប​ត្រូវតែ​ដឹង នឹង​ត្រូវតែ​ធ្វើ​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំងនេះ»៕

  • អាជ្ញាធរ​កំពុង​ព​ន្លឿ​ន​រំ​ដោះយក​ប្រឡាយ​បឹងត្របែក​មកវិញ

    អាជ្ញាធរ​កំពុង​ព​ន្លឿ​ន​រំ​ដោះយក​ប្រឡាយ​បឹងត្របែក​មកវិញ

    ដើម្បី​សម្រួល​ដល់​ការអភិវឌ្ឍ និង​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹកស្អុយ​ចេញពី​កណ្ដាល​ក្រុង​បង្ហូរ​ចូល​អាង​ស្ដុក​ទឹក​បឹងត្របែក រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុងធ្វើការ​ងារ​យ៉ាង​ដុតដៃដុតជើង​ក្នុងការ​ដោះស្រាយ​លើ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​រំលោភ​យក​ដី​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​បឹងត្របែក​ខុសច្បាប់ ធ្វើយ៉ាងណា​ដើម្បី​បានមក​វិញ​នូវ​អាង​ស្ដុក​ទឹកស្អុយ​ដើម្បី​រំដោះ​ការ​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ។

    ឯកឧត្ដម អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា ជា​រឿង​ចាំបាច់​ណាស់​ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រូវតែ​ធ្វើការ​ដោះស្រាយ​លើ​ប្រឡាយ​បឹងត្របែក និង​អាង​ស្តុក​ទឹកស្អុយ​បឹងត្របែក​ឱ្យបាន​ឆាប់រហ័ស​បំផុត បើ​ពុំ​ដូច្នោះ​ទេ​នឹង​អាចធ្វើឱ្យ​មានការ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​គម្រោង​នានា​ដែលមាន​ដូចជា ការចាក់​បេតុង​ការពារ​មាត់​ប្រឡាយ និង​រៀបចំ​ស្ថានីយ​បូមទឹក និង​គម្រោង​ប្រព័ន្ធ​លូ​នានា​របស់​អង្គការ​ JICA  ដែល​បម្រើ​ដល់​ការបូមទឹក​ស្អុយ​ចេញពី​តំបន់​កណ្ដាល​ក្រុង​ទៅ​ចូល​ស្ថានីយ​បូមទឹក​បឹងត្របែក។

    អាង​ស្ដុក​ទឹកស្អុយ​បឹងត្របែក​មាន​ទំហំ30ហិកតា ប៉ុន្ដែ​ត្រូវបាន​ប្រជាជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែល​សព្វថ្ងៃ​នៅសល់​មិន​ដល់10ហិកតា​ផង។ យោងតាម​របាយការណ៍​អាជ្ញាធរ​ខណ្ឌចំការមន​បង្ហាញថា ប្រជាពលរដ្ឋ​រស់នៅ​ប៉ះពាល់​ដល់​ផ្ទៃ​ទឹកស្អុយ​បឹងត្របែក​សរុប​មានផ្ទះ​ចំនួន676ខ្នង ដែល​ត្រូវ​ចែកចេញជា3តំបន់ គឺមាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​មា​ត់​ប្រឡាយ​មានផ្ទះ​ចំនួន378ខ្នង  ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​អាង​មាន​ចំនួន​ផ្ទះ195ខ្នង និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​តែម្តង តែ​ពុំ​មានផ្ទះ​និង​បាន​ចាប់យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មាន​ចំនួន100ក្បាលដី។

    ជាមួយគ្នានេះ​ឯកឧត្ដម​អភិបាលរង​រាជធានី​ភ្នំពេញ​ក៏បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ឱ្យបាន​ច្បាស់លាស់​អំពី​ទំហំ​នៃ​ផលប៉ះពាល់ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់ឱ្យ​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​ដើម្បី​ធ្វើយ៉ាងណា​ព​ន្លឿ​ន​ការដោះស្រាយ និង​ធ្វើការ​អភិវឌ្ឍ​ឱ្យបាន​ឆាប់រហ័ស​ទៅលើ​ការងារ​នេះ។

    យោងតាម​របាយការណ៍​ពី​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ក្នុងមួយឆ្នាំៗសំរាម​ដែល​ត្រូវបាន​កាយ​ចេញពី​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​មាន​ក្នុង​រង្វង់350ឡាន និង​ដឹក​ចេញពី​តំបន់​នេះ៕

  • ជ្រើសរើស​ជំនាញ​ខុស មិន​ខុសពី​ជ្រើសរើស​គូស្រករ​ខុស​នោះទេ

    ជ្រើសរើស​ជំនាញ​ខុស មិន​ខុសពី​ជ្រើសរើស​គូស្រករ​ខុស​នោះទេ

    ការជ្រើសរើស​ជំនាញ​ជា​រឿង​យ៉ាងសំខាន់​មួយ​សម្រាប់​ការរៀបចំ​ដំណើរ​អនាគត ព្រោះ​ដំណាក់កាល​នេះ​ជា​ដំណាក់កាល​នៃ​ការចាប់ផ្តើម​ដំណើរ​ជីវិត​ឆ្ពោះទៅរក​អនាគត​ដ៏​ត្រចះត្រចង់។

