Author: វល័ក្ខ

  • ស្វែងយល់​ពី​ពិធីបុណ្យ «សែន​ព្រះ​ខែ»

    ស្វែងយល់​ពី​ពិធីបុណ្យ «សែន​ព្រះ​ខែ»

    បុណ្យ​សែន​ព្រះ​ខែ ជា​ពិធីបុណ្យ​មួយ នៅ​ពាក់កណ្តាល​សរទរដូវ (Mid-Autumn Festival ឬ中秋節) ត្រូវបាន​គេ​ស្គាល់ ថា​ជា​បុណ្យ​សែន​ព្រះ​ខែ ឬ​ចុង​ឈី​វ​ជៀ។ វា​ជា​ពិធីបុណ្យ​មួយ សម្រាប់​អបអរ​រដូវ​ប្រមូល​ផល ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយ​ជនជាតិ ចិន តៃវ៉ាន់ និង​ប្រជាជន​វៀតណាម ហើយ​នៅ​ឆ្នាំនេះ ប្រជាពលរដ្ឋ​ខ្មែរ​សែស្រឡាយ​ចិន នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី 04 ខែតុលា ដោយ​ពួកគាត់​តែងតែ​មានជំនឿថា ក្រោយ​ការរៀបចំ​ពិធី​នេះ​រួច នឹង​ទទួលបាន​សេចក្តីសុខ សេចក្តីចម្រើន រកស៊ី​មានបាន និង​ជា​ប្រទីប​បំភ្លឺ​ពួកគាត់​ទទួល​បានតែ​ភាពជោគជ័យ។

    ការរៀបចំ​សែន​ពិធី​នេះ គឺមាន​ការរៀបចំ​គ្រឿង​សក្ការៈ​មួយចំនួន​តាមបែប​ប្រពៃណី​ជាមួយនឹង​នំពារ​ពណ៌​ស​តូច-ធំ នំពារ​តាំង​នំ នំពារ​ពិសេស​តូច-ធំ ង៉ូ​វ​យី​ង ង៉ូ​វ​យ៉េ​ង​ធំ តូច ង៉ូ​វ​យ៉េ​ង​ស្នូល​ត្រាវ ង៉ូ​វ​យ៉េ​ង​ស្នូល​ដូង​ពង​ទា នំ​កោ​ទទឹក នំ​កោ​មាន​ស្នូល នំ​កោ​អត់​ស្នូល នំ​កោ​អត់​ស្នូ​គង់​ស៊ី​អ៊ី​ម​តូច-គង់​ស៊ី​អ៊ី​ម​ធំ នំ​កោ​អត់​ស្នូល​រូប​នាគ នំ​ស្លឹក​តយ​ស្នូល​ឈូក​ពង​ទា និង​ផ្លែឈើ ដូចជា​ផ្លែ​មៀន ផ្លែ​ទទឹម ក្រូចថ្លុង មើមត្រាវ ដំឡូង ផ្លែ​ដូង និង​មាន​ផ្លែឈើ​ជាច្រើន​ទៀត ជាពិសេស​គឺមាន​ចង និង​បង្ហោះគោម​ទៀតផង។

    បុណ្យ​សែន​ព្រះ​ខែ ជា​ពិធីបុណ្យ​សំខាន់​មួយ​ក្នុង​ប្រក្រតិទិន​របស់​ចិន។ តាម​ប្រពៃណី ញាតិមិត្ត និង​មិត្ត​ភ័ក្តិ​មក​ជួ​ម​ជុំគ្នា នៅថ្ងៃនេះ ដើម្បី​មើល​ព្រះ​ខែពេញបូណ៌មី និង ញុំ​ា​នំ​លោក​ខែ។ ជាមួយគ្នា​នោះ​ផងដែរ បុណ្យ​សែន​ព្រះ​ខែ ត្រូវបាន​គេ​ដឹងថា វា​មាន​ប្រវត្តិ​ជាង 3,000 ឆ្នាំមុន ដោយ ព្រះ​ច័ន្ទ ត្រូវបាន​ចាត់ទុក​ជាទី​សក្ការៈ​នៃ​រាជវង្ស ថា​ង ហើយ ពិធីបុណ្យ​នេះ​ទៀតសោត ត្រូវ​បានឱ្យ​ឈ្មោះថា (ចុង​ឈី​វ​ជៀ ឬ中秋節) មានន័យថា «ពិធីបុណ្យ​ពាក់កណ្តាល​សរទរដូវ» នៅក្នុង​រាជ​កាល​នៃ​រាជវង្ស ចូ​វ ចំណែក​នៅ​ម៉ាឡេស៊ី សឹង្ហ​បុរី និង​ហ្វីលីពីន គេ​ហៅ​វា​ថា «ពិធីបុណ្យ​គោម ឬ​ពិធីបុណ្យ​សែន​នំ​ព្រះ​ខែ»៕

  • ប្រជាជន​កម្ពុជា ត្រូវតែ​ចេះ​បច្ចេកវិទ្យា ទើប​អាចឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​បាន

    ប្រជាជន​កម្ពុជា ត្រូវតែ​ចេះ​បច្ចេកវិទ្យា ទើប​អាចឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​បាន

    នា​យុគ​សម័យថ្មី​នេះ បច្ចេកវិទ្យា​ព័ត៌មាន​គឺជា​ផ្នែក​ដ៏​សំខាន់បំផុត​មួយ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​គ្រប់​ចង្វាក់​ផលិតកម្ម និង​សកម្មភាព​ការងារ​នៅក្នុង​សង្គម។ ការងារ​ដែល​ធ្លាប់ប្រើ​ប្រាស់​មនុស្ស​ច្រើន​នាក់​ត្រូវបាន​ជំនួស​ដោយ​ម៉ាស៊ីន​ដែល​គ្រប់គ្រង​ដោយ​មនុស្ស​តិច​នាក់​បំផុត ហើយ​ជា​ចរន្ត​ទៅ​ថ្ងៃ​អនាគត​អ្នក​ដែល​ចេះ​ប្រើ​ម៉ាស៊ីន ឬ​បច្ចេកវិទ្យា ទើប​អាច​ដណ្តើមបាន​ការងារល្អៗធ្វើ​នៅក្នុង​ទីផ្សារការងារ​ទាំង​ជាតិ និង​អន្តរជាតិ។

    ឆ្លើយតប​នឹង​បញ្ហា​នេះដែរ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឯកឧត្តម ពេ​ជ សោភ័ន បាន​លើកឡើងថា ក្រុមហ៊ុន ឬ​សហគ្រាស​នៅ​កម្ពុជា​ត្រូវតែ​កែប្រែ​ទម្រង់​ឱ្យបាន​ឆាប់រហ័ស​ដើម្បីឱ្យ​សេដ្ឋកិច្ច​មានការ​កែប្រែរ​ច​នា​សម្ព័ន្ធ និង​រក្សាបាន​នូវ​ការប្រកួតប្រជែង​របស់​ខ្លួន​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​បន្តធ្វើ​ការបង្កើត​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បានលើកឡើង​ផងដែរ​ថា ដើម្បីឱ្យ​ក្រុមហ៊ុន​សហគ្រាស​កែប្រែ​ទម្រង់​នេះ​បាន ធនធានមនុស្ស​របស់​ខ្លួន​ក៏ត្រូវ​តែ​ធ្វើការ​កែទម្រង់​ដែរ។ ក្រុមហ៊ុន​ត្រូវបង្កើត​ជំនាញ និង​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដើម្បី​ឆ្លើយតប​ទៅនឹង​សេដ្ឋកិច្ច និង​ការកែប្រែ​រចនាសម្ព័ន្ធ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម ពេ​ជ សោភ័ន បាន​ជំរុញ​ឱ្យ​សហគ្រាស​ត្រូវតែ​ធ្វើការ​វិនិយោគ​លើ​ការបណ្តុះបណ្តាល​ជំនាញ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​របស់ខ្លួន​ដើម្បី​ចាប់យក​បច្ចេកវិទ្យា​ថ្មី​មកប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព មុននឹង​ឈានទៅដល់​ការពង្រីក​ខ្លួន​ទៅក្នុង​ទីផ្សារ​សម័យថ្មី​នេះ​បាន។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី អេង សុភាព សមាជិកា​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា ការលើកឡើង​នូវ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ធនធានមនុស្ស​នេះ​ក្នុង​គោលដៅ គឺ​ធ្វើយ៉ាងណា​ឱ្យ​ការគ្រប់គ្រង និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅតាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទាំងអស់​ដំណើរការ​ស្របទៅនឹង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល។

