Author: វល័ក្ខ

  • សម្តេច​តេ​ជោ៖ ប្រាក់​ឈ្នួល​កម្ពុជា​បាន​កើនឡើង​លើស​ប្រទេស​ក្នុង​តំបន់

    សម្តេច​តេ​ជោ៖ ប្រាក់​ឈ្នួល​កម្ពុជា​បាន​កើនឡើង​លើស​ប្រទេស​ក្នុង​តំបន់

    ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា ប្រាក់​ឈ្នួល​នៅ​កម្ពុជា​បាន​កើនឡើង​ខ្ពស់ជាង​បណ្តា​ប្រទេសផ្សេងៗទៀត​នៅក្នុង​តំបន់ និង​បណ្តា​ប្រទេស​មួយចំនួនទៀត។

    ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ជាង១ម៉ឺន​នាក់​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាលពី​ថ្ងៃ​ម្សិលមិញ សម្តេច​តេ​ជោ​បាន​លើកឡើងថា កម្លាំង​ពលកម្ម​របស់​កម្មករ និង​ពលរដ្ឋ​ខ្មែរ​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច ជា​រៀងរាល់ឆ្នាំ​ក្នុង​រង្វង់7ភាគរយ។ ប្រាក់​ឈ្នួល​នៅ​កម្ពុជា​បាន​កើនឡើង​ខ្ពស់ជាង​ប្រទេសផ្សេងៗទៀត​ដូចជា  បង់​ក្លា​ដែ​ស មី​យ៉ាន់​ម៉ា ឡាវ ឥណ្ឌា និង​តំបន់​ខ្លះទៀត​នៅ​ឥណ្ឌូនេស៊ី ចិន ប៉ា​គី​ស្ថាន​រួម​នឹង​ប្រទេស​មួយចំនួន​ទៀតផង។

    សម្តេច​បាន​បន្តថា “ការប្រកួតប្រជែង​ប្រាក់​ឈ្នួល​នៅ​បណ្តា​ប្រទេសផ្សេងៗនេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នកវិនិយោគ​ងាយ​នឹង​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​របស់​ពួកគេ​ណាស់។

    សំដៅ​ដល់​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រប់​រោងចក្រ​ទាំងអស់​ត្រូវ​ការពារ​សន្តិសុខក្មួយៗកម្មករ មិនត្រូវ​ឲ្យ​មាន​បញ្ហា​ច្របូកច្របល់​ដូច​ឆ្នាំ2013កើតឡើង​ម្តង​ទៀតឡើយ ព្រោះ​ដើម្បី​ធានា​ដល់​កិច្ច​អភិវឌ្ឍ​ត្រូវតែ​ធានា​ដល់​សន្តិសុខ និង​សន្តិភាព។

    ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ជាការ​ពិត ការដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​អាចធ្វើ​ឲ្យ​អ្នកវិនិយោគ​ផ្លាស់ប្តូរ​ទិសដៅ​របស់ខ្លួន​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែលមាន​ប្រាក់​ឈ្នួល​ត្រឹមតែ58ដុល្លារ​ក្នុង​មួយខែ ខណៈដែល​កម្ពុ​ជាមាន​ប្រាក់​ឈ្នួល​ដល់​ទៅ148ដុល្លារ​កាលពី​ឆ្នាំមុន។ នេះ​ជា​ចំណុច​ដែល​លោក​ព្រួយបារម្ភ​ផងដែរ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រដ្ឋាភិបាល​ក៏បាន​អនុគ្រោះ​ការយកពន្ធ​លើ​អ្នកវិនិយោគ​ថ្មី​រយៈពេល9ឆ្នាំ ដែល​នេះ​ជា​រឿង​ល្អ​មួយ។

    លោក​បន្តថា លើសពីនេះ​រដ្ឋាភិបាល​គួរ​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគចាស់ៗ ដូចជា​បន្ធូរ​បន្ថយថ្លៃ​ដឹកជញ្ជូន កាត់បន្ថយ​តម្លៃ​អគ្គិសនី ហើយ​អ្នកវិនិយោគ​ខ្លួនឯង​ក៏ត្រូវ​វិនិយោគ​លើ​បច្ចេកវិទ្យា​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការផលិត និង​បង្កើន​ផលិតភាព​ផងដែរ។

    បច្ចុប្បន្ន​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​បានក្លាយ​ជា​វិស័យ​នាំចេញ​ឈានមុខ​គេ​ដែល​គ្របដណ្តប់​ប្រមាណ80ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា និង​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង 80ម៉ឺន​នាក់៕

