Author: វល័ក្ខ

  • អ្វីដែល​អ្នក​គួរ​ដឹង​ក្នុង​វិស័យ​អចលនទ្រព្យ

    អ្វីដែល​អ្នក​គួរ​ដឹង​ក្នុង​វិស័យ​អចលនទ្រព្យ

    ដើម្បី​ឈរជើង និង​រកស៊ី​បានយូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ អ្នក​ត្រូវតែមាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុង​ការបង្កើត​ទំនាក់ទំនង និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ។ មនុស្ស​ជាច្រើន​បាន​និយាយថា ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺជា​រឿង​ងាយស្រួល និង​ឆាប់​មាន​បំផុត ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដូច​ការគិត​នោះទេ។ តើ​អ្នក​គួរតែ​យល់ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​អចលនទ្រព្យ?

    1/ សិក្សា​ពី​តម្លៃ​ក្នុងស្រុក

    នេះ​ជា​កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុងពេល​បច្ចុប្បន្ន នៅក្នុង​តំបន់នីមួយៗក្នុងប្រទេស​របស់​អ្នក ជាពិសេស​គឺ​តំបន់​កំពុងអភិវឌ្ឍន៍ និង​តំបន់​គ្រោង​អភិវឌ្ឍន៍ នៅពេលដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់ នោះ​អ្នកនឹង​ងាយស្រួល​ក្នុង​ការលក់ ឬ​ទិញ ដោយ​ទទួលបាន​ផលចំណេញ​ច្រើន។ អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ ជាពិសេស​ត្រូវ​ដឹងថា ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ?

    2/ មើលទៅ​តំបន់​ជាយក្រុង

    ជាការ​ពិតណាស់ នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូចទៅៗ នោះ​ក្រុម​អ្នកវិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង ដូច្នេះ អ្នក​ត្រូវ​ដឹងថា បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់​កម្រិតណា​ហើយ ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេលណា? នៅពេលដែល​អ្នក​ដឹងថា តំបន់​ជាយក្រុង​ណាមួយ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ នោះ​អ្នកនឹង​មើលឃើញ​ពី​ការរកស៊ី និង​ទទួលបាន​ផលចំណេញ​ពី​ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ។

    3/ ត្រូវ​តាមដាន​ព័ត៌មាន​ឱ្យបាន​ល្អិតល្អន់

    ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នឯកជន ឬ​រដ្ឋ ដើម្បី​ទទួលបាន​ព័ត៌មាន​នានា លើ​វិស័យ​អចលនទ្រព្យ ព្រោះ​អ្នកនឹង​ដឹងថា តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភ​វិ​ឌ្ឍ​ន៍ តំបន់​ណា​នឹងត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ។ មួយទៀត ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នរដ្ឋ អ្នក​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើន ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក៕

  • ស្វែងយល់​វិធី​ថែទាំ​សុខភាព​ជំងឺលើសឈាម

    ស្វែងយល់​វិធី​ថែទាំ​សុខភាព​ជំងឺលើសឈាម

    ជំងឺលើសឈាម ឬ​សម្ពាធ​ឈាម​លើស ភាគច្រើន​តែង​កើតមាន​លើ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី៤០ឆ្នាំ​ប្លាយ​ឡើងទៅ ដែល​ជំងឺ​ប្រភេទ​នេះ ធ្លាប់បាន​ឆក់យក​យកអាយុ​ជីវិត​អ្នកជំងឺ និង​ធ្វើ​ឲ្យ​អ្នកជំងឺ​រស់នៅ​ជាមួយ​ពិការភាព​មិនតិច​នាក់​នោះឡើយ។ យ៉ាងណាក៏ដោយ ចំពោះ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​គេ ក៏​នៅ តែមាន​វិធី​បង្ការ​ឬ​កាត់បន្ថយ​ភាព​ប្រឈម​ផងដែរ ដែល​លោកអ្នក​អាច​ស្វែងយល់​ជាមួយ​ឡា​រ៉ែ​ន​ដូចខាងក្រោម​នេះ៖

    រោគ​ស​ញ្ញាៈ

    ជំងឺលើសឈាម គឺ​បណ្តាលមកពី​កំណកខ្លាញ​នៅក្នុង​សរសៃឈាម​ច្រើន ដែល​បង្ក​ឱ្យ​ចរន្តឈាម​ក្នុង​រាងកាយ​មានដំណើរ​ការខុស​ប្រក្រតី ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុសពី​ធម្មតា និង​បណ្តាលឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ ឬ​ដាច់ អាចធ្វើឱ្យ​មនុស្ស​ស្លាប់ភ្លាមៗ ឬ​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ភាគច្រើន អ្នកមាន​ជំងឺលើសឈាម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់ តែងមាន​រោគសញ្ញា​ដូចជា រោយ​កញ្ចឹងក ឧស្សាហ៍​ងងឹតមុខ ឬ​វិលមុខ​ខ្លាំង ហ៊ឹង​ត្រចៀក ល្ហិតល្ហៃ​អស់កម្លាំង  ឈឺក្បាល​នៅពេល​យប់ ឬ​ពេល​ក្រោក​ពី​ទទួលទានដំណេក​ពេលព្រឹក​ព្រលឹម​ជាដើម។ ប៉ុន្តែ​អ្នកជំងឺ​លើសឈាម​ខ្លះ​ក៏​មិនបាន​បង្ហាញ​រោគសញ្ញា ឬ​ប្រតិកម្ម​អ្វី​ទាំងអស់ ពោលគឺ​អ្នកជំងឺ​មាន​សភាព​ធម្មតា​ក៏មានដែរ។ ចំពោះ​អ្នកមាន​ជំងឺលើសឈាម បើសិនជា​មិនបាន​ព្យាបាល​ទាន់ពេលវេលា​ទេ នោះ​អាការ​ជំងឺ​អាច​នឹង​បង្ក​គ្រោះថ្នាក់​កាន់តែ​ខ្ពស់ ឬ​អាច​បណ្ដាល​ជា​ជំងឺ​បេះដូង, ជំងឺ​តម្រងនោម​ចុះខ្សោយ និង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែលជា​ជំងឺ​ពិបាក​ព្យាបាល និង​ប្រឈម​នឹង​ការបាត់បង់​អាយុជីវិត។

