Author: វល័ក្ខ

  • អភិបាលខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​សណ្ឋាគា​រ​បន្ថែម

    អភិបាលខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​សណ្ឋាគា​រ​បន្ថែម

    ភ្នំពេញៈ ស្របពេល​កំណើន​នៃ​ការ​ទៅដល់​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ អភិបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​ចូលទៅ​វិនិយោគ សាងសង់​សណ្ឋាគារ​ក្នុង​ខេត្ត​នៃ​តំបន់ឆ្នេរ​នេះ។

    លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នាពេលថ្មីៗនេះ​ថា ខេត្ត​ព្រះសីហនុ​កំពុង​ខ្វះ​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​ជាប្រចាំ ពិសេស​ចុង​សប្តាហ៍ និង​ពិធី​បុណ្យទាន​នានា ហេតុនេះ​បើ​អ្នកវិនិយោគ​ណា​មាន​ល​ទ្ឋ​ភាព​សូម​មក​វិនិយោគ​សាងសង់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​នៅក្នុង​ខេត្ត​នេះ ហើយ​លោក​ជឿជាក់ថា ការវិនិយោគ​បែបនេះ​នឹង​ទទួលបាន​ជោគជ័យ និង​ប្រាក់ចំណេញ​ខ្ពស់។

    លោក​បន្តថា “បច្ចុប្បន្ន​សណ្ឋាគារ​ជាច្រើន ត្រូវបាន​ជួល​ដោយ​ជនជាតិ​ចិន ធ្វើ​កាស៊ីណូ ដែល​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​សណ្ឋាគារ​មានការ​ខ្វះខាត​ខ្លាំង ស្របពេល​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បានមក​ទស្សនា​ខេត្ត​នេះ កើនឡើង​ជាប្រចាំ។

    លោក​បន្តថា “ខេត្ត​ព្រះសីហនុ កំពុង​បង្ហាញ​សក្តានុពល​លើ​វិស័យ​ជាច្រើន ដែល​ខ្ញុំ​គិតថា​រយៈពេល 5ឆ្នាំ​ខាងមុខ ខេត្ត​នេះ​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី2បន្ទាប់ពី​រាជធានី​ភ្នំពេញ។

    ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ថ្លែងថា ចំនួន​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ ពិតជា​ប្រឈមមុខ​នឹង​ការខ្វះខាត​មែន​នាពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​សណ្ឋាគារ​ចន្លោះ​ពី 2000 ទៅ 3000បន្ទប់​ទៀត​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ 2018- 2019ខាងមុខនេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សណ្ឋាគារ​លែង​សូវ​ចោទ​ជា​បញ្ហា​ហើយ។

    លោក​បន្តថា “ចាប់តាំងពី​តំបន់ឆ្នេរ​ត្រូវបាន​ដាក់​ប​ញ្ចួ​ល​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាងគេ​នៅលើ​ពិភពលោក ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មានការ​កើនឡើង​យ៉ាងច្រើន។ លោក​បន្តថា “ខេត្ត​ព្រះសីហនុ កំពុង​បង្ហាញ​សក្តានុពល​យ៉ាងខ្លាំង រាប់​តាំងពី​កំពង់ផែ ព្រលានយន្តហោះ ការតភ្ជាប់​ផ្លូវគោក ផ្លូវទឹក និង​ការមកដល់​នូវ​អ្នកវិនិយោគ​កាន់តែច្រើន។

    ទោះជា​យ៉ាងណា​លោក​ថោង ខុន​បាន​សម្តែង​កង្វល់​ជាច្រើន​ផងដែរ​ទាក់ទង​នឹង​ការបំពុល​បរិស្ថាន​នៅ​តំបន់ឆ្នេរ នៅពេល​មាន​វត្តមាន​អ្នក​ទេសចរណ៍​កាន់តែច្រើន នៅពេល​មានការ​អភិវឌ្ឍ​កាន់តែច្រើន ដែល​ទាមទារ​ឲ្យ​មានការ​គិតគូ​យ៉ាង​ម៉ត់ចត់​ផងដែរ ពី​ស្ថាប័ន​ពាក់​ព័​ន្ឋ ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​និរន្តរភាព៕

  • អ្នក​អប់រំ​ផ្តល់​ដំបូន្មាន​ឱ្យ​រៀន​តែមួយ​សាកលវិទ្យាល័យ​បើ​ចង់​អភិវឌ្ឍ​លឿន

    អ្នក​អប់រំ​ផ្តល់​ដំបូន្មាន​ឱ្យ​រៀន​តែមួយ​សាកលវិទ្យាល័យ​បើ​ចង់​អភិវឌ្ឍ​លឿន

    ការសិក្សា 2 ឬ3 មហាវិទ្យាល័យ​ក្នុងពេល​តែមួយ ជា​រឿង​ដែល​និស្សិត​នៅ​កម្ពុជា ពេញនិយម​ណាស់​នៅពេល​បច្ចុប្បន្ននេះ ដោយ​អ្នកខ្លះ​ជ្រើស​រើសយក​មហាវិទ្យាល័យ​ជំនាញ​មួយ និង​ភាសារ ឬ​ជំនាញ​ណា​ដែល​គេ​គិតថា​មាន​គេ​រៀន​ច្រើន​ជា​ជម្រើស​បន្ទាប់បន្សំ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ស្ថាបនិក​នៃ​សាលា AIS និង AII លោក​ឧកញ៉ា គួច ម៉េង​លី បាន​លើកឡើងថា និស្សិត​កម្ពុជា​គួរ​ជ្រើសរើស​សិក្សា​តែមួយ​មហាវិទ្យាល័យ​បាន​ហើយ​បើ​ចង់​អភិវឌ្ឍ​ខ្លួន​បាន​លឿន ព្រោះ​ការសិក្សា​មហាវិទ្យាល័យ​ច្រើន​អាចធ្វើឱ្យ​យើង​រវល់​ខ្លាំង ហើយ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស្រាវជ្រាវ​ពី​មេរៀន​ដែល​ស៊ីជម្រៅ និង​ស្ថានភាព​ជាក់ស្តែង​នៃ​ការអនុវត្ត​នៅក្នុង​ពិភព​ការងារ។

