Author: វល័ក្ខ

  • លោកស្រី ចេន សុភាព ៖ ចង់ក្លាយជាអ្នកដឹកនាំល្អត្រូវរៀន 3យ៉ាង

    លោកស្រី ចេន សុភាព ៖ ចង់ក្លាយជាអ្នកដឹកនាំល្អត្រូវរៀន 3យ៉ាង

    ការបង្កើតបរិយាកាស ក្នុងភាពជាអ្នកដឹកនាំ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព ជាចំណុចសំខាន់មួយដែលមនុស្សគ្រប់គ្នាចង់ធ្វើ ដើម្បីក្លាយជាអ្នកដឹកនាំស្ថាប័នល្អ មេគ្រួសារល្អ ឬជាអ្នកដឹកនាំក្រុមមួយដ៏ល្អ។

    ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំនេះ លោកស្រី ចេន សុភាព ស្ថាបនិក កីតម្បាញខ្មែរ និងជាជយលាភីលេខ1 ក្នុងវេទិកា ភាពជាអ្នកដឹកនាំស្តីពីការបង្កើតបរិយាកាសដើម្បីឱ្យមនុស្សម្នាក់ៗក្លាយជាអ្នកដឹកនាំ បានលើកឡើងថា ការដឹកនាំគឺសំដៅលើការដឹកនាំក្រុមណាមួយឱ្យដល់គោលដៅ ហើយដើម្បីក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាព និងដល់គោលដៅប្រកបដោយភាពវិជ្ជមាន បុគ្គលគ្រប់រូបគួររៀន 3យ៉ាង គឺរៀនរៀន (Learn to Learn) រៀនធ្វើ និងរៀនចែករំលែក។

    លោកស្រី ចេន សុភាព បាននិយាយថា៖ «​អ្នកដឹកនាំត្រូវតែជាមនុស្សដែលបន្តការអភិវឌ្ឍ​ឥតឈប់ឈរ ហើយដើម្បីក្លាយជាអ្នកដឹកនាំដែលមានគំនិតទូលំទូលាយគឺត្រូវតែចេះកសាងខ្លួនខ្លាំងបំផុតតាមរយៈការស្តាប់ ការអាន ការចូលរួមសិក្ខាសាលា និងរៀនពីគ្រប់មជ្ឈដ្ឋាន ព្រោះនៅសម័យបច្ចេកវិទ្យានេះ គឺគេត្រូវការចំណេះដឹងខ្លាំងបំផុត»។

    ស្ថាបនិកកីតម្បាញខ្មែរខាងលើបានលើកឡើងផងដែរថា ការរៀនគឺលោកស្រីផ្តោតសំខាន់លើការអាន ព្រោះថា ការអានអាចធ្វើឱ្យមនុស្សទទួលបាននូវចំណេះដឹងច្រើន និងមានប្រសិទ្ធភាព ជាវិធីផ្សេងៗ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Harry Truman បានលើកឡើងថា «​គ្រប់អ្នកដឹកនាំសុទ្ធតែជាអ្នកពូកែអាន តែមិនមែនគ្រប់អ្នកអានសុទ្ធតែក្លាយជាអ្នកដឹកនាំនោះទេ»។ បន្ថែមពីលើនេះ ការរៀនស្តាប់ និងការៀននិយាយក៏ជាចំណុចចាំបាច់មួយរបស់មេដឹកនាំដែរ ព្រោះថា មេដឹកនាំដែលពូកែនិយាយ ពូកែបង្ហាញពីគម្រោងប្រកបដោយ​គុណភាព ​លុះត្រាតែជាអ្នកពូកែ​បំផុសទឹកចិត្តមនុស្សឱ្យមានការខិតខំប្រកបដោយសក្តានុពល​ ពូកែនិយាយធ្វើឱ្យគេមានជំនឿចិត្ត និងពូកែនិយាយឱ្យគេមានក្តីសង្ឃឹមជាដើម។

    លោកស្រី ចេន សុភាព បានបញ្ជាក់ផងដែរថា៖ «ជាអ្នកដឹកនាំល្អម្នាក់មិនមែនគ្រាន់តែពូកែនិយាយនោះទេ តែក៏ត្រូវពូកែធ្វើផងដែរ។ ត្រូវតែជាអ្នកដែលធ្វើជាគំរូល្អដល់​អ្នកគ្រប់គ្នា ប្រកបដោយការទទួលខុសត្រូវ និងការគោរព ជាពិសេសធ្វើជាគំរូដល់បុគ្គលិកដែលធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅរួម»។

    សហគ្រិនរូបនេះបានលើកឡើងផងដែរថា អ្នកដឹកនាំក៏ត្រូវតែជាអ្នកពូកែចែករំលែកទាំងចំណេះដឹង រឿងល្អៗ ការយកចិត្តទុកដាក់ និង​ការចែករំលែកក្តីស្រឡាញ់ទៅកាន់ក្រុមទាំងមូល៕

  • ការចេញលិខិត​បញ្ជាក់​កម្មសិទ្ធិ​ច្រើន​សន្លឹក​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ខ្ចីប្រាក់ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ

    ការចេញលិខិត​បញ្ជាក់​កម្មសិទ្ធិ​ច្រើន​សន្លឹក​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ខ្ចីប្រាក់ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ

    ភ្នំពេញ – ស្រប​ពេលដែល​វិស័យ​មីក្រូហិរញ្ញវត្ថុ​កំពុងមាន​អត្រាកំណើន​នៃ​អ្នកប្រើប្រាស់ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​កម្ពុជា​បាន​ក្រើនរំឭក​ដល់​អាជ្ញាធរ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការចេញលិខិត​បញ្ជា​ក់ក​ម្ម​សិទ្ធិ​ច្រើន​សន្លឹក​ឱ្យ​ប្រជាពលរដ្ឋ​សម្រាប់​ខ្ចីប្រាក់ ដើម្បី​ឈានទៅ​បញ្ជៀ​សប​ញ្ហា​ប្រឈម​នឹង​ហានិភ័យ​ទាំងឡាយ​ដែល​អាច​កើតឡើង​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។

    ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា  បច្ចុប្បន្ន​វិស័យ​មីក្រូហិរញ្ញវត្ថុ​មានការ​រីកចម្រើន​ដែល​អាច​មើលឃើញថា តាមរយៈ​អត្រាកំណើន​នៃ​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ពិសេស​ប្រជាពលរដ្ឋ​ពេញវ័យ​ដែល​កំពុង​ប្រើប្រាស់​សាវា​នេះ មានការ​កើនឡើង​ប្រមាណ 51% នៅ​ឆ្នាំ2017 ធៀប​ទៅនឹង​ឆ្នាំ2016 មាន​ប្រមាណ 8,7%។

    គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ចំនួន 76 ស្ថាប័ន និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មាន​ចំនួន 286ស្ថាប័ន ដែលមាន​រហូតដល់​ថ្នាក់ឃុំ។ ទំហំ​ទឹកប្រាក់​កម្ចី​សរុប​ប្រមាណ 18,80 ទ្រី​លាន​រៀល ស្មើនឹង​ប្រមាណ 3,90 ប៊ី​លាន​ដុល្លារ ហើយ​ផ្តល់​ដល់​អតិថិជន​ចំនួន 1,8 លាន​នាក់ និង​ប្រាក់​បញ្ញើ​សរុប​ចំនួន 7,70 ទ្រី​លាន​រៀល ស្មើនឹង1,90 ប៊ី​លាន​ដុល្លារ និង​ទទួលបាន​អតិថិជន​ដែល​ផ្ញើ​ប្រាក់​ចំនួន1,7លាន​នាក់។

    អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​កម្ពុជា បាន​បន្ត​លើកឡើងថា ទន្ទឹមនឹង​ភាព​រីកចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៍មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ។  ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព អាជ្ញាធរ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​អំពី​ប្រភព​ស្របច្បាប់​នៃ​ដំណើរការ​ខ្ចីប្រាក់។ បន្ត​ការសហការ​អនុវត្តតាម​ផ្លូវច្បាប់​ទៅលើ​សមាគម អង្គការ ជនខិលខូច និង​អ្នករកស៊ី​ចងការ​ប្រាក់​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត។ ពិសេស​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់ មុន​ចេញ​លិខិត​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​ដើម្បី​ខ្ចីប្រាក់ និង​ចៀសវាង​ការចេញលិខិត​ឱ្យ​ច្រើន​សន្លឹក និង​បញ្ឈប់​ការសហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុងការ​ដើរទារ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ។

    ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ពិនិត្យ​ថ្លឹងថ្លែង​ប្រកបដោយ​សមភាព និង​ពង្រឹង​ប្រសិទ្ធភាព​អនុវត្តតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា ចាត់វិធានការ​ចំពោះ​អ្នកផ្តល់​ប្រាក់កម្ចី​ឱ្យបាន​ម៉ឺងម៉ាត់ និង​ជំរុញ​បន្ត​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់​សេវា​កម្ចី ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​មាន​លក្ខណៈ​អនុគ្រោះ​សម្រាប់​ពលរដ្ឋ​ក្រីក្រ ព្រមទាំង​បន្ត​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជូន​សាធារណជន​បន្ថែមទៀត អំពី​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ និង​បញ្ហាផ្សេងៗដែល​អាច​កើតឡើង​ពី​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នេះ៕

  • រដ្ឋាភិបាល​ប្រកាស​ចំណាយ 40លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​បន្ថែម​ប្រាក់ខែ​ឱ្យ​កម្មករ

    រដ្ឋាភិបាល​ប្រកាស​ចំណាយ 40លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​បន្ថែម​ប្រាក់ខែ​ឱ្យ​កម្មករ

    ភ្នំពេញ៖ ដើម្បី​លើកកម្ពស់​ជីវភាព​កម្ម​ករ-កម្មការិនី​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង រាជរដ្ឋាភិបាល​បានសម្រេច​ចំណាយ​ថវិកាជាតិ​ក្នុង​មួយឆ្នាំ​ប្រមាណ​ជា40លាន​ដុល្លារ ដើម្បី​បង្គ្រប់​ប្រាក់ខែ​កម្មករ​ឱ្យបាន​ដល់ 170ដុល្លារ​ចាប់ពី​ឆ្នាំ2018 ខាងមុខ​តទៅ។

    ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ2017-2025 នៅ​វិមាន​សន្តិភាព ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្តែង​ការអបអរសាទរ​ចំពោះ​ការស្រុះស្រួល​គ្នា​លើ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ-និយោជិត​នៅ​ឆ្នាំ2018 ដែល​ព្រម​ទទួលយក​តួលេខ165ដុល្លារ និង​ការបន្ថែម​ពីលើ​ដោយ​រាជរដ្ឋាភិបាល 5ដុល្លារ​ទៀត​ស្មើ170ដុល្លារ។

    ការបន្ថែម 5ដុល្លារ​ពីលើ​ប្រាក់​ឈ្នួល​របស់​កម្មករ​នៅ​ឆ្នាំ2018នេះ ធ្វើឱ្យ​រាជរដ្ឋាភិបាល​ខាតបង់​ជាង 40លាន​ដុល្លារ​អាមេរិក​តាមរយៈ​ការអនុគ្រោះ​ពន្ធ​កាត់​ទុក ដោយ​ពន្យារ​រហូតដល់​ឆ្នាំ2022 និង​ការយក​ប្រាក់កម្រៃ​លើ​ការនាំចេញ។

    យោងតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ថវិកា​ឆ្នាំ2018 បាន​កំណត់ថា ប្រាក់បៀវត្សរ៍​ចាប់ពី1លាន 2សែន​រៀល​ឡើងទៅ​ទើប​ជាប់ពន្ធ។ សម្តេច​រំពឹងថា រដ្ឋសភា​នឹង​គាំទ្រ​ចំពោះ​ច្បាប់​ថវិកាជាតិ​ថ្មី​នេះ និង​ស្នើឱ្យ​ពិចារណា​ធ្វើយ៉ាងណា​កុំ​ឱ្យមាន​គម្លាត​គ្នា​ខ្លាំង​លើ​ប្រាក់ឧបត្ថម្ភ​ពេល​មរណភាព ទាំង​មរណភាព​ធម្មតា និង​ក្នុងពេល​បេសកកម្ម​រវាង​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ។

    សូម​រំឭកថា ក្រៅពី​ប្រាក់ខែ170ដុល្លារ​នេះហើយ កម្មករ-កម្ម​ការ​នី​ក៏​នៅមាន​ប្រាក់ខែ​ឧបត្ថម្ភផ្សេងៗទៀត ក្នុងនោះ​មានដូចជា ៖

    -ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន 7ដុល្លារ​អាមេរិក​ក្នុង​មួយខែ។
    -ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន10ដុល្លារ​ក្នុង​មួយខែ។

    -ប្រាក់​ថ្លៃ​បាយ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន 2,000រៀល​ក្នុង​មួយថ្ងៃ ឬ​ទទួលបាន​បាយ​ដោយ​ឥតគិតថ្លៃ។
    -និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​ចំនួន 2ដុល្លារ​ដល់11ដុល្លារ​ក្នុង​មួយខែ សម្រាប់​កម្មករ-និយោជិត​ដែល​បានធ្វើការ​ចាប់ពី​ឆ្នាំ​ទី2 ដល់​ឆ្នាំ​ទី11 ។

    ដូច្នេះ ជា​មធ្យម​និយោជិត​ម្នាក់​នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ពី 187ដុល្លារ ទៅដល់198 ដុល្លារ​ក្នុង​មួយខែ៕

  • Ice-watch នឹង​រៀបចំ​កម្មវិធី Time of Fashion Show រដូវ​កាល​ទី1 ឆាប់ៗខាងមុខនេះ

    Ice-watch នឹង​រៀបចំ​កម្មវិធី Time of Fashion Show រដូវ​កាល​ទី1 ឆាប់ៗខាងមុខនេះ

    ក្រុមហ៊ុន Watch Empire ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​នាំចូល​ម៉ាក​នាឡិកាដៃ Ice-Watch បានរួម​សហការ​ពី​បណ្ដា​ក្រុមហ៊ុនផ្សេងៗដូចជា សណ្ឋាគារ Sun &Moon ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ឌី​ជី ក្រុមហ៊ុន YVS Rocher និង Alex buntha creative studio ដែល​ពួកគាត់​បាន​សហការគ្នា នឹង​រៀបចំ​បង្កើត​កម្មវិធី​បែប​ហ្វេ​សសិន​ល្បី​ប្លែក​ដំបូងបង្អស់​មួយ​ក្នុង​កំឡុង​ខែវិច្ឆិកា នាពេលឆាប់ៗខាងមុខនេះ។

    គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្នុង​គេហទំព័រ​របស់ Watch Empire បានធ្វើការ​អាប់​ឡូត​វីដេអូ Teaser  បែប​ហ្វេ​សសិន​របស់​ម៉ូ​ដែល​មួយរូប គឺ​កញ្ញា ចាន់ គង់​ការ អម​នឹង​ភាព​ទាកទាញ​យ៉ាង​រស់​រវើក។

    ទាក់ទិន​នឹង​កម្មវិធី​នេះ នឹងត្រូវ​បាន​គេ​រៀបចំឡើង​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ដោយមាន​ការចូលរួម​ឆ្នៃ​ម៉ូដប្លែកៗពី Designer ចំនួន​ពីររូប​ទោះយ៉ាងណា​ខាង​ក្រុមហ៊ុន​នាឡិកា​នេះ​មិនទាន់​បញ្ជាក់​ច្បាស់​ថា តើ designer ពី​រូបនោះ​ជាន​ណា​នោះទេ?

    ចង់ដឹង​ដែរ​ទេ​ថា ក្នុង​កម្មវិធី​នោះ នឹងមាន​អ្វីខ្លះ សូម​ចូលទៅ​កាន់​តំណរ​នេះ​ទាំងអស់គ្នា https://www.facebook.com/nathe.mini/posts/850797095096897 ឬ​ចង់​តាមដាន​ពី​កម្មវិធី​បន្ទាប់​ទៀត កុំ​ភ្លេច​ចូលទៅ​កាន់​គេហទំព័រ “ Watch Empire”៕

  • ស្រា​បៀរ ABC EXTRA STOUT រូបរាង​ថ្មី រសជាតិ​ពិសេស​ដដែល

    ស្រា​បៀរ ABC EXTRA STOUT រូបរាង​ថ្មី រសជាតិ​ពិសេស​ដដែល

    ភ្នំពេញ៖ អ្នកតំណាង​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​អំពី​វិធី​ឌី​ហ្សា​ញ​រូបរាង​កំប៉ុង​ថ្មី​ពណ៌​ខ្មៅ និង​មាស​នៃ​ស្រា​បៀរ ABC Extra Stout ដែល​បានទទួល​ជោគជ័យ​ដ៏​ធំធេង​ដោយសារតែ​រូបរាង​ទាន់សម័យ​បែប​ទំនើប និង​មិនមាន​ការផ្លាស់ប្តូរ​រស​ជាតិ​នៃ​ស្រា​បៀរ ABC ដែល​បានឈ្នះ​ពានរង្វាន់។

