Author: វល័ក្ខ

  • មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​ប្រាថ្នា​ផ្គត់ផ្គង់​បន្លែ​គ្មាន​ជាតិគីមី​ទូទាំងប្រទេស

    មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​ប្រាថ្នា​ផ្គត់ផ្គង់​បន្លែ​គ្មាន​ជាតិគីមី​ទូទាំងប្រទេស

    ភ្នំពេញៈ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​បានបង្ហាញ​ពី​មហិច្ឆតា​ចង់​ប្រែក្លាយ​ខេត្តកណ្តាល​ជា​ខេត្ត​ផលិត​បន្លែ​សរីរាង្គ ឬ​បន្លែ​គ្មាន​ជាតិគីមី​សម្រាប់​ចែកចាយ​ទូទាំងប្រទេស ដោយសារ​ខេត្ត​នេះ​មាន​សក្តានុពល​ខាង​ការដាំ​បន្លែ។

    លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី15 កញ្ញា​នេះ​ថា មន្ទីរ​កំពុង​រៀបចំ​កា​រងារ​នេះ​ដោយបាន​ជួបប្រជុំ​ជាមួយ​ស្ថានទូត​ជប៉ុន​ចំនួន2ដង​រួចមកហើយ និង​ត្រូវ​ជួបពិភាក្សា​ជាមួយ​សភាពាណិជ្ជកម្ម​ដើម្បី​សុំ​ការគាំទ្រ​លើ​គម្រោង​នេះ ប៉ុន្តែ​ភាគី​ជប៉ុន​បាន​គាំទ្រ​គម្រោង​នេះ​រួចហើយ។ លោក​បន្តថា មហិច្ឆតា​របស់លោក​ច​ង់​ប្រែក្លាយ​ខេត្តកណ្តាល​ឱ្យទៅជា​ខេត្ត​ដែលមាន​សក្តានុពល​ខាង​ការផលិត​បន្លែ ជា​គោលដៅ​នៃ​ការផលិត​បន្លែ​សរីរាង្គ​ដ៏​ធំ​មួយ ដែល​អាច​ផ្គត់ផ្គង់​ទូទាំងប្រទេស និង​បម្រើ​ឲ្យ​ការនាំចេញ​នាពេល​អនាគត។

    លោក​បន្តថា “ខ្ញុំ​ចង់​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​ក្លាយជា​មន្ទីរ​គំរូ​មួយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ចង់ឱ្យ​ក្លាយជា​កន្លែង​ផលិត​បន្លែ​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ចូល​ទីផ្សារ ព្រោះ​បន្លែ​ចរាចរ​លើ​ទីផ្សារ​បច្ចុប្បន្ន មិនមាន​សុវត្ថិភាព​នោះទេ។

    គម្រោង​ខាងលើនេះ បានទទួល​ការគាំទ្រ​ពី​ស្ថានទូត​ជប៉ុន ក្រុមហ៊ុន Hayashida Japan Agriculture Co., Ltd រដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ។

    ទោះជា​យ៉ាងណា​លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា មិនបាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ដើមទុន​ដែល​ត្រូវ​វិនិយោគ​ក្នុង​គម្រោង​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់ថា ភាគី​ជប៉ុន​បាន​គាំទ្រ​គម្រោង​នេះ​រួចហើយ រង់ចាំតែ​ការងារ​បច្ចេកទេស ការរៀបចំ​និតិ​វិធី និង​ពេលវេលា​ចាប់ផ្តើម​អនុវត្ត​ប៉ុណ្ណោះ។

    លោក​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា រដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​គាំទ្រ​គម្រោង​នេះ ជា​គម្រោង​ដែល​នឹង​អនុវត្ត​ជា​ជំហាន​ដំបូង​ដោយ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល ដែល​ជប៉ុន​មាន​បច្ចេកទេស​ក្នុងការ​ត្រួតពិនិត្យ​បន្លែ​ដើម្បី​រកសារ​ធាតុគីមី​ដែលមាន​ផលប៉ះពាល់​ដល់​សុខភាពជាមុនៗបន្លែ​ទាំងនោះ​ត្រូវដាក់​ចូល​ឲ្យ​ចរាចរ​លើ​ទីផ្សារ។ លោក​ឧកញ៉ា​បន្តថា កិច្ចការ​នេះ​ប្រសិនជា​ទទួលបាន​ជោគជ័យ​យើង​នឹង​ពង្រីក​ការនាំ​ចេញទៅ​ក្រៅប្រទេស​បន្ថែមទៀត និង​នៅពេល​ប្រព័ន្ធ​ត្រួតពិនិត្យ​នេះ​ដំណើរការ និង​កម្ពុជា​មានលទ្ធភាព​ក្នុងការ​នាំចេញ​មិន​ខាន។

    លោក​ឧកញ៉ា​បន្តថា តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន​គឺ ភាគី​ជប៉ុន​បាន​ផ្តល់ទុន20លាន​ដុល្លារ​រួចហើយ ដើម្បី​អនុវត្ត​គម្រោង​នេះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ការវិវឌ្ឍ​នៃ​គម្រោង​នេះ​ជាក់លាក់ ឬ​យ៉ាងណា​លោក​មិនមាន​ព័ត៌មាន​លម្អិត​នោះទេ៕

  • ម្ចាស់ផ្ទះ Arsenal វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ​មកពី​អាល្លឺម៉ង់ 3-1

    ម្ចាស់ផ្ទះ Arsenal វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ​មកពី​អាល្លឺម៉ង់ 3-1

    ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន3គ្រាប់​ក្នុង​តង់​ទី2 បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ Arsenal វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ​មកពី​អាល្លឺម៉ង់ Cologne ក្នុង​លទ្ធផល 3-1។

