Author: វល័ក្ខ

  • រកឱ្យឃើញ​សក្តានុពល​ពិត​របស់ខ្លួន​ជាមុនសិន សឹម​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ

    រកឱ្យឃើញ​សក្តានុពល​ពិត​របស់ខ្លួន​ជាមុនសិន សឹម​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ

    ការស្វែងរក​សក្តានុពល​ពិត​របស់​ខ្លួនឯង ជា​ធាតុ​សំខាន់​មួយ​ដែល​សិស្ស​ត្រូវតែ​ដឹង​មុនពេល​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ តែ​គួរឱ្យ​សោកស្ដាយ​ណាស់​ដែលមាន​សិស្ស​ជាច្រើន​មិនសូវ​បាន​រកឃើញ​ក្តី​ស្រមៃ​ពិតប្រាកដ ដែល​កត្តា​នេះហើយ​ធ្វើឱ្យ​ពួកគេ​ជ្រើសរើស​ជំនាញ​ខុសពេល​សិក្សា​នៅ​មហាវិទ្យាល័យ។

    ស្ថាប័ន​អប់រំ​សំខាន់​នានា​លើ​ពិភពលោក បានបង្ហាញ​ពី​វិធីផ្សេងៗគ្នា ដែល​សូម្បីតែ​គេហទំព័រ​អប់រំធំៗជាច្រើន​បានបង្ហាញ​នូវ​វិធីខុសៗគ្នា តែ​ជារួម​វិញ យើង​ឃើញថា វិធី​ស្វែងរក​សក្តានុពល​របស់​មនុស្ស​មាន​ដូចខាងក្រោម​នេះ៖

    1. ស្វែងយល់​ខ្លួនឯង​ដោយ​យក​ទ្រឹស្តី​ពហុ​បញ្ញា​ជា​គោល

    មនុស្សម្នាក់ៗមាន​សក្តានុពលផ្សេងៗគ្នា តែ​នៅ​ក្នុងនោះ​លោក Howard Gardner ដែលជា​អ្នក​ចិត្តសាស្ត្រ​ល្បីល្បាញ​មួយរូប បាន​សង្ខេប​ពី​សក្តានុពលសំខាន់ៗរបស់​មនុស្ស​ទាំងអស់​ជា 8 ផ្នែក​គឺ

    ផ្នែក​ទី1 មនុស្ស​ពូកែ​ផ្នែក​ភាសា

    ផ្នែក​ទី2 មនុស្ស​ពូកែ​ផ្នែក​តក្ក​វិទ្យា និង​គណិតវិទ្យា

    ផ្នែក​ទី3 មនុស្ស​ពូកែ​ផ្នែក​តន្ត្រី

    ផ្នែក​ទី4 មនុស្ស​ពូកែ​ផ្នែក​រាងកាយ និង​ចលនា

    ផ្នែក​ទី5 មនុស្ស​ពូកែ​ក្នុងការ​ស្មាន​ពី​ទ្រង់ទ្រាយ​ក្នុង​លម្ហ

    ផ្នែក​ទី6 មនុស្ស​ពូកែ​យល់​ពី​ខ្លួនឯង

    ផ្នែក​ទី7 មនុស្ស​ពូកែ​ទំនាក់ទំនង​បុគ្គល​ដទៃ ឬ​ពូកែ​ស្វែងយល់​ពី​អ្នកដទៃ

    និង​ផ្នែក​ទី8 គឺ​មនុស្ស​ពូកែ​ផ្នែក​ធម្មជាតិ។

    នៅក្នុង​ផ្នែក​ទាំងអស់នេះ មនុស្សម្នាក់ៗតែងតែមាន​ជំនាញ ឬ​មាន​សក្តានុពល​ខ្លាំង​បំផុត 1 ហើយ​បូក​រួមទាំង​សក្តានុពល​បន្ទាប់បន្សំ​ដែល​បូក​បញ្ចូល​ជាមួយនឹង​ផ្នែកផ្សេងៗមួយចំនួនទៀត ដែល​ទាមទារ​ឱ្យ​មនុស្សម្នាក់ៗ ជាពិសេស​សិស្ស​ដែល​ត្រៀម​ជ្រើសរើស​ជំនាញ​សិក្សា​ត្រូវ​សង្កេត​ឱ្យបាន​ដិតដល់​ថា តើ​ខ្លួនឯង​ជា​មនុស្ស​ប្រភេទ​ណា។

    2. រកឱ្យឃើញ​នូវ​អ្វីដែល​ខ្លួន​ចូលចិត្ត​បំផុត

    ការស្រឡាញ់ ជំ​រុញឱ្យ​មនុស្ស​មាន​សក្តានុពល ព្រោះ​នៅពេលដែល​មនុស្ស​ស្រឡាញ់​អ្វីមួយ​ខ្លាំង គេ​នឹង​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សម្រេច ឬ​យក​ឱ្យបាន​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់​នោះ។ សម្រាប់​សិស្ស​និស្សិត​ក៏​ដូចគ្នា​ដែរ សូមអ្នក​ស្វែងរក​ឱ្យឃើញ​នូវ​ទម្លាប់សាមញ្ញៗទាំងឡាយណា​ដែល​អ្នក​គិតថា ធ្វើ​វា​ហើយ​សប្បាយចិត្ត​បំផុត ដូចជា​ការចូល​ចិត្ត​សរសេរ​ខ្លាំង ចូលចិត្ត​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ខ្លាំង ចូលចិត្ត​រៀបចំផ្ទះ​ខ្លាំង ចូលចិត្ត​អាន​សៀវភៅ​ខ្លាំង ចូលចិត្ត​ធ្វើ​លំ​ហាត់​ខ្លាំង ឬ​ចូលចិត្ត​ការនិយាយ​ខ្លាំង​ជាដើម។ បន្ទាប់មក​អ្នក​អាច​ស្វែងយល់​ឱ្យ​កាន់តែ​លម្អិត​លើ​ជំនាញ​មួយចំនួន​ថា មាន​ជំនាញ​អ្វីខ្លះ​ដែល​ត្រូវ​នឹង​ចំណូលចិត្ត ហើយ​ដែល​អ្នក​គិតថា បានធ្វើ​វា​ហើយនឹង​មិនចេះ​ធុញទ្រាន់​អស់​មួយជីវិត។

    3. ព្យាយាម​ស្គាល់​អាជីព​ឱ្យបាន​ច្រើន

    អាជីព​នៅលើ​ពិភពលោក​មាន​ច្រើនណាស់ ហើយ​ក៏មាន​អាជីព​ជាច្រើន​ដែល​មនុស្ស​មិនបាន​ដឹង​ពី​សារៈសំខាន់​របស់​វា ហេតុនេះហើយ​ទើប​មាន​អាជីព​ខ្លះ​មិនសូវ​សំខាន់​តែមាន​មនុស្ស​រៀន​ច្រើន ហើយ​ខ្លះទៀត​សំខាន់​ហើយ​ល្អ តែ​មនុស្ស​មិន​ព្រម​រៀន។ តាមពិតទៅ តាម​ការស្រាវជ្រាវ​រប​ស់​អ្នក​អប់រំ​នៅ​កម្ពុជា​ជាច្រើន​សុទ្ធតែ​បាន​សន្និដ្ឋាន​ដូចគ្នា​ថា ការជ្រើសរើស​មុខវិជ្ជា​ខុស​របស់​និស្សិត​កម្ពុជា​អាចមកពី​កត្តា​មិន​ស្គា​ល់ពី​គុណ​តម្លៃពិត​ប្រាកដ​របស់​មុខវិជ្ជា​ឱ្យបាន​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគេ​ខ្វះ​ជម្រើស​ក្នុងការ​សិក្សា​អ្វីដែល​ថ្មី ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត ហើយ​សង្គម​កំពុង​ត្រូវការ​ខ្លាំង៕

