Author: វល័ក្ខ

  • Hazard សម្លឹង​រក​ការបង្កើត​ភាព​អស្ចារ្យ ពេល Chelsea ជួប Roma នៅ​រាត្រី​នេះ

    Hazard សម្លឹង​រក​ការបង្កើត​ភាព​អស្ចារ្យ ពេល Chelsea ជួប Roma នៅ​រាត្រី​នេះ

    ក្រោយពី​ជួប​ការខកចិត្ត​ដោយសារតែ​ការបរាជ័យ​របស់គេ​កាលពី​ពេលមុន តារា​ឆ្នើម Eden Hazard របស់​ក្លិប Chelsea ត្រូវបាន​ជំរុញ​ឲ្យ​បង្កើត​ភាព​អស្ចារ្យ​របស់គេ​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ។

    ស្រប​ពេលដែល​ខ្សែប្រយុទ្ធ Cristiano Ronaldo , Lionel Messi និង Neymar សុទ្ធសឹង​បាន​ពង្រឹង​ទីតាំង​របស់​ពួកគេ​ក្នុងនាម​ជា​កីឡាករ​កំពូល តាមរយៈ​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ក្នុង​យុទ្ធនាការ​កំពូល​អឺរ៉ុប​នេះ Hazard នៅតែ​ជួប​ការខកចិត្ត​ក្នុង​យុទ្ធនាការ​នេះ។ សមត្ថភាព​របស់ Hazard ពិតជា​អស្ចារ្យ ហើយ​ខ្សែបម្រើ​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ចម្រាញ់​ចុងក្រោយ​របស់​បេក្ខភាព​ដែល​ត្រូវ​ឈ្នះ​ពាន Ballon d’Or ឆ្នាំ2017 ក្រោយពី​បាន​លេង​ក្នុងតួនាទី​ដ៏​សំខាន់​ក្នុងពេល​ក្រុម Chelsea លើក​ពាន Premier League កាលពី​រដូវ​កាល​មុន និង​ទោះបី​អាច​ទម្លុះ​តំបន់​ការពារ​ក្នុងការ​ប្រកួត​លី​ក​ក្នុងស្រុក​ជាច្រើន​បាន​មែន ប៉ុន្តែ​ចាប់តាំងពី Hazard ធ្វើការ​បង្ហាញខ្លួន​ជា​លើក​ទី1របស់គេ​ក្នុង​ក្របខ័ណ្ឌ Champions League ជាមួយនឹង​ក្រុម Lille កាលពី​ឆ្នាំ2011មក រូបគេ​បាន​បង្កើត​ឲ្យ​មាន​ភាព​អស្ចារ្យ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប​មួយ​នេះ។ ហេតុនេះហើយ ការប្រកួត​របស់​ក្រុម Chelsea ជាមួយនឹង Roma នៅ​រាត្រី​នេះ នឹង​ផ្តល់ឱកាស​ដល់ Hazard ក្នុងការ​ផ្លាស់ប្តូរ​សំណាង​មិនល្អ​របស់គេ។ ដោយ​ដឹងថា Hazard បច្ចុប្បន្ន​កំពុងតែ​ស្ថិតក្នុង​ឆ្នាំ​ដ៏​កំពូល​របស់គេ លោក Antonio Conte អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Chelsea បាន​លើកទឹកចិត្ត​ឲ្យ​កីឡាករ​រូបនេះ​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ខ្លួន។

    ក្រុម Chelsea នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ប្រកបដោយ​ការជឿជាក់ ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ2លើក​ពី​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល​ទាំង​ពីរលើក​របស់​ពួកគេ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការយក​ឈ្នះ​លើ​ក្រុម Atletico Madrid 2-1 កាលពី3សប្តាហ៍​មុន​ផងដែរ។ ដោយឡែក ក្រុម Roma បច្ចុប្បន្ន​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2ក្នុង​ពូ​ល​របស់ខ្លួន ដោយមាន4ពិន្ទុ​ពី​ការប្រកួត​ពីរលើក។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Sports.yahoo.com

  • បញ្ញា សិទ្ធ បញ្ជាក់ថា ការស្លាប់​របស់​អ្នកនាង សាន ស្រី​ឡៃ មិន​ពាក់ព័ន្ធ​នឹង​ខ្លួន​ទេ

    បញ្ញា សិទ្ធ បញ្ជាក់ថា ការស្លាប់​របស់​អ្នកនាង សាន ស្រី​ឡៃ មិន​ពាក់ព័ន្ធ​នឹង​ខ្លួន​ទេ

    នៅ​ថ្ងៃទី17 ខែតុលា ឆ្នាំ2017 តារាចម្រៀង និង​សម្ដែង បញ្ញា សិទ្ធ បាន​ចេញមុខ​បកស្រាយ​ជា​វីដេអូ Live នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook អំពី​រឿង​ការចោទប្រកាន់​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយ​អ្នកនាង សាន ស្រី​ឡៃ ដែលជា​មូលហេតុ​បង្ក​ឱ្យ​ភ្លើង​ប្រចណ្ឌ​ឆាបឆេះ​ឡើង រហូតដល់​មានការ​បាញ់សម្លាប់​យ៉ាង​រន្ធត់ និង​សង្វេគ​មួយ​នេះ។