    លោកស្រី​បាន​បន្ដថា ការរៀបចំ និង​ផ្លាស់ប្ដូរ​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​បែប​ឌីជីថល​នេះ​នឹង​កាត់បន្ថយ
    ពេលវេលា​បាន​លឿន​រហ័ស និង​អាច​ដឹង​ព័ត៌មាន​បានភ្លាមៗក្នុងការ​តាមដាន​សក​ម្ម​ភាព​ការងារ​បុគ្គលិក ការធ្វើ​របាយការណ៍ និង​ការគ្រប់គ្រង​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធ​ភាពខ្លាំង​ជាង​មុន៕

  • គ្រឿងសម្អាង​ក្លែងក្លាយ​តម្លៃ​ជិត 6លាន​ដុល្លារ​ត្រូវបាន​កម្ទេចចោល

    គ្រឿងសម្អាង​ក្លែងក្លាយ​តម្លៃ​ជិត 6លាន​ដុល្លារ​ត្រូវបាន​កម្ទេចចោល

    ភ្នំពេញ៖ គ្រឿងសម្អាង​ក្លែងក្លាយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ប្រមាណ​ជា​ជិត100 តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​ជិត 6លាន​ដុល្លារ​អាមេរិក ត្រូវបាន​អាជ្ញាធរ​កម្ទេចចោល​ដើម្បី​ចៀសវាង​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ និង​ខាតបង់​ចំណូល​ពន្ធ​ជូន​រដ្ឋ។

    ការដុត​កម្ទេចចោល​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី3 ខែតុលា​នេះ​នៅ​ទីលាន​ចាក់សំរាម​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក៏មាន​ការចូលរួម​ពី​តំណាង​ស្ថានទូត ស្ថាប័ន​តុលាការ រួមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ។
    សម្តេច​ក្រឡាហោម  ស ខេង បាន​លើកឡើងថា គ្រឿងសម្អាង​ទាំងនេះ​គឺ​សុទ្ធតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ចំពោះ​អ្នកប្រើប្រាស់ ដូច្នេះ​សមត្ថកិច្ច​ត្រូវតែ​រឹតបន្តឹង​បន្ថែមទៀត​ក្នុងការ​ទប់ស្កាត់​ហើយ​ត្រូវតែ​ស្វែងរក​ជន​ដែល​ប្រព្រឹត្ត​ខុស​មក​ផ្តន្ទាទោស។ សម្តេច​បាន​មានប្រសាសន៍​ដូច្នេះ​ថា «អ្នកលក់​គិតតែ​ពី​លុយ ប៉ុន្តែ​អ្នកប្រើប្រាស់​គឺមាន​បញ្ហា​សុខភាព ដូច្នេះ​សមត្ថកិច្ច មាន​វិធានការ​ទប់ស្កាត់​ការ​ចរាចរ​លក់ដូរ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ​ឱ្យអស់​ពី​ទីផ្សារ ក្នុងប្រទេស​កម្ពុជា»

    ជាមួយគ្នានេះដែរ ឯកឧត្តម មា​ជ សុ​ផា​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា ផលិតផល​ក្លែងក្លាយ​ទាំងនេះ គឺ​ភាគច្រើន​ផលិត​នៅ​ប្រទេស​ថៃ អាមេរិក ស្វ៊ី​ស ចិន និង​ជប៉ុន​ជាច្រើន ហើយ​ការដុត​កម្ទេច​នៅថ្ងៃនេះ​គឺមាន​ចំនួន​ជាង80តោន បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត6លាន​ដុល្លារ​អាមេរិក។ ឯកឧត្តម​បញ្ជាក់ថា«ចំណែក​ជនល្មើស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ ខ្លះ​ត្រូវបាន​ផ្តន្ទាទោស ខ្លះ​កំពុង​គេចខ្លួន​ផងដែរ ហើយ​សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​តាម​ចាប់​ជនល្មើស​ទាំងនោះ ក៍​ដូចជា​បោសសម្អាត​គ្រឿងសម្អាង​ក្លែងក្លាយ​ឱ្យអស់​ពី​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ»

    អ្នកជំនាញ​ផ្នែក​សុខភាព​បាន​និយាយថា ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​ទាំងនេះ ត្រូវបាន​គេ​រកឃើញថា បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​អ្នកប្រើប្រាស់​ដែល​ភាគច្រើន​ជា​ស្ត្រី ដូចជា​ធ្វើឱ្យ​កើតមាន​ប្រតិកម្ម​ចាញ់​នៅលើ​ស្បែក មហារីក​ស្បែក ហើយ​អាចធ្វើឱ្យ​សារធាតុ​គីមី​ពុល​ទាំងនោះ​ជ្រាបចូល​ទៅក្នុង​ខ្លួន​មនុស្ស​នាំឱ្យ​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ជួនកាល​មាន​ទាំង​ករណី​ពុល​ស្លាប់​ទៀតផង៕

  • ភោជនីយដ្ឋាន ខេ​មា ឡា ប៉ុស្ដិ៍ បើក​សម្ភោ​ធ​ហើយ

    ភោជនីយដ្ឋាន ខេ​មា ឡា ប៉ុស្ដិ៍ បើក​សម្ភោ​ធ​ហើយ

    នៅ​រាត្រី​ថ្ងៃទី2 ខែតុលា ឆ្នាំ2017 ភោជនីយដ្ឋាន ខេ​មា ឡា ប៉ុស្ដិ៍ ( Khéma La Poste ) បាន​ប្រារព្ធ​ពិធី​បើក​សម្ភោ​ធ​ទីតាំង​ថ្មី​ដែលជា​សាខា​ទី2 របស់​ភោជនីយដ្ឋាន ខេ​មា ( Khema Restaurant ) ដែល​ស្ថិតនៅ​លើផ្លូវ​លេខ13 ឆៀង​ផ្លូវ​លេខ98 សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឬ​មាន​ទីតាំង​នៅខាងមុខ​ប៉ុស្តិ៍​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ធំ​តែម្ដង។

    អ្នកនាង នូវ សម្បូរ មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន ខេ​មា ឡា​ប៉ុស្ដិ៍ នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន ឡា​រ៉ែ​ន កាល​យប់មិញ​នេះ​ថា « នេះ​ជា​សាខា​ទី 2 នៃ​ភោជនីយដ្ឋាន ខេ​មា ដែល​កន្លងមក យើង​ទទួលបាន​ជោគជ័យ​ក្នុង​ការបើក ខេ​មា សាខា​ទី 1 ដែលមាន​ទីតាំងនៅ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​សណ្ឋាគារ​អរុណ​រៈ​រួចមកហើយ ហើយដោយ​សារ​សាខា​នេះ​មាន​ទីតាំងនៅ​ជិត​ប៉ុស្តិ៍​ប្រៃសណីយ៍​ធំ ទើប​យើង​ដាក់ឈ្មោះថា ភោជនីយដ្ឋាន ខេ​មា ឡា ប៉ុស្ដិ៍ តែម្ដងទៅ»។

