Author: វល័ក្ខ

  • ហេតុអ្វី​បានជា​សិង្ហ​បុរី​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​អប់រំ​ល្អ​ក្នុង​ពិភពលោក?

    ហេតុអ្វី​បានជា​សិង្ហ​បុរី​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​អប់រំ​ល្អ​ក្នុង​ពិភពលោក?

    ប្រទេស​សិង្ហ​បុរី (Singapore) ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែលមាន​ភាពល្បីល្បាញ​មួយ​លើ​ពិភពលោក​ផ្នែក​វិស័យ​អប់រំ ហើយ​ប្រជាជន​ក្នុងប្រទេស​ដទៃ​ជាច្រើន​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​សិស្ស នៃ​ប្រទេសមួយ​នេះ តែ​មនុស្ស​ជាច្រើន​មិនទាន់​បានដឹង​នៅឡើយ​ពី​មូល​ហេតុដែល​ធ្វើឱ្យ​ប្រទេស​សិង្ហ​បុរី​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​សិក្សា​ល្អ​ជាប់​ចំណាត់​ថ្នាក់ខ្ពស់​លើ​ពិភពលោក។

    យោងតាម​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្នែក​សេដ្ឋកិច្ច Business Insider បាន​ដកស្រង់យក​នូវ​ការលើកឡើង​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) ថា ជា​រៀងរាល់ឆ្នាំ​ស្ថាប័ន​មួយ​នេះ​បានចេញ​នូវ​របាយការណ៍​ប្រៀបធៀប​ពី​ប្រព័ន្ធ​អប់រំ​របស់ខ្លួន ដោយ​ក្នុងនោះ​ប្រទេស​សិង្ហ​បុរី​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេសមួយ​ដែលមាន​ប្រព័ន្ធគ្រប់គ្រង​សាលា​ល្អ​ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រព័ន្ធ​អប់រំល្អៗទាំង 11 លើ​ពិភពលោក។

    ការវាយតម្លៃ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ គឺ​ផ្តោតលើ​ចំណុចសំខាន់ៗចំនួន 12 យ៉ាង​ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​បរិស្ថាន​នៃ​ម៉ាក្រូសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខភាព និង​ការអប់រំ​កម្រិត​បឋម រួមទាំង​ឥទ្ធិពល​នៃ​ទីផ្សារ​កម្លាំង​ពលកម្ម​ផងដែរ។

    នៅក្នុង​របាយការណ៍​នោះបាន​បញ្ចា​ក់ថា សិង្ហ​បុរី ជា​ប្រទេស​ដែលមាន​ពិន្ទុ​ខ្ពស់​ក្នុងការ​ធ្វើតេស្ត​កម្មវិធី​សម្រាប់​សិស្ស ការវាយតម្លៃ​សិស្ស​អន្តរជាតិ (PISA= Program for International Student Assessment)។ កម្មវិធី​នេះ​មាន​គោលបំណង​ក្នុង​ការវាស់ស្ទង់ ក៏ដូចជា​ប្រៀបធៀប​សកម្មភាព​សិក្សា និង​ការលូតលាស់​របស់​សិស្ស​មកពី​ប្រទេសផ្សេងៗគ្នា​ដែរ។

    ទន្ទឹម​នៃ​ការលូតលាស់ និង​រីកចម្រើន​លឿន​របស់​សិស្ស​ចម្រុះ​ជាតិ​សាសន៍​នោះ  ប្រទេស​សិង្ហ​បុរី ក៏ត្រូវ​បាន​គេ​មើលឃើញថា មាន​ប្រព័ន្ធ​អប់រំ​មួយ​ដែល​បង្កើត​សម្ពាធ​ខ្ពស់​ផងដែរ​សម្រាប់​សិស្ស ជាពិសេស​គឺ​កម្មវិធីសិក្សា និង​លំ​ហាត់​ដែល​បង្កើតឱ្យមាន​ស្ត្រេ​ស​ខ្លាំង​សម្រាប់​សិស្ស​វ័យក្មេង៕

  • ធ្វើបែបណាដើម្បីជោគជ័យលើការធ្វើការងារជាក្រុម (Team Work)?

    ធ្វើបែបណាដើម្បីជោគជ័យលើការធ្វើការងារជាក្រុម (Team Work)?

    ការរស់នៅក្នុងសង្គម ទំនាក់ទំនងគឺជារឿងចាំបាច់បំផុតដែលមិនអាចខ្វះបាន ហើយជីវិតការងារក៏កាន់តែត្រូវការជាចាំបាច់ក្នុងការធ្វើការងារជាក្រុម។ ការធ្វើការងារជាក្រុមត្រូវការជាចាំបាច់នូវចិត្តសាស្ត្រក្នុងការសម្របខ្លួន ការដោះស្រាយបញ្ហា និងការជម្នះកត្តាប្រឈមជាច្រើនទៀតដើម្បីឱ្យគម្រោងនីមួយៗទទួលបានជោគជ័យ ព្រោះថា មនុស្សជាច្រើនដែលពូកែធ្វើការងារតែម្នាក់ឯង តែងតែបរាជ័យនៅពេលដែលធ្វើការងារជាក្រុម។

    ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ឡារ៉ែនបានធ្វើបទសម្ភាសជាមួយនឹងលោក គង់ វិចិត្រា ស្ថាបនិកនៃស្ថាប័នបណ្តុះបណ្តាល V-training and Consultant និង Asia Leading Academy ពីចំណុចលម្អិតនៃគន្លឹះទទួលបានជោគជ័យនៃការធ្វើការងារជាក្រុម។