    ការជ្រើសរើស​ជំនាញ ក៏​ជា​ដំណាក់កាល​សម្រេច​ជោគវាសនា​របស់ខ្លួន ព្រោះ​អនាគត​របស់​សិស្ស​និស្សិតម្នាក់ៗស្ថិតនៅក្នុង​កណ្តាប់ដៃរ​បស់​ខ្លួន​ហើយ ព្រោះ​បន្ទាប់ពី​ជ្រើសរើស​ជំនាញ​ហើយ អ្នកនឹង​ត្រូវ​ដើរ​តាមផ្លូវ​នេះ​អស់​មួយជីវិត​ប្រសិនបើ​អ្នក​ជ្រើសរើស​ត្រូវ តែ​ប្រសិនបើ​អ្នក​ជ្រើសរើស​ខុស​វិញ អ្នក​ក៏​នឹង​ជួប​បញ្ហា​ក្នុង​ជីវិត​ដូច​ទៅនឹង​ជ្រើសរើស​គូស្រករ​ខុស​ដូច្នោះ​ដែរ។

    1.ជ្រើសរើស​ជំនាញ​ខុស​ខាត​ពេលវេលា​កសាង​ខ្លួន​ឡើងវិញ

    អ្នក​ដែល​ជ្រើសរើស​ជំនាញ​ខុស ភាគច្រើន​ត្រូវ​ខាតបង់​ពេលវេលា​ដើម្បី​ចាប់ផ្តើម​ដំណើរ​ជីវិត​សិក្សា​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​បាន​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​តែ​មិនអាច​អភិវឌ្ឍ​ខ្លួនឯង​បានល្អ។ ចំណុច​នេះ វា​មិន​ខុសពី​ការជ្រើសរើស​គូស្រករ​ខុស ហើយ​លែងលះ​ទៅ​ចាប់ផ្តើម​ជីវិត​សាជាថ្មី ដែល​ធ្វើឱ្យ​ខាតបង់​ពេលវេលា​ច្រើន។ ការ​បក​មក​រៀន​សា​ដើម ដើម្បី​ស្វែងរក​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់​អាចធ្វើឱ្យ​និស្សិត​ត្រូវ​ខាត​ពេល ហើយ​ដើរ​យឺត​ជាងគេ ព្រោះ​មិត្ត​ភ័ក្តិ​របស់គាត់​អាច​នឹង​បញ្ចប់​ការសិក្សា​មុន​គាត់ 2 ឬ3 ឆ្នាំ​ឯណោះ។

    2.ជ្រើសរើស​ជំនាញ​ខុស​បាត់បង់​កិត្តិយស​ខ្លះ

    ការជ្រើសរើស​ជំនាញ​ខុស នឹងធ្វើ​ឱ្យ​យើង​ទ្រាំ​រស់នៅ​ជាមួយនឹង​ស្ថានភាព​ដែល​ខ្លួន​មិន​ពេញចិត្ត អាន​សៀវភៅ​ដែល​មិន​ចង់​អាន ឬ​ស្តាប់​នូវ​អ្វីដែល​មិនមែនជា​ចំណង់​ចំណូលចិត្ត។ កត្តា​នេះ បានធ្វើឱ្យ​ពួកគេ​ចាំបាច់​ត្រូវតែដើរ​ចេញពី​មុខវិជ្ជា​នេះ បើទោះបីជា​ពួកគេ​ដឹងខ្លួន​ថា ការចាកចេញ​នេះ​អាចធ្វើ​ឱ្យគេ​បាត់បង់​ទំនុកចិត្ត​ពី​ក្រុមគ្រួសារ ឬ​អ្នក​នៅ​ជុំវិញខ្លួន​ក៏ដោយ។

    3.ជ្រើសរើស​ជំនាញ​ខុស​ខាត​ថវិកា​ច្រើន

    ជាធម្មតា​ទេ នៅពេលដែល​មនុស្ស​ណា​ម្នាក់​ដើរ​ចេញពី​សាលា ដើម្បី​ទៅ​សិក្សា​ជំនាញ​ថ្មី​មួយទៀត​ដែល​ខ្លួន​ស្រឡាញ់ ជា​រឿង​ដែល​ត្រូវ​ចាយលុយ តែ​អ្វីដែល​កាន់តែ​សំខាន់​នោះ​គឺ​សោហ៊ុយ​ក្នុងការ​សិក្សា​កន្លងមក​គឺ​ច្រើន​លើសលុប បើ​ប្រៀបធៀប​ជាមួយនឹង​តម្លៃ​បង់ថ្លៃ​សាលា​តែមួយ​មុខ។ ក្រៅពីនេះ អ្នកសិក្សា​រូបនោះ​ក៏​ខាត​ពេល​ក្នុង​ការធ្វើការងារ ដែល​ត្រូវ​យឺត​ជាងគេ​ច្រើន​ឆ្នាំ ដែល​ចំណុច​នេះ​សុទ្ធតែ​ធ្វើឱ្យ​គាត់​ខាតបង់​ពេលវេលា​រកប្រាក់​ចំណូល​ក្នុង​ជីវិត​របស់គាត់៕