    ដោយ​សម្លឹង​មើលឃើញថា ទីតាំងនៅ​ម្ដុំ​ប៉ុស្តិ៍​ប្រៃសណីយ៍​នេះ មាន​បណ្ដា​ក្រុមហ៊ុន​ធំ​តូច រួមទាំង​មាន​ក្រសួង មន្ទីរ និង​ស្ថាប័ន​នានា​ជាច្រើន​នៅ​ជិត​នេះ​ទៀតផង​នោះ ទើប​អ្នកនាង​សម្រេចចិត្ត​ជ្រើស​យក​ទីតាំង​មួយ​នេះ បើក​នូវ​ភោជនីយដ្ឋាន​ខេ​មា ឡា ប៉ុស្ដិ៍ នេះ​ឡើង ដើម្បី​បម្រើ​សេវាកម្ម​អាហារ​មានគុណ​ភាព និង​សុខភាព​ជូន​ដល់​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ទាំងឡាយ។

    អ្នកនាង សម្បូរ បាន​បន្ដទៀតថា « ជាក់ស្ដែង ខេ​មា គឺជា​ប្រ៊េ​ន​ដ៍​ភោជនីយដ្ឋាន​មួយ​ដែលមាន​ស្ដង់ដា ហើយ​បម្រើ​ជូន​ភ្ញៀវ​នូវ​អាហារ​ដែលមាន​រសជាតិ​ឆ្ងាញ់ និង​មាន​សេវាកម្ម​ល្អ​សម្រាប់​អតិថិជន និង​មានការ​នាំចូល​នូវ​គ្រឿងផ្សំ និង​គ្រឿង​បន្ថែម​រសជាតិ​អាហារ​ខ្លះ​ដូចជា ឈី​ស ខូ​ហ្កា​ស មកពី​ប្រទេស​បារាំង​ផ្ទាល់​តែម្ដង ដែល​កន្លងមក​យើង​ទទួលបាន​ការគាំទ្រ និង​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​រសជាតិ​អាហារ​នៅទីនេះ ពី​សំណាក់​អតិថិជន​ជាច្រើន​នាក់ ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ រួចមកហើយ»។

    ចំពោះ​តម្លៃ​វិញ អ្នកគ្រប់គ្រង​សម្ផស្ស​ស្រស់ស្អាត​រូបនេះ បាន​ប្រាប់​បន្ថែម​ជាពិសេស​ថា « ដោយ​មើលឃើញ​សោភ័ណភាព​ខាងក្រៅ​ស្រស់ស្អាត កម្រិតស្ដង់ដារ​អន្ដរជាតិ ទើប​បណ្ដាលឱ្យ​អតិថិជន​មួយចំនួន​គិតថា ភោជនីយដ្ឋាន ខេ​មា ឡា​ប៉ុស្ដិ៍ ជា​កន្លែង​លក់​អាហារ​ដែលមាន​តម្លៃ​ថ្លៃ  តែ​ផ្ទុយទៅវិញ ប្រសិនបើ​ពួកគាត់​បានមក​ភ្លក្ស​រសជាតិ​នៅ ខេ​មា ឡា ប៉ុស្តិ៍ ហើយ​នោះ ពួកគាត់​ប្រហែលជា​លាន់មាត់​ថា ឆ្ងាញ់​ហើយ​មិន​ថ្លៃ​ទៀត​ជាមិនខាន ព្រោះ​អាហារ​ដូចជា សាច់​អាំង (ស្តេ​ក)មួយ​ចាន គឺមាន​តម្លៃ​សមរម្យ​ត្រឹមតែ 12 ដុល្លារ​តែប៉ុណ្ណោះ ដូច្នោះ​ហើយ នាង​ខ្ញុំ​សូមបញ្ជាក់​ប្រាប់ថា ភោជនីយដ្ឋាន ខេ​មា ឡា​ប៉ុស្ដិ៍ ជា​ភោជនីយដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​ដែល​អតិថិជន​អាច​ទទួលយកបាន និង​មាន​ជំនឿ​ទុកចិត្ត​ខ្លាំង​បំផុត »។

    ទន្ទឹមនឹង​ទទួលបាន​ជោគជ័យ​ពីសា​ខា​ទី 1 រហូតដល់​មាន​សាខា​ទី 2 នេះហើយ ភោជនីយដ្ឋាន ខេ​មា គ្រោង​នឹង​បើក​សាខា​ទី 3 បន្ដទៀត​ដែលមាន​ឈ្មោះថា ភោជនីយដ្ឋាន ខេ​មា អង្គរ ( Khéma Angkor ) ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង សៀមរាប ខេត្តសៀមរាប នា​ដើមឆ្នាំ 2018 ខាងមុខនេះ៕

  • Morata អាច​នឹង​អវត្តមាន​ដោយសារ​របួស

    Morata អាច​នឹង​អវត្តមាន​ដោយសារ​របួស

    ក្លិប​តោ​ខៀវ Chelsea បាន​ជួប​នូវ​ការខកចិត្ត​ដ៏​ធំ​មួយ ក្រោយពី​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ Alvaro Morata បាន​រងរបួស​ក្នុង​សាច់ដុំ​សរសៃពួរ​របស់គេ ខណៈដែល​ការរង​បួស​នេះ​អាច​នឹងធ្វើ​ឲ្យ​រូបគេ​ត្រូវ​អវត្តមាន​យូរ​ជាង​រយៈពេល1ខែ។

    Morata ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី6គ្រាប់​ក្នុងការ​ប្រកួត7លើក​នៃ​ក្របខ័ណ្ឌ Premier League សម្រាប់​ក្លិប​ថ្មី​របស់គេ​នោះ ត្រូវបាន​ប្តូរ​ចេញ​នៅ​រយៈពេល10នាទីចុងក្រោយ​នៃ​តង់​ទី1 ក្នុងពេល​ក្រុម​របស់គេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 1-០ ក្រោម​ស្នាដៃ​ក្រុម Manchester City នា​កីឡដ្ឋាន Stamford Bridge កាលពី​ថ្ងៃ​សៅរ៍ ក្រោយពី​បាន​ជួប​បញ្ហា​ឈឺ​ចុកចាប់​ត្រង់​ម្ដុំ​ភ្លៅ​នៃ​ជើងឆ្វេង​របស់គេ។

    លោក Antonio Conte បាន​បញ្ជាក់ថា ការដកខ្លួន​របស់ Morata ត្រូវបាន​ធ្វើឡើង​ទាំង​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ការប្តូរ​រូបគេ​ចេញ​នេះ គឺ​ដើម្បី​ធានាថា មិនឱ្យ​រូបគេ​រងរបួស​ធ្ងន់ធ្ង​រ។ គ្រូបង្វឹក​រូបនេះ​បានបញ្ជាក់​បន្ទាប់ពី​ចប់​ការប្រកួត​ថា លោក​បាន​គិតថា Morata នឹងត្រូវ​លុបឈ្មោះ​ចេញពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ដើម្បី​ទទួល​ការព្យាបាល​នៅឯ​ទីលាន​ហ្វឹកហាត់។

    ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បានធ្វើ​តេស្ត​ដោយ​ខ្លួនឯង​ទៅលើ​ខ្សែប្រយុទ្ធ​វ័យ 24ឆ្នាំ​រូបនេះ កាលពី​ថ្ងៃអាទិត្យ​នៅឯ​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ Sanitas ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ។ ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក Michy Batshuayi បច្ចុប្បន្ន​គឺជា​ជម្រើស​ដ៏​គួរ​ឲ្យ​កត់សម្គាល់​តែ​ម្នាក់​គត់​នៅ​តំបន់​ប្រយុទ្ធ មុនពេល Morata អាច​វិល​ត្រឡប់មក​ចូល​លេង​វិញ​បាន។