  • ចិន​នឹង​បោះទុន $700លាន សង់​មជ្ឈមណ្ឌល​ទេសចរណ៍​នៅ​កម្ពុជា

    ចិន​នឹង​បោះទុន $700លាន សង់​មជ្ឈមណ្ឌល​ទេសចរណ៍​នៅ​កម្ពុជា

    ភ្នំពេញ៖ ក្រុមហ៊ុន​ចិន​ដ៍​ដំ​មួយ​គ្រោង​បោះទុន​វិនិយោគ​របស់ខ្លួន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា 700លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ទេសចរណ៍ និង​វប្បធម៌​ដ៏​ធំ​មួយ​នៅក្នុង​ទឹកដី​ប្រាសាទ​អង្គរ ខេត្តសៀមរាប​នៅ​ដើមឆ្នាំ 2018 ខាងមុខ។

    ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី11 ខែតុលា ម្សិលមិញ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់​នៅ​ក្រុមហ៊ុន USunhome ដែល​ស្ថិតនៅក្នុង​ខេត្ត​Sichuan ប្រទេស​ចិន ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក្រុមហ៊ុន​ចិន​បាន​ស្នើសុំ​សាងសង់​មជ្ឈមណ្ឌល​ទេសចរណ៍ និង​វប្បធម៌​ដ៍​ធំ​មួយ​ក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា។

    ឆ្លើយតប​សំណើ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើ​ទៅវិញ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សាងសង់​គម្រោង​មជ្ឈមណ្ឌល​នេះ​ឱ្យបាន​ឆាប់ ដើម្បីឱ្យ​អ្នកទេសចរ​ចិន និង​អ្នកទេសចរ​បរទេសផ្សេងៗទៀត មក​ទស្សនា​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន។

    ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា វិនិយោគិន​ចិន​នៅ​កម្ពុជា​ឈរលើ​លំដាប់​លេខ1ក្នុង​ឆ្នាំ2016 មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ11ពាន់​លាន​ដុល្លារ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ថាមពល សេវាកម្ម សំណង់ និង​វិស័យផ្សេងៗទៀត ជាពិសេស​ក្នុង​ការកសាង​ផ្លូវថ្មីៗ និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ព្រមទាំង​វា​រី​អគ្គិសនី​ជាច្រើន​ទៀត​ដែលនាំឱ្យ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​កាន់តែ​ចុះថោក។ ទន្ទឹមនឹងនេះ ចិន​ក៏បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ឥណទាន សម្បទាន និង​ជំនួយផ្សេងៗដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់ក​ម្ពុ​ជា​ផងដែរ។

    គួររំឭកថា ក្នុង​ឆ្នាំ2016កន្លងទៅ កម្ពុជា​បានទទួល​អ្នកទេសចរ​ចិន​ចំនួន​ជាង 80ម៉ឺន​នាក់ ហើយ សង្ឃឹមថា នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ប្រមាណ 1លាន​នាក់ ក្នុង​ឆ្នាំ2017នេះ និង​ប្រមាណ 2លាន​នាក់​នៅ​ឆ្នាំ2020៕

  • ការ​ព្យាករ៖  វិស័យ​ឧស្សាហកម្ម​កាត់ដេរ ឆ្នាំ2017ធ្លាក់ចុះ​ជាង​ឆ្នាំមុន

    ការ​ព្យាករ៖  វិស័យ​ឧស្សាហកម្ម​កាត់ដេរ ឆ្នាំ2017ធ្លាក់ចុះ​ជាង​ឆ្នាំមុន

    ភ្នំពេញ៖ ការ​ព្យាករ​ថ្មី​មួយ​បាន​បង្ហាញថា កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន​ដោយសារ​ការធ្លាក់ចុះ​នៃ​វិស័យ​កាត់ដេរ ដែល​កើតចេញពី​កត្តាផ្សេងៗមួយចំនួន ដូចជា​កត្តា​ប្រាក់​ឈ្នួល (ប្រាក់ខែ​កម្មករ) និង​ការបញ្ជាទិញ​របស់​វិនិយោគិន​ក្រៅប្រទេស ជាដើម។

    របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រចាំឆមាស​ទី1 ឆ្នាំ2017នេះ បង្ហាញថា វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា នឹងមាន​ការថយចុះ​បន្តិច​ក្នុង​អត្រា9.2% នៅ​ឆ្នាំ2017  ដោយសារ​ការធ្លាក់ចុះ​នៃ​កំណើន​ក្នុង​វិស័យ​កាត់ដេរ ដែល​ទាមទារ​ឱ្យ​មានការ​ប៉ះប៉ូវ​ឡើងវិញ​ពី​វិស័យ​ឧស្សាហកម្ម​ដែល​មិនមែន​កាត់ដេរ និង​វិស័យ​សំណង់​ជាដើម។

    ការ​ព្យាករ​នេះ​បង្ហាញថា វិស័យ​កាត់ដេរ​រំពឹងថា​នឹង​ថយ​ចុះមក​នៅត្រឹម 5.8% ដែល​ស្តែងចេញ​តាមរយៈ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ និង​ការ​នាំចូល​វត្ថុធាតុដើម ដែល​រង​នូវ​សម្ពាធ​មួយចំនួន ដូចជា​ការបន្ត​កើនឡើង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា ការប្រកួតប្រជែង​ខ្លាំង​ជាង​មុន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា(ភូមា) បង់​ក្លា​ដែ​ស និង​វៀតណាម និង​ភាពស្ទាក់ស្ទើរ​នៃ​ការបញ្ជាទិញ​ផលិតផល​កាត់ដេរ​របស់​អ្នកវិនិយោគ​ក្រៅប្រទេស​មួយចំនួន​ដែល​ត្រូវ​ប្រើ​រយៈពេល​ផលិត​ខ្លី ដោយសារ​ការបារម្ភរ​បស់​អ្នកបញ្ជា​ទិញ និង​ភាពមិនប្រាកដប្រជា​នៃ​ការបញ្ជូន​ទំនិញ​ទាន់ពេលវេលា។

    ចំណែក​វិស័យ​សំណង់​វិញ ទោះជា​មានការ​លើកឡើង​ពី​កំណើន​រឹងមាំ​មែន ប៉ុន្តែ​ធាតុពិត​បាន​ធ្លាក់​ចុះមក​នៅត្រឹម14.4% ដោយសារ​ឥរិយាបថ​រង់ចាំ​មើលរ​បស់​វិនិយោគិន​ចំពោះ​ព្រឹត្តិការណ៍​បោះឆ្នោត​ដែល​ខិតជិត​មកដល់ និង​វិធានការ​រឹតត្បិត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ជាមួយគ្នានេះ​ការ​ថមថយ​នៃ​វិស័យ​ឧស្សាហកម្ម​ជារួម​ក៏បាន​បំពេញ​វិញ​ខ្លះ​ដែរ​ដោយ​កំណើន​ខ្ពស់​នៃ​វិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ គ្រឿង​ផ្គុំ​អេឡិចត្រូនិក គ្រឿងបន្លាស់ ចំណីអាហារ និង​ភេសជ្ជៈ កង់ និង​គ្រឿងសង្ហារិម​ក្នុង​អត្រា​ប្រមាណ 12.5% ដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​តម្លៃ​ផលិតកម្ម និង​ការនាំចេញ។