  • គ្រឹះស្ថាន​អង្គរ​ដាក់ចេញ​របៀប​ទិញ​សំបុត្រ​បែប​ថ្មី ដើម្បី​បញ្ចប់​ការទិតៀន

    គ្រឹះស្ថាន​អង្គរ​ដាក់ចេញ​របៀប​ទិញ​សំបុត្រ​បែប​ថ្មី ដើម្បី​បញ្ចប់​ការទិតៀន

    គ្រឹះស្ថាន​អង្គរ​បានដាក់​ចេញ​នូវ​របៀប​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តាមបែប​បច្ចេកវិទ្យា​ទំនើប ដោយមាន​ការសហការ​ជាមួយនឹង​ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​អន្តរជាតិ Visa បន្ថែម​ពីលើ​ការទិញ​បែប​ធម្មតា ដើម្បី​បញ្ចប់​ការទិតៀន ទាក់ទង​នឹង​ភាពមិនច្បាស់លាស់​ស្ដីពី​ចំណូល​ពី​ការលក់​សំបុត្រ។ 

    ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​គ្រឹះស្ថាន​អង្គរ​បានឱ្យដឹង​ក្នុង​ពិធី​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​គ្រឹះស្ថាន​អង្គរ និង​ក្រុមហ៊ុន Visa កាលពី​ពាក់កណ្ដាល​ខែកញ្ញា​នេះ​ថា ការដាក់ចេញ​នូវ​របៀប​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តាមបែប​ឌីជីថល​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុងការ​ដាក់បញ្ចូល​ឱ្យមាន​ទំនើប​នីយកម្ម ក៏ដូចជា​ស្វ័យប្រវត្តិកម្ម​នៅក្នុង​ប្រព័ន្ធ​លក់​សំបុត្រ​សម្រាប់​ចូល​ទស្សនា​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ឱ្យមាន​តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ផ្តល់ជូន​នូវ​សេវាកម្ម​កាន់តែ​ប្រសើរ​ទ្បើង​សម្រាប់​វិស័យ​ទេសចរណ៍។

    ឯកឧត្តម​បន្តថា គ្រឹះស្ថាន​អង្គរ រីករាយ​ក្នុងការ​សហការ​ជាមួយ​ដៃគូ​ទាំងអស់​ជាពិសេស Visa ដើម្បី​ផ្តល់ជូន​ភ្ញៀវទេសចរ​ទៅកាន់​ប្រាសាទអង្គរវត្ត ឱ្យមាន​ជម្រើស​ក្នុងការ​ទូទាត់​តាម​អេឡិចត្រូនិក​នៅក្នុង​ស្តង់​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ។ ឯកឧត្តម​សង្ឃឹមថា ការសហការ​មួយ​នេះ​នឹង​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​បទពិសោធ​នៃ​ការលក់​សំបុត្រ​បែប​ថ្មី ដែល​បង្កើន​ភាពងាយស្រួល ព្រមទាំង​កាត់បន្ថយ​ពេលវេលា​រង់ចាំ​សម្រាប់​ភ្ញៀវទេសចរ​រាប់លាន​អ្នក​ដែល​នឹង​មក​ទស្សនា​នៅក្នុង​ប្រទេស​យើង​ជា​រៀងរាល់ឆ្នាំ​ទៀតផង។

    ឯកឧត្តម ឈន សុភាព ថ្លែងថា៖ «នេះ វា​បញ្ជាក់​ពី​តម្លាភាព កុំ​ឱ្យមាន​អ្នកខ្លះ​ចេះតែ​ថា គ្រឹះស្ថាន​អង្គរ​អ៊ីចេះ​អ៊ីចុះ ឬ​បន្លែបន្លំ​លុយកាក់។ អ៊ីចឹង​បើ​នាំគ្នា​ចាយ​តាម Visa ទាំងអស់គ្នា ចូលក្នុង​ធនាគារ​ទាំងអស់ អាច​ឆែក​មើល​ដឹងបាន​ទាំងអស់គ្នា ចូល​ប៉ុន្មាន ចេញ​ប៉ុន្មាន គឺមាន​ទាំងអស់។ ហ្នឹងហើយ​ដែល​ឈរលើ​តម្លាភាព និង​កុំ​ឱ្យមាន​អ្នក​ស្រែក»។

    លោក Sean Preston នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ​នៃ​ក្រុមហ៊ុន Visa បានឱ្យដឹង​ដែរ​ថា លោក​រីករាយ​ក្នុងការ​សហការ​ជាមួយ​គ្រឹះស្ថាន​អង្គរ និង​ធនាគារ​អេស៊ីលីដា ក្នុង​ការចេញ​ម៉ាស៊ីន​ឆូត​ប័ណ្ណ​វី​សា ដើម្បី​ចាប់ផ្តើម​ការទទួលយក​ការទូទាត់​តាម​ប័ណ្ណ​វី​សា​នៅតាម​ស្តង់​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​នឹង​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​បទពិសោធ​នៃ​ការទូទាត់​កាន់តែ​រហ័ស​ជាង​មុន។