    តាមរយៈ​វីដេអូ​ដែល​បាន Live នៅវេលា​ម៉ោង 8:53 នាទី​ពេលយប់ លោក បញ្ញា សិទ្ធ បាន​បញ្ជាក់ថា “អ្នក​ទាំងអស់គ្នា ក៏ដូចជា​បណ្ដា​សារព័ត៌​មាន​ដែរ តើ​មាន​ដឹង​រឿង​ខ្ញុំ​ច្បាស់​ឬ​អត់ ដែល​បាន​ចោទប្រកាន់ថា ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​ប្អូនស្រី សាន ស្រី​ឡៃ តើ​មាន​ដឹង​រឿង​ច្បាស់​អត់?!  ជាពិសេស​អ្នក​ដែល​បាន Share និង Comment ថាឱ្យ​ខ្ញុំ​ជាមួយ​ប្អូនស្រី សាន ស្រី​ឡៃ តើ​មាន​ដឹង​រឿង​ច្បាស់​ឬ​អត់?!” ។ តារា​ប្រុស​រូបនេះ​បាន​អះអាងថា លោក​ជាមួយនឹង​អ្នកនាង សាន ស្រី​ឡៃ ព្រមទាំង​តារាចម្រៀង​ជាច្រើនរូប​ទៀត​គឺជា​ជា​មិត្ត​រួម​អាជីព ដែល​បម្រើការ​ច្រៀង​នៅក្នុង​ក្លិប​រាត្រី​មួយ ហើយ​បាន​រាប់អាន​ស្និទ្ធស្នាល​នឹង​គ្នា​ដូចជា​បងប្អូន​បង្កើត ដែល​សូម្បីតែ​ម្ដាយ បងប្អូន​ស្រី​របស់​ស្រី​ឡៃ និង​មិត្ត​ភ័ក្ដិ​ជាច្រើន​ទៀត​នៅក្នុង​ចង្កោម​សិល្បៈ​ក៏បាន​ដឹង​ច្បាស់​អំពី​រឿងនេះ​ផងដែរ។

    យ៉ាងណាមិញ តារា​ប្រុស​ស្រស់​សង្ហា​រូបនេះ​បាន​សង្កត់ធ្ងន់ថា រឿង​ដែល​ចោទប្រកាន់​នេះ ពោលគឺ​បាន​ប៉ះពាល់ និង​មាន​បញ្ហា​ដល់​រូបលោក​ជាខ្លាំង ព្រោះថា លោក​ភ័យខ្លាច​បងប្អូន​ខាង​អតីត​ស្វាមី​របស់ សាន ស្រី​ឡៃ យល់ច្រឡំ​ចំពោះ​រូបលោក ខណៈដែល​បានឃើញ​បណ្ដា​សារព័ត៌​មានបាន​ចុះផ្សាយ​អំពី​លោក និង​អ្នកនាង​សាន ស្រី​ឡៃ​យ៉ាង​ដូច្នោះ។ លោក សិទ្ធ អះអាងថា “បើ ស្រី​ឡៃ គាត់​នៅរស់ ហើយ​មានរឿង​ហ្នឹង​កើតឡើង​គាត់​អាច​បកស្រាយ​បាន ក៏ប៉ុន្ដែ​ឥឡូវនេះ គាត់​ទទួលមរណភាព​ទៅហើយ តើ​អ្នកណា​គេ​ជា​អ្នកបកស្រាយ?”។

    ជា​ចុងក្រោយ លោក បញ្ញា សិទ្ធ បាន​លើក​ម្រាមដៃ​ដប់​សំពះ និង​អំពាវនាវ​ថា “ខ្ញុំ​សូមឱ្យ​បណ្ដា​សារព័ត៌មាន​ទាំងអស់​នៅក្នុង​ប្រទេស​របស់​យើង មុននឹង​ចុះផ្សាយ​សូម​ទូរស័ព្ទ​មក​សួរ​ខ្ញុំ​ជាមុនសិន សូមឱ្យ​ខ្ញុំ​បាន​បកស្រាយ​ខ្លះ កុំ​ចេះតែ​សរសេរ​តាម​គ្នា”។ ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់ សូម​ទស្សនា​វីដេអូ​បកស្រាយ​ខាងក្រោម​នេះ៕

  • អ្នកធ្វើដំណើរ​តាម​យន្តហោះ​នៅ​កម្ពុជា​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី3

    អ្នកធ្វើដំណើរ​តាម​យន្តហោះ​នៅ​កម្ពុជា​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី3

    ភ្នំពេញ៖ ដោយ​ឈរលើ​កំណើនសេដ្ឋកិច្ច​រឹងមាំ​ក្នុង​រង្វង់7%ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល2ទសវត្សរ៍​ចុងក្រោយ បានធ្វើឱ្យ​អ្នកវិនិយោគ​ក៏​ដូចជា​អ្នកទេសចរ​កម្ពុជា​ធ្វើដំណើរ​តាម​ជើងយន្តហោះ​មានការ​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី3 ឆ្នាំ2017នេះ។

    តាម​ការ​ឱ្យដឹងពី​ក្រុមហ៊ុន Vinci Airports ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Cambodia Airports បាន​បង្ហាញថា ចំនួន​អ្នកទេសចរ និង​អ្នកវិនិយោគ​ដែល​ធ្វើដំណើរ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង3របស់​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​ជា25.7 % គិត​ត្រឹម​ត្រីមាស​ទី3 បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2016។

    របាយការណ៍​របស់​ក្រុមហ៊ុន Vinci បាន​បង្ហាញថា អ្នកធ្វើដំណើរ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង3របស់​កម្ពុ​ជាមាន​ចំនួន​កើនឡើង​យ៉ាងខ្លាំង​ក្នុងអំឡុង​ត្រីមាស​ដំបូង​ក្នុងឆ្នាំនេះ ដោយ​ចំនួន​នេះ​បើ​គិត​ជា​ភាគរយ គឺ​បាន​កើនឡើង​ដល់ 25.7% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    ក្នុង​ចំនួន​នេះ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួលបាន​អ្នកដំណើរ​ឆ្លងកាត់24.5% ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប 21.8% និង​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ កើនឡើង16.2%។

