Author: វល័ក្ខ

  • សុខ ដែន កំពុងតែ​ប្រឹង​អភិវឌ្ឍ​លើ​វិស័យ​ចម្រៀង (វីដេអូ)

    សុខ ដែន កំពុងតែ​ប្រឹង​អភិវឌ្ឍ​លើ​វិស័យ​ចម្រៀង (វីដេអូ)

    បន្ទាប់ពី​ចេញ​បទ «មន្ដ​គាថា​ស្នេហ៍» ទទួលបាន​ការគាំទ្រ​ម​ក ថ្មីៗនេះ​តារា​សម្ដែង​ក្បាច់គុន សុខ ដែន បានចេញ​បទ​ថ្មី​មួយទៀត​មាន​ចំណងជើង​ថា «ខ្យល់​បក់​ដី​ហុយ»។

    លោក សុខ ដែន បញ្ជាក់ថា ដំបូង​ឡើយ​លោក​ចង់​ធ្វើ​បទ «មន្ដ​គាថា​ស្នេហ៍» ឡើង​គ្រាន់តែ​ចង់​សាកល្បង​មើល​ពី​ចំណាប់អារម្មណ៍​របស់​សាធារណជន​ប៉ុណ្ណោះ ខណៈដែល​លោក​កំពុងតែ​ចង់​វិ​វ​ឌ្ឍ​ខ្លួន​ទៅជា​តារាចម្រៀង​មួយទៀត​ក្រៅពី​អាជីព​សម្ដែង និង​បង្ហាត់កីឡា​ហើយ​នោះ។ ក្រោយពី​មើលឃើញ​បទ​ទីមួយ​មានការ​គាំទ្រ​ពី​មហាជន  ទើប​លោក​មានគំនិត​ធ្វើ​បទ​មួយទៀត​មាន​ចំណងជើង​ថា «ខ្យល់​បក់​ដី​ហុយ»។

    តារា​សម្ដែង​ក្បាច់គុន​រូបនេះ​បញ្ជាក់ថា បច្ចុប្បន្ន​បទ​ថ្មី​នេះ​មានការ​គាំទ្រ​ខ្លាំង​ជាង​បទ​មុន ព្រោះ​ជា​បទ​ទី2ដែល​លោក​បាន​ផលិតឡើង​ក្រោយពី​ទទួលបាន​បទពិសោធ​ច្រើន និង​ទទួល​ការរិះគន់​ស្ថាបនា​ពី​អ្នកជំនាញ​ផលិត​បទ​ចម្រៀង​មួយចំនួន​ទើប​ធ្វើឱ្យ​ស្នាដៃ​ទី​ពីរ​របស់លោក​កាន់​តែមាន​គុណភាព។

    សុខ ដែន បញ្ជាក់​ប្រាប់ថា ទោះបីជា​បទ​លោក​មិនទាន់​ល្អ​គ្រប់​ជ្រុងជ្រោយ​ក៏ដោយ តែ​ប្រសិនបើ​នៅតែមាន​ការគាំទ្រ​ពី​មហាជន​លោក​នឹង​ប្រឹងប្រែង​រក​គំនិតថ្មីៗ និង​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​ល្អឡើងៗលើ​វិស័យ​ចម្រៀង​នេះ៕

  • អភិបាលខេត្ត​ព្រះសីហនុ​រំពឹងថា ខេត្ត​នេះ​នឹង​ជំនួស​ខេត្តសៀមរាប​នៅពេលឆាប់ៗ

    អភិបាលខេត្ត​ព្រះសីហនុ​រំពឹងថា ខេត្ត​នេះ​នឹង​ជំនួស​ខេត្តសៀមរាប​នៅពេលឆាប់ៗ

    ភ្នំពេញៈ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ថ្លែងថា លោក​រំពឹងថា ខេត្ត​ព្រះសីហនុ​នឹង​ជំនួស​ខេត្តសៀមរាប​នៅក្នុង​រយៈពេល5ឆ្នាំ​ខាងមុខ ដោយសារតែ​សក្តានុពល​ជាច្រើន​របស់​ខេត្ត​នេះ​កំពុង​តែមាន​សកម្មភាព​យ៉ាង​រស់​រវើក។

    អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី17 កញ្ញា​ថា ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​សេដ្ឋកិច្ច​ច្រើន ដោយ​ខេត្ត​នេះ​នឹងមាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​ដែល​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន មាន​ឆ្នេរ​ខ្សាច់​ដ៏​ទាក់ទាញ​បំផុត ព្រោះ​ឆ្នេរ​ខ្សាច់​កម្ពុជា​ជាប់​ជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​ជាងគេ​នៅលើ​ពិភពលោក និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ មាន​តំបន់ឧស្សាហកម្ម​ដែល​ស្ថិតនៅ​ជិត​កំពង់ផែ មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​កាន់តែ​សកម្ម មាន​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​ផលិតភាព​កសិកម្ម​អាច​ចិញ្ចឹម​ខ្លួនឯងបាន។

    លោក​បន្តថា “ខ្ញុំ​ជឿថា ខេត្ត​ព្រះសីហនុ​នឹង​ជំនួស​ខេត្តសៀមរាប​បាន ព្រោះ​ខេត្តសៀមរាប​ពឹងផ្អែក​សំខាន់​តែ​លើ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ ប៉ុន្តែ​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ចម្រុះ។ លោក​បាន​បន្តថា “បច្ចុប្បន្ន​តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​បាន​កើន​លើសពី​ទ្វេដង ឬ​ច្រើនជាង​នេះ ប៉ុន្តែ​លោក​គិតថា តម្លៃ​នេះ​នឹង​ឡើង​កល់​នៅពេលឆាប់ៗនេះ។

    បច្ចុប្បន្ន​តំបន់ឧស្សាហកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​សហគ្រាស​ចិន​ជាង110សហគ្រាស​កំពុង​វិនិយោគ​នៅ​តំបន់​នេះ និង​ដែល​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង16,000នាក់។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ជា​ផ្នែក​មួយ​នៃ​ជំនួយ​របស់​ចិន​តាមរយៈ​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ។

    រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឧស្សាហកម្ម​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ2015-2025។

    លោក​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ​ពិតជា​នឹង​ជំនួស​ខេត្តសៀមរាប​បាន​មែន​ក្នុង​រយៈពេល5ឆ្នាំ​ទៀត​យ៉ាងយូរ ដោយសារតែ​ខេត្ត​នេះ​មាន​សក្តានុពល​ច្រើន ពិសេស​វិស័យ​ឧស្សាហកម្ម​ដែលមាន​ការគាំទ្រ​ពី​កំពង់ផែ និង​ផ្លូវ​រថភ្លើង អាកាសយានដ្ឋាន​អន្តរជាតិ និង​តំបន់ឆ្នេរ​ដ៏​ទាក់ទាញ។

