Author: វល័ក្ខ

  • ស្ថាប័នរដ្ឋ និង​ឯកជន​ចាប់ផ្តើម​មើលឃើញ​ពី​គុណសម្បត្តិ​របស់​គ្រូ​ចូលនិវត្តន៍​កាន់តែខ្លាំង

    ស្ថាប័នរដ្ឋ និង​ឯកជន​ចាប់ផ្តើម​មើលឃើញ​ពី​គុណសម្បត្តិ​របស់​គ្រូ​ចូលនិវត្តន៍​កាន់តែខ្លាំង

    សាលារៀន​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស តែ​អ្នក​ដែល​កែច្នៃ និង​ថែទាំ​មនុស្ស​ពិតប្រាកដ​នោះ​គឺ​គ្រូបង្រៀន​ដែល​កំពុង​បម្រើ​ការងារ​យ៉ាង​មមាញឹក​នៅក្នុង​សាលា​ឱ្យមាន​សកម្ម​ភាពរស់រវើក។ គ្រូបង្រៀន​ជា​កម្លាំងចលករ​យ៉ាងសំខាន់​ដែល​ធ្វើឱ្យ​សង្គម​មួយ​មាន​ស្ថានភាព​ស្រស់បំព្រង ពោរពេញ​ទៅដោយ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​តាមរយៈ​ការបង្កើន​ចំនួន​ធនធានមនុស្ស​ទៅតាម​ជំនាញរៀងៗខ្លួន​របស់​យុវជន​ដែលជា​អ្នក​បន្តវេន​របស់​កម្ពុ​ជា។

    ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ជា​ទិវា​គ្រូបង្រៀន ដែល​គ្រប់​សមាសភាព​ក្នុងសង្គម​ចាប់ផ្តើម​នាំគ្នា​លើកឡើង​ពី​បញ្ហា​គ្រូបង្រៀន និង​ក៏​ជា​ពេលដែល​សិស្ស​គ្រប់គ្នា​រំឭក​ឡើងវិញ​នូវ​គុណបំណាច់​របស់លោក​គ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ​ដែល​បាន​យកចិត្តទុកដាក់ បណ្តុះបណ្តាល​សិស្ស​ទាំងឡាយ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់ និង​មាន​ភាព​ថ្កុំថ្កើង​នៅពេល​បច្ចុប្បន្ននេះ។

    ទោះជា​យ៉ាងនេះ​ក្តី ជាទូទៅ​គ្រូ​ដែលជា​វិស្វករ​នៃ​ព្រលឹង​របស់​មនុស្សម្នាក់ៗនេះ ត្រូវបាន​គេ​យកចិត្តទុកដាក់​ដោយពេល​ម្ដងម្កាល​តែប៉ុណ្ណោះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន។ ជា​រៀងរាល់​ទិវាសំខាន់ៗ សិស្ស​ជាច្រើន​នាំគ្នា​រំឭក​គុណ និង​ដឹង​គុណគ្រូ តែ​ពេល​ក្រៅពី​នោះមក គ្រូបង្រៀន ជាពិសេស​គ្រូចាស់ៗដែល​ចូលនិវត្តន៍ នៅ​មិនទាន់​ទទួលបាន​ការលើកទឹកចិត្តខ្លាំងៗពី​សិស្ស​នៅឡើយ​ទេ ដូចជា​ស្ថាប័ន​នានា ជាពិសេស​ស្ថាប័នឯកជន​តែម្ដង។ តែ​នាពេលថ្មីៗនេះ សាធារណជន​បានចាប់ផ្ដើម​មើលឃើញថា ការយកចិត្តទុកដាក់​លើ​គ្រូបង្រៀន​ហាក់​មាន​លក្ខណៈ​ផុសផុលខ្លះៗហើយ​តាមរយៈ​ការបង្ហាញ​ជំហរ​បស់​សាលា​ឯកជន​មួយចំនួន​ក្នុងការ​ជ្រើសរើស​គ្រូបង្រៀន​ចូលនិវត្តន៍​ឱ្យមក​បង្រៀន​ក្នុង​សាលា​របស់ខ្លួន ដើម្បី​ជាការ​លើកទឹកចិត្ត និង​ដើម្បី​ជា​ផ្តល់​ប្រាក់ចំណូល​បន្ថែម​ដល់​គាត់​ផងដែរ។

    ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ លោក ប៉ិច ប៉ូ​ឡែ​ន ស្ថាបនិក​សាលា​វេ​ស្ទ​ឡា​ញន៍ ធ្លាប់បាន​លើកឡើងថា លោក​សាស្ត្រាចារ្យ ចូលនិវត្តន៍​ជា​ធនធានមនុស្ស​ដែលមាន​តម្លៃ និង​ជា​ជន​ដែលមាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​បង្រៀន។ ម្យ៉ាងវិញទៀត​យើង​សង្កេតឃើញថា គ្រូបង្រៀនចាស់ៗជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ​ខ្ពស់​ក្នុង​ជីវិត​បង្រៀន ដែល​អាច​បណ្តុះបណ្តាល​សិស្ស​ជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​ធនធាន​ដ៏​រឹងមាំ​សម្រាប់​សង្គម​បាន។

    ស្រដៀង​គ្នា​នេះដែរ អតីត​នាយក​វិទ្យាល័យ​ទួល​ទំពូង លោក​សាស្ត្រាចារ្យ ស៊ិន ស៊ីថុន និង​ជា​ស្ថាបនិក​នៃ​សាលា មហា​សាស្ត្រា ក៏បាន​លើកទឹកចិត្ត​គ្រូបង្រៀន​ចូលនិវត្តន៍​ដើម្បី​មក​បង្រៀន​ក្នុង​សាលា​របស់លោក ដើម្បី​ជាការ​លើកទឹកចិត្ត​ផង និង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​លោកគ្រូ-អ្នកគ្រូ​ចូលនិវត្តន៍​បាន​ជួបជុំគ្នា ពិភាក្សាគ្នា​ផង​ដើម្បី​ផ្ទេរ​ចំណេះដឹង​ដល់​ក្មេងជំនាន់ក្រោយ។

    ក្រៅពីនេះ​គេ​មើលឃើញ​សាលា​ឯកជន​មួយចំនួន​ផ្សេងទៀត​ក៏បាន​ចាប់អារម្មណ៍ និង​ជ្រើសរើស​គ្រូបង្រៀន​ចូលនិវត្តន៍​មក​បង្រៀន​ដែរ ដែល​ជាការ​ផ្តល់ឱកាស​ច្រើន​សម្រាប់​សាស្ត្រាចារ្យចាស់ៗដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម និង​ដើម្បី​ជាការ​យកចិត្តទុកដាក់​ចំពោះ​រូបគាត់​ផងដែរ៕

  • សណ្ឋគារ ​សុខាសៀមរាប​ ត្រូវ​បាន​ដាក់​សម្ពោធ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​

    សណ្ឋគារ ​សុខាសៀមរាប​ ត្រូវ​បាន​ដាក់​សម្ពោធ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​

