Author: វល័ក្ខ

  • ស្ថាប័នជំនាញ ធ្វើសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ»

    ស្ថាប័នជំនាញ ធ្វើសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ»

    ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) ព្រមទាំងវត្តមានមន្ត្រី និងសមាជិក ព្រមទាំងអ្នកតំណាងមកពីស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធសរុបប្រមាណ ១១០០នាក់ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ

    អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតំណាងឱ្យវិស័យឯកជនក្នុងការពិភាក្សាគោលនយោបាយជាមួយរាជរដ្ឋាភិបាលចាប់តាំងពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩៩ នៅពេលដែលវាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចឱ្យគ្រប់គ្រងក្រុមការងារវិស័យឯកជនទាំងអស់ ក្រោមយន្តការនៃវេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF)។
    អ្នកឧកញ៉ា បានជំរុញឱ្យអង្គភាពអាជីវកម្មចូលរួមយ៉ាងសកម្មជាមួយនឹងគោលនយោ បាយ និងបទប្បញ្ញត្តិពន្ធ ដើម្បីធានាបាននូវប្រព័ន្ធពន្ធដារប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍជាតិ។ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនមានសារៈសំខាន់ជាងពេលណាៗទាំងអស់។

    ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន ក៏បានអំពាវនាវដល់អ្នកចូលរួមសិក្ខាសាលាទាំងអស់ ទាញយកអត្ថប្រយោជន៍ពេញលេញពីការពិភាក្សា ដើម្បីបង្កើនការយល់ដឹងរបស់ខ្លួនអំពីការអនុលោមតាមច្បាប់ពន្ធ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

    ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែទម្រង់ដាក់ឱ្យប្រមូលពន្ធតាមរយៈប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ជី ដើម្បីងាយស្រួលដល់អ្នកជាប់ពន្ធ មិនបាច់មកកាន់សាខាពន្ធដារទេ គ្រាន់តែរៀបចំឯកសារគ្រប់គ្រាន់ស្របតាមច្បាប់ រួចបើក APP GDT ដើម្បីបំពេញបែបបទឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងការរួមចំណែកបំពេញកាតព្វកិច្ចរបស់ខ្លួនបង់ពន្ធជូនរដ្ឋ។

    ជាមួយគ្នានេះ ឯកឧត្តម ស្នើឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស អ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហការចូលរួមបង់ពន្ធឱ្យបានគ្រប់ៗគ្នា។ ដូច្នេះការបង់ពន្ធគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗ។ ម្យ៉ាងវិញទៀត ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-flling) និងពន្ធលើប្រាក់ចំណេញ គឺជាកិច្ចការថ្មីមួយនៅក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធការងារពន្ធដារ ដើម្បីពង្រឹងវប្បធម៌បង់ពន្ធឱ្យមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព គុណភាព ឆ្ពោះរកទៅការអភិវឌ្ឍលើគ្រប់វិស័យ។

    ឯកឧត្តម បានគូសបញ្ជាក់ទៀតថា កាលពីមុន អគ្គនាយកពន្ធដារ បានទទួលបានប្រាក់បង់ពន្ធតែនៅតាមសាខាពន្ធដារ និងរដ្ឋបាលសារពើពន្ធតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងទទួលបង់ប្រាក់ពន្ធតាមប្រព័ន្ធធនាគារ ដែលនៅក្នុងចំណោមធនាគារទាំងអស់នោះ គឺមានធនាគារវីងរបស់អ្នកឧកញ៉ា គិត ម៉េង មួយផងដែរ ដែលបានចុះកិច្ចសហប្រតិបត្តិការជួយប្រមូលចំណូលឲ្យរដ្ឋ គឺមានតម្លាភាព ស័ក្តិសិទ្ធភាព និងភាពច្បាស់លាស់។

    បើតាមឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធិអនុញ្ញាតដល់ធនាគារវីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បីផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារវីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ៕

  • ភ្នំឧដុង្គ ស្រុកពញាឮ ត្រូវបានជ្រើសជាគោដៅសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង និងបឹងកម្សាន្តធម្មជាតិ