    បច្ចុប្បន្ន​អតីត​តារា​ឆ្នើម​របស់​ក្លិប Real Madrid និង Juventus អាច​នឹង​ប្រឈមមុខ​នឹង​ការ​អវត្តមាន​ក្នុងការ​ប្រកួត​ដ៏​សំខាន់​ចំនួន4របស់​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស។ ក្រុម​តោ​ខៀវ នឹងត្រូវ​អវត្តមាន Morata ដូចគ្នា​ដែរ​សម្រាប់​ការប្រកួត​ជាមួយនឹង​ក្រុម Crystal Palace, Watford, Everton និង Bournemouth៕

    ប្រភពពី៖ The Guardian

  • ភោជនីយ​ដ្ឋា​ដ៏​ល្បី​របស់​ប្រទេស​ចិន Little Sheep លំដាប់​ពិភពលោក​បើក​ហើយ​នៅ​កម្ពុជា

    ភោជនីយ​ដ្ឋា​ដ៏​ល្បី​របស់​ប្រទេស​ចិន Little Sheep លំដាប់​ពិភពលោក​បើក​ហើយ​នៅ​កម្ពុជា

    ដោយ​មើលឃើញ​អំពី​កំណើន​ប្រជាពលរដ្ឋ​ថ្នាក់កណ្តាល ការកើនឡើង​ចំណូល​ប្រជាជន​ជាមួយនិង​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ក្នុង​រយៈពេល​បី​ទសវត្ស​ចុងក្រោយ​នេះ​ក៏ដូចជា​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ជាពិសេស​ភ្ញៀវទេសចរ​ចិន ក្រុមហ៊ុន HGB Group ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​បាន​សហការ​ជាមួយ Yum China ដែលជា​ក្រុមហ៊ុន​ភោជនីយដ្ឋាន​ឈានមុខ​គេ​របស់​ប្រទេស​ចិន​នាំយក​នូវ​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក​ដែលមាន​ឈ្មោះថា «Little Sheep» មកកាន់​ប្រទេស​កម្ពុជា​ក្នុងថ្ងៃនេះ ។

    ភោជនីយដ្ឋាន Little Sheep Hot Pot បានទទួល​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​រយៈពេល 18ឆ្នាំ​មកហើយ។ ជាមួយនឹង​បណ្តាញ​ទូទាំង​ពិភពលោក​នៅ 120ក្នុង​តំបន់​និង​ទីក្រុង​នានា​ដែលមាន​ហាង​ជិត300 នៅតាម​ទីក្រុងធំៗដូចជា សៀង​ហៃ ហុងកុង តូ​ក្យូ ញូវយ៉ក និង​តូ​រ៉ុ​ន​តូ​ជាដើម។ ភោជនីយដ្ឋាន​យីហោ The Little Sheep ត្រូវបាន​គេ​ស្គាល់​ថា “មានមុខ​ម្ហូប​ពិសេស ” និង “សាច់​ដ៏​ល្អឥតខ្ចោះ” ដែល​គ្មាន​ពីរបាន​បង្ហាញខ្លួន​ពាសពេញ​ពិភពលោក។

    ឥឡូវនេះ មុខម្ហូបពិសេសៗទាំងនេះ​បានមក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ ដើម្បី​បម្រើ​ជូន​ដល់​បងប្អូន​ជា​លក្ខណៈ​គ្រួសារ  និង​ភ្ញៀវទេសចរ​ចិន​ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស​ដទៃ​ទៀត​ភ្លក្ស​នូវ​រសជាតិពិសេសៗទាំងនេះ​នៅ​រាជធានី​ភ្នំពេញ ។

    លោក Herfried Hasenoehrl នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HGB Group បាន​មានប្រសាសន៍ថា​ជាមួយនឹង​វត្តមាន​របស់ Little Sheep Hot Pot នឹង​ផ្តល់ជូន​នូវ​រសជាតិ​ពិសេស និង​ថ្មី​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា និង​ភ្ញៀវទេសចរ​ចិន​ដែល​កំពុង​កើនឡើង ។ ទន្ទឹមនឹងនេះ Little Sheep នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ទាំងនោះ​ឱ្យ​ស្នាក់​កម្ពុជា​កាន់តែ​យូរ​ជាង​មុន។

    លោក​បាន​មានប្រសាសន៍ថា “ទីផ្សារ​គោលដៅ​របស់​យើង​គឺ​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ និង​ភ្ញៀវ​ចិន​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​វត្តមាន​ភោជនីយដ្ឋាន The Little Sheep ក៏​ជួយ និង​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវទេសចរ​ចិន​ស្នាក់នៅ​ប្រទេស​កម្ពុជា​យូរ​ជាង​មុន​ផងដែរ” ។

    លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា៖ «ក្រុមហ៊ុន HGB មានការ​ចាប់អារម្មណ៍​ក្នុង​ការនាំយក​ភោជនីយដ្ឋាន «The Little Sheep» ចូលមក​កាន់​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ដោយសារតែ​វា​ជា​ស្លាក​សញ្ញា​លំដាប់​ពិភពលោក​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​យើង​ចង់ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ជម្រើស​កាន់តែច្រើន​នៅពេល​ពួកគាត់​ចង់​ចេញមក​បរិភោគ​ម្ហូបអាហារ​នៅ​ខាងក្រៅ»។

    យោងតាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​សម្រេចបាន​ប្រហែល 7ភាគរយ​នៅក្នុង​ឆ្នាំនេះ និង ឆ្នាំក្រោយ ខណៈដែល​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្សម្នាក់ៗនឹង​កើន​ឡើងដល់ 1422ដុល្លារ​នៅ​ដំណាច់​ឆ្នាំនេះ​ដោយ​កើន​ពី 1302ដុល្លារ​កាលពី​ឆ្នាំមុន។

    កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសច​អន្តរជាតិ​ប្រមាណ​ជាជាង 3លាន​នាក់​ដែល​ភ្ញៀវទេសចរ​ចិន​ឈានមុខ​គេ ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ផ្តេ​ជ្ញា​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​អោយបាន2 លាន​នាក់​ក្នុង​មួយឆ្នាំ។ ថ្លែង​នៅក្នុង​វេទិកា​ទេសចរណ៍​សកលលោក​លើ​ក​ទី4 នៅ​ទីក្រុង​ម៉ា​កាវ​កាលពី​ឆ្នាំ2015

    សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឱ្យមាន​ការសម្រួល​ដល់​ការប្រើប្រាស់​ប្រាក់​យន់​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និងវិនិយោគិន​ចិន​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត។

    លោក Herfried Hasenoehrl ក៏បាន​មានប្រសាសន៍​អោយដឹង​ផងដែរ​ថា ភោជនីយដ្ឋាន Little Sheep នេះ​នឹង​ផ្តល់​ជម្រើស​ទូទាត់​ច្រើន​សម្រាប់​អតិថិជន និង​ក៏​ផ្តល់ជូន​ពិសេស​ដល់​គ្រប់​អតិថិជន​ខ្លួន​ផងដែរ។

    លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖«យើង​ទទួលយក​ការទូទាត់​តាម Union Pay, Visa, និង Master។  ប៉ុន្តែ​យើង​មិនទាន់មាន​ការផ្តល់ជូន​ពិសេស​តាមរយៈ ធនាគារ​នៅឡើយ​ទេ​នាពេល​បច្ចុប្បន្ននេះ»។

    លោក​ក៏បាន​មានប្រសាសន៍​បន្តទៀតថា៖ «រាល់​ភ្ញៀវ VIP ទាំងអស់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពិសេស​ដូចជា​អាទិភាព​ក្នុងការ​តម្រង់​ជួរ​ជាដើម»។

    លោក​ថា “Little Sheep Hot Pot” ក៏​ចង់​ផ្តល់​ជា​យោបល់​ដល់​អតិថិជន​អោយ​សាក​មក​ភ្លក្ស​នូវ​រសជាតិពិសេសៗជាច្រើន​ទៀត​ដែល​ភោជនីយដ្ឋាន​ផ្តល់ជូន។

