Author: វល័ក្ខ

  • អាហារ​របស់​អ្នកមាន​ផ្ទៃពោះ 9 ខែ… គួរ និង​មិនគួរ​ទទួលទាន​អ្វីខ្លះ?​

    អាហារ​របស់​អ្នកមាន​ផ្ទៃពោះ 9 ខែ… គួរ និង​មិនគួរ​ទទួលទាន​អ្វីខ្លះ?​

    អំឡុងពេល​ប្រសូត​កាន់តែ​ខិតចូល​មក​ជិត​ហើយ  ស្ត្រី​មាន​ផ្ទៃពោះ​ជិត​ប្រសូត​គួរ​បណ្តោយ​ផ្លូវចិត្ត​ឱ្យ​ធូរស្រាល ព្រោះ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ នឹង​បានឃើញ​មុខ​កូនតូច​ជាទី​ស្រឡាញ់​ហើយ តែ​ទោះជា​ផ្លូវ​ចិត្តនឹង​ធូរស្រាល​ក៏ដោយ ក៏​ផ្ទៃ​របស់​អនាគត​អ្នក​ម្តាយ​នៅ​ត្រូវ​ទ្រាំទ្រ​នឹង​ទម្ងន់​ខ្លួន​របស់​កូន​ដែល​ធំ​ប៉ុន​ផ្លែ​ឪឡឹក​ដដែល ដូច្នេះ​រឿង​ការទទួល​ទាន​អាហារ​ក៏​អាច​នឹង​ធ្វើឱ្យ​ស្ត្រី​មានគភ៌​តឹងតែង​ក្បាលពោះ​បានដែរ  ដូច្នេះ​ស្ត្រី​មានគភ៌​គួរ​ជ្រើសរើស​ទទួលទាន​តែ​អាហារ​ដែល​ល្អ និង​ចាំបាច់​ដល់​រាងកាយ​តែប៉ុណ្ណោះ។

    អាយុ​គភ៌ 9ខែ អាហារ​ដែល​គួរ​ទទួលទាន​ដើម្បី​បំប៉ន​គភ៌​មាន​ដូចខាងក្រោម​នេះ៖

    1. ធញ្ញជាតិ និង​ធញ្ញជាតិ​ដែល​មិន​សម្រិតសម្រាំង​ពណ៌ ឬ​នំប៉័ង៖ បែង​ជា​ពេល​ទទួលទានតូចៗ 6-11ពេល​ក្នុង​មួយថ្ងៃ។

    2. ផ្លែឈើ ៖ 2-4ដង​ក្នុង​មួយថ្ងៃ។

    3. បន្លែ ៖ ច្រើនជាង4ដង​ក្នុង​មួយថ្ងៃ។

    4. ផលិតផល​ធ្វើ​ពី​ទឹកដោះ ៖ ប្រមាណ4ដង​ក្នុង​មួយថ្ងៃ។

    5. អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន ៖ ទទួលទាន3ដង​ក្នុង​មួយថ្ងៃ។

    6. ខា​បូ​ហាយ​ដ្រេ​ត ៖ បែង​ជា​ពេល​ទទួលទានតូចៗយ៉ាងតិច3-4ដង​ក្នុង​មួយថ្ងៃ។

    7. ទឹក​ត្រជាក់ ៖ យ៉ាងតិច​មួយថ្ងៃ1លិ​ត្រ។

    អាយុ​គភ៌9ខែ អាហារ​ដែល​គួរ​ចៀសវាង និង​មិនគួរ​ទទួលទាន៖

    1. កាហ្វេ ៖ ក្នុង​ត្រីមាស​ទី3 ស្ត្រី​មានគភ៌​ភាគច្រើន​តែងតែមាន អាកា​រគេង​មិន​លក់​ស្រាប់​ទៅហើយ អាច​ដោយសារតែ​អ័រម៉ូន និង​ក្តីកង្វល់​រឿង​ទារក និង​ការ​ប្រសូត ទើប​ធ្វើឱ្យ​គេង​មិន​លក់ បើ​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អី​ុ​ន​ចូលទៅ​ទៀត​អាច ធ្វើឱ្យមាន​អាកា​រគេង​មិន​លក់​កាន់តែខ្លាំង​ឡើង។ ដូច្នេះ​ស្ត្រី​មានគភ៌​ដែល​ចូលចិត្ត​ទទួលទាន​កាហ្វេ មិនគួរ​ទទួលទាន​លើសពី1កែវ​ក្នុង​មួយថ្ងៃ​ឡើយ។

    2. អាហារ​សមុទ្រ​ខ្លះ​មាន​សារធាតុ​បា​រ៉​ត ៖ អាហារ​ទាំងនេះ​នឹងធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល​របស់​កូនតូច​ក្នុង​ផ្ទៃ​ត្រូវ​បំផ្លាញ។

    3. ស៊ុត​ឆៅ ៖ ស៊ុត​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន​អាចមាន​មេរោគ​បាក់តេរី ដែលជា​មូលហេតុ​ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​អាការ​ពុល​អាហារ។

    4. ការជក់បារី និង ការទទួល​ទាន​ទឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ៖ វត្ថុ2នេះ​អាចធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​សភាវ​ប្រថុយ​នឹង​ការ​ប្រសូត​មុន​កំណត់ និង​អាច​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល​របស់​កូនតូច។

    ក្នុងអំឡុង​ខែ​ចុង​ក្រោយនេះ​ស្ត្រី​មានគភ៌​អាច​បន្ថែម​ដោយ​ជាតិ​កាល់ស្យូម និង​ធាតុដែក​ឱ្យ​ច្រើន​ជាពិសេស និង​ក្រោយ​ប្រសូត​ក៏​គួរ​ទទួលទាន​ជាតិ​កាល់ស្យូម និង​ធាតុដែក​ប្រមាណ​ជា3ខែ​ទៀត​ដែរ ជាពិសេស​ស្ត្រី​ដែល​ត្រូវ​បំបៅ​ដោះ​កូន។

    ពេលនេះ​ទារក​ក្នុង​គភ៌​ល្អ​ពេញលេញ​ឥតខ្ចោះ​ហើយ ត្រៀម​រួចជាស្រេច​ក្នុងការ​ប្រសូត​ចេញមក​គ្រប់ពេលវេលា ស្ត្រី​មានគភ៌​ត្រូវ​ជ្រើសរើស​ទទួល ទាន​អាហារ​ឱ្យ​ច្រើនឡើង ទទួលទាន​ឱ្យទទួល បាន​គុណប្រយោជន៍​ច្រើន​បំផុត និង​មិនគួរ​បណ្តោយឱ្យ​ទម្ងន់​ខ្លួន​កើនឡើង​ខ្លាំង​ជ្រុល​ពេក​ទេ  ព្រោះ​ក្នុង​ខែ​នេះ​ស្ត្រី​មានគភ៌​ជាច្រើន​នាក់​ច្រើន​តែមាន​ទម្ងន់​ខ្លួន​ស្ទុះ​ឡើង​ខ្លាំង​បំផុត ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ធ្វើការ​យឺត ហើយ​ដែល​សំខាន់​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​ផ្តល់​កម្លាំង​ថាមពល​ខ្ពស់ ព្រោះ​នឹង​បាន​មាន​កម្លាំង​ប្រសូត​បុត្រ​នៅពេល​ថ្ងៃ​ប្រសូត​មកដល់៕

