Author: វល័ក្ខ

  • ក្រសួង​ការងារ​បន្ត​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល ខណៈ​សហជីព​កំណត់​ប្រាក់ខែ​ថ្មី​សម្រាប់​ឆ្នាំ2018

    ក្រសួង​ការងារ​បន្ត​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល ខណៈ​សហជីព​កំណត់​ប្រាក់ខែ​ថ្មី​សម្រាប់​ឆ្នាំ2018

    ភ្នំពេញៈ ជាថ្មី​ម្តងទៀត ក្រុមបច្ចេកទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានរៀបចំ​ប្រជុំពិភាក្សា​ត្រីភាគី​មួយ​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង ខណៈ​ក្រុម​សហជីព​បាន​ឯកភាពគ្នា​កំណត់​ប្រាក់ខែ​អប្ប​បរិ​មា​ចំនួន176.25ដុល្លារ​សម្រាប់​ឆ្នាំ2018ខាងមុខ។

    លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ និង​មានការ​ចូលរួម​ពី​ភាគី​កម្មករនិយោជិត ភាគី​និយោជក និង​ភាគី​រដ្ឋាភិបាល​ផង​នោះ ភាគីនីមួយៗបាន​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ2018ឲ្យ​បាន​សមស្រប​នឹង​គ្រប់​ជ្រុងជ្រោយ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ដល់​គណៈកម្មការ​ប្រឹក្សា​ការងារ​សម្រាប់ធ្វើ​ការប្រជុំ​សម្រេច និង​ធ្វើ​របាយការណ៍​លទ្ធផល​ជូន​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ និង​អនុវត្ត​ភារកិច្ចផ្សេងៗទៀត​តាម​ការ​ប្រគល់ឱ្យ​របស់​ឯកឧត្តម​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ។

    ការពិភាក្សា​ត្រូវ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម និង​លក្ខណៈវិនិច្ឆ័យ​សេដ្ឋកិច្ច និង​ត្រូវបាន​យកមក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា​ការងារ​ដើម្បី​ពិនិត្យ​សម្រេច ដោយ​ផ្អែកលើ​កត្តា​កំណើនសេដ្ឋកិច្ច​ជាង7ភាគរយ​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ និង​បន្ត​កំណើនសេដ្ឋកិច្ច​ទៅ​ឆ្នាំ​ខាងមុខ​ទៀត។

    កាលពី​ថ្ងៃទី24 ខែកញ្ញា​កន្លងទៅថ្មីៗនេះ ក្រុម​សហជីព​បាន​ប្រជុំ និង​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ គឺ​សម្រេចយក​តួលេខ176.25ដុល្លា​អាមេរិក​សម្រាប់​ដាក់​ចរ​ចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។

    លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថ្លែងថា ការដំឡើង​ប្រាក់ខែ​អប្បបរមា​ជា​រៀងរាល់ឆ្នាំ​របស់​កម្ពុជា​បានធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ភាព​ប្រកួតប្រជែង​កាន់តែខ្លាំង ហើយ​ទោះបីជា​មានការ​បង្កើន​ការដំឡើង​ប្រាក់ខែ​ក្តី ប៉ុន្តែ​ផលិតភាព​របស់​កម្មក​រ​ក្នុង​វិស័យនេះ​មិនបាន​កើនឡើង​នោះទេ។

    ទោះជា​យ៉ាងណា​លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ទោះបីជា​មានការ​បង្កើន​ប្រាក់ខែ​អប្បបរមា​មែន ក៏ប៉ុន្តែ​ការលើកលែង​ពន្ធ​រយៈពេល9ឆ្នាំ​របស់​រដ្ឋាភិបាល​លើ​ការវិនិយោគ​របស់​រោង​ចក្រថ្មីៗគឺជា​ការលើកទឹកចិត្ត និង​ជាការ​ប៉ះប៉ូវ​លើ​ការដំឡើង​ប្រាក់​ឈ្នូ​ល​អប្បបរមា​នេះ និង​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​គួរ​បង្ក​បរិយាកាស​ល្អប្រសើរ​បន្ថែមទៀត​ដល់​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​ដែល​បាន​វិនិយោគ​ជា​យូរ​មកហើយ​នៅ​កម្ពុជា​ផងដែរ។

    ទាក់ទង​នឹង​ផលិតភាព​វិញ លោក ង៉ែត ជូ បាន​ថ្លែងថា ពិតណាស់​ផលិតភាព​នៅ​កម្ពុជា​នៅមានកម្រិត​ទាប​មែន ដែល​វា​ទាមទារ​ឲ្យ​អ្នកវិនិយោគ​បង្កើន​ការវិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​បន្ថែមទៀត ដើម្បី​ជំរុញ​ការបង្កើន​ផលិតភាព​ក្នុង​វិស័យ​មួយ​នេះ៕

  • ប្រៀបធៀប​លក្ខណៈសម្បត្តិ​របស់ Galaxy Note 8 និង iPhone X មួយណា​ប្រើ​សើរ​ជាង

    ប្រៀបធៀប​លក្ខណៈសម្បត្តិ​របស់ Galaxy Note 8 និង iPhone X មួយណា​ប្រើ​សើរ​ជាង

    កាលពី​សប្ដាហ៍​មុន ឡា​រ៉ែ​ន បានចេញ​អត្ថបទ​មួយ ដែល​ធ្វើការ​ប្រៀបធៀប​ពី​លក្ខណៈ​ល្អ​ប្លែក​មួយចំនួន​រវាង​ទូរស័ព្ទ Samsung Galaxy Note 8 និង iPhone X ប៉ុន្ដែ​ពេលនេះ យើង​គ្រាន់តែ​ចង់​លើកយក​ការប្រៀបធៀប​លក្ខណៈសម្បត្តិ​ក្នុង​តារា រវាង Hardware សំខាន់​របស់​ពួកវា​មក​ជម្រាប់ជូន​ម្ដង។