    សៀមរាប៖ សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា បានប្រកាស​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​រមណីយដ្ឋាន​ថ្មី​មួយទៀត ស្ថិតនៅក្នុង​ខេត្តសៀមរាប ដែលជា​រមណីយដ្ឋាន​ដ៏​ប្រណិត​ធំជាងគេ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    នៅ​ថ្ងៃទី០២ ខែតុលា​នេះ រមណីយដ្ឋាន​សុខា​សៀមរាប និង​សណ្ឋាគារ​សុខា​ផា​ឡែ​ស បាន​បើកទទួល​ស្វាគមន៍​ជា​ផ្លូវការ ចំពោះ​ភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ។ ជាមួយនឹង​ការផ្តល់ជូន​នូវ​បទពិសោធន៍​នៃ​បដិសណ្ឋារកិច្ច​ជា​លក្ខណៈ​អន្តរជាតិ​ថ្មី​មួយ​មកកាន់​ទីក្រុង ភ្ញៀវ​ជាតិ និង អន្តរជាតិ នឹង​ទទួលបាន​នូវ​ជម្រើស​ក្នុងការ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ទាំងពីរ​នេះ ដែលមាន​បន្ថែមចំនួន 1264បន្ទប់ រួមមាន​បន្ទប់​ធម្មតា បន្ទប់​ស្វី​ត និង​បន្ទប់​ប្រភេទ​វីឡា ព្រមទាំង​មាន​ភោជនីយដ្ឋាន​ចំនួន 09បន្ថែម ដែល​ផ្តល់ជូន​នូវ អាហារ​មកពី​គ្រប់​តំបន់​ដ៏​មានឱជារស។ រមណីយដ្ឋាន​មាន​មជ្ឈមណ្ឌល​សន្និសីទ​ដ៏​ប្រណិត​ដែលមាន​ទំហំ 2190ម៉ែត្រការ៉េ ជា​សាលប្រជុំ​ធំជាងគេ​នៅក្នុង​ខេត្តសៀមរាប។

    អ្នកស្រី គុណ ថា​ណែ​ត ដែលជា​នាយិកា​ផ្នែក​លក់​ប្រចាំ​តំបន់ បាន​មានប្រសាសន៍ថា៖ យើងខ្ញុំ មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ពង្រីក​សេវាកម្ម​របស់​យើងខ្ញុំ​នៅក្នុង​ខេត្តសៀមរាប ដែលមាន​រមណីយដ្ឋាន សុខា​សៀមរាប​លំដាប់​ផ្កាយ​ប្រាំ និង​សណ្ឋាគារ​សុខា​ផា​ឡែ​ស​សៀមរាប​លំដាប់​ផ្កាយ​បួន ស្ថិតនៅ​ជិតគ្នា។ ជាមួយ គ្នា​នឹង​រមណីយដ្ឋាន​សុខា​អង្គរ​ដែល​បាន​បើក​ដំណើរការ​នៅក្នុង​អំឡុង​ឆ្នាំ2006  បច្ចុប្បន្ននេះ​យើង​មាន​ជាង 1500បន្ទប់​ជា​រៀងរាល់ថ្ងៃ ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ យើងខ្ញុំ​មានការ​ជឿជាក់​យ៉ាងខ្លាំង​ថា ការពង្រីក​បន្ថែម​នូវ​បន្ទប់​ទាំងនេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ជូន​ដល់​ភ្ញៀវ​ក៏ដូចជា​សេដ្ឋកិច្ច​ក្នុង​តំបន់ ជាពិសេស​គឺ​ផ្តល់​ការងារ​ដល់​ប្រជាជន​ក្នុង​តំបន់ ជាមួយនឹង​ប​ដិ​ស​ណ្ឋា​រ កិច្ច​លំដាប់​អន្តរជាតិ​របស់​សណ្ឋាគា​រ​និង​រមណីយដ្ឋាន​សុខា ។

    នាយក​ចាត់ការ​ទូទៅ​ប្រចាំ​តំបន់​លោក Ingo បាន​មានប្រសាសន៍​បន្ថែមថា ការបើក​សម្ភោ​ធ​ជា​ផ្លូវការ​របស់ ពួកយើង​នឹង​ផ្តល់ជូន​នូវ​ឱកាស​ដ៏​ល្អឥតខ្ចោះ ជូន​ដល់​ភ្ញៀវ​ក្នុង​ការទទួលយក បដិសណ្ឋារកិច្ច​លំដាប់​ពិភពលោក​ថ្មី បំផុត​របស់ សណ្ឋាគារ​សុខា​សៀមរាប និង​សាលសន្និសីទ។ វា​ជា​មោទនភាព​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ចែករំលែក​នូវ ការចាប់ផ្តើម​ទំព័រ​ថ្មី​ដ៏​គួរ​ឲ្យ​រំភើប​មួយ ក្នុងការ​វិវត្តន៍​រប​ស់​សណ្ឋាគារ​សុខា។

    រមណីយដ្ឋាន​មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​ទៅកាន់​ប្រាសាទអង្គរវត្ត នៅ​ជិត​មជ្ឈមណ្ឌល​លក់​សំបុត្រ​អង្គរ មាន​លក្ខណៈពិសេស​ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​កន្លែង​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់ផ្សេងៗដូចជា ផ្សារ​រាត្រី​ខេត្តសៀមរាប ផាប់​ស្ត្រី​ត​ដ៏​ទំនើប និង​មជ្ឈមណ្ឌល​វប្បធម៌ និង​ទេសចរណ៍​អង្គរ។ លើសពីនេះ រមណីយដ្ឋាន​មាន​មជ្ឈមណ្ឌល​ហាត់ប្រាណ កន្លែង​ស្ប៉ា​ដ៏​ទំនើប       អាង​ហែល​ទឹកធំ​ទូលាយ ស្ទី​ម សូ​ណា ចា​គូ​ស៊ី អាង​ហែល​ទឹក​ក្តៅ និង​ទឹក​ត្រជាក់ និង​ក្លឹប​កុមារ​ដែលមាន​ល្បែង​កម្សាន្ត​ជាច្រើន​ប្រភេទ​សម្រាប់​កុមារ។

    សម្រាប់​សំនួរផ្សេងៗទាក់ទង​នឹង​ផ្នែក​លក់
    សូម​ទំនាក់ទំនង​មកកាន់៖

    អ្នកស្រី គុណ ថា​ណែ​ត ជា​នាយិកា​ផ្នែក​លក់​ប្រចាំ​តំបន់
    លេខ​ទូរស័ព្ទដៃ៖ 096 616 1888 / 063 961 999
    អ៊ីមែល៖ [email protected]

    សម្រាប់​ផ្នែក​សារព័ត៌មានផ្សេងៗ
    អ្នកស្រី សំរិទ្ធ​ប៊ុន​និច្ច ដែលជា​ប្រធាន​ផ្នែក​ទីផ្សារ
    សណ្ឋាគារ​ និង​រមណីយដ្ឋាន​សុខា
    ទីស្នាក់ការ​កណ្តាល​ផ្នែក​លក់​ និង​ទីផ្សារ
    លេខ​ទូរស័ព្ទដៃ៖ 097 561 6104
    លេខ​ទូរស័ព្ទ៖ 023 99 80 75
    អ៊ីមែល៖ [email protected]

    គេហទំព័​រៈ        www.sokhahotels.com/siemreap
    ហ្វេ​ស​ប៊ុ​កៈ        https://www.facebook.com/sokhasiemreapresort
    វាយ​បូៈ           https://weibo.com/sokhasiemreapresort
    វី​ឆា​តៈ           SokhaSiemReapResort
    យូ​ធូបៈ           www.youtube.com/channel/UCA0zj04gJyY4dmbiW03q_SQ
    ហ្គូ​ហ្គ​លៈ https://plus.google.com/107884396709942570302
    ព្រី​ន​ធ័​រ​រេសៈ       www.pinterest.com/sokhasiemreap
    ទ្វី​ត​ធ័​រៈ   www.twitter.com/SokhaSiemReap
    អិន​ស្តារ​ក្រាមៈ https://www.instagram.com/sokhahotels

