Author: វល័ក្ខ

  • ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

    ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

    រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃទី 22 ខែតុលា ឆ្នាំ2017 ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ 2017 រដូវ​កាល​ថ្មី ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​តារាចម្រៀង​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប។

    កម្មវិធី​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone នៅវេលា​ម៉ោង 8:00-10:00 យប់។ តារា​ល្បី​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រចាំ​ប្រទេស​កេ​រ៉ូ ដែល​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​ពិសេស​នេះ មានដូចជា លោក ខេ​ម  កញ្ញា យូ​រី លោក Step និង​ក្រុម​តារាចម្រៀង​ល្បី​អន្តរជាតិ​គឺ​ក្រុម​តារាចម្រៀង​កូរ៉េ K-Pop band Six Bomb

    កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អា​ពា​ហ៍ ពិពាហ៍​របស់ខ្លួន ដើម្បី​ផ្តល់រ​ង្វាន់​ផ្តាច់​ព្រ័ត​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ មានដូចជា​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋាន​សួ​គ៏ Krabi ចំនួន 15 រង្វាន់ រួមជាមួយ​រង្វាន់​ជាច្រើន​ទៀត​ដូចជា​ទូរទស្សន៍ Smart TV  55“ ចំនួន 11 រង្វាន់ និង​កា​ម៉េ​រា Sony Alpha ចំនួន 13 រង្វាន់។

    តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​នឹងមាន​សំណាង​ឈ្នះ​រង្វាន់​លាភ​មង្គល​ទាំងនេះ? សូម​ចូលរួម​ទស្សនា និង​តាមដាន​កម្មវិធី​ពិសេស​ជាមួយនឹង​ការសម្តែង​ដ៏​អស្ចារ្យ​ពី​ក្រុម​តារាចម្រៀង​កូរ៉េ K-Pop band Six Bomb ចាប់ពី​ម៉ោង 8 យប់ ដល់ 10 យប់ នៅ​ថ្ងៃទី 22 ខែតុលា ឆ្នាំ2017 ខាងមុខនេះ។

    គួ​រម្លឹកថា  ស្រា​បៀរ អាន់​ឆ័​រ បានជ្រើសរើស​លោក លី ម៉ិ​ញ ហូ ដែលជា​កំពូល​តារា​អន្តរជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ ធ្វើជា​ទូត​សុ​ឆន្ទ:របស់​ស្រា​បៀរ អាន់​ឆ័​រ និង​មាន​វត្តមាន​នៅក្នុង​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ អាន់​ឆ័​រ ។ ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង 30 មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា  ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង  គ្រប់​កម្មវិធី។

    រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ!

    ពិសា​ដោយ​ការទទួលខុសត្រូវ៕

     

  • ផាក​កាហ្វេ ពង្រីក​សាខា​បន្ថែមចំនួន 5ទីតាំង ក្នុង​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះ

    ផាក​កាហ្វេ ពង្រីក​សាខា​បន្ថែមចំនួន 5ទីតាំង ក្នុង​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះ

    បន្ទាប់ពី​បាន​បើក​ដំណើរការ​នូវ​ភោជនីយដ្ឋាន​ចំនួន3កន្លែង​កាលពី​ឆ្នាំ 2016កន្លង​ទៅនោះ ផាក​កាហ្វេ បាន​បើក​ដំណើរការ​ចំនួន2ទីតាំង​បន្ថែមទៀត​នៅ​ឆ្នាំ2017នេះ ។ ទន្ទឹមនឹង​ការពង្រីក​សាខា​ជា​បន្តបន្ទាប់​នេះ លោក ហេង សេង​លី ដែលជា​នាយក​គ្រប់គ្រង​របស់​ផាក​កាហ្វេ បានលើកឡើង​ឱ្យដឹងថា ក្រៅពី​រៀបចំ​ហាង​ថ្មី  Design ថ្មី យើង​នៅតែ​ផ្ដោត​សំខាន់​លើ​គុណភាព​អាហារ សេវាកម្ម និង​អនាម័យ​ទូទៅ​នៅក្នុង​ហាង ជាពិសេស អាហារ​គ្មាន​ប៊ីចេង ដែល​ល្អ​បំផុត​សម្រាប់​អ្នក​បរិភោគ​ទាំងអស់។

    លោក​បាន​បន្ថែមទៀតថា បន្ទាប់ពី​បើក​សាខា ផាក កាហ្វេ នៅ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មក លោក​សង្កេតឃើញថា ក្រៅពី model stand alone នៅតាម Office Building និង Shopping Mall គឺជា​ទិសដៅ​បន្ទាប់​របស់​ក្រុមហ៊ុន ដូចជា AOEN MALL, TK Avenue, Exchange Square និង​កន្លែងផ្សេងៗទៀតផង​ដែរ។ លោក​ក៏បាន​បង្ហើប​ថា បច្ចុប្បន្ន ក្រុមហ៊ុន កំពុងតែធ្វើការ​ជាមួយ​ខេត្ត​មួយចំនួន​ដូចជា ខេត្ត កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង បើ​គ្មានអ្វី​ប្រែប្រួល​ទេ ក្នុង​ខេត្ត​ទាំងនោះ នឹងមាន​វត្តមាន ភោជនីយដ្ឋាន ផាក កាហ្វេ បើក បម្រើ​អតិថិជន​យើង យ៉ាងយូរបំផុត​នៅ​ឆ្នាំ ២០១៨ខាងមុខនេះ។

    ជាទី​បញ្ចប់ លោក ហេង សេង​លី ក៏បាន​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់​ដែល​បាន​គាំទ្រ ផាក​កាហ្វេ តាំងពី​ថ្ងៃ​ដំបូង ហើយក៏​សូម​អភ័យទោស​ចំពោះ​ចន្លោះ​ខ្វះខាត​មួយចំនួន​ដែល​បានកើត​មាន​ដោយ​អ​ចេតនា​កាលពីពេល​កន្លង​ទៅ ហើយ​បុគ្គលិក ផាក កាហ្វេ ទាំងអស់​នឹង​ប្រឹងប្រែង និង​អភិវឌ្ឍន៍​នូវ​រាល់​ចំណុច​ដែល​ខ្វះខាត ដើម្បី​ឲ្យ​កាន់តែ​ប្រសើរ និង​ដើម្បី​ឲ្យ​ម៉ាក​សញ្ញា(Brand) របស់​កម្ពុ​ជាមួយនេះ​អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ ជាមួយ​ម៉ាក​សញ្ញា(Brand) របស់​បរទេស​មួយចំនួន ។ ដោយឡែក នៅពេល​អនាគត ផាក កាហ្វេ មាន​ចក្ខុ​វិសយ​ពង្រីក​ខ្លួន ឲ្យ​ក្លាយជា​ភោជនីយដ្ឋាន​លំដាប់​លេខ១នៅ កម្ពុជា តាមរយៈ​ការ អភិវឌ្ឍន៍ គុណភាព​ម្ហូបអាហារ គុណភាព​សេវាកម្ម គុណភាព​អនាម័យ និង​ការ​រចនា ភោជនីយដ្ឋាន​ឲ្យ​កាន់តែ​ទំនើប ព្រមទាំង​ការបើក​សាខា​បន្ថែម​ឲ្យ​បាន ៣១សាខា នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា នៅ ឆ្នាំ ២០២។

    គួរ​រំលឹក​ផងដែរ​ថា ផាក កាហ្វេ បាន​បើក​សាខា ដំបូង​នៅ​ឆ្នាំ ២០០៤ ហើយ​រហូតដល់​បច្ចុប្បន្ន​នេះ ផាក កាហ្វេ មានបទពិសោធន៍​ក្នុង​វិស័យ ម្ហូបអាហារ ជាពិសេស គុយទាវ ភ្នំពេញ និង​កាហ្វេ​បុរាណ បែប​ទំនើប ជាង១៣ឆ្នាំ និង​មាន​សាខា១១កន្លែង​នៅ ទីក្រុង​ភ្នំពេញ ដែល​ផ្ដល់​ការងារ ជូន​ប្រជាជន​កម្ពុជា ប្រមាណ​ជា ៣៧០នាក់ និង​បង្កើន​ការងារ​ប្រមាណ ១០០ កន្លែង ទៀត​នៅតាម​បណ្ដា​ខេត្ត​ដែល​គ្រោង​មាន​វត្តមាន នៅ​ឆ្នាំ​ក្រោយនេះ៕

  • កម្ពុជា​ត្រូវមាន​មណ្ឌល​ទេសចរណ៍ធំៗដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យបាន​ច្រើន

    កម្ពុជា​ត្រូវមាន​មណ្ឌល​ទេសចរណ៍ធំៗដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យបាន​ច្រើន

    ភ្នំពេញ៖ ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល​ឆ្នាំ2017 រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា កម្ពុជា​ត្រូវមាន​មណ្ឌល​ទេសចរណ៍ធំៗដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​ឱ្យបាន​កាន់តែច្រើន។

    ក្នុងនាម​ជា​វាគ្មិន​កិត្តិយស ប្រតិភូ​ក្រសួងទេសចរណ៍​ដែល​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​លើក​ទី6 នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន  ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍​ជំរុញឱ្យមាន​ការ​ផ្តល់ឱកាស​ដើម្បី​ចែករំលែក​ពី​អ្វីដែល​កម្ពុជា​បានធ្វើ​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​តំបន់​អាស៊ាន​ក្នុងការ​សម្រួលការ​ធ្វើដំណើ​រ​ឆ្លងកាត់​ព្រំដែន។ ឯកឧត្តម​បាន​ថ្លែងថា នៅក្នុង​បរិបទ​កម្ពុជា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរ​តាម​ច្រកទ្វារ​អន្តរជាតិ ដែល​រួមមាន​សមាសភាព​មកពី​វិស័យ​ពាក់ព័ន្ធ និង​អនុវត្ត​យន្តការ​នេះ​ដោយបាន​ដោះស្រាយ​បញ្ហា​ប្រឈម ដូចជា​ការកាត់បន្ថយ​របាំង​មិនចាំបាច់​នានា​នៅតាម​ច្រកទ្វារ​អន្តរជាតិ ពិសេស​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ផ្តល់​ទិដ្ឋាការ​នាពេល​មកដល់ (Visa on arrival)។

    ឯកឧត្តម​បាន​លើក​ទស្សនទានធំៗពីរ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ទៅនឹង​ទម្រង់​ភាពជា​ដៃគូ​រដ្ឋ-ឯកជន​បែបណា​ដែល​កម្ពុជា​បាន​អនុវត្ត​ដើម្បី​ធានា​លទ្ធផល​យូរអង្វែង​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍។ ឯកឧត្តម​ថ្លែងថា កន្លងមក​មានការ​ជជែក​គ្នា​ថា រវាង មេមាន់ និង​ពងមាន់ តើ​ណាមួយ​កើតមុន?  ជា​ចម្លើយ​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ចាំបាច់​ត្រូវបង្កើត​ឱ្យបាន​មេមាន់​ជាមុន ពោលគឺ​ទាល់​តែមាន​ផលិតផល​ទេសចរណ៍ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ កំពង់ផែ អាកាសយានដ្ឋាន មណ្ឌល​កម្សាន្ត​ទេសចរណ៍ធំៗ សណ្ឋាគារ ផ្សារ​លក់ទំនិញទំនើបៗ សួន​កម្សាន្តធំៗ (Theme Park)-ល- ទើប​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន។

    ដូច្នេះ​រដ្ឋ​ត្រូវតែមាន​ប្លង់​មេ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ថ្មី​ស្របទៅតាម​តម្រូវការ​ទីផ្សារ (បច្ចេកវិទ្យា និង​នវានុវត្តន៍) រៀបចំ​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍ (Zoning and Master Plan)ឱ្យបាន​ច្បាស់លាស់។

    ទី2៖ បន្ទាប់មក​រដ្ឋាភិបាល​ត្រូវឱ្យ​គោលការណ៍​ទៅ​ផ្នែក​ឯកជន​ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ រក​ដៃគូ​អភិវឌ្ឍ​ន៏​ដ៏​ពិតប្រាកដ​មួយ​ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​គិតគូរ​ហ្មត់ចត់​ដល់​កិច្ចការពារបរិស្ថាន ដោយ​ត្រូវ​ធានាថា ការអភិវឌ្ឍ​នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​និរន្តរភាព។

    សូមបញ្ជាក់ថា ក្នុង​វេទិកា​នោះ​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​អឺរ៉ុប​ខាងកើត អឺរ៉ុប​កណ្តាល​ក៏បាន​ស្នើ​សុំឱ្យ​កម្ពុជា​ជួយ​ចែករំលែក​ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ចិន​ផងដែរ ខណៈដែល​ប្រទេស​ទាំង​នោះបាន​មើលឃើញ​ពី​កំណើន​ខ្ពស់​នៃ​ទេសចរ​ចិន​មក​កម្ពុ​ជាជាង40%កាលពី​ឆ្នាំ2016៕

  • Everton ចាញ់ Lyon ទាំង​ចម្រូងចម្រាស ខណៈ  Giroud ជួយ Arsenal

    Everton ចាញ់ Lyon ទាំង​ចម្រូងចម្រាស ខណៈ  Giroud ជួយ Arsenal

    ភាព​ត្រដាបត្រដួស​របស់​ក្រុម​ទូកក្តោង Everton ក្នុង​ក្របខ័ណ្ឌ Europa League នៅតែមាន​បន្ត ខណៈដែល​ពួកគេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-1 ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម Olympique Lyonnais កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​នៅតែ​ស្ថិតនៅ​បាត​តារាង​នៃ​ពូ​ល​របស់​ពួកគេ​ដដែល។ ស្របពេល​ជាមួយគ្នានេះ ក្រុម Arsenal បាន​ផ្តួល​ក្រុម Red Star Belgrade ក្នុង​លទ្ធផល 1-០ ក្រោយពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Olivier Giroud។

    ក្រុម Everton ត្រូវការ​ឈ្នះ​ជាដាច់ខាត​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Lyon ក្រោយពី​ទទួលបាន​ត្រឹមតែ1ពិន្ទុ​ពី​ការប្រកួត2លើកដំបូង​របស់​ពួកគេ ប៉ុន្តែ ពួកគេ​បាន​ថ្លោះធ្លោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯងភ្លាមៗ ក្រោយពី​លេង​បាន6នាទី តាមរយៈ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Nabil Fekir។

    ខ្សែការពារ Ashley Williams បានតែ​តបាល់​បញ្ចូល​ទី​ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​តាម​ស្មើ​វិញ​នៅ​នាទី​ទី69 មុនពេល​ខ្សែប្រយុទ្ធ Bertrand Traore បាន​ជួយ​ឲ្យ​ក្រុម Lyon ដណ្តើម​បានការ​នាំមុខ និង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​តែម្ដង។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ការផ្ទុះ​ជម្លោះ​រវាង​កីឡាករ​នៃ​ក្រុម​ទាំងពីរ។ Williams ដែលជា​ប្រធាន​ក្រុម Everton បាន​រុញ​អ្នកចាំទី Anthony Lopes របស់ Lyon ដែល​បាន​បង្កើត​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កីឡាករ​នៅមុខ​អ្នកគាំទ្រ។ ស្រប​ពេលដែល​ក្រុម​កីឡាករ​ទាំងអស់​បាន​ព្យាយាមរ​ត់ទៅ​ជួយ​សម្រាល​ស្ថានការណ៍ផ្សេងៗនោះ អ្នកគាំទ្រ​ម្នាក់​ដែល​កំពុងតែ​កាន់​កូន​របស់ខ្លួន​នៅក្នុង​ដៃ​បាន​ព្យាយាម​ដាល់​ទៅលើ​អ្នកចាំទី​រូបនោះ។ ក្រោយមក លោក Koeman បាន​បញ្ជាក់ថា លោក​អាជ្ញាកណ្តាល​សញ្ជាតិ​ហូ​ឡង់ Bas Nijhuis ក៏​អាច​នឹងត្រូវ​ស្តីបន្ទោស​ផងដែរ​សម្រាប់​ការផ្ទុះ​ជម្លោះ​នៅឯ​កីឡដ្ឋាន Goodison មួយ​នេះ។

    គ្រូបង្វឹក​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បាន​ប្រាប់​មន្ត្រី​ប្រចាំ​ការប្រកួត​ពីអ្វី​ដែល​ខ្ញុំ​បានគិត​ក្នុងពេល​បញ្ចប់​ការប្រកួត​នេះ។ ខ្ញុំ​ដឹងថា អាជ្ញាកណ្តាល​មាន​សញ្ជាតិ​ហូ​ឡង់ ប៉ុន្តែ គាត់​មិនអាច​ផ្តល់​ការពិន័យ​ចំពោះ​កីឡាករ Nabil Fekir ដែល​បានធ្វើ​ពុត​ជា​ដួល​ចំនួន10លើក​នោះឡើយ»៕

    ប្រភពពី៖ BBC

  • តម្លៃ​អចលនទ្រព្យ​នៅ​សិង្ហ​បុរី នឹង​ងើប​ឡើងវិញ

    តម្លៃ​អចលនទ្រព្យ​នៅ​សិង្ហ​បុរី នឹង​ងើប​ឡើងវិញ

    បន្ទាប់ពី​តម្លៃ​ផ្ទះ​នៅ​ប្រទេស​សិង្ហ​បុរី​បាន​ធ្លាក់ចុះ​មួយរយៈ​រួចមក ក្រុមអ្នកវិភាគ​បាន​ព្យាក​ណ៍​ថា តម្លៃ​ផ្ទះ​នៅ​ទីនោះ​នឹង​ងើប​ឡើងវិញ បើទោះបីជា​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នៅតែ​បន្ត​អនុវត្ត​ក៏ដោយ។

    លោក Vikrant Pandey អ្នកវិភាគ​ផ្នែក​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន UOB Kay Hian Pte បាន​និយាយថា តម្លៃ​អចលនទ្រព្យ​នៅ​សិង្ហ​បុរី នឹង​កើនឡើង​ចន្លោះ​ពី5% ទៅ10% នៅ​ឆ្នាំ​បន្ទាប់ ក្រោយពី​ការធ្លាក់ចុះ​យ៉ាងច្រើន​ក្នុង​ឆ្នាំ2017។ នា​ដើមខែ​តុលា​នេះ​ស្ថាប័ន Morgan Stanley បានឱ្យដឹងថា តម្លៃ​ផ្ទះ​នឹង​ឡើង2% វិញ​នៅក្នុង​ឆ្នាំនេះ ហើយ​វា​នឹង​បន្ត​ឡើង10%ទៀត​នៅ​ចុងឆ្នាំ2018 ខាងមុខ ដែល​នេះ​អាច​និយាយថា មាន​និន្នាការ​កើនឡើង​ខ្ពស់ជាង​អ្វីដែល​គេ​រំពឹងទុក​ពីមុន។

    លោក Pandey និយាយថា៖“យើង​មើលឃើញ​នូវ​ការ​រើប​ឡើងវិញថ្មីៗ ដែល​រីក​រាលដាល​ទៅដល់​ផ្នែក​ឈ្មួញកណ្តាល និង​អ្នកប្រើប្រាស់​ចុងក្រោយ។ លោក​បន្ថែមថា កិច្ចសន្យា​អភិវឌ្ឍន៍​ឡើងវិញ ដែលមាន​ទាំង​ម្ចាស់ផ្ទះ​លក់​អា​ផាត​មិន​ក្នុង​អគារចាស់ៗទៅឱ្យ​អ្នក​អភិវឌ្ឍន៍ មានតម្លៃ​រហូតដល់ 2.2ប៊ី​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ គឺ​លើស​តម្លៃ​អន្តរកាល​មធ្យម ក្នុង​រយៈពេល4ឆ្នាំមុន។ ការទទួលបាន​លុយ​ពី​ការលក់​គម្រោង​អភិវឌ្ឍន៍​ឡើងវិញ​ទាំងនេះ អ្នកទិញ​នឹង​បង្កើន​តម្រូវការ​ពី​ឈ្មួញកណ្តាល​ទៅកាន់​អ្នកប្រើប្រាស់​ចុងក្រោយ។

    លោក​និយាយថា ការបញ្ជាទិញ​ពី​សំណាក់​ជនបរទេស​រំពឹងថា​នឹង​កើនឡើង បើទោះបី​ការបង់ពន្ធ​បន្ថែម​រហូតដល់15%លើ​ការទិញ​លក់ អចលនទ្រព្យ​ក៏ដោយ។ ការកម្រិត​តម្លៃ​ពន្ធចំពោះ​ជនបរទេស​កំពុង​បង្កើតឱ្យមាន​ការអំពាវនាវ​ជា​ប្រព័ន្ធ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​សិង្ហ​បុរី៕

  • មជ្ឈមណ្ឌល​ផលិតភាព​ជាតិ តម្រង់ទិស​ឱ្យ​សហគ្រាស​ផលិត​គិតពី​បរិស្ថាន

    មជ្ឈមណ្ឌល​ផលិតភាព​ជាតិ តម្រង់ទិស​ឱ្យ​សហគ្រាស​ផលិត​គិតពី​បរិស្ថាន

    មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពីពេលថ្មីៗនេះ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​មួយ​ដោយ​ផ្តោតលើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ផ្អែកលើ​ស្តង់ដារ ISO 14000 ដែលមាន​ការចូលរួម​ពី​វិស័យ​សាធារណៈ និង​ឯកជន ក្រុមហ៊ុន និង​សហគ្រាស​ផលិត​ជាច្រើន។

    តាម​ការអះអាង​របស់​អ្នកជំនាញ ប្រធានបទ​បរិស្ថាន​ក្នុង​សង្វាក់​ផលិតកម្ម​ផលិតផល​គ្រប់​ប្រភេទ​កំពុង​ក្លាយជា​កាតព្វកិច្ច​ដ៏​សំខាន់​សម្រាប់​ម្ចាស់​សហគ្រាស​ទាំងអស់។ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ផ្អែកលើ​ស្តង់ដារ ISO 14000 នេះ​ទទួលបាន​ការឧបត្ថម្ភ​ដោយ​អង្គការ​ផលិតភាព​អាស៊ី (Asian Productivity Organization=APO) ដែលមាន​លេខាធិការដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តំណាងឱ្យ​ប្រទេស​ជា​សមាជិក APO ចំនួន19ប្រទេស​នៅក្នុង​តំបន់​អាស៊ី។

    លោក ហេង អៀង ប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា បាន​អះអាងថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ផ្តោតទៅលើ​ការលើកកម្ពស់​ផលិតភាព គុណភាព និង​កម្រិត​នៃ​ការប្រកួតប្រជែង​សហគ្រាស​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ផលិតភាព​បៃតង និង​ការគ្រប់គ្រង​គុណភាព​បរិស្ថាន​សម្រាប់​ប្រតិបត្តិ​នៅក្នុង​ដំណើរការ​ក្រុមហ៊ុន ឬ​សហគ្រាស​របស់​ពួកគេ។

    លោក​បញ្ជាក់ថា៖“បច្ចុប្បន្ន​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កំពុងតែ​ផ្សព្វផ្សាយ​កម្មវិធី​បម្រែបម្រួល​អាកាសធាតុ និង​ឧស្សាហកម្ម​បៃតង ទាំង​ក្នុង​សហគ្រាស​ធុន​តូច មធ្យម និង​ធំ។ លោក ហេង អៀង បាន​បន្ថែមថា មជ្ឈមណ្ឌល​ផលិតភាព​ជាតិ ចង់​ពង្រីក​នូវ​សេវា​ប្រឹក្សា​យោបល់​របស់ខ្លួន​ទៅលើ​ស្តង់ដារ​ប្រព័ន្ធគ្រប់គ្រង​អន្តរជាតិ ដើម្បី​គ្រប់​ដណ្តប់​លើ​ប្រព័ន្ធគ្រប់គ្រង​គុណភាព​បរិស្ថាន។ ដូចនេះហើយ​ប្រព័ន្ធ​ដែល​ត្រឹមត្រូវ​បំផុត​នោះ​គឺ ស្តង់ដារ ISO 14000 នេះ​តែម្តង។

    ឯកឧត្តម ភោគ សុវណ្ណ​រិ​ទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏បាន​ជំរុញ​ឱ្យ​សិក្ខាកាម​ចូលរួម​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​ពី​និន្នាកា​រវិ​វត្តថ្មីៗនៃ​លក្ខខណ្ឌ​តម្រូវ​ដែល​គិតគូរ​ដល់​បរិស្ថាន។ ឯកឧត្តម​បញ្ជាក់ថា៖“ ផលិតផល​ដែលមាន​ផលប៉ះពាល់​ដល់​បរិស្ថាន នឹង​មិនមាន​និរន្តរភាព​ទេ ព្រោះ​និន្នាការ​របស់​អ្នកប្រើប្រាស់​គឺ​គាំទ្រ​ផលិតផល​ណា​ដែល​ធម្មជាតិ មិន​ប៉ះពាល់​ដល់​សុខភាព ទោះបី​ក្នុង​រយៈពេល​ណាក៏ដោយ។

    លោក Yong Kok Seng អ្នកជំនាញ​របស់​អង្គការ​ផលិតភាព​អាស៊ី (APO) បាន​និយាយថា សហគ្រាស​នៅ​កម្ពុជា​នៅមាន​ភាព​ក្មេងខ្ចី​នៅឡើយ ដូច្នេះ​គេ​អាច​គិតគូរ​បញ្ហា​បរិស្ថាន​នេះ​ទៅក្នុង​គោលនយោបាយ​សហគ្រាសរ​បស់​គេ ព្រោះ​បរិស្ថាន​ត្រូវបាន​គេ​គិតគូរ​ជាស​កល។

    តាមរយៈ​ការបណ្តុះបណ្តាល​នោះ មជ្ឈមណ្ឌល​ផលិតភាព​ជាតិ រំពឹងថា​ខ្លួន​នឹង​បង្កើន​ការណែនាំ និង​តម្រូវការ​នៃ​ការអនុវត្ត​ស្តង់ដារ​គ្រប់គ្រង​គុណភាព ISO 14000 នៅ​ប្រទេស​កម្ពុជា ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​នៃ​គ្រូបង្វឹក និង​អ្នកពិគ្រោះ​យោបល់ វិស្វករ​និង​អ្នកគ្រប់គ្រង​ផលិតកម្ម ដើម្បី​អនុម័ត​នៃ​ការប្រើប្រាស់​វិធីសាស្ត្រ​អនុវត្ត​ជាក់ស្តែង​នៃ​ការគ្រប់គ្រង​បរិស្ថាន និង​តម្រូវឱ្យ​សិក្ខាកាម​យល់​ពី​គោលការណ៍​និង​មេរៀន​នៃ​ការគ្រប់គ្រង​បរិស្ថាន វិធីសាស្ត្រ​សម្រាប់​អនុវត្ត​ប្រព័ន្ធ​គុណភាព​បរិស្ថាន និង​បច្ចេកទេស​អនុវត្ត​នៃ​ការប្រឹក្សា​យោបល់​នៅក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​នេះ៕

  • ក្រសួងពាណិជ្ជកម្ម​ព​ន្លឿ​ន ការរៀបចំ​សៀវភៅ​បន្ទុក​សម្រាប់​សមាគម​ម្រេច​កម្ពុជា

    ក្រសួងពាណិជ្ជកម្ម​ព​ន្លឿ​ន ការរៀបចំ​សៀវភៅ​បន្ទុក​សម្រាប់​សមាគម​ម្រេច​កម្ពុជា

    ស្រប​ពេលដែល​ការដាំដុះ​ដំណាំ​ម្រេច​កាន់តែ​មានការ​កើនឡើង ហើយ​ទីផ្សារ​មាន​កម្រិត​នោះ ក្រសួងពាណិជ្ជកម្ម​បាន​នឹង​កំពុង​រៀបចំ​ចងក្រង​បង្កើត​លក្ខខណ្ឌ​ដាំ​ដុះ​ម្រេច (Good Agricultural Practice) ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ពី​អ្នក​នាំចេញ​ផងដែរ។

    សៀវភៅ​បន្ទុក​ថ្មី​មួយ​ដែល​រៀបចំឡើង​ដោយ​អ្នកមាន​បទពិសោធ​ក្នុង​ការដាំដុះ​ម្រេច និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​កសិកម្ម បាន​រៀបរាប់​ពី​លក្ខខណ្ឌ​នានា​ចាប់ពី​ការដាំដុះ​បច្ចេកទេស​ដាំ​ដុះ ថែទាំ ការប្រមូល​ផល ការ​ទុកដាក់​ទិន្នផល ការត្រួតពិនិត្យ និង​ការអញ្ជើញ​ភាគី​ខាងក្រៅ​មក​ពិនិត្យ ជាដើម។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ឯកឧត្តម វ៉ា រុត​សាន ប្រធាន​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​អ្នក​ផ្តួចផ្តើម​ឱ្យមាន​សៀវភៅ​បន្ទុក​នេះ។

    ឯកឧត្តម វ៉ា រុត​សាន បាន​លើកឡើងថា សៀវភៅ​បន្ទុក​ដែល​អនុវត្តតាម GAP នឹងត្រូវ​ផ្តល់ជូន​ដល់​ប្រជាកសិករ និង​ម្ចាស់​កសិដ្ឋាន ដើម្បី​អនុវត្ត ស្រប​ពេលដែល​ក្រសួងពាណិជ្ជកម្ម​ត្រៀម​បង្កើត​សហព័ន្ធ​ម្រេច និង​ដាក់បញ្ចូល​ផលិតផល​ម្រេច​ទៅជា​ផលិតផល​សក្តានុពល​ស​ម្រា​ប់​ការនាំចេញ។ ឯកឧត្តម បាន​បន្តថា សៀវភៅ​បន្ទុក​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការដាំដុះ​ម្រេច​ប្រកបដោយ​និរន្តរភាព ដោយ​រាប់​ចាប់តាំងពី​ការដាំដុះ ការប្រមូល​ផល ការប្រើប្រាស់​ជី និង​ការ​ទុកដាក់​ផលិតផល​ក្រោយ​ប្រមូល​ផល សុទ្ធតែ​បានចែង​នៅក្នុង​សៀវភៅ​បន្ទុក​ដែល​រៀបចំ​ថ្មី​នេះ។

    ឯកឧត្តម វ៉ា រុត​សាន មានប្រសាសន៍ថា៖“អ្នក​ដាំ​ដុះ​អាច​មើលសៀវភៅ​នេះ ហើយ​អាច​កែសម្រួល​ចំណុច​ខ្លះ​ទៅតាម​លទ្ធភាព​ដែល​គាត់​អាចធ្វើ​បាន​ដោយ​គាត់​អនុវត្ត​ស្រាល​ជាង​សៀវភៅ​បន្ទុក ឬក៏​ត្រូវ​ចងឱ្យ​តឹង​ជាង​នេះ។ ទៅ​អនាគត​អ្នក​ដាំ​ដុះ​ម្រេច​អាច​ដាំ​ដុះ​ដោយមាន​របៀប និង​គំរូ​ច្បាស់លាស់។ ការដាំដុះ​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើឱ្យ​ទិន្នផល​ម្រេច​ហក់​ឡើង​រហូតដល់​ប្រមាណ2ម៉ឺន​តោន ដោយមាន​ការដាំដុះ​នៅក្នុង​ខេត្ត​ចំនួន19 ទូទាំងប្រទេស​កម្ពុជា។

    ជាមួយ​ទិន្នផល​កើនឡើង​ខ្ពស់ និង​តម្រូវការ​ប្រើប្រាស់​មា​នក​ម្រិ​ត ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ក៏បាន​ត្អូញ​តែ្អ​រ​ពី​ផល​លំបាក​ក្នុង​ការរក​ទីផ្សារ​ឱ្យ​ផលិតផល​ម្រេច​ផងដែរ។ កាលពី​ថ្ងៃទី11 ខែសីហា ឆ្នាំ2017 នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ស្តីពី​ពាណិជ្ជកម្ម​ម្រេច និង​ការផ្លាស់ប្តូរ​បទពិសោធ​របស់​សហគមន៍​ម្រេច​អន្តរជាតិ ក្នុង​ការកសាង​ទំនុកចិត្ត​ឆ្ពោះទៅកាន់​និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច​កម្ពុជា។

    នាឱកាស​នោះ ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា ការដាំដុះ​ម្រេច​របស់​កម្ពុ​ជាមាន​សន្ទុះ​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​មាន​ស្ថិរភាព​តម្លៃ​ធៀប​នឹង​ផលិតផលផ្សេងៗទៀត។ បច្ចុប្បន្ននេះ​ក្នុង1ឆ្នាំ​កម្ពុជា​អាច​ប្រមូល​ផល​ម្រេច​បាន​ប្រមាណ2ម៉ឺន​តោន ខណៈ​កាលពី​អំឡុង​ទសវត្សរ៍ ឆ្នាំ60 បាន​បរិមាណ​ត្រឹមតែ2,000តោន​ប៉ុណ្ណោះ។

    ឯកឧត្តម ម៉ៅ ថូ​រ៉ា បាន​អះអាងថា ម្រេច​ជា​ផលិតផល​សំខាន់​មួយ​ក្នុងចំណោម​ទំនិញ​ទាំង19មុខ​របស់​កម្ពុជា​ដែលជា​អាទិភាព​សម្រាប់​ការនាំចេញ។ ផលិតផល​ម្រេច​ប្រមាណ300តោន​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក ហើយ​ទិន្នផល​សេសសល់​ត្រូវ​ពឹង​លើ​ការនាំចេញ ដោយ​នាំ​ចេញទៅ​ប្រទេស​វៀតណាម​ច្រើនជាងគេ ក្រៅពីនោះ​មាន​ទីផ្សារ​ប្រទេស​ជប៉ុន កូរ៉េ អាមេរិក និង​កាណាដា​ជាដើម។

    ឯកឧត្តម​បាន​ថ្លែងថា៖“ការកើនឡើង​ខ្ពស់​នៃ​ទិន្នផល​នេះ​បាន​បង្កក្តី​លំបាក​ដល់​ការរក​ទីផ្សារ។ យើង​ដឹង​ហើយ​ថា ម្រេច​តែមួយ​ក្តាប់​គេ​អាច​ប្រើ​បាន​ស្ទើរ​មួយ​ភូមិ ដូចនេះ​ការរក​ទីផ្សារ​ពិតជា​ពិបាក។ នៅ​ចំពោះមុខ​ការលំបាក​នេះ និង​ដើម្បី​ដោះស្រាយ​ស្ថានភាព​ប្រឈម​នៅពេល​ខាងមុខ ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​បង្កើត​សហគមន៍​ម្រេច​ឱ្យ​មាននៅ​គ្រប់​ខេត្ត​ទាំងអស់19 ដែលមាន​ការដាំដុះ​ម្រេច​ដើម្បី​ឈានទៅ​បង្កើត​សហព័ន្ធ​ម្រេច​នៅ​ថ្ងៃ​អនាគត ខណៈ​បច្ចុប្បន្ន​មានតែ​ខេត្ត​ចំនួន5ប៉ុណ្ណោះ​ដែលមាន​សហគមន៍​ម្រេច។ ការប្រកប​អាជីវកម្ម​ម្រេច​ត្រូវបាន​ធ្វើឡើងដោយឡែកៗពីគ្នា​រវាង​កសិករ​ម្នាក់​ទៅ​កសិករ​ម្នាក់ទៀត ដែលជា​កត្តា​ពិបាក និង​ការចំណាយ​ខ្ពស់។

    យោងតាម​ការសិក្សា កសិករ​លក់​ម្រេចភ្លាមៗក្រោយ​ប្រមូល​ផល ដោយសារ​គ្មាន​ឃ្លាំង​ស្តុក និង​ត្រូវការ​ទុន​បង្វិល។ អ្នក​ដាំ​ដុះ​ម្រេច ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ចន្លោះ​ពី2-3ម៉ឺន​ដុល្លារ​ក្នុង1ហិកតា​សម្រាប់​ការដាំដុះ​ម្រេច​រហូតដល់​ប្រមូល​ផល៕

  • តើ​គួរ​ធ្វើយ៉ាងណា​នៅពេលដែល​ក្អក​មិន​បាត់?​

    តើ​គួរ​ធ្វើយ៉ាងណា​នៅពេលដែល​ក្អក​មិន​បាត់?​

    អាការ​ក្អក អាច​កើតឡើង​ច្រើនបែប​អាស្រ័យ​លើ​មូលហេតុ​របស់​វា មនុស្ស​យើង​មិនអាច​ជ្រើសរើស​ថា​នឹង​ក្អក​បែបណា​បាន​នោះទេ តែ​ជ្រើសរើស​ក្នុងការ​ចាត់ការ​វា​ឱ្យ​ធូរស្រាល​ទៅវិញ​យ៉ាង​ឆាប់រហ័ស​បាន។ ដូច្នេះហើយ​ទើប​ខាង​វេជ្ជសាស្ត្រ​បែងចែក​អាការ​ក្អក​ចេញ​ជាច្រើន​បែបច្រើនយ៉ាង ដូចជា ក្អក​ស្ងួត និង​ក្អកមាន​ស្លេស្ម៍ ឬ​ក្អក​រយៈពេល​ខ្លី និង​ក្អក​រ៉ាំរ៉ៃ​ជាដើម។ មនុស្ស​ក្នុង​យុគសម័យ​នេះ​កើត​អាការ​ក្អក​ច្រើន​គ្នា​ណាស់ ដោយសារតែ​បច្ច័យ​អាកាសធាតុ និង​បច្ច័យ​ខាងក្នុង​រាងកាយ​គឺ ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ចុះខ្សោយ ទើប​ចេះតែ​ក្អក​មិន​បាត់។

    ក្នុង​ខាង​វេជ្ជសាស្ត្រ​បាន​បែងចែក “អាការ​ក្អក” ចេញ​ជា2បែប ដើម្បីឱ្យ​លោកអ្នក​សម្រេចចិត្តថា នឹង​ចាត់ការ​ជាមួយ​វា​យ៉ាងដូចម្ដេច​ដូចតទៅ​នេះ ៖

    1/ ក្អក​ទូទៅ៖ គឺ​ក្អក​ដោយសារ​ប្រព័ន្ធ​ដកដង្ហើម​មាន​បញ្ហា ដូចជា ក្អក​ដោយសារ​ឈ្លក់​នឹង​ល្អងធូលី​ដី ឬ​ផ្សែង​អ័​ព្ធ​ជាដើម ក្អក​ដោយសារ​កើត​ជំងឺ​ផ្តាសាយ​តឹង​ច្រមុះ​ធម្មតា ឬ​ក្អក​ដោយសារ​កើត​ប្រតិកម្ម​ចាញ់​ទីកន្លែង។ល។

    2/ ក្អក​មួយទៀត​ដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺថា តើ​ត្រូវ​ទៅរក​គ្រូពេទ្យ​ឬក៏​អត់ គឺ​ក្អក​រ៉ាំរ៉ៃ​យូរអង្វែង ក្អក​រួមជាមួយ​ហត់​ដង្ហក់​ដកដង្ហើម​មិន​រួច ក្អក​ដោយសារ​ឆ្លង​មេរោគ​ចូល​ធ្ងន់ធ្ងរ ឬ​មាន​គ្រុនក្តៅ​ខ្លួន​ផង ដែល​ទាំង3រោគសញ្ញា​នេះ​គឺជា​អាការ​ហើម​សួត (សួត​ឆ្លង​មេរោគ)។

    ការរក្សា​ព្យាបាល​អាការ​ក្អក​បែប​ទី1 (ក្អក​ទូទៅ) មានការ​បឋម​ព្យាបាល​ដោយ​ខ្លួនឯង​បែបងាយៗដូចតទៅ ៖

    • ចាប់ផ្តើម​ដោយ​ការ​គេង​សម្រាក​ឱ្យបាន​ច្រើន ចូល​គេង​យ៉ាងយូរបំផុត​នៅ​ម៉ោង10យប់ ដើម្បីឱ្យ​រាងកាយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ។

    • ពាក់​ស្រោម​ជើងពេល​គេង​យប់ ព្រោះ​បើ​ចង់ឱ្យ​សុខភាព​ល្អ ត្រូវតែ​ឱ្យ​ចុងជើង​ក្តៅឧណ្ហៗជានិច្ច។

    • ទទួលទាន​ផ្លែ​ត្របែក ផ្លែ​ប៉េងប៉ោះស្រស់ៗ និង​ទទួលទាន​ទឹក​ផ្លែក្រូច​វ​ល្លិ៍ (ផ្លែ​ផា​សិន) ឱ្យបាន​ញឹកញាប់។

    • ផ្លុំ​សក់ ឬ​ជូត​សក់​ឱ្យ​ស្ងួត​មុនពេល​គេង ហាម​គេង​ទាំង​សក់​ក្បាល​សើម​ជាដាច់ខាត ព្រោះ​ភាព​សើម​នឹង​ធ្វើឱ្យ​មេរោគ​ផ្តាសាយ​រីក​សាយភាយ​បានល្អ​នៅក្នុង​ច្រមុះ និង​ផ្លូវដង្ហើម។

    សម្រាប់​ករណីនេះ មាន​រូបមន្ត​ភេសជ្ជៈ​ពិសេស​ការពារ​អាការ​ក្អក​បានពិតៗគឺ “ទឹកឃ្មុំ​ផ្សំ​ជាមួយ​ទឹកក្រូច​ឆ្មារ” ដោយ​ផ្សំ​ក្នុង​អត្រា​ស្មើគ្នា និង​មាន​គន្លឹះ​ពិសេស​មួយ​គឺ មិន​លាយ​ជាមួយ​ទឹក ឬ​ដាក់​ទឹកកក​ឡើយ គ្រាន់តែ​កូរ​ឱ្យចូល​គ្នា​សព្វ ផ្អែមជូរៗ រួចហើយ​ក្រេប​បំបាត់​អាការ​ក្អក​បាន។

    ចំណែក​អាការ​ក្អក​បែប​ទី2 គួរតែ​ទៅ​ជួប​គ្រូពេទ្យ បើ​មាន​អាការ​បន្ថែម​ដូចខាងក្រោម ៖

    • ក្តៅខ្លួន38.9អង្សា C ឡើង
    • ក្អកមាន​ស្លេស្ម៍ លាយ​ឈាម មាន​ពណ៌ក្រហមៗ ឬ​ខៀវ
    • មាន​អាការ​ហត់​ដង្ហក់
    • ពិបាក​ដកដង្ហើម
    • ឈឺ​ដើមទ្រូង​ខ្លាំង​ទាំង​ពេល​ក្អក និង​មិន​ក្អក
    • ក្អកជាប់ៗគ្នា​យូរ​ជាង2សប្តាហ៍

    តែ​ជា​សរុបទៅ បើ​លោកអ្នក​នៅតែ​មិនបាន​ធូរស្រាល​ពី​អាការ​ក្អក​សោះ​នោះ គួរតែ​ទៅ​ជួប​លោក​គ្រូពេទ្យ​ជាបន្ទាន់ ហើយ​កុំ​ភ្លេច​រៀបរាប់​អំពី​អាការ​ក្អក​ឱ្យបាន​លម្អិត​ផង ព្រោះ​អ្វីដែល​អ្នក​រៀបរាប់​ប្រាប់​លោកគ្រូ​ពេទ្យ​នោះ​អាចជួយ​ក្នុងការ​វិនិច្ឆ័យ​រោគ និង​ការព្យាបាល​បាន​ច្រើនណាស់៕

  • កុមារ​នៅ​អាស៊ី​ទទួលរង​អំពើហិង្សា​ច្រើនជាងគេ​លើ​ពិភពលោក

    កុមារ​នៅ​អាស៊ី​ទទួលរង​អំពើហិង្សា​ច្រើនជាងគេ​លើ​ពិភពលោក

    ការប្រើ​អំពើហិង្សា​លើ​កុមារ​ជា​រឿង​ដែល​ពិភពលោក​កំពុង​យកចិត្តទុកដាក់​ខ្លាំង​បំផុត ព្រោះថា កុមារ​ជា​ធនធាន​ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​កំណត់​អនាគត​របស់​ពិភពលោក។

    ទម្លាប់​នៃ​ការប្រើប្រាស់​ហិង្សា​ដើម្បី​អប់រំ​កុមារ រួមទាំង​សកម្មភាពផ្សេងៗជាច្រើន​ទៀត ដែល​ត្រូវបាន​គេ​មើលឃើញថា​សុទ្ធសឹង​ជា​រូបភាព​អំពើហិង្សា​ដែល​អាណាព្យាបាល​ភាគច្រើន​បានធ្វើ​ដោយ​មិនដឹង​ខ្លួន។ សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​គេ​មើលឃើញថា អាច​បណ្តាលឱ្យ​កុមារ​ត្រូវ​ស្ថិតក្នុង​ស្ថានភាព​បាក់ស្បាត បាត់បង់​ការចងចាំ រួមទាំង​ប៉ះពាល់​ដល់​ការរីកលូតលាស់​នៃ​គំនិត​ប្រាជ្ញា​របស់​កុមារ​ថែម​ទៀតផង។

    យោងតាម​ទិន្នន័យ​របស់​អង្គការ​ទស្សនៈ​ពិភពលោក World Vision បាន​បង្ហាញថា កុមារ​ប្រមាណ​ជាង 1ពាន់​លាន​នាក់​លើ​ពិភពលោក​បានទទួលរ​ង​នូវ​អំពើហិង្សា​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុងចំណោម​កុមារ​ដែល​ទទួលរង​នូវ​អំពើហិង្សា​ទាំងអស់នោះ ត្រូវបាន​គេ​រកឃើញថា ស្ថិតនៅក្នុង​ទ្វីបអាស៊ី​ច្រើនជាងគេ។

    អង្គការ​ដដែល​បានបង្ហាញ​ផងដែរ​ថា កុមារ​ប្រមាណ​ជាង 77.7លាន​នាក់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ បានទទួល​រងគ្រោះ​ពី​ការរំលោភបំពាន​លើ​កម្លាំង​ពលកម្ម។

    ការទប់ស្កាត់​អំពើហិង្សា​ត្រូវបាន​ស្ថាប័នរដ្ឋ ឯកជន រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផង ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​កត្តា​អវិជ្ជមាន​ទាំងនេះ​ដល់​អាណាព្យាបាល​ភាគច្រើន​ឱ្យបាន​ដឹង តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​សង្កេតឃើញថា នៅ​តំបន់​ដាច់ស្រយាល ជាពិសេស​តំបន់​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនអាច​ទៅដល់​នៅតែ​ប្រឈម​នឹង​បញ្ហា​អំពើហិង្សា​លើ​កុមារ​ច្រើន​នៅឡើយ។ ផ្ទុយ​មកវិញ នៅ​តំបន់​ប្រជុំជន ចាប់ផ្តើម​មាន​ស្ថានភាព​ប្រសើរឡើង​ច្រើន ព្រោះ​មនុស្ស​ចាប់ផ្តើម​យល់ដឹង​ពី​ផលវិបាក​នៃ​ការប្រើប្រាស់​អំពើហិង្សា​លើ​កុមារ រួមទាំង​យល់ដឹង​ផងដែរ​នូវ​វិធីសាស្ត្រ​ដើម្បី​បញ្ចៀស​អំពើហិង្សា​លើ​ពួកគេ៕

  • មិនធម្មតា​ទេ…សម្បុក​សត្វ​ត្រចៀកកាំ1គីឡូ​លក់បាន1000ដុល្លារ

    មិនធម្មតា​ទេ…សម្បុក​សត្វ​ត្រចៀកកាំ1គីឡូ​លក់បាន1000ដុល្លារ

    ភ្នំពេញ៖ មុខរបរ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​ទឹកមាត់ គឺជា​អាជីវកម្ម​លាក់​មុខ​មួយ​នៅ​កម្ពុជា មិនសូវ​សម្បូរ​អ្នក​ចិញ្ចឹម​ប៉ុន្មាន​ទេ ប៉ុន្តែ​អាច​រកប្រាក់​ចំណេញ​បាន​ច្រើន ដោយ​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​ទាប​បំផុត គឺ​មួយ​ពាន់​ដុល្លារ ហើយ​កំពុង​ត្រូវប៉ាន់​បំផុត​នៅក្នុង​ទីផ្សារ​បរទេស។

    លោក មៀ​វ សុខ​ទ្រី អគ្គលេខាធិការ​សហព័ន្ធ​សត្វ​ត្រចៀកកាំ​កម្ពុជា បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ននេះ​តម្លៃ​សម្បុក​សត្វ​ត្រចៀកកាំ​ក្នុង​មួយ​គីឡូក្រាម​ប្រហែល1,000ដុល្លារ ក្នុងនោះ​ទីផ្សារ​នាំចេញ​សម្បុក​សត្វ​ត្រចៀកកាំ​ធំជាងគេ​គឺ​ប្រទេស​ចិន បន្ទាប់មក​ប្រទេស​វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​ថៃ ដែល​ការនាំចេញ​សម្បុក​សត្វ​ត្រចៀកកាំ​ក្នុងមួយខែៗប្រមាណ​ជាជាង10តោន ហើយ​ក្នុង​មួយឆ្នាំ​សរុប​ប្រមាណ​ជាជាង100តោន។

    លោក​បញ្ជាក់ថា បច្ចុប្បន្ន​ការចិញ្ចឹម​សត្វ​ត្រចៀកកាំ​នៅ​កម្ពុជា​កំពុងមាន​ការកើនឡើង​ខ្លាំង​ដោយសារតែ​សម្បុក​សត្វ​ត្រចៀកកាំ​កំពុងតែ​មានតម្លៃ​ថ្លៃ និង​តម្រូវការ​ខ្ពស់ ហើយ​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​មិនត្រូវ​ការចំណាយ​ពេលវេលា​ច្រើន​ដូច​ការធ្វើ​អាជីវកម្មផ្សេងៗនោះទេ ដោយ​គ្រាន់តែ​រៀបចំ​សាងសង់​ផ្ទះ​ដើម្បី​ទុកឱ្យ​សត្វ​ត្រចៀកកាំ​រស់នៅ ហើយនឹង​ចាំ​ទទួលបាន​នូវ​អនុផល​ដោយ​គ្រាន់តែ​សត្វ​ត្រចៀកកាំ​បញ្ចេញ​ទឹកមាត់​ធ្វើ​សម្បុក​នៅក្នុង​ផ្ទះ​នោះ​តែប៉ុណ្ណោះ។

    ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ គឺមាន​រហូតដល់​រាប់ពាន់​ផ្ទះ​ដែល​ភាគច្រើន​ចិញ្ចឹម​នៅក្នុង​ខេត្ដ​ព្រះសីហនុ កំពត និង​ខេត្ដ​កោះកុង ដែលជា​ខេត្ដ​នៅជាប់​ឆ្នេរសមុទ្រ​ដែល​ផ្ដល់​ភាពអនុគ្រោះ​ច្រើន​ដល់​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ។

    ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ដល់​សមាជិក​សហព័ន្ធ​សត្វ​ត្រចៀកកាំ​កម្ពុជា និង​ម្ចាស់​អាជីវកម្ម​សត្វ​ត្រចៀកកាំ​ទាំងអស់​អាចមក​ចុះឈ្មោះ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ទាក់ទង​នឹង​ការថែទាំ​ផ្ទះ​សត្វ​ត្រចៀកកាំ និង​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ ទាក់ទង​នឹង​ការថែទាំ ការបង្កើន​ទិន្នផល​សម្បុក​សត្វ​ត្រចៀកកាំ​ឱ្យទទួល​បាន​ផល​កាន់តែច្រើន និង​មានគុណ​ភាពល្អ ខណៈដែល​សហព័ន្ធ​បាន​សហការ​ជាមួយ​អ្នកជំនាញ​សត្វ​ត្រចៀកកាំ​មកពី​ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​បណ្ដុះបណ្ដាល​នៅ​ថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2917ខាងមុខនេះ នៅ​ខេត្ដ​ព្រះសីហនុ៕