Author: វល័ក្ខ

  • ចង់ដឹង​ទេ​ថា តើ​តម្លៃ​ទឹកស្អាត​ធ្លាក់​ពី​ភ្នំ​កំចាយ មួយ​ម៉ែត្រគុប​តម្លៃ​ប៉ុន្មាន​រៀល?

    ចង់ដឹង​ទេ​ថា តើ​តម្លៃ​ទឹកស្អាត​ធ្លាក់​ពី​ភ្នំ​កំចាយ មួយ​ម៉ែត្រគុប​តម្លៃ​ប៉ុន្មាន​រៀល?

    ភ្នំពេញ៖ បន្ទាប់ពី​គម្រោង​វា​រី​អគ្គិសនី និង​គម្រោង​ទម្លាក់​ទឹកស្អាត​ពីលើ​កំពូលភ្នំ​កំចាយ​ក្នុង​ខេត្តកំពត​ចាប់ផ្តើម​សាងសង់​មក ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​ចំនួន3 គឺ​ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​បាន​រីករាយ​ត្រេកអរ និង​សាទរ​ចំពោះ​គម្រោង​នេះ​ខ្លាំងណាស់ ព្រោះ​នឹង​បាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ ប៉ុន្តែ​ពួកគាត់​ក៏មាន​ការបារម្ភ​ផងដែរ​ថា តើ​ទឹកស្អាត​នោះ​នឹងមាន​តម្លៃ​ទាប​ឬ​ខ្ពស់? ហើយ​ឥឡូវនេះ ដំណឹង​នេះ​ត្រូវបាន​បង្ហាញ​ឱ្យដឹង​ច្បាស់​ជា​ផ្លូវការ​ហើយ។

    ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​ចុះទៅ​ពិនិត្យមើល​គម្រោង​យក​ទឹកធ្លាក់​ពី​វា​រី​អគ្គិសនី​ភ្នំ​កំចាយ​ខេត្តកំពត​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ China Energy Engineering Corporation Limited កាលពីពេលថ្មីៗនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន ដើម្បី​កំណត់​តម្លៃ​ទឹក​ឱ្យបាន​ទាប​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ព្រោះ​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន 2 កន្លែង​សម្រាប់​កសាង​រោងចក្រ​ទឹកស្អាត ទីមួយ​គឺ អតីត​ព្រលានយន្តហោះ​ខេត្តកំពត និង​ទី​ពីរ អតីត​ព្រលានយន្តហោះ​ខេត្ត​កែប​ក្នុងការ​សាងសង់​ទីតាំង​ក្រុមហ៊ុន​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ទៅដល់​ប្រជាពលរដ្ឋ។

    ជា​លទ្ធផល ក្រោយពី​បាន​សិក្សា​សមិទ្ធ​លទ្ធភាព​របស់​ក្រុមហ៊ុន​ចិន​ខាងលើ​រួចហើយ តម្លៃ​ទឹក​លក់ដុំ​កើន​តម្លៃ​រហូតដល់​ប្រមាណ 4ពាន់1រយ​រៀល​ក្នុង​មួយ​ម៉ែត្រគុប ជា​តម្លៃ​ដែល​ឯកឧត្តម​ចាត់ទុកថា ខ្ពស់ជាង​តម្លៃ​ទឹក​លក់​នាពេល​បច្ចុប្បន្ន ខុស​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើឱ្យ​ទឹក​មាន​តម្លៃថោក​សមរម្យ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ទឹកស្អាត​ចេញពី​បំពង់​បង្ហូរ​បានគ្រប់ៗគ្នា។

    សូមបញ្ជាក់ថា តាម​គោលជំហរ​របស់​ក្រសួង​បើ​ក្រុមហ៊ុន​ចិន​ទាំងពីរ​សហការគ្នា​ក្នុងការ​វិនិយោគ​ពិតជា​ប្រសើរ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ទឹកស្អាត​ដែល​ផលិត​ចេញមក​នោះ​មាន​តម្លៃថោក​សមរម្យ គឺមាន​តម្លៃ​លក់ដុំ​ត្រឹមតែ 1ពាន់​រៀល​ក្នុង​មួយ​ម៉ែត្រគុប​ទើប​អាច​ទទួលយកបាន។

    តំណាង​ក្រុមហ៊ុន Sinohydro បាន​ឯកភាព​ដោយ​នឹង​ពិភាក្សាគ្នា​ជាមួយ​ក្រុមហ៊ុន​ China Energy Engineering Corporation Limited ដើម្បី​រក​ចំណុច​ឯកភាព​រួមមួយ​ក្នុងការ​ទម្លាក់​តម្លៃ​ឱ្យដល់1,000រៀល​ក្នុង​មួយ​ម៉ែត្រគុប​នេះ៕

  • ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ ចែករំលែក​យុទ្ធសាស្ដ្រ​នៃ​ការធ្វើ​ជំនួញខុសៗគ្នា​ជាច្រើន​ក្នុងពេល​តែមួយ

    ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ ចែករំលែក​យុទ្ធសាស្ដ្រ​នៃ​ការធ្វើ​ជំនួញខុសៗគ្នា​ជាច្រើន​ក្នុងពេល​តែមួយ

    ប្រសិនបើ​និយាយ​ពី​អ្នក​ពូកែ​រកស៊ី ឬ​ឧកញ៉ា​វ័យក្មេង សាធារណជន​ជាច្រើន​ច្បាស់​ជា​នឹកឃើញ​ដល់​លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ ដែល​បច្ចុប្បន្ននេះ​លោក​ឧកញ៉ា​ទើបតែ​មាន​អាយុ 29ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​បាន​គ្រប់គ្រង​លើ​មុខ​ជំនួញធំៗជាច្រើន​ដែល​នឹកស្មាន​មិន​ដល់។ តើ​មាន​ចំណុច​ពិសេស​អ្វីខ្លះ​ដែល​ធ្វើឱ្យ​អ្នកជំនួញ និង​ម្ចាស់​អាជីវកម្ម​វ័យក្មេង​រូបនេះ​អាចធ្វើ​អភិបាលកិច្ច​លើ​អាជីវកម្ម​របស់ខ្លួន​ទៅមុខ​បាន​យ៉ាង​រលូន និង​ជោគជ័យ?