    ការថែទាំ និង​ព្យាបាលៈ

    • របប​អាហា​រៈ អ្នកមាន​ជំងឺលើសឈាម​គួរ​កាត់បន្ថយ​ការទទួល​ទាន​ចំណីអាហារ​ទាំងឡាយ​យ​ណា​ដែល​សម្បូរ​ទៅដោយ​សារជាតិ​ស្ករ​ខ្ពស់, ខ្លាញ់​ច្រើន ឬ​ប្រៃ​ពេក​នោះទេ ព្រោះ​អាហារ​ទាំងអស់នេះ​សុទ្ធតែ​អាច​បង្ក​ឱ្យ​ជំងឺលើសឈាម​កាន់តែ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ងាក​មក​ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព និង​មិន​បង្ក​គ្រោះថ្នាក់​ដូចជា ប្រភេទ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ជំនួស​វិញ​ទើប​ល្អប្រសើរ។
    • ការ​រ​ធ្វើ​លំ​ហាត់ប្រាណៈ  ការព្យាយាម​ធ្វើ​លំ​ហាត់់ប្រាណ​ឲ្យ​បាន​ជាប់​ជាប្រចាំ ដូចជា​ការដើរ​លឿន  ឬ​រត់តិចៗ ក៏ដូចជា​សកម្មភាព​ទាំងឡាយណា​ដែល​អាច​បញ្ចេញ​ញើស ជម្រុះ​ជាតិពុល​ចេញពី​រាងកាយ​ប្រមាណ​ជា៣០នាទី​ក្នុង​មួយថ្ងៃ​ជាដើម។ ការព្យាយាម​អនុវត្ត​នូវ​សកម្មភាព​ទាំងអស់​ខាងលើនេះ វា​ពិត​ជាមាន​សារៈប្រយោជន៍​សម្រាប់​សុខភាព​រាងកាយ​ខ្លាំងណាស់ ក្នុង​ការជួយ​ដុតបំផ្លាញ​សារជាតិ​ពុល ជាតិ​ខ្លាញ់​អាក្រក់ និង​ជួយ​ធ្វើឱ្យ​អ្នកជំងឺ​អាច​រក្សា​នូវ​ស្ថេរភាព​ទំងន់​បានល្អ ហើយក៏​មិន​បង្ក​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ។
    • ការប្រើ​ឱសថៈ ចំពោះ​អ្នកមាន​ជំងឺលើសឈាម ក្រៅពី​អនុវត្ត​ដូច​ការណែនាំ​ខាងលើ​ឲ្យ​បាន​ជាប់​ជាប្រចាំ គឺ​ត្រូវតែ​ទទួលទាន​ឱសថ​ឱ្យបាន​ទៀងទាត់​ទៅតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ឬ​អ្នកជំនាញ​ឱ្យបាន​ត្រឹមត្រូវ។ ជាមួយគ្នានេះ​អ្នកជំងឺ​ក៏​ត្រូវតែទៅ​ជួប​ពិគ្រោះ ក៏ដូចជា​សុំ​ការប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​រៀងរាល់១ខែម្ដង ឬ៣ខែម្ដង ដើម្បី​តាមដាន​ពី​អាកា​រៈ​ជំងឺ ហើយ​ចំណុច​សំខាន់បំផុត អ្នកជំងឺ​មិនត្រូវ​ប្រើ​ឱសថ​ដោយ​គ្មាន​ការណែនាំ​ពី​សំណាក់​អ្នកជំនាញ​ជាដាច់ខាត។
    • បញ្ឈប់​ការទទួល​ទាន​ស្រា និង​បារីៈ អ្នកជំងឺ គួរ​ជៀសវាង​ការជក់បារី ឬ​ទទួលទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ ព្រោះ​សារជាតិ​ពុល​ដែលមាន​នៅក្នុង​បារី​ជាច្រើន​ប្រភេទ និង​សារជាតិ​អាល់កុល​នៅក្នុង​ស្រា គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​ជំងឺលើសឈាម​វិ​វ​ឌ្ឍ​ទៅរក​ភាព​ធ្ងន់ធ្ងរ និង​ពិបាក​ព្យាបាល​បំផុត។ ចំណុច​បន្ទាប់បន្សំ​ដែល​អ្នកជំងឺ​គួរតែ​អនុវត្ត​ផងដែរ​នោះ គឺ​ត្រូវ​កាត់បន្ថយ​នូវ​ភាព​តានតឹង មួម៉ៅ​នៅក្នុង​អារម្មណ៍ ហើយក៏​មិនត្រូវ​ធ្វើដំណើរ​តែម្នាក់ឯង​នោះដែរ ជៀសវាង​នៅពេល​អាការ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​ដូចជា វិលមុខ​មិនអាច​ទប់​ជំហរ​បាន​ដួល​បោក​ក្បាល បណ្ដាល​ឲ្យ​អាច​ដា​ច់ស​សៃ​ឈាម​ក្នុង​ខួរក្បាល, ក្លាយជា​ជនពិការ, ស្លាប់​មួយ​ចំហៀង​ខ្លួន ឬ​ស្លាប់ភ្លាមៗ ក៏មានដែរ។