    ការប្រកួត​បើកឆាក​ក្នុង​ពូ​ល H នៃ​ពានរង្វាន់​លំដាប់​ទី2 របស់​អឺរ៉ុប Europa League ដែល​រៀបចំឡើង​ក្នុង​កីឡដ្ឋាន Emirates Stadium ត្រូវបាន​ពន្យារពេល1ម៉ោង បន្ទាប់ពី​កើតមាន​បញ្ហា​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម Cologne ខណៈ​ប៉ូលីស​បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន4នាក់​ត្រូវបាន​ចាប់ខ្លួន។

    គ្រាប់​បាល់​ទី1 ក្នុងការ​ប្រកួត​នោះបាន​កើតឡើង​ពី​ការ​ទាត់​ពី​ចម្ងាយ36.5ម៉ែត្រ​ពី​សំណាក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡំ​ប៊ី Jhon Cordoba ក្នុង​នាទី​ទី9 រំលង​លើ​ក្បាល​អ្នកចាំទី David Ospina របស់ Arsenal។

    ទោះបីជា​យ៉ាងណា ក្រុម​ម្ចាស់ផ្ទះ Arsenal បាន​ខិតខំ​ព​ង្រឹ​ក​ការលេង​របស់ខ្លួន​យ៉ាងខ្លាំង រហូត​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ បន្ទាប់ពី​ចូល​លេង​តង់​ទី2 បាន4នាទី​ពី​សំណាក់​កីឡាករ​បម្រុង Sead Kolasinac។ ខ្សែប្រយុទ្ធ​អន្តរជាតិ​ឈី​លី Alexis Sanchez រកបាន1គ្រាប់​បន្ថែម​ក្នុង​នាទី​ទី69 មុនពេល​ខ្សែការពារ Hector Bellerin បន្ថែម​គ្រាប់​ទី3 ក្នុង​នាទី​ទី82 ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល 3-1។

    Hector Bellerin បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា៖”យើង​បានធ្វើការ​វាយបក​ដើម្បី​ទទួល​ជ័យជម្នះ​ដ៏​អស្ចារ្យ។ ក្រុម​យើង​នឹង​ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង​តោ​ខៀវ Chelsea ក្នុង​ក្របខណ្ឌ English Premier League នា​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ។

    ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​បារាំង លោក Arsene Wenger នេះ​នឹងត្រូវ​ប្រកួត​បន្ទាប់​ក្នុង​ក្របខណ្ឌ Europa League ដោយ​ជួប​ជាមួយ​ក្រុម​ពី​ប្រទេស​បេឡា​រូស BATE។

    ក្នុងការ​ប្រកួត​ក្របខណ្ឌ Europa League កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផងដែរ ម្ចាស់ផ្ទះ​អ៊ីតាលី Atalanta ដែល​ទើប​មានឱកាស​ត្រឡប់​ក្នុង​លេង​ក្នុង​ពានរង្វាន់​អឺរ៉ុប​ឡើងវិញ​បន្ទាប់ពី​អាក់ខាន​រយៈពេល26ឆ្នាំ នោះ បានធ្វើ​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ តាមរយៈ​ការយក​ឈ្នះ​ក្រុម​ជើង​ខ្លាំង​របស់​អង់គ្លេស Everton ក្នុង​លទ្ធផល 3-0៕

    លទ្ធផល​គូផ្សេងៗទៀត​ក្នុង​ការប្រកួត​ក្របខណ្ឌ Europa League

    Slavia Prague (CZE) 1 Maccabi Tel Aviv (ISR) 0
    Villarreal (ESP) 3 Astana (KAZ) 1
    Young Boys (SUI) 1 Partizan Belgrade (SRB) 1
    Dynamo Kiev (UKR) 3 Skenderbeu (ALB) 1
    Istanbul Basaksehir (TUR) 0 Ludogorets (BUL) 0
    Hoffenheim (GER) 1 Braga (POR) 2

    Rijeka (CRO) 1 AEK Athens (GRE) 2
    Austria Vienna (AUT) 1 AC Milan (ITA) 5
    Apollon Limassol (CYP) 1 Lyon (FRA) 1
    Copenhagen (DEN) 0 Lokomotiv Moscow (RUS) 0
    Zlin (CZE) 0 Sheriff Tiraspol (MDA) 0

    FCSB (ROU) 3 Viktoria Plzen (CZE) 0
    Hapoel Beer Sheva (ISR) 2 Lugano (SUI) 1
    Red Star Belgrade (SRB) 1 BATE Borisov (BLR) 1
    Vitoria Guimaraes (POR) 1 Salzburg (AUT) 1
    Marseille (FRA) 1 Konyaspor (TUR) 0

    Hertha Berlin (GER) 0 Athletic Bilbao (ESP) 0
    Zorya (UKR) 0 Ostersund (SWE) 2
    Vitesse Arnhem (NED) 2 Lazio (ITA) 3
    Zulte Waregem (BEL) 1 Nice (FRA) 5
    Real Sociedad (ESP) 4 Rosenborg (NOR) 0
    Vardar (MKD) 0 Zenit (RUS) 5

  • វិស័យ​ឯកជន​គួរ​សហការ​ជាមួយ​រដ្ឋ​ដើម្បី​អនុវត្ត​ចង្វាក់​ផលិតកម្ម​ខ្លួន​ឱ្យមាន​ស្ថេរភាព

    វិស័យ​ឯកជន​គួរ​សហការ​ជាមួយ​រដ្ឋ​ដើម្បី​អនុវត្ត​ចង្វាក់​ផលិតកម្ម​ខ្លួន​ឱ្យមាន​ស្ថេរភាព