    លោក​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖«មុខម្ហូបពិសេសៗដែល Little Sheep Hot Pot ផ្តល់ជូន​អតិថិជន​រួមមាន​សាច់​ចៀម​ពិសេស​មកពី​អង់គ្លេស អូស្ត្រាលី សាច់​ចៀម​អាំង និង តៅហ៊ូ​បំពង​ពិសេស»។

    យោងតាម​ការសិក្សា​ថ្មី​មួយ​ស្តីអំពី​ផ្នែក​អាហារ និង​ភេសជ្ជៈ​បាន​បង្ហាញថា​ប្រហែល 1.53លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ជា​រៀងរាល់ថ្ងៃ​សម្រាប់​អាហារ​ពេលព្រឹក និង​អាហារ​ថ្ងៃត្រង់​នៅតាម​ទីក្រុងធំៗនៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ។ បើ​យោងតាម​របាយការណ៍​នេះ គិត​ត្រឹម​ដំណាច់ឆ្នាំ2015 ត្រឹមតែ​នៅ​រាជធានី​ភ្នំពេញ​មាន​ភោជនីយដ្ឋាន​ចំនួន 2180 កន្លែង​ដោយ​កើនឡើង​ពី​ចំនួន 1726 កន្លែង​ក្នុង​ឆ្នាំ 2014។ (https://www.phnompenhpost.com/business/eating-out-capital)

    ភោជនីយ​ដា្ឋ​ន Little Sheep តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​និង លើកកម្ពស់​អំពី​មុខម្ហូបពិសេសៗ ទាំងនេះ​ដែលមាន​ដើមកំណើត​ពី​ទឹកដី​វាលស្មៅ​របស់​ប្រទេស​ម៉ុង​ហ្គោ​លី។ Little Sheep បាន​បង្កើតឡើង​ជាង 18ឆ្នាំ​មកហើយ​នៅតាម​ដង​វិថី​អាល់​លែ​ន​លេខ22 ក្នុង​ទីក្រុង​ប៊ា​វ​ទូ នៃ​រដ្ឋ​ម៉ុង​ហ្គោ​លី ក្នុងប្រទេស​ចិន។

    ភោជនីយ​ដា្ឋ​ន Little Sheep បានទទួល​ស្គាល់ និង​មានកេរ្តិ៍ឈ្មោះ​យ៉ាង​ឆាប់រហ័ស​សម្រាប់​មុខម្ហូបពិសេសៗដោយ​គ្មាន​ទឹកជ្រលក់​របស់ខ្លួន។ ការ​ជម្រុះ​ចោល​នូវ​ទម្លាប់​នៃ​ការដាក់​ទឹកជ្រលក់​ទៅលើ​មុខម្ហូប Little Sheep បានបង្ហាញ​នូវ​និន្នាការ​ថ្មី​មួយ​ដោយ​កែប្រែ​ទម្លាប់​ចាស់​នៃការ​ញុំ​ា​មក​បង្កើត​នូវ​រសជាតិ​ចំនួន​ប្រាំ​បញ្ចូល​តែមួយ និង​ភាពដូចគ្នា​នៃ​គ្រឿងទេស 7មុខអោយមក​តែមួយ។ រាល់​អាហារ​គ្រប់មុខ​ត្រូវបាន​បម្រើ​ជូន​នូវ​មុខម្ហូបថ្មីៗនិង​ស្រស់។ ទាំងនេះ​គឺជា​ការរួមបញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ​នៃ​មូលដ្ឋាន​នៃ​ការ​ចម្អិន​ជាមួយ និង​ការ​ផ្សំ​គ្រឿង​តាមបែប​ម៉ុង​ហ្គោ​លី​បាន​ផ្លាស់ប្តូរ​លំនាំ​នៃ​មុខម្ហូប​លំដាប់​ពិភពលោក៕

  • តែប៉ុណ្ណេះ អ្នកចូលចិត្តញ៉ាំទុរេនកំពត លែងបារម្ភទិញប៉ះផ្លែទុរេនក្លែងក្លាយទៀតហើយ

    តែប៉ុណ្ណេះ អ្នកចូលចិត្តញ៉ាំទុរេនកំពត លែងបារម្ភទិញប៉ះផ្លែទុរេនក្លែងក្លាយទៀតហើយ

    ភ្នំពេញ- អ្នកណាខ្លះ​ដែល​ចូល​ចិ​ត្ដ​ញ៉ាំ​ផ្លែ​ទុរេន ជាពិសេស​ទុរេន​កំពត តើ​លោកអ្នក​ធ្លាប់មាន​ការលំបាក​ក្នុងការ​ជ្រើសរើស​វា​យក​មក​ញ៉ាំ​ដែរឬទេ? តែ​ចាប់ពីពេលនេះ​ទៅ​លោក​អ្នកនឹង​លែង​បារម្ភ​មិន​ខាន ព្រោះ​មិនយូរប៉ុន្មាន​ទៀត​ទេ ​លោកអ្នក​នឹង​លែង​លំបាក ឬ​បារម្ភ​ព្រោះ​ខ្លាច​ថា ជ្រើសរើស​ចំ​ទុរេន​កំពត​ក្លែងក្លាយ​យកមក​ពិសា​ទៀតហើយ។

    នេះ​បើតាម​ប្រសាសន៍​លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​នាំចេញ​កសិផល និង​ផ្លែឈើ​កម្ពុជា និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត កែប និង​តាកែវ ដែល​បាន​លើកឡើងថា ដោយសារតែ​មើលឃើញ​ពី​តម្រូវការ​ដ៏​ច្រើន​ពី​អ្នក​និយម​ពិសា​ទុរេន​កំពត ប៉ុន្ដែ​អតិថិជន​មានការ​លំបាក​ក្នុងការ​ជ្រើសរើស​ទុរេន​របស់​ខេត្តកំពត​ឱ្យបាន​សុទ្ធ​នោះ សភាពាណិជ្ជកម្ម​ខេត្ដ​គ្រោង​នឹង​បង្កើតឱ្យមាន​សមាគម​ទុរេន​កំពត​ក្នុងពេលឆាប់ៗខាងមុខ​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ទាំងនេះ។ លោក​បន្ដថា ក្រៅពី​បង្កើត​សមាគម​ដើម្បី​ធានា​ឱ្យបាន​ការដាំដុះ​ដំណាំ​ទុរេន​ប្រកបដោយ​និរន្ដរភាព និង​បង្កើន​សក្ដានុពល​ក្នុង​ការដាំដុះ​បន្ថែម​ហើយ​នោះ សមាគម​នឹង​ជួយ​សម្រួល​ដល់​អតិថិជន​ទាំងអស់​ឱ្យធ្វើ​យ៉ាងណា​ត្រូវតែ​ទទួលបាន​ផ្លែ​ទុរេន​កំពត​ពិតប្រាកដ​យកទៅ​ពិសា​ដោយ​ពុំ​ប៉ះចំ​ទុរេន​ក្លែងបន្លំ។

    ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​នាំចេញ​កសិផល និង​ផ្លែឈើ​កម្ពុជា​បានលើកឡើង​បន្ដថា ដើម្បី​ធានា​ឱ្យបាន​តម្លាភាព​នៃ​ប្រតិ​ប​ត្ដិ​ការ​ក្នុង​ការផ្ដល់​សេវាកម្ម​ជូ​ន​ដល់​អតិថិជន សមាគម​នឹង​ពន្យល់​ណែនាំ​ទៅដល់​សមាជិក​ទាំង​អស់​ឱ្យ​យល់​ពី​សារប្រយោជន៍​នៃ​ភាពស្មោះត្រង់​ទៅកាន់​អតិថិជន  និង​គ្រោង​បង្កើត​លក្ខន្ដិកៈ​ផ្ទៃក្នុង​មួយចំនួន ដើម្បី​ដាក់ពិន័យ​ដល់​សមាជិក​ណា​ដែលមាន​ចេតនា​ក្លែងបន្លំ​ទុរេន​យកមក​ពី​កន្លែង​ផ្សេង ឬ​រកស៊ី​មិន​ស្មោះត្រង់​ជាមួយ​អតិថិជន។