    វិធី​ការពា​រៈ

    លោកអ្នក​អាច​ការពារ​ខ្លួន និង​ចាក​ចេញពី​ជំងឺលើសឈាម​បាន តាមរយៈ​ការថែទាំ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ រាប់បញ្ចូល​ទាំង​ការព្យាយាម​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាងតិច30នាទី​ក្នុង​មួយថ្ងៃ, កាត់បន្ថយ​ការទទួល​ទាន​អាហារ​ទាំងឡាយណា​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន, ប្រៃ​ខ្លាំង, ផ្អែម​ខ្លាំង, ក៏ដូចជា​ការប្រើ​ឱសថ​ជំនួយ​សុខភាព​បន្ថែម​ទៅតាម​វេជ្ជបញ្ជា​ផងដែរ។ នៅពេល​លោកអ្នក​បាន​អនុវត្ត​ត្រឹមត្រូវ​ទាំង3ចំណុចសំខាន់ៗនេះ នោះ​បញ្ហា​ជំងឺលើសឈាម​ពិតជា​គ្មាន​ឱកាស​មក​បៀតបៀន​លើ​ខ្លួន​របស់​អ្នក​ឡើយ៕

  • គន្លឹះ​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ប្រើប្រាស់​ដើមទុន​តិច

    គន្លឹះ​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ប្រើប្រាស់​ដើមទុន​តិច

    សហគ្រិន​ជា​ញឹកញាប់​មានគំនិត​ធ្វើ​អាជីវកម្ម​ដ៏​អស្ចារ្យ ប៉ុន្តែ​អ្វី​ដែលជា​ឧបសគ្គ​របស់​ពួកគាត់​គឺ​ការខ្វះ​ដើមទុន​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម។ ដើមទុន​គឺជា​រឿង​ដ៏​សំខាន់បំផុត​មួយ​ចំណោម​បញ្ហា​ទាំងអស់ ដើម្បី​បង្កើត​អាជីវកម្ម​មួយ​ឱ្យ​ដំណើរការ​ទៅមុខ​បាន។

    ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ប្រើប្រាស់​ដើមទុន​តិច៖

    1) ចូរ​បង្កើត​អាជីវក​ម្មណា ដែល​ប្រើ​ចំណេះ និង​ជំនាញ​របស់​អ្នក

    វា​អាចជា​ការចាប់ផ្ដើម​ដោយ​ប្រើ​ដើមទុន​តិច ឬក៏​គ្មាន​ដើមទុន នៅពេលដែល​អ្នកបើក​អាជីវក​ម្មណា ដែល​ដោយ​ប្រើ​ចំណេះ និង​ជំនាញ​ច្បាស់លាស់​របស់​អ្នក។ នៅពេល​អ្នកបង្កើត​អាជីវកម្ម​មួយ​ឡើង ដោយ​ប្រើ​ចំណេះ ជំនាញ និង​បទពិសោធន៍ នោះ​ការចំណាយ​ក្នុងការ​បង្កើត​អាជីវកម្ម​គឺ​អស់​តិច ហើយ​ភាពបរាជ័យ​ក៏មាន​តិច​ផងដែរ។ លើសពីនេះទៅទៀត នៅពេលដែល​អាជីវកម្ម​របស់​អ្នក​ត្រូវបាន​បង្កើតឡើង​ដោយ​ជំនាញ​ផ្ទាល់ខ្លួន នោះ​អ្នក​អាច​កាត់បន្ថយ​ការចំណាយ​មួយចំនួន​ទៅលើ​ទីប្រឹក្សា ជំនួយការ រួមទាំង​បុគ្គលិក។

    2) ជៀសវាង​ការចំណាយ​ណាមួយ​ដែល​មិនចាំបាច់

    នៅពេលដែល​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​មួយ អ្នកនឹង​មានការ​ចំណាយ​យ៉ាងច្រើន ហើយ​ការចំណាយ​ខ្លះ​មិនអាច​ជៀសផុត ដូច្នេះហើយ​អ្នក​ត្រូវ​គិត​ឱ្យបាន​ល្អិតល្អន់​ទៅលើ​ការចំណាយ​ដែល​ចាំបាច់ និង​ចំណាយ​មិនចាំបាច់។ ចូរ​សន្សំសំចៃ​នៅពេលដែល​អ្នក​កំពុងតែ​ចាប់ផ្ដើម​ជា​លើ​ដំបូង ពីព្រោះ​វា​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន ឬក៏​អាជីវកម្ម​របស់​អ្នក អាច​នឹង​ជួប​ការបរាជ័យ។ ចូរ​ប្រុងប្រយ័ត្ន និង​មានការ​កត់ត្រា​ឱ្យបាន​ត្រឹមត្រូវ​រាល់​ការចំណាយ​ទាំងអស់​របស់​ក្រុមហ៊ុន៕

  • សូម​រក​ខ្លួនឯង​ឱ្យឃើញ មុនពេល​សម្រេចចិត្តថា​រៀន​មុខវិជ្ជា​ណាមួយ

    សូម​រក​ខ្លួនឯង​ឱ្យឃើញ មុនពេល​សម្រេចចិត្តថា​រៀន​មុខវិជ្ជា​ណាមួយ

    ការជ្រើសរើស​មុខវិជ្ជា​សិក្សា​នៅ​មហាវិទ្យាល័យ ជា​រឿង​ស្មុគស្មាញ​មួយ​សម្រាប់​សិស្ស​ដែល​ទើបនឹង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ព្រោះថា​ពេលនេះ​ជា​ដំណាក់កាល​សម្រេច​ជោគវាសនា​ខ្លួនឯង​សម្រាប់​ថ្ងៃ​អនាគត ប្រសិនបើ​ពួកគេ​ជ្រើសរើស​ត្រូវ វា​ជា​គុណសម្បត្តិ​ដែលនាំឱ្យ​ជីវិត​ទទួលបាន​ជោគជ័យ តែ​ប្រសិនបើ​គេ​ជ្រើសរើស​ខុស​វិញ ពួកគេ​នឹងត្រូវ​ទទួល​នូវ​គ្រោះ​ធំ​មួយ​សម្រាប់​ជីវិត។

    សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស បណ្ឌិត ឯក មនោ​សែន បាន​លើកឡើងថា​សិស្ស​ដែល​ចង់​ជ្រើសរើស​ជំនាញ​សិក្សា​ឱ្យបាន​ត្រឹមត្រូវ​គួរ​សិក្សា​ពី​ឧបនិស្ស័យ សមត្ថភាព និង​លទ្ធភាព​ជាមុនសិន ដើម្បីឱ្យ​ផ្លូវ​ដែល​ត្រូវ​ដើរ​មាន​ភាពរលូន និង​ទទួលបាន​ជោគជ័យ​ខ្ពស់​ក្នុង​ដំណើរ​ជីវិត។

    លោក​បាន​បញ្ចាក់​ផងដែរ​ថា មនុស្សម្នាក់ៗមាន​ឧបនិស្ស័យ​ផ្សេងគ្នា ហេតុនេះ​ការដែល​គាត់​ជ្រើសរើស​មុខវិជ្ជា​ណាមួយ​ដែល​ត្រូវ​នឹង​ឧបនិស្ស័យ​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​គាត់​ខិតខំ​ប្រឹងប្រែង​ខ្លាំង តែ​ក៏ត្រូវ​មើល​លើ​លទ្ធភាព​ផងដែរ ព្រោះ​មុខវិជ្ជា​ដែល​គាត់​ស្រឡាញ់​មួយចំនួន​ត្រូវ​ចំណាយ​ច្រើន ហេតុនេះ​សិស្ស​គួរ​គិតគូរ​ឱ្យ​ច្បាស់​មុនពេល​សម្រេចចិត្ត។

    ស្រដៀង​គ្នា​នេះដែរ​លោក លោក ហួរ តុលា ស្ថាបនិក​កម្មវិធី​ជជែក​តស៊ូ​មតិ The Perspectives Cambodia បាន​លើកឡើងថា អ្នកសិក្សា​គួរ​គិតពី​ខ្លួនឯង​ឱ្យបាន​ច្បាស់​មុនពេល​ដែល​យើង​សម្រេចចិត្ត​ជ្រើសរើស​យកមុខ​វិជ្ជា​សិក្សា​ណាមួយ។ មនុស្សម្នាក់ៗមាន​ថាមពល និង​ចំណុចខ្លាំងរៀងៗខ្លួន ហើយ​ចំណុចខ្លាំង​របស់​មនុស្ស​ម្នាក់​អាចធ្វើ​ការងារ​បាន​ច្រើន​ប្រភេទ​ក្នុង​ទម្រង់​តែមួយ ដូចជា​មនុស្ស​ដែល​ស្រឡាញ់​វិទ្យាសាស្ត្រ​សង្គម​គាត់​អាចធ្វើ​ការងារ​បាន​ច្រើនបែប​នៅក្នុង​ជំនាញ​នេះ។

    លោក ហួរ តុលា បាន​និយាយថា៖ «ជម្រើស​ល្អ​បំផុត​គឺ​ស្វែងរក​ខ្លួនឯង​ឱ្យឃើញថា​ស្រឡាញ់​ទម្រង់​បែបណា​បន្ទាប់មក សម្លឹងមើល​ទីផ្សារ​ស្របពេល​ជាមួយគ្នា ហើយ​ជ្រើសរើស​ជំនាញ​ណា​ដែល​ត្រូវ​ជាមួយ​ខ្លួនឯង ហើយ​មាន​ទីផ្សារ​ខ្ពស់»។

    កញ្ញា អៀង លីន​ដា ប្រធាន​ក្រុម Life Group បាន​ថ្លែងថា សិស្ស​គួរ​ចំណាយ​ពេលវេលា​ដើម្បី​ស្តាប់​បេះដូង​ខ្លួនឯង ព្រោះ​រាល់​សំឡេង​ខាងក្រៅ​គ្រាន់តែ​ជា​យោបល់​ដែល​មនុស្ស​ដទៃ​មើលឃើញ​ពី​យើង​ខ្លួនឯង ប្រសិនបើ​យើង​រវល់​តែ​ស្តាប់​សំឡេង​គេ​ឱ្យយោបល់​ច្រើនពេក គាត់​អាច​ភ្លេច​ពី​ចំណង់​ចំណូលចិត្ត ឬ​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​ខ្លួនឯង ហេតុនេះ​គាត់​គួរ​ចំណាយពេល​គិតពី​អ្វីដែល​គាត់​ស្រឡាញ់​ពិតប្រាកដ​ដើម្បី​ស្វែងរក​សក្តានុពល​ក្នុង​ខ្លួន​របស់​ខ្លួនឯង ហើយ​ទាញយក​យោបល់​ពី​ជុំវិញខ្លួន​មក​សំយោគ​ដើម្បី​ជា​ប្រភពព័ត៌មាន​សម្រាប់​ការពិចារណា​ក្នុង​ជីវិត មុនពេល​ជ្រើសរើស​ជំនាញ​សិក្សា៕

  • លោក សោម សុធា៖ « មនុស្ស​ដែល​គ្រាន់តែ​ចែកពេល​រៀន និង​ស្ម័គ្រចិត្ត​ឱ្យ​ប៉ះពាល់​ដែរ អន់​បំផុត»

    លោក សោម សុធា៖ « មនុស្ស​ដែល​គ្រាន់តែ​ចែកពេល​រៀន និង​ស្ម័គ្រចិត្ត​ឱ្យ​ប៉ះពាល់​ដែរ អន់​បំផុត»