    អំពី​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា

    សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​សុខាអូតែល​គ្រុប មាន​ទីតាំង​ស្ថិតនៅ​រាជ ធានី​ភ្នំពេញ និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​ដែលមាន “សូគីម៉ិច​អ៊ិន​វេស​មេន​គ្រុប” ជា​ក្រុមហ៊ុនមេ។ សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ2004 ដោយ​អ្នកឧកញ៉ា​បណ្ឌិត សុខ គង់។ បច្ចុប្បន្ន សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​មាន​សណ្ឋាគារ​សរុប​ចំនួន 06ដែលមាន​ទីតាំង​ស្ថិតនៅក្នុង រាជធានី​និង​ខេត្តសំខាន់ៗ ចំនួន 04 ក្នុងប្រទេស​កម្ពុជា។

    ក្នុងនាម​ជា​អ្នកប្រតិបត្តិ​ផ្នែក​បដិសណ្ឋារកិច្ច​ដ៏​ធំ​បំផុត​ក្នុងប្រទេស​កម្ពុជា សុខា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សណ្ឋាគារ លំដាប់​ផ្កាយ៥ក្នុងស្រុក​ដែលជា​មោទនៈភាព​របស់​ប្រទេស​កម្ពុជា។ ភាពជោគជ័យ​របស់​យើង ទទួលបាន​មកពី បុគ្គលិក​របស់​យើងទាំងអស់គ្នា និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ពួកគេ​ក្នុងការ​ឈានទៅដល់​គោលដៅ ដើម្បី ផ្តល់ជូន​ភ្ញៀវ​នូវ​បទពិសោធន៍​ពី​សេវាកម្ម​ដ៏​ល្អ​បំផុត និង​ស្នាមញញឹម​ដែល​មិនអាច​បំ ភ្លេច​បាន​របស់​ប្រជាជន កម្ពុជា៕

  • កម្ពុជា​មិនទាន់​ប្រមូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​កំណត់​នៅឡើយ

    កម្ពុជា​មិនទាន់​ប្រមូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​កំណត់​នៅឡើយ

    ភ្នំពេញ៖ ត្រឹម​រយៈពេល8 ខែ​ដើមឆ្នាំ2017 អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រមូល​ពន្ធ​បាន​ប្រមាណ​ជា 5,657 ពាន់​លាន​រៀល​ស្មើនឹង​ប្រមាណ​ជា 1,414.43លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​មិនទាន់​គ្រប់​តាម​ផែនការ​កំណត់​នៅឡើយ​ទេ។

    ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​នាយកដ្ឋាន​ពន្ធដារ​បាន​ឱ្យដឹង​ក្នុង​ពិធី​ជួប​សម្តែង​ការគួរសម​របស់​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ថា ត្រឹម​រយៈពេល8ខែ ដើមឆ្នាំ2017នេះ ការប្រមូល​ពន្ធ​ទើបតែ​សម្រេចបាន​ប្រមាណ​ជា 82.43% នៃ​ផែនការ​កំណត់ដោយ​ច្បាប់​ប៉ុណ្ណោះ បានន័យថា មិនទាន់​គ្រប់100%នៅឡើយ​ទេ។

    ឯកឧត្តម​មានប្រសាសន៍​ថា ការអនុវត្ត​កំណែទម្រង់​នេះ ចៀស​មិន​ផុតពី​ផលប៉ះពាល់​នោះទេ គ្រាន់តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ  ជាពិសេស​ការផ្លាស់ប្តូរ​ផ្នត់គំនិត និង​វប្បធម៌​ការងារ​របស់ «មន្ត្រី​ពន្ធដារ​ជា​អ្នកត្រួតត្រា​អ្នក​ជាប់ពន្ធ​ទៅជា​អ្នកផ្តល់​សេវា និង​ការ​ប្រឈម ដែល​សត្រូវ​នៃ​ការកែទម្រង់​គឺជា​អ្នក​មិន​ចង់​កែទម្រង់» ក្នុង​ភាពជា​អ្នកដឹកនាំ​ស្ថាប័ន​ដើម្បី​ឈានទៅ​ទទួលបាន​ជោគជ័យ​លើ​ការងារ កំណែទម្រង់​ត្រូវការ​ឆន្ទៈ​ខ្ពស់ ការតាំង​ចិត្ត​ពុះពារ​មិន​រាថយ ចំណេះដឹង ភាពជឿជាក់ ការបំពេញ​ការងារ​ប្រកប​ប្រតិសកម្ម និង​ផ្នត់គំនិត​នៃ​ការផ្តួចផ្តើម។

    ឆ្លៀត​ក្នុងពេលនោះ​ឯកឧត្តម​បាន​ផ្ញើ​សារ​តាមរយៈ​ក្រុមយុវជន​អាស៊ីអាគ្នេយ៍​ឱ្យជួយ​ផ្សព្វផ្សាយ​ចែករំលែក​បន្ត​ចំណេះដឹង និង​បទពិសោធ​ការងារ ពាក់ព័ន្ធ​នឹង​វិស័យ​ពន្ធដារ ក្នុងន័យ​ពង្រឹង និង​បញ្ជ្រាប​វប្បធម៌ នៃ​ពន្ធដារ និង​ក្នុងន័យ​ពង្រឹង និង​បញ្ជ្រាប​វប្បធម៌​នៃ​ការបង់ពន្ធ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែ​ជ្រួតជ្រាប​ដល់​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ​នានា ក៍​ដូចជា​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែរ។

    គួរ​រំឭក​ដែរ​ថា ក្នុង​រយៈពេល5ឆ្នាំ​ចុង​ក្រោយនេះ ចាប់តាំងពី​ឆ្នាំ2012មក គឺ​តែងតែ​សម្រេចបាន​លើស​ផែនការ ហើយ​ការប្រមូល​ចំណូល​ពន្ធ​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ 20% ក្នុង​មួយឆ្នាំ ដែល​ជាក់ស្តែង​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​ពី736លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2012 រហូត​ទទួលបាន​ប្រមាណ​ជាង 1.4 ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2016៕

  • នៅ​កម្ពុជា…បើ​គ្មាន​វិធានការ​ទប់ស្កាត់ ឧស្ម័ន​ផ្ទះ​កញ្ចក់​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ

    នៅ​កម្ពុជា…បើ​គ្មាន​វិធានការ​ទប់ស្កាត់ ឧស្ម័ន​ផ្ទះ​កញ្ចក់​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ

    គ្រា​ដែល​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​បាននិងកំពុង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ​នៅក្នុង​ពិភពលោក​ជាពិសេស​នៅ​កម្ពុជា។ យោងតាម​ការសិក្សា​មួយ​បាន​បញ្ជាក់ថា បរិមាណ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​កម្ពុជា​នឹង​កើនឡើង​ប្រហែល4ដង​នៅ​ឆ្នាំ 2030 និង​បន្ត​កើនឡើង​ប្រហែល 24ដង នៅ​ឆ្នាំ2050 បើ​ធៀប​ទៅនឹង​ឆ្នាំ2010 នេះ​បើ​គ្មាន​វិធានការ​ទប់ស្កាត់។

    ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន លើកឡើងថា បច្ចុប្បន្ន​ការប្រែប្រួល​អាកាសធាតុ បាននិងកំពុង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ នៅក្នុង​ពិភពលោក​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់​ដើម្បី​ដោះស្រាយ​ជាបន្ទាន់។ ដូច្នេះ​ទើប​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សកល​នៃ​ប្រទេស​ជប៉ុន​បានរៀបចំ​កម្មវិធី​សិក្ខាសាលា​មួយ​ស្តីពី ការកសាង​សមត្ថភាព​ស្តីពី​ការអភិវឌ្ឍ​បញ្ចេញ​កាបូន​តិច​សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា។ កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​ថា តើ​ត្រូវ​ពង្រឹង​សហគមន៍​ស្រាវជ្រាវ​ដែល​គាំទ្រ​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ការអនុវត្ត​សកម្មភាព​នានា ដោយ​ផ្អែកលើ​វិទ្យាសាស្ត្រ​នៅ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​នាពេល​អនាគត​យ៉ាងដូចម្តេច? ។