    1. តើការធ្វើការជាក្រុមខុសគ្នាយ៉ាងដូចម្តេចខ្លះជាមួយនឹងការធ្វើការងារតែម្នាក់ឯង?
    ការធ្វើការងារជាក្រុមមានលក្ខណៈខុសគ្នាដាច់ពីការធ្វើការងារតែម្នាក់ឯង។ តាមទស្សនៈលោក Henry Ford បានលើកឡើងថា ភាពជោគជ័យសំខាន់របស់មនុស្សកើតចេញពីការចាប់ផ្តើមជួបគ្នា ធ្វើការជាមួយគ្នា និងរីកចម្រើនជាមួយគ្នា។ ចំណែកឯខ្មែរយើងក៏លើកឡើងផងដែរថា បើចង់ដើរបានលឿន យើងអាចដើរម្នាក់ឯងក៏បាន តែប្រសិនបើយើងចង់ដើរបានឆ្ងាយ យើងចាំបាច់ត្រូវតែដើរជាក្រុម។
    ចំណុចទាំងអស់នេះបង្ហាញថា ការធ្វើការងារម្នាក់ឯងមានលក្ខណៈពិសេសមួយ គឺអាចធ្វើឱ្យយើងបានបញ្ចេញអស់នូវសក្តានុពលក្នុងខ្លួនដោយមិនបាច់ដោះស្រាយបញ្ហាជាមួយអ្នកដទៃ តែការធ្វើបែបនេះអាចធ្វើឱ្យយើងហត់នឿយខ្លាំង ឬអាចធ្វើឱ្យយើងងាយបាក់ស្បាតជាមួយនឹងស្ថានភាព ឬមានបញ្ហាពេលប្រឈមនឹងបញ្ហាធំ។ ចំពោះការធ្វើការងារជាក្រុមវិញ គឺមានសក្តានុពលខ្លាំងជាង ព្រោះថា យើងអាចមានជំនួយគ្រប់យ៉ាង នៅជុំវិញខ្លួនដើម្បីរួមគ្នាទប់ស្កាត់បញ្ហា តែទោះជាយ៉ាងនេះក្តី ការធ្វើការងារជាក្រុមក៏មានបញ្ហាប្រឈមផងដែរ ព្រោះមនុស្សម្នាក់ៗមានគំនិតខុសៗគ្នាដែលទាមទារឱ្យសមាជិកម្នាក់ៗ ជាពិសេសមេក្រុមត្រូវប៉ិនប្រសប់ក្នុងការសម្របសម្រួល។

    2. ជាទូទៅ តើការធ្វើការងារជាក្រុម ប្រឈមជាមួយនឹងឧបសគ្គអ្វីខ្លះ? និងបញ្ហាទាំងអស់នោះត្រូវដោះស្រាយដូចម្តេច?
    តាមពិតអ្វីក៏ដោយ ទោះម្នាក់ឯង ឬក្រុម ក៏មានបញ្ហាដូចគ្នា ប៉ុន្តែការងារជាក្រុមអាចល្អជាងដោយមានគំនិតច្រើនហើយអាចកាត់បន្ថយហានិភ័យដោយការទទួលខុសត្រូវរួមគ្នា មានន័យថា បើជាការរកស៊ីគឺ ចំណេញ និងខាតរួមគ្នា។ ប៉ុន្តែការចាប់ដៃគូ គឺជារឿងមួយដ៏សំខាន់បំផុត ដោយយើងត្រូវធ្វើអ្វីមួយ ឬប្រកបការរកស៊ីរយៈពេលវែង និងជោគជ័យ។ ចំពោះនៅតាមស្ថាប័ន អង្គការ ឬក្រុមហ៊ុន ព្រោះបុគ្គល ឬសមាជិកម្នាក់ៗសំខាន់ដូចគ្នា ទោះតួនាទីរបស់គាត់ជាអ្នកបោសសម្អាត សន្តិសុខ ឬតួនាទីអ្វីក៏ដោយ ធ្វើដូចនេះទើបស្ថាប័នមានការលូតលាស់ទៅមុខ ប៉ុន្តែវាអាស្រ័យលើសមាជិក ឬបុគ្គលម្នាក់ហ្នឹងដែរ។

    បើមានបញ្ហាកើតឡើង យើងអាចជជែកគ្នា និងបានសំឡេងគំនិតច្រើន ជាពិសេសបើនិយាយពីស្ថាប័ន និងក្រុមហ៊ុនមានតួនាទី និងភារកិច្ចផ្សេងៗហើយយើងអាចបែងចែកដំណោះស្រាយទៅតាមផ្នែក និងការទទួលខុសត្រូវរៀងៗខ្លួន និងឱកាសរកជម្រើសណាដែលសមស្រប អាចជាជម្រើសល្អបំផុតដែលកើតចេញពីសំឡេងភាគច្រើន និងគំនិតច្រើនហ្នឹងឯង។