  • កូរ៉េ​បណ្តាក់ទុន 600លាន​ដុល្លារ​ធ្វើ​រោងចក្រ​ដំឡើងរថយន្ត​នៅ​ស្រុក​ខ្មែរ

    កូរ៉េ​បណ្តាក់ទុន 600លាន​ដុល្លារ​ធ្វើ​រោងចក្រ​ដំឡើងរថយន្ត​នៅ​ស្រុក​ខ្មែរ

    ក្នុងការ​ចូលរួម​លើ​កម្ពស់​សេដ្ឋកិច្ច ក៏ដូចជា​ការចូលរួម​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ក្រុម​វិនិយោគិន​កូរ៉េ បាន​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា 600លាន​ដុល្លារ​អាមេរិក​សម្រាប់​បង្កើត​រោងចក្រ​ផលិត​សម្លៀកបំពាក់ និង​ដំឡើងរថយន្ត (Hyundai) នៅ​កម្ពុជា។

    គម្រោង​នេះ​បាន​លើក​មក​ពិភាក្សា ក្នុងជំនួប​រវាង​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជាមួយ​ឯកឧត្តម Chan byoung Wan ប្រធាន​គណៈកម្មាធិការ​ផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល សហគ្រាស​ធុន​តូច និង​មធ្យម និង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ នៅឯ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ ក្នុងន័យ​ពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត លើ​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​កូរ៉េ​មក​កម្ពុជា ឱ្យបាន​ទំហំ 1ពាន់​លាន​ដុល្លារ​នា​ឆ្នាំ​ខាងមុខ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​រំលឹកថា កន្លងមក​ការវិនិយោគ​របស់​កូរ៉េ​មក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ចំនួន 600លាន​ដុល្លារ​អាមេរិក លើ​វិស័យ​ផលិត​សម្លៀកបំពាក់ និង​ដំឡើងរថយន្ត(Hyundai)។ ជាមួយគ្នានេះ ឯកឧត្តម​បានស្នើ​ឱ្យ​ភាគី​កូរ៉េ ចាប់អារម្មណ៍​វិនិយោគ​បន្ថែមទៀត ផ្នែក​ឧប្បករណ៍​អេ​ឡិច​ត្រូ​និ​ច និង​បរិក្ខា​អគ្គិសនី ជាដើម ដោយសារ​កម្ពុ​ជាមាន​ល​ក្ខ​ណៈ​អំណោយផល និង​ឱកាស​វិនិយោគ​ដ៏​ប្រសើរ មាន​សុខសន្តិភាព និង​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​អភិវឌ្ឍ និង​ជា​ប្រទេស​ដៃគូ​ផ្សេង អនុញ្ញាតឱ្យ​ទំនិញ​រាប់ពាន់​មុខ​ពី​កម្ពុជា នាំចេញ​ដោយ​រួច​ពន្ធ​និង​មិន​ជាប់​កូតា រួមទាំង​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​ផងដែរ ។

    ឯកឧត្តម Chan byoung Wan បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ហើយ​កម្ពុជា-កូរ៉េ នឹង​ខិតខំ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​នេះ​បន្ថែមទៀត និង​មាន​ច្រើន​វិស័យ​ដូចជា៖ថាមពល​កកើត​ឡើងវិញ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហការ​លើ​ជំនាញ​បច្ចេកទេស ការបង្កើត​សួន​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ជាពិសេស​ការអភិវឌ្ឍ​ន៍​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ភាគី​កូរ៉េ​ចាត់ទុកជា​អាទិភាព​សម្រាប់​គាំទ្រ ឧស្សាហកម្ម ធន់​ស្រាល និង​ធ្ងន់ និង​ជា​សរសៃឈាម​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផងដែរ ។

    ជាការ​កត់សំគាល់ កំណើន​ទេសចរណ៍​ជនជាតិ​កូរ៉េ​មក​កម្ពុជា មានការ​កើនឡើង​ដែល​ឆ្នាំ​កន្លងទៅ​មាន​ចំនួន 4សែន​នាក់ ដែល​ធ្វើឱ្យ​ជើងហោះហើរ​ដោយផ្ទាល់​ពី​កូរ៉េ​មក​កម្ពុជា មាន​ចំនួន35ជើង​ក្នុង​មួយ​សប្តាហ៍។ ដោយឡែក​ពលករ​កម្ពុ​ជា​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ប្រមាណ​ជិត 8ម៉ឺន​នាក់ ដែលជា​សក្តានុពល​មួយ ពីព្រោះ​ពួកគេ​បានទទួល​បទពិសោធន៍ ចំណេះដឹង និង​ការអនុវត្តន៍​ផ្ទាល់ នឹង​ក្លាយជា​កម្លាំង​ចូលរួម​យ៉ាងសំខាន់ ក្រោយ​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ ដែល​អាច​ចូលរួម​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន កូរ៉េ នៅ​កម្ពុជា នាពេល​អនាគត​បន្តបន្ទាប់៕

  • USAID ផ្តល់ 3លាន​ដុល្លារ​សម្រាប់​គម្រោង​ទឹកស្អាត និង​អនាម័យ​នៅ​កម្ពុជា

    USAID ផ្តល់ 3លាន​ដុល្លារ​សម្រាប់​គម្រោង​ទឹកស្អាត និង​អនាម័យ​នៅ​កម្ពុជា

    ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បានប្រកាស​ផ្តល់ជំនួយ 3លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​ជួយ​កសាង​សមត្ថភាព​នៃ​ការផ្គត់ផ្គង់​ទឹក និង​សេវា​អនាម័យ ក្នុងការ​បង្កើន​លទ្ធភាព​ប្រើប្រាស់​ទឹក​ដល់​ជនបទ។

    គម្រោង​ផ្តួចផ្តើម​ថ្មី​មួយ​ដែលមាន​ឈ្មោះថា WASH-FIN Cambodia នឹងត្រូវ​អនុវត្ត​រយៈ​ពេល 3 ឆ្នាំ​ចាប់ពី ខែតុលា ឆ្នាំ2017 ហើយ​ប្រតិបត្តិ​ករ​ទឹក​ឯកជន នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ តាមរយៈ​ការកសាង​សមត្ថភាព​ចំណេះដឹង និង​ផែនការមេ​សម្រាប់​ការកសាង​អាង​ស្តុ​ប និង​ការតភ្ជាប់​ទុយោ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​តាម​ជនបទ ដែល​នេះ​ជាការ​លើកឡើង​របស់​ទីប្រឹក្សា​គម្រោង។

    លោក មិន មុន្នី មន្ត្រី​ទីប្រឹក្សា​គម្រោង​របស់ USAID មានប្រសាសន៍ថា «ថវិកា​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ពង្រឹងសមត្ថភាព​អ្នកប្រតិបត្តិ​ការ​ទឹក​ឯកជន នៅតាម​តំបន់​ជនបទ​ដែល​គ្មាន​លទ្ធភាព​ទទួល​បានកា​រ​ផ្គត់ផ្គង់​ទឹក​របស់​រដ្ឋ»។ តាមរយៈ​គម្រោង​នេះ ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​ទឹក​នៅក្នុង​តំបន់​គោលដៅ នឹង​អាចមាន​សមត្ថភាព​ពេញលេញ តាមរយៈ​ការបណ្តុះបណ្តាល​ដែល​ទីភ្នាក់ងារ USAID បានផ្តល់​ឱ្យ​លើ​សេវាកម្ម​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ដល់​ប្រជាជន​នៅតាម​ជនបទ។ លោក​បន្ថែមថា ប្រតិបត្តិ​ករ​ទាំងនោះ​ក៏​អាច​ស្នើសុំ​ប្រាក់កម្ចី​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ទទួលបាន​សេវា​ហិរញ្ញវត្ថុ សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ថែមទៀត។