  • G-Devith អរគុណ សីហា ហា ដែល​បាន​បំភ្លឺ​ការពិត

    G-Devith អរគុណ សីហា ហា ដែល​បាន​បំភ្លឺ​ការពិត

    បន្ទាប់ពី G-Devith ត្រូវ​គណនី Facebook មានឈ្មោះ RiKo DelLa Gz II ធ្វើការ​វាយប្រហារ​ដោយសារ​ជា​អក្សរ​យ៉ាង​វែង​អន្លាយ បានធ្វើ​ឲ្យ​តារាចម្រៀង​ហង្ស​មាស​រូបនេះ ខឹង​ខ្ញាល់ ទ្រាំលែងបាន រហូត​គាស់កកាយ​រឿងចាស់ៗមក​និយាយ ។ ដោយឡែក​កាលពី​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ 2017 តារាចម្រៀង​ប្រុស​រូបនេះ​បាន​តបត​ទៅកាន់​ក្រុម​អ្នក​បង្កាច់​ប​ង្ខួ​ច​ឈ្មោះ​លោក​ទាំង​កំហឹង​យ៉ាងខ្លាំង។

    ករណី​លោក សីហា ហា តារាចម្រៀង​ផលិតកម្ម M ដែល​ត្រូវ​រង​នូវ​ការដុត​កម្តៅ​ឱ្យ​ក្ដៅគគុក​ដោយ​ប្រវត្តិ​អតីតកាល​ជាមួយ​តារាចម្រៀង​រ៉េ​ប​ដែលមាន​ល្បឿន​លឿន​រូបនេះ​ដែរនោះ ថ្ងៃ​ម្សិលមិញ​នេះ បន្ទាប់ពី​ការ Live វីដេអូ​ចប់ G-Devith បាន​បង្ហោះ​សារ​អះអាង​បកស្រាយ​បំភ្លឺ​ពី សីហា ថា ៖ «លោក សីហា ហា បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិនដែល​ស្គាល់​ក្មេង​ម្នាក់​ដែល​និយាយ​ពី​បញ្ហារ​របស់​ពួក​ខ្ញុំ​ឡើយ អរគុណ បង​សីហា ហា ដែល​បាន​បកស្រាយ​ប្រាប់​ប្អូន ពួកយើង​អភ័យទោស​ឱ្យ​គ្នា​ទៅវិញទៅមក និង​ប្រើ​ជីវិត​រស់នៅ​រៀងខ្លួន សូមជ្រាប ផ្តាំ​ទៅ​ប្អូនប្រុស​ម្នាក់​នោះ​ផង​ថា ប្អូន​កំពុង​បង្កបញ្ហា​ដល់​គាត់​ហើយ ទាំង​ដែល​គាត់​មិនដែល​ស្គាល់​ប្អូន​ផង សូម​ប្អូន​ធ្វើការ​សុំទោស​ទៅកាន់​គាត់​ភ្លាម អរគុណ»៕

  • លុយ​ក៏​ខាត ប្រយោជន៍​ក៏​បាត់ បើ​អ្នក​ទប់ចិត្ត​មិនបាន

    លុយ​ក៏​ខាត ប្រយោជន៍​ក៏​បាត់ បើ​អ្នក​ទប់ចិត្ត​មិនបាន

    យប់មិញ​ក្រុមហ៊ុន Apple បើកសម្ពោធ​ទូរស័ព្ទ iPhone 8 / 8 Plus និង​ទូរស័ព្ទ iPhone X ដែលមាន​ការ​រចនា​ឡើង​ប្លែក និង​ស្រស់ស្អាត ដោយ​ភ្ជាប់​ជាមួយនឹង​មុខងារ​ប្រើប្រាស់ថ្មីៗជាច្រើន ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​មួយចំនួនធំ​ទ្រាំ​មិន​ទិញ​មិនបាន។ Apple នឹងដាក់​ឱ្យធ្វើ​ការ Pre-Order ចាប់ពី​ថ្ងៃទី15 ខាង​មុននេះ​តទៅ ហើយ​វា​នឹង​ចេញលក់​ក្នុង​ទីផ្សារ​ទូទាំង​ពិភពលោក​នៅ​ថ្ងៃទី22 ខែកញ្ញា ឆ្នាំ 2017 ហើយ​ទីផ្សារ​កម្ពុជា អាច​នឹងមាន​លក់​តាម​ហាង​នាំចូល​ក្រោយ​គ្នា​បន្ដិច​ដូចរាល់ៗឆ្នាំ​ដែរ។ គ្រាន់តែ​ថា ការមកដល់​នោះ មិនមែនជា​ផលិតផល​ផ្លូវការ មិនមាន​ការធានា​ពី​ក្រុមហ៊ុន និង​អាចមាន​តម្លៃ​ថ្លៃ​កប់​ពពក​ក្នុងពេល 2 ឬ 3 សប្ដាហ៍​ដំបូង។