    ភ្នំពេញ៖ លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ជាមួយ​តំណាង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត រួមមាន​តំណាង​ស្ថានទូត​អាល្លឺម៉ង់ ADB និង UNIDO បាន​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​សហការគ្នារ​វាង​រដ្ឋ និង​វិស័យ​ឯកជន​ដើម្បី​អនុវត្ត​គម្រោង​អាទិភាព​នានា​ទាក់ទង​វិស័យ ឧស្សាហកម្ម និង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) នៅ​កម្ពុជា។

    នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពី​ម្សិលមិញ​នេះ លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​បានលើកឡើង​ពី​សារៈសំខាន់​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDG) របស់​អង្គការសហប្រជាជាតិ​ដល់​ឆ្នាំ 2030 ដែល​ប្រទេស​ជា​សមាជិក​ទាំងអស់​ត្រូវ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ឱ្យបាន​សម្រេច​តាម​គោលដៅ​ដែល​បានកំណត់។ លោកស្រី​បញ្ជាក់ថា «គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម (IDP)ដែលជា​ត្រីវិស័យ​ដ៏​សំខាន់​ក្នុងការ​តម្រង់ទិស​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព»

    ពាក់ព័ន្ធ​ករណីនេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក​ដៃគូ​អភិវឌ្ឍន៍​មាន​សារៈសំខាន់​សម្រាប់​រួមចំណែក​ការអភិវឌ្ឍ​នៅ​កម្ពុជា។ ជាពិសេស នៅពេលថ្មីៗនេះ​កម្ពុជា​ត្រូវបាន​អង្គការ UNIDO ជ្រើសរើស​ជា​ប្រទេស​ចូលក្នុង​សមាជិក​អនុវត្ត​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស(PCP) ដែល​កម្មវិធី​នេះ​ឆ្លើយតប​ជា​វិជ្ជមាន​ទៅលើ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ពី​ឆ្នាំ 2015-2025 ។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​មាន​ក្រុមការងារ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​តាម​វិស័យនីមួយៗដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ជាមួយ​វិស័យ​ឯកជន។ ក៏ប៉ុន្តែ​ក្រុមការងារ​មិនមាន​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ទេ ចំណុច​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានផ្តល់​សារៈសំខាន់​ទៅលើ​ការចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍​ដូច្នេះ​ថា «ការប្រមូលផ្តុំ​ឧស្សាហកម្ម ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​នៅរ​ប៉ាត់ រប៉ាយ​ឱ្យចូល​ក្រោម​ច្បាប់ តាមរយៈ​សមាគម សម្ព័ន្ធ ឬ​សហព័ន្ធ ជាការ​ចាំបាច់​ដើម្បី​ពង្រឹង​វិស័យនេះ ដែល​បាន​ដើរតួ​សំខាន់​ក្នុង​សរសៃឈាម​សេដ្ឋកិច្ចជាតិ»

    ជា​ចុងក្រោយ ដៃគូ​សន្ទនា​បាន​ឯកភាព​បង្កើត​នូវ​ចំណុច​ទំនាក់ទំនង (FocusPoint) រវាង​ក្រសួង​និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ឯកសារ​គ្នា​ទៅវិញទៅមក​ក្នុង​គោលដៅ​ជំរុញ​ប្រសិទ្ធភាព និង​ជោគជ័យ​លើ​ការងារ​អនុវត្ត​គម្រោង៕

  • វិធី​បណ្តុះ​ទម្លាប់​ហាត់ប្រាណ​ដល់​កូន

    វិធី​បណ្តុះ​ទម្លាប់​ហាត់ប្រាណ​ដល់​កូន

    ក្នុង​យុគសម័យ​ដែលអ្នកណាៗក៏​ភ្ញាក់រឭក​រឿង​ការហាត់​ប្រាណ​ដែរនោះ ឪពុកម្តាយ​ក៏ត្រូវ​ការឱ្យ​កូន​លេង​កីឡា​ដែរ តែ​ពេលខ្លះ​វា​ជា​រឿង​ពិបាក​ខ្លាំងណាស់​ក្នុង​ការជំរុញឱ្យក្មេងៗងាក​ខ្សែ​ភ្នែក​ចេញពី​អេក្រង់​ទូរទស្សន៍ ឬ​ហ្គេម ហើយ​បែរ​ទៅ​មើល​អ្វី​ផ្សេង​នោះ ដូច្នេះ​ទោះជា​ឪពុកម្តាយ​ដឹង​ច្បាស់​ពី​គុណប្រយោជន៍​របស់​កីឡា​ក៏ដោយ តែ​ក៏​មិនអាច​ធ្វើបាន​ដូច​ចិត្ត​ដែរ ដោយសារតែកូនៗរឹងទទឹង​ចំពោះ​បំណងល្អ​របស់​ឪពុកម្តាយ។

    ឧទាហរណ៍​ដែល​យើង​មើលឃើញ​ច្បាស់​ញឹកញាប់​នោះ​គឺ ក្មេង​ស្រែកយំ​មិន​ព្រម​រៀន​ហែល​ទឹក  ឬ​ឈ្លោះ​ជាមួយ​ប៉ា​ម៉ាក់​ពេល​ត្រូវ​បង្ខំ​ឱ្យ​ហាត់ប្រាណ​ជាដើម។ បើ​អ្នកមាន​បញ្ហា​ដូចដែល​បាន​រៀបរាប់​ក្នុង​សេចក្តី​ផ្តើម​ខាងលើ​នោះ សូម​សាកល្បង​ធ្វើតាម​ពាក្យ​ណែនាំ​ដូចតទៅ ៖

    1/ ធ្វើខ្លួន​ជា​គំរូ​ដ៏​ល្អ៖ ក្មេង​នឹង​ប្រតិបត្តិ​តាម​គំរូ​ឪពុកម្តាយ​ច្រើនជាង​ពាក្យ​ជំរុញ​បង្ខំ ឬ​អង្វរ ដូច្នេះ​បើ​ចង់ឱ្យ​កូន​ហាត់ប្រាណ​អ្នក​គួរ​ធ្វើជាអ្នកប្រតិបត្តិ​ឱ្យ​កូន​បានឃើញ​ជាមុនសិន។