    ភ្នំឧដុង្គ ស្រុកពញាឮ ត្រូវបានជ្រើសជាគោដៅសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង និងបឹងកម្សាន្តធម្មជាតិ

    កណ្តាល ៖ តំបន់ភ្នំឧដុង្គ ឬភ្នំព្រះរាជទ្រព្យ ដែលស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចជ្រើសរើសយកធ្វើជាគោលដៅសិក្សាសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង និងបឹងកម្សាន្តធម្មជាតិ លើកដំបូងគេនៅក្នុងខេត្ត សម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ និងទេសចរណ៍។

    ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសំណើសុំកិច្ចសហការសម្របសម្រួលរៀបចំកិច្ចពិភាក្សា និងធ្វើបទបង្ហាញស្តីពីគម្រោងរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងលំហសាធារណៈនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។

    ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ ខេត្តកណ្តាលជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ក្នុងការអនុវត្តនូវលំហបៃតងនៅទីសាធារណៈ ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ដែលអាចបង្កើតនូវដង្ហើមបៃតង កំណើនសេដ្ឋកិច្ចនៅទីនោះផ្ទាល់តាមរយៈការទាក់ទាញភ្ញៀវទេសចរ ដោយផ្សារភ្ជាប់ទីសាធារណៈ មានរបៀបរៀបរយ អនាម័យ និងបង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ ជាពិសេសបង្កើតឱ្យមានប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

    ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន បានបញ្ជាក់ថា ៖ ការសិក្សាគម្រោងនេះ មានគោលបំណងរៀបចំទីតាំងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ។ រក្សាប្រពៃណីវប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថានឱ្យមានផាសុកភាព ជួយលើកកម្ពស់ជីវភាពប្រជាជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់។

    ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលស្រុកពញាឮ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការសហការជាមួយក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការសិក្សាកំណត់ទីតាំងឱ្យបានច្បាស់លាស់ និងសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅស្រុកពញាឮ ទទួលបានលទ្ធផលល្អ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេសសម្រាប់ថ្ងៃអនាគតផងដែរ។

    ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវរកទីតាំងសម្រាប់ក្រុង-ស្រុករបស់ខ្លួន ដើម្បីបង្កើតនូវគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅតាមក្រុងស្រុករៀងៗខ្លួន៕

  • រាជរដ្ឋាភិបាលណែនាំ ៧ចំណុច ស្តីពី «វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ»

    រាជរដ្ឋាភិបាលណែនាំ ៧ចំណុច ស្តីពី «វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ»

    ភ្នំពេញ ៖ ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពសាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិជាការងារអាទិភាព។

    នៅក្នុងកិច្ចការងារអាទិភាពទាំងនោះរួមមាន ការតាមដាន ត្រួតពិនិត្យការបំពុលទឹក និងការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថាន ក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធីនយោបាយ សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាព ការការពារសុខភាពសាធារណៈនិងជីវៈចម្រុះ។

    កន្លងមក រាជរដ្ឋាភិបាលបានសង្កេតឃើញថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងនៅក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនក្តី ក៏ប៉ុន្តែការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រង និងត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ឬសារធាតុបំពុលទឹកពីប្រភពបំពុលនានា នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងកំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីៗនេះ ដែលជាហេតុបង្កឱ្យមានកង្វល់អំពីការបំពុលប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ។ ក្នុងករណីនេះ រាជរដ្ឋាភិបាល ក្រោយហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីៗនេះ បានចេញសារាចរ ណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការដូចខាងក្រោម ៖

    ១- ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។

    ២- ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្តង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹក សាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។

    ៣- ជំរុញការអនុវត្តន៏រន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។

    ៤- ជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយបណ្តាប្រទេសជិតខាងនិងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយ អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

    ៥- ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាននិងគ្រប់គ្រងគុណភាពទឹកសាធារណៈ តាមរយៈ ការដំឡើងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្ត កសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ គុណភាពទឹកសាធារណៈ និងបំពាក់រថយន្តតាមដានគុណភាពទឹកសាធារណៈចល័ត។

    *៦- ជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។

    ៧- ជំរុញលើកកម្ពស់ការយល់ដឹងនិងបំផុសការចូលរួមពីសាធារណជន ក្នុងកិច្ចគាំពារគុណភាព ទឹកសាធារណៈ តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយសារ ឬភាពយន្តអប់រំខ្លី។

    ទទួលបានសារាចរនេះហើយ ទីស្ដីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

  • ជប៉ុន បង្ហាញពីជំនាញ និងបទពិសោធន៍សម្រាប់អភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាប្រកបដោយចិរភាព

    ជប៉ុន បង្ហាញពីជំនាញ និងបទពិសោធន៍សម្រាប់អភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាប្រកបដោយចិរភាព

    ភ្នំពេញ ៖ ជប៉ុន តាមរយៈគណៈប្រតិភូរបស់ខ្លួនមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) និងសមាគមគ្រប់គ្រងបរិស្ថានជប៉ុនសម្រាប់ឧស្សាហកម្ម (JEMAI) បានចែករំលែកនូវបទពិសោធន៍ និងជំនាញប្រកបដោយប្រសិទ្ធភាពជាច្រើនទសវត្សរ៍ក្នុងការគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។

    ការបង្ហាញនូវវិធីសាស្ត្រដ៏មានសារសំខាន់នេះត្រូវបានធ្វើឡើងនៅក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

    នៅក្នុងកិច្ចប្រជុំនេះ លោក HAMASAKA Takashi ប្រធានការិយាល័យលើកកម្ពស់ការគ្រប់គ្រងបរិស្ថាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានលើកឡើងពីប្រវត្តិនៃដំណើរឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលបង្កឱ្យមានការបំពុលយ៉ាងខ្លាំង។ ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនបានអនុវត្តវិធានការច្បាប់ បទប្បញ្ញត្តិ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបង្កើតបច្ចេកវិទ្យាគ្រប់គ្រងការបំពុល បន្តលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។
    លោកបានចែករំលែកអំពីឧត្តមានុវត្តមួយចំនួនរបស់ជប៉ុន រួមទាំងការបង្កើតអង្គភាពគ្រប់គ្រងការបំពុលសម្រាប់រោងចក្រចាប់តាំងពីឆ្នាំ១៩៧១ ព្រមទាំងសារៈសំខាន់នៃការអនុលោមតាមស្តង់ដានិរន្តរភាពអន្តរជាតិ សម្រាប់ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ឧស្សាហកម្មកម្ពុជា។

    ជាកិច្ចឆ្លើយតប ឯកឧត្តម ហែម វណ្ឌី បានបង្ហាញពីអំណរសាទរចំពោះការចែករំលែកនូវវិធីសាស្ត្រដ៏មានសារសំខាន់ និងចាំបាច់ក្នុងការធ្វើពិពិធកម្មក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា និងប្រកបដោយនិរន្តរភាព ជាពិសេស មិនបង្ករឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាសុខភាពប្រជាជនទូទៅ ហើយថែមទាំងអាចជួយជំរុញនូវកំណើនសេដ្ឋកិច្ចជាតិបានកាន់តែល្អប្រសើរថែមទៀតផង ហើយកម្ពុជា នឹងទទួលយកជំនាញ និងបទពិសោធន៍ទាំងនេះមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព៕

  • នាដើមសប្ដាហ៍នេះ មានក្រុមហ៊ុនចិនថ្មីផ្សេងទៀតជិត ២០ ក្រុមហ៊ុន មកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន

    នាដើមសប្ដាហ៍នេះ មានក្រុមហ៊ុនចិនថ្មីផ្សេងទៀតជិត ២០ ក្រុមហ៊ុន មកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន

    ភ្នំពេញ ៖ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង និងនិងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

    បច្ចុប្បន្ននេះ សមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន នៃសាធារណរដ្ឋប្រជាមានិតចិន មានសមាជិកសរុបចំនួនប្រមាណ ១ ៥០០សហគ្រាស ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យផ្សេងៗពីគ្នា ហើយសហគ្រាសទាំងនោះកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។

    ដោយឡែក ក្រុមហ៊ុនទាំង១៩ដែលបានមកបំពេញទស្សនកិច្ច និងស្វែងរកឱកាសវិនិយោគខាងលើនេះកំពុងមានសកម្មភាពវិនិយោគក្នុងប្រទេសចិនទៅលើវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម, សុខាភិបាល, សំណង់និងអចលនទ្រព្យ, បច្ចេកវិទ្យា, ថាមពល, បោះពុម្ពនិងវេចខ្ចប់, ម្ហូបអាហារ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ការគ្រប់គ្រងធុរកិច្ច, ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់, លក់និងសេវាថែទាំរថយន្ត, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានចំណាយពេលវេលាមកទស្សកិច្ចសិក្សាផ្ទាល់នៅកម្ពុជាដើម្បីសិក្សាពីបរិយាកាសវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ រីឯក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងការជំរុញការវិនិយោគ កន្លងមកថ្មីៗនេះ កម្ពុជា និងចិនបានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួន ដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆា និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ជាដើម។

    ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណ ៥០% នៃទុនវិនិយោគសរុប។ ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការកត់សម្គាល់ឃើញថាមានក្រុមហ៊ុនចិនធំៗជាច្រើនបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានៅក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគក្នុងកន្សោមឧស្សាហកម្មថ្មីៗ ដូចជាការផលិតសំបកកង់រថយន្ត ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក ការកែច្នៃជ័រកៅស៊ូ…។ល។

    មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការក៏បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។

    ជាការឆ្លើយតប លោក Liu Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។ លោកបានមានប្រសាសន៍ថានាពេលកន្លងមក លោកបានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាឯកឧត្តមអគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ បន្ថែមពីនេះ គណៈប្រតិភូដទៃទៀតក៏បានធ្វើការណែនាំពីសាវតាររបស់ក្រុមហ៊ុននីមួយៗ និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាខ្លាំង៕

  • ច្បាស់ការណ៍ហើយ ! កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមុនបុណ្យចូលឆ្នាំខ្មែរ

    ច្បាស់ការណ៍ហើយ ! កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមុនបុណ្យចូលឆ្នាំខ្មែរ

    កំពត ៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពតថ្មី តម្លៃជាង១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានបើកដំណើរការបណ្តោះអាសន្នរយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នឹងត្រូវបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងគោលបំណងត្រួតពិនិត្យ និងតាមដាននូវលទ្ធផលវឌ្ឍនភាពនៃដំណើរការរៀបចំពិធីសម្ពោធជាផ្លូវការនាដើមខែមេសាខាងមុខនេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពតនៅទីស្ដីការក្រសួង។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានលើកទឹកចិត្ត និងបានផ្តាំផ្ញើឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ សម្រេចភារកិច្ចការងារដែលបានដាក់ជូនឱ្យបានល្អប្រសើរ ដើម្បីញ៉ាំងឱ្យកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

    គួរជម្រាបដែរថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតថ្មី តម្លៃជាង១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានចម្ងាយពីក្រុងកំពតប្រមាណ ៦គីឡូម៉ែត្រ ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ។

    កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា៕

  • ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ក្នុងខេត្តពោធិ៍សាត់ នឹងបើកឱ្យធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ

    ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ក្នុងខេត្តពោធិ៍សាត់ នឹងបើកឱ្យធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ

    ខេតពោធិ៍សាត់ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះបានឱ្យដឹងថា ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា លេខ២៨ ស្ថិតនៅគម្រោងផ្លូវជាតិលេខ ១០ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ។

    នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ការអនុញ្ញតនេះ គឺសម្រាប់តែប្រភេទរថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

    គួរបញ្ជាក់ថា ស្ពានខ្ពស់ជាងញគេនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់៩៦%ហើយ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) បានដំឡើងរួចរាល់។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង ចាក់បេតុងកម្រាល រៀបចំបង្កាន់ដៃ និងចាក់ AC (Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថិភាព ជាកិច្ចបង្ហើយ៕

  • កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI សម្រាប់បម្រើក្នុងវិស័យសំខាន់ៗ

    កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI សម្រាប់បម្រើក្នុងវិស័យសំខាន់ៗ

    ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកអត្ថប្រយោជន៍ និងសក្ដានុពល ជាពិសេសកាត់បន្ថយនូវហានិភ័យពីបច្ចេកវិទ្យាពីបញ្ញាសិប្បនិម្មិតដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

    ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត” ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន ប្រមាណ២០០នាក់។ សិក្ខាសាលានេះមានគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។

    ក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហការរវាងវិស័យឯកជន វិស័យសាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា ឱ្យមានលក្ខណៈបរិយាបន្ន ទំនួលខុសត្រូវ និងឆ្ពោះទៅមុខរួមគ្នា ក្នុងទិសដៅតែមួយ។

    ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ «សិក្ខាសាលាថ្នាក់ជាតិនេះមានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច»។

    ដោយសហការជាមួយអង្គការ UN-ESCAP ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បាន និងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ក្រោម «គំនិតផ្តួចផ្តើមសហគមន៍អ្នកអនុវត្តសម្រាប់បញ្ញាសិប្បនិម្មិត» ដោយប្រមូលផ្តុំធាតុចូលសំខាន់ៗពីក្រុមអ្នកបច្ចេកទេស មន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជន។

    សូមជម្រាបដែរថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បាន និងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ខណៈដែលមានការស្រាវជ្រាវជាច្រើនបានបង្ហាញថា បុគ្គលិកកាន់តែច្រើនរំពឹងថា AI នឹងមានផលវិជ្ជមាន ច្រើនជាងផលអវិជ្ជមានលើតួនាទីរបស់ពួកគេ ព្រោះបច្ចេកវិទ្យានេះ ជួយពួកគេបានច្រើន​​ រាប់ចាប់តាំងពីការរៀនជំនាញថ្មី រហូតដល់ការគិតអំពីការងារច្នៃប្រឌិត។ ពាក់កណ្ដាលនៃបុគ្គលិក ដែលប្រើបច្ចេកវិទ្យា AI រំពឹងថា បច្ចេកវិទ្យានេះ នឹងជួយពួកគេឱ្យទទួលបានប្រាក់ខែខ្ពស់ជាងមុន។ បុគ្គលិក ដែលបានចូលរួមស្ទង់មតិបង្ហាញការយល់ឃើញថា AI បានជួយលើកកម្ពស់តម្លៃរបស់ពួកគេ ព្រោះផលិតភាពការងារល្អប្រសើរ និងមានគុណភាព។

    ស្រដៀងគ្នានេះដែរ ការសិក្សារបស់ក្រុមហ៊ុន PwC ជំនាញផ្នែកនវានុវត្តន៍បច្ចេកវិទ្យាបានបង្ហាញថា បញ្ញាសិប្បនិម្មិត (AI) អាចជំរុញការបង្កើតតម្លៃសម្រាប់ស្ថាប័ន បុគ្គលិក និងសេដ្ឋកិច្ច ។ បច្ចុប្បន្ន បច្ចេកវិទ្យានេះ កំពុងជួយបុគ្គលិក និងស្ថាប័ននានា ក្នុងការបង្កើតឱកាសថ្មីៗ និងសម្រេចកិច្ចការឱ្យបានច្រើនជាងមុន។ លើសពីនេះ ការវិវឌ្ឍនេះ មិនធ្វើឱ្យតម្រូវការការងារថយចុះនោះទេ ប៉ុន្តែមនុស្សប្រហែលជាមានតម្រូវការកាន់តែខ្លាំង ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)។

    ការស្ទង់មតិនាយកប្រតិបត្តិប្រចាំឆ្នាំចុងក្រោយបំផុតរបស់ Pwc បង្ហាញថា CEO ភាគច្រើន (៧០ភាគរយ) រំពឹងថា បញ្ញាសិប្បនិម្មិត (AI) នឹងផ្លាស់ប្ដូររបៀប ដែលក្រុមហ៊ុនរបស់គេបង្កើតតម្លៃ។ ទន្ទឹមនឹងនេះ ៨២ភាគរយ និយាយថា បញ្ញាសិប្បនិម្មិត​ (AI) បានកើនឡើង ឬមិនបានធ្វើឱ្យផ្លាស់ប្ដូរចំនួនបុគ្គលិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ៕

  • ដំណឹងល្អ ! នៅសល់តែជាង១០០ថ្ងៃទៀតទេ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងចាប់ដំណើរការហោះហើរជាផ្លូវការ

    ដំណឹងល្អ ! នៅសល់តែជាង១០០ថ្ងៃទៀតទេ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងចាប់ដំណើរការហោះហើរជាផ្លូវការ

    ភ្នំពេញ ៖ ជាមោទនភាពរបស់កម្ពុជា ក្រោការផ្តួចផ្តើម និងប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមជាតិ សុខសន្តិភាព និងភាពរីកចម្រើននៃខឿនសេដ្ឋកិច្ចយ៉ាងត្រចះត្រចង់ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានស្ដង់ដារលំដាប់ពិភពលោក នឹងចាប់ដំណើរការហើរជាផ្លូវការ បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទីមួយនាអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលការហោះហើរសាកល្បងត្រូវបានធ្វើឡើងរួចហើយកាលពីអំឡុងឆ្នាំ២០២៤។

    គិតត្រឹមដើមសប្ដាហ៍ទី២ នៃខែមីនា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ និសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រចបានប្រមាណ ៩៦ភាគរយ ហើយគ្រោងនឹងដាក់ដំណើរការហោះហើរជាផ្លូវការលើកដំបូងនាអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ពោល គឺនៅសល់ពេលប្រមាណជាង១០០ថ្ងៃទៀតតែប៉ុណ្ណោះ។

    អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតបរិយាកាសងាយស្រួលដល់ភ្ញៀវទេសចរ អ្នកវិនិយោគ និងការដឹកជញ្ជូនទំនិញ ខណៈវឌ្ឍនភាពការសាងសង់រហូតដល់ពេលនេះសម្រេចបានជាង ៩៦ ភាគរយ និងបានចំណាយប្រាក់អស់ជាង ១,៣ ពាន់លានដុល្លារ មានទីតាំងភូមិសាស្ត្រស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដោយមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញអាកាសយានដ្ឋាននេះសាងសង់លើផ្ទៃដី ២ ៦០០ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC។ អាកាសយានដ្ឋានថ្មីនេះ(លំដាប់ 4F) អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោកដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។

    តាមផែនការការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមាន ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ ក្រុមហ៊ុនសាងសង់ផ្លូវរត់ចម្ងាយ ៤ គីឡូម៉ែត្រសម្រាប់ចុះចតយន្តហោះខា្នតធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥ លាននាក់ក្នុង ១ ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។

    ចំណែកដំណាក់កាលទី ២ ក្រុមហ៊ុននឹងពង្រីកសាងសង់ផ្លូវរត់ចំនួន ២ ស្របគ្នាដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៣០ លាននាក់ ក្នុង ១ ឆ្នាំ នៅឆ្នាំ ២០៥០ និងដំណាក់កាលទី ៣ ចាប់ពីឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី ៣ ដើម្បីទទួលអ្នកដំណើរឱ្យបាន ៤៥ លាននាក់ក្នុង ១ ឆ្នាំ។

    ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(SSCA) បានប្រាប់ឱ្យដឹងថា កំណើនជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ ២០២៤កន្លងទៅ ធៀបនឹងឆ្នាំ២០២៣ គឺស្ថិតនៅចន្លោះពី ១០-២០ ភាគរយ។

    ឯកឧត្តមបានបន្ថែមថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជានឹងកាន់តែប្រសើរនៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់បើកដំណើរការ ពីព្រោះអាកាសយានដ្ឋាននេះមានភាពទំនើបទាន់សម័យ និងអាចទទួលការចុះចតបាននូវប្រភេទយន្តហោះធំៗ ព្រមទាំងមានស្ថានីយដឹកជញ្ជូនអ្នកដំណើរ និងឃ្លាំងស្តុកទំនិញដែលមានលក្ខណៈស្តង់ដារអន្តរជាតិទៀតផង។

    លោកបានថ្លែងថា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាមេដែកក្នុងការឆក់យកនូវអ្វីដែលវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាមិនទាន់មានពីមុនឱ្យចូលមកកម្ពុជាបានកាន់តែច្រើន ៕

  • កាន់តែងាយស្រួលក្នុងការទូទាត់ឆ្លងដែនទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗជាមួយប្រព័ន្ធបាគង (KHQR )

    កាន់តែងាយស្រួលក្នុងការទូទាត់ឆ្លងដែនទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗជាមួយប្រព័ន្ធបាគង (KHQR )

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។

    ពិធីដាក់ឱ្យដំណើរការដំណាក់កាលទី២នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោក Larry Wang, អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UPI និងលោក Ho Wai Man ប្រធានគ្រប់គ្រងទូទៅ គ្រឹះស្ថានផ្តល់សេវាទូទាត់តាមកាត Bank of China Credit Card (International) Ltd. តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធ រួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបប្រមាណ ២៤៥ នាក់។

    តាមរយៈការដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី២នេះ ប្រជាជនកម្ពុជាអាចទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀតតាមរយៈបណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay និង QR របស់ក្រុមហ៊ុន WeChat Pay។ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ការទូទាត់ឆ្លងដែននេះក៏នឹងផ្ដល់នូវកាលានុវត្តភាពសម្រាប់ការពង្រីកសកម្មភាពពាណិជ្ជកម្មជំរុញវិស័យ​ទេសចរណ៍ និងបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែន ដូចជាប្រតិបត្តិការផ្ទេរប្រាក់ផងដែរ។ ការណ៍នេះរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

    គួរឱ្យដឹងថា៖ កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និង UnionPay International លើការអភិវឌ្ឍទូទាត់ឆ្លងដែនបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ចាប់តាំងពីការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាម​ឃ្យូអរកួតដំណាក់កាលទី ១ ៖ UnionPay ស្តេន KHOR Codes កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។ ការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២៖ បាគងស្តេន UnionPay នេះ ជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង ដែលបានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្តាប្រទេស ផ្សេងទៀត តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International”។

    លោក Larry Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International ​បានលើកឡើងថា ៖ «ពួកយើងមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះកិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay នៅថ្ងៃនេះ ដែលបានសបញ្ជាក់ពីការសម្រេចបាននូវជោគជ័យក្នុងការធ្វើសមាហរណកម្មប្រព័ន្ធបាគងសម្រាប់ការទូទាត់ឆ្លងដែនក្រោយពីដាក់ឱ្យដំណើរការជាផ្លូវការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១។ ជាមួយគ្នានេះដែរ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ២ នេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តអាចធ្វើប្រតិបត្តិការស្កេនទូទាត់តាមឃ្យូអរកូតនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសជាដៃគូផ្សេងទៀតបានយ៉ាងរលូន ដែលនឹងបង្កើនលទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានកាន់តែសម្បូរបែប ព្រមទាំងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាផងដែរ»។

    លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ «ដើម្បីគាំទ្រដល់ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន ” ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី២ ៖ បាគងស្កេន UnionPay។ ជាមួយនឹងការរីកចម្រើននេះ ប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមរយៈឃ្យូអរកូតរបស់ពាណិជ្ជករ ដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្តាប្រទេសផ្សេងទៀតដែលជាដៃគូ។ កិច្ចសហការនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបទពិសោធន៍នៃការទូទាត់របស់ប្រជាជនកម្ពុជាឱ្យកាន់តែងាយស្រួល និងឆាប់រហ័សនៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ»៕