    អ្នកតំណាង​ក្រុមហ៊ុន​បាន​ពន្យល់​ឲ្យ​ដឹងថា៖ “ស្រា​បៀរ ABC គឺជា​ស្រា​បៀរ ទឹកខ្មៅ​ដែល​ឈានមុខ​គេ​លើ​ទីផ្សារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដោយសារតែ​គ្រឿងផ្សំ​មានគុណ​ភាព​ខ្ពស់បំផុត និង​រូបមន្ត​ផ្សំ​ពិសេស​ដូច្នេះ​នេះ​គឺជា​អ្វីដែល​យើង​រក្សាបាន​គុណភាព​ដដែល។ យើង​សូម​ធានាថា យើង​មិនបាន​ធ្វើការ​ផ្លាស់ប្តូ​រគ្រឿង​ផ្សំ និង​រូបមន្ត​ក្នុងការ​ផលិត​ស្រា​បៀរ​ទឹកខ្មៅ​នេះ។ រសជាតិ​ឆ្ងាញ់​នៅ​ដដែល ប៉ុន្តែ​ឥឡូវនេះ​មានការ​រចនា​រូបរាង​កាន់តែ​ទាន់សម័យ និង​ទំនើប”។

    អ្នកតំណាង​បាន​មានប្រសាសន៍​ទៀតថា៖ “កាលពី​ឆ្នាំមុន​យើង​បាន​បើក​ពិធី​សម្ពោធន៍​ដាក់លក់​ស្រា​បៀរ ABC Extra Stout ដប​ជាមួយនឹង​ការ​វេច​ខ្ចប់​បែប​ទំនើប​ដែល​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ដែល​នាំ​ឲ្យ​យើង​ឈានទៅ​រចនា​ឌី​ហ្សា​ញ​កំប៉ុង​ឲ្យ​ស៊ីគ្នា​នឹង​ការ​រចនា​ដប​នេះ។ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​នៅតែ​ដដែល​ជាមួយនឹង​រសជាតិ​ឆ្ងាញ់​នៃ​ស្រា​បៀរ ABC ដែល​អតិថិជន​របស់​យើង​តែងតែ​រីករាយ​ទទួលទាន។

    អ្នកតំណាង​បាន​បន្ត​បញ្ជាក់ថា ប្រជាប្រិយភាព​នៃ​ស្រា​បៀរ ABC នៅតែ​បន្ត​ការពេញនិយម​ដោយសារតែ​តម្រូវការ​កាន់តែច្រើនឡើងៗ របស់​អតិថិជន​សម័យ​ទំនើប​និង​ទាន់សម័យ​ដែល​ចូលចិត្ត​តែ​របស់​ប្រណីតល្អៗក្នុង​ជីវិត​ប៉ុណ្ណោះ។

    ABC Extra Stout ដែលជា​ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​លេខ​មួយ​នៅ​កម្ពុជា​បានចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​ដែលមាន​ឈ្មោះថា “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” ជាមួយនឹង​ការផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍​និង​កាសែត និង​ការផ្សាយពាណិជ្ជកម្ម​ឌីជីថល។

    ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព័ត៌មាន​នៃ​ស្រា​បៀរ ABC Extra Stout សូម​តាមដាន៖ www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ ABC Extra Stout ដោយ​ទទួលខុសត្រូវ

  • Robben ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់

    Robben ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់

    ការរំពឹងទុក​ពី​ការធ្លាក់​ចេញពី​យុទ្ធនាការ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់ បានកើត​ឡើង បើទោះបី​ពួកគេ​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ក្នុង​លទ្ធផល 2-០ នា​កីឡដ្ឋាន Amsterdam Arena កាលពី​ថ្ងៃ​អង្គារ​ក៏ដោយ ខណៈដែល​ពួកគេ​ត្រូវ​ឈ្នះ​ដោយ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ដល់​ទៅ7គ្រាប់ ទើប​មាន​សិទ្ធិ​ឈ្នះ​កៅអី​ទៅ​ប្រកួត​ក្នុង​វគ្គ Playoff។

    ស្របពេល​ជាមួយគ្នានេះ Arjen Robben ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ទាំង2គ្រាប់​នោះ បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​គេ​ពី​កីឡាបាល់ទាត់​អន្តរជាតិ ក្រោយពី​បាន​ចំណាយពេល​លេង​អស់​រយៈពេល14ឆ្នាំ​រួចមក។ គ្រាប់​បាល់​បញ្ចូល​ទី​ទាំងពីរ​គ្រាប់​របស់គេ​សុទ្ធសឹង​បាន​កើតឡើង​ក្នុង​តង់​ទី1 ប៉ុន្តែ វា​នៅតែ​មិន​គ្រប់គ្រាន់​ក្នុងការ​រារាំង​មិន​ឲ្យ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ឈានទៅ​កាន់​វគ្គ Playoffបានឡើយ។ ក្រុម​ជម្រើសជាតិ​ទាំងពីរ​បានបញ្ចប់​ដោយមាន19ពិន្ទុ​ដូចគ្នា ដោយ​ឈរ​នៅ​ពីក្រោយ​ក្រុម​ជម្រើសជាតិ​បារាំង ក្នុង​ពូ​ល A ប៉ុន្តែ ស៊ុយអែត បានបញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 ដោយសារ​តែមាន​គ្រាប់​បាល់​ច្រើនជាង។ Robben វ័យ33ឆ្នាំ​បាន​ស៊ុត​បាល់​បញ្ចូល​ទី37គ្រាប់​ក្នុងការ​បង្ហាញខ្លួន96លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ និង​បាន​ជួយ​ឲ្យ​ពួកគេ​ឈានទៅ​ប្រកួត​ព្រឹត្តិការណ៍ World Cup វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ2010 មុននឹង​ពួកគេ​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្នុង​លទ្ធផល 1-០ បន្ទាប់ពី​នាទី​បន្ថែម15នាទី​ពីរដង។

    ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ក៏​ធ្លាប់បាន​ឈានទៅដល់​ការប្រកួត​វគ្គ4ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ2014 ផងដែរ មុនពេល​ចាញ់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដោយ​បាល់​ប៉េ​ណា​ល់​ទី។ Robben ដែល​បានធ្វើការ​បង្ហាញខ្លួន​ជា​អន្តរជាតិ​ជា​លើក​ទី1របស់គេ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ កាលពី​ឆ្នាំ2003នោះ បាន​ឲ្យ​ដឹងថា៖ «រយៈពេល14ឆ្នាំ ពិតជា​ឆ្នាំ​ដ៏​អស្ចារ្យ និង​ប្រកបដោយ​ផ្លែផ្កា​មែន»៕

    ប្រភពពី៖ The Guardian

  • ប្រទេស​កំពុងអភិវឌ្ឍន៍៖ សិស្ស​រៀនចំណេះ​ទូទៅ​យូរ​ធ្វើឱ្យ​ការរៀន​ជំនាញ​មាន​ពេល​ខ្លី

    ប្រទេស​កំពុងអភិវឌ្ឍន៍៖ សិស្ស​រៀនចំណេះ​ទូទៅ​យូរ​ធ្វើឱ្យ​ការរៀន​ជំនាញ​មាន​ពេល​ខ្លី

    ការអប់រំ ជា​ធាតុ​គន្លឹះ​យ៉ាងសំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ប្រទេស ព្រោះថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជា​កត្តា​ជំរុញ​ឱ្យកម្លាំង​ពលកម្ម​មាន​ភាព​សកម្ម​លើ​គ្រប់​វិស័យ​ក្នុងសង្គម ទាំង​ផលិតកម្ម សេវាកម្ម និង​ការគ្រប់គ្រង​រដ្ឋបាល​ជាដើម។

    ពាក់ព័ន្ធ​នឹង​ការអប់រំ​នេះ លោក​បណ្ឌិត តាន់ មុនី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី​គ្រុប បានលើកឡើង​នៅក្នុង​ទិវា​ភាពជា​អ្នកដឹកនាំ​ឆ្នាំ 2017 ថា ការបណ្តុះបណ្តាល​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​បាន​ចំណាយ​ពេលវេលា​ច្រើនពេក​លើ​ការបណ្តុះបណ្តាល​ចំណេះដឹង​ទូទៅ តែ​មិនសូវ​ផ្តោត​សំខាន់​ខ្លាំង​លើ​ការសិក្សា​ជំនាញ។ លោក​បាន​បញ្ជាក់ថា វិធីសាស្ត្រ​នៃ​ការបណ្តុះបណ្តាល​នេះ គឺ​ខុសពី​ប្រទេស​អភិវឌ្ឍន៍​ហើយ ព្រោះថា នៅ​ប្រទេស​អភិវឌ្ឍន៍​ហើយធំៗមួយចំនួន គឺ​សិក្សា​ចំណេះដឹង​ទូទៅ​ត្រឹម​មធ្យមសិក្សា​បឋមភូមិ​តែប៉ុណ្ណោះ បន្ទាប់មក​គឺ​គេ​ផ្តោត​ខ្លាំង​លើ​ការបណ្តុះបណ្តាល​ជំនាញ ឬ​តម្រង់​ឆ្ពោះទៅរក​ជំនាញ​ណាមួយ​តែម្តង។

    លោក​បណ្ឌិត តាន់ មុនី​វណ្ណ បាន​និយាយថា៖ «ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​រៀនចំណេះ​ដឹង​ទូទៅ​ដល់​ទៅ 12ឆ្នាំ ដែល​ពេលវេលា​យូរ​នេះ អាចធ្វើឱ្យ​សិស្ស​មិនមាន​ពេល​ច្រើន​ដើម្បី​ហ្វឹកហាត់​ផ្នែក​ជំនាញ»។

    សហគ្រិន​ខាងលើ​បាន​ថ្លែង​ផងដែរ​ថា ចំណុច​សំខាន់​មួយ​ផ្សេងទៀត​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​កំពុង​ជួបប្រទះ​គឺ ពួកគេ​ខ្វះ​ការស្រាវជ្រាវ ព្រោះថា នៅក្នុង​ប្រទេសនីមួយៗ អាចមាន​សាកលវិទ្យាល័យ​ច្រើន តែ​មិនសូវមាន​សកម្មភាព​ខ្លាំង​លើ​ការស្រាវជ្រាវ​នោះទេ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការពិបាក​ក្នុងការ​អភិវឌ្ឍ។ តែ​ទោះជា​យ៉ាងនេះ​ក្តី ជា​ដំណោះស្រាយ លោក​បណ្ឌិត បានស្នើ​សុំឱ្យ​មានការ​បណ្តុះ​បណ្តាល​ជំនាញ​ឱ្យបាន​ខ្លាំង​ដល់​សិស្ស ហើយ​ធ្វើយ៉ាងណា​រៀបចំ​ថវិកា​សម្រាប់​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សក្តានុពល​ខ្លាំង៕

  • ព័រ​ទុយ​ហ្គា​ល់ និង​បារាំង ឈ្នះ​កៅអី​ទៅ World Cup ខណៈ​ហូ​ឡង់ ធ្លាក់

    ព័រ​ទុយ​ហ្គា​ល់ និង​បារាំង ឈ្នះ​កៅអី​ទៅ World Cup ខណៈ​ហូ​ឡង់ ធ្លាក់

    ក្រុម​ម្ចាស់​ជើងឯក​ប្រចាំ​ទ្វីបអឺរ៉ុប ព័រ​ទុយ​ហ្គា​ល់ បានឈ្នះ​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំក្រោយ តាមរយៈ​ការកត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស កាលពី​ថ្ងៃ​អង្គារ ក្រោយពី​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​ខ្សែការពារ Johan Djourou បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​កៅអី​ដោយ​ស្វ័យប្រវត្តិ​តែម្តង។