    លោក​ឧកញ៉ា គួច ម៉េង​លី បា​និយាយថា៖ «ក្មួយៗគួរ​មុជ​ឱ្យ​ជ្រៅ បុកគ្រឹះ​ឱ្យ​មាំ ហើយ​ខិតខំ​ប្រឹងប្រែង​រៀន​អ្វីមួយ​ឱ្យ​ច្បាស់ បន្ទាប់មក​ប្រឡូក​ជាមួយនឹង​ការងារ​ជាក់ស្តែង​ដើម្បី​ទទួលបាន​បទពិសោធន៍ និង​រៀន​ពី​ការងារ​ឱ្យបាន​ច្បាស់លាស់»។

    លោក សោម សុធា ប្រធាន​ផ្នែក​បណ្តុះបណ្តាល​នៃ​ក្រុមហ៊ុន Forvel Camodia បាន​លើកឡើងថា ការសិក្សា​នៅក្នុង​មហាវិទ្យាល័យ​ច្រើន​ក្នុងពេល​តែមួយ​អាចធ្វើឱ្យ​យើង​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ចូលប្រឡូក​ក្នុង​ការងារ ព្រោះ​ថាបើ​យើង​រៀន​ច្រើន​មហាវិទ្យាល័យ យើង​នឹង​ចំណាយ​ថាមពល​ច្រើន​ខ្លាំង​ទៅលើ​ការសិក្សា​តែ​ទ្រឹះ​ស្តី តែ​ស្ថានភាព​ជាក់ស្តែង​យើង​អាច​នៅ​ឆ្ងាយ​ពី​ចំណុច ហើយ​តាម​មិនសូវ​ទាន់។ ផ្ទុយទៅវិញ ប្រសិនបើ​យើង​សិក្សា​លើ​ជំនាញ​ណាមួយ​ដែល​ច្បាស់លាស់ និស្សិត និង​អាចមាន​ពេលវេលា​ច្រើន​ធ្វើ​ការងារ​ទាំងឡាយណា​ដែល​ខ្លួន​ពេញចិត្ត ដូចជា​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ឬ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ណាមួយ​ដែល​ត្រូវ​នឹង​ជំនាញ បើទោះបីជា​ការងារ​ដំបូង​នោះ​មិនមែនជា​ការងារ​សំខាន់ភ្លាមៗក៏ដោយ៕

  • រយៈពេល3ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​ចំណាយ​ជាង 52លាន​ដុល្លារ ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ភ្ជុំ

    រយៈពេល3ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​ចំណាយ​ជាង 52លាន​ដុល្លារ ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ភ្ជុំ

    ភ្នំពេញៈ រយៈពេល​បី​ថ្ងៃ​នៃ​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ដើម​សប្តាហ៍​នេះ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង 52លាន​ដុល្លារ ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស។ នេះ​បើតាម​ការអះអាង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍។

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឯកឧត្តម ថោង ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នាថ្មីៗនេះ​ថា ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ការឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ឈប់សម្រាក​ភ្ជុំបិណ្ឌ មាន​ចំនួន​ជាង 1លាន 5ម៉ឺន​នាក់ ដោយ​ពួកគេ​ចំណាយ​គិត​ជា​មធ្យម 50ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ ហេតុនេះ​បើ​យើង​បូក​បញ្ចូល​គ្នា​ការចំណាយ​មាន​ទឹកប្រាក់​សរុប​ចំនួន 52,5លាន​ដុល្លារ​អាមេរិក។

    យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា​ភ្ញៀវ​ទេស ចរ​ជាតិ-អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​បាន​កើនឡើង​ខ្ពស់ ដែលមាន​ចំនួន​ប្រមាណ​ជិត 1,050,000នាក់ កើនឡើង​ប្រមាណ 15,70ភាគរយ ធៀប​នឹង​ឆ្នាំមុន ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន 10,1000,00នាក់ កើនឡើង​ប្រមាណ15,30ភាគរយ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 4ម៉ឺន​នាក់ កើនឡើង​ប្រមាណ 6,20ភាគរយ។

    លោក ធួន ស៊ីណាន ប្រធាន​សហ​ព័​ន្ឋ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដើរ​កម្សាន្ត​ក្នុងឆ្នាំនេះ​ពិតជា​កើនឡើង​ខ្ពស់ ធៀប​នឹង​ឆ្នាំមុន ដោយសារ​ប្រាក់ចំណូល​របស់​ពួកគាត់​មានការ​កើនឡើង និង​ការអភិវឌ្ឍ​រមណីយដ្ឋាន​ថ្មី ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​កាន់តែ​មាន​ភាព​ងាយ​ស្រូល​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានា ក៏ដូចជា ការផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ទេសចរណ៍​នានា តាម​បណ្តាញ​សង្គម​មានការ​កើនឡើង។

    លោក​បន្តថា “បើ​និយាយ​ពី​ការចំណាយ ខ្ញុំ​មិនមាន​ការអង្កេត​ច្បាស់់លាស់​នោះទេ ប៉ុន្តែ​ជាក់ស្តែង​ទំហំ​នៃ​ការចំណាយ​ក្នុង​ចំនួន​នេះ​អាច​ទទួលយកបាន ឬ​អាចមាន​ចំនួន​ច្រើនជាង​នេះ​ផង”៕