    លោក​បន្តថា “ក្នុង​ផែនការ រដ្ឋាភិបាល​មានបំណង​ប្រែក្លាយ​តំបន់​ផ្លូវជាតិ​លេខ4 ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឧស្សាហកម្ម”៕

  • សុទ្ធតែ​ខ្លាំង ហើយ​ស្អាត ប៉ុន្តែ​មើល​តែ​ប៉ុន្មាន​ចំណុច​នេះ អ្នក​អាច​វិនិច្ឆ័យ​ដោយ​ខ្លួនឯងបាន​ហើយ

    សុទ្ធតែ​ខ្លាំង ហើយ​ស្អាត ប៉ុន្តែ​មើល​តែ​ប៉ុន្មាន​ចំណុច​នេះ អ្នក​អាច​វិនិច្ឆ័យ​ដោយ​ខ្លួនឯងបាន​ហើយ

    ចេញ​មុន​ក្រោយ​គ្នា​តែ​ជាង 20 ថ្ងៃ​ប៉ុណ្ណោះ ស្មា​ត​ហ្វូ​នកំពូលៗមកពី​ក្រុមហ៊ុនធំៗ 2 បានធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​លំបាក​ក្នុងការ​សម្រេច​ជ្រើសរើស ខណៈ​ពួកវា​សុទ្ធ​តែមាន​សមត្ថ​ភាពខ្លាំង និង​មាន​រូបរាង​ស្រស់ស្អាត​ម្យ៉ាង​ម្នាក់។ ក្រុមហ៊ុន Samsung បាន​បញ្ចេញ Note 8 ធ្វើឱ្យ​គាំទ្រ​របស់ខ្លួន​ស្រក់ទឹកមាត់​ជាមួយនឹង​រូបរាង​ថ្មី​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាងមុខ រួម​នឹង​សមត្ថភាពសំខាន់ៗមួយចំនួនទៀត។ ដោយឡែក Apple ក៏​មិន​អន់​ដែរ​ជាមួយនឹង iPhone X ដែល​វា​ជា​ស្មា​ត​ហ្វូ​ន​គម្រប់​ខួប 10 ឆ្នាំ​សម្រាប់​ឧទ្ទិស​ដល់​ស្នាដៃ​របស់លោក Steve Jobs។ យ៉ាងណាក៏ដោយ បើទោះបី​ពួកវា​ទាំង​សុទ្ធតែ​ខ្លាំង ហើយ​ស្អាត ប៉ុន្តែ​បើ​មើល​ប៉ុន្មាន​ចំណុច​នេះ អ្នក​អាច​វិនិច្ឆ័យ​បាន​ថា តើ​គួរ​ជ្រើស​រើសយក​មួយណា​សម្រាប់​ប្រើប្រាស់។

    1/-រូបរាង និង​អេក្រង់

    កាលពី​ថ្ងៃទី23 ខែសីហា Samsung បានធ្វើឱ្យ​អ្នកតាមដាន​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ទូរស័ព្ទ Galaxy Note 8 ខណៈ​វា​ត្រូវបាន​កែប្រែ​ចំណុចប្លែកៗជាច្រើន​ពី Note 7 ដោយ​យក​គំរូ​ពី Galaxy S8/S8+ ជាមួយនឹង​អេក្រង់​គុណភាព​ខ្ពស់ Super AMOLED ហើយ​ក៏មាន​កម្រិត បង្ហាញ​រូបភាព​ដល់ Quad HD 1440 x 2960  Pixel ដង់ស៊ីតេ​អេក្រង់​ដល់​ទៅ 521ppi និង​មាន​មុខងារ Always-On-Display និង​ទ្រាំទ្រ HDR 10 ។ ដោយឡែក​ស៊ុម​ព័ទ្ធជុំវិញ​តួ​របស់ ​Note 8 ត្រូវបាន​ផលិតឡើង​ពី​អាលុយមីញ៉ូម​មាន​ភាព​ធ​ន់ និង​ស្រោប​ដោយ​កញ្ចក់​ជាប់​ស្វិត​នៅ​ផ្ទៃ​ខាងក្រោយ។

    កម្រិត​ពន្លឺ Brightness ខ្ពស់បំផុត​របស់​អេក្រង់ Galaxy Note 8 អាច​បង្ហាញ​បាន ភ្លឺ​ជាង Galaxy S8 ដល់​ទៅ 22% ហើយ​ពន្លឺ ដែល​បង្ហាញ​ចេញមក​សមស្រប​ជាមួយ​កាលៈទេសៈ ឬ​ស្ថានភាព​បានល្អ​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ ទាំង​មើល​នៅក្រោម​ពន្លឺ​ថ្ងៃ និង​នៅពេល​យប់។ ចំណុច​មួយទៀត​នោះ​គឺ អេក្រង់​របស់ Note 8 អាច​បង្ហាញ​ពណ៌​បាន​ដិត​ជាង Galaxy S8 ទៅទៀត ទាំង​មើល​ពី​គ្រប់​ជ្រុង​នៅតែ​ច្បាស់ មិន​ប្រែ​ពណ៌ ដូចនេះ​ធ្វើឱ្យ​ការ​ទស្សនា​វីដេអូ មិន​បាត់បង់​ពណ៌​ដើម ហើយ​មាន​សភាព​ផុស​អណ្តែត​ល្អ​ទៀតផង។

    រំលង​គ្នា​បាន19 ថ្ងៃ Apple បាន​ដាក់ចេញ​កាំភ្លើង​ធំ​ប្រចាំឆ្នាំ​របស់ខ្លួន​ចំនួន 3 គ្រឿង ប៉ុន្តែ​មានតែ​មួយគ្រឿង​ប៉ុណ្ណោះ​មាន​រូបរាង​ប្លែក និង​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ ព្រោះតែ​វា​មាន​អេក្រង់​ថ្មី និង​មុខងារ​ថ្មី​ច្រើនជាង iPhone 8/8+។ អេក្រង់ iPhone X ត្រូវបាន​បំពាក់​ដោយ​អេក្រង់​Super AMOLED ទំហំ 5.8 អ៊ី​ញ​អាច​បង្ហាញ​រូបភាព​កម្រិត1125 x 2436  Pixel មាន​ដង់ស៊ីតេ​អេក្រង់ 458ppi មានមុខ​ងារ 3D Touch, អាច​គាំទ្រ មុខងារ HDR 10 ដូចគ្នា។