    ឯកឧត្តម​បាន​បន្តថា ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​ផង បាននិងកំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ដែល​បណ្តាលឱ្យ​បាត់បង់​ជិវិត​មនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ធនធានធម្មជាតិ និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សង្គម​យ៉ាងធ្ងន់ធ្ងរ។ ជា​ក្ដី​រំពឹង​តាមរយៈ​ការសិក្សា​មួយ​នេះ​ពិតជា​បាន​ឆ្លើយតប​ទៅតាម​តម្រូវ​ការចាំបាច់​ជាក់ស្តែង និង​ការចែករំលែក​នូវ​ចំណេះដឹង បទពិសោធ​ពី​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​បញ្ចេ​ញ​កាបូន​តិច និង​វិធានការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ី និង​ផ្តល់ឱកាស​ឱ្យ​អ្នកចូលរួម​ស្វែងយល់​កាន់តែច្បាស់ អំពី​សារៈសំខាន់​នៃ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​បញ្ចេញ​កាបូ​និក នៅតាម​បណ្តា​ទីក្រុង​នៅ​តំបន់​អាស៊ី ជាពិសេស​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ។

    គួរ​បញ្ជាក់ថា ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​ទឹកជំនន់​ឆ្នាំ2013 បានធ្វើឱ្យ​កម្ពុជា​បាត់បង់​ថវិកា​ប្រមាណ 360លាន​ដុល្លារ ស្មើនឹង10% នៃ​ថវិកាជាតិ និង​នៅ​ឆ្នាំ2050 ការបាត់បង់​សេដ្ឋកិច្ចជាតិ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​អាច​កើន​ដល់​ប្រមាណ 3,5% នៃ GDP ប្រសិនបើ​ពុំមាន​ចាត់វិធានការ​ណាមួយ ។យោងតាម​របាយការណ៍​របស់​អន្ត​រដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី5 បាន​បង្ហាញថា ផែនដី​កំពុង​បន្ត​ឡើងក​ម្តៅ ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និង​បរិស្ថាន​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរឡើងៗ ។ ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅលើ​ពិភពលោក​បាន​កើនឡើង​ជិត2ដង​ក្នុង​រយៈពេល2ទសវត្សរ៍​ចុងក្រោយ​នេះ ពី​ឆ្នាំ1990ដល់​ឆ្នាំ 2010 បរិមាណ​នេះ​នឹង​បន្ត​កើនឡើង​កាន់តែ​ខ្ពស់​ប្រសិនបើ​គ្មាន​វិធានការ​កាត់បន្ថយ​សម​ស្រប​នោះទេ ។

    ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ ស្ថាប័ន​រូបី​យ​វត្ថុ​អន្តរជាតិ(IMF) ធ្លាប់បាន​ប្រាប់​ទៅកាន់​ប្រទេស​អ្នកមាន​ឱ្យទៅជួយ​ប្រទេស​អ្នកក្រីក្រ​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ ឬ​ជា​ប្រទេស​មានការ​រីកចម្រើន​យឺតយ៉ាវ ឬក៏​ប្រទេស​ដែលមាន​លំហូរ​ជនភៀសខ្លួន​ច្រើន។

    ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​លើកឡើងថា ប្រទេស​ក្រីក្រ​ដែលមាន​ចំណូល​តិចតួច គឺ​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​តែប៉ុណ្ណោះ ដូច្នេះ​ប្រទេសធំៗត្រូវតែ​ចូលរួម​ផ្តល់ជំនួយ​ក្នុងនាម​ជា​ប្រទេស​ដែល​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន។ IMF លើកឡើងថា ការកើនឡើង​នូវ​កម្ដៅ​របស់​ផែនដី​បាន​ជះឥទ្ធិពល​មិន​ស្មើគ្នា​ឡើយ ហើយ​ប្រទេស​ក្រីក្រ​នឹង​លំបាក​ក្នុងការ​ដោះស្រាយ​ចំពោះ​ផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ។

    ពាក្យ «​ឧស្ម័ន​ផ្ទះ​កញ្ចក់​» Greenhouse gas (GHG) ជា​ឧស្ម័ន​ដែលមាន​នៅក្នុង​បរិយាកាស ដែល​កើតឡើង​ដោយ​ធម្មជាតិ​ឬ​ដោយ​សកម្មភាព​មនុស្ស ហើយ​ដែល​ស្រូបយក និង​បញ្ចេញ​រស្មី​តាម​ជំហាន​រលក​ជាក់លាក់​ក្នុង​ជំហាន​រលក​នៃ​រំភាយ​រស្មី​កម្តៅ​ក្រហម​អាំង​ហ្វ្រា​ដែល​ភាយ​ចេញពី​ផ្ទៃផែនដី​បរិយាកាស និង​ពពក​។ បាតុភូត​ទាំងនេះ​បង្កឱ្យមាន​ផល​ផ្ទះ​កញ្ចក់​។​

    ​ចំហាយ​ទឹក ​(H2O)​ឧស្ម័ន​កាបូ​និក​(CO2) ​ឌីអាសូតម៉ូណូអុកស៊ីត​ (N2O)​មេតាន​(CH4)​និង​អូ​សូន ​(O3) ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចម្បងៗ​នៅក្នុង​បរិយាកាស របស់​ផែនដី​។ ក្រៅពីនេះ មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយចំនួន​នៅក្នុង​បរិយាកាស ដែល​បង្កើតឡើង​ដោយ​មនុស្ស​ទាំងស្រុង ដូចជា​ហា​ឡូ​កាបួ និង​សារធាតុ​ដទៃទៀត​ដែល​ផ្ទុក​ក្លរ​និង​ប្រូ​ម គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​នៃ​ពិធីសារ​ម៉ុងរ៉េអាល់​។ ក្រៅពី CO2 N2O និង CH4​ពិធីសារ​ក្យូ​តូ គ្រប់គ្រង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដទៃទៀត ដូចជា ស៊ុ​ល​ភួ​អ៊ិ​ច​សា​ភ្លុយអ​រីត​ (SF6) អ៊ី​ដ្រូ​ភ្លុយអ​រ៉ូ​កាបួ​ (HFCs) និង​ពែរ​ភ្លុយអ​រ៉ូ​កាបួ​ (PFCs)​៕

  • មនុស្ស​ជាច្រើន​សុទ្ធតែ​ចង់​មាន​ទម្លាប់​អាន តែ​មិនដឹង​ចាប់ផ្តើម​ដោយ​វិធី​ណា

    មនុស្ស​ជាច្រើន​សុទ្ធតែ​ចង់​មាន​ទម្លាប់​អាន តែ​មិនដឹង​ចាប់ផ្តើម​ដោយ​វិធី​ណា

    ការអាន​សៀវភៅ ឬ​អាន​អ្វីមួយ គឺជា​រឿង​មួយ​ដែល​មនុស្ស​ស្ទើរ​គ្រប់គ្នា​ទទួលស្គាល់ថា​សំខាន់  ប៉ុន្តែ​ពួកគេ​តែងមាន​ឧបសគ្គ​មួយ​ដែល​មិនអាច​ធ្វើឱ្យ​ពួកគេ​ក្លាយជា​អ្នកអាន​ដ៏​ល្អ​បាន នោះ​គឺ ការ​គ្មាន​ទម្លាប់​អាន ហើយ​តែង​ងងុយគេង​រៀងរាល់​ពេលដែល​ពួកគេ​កាន់​សៀវភៅអាន។

    ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ឡា​រ៉ែ​ន ​សូម​ជូន​នូវ​ដំណោះស្រាយ​មួយចំនួន​ដើម្បី​ជា​វិធីសាស្ត្រ​សម្រាប់​អនុវត្ត​ចំពោះ​អ្នក​ដែល​ចង់​បង្កើត​ទម្លាប់​នៃ​ការអាន។

    1. ឯកសារ​សម្រាប់​អាន

    មនុស្សម្នាក់ៗ ពេលធ្វើ​អ្វីមួយ តែងតែ​ចង់​ចាប់ផ្តើមភ្លាមៗ និង​ទទួលបាន​ជោគជ័យភ្លាមៗតែម្ដង។ ដូចជា​អ្នក​ហាត់ប្រាណ​ថ្ងៃទី1 ហើយ​ចង់បាន​សាច់ដុំ​ពោះ 6កង់​តែម្តង​ជាដើម។ វា​មិនអាច​ទៅរួច​ទេ ហេតុនេះ​ការអាន​ក៏​ដូចគ្នា​ដែរ គ្មាន​មនុ​ស្សណា​ម្នាក់​មិន​ចង់​អាន​ឯកសារសំខាន់ៗដើម្បី​ជា​ប្រយោជន៍ភ្លាមៗនោះទេ តែ​នៅពេលដែល​ពួកគាត់​ខ្វះ​ទម្លាប់​នៃ​ការអាន គាត់​អាច​នឹង​ធុញ ហើយ​បោះបង់​ការអាន​ចោល​វិញ​យ៉ាង​ងាយ។

    ជា​វិធីសាស្ត្រ​ល្អ​មួយ​សម្រាប់​អ្នកអាន គឺ​ត្រូវ​ស្វែងរក​ឱ្យឃើញ​នូវ​ឯកសារ​ដែល​ខ្លួន​ចូលចិត្ត​អាន ចាប់ពី​សៀវភៅ​ដែលមាន​រូប​ច្រើន​អក្សរ​តិច រហូតដល់​សៀវភៅ ឫ​ឯកសារ​ដែលមាន​សុទ្ធតែ​អក្សរ​ទាំងអស់។ ក្រៅពីនេះ ការអាន​ទស្សនា​វ​ដ្តី​កម្សាន្ត ការអាន​រឿង​ប្រលោមលោក រឿង​កំប្លែងសប្បាយៗក៏​អាចជា​ចំណុច​មួយ​ដែល​ធ្វើឱ្យ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​បានដែរ ហេតុនេះ​សូម​អាន​អ្វី​ក៏ដោយ​ឱ្យ​អ្នក​តែ​ពេញចិត្ត រហូតដល់​មាន​ទម្លាប់​អាន​ដោយ​រីករាយ​ហើយ សឹម​ប្តូរ​គោលដៅ​ទៅ​អាន​សៀវភៅ​ឯកសារ​ដែលមាន​ប្រយោជន៍ នោះ​យើង​នឹង​អាច​ក្លាយជា​អ្នកអាន​ម្នាក់​ដែល​ខុសប្លែក​ពី​ពេលមុន​មិន​ខាន។

    1. នៅ​ឱ្យ​ឆ្ងាយ​ពីរ​បស់​ដែល​អ្នក​ធ្លា​ប់ញៀន បើសិន​ចង់​អាន​សៀវភៅ​បានយូរ

    ពាក្យ​ថា ញៀន គឺមាន​ច្រើន អ្នកខ្លះ​ញៀន​ស្រា ញៀន​ល្បែង ញៀន​ថ្នាំញៀន ដែល​សុទ្ធតែជា​បញ្ហា​ធ្ងន់ធ្ងរ ព្រោះ​ជាទូទៅ​មនុស្ស​ដែល​ញៀន​របស់​ទាំងអស់នេះ​ប្រហែលជា​មិនសូវ​ចង់​អាន​សៀវភៅ​ប៉ុន្មាន​ទេ តែ​ញៀន​ដែល​យើង​ចង់​និយាយ​នៅទីនេះ​គឺ​ញៀន​របស់​កំប៉ិកកំប៉ុក ដូចជា​ញៀន Facebook ញៀន​ហ្គេម​ទូរស័ព្ទដៃ ញៀន​ជជែក​លេង​តាម​ទូរស័ព្ទ ឬ​ញៀន​ការនិយាយ​ដើម​គេ​ជាដើម។

    ការដកខ្លួន​ចេញពី​របស់​ដែល​អ្នក​ធ្លាប់​ជក់ចិត្ត​ដែល​មិនមែនជា​ការអាន​នេះ​មួយរយៈ  អាចធ្វើឱ្យ​អារម្មណ៍​របស់​អ្នក​ស្ងប់ស្ងាត់ ហើយ​មាន​ចន្លោះ​ល្អ​មួយ​សម្រាប់​ការអភិវឌ្ឍ​ខ្លួន​តាមរយៈ​ការអាន។ ហេតុនេះ​ប្រសិនបើ​ចង់​មាន​ទម្លាប់​អាន​សៀវភៅ សូម​នៅ​ឱ្យ​ឆ្ងាយ​ពី​រឿង​ទាំងឡាយណា​ដែល​ធ្វើឱ្យ​យើង​គិតថា រំខាន ឬ​ជា​គ្រឿង​អូសទាញ​ឱ្យ​អ្នក​បោះ​សៀវភៅ​ចោល។

    1. កុំ​បង្ខំ​អាន និង​កុំ​អាន​ទាំង​បង្ខំ

    អ្នក​ដែល​ចង់​បង្កើត​ទម្លាប់​អានដំបូងៗ គេ​មិន​អាន​ទាំង​បង្ខំភ្លាមៗ ឬ​នៅ​កន្លែង​ណា​ក៏​អាន​បានដែរ​នោះទេ តែ​គេ​អាច​ចាប់ផ្តើម​ពី​ការសម្រួល​អារម្មណ៍​ឱ្យ​បានល្អ​ជាមុនសិន។ ដើម្បីឱ្យ​ងាយស្រួល​អាន អ្នក​អាច​ស្វែងរក​ពេល​សម្រាក​ដ៏​សមរម្យ​ណាមួយ​ជាប្រចាំ បើទោះបីជា​ពេលនោះ​ខ្លី​ក៏ដោយ តែ​ឱ្យតែ​ស្ថិតក្នុង​បរិយាកាស​មិនមាន​ឮ​សំឡេង​រំខាន​ខ្លាំង មិន​ហប់ ឬ​មិន​មានការ​ធុញថប់​អារម្មណ៍​ជាដើម។

    សូម​ចាប់ផ្តើម​អាន​សៀវភៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ និង​រីករាយ មុនពេល​ឈានដល់​ការ​ក្លាយជា​អ្នកអាន​ម្នាក់​ដែល​អាច​អាន​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង៕