    Samsung បាន​បញ្ចេញ Note 8 ធ្វើឱ្យ​គាំទ្រ​របស់ខ្លួន​ស្រក់ទឹកមាត់​ជាមួយនឹង​រូបរាង​ថ្មី​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាងមុខ រួម​នឹង​សមត្ថភាពសំខាន់ៗមួយចំនួនទៀត។ ដោយឡែក Apple ក៏​មិន​អន់​ដែរ​ជាមួយនឹង iPhone X ដែល​វា​ជា​ស្មា​ត​ហ្វូ​ន​គម្រប់​ខួប 10ឆ្នាំ សម្រាប់​ឧទ្ទិស​ដល់​ស្នាដៃ​របស់លោក Steve Jobs។ យ៉ាងណាក៏ដោយ បើទោះបី​ពួកវា​ទាំង​សុទ្ធតែ​ខ្លាំង ហើយ​ស្អាត ប៉ុន្តែ​បើ​មើល​ប៉ុន្មាន​ចំណុច​នេះ អ្នក​អាច​វិនិច្ឆ័យ​បាន​ថា តើ​គួរ​ជ្រើស​រើសយក​មួយណា​សម្រាប់​ប្រើប្រាស់។

    ខាងក្រោម​នេះ ជា​លក្ខណៈសម្បត្តិ​របស់​ពួកវា​ទាំង 2 ដែល​យើង​នឹង​យកមក​ធ្វើការ​ប្រៀបធៀប​គ្នា៖

    ទូរស័ព្ទGalaxy Note 8iPhone X
    ប្រព័ន្ធ​ដំណើរការ OSAndroid (7.1)iOS (11.x)
    ទំហំ​ខ្លួន162.5 x 74.8 x 8.6 ម​ម143.6 x 70.9 x 7.7ម​ម
    ទម្ងន់195 ក្រាម174 ក្រាម
    មុខងារ​ថ្មីIris scanner, Fingerprint (touch), Stylus Face ID
    មុខងារ​ការពារ​ជម្រាប់​ទឹក

    IP certified

    Water, Dust resistant

    IP 68

    Water, Dust resistant

    IP 67

    ពណ៌Black, GrayGray, Silver
    ទំហំ​អេក្រង់6.3 អ៊ី​ញ5.8 អ៊ី​ញ
    Resolution1440 x 2960 pixels1125 x 2436 pixels
    កម្រិត​ភាពច្បាស់522 ppi459 ppi
    ប្រភេទ​អេក្រង់Super AMOLEDOLED
    Screen-to-body ratio82.98 %82.35 %
    មុខងារ​បន្ថែមHDR video support, Scratch-resistant glass (Corning Gorilla Glass 5), Ambient light sensor, Proximity sensorHDR video support, Pressure-sensitive, Oleophobic coating, Ambient light sensor, Proximity sensor

     

    កាមេរ៉ាDual 12 MPDual 12 MP
    FlashLEDQuad LED
    Aperture sizeF1.7F1.8
    Camera sensor size1/2.55″
    Pixel size1.4 μm
    Optical zoomYes2.0 x
    Hardware FeaturesDual-camera (12-megapixel, 45-degree viewing angle, F2.4 aperture), Optical image stabilization, Autofocus (Phase detection)Dual-camera (12-megapixel, F2.4 aperture), Sapphire crystal lens cover, Optical image stabilization, Autofocus, Back-illuminated sensor (BSI)
    Software FeaturesManual focus, RAW image capture, Touch to focus, Smile detection, Face detection, Voice activation, Self-timer, Digital zoom, Geo taggingRAW image capture, Touch to focus, Face detection, Self-timer, Digital zoom, Geo tagging
    SettingsExposure compensation, ISO control, White balance presets, Shutter speed controlExposure compensation, ISO control, White balance presets
    Shooting ModesBurst mode, High Dynamic Range mode (HDR), Panorama, EffectsBurst mode, High Dynamic Range mode (HDR), Panorama (up to 63 megapixels)
    Camcorder3840×2160 (4K) (30 fps), 1920×1080 (1080p HD) (60 fps), 1280×720 (720p HD) (240 fps)3840×2160 (4K) (60 fps), 1920×1080 (1080p HD) (240 fps), 1280×720 (720p HD) (30 fps)
    FeaturesTime-lapse video, Hyperlapse, Continuous autofocus, Object tracking, Picture-taking during video recording, Video light, Digital image stabilization, Video calling, Video sharingOptical image stabilization, Time-lapse video, Continuous autofocus, Video light, Video calling, Video sharing
    Front-facing camera8 megapixels7 megapixels
    FeaturesAutofocus, High Dynamic Range mode (HDR)High Dynamic Range mode (HDR)
    ប្រើ​បន្ទះ​ឈី​បQualcomm Snapdragon 835 MSM8998Apple A11 Bionic
    ProcessorOcta-core, 2350 MHz, Kryo 280, 64-bit, 10 nmHexa-core, 64-bit, 10 nm
    Graphics processorAdreno 540Apple M11
    ទំហំ Ram6 GB RAM3 GB RAM
    ទំហំ Memory ម៉ាស៊ីន64 GB256 GB
    បន្ថែម​ក្រៅmicroSD, microSDHC, microSDXC up to 256 GB មិនអាច​បន្ថែម​បាន