    2/ ហាត់ប្រាណ​បែបសប្បាយ៖ ការហាត់​ប្រាណ​គួរតែ​ជា​រឿង​សប្បាយរីករាយ មិនថាតែ​ការហាត់​ប្រាណ​លើកដៃ​លើកជើង​ធម្មតា ហាត់​ហែល​ទឹក ឬ​រត់​ក៏ដោយ កុំឱ្យ​មានការ​បង្ខំចិត្ត ឬ​ធ្វើឱ្យ​ក្លាយជា​រឿង​ដែល​គួរឱ្យ​ធុញទ្រាន់​ឱ្យសោះ។

    3/ ផ្តល់រ​ង្វាន់៖ ប្រើការ​ជំរុញ​ដោយ​រង្វាន់​ដ៏​សមរម្យ​ដែល​ពាក់​ព៏​ន្ធ​នឹង​កិច្ចការងារ​កីឡា ដូចជា ទិញ​ខោ​កីឡា​ថ្មី​ឱ្យ​សម្រាប់​រត់ ឬ​អាវ​បាល់ទាត់​ពិភពលោក​ឱ្យ​ជា​រង្វាន់​នៅពេល​កូន​ធ្វើបាន​តាម​គោលដៅ។

    4/ ត្រូវ​ចេះ​អត់ធ្មត់៖ កុំទៅ​តូចចិត្តតូចថ្លើម​អី បើ​កូន​មិន​ចាប់អារម្មណ៍ ឬ​សម្តែង​អាការ​ធុញទ្រាន់​ចំពោះ “របស់​ល្អ”  ដែល​យើង​ព្យាយាម​ប្រគល់ឱ្យ ព្រោះ​យ៉ាងណា​ក្មេង​នៅតែ​ជា​ក្មេង​ហ្នឹងឯង ទើប​ជា​រឿង​ដែល​យើង​ត្រូវ​ប្រើ​ក្តី​អត់ធន់​ក្នុងការ​បណ្តុះ​និស្ស័យ​ស្រឡាញ់​ការហាត់​ប្រាណ​ដល់​គេ។

    5/ ហាត់ប្រាណ​រួមគ្នា៖ ហាត់ប្រាណ​រួមគ្នា​ទាំង​គ្រួសារ ដែលមាន​ផល​ល្អ​ក្នុង​ការជួយ​រឹតចំណង​សម្ពន្ធភាព​ក្នុង​ក្រុមគ្រួសារ និង​ជួយ​កាត់បន្ថយ​ចន្លោះរ​វាងវ័យ​បាន​ទៀតផង។

    6/ ហាត់ប្រាណ​មិនមែន​ការយក​ចាញ់ឈ្នះ​គ្នា៖ កុំទៅ​សង្កត់ធ្ងន់​លើ​រឿង​ការប្រកួត​យក​ចាញ់ឈ្នះ  ព្រោះ​ក្មេងម្នាក់ៗមាន​សមត្ថភាព​ខាង​កីឡា ខុសប្លែក​ពីគ្នា  តែ​គ្រប់គ្នា​គួរ​បានទទួល​ការ​បំផុស​ឱ្យ​ហាត់ប្រាណ ទោះជា​រត់​មក​ដល់ទី​មុនគេ ឬ​ទី​ម្ភៃ​ក៏ដោយ។

    7/ រៀបចំ​ផែនការ​រយៈពេល​វែង៖ មិនមែន​លោកអ្នក​ត្រូវការ​ត្រឹមតែ​ចង់​អួត​អ្នកដទៃ​ថា មានកូន​ប្រុស​អាយុ10ឆ្នាំ​ជា​អ្នកកីឡា​រត់ប្រណាំង​នោះទេ តែ​គួរ​រៀប​ផែនការ​ឱ្យគេ​ចាប់អារម្មណ៍​ចេះ​ថែរក្សា​សុខភាព និង​ភាព​រឹងប៉ឹង​របស់​រាង​កាយ​អស់​មួយជីវិត។

    8/ កុំ​ប្រៀបធៀប​កូន​ជាមួយ​ក្មេង​ដទៃ៖ ឈប់​ប្រៀបធៀប​កូន​របស់​អ្នក​ជាមួយ​ក្មេង​ដទៃទៀត ព្រោះ​វា​មានតែ​ធ្វើ​ឱ្យគេ​អន់ចិត្ត​លែង​ចង់​ធ្វើ​អ្វី​ទាំងអស់។

    ឡា​រ៉ែ​ន ជឿថា ពាក្យ​ណែនាំ​ទាំង 8ចំណុច​ខាងលើនេះ​ប្រហែលជា​អាចជួយ​ឪពុកម្តាយ ឬ​អាណាព្យាបាល​ក្នុងការ​បណ្តុះ​ទម្លាប់​និស្ស័យ​ដល់​កូនក្មួយ​បាន​ខ្លះ​មិន​ខាន៕

  • នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ រំពឹង​ទទួលបាន​វិនិយោគិន​កម្ពុជា ធ្វើជា​ដៃគូ​តាមរយៈ​ពិព័រណ៍​ទំនិញ STYLE

    នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ រំពឹង​ទទួលបាន​វិនិយោគិន​កម្ពុជា ធ្វើជា​ដៃគូ​តាមរយៈ​ពិព័រណ៍​ទំនិញ STYLE