    លោក Preston បាន​បន្ថែមទៀតថា៖ «ជា​ផ្នែក​មួយ​នៃ​គោលបំណង​របស់ Visa គឺ​យើងខ្ញុំ​ចង់ឱ្យ​អតិថិជន​របស់​យើង​អាច​ប្រើប្រាស់​ប័ណ្ណ​វី​សា​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ចង់ទៅ។ ជាមួយនឹង​ការប្រកាស​នៅថ្ងៃនេះ យើង​កំពុងតែ​ខិតជិត​មួយ​ជំហាន​ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​មួយ​នេះ សម្រាប់​ជួយ​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា»។

    លោក​បន្ដថា យោងតាម​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា ប្រាសាទអង្គរវត្ត​ជា​ប្រាសាទ​មួយ​ក្នុងចំណោម​វិមាន​សាសនាធំៗជាច្រើន ហើយ​ក្នុងមួយឆ្នាំៗទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង 2លាន​នាក់។ សព្វថ្ងៃនេះ​ភ្ញៀវទេសចរ​មកកាន់​ប្រទេស​កម្ពុជា​អាច​ប្រើប្រាស់​ប័ណ្ណ​វី​សារ​បស់​ពួកគេ​បាន​នៅតាម​ទីតាំង​អាជីវកម្ម​ជិត7,000 កន្លែង និង1,000 ម៉ាស៊ីន​ATM នៅ​ទូទាំងប្រទេស៕

  • VID COOLER រ៉េ​ប​ដៀមដាមកប់ៗប៉ុណ្ណឹង​ហើយ តើ​ក្មេង​ខ្មែរ​គិត​យ៉ាងណា?

    VID COOLER រ៉េ​ប​ដៀមដាមកប់ៗប៉ុណ្ណឹង​ហើយ តើ​ក្មេង​ខ្មែរ​គិត​យ៉ាងណា?

    គេ​កម្រ​បានឃើញ​នៅក្នុង​វិថី​សិល្បៈ​មានការ​បោះពាក្យ​សម្ដី​ឌី​ដង ដៀមដាម​ដាក់គ្នា​បែប​ជា​បទ​ចម្រៀង​បែបនេះ​ណាស់ តែថ្មីៗនេះ​តារាចម្រៀង​រ៉េ​ប Vid Cooler បានចេញ​បទ​ចម្រៀង​របស់ខ្លួន​មួយ​បទ​មាន​ចំណងជើង​ថា «យើង​គួរតែ​ស្រឡាញ់គ្នា​ដើម្បី​កម្ពុជា» ក្នុង​អត្ថន័យ​នេះ​បានធ្វើឱ្យ​អ្នកគាំទ្រ ពិសេស​អ្នក​និយម​ស្ដាប់​បទ​រ៉េ​ប កំពុងតែ​ស្រឡាំងកាំង។

    ហេតុអ្វី​បានជា​អ្នក​ស្ដាប់​ស្រឡាំងកាំង? ព្រោះ​ក្រោយពី​ស្ដាប់​អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះហើយ​ធ្វើ​គេ​នឹក​ហួស​ចិ​ត្ដ​មិន​នឹកស្មានថា Vid Cooler លេង​ក្រុម «ក្មេង​ខ្មែរ» ដល់​ថ្នាក់​ហ្នឹង​សោះ ព្រមទាំង​នៅមាន​ចម្ងល់​មួយទៀត​ដែល​គេ​ចង់ដឹង គឺថា ក្រោយពី​ Vid Cooler ចេញ​បទ​មួយ​នេះ​ដៀមដាម​ឡើងកប់ៗប៉ុណ្ណឹង​ហើយ តើ​ក្មេង​ខ្មែរ​នឹង​គិត​បែបណា?

    សូម​ស្ដាប់​បទ​ចម្រៀង​ខាងក្រោម​នេះ​ទាំងអស់គ្នា៖

  • Bournemouth ប្រជែង​ជាមួយ Brighton គេច​ចេញពី​តំបន់​គ្រោះថ្នាក់

    Bournemouth ប្រជែង​ជាមួយ Brighton គេច​ចេញពី​តំបន់​គ្រោះថ្នាក់

    បន្ទាប់ពី​អាក់ខាន1សប្តាហ៍ ដោយសារ​កីឡាករ​ភាគច្រើន​ត្រូវ​ជាប់​កាតព្វកិច្ច​ទៅ​ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​ដើម្បី​ឈ្នះ​សិទ្ធិ​ទៅលេង​ពានរង្វាន់ World Cup ក្នុងប្រទេស​រុស្ស៊ី នា​ឆ្នាំ2018 ខាងមុខ នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ​ការប្រកួត​កីឡាបាល់ទាត់​ក្របខណ្ឌ​កំពូល​អង់គ្លេស English Premier League បាន​ឈានចូល​មកដល់​សប្តាហ៍​ទី  5ហើយ ដែលជា​ជំនួប​រវាង​ក្រុម​ម្ចាស់ផ្ទះ Bournemouth និង​ក្រុម​ភ្ញៀវ Brighton ។