    ទោះជា​វិស័យ​ឧស្សាហកម្ម​ធ្លាក់ចុះ​មែន ប៉ុន្តែ​បើ​ក្រឡេកមើល​ពី​វិស័យ​សេវាកម្ម​វិញ ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ល្អប្រសើរ​ជាង​ឆ្នាំ2016 ដោយ​នឹង​អាច​សម្រេចបាន​ក្នុង​រង្វង់ 7.23% ក្នុង​ឆ្នាំ2017នេះ ដោយសារ​ភាពរឹងមាំ​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​លក់ដុំ និង​លក់រាយ ទោះបីជា​វិស័យ​ដឹកជញ្ជូន និង​គមនាគមន៍ និង​វិស័យ​អចលនទ្រព្យ​មានការ​ធ្លាក់ចុះ​បន្តិច​ក៏ដោយ៕

  • ឆាប់ៗខាងមុខនេះ ប្រជាជន​កម្ពុជា​នឹង​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅដល់​ប្រទេស​ចិន

    ឆាប់ៗខាងមុខនេះ ប្រជាជន​កម្ពុជា​នឹង​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅដល់​ប្រទេស​ចិន

    ភ្នំពេញ – ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា​ទៅកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន កម្ពុជា​គ្រោង​នឹង​សាងសង់​ផ្លូវដែក​ថ្មី​ពី​ស្ថានីយ​បាត់ដឹង ខេត្ត​កំពង់​ស្ពី ដើម្បី​ត​ភ្ជាប់​ទៅ​ប្រទេស​វៀតណាម និង​ឆ្ពោះទៅ​ប្រទេស​ចិន ដែល​ផ្លូវដែក​នេះ​នឹងធ្វើ​ការអភិវឌ្ឍ​ទៅតាម​លក្ខណៈ​ស្ដង់ដារ។

    បើ​យោងតាម​លោក ចាន់ សំនៀង ប្រធាន​នាយកដ្ឋាន​ផ្លូវដែក​កម្ពុជា បាន​លើកឡើងថា មិនយូរប៉ុន្មាន​ទៀត​ទេ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​កសាង​ផ្លូវដែក​ថ្មី​ពី​ស្ថានីយ​បាត់ដឹង ឆ្ពោះទៅ​ប្រទេស​វៀតណាម​ដែលមាន​ចម្ងាយ​ផ្លូវ 257គីឡូម៉ែត្រ​ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន ដើម្បី​សាងសង់​ឱ្យ​ត្រឹមត្រូវ​តាម​ស្ដង់ដារ។

    គម្រោង​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ត​ភ្ជាប់​កម្ពុជា​ទៅនឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ ឆ្ពោះទៅកាន់​ខេត្ដ​ឃុន​នី​ង នៃ​ប្រទេស​ចិន។ គម្រោង​នេះ​នឹងធ្វើ​ទៅតាម​ស្ដង់ដារ​ទំហំ​ហ្គេ​ដដែល​មាន​ទទឹង1,435 មី​ល្លី​ម៉ែត្រ ដែល​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​កំពុងតែ​អនុវត្ដ​ទៅតាម​ស្ដង់ដារ​នេះ​ទាំងអស់ ខណៈ​ប្រទេស​កម្ពុជា និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​កំពុងតែបន្ដ​ប្រើប្រាស់​ទំហំ​ផ្លូវ​ក្នុង​ខ្នាត1,000មី​ល្លី​ម៉ែត្រ។

    លោក​បន្ដថា ជាមួយគ្នានេះ​កម្ពុជា​ក៏​កំពុងតែ​ស្ដារ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុ​ជាត​ភ្ជាប់​ទៅ​ប្រទេស​ថៃ​ដោយ​ជួសជុល​ផ្លូវដែក​ពី​ប៉ោយប៉ែ​តទៅ​មង្គលបុរី និង​ជួសជុល​ផ្លូវដែក​ពី​មង្គលបុរី​ទៅ​បាត់ដំបង ដែល​គ្រោង​នឹង​បញ្ចប់​ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ ការជួសជុល​ផ្លូវដែក​ពី​ខេត្ដ​ពោធិ៍សាត់​ទៅ​បាត់ដំបង​ក៏​គ្រោង​នឹង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ2018ខាងមុខនេះ​ផងដែរ។ ក្នុងករណី​មាន​ថវិកា​គ្រប់គ្រាន់​កម្ពុជា​ក៏​នឹង​អាច​បញ្ចប់​ការជួស​ជុស​ផ្លូវដែក​ពី​ពោធិ៍សាត់​មក​ស្ថានីយ​បាត់ដឹង ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ និង​ដឹកទំនិញ​តាមផ្លូវ​ដែក​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ឡើង៕

  • តើ​គួរ​ទិញ​អចលនទ្រព្យ​មុនពេល​បោះឆ្នោត ឬ​ត្រូវ​រង់ចាំ​ក្រោយ​បោះឆ្នោត?

    តើ​គួរ​ទិញ​អចលនទ្រព្យ​មុនពេល​បោះឆ្នោត ឬ​ត្រូវ​រង់ចាំ​ក្រោយ​បោះឆ្នោត?

    ជាទូទៅ​នៅពេល​ការបោះឆ្នោត​ជិត​ចូលមក​ដល់ម្តងៗគេ​សង្កេតឃើញថា សកម្មភាព​ក្នុង​វិស័យ​អចលនទ្រព្យ​តែងមាន​ការប្រែប្រួល​ដោយ​ចៀស​មិន​ផុត​នោះឡើយ។ នៅ​ឆ្នាំ2018 ខាងមុខ​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោតជាតិ​ម្តងទៀត។ តើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​នឹងមាន​ការប្រែប្រួល​បែបណា?

    លោកស្រី តាំង ហួរ អគ្គនាយិកា​ក្រុមហ៊ុន អមតៈ​ប្រ​ផឹ​ធី សឺ​វី​ស បាន​ប្រាប់ថា នៅពេល​ការបោះឆ្នោត​ជិត​ចូល​មកដល់ មិន​ថា​ប្រទេស​ណា​នោះទេ​គឺ​តម្លៃ​អចលនទ្រព្យ​អាច​នឹង​ស្ថិតនៅ​ទ្រឹង​មួយរយៈ​ដោយសារតែ​គ្រប់គ្នា​សុទ្ធតែ​រង់ចាំ​មើល​ការបោះឆ្នោត​រួចរាល់។ បន្ទាប់ពី​ការបោះឆ្នោត​រួចរាល់ សកម្មភាព​ទិញ លក់ នឹងមាន​ភាព​មមាញឹក​ឡើងវិញ។

    ករណីនេះ​លោកស្រី តាំង ហួរ បាន​អះអាងថា បើ​ក្រឡេកមើល​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​បើទោះបីជា​ការបោះឆ្នោត​ជិត​ឈានចូល​មកដល់​ក៏ដោយ ប៉ុន្តែ​សកម្មភាព​ទិញ លក់ ដីធ្លី និង​អចលនទ្រព្យ​នានា​នៅមាន​ភាព​ផុលផុស​នៅឡើយ​គ្រាន់តែ​ថា​ហាក់​ថយចុះ​ជាង​មុន​បន្តិច។ ចំណែក​ការប្រកួតប្រជែង​គឺមាន​យុទ្ធសាស្ត្ររៀងៗខ្លួន​ដោយ​ក្រុមហ៊ុន​ខ្លះ​លក់​ក្នុងតម្លៃ​សមរម្យ ហើយ​ក្រុមហ៊ុន​ខ្លះ​លក់​ក្នុងតម្លៃ​ខ្ពស់ ដើម្បី​ចាប់យក​អតិថិជន​លំដាប់ផ្សេងៗគ្នា។

    ទោះបីជា​យ៉ាងណា លោកស្រី​អគ្គនាយិកា​ក្រុមហ៊ុន អមតៈ ប្រ​ផឹ​ធី សឺ​វី​ស បាន​បញ្ជាក់ថា៖“សម្រាប់​ក្រុមហ៊ុន​ដែល​លក់​ក្នុងតម្លៃ​សមរម្យ​នឹងមាន​ការគាំទ្រ​ច្រើនជាង​ក្រុមហ៊ុន​លក់​ក្នុងតម្លៃ​ខ្ពស់។

    កន្លងមក​នៅពេល​ការបោះឆ្នោត​ជិត​ចូល​មកដល់​ប្រជាជន​ខ្មែរ​តែងមាន​ការយល់ឃើញផ្សេងៗគ្នា ដោយ​អ្នកខ្លះ​មិន​ហ៊ាន​ទិញ​ដីធ្លី ឬ​ផ្ទះ​នោះទេ ព្រោះ​ខ្លាច​មាន​បញ្ហា​អស្ថិរភាព​សង្គម ប៉ុន្តែ​អ្នកខ្លះ​ទៀត​បែរជា​គិតថា​ជា​ឱកាស​ទៅវិញ ដោយសារ​តម្លៃ​អចលនទ្រព្យ​មិនសូវ​ឡើង​ខ្លាំង។

    លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន ឃី​រៀល​អុ​ី​ស្ទេ​ត បាន​និយាយថា នៅពេល​ការបោះឆ្នោត​ឆ្នាំ2018 កាន់តែ​ខិតជិត​មកដល់ គេ​សង្កេតឃើញថា​សកម្មភាព​នៃ​ការទិញ​លក់ ដីធ្លី អគារ ផ្ទះល្វែង នៅ​កណ្តាល​ក្រុង​ហាក់​មាន​សភាព​ស្ងាត់​ជាង​មុន​បន្តិច ដោយសារ​ពួកគេ​រង់ចាំ​មើល​សភាព​ការណ៍​ក្រោយពេល​បោះឆ្នោត។

    លោក​បាន​និយាយថា៖ “បច្ចុប្បន្ន​អ្នកមាន​លុយ​គេ​មាន​ទឹកមាត់​ក្នុង​ការចរចា បើ​គេ​ចង់​ទិញ​លុះត្រាតែ​មានការ​ទម្លាក់​ត​ម្លៃ​ចន្លោះ​ពី 20%ទៅ30% បើ​មិន​ដូច្នេះ​គេ​មិន​ទិញ​ទេ ដោយ​គេ​រង់ចាំ​ឱកាស​ចូលមក​ដល់។

    អគ្គនាយក​ក្រុមហ៊ុន ឃី រៀល​អុ​ី​ស្ទេ​ត បាន​បន្តថា កត្តា​ដែល​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កណ្តាល​ក្រុង​នាពេលនេះ​ហាក់​មាន​ភាព​ស្ងាត់​ជាង​មុននេះ​គឺ​ដោយសារ​កត្តា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន​និង​រដូវ​កាល​បោះឆ្នោត​ជិត​ចូលមក​ដល់។ តែ​យ៉ាងណា​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​នៅ​តំបន់​ជាយក្រុង​នៅមាន​ភាពប្រសើរ​ដដែល ពិសេស​ភាគ​ខាងលិច​ឆៀង​ខាងជើង​នៃ​រាជធានី​នៅត្រង់ចំណុច​ផ្សារ​ទំនើប Aeon ទី2 និង​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ក៏មាន​សកម្មភាព​ស្ទុះ​ឡើង​គួរសម​ដែរ ខណៈ​រដ្ឋាភិបាល​ត្រៀម​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី3 ចេញពី​ផ្លូវ​ទំនប់​កប់​ស្រូវ កាត់​តាម​ខេត្តកណ្តាល ឆ្ពោះទៅ​កំពង់ផែ​នៅ​ផ្លូវជាតិ​លេខ1 ក្នុងស្រុក​កៀនស្វាយ។

    លោក សន សៀ​ប បានលើកឡើង​ពីបទ​ពិសោធន៍​កន្លងមក​ថា នៅ​រដូវ​កាល​បោះឆ្នោត​ឆ្នាំ2003 វិស័យ​អចលនទ្រព្យ​មាន​ភាពល្អ​ប្រសើរឡើង​បន្តិចម្តងៗទាំង​មុន និង​ក្រោយពេល​បោះឆ្នោត រហូត

    ដល់​ឆ្នាំ2008 វិស័យនេះ​បាន​ធ្លាក់ចុះ​មួយរយៈ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពី​ស្ទុះ​ងើបឡើង​វិញ​បាន​មួយរយៈ នៅ​ឆ្នាំ2013 ស្ថានភាព​វិស័យ​អចលនទ្រព្យ​បាន​ស្ងប់ស្ងាត់​សាជាថ្មី​ម្តងទៀត ដោយសារ​ឥទ្ធិពល​នយោបាយ។ ក្រោយពេល​ស្ថានភាព​នយោបាយ​មាន​ភាពល្អប្រសើរ វិស័យ​អចលនទ្រព្យ​ក៏​ចាប់ផ្តើម​មានដំណើរ​ការ​ល្អ​រហូតដល់​ពេលនេះ។

    យ៉ាងណាក៏ដោយ លោក​អគ្គនាយក​ក្រុមហ៊ុន ឃី រៀល​អុ​ី​ស្ទេ​ត បាន​អះអាងថា ដោយសារ​កម្ពុ​ជាមាន​ភា​ព​ចាស់ទុំ​ផ្នែក​នយោបាយ​នោះ គេ​រំពឹងថា​សកម្មភាព​អចលនទ្រព្យ​នឹងមាន​ភាពប្រសើរ​ឡើងវិញ​នៅក្រោយ​បោះឆ្នោត​ឆ្នាំ2018។

    សូមជម្រាបថា ទោះជា​វិស័យ​អចលនទ្រព្យ​នាពេលនេះ​ហាក់​មាន​ភាពស្ងប់ស្ងាត់​ជាង​មុន​បន្តិច ប៉ុន្តែ​សកម្មភាព​សាងសង់ផ្សេងៗនៅតែ​រីកចម្រើន​ទៅមុខ​គួរឱ្យកត់សម្គាល់៕

  • គន្លឹះ 9យ៉ាង​ដើម្បី​សុខភាព​ល្អ​

    គន្លឹះ 9យ៉ាង​ដើម្បី​សុខភាព​ល្អ​

    បញ្ហា​សុខភាព​គឺជា​រឿង​មួយ​ដែល​មនុស្ស​យើង​គិតគូរ​ខ្លាំងណាស់​នាពេល​បច្ចុប្បន្ន​នេះ អាច​សង្កេតឃើញ​បាន​តាមរយ:ពេលធ្វើ​បុណ្យ​សុំ​ពរ ឬ​ជូនពរ​គ្នា​ទៅវិញទៅមក​ជាដើម ពាក្យ​ថា “សូមឱ្យ​មាន​សុខភាព​រឹងមាំ” តែង​បានឮ​ជាប់​ជានិច្ច។ កន្លងមកនេះ ទស្សនា​វ​ដ្តី​សុខភាព H to H Magazine នៅក្នុង​សហរដ្ឋអាមេរិក បាន​សរសេ​អត្ថបទ​សុខភាព​មួយ​ដែលមាន​ចំណងជើង​ថា “គន្លឹះ9យ៉ាង ដើម្បី​សុខភាព​ល្អ” ដែល ឡា​រ៉ែ​ន សូម​នាំមក​ជម្រាប​ប្រិយមិត្ត​អ្នកអាន​ជា​បន្ត ដើម្បី​សាកល្បង​អនុវត្តតាម ព្រោះ​មិនមែនជា​រឿង​ពិបាក​ឡើយ។