    ពិព័រណ៍​ទំនិញ STYLE គឺជា​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត នឹងត្រូវ​រៀបចំឡើង​ដោយ​នាយដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​ថៃ ក្រោម​ការសហការ​ចូល​រួម​យ៉ាង​ផុលផុស​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​ជាតិ-អន្តរជាតិ​មកពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​សរុប​ប្រមាណ1000ក្រុមហ៊ុន ស្មើនឹង​ប្រមាណ​ជាង 2000 ស្ដង់ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 17 រហូត​ថ្ងៃទី 21 ខែតុលា ឆ្នាំ2017 ខាងមុខនេះ នៅក្នុង​មជ្ឈមណ្ឌល​រៀបចំ​កម្មវិធី និង​ប្រជុំ បៃ​ថេ​គ បាង​ណា នាទី​ក្រុង​បាងកក ប្រទេស​ថៃ ក្នុង​គោលបំណង​បង្កើន​ឱកាស​ងាយស្រួល​ដល់​វិនិយោគិន​នានា ដើម្បី​ចាប់ដៃ​សហការ​ធ្វើ​អាជីវកម្ម​រួមគ្នា។

    លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ថា​ដោយ​ផ្អែកទៅលើ​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ការរីកចម្រើន​ខ្លាំង គួបផ្សំ​នឹង​ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​រៀងរាល់ឆ្នាំ បានធ្វើឱ្យ​ពាណិជ្ជករ​ថៃ​ក៏ដូចជា​ក្រុមហ៊ុនធំៗជាច្រើន​មានការ​ចាប់អារម្មណ៍​លើ​ទីផ្សារ​កម្ពុជា​យ៉ាងខ្លាំង។ លោក​បន្ដថា បច្ចុប្បន្ននេះ ក្រៅពី​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ផ្នែក​សំណង់ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ម្ហូបអាហារ ក៏ដូចជា​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃផ្សេងៗជាច្រើន​ទៀត​នោះ ក៏​នៅមាន​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្នែក​កម្សាន្ត​ផងដែរ។ ប៉ុន្តែ​សម្រាប់​មហា​ព្រឹត្តិការណ៍​ដែល​កំពុងតែ​រៀបចំ និង​ប្រកាស​បើក​ជា​ផ្លូវការ​នាពេលខាងមុខ ដែលមាន​ឈ្មោះថា «ពិព័រណ៍​ទំនិញ STYLE ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល 5ថ្ងៃ ចាប់ពី​ថ្ងៃទី17-21 ខែតុលា ឆ្នាំ2017 ខាងមុខនេះ វា​គឺជា​កម្ម​វី​ធី​ដ៏​ធំ​សម្បើម​មួយ​ប្រចាំឆ្នាំ ក្រោម​ការបញ្ចូល​គ្នា​នៃ​ពិព័រណ៍ធំៗចំនួន3របស់​ប្រទេស​ថៃ ជាមួយនឹង​កិច្ចសហការ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​សមាគម​ពាក់ព័ន្ធ​ចំនួន 24 ផ្សេងទៀត ដែល​កាន់តែ​ជួយ​បង្ក​ភាពងាយស្រួល ក៏ដូចជា​បង្កើន​ឱកាស​ទំនាក់ទំនង​រវាង​អ្នកវិនិយោគ​កម្ពុជា-ថៃ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ជាទី​ផុត ។

    ជាមួយនឹង​ការរៀបចំ​មហា​ព្រឹត្តិការណ៍ «ពិ​ព៍រណ៍​ទំនិញ STYLE» នេះ គណៈ​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​ក៏​រំពឹង​ផងដែរ​ថា ក្រៅពី​ជា​វិធី​បង្ក​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ​នោះ កម្មវិធី​មួយ​នេះ​ក៏​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ6ម៉ឺន​នាក់ មកពី​បណ្តា​ប្រទេសផ្សេងៗ ជាពិសេស សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ។ សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ចូលរួម អាច​ទំនាក់ទំនង​បាន​តាមរយៈ https://traderegistration.ditp.go.th/accounts/login/ls

    គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា-ថៃ រយៈពេល 7 ខែ ដើមឆ្នាំ2017 នេះ មាន​ចំនួន 3.400 លាន​ដុល្លារ​សហរដ្ឋអាមេរិក កើនឡើង​ប្រមាណ 9,3 % បើ​ប្រៀ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ 2016  ៕

  • ទីក្រុង​ប៉ារីស និង​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស ឈ្នះ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ Olympic Games

    ទីក្រុង​ប៉ារីស និង​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស ឈ្នះ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ Olympic Games

    រដ្ឋធានី​ប៉ារីស របស់​ប្រទេស​បារាំង និង​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស របស់​សហរដ្ឋអាមេរិក ត្រូវបាន​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ (IOC) ផ្តល់​សិទ្ធិ​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ នា​ឆ្នាំ2024 និង​ឆ្នាំ2028 ខាងមុខ។

    ទីក្រុង​ធំ​ទាំង2នេះ សុទ្ធតែ​ប្រជែង​គ្នា​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ2024 ដូចគ្នា ប៉ុន្តែ​ក្រោយមក​ថ្នាក់ដឹកនាំ​របស់​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស បាន​យល់ព្រម​រង់ 4ឆ្នាំ​បន្ទាប់។

    ទីក្រុង​ប៉ារីស ដែល​ធ្លាប់បាន​បរាជ័យ​ក្នុងការ​ដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​នេះ​កាលពី​ឆ្នាំ2008 និង​ឆ្នាំ2012 នោះ​ត្រូវ​រង់ចាំ​រហូតដល់​រយៈ​ពេល100ឆ្នាំ​ទើប​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ម្តងទៀត ខណៈ​ខ្លួន​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​ម្តង​កាលពី​ឆ្នាំ1924។