    អ្វី​ទាំងអស់នេះ វា​នឹង​ធ្វើឱ្យ​អ្នកប្រើប្រាស់​ខ្មែរ​យើង​អាច​ខាតបង់​ទាំង​លុយកាក់ និង​ផលប្រយោជន៍ផ្សេងៗ ប្រសិនបើ​ទប់ចិត្ត​មិនបាន ចង់​ទិញ​ស្មា​ត​ហ្វូ​ន​ទាំងនោះ​យកមកប្រើ​ឱ្យបាន​មុនគេ។ ជាទូទៅ​ពេល iPhone ចេញ​ថ្មីម្ដងៗ តម្លៃ​ក្នុង​ទីផ្សារ​ខ្មែរ​យើង​អាច​ខុសគ្នា​ពី​តម្លៃ​ដើម ដល់​ទៅ 300 ទៅ 400 ដុល្លារ ហើយ​បើ​ពណ៌ណា​ត្រូវប៉ាន់​ផង អាច​ខុសគ្នា​ច្រើនជាង​នេះ​ក៏មាន។

    លោក អ៊ូ ភា​និ​ត ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Falcon Tech ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ចែកចាយ​ផលិតផល Apple សម្រាប់​ទីផ្សារ​កម្ពុជា បានឱ្យដឹង​តាមរយៈ​ទូរស័ព្ទ​ថា សម្រាប់​វត្តមាន​ទូរស័ព្ទ​ជំនាន់​ថ្មី iPhone 8 / 8 Plus និង iPhone X ខាង​ក្រុមហ៊ុន​លោក​នៅ​មិនទាន់មាន​ដំណឹង​ច្បាស់ការ​ណាមួយ​នៅឡើយ​ទេ។ ចំពោះ​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​នៅពេលណា ក៏​ខាង​លោក​មិនទាន់​អាច​ជម្រាប​បានដែរ ។ ប៉ុន្តែ​លោក​ថា ខាង​លោក​កំពុង​ស្នើ​ទៅខាង Apple ធ្វើ​យើង​ណា ឱ្យ​ដំណើរ​ការលក់​អាច​ប្រព្រឹត្តទៅ​លឿន​ជាង​រាល់​ឆ្នាំ ដើម្បី​អាចបំពេញ​តម្រូវការ​អតិថិជន​ខ្មែរ​យើង​បាន​លឿន។

    លោក​ថា៖ «ពេលនេះ​ខាងយើង​មិនទាន់​អាច​ជម្រាប​ព័ត៌មាន​អ្វី​បាន​ទាំងអស់។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន Falcon នឹង​ព្យាយាម បើ​មាន​ដំណឹង​អ្វី​ថ្មី»

    ប្រធាន​ផ្នែក​លក់​ខាងលើ​បានឱ្យ​ទៀតថា ចំពោះ​តម្លៃ iPhone 8 / 8 Plus និង iPhone X ពេលមកដល់​កម្ពុជា អាចមាន​ការប្រែប្រួល​ខ្លះ​ពី​តម្លៃ​ដើម អាស្រ័យ​លើ​ពន្ធ​នាំចូល និង​លក្ខខណ្ឌ​មួយចំនួនទៀត ប៉ុន្តែ​មិន​ច្រើន​ទេ។ យ៉ាងណា លោក​ស្នើឱ្យ​អ្នកប្រើប្រាស់​ជួយ​គាំទ្រ​ផលិត​ស្របច្បាប់ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី Apple ព្រម​ជាមួយនឹង​តម្លៃ​ដែល​ល្អ។