    ការធ្វើការងារ​ស្ម័គ្រចិត្ត ជាការ​ងារ​ដែល​គ្មាន​ចំណូល តែ​ការងារ​នេះ​ជាទូទៅ​គេ​សង្កេតឃើញថា​មាន​យុវជន​មួយចំនួនធំ​ចូលចិត្ត​ធ្វើ​វា ខណៈ​មាន​យុវជន​មួយចំនួនទៀត​គិតថា​ការធ្វើការងារ​ស្ម័គ្រចិត្ត​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការសិក្សា ហើយ​មិនគួរ​ធ្វើ​វា​នោះទេ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សោម សុធា  ប្រធាន​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន Forval (Cambodia) Co., Ltd បាន​លើកឡើងថា ការធ្វើការងារ​ស្ម័គ្រ​ចិត្តជា​ចំណុច​អាទិភាព​មួយ​ដែល​និស្សិត​គួរ​ធ្វើ​ព្រោះថា ភាពជា​និស្សិត​មិនមែន​ត្រូវធ្វើ​ការងារ​យក​មានបាន​នោះទេ តែ​ត្រូវធ្វើ​ការងារ​ដើម្បី​ស្វែងរក​បទពិសោធ​សម្រាប់​ជីវិត​សិក្សា និង​ការងារ​នៅ​ថ្ងៃ​អនាគត។ នៅក្នុង​ដំណើរ​ជីវិត​ត្រូវ​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​ដែល​មនុស្សម្នាក់ៗត្រូវ​ប្រឈម និង​មាន​ភាព​តស៊ូ ហើយ​ជីវិត​សិក្សា គ្រាន់តែ​ជា​ដំណាក់កាល​ចាប់ផ្តើម​តែប៉ុណ្ណោះ។

    លោក សោម សុធា បាន​និយាយថា៖ «អ្នក​ដែល​គ្រាន់តែ​ចែកពេល​រៀន និង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ឱ្យ​ប៉ះពាល់​ដល់​ខ្លួនឯង​ដែរ​ជា​មនុស្ស​អន់​បំផុត ព្រោះ​ពួកគេ​មិនអាច​ធ្វើបាន​សូម្បីតែ​រឿង​តូច​មួយ​ក្នុង​ជីវិត​សិក្សា។ តើ​ពួកគេ​អាច​នឹង​ប្រឈមមុខ​ជាមួយនឹង​បញ្ហាធំៗនៅ​ថ្ងៃ​អនាគត​យ៉ាងម៉េច​នឹង​កើត?»។

    អ្នកជំនាញ​បណ្តុះបណ្តាល​ធនធានមនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា យុវជន​គួរ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឱ្យបាន​ច្រើន តែ​ធ្វើឱ្យ​ត្រូវ​នឹង​អ្វីដែល​យើង​កំពុង​រៀន ហើយ​កុំ​បារម្ភ​ពី​ផលប៉ះពាល់ ព្រោះ​បើ​គ្រាន់តែ​រៀន​សោះ ហើយ​ឆ្លៀត​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​ដែរ អ្នកនោះ​មិនទាន់​រាប់​ថា​ខ្លាំង​នោះទេ។ ការដែល​សិក្សា​ផង និង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ក្នុងពេល​តែមួយ គឺ​រាប់​ថា​យើង​កំពុងធ្វើការ​ងារ​តែ2 ប៉ុណ្ណោះ បើ​យើង​ធ្វើ​មិនកើត នោះ​វា​បង្ហាញ​ពី​ចំណុច​មិន​រឹងមាំ​របស់​យើង ព្រោះថា​នៅ​ថ្ងៃ​អនាគត យើង​ត្រូវ​ទទួលបន្ទុក​ច្រើនជាង 2 ហើយ​មាន​ការងារ និង​ដំណាក់កាល​តស៊ូ​ជម្នះ​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវធ្វើ។

    បើតាម​លោក​សុធា លោក​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឱ្យបាន​ខ្លាំង និង​តស៊ូ​ជម្នះ​ឧបសគ្គធំៗក្នុង​ជីវិត​ដោយ​ខ្លួនឯង ដើម្បី​ត្រៀមខ្លួន​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដែល​ពោរពេញ​ទៅដោយ​ថាមពល​សម្រាប់​បម្រើការ​ងារ ឬ​បង្កើត​អាជីវកម្ម​ប្រកបដោយ​សក្តានុពល​នៅក្នុង​សង្គម៕

  • ឧកញ៉ា គួច ម៉េង​លី៖ «អ្នករៀន​គ្រប់គ្រង តិច​ណាស់​ដែល​រកស៊ី​ខ្លួនឯង»

    ឧកញ៉ា គួច ម៉េង​លី៖ «អ្នករៀន​គ្រប់គ្រង តិច​ណាស់​ដែល​រកស៊ី​ខ្លួនឯង»

    សហគ្រិន​ភាពជា​មុខវិជ្ជា​ដែល​សិស្ស​នាពេល​បច្ចុប្បន្ន​ចាប់អារម្មណ៍​ច្រើន​បំផុត ហើយ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​សិស្ស​ជាង 60% ចាប់ផ្តើម​ជ្រើសរើស​មុខវិជ្ជា​គ្រប់គ្រង​ដែល​ក្នុងនោះ​មាន​និស្សិត​មួយចំនួន​បានសម្រេច​គោលដៅ​របស់ខ្លួន​ជា​ម្ចាស់​អាជីវកម្ម និង​មួយចំនួន​ផ្សេងទៀត​បាន​ចូលទៅ​ធ្វើការ​ឱ្យគេ​នៅតាម​ក្រុមហ៊ុន ឬ​សហគ្រាស​នានា។

    លោក​ឧកញ៉ា គួច ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន Mengly J Qouch Group បាន​បង្ហាញថា តាម​ការស្រាវជ្រាវ​បានបង្ហាញ​ឱ្យដឹងថា អ្នករៀន​ផ្នែក​ពាណិជ្ជកម្ម​ភាគតិច​ណាស់​ដែល​ធ្វើ​ជំនួញ​ខ្លួនឯង តែ​ពួកគេ​ភាគច្រើន​គឺ​ធ្វើការ ឬ​គ្រប់គ្រង​អាជីវកម្ម​ឱ្យគេ។