  • បើ​មិន​ប្រយ័ត្ន និស្សិត​អាច​ជ្រើស​យក​ជំនាញ​តាម​ក្តី​សុបិន​ក្លែងក្លាយ

    បើ​មិន​ប្រយ័ត្ន និស្សិត​អាច​ជ្រើស​យក​ជំនាញ​តាម​ក្តី​សុបិន​ក្លែងក្លាយ

    ជា​រៀងរាល់ឆ្នាំ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​មួយចំនួន​តែងតែ​ត្អូញត្អែរ​ចំពោះ​ការដែល​ខ្លួន​បាន​សិក្សា​ចំ​ជំនាញ​ដែល​ធ្លាប់​នឹក​ស្រមៃ​តាំងពី​តូច ឬ​បានធ្វើ​ការងារ​ដែល​ធ្លាប់បាន​ស្រមៃ​ទុក​ហើយ តែ​បែរជា​មិន​សប្បាយចិត្ត​សោះ ហើយ​ទីបំផុត​ក៏​ងាក​ទៅរក​ជំនាញ​មួយ​ផ្សេង ខុសពី​មុខជំនាញ​ដែល​រៀន​នៅ​មហាវិទ្យាល័យ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញា អៀង លីន​ដា គ្រូបង្វឹក​កម្មវិធី Life Coach បាន​លើកឡើងថា ការដែល​យុវជន​មិនទាន់​រកឃើញ​សក្តានុពល​របស់ខ្លួន​ឯង ឬ​សិក្សា​លើ​ជំនាញ​មួយ​ដែល​ធ្លាប់​គិតថា ចង់​រៀន តែ​បែរជា​មិនសូវ​ពូកែ ហើយ​បោះបង់ចោល​វិញ​នោះ  អាចមកពី​ពួកគេ​រក​មិនទាន់​ឃើញ​ក្តី​សុបិន​ពិតប្រាកដ។ មនុស្ស​ជាច្រើន​បាន​សម្លឹងមើល​តែ​លើ​រូបភាព​ខាងក្រៅ​នៃ​អាជីព​មួយ ដូចជា​មើលឃើញ​ពី​ការប្រែប្រួល​នៃ​ជីវភាព ឬ​មើល​ឃើញតែ​ពី​សម្ភារ​របស់​មនុ​ស្សណា​ម្នាក់​ក្រោយពេល​ដែលមាន​ជំនាញ​មួយ ហើយ​គិតថា ប្រសិនបើ​ខ្លួន​បានធ្វើ​ដូច​មនុស្ស​ម្នាក់​នោះ​ប្រហែលជា​អាចមាន​របស់​ទាំងអស់​នោះ​ដូចគ្នា ដោយ​មិនបាន​គិតពី​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​របស់ខ្លួន ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​សម្រេច​ក្តី​សុបិន​ពិតប្រាកដ​បាន។

    កញ្ញា អៀង លីន​ដា បាន​និយាយថា៖ «ពេលខ្លះ​និស្សិត​ចូលចិត្ត​ចំណាយពេល​ច្រើន​ដើម្បី​ស្តាប់​គំនិត​ពី​មនុស្ស​ជុំវិញខ្លួន ឬ​មើល​មនុស្ស​ជុំវិញខ្លួន​ច្រើនពេក ហើយ​ភ្លេច​គិតពី​ខ្លួនឯង»។

    អ្នក​បណ្តុះបណ្តាល​ខាងលើ​បានលើកឡើង​ផងដែរ​ថា សំឡេង​ខាងក្រៅ​ថ្វីត្បិតតែ​ល្អ​សម្រាប់​យុវវ័យម្នាក់ៗក្នុងការ​កំណត់​ទិសដៅ​អនាគត​មែន តែ​សូមកុំ​ធ្វើតាម​ទាំងស្រុង​ហើយ​ភ្លេច​គិតពី​ខ្លួនឯង។ ជាធម្មតា អ្នក​ខាងក្រៅ​អាច​មើល​យើង​ឃើញ​តែមួយ​ជ្រុង​ប៉ុណ្ណោះ តែ​ស្ថានភាព​ពិត គឺ​មានតែ​ខ្លួន​យើង​ទេ​ដែលជា​អ្នក​ស្គាល់​ខ្លួនឯង​ច្បាស់។

    កញ្ញា​លីន​ដា បានផ្តល់​ដំណោះស្រាយ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជ្រើសរើស​ជំនាញ​ខុស​នេះ យុវជន​គួរតែ​ស្រង់​យក​មតិ​ពី​អ្នក​ជុំវិញខ្លួន​សម្រាប់​ជាម​តិ​ដើម្បី​ពិចារណា ហើយ​ធ្វើការ​សម្រេច​ដោយ​ខ្លួនឯង​ផ្ទាល់​ទើប​ជាការ​ប្រសើរ​បំផុត។ ចំណុច​សំខាន់​ដែល​ត្រូវធ្វើ គឺ​ចំណាយ​ពេលវេលា​មួយចំនួន​ដើម្បី​ស្តាប់​បេះដូង​ខ្លួនឯង ហើយ​ពិចារណា​ឱ្យបាន​ដិតដល់​ថា តើ​យើង​ស្រឡាញ់​អ្វី​ឱ្យ​ពិតប្រាកដ មុននឹង​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ៕

  • Newcastle ធ្វើ​ឲ្យ Liverpool ខកចិត្ត ទោះបី Coutinho រកបាន​គ្រាប់​បាល់

    Newcastle ធ្វើ​ឲ្យ Liverpool ខកចិត្ត ទោះបី Coutinho រកបាន​គ្រាប់​បាល់

    ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ​ពី​សំណាក់​ខ្សែបម្រើ​ឆ្នើម Philippe Coutinho បាន​ជួយ​ឲ្យ​ក្រុម Liverpool បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 នៅលើ​ទឹកដី​ក្រុម Newcastle United កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ នេះ​គឺជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត​មួយ​ផ្សេងទៀត​សម្រាប់​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​គឺ​លោក Jurgen Klopp។

    ការទទួល​ជ័យជម្នះ​នឹងធ្វើ​ឲ្យ​ពួកគេ​ឡើងទៅ​ឈរ​ពីលើ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea និង​ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង4នៃ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ ផ្ទុយទៅវិញ​ក្រុម Liverpool បាន​ជួប​ភាព​ត្រដាបត្រដួស​ម្តងទៀត​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី។ ក្រុម​របស់លោក Klopp មាន​ភាគរយ​នៃ​ការគ្រប់គ្រង​បាល់​ច្រើនជាង​ដល់​ទៅ2ដង​បើ​ធៀប​ទៅនឹង​ក្រុម Newcastle  ប៉ុន្តែ​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន និង​ត្រូវតែ​ពឹងផ្អែក​ទៅលើ​គ្រាប់​បាល់​បញ្ចូល​ទី​ពី​ចម្ងាយ​របស់ Coutinho ក្នុងការ​ទទួលបាន1ពិន្ទុ​នា​កីឡដ្ឋាន St James’ Park។ ក្រុម Newcastle ដែល​ត្រូវបាន​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​របស់ Liverpool គឺ​លោក Rafael Benitez នោះ បាន​រក្សា​កំណត់ត្រា100ភាគរយ ខណៈដែល​ពួកគេ​បានធ្វើការ​ការពារ​យ៉ាង​រឹងមាំ និង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី នៅពេលដែល Joselu បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅ​មុនពេល​បញ្ចប់​តង់​ទី1។

    លោក Klopp បាន​ប្រាប់​ទូរទស្សន៍ BBC ថា៖ «ខ្ញុំ​ពិតជា​ខកចិត្ត​ណាស់ និង​ឆ្អែត​ចិត្ត​ចំពោះ​អ្វីដែល​អ្នក​ចង់បាន។ ពួកគេ (ក្រុម Newcastle) មានឱកាស​តែ1លើក​គត់ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែម្តង។ បញ្ហា​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​យុត្តិធម៌​សោះ។ ប្រសិនបើ​អ្នក​មិន​ជួយ​ខ្លួន​អ្នក គ្មាន​នរណាម្នាក់​ជួយ​អ្នក​បានឡើយ។ វា​នឹង​បន្ត​បែបនេះ​រហូត​លុះត្រាតែ​យើង​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី»៕