    ខ្សែការពារ​អន្តរជាតិ​ស្វ៊ី​សរូប​នេះ បានធ្វើ​ឲ្យ​បាល់​ចូលក្នុង​សំណាញ់​ទី​ខ្លួនឯង​នៅ​រយៈពេល4នាទីចុងក្រោយ​នៃ​តង់​ទី1  រួចហើយ​ខ្សែបម្រើ​ប្រយុទ្ធ Andre Silva បាន​បំពេញ​ជ័យជម្នះ​ឱ្យ​ក្រុម​របស់ខ្លួន​នៅ​នាទី​ទី57តែម្តង ខណៈដែល​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​តាម​ស្មើ27ពិន្ទុ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ដើម្បី​បញ្ចប់​ដោយ​ការ​ឈរលើ​លេខ1ក្នុង​ពូ​ល D ដោយសារ​តែមាន​គ្រាប់​បាល់​ច្រើនជាង។ ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស បាន​នាំមុខ​នៅក្នុង​ពូ​ល​នេះ ចាប់តាំងពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ 2-0 ក្នុង​ទីក្រុង Basel ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​របស់​ពួកគេ កាលពី​ខែកញ្ញា ឆ្នាំមុន​មកម្ល៉េះ និង​បាន​បន្ត​ឈ្នះ​រាល់​ការប្រកួត​ទាំង 9លើក នៅ​មុនពេល​ការប្រកួត​ក្នុង​ទីក្រុង Lisbon កាលពី​ថ្ងៃ​អង្គារ ស្រប​ពេលដែល​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​បន្ត​ឈ្នះ8លើកជាប់ៗគ្នា។ បច្ចុប្បន្ន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស នឹង​ឈានទៅ​កាន់ការ​ចាប់ឆ្នោត​សម្រាប់​វគ្គ Playoff នៅ​ថ្ងៃទី17 ខែតុលា ខាងមុខនេះ។

    ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Antoine Griezmann បា​នរក​គ្រាប់​បាល់1គ្រាប់ និង​បាន​ជួយ​ឲ្យ Olivier Giroud រកបាន1គ្រាប់​ផ្សេងទៀត ខណៈដែល​ក្រុម​ជម្រើសជាតិ​បារាំង បាន​កក់​កៅអី​របស់​ពួកគេ​ក្នុង​យុទ្ធនាការ World Cup នៅ​ឆ្នាំក្រោយ តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​បេឡា​រុស 2-1 នា​កីឡដ្ឋាន Stade de France ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល A របស់​ពួកគេ​កាលពី​ថ្ងៃ​អង្គារ។

    ដោយឡែក ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​ធ្លាក់​ចេញពី​យុទ្ធនាការ បើទោះបីជា​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត 2-០ ក្នុង​ពូ​ល A ដូចគ្នានេះ​ក៏ដោយ។ បារាំង និង​ព័រ​ទុយ​ហ្គា​ល់ នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក អេ​ស្ប៉ា​ញ អង់គ្លេស អ៊ី​ស្លង់ អាល្លឺម៉ង់ ប៉ូឡូញ ស៊ែ​ប៊ី និង​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុងការ​ឈ្នះ​កៅអី World Cup ពី​វគ្គ​ជម្រុះ​នៅ​តំបន់​អឺរ៉ុប។ ក្រុម​ទាំង8ដែល​ត្រូវ​ឈ្នះ​កៅអី​ទៅ​ប្រកួត​វគ្គ Playoff រួមមាន​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស អ៊ីតាលី ក្រូ​អាស៊ី ដា​ណឺ​ម៉ាក អៀរ​ឡង់​ខាងជើង ស៊ុយអែត សាធារណរដ្ឋ​អៀរ​ឡង់ និង​ក្រុម​ជម្រើសជាតិ​ក្រិ​ក៕

    ប្រភពពី៖ The Guardian

  • តើ​អាហារ​កាក​សរសៃ​សំខាន់​ចំពោះ​កូនតូច​យ៉ាងណាខ្លះ?​

    តើ​អាហារ​កាក​សរសៃ​សំខាន់​ចំពោះ​កូនតូច​យ៉ាងណាខ្លះ?​

    ការ​ញ៉ាំ​អាហារ​របស់​កូនតូច​វ័យ​តេះតះ​នោះ អាច​ញ៉ាំ​បាន​ច្រើនបែប​ច្រើនយ៉ាង​បាន​ដូច​មនុស្ស​ធំ​ហើយ គ្រាន់តែ​ត្រូវ​មើល​ពី​ជំនាញ​ក្នុងការ​ទំពា​របស់​កូន​បន្តិច​សិន​ប៉ុណ្ណោះ ព្រោះ​ក្មេង​ខ្លះ​ពូកែ​ទំពា​ចូលចិត្ត​ទំពា​នឹង​ធ្វើឱ្យ​ឆាប់​ញ៉ាំ​អាហារ​រឹងល្មមៗបាន។ ក្មេង​ណា​ដែល​មិនសូវ​ចូលចិត្ត​ទំពា ឬ​ឪពុកម្តាយ​ច្រើនតែ​កិន​អាហារ​ឱ្យ​ម៉ដ្ឋ​ឱ្យ​ញ៉ាំ​ជានិច្ច​នោះ នឹង​ក្រចេះ​ទំពា តែ​យ៉ាងណាក៏ដោយ អាហារដែល​សំខាន់​សម្រាប់​ក្មេង​វ័យ​នេះ​លែង​សូវ​ជា​ទឹកដោះ​ហើយ តែ​ជា​អាហារ​ទាំង5ប្រភេទ​ក្រុម ដែល​យើង​ស្គាល់​ច្បាស់​ហ្នឹងឯង។លេខ​នេះ ឡា​រ៉ែ​ន នឹង​នាំ​អ្នក​ម្តាយ​ឱ្យបាន​ស្គា​ល់ពី​អាហារ​កាក​សរសៃ ដែល​ក៏​ជា​ចំណែក​មួយ​របស់​បន្លែ ផ្លែឈើ ដែល​សំខាន់​មិន​ចាញ់​សារធាតុ​អាហារ​ដទៃទៀត​ឡើយ។

    អ្វី​ទៅជា​អាហារ​កាក​សរសៃ?