    លោក​ឧកញ៉ា គួច ម៉េង​លី បាន​មានប្រសាសន៍ថា៖ «បើ​ចង់​រកស៊ី ត្រូវ​រៀន​អ្វីដែល​ថ្មី​ជាងគេ ហើយ​មិនទាន់​មាននៅ​ស្រុក​ខ្មែរ មិនមែន​រៀន​តែ​គ្រប់គ្រង​នោះទេ។ ម្យ៉ាងវិញទៀត អ្នក​ដែល​ជំនាញ​លើ​ផ្នែក​អ្វីមួយ​ទើប​អាចបង្កើត​ផលិតផល​ថ្មី​មួយ​សម្រាប់​រកស៊ី​បាន ហេតុនេះ​សូម​ព្យាយាម​ចាប់យក​ជំនាញ​ណាមួយ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ចេញមក​រកស៊ី»។

    សហគ្រិន​ល្បីឈ្មោះ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ជា​ឧទាហរណ៍ នៅ​ជុំវិញខ្លួន​យើង យើង​ឃើញថា​ទឹក​សុទ្ធ​ដែល​យើង​ទទួលទាន រួមទាំង​របស់របរ​ទាំងអស់​ទៀត​កើតចេញពី​អ្នកជំនាញ ហេតុនេះ​បើ​គ្មាន​ជំនាញ ក៏​គ្មាន​អ្វីដែល​ត្រូវ​រកស៊ី​ដែរ។ បើ​មិន​សិក្សា​ពី​ជីវវិទ្យា ហើយ​គ្មាន​អ្នកស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ក៏​គ្មាន​ផលិតផល​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យើង​បានដែរ។ ហេតុនេះ​បើ​ចង់​រកស៊ី ត្រូវ​បង្កើន​ចំណេះដឹង​ខ្លួនឯង​ឱ្យ​ច្បាស់ ហើយ​បង្កើត​អ្វីមួយ​ឱ្យបាន បន្ទាប់មក​យក​វា​ធ្វើជា​ផលិតផល​សម្រាប់​រកស៊ី​ដែល​ប្លែក និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត៕

  • ការដើរ​កម្សាន្ត​ក្នុងឱកាស​ភ្ជុំបិណ្ឌ​ធ្វើ​ឲ្យ​ចរន្ត​ទិញ-លក់​ដីធ្លី​កើនឡើង

    ការដើរ​កម្សាន្ត​ក្នុងឱកាស​ភ្ជុំបិណ្ឌ​ធ្វើ​ឲ្យ​ចរន្ត​ទិញ-លក់​ដីធ្លី​កើនឡើង

    ភ្នំពេញៈ ការធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត និង​ដើរ​កម្សាន្ត​ទៅតាម​បណ្តា​ខេត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ជួយ​ធ្វើ​ឲ្យ​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​កើនឡើង។

    អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី18 កញ្ញា​នេះ​ថា អ្វី​ជា​កត្តា​ចម្បង គឺ​សន្តិសុខ​ដែល​នាំ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​នយោបាយ​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច ជាក់ស្តែង​នៅ​ឆ្នាំនេះ​យើង​ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​បានចេញ​ដើរ​កម្សាន្ត​ក្នុងស្រុក និង​ក្រៅប្រទេស​ច្រើនជាង​មុន​ខ្លាំង។ លោក​បន្តថា ក្រៅពី​ដើរ​កម្សាន្ត​ហើយ ប្រជាពលរដ្ឋ​ក៏​គិតពី​ការវិនិយោគ​ដែរ​ដោយសារ​ប្រាក់ចំណូល​របស់​ពួកគេ​កើនឡើង ហេតុនេះ​ពួកគេ​សម្លឹង​រកមើល​អចលន​ទ្រព្យ​សម្រាប់​កូនចៅ​របស់​ពួកគេ ហើយ​អ្នក​រៀបការ​ថ្មីថ្មោង​ក៏​គិតពី​ជម្រក​របស់​ពួកគេ​ដែរ។

    លោក​បន្តថា “ការដើរ​កម្សាន្ត​នៅ​រដូវ​បុណ្យ​ភ្ជុំ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ចរន្ត​ដីធ្លី​កើនឡើង​ដែរ ប៉ុន្តែ​កម្លាំងចលករ​សំខាន់បំផុត គឺ​កំណើនសេដ្ឋកិច្ច និង​ប្រាក់ចំណូល ព្រមទាំង​លំហូរ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ទៅវិញ​ទេ​ដែល​ធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ដីធ្លី​កើនឡើង និង​ធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង។

    លោក​ គីម ហ៊ាង ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ការ​ចេញពី​រាជធានី​ភ្នំពេញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទៅកាន់​ស្រុកកំណើត​នៅតាម​បណ្តា​ខេត្ត និង​ដើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន​នានា​អាចធ្វើ​ឲ្យ​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​កើនឡើង ព្រោះ​អ្នក​ទៅ​ពី​រាជធានី​ភ្នំពេញ អាច​ចំណាយ​ប្រាក់​ចន្លោះ​ពី5ពាន់​ទៅ1ម៉ឺន​ដុល្លារ​រក​ទិញ​ដី​ល្អ​បាន ផ្ទុយទៅវិញ​បើ​ចំណាយលុយ​ប៉ុណ្ណឹង​នៅ​រាជធានី​ភ្នំពេញ គឺ​មិនអាច​ទិញ​អ្វី​បាន​នោះទេ។

    លោក​បន្តថា “អ្នកខ្លះ​មាន​ប្រាក់​ពួកគេ​ក៏​ចាប់អារម្មណ៍​ទិញ​ដី​ទុក​នៅ​ស្រុកកំណើត​របស់ខ្លួន ទុក​ធ្វើ​អ្វីមួយ​នាពេល​អនាគត ឬ​ដាំ​ដំណាំផ្សេងៗដែល​ធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ដីធ្លី​កើនឡើង​ជា​ស្វ័យប្រវត្តិ។

     