    លោក​ពន្យល់ថា បើ​ចំនួន​អ្នកប្រើប្រាស់​នៅ​កម្ពុជា កើនឡើង​ច្រើន Apple អាច​សម្រេច​ផ្ដល់​អ្វីពិសេសៗច្រើន​ដល់ទី​ផ្សារ​មួយ​នេះ ទាំង​តម្លៃ រយៈពេល​ចេញលក់ ព្រម​ជាមួយនឹង​ការអភិវឌ្ឍ​កម្មវិធី Software សម្រាប់​ខ្មែរ​យើង​ផ្ទាល់​ផងដែរ។ មួយវិញទៀត អ្នកប្រើប្រាស់​ក៏​មិន​ខាតបង់​លុយ​លើ​ការចំណាយ​ខ្ពស់​ពេល​ទូរស័ព្ទ​មាន​លក់​តាម​ហាង​នាំចូល​ដំបូង ដែលនាំឱ្យ​ខាត​ប្រយោជន៍​ពី​ការធានា ពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​ទៀតផង។ ចំពោះ​ទីផ្សារ​កម្ពុជា គ្រប់​ផលិតផល​ទាំងអស់​នឹងមាន​ការធានា​រយៈពេល1ឆ្នាំ​ពី Apple និង​ធានា​ដូរ​ថ្មី​វិញ​ក្នុង​រយៈពេល 30ថ្ងៃ ក្នុងករណី​មាន​បញ្ហា​ខាង​បច្ចេកទេស៕

  • ហេតុអ្វី​បានជា​គេ​ថា អ្នក​បាន​និទ្ទេស C ភាគច្រើន​ជោគជ័យ?

    ហេតុអ្វី​បានជា​គេ​ថា អ្នក​បាន​និទ្ទេស C ភាគច្រើន​ជោគជ័យ?

    មាន​អត្ថបទ​បរទេស​មួយចំនួន​បានចេញ​ផ្សាយ ដោយ​បង្ហាញឱ្យឃើញ​ពី​អ្នក​ដែល​ទទួលបាន​និទ្ទេស C ភាគច្រើន​ជា​បុគ្គល​ជោគជ័យ ឬ​ជា​អ្នក​ដែល​បាន​បង្កើត​ស្នាដៃថ្មីៗសម្រាប់​ពិភពលោក ខណៈដែល​ចំណុច​នេះ​បាន​ស្ថិតក្នុង​ការសន្និដ្ឋានផ្សេងៗពីគ្នា។

    បង្ហាញ​ពី​ចំណុច​ទាំងអស់នេះ លោក គីម ដា​រ៉ា នាយក​គ្រឹះស្ថាន​អប់រំ Start Up Cambodia បាន​លើកឡើងថា អ្នក​និទ្ទេស A ភាគច្រើន​គឺ​ខ្លាច​ស្រមោល​ខ្លួនឯង ហេតុនេះហើយ​ទើប​ពេលខ្លះ​បញ្ហា​នេះ​បាន​បង្អាក់​ដល់​ដំណើរ​នៃ​ភាពជោគជ័យ​របស់គាត់។ លោក​បានបញ្ជាក់​ដោយ​អះអាងថា និទ្ទេស A ឬ និទ្ទេស B ជា​និទ្ទេសខ្ពស់ៗ ហេតុនេះ​ពួកគាត់​ស្ថិតក្នុង​ការចាប់អារម្មណ៍​របស់​សង្គម ហេតុនេះ​រាល់​សកម្មភាព​របស់គាត់​គឺ​គាត់​មានការ​ប្រុងប្រយ័ត្ន​ខ្លាំងណាស់ រហូត​ពេលខ្លះ​គាត់​មិន​ហ៊ាន​ធ្វើ​សកម្មភាព ឬ​ប្រកួតប្រជែង​នោះទេ។ ប្រសិនបើ​ទទួលបាន​និទ្ទេស​ខ្ពស់ ហើយ​នៅតែ​ខ្លាច​ការទិតៀន​របស់​ស​ង្គ​ម​នោះ និទ្ទេស​ខ្ពស់​នេះ​នឹងមិន​ផ្តល់​ផល​ល្អ​សម្រាប់​ពួកគាត់​ឡើយ។

    លោក គីម ដា​រ៉ា បាន​និយាយថា៖ «អ្នកខ្លះ​លើកឡើងថា និទ្ទេស C ភាគច្រើន​ជោគជ័យ ព្រោះ​និទ្ទេស​នេះ​មិន​ខ្លាច​ការទិតៀន។ តាម​ការពិត​អ្នក​បាន​និទ្ទេស C មាន​សមត្ថភាព​មួយ​ដែល​ពេលខ្លះ​គាត់​អាច​ឈោង​ទៅ A ឬ ទៅ​Bបាន តែដោយសារ​ការ​ភ្លាំងភ្លាត់ អាចធ្វើឱ្យ​គាត់​ធ្លាក់​ទៅដល់ C ឬ D ជាដើម»។