    ចំណែក​ទីក្រុង​អែន​ជឺ​ឡេស ធ្លាប់​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ចំនួន2ដង​រួចមកហើយ គឺ​ក្នុង​ឆ្នាំ1932 និង​ឆ្នាំ1984។ កីឡា​អូឡាំពិក បានរៀបចំ​នៅក្នុង​សហរដ្ឋអាមេរិក លើកចុងក្រោយ​ក្នុង​ឆ្នាំ1996 នាទី​ក្រុង​Atlanta។

    គួរ​បញ្ជាក់ថា ទីក្រុង​ប៉ារីស និង​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស គឺជា​បេក្ខភាព2ពីរ​ចុងក្រោយ​សម្រាប់​ការដណ្តើម​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ2024 បន្ទាប់ពី​ទីក្រុង Hamburg របស់​អាល្លឺម៉ង់ ទីក្រុង​រ៉ូម របស់​អ៊ីតាលី និង​ទីក្រុង Budapest របស់​ហុង​គ្រី ធ្លាក់​ចេញពី​វគ្គ​ជម្រុះ។

    លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​និយាយថា ការបោះឆ្នោត​សម្រាប់​ទីក្រុង​ទាំងពីរ​គឺ “ឯកច្ឆន្ទ”៕

  • កម្ពុជា​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ពី​ថៃ​ដើម្បី​រៀបចំ​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី

    កម្ពុជា​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ពី​ថៃ​ដើម្បី​រៀបចំ​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សាធារណការ​បានទទួល​ឥណទាន​ហិរញ្ញប្បទាន26ទៅ28លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ថៃ​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​គោលដៅ​ឈានទៅ​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​មួយទៀត។

    អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ា ស៊ឹម​សូរិយា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី14 កញ្ញា​នេះ​ថា ប្រសិនជា​អាច​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​បាន ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ព្រំដែន​អន្តរជាតិ​ច្រក​ស្ទឹង​បត់​របស់​ខាង​កម្ពុជា និង​ច្រក​ណង​អៀន​របស់​ប្រទេស​ថៃ​នឹង​អាច​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំនេះ និង​គ្រោង​ចំណាយពេល​សាងសង់​រយៈពេល2ឆ្នាំ។លោក​បន្តថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​រួមមាន​ការសាងសង់​ផ្លូវ​ប្រវែង​ប្រមាណ3គីឡូម៉ែត្រ ចេញពី​ច្រក​ថ្មី​នេះ​ភ្ជាប់​មកកាន់​ផ្លូវជាតិ​លេខ៥ សាងសង់​អគារ​ទទួល​អ្នកដំណើរ អគារ​ត្រួតពិនិត្យ​របស់​មន្ត្រី​គយ អគារ​ព្រំដែន និង​អគារ​ស្នាក់នៅ​របស់​មន្ត្រី​ជាដើម។

    លោក​បន្តថា ច្រកព្រំដែន​ថ្មី​នេះ​មាន​ចម្ងាយ​ប្រមាណ9គីឡូម៉ែត្រ​ពី​ច្រកព្រំដែន​កម្ពុជា-ថៃ​ប៉ោយប៉ែត​នាពេល​សព្វថ្ងៃនេះ ហើយ​ការសម្រេច​បើក​ច្រក​នេះ​ភាគី​កម្ពុជា-ថៃ​បាន​ឯកភាពគ្នា​ជា​យូរ​មកហើយ​ដើម្បី​ជួយ​សម្រួល​លំហូរ​ទំនិញ ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​អ្នកដំណើរ​មិន​ឲ្យ​មានការ​កកស្ទះ ដូច​ច្រកព្រំដែន​ប៉ោយប៉ែត​សព្វថ្ងៃនេះ។

    លោក វ៉ា ស៊ីម​សូរិយា បាន​បន្តថា បន្ទាប់ពី​ច្រក​នេះ​សាងសង់​រួច​ការសម្រួល​ចរាចរណ៍ និង​អ្នកដំណើរ​មាន​កន្លែង​សម្រាក​ងាយស្រួល និង​ជួយ​សម្រួល​ការងារ​ជាច្រើន​ទៀត ហើយ​ប្រទេស​ទាំងពីរ​អាច​ត្រួតពិនិត្យ​ទំនិញ និង​សេវាកម្ម​នានា​តែម្ដង មិនចាំបាច់​ត្រួតពិនិត្យ​ពីរលើក។

    ការបើក​ច្រកព្រំដែន​ថ្មី​នេះ និង​ច្រកព្រំដែន​ចំនួន4ទៀត​ដែល​គ្រោង​បើក​នាពេលខាងមុខ ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​រួមគ្នា របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន15ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2020ខាងមុខនេះ។

    ប្រទេស​ថៃ​បាន​សន្យា​ជួយ​ទិញ​កសិផល​កម្ពុជា​កាន់តែ​ច្រើន ខណៈ​ជ​ញ្ចី​ង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​អតុល្យភាព​គ្នា​ខ្លាំង​នៅឡើយ ព្រោះ​បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា ថៃ​នាំចូល​ទំនិញ​មក​កម្ពុជា5 តែ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​មានតែ1ប៉ុណ្ណោះ៕

  • ធីធី វ៉ាន់​នី​វ៉ា រំពឹងលើឈុតសិចស៊ីរោលរាលលើគ្រែ

    ធីធី វ៉ាន់​នី​វ៉ា រំពឹងលើឈុតសិចស៊ីរោលរាលលើគ្រែ

    មហាជន​ប្រាកដជា​បាន​ស្គាល់​កញ្ញា​ធីញា​​​ធវ៉ាន់​នី​វ៉ា រួចមកហើយ​នៅក្នុង​ខ្សែភាពយន្ត​រឿង «មន្ដ​ស្នេហ៍​លេខា» តាមរយៈ​ការចាក់ផ្សាយ​របស់​ស្ថានីយទូរទស្សន៍ ​PNN ។ ខណៈ​រឿងនេះ​ត្រូវបាន​យកមក​ដាក់​បញ្ចាំង​នៅក្នុង​រោងភាពយន្ដ។ តារា​សម្ដែង​សិច​ស៊ី​ម្នាក់នេះ​បញ្ជាក់ថា នាង​កំពុងមាន​ក្ដី​រំពឹង​បន្ថែមទៀត គ្រាដែលរឿងនេះត្រូវបានដាក់បញ្ចូលឈុតស្នេហារោលរាលកាន់តែច្រើន។