    កាក​សរសៃ​អាហារ គឺជា​ខា​បូ​ហាយ​ដ្រេ​ត ម៉ូលេគុល​ធំ មាន​ទាំង​ប្រភេទ​រលាយ​ក្នុង​ទឹក និង​មិន​រលាយ​ក្នុង​ទឹក ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​បន្លែ​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ។ កាក​សរសៃ​អាហារ​នឹងមិន​ត្រូវបាន​បឺត​ជ្រាប​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ទេ តែ​នឹងធ្វើ​ដំណើរ​ទៅ​រហូតដល់​ពោះវៀនធំ មាន​តួនាទី​បោសសម្អាត​អ្វីដែល​រាងកាយ​មិនត្រូវ​ការ ដើម្បី​មិនឱ្យ​មាន​អ្វី​នៅ​សេសសល់​ក្នុង​ពោះវៀនធំ រួច​បញ្ចេញ​មក​ក្រៅ​តាម​លាមក។

    ហេតុ​អី​បានជា​កូនតូច​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ?

    មនុស្ស​ធំ​ក្នុងប្រទេស​យើង ច្រើនតែ​ផ្តល់​ភាព​សំខាន់​ជាមួយ​អាហារ​ពពួក​ប្រូ​តេ​អុ​ី​ន​ខ្លាំង​ជាង ព្រោះ​ជា​ចំណែក​ដែល​ធ្វើឱ្យ​រូបរាងកាយ​ចម្រើន​ធំធាត់ តែ​រាងកាយ​នឹង​ធំធាត់​ឡើង​យ៉ាង​រឹងប៉ឹង​មាំមួន​ល្អ​នោះ ត្រូវ​បានទទួល​អាហារ​ដែល​ច្រើនបែប​ច្រើនយ៉ាង​ក្នុង​បរិមាណ​ដ៏​សមរម្យ​មួយ រួមជាមួយ​ការហាត់​ប្រាណ និង​រួមទាំង​អាហារ​កាក​សរសៃ​ផងដែរ។ កុមារ​ក្នុង​វ័យ​នេះ​ជាច្រើន​នាក់​មាន​បញ្ហា​ក្នុងការ​បន្ទោបង់ ដោយសារតែ​ញ៉ាំ​បន្លែ ផ្លែឈើ​បាន​តិចពេក ឬ​ញ៉ាំ​ទឹកស្អាត​មិនបាន​គ្រប់គ្រាន់ ធ្វើឱ្យ​កើត​បញ្ហា​ទល់លាមក​ឡើង​ញឹកញាប់​ដែល​វា​អាច​នឹង​ក្លាយជា​ទម្លាប់​រហូតដល់​វ័យ​ធំ និង​ក្លាយជា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​នៅ​ទីបំផុត​ក៏​អាច​ថា​បានដែរ។ដូច្នេះ​ការ​ញ៉ាំ​អាហារ​ដែលមាន​កាក​សរ​សៃ​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់ នឹង​ជួយ​ឱ្យ​ការធ្វើការងារ​របស់​ពោះវៀន​ល្អ​ឡើង កាត់បន្ថយ​អាការ​ទល់លាមក​ដល់​កូនតូច​វ័យ​រពឹស​បាន​ទៀតផង។

    ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ​ក្នុង​បរិមាណ​ប៉ុន្មាន​ក្នុង​មួយថ្ងៃ?

    ជា​ប្រក្រតី​មនុស្ស​ធំ​គួរ​បានទទួល​បរិមាណ​អាហារ​កាក​សរសៃ​ជា​មធ្យម​ពី25-30ក្រាម​ក្នុង​មួយថ្ងៃ តែ​សម្រាប់​ក្មេង​ដែលមាន​អាយុ​ចន្លោះ​ពី1-8ឆ្នាំ​នោះ គួរ​បានទទួល​អាហារ​កាក​សរសៃ​ពី14-18ក្រាម​ក្នុង​មួយថ្ងៃ​បរិមាណ​នេះ​មិនមែន​មានន័យថា​ត្រូវតែទៅ​ថ្លឹង​ចំនួន​បន្លែ​ផ្លែឈើ​ឱ្យ​ត្រឹមត្រូវ​នាំ​តែ​ពិបាក​នោះទេ គ្រាន់តែ​ក្នុងពេល​ញ៉ាំ​អាហារម្តងៗត្រូវមាន​មុខម្ហូប

    ដែលជា​បន្លែ និង​បង្អែម​ដែលជា​ផ្លែឈើ​ស្រស់ ឬ​គ្រាប់សណ្តែកផ្សេងៗតែប៉ុណ្ណោះ។ការ​ញ៉ាំ​អាហារ​ប្រភេទ​គ្រាប់សណ្តែក ក៏មាន​ចំណុច​មិនល្អ​ដូចគ្នា​ដែរ គឺ​បើ​ញ៉ាំ​ច្រើន​ជ្រុល​ពេក​នឹង​ធ្វើឱ្យ​កើតមាន​ខ្យល់​នៅក្នុង​ពោះ​ច្រើន និង​ឆ្អល់ពោះ ព្រោះតែ​មានការ​សាង​ហ្កា​ស់​ឡើង​ច្រើន (ដូចដែល​យើង​ច្រើនតែ​និយាយថា ញ៉ាំ​សណ្តែកដី​ហើយ​ដើរខ្យល់​ហ្នឹងឯង) ដូច្នេះហើយ​ទើប​ការ​ញ៉ាំ​អាហារ​ឱ្យមាន​តុល្យភាព​គឺជា​រឿង​សំខាន់​មួយ​ដែល​លោកឪពុក​អ្នក​ម្តាយ​ត្រូវ​ចាត់​ការឱ្យ​កូនតូច​ក្នុង​វ័យ​នេះ។