     

    ទំហំ​ថ្ម3300 mAh មិន​បញ្ចាក់
    Wireless chargingBuilt-in (Qi, Powermat)Built-in (Qi)
    Talk time22.00 hours
    the average is 21 h (1240 min)
     មិន​បញ្ជាក់
    បើក 3G12 ម៉ោង
    LTE13 ម៉ោង
    Wi-Fi14 ម៉ោង
    ចម្រៀង74.00 ម៉ោង60.00 ម៉ោង
    Video16.00 ម៉ោង13.00 ម៉ោង

     

  • លោក Guardiola ព្រមាន Man City កុំ​ឲ្យ​មើលស្រាល​ក្រុម Shakhtar នៅ​រាត្រី​នេះ

    លោក Guardiola ព្រមាន Man City កុំ​ឲ្យ​មើលស្រាល​ក្រុម Shakhtar នៅ​រាត្រី​នេះ

    កាលពី​ថ្ងៃ​ចន្ទ លោក Pep Guardiola បានធ្វើការ​ព្រមាន​ដល់​ក្រុម​ឡើង​ទម្រង់​លេង Manchester City របស់លោក​ថា ពួកគេ​មិនត្រូវ​មើលស្រាល​គូប្រកួត​ឡើយ មិន​អ៊ីចឹង​ទេ អាច​ប្រឈមមុខ​នឹង​ការខកចិត្ត​ម្តងទៀត​នៅ​រដូវ​កាល​នេះ។

    Man City កំពុងតែ​នាំមុខ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ5លើក និង​ស្មើ1លើក ពី​ការប្រកួត​បើកឆាក​ទាំង6លើក​របស់​ពួកគេ ស្រប​ពេលដែល​ពួកគេ​ក៏​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 4-០ លើ​ក្រុម Feyenoord ក្នុង​ក្របខ័ណ្ឌ Champions League និង​ផ្តួល​ក្រុម West Brom 2-1 ក្នុងការ​ប្រកួត​ពាន League Cup ផងដែរ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Guardiola ដែល​ក្រុម​របស់លោក​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Shakhtar Donetsk នា​កីឡដ្ឋាន Etihad ក្នុង​នា​ត្រី​នេះ ក៏​កំពុងតែ​ព្រួយបារម្ភ​ខ្លាំង​ដែរ ក្រោយពី​បានឃើញ​ក្រុម Man City បញ្ចប់​ដោយ​ការមិន​បានឈ្នះ​ពាន​អ្វី​សោះ​កាលពី​រដូវ​កាល​មុន បើទោះបី​ដណ្តើមបាន​ជ័យជម្នះ10លើកជាប់ៗគ្នា​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​ក៏ដោយ។

    Man City បាន​ជួប​រដូវ​កាល​ដ៏​ខកចិត្ត​មួយ​ដូចគ្នានេះ​រួចស្រេច​ហើយ​ក្នុង​រដូវ​កាល​មួយ​មុននេះ ក្រោម​ការដឹកនាំ​របស់​លោក Manuel Pellegrini ក្រោយពី​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ5លើកដំបូង​នៃ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ បានបញ្ចប់​យុទ្ធនាការ​នៅ​រដូវ​កាលនោះ​តាមរយៈ​ការ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4។

    Man City កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​នាពេលថ្មីៗនេះ តាមរយៈ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​ដល់​ទៅ16គ្រាប់​ក្នុងការ​ប្រកួត​លី​ក3លើកចុងក្រោយ​របស់​ពួកគេ ខណៈដែល​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម Liverpool និង Crystal Palace ក្នុង​លទ្ធផល 5-០ ដូចគ្នា បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម Watford 6-០រួចមក។ ប៉ុន្តែ លោក Guardiola បាន​បញ្ជាក់ថា វា​ឆាប់​ពេក​ហើយ​ក្នុងការ​ជឿជាក់​លើ​ភាពខ្លាំង​នៃ​ក្រុម​របស់លោក​នោះ។

    គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មុនពេល​ប្រកួត​ថា៖ «វា​ជា​រឿង​ដ៏​ល្អប្រសើរ​បំផុត​ក្នុងការ​ស្ថិតក្នុង​ទីតាំង​ដែល​យើង​កំពុងតែ​ស្ថិតនៅ​នេះ ប៉ុន្តែ​វា​ត្រឹមតែ​ខែកញ្ញា​ប៉ុណ្ណោះ។ នៅសល់​ពេលវេលា​ជាច្រើន និង​ការប្រកួត​ជាច្រើន​ទៀត​ដែល​យើង​ត្រូវ​លេង»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • រថយន្ត​ដែល​ល្បី​លក់ដាច់​បំផុត​នៅ​ជប៉ុន មកដល់​ខ្មែរ​ហើយ!

    រថយន្ត​ដែល​ល្បី​លក់ដាច់​បំផុត​នៅ​ជប៉ុន មកដល់​ខ្មែរ​ហើយ!