  • ការផ្លាស់ប្តូរ​ទម្លាប់​ដាំ​ដំណាំ​អាចជួយ​ឱ្យ​កសិករ​រកចំណូលបាន​កាន់តែ​ប្រសើរ

    ការផ្លាស់ប្តូរ​ទម្លាប់​ដាំ​ដំណាំ​អាចជួយ​ឱ្យ​កសិករ​រកចំណូលបាន​កាន់តែ​ប្រសើរ

    ការផ្លាស់ប្តូរ​ទម្លាប់​ដាំ​ដំណាំ មិន​ត្រឹមតែ​ជួយ​ឱ្យ​ដី​រក្សា​គុណភាព​បានយូរ​ទេ វា​ថែមទាំង​ជួយ​ឱ្យ​កសិករ ងាយស្រួល​រក​ទីផ្សារ​លក់​កសិក​ផល ដែល​អាច​រកចំណូលបាន​ប្រសើរ​ជាង​មុន។

    តួយ៉ាង​អ្នកស្រី វ៉ាន់ សៀ​ប កសិករ​ម្នាក់​ក្នុងចំណោម​កសិករ​ជាង 200គ្រួសារ ដែល​ប្រក​បរបរ​ធ្វើ​ចំការ​នៅលើ​កោះតាង ដែលមាន​ព្រំប្រទល់​ជាប់​គ្នា 3ឃុំ-សង្កាត់ រួមមាន​ឃុំ​កោះ​ឧ​ញ៉ា​តី និង​ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នោះបាន​ប្រាប់​ឱ្យដឹងថា នៅលើ​ផ្ទៃដី​កោះ​ប្រមាណ 300ហិកតា ដើមឡើយ ភាគច្រើន​គេ​ដាំ​ល្ហុង និង​ពោត​យក​ផ្លែ ប៉ុន្តែ​ដោយសារ​ល្ហុង​ធ្លាក់​ថ្លៃ​ខ្លាំងពេក និង​គ្មាន​ទីផ្សារ​ផង​នោះ កសិករ​ក៏​នាំគ្នា​កាប់​ចោល​ងាក​មក​ដាំពោត​វិញ ហើយ​ដំបូង​គឺ​ដាំ​យក​គ្រាប់​លក់បាន​តម្លៃ​ថ្លៃ​គួរសម​ដែរ តែដោយសារថ្មីៗនេះ ទីផ្សារ​ស្នៀតពោត​ទូលំទូលាយ ហើយ​បាន​ថ្លៃ​ផង​នោះ ទើប​អ្នក​កោះតាង​លែង​ដាំ​យក​គ្រាប់ និង​ផ្លែ មក​ដាំ​យក​ស្នៀត​លក់​វិញ។

    កសិករ​រូបនេះ​ក៏បាន​បន្ថែម​ដែរ​ថា «ដើមឡើយ​គ្រួសារ​ខ្ញុំ និង​អ្នកភូមិ​ផ្សេងទៀត ដាំ​ពូជ​ពោត​យក​គ្រាប់ សម្រាប់ធ្វើ​ចំណី​សត្វ  ព្រោះ​បាន​ថ្លៃ ប៉ុន្តែ​ក្រោយមក​ដោយសារ​តម្លៃ​មិន​ទៀត​ទាត់ គ្រួសារ​ខ្ញុំ​ក៏​ប្តូរ​មក​ដាំពោត​ពូជ​ហា​វៃ​យក​ផ្លែ​វិញ»។

    លុះ​ក្រោយមក​ក៏​គ្មាន​ទីផ្សារ​លក់​មិន​ចេញ​ទៀត ទើប​កាប់​ដើម​ឱ្យ​គោ​ស៊ី​អស់​ទៅ និង​បាននាំគ្នា​ចាប់ផ្តើម​ដាំពោត​យក​ស្នៀត​នេះ​រហូតមក ព្រោះ​ពោត​យក​ស្នៀត​នេះ ដាំ​តែ 1ខែ 25ថ្ងៃ គឺអាច​កាច់​ស្នៀត​លក់បាន​ហើយ ខុសពី​ពោត​យក​ផ្លែ​ទាល់តែ 3ខែ​ទើប​អាច​កាច់​បាន។ អ្នកស្រី​បានបញ្ជាក់​ថា បើ​ដាំពោត​យក​ផ្លែ​ម្តង​គឺ​ដាំ​យក​ស្នៀត​បាន​ដល់​ទៅ 2ដង ហើយ​ដាំ​យក​ផ្លែ​ពិបាក​ថែ ណាមួយ​ត្រូវ​មើលថែ​ដង្កូវ ហើយ​ស្រួល​មិន​ស្រួល​ឆ្កួត ល្អ​តែ​ដើម​គ្មាន​ផ្លែ​ទៀត ។

    ជាងនេះទៅទៀត​នៅលើ​ដី​កោះ ប្រសិនបើ​ទឹកធំ​លិច​កាច់​ផ្លែ​មិនបាន​ទៀត តែ​វា​អំណោ​យ​ផល​ដល់​ពោត​ស្នៀត ទើបបានជា​អ្នករស់នៅ​លើ​កោះ ងាក​មក​ដាំពោត​ស្នៀត​ស្ទើរតែ​ទាំងអស់គ្នា​វិញ។

