Author: វល័ក្ខ

  • ម្ចាស់​ហាង ស៊ីក្លូ​កាហ្វេ៖ ចង់ឱ្យ​អាជីវកម្ម​ឈរជើងបាន ​ត្រូវ​ឈរលើ​គោលការណ៍ធំ3

    ម្ចាស់​ហាង ស៊ីក្លូ​កាហ្វេ៖ ចង់ឱ្យ​អាជីវកម្ម​ឈរជើងបាន ​ត្រូវ​ឈរលើ​គោលការណ៍ធំ3

    ភ្នំពេញ៖ បច្ចុប្បន្ន​ការបើក​អាជីវកម្ម​ឆុង​កាហ្វេ​លក់​កំពុងតែ​មានការ​ពេញនិយម​ជាខ្លាំង ខណៈ​កំណើន​នៃ​អ្នក​និយម​ផឹក​កាហ្វេ​ក៏​កំពុងមាន​ការកើនឡើង​ដែរ។ ក្នុងនោះ​ហាង​អាជីវកម្ម “ស៊ីក្លូ​កាហ្វេ” ជា​ប្រ៊េ​ន​ដ៍(ពាណិជ្ជ​នាម)ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​ក៏​កំពុងតែ​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​ដែរ ដោយ​គេ​អាច​មើលឃើញ​បាន​តាមរយៈ​ការគាំទ្រ​ពី​អតិថិជន​ក្នុងស្រុក​ជាច្រើន។ តើ​មាន​ចំណុច​ពិសេស​អ្វីខ្លះ​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​ហាង “ស៊ីក្លូ​កាហ្វេ” នេះ?

    លោក ឃួន យូ​អ៊ី ម្ចាស់​អាជីវកម្ម “ស៊ីក្លូ​កាហ្វេ” បាន​លើកឡើងថា បច្ចុប្បន្ន​អាជីវកម្ម​របស់​ហាង​ស៊ីក្លូ​កាហ្វេ ពិតជា​ទទួល​បានការ​គាំទ្រ​ពី​មហាជន​ច្រើន​ប្រាកដ​មែន​ដែល​ក្នុងនោះ​អតិថិជន​ក្នុងស្រុក​មាន​ក្នុង​រង្វង់​ប្រមាណ​ជា 80%។ ទាំងអស់នេះ​កើតឡើង​ដោយសារតែ​យើង​ឈរលើ​គោលការណ៍2 គឺ​គុណភាព និង​សេវាកម្ម។ លោក​បន្ដថា ដើម្បីឱ្យ​អាជីវកម្ម​នេះ​មានដំណើរ​ការល្អ មិនមែនជា​រឿង​ងាយស្រួល​ទេ វា​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដូចជា​រូបលោក​ត្រូវ​រៀបចំ​ផែនការ​ឱ្យ​ច្បាស់លាស់​ទើប​អាច​ឈានទៅ​សម្រេច​គោលដៅ​បាន។

    ម្ចាស់​អាជីវកម្ម​វ័យក្មេង​រូបនេះ​បាន​បញ្ជាក់ថា មុនពេល​លោក​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ស៊ីក្លូ​កាហ្វេ​នេះ លោក​បានរៀបចំ​ផែនការ​ដោយ​ឈរលើ​គោលការណ៍ធំ3 គឺ​ការបង្កើត​ផលិតផល សេវាកម្ម និង​ការគ្រប់គ្រង។

    -ការបង្កើត​ផលិតផល គឺ​ត្រូវ​សួរ​ខ្លួនឯង​ថា ផលិតផល​ដែល​ចង់​បើក​គឺជា​អ្វី? ត្រូវ​រកឱ្យឃើញ​ផលិតផល​ដែល​ថ្មី ប្លែក ព្រោះ​ការបើក​អាជីវកម្មនីមួយៗបើ​ធ្វើតាម​គ្នា ឬ​មាន​ផលិតផល​ដូច​គេ វា​ពិតជា​គ្មាន​ន័យ​នោះទេ។
    -សេវាកម្ម ត្រូវ​រៀបចំ​ធ្វើ និង​ផ្ដល់​សេវាកម្ម​បែបណា​ជូន​អតិថិជន សម្រាប់​ស៊ីក្លូ​កាហ្វេ គឺ​ទទួល​អតិថិជន​តាំងពីដើម​រហូត​ដល់ទី​បញ្ចប់។ ក្នុងនោះ​យើង​ត្រូវ​គិត​ចាប់តាំងពី​អតិថិជន​ចត​យានយន្ដ រហូតដល់​អតិថិជន​ចេញទៅ​វិញ គឺ​យើង​ត្រូវតែ​រួសរាយ​រាក់ទាក់។
    -ការគ្រប់គ្រង ត្រូវ​ចែកជា3 ការគ្រប់គ្រង​លើ​អតិថិជន ការគ្រប់គ្រង​លើ​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​លើ​បុគ្គលិក។

    លោក​ឃួន យូ​អ៊ី បន្ដថា បើ​យើង​ខ្លាំង​លើ​ចំណុចធំៗបី​នេះហើយ អាជីវកម្ម​មិន​ងាយ​នឹង​ជួប​ហានិភ័យ​ទេ ប៉ុន្ដែ​ក៏ត្រូវ​មាន​ធាតុ​ផ្សំ​មួយ​សំខាន់​បន្ថែមទៀត​ដែរ គឺ​អ្នក​ចង់​បើក​អាជីវកម្ម​នោះ​ត្រូវឱ្យ​ចេះ​ជំនាញ​នោះ និង​ធ្វើ​ការងារ​ឱ្យគេ​ជាមុនសិន​ដើម្បី​ទទួលបាន​បទពិសោធន៍។ ពិសេស​ម្ចាស់​អាជីវកម្ម​ត្រូវមាន​មហិច្ឆតា ទើប​មានការ​អភិវឌ្ឍ​លើ​អាជីវកម្ម​ខ្លួន​បានល្អ។ ដូច​រូបលោក​ផ្ទាល់​បើទោះជា​អាជីវកម្ម​មួយ​នេះ​នៅ​មិនទាន់​ទទួលបាន​ភាពល្បីល្បាញ​ទូលំទូលាយ​រហូត​ដល់ក​ម្រិ​ត​អន្ដរជាតិ​ក៏ដោយ ប៉ុន្ដែ​ពេល​បើក​អាជីវកម្ម​លោក​មាន​មហិច្ឆតា​ជាស្រេច​ទៅហើយ គឺ​ចង់​ប្រកួតប្រជែង​ជាមួយ​កាហ្វេ​ប្រ៊េ​ន​ដ៍​មកពី​បទេស។ មូលហេតុ​គឺ​លោក​ចង់បង្ហាញ​ឱ្យឃើញថា យុវជន​កម្ពុជា​ក៏មាន​សមត្ថភាព​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ដូច​បណ្ដា​ប្រទេស​នានា​ដែរ។