    លោក គីម ដា​រ៉ា បាន​បន្ថែមថា អ្នក​ដែល​បាន​និទ្ទេស C មាន​លក្ខណៈពិសេស​មួយ គឺ​គាត់​មិន​ខ្លាច​ការទិតៀន​នោះទេ គឺ​ចំណុច​នេះហើយ​ដែល​ធ្វើឱ្យ​គាត់​ហ៊ាន​ប្រកួតប្រជែង ទាំង​អាហារូបករណ៍ និង​ការប្រកួតប្រជែង​នានា។ អ្នក​នៅក្នុង​និទ្ទេស​នេះ​ភាគច្រើន​គាត់​មិន​ខ្លាច​បរាជ័យ​នោះទេ ព្រោះ​ទោះបីជា​បរាជ័យ​ក៏ដោយ ក៏​គាត់​មិនសូវ​ខ្វល់​ដែរ ព្រោះ​គាត់​មិនមែនជា​ផ្ទាំង​ស៊ី​ប​របស់​សង្គម ដែល​កត្តា​នេះ​ធ្វើឱ្យ​គាត់​ទទួលបាន​លទ្ធផល​ល្អ​ច្រើន។

    តែ​ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​អ្នក​ដែល​បាន​និទ្ទេស A ឬ B វិញ បើ​គាត់​មិន​ខ្លាច​ការទិតៀន​របស់​ស​ង្គ​ម គាត់​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​គាត់​មាន​សមត្ថភាព​ស្រាប់ ហើយ​គាត់​ហ៊ាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ទៀត​គាត់​នឹង​ទទួលបាន​លទ្ធផល​ល្អ។ លោក​បាន​បញ្ជាក់ថា គ្រប់​ការងារ​ទាំងអស់​មិន​អាចមាន​អ្នកណាម្នាក់​ចាប់ផ្តើម​ឡើង​ល្អឥតខ្ចោះ​នោះទេ វា​ទាមទារ​ឱ្យមាន​ការហ្វឹកហាត់ ទោះ​អ្នកនោះ​ទទួលបាន​និទ្ទេស​អ្វី​ក៏ដោយ ហេតុនេះ​ការដែល​ចេះ​ដាក់ខ្លួន​ទទួលយក​ការអភិវឌ្ឍ​ខ្លួនឯង​ទើប​ជា​ចំណុច​ល្អ​បំផុត​សម្រាប់​សិស្ស​គ្រប់គ្នា៕

  • សិក្ខាសាលា​ស្តីពី “របៀប​ជ្រើសរើស​មុខជំនាញ​ក្នុង​សតវត្ស​ទី 21”

    សិក្ខាសាលា​ស្តីពី “របៀប​ជ្រើសរើស​មុខជំនាញ​ក្នុង​សតវត្ស​ទី 21”

    សិក្ខាសាលា​នេះ រៀបចំឡើង​ដោយ​ក្រុម The Luminous Night នឹងមាន​ការធ្វើ​បទ​បង្ហាញ​រួមជាមួយ​ការចែករំលែក​នូវ​បទពិសោធពិតៗពី​វាគ្មិនល្បីៗ ហើយ​កម្មវិធី​នេះ​ផងដែរ ក៏​ផ្ដល់ឱកាស​សម្រាប់​យុវជន​ធ្វើការ​សួរ​ឆ្លងឆ្លើយ​ជាមួយវាគ្មិន​កិត្តិយស ដែលជា​រៀមច្បង​បាន​ប្រឡូក​ក្នុង​ការងារ​សង្គម និង​មាន​បទពិសោធ​ច្រើន​ក្នុងបរិបទ​សង្គម​ការងា​រនា​សតវត្ស​ទី21នេះ។ លើសពីនេះ​ក៏មាន​ការចូលរួម​ពី​តារាចម្រៀង Original Song ដូចជា Seyha Ha, Sai BT និង​កញ្ញា Hang Mariny។

    កម្មវិធី​នេះ​នឹងធ្វើ​ឡើង​ពេញ1ថ្ងៃ​គឺ ថ្ងៃ​ព្រហស្បតិ៍​ទី14 ខែកញ្ញា ឆ្នាំ2017នេះនៅ​ម​ជ្ឃ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC)។ សំបុត្រ​ចូលរួម​មានតម្លៃ3ដុល្លារហើយនឹង​ទទួលបាន​នូវ​ទឹក​អាហារសម្រន់ អាហារ​ថ្ងៃត្រង់ និង​បន្តោង​សោរ​ដ៏​ស្រស់ស្អាតមួយ​ពី ICE WATCH ជា​អ្នក​ឧបត្ថម្ភ​ដល់​កម្មវិធី​នេះ ហើយ​យើង​ក៏​សូម​អរគុណ​ដល់​ទ​ស្សា​នវ​ដ្តី ឡា​រ៉ែ​ន ដែល​បាន​ចូលរួម​ជាមួយ​ពួកយើង​ដើម្បីអោយ​កម្មវិធី​នេះ​ដំណើរការ​ទៅមុខ។