    ខាងក្រោម​នេះ​ជា​កិច្ចសម្ភាសន៍​រវាង​អ្នកយកព័ត៌មាន​របស់​គេហទំព័រ ឡា​រ៉ែ​ន ជាមួយ​លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ ដើម្បី​ធ្វើការ​ចែករំលែក​ដល់​សាធារណជន ក៏ដូចជា​ម្ចាស់​អាជីវកម្ម​មួយចំនួន​ដែលមាន​មហិច្ឆតា​ចង់​ទទួលបាន​ជោគជ័យ៖

    តើ​បច្ចុប្បន្ន​លោក​ឧកញ៉ា​គ្រប់គ្រង​លើ​អាជីវកម្ម​ចំនួន​ប៉ុន្មាន?

    បច្ចុប្បន្ន​ខ្ញុំ​មាន​ក្រុមហ៊ុន​ចំនួន5 គឺ Luxury Smile Cambodia ជា​ក្រុមហ៊ុន​នាំចូល Trade Mark ល្បីៗមកពី​ប្រទេស​កូរ៉េ អាមេរិក ថៃ និង​តៃវ៉ាន់ ជាដើម​ហើយ​នៅពេលនេះ​ខ្ញុំ​ក៏​កំពុង​ចង់​នាំ​ផលិតផល​មកពី​ប្រទេស​ជប៉ុន និង​សិង្ហ​បុរី ដើម្បី​សាង​ទំនាក់ទំនង និង​បង្កើត​លទ្ធភាព​ក្នុង​នាំ​ផលិតផល​ពី​ប្រទេស​យើង​ទៅ​ប្រទេស​កាន់​គេ​វិញ​ផងដែរ។ ក្រុមហ៊ុន​ទី2 គឺ MYC Brand Build ជា​ក្រុមហ៊ុន ឬ​រោងចក្រ​សម្រាប់ Brand Build ឱ្យ​អតិថិជន​ដែល​គាត់​ចង់​សាង​វា​ឡើង​ឱ្យ​ជោគជ័យ។ ចំណែក​ទី3 គឺ CSS Real Estate ជា​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក ដើម្បីឱ្យ​ខ្មែរ​យើង​ទិញ​លក់បាន​ដោយ​ពុំ​ចាំបាច់​ចូលសញ្ជាតិ ទី4 មហា​សេរី​ផន​សប ជា​ក្រុមហ៊ុន​បញ្ចាំ​រថយន្ដ ម៉ូតូ គ្រឿងអលង្ការ និង​ទី5 ក្រុមហ៊ុន Monsne Group ដែល​យើង​បង្កើត​អាជីវកម្ម​ដំបូង គឺ មន្ដ​ស្នេហ៍​កាហ្វេ ដោយ​បច្ចុប្បន្ន​មាន​ចំនួន18សាខា។

    តើ​លោក​ឧកញ៉ា​មាន​យុទ្ធសាស្ដ្រ​ដូចម្ដេច​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ច្រើន​ក្នុងពេល​តែមួយ?