    3. តើមានវិធីសាស្ត្រអ្វីខ្លះដើម្បីបំផុសកម្លាំងចិត្តដល់ក្រុមការងារឱ្យមានកម្លាំងចិត្តខ្ពស់ និងទទួលបានផលច្រើន?
    ជាវិធីសាស្ត្រ មុនពេលបំផុសកម្លាំងចិត្តដល់ក្រុមការងារ គេត្រូវបំផុសកម្លាំងចិត្តសមាជិកម្នាក់ៗសិន ជាពិសេស បុគ្គលម្នាក់ៗត្រូវមើលឃើញនូវភាពខ្លាំង ភាពខ្សោយ និងសក្តានុពល ជារួមត្រូវដឹងពីគោលបំណងរបស់សមាជិករបស់ខ្លូនម្នាក់ៗថា តើគាត់មកទីនេះដើម្បីអ្វី ចង់បានអ្វី និងហេតុអ្វីបានជាគាត់ចង់បានអ្វីមួយនោះ បន្ទាប់មក យើងកំណត់គោលបំណងឬ គោលដៅរួម ហើយធ្វើការដោយប្រើបេះដូង មិនមែនប្រើតែខួរក្បាលមួយមុខនោះទេ។

    4. ករណីដែលសមាជិកម្នាក់ៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន តើមេដឹកនាំត្រូវធ្វើបែបណាខ្លះដើម្បីបង្រួបបង្រួមស្មារតីរួម?
    ដើម្បីបង្រួបបង្រួមស្មារតីក្រុមឱ្យខ្លាំង អ្នកដឹកនាំ និងសមាជិកម្នាក់ៗ ត្រូវកំណត់ឱ្យមានលក្ខខណ្ឌ ឬគោលការណ៍របស់ក្រុម ដើម្បីឱ្យសមាជិកទាំងអស់អនុវត្តតាម។ ករណីមានការខុសឆ្គង មេដឹកនាំត្រូវធ្វើការណែនាំ និងអប់រំ ដោយឈរលើភាពស្មើគ្នា ផលប្រយោជន៍ក្នុងក្រុម និងភាពជាគំរូល្អរបស់មេដឹកនាំ។ មេដឹកនាំដែលល្អ ត្រូវផ្តល់ឱកាសឱ្យសមាជិក ឬបុគ្គលិកសិក្សារៀនសូត្របន្ត និងបណ្តុះនូវគំនិតវិជ្ជមាន ភាពជោគជ័យ ឬជួលអ្នកបណ្តុះបណ្តាល និងអ្នកបង្វឹកសម្រាប់បន្តបណ្តុះបណ្តាល និងបង្វឹក។ ដោយឡែក ក្រុមហ៊ុនធំៗ គេជួលគ្រូបណ្តុះបណ្តាល និងគ្រូបង្វឹកដើម្បីធ្វើការផ្តល់ក្នុងរឿងនេះ ហើយគេសង្កេតឃើញថា ក្រុមហ៊ុននោះមានការរីកចម្រើន និងលូតលាស់។ មេដឹកនាំល្អ ត្រូវផ្តល់តម្លៃដល់បុគ្គលិក និងសមាជិកក្នុងក្រុមការងារ។ ធ្វើដូចនេះ បុគ្គលិកដែលតែងតែបង្កបញ្ហា និងគិតពីប្រយោជន៍ផ្ទាល់ខ្លួន នឹងកែប្រែ ហើយបង្វែរមកគិតពីផលប្រយោជន័រួមវិញជាក់ជាមិនខាន។

    5. ពេលសមាជិកខុស មេដឹកនាំក្រុមអាចងាយក្នុងការសម្របសម្រួល តើពេលដែលមេដឹកនាំខុសវិញ តើសមាជិកម្នាក់ៗគួរធ្វើបែបណាដើម្បីចូលរួមចំណែកកែលម្អអ្នកដែលមានសិទ្ធិសម្រេចធំជាងគេនេះ?
    ជាធម្មតា ក្នុងស្ថាប័នតែងមានគោលការណ៍ បទបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌផ្សេងៗ ដែលត្រូវអនុវត្តតាម ហើយនៅពេលដែលមេដឹកនាំក្រុមខុស គួរតែមានគណៈកម្មការ ឬក្រុមប្រឹក្សាភិបាលជាអ្នកជួយដោះស្រាយ ជាពិសេសមេដឹកនាំដែលល្អត្រូវបន្តការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធល្អៗដើម្បីដំណើរការឱ្យស្ថាប័ន និងក្រុមហ៊ុនមានភាពរលូន និងរីកចម្រើនទៅមុខ។ ជាពិសេស មេដឹកនាំគួរតែមានអ្នកជួយបង្វឹក ដែលគ្រូបង្វឹកនោះជាបុគ្គលដែលមានសុវត្ថិភាព និងអាចជឿជាក់បាន៕

  • 9ខែ​ដើមឆ្នាំ2017 កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង1,500លាន​ដុល្លារ

    9ខែ​ដើមឆ្នាំ2017 កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង1,500លាន​ដុល្លារ

    ភ្នំពេញ៖ ត្រឹម​រយៈពេល 9ខែ​ដើមឆ្នាំ 2017 នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ការប្រមូល​ពន្ធដារ​ពី​ពលរដ្ឋ ដូចជា​អាជីវករ និង​វិនិយោគិន ម្ចាស់​សហគ្រាស​ក្រុមហ៊ុនផ្សេងៗបាន​ប្រមាណ​ជាជាង 1,500លាន​ដុល្លារ​អាមេរិក។

    យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ឱ្យដឹងថា ចំណូល​ពន្ធ​ខែកញ្ញា 2017 តាម​ប្រព័ន្ធ online  មាន​ចំនួន 529.92ពាន់លាន​រៀល ស្មើនឹង 132.48លាន​ដុល្លារ សម្រេចបាន92.65% នៃ​ផែនការ ឯ​លទ្ធផល​ប្រចាំត្រីមាស​ទី3 ឆ្នាំ2017 ធៀប​នឹង​ផែនការ​ឆ្នាំ2017 ចំណូល​សរុប 6186.20ប៊ី​លាន​រៀល​ស្មើនឹង 1,546.55លាន​ដុល្លារ ស្មើនឹង 90.15%នៃ​ផែន​ការសរុប។

    ចំណែក​រយៈពេល8ខែ​ដើមឆ្នាំ2017 អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ពន្ធ​បាន​ប្រមាណ​ជា 5,657 ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ​ជា 1,414.43លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​សម្រេចបាន​ប្រមាណ​ជា 82.43% នៃ​ផែនការ​កំណត់ដោយ​ច្បាប់។

    ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​មានប្រសាសន៍ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ2014 – 2018 ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែល​បានដាក់​ចេញ គឺ​មិនមាន​ការបង្កើត​ប្រភេទ​ពន្ធ​ថ្មី ឬ​ដំឡើង​អត្រាពន្ធ​ទេ ដោយ​គ្រាន់តែ​មានតែ​ពង្រឹង​លើ​ការគ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ុណ្ណោះ។

    លើសពីនេះ រដ្ឋាភិបាល​បានគិត​គូរ​ដល់​ប្រជាពលរដ្ឋ​អ្នករកស៊ី​តូចតាច តាមរយៈ​ការលុបចោល​នូវ​របប​ម៉ៅការ ស្របតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2016 ដែល​ក្នុងនោះ ប្រជាពលរដ្ឋ​អាជីវករ​តូចតាច​បែប​លក្ខណៈ​គ្រួសារ​ដូច​រៀបរាប់​ខាងលើ ហើយ​មាន​កម្រិត​ផលរបរ​ក្រោម 250លាន​រៀល គឺជា​កម្មវត្ថុ​នៃ​ការលើកលែង​ពន្ធ និង​មិនមាន​កាតព្វកិច្ច​សារពើពន្ធ​ទេ៕

  • អាមេរិក​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដាក់ពាក្យ​ស្នើសុំ​ទៅ​រស់នៅ​ប្រទេស​របស់ខ្លួន

    អាមេរិក​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដាក់ពាក្យ​ស្នើសុំ​ទៅ​រស់នៅ​ប្រទេស​របស់ខ្លួន

    ភ្នំពេញ៖ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​គ្នា​ឱ្យ​កាន់តែ​ល្អប្រសើរ ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាស​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាថ្មីទៀត​នៅ​ចុងឆ្នាំ 2017នេះ។

    សេចក្តីជូនដំណឹង​រប​ស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​បានឱ្យដឹងថា នាយកដ្ឋាន​គ្រប់គ្រង​ទិដ្ឋាការ Diversity Visa (DV) របស់​ក្រសួងការបរទេស​អាមេរិក​នឹង​ផ្តល់​ទិដ្ឋាការ​អន្តោប្រវេសន៍​ដល់​អ្នកដាក់ពាក្យ​ដែលមាន​សមត្ថភាព​ចំនួន 50,000 (ប្រាំ​ម៉ឺន)នាក់​ពី​ប្រទេស​ដែល​ជ្រើសរើស​ជា​ប្រទេស​ដែលមាន​សិទ្ធិ​ទទួល​បានជា​រៀងរាល់ឆ្នាំ។ ការដាក់​ពាក្យ​មិនមាន​ថ្លៃឈ្នួល​នោះទេ ប៉ុន្តែ​ត្រូវមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ អ្នក​ត្រូវតែ​បំពេញ​តាម​តម្រូវការ​សាមញ្ញ ប៉ុន្តែ​តឹងតែង​មួយចំនួន​ដូចជា៖

    1. អ្នក​ត្រូវតែ​បញ្ចប់​ថ្នាក់បាក់ឌុប ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ
    2. ត្រូវ​ភ្ជាប់​រូបថត​ដែល​ថត​ក្នុង​រយៈពេល6ខែ​ចុងក្រោយ គិត​ត្រឹម​ថ្ងៃ​ដាក់ពាក្យ​ស្នើសុំ​ឆ្នោត​DVនេះ

    3.ត្រូវបំពេញ​ឈ្មោះ ក្រុមគ្រួសារ (ប្រព​ន្ឋ និង​កូន​នៅលើ​ពាក្យសុំ​នោះ)។

    ស្ថានទូត​អាមេរិក​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា ដែលមាន​បំណង​ដាក់ពាក្យ​ស្នើសុំ សូមកុំ​ផ្តល់​ទិន្នន័យ​ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំងឡាយណា​ដែល​ប្រកាសថា ខ្លួន​ជា​ភ្នាក់ងារ​ផ្តល់​ទិ​ដ្ឋ​ការ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​នេះ​ឱ្យសោះ។ កម្រៃ​សេវាកម្ម​តែមួយគត់​នៅក្នុង​ដំណើរ​ការសុំ​ឆ្នោត DV នេះ ត្រូវបាន​បង់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក បន្ទាប់ពី​បេក្ខជន​ត្រូវបាន​ជ្រើសរើស​ដោយ​ឆ្នោត​សម្រាប់​ការសម្ភាស​យក​ទិដ្ឋាការ​ច្រើន​ប្រភេទ។ ក្នុង​ឆ្នាំ 2017 ថ្លៃ​សេវា​កម្មនេះ​មាន​ចំនួន 330 ដុល្លារ​ក្នុង​ម្នាក់។