    រថយន្ត​ប្រភេទ SUV ខ្នាតតូច ម៉ូ​ដែល C-HR របស់​ក្រុមហ៊ុន Toyota Motor ដែល​ល្បី​លក់ដាច់​បំផុត​នៅលើ​ទីផ្សារ​ប្រទេស​ជប៉ុន​នោះ ពេលនេះ​បាន​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​កម្ពុជា​យើង​ហើយ កាលពីពេលថ្មីៗនេះ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឃ្លាំង​លក់​រថយន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

    រយៈពេល 4 ខែក្រោយ​ពី​ចេញលក់​រថយន្ត Toyota C-HR រួចមក ស្ថាប័ន​ឧស្សាហកម្ម​រថយន្ត​នៃ​ប្រទេស​ជប៉ុន​បានចេញ​ផ្សាយ​ថា រថយន្ត​នេះ​ត្រូវបាន​គេ​បញ្ជា​ទិញ​រហូតដល់​ទៅ 13,168 គ្រឿង  ដោយ C-HR នេះ​មាន 2ប្រភេទ​គឺ 2-Wheel Drive  ម៉ាស៊ីន ​Hybrid មានតម្លៃ​ប្រមាណ 2,646,000 យេន (ឬ​ប្រហែល  23,100 ដុល្លារ) និង 4-Wheel Drive ម៉ាស៊ីន​ធម្មតា​តម្លៃ  2,516,400 យេន (ឬ​ប្រហែល 22,000 ដុល្លារ)។

    ចំពោះ​រថយន្ត​ដែលមាន​លក់​នៅក្នុង​ស្រុក​ខ្មែរ​យើង​នេះ គឺជា​ប្រភេទ​ម៉ាស៊ីន​សាំង​ធម្មតា ជាមួយនឹង​ទំហំ​ស៊ីឡាំង4  ចំណុះ1.2 L អាច​រត់​បាន​ល្បឿន189 គីឡូម៉ែត្រ/ម៉ោង និង​មាន​សម្ទុះ​ពី0 ទៅ100គីឡូម៉ែត្រ/ម៉ោង ប្រើពេល10,9 វិនាទី  និង​ស៊ីសាំង 5 លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ100 គីឡូម៉ែត្រ។

    រថយន្ត​ដ៏​ប្រណីត​នេះ​មិនទាន់មាន​ដាក់លក់​ទូលំទូលាយ​លើ​ពិភពលោក​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​មួយ​នេះ​គ្រោង​នឹង​ចែកចាយ​C-HR ទៅកាន់​ទីផ្សារ100 ប្រទេស​ដើម្បី​បំពេញ​តាម​តម្រូវការ។

    ទើបតែ​ចេញលក់​បាន​ប្រមាណ​ជា4ខែ​មែន ប៉ុន្តែ​C-HR ជា​រថយន្ត​ដែល​លក់ដាច់​បំផុត​របស់​ក្រុមហ៊ុន Toyota សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន ដោយ​លក់​ចេញ​បាន​សរុប13,168គ្រឿង៕

  • ចំណូល​របស់ Neymar នៅ PSG ធ្វើ​ឲ្យ​គេ​ក្លាយជា​អ្នក​រកបាន​ខ្ពស់​ជាងគេ​បំផុត​ទី២ បន្ទាប់ពី Tevez

    ចំណូល​របស់ Neymar នៅ PSG ធ្វើ​ឲ្យ​គេ​ក្លាយជា​អ្នក​រកបាន​ខ្ពស់​ជាងគេ​បំផុត​ទី២ បន្ទាប់ពី Tevez

    ស្ថិតក្នុង​នាម​ជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡាបាល់ទាត់ តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar ដេញ​តាមតែ​ពីក្រោយ​ខ្សែប្រយុទ្ធ Carlos Tevez ក្នុងនាម​ជា​កីឡាករ​រកបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក។

    ប្រាក់ចំណូល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់ Neymar នៅឯ​ក្លិប Paris Saint-Germain ស្ថិតក្នុង​ចំណាត់ថ្នាក់​ពីក្រោយ​តែ​កីឡាករ Tevez ប៉ុណ្ណោះ​ក្នុងនាម​ជា​កីឡាករ​រកបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក។ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​របស់​កាសែត Football Leaks។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​បំពេញ​ការផ្ទេរ​របស់គេ​ទៅកាន់​កីឡដ្ឋាន Parc des Princes ពី​ក្លិប Barcelona កាលពី​ខែសីហា ឆ្នាំនេះ ដើម្បី​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​កីឡាបាល់ទាត់ ក្រោយពី​ផ្ទេរ​ក្នុងតម្លៃ​ខ្លួន២២២លាន​អឺរ៉ូ (ស្មើនឹង២៦៤លាន​ដុល្លារ​អាមេរិក)។ ប៉ុន្តែ បើ​យោងទៅតាម​របាយការណ៍​ដដែល​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ Neymar មិនបាន​ទទួល​ចំណូល​កប់​ពពក​ដូច​ការរំពឹងទុក​នៅឯ​ក្លិប PSG ឡើយ។

    គេហទំព័រ Football Leaks បានចេញ​ផ្សាយ​ថា Neymar ទទួលបាន​ចំណូល​ត្រឹមតែ៣លាន​អឺរ៉ូ ប៉ុណ្ណោះ​ក្នុង​មួយខែ ក្នុង​ក្របខ័ណ្ឌ Ligue 1 ដែល​មានន័យថា រូបគេ​រកបាន​ចំណូល​ប្រចាំឆ្នាំ​ចំនួន៣៦,៨លាន​អឺរ៉ូ។ មានតែ​ខ្សែប្រយុទ្ធ Tevez ប៉ុណ្ណោះ​ដែល​បច្ចុប្បន្ន​កំពុងតែ​លេង​ឲ្យ​ក្លិប Shanghai Shenhua របស់​ក្របខ័ណ្ឌ​ចិន Super League ជា​កីឡាករ​រកបាន​ចំណូល​ខ្ពស់​ជាងគេ ខណៈដែល​បណ្តាញសារព័ត៌មាន​ជាច្រើន​អះអាងថា តារា​ឆ្នើម​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ រកបាន​ដល់​ទៅ៣៨,៤លាន​អឺរ៉ូ ក្នុង​ឆ្នាំ​ទី១របស់គេ​នៅលើ​ទឹកដី​អាស៊ី។

    ទោះបីជា​យ៉ាងណា Neymar នៅតែ​ទទួល​ចំណូល​ដ៏​ច្រើន ខណៈដែល​បើ​គិត​ទៅលើ​ប្រាក់ខែ​របស់គេ តារា​ឆ្នើម​ប្រេ​ស៊ី​ល​រូបនេះ​រកបាន១០ម៉ឺន​អឺរ៉ូ​ក្នុង​មួយ​ន​ថ្ងៃ ៤០០០អឺរ៉ូ ក្នុង​មួយ​ម៉ោង ឬ៦៦អឺរ៉ូ ក្នុង​រយៈពេល​មួយ​នាទី៕

    ប្រភពពី៖ Goal.com

  • វិធី5យ៉ាង​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​

    វិធី5យ៉ាង​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​

    ពេលខ្លះ​អាការ​ឈឺធ្មេញ​ធ្វើឱ្យ​យើង​ខឹង​មួម៉ៅ ឬ​ជួនកាល​ឈឺ​រហូតដល់​ចង់​វិលមុខ ឈឺក្បាល​គិត​អ្វី​មិន​ចេញ​ទៀតផង នៅក្នុង​ស្ថានការណ៍​ដែល​យើង​មិនអាច​ទៅ​ពេទ្យធ្មេញ​បាន​ទាន់ពេលវេលា​នោះ អាច​នឹងត្រូវ​ទ្រាំ​ឈឺ​មួយរយៈ តែ ឡា​រ៉ែ​ន មាន​វិធី​បន្ថយ​អាការ​ឈឺធ្មេញ​នេះ​បាន​ដោយ​វិធី5យ៉ាងដូច​ខាងក្រោម។

    1.កុំ​ទទួលទាន​អាហារ​ដែលនាំឱ្យ​ឈឺធ្មេញ

    កាត់បន្ថយ​នូវ​អ្វីដែល​មាន​ផល​ធ្វើឱ្យ​ធ្មេញ​ឈឺ​កាន់តែខ្លាំង​ឡើង ដូចជា ទទួលទាន​របស់​ត្រជាក់​ខ្លាំង (ទឹកកក ការ៉េម), របស់​ក្តៅ​ខ្លាំង (ទឹក​ក្តៅ កាហ្វេ​ក្តៅ និង​អាហារក្តៅៗជាដើម) និង​អាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ឬ​ជូរ​ខ្លាំង។

    2.កុំ​ធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ

    កាត់បន្ថយ​ការធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ ពីព្រោះ​អាការ​ឈឺធ្មេញ​នឹង​កាន់តែ​កម្រើក​ខ្លាំង​ឡើង បើ​ធ្មេញ​ដែល​ឈឺ​នោះ​ត្រូវបាន​ធ្វើឱ្យ​ប៉ះទង្គិច​ញឹកញាប់  វិធីងាយៗគឺ ទទួលទាន​អាហារ​ណា​ដែល​មិនចាំបាច់​ទំពាខ្លាំងៗ និង​វិធី​មួយទៀត​គឺ ទំពា​នៅ​ធ្មេញ​ម្ខាង​ទៀត។

    3.យក​កម្ទេច​អាហារ​ចេញពី​ធ្មេញ 

    បើ​អា​ការឈឺ​នោះ​បណ្តាលមកពី​មាន​កម្ទេច​អាហារ  វិធី​ល្អ​បំផុត​គឺ​ប្រញាប់​យក​កម្ទេច​អាហារ​ទាំងនោះ​ចេញ​ឱ្យបាន​លឿន​បំផុត ដោយ​ការប្រើ​ខ្សែ​សម្អាត​ធ្មេញ (Dental Floss) កុំ​ប្រើ​ឈើចាក់ធ្មេញ។

    4.ប្រើ​ទឹក​ក្តៅឧណ្ហៗជា​ជំនួយ

    បើ​ធ្មេញ​ពុក​មាន​ប្រហោង សរសៃប្រសាទ​ធ្មេញ​ហើម និង​មាន​ខ្ទុះ​នៅ​ជើងធ្មេញ ហើយ​មើលឃើញ​អាការ​ហើម​ស្ទុ​ល​នៅលើ​ថ្គាម​នោះ  ការប្រើ​ទឹក​ក្តៅឧណ្ហៗជួយ​ស្អំ​ពី​ខាងក្រៅ នឹង​ជួយ​ជម្រុញ​ឱ្យ​ការហូរ​ខ្ទុះ​ចេញមក​ខាងក្រៅ​ឆាប់​អស់ ជួយ​ឱ្យ​អាការ​ឈឺធ្មេញ​ឆាប់​បាត់​កាន់តែ​លឿន​ឡើង​ថែម​ទៀតផង។

    5.ប្រេង​ធាង​ម្លូ

    ប្រេង​ធាង​ម្លូ ជា​ឱសថ​ដែល​ជួយ​កាត់បន្ថយ​អាការ​ឈឺធ្មេញ​បាន ដោយ​យក​សំលី​ជ្រលក់​ប្រេង​ធាង​ម្លូ ហើយ​យក​ញ៉ុ​ក​ចូលក្នុង​ប្រហោង​ធ្មេញ​ដែល​ឈឺ នោះ​ប្រេង​ធាង​ម្លូ​នឹង​បញ្ចេញ​ឫទ្ធិ​ជា​ថ្នាំ​បំបាត់​ការឈឺ​ចាប់បាន​ភ្លាម​តែម្តង។

    វិធី​ការដែល​ណែនាំ​ខាងលើនេះ ជា​វិធី​ជួយ

    ឱ្យ​អ្នក​បាត់​ខឹង​មួម៉ៅ ដោយសារ​ការឈឺ​ធ្មេញ​ក្នុងករណី​ដែល​មិនអាច​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​បានតែ​ប៉ុណ្ណោះ មិនមែនជា​វិធី​ព្យាបាល​ឡើយ ដូច្នេះ​បើ​អ្នកមាន​ឱកាស​ហើយ គួរតែ​ប្រញាប់​ទៅ​ជួបនឹង​គ្រូពេទ្យ ដើម្បី​ទទួលយក​ការព្យាបាល​ដែល​ត្រឹមត្រូវ​ទើប​ជាការ​ប្រសើរ៕

  • វា​រី​អគ្គិសនី​ធំជាងគេ​នៅ​កម្ពុជា នឹងត្រូវ​សម្ពោធ​ដាក់​ដំណើរការ ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​នេះ

    វា​រី​អគ្គិសនី​ធំជាងគេ​នៅ​កម្ពុជា នឹងត្រូវ​សម្ពោធ​ដាក់​ដំណើរការ ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​នេះ

    វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ស្ថិតនៅក្នុង​ខេត្ដ​ស្ទឹងត្រែង​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចំនួន​បី នឹងត្រូវ​បិទទ្វា​ទឹកជា​ផ្លូវការ​ដើម្បី​ដាក់ឱ្យ​ដំណើរការ​តួប៊ីន​ទី1 នៅ​ថ្ងៃទី25 ខែកញ្ញា ស្អែក​នេះ ក្នុងការ​បង្កើន​ថាមពល​អគ្គស​នី​បន្ថែម​សម្រាប់​បង្គ្រប់​កង្វះខាត​ថាមពល​អគ្គិសនី​ទូទាំងប្រទេស។

    ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​បញ្ជាក់ថា៖ «វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ប្រើ​ទឹក យើង​បិទ​ទប់ទឹក​ឱ្យ​បង្វិល​ទៅ​តួប៊ីន​ដើម្បី​ទទួលបាន​ថាមពល​អគ្គិសនី ប្រសិនបើ​យើង​មិន​បិទ​ទេ​ទឹក​វា​ហូរ​ចោល។ ការបិទ​ទឹក​គឺជា​កាលបរិច្ឆេទ​នៃ​ការចាប់ផ្ដើម​ដំណើរការ​វា​រី​អគ្គិសនី​របស់​យើង ដូច្នេះ​នៅ​ទន្លេ​នេះ​បិទ​ទឹកជា​ផ្លូវការ​គឺ​បិទ​រហូត​ហើយ»។

    វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ គម្រោង​ដ៏​ធំ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​កម្ពុជា​នឹងត្រូវ​បិទទ្វារ​ទឹកជា​ផ្លូវការ​នៅ​ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2017។ បន្ទាប់​តួប៊ីន​ទី1ដំណើរការ​នៅ​ចុងឆ្នាំ នឹង​អាច​ទទួលបាន​ថាមពល​អគ្គិសនី​កម្លាំង 50MW។ រហូតដល់​ឆ្នាំ2018 ដំណើរការ​តួប៊ីន​ចំនួន​បួន​អាច​ទទួលបាន​ថាមពល​អគ្គិសនី​កម្លាំង​រហូតដល់ 400MW។

    លោក​រដ្ឋមន្ត្រី បាន​បន្ដថា វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ នឹង​ជួយ​ចូលរួមចំណែក​ដល់​វិស័យ​ថាមពលអគ្គីសនី​នៅ​កម្ពុជា និង​វិស័យ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី លែងឱ្យ​មានការ​ខ្វះខាត​តទៅទៀត​ហើយ។

    វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ រួមចំណែក​ជាមួយ​ប្រភព​ថាមពល​ដែលមាន​វា​រី​អគ្គិសនី6 និង​រោងចក្រ​ធ្យូងថ្ម នឹង​បំពេញបន្ថែម​សេចក្ដីត្រូវការ​ថាមពល​សម្រាប់​បម្រើ​ដល់​សេដ្ឋកិច្ច វិស័យ​សង្គមកិច្ច រួម​នឹង​វិស័យផ្សេងៗ ។ ពិសេស​វា​អាច​បង្គ្រប់​នូវ​កង្វះខាត​ថាមពល​អគ្គិសនី​នូវ​ទូទាំងប្រទេស​កម្ពុជា ខណៈ​កំណើន​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុងប្រទេស​កម្ពុជា​កើនឡើង​រង្វង់ 20% ជា​រៀងរាល់ឆ្នាំ។ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ  គឺជា​គម្រោង​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន​កម្ពុជា Royal Group សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​វៀតណាម​ក្រោម​ទុនវិនិយោគ​ជាង 800លាន​ដុល្លារ៕

  • ការនាំចេញ​ផលិតផល​កាត់ដេរ​ទៅកាន់​សហគមន៍​អឺរ៉ុប​កំពុងតែបន្ត​កើនឡើង

    ការនាំចេញ​ផលិតផល​កាត់ដេរ​ទៅកាន់​សហគមន៍​អឺរ៉ុប​កំពុងតែបន្ត​កើនឡើង

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក៏ពិតមែន ប៉ុន្តែ​កម្ពុជា ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស គួរឱ្យកត់សម្គាល់​មួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច។

    ឯកឧត្តម​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន ដែល​រៀបចំឡើង នៅក្នុង​ពិធី​តាំងពិព័រណ៍​សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នៅ​ក្រុងប៉ារីស ប្រទេស​បារាំង​ថា ការនាំចេញ​របស់​កម្ពុ​ជា មានការ​កើន​ឡើងជា​លំដាប់ ជាពិសេស​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ “Everything But Arms (EBA)” ដែល​ប្រព័ន្ធ​នេះ​បាន​អនុញ្ញាតឱ្យ​កម្ពុជា អាច​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ (លើកលែងតែ​អាវុធ) ទៅកាន់​សហគមន៍​អឺរ៉ុប ដោយ​គ្មាន​បង់ពន្ធ​និង​ជាប់​កាតព្វកិច្ចផ្សេងៗនោះទេ ។

    ក្រោម​ប្រព័ន្ធ​អនុគ្រោះ GSP/MFN ផងដែរ ប្រទេស​កម្ពុជា​បាន​នាំ​ចេញទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ធំជាងគេ បន្ទាប់មក​គឺ​សហរដ្ឋអាមេរិក និង​កាណាដា ហើយ​ទំនិញ​ដែល​នាំចេញ​ច្រើនជាងគេ គឺ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​តែម្តង។ ក្រៅពីនោះ មាន​ស្បែកជើង អង្ករ ស្ករត្នោត ម្រេច និង​ផលិតផលផ្សេងៗទៀត។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ពិព័រណ៍​សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នេះ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ល្បីល្បាញ និង​ធំជាងគេ​បង្អស់​នៅក្នុង​តំបន់​អឺរ៉ុប ដូច្នោះ​ហើយ​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​ពេលនេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់។

    គណៈប្រតិភូ​ពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ដឹកនាំ​ពាណិជ្ជករ​កម្ពុជា​ចំនួន09 ក្រុមហ៊ុន​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-បារាំង ក៏ដូចជា​ដើម្បី​ស្វែងរក​ទីផ្សារ​អឺរ៉ុប និង​ជំរុញឱ្យមាន​ការកើនឡើង​បន្ថែមទៀត​នូវ​ការវិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ។

    ជាមួយគ្នានេះ ឯកឧត្តម​បាន​ជំរុញ​ឱ្យ​ភ្ញៀវ​ទាំងអស់​ដែលមាន​វត្ត​មាននៅ​ទីនោះ យក​ឱកាស​ដ៏​សំខាន់​នេះ ធ្វើ​ការជជែក​ពិភាក្សាគ្នា​ជាមួយ​កម្ពុជា ដើម្បី​បង្កើត​ទំនាក់ទំនង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា ព្រោះ​កម្ពុ​ជាមាន​កម្លាំង​ការងារ​គ្រប់គ្រាន់ ហើយ​តម្លៃ​ឈ្នួល​ពលកម្ម​ក៏​ទាប​ផងដែរ ហើយ​ការដឹកជញ្ជូន​ក៏បាន​តែមាន​ភាពប្រសើរ​ឡើង​ដែរ ដោយសារ​កម្ពុជា កំពុងមាន​ផ្លូវ​គមនាគមន៍​ជាច្រើន​នឹង​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ទៅកាន់​ប្រទេស​ក្នុង​តំបន់​ទៀតផង៕

     

  • លោក Conte  ថ្លែងអំណរគុណ​ដល់ Costa ក្នុង​ការជួយ​ឲ្យ Chelsea ទទួលបាន​ជោគជ័យ

    លោក Conte  ថ្លែងអំណរគុណ​ដល់ Costa ក្នុង​ការជួយ​ឲ្យ Chelsea ទទួលបាន​ជោគជ័យ

    លោក Antonio Conte អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Chelsea បាន​ថ្លែងអំណរគុណ​ដល់ Diego Costa កាលពី​ថ្ងៃ​សុក្រ សម្រាប់​ការលះបង់​របស់គេ​នៅឯ​កីឡដ្ឋាន Stamford Bridge ក្រោយពី​ក្លិប​តោ​ខៀវ បាន​យល់ព្រម​លក់​ខ្សែប្រយុទ្ធ​រូបនេះ​ទៅ​ឲ្យ​ក្លិប Atletico Madrid។

    Costa បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន 52គ្រាប់​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea ឈ្នះ​ពាន​កំពូល​របស់​អង់គ្លេស​ចំនួន2លើក ក្នុង​រយៈពេល 3ឆ្នាំ នៅមុន​ពេល​លោក Conte បាន​ប្រាប់​ខ្សែប្រយុទ្ធ​វ័យ 28ឆ្នាំ​តាមរយៈ​ការផ្ញើ​សារ​កាលពីដើម​ឆ្នាំនេះ​ថា រូបគេ​មិន​ស្ថិតក្នុង​គម្រោង​របស់​ក្លិប​នេះ​ទៀតឡើយ។