    លោក ខែ​ក នរិន្ទ​ដា នាយក​ផ្នែក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន Cambodia Airports បាន​ប្រាប់​អ្នកយកព័ត៌មាន​រដ្ឋ(AKP)ឱ្យដឹងថា ការកើនឡើង​នៃ​ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​ទាំងបី​របស់​កម្ពុជា​នាពេល​នេះ បានមកពី​កត្តារួម​ផ្សំគ្នា​រវាង​ស្ថានភាព​សេដ្ឋកិច្ច និង​កំណើន​អ្នកដំណើរ​ដ៏​រឹងមាំ​របស់​កម្ពុជា​ដែល​នៅតែ​បន្ត​កើនឡើង​ក៏ដូចជា​ការបើក​ជើងហោះហើ​រថ្មីៗបន្ថែម​ពី​ប្រទេសផ្សេងៗមកកាន់​កម្ពុជា​ផងដែរ គួបផ្សំ​ជាមួយនឹង​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​របស់​ពិភពលោក និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នៅតែ​បន្ត​បង្ហាញ​សញ្ញា​កើនឡើង។ លោក​បាន​បន្ដថា អាកាសចរណ៍​កម្ពុជា​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច ដែល​វា​មិន​គ្រាន់តែ​ទាក់ទាញ​ការមកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាក់ទាញ​ទេសចរ​ក្នុងស្រុក​ផងដែរ។

    សូមបញ្ជាក់ថា Vinci Airports ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Cambodia Airports កំពុង​គ្រប់គ្រង​ភាគហ៊ុន70% លើ​ការវិនិយោគ​រួមគ្នា​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ព្រលានយន្តហោះ អន្តរជាតិ​ទាំង 3 របស់​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​នេះ​ក៏​កំពុង​វិនិយោគ​លើទឹក​ប្រាក់100 លាន​ដុល្លារ​បន្ថែម​ក្នុងការ​បង្កើន​សមត្ថភាព​ព្រលានយន្តហោះ​ភ្នំពេញ និង​សៀមរាប​ដើម្បី​ទទួលបាន​អ្នកដំណើរ​សរុប10លាន​នាក់​ក្នុង​មួយឆ្នាំ៕

  • បន្ដិចទៀត កម្ពុជា​អាច​គ្រប់គ្រង​គម្រប​ព្រៃឈើ​តាមរយៈ​ប្រព័ន្ធ​ផ្កាយរណប​បាន​ហើយ

    បន្ដិចទៀត កម្ពុជា​អាច​គ្រប់គ្រង​គម្រប​ព្រៃឈើ​តាមរយៈ​ប្រព័ន្ធ​ផ្កាយរណប​បាន​ហើយ

    ភ្នំពេញ – ដើម្បី​ចូលរួម​ថែរក្សា​ជីវចម្រុះ និង​គម្រប​ព្រៃឈើ​ឱ្យមាន​និរន្ដរភាព  និង​ការពារ​បាន​នូវ​ការបាត់បង់​បន្ដទៅទៀត រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ចេញ​ថវិកា​ដើម្បី​ទិញ​ទិន្នន័យ​ដែល​សហរដ្ឋអាមេរិក​ថ​តទៅ​លើ​គម្រប​ព្រៃឈើ​ដែល​អាច​ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​ជាមួយ​ប្រព័ន្ធ​ផ្កាយរណប​បាន។

    ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​ជប៉ុន​បាន​ចូលរួម​ជួយ​ក្នុង​កម្មវិធី​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ការការពារ​អភិរក្ស​គម្រប​ព្រៃឈើ ក៏ដូចជា​ការបង្កើន​ធនធានធម្មជាតិ​នៅ​កម្ពុជា​ឱ្យមាន​ការកកើត​ឡើងវិញ​ជា​បន្ដបន្ទាប់​ដែរ។

    ការត្រួតពិនិត្យ​គម្រប​ព្រៃឈើ​តាមរយៈ​ផ្កាយរណប​នឹង​ជួយ​ឱ្យ​កម្ពុជា​មានលទ្ធភាព​ទទួល​បាន​ទិន្នន័យ​ច្បាស់លាស់ និង​មាន​លទ្ធផល​ល្អ ព្រមទាំង​ឈានទៅដល់​ការកាត់បន្ថយ​ការបាត់បង់​រេច​រិល និង​អាច​គ្រប់គ្រង​គម្រប​ព្រៃឈើ​បាន​ដោយ​និរន្ដរភាព​ទៅ​ថ្ងៃ​អនាគត។ ក្នុងនោះ​រដ្ឋាភិបាល​ជប៉ុន និង​ជួយ​ចេញ​ការចំណាយ​ក្នុង​ការទិញ​ទិន្នន័យ​ដែល​ថត​បាន​ដោយ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ត្រួតពិនិត្យ​គម្រប​ព្រៃឈើ​នៅ​កម្ពុជា។

    រហូតមកដល់​ពេលនេះ​អង្គការ​Jica និង​អង្គការ​មួយចំនួនទៀត​បានរួម​គ្នា​កសាង​សមត្ថភាព​បច្ចេកទេស​ផ្ដល់​ឧបករណ៍​វាស់វែង រាយការណ៍ ផ្ទៀងផ្ទាត់​ព្រៃឈើ និង​បង្កើត​នូវ​ប្រព័ន្ធ​តាមដាន​ព្រៃឈើ និង​ផែនទី​គម្រប​ព្រៃឈើ​មួយ​ដែលមាន​លក្ខណៈ​ស្ដង់ដារ​អាច​ដឹង​ពី​ទិន្នន័យ​នៃ​ការប្រែប្រួល និង​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​គម្រប​ព្រៃឈើ​មានការ​ប្រែប្រួល​ដើម្បី​ចាត់វិធានការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា។

    ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​សម្ដែង​នូវ​អារម្មណ៍​រីករាយ​ដែល​ជប៉ុន​បាន​ជំនួយ​ដល់​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ​កសាង​សមត្ថភាព​សម្រាប់​កម្មវិធី​រេ​ដ​បូក ជាពិសេស​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ឈានដល់​ការបង្ហាញ​ផែនទី​គម្រប​ដី/ការប្រើប្រាស់​ដី​ចុងក្រោយ​របស់ខ្លួន។

    រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​សម្ដែង​ការអបអរសាទរ​ផងដែរ ដល់​ក្រុមបច្ចេកទេស JICA ដែល​នឹង​ជួយ​បញ្ចប់​ការបង្កើត​ក្របខ័ណ្ឌ​រេ​ដ​បូក ហើយ​ប្រទេស​ជប៉ុន​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុ​ជាប​ន្ថែ​ម​ទៀត​ក្នុងការ​អនុវត្ត​កម្មវិធី​រេ​ដ​បូ​កនៅ​ទីវាល និង​ជួយ​ការពារ​ប្រព័ន្ធ​ជីវចម្រុះ​ព្រៃឈើ​ដ៏​មានតម្លៃ​របស់​កម្ពុជា។

    ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រួម​ជាមួយនឹង​អ្នកពាក់ព័ន្ធ​ដ៏ទៃទៀត​បាន​កៀរគរ​ការគាំទ្រ​បន្តទៀត​ដល់​ការអនុវត្ត​កម្មវិធី​រេ​ដ​បូក​សម្រាប់​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព។ រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​សកម្មភាព​ការងារ​ដោះស្រាយ​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា៕

  • ហេតុអ្វី​បាន​គេ​ថា មនុស្ស​ដែល​យក​អ្នកណាម្នាក់​ជា​គំរូ (mentor) ភាគច្រើន​ជោគជ័យ?

    ហេតុអ្វី​បាន​គេ​ថា មនុស្ស​ដែល​យក​អ្នកណាម្នាក់​ជា​គំរូ (mentor) ភាគច្រើន​ជោគជ័យ?

    នៅ​ពីក្រោយ​មនុស្ស​ជោគជ័យ​ជាច្រើន​នៅលើ​ពិភពលោក​យើង​នេះ ភាគច្រើន​គេ​រកឃើញថា អ្នក​ទាំងនោះ​ជាម​នុស្ស​ដ៏​សាមញ្ញ ឬ​ជាម​នុស្ស​ដែលមាន​លក្ខណៈពិសេស​ម្យ៉ាង​ដែលជា​កម្លាំង​ជំរុញ​មនុស្ស​ជាច្រើន​ឱ្យមាន​កម្លាំងចិត្ត​សម្រាប់​ជម្នះ​ឧបសគ្គ​រហូត​ទទួលបាន​ជោគជ័យ។

    លោក Mario Ferro នាយក​ប្រតិបត្តិ​នៃ​អង្គការ Wedu បាន​លើកឡើងថា ការដែល​មនុស្ស​ណា​ម្នាក់​គួរ​មាន​និមិត្តរូប ឬ​អ្នក​ប្រឹក្សា​យោបល់ (mentor) ពាក់ព័ន្ធ​នឹង​ការសិក្សា ការងារ ការធ្វើ​អាជីវកម្ម ឬ​គំរូ​នៃ​ការរស់នៅ​នោះ អាចធ្វើឱ្យ​គាត់​មើលឃើញ​កាន់តែច្បាស់​ពី​គោលដៅ​នៃ​ជីវិត​របស់គាត់។ នៅពេលដែល​អ្នកណាម្នាក់​ចង់បាន​ជីវិត ឬ​ឧត្តមភាព​ស្មើនឹង​បុគ្គល​ម្នាក់​ដែល​គាត់​គិតថា​ចង់យក​ធ្វើជា​គំរូ​នោះ គាត់​នឹង​ព្យាយាម​ទៅ​ក្បែ​មនុស្ស​នោះ ហើយ​សង្កេតមើល​គ្រប់​សកម្មភាព រួមទាំង​សួរ​យោបល់​ដើម្បី​ដើរ​លើផ្លូវ​ដូចដែល​មនុស្ស​ម្នាក់​នោះ​ធ្លាប់​ដើរ​ដោយ​ជោគជ័យ និង​សុភមង្គល។ ចំណុច​នេះ​អាច​នឹង​ជំរុញ​គាត់​ឱ្យខិត​ខំប្រឹងប្រែង​ដើរ​លើផ្លូវ​មួយ​ប្រកបដោយ​ថាមពល និង​កម្លាំង​ជំរុញ​ខ្លាំង​ដែរ។

    លោក Mario Ferro បាន​និយាយថា៖ « ការជ្រើសរើស​យក​អ្នកណាម្នាក់​ធ្វើជា​គំរូ (mentor) ជា​វិធី​លើកទឹកចិត្ត និង​អប់រំ​មួយបែប​ដែល​ជំ​រុញឱ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ដែល​ក្លាហាន ក្នុងការ​ដោះស្រាយ​លើ​បញ្ហា​នានា​ក្នុង​ជីវិត​ឆ្ពោះទៅរក​គោលដៅ​ប្រកបដោយ​ថាមពល»។

    ស្រដៀង​គ្នា​នេះដែរ លោកជំទាវ តាំង ហ្គិ​ច​លៀង អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ឌី​ហ្វើ​នី​ឈ័​របា​ន​ថ្លែង​នៅក្នុង​វេទិកា​ស្តីពី​ភាពជា​អ្នកដឹកនាំ​ថា ការដែល​យើង​យក​អ្នកណាម្នាក់​ធ្វើជា​គំរូ គឺ​ចំណេញ​ច្រើនណាស់​សម្រាប់​យើងម្នាក់ៗ ព្រោះថា មនុស្ស​ទាំងអស់​ដែល​យើង​គោរព និង​ចង់​ធ្វើតាម​នោះ អាចជា​គ្រូ ឬ​ជា​អ្នកជំរុញ​ទឹកចិត្ត​ខ្លាំង។ យោបល់ និងគំនិតល្អៗដែល​គេ​ធ្លាប់មាន​ទាំងអស់នោះ នឹង​ក្លាយជា​អាវុធ​សម្រាប់​ត្រួសត្រាយ​ឧបសគ្គ​លើ​ដំណើរ​ផ្លូវ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​បាន។

    លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​និយាយថា៖ «បើសិន​ចង់​ក្លាយជា​មនុស្ស​ពូកែ យើង​ត្រូវ​ទៅជិត​មនុស្ស​ពូកែ ហើយ​យក​កូនសោរ​នៃ​ភាពជោគជ័យ​របស់គេ​យកមក​ដាក់​ក្នុង​ខ្លួន​យើង​ឱ្យបាន»។

    សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា មនុស្សម្នាក់ៗមានគំនិត និង​គន្លឹះរៀងៗខ្លួន​ដើម្បី​ទទួលបាន​ជោគជ័យ ហេតុនេះ​ការដែល​យើង​សាកសួរ ឬ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ស្វែងយល់ និង​រៀន​តាម​គន្លឹះសំខាន់ៗទាំងអស់នោះ វា​នឹង​ធ្វើឱ្យ​យើងម្នាក់ៗកាន់តែខ្លាំង​ឡើង៕

  • Liverpool លត់ Maribor ចាស់ដៃ ខណៈ Spurs ផ្តល់​ការខកចិត្ត​ដល់ Real

    Liverpool លត់ Maribor ចាស់ដៃ ខណៈ Spurs ផ្តល់​ការខកចិត្ត​ដល់ Real

    លោក Jurgen Klopp បាន​បញ្ជាក់ថា វា​ពិតជា​រឿង​ដ៏​ល្អ​ណាស់​ក្នុង​ការបង្កើត​ប្រវត្តិសាស្ត្រ ក្រោយពី​ក្រុម​ហង្ស​ក្រហម Liverpool របស់លោក​បាន​លត់​ក្រុម Maribor របស់​ស្លូ​វេ​នី យ៉ាង​ចាស់ដៃ ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្រៅ​ទឹកដី​ដ៏​ធំ​បំផុត​របស់​ក្រុម​អង់គ្លេស​មួយ​នេះ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប។

    ខ្សែប្រយុទ្ធ Roberto Firmino និង Mohamed Salah សុទ្ធសឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ដូចគ្នា ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​លត់​ក្រុម Maribor យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 7-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ក្នុង​ការប្រកួត​បើកឆាក​ទាំងពីរ​លើករ​បស់​ពួកគេ និង​ការធ្លាក់ចុះ​ទម្រង់​លេង​ក្នុង​ក្របខ័ណ្ឌ Premier League ក្រុម Liverpool បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស្លូ​វេ​នី ជាមួយនឹង​ការរិះគន់​ជាច្រើន​ទាក់ទង​នឹង​ការទិញចូល​កីឡាករ​ថ្មី​របស់លោក Klopp និង​បច្ចេកទេស​រៀបចំ​ក្រុម​របស់លោក។

    ជ័យជម្នះ​នេះ បាន​បំបែក​កំណត់ត្រា​នៃ​ការ​ឈ្នះ​ក្រៅ​ទឹកដី 6-០ របស់​ក្រុម Leeds United លើ​ក្រុម​ន័​រ​វែ​ស Lyn កាលពី​ខែតុលា ឆ្នាំ1969 និង​ក្រុម Manchester United លើ​ក្រុម​អៀរ​ឡង់ Shamrock Rovers កាលពី​ខែកញ្ញា ឆ្នាំ1957។ លោក Klopp បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ត្រូវបាន​គេ​បញ្ជាក់ប្រាប់​ពី​កំណត់ត្រា​នេះ បន្ទាប់ពី​ចប់​ការប្រកួត ហើយ​ខ្ញុំ​មិនបាន​ដឹង​មុន​ឡើយ។ ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៃ​ក្លិប​នេះ អាច​រំឭក​ដល់​រឿងរ៉ាវចាស់ៗ ហេតុនេះ វា​ពិតជា​ល្អ​ណាស់​ក្នុង​ការបង្កើត​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​មួយ​របស់​យើង»។

    ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី1គ្រាប់​ពី​ចំណុច11ម៉ែត្រ ប៉ុន្តែ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ត្រឹមតែ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ប៉ុណ្ណោះ​នៅលើ​ទឹកដី​ខ្លួនឯង​ពេល​ជួប​ក្រុម Tottenham Hotspur ក្នុង​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ។ ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Raphael Varane បាន​ជួយ​ឲ្យ​ក្រុម​មាន់​ខ្នាយ​មាស Spurs មាន​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​ទី28 នា​កីឡដ្ឋាន Bernabeu ប៉ុន្តែ Ronaldo បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ចូល​ទី​យ៉ាង​ល្អ​នៅ​ជិត​បញ្ចប់​តង់​ទី1 ក្រោយពី​មានការ​ប្រព្រឹត្ត​កំហុស​របស់​ខ្សែការពារ Spurs ទៅលើ​ខ្សែបម្រើ Toni Kroos៕

    ប្រភពពី៖ BBC

  • តើ​អ្នក​ចង់ឱ្យ​ស្បែក​ស​ឆាប់រហ័ស តាមបែប​ធម្មជាតិ​ដែរ ឬទេ?