    សំណួរ​នេះ​មាន​ជាម​នុស្ស​ច្រើន​តែងតែ​ចង់ដឹងថា តើ​ខ្ញុំ​គ្រប់គ្រង​អាជីវកម្ម​ដូចម្ដេច? ព្រោះ​អ្នកខ្លះ​គ្រប់គ្រង​អាជីវកម្ម​មួយ​មិនបាន​ផង ខណៈ​អ្នក​ខ្លះទៀត​គ្រាន់តែ​ចាប់ផ្ដើម​អាជីវកម្ម​ភ្លាម​ក៏​បរាជ័យតែម្តង។ ចំពោះ​ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​បរាជ័យ​ជាច្រើនលើក​ផងដែរ ដូច្នេះ​ខ្ញុំ​តែងតែ​ប្រើពាក្យ​មួយ​ឃ្លា​សម្រាប់​ដាស់តឿន​ខ្លួនឯង“ធ្វើ​ល្ងង់​ទាន់​ខ្លួនឯង​ចេះ កុំ​ធ្វើ​ចេះ​បើ​ខ្លួនឯង​ល្ងង់។ ពាក្យ​មួយ​ឃ្លា​នេះ​ខ្ញុំ​តែង​ប្រាប់​ខ្លួនឯង​គ្រប់ពេល​ថា “កុំ​មាន​មហិច្ឆតា កុំ​មាន​អំនួត​ត្រូវ​ស្គាល់​ពី​ខ្លួនឯង។ ត្រូវ​រំលឹក​ខ្លួនឯង​ថា យើង​មកពី​ប្រភព​ណា? ឆ្លងកាត់​អ្វីខ្លះ? ខ្ញុំ​ធ្លាប់​បរាជ័យ ព្រោះ​ខ្ញុំ​មាន​អំនួត​ពេក​មិន​ស្ដាប់​មតិ​របស់គេ ហេតុនេះ​ទើប​ខ្ញុំ​រំលឹក​ខ្លួនឯង​ថា ឱ្យធ្វើ​ខ្លួន​ឱ្យ​សាមញ្ញ។ ទោះ​គេ​មានមតិ​ល្អ ឬ​អាក្រក់​យើង​ត្រូវតែ​ស្ដាប់​សិន។ សរុបមក​ខ្ញុំ​អាច​សាង​គ្រប់យ៉ាង​បាន ដោយសារ​ខ្ញុំ​យក​បេះដូង​ទៅ​និយាយ​ជាមួយ​ក្រុមការងារ​ខ្ញុំ​គ្រប់ផ្នែក​ទាំងអស់ ហើយ​ខ្ញុំ​តែង​ចាត់ទុក​ពួកគាត់​ជា​ក្រុមគ្រួសារ​តែមួយ មានន័យថា​ខ្ញុំ​យក​បេះដូង​មក​គ្រប់គ្រង។ យើង​ត្រូវ​ចាំ​ថា អាជីវកម្ម​មាន​ពីរ​ប្រភេទ គឺ​អាជីវកម្ម​គ្រួសារ និង​អាជីវកម្ម​ស្ដង់ដារ សម្រាប់​អាជីវកម្ម​របស់ខ្ញុំ​មាន​ស្ដង់ដារ ប៉ុន្ដែ​ខ្ញុំ​យក​បេះដូង​ទៅ​និយាយ​ព្រោះ​យក​បេះដូង​ទៅ​និយាយ​វា​មាន​ភាពទូលំទូលាយ។ សំណួរ​សួរថា តើ​ខ្ញុំ​អាច​គ្រប់គ្រង​អាជីវកម្ម​ម្នាក់ឯង​បានទេ? ខ្ញុំ​អាច​ជោគជ័យ​ម្នាក់ឯង​ទេ? ចម្លើយ គឺ​ជោគជ័យ​របស់ខ្ញុំ​មាន​សព្វថ្ងៃ​បាន​ដោយសារតែ​បងប្អូន​ខ្ញុំ (បុគ្គលិក) ជួយ​ជំរុញ​គំនិត​ខ្ញុំ​ដែល​បាន​ច្នៃប្រឌិត យកមក​ធ្វើជា​គម្រោង និង​អនុវត្ដ​ទើប​អាច​ចេញ​បាន​នូវ​ទិដ្ឋភាព និង​ផ្លែផ្កា​ទាំងនេះ។

    តើ​លោក​ឧកញ៉ា​វាស់​ស្ទង់​សមត្ថភាព​បុគ្គលិក​ដូចម្ដេច​ដើម្បីឱ្យ​ពួកគាត់​អាចធ្វើ​ការ​បាន​ប្រកបដោយ​ផលិតភាព​ខ្ពស់?

    រាល់​អាជីវកម្មនីមួយៗ ខ្ញុំ​តែងតែ​បណ្ដុះបណ្ដាល​បុគ្គលិក ហ្វឹកហាត់​គាត់ ដូច្នេះ​អាចធ្វើឱ្យ​បុគ្គលិកម្នាក់ៗមាន​សមត្ថភាព​ធ្វើ​កិច្ចការ​បាន​ពីរ​ទៅ​បី​ជំនាញ​ឯណោះ។ យ៉ាងណាមិញ ខ្ញុំ​ក៏​មិនបាន​បង្ខំ​ពួកគាត់​ទេ គឺ​គាត់​ធ្វើ​ចេញពី​បេះដូង។ នៅ​ប្រទេស​យើង​ភាគច្រើន​បុគ្គលិក​ធ្វើការ​ងារ​គិត​ប្រាក់ខែ មិនមែន​គិត​ម៉ោង​ដូច​បណ្តា​ប្រទេស​អភិ​ឌ្ឍ​នោះទេ ដូច្នេះ​ប្រសិនបើ​ពួកគាត់​ធ្វើការ​ងារ​ដោយ​ពុំមាន​ទទួលខុសត្រូវ ក្រុមហ៊ុន​របស់​យើង​នឹង​ដួល​ទៅតាម​គាត់​ជាមិនខាន តែដោយសារ​ពួកគាត់​ស្រឡាញ់​ក្រុមហ៊ុន​ខ្ញុំ​ដូចជា​ក្រុមហ៊ុន​របស់គាត់ មានន័យថា​យើង​ធ្វើ​ដោយ​បេះដូង​ទល់​បេះដូង គឺ​យើង​កាត់បន្ថយ​ការស្ដីបន្ទោស ហើយ​ងាក​មករក​ការសម្របសម្រួល និង​រក​ដំណោះស្រាយ​រួមគ្នា។ មាន​ក្រុមហ៊ុន​ជាច្រើន​នៅពេល​អាជីវកម្ម​ចាប់ផ្ដើម​មាន​បញ្ហា គាត់​មិន​ព្យាយាម​ដោះស្រាយ​បញ្ហាភ្លាមៗទេ គាត់​បែរជាយក​បញ្ហា​មក​ធ្វើជា​បន្ទុក យូរទៅៗវា​កាន់តែកើនឡើងៗរហូត​ដោះ​លែងចេញ។ ជា​បទពិសោធ​ខ្ញុំ​រាល់​បញ្ហា​កើតឡើង​ត្រូវ​ដោះស្រាយ​ភា្ល​ម​កុំ​ទុក​យូរ​ឱ្យសោះ។

    តើ​លោក​ឧកញ៉ា​អាច​យក​ករណី​សិក្សា​មួ​យមក​បង្ហាញ​បានទេ?