    ម្ចាស់​អា​ជីក​ម្ម​រូបនេះ​សង្កត់ធ្ងន់ថា៖«ពាក់ព័ន្ធ​នឹង​ការ​ទៅ​បម្រើ​ការងារ​ឱ្យគេ គឺជា​ចំណុច​ចាំបាច់​បំផុត ដែល​អ្នកមាន​គំនិត​ចង់​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ត្រូវធ្វើ ព្រោះ​នៅពេល​យើង​ធ្វើ​ការងារ​ឱ្យគេ​យើង​អាចមាន​ឱកាស​សិក្សា​ឃើញ​ពី​ចំណុចខ្លាំង និង​ចំណុច​ខ្វះខាត​របស់គេ។ ពេលនោះ​យើង​នឹង​ដឹងថា មូលហេតុ​អ្វី​បាន​អាជីវកម្ម​គេ​អាចឈរជើង​បាន និង​ទទួលបាន​ជោគជ័យ ព្រមទាំង​ដឹង​ពី​មូល​ហេតុដែល​បណ្ដាលឱ្យ​អាជីវកម្ម​ដួលរលំ​ទៀតផង។ ពិសេស​យើង​នឹង​ទទួលបាន​បទពិសោធ​ពេល​ជួប​បញ្ហា ឬ​បរាជ័យ​លើ​អាជីវកម្ម​ថា តើ​គេ​មាន​ដំណោះស្រាយ​ដូចម្ដេច?។ ជាក់ស្ដែង​ដូចជា​ខ្ញុំ​ផ្ទាល់​មុនពេល​បើក​អាជីវកម្ម​ស៊ីក្លូ​កាហ្វេ​នេះ ខ្ញុំ​ក៏​ធ្លាប់បាន​ទៅ​បម្រើ​ការងារ​នៅក្នុង​ហាង​កាហ្វេ​របស់គេ​ដែរ»។

    ជាមួយគ្នានេះដែរ​លោក ឃួន យូ​អ៊ី បាន​សំណូមពរ​ឱ្យ​យុវជន​ទាំងអស់​ចូលរួម​គាំទ្រ​នូវ​ស្នាដៃ និង​អាជីវកម្ម​របស់​កូន​ខ្មែរ មិន​ថា តែ​អាជីវកម្ម​កាហ្វេ​របស់លោក ឬ​អាជីវកម្ម​អ្វី​ផ្សេង​របស់​នរណាម្នាក់​ទេ ព្រោះ​ជំហាន​ដំបូង​នៃ​ការបើក​អាជីវកម្ម គឺ​ម្ចាស់​អាជីវកម្ម​ត្រូវការ​កម្លាំង​ចិ​ត្ដ និង​ការគាំទ្រ​ជាខ្លាំង​ពី​អតិថិជន បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​ក្រុមគ្រួសារ​ហើយ​នោះ៕

  • អាជីវកម្មថ្មីៗបើក-បិទជារៀងរាល់ថ្ងៃ តើចំណុចពិសេសអ្វីខ្លះ ដែលយុវវ័យជាសហគ្រិនគួរតែមាន?

    អាជីវកម្មថ្មីៗបើក-បិទជារៀងរាល់ថ្ងៃ តើចំណុចពិសេសអ្វីខ្លះ ដែលយុវវ័យជាសហគ្រិនគួរតែមាន?

    យុវជន​ភាគច្រើន​នាពេល​បច្ចុប្បន្ន​ចាប់ផ្តើម​ចាប់អារម្មណ៍​ខ្លាំង​លើ​សហគ្រិនភាព តែ​អ្វី​ដែលជា​កត្តា​ប្រឈម​នោះ គឺ​អាជីវកម្ម​ដែលជា​របស់​យុវវ័យ​នាពេលថ្មីៗនេះ​មាន​ការបើក-បិទ​មិនសូវ​ជា​ប្រាកដប្រជា​ឡើយ រហូតដល់​ពេលខ្លះ​អាចធ្វើឱ្យ​ពួកគេ​បាក់ស្បាត ឬ​លែង​ចង់​ធ្វើ​អាជីវកម្ម​ទៀតផង​ក៏មាន។

    ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ លោក ឃ​ន ឈុន​ដា​រ៉ា ម្ចាស់​ហាង​កាហ្វេ KOI និង Tube Café បាន​លើកឡើងថា យុវវ័យ​មួយចំនួន​មិនសូវមាន​ការតស៊ូ ឬ​មាន​បញ្ហា​បរាជ័យ​ដោយសារតែ​ពួកគេ​មិនសូវ​ស្គាល់​ពី​ភាព​ពិត​ជាក់ស្តែង​នៃ​ការរស់នៅ និង​ការធ្វើ​អាជីវកម្ម។ លោក​ថា សិស្ស និស្សិត នៅក្នុង​សាលា​គឺ​គេ​តែងតែ​ជំរុញ​លើកទឹកចិត្ត និង​ប្រើ​ភាសា​ជំរុញ​ទឹកចិត្ត​ច្រើន ដែល​ធ្វើឱ្យ​គាត់​គិតថា ការធ្វើ​អាជីវកម្ម​មាន​ភាពងាយស្រួល ចំណុច​នេះហើយ​ដែល​អាចធ្វើឱ្យ​ពួកគេ​ងាយ​នឹង​បើក​អាជីវកម្ម ឬ​ធ្វើ​ការរកស៊ី​អ្វីមួយ។

    លោក ឃ​ន ឈុន​ដា​រ៉ា បាន​និយាយថា៖ «នៅពេលដែល​សិស្ស​ធ្វើ​ខុស ឬ​មិនទាន់​បានទទួល​ពិន្ទុ​ល្អ យើង​តែងតែ​លើកទឹកចិត្ត​ឱ្យ​គាត់​ខំប្រឹង ឬ​មិន​អី​ទេ ខុស​ហើយ​អាច​ខំ​ឡើងវិញ​បាន តែ​ក្នុង​ជីវិត​ជាក់ស្តែង​វា​មិនមែន​ងាយ​បែប​ហ្នឹង​ទេ។ នៅពេលដែល​យើង​ធ្វើ​ការងារ ឬ​អាជីវកម្ម បើ​យើង​ធ្វើ​ខុស បរាជ័យ ឬ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ណាមួយ យើង​ត្រូវតែ​ប្រឈមមុខ​ដោះស្រាយ​វា​ដោយ​ខ្លួនឯង»។