    បើទោះជា​កញ្ញា​ធី វ៉ាន់​នី​វ៉ា ជា​តារា​សិល្បៈ​មាន​បទពិសោធ​តិចតួច​ក្នុងការ​សម្ដែង​ក៏ពិតមែន  ប៉ុន្ដែ​ទេពកោសល្យ​របស់​នាង​បានធ្វើឱ្យ​អ្នកដឹកនាំ​រឿង​ទទួលយក​នាង​ទៅ​សម្ដែង​ពីមួយ​រឿង​ទៅមួយ​រឿង រហូត​មានការ​លើកឡើងថា នាង​កំពុងតែ​ឈោង​ទៅ​ចាប់​តំណែង​ជាតា​រា​សិច​ស៊ីក្នុង​ពិភព​សិល្បៈ​ហើយ។

    ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការចាក់​បញ្ចាំង​រឿង «មន្ដ​ស្នេហ៍​លេខា» កញ្ញា​ធី វ៉ាន់​នី​វ៉ា បង្ហើប​ប្រាប់ថា កាលពី​រឿងនេះ​ចាក់​បញ្ចាំង​នៅលើ​ស្ថានីយទូរទស្សន៍​ PNN មាន​ឈុត​សិច​ស៊ី​តិចតួច​ប៉ុណ្ណោះ​ដែល​អ្នកដឹកនាំ​រឿង​តម្រូវឱ្យ​នាង​សម្ដែង ប៉ុន្ដែ​នៅពេល​ដាក់​បញ្ចាំង​នៅក្នុង​រោងភាពយន្ដ​ត្រូវបាន​អ្នកដឹកនាំ​រឿង​ដាក់បញ្ចូល​នូវ​ឈុត​ឆាក​សិច​ស៊ី​រោលរាល​កាន់តែច្រើន​បន្ថែមទៀត ដូច្នេះហើយ​ទើប​គេ​ហាម​មិនឱ្យ​ក្មេង​ក្រោម​អាយុ18ឆ្នាំ​ចូល​ទស្សនា។

    តារា​សម្ដែង​ជា​តួអង្គ​ឈ្មោះ​ដាវី បញ្ជាក់ថា ក្នុង​រឿង«មន្ដ​ស្នេហ៍​លេខា» នាង​បាន​លះបង់​ច្រើន ដោយសារតែ​នាង​ជា​តួអង្គ​ចូល​ចិ​ត្ដ​លេងល្បែង​ស្នេហា ដូច្នេះហើយ​នាង​ត្រូវ​សម្ដែង​ឈុត​ស្នេហា និង​ឈុត​សិច​ស៊ី​រោលរាល​លើ​គ្រែ​ច្រើន។ ទោះយ៉ាងណា​នាង​ក៏មាន​ក្ដី​រំពឹងថា រឿងនេះ​នឹង​អាចដឹកនាំ​កេរ្ដិ៍ឈ្មោះ​នាង​ឱ្យ​កាន់តែ​ល្បី​សុះសាយ​លើ​វិថី​សិល្បៈ​បន្ថែមទៀត។

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • ប្រាក់រៀល ​ត្រូវ​ចិន​ប្រកាស​ជា​ផ្លូវការ​សម្រាប់​ប្តូរប្រាក់​ទ្វេភាគី​ជាមួយ​ប្រាក់​យ័ន

    ប្រាក់រៀល ​ត្រូវ​ចិន​ប្រកាស​ជា​ផ្លូវការ​សម្រាប់​ប្តូរប្រាក់​ទ្វេភាគី​ជាមួយ​ប្រាក់​យ័ន

    ភ្នំពេញ៖ ប្រាក់រៀល​ខ្មែរ​ត្រូវបាន​ទីផ្សារ​អន្តរ​ធនាគារ​នៅ​តំបន់​ស្វយ័ត Guangxi Zhuang ប្រទេស​ចិន​ដាក់​ប្រកាស​ក្នុង​អត្រា​ប្តូរប្រាក់​ទ្វេភាគី​ជាមួយ​ប្រាក់​យ័ន​ចិន​សម្រាប់ធ្វើ​ការដោះដូរ​ដោយផ្ទាល់​រវាង​ប្រាក់រៀល​នឹង​ប្រាក់​យ៉​ន់​ចិន​នៅលើ​ទីផ្សារ​មួយ​នេះ។

    ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ដោះដូរ​រវាង​ប្រាក់រៀល និង​ប្រាក់​យ័ន​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​ឯកឧត្តម Yin Yong ទេសាភិបាលរង​ធនាគារកណ្តាល​ចិន និង​ឯកឧត្តម Peng Qinghua លេខា​គណៈកម្មាធិការ​ប​ក្ស​តំបន់​ស្វយ័ត Guangxi Zhuang ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​រូបិយវត្ថុ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​ចិន និង​អាស៊ាន​ជាច្រើនរូប​ទៀត​កាលពី​ព្រឹក​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 ម្សិលមិញ​នៅ​ទីក្រុង​ណា​នី​ង ប្រទេស​ចិន​ក្នុងឱកាស​នៃ​វេទិកា​កំពូល​ស្តីពី​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ហិរញ្ញវត្ថុ​អាស៊ាន-ចិន​លើក​ទី9។