    ទោះជា​យ៉ាងណា​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong មិនសូវមាន​សុទិដ្ឋិនិយម​ខ្ពស់​ឡើយ ដោយ​លោក​បាន​លើកឡើងថា នេះ​ជា​ពិធីបុណ្យ​ប្រពៃណីជាតិ​ដែលមាន​ការជួបជុំ​បងប្អូន​សាច់ញាតិ​ជាធម្មតា ដែល​មិន​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ណាមួយ​ជា​ដុំកំភួន​ក្នុង​ចរន្ត​នៃ​ការដោះដូរ​ដីធ្លី​នោះទេ ព្រោះ​ពេល​ភ្ជុំ​ជា​ពេល​សប្បាយរីករាយ​ច្រើនជាង ប៉ុន្តែ​ចរន្ត​នៃ​ការទិញ​ដូរ​អាច​កើតឡើង​ក្រោយ​ពិធីបុណ្យ​នេះ​បញ្ចប់។

    លោក​បន្តថា “សម្រាប់​ខ្ញុំ​យល់ថា វា​មិនមាន​អ្វី​កើន​ឡើងជា​ដុំកំភួន​នោះទេ​ក្នុង​ចរន្ត​នៃ​ការទិញ​លក់ ឬ​ដោះដូរ​អចលនទ្រព្យ​ដទៃទៀត៕

  • កម្ពុជា-ថៃ គ្រោង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន 4បន្ថែមទៀត

    កម្ពុជា-ថៃ គ្រោង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន 4បន្ថែមទៀត

    ភ្នំពេញ – ខណៈដែល​ថៃ និង​កម្ពុ​ជាមាន​គម្រោង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​ដល់ 15,000លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​ឆ្នាំ 2020ខាងមុខ​នោះ ថ្មីៗនេះ​ភាគី​ទាំងពីរ​ក៏បាន​គ្រោង​នឹង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន4បន្ថែមទៀត​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ដំណើរការផ្សេងៗ ខណៈ​គេ​មើលឃើញថា ច្រកព្រំដែន​អន្ដរជាតិ​ប៉ោយប៉ែត​ចាប់ផ្ដើម​មានការ​កកស្ទះ។

    ឯកឧត្ដម Nuthavudh Photisaro ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា ការបើក​ច្រកព្រំដែន​បន្ថែម​ទាំង​បួន​នេះ​នឹង​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជួយ​សម្រួល​ដល់​ដំណើរ​ឆ្លងកាត់​របស់​ភ្ញៀវទេសចរ​ក្នុងការ​ចេញចូល​ឆ្លងកាត់​ទៅមក​រវាង​ប្រទេស​ទាំងពីរ។

    ឯកឧត្ដម​បញ្ជាក់ថា ដោយសារតែ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ និង​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​អាច​ដើរ​ទៅដល់​ផែនការ​ទើប​ធ្វើឱ្យ​មានការ​ឈានទៅ​បើក​ច្រកព្រំដែន​អន្ដរជាតិ​ទាំង​បួន​បន្ថែមទៀត​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ទាំងនោះ។

    គួរ​បញ្ជាក់ថា ច្រកព្រំដែន​អន្ដរជាតិ​ទាំង​បួន​ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​រយៈពេល​ណាមួយ​ខាងមុខ​ទៀត​នោះ​មានដូចជា៖

    ទី1 ច្រក​អានសេះ ខេត្ដ​ព្រះវិហារ ជាប់​ច្រក​អាន​ម៉ា ស្ថិត​ខេត្ដ​កាន់​វ័ន​ឡា​សុថា​នី។
    ទី2 ច្រក​ជប់​គគី ខេត្ដ​ឧត្ដរមានជ័យ ជាប់​ច្រក​សែ​ទូ​គោ ខេត្ដ​ប៊ុ​រី​រ៉ាំ។
    ទី3 ច្រក​ភ្នំ​ដី ខេត្ដ​បាត់ដំបង ជាប់​ច្រក​ខៅ​ឌី​ន ខេត្ដ​ស្រះកែវ ។
    ទី4 ច្រក​ថ្មដា ខេត្ដ​ពោធិសាត់ ជាប់​ច្រក ថា​សេន ខេត្ដ​ស្រះកែវ៕

  • កម្ពុជា​ទទួលបាន​ពានរង្វាន់​ពីរ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ

    កម្ពុជា​ទទួលបាន​ពានរង្វាន់​ពីរ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ

    ភ្នំពេញ៖ ដោយ​ឈរលើ​កំណើនសេដ្ឋកិច្ច និង​លំហូរ​ចូល​វិនិយោគ​កាន់តែច្រើនឡើងៗ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ​ប្រទេស​កម្ពុជា​ត្រូវបាន​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រគល់ជូន​នូវ​ពានរង្វាន់​ចំនួន​ពីរ។

    ការផ្តល់​ពានរង្វាន់​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី14 ដែល​បាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី12 ដល់ទី15 ខែកញ្ញា នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ដោយ​ពានរង្វាន់​ទាំងពីរ​នោះ​រួមមាន ៖

    1.ពានរង្វាន់​ស្តីពី​ការរៀបចំ​វេទិកា​នៃ​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​សហប្រតិបត្តិ​ការល្អ​បាន​បំផុត “Best Promotion on Investment Cooperation Award” ។

    និង2.ពានរង្វាន់​ស្តីពី​ការរៀបចំ​ក្រុមហ៊ុន និង​សហគ្រាស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ខាងលើ​បានល្អ​បំផុត “Best Industry Organizer Award”។

    មូល​ហេតុដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​ពានរង្វាន់​ទាំងពីរ​នេះ ដោយសារតែ​កម្ពុជា​បាន​គោរព​នូវ​បទ​ប្ប​ញ្ញ​តិ និង​លក្ខខណ្ឌ​នានា​របស់​គណៈកម្មការ​រៀបចំ​ពិព័រណ៍​ដែលមាន​ដូចជា៖ ការរៀបចំ​ពន្លា​ជាតិ, ការរៀបចំ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម, ការតុបតែង​លម្អ​ស្តង់​ពិព័រណ៍, ការជ្រើសរើស​គុណភាព​ផលិតផល និង​សេវាកម្ម ព្រមទាំង​ការរៀបចំ​គណៈប្រតិភូ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ជាដើម។