    សូមបញ្ជាក់​ផងដែរ​ថា ឆ្នោត​DVនេះ​មិន​ត្រូវការ​អ្នក​ឧបត្ថម្ភ​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​សម្រួល ឬ​ធានា​ការធ្វើដំណើរ​របស់​អ្នក​ទេ។ ក្រសួងការបរទេស​អា​មេ​រិ​ក​ជំរុញឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អ្នកណា​ដែល​អះអាងថា ខ្លួន​ជា​អ្នក​ឧបត្ថម្ភ​ដែល​ត្រូវមាន​នៅក្នុង​ដំណើរការ​នេះ ព្រោះ​ពួកគេ​អាចធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ការដាក់​ពាក្យសុំ​ទៅ​រស់នៅ​អាមេរិក​របស់​អ្នក។

    ព័ត៌មាន​បន្ថែម​សូម​ចូលទៅក្នុង​គេហទំព័រ​ខាងក្រោម៖

    Diversity Visa (DV)

     

  • គ្រាប់​ផ្លែ​ប័​រ មាន​ប្រយោជន៍​ចំពោះ​ស្បែ​កមុខ

    គ្រាប់​ផ្លែ​ប័​រ មាន​ប្រយោជន៍​ចំពោះ​ស្បែ​កមុខ

    ផ្លែ​ប័​រ មិន​ត្រឹមតែ​ការពារជាតិ​ខ្លាញ់​ប៉ុណ្ណោះ​ទេ វា​ជួយ​ជួសជុល​ស្បែក​ស្ងួត និង​ខូច​រិច​រិល​ឱ្យមាន​សំណើម​ឡើងវិញ ហើយ​នៅក្នុង​ផ្លែ​ប័​រ​សម្បូរ​ទៅដោយ​វីតាមីន B ជាតិ​ដែក លីពីត និង​កាក​សរសៃ​មិនតែប៉ុណ្ណោះ​គ្រាប់​របស់​វា​ក៏មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជាច្រើន​ផងដែរ ដែល​អ្នក​គ្រប់គ្នា​នឹកស្មាន​មិន​ដល់។

    នេះ​គឺជា​ការពិត​ណាស់ គ្រាប់​ផ្លែ​ប័​រ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​ស្បែក និង​បំបាត់​ស្នាម​ខ្មៅ​នៅលើ​ផ្ទៃមុខ​បាន ទោះជា​យ៉ាងណាក៏ដោយ វា​មាន​ប្រសិទ្ធភាព​ការពារ​ស្បែក​ពេល​ស្ថិតនៅក្រោម​កម្តៅ​ព្រះអាទិត្យ​ច្រើនជាង​ក្រែ​ម​ការពារ​កម្ដៅថ្ងៃ SPF 15+ ទៅទៀត ហើយ​វា​ជួយ​ឱ្យ​ស្បែក​មិន​ទទួលរង​ការខូចខាត​ដោយសារ​កម្ដៅ​ព្រះ​អាទិ​ត្រ​ថែម​ទៀតផង។ ដូច្នេះហើយ​បានជា ឡា​រ៉ែ​ន លើកយក​នូវ​វិធីសាស្ត្រ​សម្អាត​ស្បែក​មុខជា​មួយ​គ្រាប់​ផ្លែ​ប័​រ ដូចខាងក្រោម​នេះ។

    វត្ថុ​ត្រូវ​ត្រៀម​ទុកជាមុន
    – គ្រាប់​ប័​រ 1គ្រាប់
    – ទឹក​សម្អាត​មុខ​ប្រភេទ Deep Cleaning
    – ក្រដាស​សើម

    វិធី​ធ្វើ
    – ដំបូង​ត្រូវ​លាង​គ្រាប់​ផ្លែ​ប័​រ​ជាមួយ​ទឹកស្អាត រួច​ចិត​ជាចំណិតៗ ក្រឡុក​ក្នុង​ម៉ាស៊ីន​ឱ្យ​ម៉ដ្ឋ ទុក​មួយអន្លើ។
    – រួច​លាយ​គ្រាប់​ប័​រ​ក្រឡុក​រួច ជាមួយនឹង​ទឹក​សម្អាត​មុខ Deep Cleaning ឱ្យ​សមល្មម។
    – បន្ទាប់មក​យក​ល្បាយ​នោះមក​ម៉ាស្សា​ថ្មមៗនៅលើ​ស្បែ​កមុខ រួច​ទុកឱ្យ​ស្ងួត ទើប​យក​ក្រដាស​សើម​ជូត​ចេញ។
    – នោះ​អ្នកនឹង​សង្កេតឃើញ​មាន​ស្នាម និង​កម្ទេចធូលី​ដី​នៅលើ​ផ្ទៃមុខ​យ៉ាងច្បាស់ ដែល​បាន​សម្អាត​ចេញមក។
    – ស្បែក​មុខ​អ្នកនឹង​ស រលោង​ស្អាត និង​មាន​សំណើម​ជាង​មុន​ជាមិនខាន៕

  • Salah ជួយ​ឲ្យ​អេ​ហ្ស៊ី​ប​ឈ្នះ​កៅអី​ទៅ World Cup ជា​លើក​ទី1ក្នុង​រយៈពេល28ឆ្នាំ

    Salah ជួយ​ឲ្យ​អេ​ហ្ស៊ី​ប​ឈ្នះ​កៅអី​ទៅ World Cup ជា​លើក​ទី1ក្នុង​រយៈពេល28ឆ្នាំ

    តារា​ឆ្នើម Mohamed Salah របស់​ក្លិប Liverpool បាន​គ្រប់គ្រង​អារម្មណ៍​របស់គេ​យ៉ាង​ល្អ ដើម្បី​រក​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី95 និង​ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប ឈ្នះ​កៅអី​ទៅ​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី1របស់​ពួកគេ​ក្នុង​រយៈពេល28ឆ្នាំកន្លងមក ខណៈដែល​នៅសល់​ការប្រកួត​តែ 1លើក​ទៀត​ប៉ុណ្ណោះ។

    នៅពេល​ការប្រកួត​ឈានដល់​នាទី​បន្ថែម Salah គឺជា​អ្នកទទួលខុសត្រូវ នៅពេលដែល​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​ទទួលបាន​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​មាន​ការអបអរ​យ៉ាងខ្លាំង​ទាំង​នៅលើ​ទីលាន​នា​កីឡដ្ឋាន Borg El Arab និង​ក្រៅ​ទីលាន​ក្នុង​ទីក្រុង Alexandria តែម្តង។ ការទទួល​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុម​អេ​ហ្ស៊ី​ប នាំមុខ4ពិន្ទុ​ដាច់​ដែល​មិនអាច​តាម​ទាន់​លើ​ក្រុម​ជម្រើសជាតិ​អូ​ហ្គ​ង់​ដា ក្នុង​ពូ​ល E ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ1លើក​ទៀត​ប៉ុណ្ណោះ។

    ក្រុម​ជម្រើសជាតិ​អូ​ហ្គ​ង់​ដា បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ហ្គា​ណា ក្នុង​ទីក្រុង Kampala កាលពី​ថ្ងៃ​សៅរ៍។ ការធ្វេសប្រហែស​ក្នុង​តំបន់​ការពារ​បានអនុញ្ញាត​ឲ្យ Salah រក​គ្រាប់​បាល់​ទម្លុះ​សំណាញ់​ទី​របស់​កីឡាករ Barel Mouko នៅ​នាទី​ទី63 នៅ​កីឡដ្ឋាន Borg El Arab។ ប៉ុន្តែ ក្រុម​ជម្រើសជាតិ​កុង​ហ្គោ បាន​បង្កើត​ការភ្ញាក់ផ្អើល ក្រោយពី​កីឡាករ​បម្រុង Moutou បា​នរក​គ្រាប់​បាល់​ទម្លុះ​សំណាញ់​ទី​របស់​អ្នកចាំទី Essam El Hadary។ ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​នឹងមិន​គ្រប់គ្រាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ក្នុងការ​ឈ្នះ​កៅអី​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ​ឡើយ ហើយ​ពួកគេ​បា​នរក​គ្រាប់​បាល់​ឈ្នះ មុនពេល Salah បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​ចំណុច11ម៉ែត្រ​តែម្តង។

    អេ​ហ្ស៊ី​ប បានឈ្នះ​កៅអី​ទៅលេង World Cup ជា​លើកចុងក្រោយ​កាលពី​ឆ្នាំ1990 ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអាហ្វ្រិក7សម័យកាល​មួយ​នេះ បាន​ជួប​ការខកចិត្ត​ជា​បន្តបន្ទាប់​ចាប់តាំងពី​ពេលនោះ​រហូតមក។ ហេតុនេះ ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ក្នុងការ​បាន​កៅអី​ទៅ World Cup ពី​ទ្វីបអាហ្វ្រិក៕

    ប្រភពពី៖ Daily Mails

  • Lewandowski ជួយឲ្យប៉ូឡូញ ឈ្នះកៅអី World Cup ក្រោយផ្តួលម៉ុងតេណេហ្គ្រោ

    Lewandowski ជួយឲ្យប៉ូឡូញ ឈ្នះកៅអី World Cup ក្រោយផ្តួលម៉ុងតេណេហ្គ្រោ

    ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ បានឈ្នះសិទ្ធិទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី1របស់ពួកគេ បើគិតចាប់តាំងពីយុទ្ធនាការឆ្នាំ2006 មក ក្រោយពីបានខ្ជះខ្ជាយការនាំមុខ មុននឹងធ្វើការវាយបកទៅវិញយ៉ាងល្អ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់1គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Robert Lewandowski ផងដែរ ដើម្បីកត់ត្រាជ័យជម្នះ 4-2 ក្នុងផ្ទះខ្លួនឯង លើក្រុមជម្រើសជាតិម៉ុងតេណេហ្គ្រោ កាលពីថ្ងៃអាទិត្យ។

    លទ្ធផលនេះបានធ្វើឲ្យក្រុមជម្រើសជាតិប៉ូឡូញ បញ្ចប់ដោយឈរនៅលើកំពូលតារាងនៃពូល E ដោយមាន25ពិន្ទុពីការប្រកួត10លើក ពោលគឺនាំមុខ5ពិន្ទុលើក្រុមឈរលេខ2ដាណឺម៉ាក ដែលបានឈ្នះកៅអីទៅប្រកួតវគ្គ Playoff ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុមជម្រើសជាតិរ៉ូម៉ានី។ កីឡាករ Krzysztof Maczynski និង Kamil Grosicki បានរកគ្រាប់បាល់បើកឆាក ខណៈដែលក្រុមជម្រើសជាតិប៉ូឡូញ បានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែក្រុមជម្រើសជាតិម៉ុងតេណេហ្គ្រោ បានវាយបកវិញតាមរយៈគ្រាប់បាល់របស់កីឡាករ Stefan Mugosa និង Zarko Tomasevic ដើម្បីតាមស្មើវិញនៅរយៈពេល7នាទីចុងក្រោយ។