    លោក​ឧកញ៉ា ហាក់ សុ​វណ្ណា បញ្ជាក់ថា៖ «ក្រោយពេល​យើង​បង្កើត​សមាគម​ទុរេន​កំពត​ហើយ យើង​នឹង​កំណត់​ទីតាំង​សម្រាប់​ផ្ដល់​សេវាកម្ម​លក់​ជូន​អតិថិជន។ ឧទាហរណ៍​បងប្អូន​មកពី​ភ្នំពេញ ឬ​ទីណា​ក៏ដោយ​ដែល​មក​កម្សាន្ដ​នៅ​ខេត្ដ​កំពត ហើយ​ចង់​ពិសា​ទុរេន​កំពត​គ្រាន់តែ​មករក​ទិញ​នៅក្នុង​ទីតាំង ឬ​ហាង​លក់​ផ្លែឈើ​របស់​យើង​ដែល​បាន​លើក​ស្លាក​សមាគម​ទុរេន​កំពត​ហើយ​នោះ បងប្អូន​នឹង​បាន​ទិញ​ទុរេន​កំពត​សុទ្ធ​យកទៅ​ពិសា​ដោយ​ពុំ​ចាំបាច់​មានការ​ព្រួយបារម្ភ​ថា ប៉ះ​របស់​ក្លែងក្លាយ​នោះទេ។ យើង​ក៏មាន​គម្រោង​បង្កើត​ទីតាំង​សម្រាប់​លក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ ពិសេស​យើង​នឹង​គិតគូរ​អំពី​តម្លៃ​សម្រាប់​លក់​ជូន​អតិថិជន គឺ​ធ្វើយ៉ាងណា​ឱ្យមាន​តម្លៃ​សមរម្យ អាច​ទទួលយកបាន»។

    សព្វថ្ងៃនេះ​គេ​សង្កេតឃើញថា ដំណាំ​ទុរេន​នៅ​ទូទាំងប្រទេស ដូចជា​ទុរេន​កំពង់ចាម ប៉ៃលិន ពិសេស​ទុរេន​កំពត​ជាដើម នៅ​មិនអាច​ទាន់​បំពេញតម្រូវការ​ក្នុងស្រុក​បាន​នៅឡើយ​ទេ ដូច្នេះ​ហេតុអ្វី​បានជា​គេ​មិន​ប​ងើ្ក​ន​ការដាំដុះ? តើ​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​អ្វី?  វា​កើតឡើង​ដោយសារតែ​ការខ្វះ​ផ្ទៃដី​ដាំ​ដុះ ឬ​កសិផល​ប្រភេទ​នេះ​ដាំ​ដុះ​ច្រើនពេក​ពិបាក​រក​ទីផ្សារ?។

    ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​នាំចេញ​កសិផល និង​ផ្លែឈើ​កម្ពុជា​បាន​បញ្ជាក់ថា ចំពោះ​ការ​កសិផល​ទុរេន​ខ្មែរ​មកពី​តំបន់ផ្សេងៗ ឬ​ទុរេន​កំពត​បច្ចុប្បន្ន​ពុំមាន​ការព្រួយបារម្ភ​ចំពោះ​ទីផ្សារ​ទេ ព្រោះ​តម្រូវការ​ក្នុងស្រុក​ដែលមាន​ការកើនឡើង​នោះ​ធ្វើឱ្យ​យើង​ផ្គត់ផ្គង់​ក្នុងស្រុក​ស្ទើរតែ​មិន​គ្រប់​ផង។ ប៉ុន្ដែ​មួយរយៈ​មុន ទុរេន​កំពត​មាន​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ ប៉ុន្ដែ​ពេលនេះ​យើង​បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ដោះស្រាយ​លើ​បញ្ហា​នេះ​រួចហើយ។ ទៅ​អនាគត​ប្រជាជន​ក្នុងស្រុក​នឹង​បង្កើន​ការដាំដុះ​បន្ថែមទៀត​តាមរយៈ​កា​ចុះ​ពន្យល់​ណែនាំ​អំពី​បច្ចេកទេស​ដាំ​ដុះ​ឱ្យ​ស្របតាម​បទដ្ឋាន និង​ទទួលបាន​ផល​ច្រើន។

    ទោះជា​យ៉ាងណា លោក​ឧកញ៉ា ហាក់ សុ​វណ្ណា បាន​បញ្ជាក់ថា នៅពេល​មាន​ការដាំដុះ​ច្រើន ទុរេន​យើង​កាន់​តែមាន​សក្ដានុពល ទីមួយ គឺ​យើង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់ ពិសេស​ទី​ពីរ យើង​បានដឹងថា ទុរេន​កំពត​យើង​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង និង​មានការ​ចាប់អារម្មណ៍​ពី​ប្រទេស​ថៃ និង​វៀតណាម​ថា ទុរេន​កំពត​យើង​មាន​គុណភាព និង​រសជាតិ​ឆ្ងាញ់​ជាប់​ចិ​ត្ដ​ជាង​ទុរេន​របស់គេ​ទៀតផង៕

  • អបអរសាទរ! ជប៉ុន​សង់ស្ពាន​បន្ទាន់​ចំនួន7ទៀត​នៅ​កម្ពុជា

    អបអរសាទរ! ជប៉ុន​សង់ស្ពាន​បន្ទាន់​ចំនួន7ទៀត​នៅ​កម្ពុជា

    ភ្នំពេញ៖ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​កសិផលផ្សេងៗនោះ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្តល់​ជំនួយឥតសំណង​ចំនួន 3,942 លាន​យ៉េន ស្មើនឹង 35 លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ស្ពាន​បន្ទាន់​ចំនួន 7ទៀត ឆ្លងកាត់​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា។

    យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា នៅ​ថ្ងៃទី3 ខែតុលា ឆ្នាំ2017 វេលា​ម៉ោង 10.00នាទី​ព្រឹក​នេះ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ( HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 35លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង« សាងសង់​ស្ពាន​បន្ទាន់ នៅ​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់»

    ក្រោម​គម្រោង​ខាងលើនេះ ស្ពាន​ចំនួន5នឹងត្រូវ​សាងសង់​នៅលើ​ផ្លូវជាតិ​លេខ73 នៅក្នុង​ខេត្តក្រចេះ និង​ស្ពាន​ចំនួន2ទៀត នៅលើ​ផ្លូវជាតិ​លេខ11ក្នុង​ខេត្តព្រៃវែង​នឹងត្រូវ​សាងសង់​សម្រាប់​ជំនួស​ស្ពាន​ដែល​កំពុង​ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន​ដើម្បី​ពង្រឹងសមត្ថភាព​ដឹកជញ្ជូន​នៅតាម​បណ្តោយ​ផ្លូវជាតិ​ទាំងពីរ​នេះ។

    SONY DSC

    គួរ​កត់សម្គាល់ថា ចាប់តាំងពី​ខែមេសា ឆ្នាំ2017មក កម្ពុជា​បានទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ប្រទេស​ជប៉ុន​ប្រមាណ​ជា249លាន​ដុល្លារ​អាមេរិក​ហើយ ក្នុងនោះ​រួមមាន​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជា40លាន​ដុល្លារ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការពារ​ទឺ​ក​ជំនន់ ព្រមទាំង​ការកែលម្អ​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​រាជធានី​ភ្នំពេញ និង​កម្ចីសម្បទាន​ដែលមាន​ទឹកប្រាក់​ប្រមាណ209លាន​ដុល្លារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​ចំណត​ផែ​កុងតឺន័រ​ថ្មី​នៅក្នុង​ខេត្ត​ព្រះសីហនុ៕