    បច្ចុប្បន្ននេះ​ក្រុម​ម្ចាស់ផ្ទះ Bournemouth ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក Howe កំពុង​ត្រដាបត្រដួស​យ៉ាងខ្លាំង​ដោយ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ19 ក្នុង​តារាង បន្ទាប់ពី​មិនអាច​ស្វែង​រកបាន​ពិន្ទុ​សោះ​ក្នុង​ការប្រកួត4លើក​កន្លងមក។ 4 ប្រកួត​កន្លងមក​រប​ស់ Bournemouth គឺ​ចាញ់​ម្ចាស់ផ្ទះ West Brom 1-0 ចាញ់​ក្រុម​ភ្ញៀវ Watford 2-0 ចាញ់​ក្រុម​ភ្ញៀវ Man City 2-1 និង​ប្រកួត​ចុងក្រោយ​ចាញ់​ម្ចាស់ផ្ទះ Arsenal 3-0។

    ចំណែក​ក្រុម​ចំណូល​ថ្មី Brighton ដែល​ទើប​ឡើង​មកពី​ក្របខណ្ឌ Championship ហាក់​កំពុងមាន​វាសនា​ល្អ​ជាង​ក្រុម Bournemouth បន្តិច​ដោយ​ប្រកួត​ចុងក្រោយ​បាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ West Brom ក្នុង​លទ្ធផល 3-1 ខណៈ 3 ប្រកួត​ដំបូង Brighton ចាញ់​ក្រុម​ភ្ញៀវ​មេឃ​ខៀវ Man City 2-0 និង​ចាញ់ Leicester 2-0 និង​ស្មើ Watford 0-0។

    ការប្រកួត​រវាង Bournemouth និង Brighton នឹង​ចាប់ផ្តើម​វេលា​ម៉ោង 02:00នាទី

    កម្មវិធី​ការប្រកួត​ក្របខណ្ឌ English Premier League គូ​ផ្សេងទៀត
    រាត្រី​ថ្ងៃ​សៅរ៍

    Crystal Palace Vs Southampton
    Huddersfield Vs Leicester
    Liverpool Vs Burnley
    Newcastle Utd Vs Stoke City
    Watford Vs Manchester City
    West Brom Vs West Ham
    Tottenham Vs Swansea

    រាត្រី​ថ្ងៃអាទិត្យ

    Chelsea Vs Arsenal
    Man United Vs Everton

  • ដល់​ពេលដែល​យុវជន​ត្រូវ​ដឹង​ខ្លួនឯង​ហើយ​ថា​ត្រូវ​រៀន​ផ្នែក​អ្វី​នៅ​ថ្ងៃ​អនាគត

    ដល់​ពេលដែល​យុវជន​ត្រូវ​ដឹង​ខ្លួនឯង​ហើយ​ថា​ត្រូវ​រៀន​ផ្នែក​អ្វី​នៅ​ថ្ងៃ​អនាគត

    បន្ទាប់ពី​បានដឹង​លទ្ធផល​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នៅពេលនេះ​គឺ​ដល់ពេល​ហើយ​ដែល​សិស្ស​ទាំងអស់​ត្រូវ​ត្រៀមខ្លួន និង​សម្រេចចិត្ត​ឱ្យ​ច្បាស់​ពី​ទិសដៅ​អនាគត​របស់ខ្លួន តែ​នាពេល​បច្ចុប្បន្ននេះ សិស្ស​ជាច្រើន​មិនទាន់​រកឃើញ​នូវ​សក្តានុពល​ខ្លួនឯង​ពិតប្រាកដ​នៅឡើយ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ ក្រុមការងារ​យុវជន អាន​ន្ត ដែលមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​កម្ពុជា បាន​បង្កើត​កម្មវិធី «យុទ្ធសាស្ត្រ​ក្នុងការ​ជ្រើសរើស​មុខជំនាញ​ដែល​ត្រឹមត្រូវ និង​ឱកាស​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស» ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន​ដែលមាន​បទពិសោធ​ក្នុងការ​សិក្សា អាហារូបករណ៍​ទៅ​បរទេស និង​សហគ្រិន​ជោគជ័យ​ជាច្រើន​នៅ​កម្ពុជា​ចែករំលែក​នូវ​បទពិសោធ​ដល់​សិស្ស​ដែល​ត្រៀម​ចូល​មហាវិទ្យាល័យ។