    កសិករ​ម្នាក់ទៀត​គឺ​អ្នកស្រី ចក់ នាង ដែល​កាប់​ល្ហុង​ចោល​មក​ដាំពោត​យក​ស្នៀត​នេះដែរ​នោះ បាន​និយាយថា ពោត​យក​ស្នៀត​គឺ​យើង​កាច់​លក់បាន​រាល់ថ្ងៃ បាន​ចំណូល​ជាប្រចាំ​មិន​ដូច​ដំណាំផ្សេងៗនោះទេ ហើយ​បើ​ថោក​ណាស់ ក៏1ស្លឹក​ចំនួន 500ស្នៀត ក៏​អាច​លក់បាន​ពី 30.000 ទៅ 40.000រៀល​ដែរ ប៉ុន្តែ​បើ​ខែ​អុំទូក​មិនសូវ​សំបូរ​វិញ​នោះ 1ស្លឹក​អាច​បាន​តម្លៃ​ដល់​ទៅ 50.000រៀល​ឯណោះ «សព្វថ្ងៃនេះ ជា​មធ្យម​អ្នកស្រី​អាច​កាច់​លក់បាន​ប្រមាណ 7 ទៅ 8ម៉ឹ​ន​រៀល​ដែរ ហើយ​ឱ្យតែ​យកទៅ​ដល់ត្រើយ​ម្ខាង​គឺមាន​ម៉ូយ​ចាំ​ដណ្តើម​គ្នា​ទិញ មិន​ព្រួយ​រឿង​សល់​ឡើយ ហើយ​ស្នៀតពោត​នេះ​គេ​យកទៅ​ធ្វើ​បន្លែ​ស្ល ឬ​ឆា មាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាងដែរ»។

    ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកណ្តាល លោក ប៊ុន ទូ​ន​ស៊ី​បូ​ណា បាន​លើកឡើងថា វា​ពិតជា​ចំណុច​វិជ្ជមាន​មួយ​ផងដែរ ដែល​កសិករ​នៅ​កោះតាង​ចេះ​ស​ម្លឹ ង​មើល​អំពី​តម្រូវការ​ទីផ្សារ ហើយ​បោះបង់​ទម្លាប់​ចាស់ ងាក​មក​ដាំ​ដំណាំ​ដែល​កំពុងមាន​តម្រូវ​ការដែល​អាច​លក់​បាន​តម្លៃ​ខ្ពស់។ ករណីនេះ​លោក​អំពាវនាវ ឱ្យ​កសិករ​នៅ​តំបន់ផ្សេងៗទៀត ត្រូវ​ចេះ​ស្វែងយល់​ពី​តម្រូវការ​ទីផ្សារ​មុននឹង​ដាំ​ដំណាំ​អ្វីមួយ ជៀសវាង​ការខាតបង់​បាន​ផល​ហើយ​គ្មាន​ទីផ្សារ​លក់​ចេញ៕

  • ម៉ូត​សំលៀកបំពាក់​ទាន់សម័យ​របស់​កម្ពុជា ទទួលបាន​កត្តិ​នាម​លើ​ឆាក​អន្ដរជាតិ

    ម៉ូត​សំលៀកបំពាក់​ទាន់សម័យ​របស់​កម្ពុជា ទទួលបាន​កត្តិ​នាម​លើ​ឆាក​អន្ដរជាតិ

    ម៉ូត​សំលៀកបំពាក់​ទាន់សម័យ​របស់​កម្ពុជា ដែល​បានបង្ហាញ​ក្នុង​កម្មវិធី​ពិព័រណ៍​សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” ត្រូវបាន​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប អាមេរិក អាស៊ី​ជាច្រើន ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង។

    ម៉ូត​សំលៀកបំពាក់​កម្ពុជា​ដែល​ឌី​ហ្សា​ញ​ម៉ូត​ដោយ​ក្រុមហ៊ុន ក្រុមហ៊ុន​ឌី​ហ្សា​ញ និង​កាត់ដេរ​សម្លៀកបំពាក់ NATACHA VAN ដែលជា​ស្នាដៃ​កូន​ខ្មែរ តាមរយៈ​ក្រសួងពាណិជ្ជកម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ទទួលបាន​ការចាប់អារម្មណ៍ និង​កា​រស​សើ​រថា ការ​រចនា​ម៉ូត​បែប​ទាន់សម័យ​របស់​កូន​ខ្មែរ មិន​ចាញ់​សហគមន៍​អឺរ៉ុប ខណៈ​ម៉ូត​សំលៀកបំពាក់​កម្រិត​អន្តរជាតិ​ទាំងនោះ បានបង្ហាញ​វត្ដ​មាន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត “READY-TO-WEAR CATWALK SHOW” នៅក្នុង​ឱកាស​ពិព័រណ៍​សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

    នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​នោះ មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​មកពី​សហគមន៍​អឺរ៉ុប កម្ពុជា វៀតណាម និង​មី​យ៉ាម៉ា។ គ្រាន់តែ​ដល់​វេន ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​របស់​កម្ពុ​ជា​ភ្លាម ភ្ញៀវ​ដែល​បាន​ចូលរួម​ទស្សនា បាន​ទះដៃ​អបអរសាទរ ជាពិសេស​គឺ គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី បាន​ក្រោកឈរឡើង​ថ្លែង​កោតសរសើរ​យ៉ាងខ្លាំង​ដល់​កម្ពុជា ហើយ​នៅពេលនោះ​មានតែ​ប្រទេស​កម្ពុជា​តែមួយគត់ ដែលមាន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គណៈប្រតិភូ​កម្ពុជា និង​ម្ចាស់​ក្រុមហ៊ុន​ឌី​ហ្សា​ញ​ម៉ូត​សម្លៀកបំពាក់ NATACHA VAN ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ឡើង​មកលើ​ឆាក ដើម្បី​ថតរូប​ជុំគ្នា​ទុកជា​អនុស្សាវរីយ។