    សំបុត្រ​មាន​លក់​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជា​ជា-ជប៉ុន (CJCC) ទំនាក់ទំនង​ទិញ​សំបុត្រ៖ 012 531 478/ 077 207 501/ 070 812 708 និង 096 91 89 104 អ្នក​ទាំងអស់គ្នា​ក៏​អាច​ចុះឈ្មោះ​កក់​សំបុត្រ​តាម​តំណ​ភ្ជាប់​នេះ​បាន៖

    https://goo.gl/forms/iHECPRBFeLJ274Fo2

  • ខុន​ដូ​ចំនួន11,300យូ​នី​ត នឹង​ដាក់ចូល​ទីផ្សារ​ក្នុង​ដំណាច់​ឆ្នាំនេះ

    ខុន​ដូ​ចំនួន11,300យូ​នី​ត នឹង​ដាក់ចូល​ទីផ្សារ​ក្នុង​ដំណាច់​ឆ្នាំនេះ

    ភ្នំពេញៈ ការផ្គត់ផ្គង់​ខុន​ដូ​បានចាប់ផ្តើម​កើនឡើង​យ៉ាងគំហុក​ហើយ​ចាប់ពី ចុងឆ្នាំ​នេះ​ទៅ ដោយ​ការសិក្សា​មួយ​បាន​រកឃើញថា ខុន​ដូ​ចំនួន 11,300យូ​នី​ត​ទៀត​នឹងត្រូវ​ដាក់ចូល​ទីផ្សារ​នៅ​ដំណាច់​ឆ្នាំនេះ។

    យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ខុន​ដូ​ចំនួន 1,911យូ​នី​ត​ត្រូវបាន​ដាក់ចូល​ទីផ្សារ​ក្នុង​ឆមាស​ទី1ឆ្នាំនេះ និង​រំពឹង​កើនឡើង​ដល់ 11,300យូ​នី​ត​នៅ​ដំណាច់​ឆ្នាំនេះ សម្រាប់​ចំនួន​យូ​នី​ត​ខុន​ដូ​សរុប ដែល​បាន​ផ្គត់ផ្គង់​តាំង​ពីមុន​ដល់ពេល​បច្ចុប្បន្ន។

    ការសិក្សា​ដដែល​ក៏បាន​រកឃើញ​ផងដែរ​ថា តម្លៃ​នៃ​ការលក់​ខុន​ដូ​ប្រណីត​បាន​ធ្លាក់ចុះ1ភាគរយ​គិត​ត្រឹម​ឆមាស​ទី1ឆ្នាំនេះ​ធៀប​នឹង​ដំណាច់​ឆ្នាំមុន ប៉ុន្តែ​និន្នាការ​អ្នកទិញ​ខុន​ដូ​មានការ​ប្រែប្រួល ដោយ​អ្នកទិញ​ខុន​ដូ​ភាគច្រើន​ផ្តោតលើ​ខុន​ដូ​ដែល​បានបញ្ចប់​ការសាងសង់​ជាជាង​ទិញ​គម្រោង​ដែល​កំពុង​សាងសង់។ លើសពីនេះ​អ្នកទិញ​ខុន​ដូ គឺ​ទិញ​សម្រាប់​រស់នៅ​ជាជាង​សម្រាប់​វិនិយោគ ហើយ​ចំនួន​ប្រជាជន​ខ្មែរ​ដែល​ទិញ​ខុន​ដូ​បាន​កើនឡើង​ចន្លោះ​ពី5ទៅ10ភាគរយ។

    ខុន​ដូ​ប្រភេទ High-end មានតម្លៃ​មធ្យម 3,108ដុល្លារ ខុន​ដូ​ប្រភេទ Mid-end មានតម្លៃ 2,659ដុល្លារ និង​ខុន​ដូ​ប្រភេទ​Affordable មានតម្លៃ​ជា​មធ្យម 1,498ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

    អ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា ស្ថានភាព​ទីផ្សារ​ខុន​ដូ​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ បើទោះបីជា​តម្លៃ​ជួល និង​តម្លៃ​លក់​ចេញ​បាន​ធ្លាក់ចុះ​ក៏ដោយ។

    យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន ប៊ុណ្ណា​រៀល​ធី​គ្រុប ដែល​ទើប​បញ្ចប់​កាលពីពេលថ្មីៗនេះ​ក៏បាន​រកឃើញ​ដែរ​ថា ចំនួន​ខុន​ដូ​បាន​កើន​ពី121គម្រោង​ដល់125គម្រោង និង​ចំនួន​ផ្ទះ​សរុប​បាន​កើន​ពី 43,604យូ​នី​ត ដល់​ចំនួន 47,204យូ​នី​ត​ក្នុង​ឆមាស​ទី1ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    លោក ស៊ុន ហួត នាយក​ផ្នែក​ទីផ្សារ​នៃ​គម្រោង Olympia CITY បាន​ថ្លែង​ស្រដៀង​គ្នា​ថា ស្ថានភាព​នៃ​ការលក់​ខុន​ដូ​នៅ​ឆ្នាំនេះ​មិនមាន​ភាពប្រែប្រួល​ខុសពី​ឆ្នាំមុន​នោះទេ ប៉ុន្តែ​ក្នុងស្ថានភាព​បែបនេះ​ការលក់​ខុន​ដូ​ក្នុង​គម្រោង​នេះ​មិនបាន​បញ្ចុះតម្លៃ​នោះទេ។ ខុន​ដូ​ក្នុង​គម្រោង Olympia City មានតម្លៃ​ចន្លោះ​ពី2,300 ទៅ2,600ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