    សហគ្រិន​វ័យក្មេង​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការតស៊ូ​ជា​រឿង​ចាំបាច់​បំផុត ព្រោះ​អាជីវកម្ម​មួយ​អាច​កើតឡើង​ដោយ​រលូន​ទៅបាន លុះត្រាតែ​ម្ចាស់​អាជីវកម្ម​នោះ​ត្រូវ​ឆ្លងកាត់​ដំណាក់កាលលំបាកៗ និង​ឧបសគ្គ​ជាច្រើន ហើយ​មានពេលខ្លះ បញ្ហា​អាច​នឹង​កើតឡើងភ្លាមៗហួស​ពី​ការ​នឹកស្មាន​ទៀតផង។ ផ្ទុយ​ពីនេះ ដោយសារតែ​យុវជន​មានគំនិត​ចង់​ធ្វើ​អ្វីស្រួលៗពេក ឬ​មើលឃើញ​ច្រើនតែ​ពី​ផលចំណេញ ក៏ដូចជា​លទ្ធផល​ល្អភ្លាមៗ ទើប​អាចធ្វើឱ្យ​ពួកគាត់​ងាយ​នឹង​ប្រថុយប្រថាន​ក្នុងការ​បង្កើត​អាជីវកម្ម ដែល​ពេល​ជួប​បញ្ហា​ជាក់ស្តែង ពួកគាត់​ងាយ​នឹង​បោះបង់​វា​ចោល ដែល​ធ្វើឱ្យ​គាត់​ខាតបង់​ច្រើន។

    លោក ឈុន​ដា​រ៉ា បញ្ចាក់​ផងដែរ​ថា ការធ្វើការងារ​ក៏​អាចជា​កត្តា​សំខាន់​មួយ​ក្នុងការ​លត់​ដំ​ខ្លួនឯង​ឱ្យមាន​ការតស៊ូ ព្រោះ​ពិភព​ការងារ​ជាក់ស្តែង អាចធ្វើឱ្យ​យើង​រៀនសូត្រ​បាន​ច្រើន ហើយ​មានឱកាស​ហ្វឹកហាត់​ខ្លួនឯង​នៅក្នុង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​ចេះ​តស៊ូ រហូត​ទទួលបាន​ជោគជ័យ៕

  • នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​សនឹង​ធ្វើដំណើរ​មក​កម្ពុ​ជា​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី

    នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​សនឹង​ធ្វើដំណើរ​មក​កម្ពុ​ជា​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី

    ភ្នំពេញ៖ បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន 1លាន​តោន ក្នុង​រយៈពេល5ឆ្នាំ​រួចមក នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​លោកជំទាវ Sheikh Hasina នឹង​ធ្វើដំណើ​ទស្សនកិច្ច​ជា​ផ្លូវការ​ថ្មី​មួយទៀត មក​ប្រទេស​កម្ពុជា​នៅពេលឆាប់ៗខាងមុខ​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង។

    ក្នុងជំនួប​ទ្វេភាគី​រវាង​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅឯ​ក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី27 កញ្ញា​កន្លងទៅនេះ លោកស្រី SaidaMunaTasneem ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែ​ស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​មានប្រសាសន៍ថា ក្នុងពេល​ឆាប់​ខាងមុខនេះ​លោកជំទាវ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​សនឹង​ធ្វើដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ដើម្បី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ចំនួន 2 ទៀត​ជាមួយ​កម្ពុជា។

    គម្រោង​នៃ​ការចុះហត្ថលេខា​ចំនួន 2 រវាង​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ដែល​នឹងត្រូវ​ធ្វើឡើង​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ជំទាវ Sheikh Hasina នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​មកកាន់​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ រួមមាន៖

    1.អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​បែបបទ​សម្រាប់​រៀបចំ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​រួម (MOU on the Modalities of the Joint Trade Council)

    និង 2.បន្ត​សុពលភាព​លើ​កិច្ច​ព្រម​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្នាំ2006 ដែល​បាន​ផុតកំណត់​កាលពី​ឆ្នាំ2016។

    ទន្ទឹមនឹងនេះ លោកស្រី​បានស្នើ​សុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ជួ​យស​ម្រ​ប​សម្រួល​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុងការ​រៀបចំ​វេទិកា Business Dialogue ជាមួយ​សហព័ន្ធ​នៃ​សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មបង់​ក្លា​ដែ​ស​ដើម្បី​ចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ស្វែងរក​ឱកាស​វិនិយោគ។ លើសពីនេះ​ទៀត​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ មានបំណង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ទៀតផង។

    ឆ្លើយតប​នឹង​សំណើ​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែ​ស ឯកឧត្តម​រដ្ឋមន្ត្រី បាន​សន្យាថា នឹង​ជួយ​សម្របសម្រួល​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា​ក្នុងការ​រៀបចំ​វេទិកា Business Dialogue ជាមួយ​សហព័ន្ធ​នៃ​សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មបង់​ក្លា​ដែ​ស ដើម្បី​ចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ស្វែងរក​ឱកាស​វិនិយោគ។ ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស​ដែល​យល់ព្រម​ទិញ​អង្ករ​កម្ពុជា​ចំនួន1លាន​តោន ក្នុង​រយៈពេល5ឆ្នាំ ចាប់ពី​ឆ្នាំ2017-2022៕

  • ស្លាក​យីហោ​ក្រុមហ៊ុន Samsung មានតម្លៃ​ជាង 56ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ 2017នេះ

    ស្លាក​យីហោ​ក្រុមហ៊ុន Samsung មានតម្លៃ​ជាង 56ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ 2017នេះ

    ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​ដោយ Interbrand ដែលជា​ស្ថាប័ន​វាយតម្លៃ​លើ​ស្លាក​យីហោល្បីៗបំផុត​ទូទាំង​ពិភពលោក បាន​បង្ហាញថា តម្លៃ​ស្លាក​យីហោ​របស់​ក្រុមហ៊ុន Samsung ឆ្នាំ 2017នេះ បាន​ឡើងដល់ 56.2 ពាន់​លាន​ដុល្លារ កើន​ទ្បើង 9% បើ​ធៀប​នឹង​ឆ្នាំមុន។