    1/ ផ្លែ​ប៉ោម

    មួយថ្ងៃ​មួយ​ផ្លែ​ពាក្យស្លោក​ដែលថា «An apple a day, keeps doctor away» គឺជា​រឿង​ត្រឹមត្រូវ​ជានិច្ច។តាមរយ:ការសិក្សា​ស្រាវជ្រាវ​របស់​មហា​វិទ្យា-ល័យ ឡុ​ន​ដុន បាន​រកឃើញថា ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ នឹងធ្វើ​ឱ្យ​ការធ្វើការងាររបស់​សួត​កាន់តែ​ល្អប្រសើរ​ឡើង។ ដោយសារ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ និង​សារធាតុ​នៅក្នុង​ផ្លែ​ប៉ោម​ដែល​ហៅថា Quercetin នឹង​ជួយ​ធ្វើឱ្យ​សួត​រឹងប៉ឹង និង​ធ្វើការ​បាន​យ៉ាង​ត្រឹមត្រូវ។

    2/ ដកដង្ហើមវែងៗយើង​គួរ​ដកដង្ហើម​ឱ្យបានវែងៗ

    ដើម្បី​ពង្រីក​ការធ្វើការងារ​របស់​សួត និង​ធ្វើឱ្យ​រាងកាយ​បានទទួល​អុក​ស៊ី​ហ្ស៊ែ​ន​យ៉ាង​គ្រប់គ្រាន់​ផង តែ​រៀងរាល់​ថ្ងៃនេះ​យើង​ច្រើនតែ​ដកដង្ហើមខ្លីៗ ដោយសារ​តែ​ធ្វើការ​នៅក្នុង​កន្លែង​តូច​ហប់ ឬ​ព្រោះតែ​មិន​បានដឹង​ក៏មានដែរ ដូច្នេះហើយ​ក្នុងមួយថ្ងៃៗចូរ​សាកល្បង​ដកដង្ហើមវែងៗឱ្យបាន​យ៉ាងតិចណាស់​ក្នុង​មួយថ្ងៃ10ដង ដោយ​ត្រូវ​ដកដង្ហើម​ចូល​ឱ្យ​ពោះ​ឡើង​ប៉ោង និង​ដក​ដង្ហើមចេញ​វិញ​ឱ្យ​ពោះ​ឡើង​ផត​ទើប​ត្រឹមត្រូវ​តាម​វិធី។

    3/ ចៀសវាង​យក​បន្លែ​ទៅ​ដាក់​ចម្អិន​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​វ​តាមរយ

    ការស្រាវជ្រាវ​វិភាគ​របស់​ប្រទេស​អេស្បាញ​បាន​រកឃើញថា ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អិន​នៅក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​វ​នឹង​ធ្វើឱ្យ​សារជាតិ​អាហារ​បាត់អស់​ដល់​ទៅ97% ដូច្នេះហើយ​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​បន្លែស្រស់​ទើប​ប្រសើរ​ជាង។

    4/ កម្រើកខ្លួន​ជានិច្ច​

    អ្នក​ដែល​ក​ម្រើ​ខ្លួន ឬ​ធ្វើ​ចលនា​ជាប់​ជានិច្ច​នឹងមាន​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ​ជាង​អ្នក​ដែល​គិតតែ​អង្គុយតែ​មួយកន្លែង។ វិធី​នេះ​ជួយ​ការពារ​អាការ​ចុក​ឆ្អល់ពោះ រួមទាំង​រោគ​ពុក​ឆ្អឹង​ទៀតផង។

    5/ ប្រយោជន៍​របស់​ទឹកដូង​

    ទឹកដូង​គឺជា​ទឹក​ផ្លែឈើ​ដែល​ល្អ​បំផុត​មួយ​ប្រភេទ មាន​ផ្ទុក​សារធាតុ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​គ្រប់​ទាំងអស់​ដូចជា ប៉ូ​តា​ស្យូ​ម ជាតិ​ដែក សូ​ដ្យូ​ម កាល់ស្យូម ផូស្វ័រ អាស៊ីត​អ:មី​ណូ និង​វីតាមីន B ហើយ​ថែមទាំង​មាន​ជាតិ​ស្ករ​គ្លូ​ខូ​ស​ដែល​រាងកាយ​អាច​បឺត​យកទៅ​ប្រើ​ជា​ថាមពល​បាន​ភ្លាម​តែម្តង មាន​សារធាតុ​ខ្លាញ់​ដែលមាន​ប្រយោជន៍​ដល់​រាងកាយ និង​មាន​ប្រយោជន៍​ក្នុងការ​បណ្តេញ​សារជាតិ​ពុល​ចេញពី​រាងកាយ​ទៀតផង។

    6/ ពេល​គ្រុន​ក្តៅខ្លួន មិនគួរ​ទទួលទាន​ផ្លែ​ត្របែក​ទេ

    ​នៅក្នុង​ផ្លែ​ត្របែក​មាន​រ៉ែ​ប៉ូ​តា​ស្យូ​ម​ខ្ពស់។ នៅពេល​គ្រុន រាងកាយ​នឹងមាន​សីតុណ្ហភាព​ឡើង​ខ្ពស់ ការទទួល​ទាន​អាហារ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ អាច​នឹង​ហុច​ផល​ឱ្យ​កើត​អាការ​ប្រកាច់​បាន។

    7/ ទទួលទាន​ក្រូច​ជួយ​កែ​អាការ​ធុញទ្រាន់ នឿយណាយ​បាន

    ការ​ទទួលទាន​ផ្លែក្រូច​ដោយ​បកសម្បក​ខ្លួនឯង នឹង​បាន​ធុំក្លិន​ក្រូច​ដែល​នឹង​ជួយ​ឱ្យមាន​អា-រ​ម្មណ៍​ធូរស្រាល ហើយ​វីតាមីន C ដែល​រាងកាយ​បានទទួល​ពី​ផ្លែក្រូច​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់ នឹង​ជួយ​ជម្រុញ​ឱ្យ​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​ដែល​ធ្វើឱ្យ​បាត់​ភាព​ធុញថប់​តឹងតែង​ក្នុង​ចិត្ត​បានល្អ​ទៀតផង។

    8/ ទទួលទាន​អាហារ​ពេលព្រឹក​ជួយ​ការពារ​រោគ​ភ្លេចភ្លាំង​

    អាហារ​ពេលព្រឹក​ជួយ​ប្រឆាំង​ការបង្ក​ក​ខ្លួន​របស់​ឈាម ព្រោះ​ឈាម​នៅពេល​ព្រឹក​នឹង​ងាយ​បង្កក​ខ្លួន​ជាង​ពេល​ប្រក្រតី ដូច្នេះ​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឱ្យបាន​ទៀងទាត់ ដើម្បីឱ្យ​ខួរក្បាល​ទទួលបាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម​យ៉ាង​គ្រប់គ្រាន់  នោះ​ខួរក្បាល​នឹង​បាន​ភ្លឺ​ថ្លា​មានការ​ចងចាំ​ល្អប្រសើរ​ឡើង។

    9/ សូកូឡា​ខ្មៅ​ប្រឆាំង​អនុ​មូល​ឥស្សរ

    តើ​មិត្ត​អ្នកអាន​ដឹង​ទេ​ថា សូកូឡា​ប្រភេទផ្សេងៗនោះ​ស្ទើរតែ​គ្មាន​ចំណែក​ផ្សំ​របស់​កូ​កូ​ឡើយ មានតែ​សូកូឡា​ខ្មៅ​មួយ​ប៉ុណ្ណោះ​ដែលជា​សូកូឡា​សុទ្ធ​ពិត និង​ថែមទាំង​មាន​ប្រយោជន៍​ដល់​រាងកាយ​ទៀតផង ព្រោះ​មាន​សារធាតុ Flavonoid ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ឈាម​រត់​បានល្អ​ឡើង។ គួរ​ទទួលទាន​សូកូឡា​ខ្មៅ​ក្នុង​មួយថ្ងៃ​ប្រមាណ​កន្លះ អន​ស៍ (Ounce = 0.0296លីត្រ)៕