    លោក ម៉ៅ គង្គារ ប្រធាន​ក្រុមយុវជន​អាន​ន្ត​ដែល​បាន​បង្កើត​សិក្ខាសាលា​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ បាន​លើកឡើងថា ការបង្កើត​កម្មវិធី​នេះ គឺ​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​សិស្ស​ដែល​ទើបនឹង​ចប់​មធ្យមសិក្សា​ទុតិយភូមិ គិតពិចារណា​ឱ្យបាន​ល្អិតល្អន់​ពី​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ។ ម្យ៉ាងវិញទៀត វា​ក៏​ជា​វេទិកា​ដែល​បង្កើតឡើង​នូវ​ទម្លាប់​នៃ​ការចែករំលែក​ប្រកបដោយ​វិជ្ជមាន​ពី​បុគ្គល​ដែល​ទទួលបាន​បទពិសោធ​ជីវិត​ច្រើន ទៅកាន់​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា។

    វាគ្មិន​ដែល​នឹងចូលរួម​នៅក្នុង​កម្មវិធី​នេះ មានដូចជា៖

    1. ង​លី ស្ថាបនិក​នៃ​សាលា​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េ AII & AIS
    2. លោកស្រី ជា សុ​ផល្លា ,នាយិកា​ក្រុមហ៊ុន Emerald ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ ប្រធានសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្តកំពុងស្ពឺ
    សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា
    3. ឧកញ៉ា ស្រ៊ា​ត មុំ​សុភា ស្ថាបនិក​របស់ Sophiya Travel & Tour
    4. លោកស្រី គង់ សូ​រីតា នាយិកា​ប្រតិបត្តិ​នៃ OCEAN Technology Co., Ltd
    5. ឯកឧត្តម​បណ្ឌិត ឯក មនោ​សែន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស
    6. លោក ឃ​ន ឈុន​ដា​រ៉ា ម្ចាស់​ហាង KOI និង Tube Cafe
    7. លោក សុខ សុភមង្គល សហ​ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ Codingate Leverage Information Technology Through Collective Genius
    8. ង​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​ជា​អ្នក​និ​ព​លោក កុល ផេង វ​ឌ្ឍ​នា សាកលវិទ្យាធិការ​រ ន្ធ​សៀវភៅ Discover Your Greatness
    9. លោកស្រី ឡាយ សុធា​នី ជា​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា
    10. លោក សោម សុធា ប្រធាន​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្រុមហ៊ុន Forval (Cambodia) Co., Ltd
    11. លោកស្រី សា​យ៉ា លីន​ដា គ្រូបង្វឹក​របស់ The Perspectives Cambodia និង​ជាម​ន្ត្រី​នៃ​មជ្ឈមណ្ឌល​ធនធាន​អាស៊ាន​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​មុខងារសាធារណៈ
    12. លោក យ៉ាន់ ឧ​ត្ត​ម ប្រធាន PUC Alumni និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​អាស៊ាន (អតីត​និស្សិត​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ សហរដ្ឋអាមេរិក)
    13. កញ្ញា ដៀប ចាន់​សុភា អតីត​និស្សិត​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ ប្រទេស​បារាំង និង​កាណាដា
    14. កញ្ញា ឡៅ ដា​នេ អតីត​និស្សិត​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ Bridgewater State University, សហរដ្ឋអាមេរិក
    15. លោក ឌុ​ច ឡា​លីន អតីត​និស្សិត​ទទួលបាន​អាហារូបករណ៍​ទៅ​ផ្លាស់ប្តូរ​បទពិសោធ​នៅ សហរដ្ឋអាមេរិក
    16. លោក ហួ តុលា ស្ថាបនិក​របស់​កម្មវិធី The Perspectives Cambodia
    17. លោក ហេង សុវណ្ណ ជ័យលាភី​លេខ1នៃ​កម្មវិធី​ជើងឯក​តស៊ូ​មតិ​ដើម្បី​តម្លាភាព​ឆ្នាំ2015 និង​ជា​អ្នកសារព័ត៌មាន​នៃ​ការ​សែត​ឡា​រ៉ែ​ន​ពាណិជ្ជ
    18. កញ្ញា អៀង លីន​ដា ជ័យលាភី​លេខ1 កម្មវិធី​អ្នក​បន្តវេន និង​ជា​ប្រធាន​ក្រុម LIFE Group
    19. កញ្ញា ហង្ស ម៉ា​រី​នី ម្ចាស់​ហាង SM Memory Shop