    ការវាយតម្លៃ​នេះ គឺ​យោងទៅលើ​ភាព​រីកចម្រើន​ឥតឈប់ឈរ របស់​ក្រុមហ៊ុន Samsung  ជាពិសេស​អាជីវកម្ម​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​បានបង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ទីផ្សារ​របស់ខ្លួន​តាមរ​យៈ​ការបង្ហាញ​ទូរស័ព្ទ Galaxy S8 បាន​យ៉ាង​ជោគជ័យ​បំផុត។ ចំណែកឯ​ការបែងចែក​មេម៉ូរី​វិញ បានធ្វើឱ្យ​ទូរស័ព្ទ Samsung ដំណើរការបាន​យ៉ាង​ល្អ និង​ទទួលបាន​តម្លៃ​ស្លាក​យីហោ​ខ្ពស់។ សម្រាប់​អាជីវកម្ម​គ្រឿង​បរិក្ខារ​ឌីជីថល Samsung បាន​នាំមក​នូវ​ផលិតផល និង​បច្ចេកវិទ្យាថ្មីៗដែល​ទទួលបាន​ពានរង្វាន់ ដូចជា​ទូទឹកកក Family Hub និង ម៉ាស៊ីន​បោកគក់ AddWash។ ម្យ៉ាងវិញទៀត​ការបែងចែក​អេក្រង់​បាន​បំបែក​កំណត់ត្រា​ថ្មី​ក្នុង​ទីផ្សារ​ទូរទស្សន៍ ជាមួយនឹង​ទូរទស្សន៍​ទំនើប QLED TV ក៏ដូចជា​ទូរទស្សន៍​បំពាក់ និង​ស៊ុម​អេក្រង់ The Frame សម្រាប់​របៀប​រស់នៅ​ថ្មី​ក្នុង​គេហដ្ឋាន។

    លទ្ធផល​នេះ បានធ្វើឱ្យ Samsung ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ស្លាក​យីហោ​ដ៏​ល្បី​បំផុត​ទាំង 10 ទូទាំង​ពិភពលោក​ក្នុង​បញ្ជី Interbrand តាំងពី​ឆ្នាំ 2012  រហូតដល់ 2017 ។ សមិទ្ធផល​ឆ្នាំនេះ​ពិតជា​មាន​ភាព​វិសេសវិសាល ដោយសារតែ​ក្រុមហ៊ុន Samsung បាន​យកឈ្នះ​លើ​បញ្ហា​មួយចំនួន​ដែល​បាន​ជួបប្រទះ​កាលពីឆ្នាំមុន។ តាមរយៈ​ការវាយតម្លៃ​របស់ Interbrand បាន​លើកទ្បើង​ថា ក្នុងចំណោម​កត្តា​ជាច្រើន​ដែល​ក្រុមហ៊ុន Samsung បាន​ប្រឈមមុខ​ដូចជា ការដោះស្រាយ​វិបត្តិ​របស់ Galaxy Note7 ដោយ​សន្តិវិធី ការដាក់​បង្ហាញ​ផលិតផលថ្មីៗ និង​ការរីកលូតលាស់​ផ្នែក​ហិរញ្ញវត្ថុ។

    លោក YH Lee នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Samsung  បាន​មានប្រសាសន៍ថា៖ «ការខិតខំ​ប្រឹងប្រែងរ​បស់​យើង​ដើម្បី​ឱ្យមាន​វឌ្ឍនភាព​ស​ម្រា​ប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​បានរួម​ចំណែក​ដល់​ការកើនឡើង​នៃ​តម្លៃ​ស្លាក​យីហោ Samsung ។ ចំណាត់ថ្នាក់​របស់​យើង​នៅ​ឆ្នាំនេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញថា កិច្ចប្រឹងប្រែង​របស់​យើង​បានធ្វើឱ្យ​អ្នកប្រើប្រាស់​ទូទាំង​សកលលោក​ទទួល​បានកា​រ​ជឿទុកចិត្ត​ទ្បើង​វិញ»។ បញ្ជី​របស់ Interbrand ដែល​ផ្តល់​ចំណាត់ថ្នាក់​ឱ្យ​ស្លាក​យីហោល្បីៗបំផុត​ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ នឹងធ្វើ​ការប្រកាស​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃទី27 ខែកញ្ញា ឆ្នាំ 2017៕

  • កម្ពុជា-ថៃ​នឹងមាន​ច្រក​អន្ដរជាតិ​ថ្មី​មួយទៀត​នៅ​ដើមខែ​មុខ​នេះ

    កម្ពុជា-ថៃ​នឹងមាន​ច្រក​អន្ដរជាតិ​ថ្មី​មួយទៀត​នៅ​ដើមខែ​មុខ​នេះ

    ក្រោយពី​មានការ​បង្ហើប​ប្រាប់​ពី​អតីត​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេលថ្មីៗជុំវិញ​រឿង​ដែលថា កម្ពុជា និង​ថៃ​គ្រោង​នឹង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន4បន្ថែមទៀត​នោះ នៅ​ថ្ងៃទី1 ខែតុលា ឆ្នាំ2017 ខាងមុខនេះ ច្រក​អន្ដរជាតិ​ភ្នំ​ដី​ក្នុង​ខេត្ដ​បាត់ដំបង​ដែល​នៅជាប់​នឹង​ច្រក​ខៅ​ឌី​ន​ខេត្ដ​ស្រះកែវ​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ។

    ឯកឧត្ដម Nuthavudh Photisaro បញ្ជាក់ថា ដោយសារតែ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ និង​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ដើរទៅ​ដល់​គោលដៅ​ផែនការ គឺ15,000 លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​ឆ្នាំ2020ខាងមុខ ទើប​ធ្វើឱ្យ​មានការ​ឈានទៅ​បើក​ច្រកព្រំដែន​អន្ដរជាតិ​ទាំង4នោះ​បន្ថែមទៀត  ពិសេស​ច្រក​ថ្មី​ទាំងអស់នោះ វា​នឹង​អាចជួយ​សម្រួល​ដល់​កិច្ច​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង បន្ទាប់ពី​មើលឃើញថា ច្រកព្រំដែន​អន្ដរជាតិ​ប៉ោយប៉ែត​ចាប់ផ្ដើម​មាន​ភាព​មមាញឹក និង​កកស្ទះ​ខ្លាំង។