    លោក​បន្តថា “ក្នុងចំណោម​អ្នកទិញ​ខុន​ដូ​ក្នុង​គម្រោង​នេះ​មាន​ប្រជាជន​ខ្មែរ​ប្រមាណ70ភាគរយ​ដែល​អ្នកខ្លះ​ទិញ​សម្រាប់​ស្នាក់នៅ និង​ខ្លះទៀត​ទិញ​សម្រាប់​ជួល”៕

  • តើ​អាមេរិក​ធ្វើ​អ្វីខ្លះ​ដើម្បី​វិបុលភាព​នៅ​កម្ពុជា?

    តើ​អាមេរិក​ធ្វើ​អ្វីខ្លះ​ដើម្បី​វិបុលភាព​នៅ​កម្ពុជា?

    ភ្នំពេញ៖ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ចេញ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា ចាប់តាំងពី​ឆ្នាំ1997មក កម្ពុជា​បាន​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា 36 ពាន់​លាន​ដុល្លារ ស្មើនឹង144ពាន់​ពាន់​លាន​រៀល។

    សារ​ដែល​បង្ហោះ​នោះ​មាន​ចំណងជើង​ថា «តើ​សហរដ្ឋអាមេរិក​ធ្វើ​អ្វីខ្លះ​នៅ​កម្ពុជា?» និង«យើង​ធ្វើឱ្យមាន​វិបុលភាព!» ដោយបាន​អត្ថាធិប្បាយ​ថា ទោះ​គិត​ជា​ដុល្លា​ក្តី ជា​រៀល​ក្តី វា​គឺជា​ចំនួន​លុយ​ដ៏​ច្រើន​មួយ! នេះ​គឺជា​តម្លៃ​នៃ​ទំនិញ​ដែល​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​គិត​តាំងពី​ឆ្នាំ1997មក ដោយនៅ​ក្នុងនោះ 90% ជា​សម្លៀកបំពាក់ និង​ស្បែកជើង។

    សម្លៀកបំពាក់ និង​ស្បែកជើង​គឺជា​ឧស្សាហកម្ម​សម្រាប់​នាំចេញ​ទីមួយ​របស់​ប្រទេស​កម្ពុជា។ សព្វថ្ងៃនេះ ឧស្សាហ​កម្មនេះ​ប្រើប្រាស់​កម្លាំង​កម្ម​ករក​ម្ពុ​ជា​ដែល​ខំប្រឹងប្រែង​ក្នុង​ការងារ​ចំនួន​ប្រហែល70ម៉ឺន​នាក់។ ប្រទេស​អាមេរិក​បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការកសាង​ឧស្សាហកម្ម​កាត់ដេរ​ក្នុង​គ្រប់​ជំហាន​ទាំងអស់។ កិច្ចព្រមព្រៀង​ឆ្នាំ 1996 របស់​យើង​បានធ្វើឱ្យ​មានការ​ចាប់ផ្តើម​ឡើង​នៃ​ឧស្សាហ​កម្មនេះ។

    ស្ថានទូត​អាមេរិក​បញ្ជាក់ថា អស់​រយៈពេល 20 ឆ្នាំ​មកហើយ​ដែល​អាមេរិក​បាន​គាំទ្រ​ជា​ថវិកា​ដល់​កម្មវិធី​រោងចក្រ​ល្អ (Better Factories Program) ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​អ្នកទិញ​នៅ​ប្រទេស​អាមេរិក និង​នៅ​អឺរ៉ុប​មាន​ទំនុកចិត្ត​នៅក្នុង​ការទិញ​ទំនិញ​ទាំងនោះ​ពី​កម្ពុជា។ នៅក្នុងពេលថ្មីៗនេះ​ទៀតសោត យើង​បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការបង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​ដោះស្រាយ​ជម្លោះ​រវាង​កម្មករ និង​ថៅកែ​ដោយ​សន្តិភាព។

    ឧស្សាហកម្ម​កាត់ដេរ​ក​ម្រិ​ត​ពិភពលោក​របស់​ប្រទេស​កម្ពុជា​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា​នូវ​មូលដ្ឋាន​រឹងមាំ​មួយ​សម្រាប់​ពង្រីក​ដល់ក​ម្មន្ត​សាល​ដែល​ប្រើ​បច្ចេកទេស​ខ្ពស់៕