    ម៉ូត​សម្លៀកបំពាក់​ខ្មែរ​នាពេលនោះ ត្រូវបាន​គេ​វាយតម្លៃថា ស្អាត ទាន់សម័យ មានគុណ​ភាពល្អ ហើយ​អាច​ប្រកួតប្រជែង​បាន​ក្នុង​ទីផ្សារ​អឺរ៉ុប​ទៀតផង។ ភាពលេច​ធ្លោ​នៃ​សម្លៀកបំពាក់​កម្ពុជា​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​នោះ ភាពជោគជ័យ​ដ៏​ធំធេង​នេះ នឹង​ជួយ​ឱ្យ​កាន់តែ​មានការ​គាំទ្រ និង​មានការ​បញ្ជា​រទិញ​ផលិតផល​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​កាន់តែច្រើនឡើងៗពី​បណ្តា​ប្រទេស​មកពី​សហគមន៍​អឺរ៉ុប អាមេរិក កាណាដា និង​អាស៊ី​ជាច្រើន​ទៀត៕

  • ការងារ​ស្ម័គ្រ​ចិត្តបាន​លុយ​តិច តែ​អាច​បាន​ទាំង​អាហារូបករណ៍ និង​ការងារ​ល្អ

    ការងារ​ស្ម័គ្រ​ចិត្តបាន​លុយ​តិច តែ​អាច​បាន​ទាំង​អាហារូបករណ៍ និង​ការងារ​ល្អ

    ការងារ​ស្ម័គ្រចិត្ត ជាការ​ងារ​ដែល​សិស្ស​និស្សិត​មួយចំនួនធំ​មិនសូវ​ចូលចិត្ត​ធ្វើ ព្រោះ​មិន​ទទួលបាន​ផល​ច្រើនភ្លាមៗតាមរយៈ​ការទទួលបាន​ចំណូល ឬ​ទទួលបាន​នូវ​កិត្តិយស​សម្រាប់​ខ្លួនឯងភ្លាមៗនោះទេ។

    លោកស្រី សា​យ៉ា លីន​ដា មន្ត្រី​នៃ​ក្រសួង​មុខងារសាធារណៈ​បាន​លើកឡើងថា ការងារ​ស្ម័គ្រចិត្ត គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ជីវិត​ការងារ​តែប៉ុណ្ណោះ។ ថ្វីត្បិតតែ​ការងារ​ស្ម័គ្រចិត្ត​មិន​ផ្តល់​ផល ឬ​មិន​ផ្តល់​លុយកាក់​ច្រើនភ្លាមៗដល់​សិស្ស និស្សិត​ក៏ពិតមែន តែ​វា​ជាកា​ងារ​ដែល​អាច​ទាញយក​ប្រយោជន៍​ច្រើន​សម្រាប់​ការងារ​នា​ថ្ងៃ​អនាគត។

    លោកស្រី​បាន​និយាយថា៖ «ធ្វើ​ការងារ​ស្ម័គ្រចិត្ត​មួយចំនួន​អាច​មិនសូវ​ត្រូវ​នឹង​ជំនាញ​ដែល​យើង​ចង់​ធ្វើ​នៅ​ថ្ងៃ​អនាគត តែ​គុណប្រយោជន៍​របស់​វា​ផ្នែក​ខ្លះ អាចជា​ចំណុច​អភិវឌ្ឍ​ជំនាញ​របស់​យើង​បាន​យ៉ាង​ល្អ​ដោយ​មិនដឹង​ខ្លួន»។

    ស្រដៀង​គ្នា​នេះដែរ និស្សិត​ដែល​ធ្លាប់​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស លោក ឌុ​ច ឡា​លីន បាន​លើកឡើងថា ការងារ​ស្ម័គ្រចិត្ត​ក៏មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយនឹង​អាហារូបករណ៍​នៅ​បរទេស​ផងដែរ ព្រោះថា​ការងារ​ស្ម័គ្រចិត្ត​អាចធ្វើឱ្យ​យើង​មានបទពិសោធន៍​នៅក្នុង​សង្គម​ជាក់ស្តែង ហើយ​អ្នក​ជ្រើសរើស​អាហារូបករណ៍​ក៏ត្រូវ​ការ​មនុស្ស​ដែលមាន​បទពិសោធន៍​ការងារ​នេះ​ខ្លះ​ដែរ។

    លោក ឌុ​ច ឡា​លីន បាន​និយាយថា៖ «ប្រសិនបើ​ចង់​ជាប់​អា​ហ​រូបករណ៍​ទៅ​សិក្សា​នៅ​បរទេស សូមកុំ​គិតថា​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​តែ​បង្ហាញ​គេ​ជ្រើសរើស តែ​អ្វីដែល​សំខាន់​គឺ ការចេះ​ទាញយក​បទពិសោធន៍​ជីវិត​ជាក់ស្តែង​ពី​ពិភព​ការងារ​ដែល​ធ្លាប់ធ្វើ ដើម្បី​ចំណេះដឹង​ជាក់ស្តែង​សម្រាប់​ជីវិត ព្រោះ​អាហារូបករណ៍​គឺ​គេ​ជ្រើសរើស​មនុស្ស​ណា​ដែលមាន​ចិត្ត​ចង់​ជួយ​សង្គម​ពិតប្រាកដ»៕

  • តើ​ខេត្ត​ណា​ដែលមាន​អ្នកទេសចរ​ទៅលេង​ច្រើនជាងគេ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ?

    តើ​ខេត្ត​ណា​ដែលមាន​អ្នកទេសចរ​ទៅលេង​ច្រើនជាងគេ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ?