    ដូចជា​ករណី 2-3ខែ​កន្លងទៅនេះ​ត្រូវ​ឆ្លងកាត់​រដូវភ្លៀង ក្រុម Sale របស់​ក្រុមហ៊ុន​ខ្ញុំ​មួយចំនួនជារឿយៗបាន​និយាយថា អត់​បានចេញ​ទៅណា​ទេ ដោយសារ​ភ្លៀង។ ខ្ញុំ​បាន​សួរ​ទៅ​ពួកគាត់​វិញ​ថា ចុះបើ​គាត់​គិត​លើ​បញ្ហា​ភ្លៀង​ជាធំ មានន័យថា​រាល់​រដូវភ្លៀង​ក្រុមហ៊ុន​មិនអាច​លក់​ផលិតផល​បានទេ ឬ​យ៉ាងណា? ដូច្នេះ​យើង​ជា​ថ្នាក់ដឹកនាំ​មួយ​ត្រូវ​ដាក់ចេញ​នូវ​យុទ្ធសាស្ដ្រ​ឱ្យ​ពួកគាត់ ដើម្បី​ការពារ​នៅពេល​គាត់​ជួប​បញ្ហា​បែប​ហ្នឹង។ អ៊ីចឹង​យើង​ត្រូវ​រក​មធ្យោបាយ​ធ្វើយ៉ាងណា​ដើម្បី​ពួកគាត់​មិនអាច​ចេញទៅ​ក្រៅ តែ​អា​ចរក​ចំណូល​ចូល​ក្រុមហ៊ុន​បាន។ នៅពេល​ប្រជុំ​យើង​ត្រូវ​លើកយក​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​យកមក​គិត និង​ដោះស្រាយ ដើម្បី​ជំរុញ​លើក​ទឹក​ចិ​ត្ដ​ពួកគាត់។ បើ​មិន​អ៊ីចឹង​មានតែ​យើង​ទ្រាំ​ទទួលយក​លទ្ធផល​តាម​ការកំណត់​របស់​ពួកគាត់​មានន័យថា រាល់ Low Season ក្រុមហ៊ុន​ត្រូវតែ​ខាត។ សម្រាប់​ខ្ញុំ​អត់​ធ្វើ​អ៊ីចឹង​ទេ ត្រូវតែមាន​ដំណោះស្រាយ​កែសម្រួល​បញ្ហា​មកវិញ។ ពាក្យ​មួយ​ឃ្លា​លើកឡើងថា «ម្ដាយ​ម្នាក់​ចិញ្ចឹម​កូន10នាក់​បាន តែ​កូន10នាក់​មិនអាច​ចិញ្ចឹម​ម្ដាយ​បានទេ» យើង​ជា​ម្ចាស់​ក្រុមហ៊ុន​ដូចជា​ម្ដាយ​អ៊ីចឹង​ទាល់តែ​យើង​ចេះ​បណ្ដុះបណ្ដាល​កូន​យើង​ឱ្យមាន​ជំហរ​ខ្លួន ចេះ​ទប់ទល់​ស្ថានការណ៍​ខ្លួនឯងបាន​ដើម្បី​មកជួយ​យើង ព្រោះ​មានតែ​ពួកគាត់​ទេ​ជា​កងទ័ព​ជួរមុខ។ ឧទាហរណ៍ បើ​យើង​មិនអាច​ដឹក​ផលិតផល​ឱ្យ​ភ្ញៀវ​បាន​នៅ​ថ្ងៃ​ហ្នឹង ពួកគាត់​អា​ចខ​ល​ទៅលេង ឬ​សួរសុខទុក្ខ​យក​ចិ​ត្ដ​ភ្ញៀវ ឬ​អាច​លក់​ផលិតផល​នៅពេល​ហ្នឹង​ក៏បាន លុះដល់​ថ្ងៃស្អែក​ចាំ​ដឹក​ផលិតផល​ឱ្យ​ភ្ញៀវ​ក៏បាន។

    ក្រៅពី​ចំណុច​ខាងលើ តើ​មាន​កត្តា​អ្វី​ទៀត​ដែល​ជំរុញ​ឱ្យ​ជំនួញ​លោក​ឧកញ៉ា​ទទួលបាន​ជោគជ័យ?

    ខ្ញុំ​ជាម​នុស្ស​ធ្លាប់​ក្រីក្រ​ពីមុនមក ដូច្នេះ​ខ្ញុំ​ស្គាល់​ការលំបាក។ យើង​ជា​ម្ចាស់​ក្រុមហ៊ុន​ត្រូវមាន​ឆន្ទៈ និង​បញ្ជ្រាប​ខ្លួន​ចូល​ជាមួយ​ពួកគាត់ ដើម្បី​ឱ្យដឹង​គ្រប់​ជ្រុងជ្រោយ គ្រប់​គន្លឹះ​ទាំងអស់។ ឧទាហរណ៍ រាល់​តំណែងនីមួយៗតាំងពី​ក្រាហ្វិក​ឌី​ហ្សា​ញ វីដេអូ​អេ​ឌី​ទ័​រ ផ្នែក​លក់ អ្នក​កាន់​អន​ឡាញ ជាដើម យើង​ត្រូវ​ចេះ​កែសម្រួល​ពួកគាត់។ ប្រសិនបើ​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​អត់​មាន​គោលការណ៍ ឬ​ចេញ​ផែន​ការឱ្យ​ពួកគាត់ តើ​យើង​គិតថា​ពួកគាត់​អាច​ធ្វើបាន​គ្រប់យ៉ាង​ដែរ ឬទេ? បើ​យើង​មិនចេះ​ច្នៃប្រឌិត កែសម្រួល​មតិ​របស់​ពួកគាត់​លើកឡើង​តើ​អាចទៅរួច​ទេ? ដូច្នេះ​ក្នុង​កិច្ចការ​ទាំងនេះ​ខ្ញុំ​ត្រូវធ្វើ​គ្រប់​លក្ខខណ្ឌ​ទាំងអស់​ទើប​ដំណើរការ​ការងារ​ទៅមុខ​បាន​រលូន។

    តើ​លោក​ឧកញ៉ា​រៀបចំ​ផែនការ​ដូចម្ដេច ដើម្បី​រៀបចំ​ការងារ?