    តើ​អ្នក​ចង់ឱ្យ​ស្បែក​ស​ឆាប់រហ័ស តាមបែប​ធម្មជាតិ​ដែរ ឬទេ?

    សាកល្បង​តែម្ដងទៅ ពិតជា​ឆាប់​ស​ស្អាត​ពិតមែន នេះ​ជា​រូបមន្ដ​ពិសេស​សម្រាប់​នារី​ដែល​ប្រាថ្នា​ចង់បាន​ស្បែក​ឆាប់​ស ដែល ឡា​រ៉ែ​ន នឹង​ចែកជូន​នូវ​រូបមន្ដ​នេះ ដល់​ប្រិយមិត្ត​អ្នកអាន​ទាំងអស់គ្នា​ឱ្យបាន​ជ្រាប​ដូចតទៅ។

    រូបមន្ដ ខ្ញី​ខាត់​ស្បែក
    វត្ថុ​ធាតុ​ផ្សំ​ដែល​ត្រូវ​ត្រៀម​រួមមាន៖

    • សាប់​ខ្ញី​ប្រវែង​មួយ​ម្រាមដៃ​ឱ្យ​ម៉ដ្ឋ​ល្អ ឬ​កិន​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ក៏បាន។
    • បន្ថែម​ម្សៅ​យិន​ស៊ិន​ចូល 1 ស្លាបព្រា​បាយ ស្ករស 1 ស្លាបព្រា​បាយ ទឹក​ប្រេងល្ង 4 ស្លាបព្រា​បាយ ទឹក​ប្រេង​កុលាប 1 ស្លាបព្រា​បាយ ទឹក​ប្រេង​ក្រអូប​មាន​ក្លិន​ក្រូច 5-10ដំណក់ ហើយ​កូរ​ឱ្យ​សព្វ​ឱ្យ​ក្លាយជា​ល្បាយ​តែមួយ។
    • ខណៈដែល​អ្នក​នៅក្នុង​បន្ទប់ទឹក ឬក៏​កំពុងតែ​ងូតទឹក​នៅក្រោម​ទឹក​ផ្កាឈូក ក៏​អាច​ម៉ាស្សា​ជាមួយ​គ្រឿងផ្សំ​ដែល​បាន​ត្រៀម​ទុកជា​ស្រេច​នេះ នៅលើ​បរិវេណ​រាងកាយ​ដែល​អ្នក​ចង់​ម៉ាស្សា​ឱ្យ​ស​ស្អាត​បានដែរ។ បន្ទាប់មក ត្រូវ​លាង​ទឹក​ឱ្យ​ស្អាត នោះ​អ្នកនឹង​សង្កេតឃើញថា ស្បែក​របស់​អ្នក​ទន់​រលាង ហើយ​ស​ម៉ដ្ឋ​គួរឱ្យ​ទាក់ទាញ​បំផុត៕
  • កម្ពុជា-សិង្ហ​បុរី ពិភាក្សាគ្នា​ដើម្បី​ត​ភ្ជាប់​ផ្លូវអាកាស​ប្រទេស​ទាំងពីរ

    កម្ពុជា-សិង្ហ​បុរី ពិភាក្សាគ្នា​ដើម្បី​ត​ភ្ជាប់​ផ្លូវអាកាស​ប្រទេស​ទាំងពីរ

    ភ្នំពេញ៖ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ដល់​អ្ន​ក​វិនិយោគ ក៍​ដូចជា​ភ្ញៀវទេសចរ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង នៅ​ព្រឹក​ថ្ងៃទី17 ខែតុលា ឆ្នាំ2017នេះ​ប្រមុខ​ការទូត​កម្ពុជា​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រមុខ​ការទូត​នៃ​ប្រទេស​សិង្ហ​បុរី​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។

    នៅក្នុង​ជំនួប​ដ៏​កម្រ​នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា ប្រមុខ​ការបរទេស​ទាំង​ពីរបាន​ពិភាក្សា និង​យល់ស្រប​ក្នុងការ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​មួយចំនួន​មានដូចជា ពាណិជ្ជកម្ម ការវិនិយោគ អប់រំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ពលកម្ម ការតភ្ជាប់​ផ្លូវអាកាស និង​ការថែទាំ​សុខភាព។

    បន្ទាប់ពី​បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ពេញ​មួយ​ព្រឹក​រួចមក ប្រមុខ​ការទូត​ទាំងពីរ​ប្រទេស បាន​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​កាន់តែ​ប្រសើរឡើង ពិសេស​នឹង​ជំរុញ​ឱ្យ​វិនិយោគិន​សិង្ហ​បុរី​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន។

    ជាមួយគ្នានេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ស្តីពី​ការពិគ្រោះ​យោបល់​ផ្នែក​នយោបាយ។

    គួរ​រំឭក​ដែរ​ថា ចាប់តាំងពី​ការភ្ជាប់​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ1965មក ប្រទេស​ទាំងពី​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ និង​កំណើន​ពាណិជ្ជកម្ម​ទៅវិញទៅមក​គួរឱ្យកត់សម្គាល់​ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ក្នុង​តំបន់៕

  • ប្រេងម៉ាស៊ីន BCP Super 1 ផ្តល់​រង្វាន់​ម៉ូតូ​មួយគ្រឿង​ដល់​អ្នកឈ្នះ​លើកដំបូង

    ប្រេងម៉ាស៊ីន BCP Super 1 ផ្តល់​រង្វាន់​ម៉ូតូ​មួយគ្រឿង​ដល់​អ្នកឈ្នះ​លើកដំបូង

    ជាការ​អបអរសាទរ​ចំពោះ​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ប្រេងម៉ាស៊ីន​ដ៏​ល្បីឈ្មោះ​ម៉ាក ប៊ី ស៊ី ភី ស៊ូ​ប​ភ័​រ វ័ន (BCP Super 1) នូវ​ម៉ូតូ Honda Dream 125 ស៊េរី​ឆ្នាំ2017 ជូន​ដល់​អ្នក​មានសំណាង​នោះ នៅ​ព្រឹក​ថ្ងៃទី 17 ខែតុលា កន្លងទៅនេះ ក្រុមហ៊ុន

    The Bangchak Corporation Public Company limited, Thailand បានរៀបចំ​ពិធី​ប្រគល់​ដោយផ្ទាល់​នៅក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល រាជធានី​ភ្នំពេញ ក្រោម​ការចូលរួម​ធ្វើជា​សាក្សី​ពី​សំណាក់​អ្នកតំណាង​ក្រុមហ៊ុន មហាជន​ទូទៅ ព្រមទាំង​បណ្តា​អ្នកសារព័ត៌មាន​មកពី​ស្ថាប័នផ្សេងៗជាច្រើន​ទៀត ។

    ជាមួយនឹង​ក្ដីរំភើប​រីករាយ​ជាមួយ​មហា​សំណាង​នាពេលនោះ លោក ពាង ពិ​សិទ្ធិ ដែលជា​អ្នកឈ្នះ​រង្វាន់​ម៉ូតូ Honda Dream 125 ស៊េរី ឆ្នាំ2017 បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា រូបលោក​មានស្រុក​កំណើត​នៅ ភូមិ​ខ្ពប ឃុំ​ម​ហ​ខ្ញូ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែ​លោក​បាន​ផ្លាស់​មក​រស់នៅ ម្ដុំ​ខាំ​កូ​ស៊ី​ធី ផ្លូវ​ម៉ុង ឬ​ទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ លោក​បានបញ្ជាក់​ប្រាប់ទៀតថា ៖ គាត់​និយាយ​លើកសរសើរ​ពី​ភាពល្អប្រសើរ និង​គុណភាព​របស់​ប្រេងម៉ាស៊ីន ប៊ី ស៊ី ភី ស៊ូ​ប​ភ័​រ វ័ន (BCP Super 1) ពិតជា​មានគុណ​ភាពពិតៗប្រើប្រាស់​បានយូរ​ជាង​ប្រេងម៉ាស៊ីន​ដទៃទៀត ទើប​រូបលោក​តែងតែ​ប្រើ​ប្រេងម៉ាស៊ីន​ប្រភេទ​នេះ​ជាប្រចាំ។ ប៉ុន្តែ អ្វីដែល​ធ្វើឱ្យមាន​ភាព​ភ្ញាក់ផ្អើល​នោះ គឺ​កាលពីពេល​កន្លងទៅថ្មីៗនេះ​លោក​ក៏​ធ្វើ​ការប្ដូរ​ប្រេងម៉ាស៊ីន​ម៉ូតូ​ហើយ​ស្រាប់តែ ក្រោយពេល​ផ្ទេរ ហើយ​ពិនិត្យមើល​ក្នុង​កំប៉ុង ស្រាប់តែ​ឃើញ​មាន​រង្វាន់​ម៉ូតូ​នៅក្នុង​សម្បក​កំប៉ុង ដែល​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពី​ញាតិមិត្ត​ជិតខាង​ចូលរួម​អបអរសាទរ​យ៉ាង​រីករាយ ។

    នៅក្នុង​ឱកាស​នៃ​ការប្រគល់​រង្វាន់​ធំ​លើកដំបូង​នូវ​ម៉ូតូ Honda Dream 125 ស៊េរី​ឆ្នាំ2017 ជូន​ដល់​អ្នក​មានសំណាង​នោះលោក ឆុក ឆៃ តំណាងអោយ​ក្រុមហ៊ុន The Bangchak Corporation Public company limited, Thailand.

    បាន​ឡើង​ថ្លែង​បញ្ជាក់ប្រាប់​ឱ្យដឹងថា ៖ «ប្រេងម៉ាស៊ីន BCP Super 1 គឺជា​ផលិតផល​ប្រេង​ថែរក្សា​យានយន្ត​មួយ​ក្នុងចំណោម​ប្រេង​ជាច្រើន​ប្រភេទ​ទៀត​ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ​ដែលមាន​ឈ្មោះថា The Bangchak Corporation Public company limited, Thailand.។ ជា​មោទនភាព​បំផុត ចាប់តាំងពី​បាន​នាំចូល និង​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា យើង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ដែលជា​អ្នកប្រើប្រាស់​ផ្ទាល់ ក៏ដូចជា​ដៃគូ​ចែកចាយ​បន្ត​យ៉ាងច្រើន។ ជាមួយគ្នានេះ ជាការ​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ដែល​តែង​គាំទ្រ​ផលិតផល​របស់​យើង ក្រុមហ៊ុន​បាន​បង្កើតជា​រង្វាន់​ផ្តល់​សំណាង​យ៉ាង​សន្ធឹកសន្ធាប់​ជូន​ដល់​អតិថិជន​របស់​យើង ដែល​ក្នុងនោះ​រួមមាន ម៉ូតូ Honda Dream 125 ស៊េរី​ឆ្នាំ2017 និង​ប្រាក់​ដុល្លារ ជាច្រើន​រង្វាន់ ដែល​អ្នក​គ្រប់គ្នា​សុទ្ធតែ​អាចមាន​សំណាង​បានឈ្នះ​ទាំងអស់»។

    គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន The Bangchak Corporation Public company limited, Thailand.បាន​ចូលខ្លួន​មក​ដំណើរការ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ប្រេង ក៏ដូចជា​វិស័យ​យានយន្ត​ជា​យូរណាស់​មកហើយ ជាពិសេស នៅ​ឆ្នាំ1995 បាង​ចាក ក៏បាន​ធ្វើការ​វិនិយោគ​បន្ថែម​នៅលើ​វិស័យ​មួយ​នេះ ដើម្បី​ពង្រីក​វិសាលភាព​នៃ​ចង្វាក់​ផលិតកម្ម និង​ពង្រីក​ការចែក​ចាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅលើ​ទីផ្សារ​សាកល ខណៈដែល​ទីតាំង​ចែកចាយ​នៅក្នុង​ស្រុក​ផ្ទាល់​មាន​រហូតដល់​ទៅ​ជាង1000ស្ថានីយ៍ ។ សូម​ចូលរួម​គាំទ្រ​ផលិតផល​ប្រេងម៉ាស៊ីន​ថែរក្សា​យានយន្ត BCP Super1 និង​ទទួលយក​មហា​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នេះ​ទាំងអស់គ្នា ៕

  • នឹកស្មាន​មិន​ដល់! ពលករ​ខ្មែរ​នៅ​ថៃ​មាន​ចំនួន​ច្រើនជាង​កម្មករ​ក្នុង​រោងចក្រ​ស្រុក​ខ្មែរ

    នឹកស្មាន​មិន​ដល់! ពលករ​ខ្មែរ​នៅ​ថៃ​មាន​ចំនួន​ច្រើនជាង​កម្មករ​ក្នុង​រោងចក្រ​ស្រុក​ខ្មែរ

    ភ្នំពេញ៖ ជា​រឿង​មួយ​ដែល​យើង​នឹកស្មាន​មិន​ដល់​ឡើយ ព្រោះ​មកទល់​ឆ្នាំ2017នេះ ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ចំនួន​ច្រើនជាង​កម្មករ-កម្មការិនី​នៅក្នុង​រោងចក្រ​ក្នុងប្រទេស​ខ្លួនឯង​ទៅទៀត!។

    ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​នៅ​ចុង​សប្តាហ៍​នេះ​បាន​ជួប​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ ដោយ​ឯកឧត្តម​បាន​បញ្ជាក់ថា មកទល់​បច្ចុប្បន្ន បងប្អូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង1លាន​នាក់ នៅ​ប្រទេស​ជប៉ុន​មាន​ជិត5ពាន់​នាក់ នៅ​កូរ៉េខាងត្បូង​មាន​ជាង5ម៉ឺន​នាក់ ក្នុងនោះ​បងប្អូន​ខ្មែរ​មានគ្រួសារ​ជា​ជនជាតិ​កូរ៉េ 15.000នាក់​ដែលមាន​ចំណូល​សរុប​ជា​មធ្យម​ជិត 2ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។

    ចំនួន​ជាក់ស្តែង​ពលករ​ខ្មែរ​យើង​នៅក្នុង​ប្រទេស​ថៃ​គឺ 1លាន5ម៉ឺន​នាក់ មាន​ប្រាក់​ឈ្នួល​ជាង300បាត​ក្នុង​មួយថ្ងៃ​ដែលមាន​ការងារ​ល្អ ជាការ​ងារ​នៅ​មួយកន្លែង​ដែល​បា​នរក​ចំណូល​ជួយ​គ្រួសារ និង​លើកកម្ពស់​ជីវភាព​គ្រួសារ​ឱ្យ​ល្អប្រសើរ​ឡើង កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​ភូមិ​ឃុំ​របស់​ពួកគេ បង្កើន​ទំនាក់ទំនង​មិត្តភាព​តាមរយៈ​ការទទួលបាន​មិត្ត​ភ័ក្ដិថ្មីៗ មាន​ប្រយោជន៍​សម្រាប់​សហប្រតិបត្តិកា​រ​មិត្តភាព​ប្រជាជន និង​ប្រជាជន។ ពេល​ត្រឡប់មក​កម្ពុជា​វិញ បងប្អូន​ពលករ​យើង​ទាំងនោះ គឺជា​ធនធានមនុស្ស​ដែលមាន​ជំនាញ​ខ្ពស់​សម្រាប់​កសាង​ប្រទេស​ជា​បន្ត​តាមរយៈ​ជំនាញ​របស់ខ្លួន និង​តាមរយៈ​ការងារ​នៅក្នុង​ស្រុក។

    សូមជម្រាបថា មកទល់​បច្ចុប្បន្ន​ក្នុងប្រទេស​កម្ពុ​ជាមាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន556រោងចក្រ មាន​កម្មករ-កម្មការិនី​ចំនួន65ម៉ឺន​នាក់ ក្នុងនោះ​កម្មការិនី88% និង​ប្រាក់​ឈ្នួល​អប្បបរមា​កើន​ដល់170ដុល្លារ(សម្រាប់​ឆ្នាំ2018) ដោយ​មិន​រួមបញ្ចូល​ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​អត្ថប្រយោជន៍ផ្សេងៗចំនួន 17ដុល្លារ​ផង​នោះ បាន​ជួយ​ដល់​អត្រាកំណើន​សេដ្ឋកិច្ច​មាន 7% អត្រា​មានការ​ងារ​ធ្វើ​មាន 99.3%ដែលមាន​ប្រាក់ចំណូល​ប្រហាក់ប្រហែល​នឹង​ប្រាក់ខែ​មន្ត្រីរាជការ​ដែរ គឺ80ម៉ឺន​រៀល៕