    ខេត្ត​ដែលមាន​សក្តានុពល​ទេសចរណ៍​ចំនួន8 នៅ​ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​ជា​ខេត្ត​ដែល​សំបូរ​អ្នកទេសចរ​ក្នុងស្រុក ទៅលេង​ច្រើនជាងគេ ដោយ​ក្នុងនោះ​ខេត្ត​ដែល​នាំមុខគេ​គឺ​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ បាត់ដំបង ខេត្តកំពត បន្ទាយមានជ័យ កំពង់ធំ រតនគិរី និង​ខេត្តក្រចេះ។

    យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ នានា​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​មាន​ចំនួន​ប្រមាណ​ជិត 1,050,000នាក់ កើនឡើង​ប្រមាណ 15.70% ធៀប​នឹង​ឆ្នាំ 2016 ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន 1,010,000នាក់ កើនឡើង​ប្រមាណ 15.30% និង​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 40,000នាក់ កើនឡើង​ប្រមាណ 6.20%។

    ខេត្ត​គោលដៅ​ទេសចរណ៍សំខាន់ៗ ទទួលបាន​ចំនួន​ភ្ញៀវទេសចរ​ដូចជា៖

    1.ខេត្តសៀមរាប មាន​ភ្ញៀវ​សរុប​ចំនួន 143,693នាក់ កើនឡើង 4.81% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន 126,000នាក់ កើនឡើង5% ភ្ញៀវ​អន្តរជាតិ​ចំនួន 17,693នាក់ កើនឡើង 3.52%។

    2.ខេត្ត​ព្រះសីហនុ ៖ ភ្ញៀវ​សរុប​ចំនួន 92,000នាក់ កើនឡើង 15.22% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន 87,400នាក់ កើនឡើង 13.70% ភ្ញៀវ​អន្តរជាតិ​ចំនួន 4,600នាក់ កើនឡើង 2%។

    3.ខេត្តបាត់ដំបង ៖ ភ្ញៀវ​សរុប​ចំនួន 79,075នាក់ កើនឡើង 89.19% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន 78,836នាក់ កើនឡើង 89.65% ភ្ញៀវ​អន្តរជាតិ​ចំនួន 239នាក់ កើនឡើង 5.29%។

    4.ខេត្តកំពត ៖ ភ្ញៀវ​សរុប​ចំនួន 74,159នាក់ កើនឡើង 5.21% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន 75,957នាក់ កើនឡើង 5.70% ភ្ញៀវ​អន្តរជាតិ​ចំនួន 1,202នាក់ កើនឡើង 16.42%។

    5.ខេត្តបន្ទាយមានជ័យ៖ ភ្ញៀវ​សរុប​ចំនួន 77,078នាក់ កើនឡើង 106.20% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន 77,068នាក់ កើនឡើង 106.21% ភ្ញៀវ​អន្តរជាតិ​ចំនួន 10នាក់ កើនឡើង 66.66%។

    6.ខេត្តកំពង់ធំ៖ ភ្ញៀវ​សរុប​ចំនួន 43,753នាក់ កើនឡើង 113.56% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន 43,647នាក់ កើនឡើង 114.07% ភ្ញៀវ​អន្តរជាតិ​ចំនួន 106នាក់ កើនឡើង 8.16%។

    7.ខេត្តរតនគិរី ៖ ភ្ញៀវ​សរុប​ចំនួន 15,805នាក់ កើនឡើង 112.10% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន 15,533នាក់ កើនឡើង 114.70% ភ្ញៀវ​អន្តរជាតិ​ចំនួន 272នាក់ កើនឡើង 27.10%។
    8ខេត្តក្រចេះ ៖ ភ្ញៀវ​សរុប​ចំនួន 10,970នាក់ កើនឡើង 28.06% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន 10,507នាក់ កើនឡើង 29.07% ភ្ញៀវ​អន្តរជាតិ​ចំនួន 463នាក់ កើនឡើង 8.68%។

    ជាការ​គួរ​ឲ្យ​កត់សម្គាល់ យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី-ខេត្ត ការរៀបចំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍ មានការ​រីកចម្រើន​កាន់តែ​ប្រសើរ ដោយ​ក្នុងនោះ ផ្លូវ​ចូលទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​ភាគច្រើន ត្រូវបាន​ស្ថាបនា​ជួសជុល និង​កែលំអ  អាច​ទប់ស្កាត់​ការ​តម្លើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយមាន​ការបិត​តម្លៃ​ជម្រាបជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ។ បញ្ហា​បរិស្ថាន​អនាម័យ ល្អប្រសើរ​ជាង​មុន ដោយ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង​ភ្ញាក់រលឹក និង​ដោយមាន​ការចុះ​អប់រំ​ណែនាំ ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ។

    ចំណែក​បញ្ញា​សន្តិសុខ​សុវត្ថិភាព ក៏មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហ​ការណ៍​យ៉ាង​ជិតស្និត ជាមួយ​កំលាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅតាម​គោលដៅ​ទេសចរណ៍សំខាន់ៗ និង​មាន​ការលើក​ស្លាក​សញ្ញា​គ្រោះថ្នាក់ នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ៕

  • Chelsea ប្រកាស​ពី​ការយល់ព្រម​លក់ Costa ទៅ​ឲ្យ Atletico ក្នុងតម្លៃ​ខ្លួន 57លាន​ផោន

    Chelsea ប្រកាស​ពី​ការយល់ព្រម​លក់ Costa ទៅ​ឲ្យ Atletico ក្នុងតម្លៃ​ខ្លួន 57លាន​ផោន

    ក្លិប​តោ​ខៀវ Chelsea បានប្រកាសថា ពួកគេ​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​មួយ ជាមួយនឹង​ក្លិប Atletico Madrid ជុំវិញ​ការលក់ Diego Costa ខណៈដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ត្រូវបាន​រំពឹងទុក​ថា នឹង​បំពេញ​ការវិលត្រឡប់រ​បស់​គេ​ទៅកាន់​ក្របខ័ណ្ឌ La Liga នៅពេលដែល​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ការត្រួតពិនិត្យ​សុខភាព​ត្រូវបាន​បំពេញ​ជា​ផ្លូវការ។