    ពាក់ព័ន្ធ​បញ្ហា​នេះ​ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម យើង​ត្រូវតែមាន​ផែនការ​មួយ​ឱ្យ​ច្បាស់លាស់។ សម្រាប់​ពួកគាត់​ជា​បុគ្គលិក​យើង​ក៏​ត្រូវឱ្យ​គាត់​មាន​ផែនការ​សម្រាប់​ខ្លួនឯង​ដែរ ហើយ​យើង​ត្រូវ​យកមក​ពិនិត្យ​ដើម្បី​ជួយ​គ្នា​រៀបចំ​យុទ្ធសាស្ដ្រ​ទីផ្សារ។ ការធ្វើ​បែបនេះ​នឹងធ្វើ​ឱ្យ​យុទ្ធសាស្ដ្រ​ទីផ្សារ​របស់​យើង​កាន់តែ​មុត​ស្រួច ព្រោះ​នៅពេល​យើង​ជួយ​សម្រួល​គាត់​តាមរយៈ​មតិយោបល់​នានា នឹង​ធ្វើឱ្យ​ពួកគាត់​មាន​ទំនុក​ចិ​ត្ដ​លើ​ខ្លួនឯង​កាន់តែខ្លាំង។

    តើ​ការបើក​អាជីវកម្ម​ដែល​គ្មាន​ផែនការ​ច្បាស់លាស់​អា​ចទ​ទួលបាន​ភាពជោគជ័យ​ដែរ ឬទេ?

    រហូតមកដល់​ពេលនេះ​ខ្ញុំ​មាន​អាយុ29ឆ្នាំ តែ​ខ្ញុំ​ចេញ​រកស៊ី​បាន13ឆ្នាំ​ហើយ។ រាល់​មុខ​ជំនួញ​ទាំងអស់​ត្រូវមាន​គោលការណ៍ ឆន្ទៈ និង​គោលបំណង​ឱ្យ​ច្បាស់លាស់។ គោលបំណង​របស់​យើង​មិនមែន​បានត្រឹមតែ​គិត​អត់​អនុវត្ដ​នោះទេ។ ដូច្នេះ​យើង​ត្រូវ​បោះចោល​គំនិត​អគតិ ឬ​អវិជ្ជមាន​ឱ្យបាន​ច្រើន គិត​ល្អ រក​ដំណោះស្រាយ​ល្អ ធ្វើយ៉ាងណា​ឱ្យ​ការងារ​របស់​យើង​មាន​សកម្ម​ភាពរស់រវើក។ អ្នកខ្លះ​លើកឡើងថា ការរកស៊ី ឬ​បើក​អាជីវកម្ម​អ្វី ទោះ​គ្មាន​ផែនការ​ក៏​អាចធ្វើ​បានដែរ។ ចំណុច​នេះ​ខ្ញុំ​សូម​និយាយថា មិនអាច​ធ្វើទៅ​បានទេ រាល់​មុខ​ជំនួញ​ត្រូវតែមាន​គោលការណ៍ ឬ​ផែនការ។ ទោះបីជា​ផែនការ​មិនល្អ​ឥតខ្ចោះ​ក៏ត្រូវ​រៀប​ឱ្យបាន​នៅក្បែរ​ចំណុច​ល្អ​ដែរ។ ទោះជា​មាន​លុយ​ច្រើន​សម្រាប់ធ្វើ​អាជីវកម្ម​ក៏ដោយ តែបើ​គ្មាន​ផែនការ​ច្បាស់លាស់​នោះ​ភាគរយ​នៃ​ការបរាជ័យ​នឹង​កើន​ដល់95% ហើយ​សម្រាប់5%ដែល​ជោគជ័យ​នោះ គឺ​ព្រោះតែ​សំណាង ឬ​ង៉ូ​វ​ហេង​តែប៉ុណ្ណោះ។ រាល់​ការចាប់ផ្ដើម​អាជីវកម្ម វា​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​ចំណេះដឹង បទពិសោធ កម្លាំង​ចិ​ត្ដ ឬ​ការជំរុញទឹក​ចិ​ត្ដ ធនធានមនុស្ស និង​ហិរញ្ញវត្ថុ។ គ្រប់​មុខរបរ​លើ​ពិភពលោក​ត្រូវមាន​ចំណុច​ទាំង5នេះ បើ​យើង​អត់​មាន​ឆន្ទៈ​យើង​នឹងមិន​មានការ​គិត បើ​អត់​មានការ​ជំរុញ​ទឹក​ចិ​ត្ដ​យើង​នឹង​បាក់ទឹកចិត្ដ ព្រមទាំង​បោះបង់ចោល​នូវ​អ្វី​ជា​ឆន្ទៈ និង​គោលដៅ​របស់ខ្លួន។ ទោះ​មាន​លុយ​បើ​គ្មាន​ផែនការ​ក៏​អាច​បាត់បង់ ប៉ុន្ដែ​បើ​មាន​ផែនការ និង​យុទ្ធសាស្ដ្រ​ច្បាស់លាស់​មិនចាំបាច់​មាន​លុយ ក៏​អាចមាន​អ្នកចំណាយ​លុយ​ឱ្យ​យើង​ធ្វើ​ផែនការអាជីវកម្ម​ឱ្យគេ​ដែរ៕