    គូរ​បញ្ជាក់ថា​គោលបំណង​ចំបង​នៃ​គម្រោង WASH-FIN Cambodia គឺ​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ទឹក​ឯកជន ឱ្យ​ទទួលបាន​ប្រាក់​ដែល​ពួកគេ​ត្រូវការ ដើម្បី​ពង្រីក​និង​កែលម្អ​លទ្ធភាព​ទទួលបាន​ទឹក​និង​អនាម័យ​និង​សេវាកម្ម។ ហើយ​វា​នឹង​ផ្តល់ជំនួយ​បច្ចេកទេស និង​ជួយ​ពង្រឹង​ប្រតិបត្តិ​ករ​ទឹក​ឯកជន​នៅតាម​ខេត្ដ​ជាច្រើន, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុងស្រុក និង​តួអង្គផ្សេងៗទៀត​ក្នុង​វិស័យ​ទឹក​និង​អនាម័យ។ ហើយក៏​ជួយ​គាំទ្រ​ដល់​ការប្រើប្រាស់​ឥណទាន​បន្ថែម ដែលមាន​ដូចជា​មូលនិធិ​ឥណទាន​អភិវឌ្ឍន៍​របស់ USAID ដើម្បី​បង្កើន​ឱកាស​បន្ថែមទៀត​សម្រាប់​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម។

    លោកស្រី Polly Dunford នាយក​បេសកកម្ម USAID ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា “ទីភ្នាក់ងារ USAID មាន​មោទនភាព​ក្នុងការ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ក្នុងការ​ផ្តល់​កម្ចី​ដល់​វិស័យ WASH របស់​ប្រទេស​កម្ពុជា” ។ «ទឹកស្អាត​និង​អនាម័យ​ស្អាត គឺជា​កត្តា​សំខាន់​ចំពោះ​សហគមន៍ ហើយ​យើង​ជឿជាក់ថា វា​នឹង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ដ៏​ធំធេង​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​សុខភាព​ប្រជាពលរដ្ឋ​របស់ខ្លួន​ផងដែរ»។

    លោក ហោ ឃី​កេង នាយក​ប្រតិបត្តិ​នៃ​សមាគម​ផ្គត់ផ្គង់​ទឹក​កម្ពុជា (CWA) បាន​មានប្រសាសន៍ថា ប្រតិបត្តិ​ករ​ទឹក​ឯកជន​នឹង​អាច​ពង្រីក​សមត្ថភាពរ​បស់​ខ្លួន ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ ពីព្រោះ​ឥឡូវនេះ​មាន​ចំនួន​សេវា​ទឹកស្អាត និង​ប្រតិបត្តិ​ករ​ទឹក​ឯកជន​នៅតាម​តំបន់​ជនបទ។ លោក​មានប្រសាសន៍ថា «ខ្ញុំ​ជឿជាក់ថា​ក្រោម​ការផ្តួចផ្តើម​នេះ​ប្រតិបត្តិ​ករ​ទឹក​ឯកជន​នៅ​តំបន់​ជនបទ នឹង​កសាង​សមត្ថភាព​របស់​ពួកគេ ក្នុងការ​កែលំអរ​ទឹក ជាពិសេស​ពួកគេ​អាចមាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន” ៕

  • ហេតុអ្វី​ក្មេង​ត្រូវ​អាន​សៀវភៅ​សម្រាប់​កុមារ?

    ហេតុអ្វី​ក្មេង​ត្រូវ​អាន​សៀវភៅ​សម្រាប់​កុមារ?

    ក្មេងៗជា​អនាគត​ធនធានមនុស្ស​យ៉ាងសំខាន់​របស់​សង្គម ហើយ​នៅពេលដែល​ក្មេង​តូច​ត្រូវបាន​អភិវឌ្ឍ​បានល្អ ពួកគេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព​លើ​គ្រប់ផ្នែក ឬ​អាច​ក្លាយជា​សម្រេច​ក្តី​ស្រមៃ​ឪពុកម្តាយ​បាន​យ៉ាង​ល្អ​បំផុត។

    ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ក្មេង ការអាន ជា​គន្លឹះ​សំខាន់​មួយ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ពួកគេ ព្រោះថា​នៅពេលដែល​ពួកគេ​ចាប់ផ្តើម​ចេះ​អាន ឬ​ចូលចិត្ត​អាន ពួកគេ​នឹង​អាច​ទទួលបាន​នូវ​ប្រយោជន៍​ជាច្រើន​ពី​តម្លៃ​អប់រំ​នៃ​មេរៀន​នោះ។

    កញ្ញា ហ៊ីង ស្រីរ័ត្ន អ្នកនិពន្ធ​សៀវភៅ​កុមារ​សម្រាប់​គ្រឹះស្ថានបោះពុម្ពផ្សាយ​មួយចំនួន​នៅ​កម្ពុជា បាន ប្រាប់ថា កុមារ​មានគំនិត​ប្លែក​ខុសពី មនុស្ស​ធំ ហើយ​ពេលខ្លះ​ការដោះស្រាយ​បញ្ហា​បែប​កុមារ​អាចធ្វើឱ្យ​មនុស្ស​ធំ​មានការ​ភ្ញាក់ផ្អើល។ ការ​តែង​និពន្ធ​សៀវភៅ​រឿង​សម្រាប់​កុមារ​គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​បញ្ហា​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកនិពន្ធ តែ​ពេលខ្លះ​អ្នកនិពន្ធ​មិនអាច​ឆ្លើយ​បានល្អ​បំផុត​នោះទេ​សម្រាប់​ការ​បញ្ចប់រឿង​របស់ខ្លួន។ ហេតុនេះ​អ្នកនិពន្ធ​ត្រូវ​ចូលទៅ​ជិត​កុមារ​បំផុត​ដើម្បី​ធ្វើការ​សាកសួរ ហើយ​ដកស្រង់​យកគំនិត​ដែល​ប្លែក ឬ​ល្អ​បំផុត​ដែល​ខ្លួន​នឹកស្មាន​មិន​ដល់​ដើម្បី​អប់រំ​ដល់​កុមារ​ជាច្រើន​ផ្សេងទៀត​ដែល​បាន​អាន។

    កញ្ញា ស្រីរ័ត្ន បាន​និយាយថា៖ “នៅពេលដែល​កុមារ​រីករាយ​ជាមួយនឹង​ការ អាន និង​ចេះ​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​បានល្អ ពួកគេ​នឹង​យក​សកម្មភាព​ទាំងអស់នេះ​ទៅ​អនុវត្ត​ក្នុងការ​រស់នៅ​របស់គេ ដែល​ធ្វើឱ្យ​ពួកគេ​ចេះ​ដោះស្រាយ​បញ្ហា​បានល្អ​បំផុត ឬ​ដកស្រង់​គំនិត​ទាំងអស់នេះ​ជា​មូលដ្ឋាន​ដើម្បី​បង្កើត​ដំណោះស្រាយថ្មីៗប្រកបដោយ​ភាព​ឆ្លាត​វៃ ដែល​គ្រប់គ្នា នឹកស្មាន​មិន​ដល់»។

    បើតាម​អ្នកនិពន្ធ​វ័យក្មេង​ខាងលើ ការ បណ្តុះ គំនិត​ច្នៃប្រឌិត និង​ភាព​វៃឆ្លាត​របស់ កុមារ​កម្ពុជា ជាការ​កសាង​គ្រឹះ​មួយ​យ៉ាងរឹងមាំ​សម្រាប់​អនាគត​របស់​យុវជន​នៅក្នុង​សង្គម។

    ស្រដៀង​គ្នា​នេះដែរ លោក ឈូ ជី​និ​ត អ្នកនិពន្ធ​សៀវភៅ​កុមារ​បាន​លើកឡើងថា សៀវភៅ​អប់រំ​សម្រាប់​កុមារ​មានគុណ​តម្លៃ​ខ្ពស់​ដើម្បី​បណ្តុះ​ផ្នត់គំនិត និង​ចរិតលក្ខណៈ​ឱ្យ​កុមារ​ចេះ​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​ទង្វើ​ទាំងឡាយណា​ដែល​គួរ​ធ្វើ និង​ទង្វើ​ទាំងឡាយណា​ដែល​មិនគួរ​ធ្វើ។ ជាធម្មតាកុមារៗដែល​ចូលចិត្ត​អាន​សៀវភៅ គឺជា​កុមារ​ក្លាហាន និង​មាន​ភាព​វៃឆ្លាត​ជាង​កុមារ​ដែល​មិន​ចូលចិត្ត​អាន។ គំនិត​របស់​កុមារ​ដែល​ធ្លាប់បាន​អាន​មាន​លក្ខណៈ​ទូលំទូលាយ និង​មាន​ទម្លាប់​ល្អ​ជាង​កុមារ​ដែល​មិន​ចូលចិត្ត​អាន​សៀវភៅ៕

  • ស្មា​ត​ហ្វូ​ន​កាមេរ៉ា 4 របស់ Huawei បង្ហាញខ្លួន​លើកដំបូង​នៅ​កម្ពុជា តម្លៃ​ត្រឹមតែ 329 ដុល្លារ

    ស្មា​ត​ហ្វូ​ន​កាមេរ៉ា 4 របស់ Huawei បង្ហាញខ្លួន​លើកដំបូង​នៅ​កម្ពុជា តម្លៃ​ត្រឹមតែ 329 ដុល្លារ

    ភ្នំពេញ៖ ទីបំផុត​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក Huawei ប្រចាំ​កម្ពុជា ដាក់​បង្ហាញ​វត្តមាន និង​ឲ្យ​ប្រើប្រាស់​សាកល្បង​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា 4 nova 2i លើកដំបូង​ក្នុង​ពិធី​ជំនួប បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តារាល្បីៗ នៅ​ថ្ងៃទី 12 ខែតុលា ឆ្នាំ 2017។

    កម្មវិធី​នេះ ធ្វើឡើង​នៅក្នុង​ទីស្នាក់ការ ក្រុមហ៊ុន Huawei ផ្ទាល់​ជាមួយនឹង​ភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និង​តារាល្បីៗ សរុប​ប្រមាណ​ជាង 20នាក់។ មាន​វត្តមាន​ជា​ភ្ញៀវកិត្តិយស​នៃ​កម្មវិធី​ដ៏​វិសេស​នេះ តារា​សម្តែង និង​បង្ហាញ​ម៉ូដ​ល្បីឈ្មោះ កញ្ញា ភី យ៉ា វេ​កា និង មុន្នី រ​ត្ន័ លើកសរសើរ​មិន​ដាច់​ពី​មាត់ ពី​រូបរាង​ពិត​របស់​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei nova 2i ថា “រាង​ស្អាត អេក្រង់​ធំ​ពេញភ្នែក ថតរូប​ច្បាស់​ស្អាត​ទាំងមុខ​ក្រោយ ពិតជា​ល្បី​ដូច​ឈ្មោះ​មែន! ទ្រាំ​អត់​បានទេ ក​ម្ម៉​ង​ទុក​មួយ​ដែរ​សិន។

    Huawei nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង អេក្រង់​ធំ ពេញភ្នែក ពេញ​គែម 5.9 អ៊ី​ញ (HUAWEI FullView Display) ជាមួយនឹង​សមត្ថភាព កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP ភ្ជាប់​ជាមួយនឹង Smart Selfie Toning Flash ឯកទេស​អ្នក Selfie មួយ​គ្មាន​ពីរ អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ី​វិ​ល័យ និង​រស់​រវើក។ ចំណែកឯ កាមេរ៉ា​ភ្លោះ ខាងក្រោយ​វិញ 16MP/2MP មាន​សមត្ថ​ភាពខ្លាំង អាច​ផ្តិត​យក​រូបភាព បែប​សិល្បៈ ស៊ី​វិ​ល័យ កម្រិត​ខ្ពស់ ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ស្រស់ស្អាត​ល្អ (bokeh) និង​ជួយ​បន្ថែម​ពន្លឺ សម្រាប់​ទីតាំង ដែលមាន ពន្លឺ​ខ្សោយ ដូច​កាមេរ៉ា​អាជីព។ HUAWEI nova 2i ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Octa-core Kirin 659, មាន​រ៉េ​ម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android-7 ជាមួយនឹង​ថាមពល​ថ្ម​ធំ​មហិមា 3,340mAh ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ Best 4G LTE Smart Ever ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី​អស្ចារ្យ កាន់តែ​លឿន និង អស់​កង្វល់​រឿង​អស់​ថ្ម ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម ។

    លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ របស់ ក្រុមហ៊ុន Huawei កម្ពុជា​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ យើង​ទទួល​បានការ​ម្ម៉​ង់​ទុក សម្រាប់​ស្មា​ត​ហ្វូ​ន Huawei nova 2i លើសពី​ការរំពឹងទុក​សម្រាប​ស្តុក​ដំបូង។ លោក អែម យុ​ទ្ធូ បន្ថែមថា៖ “ក្រោយពី​ដាក់​បង្ហាញ​នូវ​រូបរាង​ពិត គុណ​ភាពល្អ​ជាងគេ ទំនើប​ជាងគេ ថត​ស្អាត​ជាងគេ កាមេរ៉ា​ដល់​ទៅ 4 សេវា​កប់ ថ្ម​កាន់​បានយូរ​ជាងគេ តម្លៃ​ល្អ​ជាងគេ គឺ​ត្រឹមតែ 329ដុល្លារ ខ្ញុំ​ជឿថា​ក្រុមហ៊ុន Huawei នឹង​ទទួលជោគជ័យ​ខ្លាំង​សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាមេរ៉ា៤ nova 2i ជាក់​ជាពុំខាន ”។

    សម្រាប់ អតិថិជន​ដែល​ពុំទាន់​បានធ្វើការ​ក​ម្ម៉​ង់​ទុក​មុន នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i សូម​ប្រញាប់​រួសរាន់​ឡើង ចាប់ផ្តើម​កក់​ទុក​មុន​ភ្លាម នឹង​ទទួលបាន​កាដូ​យ៉ាងច្រើន សន្ធឹកសន្ធាប់ ពី​ក្រុមហ៊ុន Huawei រួមមាន ដង​ថតរូប (Selfie Stick), ក្រវិល​ទម្រ​ទូរ​សព្ទ (Phone Ring), កាស​ធំ​ពាក់​ក្បាល សម្រាប់​ស្តាប់​តន្ត្រី (Big Head Ear Phone) និង​ស៊ីម​ស្មា​ត​ជាមួយនឹង​កញ្ចប់​សេវាកម្ម ធំ​ម្ម៉​ង់​រយៈពេល 24សប្តាហ៍ ឥតគិតថ្លៃ និង​តម្លៃ​ពិសេស​ត្រឹមតែ 329ដុល្លារ។ អតិថិជន អាច​អញ្ជើញ​សាកសួរ​ព័ត៌មាន​អំពី កម្មវិធី ក​ម្ម៉​ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន Huawei ស៊េរី​ថ្មី កាមេរ៉ា​ភ្លោះ​មុខ ភ្លោះ​ក្រោយ nova 2i នៅតាម​បណ្តា​ហាង សាខា​លក់​ទូរស័ព្ទ ដែលមាន ភ្នាក់ងារ​បុគ្គលិក​លក់ ឬ ស្លាក​សញ្ញា Huawei ចាប់ពី​ថ្ងៃនេះ​តទៅ។

    គួរ​បញ្ជាក់ថា រាល់​អតិថិជន​ដែល​បានធ្វើ​ការបញ្ជា​ទុក​មុន នឹង​អាច​ទទួលបាន​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i កាមេរ៉ា​បួន នៅ​ថ្ងៃទី 25 ឬ 26 ខែតុលា 2017។ ព័ត៌មាន​លម្អិត​សូម​សាកសួរ ហាង​លក់​ទូរ​សព្ទ​ដែលមាន​ស្លាក​សញ្ញា Huawei ឬ បុគ្គលិក​លក់ Huawei។ Huawei ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមធំៗ ថែម​ឥត​ល្ហែ ថែម​មួយ​កំ​ប្លេ​រ ថែម​មិន​សំចៃ តម្លៃ​កប់​ពេញចិត្ត​ស្តូក ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫ​កាដូ​អស់ពី​ស្តុក។ អតិថិជន នឹង​ទទួលបាន​កាដូភ្លាមៗ ច្រើន​កប់​ចិត្ត ដោយ​គ្រាន់តែ​ជាវ ស្មា​ត​ហ្វូ​ន រឺ​ថេ​ប្លេ​ត Huawei ម៉ូ​ដែល​ណាមួយ​ក៏បាន នៅតាម​ហាង​លក់​ទូរ​ស័ព្ទ​នានា ដែលមាន​ភ្នាក់ងារ​បុគ្គលិក​លក់ រឺ​ស្លាក​សញ្ញា Huawei៕

  • បណ្ឌិត​តាន់ មុនី​វណ្ណ៖ គ្រាន់តែ​មានទ្រព្យ​សម្បត្ដិ មិនទាន់​រាប់​ជា​បុគ្គល​ដ៏​អស្ចារ្យ​ទេ

    បណ្ឌិត​តាន់ មុនី​វណ្ណ៖ គ្រាន់តែ​មានទ្រព្យ​សម្បត្ដិ មិនទាន់​រាប់​ជា​បុគ្គល​ដ៏​អស្ចារ្យ​ទេ

    បច្ចុប្បន្ន​មាន​បុគ្គល​ជាច្រើន​តែងតែ​ចង់​ក្លាយជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ។ លោក​បណ្ឌិត តាន់ មុនី​វណ្ណ លើកឡើងថា វា​មិនមែន​រឿង​ងាយស្រួល​នោះទេ ដើម្បី​ក្លាយជា​បុគ្គល​ដ៏​អស្ចារ្យ ក្រៅពី​ត្រូវមាន​គតិបណ្ឌិត​អស្ចារ្យ បុគ្គល​ម្នាក់​នោះ​ក៏​ត្រូវមាន​សកម្មភាព​អស្ចារ្យ ឬ​ល្អ​ជាង​អ្នកដទៃ​ផងដែរ។ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​មាន​ចំណុច​ពិសេស​ទាំងនេះ?

    លោក​បណ្ឌិត តាន់ មុនី​វណ្ណ បញ្ជាក់​ដើម្បី​ក្លាយខ្លួនជា​អ្នក​បុគ្គល​មាន​គតិបណ្ឌិត​អស្ចារ្យ និង​មាន​សកម្មភាព​អស្ចារ្យ មិនមែន​យើង​ត្រូវធ្វើ​នៅ​ពាក់កណ្ដាល​អាយុ​នោះទេ។ នៅ​ប្រទេស​ជឿនលឿន​នៅពេល​គេ​ឱ្យ​តម្លៃ​បុគ្គល​ម្នាក់​អស្ចារ្យ​គេ​ត្រូវ​ពិនិត្យមើល​ទង្វើរ​របស់​គាត់​តាំងពីក្មេង​មកម្ល៉េះ។ ប្រសិនបើ​យើង​ធ្វើ​អ្វី​មិនល្អ យើង​នឹង​មិនអាច​ក្លាយជា​បុគ្គល​ដ៏​អស្ចារ្យ​បានឡើយ ដូច្នេះ​អ្នកជំនាន់ក្រោយ​គួរតែ​សំអាត​គំនិត​ពី​ក្មេង​ឱ្យបាន​ល្អជា មុននឹង​ត្រូវ​គិត​លើ​បញ្ហា​នេះ​ឱ្យ​ច្បាស់លាស់។

    លោក​បណ្ឌិត​បន្ដថា៖ «ដូចជា​រូបខ្ញុំ នៅ​ពី​ក្មេង​មិនមែនជា​មនុស្ស​ល្អ​ពេក​ទេ តែ​ខ្ញុំ​បានកំណត់​ខ្លួនឯង​តាំងពីក្មេង​មក​ថា មិន​ចង់​ធ្វើ​អ្វី​ខុស ហើយ​អ្វី​ធ្វើឱ្យ​ខ្ញុំ​មិនបាន​ល្អឥតខ្ចោះ​ពី​ក្មេង​នោះ មិនមែន​មកពី​ខ្ញុំ​មិនបាន​គិត​ទេ គឺ​ដោយសារតែ​ខ្ញុំ​មានការ​ចេះដឹង​តិច ឬ​កម្រិតជីវភាព​មានការ​ខ្វះចន្លោះ តែ​យ៉ាងហោចណាស់​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អ្វី​មិនឱ្យ​រំលង​ផ្លូវច្បាប់​ដែរ»។

    ទោះជា​យ៉ាងណា​លោក​បណ្ឌិត តាន់ មុនី​វណ្ណ បញ្ជាក់ថា យោងតាម​ស្ថា​ភាពបច្ចុប្បន្ន ពាក់ព័ន្ធ​សមត្ថភាព ប្រជាជន​កម្ពុជា​អាច​នឹង​ពិបាក​ក្លាយខ្លួនជា​បុគ្គល ឬ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​បាន​ណាស់។ ប៉ុន្ដែ​មិនមែន​មានន័យថា បុគ្គល​ទាំងអស់នោះ​មិនអាច​ធ្វើ​សម្ម​ភាពល្អ​បាន ឬ​មិនអាច​បំពេញ​នូវ​ចំណុច​ខាងលើ​មិនបាន​ខ្លះ​នោះទេ។ ឧ​ទារ​ហណ៍​ដូចជា​រូបលោក​រស់នៅ​ឈរលើ​គោលការណ៍​ត្រឹមត្រូវ​របស់ខ្លួន ដូច្នេះ​ទោះ​មាន​មិ​ត្ដ​ភ័ក្ដិ ឬ​អ្នកផ្សេង​ទាញ​លោក​ដើរ​ចេញពី​គោលការណ៍​ដែល​យល់ថា មិន​ត្រឹមត្រូវ​គឺ​លោក​មិន​ធ្វើជា​ដាច់ខាត ។ ប្រជាជន​កម្ពុជា​មិនទាន់​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​បាន​គឺ​មិនមែនជា​កំហុស​របស់​នរណាម្នាក់។

    ជាមួយគ្នានេះ​លោក​បណ្ឌិត​បញ្ជាក់ថា នៅក្នុង​ភាសា​ជា​សាកល​មនុស្ស ឬ​បុគ្គល​ដែល​អស្ចារ្យ​មិនមែន​សំដៅលើ​មនុស្ស​មានទ្រព្យ​សម្បត្ដិ​នោះទេ។  មនុស្ស​មាន​កន្លែង​រស់​នៅ​ល្អ មាន​ហូបចុក​គ្រប់គ្រាន់​នោះ​ជា​រឿង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទៅហើយ។

    លោក​បន្ដថា៖ «នៅក្នុង​សង្គមមនុស្ស​ប្រសិនបើ​យើង​យល់​ខុស​ថា លុយកាក់ អំណាច ឬអ្វី​ផ្សេង​អស្ចារ្យ​គឺ​សង្គម​គ្មាន​ក្ដី​សុខ​ទេ។ ភាព​អស្ចារ្យ​សម្រាប់​ខ្ញុំ ហើយ​សាកលលោក​ក៏ត្រូវ​ការ​ដែរនោះ​គឺ​សកម្មភាព​នៃ​ភាពត្រឹមត្រូវ និង​ក្រមសីលធម៌​របស់ខ្លួន​យើង។ ជា​ការគិត​សម្រាប់​ខ្ញុំ ខ្ញុំ​តែង​អភ័យទោស​ឱ្យ​អ្នកដទៃ​ច្រើន​បើ​គាត់​មិនចេះ​គឺ​គាត់​ធ្វើ​ខុស តែ​ចំពោះ​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​មិន​ងាយ​អភ័យទោស​ឱ្យ​ខ្លួនឯង​ទេ ប្រសិនបើ​ខ្ញុំ​ធ្វើ​ខុស​ប្រាប់​ខ្លួនឯង​ថា កំហុស​នេះ​មិន​គួរឱ្យ​កើតមាន​ម្ដង​ទៀតឡើយ »៕

  • NBC នឹង​តម្រូវឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សិក្សា​ពី​ប្រភព​រូបិយ​បណ្ណ​ចំណូល​របស់​អតិថិជន​មុន​ផ្តល់​ឥណទាន

    NBC នឹង​តម្រូវឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សិក្សា​ពី​ប្រភព​រូបិយ​បណ្ណ​ចំណូល​របស់​អតិថិជន​មុន​ផ្តល់​ឥណទាន

    ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​នោះ នៅក្នុង​កិច្ចប្រជុំ​ស្តីពី​តួនាទី និង​គោលនយោបាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​សិក្សា​ពី​តម្រូវការ​ប្រើប្រាស់​របស់​អ្នក​ខ្ចី​ឱ្យបាន​ច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​រូបិយ​បណ្ណ។

    លោកជំទាវ ជា សេរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​គួរតែ​ពិនិត្យមើល​ប្រភព​ចំណូល និង​ប្រភព​ចំណាយអតិថិជន​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​ជាមុន ថា​តើ​រូបិយ​បណ្ណ​ប្រភេទ​ណា ជា​ប្រាក់រៀល ឬក៏​ដុល្លារ​អាមេរិក ដែល​គេ​ប្រតិបត្តិ​សម្រាប់​ការប្រកប​អាជីវកម្ម? ការធ្វើ​បែបនេះ​គឺ​ដើម្បី​កុំឱ្យ​អ្នក​ខ្ចីប្រាក់​ប្រឈម​នឹង​ការខាតបង់​នៅពេល​សង​ត្រឡប់​ទៅកាន់​ធនាគារ​វិញ ខណៈដែល​អត្រា​ប្តូរប្រាក់​នៅលើ​ទីផ្សារ​មានការ​ប្រែប្រួល។

    លោកជំទាវ​មានប្រសាសន៍ថា៖“តាម​ការអង្កេត​ចំណូល និង​ចំណាយ​របស់​ប្រជាជន​យើង គឺ​ប្រាក់រៀល តែ​នៅពេល​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គេ​បែរជា​ជំ​រុញឱ្យ​ពួកគាត់​យក​ជា​ប្រាក់​ដុល្លារ។ តាម​ការសង្កេត​របស់​ធនាគារជាតិ​នៃ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត ជាពិសេស​នៅតាម​ទីជនបទ​ប្រភព​ចំណូល និង​ចំណាយ​របស់​ពួកគាត់​ភាគច្រើនបំផុត​ជា​ប្រាក់រៀល ប៉ុន្តែ​នៅពេល​ពួកគាត់​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បែរជា​ត្រូវ​បានផ្តល់​ភាគច្រើន​ឱ្យ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ទៅវិញ ដែលជា​ហេតុ​អាចធ្វើឱ្យ​ពួកគាត់​ត្រូវ​ខាតបង់​ទៅលើ​អត្រា​ប្តូរប្រាក់។

    លោកជំទាវ​អគ្គនាយក​បច្ចេកទេស បាន​អះអាងថា ធនាគារជាតិ​នៃ​កម្ពុជា​នឹងធ្វើ​ការងារ​នេះ​ដើម្បី​ជំ​រុញឱ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ទាំងអស់​គួរ​ធ្វើការ​ស្វែងយល់​អំពី​តម្រូវការ​ប្រើប្រាស់​ថវិកា​អតិថិជន​របស់ខ្លួន​ឱ្យបាន​ច្បាស់ ដើម្បី​ធានាថា​ការផ្តល់​ឥណទាន​ជូន​ពួកគាត់​មាន​ប្រសិទ្ធភាព និង​ចំ​ទិសដៅ​ពិតប្រាកដ ខណៈ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ជនបទ​អំពី​រូបិយ​បណ្ណ​ឥណទាន​នៅមានកម្រិត។

    លោកជំទាវ ជា សេរី បាន​បញ្ជាក់ថា៖“យើង​នឹងធ្វើ​ការងារ​នេះ​ជាមួយ​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ អតិថិជន​ភាគច្រើន​មិនសូវ​យល់​ពី​រឿង​ហិរញ្ញវត្ថុ​ទេ ដូច្នេះ​វា​ជា​បញ្ហា។ អតិថិជន​អាច​រត់ទៅរក​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​មួយ​ទៅមួយ យើង​ត្រូវតែ​ធ្វើ​ការងារ​រួមគ្នា​ថា មុននឹង​ផ្តល់​ប្រាក់កម្ចី ទាំងអស់គ្នា​ត្រូវតែ​មើល​ប្រាក់ចំណូល​របស់​អតិថិជន ហើយ​ការឱ្យ​ប្រាក់កម្ចី​ត្រូវតែ​ផ្តល់​តាម​ប្រភព​ប្រាក់ចំណូល​នោះ។ ធនាគារជាតិ​នៃ​កម្ពុជា​ជឿថា វិធានការ​នេះ​នឹង​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ជំរុញឱ្យមាន​កា​រ​ប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ច្រើនឡើង​ថែមទៀត។

    ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លី​មី​ធី​ត លោក​ឧកញ៉ា ហួត អៀង​តុង បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ធនាគារជាតិ តែ​លោក​ឧកញ៉ា​បាន​យល់ឃើញថា ការអនុលោម​តាម​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​មិនមែនជា​កត្តា​សត្យានុម័ត​ក្នុងការ​ប្រើប្រាស់​ប្រាក់កម្ចី​នោះទេ ដោយសារ​ការប្រើប្រាស់​ប្រាក់កម្ចី​ដូចជា ការទិញ​សម្ភារ​ប្រើប្រាស់សំខាន់ៗជាដើម គឺ​ត្រូវអនុវត្ត​ជា​ប្រាក់​ដុល្លារ។

    ទោះបីជា​យ៉ាងណាក៏ដោយ​លោក​ឧកញ៉ា​ចង់ឱ្យ​មានកា​រ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ច្រើន ជាជាង​ការប្រើប្រាស់​រូបិយវត្ថុ​បរទេស ព្រោះថា​ការប្រើប្រាស់​រូបិយវត្ថុ​របស់​ជាតិ​នឹងធ្វើ​ឱ្យ​យើង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ច។

    ឧកញ៉ា ហួត អៀង​តុង បញ្ជាក់ថា៖“ការលើកឡើង​នេះ​ជា​រឿង​ល្អ​មួយ តែ​យើង​សង្កេតឃើញថា អ្នក​ខ្ចីប្រាក់​ដែលមាន​ប្រភព​ចំណូល​ជា​ប្រាក់រៀល មិន​ប្រាកដថា​គាត់​ត្រូវយក​ប្រាក់រៀល​នោះទេ ដោយសារ​ការវិនិយោគ​ជំហាន​ដំបូង​គឺ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក។

    បើតាម​លោកជំទាវ ជា សេរី ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​លុយ​រៀល​កាន់តែច្រើន ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីប្រកាស​តម្រូវឱ្យ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​បង្កើន​ទំហំ​ឥណទាន​ជា​ប្រាក់រៀល​ឱ្យបាន​យ៉ាងតិច 10%នៃ​ឥណទាន​សរុប​របស់ខ្លួន​នៅត្រឹម​ឆ្នាំ2019 ខាងមុខ៕

  • កម្ពុជា-អាស៊ាន ព្រមព្រៀងគ្នា​លើ​ការតភ្ជាប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស

    កម្ពុជា-អាស៊ាន ព្រមព្រៀងគ្នា​លើ​ការតភ្ជាប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស

    រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន-ចិន ដោយ​រួមមាន​រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹកជញ្ជូន​កម្ពុជា​ផង នៅ​ថ្ងៃទី12 ខែតុលា​ម្សិលមិញ​នេះ បានរៀបចំ​កិច្ចប្រជុំ​រួមគ្នា​មួយ​ថ្មី នៅ​ប្រទេស​សឹង្ហ​បូរី ដើម្បី​ពិភាក្សា​លើ​គម្រោង​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​ដឹកជញ្ជូន​គ្នា​ទៅវិញទៅមក។

    ឯកឧត្តម Khaw Boon Wan រដ្ឋមន្ត្រី​សម្របសម្រួល​ទទួលបន្ទុក​ហេដ្ឋារចនាសម្ព័ន្ធ និង​ជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន​សឹង្ហ​បុរី ព្រមទាំង​ឯកឧត្តម Dai Dongchang អនុរដ្ឋមន្ត្រី​ដឹកជញ្ជូន​ចិន ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ ក្នុងនោះ​រដ្ឋមន្ដ្រី​អាស៊ាន​បាន​គាំទ្រ​ការឯកភាព​គ្នា នៅក្នុង​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំតុមូល​ថ្នាក់ដឹកនាំ​ស្តីពី​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី14-15 ខែឧសភា ឆ្នាំ2017 នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​បង្កើន​ការតភ្ជាប់​រវាង​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    លោក​រដ្ឋមន្ដ្រី​បាន​ឯកភាព​ប្រគល់​ភារកិច្ច ជូន​ឯកឧត្តម​មន្ត្រី​ចិន-អាស៊ី និង​ក្រុមការងារ​ពាក់ព័ន្ធ​ធ្វើការ​ពិភាក្សា អំពី​សកម្មភាព​តាមដាន​របស់​ខ្លូន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​ផ្លូវអាកាស ដើម្បី​ជំរុញ​កំណើន​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ នៅក្នុង​តំបន់។

    រដ្ឋមន្ត្រី​អាស៊ាន​ក៏បាន​ពិភាក្សា និង​ផ្តល់​អនុសាសន៍​ណែនាំ លើ​ការអនុវត្តន៍​ឯកសារសំខាន់ៗដូចខាងក្រោម៖ 1.កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស អាស៊ាន-ចិន 2.កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ អាស៊ាន-ចិន 3.យន្តការ​ពិគ្រោះ​យោបល់​លើ​បញ្ហា​ពាក់ព័ន្ធ​ផ្លូវ​សមុទ្រ អាស៊ាន-ចិន 4.ផែនការ​យុទ្ធសាស្ត្រ​កែសម្រួល​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន​អាស៊ាន-ចិន, និង 5.សកម្មភាព​រួម​អាស៊ាន-ចិន​សម្រាប់​ឆ្នាំ2018។


    ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន​បានអនុម័ត​លើ អនុស្សរណៈ​យោគយល់ រវាង​អាជ្ញាធរ​ទទួលបន្ទុក​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសយាន នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការទាក់ទង​នឹង​ការស៊ើបអង្កេត​ឧប្បត្តិហេតុ និង​គ្រោះថ្នាក់​អាកាសយាន ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ៕

  • Barcelona ធ្វើដំណើរ​ទៅកាន់​ទឹកដី Atl. Madrid ក្នុងពេល​មាន​វិបត្តិ​នៅ Catalonia

    Barcelona ធ្វើដំណើរ​ទៅកាន់​ទឹកដី Atl. Madrid ក្នុងពេល​មាន​វិបត្តិ​នៅ Catalonia

    ការប្រកួត​ដ៏​ធំ​បំផុត​នៃ​ក្របខ័ណ្ឌ La Liga ក្នុង​រដូវ​កាល​កម​ទល់​ពេលនេះ នឹងត្រូវ​ប្រព្រឹត្តទៅ​ស្របពេល​មាន​វិបត្តិ​នយោបាយ​ដ៏​តានតឹង ខណៈដែល​ក្រុម Barcelona នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Atletico Madrid នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុងការ​ធ្វើដំណើរ​ជា​លើក​ទី1 របស់​ពួកគេ​ទៅកាន់​រដ្ឋធានី​របស់​អេ​ស្ប៉ា​ញ ចាប់តាំងពី​ការធ្វើប្រជាមតិ​ទាមទារ​ឯករាជ្យ​នៅ​តំបន់ Catalonia ដែល​ត្រូវបាន​រំខាន​ដោយ​អំពើហិង្សា។

    Barca បាន​លេង​ការប្រកួត​ជា​លើកចុងក្រោយ​របស់​ពួកគេ នៅ​កីឡដ្ឋាន​បិទ​ជិត​គ្មាន​អ្នកទស្សនា ខណៈដែល​ការធ្វើប្រជាមតិ​កាលពី​ថ្ងៃទី1 ខែតុលា ដែល​ត្រូវបាន​ចាត់ទុកថា ជា​ទង្វើ​ខុសច្បាប់​ដោយ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បានកើត​ឡើង ស្របពេល​មាន​ហេតុការណ៍​ដ៏​ជ្រួលច្របល់ ខណៈដែល​ប៉ូ​លិ បាន​រឹបអូស​យក​សន្លឹកឆ្នោត និង​បាន​ប៉ះទង្គិច​ជាមួយនឹង​អ្នកបោះឆ្នោត​ជាច្រើន​នាក់ ដែល​បានធ្វើ​ឲ្យ​មនុស្ស92នាក់​រងរបួស។

    ខ្សែបម្រើ Andres Iniesta ដែលជា​ប្រធាន​ក្រុម​របស់​ក្លិប Barcelona បាន​ប្រាប់​ស្ថានីយ​វិទ្យុ Catalunya នៅ​សប្តាហ៍​នេះ​ថា៖ «វា​ជា​ពេលវេលា​មួយ​ក្នុងចំណោម​ពេលវេលា​ដ៏​អាក្រក់​បំផុត​ដែល​ខ្ញុំ​បាន​ជួប»។ Iniesta វ័យ33ឆ្នាំ បាន​ចុះហត្ថលេខា​លើ​កុងត្រា​អស់​មួយជីវិត​នៅឯ​ក្លិប Barcelona កាលពី​សប្តាហ៍​មុន ពោលគឺ​រយៈពេល1ថ្ងៃ ក្រោយពី​បានធ្វើការ​កៅអី​ឲ្យ​ភាគី​នយោបាយ​ទាំងពីរ ធ្វើការ​ចរចា​គ្នា។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ការបែងចែក​បក្សពួក​គ្នា​នៅតែ​កើតមាន បើទោះបី​លោក Carles Puigdemont ប្រធានាធិបតី​របស់​តំបន់ Catalonia បានសម្រេច​ចិត្ត​ក្នុង​ការព្យួរ​ការប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី កាលពី​ថ្ងៃ​អង្គារ​ក៏ដោយ។ Iniesta បាន​បន្ថែមទៀតថា៖ «វា​បាន​ឈានដល់​ចំណុច​មួយ​ដែល​មិនល្អ​សម្រាប់​គ្រប់គ្នា​ទាល់តែសោះ។ បញ្ហា​ដែល​កំពុងតែ​កើតឡើង ត្រូវតែមាន​ការដោះស្រាយ»។ ស​បុត្រ​ចូល​ទស្សនា​ត្រឹមតែ250សន្លឹក​ប៉ុណ្ណោះ​ត្រូវបាន​លក់​ទៅ​ឲ្យ​អ្នកគាំទ្រ​ក្រុម​ក្រៅ​ដី នៅ​កីឡដ្ឋាន Wanda Metropolitano របស់​ក្លិប Atletico។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1៖45ទៀបភ្លឺ៕

    ប្រភពពី៖ Sky Sports

     

  • ការចាប់អារម្មណ៍ផ្សេងៗធ្លាក់​ទៅលើ​លោក Mourinho ខណៈ Man Utd ទៅ​ជួប Liverpool

    ការចាប់អារម្មណ៍ផ្សេងៗធ្លាក់​ទៅលើ​លោក Mourinho ខណៈ Man Utd ទៅ​ជួប Liverpool

    លោក Jose Mourinho នឹង​វិល​ទៅកាន់​កីឡដ្ឋាន Anfield នា​ថ្ងៃ​សៅរ៍​នេះ ជាមួយនឹង​ក្រុម Manchester United របស់លោក ដែល​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​ល្អប្រសើរ​ជាង​ការធ្វើដំណើរ​ជា​លើកចុងក្រោយ​របស់​ពួកគេ​ទៅកាន់​ទឹកដី​ក្រុម Liverpool កាលពី​រយៈពេល 12ខែ​មុន​ទៅទៀត។

    Man United បាន​ជួប​ភាព​ត្រដាបត្រដួស​កាលពី​ខែតុលា ឆ្នាំ2016 ខណៈដែល​ការរង​បរាជ័យ​ជា​បន្តបន្ទាប់​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Manchester City និង Watford បាន​លុបចោល​សុទិដ្ឋិនិយម​របស់​ពួកគេ​កាលពីដើម​រដូវ​កាល​តែម្តង មុននឹង​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម Liverpool។ រយៈពេល 1ឆ្នាំ​ក្រោយមក ពួកគេ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​មុត​ស្រួច ដោយបាន​កត់ត្រា​ជ័យជម្នះ 6លើក និង​ស្មើ 1លើក ក្នុងការ​ប្រកួត​បើកឆាក 7លើក​នៃ​ក្របខ័ណ្ឌ Premier League ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​តាម​ស្មើ​ពិន្ទុ​ជាមួយនឹង​ក្រុម​កំពុង​នាំមុខ Manchester City។

    ក្រុម​របស់លោក Mourinho ក៏មាន​ទម្រង់​លេង​ដ៏​រឹងមាំ​ដូចគ្នា​ក្នុង​ក្របខ័ណ្ឌ Champions League ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី7គ្រាប់​ក្នុងពេល​យកឈ្នះ​លើ​ក្រុម Basel និង CSKA Moscow និង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​មធ្យម​ចំនួន 3,2គ្រាប់​ក្នុង​មួយ​ប្រកួត​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់។ ក្រោយពី​បាន​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​ប្រជែង​ចំណាត់ថ្នាក់​លេខ1កាលពី​ឆ្នាំមុន បច្ចុប្បន្ន ក្រុម Liverpool កំពុងតែ​ជួប​ភាព​ត្រដាបត្រដួស​វិញ។

    ការរកបាន 5ពិន្ទុ​ពី​ការប្រកួត​លី​ក 4លើកចុងក្រោយ​របស់​ពួកគេ បានធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ7 នៅលើ​តារាង ខណៈដែល​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ក្នុងការ​ប្រកួត​ក្របខណ្ឌ Champions League ទាំង2 លើកដំបូង​របស់​ពួកគេ​មកទល់ពេលនេះ និង​បាន​ធ្លាក់​ចេញពី​ពាន League Cup ក្រោម​ស្នាដៃ​ក្រុម Leicester City។ ការរង​របួស​ទៅលើ Sadio Mane បានធ្វើ​ឲ្យ​លោក Jurgen Klopp អវត្តមាន​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​ម្នាក់ ហើយ​ទាំង​កីឡាករ Philippe Coutinho និង Roberto Firmino អាច​នឹង​ស្រុតចុះ​កម្លាំង ក្រោយពី​ទើបតែ​បំពេញ​កា​រត​ព្វ​កិច្ច​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 6៖30ល្ងាច៕

    ប្រភពពី៖ Sport24