    អ្នកសម្របសម្រួល​កម្ម​វិធី៖
    DJ ណា​ណា អ្នក​កាន់​កម្មវិធី(MC)
    1. កញ្ញា រិ​ទ្ធ សានី​តា ជើងឯក​វោហា​សព្ទ​ឆ្នើម​នៃ​កម្មវិធី The Perspectives Cambodia រដូវ​កាល​ទី1 ដែល​ប្រធានបទ​របស់គាត់​និយាយ​អំពី ស្នេហា និង ការសិក្សា
    2. លោក ស៊ិន កុសល គឺជា​គ្រូបង្វឹក​ផ្នែក​វោហា​សព្ទ

  • លទ្ធផល​អាហារូបករណ៍​បង្ហាញថា អ្នក​បាន​និទ្ទេស E មិនតិច​ទេ ជាប់​អាហារូបករណ៍

    លទ្ធផល​អាហារូបករណ៍​បង្ហាញថា អ្នក​បាន​និទ្ទេស E មិនតិច​ទេ ជាប់​អាហារូបករណ៍

    លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ក្នុងនោះ​បានបង្ហាញ​ឱ្យឃើញ​ថា សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​ជាច្រើន​បានផ្តល់​អាហារូបករណ៍​ដល់​កម្រិត​និទ្ទេស C D និង E។

    នៅក្នុង​តារាង​អាហារូបករណ៍​ទាំងអស់នោះ ឃើញថា ភាគច្រើន​សាកលវិទ្យាល័យ​ឯកជន និង​សាកលវិទ្យាល័យ​នៅតាម​បណ្តា​ខេត្តធំៗមួយចំនួន បានផ្តល់​ឱកាស​អាហារូបករណ៍​ដល់​សិស្ស​ដែល​ទទួលបាន​និទ្ទេស E ដែល​នៅ​ក្នុងនោះ​មានដូចជា សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ​នៅ​ខេត្តព្រៃវែង សាកលវិទ្យាល័យ​ស្វាយរៀង សាកលវិទ្យាល័យ​មានជ័យ សាកលវិទ្យាល័យ​ហេង​សំរិន​ត្បូងឃ្មុំ សាលា​ជាតិ​កសិកម្ម​កំពង់ចាម សាលា​ជាតិ​កសិកម្ម​ព្រែកលាប វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច សាលា​បច្ចេកវិទ្យា​កំពង់​ឈើទាល សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច សាកលវិទ្យាល័យ​ឌូ​វី និង​គ្រឹះស្ថាន​អប់រំ​ជាច្រើន​ទៀត។

    លទ្ធផល​នេះ​បានបង្ហាញ​ឱ្យឃើញថា អ្នក​ដែល​ទទួលបាន​និទ្ទេស​មិនសូវ​ខ្ពស់ ក៏​អាចមាន​សិទ្ធ​ក្នុងការ​ទទួលបាន​អាហារូបករណ៍​ដែរ ប្រសិនបើ​ពួកគេ​ហ៊ាន​ធ្វើការ​ប្រកួតប្រជែង​ដើម្បី​អនាគត​របស់ខ្លួន។ នាពេលនេះ សាកលវិទ្យាល័យ​មួយចំនួន ក៏​បានចេញ​សេចក្តីប្រកាស​ដើម្បី​ប្រឡង​អាហារូបករណ៍​សម្រាប់​និស្សិត​ចូលរៀន​សម្រាប់​គ្រឹះស្ថាន​អប់រំ​របស់ខ្លួន​ផងដែរ ហេតុនេះ​អ្នក​ដែល​មិន​ទទួលបាន​និទ្ទេស​ខ្ពស់ សូមកុំ​អស់សង្ឃឹម ហើយ​ចាប់ផ្តើម​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ទទួលបាន​ឱកាសល្អ​ជាច្រើន​សម្រាប់​ជីវិត៕

  • កម្ពុ​ជាមាន​កត្តាល្អៗច្រើន ធ្វើឱ្យ​វិនិយោគិន​បរទេស​មាន​ចំណាប់អារម្មណ៍

    កម្ពុ​ជាមាន​កត្តាល្អៗច្រើន ធ្វើឱ្យ​វិនិយោគិន​បរទេស​មាន​ចំណាប់អារម្មណ៍

    ភ្នំពេញ –  របាយការណ៍​ចេញ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ហៅ​កាត់​ថា CDC បាន​បញ្ជាក់ថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​មកកាន់​ប្រទេស​កម្ពុជា​នៅ​ពាក់កណ្ដាល​ឆ្នាំ2017 មាន​ទឹកប្រាក់​វិនិយោគ​ចំនួន​ជាង 2ពាន់​លាន​ដុល្លារ​អាមេរិក​បាន​កើនឡើង17% បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016ដែលមាន​ចំនួន​ទឹកប្រាក់​ត្រឹមតែ​ជាង 1,789លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    ជុំវិញ​លំហូរ​អ្នកវិនិយោគ​បរទេស​មកកាន់​កម្ពុជា​កាន់តែច្រើន​នេះ ត្រូវបាន​លោក​ឧកញ៉ា ​សៀ រិទ្ធី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ក្រុមហ៊ុន World bridge group បញ្ជាក់​ប្រាប់ថា កម្ពុជា​ជា​ប្រទេស​មាន​អំណោយផល​ទាក់ទាញ​សម្រាប់​ការវិនិយោគ ពិសេស​ការដាក់ចេញ​គោលនយោបាយ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ។