    សរុប​ត្រង់ចំណុច​នេះ iPhone X របស់ Apple ហាក់​មានការ​រចនា និង​កម្រិត​អេក្រង់​ទាប​ជាង Note 8។ បើ​យើង​មើល​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​កូរ៉េ វា​មាន​ភាព​ប្លែក ស្រស់ស្អាត និង​មិនទាន់មាន​គូប្រជែង​ណា​ធ្វើ​ដូច​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​អេក្រង់​របស់ Apple វិញ គឺ​ចេញ​រាង​ក្រោយ​គេ​បន្តិច ហើយ​ដូច​អេក្រង់​របស់ LG និង  Xiaomi។

    2/-កាមេរ៉ា

    ចូលដល់​ចំណុច​នេះ យើង​អាចនិយាយបាន​ស្មា​ត​ហ្វូ​ន​ទាំង 2 មាន​ចំណុច​ល្អប្រសើរ​ដូចគ្នា​ច្រើន បើទោះបីជា iPhone X ទើប​ចេញ​ក៏ដោយ​ក្ដី។ វា​ទាំង 2 បំពាក់​កាមេរ៉ា​ភ្លោះ រួម​នឹង​ប្រភេទ​កាមេរ៉ា​ដូចគ្នា គ្រាន់​តែមួយ​ដាក់​សម្រាប់​បែប​ផ្ដេក ហើយ​មួយទៀត​បែប​បញ្ឈរ​តែប៉ុណ្ណោះ។

    កាមេរ៉ា​ភ្លោះ iPhone X មាន​ទំហំ 12MP ដូចគ្នា ដោយ​មួយ​គ្រាប់​ជា​ប្រភេទ Wide angle មាន​កម្រិត Aperture F/1.8 និង​មួយទៀត​ជា​ប្រភេទ Telephoto មាន​កម្រិត Aperture F/2.4។ ចំពោះ​កាមេរ៉ា​មុខ​មាន​ទំហំ 7MP អាចធ្វើ​ការថតរូប​បែប Portrait បាន​ទៀតផង ធ្វើឱ្យ​ផ្ទៃមុខ​របស់​យើង​ផុស​ដាច់​ពី​ផ្ទៃ Background បានល្អ អម​មក​ជាមួយនឹង​មុខងារ​ផ្លាស់ប្ដូរ​ពន្លឺ​នៃ​ផ្ទៃ​ខាងក្រោយ​រូបភាព​ទៀតផង ដែល​អាច​ប្រើប្រាស់​ជាមួយនឹង​កម្មវិធី​កាមេរ៉ា​បាន។

    កាមេរ៉ា​ទាំង 2 នេះ​មាន​មុខងារ OIS ទាំង 2 តែម្ដង​ដូច​ទៅនឹង Galaxy Note 8  ដែល​ធ្វើឱ្យ​ការថតរូប​កាន់តែ​មាន​ភាពប្រសើរ ជួយ​កាត់បន្ថយ​រំ​ញ័រ​បានល្អ នៅពេល​កាន់​ជាប់ដៃ ពិសេស​គឺ​វីដេអូ​ថត​បាន​កម្រិត 4K ហើយ​កម្រិត 1080p អាច​ថត​បាន​ដល់​ល្បឿន 240fps ។ Apple បាន​អះអាង​ទៀតថា ជាមួយនឹង​កាមេរ៉ា iPhone X វា​អាច​ទទួល​ពន្លឺ​បាន​ច្រើនជាង iPhone 7 Plus ដល់​ទៅ 60% អនុញ្ញាតឱ្យ​ម្ចាស់ iPhone ធ្វើការ​ថតរូប​បាន​កាន់តែច្បាស់ ស្រស់ស្អាត មាន​កម្រិត​គ្រាប់ Noise រំខាន​តិចជាង​មុន ថែមទាំង​អាច​ថតរូប​មាន​សកម្មភាព​លឿន​បានល្អ​ទៀតផង។

    កាមេរ៉ា​ភ្លោះ​របស់ Galaxy Note 8 វិញ​មាន​ទំហំ 12MP តែមាន​សមត្ថភាព និង​មុខងារ​ខុសគ្នា ដោយ​មួយ​ជា​ប្រភេទ​កាមេរ៉ា Telephoto មាន​កម្រិត Aperture ធំ​បំផុត F/2.4 អាចធ្វើ​ការ Zoom ដោយ​មិន​បាត់បង់​គុណភាព​បាន 2x និង​មួយ​ផ្សេងទៀត​មាន​កម្រិត Aperture ធំ​ដល់​ទៅ F/1.7 អាចធ្វើ​ការ Zoom បាន​ដល់​ទៅ 10x ពិសេស​គឺមាន​មុខងារ Dual Pixel Focus ធ្វើឱ្យ​ការចាប់យក​រូបភាព​បា​ន​រហ័ស​គួរ​ជាទី​ពេញចិត្ត។

    កាមេរ៉ា​ក្រោយ​ទាំង 2 បំពាក់​មកជា​មួយ​នូវ​មុខងារ​ជួយ​រក្សា​លំនឹង (OIS) ជួយ​ទៅដល់​ការថត​រូបភាព Blur និង​ការថត​វីដេអូ​បាន​កាន់តែ​ប្រសើរ ដោយ​ជួយ​កាត់បន្ថយ​រំ​ញ័រ​បាន​យ៉ាង​ល្អ ដែល Samsung បាន​អះអាង​ជា​ផ្លូវការ​ថា Note 8 គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ ដែលមាន​មុខងារ OIS ជួយ​កាត់បន្ថយ​រំ​ញ័រ​នៅក្នុង​កែវ​លេន​ស៍ទាំង 2 ដំបូង​បំផុត​លើ​ពិភពលោក។ បច្ចេកវិទ្យា Lens 2 គ្រាប់​នេះ Samsung ក៏បាន​កែប្រែ​កម្មវិធី​ថតរូប​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​លើ​ការថត Portrait លើ​មុខងារ​ថ្មី Live Focus ដែល​អនុញ្ញាតឱ្យ​អ្នក​ថត​កំណត់​នូវ​ភាព​ព្រាល​តាមចិត្ត មុន និង​ក្រោយពេល​ថត។

    យោងតាម​លក្ខណៈ​ទាំងនេះ iPhone X និង Galaxy Note 8 មាន​ចំណុច​ប្រសើរ​ដូចគ្នា​ច្រើន​លើ​សមត្ថភាព​ក្នុងកា​ថតរូប ប៉ុន្តែ​បើ​យើង​មើល​លើ​កម្រិត Aperture ទូរស័ព្ទ Note 8 អាច​ថត​ពេលយប់ ឬ​ពេល​ខ្សោយ​ពន្លឺ​បាន​ប្រសើរ​ជាង​បន្តិច ដោយឡែក​មុខងារ​ផ្សេងទៀត​មាន​លក្ខណៈ​ប្រដំប្រសង​គ្នា។