    អាហារ​កាក​សរសៃ… អ្នក​ជួយ​ពោះវៀនគុណប្រយោជន៍​របស់​អា​ហារ​កាក​សរសៃ​មាន​ច្រើនណាស់ ដូចជា ៖

    -ការពារ​អាការ​ទល់លាមក ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បាន​តាម​ប្រក្រតី។
    -ការពារ​ការ​បឺត​ជ្រាប​របស់​សារធាតុបង្កមហារីក អាហារ​កាក​សរសៃ​នឹង​ជួយ​បណ្តេញ​សារធាតុពុល​ចេញពី​រាងកាយ​បាន​លឿន(តាម​លាមក)និង​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការកើត​មហារីក ពោះវៀនធំ។
    -ការពារ​រោគ​បាន​ច្រើន​ប្រភេទ ដូចជា រោគ​ធាត់ រោគ​ទឹកនោមផ្អែម និង​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់​ជាដើម។
    -កាត់បន្ថយ​ភាព​ប្រថុយ​នឹង​ការ​កើតរោគ​បេះដូង។

    អាហារ​ដែលមាន​កាក​ស​រ​សៃ​ខ្ពស់​មានដូចជា ៖

    ផ្លែឈើ៖ ផ្លែ​ប៉ោម ផ្លែ​សារី ត្របែក ល្ហុង​ទុំ ចេក ក្រូចពោធិ៍សាត់ ពុទ្រា ស្វាយ​ខ្ចី និង​ពោត។ល។
    បន្លែ៖ ស្នៀតពោត ការ៉ុត ផ្សិតត្រចៀកកណ្តុរ សណ្តែកកួរ ស្ពៃក្តោប ស​ណ្តែ​ង​សៀង​ជប៉ុន កញ្ឆែត និង​ត្រប់​ពុត​រំ​ញ​ង។ល។
    គ្រាប់​ធញ្ញជាតិផ្សេងៗ៖ អង្ករសំរូប គ្រាប់​ផ្កាឈូក​រត្ន សណ្តែកខៀវ គ្រាប់ល្ង សណ្តែកក្រហម និង​សណ្តែក​លឿង។ល។
    អាហារ​ផ្សេងទៀត៖ នំប៉័ង​ហូល​វិធ និង​គ្រាប់​ជី។ល៕

  • រដ្ឋាភិបាល​គ្រោង​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន 2កន្លែង​ថែមទៀត

    រដ្ឋាភិបាល​គ្រោង​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន 2កន្លែង​ថែមទៀត

    ភ្នំពេញ៖ ក្នុង​គោលដៅ​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន (Passport) ចំនួន 2កន្លែង​ថែមទៀត​នៅក្នុង​ខេត្ត​ជិត​ព្រំដែន​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ទទួលបាន​សេវា​នៅ​ទីតាំង​ថ្មី​នេះ។

    សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ កតិកាសញ្ញា​ជាស​កល ស្តីពី​ទេសន្តរប្រវេសន៍ ប្រកបដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃទី10 តុលា​នេះ​ថា ដើម្បី​ធ្វើការ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ ចៀសវាង​កើតមាន​គ្រោះថ្នាក់​ក្នុងពេល​ចេញទៅ​ធ្វើការ​ក្រៅប្រទេស  រដ្ឋាភិបាល​បានសម្រេច​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​ពីរ​កន្លែង​បន្ថែមទៀត​គឺ នៅក្នុង​ខេត្តបាត់ដំបង និង​ក្នុង​ខេត្តបន្ទាយមានជ័យ ជាទី​ដែល​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ច្រើនជាងគេ និង​បន្តទៅ​ប្រទេស​ទី 3 ថែមទៀត។

    ស្របពេល​ជាមួយគ្នានេះដែរ សម្តេច​ក៏បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​ព្រំដែន​បិទ​ច្រករបៀង​នានា​នៅតាម​ព្រំដែន ព្រោះថា ទីតាំង​ទាំងនោះ​ហើយ​ដែល​ពលករ អាច​ចេញទៅ​ធ្វើការ​ដោយ​ខុសច្បាប់ និង​បង្កឱ្យមាន​គ្រោះថ្នាក់​កើតឡើងជារឿយៗនៅ​ប្រទេស​ផ្សេង ជួនកាល​ត្រូវបាន​មេខ្យល់​នាំយកទៅ​ធ្វើការ​ដោយ​មិនដឹង​គោលដៅ​ច្បាស់លាស់ ឬ​ពេលខ្លះ​ត្រូវ​សមត្ថកិច្ច​គេ​ចាប់​ដាក់​ពន្ធ​ធនាគារ ឬ​ចាប់​បញ្ជូនមក​ស្រុកកំណើត​វិញ មាន​ចំនួន​មិនតិចជាង100នាក់​ទេ​ក្នុងមួយថ្ងៃ។

    សម្តេច​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​គួរ​កុំ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន ព្រោះថា​អាច​នឹងមាន​គ្រោះថ្នាក់​កើតឡើង​ដល់​ខ្លួន ហើយ​ករណីនេះ អាជ្ញាធរ​ព្រំដែន​ត្រូវតែមាន​វិធានការ​រឹតបន្តឹង ចៀសវាង​ការធ្វើ​ចំណាកស្រុក​ដោយ​គ្មាន​ឯកសារ​ច្បាស់លាស់៕