    នា​ពាក់កណ្ដាល​ឆ្នាំ2017 ចិន​ត្រូវបាន​គេ​មើលឃើញថា​ជា​ប្រទេសមួយ​ដែល​បាន​បោះទុន​វិនិយោគ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​បើ​ធៀប​ទៅនឹង​ប្រទេស​សិង្ហ​បុរី កូរ៉េ​ត្បូង ហុងកុង ចិនតៃវ៉ាន់​ជាដើម ដែលមាន​ទំហំ​ទឹកប្រាក់​ជាង1ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ដែលមាន​ទឹកប្រាក់​ត្រឹមតែ​ជាង480លាន​ដុ​លា្ល​រ​អាមេរិក​ប៉ុណ្ណោះ។ ប្រទេស​ទាំងនោះ​ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ផ្ដោតអារម្មណ៍​ទៅលើ​ការវិនិយោគ​លើ​វិស័យ​ចំនួន4ដូចជា​ឧស្សាហកម្ម កសិកម្ម វិស័យ​សេវាកម្ម និង​ទេសចរណ៍។

    ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក World bridge group បញ្ជាក់ថា មូលហេតុ​កម្ពុជា​កំពុង​ស្ថិតក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ គឺ​ដោយសារតែ​កំណើន GDP  និង​ស្ថិរភាព​នយោបាយ​ល្អ គួបផ្សំ​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏​ល្អ​ផងដែរ។ លោក​ឧកញ៉ា សៀ រិទ្ធី បញ្ជាក់​ប្រាប់ថា ស្ថិរភាព​នយោបាយ​ជា​រឿង​សំខាន់ ប្រសិនបើ​ស្ថិរភាព​នយោបាយ​មិនល្អ ទោះបីជា​ប្រទេស​នោះ​មាន​គោលនយោបាយផ្សេងៗល្អ​យ៉ាងណាក៏ដោយ ឬ​ទីផ្សារ​ធំ​ប៉ុនណា​ក៏ដោយ ក៏​គេ​មិន​ទៅ​ដែរ។

    គួរ​បញ្ជាក់ថា ចិន​បានធ្វើ​ការវិនិយោគ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ចំនួន 10គម្រោង​ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ 310លាន​ដុល្លារ​អាមេរិក ដែល​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដល់​ទៅ 16,180នាក់៕

  • ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ 5 សន្យា​មិន​ឡើងថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

    ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ 5 សន្យា​មិន​ឡើងថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

    ភ្នំពេញៈ  ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន 5ក្រុមហ៊ុន​ បាន​សន្យា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថា ពួកគេ​នឹងមិន​ដំឡើងថ្លៃ​សំបុត្រ​រថយន្តក្រុង​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សប្តាហ៍​ក្រោយ​នេះឡើយ។

    លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ថា រដ្ឋាភិបាល​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំងអស់​មិន​ត្រូវ​ដំឡើងថ្លៃ​សំបុត្រ​ធ្វើដំណើរ​ឡើយ ព្រោះ​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​ជួបជុំ​គ្រួសារ និង​សាច់ញាតិ​បងប្អូន។ លោក​បន្តថា សម្រាប់​ការប្តេជ្ញា​របស់​ក្រុមហ៊ុន​ខាងលើនេះ ប្រសិនបើ​មាន​ក្រុមហ៊ុន​ណា​បាន​ប្តេជ្ញា​ថា​មិន​ឡើងថ្លៃ​ហើយ តែ​ដល់​ថ្ងៃនោះ​បែ​ជា​អនុវត្ត​ផ្ទុយ​ពី​ការប្ដេជ្ញា​វិញ​នោះ សូម​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​បន្ទាន់​មក ក្រសួង​តាមរយៈ​បណ្តាញ​សង្គម​ក៏បាន ឬ​ដោយផ្ទាល់​នៅ​ក្រសួង​ក៏បាន។ ឯកឧត្តម បាន​បញ្ជាក់ថា ៖

    «កាលពី​ថ្ងៃ​ម្សិលមិញ មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន 5ក្នុងចំណោម 7ក្រុមហ៊ុន​បាន​ចូលរួម​កិច្ចប្រជុំ ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​បាន​ប្តេជ្ញា​ថា នឹងមិន​ដំឡើងថ្លៃ​សំបុត្រ​ធ្វើដំណើរ​ឡើយ»។