    3/-សមត្ថភាព​ម៉ាស៊ីន

    និយាយ​ដល់​ផ្នែក​ម៉ាស៊ីន Note 8 និង iPhone X សុទ្ធ​តែមាន​សមត្ថភាព​ម៉ាស៊ីន​ខ្លាំង​ដូចគ្នា ដែល​យើង​អាច​បញ្ចូល​ពួកវា​ក្នុង​តារាង​កំពូល​ស្មា​ត​ហ្វូ​ន​នា​ដើមឆ្នាំ 2018 នេះ​បាន។ Note 8 ប្រើ​នូវ​បន្ទះ​ឈី​ប Exynos 8895/Snapdragon 835 ជំនាន់​ថ្មី ដែល​វា​មាន​ទំហំ 10nm អាច​ដំណើរការបាន​លឿន​តែ​ប្រើប្រាស់​ថាមពល​តិចតួច​បំផុត។ រីឯ iPhone X នោះ​វិញ​ក៏​មិនធម្មតា​ដែរ វា​បាន​បំពាក់​នូវ​បន្ទះ​ឈី​ប​ថ្មីA11 Bionic ជាមួយ​សម្ទុះ​ដ៏​ខ្លាំង​មួយ​ដែល​ខ្លាំង​ជាង​ឈី​ប A10 លើ​iPhone 7 និង iPhone 7 Plus ដល់​ទៅ 25%។

    CPU របស់ Note 8 វា​មាន​ចំនួន 8 ដែល​វា​ចែក​ជើង​ដំណើរការ​បានល្អ និង​សន្សំសំចៃ​ថ្ម​ខ្ពស់ និង​មាន Ram ទំហំ 6GB អាច​ធានាបាន​ថា គ្មាន​បញ្ហា​ពេល​ដំណើរការ​កម្មវិធី និង​ហ្គេមធំៗឡើយ ហើយ​ចំពោះ CPU របស់ iPhone X មាន Core ចំនួន6 គ្រាប់ មាន 2 ខ្លាំង និង 4ទៀត​មធ្យម បើ​ផ្អែក​តាម​ការបញ្ជាក់​របស់ Apple វា​អាច​រត់​បាន​លឿន។ ជាងនេះទៀត Apple ក៏បាន​បង្កើន​សមត្ថភាព​កម្លាំង GPU ឱ្យ​កាន់តែ​លឿន​ជាង​មុន​ផងដែរ ដោយ​វា​ដំណើរការបាន​លឿន​ជាង​មុន 30% ធ្វើឱ្យ​ការប្រើប្រាស់​ទៅលើ​កម្មវិធី លេង​ហ្គេម រហ័ស​ទាន់​ចិត្ត ជាមួយ RAM ទំហំ 3GB ។

    សរុប​ជារួម​ទាំងនេះ គ្រាន់តែ​ជា​ចំណុចខ្លះៗរបស់​ស្មា​ត​ហ្វូ​ន​ទាំង 2 តែប៉ុណ្ណោះ ហើយ​ក្រុមការងារ​ឡា​រ៉ែ​ន ក៏​មិនអាច​សម្រេចបាន​ថា​រវាង​ពួកវា​ទាំង 2 មួយណា​ខ្លាំង​ជាង​មួយណា​ដែរ ព្រោះថា យើង​មិនទាន់បាន​ចុច​សាកល្បង​ប្រើ iPhone X នៅឡើយ​ទេ គឺ​ត្រឹម​ដឹង​ពី​លក្ខណៈសម្បត្តិ និង​ការ​អួត​ពី Apple ប៉ុណ្ណោះ។ ដោយឡែក Galaxy Note 8 យើង​បាន​ចុច និង​ប្រើប្រាស់​សាកល្បង​ជាង 2 សប្ដាហ៍​មកហើយ ឃើញថា​មាន​សមត្ថ​ភាពខ្លាំង ហើយ​ការថតរូប​បាន​ច្បាស់​ល្អ ទាំង​កន្លែង​មាន​ពន្លឺ និង​ខ្សោយ​ពន្លឺ។ តែ​យ៉ាងណា យើង​អាច​និយាយបានថា វា​មាន​សមត្ថ​ភាពមិន​ជាង​គ្នា​ប៉ុន្មាន​ទេ ប៉ុន្តែ​អាច​ខុសគ្នា​លើ​ផ្នែក Software ព្រោះថា Galaxy Note 8 ប្រើ​នូវ​ប្រព័ន្ធ Android 7.1.1 (Nougat)ដែល​ម្ចាស់​ដើមពី Google ខណៈ iPhone X ប្រើ iOS 11 បង្កើតឡើង​ផ្ទា​ល់ពី Apple ។

    សូប​បញ្ជាក់ថា ទាំងនេះ​គ្រាន់តែ​ជាការ​ប្រៀបធៀប​លើ​អ្វីដែល​ក្រុមហ៊ុន​ទាំង 2 បានលើកឡើង រួម​នឹង​បទពិសោធ​ផ្ទាល់​មួយចំនួន ក្រោយ​ការ​ចុច​សាក​ប្រើ Galaxy Note 8 មួយរយៈ​ប៉ុណ្ណោះ។ ប្រិយមិត្ត​អាចធ្វើ​ការបញ្ចេញមតិ​លើ​ចំណុចផ្សេងៗដែល​គិតថា ទូរស័ព្ទ​ទាំង 2 អាច​ស៊ីដាច់​គ្នា ហើយ​ក្រុមការងារ​យើង​នឹង​លើកយក​អត្ត​បទ​នេះ​មក​និយាយ​ម្ដងទៀត ពេលដែល iPhone X បាន​មកដល់​ស្រុក​ខ្មែរ​យើង៕

  • Lukaku ជួយ​ឲ្យ Man United លត់​អតីត​ក្រុម​របស់ខ្លួន​យ៉ាង​ចាស់ដៃ

    Lukaku ជួយ​ឲ្យ Man United លត់​អតីត​ក្រុម​របស់ខ្លួន​យ៉ាង​ចាស់ដៃ

    ខ្សែប្រយុទ្ធ Romelu Lukaku បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​នៅពេល​ប្រកួត​ជាមួយនឹង​អតីត​ក្រុម​របស់គេ ខណៈដែល Manchester United លត់​ក្រុម​ទូកក្តោង Everton យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-0 ដើម្បី​ឡើងទៅ​ឈរ​លេខ2នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League។