    ប្រភពពី៖ Sports.yahoo

  • កម្ពុជា​មានលទ្ធភាព​នាំ​គ្រឿង​សមុទ្រ​រាប់សិប​តោន​ទៅ​ក្រៅប្រទេស

    កម្ពុជា​មានលទ្ធភាព​នាំ​គ្រឿង​សមុទ្រ​រាប់សិប​តោន​ទៅ​ក្រៅប្រទេស

    ភ្នំពេញ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា កម្ពុជា​ហាក់​មាន​កង្វះខាត​ក្នុងការ​ផ្ត​ត់​ផ្គង់​គ្រឿង​សមុទ្រ នៅលើ​ទីផ្សារ​របស់​ខ្លូន​នៅឡើយ ពិសេស​នៅ​រដូវ​បុណ្យទានម្តងៗ តម្លៃ​គ្រឿង​សមុទ្រ​ឡើងថ្លៃ​ខ្ពស់ តែថ្មីៗនេះ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ចេញ​របាយការណ៍​ដែល​បង្ហាញថា កម្ពុជា​អាច​នាំ​គ្រឿង​សមុទ្រ​ទៅ​ក្រៅប្រទេស​រាប់សិប​តោន​ក្នុងមួយឆ្នាំ។

    យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​កម្ពុជា​បាន​នាំចេញ​ផល​នេសាទ​សមុទ្រ​ទៅកាន់​ប្រទេស​ចិន សិង្ហ​បុរី ជប៉ុន​កូរ៉េខាងត្បូង​អូស្ត្រាលី សហរដ្ឋអាមេរិក ថៃឡង់​ដ៏ និង​វៀតណាម​ក្នុង​ចន្លោះ​ពី 25តោន ទៅ30ពាន់​តោន ហើយ​ជប៉ុន គឺជា​ប្រទេស​ដែល​នាំចូល​ពី​កម្ពុជា​ធំជាងគេ។ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS ដែល​ធ្វើ​បច្ចុប្បន្នភាព ដោយ​រាជរដ្ឋាភិបាល​កាលពីដើមឆ្នាំ 2014 វិស័យ​ជលផល​ត្រូវបាន​ចាត់ទុកជា​ផលិតផល​អាទិភាព ដែលមាន​សក្តានុពល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​ពិភពលោក ខណៈដែល​ប្រទេស​កម្ពុជា​កំពុងមាន​តម្រូវការ និង​នាំចូល​ពី​ប្រទេសជិតខាង​ទៀតផង។

    ក្នុង​យុទ្ធសាស្ត្រ​នាំចេញ​ផល​នេសាទ​នេះ កាលពី​ថ្ងៃទី29 ម្សិលមិញ​នេះ នៅក្នុង​ទី​រួម​ខេត្តកំពត​ក្រសួងពាណិជ្ជកម្ម​បាន​បើក​សម្ភោ​ធ​ផ្សារ​រួម​ដំបូង​គេ​ជា​ផ្លូវការ​របស់​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ដើម្បី​បង្កើន​ចង្វាក់​តម្លៃ និង​ពង្រីក​ការនាំចេញ​ជលផល​សមុទ្រ​កម្ពុជា​ទៅកាន់​ទីផ្សារ​ជាតិ និង​អន្តរជាតិ។

    ផ្សារ​រួម​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​ហិរញ្ញប្បទាន​របស់​គម្រោង​ជលផល​សមុទ្រ នៃ​កម្មវិធី​ពិពិធ​កម្ម និង​ពង្រីក​ការនាំចេញ​កម្ពុជា (CEDEP II) ដំណាក់កាល​ទី2 ក្នុង​ទំហំ​ទឹកប្រាក់ 5,000ដុល្លារ​សហរដ្ឋអាមេរិក ដែលមាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ជា​អ្នកសម្របសម្រួល និង​អនុវត្ត​ដោយ​អភិវឌ្ឍន៍​វិស័យ​ឯកជន សហការ​ជាមួយ​អង្គការសហប្រជាជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO)។

    នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា វិស័យ​ជលផល​គឺជា​និមិត្តរូប​តំណាងឱ្យ​ប្រភព​ដ៏​សំខាន់​នៃ​រូបិយប័ណ្ណ​ជាតិ ដែល​បានផ្ដល់​ផលចំណេញ​ដល់​ប្រជា​នេសាទ និង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជាង6លាន​នាក់។ ឯកឧត្តម​បាន​បន្តទៀតថា ផ្សារ​រួម​នេះ​នឹង​ដើរតួ​ជា​មជ្ឈមណ្ឌល​សេវាកម្ម និង​ផ្តល់ព័ត៌មាន​រវាង​អ្នកលក់ និង​អ្នកទិញ​ផល​នេសាទ​សមុទ្រ ជាពិសេស​ផ្តល់ឱកាស​ជូន​ប្រជា​នេសាទ និង​សមាជិក​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ធ្វើការ​ដាក់លក់​ជលផល​សមុទ្រ ដើម្បី​បង្កើន​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ “ខ្ញុំ​សូម​ជូនពរ​ឲ្យ​ដំណើរ​ការលក់​ក្នុង​ផ្សារ​រួម​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​បានជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជា​នេសាទ និង​សមាជិក​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា” ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍។

    ទន្ទឹមគ្នានេះ ឯកឧត្តម ចាន់ ជេ​ស្តា ក៏បាន​សម្តែង​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​ផ្សារ​រួម​នៃ​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា និង​បានបង្ហាញ​ជំនឿ​ថា ផ្សារ​រួម​នេះ​នឹង​ជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល​បន្ថែម​ជូន​ប្រជាជន ព្រមទាំង​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​នៅក្នុង​ខេត្តកំពត​ផងដែរ។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម និង​អង្គការ UNIDO ព្រមទាំង​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ដែល​បាន​សហការ​បង្កើត​ឲ្យ​មាន​ផ្សារ​រួម​នេះ​ឡើង។

    អ្នកសេដ្ឋកិច្ច​និយាយថា បច្ចុប្បន្ន​កម្ពុជា​កំពុងមាន​តម្រូវការ​គ្រឿង​សមុទ្រ​នៅលើ​ទីផ្សារ​ខ្លួន ដែល​រដ្ឋាភិបាល​គួរ​កាត់បន្ថយ​ការនាំចេញ និង​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុងស្រុក ចែកចាយ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ឱ្យមាន​ចំនួន​ច្រើនឡើង​ដើម្បី​កាត់បន្ថយ ការ​នាំចូល​គ្រឿង​សមុទ្រ​ពី​ក្រៅប្រទេស ដែល​មួយចំនួន​ជា​គ្រឿង​សមុទ្រ​អ​សុវត្ថិភាព​ទៀតផង៕

  • កម្ពុជា​កំពុង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន​ផែន​ការតភ្ជាប់​អាស៊ាន 2025

    កម្ពុជា​កំពុង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន​ផែន​ការតភ្ជាប់​អាស៊ាន 2025

    ភ្នំពេញ- តាមរយៈ​កិច្ចប្រជុំ​អាស៊ាន+3 (ចិន ជប៉ុន កូរ៉េ) ស្តីពី​ការលើកកម្ពស់​ការតភ្ជាប់​ក្នុង​តំបន់ និង​ឆ្ពោះទៅ​សហគមន៍​អាស៊ី​ខាងកើត កម្ពុជា​បានបង្ហាញ​ពី​ការត្រៀមខ្លួន​ក្នុង​ការជួយ​ដល់​អាស៊ាន ពិសេស​ដើម្បី​អនុវត្ត​ផែនការ​ថ្មី​ស្តីពី​ការតភ្ជាប់​អាស៊ាន 2025។

    លោក គង់ សុផល អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​រយៈពេល2ទសវត្សរ៍​កន្លងមក​ក្នុងការ​អភិវឌ្ឍ​ប្រទេស ពិសេស​តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ជា​អាទិភាព​លើ​ការស្តារ​វិស័យ​ដឹកជញ្ជូន ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស កំពង់ផែ និង​ជាពិសេស​បណ្តាញ​ផ្លូវជាតិ​ដែល​ធ្វើការ​អភិវឌ្ឍ និង​ត​ភ្ជាប់​ទៅ​អនុតំបន់ ឬ​តំបន់​ផ្សេងទៀត។