  • ទោះ​រដូវរ​ស្សាក៏​ភាព​ស្រស់ស្អាត​របស់អ្នកមិន​បាត់​ទៅណា​ដែរ

    ទោះ​រដូវរ​ស្សាក៏​ភាព​ស្រស់ស្អាត​របស់អ្នកមិន​បាត់​ទៅណា​ដែរ

    រដូវរ​ស្សា​អាកាសធាតុ​ក៏​មិន​ក្តៅហែង​ដូច​មុន​ដែរ ដ្បិតថា​វា​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដែល​អាចធ្វើឱ្យអ្នក​មានការ​ពិបាក​ក្នុង​ការ​​ធ្វើដំណើរ​ទៅណា​មក​ណា​បន្តិច​ក្តី ​ប៉ុន្តែ​គ្រាន់តែ​នឹក​គិតដល់​ការជួបជុំ​ដែល​នឹង​មកដល់​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ភ្លាម ភាពធុញថប់​ដែល​បណ្តាល​មក​ដំណក់ទឹកភ្លៀង​ក៏​នឹង​រសាយ​ចេញពី​ក្នុង​ចិត្ត​ភ្លាម​ដែរ ព្រោះថា​ការជួប​ជុំគ្នា​នេះហើយ​ជា​ប្រភព​នៃ​ភាព​សប្បាយ​រីករាយ សេចក្តីសុខ សុភមង្គល ​និង​ជា​ចំណង​ដែល​ចាំ​ជួយ​ចងរឹត​បន្តឹង​ទំនាក់ទំនង​ក្នុង​គ្រួសារ សាច់ញាតិ​ឱ្យ​កាន់​តែមាន​ភាព​រឹង
    មាំ។ កុំ​បារម្ភ!​ បើទោះជា​ឱកាស​នៃ​ការបង្ហាញ​សម្រស់​នេះ​ស្ថិតនៅក្នុង​អំឡុងពេល​ភ្លៀងធ្លាក់​ក្តី ក៏​ភាព​ស្អាត​របស់​អ្នក​មិន​បាត់បង់​ទៅ​ណា​ដែរ ​ប្រសិនបើ​អ្នក​អនុវត្តតាម​វិធីងាយៗខាងក្រោមនេះ៖

    មើលថែ​ស្បែក
    រដូវភ្លៀង​គឺជា​ពេលវេលា​ដែល​ស្បែក​ងាយ​នឹងមាន​សភាពរ​ម៉ាស់ ក្រហម ឡើង​កន្ទួល ឬ​រោល ព្រោះតែ​ជាតិ​សំណើម​នៃ​ទឹក​ភ្លៀង​ដែល​ជាប់​នៅលើ​ស្បែក។ ដូច្នេះ​ដើម្បី​ការពារ​ស្បែក​កុំឱ្យ​កើតមាន​បញ្ហា​ទាំងនេះ​អ្នក​គួរតែ​ការពារ​វា​កុំឱ្យ​ទទឹក​ ឬត្រូវ​ប្រញាប់​ងូតទឹក​សម្អាតខ្លួន​ចេញ​ឱ្យ​ស្អាត។ ក្រែ​ម​ថែរក្សា​ស្បែក​ គឺ​នៅតែ​ត្រូវ​ប្រើ​ជា​ចាំបាច់ ​ដើម្បី​ថែរក្សា​ស្បែក​ពី​ភាព​ស្ងួត​គ្រើម បើទោះជា​រដូវ​នេះ​ជា​រដូវ​ភ្លៀង​​ក្តី​ តែ​ក៏​មិនមែន​មានន័យថា​ ស្បែក​មិនត្រូវ​ការ​សំណើម​នោះដែរប៉ុន្តែ​សូមចៀសវាង​ការប្រើ​ក្រែ​ម​ផ្តល់​សំណើមដែលមាន​កម្រិត​ខ្លាំង ឬមាន​ជាតិ​ខ្លាញ់​ខ្លាំងពេក​និងត្រូវខាត់​សម្អាត កម្ចាត់​ស្បែកចាស់ៗចោល​ម្តង​ ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍។

    មុ​ខ
    សម្រាប់​រដូវ​កាល​នេះ​អ្នក​គួរតែ​ផាត់មុខ​បែប​ស្រាល ព្រោះ​ប្រសិនបើ​អ្នក​ផាត់មុខ​ខ្លាំង ហើយ​​ត្រូវ​ទឹក​វិញ​នោះ ម្សៅ​នឹង​ឡើង​ប្រតាក អាក្រក់​មើល​ខ្លាំងណាស់។ ម្យ៉ាងវិញទៀត​អ្នក​ក៏​មិន​គួរប្រើ​ម៉ា​ស្កា​រ៉ានោះដែរ ប៉ុន្តែ​អ្នក​អាច​ប្រើ ​Eyeliner ជំនួសក៏បាន។