  • រឿង5យ៉ាងដាច់ខាត​ត្រូវ​ចៀសវាង​ ដើម្បី​គ្រួសារ​មាន​សេចក្តីសុខ​

    រឿង5យ៉ាងដាច់ខាត​ត្រូវ​ចៀសវាង​ ដើម្បី​គ្រួសារ​មាន​សេចក្តីសុខ​

    បើ​ការ​សាង​គ្រួសារ​ឱ្យមាន​សេចក្តីសុខ​ជា​ចំណោទ​ដែល​ងាយស្រួល​ដែលអ្នកណាៗក៏​អាច​ធ្វើបាន​ដែរនោះ ប្រហែលជា​គ្មាន​បញ្ហា ឬ​ហេតុ​នៃ​ការ​លែងលះគ្នា​នោះឡើយ ដូច្នេះ​ភាពជោគជ័យ​នៅក្នុង​គ្រួសារ​គឺ ភាព​អត់ធ្មត់ និង​ការ​អភ័យទោស​ឱ្យ​គ្នា បើ​ប្រាសចាក​រឿង​ទាំងពីរ​នេះ​ពេលណា ខ្សែចំណង​នៃ​គ្រួសារ​ក៏​នឹង​ដាច់ដោច​អស់​ជាមិនខាន។ ប្រាកដ​ណាស់​ថា​ការដែល​នឹង​សាង​ក្រុមគ្រួសារ​ឱ្យមាន​សេចក្តីសុខ​ឥតខ្ចោះ​បាន​នោះ បុគ្គល​ដែល​សំខាន់បំផុត​ក៏​គឺ ស្វាមី-ភរិយា ឬ​ឪពុកម្តាយ​របស់កូនៗ ព្រោះ​ទាំងពីរ​នាក់​គឺជា​អ្នក​ដែលមាន​តួនាទី​ក្នុងការ​សាង​មនុស្ស សាង​ក្រុមគ្រួសារ ឱ្យ​ដើរទៅ​ក្នុងទិសដៅ​តែមួយ។

    បញ្ហា​មួយ​ដែលមាន​ភាព​សំខាន់​ដល់​ការ​សាង​សេចក្តីសុខ​ក្នុង​គ្រួសារ គឺ​ការទាស់ទែង​រវាង​ស្វាមីភរិយា​ដែល​នឹង​ហុច​ផលប៉ះពាល់​មកដល់​ខ្លួន​កូន និង​សមាជិក​គ្រប់រូប​ក្នុង​ក្រុមគ្រួសារ ដូច្នេះ​ទើប​យើង​គួរតែ​សិក្សា និង​រិះរក​វិធី​កែប​ញ្ហា​រួមគ្នា​ដើម្បី​កុំឱ្យ​ភាព​ទាស់ទែង​នេះ​កើតឡើង​ក្នុង​គ្រួ​សារបាន។ ភាព​ទាស់ទែងផ្សេងៗដែល​កើតឡើង​ក្នុង​គ្រួសារ អាច​ញែក​បាន​ថា មកពី​មូលហេតុផ្សេងៗដូចខាងក្រោម​នេះ។

    1.និស្ស័យ និង​ទម្លាប់​ផ្ទាល់ខ្លួន

    ជា​រឿង​ដែល​ពិបាក​នឹង​ផ្លាស់ប្តូរ​ខ្លាំងណាស់ ព្រោះ​វា​ជា​និស្ស័យ​ដែល​ជាប់​នឹង​ខ្លួន​មក​យូរហើយ ធ្លាប់​ប្រតិបត្តិដដែលៗមកហើយ​កាលពី​អតីត ទោះបីជា​ផ្លាស់ប្តូរ​បាន​មែន តែ​ក៏បាន​ត្រឹម​តែមួយ​រយៈពេល​ប៉ុណ្ណោះ ដូច្នេះ​ស្វាមីភរិយា​ត្រូវតែទទួលស្គាល់ និង​ធ្វើ​ចិត្ត​ឱ្យបាន ហើយ​កែសម្រួល​ខ្លួន​ចូល​រកគ្នា ចេះ​បន្ធូរបន្ថយ ទើប​អាច​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែង។

    2.ខ្វះ​ភាព​ដឹងខ្លួន​ក្នុងតួនាទី និង​កាតព្វកិច្ច

    សម័យមុន​ស្វាមី​មាន​តួនាទី​ជា​អ្នកដឹកនាំ ជា​មេ​គ្រួសារ រកប្រាក់​ចិញ្ចឹម​គ្រួសារ​បច្ចុប្បន្ន​ស្ត្រី​មាន​តួនាទី​ក្នុង​ការធ្វើការងារ រកប្រាក់​មក​ចិញ្ចឹម​ក្រុមគ្រួសារ​ដូចគ្នា តែ​ស្ត្រី​ក៏​នៅតែ​ត្រូវ​មក​ទទួលខុស​ត្រូវការ​ងារ​ក្នុងផ្ទះ និង​អប់រំ​ប្រដៅ​បុត្រ​ធីតា​ទៀត​ដែរ ទើប​ធ្វើឱ្យ​ពេលខ្លះ​ភរិយា​មាន​អារម្មណ៍​មួម៉ៅ និង​និយាយ​ច្រើន ធ្វើឱ្យ​កើតការ​ទាស់ទែង​ឡើង​បាន ហើយ​ស្វាមី​ខ្លះ​ក៏​មិន​ទទួលខុសត្រូវ​តួនាទី​របស់​ខ្លួនឯង នៅ​ចាំតែ​បន្ទោស ស្តីឱ្យ​ភរិយា​ថា មិន​អប់រំ​ប្រដៅ​កូន ទាំង​ដែល​ការងារ​ចិញ្ចឹម​ថែទាំ​អប់រំ​ប្រដៅ​កូន​ក៏​ជា​តួនាទី​ដោយ​ត្រង់​របស់​ទាំង​ឪពុក និង​ម្តាយ ដូច្នេះ​ទាំងពីរ​នាក់​ត្រូវ​ជួយ​គ្នា​ក្នុង​ការអប់រំ​មើលថែ​បុត្រ​ធីតា រហូតដល់​កិច្ចការងារ​ក្នុងផ្ទះ​ដែល​ត្រូវតែ​ជួយ​គ្នា​ទៅវិញទៅមក​ទៀតផង។

    3.គ្មាន​ពេលវេលា​ឱ្យ​គ្នា​ទៅវិញទៅមក

    ដោយសារតែម្នាក់ៗសុទ្ធ​តែមាន​ភារកិច្ច​ត្រូវធ្វើ​ការងារ ពេលខ្លះ​ក៏​បែក​គ្នា​រស់នៅ ធ្វើឱ្យ​គ្មាន​ពេលវេលា​ជជែក​និយាយ​គ្នា មិនបាន​ដឹង​ពី​សុខទុក្ខ​របស់​គ្នា​ទៅវិញទៅមក ទើប​ក្រុមគ្រួសារ​គួរតែមាន “ទិវា​នៃ​គ្រួសារ” មួយ​សប្តាហ៍​មួយថ្ងៃ ឬ​ពេល​ណាមួយ​ស្រេច​តែ​ឯកភាពគ្នា មាន​ពេលវេលា​នៅ​ជួបជុំគ្នា ប៉ា ម៉ាក់ កូន និង​មាន​កិច្ចការងារ​ធ្វើ​រួមគ្នា។

    4.ប្រើ​អំពើហិង្សា​សម្រេច​ក្តី​ក្នុង​គ្រួសារ

    ការឈ្លោះប្រកែក ជេរ​បញ្ចោ ស្តីបន្ទោស គំរាមកំហែង រហូតដល់​ថ្នាក់​វាយតប់​គ្នា រាប់បាន​ថា​ជា​ដំណោះស្រាយ​ដែល​ហៅ​បាន​ថា​ជាការ​ប្រើ​អំពើហិង្សា កម្លាំងបាយ ដោយ​ប្រាសចាក​សតិបញ្ញា ដែល​ភាគច្រើន​កើតចេញពី​ការនិយាយ​ពន្យុះ​របស់​ខាង​ណា​ម្នាក់ ធ្វើឱ្យ​ម្នាក់ទៀត​ខឹង​ខ្លាំង​រហូត​ទ្រាំលែងបាន ចាប់ផ្តើម​ប្រើ​អំពើហិង្សា​ដើម្បី​រម្ងាប់​ហេតុការណ៍។