    តាមរយៈ​ពានរង្វាន់​ទាំងពីរ​នេះ គឺជា​មោទនភាព​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល ហើយ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងពាណិជ្ជកម្ម​សូម​ចូលរួម​ត្រេកអរ​ជាមួយ​ប្រជាជន​កម្ពុជា និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ធុរជន និង​ពាណិជ្ជករ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​សហការ​ចូលរួម​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ។

    សូមបញ្ជាក់ថា ស្ដង់​ទំនិញ​របស់​ក្រុមហ៊ុន ពាណិជ្ជករ និង​អាជីវករ​កម្ពុជា​ដែល​បាន​មាន​ចំនួន 122ស្ដង់​ដោយ​រៀបចំ​ជា​ខ្លោងទ្វារ​ពន្លា​ជាតិ​របស់​កម្ពុជា​ដែល​បានជ្រើសរើស​យក​ខេត្តព្រះវិហារ​ជា​តំណាង​ក្នុង​ប្រធានបទ «រួមគ្នា​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី21 និង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​វិស័យ​ទេសចរណ៍»។

    ពន្លា​ជាតិ​កម្ពុ​ជាមាន​ខ្លោងទ្វារ​សង់​តាម​រចនាប័ទ្ម​ប្រាសាទព្រះវិហារ​អមដោយ​របង​ទាំងសងខាង​ដែលមាន​ការតុបតែង​តាម​រចនាប័ទ្ម​ប្រាសាទព្រះវិហារ និង​រំលេច​ដោយ​រូបភាព​នៃ​ទេសភាព​ឆ្នេរសមុទ្រ ប្រាសាទសំបូរព្រៃគុក និង​រួប​ភាព​ប្រាសាទអង្គរវត្ត។ ក្នុងនោះ​កម្ពុជា មាន​ឆាក​សម្តែង​សិល្បៈ​នៅ​ចំ​កណ្តាល ហើយ​ផ្ទាំង​ទេសភាព​នៅ​ខាងក្រោយ​ឆាក​សម្តែង​សិល្បៈ​ជា​រូប​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ ហើយ​នៅ​ផ្នែក​ខាងលើ​មាន​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា។

    ក្នុង​ពន្លា​ជាតិ​ក៏មាន​ការតាំង​បង្ហាញ​នូវ​ផលិតផល​សក្តានុពល​ចម្រុះ​ទាក់ទង​នឹង​ផលិតផល​កសិកម្ម ក​សិ-ឧស្សាហកម្ម និង​ឯកសារ​ស្តីពី​សម្មភាព​ជំរុញ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​នានា ហើយ​និង​មានការ​សម្តែង​សិល្បៈ​ជាប្រចាំ​នៅ​ទីនោះ​ផងដែរ៕

  • ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់រៀល​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច 

    ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់រៀល​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច 

    ភ្នំពេញ៖ នៅក្នុង​រយៈពេល​ពី​រទ​ស​វត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​រក្សាបាន​ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់រៀល​ល្អប្រសើរ​ដែល​បានរួម​ចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា។

    របាយការណ៍​បង្ហាញថា អតិផរណា​មាន​អត្រា​ជា​មធ្យម 3,8% ហើយ​អត្រា​ប្តូរប្រាក់​មាន​កម្រិត​ជា​មធ្យម 4,000 រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក។ ក្នុងស្ថានភាព​ដែល​សេដ្ឋកិច្ចកម្ពុជា​មាន​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់ គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ ពឹងផ្អែក​ជា​ចម្បង​លើ​ការរក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់។

    ស្ថិរភាព​អត្រា​ប្តូរប្រាក់​រក្សា​អំណាច​ទិញ​របស់​ប្រាក់រៀល និង​រួមចំណែក​រក្សា​អត្រា​អតិផរណា​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន។ ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​ដោយ​ផ្គត់ផ្គង់​ប្រាក់រៀល​ស្របតាម​ស្ថានភាព​ទីផ្សារ ក្នុង​គោលបំណង​បញ្ចៀស​នូវ​បម្រែបម្រួល​ខ្លាំង​នៃ​អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក ដែល​កើតចេញពី​កត្តា​រដូវ​កាល ដូចជា​តម្រូវ​ការប្រាក់​រៀល​សម្រាប់​ការបង់ពន្ធ និង​ការទិញ​កសិផល ជាដើម។

    គួរ​បញ្ជាក់ថា នៅក្នុង​រយៈពេល6ខែ ដើមឆ្នាំ2017នេះ អត្រា​អតិផរណា​មាន​កម្រិត​ជា​មធ្យម 3,5% ដោយបាន​ថយចុះ​ពី​ប្រមាណ 4,4% កាលពី​ខែមករា មក 2,3% នៅ​ខែមិថុនា ឆ្នាំ2017។ ទន្ទឹមនេះ អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​ជា​មធ្យម​មាន​កម្រិត 4,037 ដោយមាន​ការប្រែប្រួល​ត្រឹមតែ -0,2% ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំមុន។ នៅ​ឆ្នាំ2017 អត្រា​អតិផរណា​ជា​មធ្យម​រំពឹងថា មាន​កម្រិត 3%។

    ដើម្បី​បន្ត​រួមចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន និង​ទន់ភ្លន់ ដើម្បី​បន្ត​រក្សា​អត្រា​អតិផរណា​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប តាមរយៈ​ការរក្សា​ស្ថិរភាព​អត្រា ប្តូរប្រាក់ និង​គ្រប់គ្រង​ការផ្គត់ផ្គង់​រូបិយវត្ថុ ស្របតាម​ការរីកចម្រើន​សកម្មភាព​សេដ្ឋកិច្ចជាតិ៕