    សក់
    រដូវ​កាល​នេះ​អ្នក​គួរ​សម្អាត​សក់​ឱ្យបាន​ញឹក-ញាប់​បន្តិច​ ហើយក៏​ត្រូវ​ចៀសវាង​ការប្រើប្រាស់​ផលិតផល​សម្រាប់​សក់​ច្រើន​ជ្រុលផងដែរ ហើយគួរ​ប្រើតែ​សាប៊ូ​ណាដែលមាន​កម្រិតស្រាល​ និង​ប្រើ​ក្រែ​ម​បន្ទន់​សក់​រួមជាមួយ​ផង។ ក្រៅពី​ថែ-រក្សា​ហើយ​នោះ ការធ្វើ​​ម៉ូដ​សក់​ក៏​សំខាន់ណាស់​ដែរ។ ក្នុង​រដូវ​កាល​ភ្លៀង​ធ្លាក់​បែបនេះ​អ្នក​មិនគួរទម្លាក់​សក់​នោះទេ យក​ល្អ​គួរតែ​ចង​លើក​វា​ឱ្យខ្ពស់ៗទៅ ទើប​​វា​មិន​ធ្វើឱ្យមាន​អារម្មណ៍​ថា​រញ៉េ-រញ៉ៃ និង​មាន​ភាព​សើម​ជាប់​ស្បែក​ប្រសិនបើ​វាទ​ទឹក។

    ជើង
    ពេល​មាន​ភ្លៀង​កន្លែង​ខ្លះ​ប្រាកដជា​មានទឹកដក់ ដូច្នេះ​បើ​អាច​ចៀសបាន​អ្នក​គួរតែ​ចៀស ប៉ុន្តែ​បើ​ចៀស​មិនបាន​ទេនោះ អ្នក​គួរតែ​ប្រញាប់ប្រ-ញាល់​ក្នុង​ការលាង​សម្អាត​ជើង ​និង​ក្រចកជើង​របស់​អ្នក​ឱ្យបាន​ស្អាត និង​ជូត​វា​ឱ្យ​ស្ងួត ព្រោះ​ថាបើ​បណ្តោយឱ្យ​ទឹក​កខ្វក់​ទាំងនោះ​នៅជាប់​ជើងរបស់​អ្នក​យូរពេក វា​អាច​នឹង​បង្កឱ្យឆ្លង​មេរោគ​ផ្សិត​ជាដើម​។

    រដូវភ្លៀង ភ្លៀង​នឹង​ធ្លាក់​ពេលណា​ក៏​មិនដឹង​ ដូច្នេះ​សូមអ្នក​កុំ​ខ្ចិ​ល​ក្នុងការ​នាំយក​នូវ​អាវ​ភ្លៀង​ឬ​ឆ័​ត្រ​ទៅតាម​ខ្លួន​ផង ដើម្បី​សុវត្ថិភាព​ទាំង​ចំ-ពោះ​សម្រស់ និង​សុខភាពរបស់អ្នក៕

  • ក្រុមហ៊ុន Electrolux បានការ​បោះជំហាន​ក្នុងការ​ពង្រីក​ទីផ្សារ​របស់ខ្លួន​មកកាន់​ប្រទេស​កម្ពុជា

    ក្រុមហ៊ុន Electrolux បានការ​បោះជំហាន​ក្នុងការ​ពង្រីក​ទីផ្សារ​របស់ខ្លួន​មកកាន់​ប្រទេស​កម្ពុជា

    Electrolux ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​ឈានមុខ​គេ​ក្នុង​ពិភពលោក​សម្រាប់​ក្នុងការ​ផ្គត់ផ្គង់​គ្រឿង​សម្ភារ​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​ដ៏​ល្អ​ឯក​មកពី​អឺរ៉ុប បាន​បើកសម្ពោធ​ផលិតផល​របស់ខ្លួន​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​ឆ្នាំ 2017នេះ ជាមួយនឹង​គោលបំណង​ដ៏​សំខាន់បំផុត​គឺ “Happiness Together” ។ លើសពីនេះទៅទៀត​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​នឹងធ្វើ​ការអភិវឌ្ឍន៍ និង​ពង្រីក​យុទ្ធសាស្ត្រ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ដោយមាន​ការសហការ​នឹង​ក្រុមហ៊ុន ខេ​ហ្វ័​រ គ្រុប ដែលជា​ក្រុមហ៊ុន​ទទួលបាន​អាជ្ញា​បណ្ណ​ក្នុងការ​ចែកចាយ​សម្ភារ​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​សម្រាប់​គេហដ្ឋាន​ដ៏​ធំ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ។

    សម្រាប់​យុទ្ធសាស្ត្រ​ទីផ្សារ​នេះដែរ គឺ​ដោយសារតែ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងតែ​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច វិស័យ​លំនៅដ្ឋាន និង​ខុន​ដូ យ៉ាងច្រើន​គួរឱ្យកត់សម្គាល់។ហេតុ​ដូច្នេះហើយ​បានធ្វើឱ្យ​មានការ​កើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់​សម្ភារ​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក ដែលមាន​គុណភាព​ល្អ​ក្នុងការ​បំពេញ​តាម​សេចក្តីត្រូវការ និង​ភាព​ស័ក្តិសម​ជាមួយនឹង​បែបផែន​ជីវិត​ដ៏​ទំនើប និង​ទាន់សម័យ​របស់​ពួកគេ។