    ខ្សែប្រយុទ្ធ​វ័យ 28ឆ្នាំ​រូបនេះ មិនទាន់បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ជាមួយនឹង​ក្រុម Chelsea នៅឡើយ​ទេ​នា​រដូវ​កាល​នេះ ក្រោយពី​ត្រូវបាន​បញ្ជាក់​ប្រាប់ថា រូបគេ​មិន​ស្ថិតក្នុង​គម្រោង​របស់លោក Antonio Conte ឡើយ។ ប៉ុន្តែ បើទោះបីជា​ក្លិប Atletico បាន​ជាប់​ពិន័យ​ព្យរ​មិន​ឲ្យ​ទិញ​ចូល​កីឡាករ​ក៏ដោយ ប៉ុន្តែ​ការចេញ​សេចក្តីថ្លែងការណ៍​ពី​ក្លិប Chelsea កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់ថា Costa នឹងត្រូវ​ទៅកាន់​ក្លិប​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ​វិញ​ក្នុងតម្លៃ​ខ្លួន​មួយ​ដែល​ត្រូវបាន​គេ​ជឿជាក់​មាន​ចំនួន 57លាន​ផោន (ស្មើនឹង 77,4លាន​ដុល្លារ​អាមេរិក) ក្នុង​រយៈពេល3ឆ្នាំ ក្រោយពី​បាន​ផ្ទេរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍​ក្នុងតម្លៃ​ខ្លួន 32លាន​ផោន។

    Chelsea បាន​ឲ្យ​ដឹងថា៖ «ក្លិប​កីឡាបាល់ទាត់ Chelsea នៅថ្ងៃនេះ​សូម​ធ្វើការ​ប្រកាស​ពី​ការព្រមព្រៀង​លក្ខខណ្ឌផ្សេងៗជាមួយ​សនឹង​ក្លិប Atletico Madrid សម្រាប់​ការផ្ទេរ Diego Costa។ ការផ្ទេរ​នេះ​រង់ចាំតែ​ការយល់ព្រម​ទៅលើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ការត្រួតពិនិត្យ​សុខភាព​ប៉ុណ្ណោះ»។ សេចក្តីប្រកាស​បន្ថែមទៀត​ពី​ក្លិប Atletico Madrid បាន​អះអាងថា Costa ត្រូវ​បានផ្តល់​ការអនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​ត្រួតពិនិត្យ​សុខភាព និង​ធ្វើការ​ពិភាក្សា​ទៅលើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន»៕

    ប្រភពព័ត៌មាន៖ The Guardian

  • លែង​បារម្ភ​រឿង​អត់​ការងារ​ធ្វើ​ទៀតហើយ! ក្រុមហ៊ុន​ឯកជន​បារាំង​ជាង300 នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេល​ឆាប់នេះៗ

    លែង​បារម្ភ​រឿង​អត់​ការងារ​ធ្វើ​ទៀតហើយ! ក្រុមហ៊ុន​ឯកជន​បារាំង​ជាង300 នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេល​ឆាប់នេះៗ

    ពលរដ្ឋ​ខ្មែរ នឹង​ឈប់​ធ្វើ​ចំណាកស្រុក​បន្តទៀត​ហើយ ហើយ​មួយចំនួនទៀត​នឹង​ត្រឡប់មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ខណៈ​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​បារាំង​ជាង300ក្រុមហ៊ុន នឹង​ចូលមក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេលឆាប់ៗនេះ។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​គណៈប្រតិភូ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នា​ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2017កន្លងទៅនេះ  ដោយបាន​ជួបពិភាក្សា​ជាមួយ​លោក Jean-Pierre RAFFARIN ប្រធាន​មូលនិធិ FPI (Fondation Prospective Innovation) ដែលជា​អតីត​នាយករដ្ឋមន្ត្រី​បារាំង និង​ជា​សមាជិកសភា​កិត្តិយស​នៃ​ប្រទេស​បារាំង ដោយ​លោក​បាន​បញ្ជាក់ថា ឆាប់ៗខាងមុខនេះ សហគ្រាស និង​ក្រុមហ៊ុន​បារាំង​ជាង 300ស្ថាប័ន នឹង​ចូលមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ការងារ​ក្នុងស្រុក និង​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង។

    នៅ​ចំពោះមុខ​អ្នកការទូត​ជាច្រើនរូប ប្រធាន​សមាគម​ពាក់ព័ន្ធ​នឹង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មកពី​ប្រទេសផ្សេងៗ អ្នកបញ្ជារ​ទិញធំៗ (BUYER) និង​តំណាង​ក្រុមហ៊ុន​រៀបចំ​ពិ​ព័រ​ណ៌ MESSE FRANKFURT ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ដោយ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម 7% ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល 10ឆ្នាំ​កន្លងទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 សំដៅ​បង្ក​បរិយាកាស​ធុរកិច្ច​ដ៏​ល្អប្រសើរ ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​វិនិយោគ​និង​ធ្វើ​ធុរកិច្ច។

    ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា «ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា-បារាំង កន្លងមក​រហូតមក​ដល់ពេល​នះ ជាពិសេស​ផ្នែក​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​អំពី​ប្រព័ន្ធ​អនុគ្រោះ “EVERYTHING BUT ARMS (EBA)” ដែល​បាន​អនុញ្ញាតឱ្យ​កម្ពុជា​អាច​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ (លើកលែងតែ​អាវុធ) ទៅកាន់​សហគម​អឺរ៉ុប ដោយ​មិន​ជាប់ពន្ធ និង​កាតព្វកិច្ចផ្សេងៗឡើយ»។ ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ភាគី​បារាំង ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ជាពិសេស​បាន​ជំរុញ​ភាគី​បារាំង ឱ្យមកធ្វើ​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ទៅលើ​វិស័យ​កាត់ដេរ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ផលិតផល​កសិកម្ម និង​ផលិតផល​សក្តានុពល​ជាច្រើន​ទៀត។