  • លោក Mourinho ត្រៀម​ចុះ​កុងត្រា​ថ្មី​ជាមួយ Man Utd ក្នុង​ចំណូល 65លាន​ផោន

    លោក Mourinho ត្រៀម​ចុះ​កុងត្រា​ថ្មី​ជាមួយ Man Utd ក្នុង​ចំណូល 65លាន​ផោន

    ក្លិប​បិសាច​ក្រហម Manchester United ពិតជា​ចង់​ចងជើង​របស់លោក Jose Mourinho ឲ្យ​ជាប់​តាមរយៈ​ការផ្តល់​កុងត្រា​ថ្មី​រយៈពេល 5ឆ្នាំ​ដែល​ផ្តល់​ចំណូល​ជា​ទឹកប្រាក់ 65លាន​ផោន (ស្មើនឹង 86លាន​ដុល្លារ​អាមេរិក)។

    គ្រូបង្វឹក​របស់​ក្រុម​បិសាច​ក្រហម​រូបនេះ ត្រៀម​លក្ខ​ខណៈ​រួចរាល់​ហើយ​ក្នុង​ការបន្ត​កុងត្រា​ថ្មី ដើម្បី​ធ្វើ​ឲ្យ​ពេលវេលា​របស់លោក​នៅឯ​កីឡដ្ឋាន Old Trafford ក្លាយជា​ពេលវេលា​ដ៏​យូរអង្វែង​បំផុត​ក្នុង​អាជីព​របស់លោក។ លោក Mourinho វ័យ​ជាង​សែសិប​ឆ្នាំ គឺ ជា​អ្នកចាត់ការ​ទូទៅ​ដែលមាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភព​កីឡាបាល់ទាត់ រួមជាមួយ​នឹង​លោក Pep Guardiola ដែលជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប Man City ខណៈដែល​គ្រូបង្វឹក​ទាំងពីរ​សុទ្ធសឹង​ទទួលបាន​ចំណូល25ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍​ដូចគ្នា។

    ប្រាក់បៀវត្សរ៍​ជា​មូលដ្ឋាន​នេះ នឹង​រក្សា​នៅ​ដដែល ប៉ុន្តែកញ្ចប់​ថវិកា​លើកទឹកចិត្ត​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ សម្រាប់​ការ​ឈ្នះ​ពាន​នានា និង​ពានរង្វាន់ធំៗ នឹង​ស្ថិតក្នុង​ចំនួន​មួយ​ដ៏​ខ្ពស់។ សេចក្តីលម្អិត​ចុងក្រោយ​នៅតែ​ត្រូវ​រង់ចាំ​ការយល់ព្រម ខណៈដែល​លោក Mourinho បាន​ចុះហត្ថលេខា​រយៈពេល3ឆ្នាំ​កាលពី​រដូវក្តៅ ឆ្នាំ២០១។ បើទោះបី​ក្រុមប្រឹក្សា​របស់​ក្លិប Man United មានការ​ជឿជាក់ថា ពួកគេ​មាន​មនុស្ស​ដ៏​ឆ្នើម​ម្នាក់​ក៏ដោយ ប៉ុន្តែ​ភាគី​ទាំងពីរ​ពិតជា​រីករាយ​ជាមួយនឹង​រយៈពេល​នៃ​កិច្ចសន្យា​នោះ ដោយ​រង់​ចាំមើល​កម្រិត​នៃ​ការវិវឌ្ឍ​ឆ្ពោះទៅមុខ​សិន។ ប៉ុន្តែ ប្រធាន​ក្លិប Man United ពិតជា​ចាប់អារម្មណ៍​ទៅលើ​របៀប​ដែល​លោក Mourinho បាន​ផ្លាស់ប្តូរ​ក្លិប​នេះ​ក្នុង​រយៈពេល​តិចជាង1ឆ្នាំកន្លះ​កន្លងមកនេះ។

    កាលពី​រដូវ​កាល​មុន រូបគាត់​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​ធំ​មួយ​ជាមួយនឹង​អ្នកគាំទ្រ​របស់ Man United។ គ្រូបង្វឹក​រូបនេះ ក៏បាន​ឈ្នះ​ពាន​ធំ​ពីរ​ក្នុង​រដូវ​កាល​ទី1របស់លោក​ផងដែរ ពោលគឺ​ពាន EFL Cup និង​ពាន​ក្របខ័ណ្ឌ Europa League៕

    ប្រភពពី៖ The Sun

  • យុវតី​កម្ពុជា​នឹង​កាន់តែខ្លាំង តាមរយៈ​ការរៀន​ដោយផ្ទាល់​ពី​អ្នកជំនាញសំខាន់ៗ

    យុវតី​កម្ពុជា​នឹង​កាន់តែខ្លាំង តាមរយៈ​ការរៀន​ដោយផ្ទាល់​ពី​អ្នកជំនាញសំខាន់ៗ

    ដោយសារតែ​ចរន្ត​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ការអប់រំ​មានការ​អភិវឌ្ឍ ស្ត្រី​កម្ពុជា​ដែល​ធ្លាប់​ស្ថិតក្នុង​គំនាប​ប្រពៃណី និង​ទំនៀមទម្លាប់​យ៉ាង​តឹងតែង បាន​អភិវឌ្ឍ​យ៉ាង​លឿន​ជាមួយនឹង​ការយកចិត្តទុកដាក់​ពី​គ្រប់ភាគី​ក្នុងសង្គម។

    ថ្មីៗនេះ អង្គការ Plan international Cambodia បាន​បង្កើត​កម្ម​វី​ធី​មួយ​ឈ្មោះថា «ខ្ញុំ​ដើម្បី​ខ្ញុំ» ដើម្បី​ជំរុញ​ឱ្យ​ក្មេង​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​ក្នុងការ​ចូលរួមចំណែក​ក្នុង​វិស័យសំខាន់ៗរបស់​សង្គម។ កម្មវិធី​នេះ​បាន​ប្រមូល​ក្មេងស្រី​យ៉ាងតិច 20នាក់​មកពី​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​ឱ្យបាន​ជួប​ជាមួយនឹង​រដ្ឋមន្ត្រី ព្រឹទ្ធបុរស​នៃ​សាកលវិទ្យាល័យ ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន និង​នាយក​អង្គការ​មិនមែន​រដ្ឋ​ភិ​បាល ដើម្បី​ផ្តល់ឱកាស​ដល់​ពួកគេ​បាន​ស្គាល់​ពី​តួនាទី និង​ត្រៀមខ្លួន​សម្រួច​គោលដៅ​របស់ខ្លួន​ឆ្ពោះទៅ​កាន់តំណែងសំខាន់ៗទាំងអស់នោះ។

    លោក Jan Japp Kleinrensink នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Plan international Cambodia បាន​ថ្លែងថា ក្មេងស្រី​នៅតែ​ប្រឈម​នឹង​ការរារាំង​នៅក្នុង​ជីវិត​របស់​ពួកគេ​សម្រាប់​ការអភិវឌ្ឍ និង​ការសម្រេច​ជោគជ័យ ដើម្បី​ទទួលបាន​ក្តី​ស្រមៃ​របស់ខ្លួន។ ក្មេងស្រី​នៅតែមាន​អំណាច​តិចតួច​ក្នុងការ​សម្រេចចិត្ត ឬ​បង្កើត​ជម្រើស​សម្រាប់​ខ្លួនឯង។

    លោក​បញ្ជាក់ថា កម្មវិធី «ខ្ញុំ​ដើម្បី​ខ្ញុំ» គឺ​ផ្តោត​សំខាន់​ទៅលើ​អំណាច និង​សក្តានុពល​របស់​ក្មេងស្រី។ នៅពេល​ក្មេងស្រី​មានឱកាស និង​ជម្រើស​ក្នុង​ជីវិត ពួកគេ​អាច​ប្រែក្លាយ​ជីវិត​រស់នៅ និង​សហគមន៍​របស់​ពួកគេ​បាន។

    កាលពី​ឆ្នាំមុន អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចាប់ផ្តើម​កម្មវិធី «ខ្ញុំ​ដើម្បី​ខ្ញុំ» ដែល​បាន​អនុវត្ត​នៅតែ​ក្នុង សហគមន៍​ប៉ុណ្ណោះ ដោយបាន​ជ្រើសរើស​ក្មេងស្រី 6នាក់ មកពី​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត​ចំនួន3គឺ ខេត្តសៀមរាប ត្បូងឃ្មុំ និង​ខេត្តរតនគិរី។

    ទន្ទឹមនឹង​កម្មវិធី​នេះ នៅ​កម្ពុជា​ក៏មាន​អង្គការ​មួយចំនួនទៀត​ផងដែរ​ដែល​ផ្តល់ឱកាស​ឱ្យ​ក្មេងស្រី​ជួប​ជាមួយនឹង​អ្នកជំនាញ​មកពី​វិស័យសំខាន់ៗនៅលើ​ពិភពលោក។

    លោក Mario Ferro នាយក​ប្រតិបត្តិ​នៃ​អង្គការ Wedu ដែលមាន​បេសកកម្ម​ពង្រឹង​ភាពជា​អ្នកដឹកនាំ​ដល់​ស្ត្រី​នៅ​អាស៊ី​តាមរយៈ​កម្មវិធី​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​នៅក្នុង​បណ្តា​ប្រទេស​ទាំងឡាយ​នៅ​អឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិក និង​ជា​អតីត​ម្ចាស់​ជយលាភី​លើ​គម្រោង​អាជីវកម្ម នៅ​សាកលវិទ្យាល័យ​ខេ​ម​ប្រី​ដ​ត៍ )Cambridge) ដ៏​ល្បីល្បាញ​របស់​ពិភពលោក​បាន​ផ្តួចផ្តើម​បង្កើត​គម្រោង​អប់រំ​មួយ ដើម្បី​ផ្តល់ឱកាស​ដល់ យុវជន​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ឱ្យ​មានឱកាស​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​បណ្តា​អ្នកជំនាញ​ដែល​កំពុង​បំពេញការងារ​នៅ​ទ្វីបអឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិក។

    កាលពី​ឆ្នាំ 2013 នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​អង្គការ​អន្តរជាតិ​រូបនេះ បានមក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​នាំយក​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​មកជា​មួយ​ផងដែរ។ លោក​ថែមទាំង​បាន​ជួយ​ស្ត្រី​កម្ពុជា​ចំនួន3រូប​ដែល​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​គម្រោង​របស់ Wedu ឱ្យមាន​ការផ្លាស់ប្តូរ​ពី​បុគ្គល​ធម្មតា និង​មាន​ភាព​ខ្មាសអៀន​ច្រើន​ឱ្យ​ក្លាយជា​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យល្បីៗទាំង​ក្នុង និង​ក្រៅប្រទេស។

    លោក Mario បាន​ថ្លែងថា កម្មវិធី Wedu ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​យុវជន​ដែលជា​ស្ត្រី​នៅ​អាស៊ី​ក្នុងការ​ពង្រឹងសមត្ថភាព​នៃ​ភាពជា​អ្នកដឹកនាំ​សម្រាប់​រួមចំណែក​ជួយ​ដឹកនាំ​សង្គម​របស់​ពួកគេ។ ហេតុផល​ដែល​ត្រូវ​ជ្រើស​រើសយក​ស្ត្រី​នៅ​អាស៊ី ព្រោះ​លោក​បាន​ស្រាវជ្រាវ​ឃើញថា សមត្ថភាព​នៃ​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ​អាស៊ី​នៅមានកម្រិត​នៅឡើយ ហើយ​ចំនួន​ស្ត្រី​នៅក្នុង​ស្ថាប័ន​ដឹកនាំ​ក៏មាន​ចំនួន​តិចតួច​បើ​ប្រៀបធៀប នឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ឬ​នៅ​សហរដ្ឋអាមេរិក​ជាដើម។

    លោក Marrio Ferro មានប្រសាសន៍ថា៖ «ខ្ញុំ​ចង់ឃើញ​ស្ត្រី​នៅ​កម្ពុ​ជាមាន​ភាពជា​អ្នកដឹកនាំ​ដើម្បី​ផ្លាស់ប្តូរ​សង្គម​របស់គាត់​ឱ្យ​កាន់តែ​ប្រសើរឡើង»។

    ស្ថាបនិក​អង្គការ​ដែល​ជួយ​ដល់​យុវជន​ជា​លក្ខណៈ​អន្តរជាតិ​រូបនេះ បាន​បង្ហាញថា រហូតមកដល់​ពេលបច្ចុប្បន្ន គម្រោង​របស់ Wedu មាន​អ្នកជំនាញ​ជាច្រើន​នៅលើ​ពិភពលោក​ដែលមាន​អាជីពផ្សេងៗគ្នា​បាន​ចុះឈ្មោះ​ធ្វើជា​អ្នក​ប្រឹក្សា​យោបល់ )Mentor) ដើម្បី​ជួយ​ជា​គំនិត​ដល់​បណ្តា​ស្ត្រី​នៅ​អាស៊ី​ឱ្យបាន​យល់ដឹង​ពី​ការធ្វើការងារ និង​វិធីសាស្ត្រ ក្នុង​ការគិត​ដែលមាន​លក្ខណៈ​ជាស​កល។ លោក​បាន​បន្តថា យុវជន​ដែល​ចង់​សិក្សា​លើ​គ្រប់ផ្នែក នឹង​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​លើ​អាជីព​ដែល​គេ​កំពុង​សិក្សា​នោះ៕

  • ក្រសួង​ការងារ កំពុង​សាង​កម្លាំង​ពលកម្ម ដើម្បី​អាច​ទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់

    ក្រសួង​ការងារ កំពុង​សាង​កម្លាំង​ពលកម្ម ដើម្បី​អាច​ទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់

    ភ្នំពេញ – ដើម្បី​កសាង​កម្លាំង​ជំនាញ និង​ឱ្យស្រប​ទៅតាម​ទីផ្សារការងារ  ថ្មីៗនេះ​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ2017-2025 ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​អាចមាន​កម្លាំង​ពលកម្ម​ជំនាញ​តម្រូវ​ទៅតាម​ទីផ្សារការងារ។

    សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន បាន​លើកឡើងថា ការបង្កើត​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្នាក់ជាតិ 2017-2025 គឺជា​ដំណើរការ​នៃ​ការកសាង​កម្លាំង​ជំនាញ​ឱ្យមាន​សមត្ថភាព និង​លទ្ធភាព​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដែលជា​កាតព្វកិច្ច​ដ៏​សំខាន់​ដើម្បី​ឈានទៅដល់​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម​ប្រកបដោយ​ចីរភាព។

    ជាមួយគ្នានេះ​សម្ដេច​ ហ៊ុន សែន បញ្ជាក់ថា ដើម្បី​ធានា​ឱ្យ​គោលនយោបាយ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស 2017-2025 អនុវត្ដ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ត្រូវ​បន្ដ​ពង្រឹង​ការអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​បន្ដ​អនុវត្ដ​ប្រព័ន្ធ​ធានា​គុណភាព ពង្រឹង​គរុកោសល្យ និង​បច្ចេកទេស​របស់​គ្រូ​បណ្ដុះបណ្ដាល​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ធនធាន​មូលដ្ឋាន​សម្រាប់​រៀន និង​បង្រៀន ដោយ​ឆ្លើយតប​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​តម្រូវការ​ទីផ្សារការងារ។

    ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានលើកឡើង​ថា ការបង្កើត​គោលនយោបាយ​នេះ​បានបង្ហាញ​ពី​ភាពចាំបាច់​នៃ​ការបង្កើត​យុទ្ធសាស្ដ្រ​នៃ​ការអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​កម្លាំង​ពលកម្ម​ធ្វើយ៉ាងណា​ឱ្យ​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ។ ពិសេស​វា​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ដល់​វិស័យ​ឧស្សាហកម្ម​បង្កើត​ការងារ និង​ធានាបាន​គុណភាព​ផលិតភាព​ខ្ពស់​របស់​កម្លាំង​ពលកម្ម​ដែល​អាច​ប្រកួតប្រជែង​កាន់តែ​ប្រសើរ​ជាង​មុន​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់។ ក្នុងនោះ​ឯកឧត្ដម​បន្ដថា ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ឥតឈប់ឈរ និង​ស្វែងរក​ឧត្ដមភាព ទាមទារ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឹងប្រែង​បង្កើន​គុណភាព​ក្នុង​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ឱ្យបាន​កម្រិត​អតិបរមា៕

  • កម្ពុជា​ទទួលបាន​ទឹកប្រាក់ 7.5លាន​ដុល្លារ សម្រាប់​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ 

    កម្ពុជា​ទទួលបាន​ទឹកប្រាក់ 7.5លាន​ដុល្លារ សម្រាប់​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ 

    ភ្នំពេញ៖ ដើម្បី​អភិវឌ្ឍ​ផលិតកម្ម និង​សេវាកម្ម និង​ការពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ​ឱ្យ​កាន់តែ​ប្រសើរឡើង កម្ពុជា​ទទួលបាន​ជំនួយឥតសំណង​ប្រមាណ​ជា 7.5 លាន​ដុល្លារ ពី​គម្រោង​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

    ថ្លែង​ក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) លើក​ទី25 ដោយមាន​ការចូលរួម​ពី​តំណាង​ឯកអគ្គរដ្ឋទូត​អ៊ឺរ៉ុប និង​តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅឯ​ខេត្តសៀមរាប នៅ​ថ្ងៃទី11 ខែតុលា​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បានឱ្យដឹងថា កម្មវិធី EIF ដែល​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​ឥត​សំណង​សរុប7.5លាន​ដុល្លារ ហើយ​បានធ្វើការ​លើ​គម្រោងធំៗរួមមាន​ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម ការសម្របសម្រួល និង​ជំរុញ​នាំចេញ និង​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ, សុវត្ថិភាព​ម្ហូបអាហារ និង​ភូតគាម​អនាម័យ។

    ឯកឧត្តម​មានប្រសាសន៍​ថា “តាមរយៈ​ជំនួយ​នេះ កម្ពុជា​អាច​បន្ត​ដើរតួ​ជា​ប្រទេស​ជោគជ័យ​មួយ​សម្រាប់​កម្មវិធី EIF នៅលើ​ពិភពលោក។ យុទ្ធសាស្ត្រ​DTIS មិន​ត្រឹមតែ​បម្រើ​ដល់​ការរៀបចំ​វិស័យសំខាន់ៗប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំណត់​ពី​ចំណុច​ខ្វះខាត​សមត្ថភាព ទាំង​នៅ​កម្រិត​ស្ថាប័ន និង​ធនធានមនុស្ស ដើម្បី​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម។

    បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​EIF បន្ត​ជួយ​ប្រទេស​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ទាំងឡាយ ដើម្បី​ធានា​និរន្តរភាព​លទ្ធផល​ក្នុង​រយៈពេល​យូរអង្វែង​ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​សម្រេចបាន​និរន្តរភាព​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ។
    ឯកឧត្តម ច​ច អេ​ត​ហ្គា ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម (AfT) ដើម្បី​ធានា​និរន្តរភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​ប្រទេស LDCs ហើយ​ចាប់តាំងពី​ឆ្នាំ2007 ដល់2015 សហគមន៍​អឺរ៉ុប និង​រដ្ឋ​សមាជិក បានផ្តល់ AfTដល់​ប្រទេស LDCs ចំនួន 96,8 ប៊ី​លាន​អឺរ៉ូ ដែល​ចំនួន​នេះ​ស្មើនឹង 1/3 នៃ​ទឹកប្រាក់ AfTពិភពលោក។ លើសពីនេះ សហគមន៍​អឺរ៉ុប​ក៏បាន​អនុញ្ញាតឱ្យ​ប្រទេស LDCs ចំនួន 47 រួមទាំង​កម្ពុជា​អាច​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)” ចាប់តាំងពី​ឆ្នាំ 2001មក។

    សម្រាប់​ប្រទេស​កម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា សហគមន៍​អឺរ៉ុប បានផ្តល់ AfTដើម្បី​គាំទ្រ​ចំពោះ​វិស័យសំខាន់ៗចំនួន 5 ដូច​បានកំណត់​នៅក្នុង DTIS គឺ៖ អង្ករ សូត្រ​ប្រណីត ដំឡូង​មី ជលផល​សមុទ្រ និង​បដិសណ្ឋារកិច្ច ហើយ​ទន្ទឹមគ្នា​សហគមន៍​អឺរ៉ុប នឹង​បន្ត​ជួយ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា និង​ប្រទេស​ជា​សមាជិក EIF តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ។

    ទន្ទឹមគ្នានេះ ឯកឧត្តម អ៊ី​ឡយ ឡា​អ៊ូ​រូ ប្រធាន​ក្រុមប្រឹក្សាភិបាល​កម្មវិធី EIF និង​ជា​តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​ប្រទេស​បេ​នី​ន ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ទទួលស្គាល់ថា កម្ពុជា​គឺជា​ប្រទេស (EIF) ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង ក្នុងការ​ប្រើប្រាស់​របៀប​វារៈ​ពាណិជ្ជកម្ម​ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​លទ្ធផល​ចាក​ចេញពី​ប្រទេស​ដែលមាន “ប្រាក់​មាន​ចំណូល​ទាប” ទៅជា​ប្រទេស​ដែលមាន “ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប” ដោយ​ជោគជ័យ។ ហើយ​ក្រុមប្រឹក្សា EIF មក​ទីនេះ ក្នុង​គោលបំណង​រៀនសូត្រ​អំពី​ភាពជោគជ័យ​របស់​កម្ពុ​ជា ដើម្បី​ចែករំលែក​ជូន​ប្រទេស​ដែលជា​សមាជិក EIF ផ្សេងៗលើ​ពិភពលោក។

    ឯកឧត្តម អ៊ី​ឡយ បាន​បន្តទៀតថា ក្រុមប្រឹក្សា EIF ក៏​នឹងធ្វើ​ការពិភាក្សា​ស្វែងរក​វិធីសាស្ត្រ​នានា​ដើម្បី​ជួយ​គាំទ្រ​ប្រទេស LDCs នៅឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​អង្គការ WTO លើក​ទី11 ដែល​នឹង​រៀបចំឡើង​នៅក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ហ្ស៊ែ​រ ប្រទេស​អា​ហ្ស​ង់​ទីន ដើម្បី​ធ្វើ​សមាហរណកម្ម​ចូលទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល និង​ទាញយក​អត្ថប្រយោជន៍​អតិបរិមា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ការចូល​ទីផ្សារថ្មីៗ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​សម្រេច​គោលដៅ​សហស​វត្សរ៍​ប្រកបដោយ​ចីរភាព៕