    ការដាក់ឱ្យ​ប្រាក់រៀល និង​ប្រាក់​យ័ន​ដោះដូរ​នេះ ជា​លទ្ធផល​នៃ​ការកើនឡើង​នៃ​ទំនាក់ទំនង​ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​រវាង​កម្ពុជា និង​ចិន និង​ជំនឿ​ទុកចិត្ត​មកលើ​ប្រាក់រៀល​ក៏ដូចជា​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយក៏​ឆ្លុះបញ្ចាំង​ផងដែរ​ពី​កា​ឆ្លើយតប នឹង​សេចក្តីត្រូវការ​ប្រាក់រៀល​របស់​ពាណិជ្ជករ​ចិន​ដែល​អាច​នឹង​កើនឡើង​សម្រាប់​ការដោះដូរ​ទ្វេភាគី​នាពេល​អនាគត។

    គួររំឭកថា កន្លងមក​ប្រទេស​ចិន​ក៏បាន​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ដទៃ​ផងដែរ ដូចជា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​ជាដើម។ នាឱកាស​នោះ ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រវាង​កម្ពុជា-ចិន ដោយ​បច្ចុប្បន្ន​ប្រទេស​ចិន ជា​ប្រភព​នៃ​លំហូរ​វិនិយោគ​បរទេស​ចំណាត់ថ្នាក់​លេខ1របស់​កម្ពុជា ហើយ​ទេសចរ​ចិន​ក៏​ជាប់​លេខ​រៀង​លើ​គេ​ក្នុងចំណោម​ទេសចរ​បរ​ទេស​ដែល​មក​ទស្សនា​កម្ពុជា​ផងដែរ​ស្រប​ពេលដែល​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ជាង​ពីរដង​ក្នុង​រយៈពេល5ឆ្នាំ​ចុង​ក្រោយនេះ។

    ឯកឧត្តម​បានបញ្ជាក់​ពី​ការគាំទ្រ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចំពោះ​ការបង្កើតឱ្យមាន​អត្រា​ប្តូរប្រាក់​ទ្វេភាគី (រៀល និង​យ័ន) នេះ​ឡើង​ដោយ​រំពឹងថា តាមរយៈ​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​អត្រា​ប្តូរប្រាក់ លើកកម្ពស់​ប្រសិទ្ធភាព សុវត្ថិភាព និង​ភាព​ឆាប់រហ័ស​ក្នុងការ​ទូទាត់ ព្រមទាំង​បង្កើន​លទ្ធភាព​ឱ្យ​ធនាគារកណ្តាល​ទាំងពីរ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការគាំទ្រ​ការរីកចម្រើន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ទាំងអស់នេះ​នឹង​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ទាំងពីរ​ប​ន្ថែ​ម​ទៀត​នាពេល​អនាគត៕

  • អបអរសាទរ! រាជធានី​ភ្នំពេញ​នឹងមាន​ផ្លូវ​ក្រវាត់ក្រុង1ទៀតឆាប់ៗនេះ

    អបអរសាទរ! រាជធានី​ភ្នំពេញ​នឹងមាន​ផ្លូវ​ក្រវាត់ក្រុង1ទៀតឆាប់ៗនេះ

    ភ្នំពេញ៖ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ក៏ដូចជា​ការធ្វើដំណើរ​ទៅមក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែរនោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ត្រៀម​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​មួយ​ខ្សែ​ទៀត(ទី3) បន្ទាប់​ផ្លូវ​ក្រវាត់ក្រុង​ទី2ដែល​បាន​សាងសង់​ជិត​រួចរាល់100%ហើយ​ក្នុងពេលឆាប់ៗខាងមុខនេះ។

    កាលពី​ព្រឹក​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម រួមមាន​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ម្ចាស់​គម្រោង និង​តំណាង​ក្រុមប្រឹក្សាបច្ចេកទេស។

    គម្រោង​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ប្រមាណ​ជា 52គីឡូម៉ែត្រ ធ្វើ​ពី​បេតុង​សរសៃដែក​ដែល​ក្នុងនោះ47គីឡូម៉ែត្រ​ជា​ផ្លូវ4គន្លង2ទៅ2មក មាន​ទទឹង​ប្រវែង25ម៉ែត្រ ឯ​នៅសល់5គីឡូម៉ែត្រ​ទៀត​មាន2គន្លង​សម្រាប់​ចូលទៅ​កាន់​កំពង់ផែ។

    គម្រោង​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ5 ត្រង់ចំណុច​ទំនប់​កប់​ស្រូវ ឆ្លងកាត់​ផ្លូវជាតិ​លេខ4 ផ្លូវជាតិ​លេខ3 ផ្លូវជាតិ​លេខ2 និង​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ1 នៅត្រង់ចំណុច​កំពង់ផែ​ក្នុងស្រុក​កៀនស្វាយ​ខេត្តកណ្តាល។ ផ្លូវ​នេះ​មាន​អត្ថប្រយោជន៍​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ជាពិសេស​ជួយ​បញ្ជៀ​ស​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ទីក្រុង និង​ការតភ្ជាប់​ផងដែរ។

    យ៉ាងណាក៏ដោយ​គម្រោង​ផ្លូវ​ខាងលើ គេ​មិនទាន់​ដឹង​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ ដោយសារ​ព័ត៌មាន​ឡា​រ៉ែ​ន​បាន​ព្យាយាម​ទាក់ទង​សួរ​ទៅ​ឯកឧត្តម វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែរ ប៉ុន្តែ​ឯកឧត្តម​មានប្រសាសន៍​ថា កំពុង​ជាប់រវល់​ប្រជុំ ហើយ​ឡា​រ៉ែ​ន​បាន​សុំ​សម្ភាស​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល ប៉ុន្តែ​លោក​ក៏​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ ដោយ​លោក​អះអាងថា នេះ​ជា​គម្រោង​សិក្សា​បឋម​នៅឡើយ៕