    ច្រកព្រំដែន​អន្ដរជាតិ​ភ្នំ​ដី​មាន​ទីតាំងនៅ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ13 ឃុំ​សន្ដិភាព ស្រុក​សំពៅ​លូន​ខេត្ដ​បាត់ដំបង ទល់នឹង​ច្រក​អន្ដរជាតិ​ខៅ​ឌី​ន​ដែល​ស្ថិតក្នុង​ខេត្ដ​ស្រះកែវ​របស់​ប្រទេស​ថៃ។ ក្រោយពី​ច្រក​អន្ដរជាតិ​នេះ​ដំណើរការ ភាគី​ទាំងពីរ​នឹងដាក់​ឱ្យមាន​វត្ដ​មាន​នគរបាល​អន្ដោប្រវេសន៍​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​ត្រួតពិនិត្យ និង​ចេញ​ទិដ្ឋាការ​ឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​ភ្ញៀវ​អន្ដរជាតិ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​មួយ​នេះ​ផងដែរ។ ច្រក​ភ្នំ​ដី​ខេត្ដ​បាត់ដំបង ឬ​ច្រក​គីឡូម៉ែត្រ​លេខ13 គឺជា​ច្រក​សម្រាប់ធ្វើ​ការដោះដូរ​ទំនិញ​រវាង​ស្រុក​សំពៅ​លូន​ខេត្ដ​បាត់ដំបង និង​ស្រុក​ខ្លង​ហាត ខេត្ដ​ស្រះកែវ​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា ខេត្ដ​បាត់ដំបង​មាន​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន 2 គឺ​ច្រក​ដូង​ស្ថិតនៅ​ក្នុងស្រុក​កំរៀង និង​ច្រក​អន្ដរជាតិ​គីឡូម៉ែត្រ​លេខ13ដែល​នឹង​បើក​ដំណើរការ​នៅ​ដើមខែ​តុលា​ខាងមុខនេះ៕

     

  • តើ​ស្ត្រី​ក្រោយពី​សម្រាល​កូន​រួច អាច​រួមភេទ​បាន​នៅពេលណា?​

    តើ​ស្ត្រី​ក្រោយពី​សម្រាល​កូន​រួច អាច​រួមភេទ​បាន​នៅពេលណា?​

    យោងតាម​គ្រូពេទ្យ​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹងថា ជាទូទៅស្ត្រី​អាច​ត្រឡប់មក​រួមភេទ​វិញ​បាន នៅពេល​ជាសះស្បើយ​ពី​ការឈប់​ធ្លាក់ឈាម ពោលគឺក្រោយពេលសម្រាលកូនបាន 3ទៅ 4ខែ (បញ្ជាក់៖ នេះសម្រាប់តែស្ត្រីដែលសម្រាលកូនដោយ​កើតប៉ុណ្ណោះ) ជាពិសេស​គឺ​នៅពេល​ស្ត្រី​នោះ​មាន​អារម្មណ៍​ជាមួយនឹង​ដៃគូ​ឡើងវិញ។

    ក្រោយពី​សម្រាលកូន​រួច ស្ត្រី​ខ្លះ​សម្គាល់​ឃើញថា​ដូចជា​ពុំ​សូវ​មាន​ទឹករំអិល​តាម​ទ្វារមាស ក្នុងពេល​រួមភេទ ដូច្នេះ​អាច​ប្រើប្រាស់ ទឹករំអិល​ជា​ជំនួយ​បាន ដើម្បី​កាត់បន្ថយ​ភាព​ស្ងួត​ក្នុង​ទ្វារមាស៕

  • Mendy នឹង​អវត្តមាន​ក្នុងពេល Man City ទៅ​ជួប Chelsea ថ្ងៃ​សៅរ៍​នេះ

    Mendy នឹង​អវត្តមាន​ក្នុងពេល Man City ទៅ​ជួប Chelsea ថ្ងៃ​សៅរ៍​នេះ

    តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម Manchester City នឹងត្រូវ​អវត្តមាន​តារា​ឆ្នើម​ម្នាក់​គឺ Benjamin Mendy ដោយសារតែ​បញ្ហា​របួស ខណៈដែល​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​មួយ នៅពេលដែល​ក្រុម​កំពុង​នាំមុខ​នៅលើ​កំពូល​តារាង​ក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់​ជើងឯក Chelsea នៅ​ថ្ងៃ​សៅរ៍​នេះ។

    ខ្សែការពារ​កណ្តាល​អន្ត​រ​ជាតិ​បារាំង​វ័យ23ឆ្នាំ​រូបនេះ កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ក្រុម Man City ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Monaco ក្នុងតម្លៃ​ខ្លួន50លាន​ផោន (ស្មើនឹង67លាន​ដុល្លារ​អាមេរិក) នៅមុន​ពេល​បើក​រដូវ​កាល។ ប៉ុន្តែ កាលពី​ថ្ងៃ​ព្រហស្បតិ៍ Man City បានប្រកាសថា Mendy នឹងត្រូវ​ទទួល​ការវះកាត់​ក្នុង​ទីក្រុង Barcelona នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​រូបគេ​បាន​រងរបួស​ត្រង់​សរសៃពួរ​នៅលើ​ជង្គង់​ខាងស្តាំ​របស់គេ អំឡុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ លើ​ក្រុម Crystal Palace កាលពី​ចុង​សប្តាហ៍​មុន។

    Mendy បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា៖ «ពិតជា​ព័ត៌មាន​អាក្រក់​មែន ខ្ញុំ​នឹងត្រូវ​សម្រាក​ព្យាបាល​របួស​ក្នុង​រយៈពេល​ប្រមាណ​ជា2ខែ ហើយ​ខ្ញុំ​នឹងត្រូវ​វិល​ចូល​ប្រកួត​វិញ​ទាំង​ពិការភាព​ខ្លាំងក្លា​ក្នុងពេលឆាប់ៗនេះ»។ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City កំពុងតែ​ស្ថិតក្រោម​សម្ពាធ​ក្នុងការ​ដណ្តើម​ឲ្យ​បាន​លទ្ធផល​ល្អ ក្រោយពី​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ច្រើនជាង130លាន​ផោន​ដើម្បី​ទិញ​ចូល​ខ្សែការពារ3នាក់ ក្នុង​គោលបំណង​ប្រជែង​យកពាន​ទៅកាន់​កីឡដ្ឋាន Etihad។

    នៅ​មុនពេល​រយៈពេល​នៃ​ការ​អវត្តមាន​របស់ Mendy ត្រូវបាន​ប្រកាស​ឡើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​ឲ្យ​ដឹងថា៖ «យើង​មាន Danilo, (Fabian) Delph និង (Oleks) Zinchenko ដែល​អាច​លេង​នៅ​តំបន់​នោះបាន ហេតុនេះ យើង​នឹង​រង់ចាំ​មើលថា តើ​យើង​នឹងត្រូវ​ប្រើប្រាស់​ពួកគេ ឬ​យ៉ាងណា»។

    ទាំង​ក្រុម Man City និង Chelsea សុទ្ធសឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ទាំង​ការជឿជាក់​ដូចគ្នា ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម Shakhtar Donetsk និង Atletico Madrid ក្នុង​លទ្ធផល 2-០ និង 2-1 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ រៀងៗខ្លួន។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង11:3០យប់៕