    ជា​រៀងរាល់ឆ្នាំ មុនពេល​ដល់​រដូវ​បុណ្យទានសំខាន់ៗរដ្ឋាភិបាល​កម្ពុជា​តែង​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ក៏ដូចជា​រថយន្តឈ្នួល (តាក់ស៊ី) ទាំងអស់ មិនត្រូវ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទេ ប៉ុន្តែ​ការអំពាវនាវ​ទាំងនេះ​ហាក់​មិនមាន​ប្រសិទ្ធភាព​ទាល់តែសោះ(សូមបញ្ជាក់ថា ទាល់តែសោះ!) ដែល​អ្នកជំនាញ​មួយចំនួន​លើកឡើងថា ដើម្បីឱ្យ​ការអំពាវនាវ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព វា​ទាមទារ​ឲ្យ​សាមីក្រសួង​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។

    ប៉ុន្តែ​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ការដំឡើង​តម្លៃ​សំបុត្រ និង​សេវាកម្ម​ម្ហូបអាហារ​នានា​ក្នុងឱកាស​បុណ្យទាន​បាន​ក្លាយជា​ប្រពៃណី​ទៅហើយ​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​មានការ​ព្រមាន និង​ចាត់វិធានការ​ឱ្យបាន​ច្បាស់លាស់​ចំពោះ​បញ្ហា​នេះ៕

  • លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ជិត 90%

    លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ជិត 90%

    ភ្នំពេញ៖ កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេសមួយ​ស្ថិតនៅក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ​បរទេស​ដែលមាន​សក្តានុពល​ទៅលើ​ការវិនិយោគ​លើ​គ្រប់​វិស័យ ជាក់ស្តែង​នៅក្នុង​ឆមាស​ទី1 ដើមឆ្នាំ2017នេះ លំហូរ​វិនិយោគ​ផ្ទាល់​បរទេស​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ប្រមាណ​ជា​ជិត90%ឯណោះ។

    ក្នុងជំនួប​ផ្លូវការ​ជាមួយ​លោក Mathew Fox នាយក​ប្រតិបត្តិ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពី​ម្សិលមិញ​នេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ដោយសារ​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ និង​សុខសន្តិភាព​ពេញលេញ​ដែលជា​កត្តា​ដ៏​សំខាន់​ក្នុង​ការជំរុញឱ្យ​កម្ពុជា​សម្រេចបាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​នា​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។

    នៅ​ឆ្នាំ2017នេះ កម្ពុជា​រំពឹងថា នឹង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ​ក្នុង​អត្រា 7% ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​សមស្រប​ត្រឹម 2.3%។ ឯកឧត្តម​មានប្រសាសន៍​ថា «ក្នុង​ឆមាស​ទី1 ឆ្នាំ2017នេះ លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ប្រមាណ 89% ខណៈ​ឥណទាន​មាន​កំណើន​សមស្រប​ប្រមាណ 16%។ បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដែល​វាស់​ដោយ​អត្រា​ប្រជាជន​ពេញវ័យ​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ធៀប​នឹង​ប្រជាជន​ពេញវ័យ​សរុប​បាន​កើន​ដល់​អត្រា​ប្រមាណ 55%»។

    ក្រោម​ជំនួយ​បច្ចេកទេស​របស់ ADB កាលពី​ខែមិថុនា ឆ្នាំ2017កន្លងទៅ​រាជរដ្ឋាភិបាល​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ2016-2025។ ផ្អែក​តាម​ផែនការ​សកម្មភាព​ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​សម្រេចបាន​ការងា​រ​ជាច្រើន​ដូចជា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជំនឿ​ទុកចិត្ត និង​អន្តរ​ការិយកម្ម​ហិរញ្ញវត្ថុ​ការរក្សា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ ការជំរុញ​អភិបាលកិច្ច​ល្អ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព និង​មុខងារ​របស់​ធនាគារជាតិ​នៃ​កម្ពុជា។

    លទ្ធផល​ទទួល​បានជា​ផ្លែផ្កា​នេះ ក៏មាន​ការរួមចំណែក​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដែល​តែងតែ​ចូលរួម​គាំទ្រ និង​ផ្តល់ជំនួយ​បច្ចេកទេស​មក​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​ការកសាង​សមត្ថភាព​ជំនាញ​របស់​មន្ត្រី​បុគ្គលិក​តាមរយៈ​អាហារូបករណ៍​កិច្ចប្រជុំ សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​នានា​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​សមាហរណកម្ម​សេវា​ហិរញ្ញវត្ថុ​អាស៊ាន។

    ក្នុងឱកាស​នោះដែរ​លោក Mathew Fox នាយក​ប្រតិបត្តិ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ​ADB បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់។  លោក​ថា «ADB ប្តេជ្ញា​បន្ត​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព»