Author: វល័ក្ខ

  • ការអភិរក្ស​តំបន់​អេកូ​ទេសចរណ៍ បានធ្វើឱ្យ​ប្រជាជន​ប្ដូរ​ឥរិយាបថ​ឈប់​កាប់​ព្រៃឈើ និង​ឈប់​ប្រមាញ់​សត្វ

    ការអភិរក្ស​តំបន់​អេកូ​ទេសចរណ៍ បានធ្វើឱ្យ​ប្រជាជន​ប្ដូរ​ឥរិយាបថ​ឈប់​កាប់​ព្រៃឈើ និង​ឈប់​ប្រមាញ់​សត្វ

    កន្លងមក​មាន​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​រស់​នៅតាម​តំបន់​ព្រៃភ្នំ​បាន​ចិញ្ចឹមជីវិត​ដោយ​ពឹងផ្អែក​ការ​លើ​ការរកចំណូល​បាន​ពី​អនុផល និង​កាប់​ព្រៃឈើ និង​ប្រមាញ់​សត្វ​ជាដើម ប៉ុន្ដែ​ក្រោយពី​មានការ​អភិវឌ្ឍ​លើ​វិស័យ​អេកូ​ទេសចរណ៍​មក ប្រជាជន​ទាំងនោះ​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​មក​ស្រឡាញ់ និង​ថែរក្សា​ធម្មជាតិ​ដើម្បី​ទាញយក​ប្រាក់ចំណូល​ជាជាង​កាប់បំផ្លាញ​ព្រៃឈើ និង​ធម្មជាតិ។

    ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា អេកូ​ទេសចរណ៍​ជា​ផ្នែក​មួយ​នៃ​វិស័យ​ទេសចរណ៍ធម្មជាតិ ឬ​ជា​សកម្មភាព​ទេសចរណ៍​ទៅក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ដែលមាន​ការទទួលខុសត្រូវ។ វិស័យនេះ​ត្រូវបាន​ពិភពលោក ពិសេស​អង្គការ​ទេសចរណ៍​ពិភពលោក​យក​ចិ​ត្ដ​ទុកដាក់ និង​ណែនាំ​ទៅគ្រប់​ប្រទេស​ទាំងអស់​ឱ្យមាន​ការយក​ចិ​ត្ដ​ទុកដាក់​លើ​វិស័យនេះ ព្រោះ​វិស័យនេះ​អាចរួមចំណែក​ទប់​អត្រា​ការកើនឡើង​នៃ​កម្ដៅ​ភពផែនដី​បាន និង​ថែមទាំង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​តាមរយៈ​ការកាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​បាន​ទៀតផង ដូច្នេះហើយ​ទើប​វិស័យ​អេកូ​ទេសចរណ៍​មានការ​កើនឡើង​ក្នុង​រង្វង់20%  ខណៈដែល​វិស័យ​ទេសចរណ៍វប្បធម៌​កើនឡើង​ក្នុង​រង្វង់8%។

    លោក​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បានបញ្ជាក់​ទៀតថា មូលហេតុ​ដែល​វិស័យ​អេកូ​ទេសចរណ៍​មានការ​ពាក់ព័ន្ធ និង​អាចជួយ​ទប់ស្កាត់​ការកើនឡើង​នៃ​កម្ដៅ​ផែនដី​នោះ  ព្រោះ​នៅពេល​ក្រុម​ភ្ញៀវទេសចរ​ទៅដល់​កន្លែង​មួយ​ដែលមាន​តំបន់​អេកូ​ទេសចរណ៍  សហគមន៍ និង​ប្រជាជន​ដែល​រស់នៅ​ទីនោះ​នឹង​ទទួលបាន​ចំណូល​ពី​ធនធានធម្មជាតិ​ទាំងអស់នោះ។

    ឯកឧត្ដម ថោង ខុន បញ្ជាក់ថា៖ «សព្វថ្ងៃ​បើ​គ្មាន​សកម្មភាព​ទេសចរណ៍​នៅ​ទីនោះ (តំបន់​អេកូ​ទេសចរណ៍) ប្រជាជន​បាន​ចំណូល​ពី​ព្រៃឈើ​តាមរយៈ​ការ​បោច​វ​ល្លិ៍ (អនុផល​ព្រៃឈើ) ប៉ុន្ដែ​ជួនកាល​ពួកគាត់​អាច​ទៅ​ហួស​ពី​ការ​បោច​វ​ល្លិ៍ ឈានទៅដល់​ការកាប់​ព្រៃឈើ និង​ប្រមាញ់​សត្វព្រៃ​ជាដើម ដូច្នេះ​យើង​អត់​ចង់ឱ្យ​ប្រជាជន​ធ្វើ​សកម្មភាព​បែបនេះ​ទេ គឺ​ពួកគេ​ត្រូវ​រក្សាទុក​ព្រៃឈើ រក្សាទុក​សត្វព្រៃស្អាតៗឱ្យ​ភ្ញៀវទេសចរ​មើល​កម្សាន្ត ព្រោះ​នៅពេល​ភ្ញៀវទេសចរ​ទៅដល់​ទីនោះ ការចំណាយ​របស់​ពួកគាត់​នឹង​បាន​ចូលទៅ​ដល់ដៃ​របស់​ប្រជាជន​រស់នៅក្នុង​សហគមន៍​របស់​ពួកគាត់​ផ្ទាល់ ដូច្នេះ​គាត់​ឈប់​បាញ់​សត្វ គាត់​ឈប់​កាប់​ឈើ ហើយ​ប្ដូរ​ឥរិយាបថ​ងាក​មកជួយ​ការពារ​ធនធានធម្មជាតិ​ទាំងនោះ​វិញ​ម្ដង»។

    ជាមួយគ្នានេះ ឯកឧត្ដម​បានបង្ហាញ​ពី​អំណះអំណាង​ថា៖ «ដូចជា​ប្រជាជន​រស់នៅ​តំបន់​ជី​ផាត តំបន់​ម្លប់​បៃតង និង​កន្លែង​ដទៃទៀត ពួកគាត់​បានបង្ហាញ​ពី​អារម្មណ៍​ថា គាត់​អត់​ចង់​បាញ់សម្លាប់​សត្វព្រៃ​ទេ គាត់​មិន​ចង់​កាប់​ព្រៃឈើ​ទេ តែ​អ្វីដែល​គាត់​ចង់បាន​គឺ​លុយ ដូច្នេះ​បើ​គាត់​អាច​រកលុយ​បាន​ពី​ទេសចរ​ណ៍ហើយ មានរឿង​អី​ដែល​គាត់​ត្រូវ​ទៅ​កាប់​ព្រៃឈើ និង​សម្លាប់​សត្វព្រៃ​ទៀត ដូច្នេះ​ការបញ្ជ្រាប​ចូល​ចំណេះដឹង និង​ការអភិរក្ស​តំបន់​អេកូ​ទេសចរណ៍​ពិត​បាន​ទទួលបាន​លទ្ធ​ផល​ល្អ​មែន»៕

  • រូបមន្ត​បំពោក​ផ្ទៃមុខ​ប្រឆាំង នឹង​បញ្ហា​មុខមុន ដោយ​បន្លែ​ផ្លែឈើ​ពណ៌​ក្រហម​

    រូបមន្ត​បំពោក​ផ្ទៃមុខ​ប្រឆាំង នឹង​បញ្ហា​មុខមុន ដោយ​បន្លែ​ផ្លែឈើ​ពណ៌​ក្រហម​

    រូបមន្ត​បំពោក​ផ្ទៃ មុខ​ដែល​បាន​ពី​ធម្មជាតិ​កំពុងតែ​ក្លាយ​ជាទី​ពេញនិយម​របស់​កំលោះ​ក្រមុំ​យ៉ាង ខ្លាំង ព្រោះ​ក្រៅ ពី​គ្មាន​អាការ​ប្រតិកម្ម​ចាញ់​លើ​ផ្ទៃមុខ​ហើយ​នោះ រូបមន្ត​បំពោក​ផ្ទៃមុខ​ដោយ​ធម្មជាតិ​នេះ​នៅ​ជួយ​សន្សំ​ប្រាក់​របស់លោក​អ្នក​បាន​ទៀតផង។

    រូបមន្ត​បំពោក​ផ្ទៃមុខ​ដោយ​ផលិតផល​ធម្មជាតិ​នេះ​ភាគច្រើន​នឹង​ជួយ​ឱ្យ​លោក​អ្នកមាន​ផ្ទៃមុខ​ស្អាត​ស្រស់ថ្លា និង​គ្មាន​ស្លាកស្នាម​ហើយ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​រូបមន្ត​បំពោក​ផ្ទៃមុខ​ពី​ធម្មជាតិ​មួយទៀត ដែល​ជួយ​ប្រឆាំងនឹង​ការកើត​មុន​នៅលើ​ផ្ទៃមុខ​មក​ជម្រាបជូន នោះ​គឺ​រូបមន្ត​បំពោក​ផ្ទៃមុខ​ដោយ​បន្លែ​ផ្លែឈើ​ពណ៌​ក្រហម ព្រោះ​បន្លែ និង​ផ្លែឈើ​ពណ៌​ក្រហម​មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​ភាព​ឡើង​ខ្លាញ់ កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​ចេញ​មិន​ឱ្យនៅ​ញ៉ុ​ក​ណែន​បង្ក​កើត​ជាមុន​កាត់បន្ថយ​ស្លាកស្នាម​ឱ្យ​រលុប​បាត់អស់​ដូច​ធម្មជាតិ​ព្រមទាំង​ថែបំប៉ន​ស្បែក​មុខ​ឱ្យមាន​សំណើម​ស្រស់បស់​ទៀតផង។

    រូបមន្ត​ផ្លែ​ប៉ោម​ទឹកឃ្មុំ ការពារ​មុន​និង​លុប​ស្នាម​អុច​ខ្មៅ
    វិធី​ធ្វើ : កិន​ផ្លែ​ប៉ោម 1ផ្លែ​ឱ្យ​ម៉ដ្ឋ លាយ​ជាមួយ​ទឹកឃ្មុំ 2ស្លាបព្រា​កាហ្វេ រួចហើយ​យកមក​លាប​បំពោក​នៅលើ​កន្លែង ដែល​កើតមុន ទុកចោល​ប្រមាណ​ជា 15 នាទី រួច​សឹម​លាង​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗ ហើយ​លាង​សម្អាត​ម្ដងទៀត​ដោយ​ទឹក​ធម្មតា និង​ជូត​មុខ​ឱ្យ​ស្ងួត។

    រូបមន្ត​ផ្លែ​ប៉េងប៉ោះ កាត់បន្ថយ​ខ្លាញ់ និង​កម្ចាត់​កោសិកាខូចៗចេញ
    វិធី​ធ្វើ : ចិញ្ច្រាំ​ប៉េងប៉ោះ 1ផ្លែ​ឱ្យ​ល្អិត​យកមក​លាប​បំពោក​ឱ្យ​សព្វ​ពេញ​ផ្ទៃមុខ យក​ម្រាមដៃ​លុ​ញ​ម៉ាស្សា​ជា​រាង​រង្វង់ថ្នមៗ រួច​ទុកចោល​ឱ្យ​រាង​ស្ងួត​បន្តិច ឬ​មាន​អារម្មណ៍​ថា ស្បែក​មុខ​រាង តឹង​សឹម​លាង​ចេញ​ដោយ​ទឹកស្អាត រួច​ជូត​មុខ​ឱ្យ​ស្ងួត​ជាការ​ស្រេច។

    រូបមន្ត​ផ្លែ​ឪឡឹក​បង្កើន​សំណើម និង​ភាព​ស្រស់បស់​ដល់​ស្បែ​កមុខ
    វិធី​ធ្វើ : កិន​សាច់​ឪឡឹក 2ដុំធំៗល្មម​ឱ្យ​ល្អិត រួច​យកមក​លាប​បំពោក​ឱ្យ​សព្វ​លើ​ផ្ទៃមុខ ទុកចោល ប្រមាណ10នាទី ឬ​រហូត​មាន​អារម្មណ៍​ថា​តឹង​ស្បែក​សឹម​លាង​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗ រួច​តាម​ដោយ​ទឹក​ធម្មតា និង​បញ្ចប់​ដោយ​ការ​ជូត​មុខ​ឱ្យ​ស្អាត។

    លាប​បំពោក​ថែទាំ​ស្បែ​កមុខ​ឆ្លាស់គ្នា ដោយ​រូបមន្ត​ផ្លែឈើ​ដែល​បាន​ណែនាំ​នេះ​ក្នុង​មួយ​សប្តាហ៍1ដង ស្បែក​មុខ​នឹង​ស្អាត​ភ្លឺ​ថ្លា​ជាក់​ជាមិនខាន៕

  • គម្រោង​រថយន្ត​អគ្គិសនី​របស់ Mercedes ចាប់ផ្ដើម​នៅ​ឆ្នាំក្រោយ

    គម្រោង​រថយន្ត​អគ្គិសនី​របស់ Mercedes ចាប់ផ្ដើម​នៅ​ឆ្នាំក្រោយ

    ក្រោយពី​ក្រុមហ៊ុន​ផលិត​រថយន្តល្បីៗមួយចំនួន​ចាប់ផ្ដើម​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​រួចមក ក្រុមហ៊ុន Daimler AG ដែលជា​ក្រុមហ៊ុនមេ​របស់ រថយន្ត​ម៉ាក​ល្បី Mercedes-Benz ក៏បាន​ប្រកាស​កាលពីពេលថ្មីៗនេះដែរ ដោយបាន​និយាយថា នឹង​បោះទុន​ជាង1ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​សម្រាប់​វាយលុក​ទីផ្សារ​ឆ្នាំ 2022 ក្រោម​ម៉ាក EQ។

    ក្នុង​កម្មវិធី​បង្ហាញ​ពិព័រណ៍​រថយន្ត Motor Show នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រុមហ៊ុន Mercedes បង្ហាញ​នូវ​គំរូ​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី EQ ដែលជា​គម្រោង​សម្រាប់​វាយលុក​ទីផ្សារ​អាមេរិក។ គម្រោង​នេះ មានការ​សហការ​ជាមួយនឹង​រោងចក្រ​មួយ​ដែលមាន​ទីតាំង​នៅក្រៅ​ទីក្រុង Daimler នៃ​រដ្ឋ Alabama ហើយនឹង​ចាប់ផ្ដើម​ដំណើរការ​ចាប់ពី​ឆ្នាំ 2018 ខាងមុខនេះ​តទៅ។

    រថយន្ត EQ នេះ នឹងមាន​កម្លាំង 400 សេះ និង​មាន​សម្ទុះ​ល្បឿន​ពី 0 ទៅ 100 km/h ប្រើពេល 5 វិនាទី ជាមួយនឹង​កម្លាំង​ថាមពល​អាគុយ 70 KW អាច​បើក​បាន​ចម្ងាយ​ប្រហែល 500 Km ក្រោយពី​សាក​ថ្ម​ពេញ។ បន្ទាប់ពី​គម្រោង​នេះ​ជោគជ័យ ក្រុមហ៊ុន​អាច​នឹង​ត្រៀម​បញ្ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​កម្រិត​លឿន ដែល​អាច​សាក​តែ 5 នាទី​ហើយ​ជិះ​បាន 100 Km ដូចនឹង​រថយន្ត​រប​ស់​ក្រុមហ៊ុន Tesla ដែរ៕

    វីដេអូ៖

  • ការដាំដុះ​ផ្កា ជា​ឱកាស «មាស» សម្រាប់​កសិករ

    ការដាំដុះ​ផ្កា ជា​ឱកាស «មាស» សម្រាប់​កសិករ

    កម្ពុជា​ហាក់​មើលរំលង​មុខរបរ​ដាំ​ផ្កា ខណៈដែល​ប្រទេស​កម្ពុជា មាន​តម្រូវការ​ប្រើប្រាស់​ផ្កា​ក្នុង​បរិមាណ​ដ៏​ច្រើន​ជា​រៀងរាល់ថ្ងៃ។ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្មី​នេះ​បាន​ជំរុញ​ឱ្យ​មន្ត្រីក្រោមឱវាទ​ក្រសួង ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅលើ​ពូជ​ផ្កា​សម្រាប់​យកមក​ដាំ​ដុះ​នៅក្នុង​ស្រុក ដោយសារ​តម្រូវការ​ផ្កា​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​មានការ​កើនឡើង​យ៉ាងច្រើន។

    ក្នុងឱកាស​ធ្វើជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​សមិទ្ធផល​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ចំនួន3ក្បាល និង​ខួប​ទី18ឆ្នាំ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (Cardi) ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​នេះ​សិក្សា​ស្រាវជ្រាវ​លើ​ប្រភេទ​ពូជ​ផ្កា​សម្រាប់​ដាំ​ដុះ​នៅ​កម្ពុជា ដើម្បី​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ដាំ​ផ្កា​ឱ្យបាន​ច្រើន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ដែល​រួមចំណែក​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

    ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា៖ “ការជំរុញ​ការដាំដុះ​បន្លែ​ចេះតែ​ធ្វើទៅ តែ​យើង​ក៏​កុំ​ភ្លេច​រឿង​ដំណាំ​ផ្កា​ដែរ។ ខ្ញុំ​ពេល​ទៅ​ចូលរួម​ពិធីមង្គលការ​ខ្លះ គេ​ហ៊ាន​ចំណាយ​ប្រាក់​រហូតដល់10ម៉ឺន​ដុល្លារ​ក៏មានដែរ ហើយ​កន្លែង​ខ្លះទៀត​ហ៊ាន​ចំណាយ​រហូតដល់​កន្លះ​លាន​ដុល្លារ។ យើង​គិតតែ​រឿង​ហូប តែ​យើង​ភ្លេច​គិត​រឿង​លម្អ។ យើង​ឃើញ​ក្នុង​កម្មវិធី​តុបតែង​ផ្កា កន្លែង​ណា​ក៏​គេ​ត្រូវការ​ផ្កា​ដែរ។ នេះ​ជា​ឱកាស​មាស​របស់​យើង។ តម្រូវការ​ផ្កា​ដើម្បី​ដាក់តាំង​លម្អ​នៅ​កម្ពុជា​បាន​កើនឡើង ស្រប​ពេលដែល​ជីវភាព​របស់​ប្រជាជន​ខ្មែរ​មាន​ភាព​កាន់តែ​ប្រសើរ ដែល​ធ្វើឱ្យ​ជីវិត​រស់នៅ​កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ។

    លោក​បណ្ឌិត អ៊ុក ម៉ា​កា​រ៉ា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​ថ្លែងថា វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ក៏​ធ្លាប់បាន​ផ្តោតលើ​ការសិក្សា​ពី​ពូជ​ផ្កា​នាពេល​កន្លងមក​ដែរ តែ​ត្រូវ​ជាប់គាំង​វិញ​ដោយសារ​កង្វះខាត​ទឹកស្អាត​សម្រាប់​បន្តការងារ។ ការប្រើប្រាស់​ទឹកស្រះ​ដែល​ល្អក់ និង​មាន​សារធាតុ​ខ្លះ​នៅក្នុង​នោះ មិនទាន់​សមស្រប​សម្រាប់​ការងារ​ស្រាវជ្រាវ​លើ​ដំណាំ​ផ្កា​នេះ​ទេ។ លោក​បណ្ឌិត បាន​បញ្ជាក់ថា៖“យើង​នឹង​បន្តការងារ​នេះ​ឡើងវិញ នៅពេលដែល​ទឹកស្អាត​ទៅដល់​វិទ្យាស្ថាន​នេះ​នៅពេល​ខាងមុខ។

    កញ្ញា ឡេង សុជាតិ អ្នកគ្រប់គ្រង​ហាង​ផ្កា Phnom Penh Flower ដែល​បាន​បើក​ដំណើរការ​រយៈពេល​ប្រហែល2ឆ្នាំកន្លងមក បាន​ប្រាប់ថា ហាង​របស់់ខ្លួន​បាន​នាំចូល​ផ្កា​ភាគច្រើន​ពី​ប្រទេស​វៀតណាម ថៃ​និង​ប្រទេស​ចិន ដោយសារ​ពិបាក​រក​ផ្កា​នៅក្នុង​ស្រុក​ដែលមាន​ស្ថិរភាព និង​ស្តង់ដារ​កម្រិត​ខ្ពស់។ កញ្ញា​អះអាងថា ប្រសិនបើ​មាន​ការដាំដុះ​ពិតប្រាកដ​នៅ​កម្ពុជា​ហាង​របស់ខ្លួន​ក៏​មិន​ចង់ទៅ​នាំចូល​ផ្កា​ពី​ក្រៅប្រទេស​ដែលមាន​តម្លៃ​ថ្លៃ​នោះទេ។

    កញ្ញា សុជាតិ និយាយថា៖“ខ្ញុំ​យល់ថា​វា​ពិតជា​ល្អ​ណាស់ បើសិន​មានការ​បំផុស​ឱ្យមាន​ការដាំដុះ​ផ្កា​មែន​នោះ យើង​នឹង​ទទួលបាន​វត្ថុធាតុដើម​ក្នុងស្រុក ហើយ​យើង​មិន​លំបាក​បំពេញបែបបទ​ស​ម្រា​ប់​ការនាំ​ចូល​អី​នោះទេ។ លើសពីនេះ​ចំណូល​ពី​ផ្កា​នេះ ទោះ​តិច ឬ​ច្រើន​វា​នឹង​ធ្លាក់​ទៅលើ​ដៃ​អ្នក​ដាំ​ដុះ​ក្នុងស្រុក​របស់​យើង​ទាំងអស់”៕

  • Jaguar ចេញ​រថយន្ត​អគ្គិសនី យក​គំរូ​តាម​ស៊េរី​ឆ្នាំ 1968

    Jaguar ចេញ​រថយន្ត​អគ្គិសនី យក​គំរូ​តាម​ស៊េរី​ឆ្នាំ 1968

    កាលពី​ថ្ងៃ​ម្សិលមិញ​ក្រុមហ៊ុន Jaguar របស់​ចក្រភព​អង់គ្លេស បាន​បញ្ចេញ​នូវ​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី E Type Zero ថ្មី​ម៉ូ​ដែល​យក​គំរូ​តាម​រថយន្ត​ស៊េរី​ចាស់​ដែល​ខ្លួន​ធ្លាប់បាន​ផលិត​តាំងពី​ឆ្នាំ 1968 ដែល​អាច​សាក​ថ្ម​ម្ដង​អាច​ជិះ​បាន​ចម្ងាយ 273 គីឡូម៉ែត្រ។

    ការបញ្ចេញ​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ Jaguar ធ្វើឡើង​ដើម្បី​រំឭក​ដល់​ភាពជោគជ័យ​របស់ខ្លួន​កាលពី​អតីតកាល និង​ចង់​ប្រាប់​ទៅ​ពិភពលោក​ពី​គម្រោង​បង្កើត​រថយន្ត​មិន​ប្រើ​ប្រេងឥន្ធនៈ​ជា​លើកដំបូង​របស់ខ្លួន​ចាប់ពី​ឆ្នាំ 2020 នេះ​តទៅ។ រថយន្ត​ថ្មី​តែ​ធ្វើតាម​គំរូ​ចាស់​នេះ នឹងមាន​កម្លាំង​ថាមពល 220 KW ជាមួយនឹង​កម្លាំង 294 សេះ ដែល​អាច​រត់​បាន​ក្នុង​ល្បឿន​សម្ទុះ​ពី 0 ទៅ 100 គីឡូម៉ែត្រប្រើ​រយៈពេល​ដោយ 5.5វិនាទី ជាមួយ​ទំហំ​ម៉ាស៊ីន 1.5 L ដែល​អាច​ជិះ​បាន 170 ម៉ា​យល៍ ដោយ​គ្រាន់តែ​សាក​ថ្ម​ពី 6 ទៅ 7 ម៉ោង​ប៉ុណ្ណោះ។

    ចំពោះ​គម្រោង​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ JLR Group អាច​ដើរ​ក្រោយ​គេ​បន្ដិច ខណៈដែល​ក្រុមហ៊ុនធំៗជាច្រើន​ក្នុង​ពិភពលោក​បាន​បង្កើត និង​ដាក់លក់​រួចមកហើយ។ នាយក​ប្រតិបត្តិ​របស់ JLR លោក Ralf Speth បានឱ្យដឹងថា ក្រុមហ៊ុន​លោក​នឹងដាក់​ចេញ​នូវ​ស៊េរី​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី និង​ប្រភេទ​រថយន្ត Plug-in Hybrid និង​ពាក់កណ្ដាល Hybrid  ប៉ុន្ដែ​សម្រាប់​ឆ្នាំក្រោយ ក្រុមហ៊ុន​នឹងធ្វើ​ការដាក់ចេញ​រថយន្ត​ប្រភេទ​SUV Jaguar I-Pace ដំបូង​ដែល​ប្រើ​ថាមពល​អគ្គិសនី៕

  • សេវា​តាក់ស៊ី​អន​ឡាញ​ថ្មី​មួយទៀត​នឹងមាន​វត្ត​មាននៅ​កម្ពុជាឆាប់ៗនេះ

    សេវា​តាក់ស៊ី​អន​ឡាញ​ថ្មី​មួយទៀត​នឹងមាន​វត្ត​មាននៅ​កម្ពុជាឆាប់ៗនេះ

    ភ្នំពេញ៖ គេ​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ទីផ្សារ​តូច​មួយ​នៅក្នុង​តំបន់​អាស៊ី តែមាន​សក្តានុពល​ខ្លាំង​ក្នុងការ​វិនិយោគ​លើ​គ្រប់​វិស័យ ដោយ​ក្នុងនោះ​សេវា​តាក់ស៊ី​តាម​អន​ឡាញ​ថ្មី​មួយទៀត​គ្រោង​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេលឆាប់ៗខាងមុខនេះ។

    កាលពី​ថ្ងៃទី25 ខែកញ្ញា ឆ្នាំ2017 លោក Yee Wee Tang ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Grab Taxi ប្រចាំ​នៅ​ប្រទេស​ថៃ និង​គណៈប្រតិភូ​អមដំណើរ​បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្នើសុំ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​លើ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា។

    ក្នុងជំនួប​ជា​លើកដំបូង​នេះ លោក Yee Wee Tang បាន​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លើ​ដំណើរការ​ចាប់ផ្តើម​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​របស់​ក្រុមហ៊ុន Grab Taxi នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​បានរៀបចំ​លិខិតស្នាម និង​បំពេញ​សំណុំបែបបទផ្សេងៗដើម្បី​ទទួលបាន​ការធ្វើ​អាជីវកម្ម​លើ​វិស័យ​ដឹកជញ្ជូន​នេះ​ដោយ​ស្របច្បាប់។

    ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញ​នូវ​ការគាំទ្រ​ដោយបាន​គូសបញ្ជាក់ថា៖ សេវា​រថយន្ត​តាក់ស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងនេះ​នឹង​ជួយ​ធ្វើឱ្យ​ការដឹកជញ្ជូន​សាធារណៈ​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង​ក្នុង​កម្រិត​ថ្មី​មួយទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    ជាមួយគ្នានេះ ឯកឧត្តម​បានស្នើ​ឱ្យ​ក្រុមហ៊ុន Grab Taxi ធ្វើ​ប្រតិបត្តិការ​ដោយ​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ធ្វើការ​ជាមួយ​ក្រុម​អ្នកជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាក់ទង​នឹង​នីតិវិធី​សុំ​ស្នើ​អាជ្ញាប័ណ្ណ។

    យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ឯកឧត្តម កែន រដ្ឋា នាយករង​ខុទ្ទកាល័យ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា គេ​មិនទាន់​ដឹង​ច្បាស់​ថា ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្តើម​នៅពេលណា​នៅឡើយ​ទេ ដោយសារតែ​នេះ​ជា​ជំនួប​បឋម​ដើម្បី​ស្នើសុំ​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​តែប៉ុណ្ណោះ តែ​ទោះជា​ដូច្នេះ​ក្តី ក៏​ឯកឧត្តម​គាំទ្រ​គម្រោង Grab Taxi ដែលមាន​បំណង​ចូលមក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ដល់​វិស័យនេះ​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ដែរ៕

  • ពេល​មេឃងងឹត ការរៀនសូត្រ​របស់​កុមារ​ក្នុង​តំបន់​ខ្លះ​ត្រូវ​បញ្ចប់…

    ពេល​មេឃងងឹត ការរៀនសូត្រ​របស់​កុមារ​ក្នុង​តំបន់​ខ្លះ​ត្រូវ​បញ្ចប់…

    កង្វះខាត​ភ្លើងអគ្គិសនី​របស់​ប្រជាជន​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​មួយចំនួន​នៅ​កម្ពុជា បាន​បង្អាក់​ដល់​ការរៀនសូត្រ​របស់​កុមារ ព្រោះ​តំបន់​នៅឆ្ងាយៗពី​ផ្លូវជាតិ​ទាំងអស់នោះ​ពិបាក​ក្នុងការ​ស្វែងរក​ភ្លើងអគ្គិសនី​ប្រើប្រាស់ និង​ភូមិ​ខ្លះ​មិនមាន​ទាំង​កន្លែង​ប​ញ្ជូ​ល​ភ្លើង​អាគុយ​ផង។

    នៅ​តំបន់​ខ្លះ​កុមារ​ត្រូវ​ប្រើប្រាស់​ចង្កៀងប្រេងកាត​បំភ្លឺ តែ​កុមារ​នៅ​តំបន់​ខ្លះទៀត​ដែល​អាណាព្យាបាល​មិនសូវមាន​ចំណេះដឹង​ខ្ពស់ ហាក់​មិនបាន​គិតគូរ​ដិតដល់​លើ​ការសិក្សា​របស់​កូន​នៅពេល​យប់​នោះទេ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ  អង្គការ​ទស្សនៈ​ពិភពលោក បាន​សហការ​ជាមួយនឹង​គម្រោង Panasonic 100 Thousand Solar Lanterns ដើម្បី​ផ្តល់​ចង្កៀង​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដល់​ប្រជាជន​នៅ​តំបន់​ជនបទ​ដែល​នៅ​ឆ្ងាយ​ពី​ចរន្តអគ្គិសនី។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​អាចជួយ​កុមារតូចៗឱ្យទទួល​បាន​ពន្លឺ​គ្រប់គ្រាន់​ដើម្បី​អាន​សៀវភៅ និង​សិក្សា​បន្ត​នៅពេល​យប់ ព្រោះ​ពួកគេ​មាន​ពេល​មិន​ច្រើន​ទេ​ក្នុងការ​រៀនសូត្រ​នៅពេល​ថ្ងៃ​ដែល​ត្រូវ​ចែក​ពេលវេលា​សម្រាប់​រៀន​ផង និង​ជួយ​ធ្វើ​ការងារ​ផ្ទះ​ផង​នោះ។

    អំពូល​ភ្លើង​ទាំងអស់នោះ ក៏ត្រូវ​បាន​គេ​រំពឹងថា នឹង​អាចជួយ​ផ្លាស់ប្តូរ​វាសនា​របស់​ពួកគេ​ឱ្យមាន​ភាពល្អ​ប្រសើរឡើង ព្រោះថា​នៅពេលដែល​កុមារ​នៅ​តំបន់​ជនបទ​មានចំណេះដឹង​គ្រប់គ្រាន់​ដើម្បី​ការសិក្សា​រៀនសូត្រ​ដែល​ល្អ​សមរម្យ  ពួកគេ​នឹង​អាច​ស្វែងរក​អាជីព​ដែល​ល្អ​សមរម្យ​បាន​នៅ​ថ្ងៃ​អនាគត​ដែរ៕

  • អគារ​បុរាណ​ក្នុង​ក្រុង​បាត់ដំបង កំពុងរង់ចាំ​មន្ដ្រី UNESCO មក​ពិនិត្យ​ដើម្បី​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក

    អគារ​បុរាណ​ក្នុង​ក្រុង​បាត់ដំបង កំពុងរង់ចាំ​មន្ដ្រី UNESCO មក​ពិនិត្យ​ដើម្បី​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក

    ភ្នំពេញ ប្រជាជន​ទូទាំងប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ដ​បាត់ដំបង​ដែរនោះ កំពុង​តែមាន​ភាព​អបអរសាទរ​ជាខ្លាំង ខណៈដំណើរ​ការស្នើ​ដាក់​សំណង់​អគារចាស់ៗ បុរាណៗប្រមាណ​ជាង 800អគារ​ក្នុង​ខេត្ដ​បាត់ដំបង​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កំពុងតែ​បង្ហាញ​សញ្ញាណ​វិជ្ជមាន។

    មុន​សម័យ​អាណានិគមនិយម​បារាំង ខេត្ដ​បាត់ដំបង​គ្រាន់តែ​ជាទី​ប្រជុំជន​តូច​មួយ​លាតសន្ធឹង​តាម​បណ្ដា​យ​ដងស្ទឹង​សង្កែ​ត្រើយ​ខាងលិច និង​មាន​ផ្លូវ​តែមួយ​ខ្សែ ព្រមទាំង​មាន​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​ង្វ​ង់​តែ​ជាង 2,500នាក់​ប៉ុណ្ណោះ។

    ប៉ុន្មាន​ខែក្រោយ​ស​ន្ឋិ​សញ្ញា​បារាំង-សៀម ព្រះករុណា​ព្រះបាទ​ស៊ីសុវត្ថិ​ទ្រង់​បានចេញ​ព្រះរាជប្រកាស​លេខ66 ចុះ​ថ្ងៃទី6 ខែធ្នូ ឆ្នាំ1907កំណត់​ដែនដី​បាត់ដំបង​ត្រូវ​បែង​ចែកជា3ខេត្ត គឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​សិរីសោភ័ណ ហើយ​នៅ​ឆ្នាំ​នេះដែរ បារាំង​បានរៀបចំ​អភិវឌ្ឍ​ក្រុង​បាត់ដំបង​ដែល​ធ្វើឱ្យមាន​ផ្លូវ​ចំនួន3សំខាន់ៗគឺ​ផ្លូវ​លេខ1 លេខ2 លេខ3 និង​បាន​សាងសង់​សំណង់​ផ្ទះល្វែង អគារ​មួយចំនួន ព្រមទាំង​ផ្សារ​ធំថ្មី​នៅក្នុង​ឆ្នាំ1936។

    គ្រា​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ 1953 ក្រុង​បាត់ដំបង​ត្រូវបាន​ពង្រីក​ធំ​ជាង​មុន5ដង។រហូត​ធ្វើឱ្យ​ខេត្ដ​បាត់ដំបង​មាន​ដល់​ទៅ9ស្រុក គឺ​ស្រុក​បាត់ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬ​ស្សី ស្រុក​មង្គល​បូរី ស្រុក​សិរីសោភ័ណ ស្រុក​អូរជ្រៅ ស្រុក​ព្រះនេត្រព្រះ ស្រុក​បាណន់ ស្រុក​គាស់ក្រឡ និង​តំបន់​រដ្ឋបាល​ចំនួន2គឺ តំបន់​រដ្ឋបាល​បាក់​ព្រា និង​តំបន់​រដ្ឋបាល ល្វា។

    អាជ្ញាធរ​ខេត្ដ​បាត់ដំបង​បាន​បញ្ជាក់ថា  នៅ​ចំ​កណ្ដាល​ក្រុង​ចាប់ពី​ផ្លូវជាតិ​លេខ1 លេខ2 និង​លេខ3  ដល់​វត្ដ​ដំរី​ស មាន​សំណង់​ផ្ទះល្វែង ហាង​លក់ទំនិញ វត្ដ​អារាម សារមន្ទីរ និង​ផ្សារ​ធំ​បាត់ដំបង​ដែល​បាន​សាងសង់​ក្នុងដំណាក់កាល 3 ផ្សេងៗគ្នា​នោះ​នឹង​ត្រូវបាន​បង្កើត​ទៅជា​ទី​ក្រុង​បេតិកភណ្ឌ។ ក្រោយពី​បានស្នើ​សុំ​ដាក់​សំណង់​អគារបុរាណៗទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួចមក ខេត្តបាត់ដំបង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចំនួន​ជាង20 ឱ្យ​ចូលមក​ទស្សនា​សម្រស់​របស់ខ្លួន។

    សំណង់​អគារចាស់បុរាណៗដ៏ល្អៗដែល​កំពុង​ឈរ​បង្អួតរាង​នៅក្នុង​ខេត្ដ​បាត់ដំបង​ត្រូវបាន​គេ​មើលឃើញថា នៅមាន​ច្រើន និង​គុណភាព​សំណង់​ថែមទាំង​នៅ​ល្អប្រសើរ​ទៀតផង។ ទោះជា​យ៉ាងនេះ​ក្ដី ត្រូវបាន​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ជាក់ថា វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​ដាក់បញ្ចូល​អគា​រទាំង​នោះ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​ត្រូវ​ទាមទារ​ឱ្យ​កម្ពុ​ជាមាន​ភាព​អត់ធ្មត់ និង​ចំណាយ​ពេលវេលា​ច្រើន ដើម្បីឱ្យ​តំណាង​អង្គការ ​UNESCO ចុះមក​ត្រួតពិនិត្យ​ដើម្បី​វាយតម្លៃ។ ទោះយ៉ាងណា បច្ចុប្បន្ន​ខេត្ដ​មួយ​នេះ​កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមាន​ការចាប់អារម្មណ៍​ជាខ្លាំង ដែល​អាច​ជំរុញឱ្យមាន​លំហូរ​សេដ្ឋកិច្ច​យ៉ាង​ល្អ​មួយ​នៅក្នុង​ខេត្ដ​ទាំងមូល៕

  • មនុស្ស​វ័យក្មេង​ដែល​ចង់​រកស៊ី ត្រូវ​រក​ដើមទុន​ដោយ​វិធី​ណា?

    មនុស្ស​វ័យក្មេង​ដែល​ចង់​រកស៊ី ត្រូវ​រក​ដើមទុន​ដោយ​វិធី​ណា?

    ការ​បាន​ក្លាយជា​សហគ្រិន គឺជា​ក្តី​ស្រមៃ​របស់​យុវជន​ជាច្រើន​នាពេល​បច្ចុប្បន្ន ព្រោះ​ពួកគេ​មាន​គោលបំណង​ច្រើនផ្សេងៗគ្នា ដោយ​អ្នកខ្លះ​ចង់​ក្លាយជា​អ្នកមាន អ្នកខ្លះ​ចង់​ក្លាយជា​អ្នក​ជួយ​មនុស្ស​ឱ្យមាន​ការងារ​ធ្វើ​ច្រើន និង​អ្នក​ខ្លះទៀត​ចង់​បង្កើត​ផលិតផល ឬ​សេវាកម្មថ្មីៗសម្រាប់​សង្គម។

    ដើម្បី​អាច​ក្លាយជា​អ្នកជំនួញ​បាន “ដើមទុន”ជា​រឿង​សំខាន់​មួយ​ដែល​អ្នក​ចង់​ក្លាយជា​សហគ្រិន​ត្រូវ​គិតគូរ​ឱ្យបាន​ដិតដល់ ព្រោះ​មិន​ថា​ការរកស៊ី​អ្វី​ក៏ដោយ ថវិកា​មួយចំនួន​ដំបូង​គឺ​ទាមទារ​ឱ្យ​ត្រូវតែមាន​ជាដាច់ខាត  បើ​មិន​ដូច្នោះ​ទេ អាជីវកម្ម​ដែល​នឹង​បង្កើតឡើង​នោះ​នឹង​ពិបាក​រក្សា​តុល្យភាព និង​ស្ថេរភាព​ណាស់។

    លោក ឃ​ន ឈុន​ដា​រ៉ា ម្ចាស់​ហាង​កាហ្វេ KOI និង Tube Café បាន​លើកឡើងថា ការបង្កើត​ទុន​រកស៊ី​គឺមាន​វិធី​ច្រើន ដោយ​ក្នុងនោះ​អ្នករកស៊ី​អាច​ខ្ចី​ពី​គ្រួសារ ពី​កម្ចី​ធនាគារ ឬ​អាច​ចូល​រួមគ្នា​ជាមួយនឹង​ដៃគូ​សហការ។ បន្ថែម​ពីលើ​នេះ លោក​បានបង្ហាញ​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់លោក​ថា ដោយសារតែ​លោក​មិន​ចង់​ប្រើ​លុយ​របស់​ឪពុកម្តាយ លោក​បាន​បដិសេធ​ជំនួយ​ពី​អ្នកមានគុណ និង​ប្រើប្រាស់​លុយ​ដែល​សន្សំ​បាន​ផ្ទាល់ខ្លួន។

    លោក ឃ​ន ឈុន​ដា​រ៉ា បាន​និយាយថា៖ «ខ្ញុំ​មាន​លុយ​សន្សំ​ប្រហែល 3ម៉ឺន​ដុល្លារ ហើយ​ដាក់​កម្ចី​បាន​ខ្លះ បន្ទាប់មក​ក៏​ស្វែងរក​ដៃគូ​ចំនួន 3នាក់​បន្ថែមទៀត​មុននឹង​បើក​អាជីវកម្ម​ជា​លើកដំបូង»។

    សហគ្រិន​វ័យក្មេង​ខាងលើ​បាន​លើកឡើងថា ដើមទុន​ជា​រឿង​សំខាន់​ណាស់ តែ​ក៏​សូមកុំ​គិតថា វា​ជា​ឧបសគ្គ​ធំ​រហូតដល់​មិន​ហ៊ាន​ធ្វើ​អ្វី​សោះ​នោះ។ ចំណុច​ដែល​អ្នករកស៊ី​ដំបូង​គួរ​គិត​ផងដែរ​នោះ​គឺ គម្រោង​អាជីវកម្ម​ដែល​ល្អ។ អ្នកខ្លះ​អាច​ជ្រើស​រើសយក​ការធ្វើការងារ​ឱ្យគេ​សិន​ដើម្បី​សន្សំ​ទុន បន្ទាប់មក​អាច​ជ្រើសរើស​ដៃគូ​សហការ​ដើម្បីឱ្យ​លុយ​ដើមទុន​ដែល​ចូលគ្នា​នោះ​មាន​ភាពរឹងមាំ​មុននឹង​ចាប់ផ្តើម​អាជីវកម្ម​មួយ​ឡើង។ ក្រោយ​ពេលដែល​អាជីវកម្ម​មាន​ស្ថេរភាព និង​មាន​ចំណូល​រឹងមាំ​ហើយ យើង​អាច​នឹង​បើក​អាជីវកម្ម​ថ្មី​ដោយ​មិនបាច់​មាន​ដៃគូ​បាន។

    បង្ហាញ​លើ​ចំណុច​នេះ​ផងដែរ ឧកញ៉ា ស្រ៊ា​ត មុំ​សុភា ស្ថាបនិក​របស់ Sophiya Travel & Tour បាន​ថ្លែងថា ដើមទុន​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ គំនិត​រកស៊ី។ សូមកុំ​ខ្វល់​ខ្លាំងពេក​ថា អាជីវកម្ម​មួយ​ត្រូវ​ចំណាយ​ដើមទុន​ប៉ុន្មាន តែ​អ្វីដែល​ត្រូវ​គិត​គឺ​លុយ​នៅក្នុង​ដៃ​មាន​ប៉ុន្មាន ហើយ​មាន​វិធី​អ្វីខ្លះ​ដើម្បី​ប្រើ​លុយ​នេះ​បង្កើត​អាជីវកម្ម​មួយ​ឱ្យបាន។

    ម្ចាស់​អាជីវកម្ម​ខាងលើ​បានលើកឡើង​ផងដែរ​ថា ប្រភព​ទុន​អាចមាន​ច្រើន​ប្រភេទ​ដូចជា ទុន​ជា​សាច់ប្រាក់ ទុន​ជា​ចំណេះដឹង និង​បានមកពី​កម្ចី​ដែល​កើត​មកពី​ទំនាក់ទំនង​ជាដើម តែ​ទោះបីជា​យ៉ាងណាក៏ដោយ មុននឹង​សម្រេចចិត្ត​បង្កើត​អាជីវកម្ម​មួយ ក៏​គួរតែ​ស្ទង់​មើល​ទីផ្សារ​ជាមុនសិន​ដែរ ព្រោះ​បើ​មិន​ប្រយ័ត្ន​លុយ​ដែលមាន​នោះ​អាច​មិនបាន​ចំណេញ តែ​បែរជា​ខាតបង់​ទៅវិញ។

    ម្ចាស់​ហាង SM Memory Shop កញ្ញា ហង្ស ម៉ា​រី​នី បាន​ប្រាប់ថា កញ្ញា​បានទទួល​ទុន​ដំបូង​តាមរយៈ​ការប្រើប្រាស់​លុយ​សន្សំ និង​ប្រើ​លុយ​នេះ​ទៅ​បង្កើត​លុយ​បន្តទៀត​តាមរយៈ​ការលក់ទំនិញ​តាម Online។ កញ្ញា​បានបញ្ជាក់​លម្អិត​ថា ដំបូង​ឡើយ​កញ្ញា​បាន​ស្ទង់​មើល​សម្ទុះ​អ្នកគាំទ្រ​តាម Online មុន​ពេលដែល​ចាប់ផ្តើម​លក់​វត្ថុ​អនុស្សាវរីយ៍។ ក្រោយ​ពេលដែល​បានឃើញ​ពី​តម្រូវ​ការដែល​មនុស្ស​ទូ​ទៅ​ចង់បាន​ហើយ កញ្ញា​ក៏​ចាប់ផ្តើម​ផ្តល់នូវ​សេវាកម្ម​លក់​ផលិតផល​ទាំងអស់នោះ​ដោយ​ប្រើ​លុយ​ចំណេញ​ពី​ការលក់ទំនិញ​តាម Online ទាំងអស់​នោះមក​បើកហាង៕

  • ក្រុមហ៊ុន​ឋានសួគ៌​បូកគោ មិនមាន​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្វ័យប្រវត្តិ​ទេ!

    ក្រុមហ៊ុន​ឋានសួគ៌​បូកគោ មិនមាន​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្វ័យប្រវត្តិ​ទេ!

    ភ្នំពេញ៖ បន្ទាប់ពី​មានការ​រិះគន់​យ៉ាង​ព្រោងព្រាត​ពី​សំណាក់​សាធារណជន ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​លិខិត​បកស្រាយ​ចំពោះ​ការផ្លាស់ប្តូ​រនាម​ករ​ណ៍ (ផ្លាស់ប្តូរ​ឈ្មោះ) ពី​រមណីយដ្ឋាន “ឋានសួគ៌​បូកគោ” ទៅជា “សុខា​ឋានសួគ៌” ដោយបាន​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​មិនមាន​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្វ័យប្រវត្តិ​នោះទេ។

    យោងតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី24 ខែកញ្ញា​នេះ​បាន​បញ្ជាក់ថា ការផ្តល់​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន គឺជា​ការបញ្ជាក់​អត្តសញ្ញាណ​ឱ្យ​នីតិបុគ្គល សំដៅ​ចៀសវាង​ការជាន់​នាម​ករ​ណ៍​គ្នា​ជាមួយ​ក្រុមហ៊ុន​ផ្សេង។ ប្រសិនបើ​មានឈ្មោះ​ស្រដៀង​គ្នា ឬ​អាចធ្វើឱ្យ​មានការ​ភាន់ច្រឡំ​ឈ្មោះ​គ្នា​បណ្តាលឱ្យមាន​ការតវ៉ា​នោះ ក្រុមហ៊ុន​ដែល​ចុះឈ្មោះ​ក្រោយ​គេ ត្រូវ​លុបឈ្មោះ​ចោល​វិញ និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

    ចំណែក​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន​មាន​បញ្ជាក់​ពី​បុគ្គល​ទទួលខុសត្រូវ មុខរបរ និង​ប្រភេទ​អាជីវកម្ម​ជាដើម តែ​ពុំមែន​មានន័យថា ការផ្តល់​នាម​ករ​ណ៍​ឱ្យ​ក្រុមហ៊ុន​នោះ​មាន​បង្កប់​នូវ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្វ័យប្រវត្តិ​នោះឡើយ។

    ករណី​ក្រុមហ៊ុន​សុខាអូតែល​ដែល​បានស្នើ​សុំ​បើក​សាខា​ក្រុមហ៊ុន និង​ប្តូ​រនាម​ករ​ណ៍​ពី​សាខា​ក្រុមហ៊ុន​សុខាអូតែល «ឋានសួគ៌​បូកគោ» ទៅជា​សាខា​ក្រុមហ៊ុន​សុខាអូតែល «សុខា​ឋានសួគ៌» គឺ​ក្នុង​គោលបំណង​បញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល​មាន​សាខា​ធ្វើ​អាជីវកម្ម​នៅតាម​ខេត្ត។ ចំពោះ​ការលើក​ស្លាក គឺ​ត្រូវ​លើក​នៅលើ​អគារ​ជាទី​ស្នាក់ការ​សាខា​ក្រុមហ៊ុន​តែប៉ុណ្ណោះ ដើម្បី​សម្រួល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​បំពេញបែបបទ​ពន្ធដារ និង​នីតិវិធី​នានា​ស្របតាម​ច្បាប់​កំណត់។

    ចំណែក​ការអនុញ្ញាត​ដោយ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី1 ខែកញ្ញា ឆ្នាំ2017កន្លង​ទៅនោះ គឺជា​ការអនុញ្ញាតឱ្យ​ប្តូ​រនាម​ករ​ណ៍រ​បស់​ក្រុមហ៊ុន​សុខាអូតែល​តែប៉ុណ្ណោះ មិនមែន​ប្តូរ​ឈ្មោះ រមណីយដ្ឋាន​បូកគោ​នោះទេ។ ក្រសួង​ពុំមាន​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​សុខាអូតែល​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​បាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​នោះឡើយ ហើយ​បើ​មានការ​តវ៉ា​ត្រូវ​ទទួលខុស​ចំពោះមុខ​ច្បាប់៕