    ប្រភពពី៖ Sports.yahoo

  • Bayern បណ្តេញ​លោក Ancelotti ចេញពី​តំណែង​គ្រូបង្វឹក

    Bayern បណ្តេញ​លោក Ancelotti ចេញពី​តំណែង​គ្រូបង្វឹក

    លោក Carlo Ancelotti បាន​ចាក​ចេញពី​តំណែង​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​នៅ​ក្លិប Bayern Munich ហើយ។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្លិប​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។ ព័ត៌មាន​នេះ​កើតឡើង ក្រោយពី​ក្រុម Bayern បាន​រង​បរាជ័យ​ដ៏​អាម៉ាស់​ក្នុង​លទ្ធផល 3-0 ក្រោម​ស្នាដៃ​ក្រុម Paris Saint-Germain ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ពុធ ខណៈដែល​នេះ​គឺជា​ការរង​បរាជ័យ​ដ៏​ធំ​បំផុត​របស់​ពួកគេ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល ក្នុង​រយៈពេល21ឆ្នាំ។

    លោក Karl-Heinz Rummenigge ប្រធាន​ប្រតិបត្តិ​របស់​ក្លិប Bayern បានធ្វើ​ការព្រមាន​រួចជាស្រេច​ថា វា​នឹងមាន​លទ្ធផល​អាក្រក់​តបស្នង​វិញ បន្ទាប់ពី​ការបរាជ័យ​ក្នុងប្រទេស​បារាំង ខណៈដែល​កាសែត SportBild បានចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចប្រជុំ​មួយ​នឹងត្រូវ​រៀបចំឡើង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ដើម្បី​ពិភាក្សា​ទៅលើ​អនាគត​របស់លោក Ancelotti។

    សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់ថា៖ «បន្ទាប់ពី​ការពិភាក្សា​ផ្ទៃក្នុង​នៅ​ទីក្រុង Munich កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី28 ខែកញ្ញា ឆ្នាំ2017 ក្លិប Bayern Munchen សូម​ប្រកាសថា ក្លិប​នេះ​នឹង​ចែកផ្លូវ​ជាមួយនឹង​លោកគ្រូ​បង្វឹក Carlo Ancelotti ចាប់ពីពេលនេះ​តទៅ។ លោកគ្រូ​បង្វឹក​ជំនួយ Willy Sagnol នឹង​ចូលកាន់​តំណែង​ជំនួស​ក្នុង​ក្រុម​នេះ​ក្នុងតួនាទី​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន»។

    សម្ពាធផ្សេងៗកំពុងតែ​កើតឡើង​រួចជាស្រេច​ទៅលើ​លោក Ancelotti វ័យ58ឆ្នាំ ខណៈដែល​ក្រុម Bayern បាន​ជួប​ភាព​ត្រដាបត្រដួស​នៅ​ដើមរដូវ​កាល​នេះ នៅមុន​ពេល​ចាញ់​ក្រុម PSG 3-0 ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ពុធ។ បន្ទាប់ពី​ការប្រកួត​នេះ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ ត្រូវបាន​ចោទសួរ​ដោយ​បណ្តាញសារព័ត៌មាន​អាល្លឺម៉ង់ អំពី​បច្ចេកទេស និង​ការជ្រើសរើស​ក្រុម​របស់លោក ក្រោយពី​លោក​បាន​សម្រេចចិត្ត​ដាក់​ឲ្យ Franck Ribery, Arjen Robben និង Mats Hummels លេង​ជា​កីឡាករ​បម្រុង៕

    ប្រភពពី៖ ESPN

  • ក្រុមហ៊ុន ខាំ-ផែន ថ្នាំ​ពណ៌​ជាតិ ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បរិច្ចាគ​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​អង្គការ PSE

    ក្រុមហ៊ុន ខាំ-ផែន ថ្នាំ​ពណ៌​ជាតិ ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បរិច្ចាគ​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​អង្គការ PSE

    ស្ថិតនៅក្នុង​គោលបំណង​ចូលរួមចំណែក​ជួយ​ដល់​ការងារ​សង្គមជាតិ​កម្ពុ​ជា ក៏ដូចជា​ការជួល​សម្រាល​ដល់​ភាពលំបាក​របស់​ពលរ​ដ្ឋ​ទូទៅ​នោះ ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន ខាំ-ផែន ថ្នាំ​ពណ៌​ជាតិ (CAMBODIAN CHEMICAL SUPPLY CO., LTD) តែង​បាន​បង្កើត​កម្មវិធី​បរិ​ច្ចាគ​ថវិកា​មូល​និ​ធី​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ផ្ទាល់​ជូន​ដល់​មន្ទីរពេទ្យ អង្គការ​ក្នុងស្រុក ក៏ដូចជា​សហគមន៍​នានា​ជា​ហូរហែ។

    ជាក់ស្ដែង កាលពី​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 កន្លងទៅនេះ ក្រុមហ៊ុន បាន​នាំយក​ថវិកា​ចំនួន 12,017 ដុល្លារ ផ្តល់ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែលមាន​ទីតាំងនៅ​ក្រុង​សៀមរាប ដើម្បី​ជួយ​សម្រាល​បន្ទុក និង​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​ក្នុងការ​ពិនិត្យ ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា ដែល​មិនមាន​លទ្ធភាព ។ បន្ថែម​ពីនេះ នៅ​ថ្ងៃទី15 ខែ​ឆ្នាំ​ដដែល ក្រុមហ៊ុន រួមជាមួយ​បុគ្គលិក និង​ថ្នាក់ដឹកនាំ បាន​បន្ត​នាំយក​ថវិកា​មូល​នី​ធិ​ចំនួន 22,017 ដុល្លារ ទៅ​ឧបត្ថម្ភ​ដល់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ទី12 ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

    លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ខាំ-ផែន បាន​លើកឡើងថា សម្រាប់​ថវិកា​ខាងលើនេះ ថ្វី​ត្បិត​មាន​ចំនួន​តិចតួច មិនអាច​ទ្រទ្រង់​នូវ​បន្ទុក​នៃ​ការចំណាយ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ក៏ដូចជា​ការចំណាយ​យ៉ាង​សន្ធឹកសន្ធាប់​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមា ប៉ុន្តែ​វា​ជាការ​ឆ្លុះ​បង្ហាញឱ្យឃើញ​ពី​ទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជា​អតិថិជន​ទាំងអស់​របស់​ក្រុមហ៊ុន ខាំ-ផែន ថ្នាំ​ពណ៌​ជាតិ ក្នុងការ​លះបង់​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួមចំណែក​ក្នុង​ការងារ​សង្គមជាតិ ហើយក៏​ចង់​ធ្វើឱ្យ​សកម្មភាព​មួយ​នេះ​ក្លាយទៅជា​គំរូ និង​វប្បធម៌​មួយ​សម្រាប់​សហគ្រាស​អាជីវ​កម្មដ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

    លោក សោម សម្បត្តិ បាន​បញ្ជាក់ថា ៖ « ដោយសារ​កាលពី​ឆ្នាំមុន មាន​មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ បានធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​ ខាំ-ផែន ហើយ​បានបង្ហាញ​ឱ្យ​ក្រុមហ៊ុន​បាន​យល់ច្បាស់​ពីស​កម្មភាពល្អៗជាច្រើន​ដែល​មន្ទីរពេទ្យ​នេះ​បានធ្វើ ដូចជា ការជួយ​ព្យាបាល​ដោយ​មិន​គិត​កម្រៃ​ដល់​កុមារ​ក្រីក្រ​រាប់រយ​ពាន់​នាក់​ក្នុងមួយឆ្នាំៗ ការផ្តល់សេវា​ថែទាំ​សុខភាព​តាម​ភូមិ និង​បណ្តុះបណ្តាល​លើ​ការថែទាំ​សុខភាព​ដល់​ប្រជាពលរដ្ឋ ។ល។ បើ​ពុំមាន​វត្តមាន​របស់​ម​ន្ទីរ​ពេទ្យ​នេះ​ទេ មិនដឹងថា​វាសនា​របស់​ក្មេង​ក្នុង​គ្រួសារ​ដែល​ពុំមាន​លទ្ធភាព​នាំ​កូន​ទៅ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ឯកជន​រាប់ម៉ឺន​នាក់​នោះ នឹងត្រូវ​ជួបប្រទះ​ផល​លំបាក​យ៉ាងណា​នោះទេ។

    ដោយហេតុនេះ ទើប​ឆ្នាំនេះ ក្រុមហ៊ុន ខាំ-ផែន និង​អតិថិជន​ទាំងអស់​របស់​ក្រុមហ៊ុន សម្រេចចិត្តថា​ត្រូវតែ​យក​ថវិកា​មួយចំនួនធំ មក​បរិច្ចាក​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ហើយនឹង​នៅ​បន្ត​ជួយ​ទៅ​ឆ្នាំខាងមុខៗទៀត»។ ដោយឡែក សម្រាប់​ការផ្តល់ជូន​ថវិកា​មូល​នី​ធិ​ដល់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ក៏​ជា​ចូលរួមចំណែក​ក្នុងការ​ចែករំលែក​នូវ​ទុក្ខលំបាក និង​គាំទ្រ​ដល់​សកម្មភាព ប្រតិបត្តិការ​របស់​អង្គការ​មួយ​នេះដែរ។ លោក សោម សម្បត្តិ បានបញ្ជាក់​ទៀតថា ៖ «ខ្ញុំ​បាន​ស្គាល់ និង​ចូលរួម​ជួយឧបត្ថម្ភ​ដល់​អង្គការ PSE នេះ តាំងពី​ខ្ញុំ​នៅ​ធ្វើការ​អោយគេ​ម្លេះ រហូតដល់​ខ្ញុំ​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង ក៏​នៅតែ​បន្ត​ជួយ ដោយ​ខ្ញុំ​យល់ថា អង្គការ​នេះ​ជា​កន្លែង​ដ៏​ល្អ​បំផុត​មួយ​ដែល​បាន​កសាង​មនុស្ស​ល្អ និង​មាន​សមត្ថភាព​សម្រាប់​ស​ង្គ​ម​ជាតិ។

    ការចូលរួម​របស់​យើង​រួមមាន ៖ ការឧបត្ថម្ភ​ជា​ថវិកា​ក្នុង​កម្មវិធី​នានា ដែល​អង្គការ​នេះ​រៀបចំឡើង​ដូចជា កម្ម​វី​ធី​តាំង​ពិ​ពណ៌​ម្ហូបអាហារ​សប្បុរសធម៌​រាល់​ឆ្នាំ កម្មវិធី Gala Dinner, កម្មវិធី Rice to School, ។ល។ លើសពីនេះ យើង​ក៏បាន​ឧបត្ថម្ភ​ជា​ថវិកា​ដល់​ក្រុម​សិល្បៈ​ផ្នែក​របាំ​ត្រុដិ​នៃ​អង្គការ​នេះ​ជា​រៀងរាល់ឆ្នាំ ការបរិច្ចាគ​ថ្នាំ​ពណ៌​សម្រាប់​លាប​អគារសិក្សា។ ក្រៅពី​ថវិកា យើង​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​សិក្សា​របស់​សិស្ស តាមរយៈ​ការចូលរួម​ធ្វើជា​វាគ្មិន​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ដល់​សិស្ស ការចូលរួម​ប្រជុំ​គណៈកម្មការ​នាយ​ករប​ស់​សាលា​សំណង់ និង​សាលា​ពាណិជ្ជកម្ម និង​ទទួល​ទស្ស​កិច្ច​សិក្សា និង​កម្មសិក្សា​សម្រាប់​សិស្ស​និស្សិត​ពី​អង្គការ​នេះ​ផងដែរ។

    ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​យើង​បានរៀបចំ​កម្មវិធី​ជប់លៀង​ថ្លែងអំណរគុណ​ដល់ អតិថិជន របស់​យើង​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​ជា​រៀងរាល់ឆ្នាំ ហើយ​នៅក្នុង​កម្មវិធីនីមួយៗ មាន​អតិថិជន​មួយចំនួន​ចង់​ចូលរួម​ជា​ថវិកា​មក​ក្រុមហ៊ុន​សម្រាប់​ជួយ​ទូទាត់​ចំណាយ តែ​ក្រុមហ៊ុន​មិនមាន​បំណង​ទទួល​ពី​ពួកគាត់​ទេ ដូច្នេះ​យើង​ក៏បាន​គិតដល់​ការ​បង្កើតជា​មូលនិធិ​រួមគ្នា​រវាង​ក្រុមហ៊ុន​ជា មួយ​អតិថិជន​របស់​យើង ដើម្បី​បរិច្ចាគ​ជូន​ដល់​អង្គការ PSE ទុក​ប្រើ​ជា​ប្រយោជន៍​ដល់​កុមារ​ក្នុង​មណ្ឌល។ ជាក់ស្តែង​កាលពី​ឆ្នាំ 2015 យើង​បាន​បរិច្ចាក​ជូន​អង្គការ PSE ជាង 8,000 ដុល្លារ ឆ្នាំ 2016 ចំនួន 18,000 ដុល្លារ ហើយ​ឆ្នាំនេះ យើង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន 22,017 ដុល្លារ​ថែមទៀត» ។

    គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ខេ​មី​ខ​ល សឹ​ប​ផ្លា​យ (ខាំ-ផែន) ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​ពណ៌​របស់​ខ្មែរ ដែល​បាន​ផ្តើមចេញពី​សិប្បកម្ម​ដ៏​តូច​មួយ​នៅក្នុង​ឆ្នាំ 2004 ហើយ​បច្ចុប្បន្ន​បាន​ក្លាយជា​រោងចក្រ​ផលិត​ថ្នាំ​ពណ៌​របស់​ខ្មែរ​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា ខណៈដែល​មានការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ខ្មែរ​នៅ​ទូទាំងប្រទេស។ ក្រៅពី​ការធ្វើ​អាជីវកម្ម​ដើម្បី​ប្រាក់ចំណេញ ក្រុមហ៊ុន​ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​សកម្មភាព​សង្គម​រួមមាន​ដូចជា ៖ រាល់​សារធាតុ​គីមី ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន គឺ​ក្រុមហ៊ុន​មិន​នាំចូល​មកប្រើប្រាស់​ជាដាច់ខាត។ ក្រុមហ៊ុន​បាន​ប្តេជ្ញា​ជួល​បុគ្គលិក​ជា​ជនជាតិខ្មែរ 100% ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុងប្រទេស​កម្ពុជា និង​ព្យាយាម​ចូលរួម​ជួយ​ជ្រោមជ្រែង​រាល់​សកម្មភាព​ដែលនាំឱ្យ​មានការ​រីកចម្រើន​លើ​វិស័យ​អប់រំ ទេសចរណ៍ និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការជួយឧបត្ថម្ភ​ដល់​អង្គការ និង​សមាគមន៍​នានា ៕

  • កម្ពុជា​នឹង​ផ្លាស់ប្តូរ​កម្លាំង​ពលកម្ម​សុទ្ធសាធ​មកជា​កម្លាំង​ពលកម្ម​ជំនាញ

    កម្ពុជា​នឹង​ផ្លាស់ប្តូរ​កម្លាំង​ពលកម្ម​សុទ្ធសាធ​មកជា​កម្លាំង​ពលកម្ម​ជំនាញ

    ភ្នំពេញ៖ នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន កម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ក៏ដូចជា​វិស័យ​សំណង់​ជាដើម​ដែរនោះ គេ​សង្កេតឃើញថា ភាគច្រើន​គឺជា​អ្នក​ប្រើ​កម្លាំង​ពលកម្ម​សុទ្ធសាធ ប៉ុន្តែ​ទោះជា​យ៉ាង​ដូច្នេះ​ក្តី ទាំងអស់នេះ​ត្រូវបាន​គេ​មើលឃើញថា នាពេល​អនាគត​កម្ពុជា​នឹង​តម្រូវឱ្យ​កម្លាំង​ពលកម្ម​ទាំងនោះ​ក្លាយជា​កម្លាំង​ពលកម្ម​ជំនាញ​ឱ្យបាន​នៅត្រឹម​ឆ្នាំ2025។

    ទោះជា​ប្រទេស​តូច​មួយ មាន​ប្រជាជន​ចំនួន​ប្រមាណ​តែ​ជាង15លាន​នាក់​មែន តែ​សេដ្ឋកិច្ចកម្ពុជា​មាន​សម្ទុះ​រីកចម្រើន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​កម្ពុជា​ជាទី​កន្លែង​មួយ​ដែលមាន​សុវត្ថិភាព និង​មាន​ភាព​ទាក់ទាញ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អាស៊ីអាគ្នេយ៍​ដែលជា​មូលដ្ឋាន​ដ៏​ល្អ​សម្រាប់​ធុរជន និង​វិនិយោគិន​ចូលមក​បណ្តាក់ទុន​ប្រកបដោយ​ជំនឿ​ទុកចិត្ត ដែល​នេះ​ជា​ប្រសាសន៍ របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ “Round Table: South-East Asia Sourcing” ដែលមាន​ការចូលរួម​ពី​តំណាង​អង្គទូត​មួយចំនួន​ប្រចាំ​នៅ​ទីក្រុង​ប៉ារីស អ្នកជំនាញការ អ្នកបញ្ជា​ទិញ (BUYER) អ្នកសារព័ត៌មាន និង​អ្នកតំណាង​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​កាត់ដេរ និង​សម្លៀកបំពាក់​ដែល​មកពី​ប្រទេសផ្សេងៗជាច្រើនរូប​ទៀត។

    ឯកឧត្តម​បញ្ជាក់ថា សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុ​ជាមាន​កំណើន​ជា​មធ្យម 7% ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ ក្នុងនោះ​រដ្ឋាភិបាល​កម្ពុ​ជា​បានកំណត់​នូវ​កម្លាំងចលករ​សំខាន់​ចំនួន4 ដែល​កំពុងតែ​ជំរុញ​កំណើនសេដ្ឋកិច្ច​រួមមាន:

    ទី1. វិស័យ​កាត់ដេរ​សម្លៀកបំពាក់ វាយ​ន​ភណ្ឌ និង​ស្បែកជើង

    ទី2. វិស័យ​សំណង់

    ទី3. វិស័យ​ទេសចរណ៍

    និង​ទី4. វិស័យ​កសិកម្ម។

    ហើយ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទាំង4នេះ កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ទៅមុខ នាពេលថ្មីៗនេះ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ឱ្យប្រើ​ប្រាស់​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម2015-2025 សំដៅ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​ការប្រកួតប្រជែង និង​លើកកម្ពស់​ផលិតភាព។ «ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល គឺ​ដើម្បី​ផ្លាស់ប្តូរ និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម​ទៅជា​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​ជំនាញ​នៅត្រឹម​ឆ្នាំ 2025»។

    ទាក់ទង​នឹង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ផងដែរ លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​កាត់ដេ​រ និង​ស្បែកជើង​កម្ពុជា​មានប្រសាសន៍​ថា កម្ពុ​ជាមាន​រោងចក្រ​កាត់ដេរ​ជាង 500 និង​មាន​កម្មករ-កម្មការិនី​កាត់ដេរ​ប្រមាណ​ជា 8សែន​នាក់ ដែលជា​កម្លាំង​ពលកម្ម​វ័យក្មេង​បាននិងកំពុង​ផលិត​សម្លៀកបំពាក់​ឱ្យ​អ្នកបញ្ជា​ទិញធំៗ និងល្បីៗលើ​ពិភពលោក ហើយ​បាន​កំពុង​នាំ​ចេញទៅ​បណ្តា​ប្រទេស​ជាច្រើន ជាពិសេស​សហគមន៍​អឺរ៉ុប អាមេរិក កាណាដា និង​ជប៉ុន៕