    Lewandowski បានរក្សាការនាំមុខរបស់ក្រុមប៉ូឡូញ នៅនាទីទី85 នៅមុនពេលការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Filip Stojkovic បានបំពេញការទទួលជ័យជម្នះនេះតែម្តង។ Lewandowski ដែលបានឡើងទៅឈរលើខ្សែប្រយុទ្ធ Cristiano Ronaldo ដោយបានរកគ្រាប់បាល់សរុប15គ្រាប់នោះ បាននិយាយថា៖ «ខ្ញុំពិតជាស្រេកឃ្លាន យើងបាននាំមុខ 2-០ នៅលើទឹកដីរបស់យើង ហើយបន្ទាប់មក បានបណ្តោយឲ្យមានគ្រាប់បាល់តាមស្មើ2គ្រាប់វិញ។ យើងត្រូវតែរកឲ្យបានគ្រាប់បាល់ទី3ដើម្បីធ្វើឲ្យអ្វីៗមានដំណើរការល្អឡើងវិញ ហើយទីបំផុតយើងក៏ទទួលបានជ័យជម្នះ»។

    ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ការពារតំណែងជើងឯកពិភពលោក អាល្លឺម៉ង់ បានកត់ត្រាជ័យជម្នះលើកទី10ពីការប្រកួតជម្រុះទាំង10លើករបស់ពួកគេតាមរយៈការផ្តួលក្រុមជម្រើសជាតិអាស៊ែបៃហ្សង់ ក្នុងលទ្ធផល 5-1 ខណៈដែលក្រុមជម្រើសជាតិអង់គ្លេស បានផ្តួលលីទុយអានី 1-០៕

    ប្រភពពី៖ Sport24

  • ការបញ្ឈប់​ទាំងស្រុង​ទៅលើ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើឱ្យ​កម្ពុជា​កាន់តែ​ទទួលបាន​កំណើន​ប្រាក់ចំណូល​ពី​វិស័យ​អេកូ​ទេ​សចរណ៍

    ការបញ្ឈប់​ទាំងស្រុង​ទៅលើ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើឱ្យ​កម្ពុជា​កាន់តែ​ទទួលបាន​កំណើន​ប្រាក់ចំណូល​ពី​វិស័យ​អេកូ​ទេ​សចរណ៍

    បន្ទាប់ពី​រាជរដ្ឋាភិបាល បាន​បញ្ឈប់​ទាំងស្រុង​ទៅលើ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​ក្រុមហ៊ុន​វិនិយោគ បានធ្វើឱ្យ​កម្ពុជា​ទួលបាន​ចំណូល​កាន់តែច្រើន​ពី​វិស័យ​អេកូ​ទេសចរណ៍។

    ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​អាណ​ត្តិ​ទី5នេះ បា​នប​ញ្ឈ​ប់​ទាំងស្រុង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​​ក្រុមហ៊ុន​វិនិយោគ។ គោលនយោបាយ​នេះ​បាន​កាត់បន្ថយ​កង្វល់ផ្សេងៗរបស់​ប្រជាពលរដ្ឋ និង​ជួយ​ប្រជាពលរដ្ឋ​ទទួលបាន​កំណើន​ជីវភាព​ប្រសើរ​ជាង​មុន​តាមរយៈ​ការពង្រឹង​ផលិតភាព​អាជីវកម្ម​របស់ខ្លួន និង​ចំណូល​ពី​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ សំដៅ​ឆ្លើយតប​ទៅនឹង​គោលការណ៍​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍-អភិវឌ្ឍន៍​ដើម្បី​អភិរក្ស។

    ក្រសួងបរិស្ថាន​សម្រេច​ជោគជ័យ​លើ​កំណែទម្រង់​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ជាល​ទ្ឋ​ផល​តំបន់ការពារធម្មជាតិ​មាន​រហូតដល់ 45តំបន់​នៅ​ឆ្នាំ2016 ត្រូវបាន​កើនឡើង​ដល់ 49តំបន់ នៅ​ឆ្នាំ2017 និង​មាន​ផ្ទៃក្រឡា​ជាង7.5 លាន​ហិកតា ស្មើនឹង41% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បាន​បង្កើត​របៀប​អភិរក្ស​ជីវៈចម្រុះ​ប្រ​ព័​ន្ឋ​តំបន់ការពារធម្មជាតិ ក្នុង​គោលបំណង​ត​ភ្ជាប់​តំបន់ការពារធម្មជាតិ​ទាំងឡាយ ដើម្បី​ធានា​ទំនាក់ទំនង​ចលនា​ផ្លាស់​ទី​ជីវៈចម្រុះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    គួរ​បញ្ជាក់ថា តំបន់ការពារធម្មជាតិ​ចែកចេញជា 8ប្រភេទ តំបន់​ឧទ្យាន​ជាតិ តំបន់​ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រាម​សារ តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល តំបន់​បេ​តិកភ័​ណ្ឌ​ធម្មជាតិ តំបន់​ឧទ្យាន​ជាតិ​សមុទ្រ។ បច្ចុប្បន្ន​វិស័យ​អេកូ​ទេសចរណ៍​មាន​កើតឡើង​រង្វង់20% គ្រា​ដែលវិស័យ​ទេ​សចរណ៍​វប្បធម៌​កើនឡើង​រង្វង់8%។

    ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បញ្ជាក់ថា៖ «សព្វថ្ងៃ​បើ​គ្មាន​សកម្មភាព​ទេសចរណ៍​នៅ (តំបន់​អេកូ​ទេស​ចរណ៍) ប្រជាជន​បាន​ចំណូល​ពី​ព្រៃឈើ​តាមរយៈ​បោចវល្លិ ៍(អនុផល) ប៉ុន្ដែ​ជួនកាល​ពួកគាត់​អាច​ទៅ​ហួស​ពី​ការ​បោច​វ​ល្លិ៍ ឈានទៅដល់​ការកាប់​ព្រៃឈើ និង​បាញ់​សត្វ ដូច្នេះ​យើង​អត់​ចង់​ឱ្យ​​ប្រជាជន​ធ្វើ​សកម្មភាព​បែបនេះ​ទេ គឺ​គេ​ត្រូវ​ទុក​ព្រៃឈើ ទុក​សត្វ​ឱ្យ​ភ្ញៀវ​ទេសចរ​មើល ព្រោះ​នៅពេល​ភ្ញៀវទេ​សចរទៅដល់​ ការចំណាយ​របស់​ពួកគាត់ នឹង​បាន​ចូលទៅ​ដល់ដៃ​របស់​ប្រជាជន​រស់នៅក្នុង​សហគមន៍»៕

  • 7 ចំណុច ហាម​ដាច់ខាត​សម្រាប់នារីៗដែល​កំពុងមាន​វដ្តរ​ដូ​វ បើ​ភ្លេចខ្លួន​ធ្វើ អាច​នឹង​ស្លាប់​ដោយ​មិនដឹង​ខ្លួន​

    7 ចំណុច ហាម​ដាច់ខាត​សម្រាប់នារីៗដែល​កំពុងមាន​វដ្តរ​ដូ​វ បើ​ភ្លេចខ្លួន​ធ្វើ អាច​នឹង​ស្លាប់​ដោយ​មិនដឹង​ខ្លួន​

    សម្រាប់​មនុស្ស​ស្រី​ពេល​មាន​វដ្ត​រដូវ​ប្រចាំខែ​ច្រើនតែ​ចង់​ញ៉ាំ​នេះ​ញ៉ាំ​នោះ​តាមចិត្ត​មាត់ ឬ​ច្រើនតែ​ធ្វើ​អ្វី​មិនសូវ​ជា​ប្រយ័ត្នប្រយែង អ្នកខ្លះ​ភ្លេចខ្លួន​ទៅ​លើក​របស់ធ្ងន់ៗ ឬ​បញ្ចេញ​កម្លាំង​ហាត់ប្រាណ​ដោយ​មិនបាន​នឹកគិត​ឡើយ​ថា អំឡុងពេល​មាន​វដ្ត​រដូវ​ប្រចាំខែ​នេះ ស្បូន​កំពុងស្ថិត​ក្នុងអំឡុងពេល​ទន់ខ្សោយ។

    ធ្លាប់មាន​ករណី​មួយ​ដែល​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់ អាយុ 15 ឆ្នាំ​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការ​មាន​វដ្ត​រដូវ ព្រោះ​ភ្លេចខ្លួន​ទៅ​បញ្ចេញ​កម្លាំងកាយ​ហាត់ប្រាណ រួច​ហើយក៏​ចុកពោះ​យ៉ាងខ្លាំង រហូតដល់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ដូច្នេះហើយ​ទើប​ថ្ងៃនេះ ឡារ៉ែ​ន ​មាន​ព័ត៌មានល្អៗមក​ជម្រាបជូន​មិត្ត​អ្នកអាន​ដែលជានារីៗ គឺ​ចំណុច​ហាមឃាត់ដែល​មិនគួរ​ធ្វើ​ក្នុងអំឡុងពេល​មាន​វដ្ត​រដូវ​ប្រចាំខែ តើមាន​អ្វីខ្លះ​នោះ សូម​តាមដាន​ដូចតទៅ…។

    1 . ហាម​ញ៉ាំ​ទឹក​ត្រជាក់ ទឹកកក ឬ​របស់​ដែល​ត្រជាក់​ខ្លាំង។

    2 . ហាម​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​គ្រប់​ប្រភេទ។

    3 . ហាម​ញ៉ាំរបស់ប្រៃៗ ខ្លាញ់​ច្រើន ឬ​របស់​ដែល​ចៀន បំពងផ្សេង។

    4 . ហាម​ញ៉ាំ​ផ្លែឈើ​មួយចំនួន ដូចជា ឪឡឹក ដូង និង​ផ្លែឈើ​ដែលមាន​រសជាតិ​ជូរ​ខ្លាំង។

    5 . ហាម​ស្លៀកពាក់​សំពត់​ខោអាវ​រឹប​ណែន ឬ​សម្លៀកបំពាក់​ណា​ដែល​រឹប​ក្បាលពោះ។

    6 .ហាម​ហាត់ប្រាណ​គ្រប់យ៉ាង។

    7 . ហាម​មាន​ភេទ​សម្ព័ន្ធ​ជាដាច់ខាត៕