    Chelsea បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​យល់ព្រម​ទៅលើ​លក្ខខណ្ឌផ្សេងៗជាមួយនឹង​ក្លិប Atletico របស់​ក្របខ័ណ្ឌ La Liga ដើម្បី​ផ្ទេរ Costa ស្រប​ពេលដែល​កាសែត​អេ​ស្ប៉ា​ញ El Mundo បាន​បញ្ជាក់ថា តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​នេះ មាន​ចំនួន 55លាន​អឺរ៉ូ (ស្មើនឹង 65,7លាន​ដុល្លារ​អាមេរិក)។

    នៅពេលដែល​ត្រូវបាន​ចោទសួរ​ពី​ទំនាក់ទំនង​ដែល​ត្រូវបាន​ប្រេះស្រាំ​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ លោក Conte បានជ្រើសរើស​យក​ធ្វើការ​ផ្តោតអារម្មណ៍​ទៅលើ​អនាគត​របស់​ក្លិប​របស់លោក​វិញ ដោយ​ចាប់ផ្តើម​ពី​ការធ្វើដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹកដី​ក្រុម Stoke City នៅ​ពីថ្ងៃ​សៅរ៍​នេះ។

    គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​ចង់​ថ្លែងអំណរគុណ​ដល់ Costa សម្រាប់​អ្វីដែល​រូបគេ​បានធ្វើ​ជាមួយនឹង​ក្លិប​នេះ។ យើង​សូម​ជូនពរ​ឲ្យ​រូបគេ​ជួបតែ​សំណាងល្អ​នៅ​ថ្ងៃ​អនាគត»។ លោក Conte បាន​បន្ថែមទៀតថា៖ «រឿង​អតីតកាល​មិន​សំខាន់​ឡើយ។ ប្រសិនបើ​អ្នកធ្វើ​បានល្អ​កាលពី​អតីត វា​មិន​អី​ទេ ប៉ុន្តែ យើង​ត្រូវតែ​ធ្វើការ​សម្រាប់​បច្ចុប្បន្នភាព និង​អនាគត»។

    លោក Conte ជឿជាក់ថា ក្រុម Chelsea នឹងត្រូវ​ជួប​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នៅ​កីឡដ្ឋាន bet365 ក្រោយពី​ក្រុម Stoke របស់លោក Mark Hughes រកបាន​ដល់​ទៅ 4ពិន្ទុ​ពី​ការប្រកួត២លើក​ជាមួយនឹង​ក្រុម Arsenal និង Manchester United។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង9យប់៕

    ប្រភពពី៖ Reuters

  • មិត្តស្រី និង​ភរិយា​របស់​កីឡាករ​នៃ​ក្លិប Bayern និង Dortmund នាំគ្នា​ចូលរួម​ពិធីបុណ្យ​ស្រា​បៀរ Oktoberfest

    មិត្តស្រី និង​ភរិយា​របស់​កីឡាករ​នៃ​ក្លិប Bayern និង Dortmund នាំគ្នា​ចូលរួម​ពិធីបុណ្យ​ស្រា​បៀរ Oktoberfest

    ការ​ប្រជែង​គ្នា​រវាង​ក្រុម Bayern Munich និង Borussia Dortmund បាន​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ខណៈដែល​មិត្តស្រី និង​ភរិយា​របស់​កីឡាករ​នៃ​ក្រុម​ទាំងពីរ បាន​ចូលរួម​អបអរ​ពិធីបុណ្យ​ស្រា​បៀរ​របស់​អាល្លឺម៉ង់​ដែលមាន​ឈ្មោះថា Oktoberfest។

    នាង Cathy Hummels, Ann-Kathrin Brommel និង Scarlett Gartmann ដែលជា​មិត្តស្រី​របស់​កីឡាករ Mats Hummels, Mario Gotze និង Marco Reus សុទ្ធសឹង​បាន​ស្ថិតក្នុង​សម្លៀកបំពាក់​ប្រពៃណី​ដើម្បី​ចូលរួម​កម្មវិធី​បុណ្យ​ស្រា​ប្រៀ​មួយ​នេះ។ នាង Simone ដែលជា​អតីត​ភរិយា​របស់​កីឡាករ Michael Ballack និង​អ្នកស្រី Lilly ដែលជា​ភរិយា​របស់​កីឡាករ Boris Becker ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​នេះ​ផងដែរ បើទោះបីជា​អតីត​តារា​ឆ្នើម​របស់​ក្លិប Chelsea និង​អតីត​តារា​ឆ្នើម​កីឡាករ​វាយ​កូន​បាល់​ទាំងពីរ​រូបនេះ មិនបាន​បង្ហាញខ្លួន​ក៏ដោយ។

    Oktoberfest គឺជា​ពិធីបុណ្យ​ស្រា​បៀរ​ធំជាងគេ​បំផុត​របស់​ពិភពលោក​ដែលមាន​រយៈពេល​ពី១៦ ទៅ១៨ថ្ងៃ ហើយ​មនុស្ស​ភាគច្រើន​ក្នុង​កម្មវិធី​នេះ តែងតែ​ផឹកស្រា​បៀរ​ជាច្រើន។ ក្នុង​រយៈពេល៥រដូវ​កាល​ចុងក្រោយ​នេះ តារាឆ្នើមៗរបស់​ក្លិប Bayern និង Dortmund តែងតែ​ចូលរួម​អបអរ​ពិធីបុណ្យ Oktoberfest ដើម្បី​បង្ក​ឲ្យ​បរិយាកាស​កាន់តែ​រំភើប៕

    ប្រភពពី៖ The Sun