    ការវិលត្រឡប់​របស់ Wayne Rooney ទៅកាន់​កីឡដ្ឋាន Old Trafford បានបញ្ចប់​ដោយ​ការរង​បរាជ័យ​យ៉ាង​ខកចិត្ត ខណៈដែល​ការ​របូត​គ្រាប់​បាល់​ដល់​ទៅ3គ្រាប់​នៅ​ជិត​បញ្ចប់​ការប្រកួត បានធ្វើ​ឲ្យ​ក្រុម Everton ធ្លាក់​ទៅ​ឈរ​ក្នុង​តំបន់​កាត់ចោល​ទាំង3ក្រុម​តែម្តង។ ក្រុម​ទូកក្តោង​មួយ​នេះ បានចាប់ផ្តើម​យ៉ាង​យ៉ាង​ត្រដាបត្រដួស​នៅ​រដូវ​កាល​នេះ និង​មិនបាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សោះ​ក្នុងពេល​ពួកគេ​រង​បរាជ័យ4លើកជាប់ៗគ្នា​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់។ ខ្សែការពារ​ស្លាប​ស្តាំ Antonio Valencia បាន​ស៊ុត​បាល់​ផុតដៃ​របស់​អ្នកចាំទី  Jordan Pickford ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់លោក Jose Mourinho មាន​គ្រាប់​បាល់​នាំ​មុខមុន មុននឹង​បន្តធ្វើ​ការដាក់​សម្ពាធ​លើ​ក្រុម​ភ្ញៀវ។ Rooney ដែលជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​របស់ Man United បានទទួលឱកាសល្អៗចំនួន2លើក ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច។ ក្រោយមក គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Henrikh Mkhitaryan, Lukaku និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ពី Anthony Martial បាន​បំពេញ​ជ័យជម្នះ​ដ៏​កក់ក្តៅ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​តែម្តង។

    លោក Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man United បាន​ឲ្យ​ដឹងថា៖ «រយៈពេល30 និង35នាទី​ដំបូង គឺជា​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​របស់​យើង​នៅ​រដូវ​កាល​នេះ។ ក្រុម Everton ចង់​ធ្វើការ​ស្រោចស្រង់​វិញ ប៉ុន្តែ ពួកគេ​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ដ៏​លំបាក​មួយ»៕

    ប្រភពពី៖ BBC

  • ថៃ រិទ្ធី វាយ​ឲ្យ S Paye សន្លប់​ធំ ខណៈ​ប៊ុន​ស្រ៊ុន និង​សូ​ដា ចាញ់​លើទឹក​ដី​ហ្សា​ការ​តា

    ថៃ រិទ្ធី វាយ​ឲ្យ S Paye សន្លប់​ធំ ខណៈ​ប៊ុន​ស្រ៊ុន និង​សូ​ដា ចាញ់​លើទឹក​ដី​ហ្សា​ការ​តា

    កីឡាករ​ថៃ រិទ្ធី របស់​កម្ពុជា បាន​បង្កើត​ការភ្ញាក់ផ្អើល​នៅ​ពីមុខ​អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ​នៅ​សង្វៀន​ដាក់​ទ្រុង Jakarta Convention Center ក្នុងការ​បង្ហាញខ្លួន​ជា​លើក​ទី១របស់ខ្លួន​ក្នុង​កម្មវិធី​របស់ ONE Championship ពេល​ប្រកួត​កីឡាករ​សញ្ជាតិ​ល​លី​ប៊ឺ​រី Jerome S Paye ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​គុន​ចម្រុះ ONE: Total Victory កាលពី​យប់​ថ្ងៃ​សៅរ៍។

    ទោះបីជា​យ៉ាងណា កីឡាករ​កម្ពុជា​ពីរ​នាក់​ផ្សេងទៀត​ដែល​រួមមាន​ស៊ីម ប៊ុន​ស្រ៊ុន និង​ផាត់ សូ​ដា បាន​ជួប​លទ្ធផល​ដ៏​ខកចិត្ត​ដូចគ្នា ក្រោយពី​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ Stefer Rahardian និង Adrian Matheis រៀងៗខ្លួន។ កីឡាករ​ថៃ រិទ្ធី វ័យ 22ឆ្នាំ​របស់​កម្ពុជា បានចាប់ផ្តើម​យ៉ាង​ល្អ​ក្នុង​ទឹក​ទី1 តាមរយៈ​ការប្រើប្រាស់​កណ្តាប់ដៃ​វាយ​ចំ​គោលដៅ​យ៉ាង​ល្អ​លើ​ដៃគូ មុននឹង​គេចផុត​ពី​ការព្យាយាម​ក្លេ​របស់​កីឡាករ S Paye។

    ការភ្ញាក់ផ្អើលផ្សេងៗបាន​កើតឡើងភ្លាមៗ ក្នុង​ទឹក​ទី2 ក្រោយពី​កីឡាករ​ទាំងពីរ​បានសម្រេច​ចិត្ត​ប្តូរ​កណ្តាប់ដៃ​គ្នា ខណៈដែល​ការបញ្ចេញ​ចលនា​ដ៏​រហ័ស និង​ការ​វាយ​ចំ​គោល​យ៉ាង​ល្អ​យ៉ាងសន្ធាប់ៗ បាន​ជួយ​ឲ្យ រិទ្ធី វាយ​ដៃគូ​របស់ខ្លួន​សន្លប់​តែ​ម្តងទៀត ក្នុង​រយៈពេល​តិចជាង​មួយ១នាទី ក្នុង​ទឹក​ដដែល​នោះ។

    ដោយឡែក កីឡាករ​ស៊ីម ប៊ុន​ស្រ៊ុន និង​ផាត់ សូ​ដា សុទ្ធសឹង​បាន​សម្តែង​នូវ​ការសោកស្តាយ​របស់ខ្លួន បន្ទាប់ពី​ចាញ់​កីឡាករ Rahardian និង Matheis ដោយសារតែ​ស្នៀត​ក្លេ ត្រឹម​ការប្រកួត​នៅ​ទឹក​ទី1ដូចគ្នា។ ក្នុងការ​ប្រកួត​ក្នុង​ទម្ងន់ 56,7គីឡូក្រាម​របស់ខ្លួន ប៊ុន​ស្រ៊ុន បានចាប់ផ្តើម​យ៉ាង​ល្អ និង​ហាក់​មានប្រៀប​លើ​ដៃគូ​ជាមួយនឹង​ស្នៀត​ប្រកួត​គុន​ខ្មែរ​របស់ខ្លួន ប៉ុន្តែ ការ​ភ្នា​ត់ ធ្វើ​ឲ្យ​ចូល​ស្នៀត​ក្លេ​របស់​ដៃគូ និង​ចាញ់​ការប្រកួត​នេះ​តែម្តង។ ស្របពេល​ជាមួយគ្នានេះ សូ​ដា ក៏បាន​សម្តែង​នូវ​ការសោកស្តាយ​របស់ខ្លួន​ផង​ង​ដែរ ក្រោយពី​ចាញ់ Matheis ដោយ​ស្នៀត​ក្លេ​ក្នុង​ទឹក​ទីមួយ​ដូចគ្នា៕

  • ទូរស័ព្ទ​បំពាក់​កាមេរ៉ា 4 គ្រាប់​របស់ Huawei ត្រៀម​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា

    ទូរស័ព្ទ​បំពាក់​កាមេរ៉ា 4 គ្រាប់​របស់ Huawei ត្រៀម​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា

    ក្រោយ​បែកធ្លាយ​ព័ត៌មាន​ថា Huawei នឹងធ្វើ​ការដាក់ចេញ​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្ដាល​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ទាំង​ខាងមុខ និង​ខាងក្រោយ លើ​ត្រកូល Nova ពេល​វា​បាន​ក្លាយជា​ពិត​ហើយ បន្ទាប់ពី​លោក​លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​របស់​ស្មា​ត​ហ្វូ​ន​ Huawei ប្រចាំ​ប្រទេស​កម្ពុជា បានបញ្ជាក់​ក្នុង​ពិធីជប់លៀង​ថ្លែងអំណរគុណ​ដល់​មិត្ត​អ្នកសារព័ត៌មាន កាលពី​ចុង​សប្ដាហ៍​នេះ។

    លោក យុ​ទ្ធូ បានឱ្យដឹងថា កន្លងមក​មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​រឿង​ទូរស័ព្ទ​បំពាក់​កាមេរ៉ា​ភ្លោះ​ទាំង​ខាងមុខ និង​ខាងក្រោយ​របស់ Huawei ឥឡូវ​ពេលនេះ វា​ក្លាយជា​ការពិតហើយ។ ស្មា​ត​ហ្វូ​ន​នេះ​មាន​ឈ្មោះថា Huawei Nova 2i ដែល​វា​មានប្រើ​កាមេរ៉ា​ចំនួន 4 គ្រាប់ ខាងមុខ 2 និង​ខាងក្រោយ 2 ។

    លោក​ថ្លែងថា៖ «ថ្ងៃមុន​វា​ជា​ព័ត៌មាន​ចចាមអារ៉ាម តែ​ឥឡូវ វា​ជា​ការពិត។ យើង​ត្រៀម​នាំ​វា​មក​លក់​ក្នុងពេលឆាប់ៗនេះ ជាមួយនឹង​តម្លៃ​ដ៏​ល្អ​មួយ ដែល​អតិថិជន​នឹង​ភ្ញាក់ផ្អើល»។

    លោក​បន្ដថា ទូរស័ព្ទ Nova 2i នេះ​ប្រើ​នូវ​អេក្រង់ 5.9 អ៊ី​ញ ប្រភេទ​ FullHD+ មាន​កម្រិត​បង្ហាញ​រូបភាព 2160x1080p លើ​ខ្នាត​បង្ហាញ​រូបភាព​ធំ​ទូលាយ 18:9 Aspect Ratio ធ្វើឱ្យ​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាងមុខ​ទូរស័ព្ទ។ ចំពោះ​សមត្ថភាព​ដំណើរការ វា​ប្រើ​នូវ​ Ram ទំហំ 4GB និង Memory ក្នុង​ម៉ាស៊ីន​ទំហំ 64GB ដំណើរការ​លើ​បន្ទះ​ឈី​ប HiSilicon Kirin octa-core SoC មាន​ល្បឿន 2.36GHz ថាមពល​ថ្ម 3,240mAh ហើយ​ប្រើ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat ស្រោប​ដោយ​ផ្ទាំង​ប្រើប្រាស់ EMUI5.1។ចំពោះ​កាមេរ៉ា​ទាំង 4 របស់​ស្មា​ត​ហ្វូ​ន​នេះ ផ្នែក​ខាងក្រោយ​មាន​ទំ​ហ 16MP + 2MP ចំណែក​កាមេរ៉ា​ភ្លោះ​ខាងមុខ​គឺ 13MP + 2MP រួមជាមួយ​នឹង​ភ្លើង LED Flash ផងដែរ។

    ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​ខាងលើ​ឱ្យ​ទៀតថា សម្រាប់​ព័ត៌មាន​ពី​ទូរស័ព្ទ Huawei Nova 2i ក្រុមហ៊ុន​នឹង​ជម្រាប​នៅពេល​ក្រោយ​ទៀត ប៉ុន្ដែ​អ្វីដែល​លោក​ចង់​ជម្រាបជូន​នៅពេលនេះ គឺ​ការផ្ដល់ជូន​ដ៏​ពិសេស​ក្នង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ។ Huawei បាន​ត្រៀម​នូវ​កាដូពិសេស​សរុប​ទូទាំងប្រទេស​ជាង 10 ម៉ឺន​ដុល្លារ​ដោយ​គ្រាន់តែ​ជាវ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ណាមួយ​របស់​ក្រុមហ៊ុន​នៅ​គ្រប់​សាខា​ហាង​លក់​ទូរស័ព្ទ​ដែលមាន​បុគ្គលិក Huawei និង​ស្លាក​សញ្ញា Huawei។

    ជា​ចុងក្រោយ​លោក​បន្ថែមថា សម្រាប់​ទីផ្សារ​បច្ចុប្បន្ន Huawei មាន​ស្មា​ត​ហ្វូ​ន​ចំនូ​ន 4 ម៉ូ​ដែល​ដូចជា GR5 2017, Huawei P10, P10 Plusនិង Mate9 ដែល​កំពុង​ឡើង​កូដ​ខ្លាំង​សម្រាប់​ទីផ្សារ​កម្ពុជា ខណៈ​ពួកវា​សុទ្ធសឹង​បំពាក់​កាមេរ៉ា​ភ្លោះ និង​មានតម្លៃ​សមរម្យ ហើយ​នៅ​ចុងឆ្នាំ​នេះ ក្រុមហ៊ុន​នឹងធ្វើ​ការណែនាំ​ស្មា​ត​ហ្វូ​ន​ថ្មី Huawei Mate 10 បំពាក់​បន្ទះ​ឈី​ប ​Kirin 970  ទ្រទ្រង់​បច្ចេកវិទ្យា AI  ក្នុងតម្លៃ​ដ៏​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​ថែម​ដ៏​អស់​ស្ទះ​ផងដែរ៕

     

  • តើ​អ្នក​ចង់​ក្លាយជា​អ្នកតំណាង​ផ្ដាច់មុខ​ពី​ផលិតផលល្បីៗអត់?

    តើ​អ្នក​ចង់​ក្លាយជា​អ្នកតំណាង​ផ្ដាច់មុខ​ពី​ផលិតផលល្បីៗអត់?

    មិនបាច់​ចំណាយពេល​ទៅពិនិត្យ​ផលិតផល​ដល់​បរទេស និង​មិនចាំបាច់​ចំណាយពេល​យូរ​ទើប​អាច​រើស​ដៃគូ និង​ផលិតផល​មួយ​ដែល​ត្រូវ​នឺង​ទីផ្សារ​នោះទេ លោកអ្នក​អាចមក​ទទួលបាន​ផលិតផល Demo ពី​ខាងយើង​ខ្ញុំ​ដើម្បី​សាកល្បង និង​ដាក់លក់ ឬ​មក​ទទួល​សេវាកម្ម​ដោយផ្ទាល់​នៅតាម​ស្ដង់​ក្រុមហ៊ុននីមួយៗដើម្បី​យល់​ដឺ​ង​ពី​គុណភាព។

    គួរបញ្ជាក់​ផងដែរ​ថា ផលិតផល​ទាំងអស់នោះ សុទ្ធតែជា​ផលិតផល​ម៉ាក​ល្បី និង​មានគុណ​ភាពល្អ​មកពី​បណ្ដាល​ប្រទេស​ជាច្រើន​ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ តួ​ក​គី កូរ៉េ ហុងកុង សិង្ហ​បុរី ម៉ាឡេស៊ី ថៃ និង​វៀតណាម។

    កុំ​ភ្លេច​ណា! ជួបគ្នា​នៅ​កោះ​ពេជ្រ អាគារ A!!!

  • ស្មា​ត​ហ្វូ​ន​កាមេរ៉ា 4 គ្រាប់​របស់ Huawei អាច​មិនមែន Mate 10

    ស្មា​ត​ហ្វូ​ន​កាមេរ៉ា 4 គ្រាប់​របស់ Huawei អាច​មិនមែន Mate 10

    កន្លងមក​ធ្លាប់មាន​ព័ត៌មាន​ជាច្រើន​និយាយថា ក្រុមហ៊ុន Huawei អាច​នឹងដាក់​ចេញ​នូវ​ទូរស័ព្ទ​ត្រកូល Mate បំពាក់​នូវ​កាមេរ៉ា​រហូតដល់ 4 គ្រាប់ ប៉ុន្ដែ​ពេលនេះ​ប្រហែលជា​មិនមែន​ទេ ខណៈ​រូបភាព​បែកធ្លាយ​បាន​បង្ហាញថា វា​ជា​ត្រកូល Nova ទៅវិញ​ទេ។

    យោងតាម​ព័ត៌មាន​បែកធ្លាយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ឱ្យដឹងថា​ក្រុមហ៊ុន Huawei បាន​បំពាក់​កាមេរ៉ា 4 គ្រាប់ (មុខ 2 និង​ក្រោយ 2) លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ Huawei nova 2i ដែល​ឆ្លុះបញ្ចាំង​ពី​ភាពខ្លាំង​នៃ​បច្ចេកវិជ្ជា ការថតរូប​បែប Selfie-Centric ស៊េរី​ថ្មី​ទំនើប។ Nova 2i មិនមែនជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ទំហំ​តូ​ធំ ខណៈ​វា​មាន​ទំហំ​អេក្រង់ 5.9 អ៊ី​ញ ជាមួយនឹង​កម្រិត​អេក្រង់ FullHD+ (2160x1080p) ដែលមាន 18:9 Aspect Ratio មាន Ram ទំហំ 4GB និង Memory ក្នុង​ម៉ាស៊ីន​ទំហំ 64GB អាច​បន្ថែម microSD ទំហំ​ដល់​ទៅ 256GB។ ក្នុងនោះ វា​អាច​បំពាក់​នូវ​ឈី​ប HiSilicon Kirin octa-core SoC ដែលមាន​ល្បឿន 2.36GHz ថាមពល​ថ្ម 3,240mAh ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat ដំណើរការ​ជាមួយនឹង EMUI5.1 ផងដែរ។ ចំពោះ​កាមេរ៉ា​ទាំង 4 របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​ភ្លោះ​មុខ និង​ភ្លោះ​ក្រោយ ដោយនៅ​ផ្នែក​ខាងក្រោយ​មាន​ទំ​ហ 16MP + 2MP ចំណែក​កាមេរ៉ា​ភ្លោះ​ខាងមុខ​គឺ 13MP + 2MP រួមជាមួយ​នឹង​ភ្លើង LED Flash ផងដែរ។

    សម្រាប់ Huawei Nova ជា​ស្មា​ត​ហ្វូ​ន​ដែល​ត្រូវ​បានដាក់​បង្ហាញ​កាល​នៅ​ឆ្នាំ 2016 ដោយ​ឈ្មោះ​របស់​វា​មាន​ប្រភព​មកពី​ពាក្យ “ការបង្កើត​ថ្មី (Innovation)” ដែលជា​ទិដ្ឋភាព​ស្នូល​នៃ​ទស្សនវិជ្ជា​របស់​ក្រុមហ៊ុន Huawei  ហើយ​រូបរាង​របស់​វា​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ​ប្រណីត​ជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប ថ្នាក់កណ្តាល មាន​សមត្ថ​ភាពល្អ គ្រប់​ចំណុច​លើសពី​តម្លៃ ដោយ​ផ្តល់នូវ​លក្ខណៈពិសេស និង​មុខងារ​ល្អ​បំផុត​មិនគួរ​ឱ្យ​ជឿ សម្រាប់​អតិថិជន ហើយ​ជាពិសេស ភ្ជាប់​ជាមួយ​ទាំង​កាមេរ៉ា​ដ៏​ល្អឥតខ្ចោះ រស់​រវើក និង​មាន​អាយុកាល​យូរអង្វែង៕

  • Bournemouth ទទួលបាន3ពិន្ទុ​ជា​លើកដំបូង

    Bournemouth ទទួលបាន3ពិន្ទុ​ជា​លើកដំបូង

    ការ​ស៊ុត​បាល់​បញ្ចូល​ទី1គ្រាប់​ដ៏​ល្អ​របស់​ខ្សែប្រយុទ្ធ Jermain Defoe បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​Bournemouth ទទួលបាន​ពិន្ទុ​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ក្របខណ្ឌ English Premier League ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​ចំណូល​ថ្មី Brighton ក្នុង​លទ្ធផល 2-1។

    ក្នុងការ​ប្រកួត​នា​សប្តាហ៍​ទី5នេះ​ម្ចាស់ផ្ទះ Bournemouth ស្ទើរតែ​ក្លាយទៅជា​ក្រុម​រងគ្រោះ​ជាថ្មី​ម្តងទៀត​ទៅហើយ ខណៈ​ត្រូវ​ក្រុម​ភ្ញៀវ Brighton រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ1គ្រាប់​មុន​ក្នុង​នាទី​ទី55 ដោយ​ខ្សែបម្រើ March S។ តែ​យ៉ាងណាក៏ដោយ នៅ​នាទី​ទី 67 Bournemouth មានឱកាស​រក​គ្រាប់​បាល់​បាន1គ្រាប់​វិញ ពី​ការលេង​សហការគ្នា​ល្អ​រវាង Jordon Ibe ដែល​ទើប​ផ្ទេរ​មកពី​ក្រុម Liverpool ជាមួយនឹង Andrew Surman។ 6នាទី​ក្រោយមក Jermain Defoe បាន​ទម្លុះ​សំណាញ​ទី Brighton ជាថ្មី​ម្តងទៀត។