    5.មិន​ស្មោះត្រង់

    ការ​ក្បត់ចិត្ត​គ្នា​របស់​ស្វាមី ឬ​ភរិយា រាប់បាន​ថា​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​ក្រុមគ្រួសារ​ជាច្រើន​ដួលរលំ​បាក់បែក​រួចមក​ហើយ​រាប់មិនអស់។

    យ៉ាងណាក៏ដោយ បើ​មនុស្ស​ក្នុង​គ្រួសារ​មាន​បញ្ហា​នឹង​គ្នា មិនថាតែ​ស្វាមីភរិយា ឬ​សមាជិក​ដទៃទៀត​នោះទេ មិនគួរ​បណ្តោយ​ទុកចោល​ឱ្យ​វា​នៅ​រ៉ាំរ៉ៃ​រហូត​ក្លាយជា​បញ្ហា​រីក​រាលដាល ព្រោះតែ​ការមិនយល់​គ្នា​នោះឡើយ គ្រប់គ្នា​គួរ​បែរមុខ​មក​និយាយ​គ្នា រិះរក​វិធី​កែខៃ​បញ្ហា​រួមគ្នា និង​រឿង​ដែល​ចាំបាច់​មួយទៀត​ក្នុង​ការរស់នៅ​រួមគ្នា គឺ​ការគោរព​សិទ្ធិ​របស់​គ្នា​ទៅវិញទៅមក​ទើប​គ្រួសារ​មាន​សេចក្តីសុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​យូរអង្វែង៕

  • កំពូល​អាហារ ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

    កំពូល​អាហារ ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

    មនុស្ស​ជាច្រើន​តែងតែ​ជួបនឹង​បញ្ហា “ហាត់ប្រាណ” មិនទាន់បាន​ប៉ុន្មាន​ផង ក៏​ហត់​បាត់ទៅហើយ ធ្វើ​ឱ្យអស់​អារម្មណ៍​លែង​ចង់​ហាត់ប្រាណ​តទៅទៀត​តែម្តង តែ​ថ្ងៃនេះ ឡា​រ៉ែ​ន សូម​ណែនាំ​ជូន​មិត្ត​អ្នកអាន​ដែល​ចូលចិត្ត​ការហាត់​ប្រាណ​នូវ​កំពូល​អាហារ4យ៉ាង​ដែល​នឹង​ជួយ​បង្កើន​កម្លាំង​ថាមពល​ដែល​លោកអ្នក​បាត់បង់​ក្រោយ​ការហាត់​ប្រាណ និង​ជួយ​ឱ្យ​ការធ្វើ​លំ​ហាត់ប្រាណ​របស់លោក​អ្នក​កាន់តែ​ងាយស្រួល​ឡើង​ផង។

    1.ទឹកឃ្មុំ

    ការសិក្សា​ស្រាវជ្រាវ​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា អាហារ​ដែលមាន​ចំណែក​ផ្សំ​របស់​ហ្វ្រា​ក់​តូ​ស (Fructose) និង គ្លុយ​ខូ​ស (Glucose)នឹង​ជួយ​បង្កើន​កម្លាំង​ថាមពល​ក្នុង​ការធ្វើ​កិច្ច-ការផ្សេងៗបាន​ច្រើនជាង​អាហារ​ដែល​មានតែ គ្លុយ​ខូ​ស ម្យ៉ាង ហើយ​ប្រាកដ​ណាស់​ថា ទឹកឃ្មុំ គឺជា​អាហារ​ដែលមាន​ទាំង ហ្វ្រា​ក់​តូ​ស និង​គ្លុយ​ខូ​ស ហើយ​ទឹកឃ្មុំ​នៅមាន​វីតាមីន រួមទាំង​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរ:ដែល​ល្អ​ចំពោះ​សុខភាព​ទៀតផង។

    2.ផ្លែ​ប៉ោម

    ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​មុន​ធ្វើ​លំ​ហាត់ប្រាណ នឹង​ជួយ​ធ្វើឱ្យ​លោកអ្នក​ហាត់ប្រាណ​បាន​កាន់តែ​យូរ​ឡើង ព្រោះ​ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ “ឃ្វើ​រ៍​ស៊ី​ទីន” (Quercetin) ដែលជា​សារធាតុ​ដែលមាន​ឥទ្ធិពល​ប្រឆាំង​អុក​ស៊ី​ដេ-ស្សិន​ខ្ពស់បំផុត។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ឃ្វើ​រ៍​ស៊ី​ទីន អាចជួយ​ឱ្យ​កីឡាករ​ប្រណាំង​កង់​អាច​ធាក់​កង់​បាន​កាន់តែ​យូរ​ឡើង ព្រោះ ឃ្វើ​រ៍​ស៊ី​ទីន នឹង​ទៅ​ជួយ​ផលិត​អុក​ស៊ី​ហ្ស៊ែ​ន​នៅក្នុង​សួត​ឱ្យ​កើនឡើង ធ្វើឱ្យមាន​អារម្មណ៍​អាច​អត់ទ្រាំ​នឹង​ការ​ហត់នឿយ​បាន​កាន់តែខ្លាំង​ឡើង​ទៀត។ ក្រៅពី​ផ្លែ​ប៉ោម​ហើយ​នោះ​សារធាតុ ឃ្វើ​រ៍​ស៊ី​ទីន នេះ នៅ​ត្រូវបាន​គេ​រកឃើញថា មាន​ច្រើន​នៅក្នុង​ផ្លែ​ទំពាំងបាយជូរ​ផងដែរ។

    3.ទឹកដោះ

    មិនចាំបាច់​ត្រូវ​ទទួលទាន​ភេសជ្ជៈ​សារធាតុ​រ៉ែ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អ្វី ដើម្បី​បង្កើន​ថាមពល​ឡើងវិញ បន្ទាប់ពី​ហាត់ប្រាណ​រួច​នោះទេ តែ​ចូរ​ទទួលទាន​ទឹកដោះគោ​ធម្មតា​ទូទៅ ឬ​ទឹកដោះ​សូកូឡា ដែល​ប្រកបដោយ​ខា​បូ​ហាយ​ដ្រេ​ត និង​ប្រ​តេ​អុ​ី​ន​វិញ ព្រោះ​វា​នឹង​ជួយ​សម្រួល​ឱ្យ​រាងកាយ​របស់លោក​អ្នក​មាន​តុល្យ​ភាពល្អ​ឡើងវិញ​ក្រោយពេល​ហាត់ប្រាណ​រួច។

    4.យ៉ា​អួ

    ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា “ប្រូ​បៃ​អូ​ទិ​ក” (Probiotics) ដែលមាន​នៅក្នុង​យ៉ា​អួ​នឹង​ជួយ​ធ្វើឱ្យ​លោកអ្នក​មាន​សុខ​ភាពល្អ ក្រៅពីនេះ​យ៉ា​អួ​នៅមាន​ខា​បូ​ហាយ​ដ្រេ​ត និង​ប្រូ​តេ-អុ​ី​ន​លាយ​ផ្សំគ្នា​ក្នុង​បរិមាណ​ដ៏​សមល្មម​ទៀតផង​ដូច្នេះហើយ​ទើប​យ៉ា​អួ​ក្លាយជា​កំពូល​អាហារ​ក្នុង​ការស្តារ​កម្លាំង​ថាមពល​ដល់​រាងកាយ​របស់លោក​អ្នក​ក្រោយពេល​ហាត់ប្រាណ៕