    ក្នុង​កិច្ចប្រជុំ​អាស៊ាន+3 (ចិន ជប៉ុន កូរ៉េ) ស្តីពី ការលើកកម្ពស់​ការតភ្ជាប់​ក្នុង​តំបន់ និង​ឆ្ពោះទៅ​សហគមន៍​អាស៊ី​ខាងកើត​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ នា​ថ្ងៃទី29 ខែកញ្ញា ឆ្នាំ2017 ក៏មាន​ការចូលរួម​ពី​តំណាង​ធនាគារធំៗ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារ​អភិវឌ្ឍន៍​ចិន (CDB), ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)។

    អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក បន្ដថា បច្ចុប្បន្ននេះ បណ្តាញ​គមនាគមន៍​ក​ម្ពុ​ជា​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការតភ្ជាប់​ទៅ​បណ្តា​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដោយ​មិនមាន​បង្ក​ជា​ឧបសគ្គ​ឡើយ។ ស្របពេល​ជាមួយគ្នានេះ កម្ពុជា​ក៏បាន​ដាក់​ជា​យុទ្ធសាស្ត្រ​ក្នុងការ​សាងសង់​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ក្នុង​គោលបំណង​ពង្រីក​ចំណងមិត្តភាព​សហប្រតិបត្តិ​ការ តាម​ព្រំដែន​ប្រទេសជិតខាង ដែល​មកដល់ពេលនេះ​បាន​រួចរាល់​ប្រមាណ70% ហើយ ដែល​ធ្វើឱ្យ​ការតភ្ជាប់​តាមផ្លូវ​គោក​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​មុន ។

    ក្នុងឱកាស​នោះដែរ​កម្ពុជា​បានស្នើ​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​ខិតខំ​សហការគ្នា​ដើម្បី​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​សម្របសម្រួល​ការងារ​ដឹក​ជញ្ជូន​នានា​ដែល​បាន​ចុះហត្ថលេខា​កន្លងមក ដូចជា​កិច្ចព្រមព្រៀង ស្តីពី​ការសម្របសម្រួល​ការងា​រដឹក​ជញ្ជូន​ឆ្លងកាត់​ក្នុង​មហា​អនុតំបន់​មេគង្គ (GMS Cross Border Transport Facilitation Agreement) កិច្ចព្រមព្រៀង ស្តីពី​ការសម្របសម្រួល​ការងា​រដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្នុង​តំបន់​អាស៊ាន (ASEAN Framework Agreement on the Facilitation of Goods in Transit, AFAFGIT) និង​កិច្ចព្រមព្រៀងដទៃៗទៀត​ដែល​ថ្នាក់ដឹកនាំ​បាន​ឯកភាព និង​ទទួលបាន​សច្ចាប័ន​ពី​ស្ថាប័ន​នីតិបញ្ញត្តិ រួចរាល់​ហើយ។

    ជាងនេះទៅទៀត​កម្ពុជា​ក៏បាន​ស្នើ​ឲ្យ​បញ្ចូល​មន្ត្រី​បច្ចេកទេស​នៃ​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ទាំង3ចូលរួម​ជាមួយ​ក្រុមការងា​រ​ជំនាញ​នានា​របស់​អាស៊ាន​ដើម្បី​សហការ​អនុវត្ត​សេចក្ដីសម្រេច​រួម កិច្ចព្រមព្រៀង និង​ផែនការ​នានា​ដែល​អនុម័ត​ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន+3 កន្លងមក​ទៀតផង៕

  • អ្នកគាំទ្រ Real ប្រឆាំង​ប្រជាមតិ​នៅ Catalonia ខណៈ Barcelona លេង​គ្មាន​អ្នកទស្សនា

    អ្នកគាំទ្រ Real ប្រឆាំង​ប្រជាមតិ​នៅ Catalonia ខណៈ Barcelona លេង​គ្មាន​អ្នកទស្សនា

    អ្នកគាំទ្ររបស់ក្រុម Real Madrid បានធ្វើការតវ៉ាប្រឆាំងនឹងការធ្វើប្រជាមតិដណ្តើមឯករាជ្យនៅតំបន់ Catalonia ក្នុងពេលក្រុមយក្សរបស់អេស្ប៉ាមួយនេះ បានយកឈ្នះលើក្រុម Espanyol ក្នុងលទ្ធផល 2 ក្នុងការប្រកួតក្របខ័ណ្ឌ La Liga តាមរយៈការលើកទង់ជាតិរបស់អេស្ប៉ា ពីលើក្បាលរបស់ពួកគេ កាលពីថ្ងៃអាទិត្យ។

    ការតវ៉ានេះ បានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយពីក្រុម Barcelona ត្រូវបានបង្ខំឲ្យលេងក្នុងការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Las Palmas នៅកីឡដ្ឋានដែលបិទជិតគ្មានអ្នកទស្សនា ដោយសារតែបារម្ភពីសុវត្ថិភាព។

     

    នៅត្រឹមនាទីទី12នៃការប្រកួតនៅឯកីឡដ្ឋាន Bernabeu ទង់ជាតិអេស្ប៉ា បានបង្ហាញខ្លួនជុំវិញកីឡដ្ឋានរបស់ក្រុម Real Madrid ទាំងអស់ ស្របពេលដែលអ្នកគាំទ្ររបស់ Real បានសម្រេចចិត្តក្នុងការបង្ហាញពីការគាំទ្ររបស់ពួកគេទៅលើរដ្ឋាភិបាលដែលពួកគេកំពុងតែពឹងផ្អែក។ រដ្ឋាភិបាលអេស្ប៉ា ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រី បានបញ្ជាក់ថា ការបោះឆ្នោតធ្វើប្រជាមតិដើម្បីផ្តាច់តំបន់ Catalonia ចេញពីអេស្ប៉ា គឺជារឿងមិនស្របច្បាប់។

    បញ្ហានេះ បានបង្កើតឲ្យមានការប៉ះទង្គិចគ្នាជុំវិញតំបន់ Catalonia រវាងប៉ូលិស និងអ្នកគាំទ្រដែលទាមទារឯករាជ្យ។ យ៉ាងហោចណាស់មនុស្សចំនួន91នាក់បានរងរបួស ស្របពេលដែលប៉ូលិសប្រឆាំងកុប្បកម្មបានបាញ់គ្រាប់កាំភ្លើងជ័រ និងបានបង្ខំចិត្តចូលទៅធ្វើអន្តរាគមន៍នៅឯស្ថានីយបោះឆ្នោតរបស់ក្រុមសកម្មជន ជុំវិញការបោះឆ្នោតទាមទារឯករាជ្យ។

    លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានបញ្ជាក់ថា ក្លិបបានធ្វើការសម្រេចចិត្តក្នុងការលេងនៅកីឡដ្ឋាន Camp Nou ដោយគ្មានអ្នកទស្សនា ស្របពេលដែលការតវ៉ាប្រឆាំងនឹងការប៉ះទង្គិចដោយហិង្សាត្រូវបានធ្វើឡើង ជាងការបារម្ភទៅលើបញ្ហាសន្តិសុខ។ Barcelona បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប FC Barcelona សូមធ្វើការប្រកាសថ្កោលទោសចំពោះបញ្ហានេះ ដែលបានកើតឡើងនៅកន្លែងជាច្រើនក្នុងតំបន់ Catalonia នៅថ្ងៃនេះ ក្នុងគោលបំណងក្នុងការរារាំងប្រជាជនមិនឲ្យទទួលបានសិទ្ធិប្រជាធិបតេយ្យ ក្នុងការសម្តែងមតិដោយសេរី»

    ប្រភពពី៖ The Sun