    ជាការ​ឆ្លើយតប លោក Jean-Pierre RAFFARIN បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​កម្ពុជា ដែលមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស គួរឱ្យកត់សម្គាល់​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ថា​កម្ពុជា​ពិត​ជាមាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ មាន​ធនធានធម្មជាតិ​សម្បូរ​ណ៍​បែប និង​មាន​ទីតាំង​អំណោយផល​សម្រាប់​ធានា​ដល់​ការធ្វើ​វិនិយោគ​យូរអង្វែង​ផងដែរ។ លើសពីនេះទៅទៀត តាមរយៈ​មូល​នី​ធី FPI (Fondation Prospective Innovation) នៃ​ប្រទេស​បារាំង លោក Jean-Pierre RAFFARIN នឹង​ប្រមែប្រមូល​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​បារាំង ប្រមាណ​ជាង300ស្ថាប័ន​មក​សិក្សា​ពី​លទ្ធភាព​វិនិយោគ និង​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុងពេលឆាប់ៗខាងមុខនេះ។

    លោក​បាន​បញ្ជាក់ទៀតថា «ក្រុមហ៊ុន​និង​សហគ្រាស​ឯកជន​ទាំងនោះ នឹង​ទៅ​កម្ពុជា​ដើម្បី​បើក​ក្រុមហ៊ុន និង​វិនិយោគ​លើ​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា»

    ការវិនិយោគ​ដែល​នឹង​កើតឡើង​យ៉ាងពិត​ប្រាកដ​ខាងមុខនេះ នឹង​ជួយ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហគមន៍​អឺរ៉ុប មានការ​កើនឡើង​បន្ថែមទៀត ជាពិសេស​ការបញ្ជា​រទិញ​ផលិតផល​សម្លៀកបំពាក់ វាយនភ័ណ្ឌ និង​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ពី​សហគមន៍​អឺរ៉ុប៕

  • ជំនាញ 3 ដែល​អ្នក​ត្រូវតែ​ចេះ​ជាដាច់ខាត ក្នុងនាម​ជា​បុគ្គលិក​ក្រុមហ៊ុន

    ជំនាញ 3 ដែល​អ្នក​ត្រូវតែ​ចេះ​ជាដាច់ខាត ក្នុងនាម​ជា​បុគ្គលិក​ក្រុមហ៊ុន

    1) ជំនាញ​ភាសា​អង់គ្លេស៖ អង់គ្លេស វា​បាន​ក្លាយទៅជា​ភាសា​មួយ​ដែល​គេ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក។ មិន​ថា​វិស័យ​ណា​នោះទេ គឺ​ទាមទារ​ឱ្យ​ចេះ​ភាសា​អង់គ្លេស ដើម្បី​ងាយស្រួល​ទំនាក់ទំនង។ បើទោះបីជា​ក្រុមហ៊ុន​មួយ មិនមែនជា​ក្រុមហ៊ុន​អន្តរជាតិ​ក្ដី ប៉ុន្តែ​នៅក្នុង​លក្ខ​ខ័​ណ្ឌ​ការងារ​គឺ​ក្រុមហ៊ុន​តែងតែ​ទាមទារ​ឱ្យ​បុគ្គលិក​របស់ខ្លួន​ចេះ​ភាសា​អង់គ្លេស ទោះ​ចេះ​ក្នុង​កម្រិត​ណាក៏ដោយ។

    2) ជំនាញ​ទំនាក់ទំនង៖ បើទោះបីជា​បុគ្គលិក​នោះ មិន​ស្ថិតនៅក្នុង​ចង្កោម​ការងារ​ទំនាក់ទំនង​ក្ដី ក៏​ក្រុមហ៊ុន​ទាមទារ​ឱ្យ​បុគ្គលិក​របស់ខ្លួន​មាន​ជំនាញ​ទំនាក់​ទង​ដែរ។ ហេតុអ្វី​ចាំបាច់​ចេះ​ជំនាញ​មួយ​នេះ? ចាប់តាំងពី​សន្តិសុខ អ្នក​បោស​សំរាម រហូតដល់​ប្រធាន​ក្រុមហ៊ុន គឺ​អ្នក​ត្រូវមាន​ទំនាក់ទំនង​គ្នា​ទាំងអស់ ព្រោះថា​អ្នកធ្វើការងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​ដែលមាន​បុគ្គលិក​ច្រើន មិនមែន​មាន​តែឯង​នោះទេ ដូច្នេះ​អ្នក​ត្រូវតែ​ចេះ​ជំនាញ​ទំនាក់ទំនង ជាពិសេស​គឺ​មិត្ត​រួម​ក្រុម មិត្ត​រួមការ​ងារ និង​ប្រធាន​របស់​អ្នក​ផ្ទាល់​តែម្ដង ហើយ​មូលហេតុ​ធំ​ដែល​ក្រុមហ៊ុន​ចង់ឱ្យ​បុគ្គលិក​ខ្លួន​ចេះ​ជំនាញ​នេះ​គឺ​ការងារ​នឹង​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​មាន​ប្រសិទ្ធភាព។

    3) ជំនាញ​ទន់៖ ជំនាញ​ទន់ ត្រូវបាន​គេ​ដឹងថា ជា​ជំនាញ​ដែល​ទាក់ទង​នឹង​សង្គម ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ទាមទារ​ឱ្យ​ចេះ​ជំនាញ​នេះ ព្រោះ​វា​មាន​សារៈសំខាន់​ផងដែរ សម្រាប់​ការ​ប្រឈម និង​ដោះស្រាយ​នូវ​បញ្ហា​នានា មិន​ថា​នៅក្នុង ឬ​នៅក្រៅ​ក្រុមហ៊ុន​នោះទេ៕