    បើទោះបីជា​ទទួលបាន3ពិន្ទុ​ពី​ការប្រកួត​នេះ ក៏ Bournemouth មិនអាច​ឡើង​ផុតពី​ចំណាត់ថ្នាក់​ទី19 ក្នុង​តារាង​ឡើយ។

    ក្រុម​ទាំងពីរ​នឹងត្រូវ​ជួបគ្នា​ម្តងទៀត​នៅឯ​កីឡដ្ឋាន Vitality នៅ​ថ្ងៃ​អង្គារ​ក្នុង​ជុំ​ទី 3 នៃ​ក្របខណ្ឌ EFL Cup

  • ហ្គេម​អ្នកស៊ើប​អង្កេត ដែល​សូម្បីតែ​អ្នកស៊ើប​អង្កេត ឬ​ប៉ូលិស​មួយចំនួន​ក៏​រក​មិនឃើញ​ដែរ

    ហ្គេម​អ្នកស៊ើប​អង្កេត ដែល​សូម្បីតែ​អ្នកស៊ើប​អង្កេត ឬ​ប៉ូលិស​មួយចំនួន​ក៏​រក​មិនឃើញ​ដែរ

    ហ្គេម​ស៊ើបអង្កេត​គឺជា​ហ្គេម​ដែល​ចាំបាច់​ត្រូវ​ប្រើការ​សង្កេត ភាពឈ្លាសវៃ ការថ្លឹងថ្លែង​រក​ភាព​ដែល​អាចទៅរួច និង​ចំណេះដឹង​ជុំវិញខ្លួន​ខ្ពស់ ដូច្នេះ​បើ​លោកអ្នក​ជឿជាក់​លើ​ខ្លួនឯង​ថា ជាម​នុស្ស​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​នោះ ថ្ងៃនេះ​គេហទំព័រ ឡា​រ៉ែ​ន​ សូម​នាំ​លោកអ្នក​មកលេង​ហ្គេម​អ្នកស៊ើប​អង្កេត​ដូចខាងក្រោម​នេះ។ ចូរ​សង្កេតមើល​រូបភាព និង​អាន​សំណួរ​ឱ្យបាន​ច្បាស់ រួចហើយ​យើង​នាំគ្នា​មក​មើលថា តើ​លោក​អ្នកមាន​សមត្ថភាព​អាច​រកឃើញ​ចម្លើយ​ដែល​ល្អ និង​ត្រឹមត្រូវ​បំផុត​បានដែរ​ឬទេ?

    (ចំពោះ​អ្នកចូលរួម​លេង​ហ្គេម​នេះ ហើយ​ឆ្លើយ​ត្រូវ ឬ​រកឃើញ​ចម្លើយ​ដែល​ល្អ និង​ត្រឹមត្រូវ​បំផុត​នោះ ឡា​រ៉ែ​ន នឹងមាន​រង្វាន់​ជាទី​គាប់ចិត្ត​ចំនួន 1 រង្វាន់ ដូច្នេះ​សូម​មិត្ត​អ្នកអាន​ដែល​គិតថា ខ្លួនឯង​មាន​ភាពឆ្លាតវាងវៃ ប៉ិន​សង្កេត និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នោះ សូម​ឆ្លើយ​នៅក្នុង​Comment ព្រមទាំង​ដាក់​លេខ​ទូរស័ព្ទ​របស់លោក​អ្នក​មកជា​មួយ​ផង ដើម្បីឱ្យ​ក្រុមការងារ​របស់​គេហទំព័​រ ឡា​រ៉ែ​ន​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ទៅវិញ​ដើម្បី​ជូន​រង្វាន់។ ចំណែកឯ​ចម្លើយ គេហទំព័រ ឡា​រ៉ែ​ន​នឹង​ផ្សាយ​ជូន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ស្អែក)

    តើ​លោកអ្នក​ត្រៀមខ្លួន​រួចហើយ​ឬ​នៅ?  បើ​រួចរាល់​ហើយ…សូម​មើល​សំណួរ​ដូចតទៅៈ

    ឃាតកម្ម​ក្នុង​សាលារៀន

    ក្នុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល លោកគ្រូ​បង្រៀន​មុខវិជ្ជា​ភូមិវិទ្យា​មួយរូប​ត្រូវ​រង​អំពើ​ឃាតកម្ម​ដ៏​អាថ៌កំបាំង។ ប៉ូលិស​ចាប់​ជនសង្ស័យ​បាន​ចំនួន 4នាក់ រួមមាន អ្នក​មើលថែ​សួនច្បារ​ក្នុង​សាលា  លោកគ្រូ​បង្រៀន​មុខវិជ្ជា​គណិតវិទ្យា លោកគ្រូ​កីឡា និង​លោកគ្រូ​នាយក ដែល​នៅពេល​កើតហេតុ​ឃាតកម្ម​នោះ ទាំង 4នាក់ ​សុទ្ធតែ​អះអាងថា ខ្លួន​កំពុងធ្វើការ​ងាររៀងៗខ្លួន ដូចជា ៖
    – អ្នក​មើលថែ​សួនច្បារ អះអាងថា ខ្លួន​កំពុងតែ​កាត់​មែកឈើ និង​រៀបចំ​សួនច្បារ។
    – គ្រូ​គណិតវិទ្យា​អះអាងថា ខ្លួន​កំពុងតែ​កែ​លំ​ហាត់​ប្រឡង​របស់​សិស្ស។
    – គ្រូ​កីឡា​អះអាងថា ខ្លួន​កំពុងតែ​លេង​បាល់បោះ​នៅឯ​តារាង​បាល់។
    – លោកគ្រូ​នាយក​អះអាងថា ខ្លួន​កំពុងតែធ្វើការ​នៅក្នុង​បន្ទប់ធ្វើការ​របស់ខ្លួន​ឯង។

    ឃាតករ​ត្រូវបាន​ចាប់ខ្លួន​ភ្លាម​តែម្ដង​បន្ទាប់​ពោល​ពាក្យ​អះអាង​របស់ខ្លួន​រួច។  តើន​រណា​ជា​ឃាតករ​ដែល​សម្លាប់​លោកគ្រូ​ភូមិវិទ្យា និង​តើ​ហេតុ​អី​បាន​ប៉ូលិស​ដឹង?
    ស្រាវជ្រាវ និង​ជូន​រង្វាន់​ដោយ តា​វ៉ែនតា