    លោក Ratharuj Manaswatcharapong ដែលជា​អ្នកចាត់ការ​ទូទៅ​ទីផ្សារ​អន្តរជាតិ​ផែ្ន​ក​សម្ភារ​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​របស់​ក្រុមហ៊ុន Electrolux បាន​មានប្រសាសន៍ថា “សម្រាប់​ព្រឹ​ត្ត​ការណ៍​នៃ​ការបើក​សម្ពោធ​ផលិតផល Electrolux នៅ​ឆ្នាំនេះ​ក្នុងប្រទេស​កម្ពុជា​គឺជា​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ​បំផុត​ដែល​បាន​ក្លាយជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ខេ​ហ្វ័​រ ដែលជា​អ្នក​ចែកចាយ​សម្ភារ​គ្រឿង​អេឡិចត្រូនិក​ដ៏​ល្បី និង​ឈានមុខ​គេ​ដូចជា ។ អតិថិជន​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​នឹង​ទទួលបាន​បទពិសោធន៍​កាន់តែ​អស្ចារ្យ​របស់​ផលិតផល Electrolux ទាំងអស់។ អ្វីដែល​ពិសេស​នោះ​គឺ​គ្រប់​ផលិតផល​គឺ​ត្រូវបាន​ផលិតឡើង​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​នូវ​សម្ភារ​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ផ្ទះបាយ និង​ផលិតផល​ថែរក្សា​សម្លៀកបំពាក់​ក្នុងប្រទេស​កម្ពុជា​ដែល​កំពុង​តែមាន​ការរីក​ចម្រើន និង​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​បែបនេះ។ ក្រៅពី​ផលិតផល Electrolux ដែលមាន​គុណភាព​ខ្ពស់ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ជាច្រើន​ជាមួយនឹង​ផលិតផល​ដែល​អាចជួយ​ឱ្យ​ជីវិត​របស់​ពួកគេ​មាន​ភាព​កាន់តែ​ប្រសើរឡើង​តាមរយៈ​កម្មវិធីពិសេសៗជាច្រើន​ដែល​ក្រុមហ៊ុន​គ្រោង​នឹងធ្វើ​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំនេះ។ ជាមួយនឹង​លក្ខណៈពិសេស​ទាំងអស់នេះ​គឺ​នឹង​អាចធ្វើឱ្យ​ប្រជាជន​កម្ពុជា​ក៏ដូចជា​អតិថិជន​ទាំងអស់​បាន​ស្គាល់ និង​មក​ទទួលយក​បទពិសោធ​ន៍​ដ៏​អស្ចារ្យ​ជាមួយនឹង​ផលិតផល​ម៉ាក Electrolux”។

    ក្រុមហ៊ុន Electrolux នឹងធ្វើ​ការផ្តល់ជូន​នូវ ផលិតផលសំខាន់ៗចំនួន 3ប្រភេទ៖

    1. 1. ការផ្តល់ជូន​នូវ​រសជាតិ​ដ៏​អស្ចារ្យ (ផលិតផល​សម្ភារ​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ផ្ទះបាយ)-ក្រុមហ៊ុន​នឹង​ផ្តល់ជូន​អតិថិជន​ទាំងអស់​នូវ​បទពិសោធន៍​នៃ​ការ​ចម្អិនម្ហូប​ជាមួយនឹង​លក្ខណៈ​ច្នៃប្រឌិត​ដ៏​ពិសេស​ដែល​អាច​ប្រើប្រាស់​បាន​យ៉ាង​ងាយ និង​មាន​សុវត្ថិភាព​ខ្ពស់​នៅ​គេហដ្ឋាន។
    2. 2. ការថែរក្សា​សម្លៀកបំពាក់-ដោយ​ផ្អែកលើ​កិត្តិនាម​របស់​ក្រុមហ៊ុន Electrolux ដ៏​យូរ​មកហើយ​សម្រាប់​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ដែល​ត្រូវបាន​ផលិតឡើង​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប និង​ល្អផ្តាច់គេ​ក្នុង​ការជួយ​ថែរក្សា​សម្លៀកបំពាក់​ដែល​លោកអ្នក​ស្រឡាញ់ និង​ចូលចិត្ត​បំផុត​ឱ្យនៅ​ថ្មី​ជានិច្ច និង​មិន​ហើរ​ពណ៌។
    3. 3. ការផ្តល់ជូន​នូវ​សុខមាលភាព (ផលិតផល​បន្សុទ្ធ​ខ្យល់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បូម​ធូលី និង​ម៉ាស៊ីនទឹក​ក្តៅ)-ក្រុមហ៊ុន Electrolux នឹងធ្វើ​ការផ្តល់ជូន​អតិថិជន​ទាំងអស់​ជាមួយនឹង​ផលិតផល​ដែលមាន​សុវត្ថិភាព​ខ្ពស់ ក៏ដូចជា​សមាជិក​ក្នុង​គេហដ្ឋាន​ទាំងមូល​មាន​សុខ​ភាពល្អ និង​ការរស់នៅ​ពោរពេញ​ដោយ​ផាសុកភាព។

    ក្រុមហ៊ុន Electrolux បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ពិភពលោក​ដោយ​ទទួលបាន​ការជឿទុកចិត្ត​ពី​អតិថិជន​ទាំងអស់​នៅ​អាស៊ី​បូព៌ា។ ក្នុង​ឆ្នាំ 2017 នេះ​ក្រុមហ៊ុន Electrolux បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ និង​បាន​កើនឡើង​ក្នុង ការលក់​ដាច់​បំផុត​សម្រាប់​ផលិតផល​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ស្រប​ពេលដែល​ផែ្ន​ក​សម្ភារ​អគ្គិសនី និ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ផ្ទះបាយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ 3។ ជា​លទ្ធផល ក្រុមហ៊ុន Electrolux គឺ​រំពឹងទុក​ថា​នឹងមាន​ការកើនឡើង​នៃ​ផលិតផល​របស់ខ្លួន​ក្នុងប្រទេស​ថៃ​សម្រាប់​ឆ្នាំនេះ​ព្រមទាំង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។

    ជា​ចុងក្រោយ លោក Mr. Manaswatcharapong បាន​បន្ថែមថា “ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ខេ​ហ្វ័​រ គ្រុប សម្រាប់​ការសហការ​ជា​ដៃគូរ​យ៉ាង​ជិតស្និទ្ធ និង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់ ព្រមទាំង​ដៃគូ​សា​ហ​ការ​ដទៃទៀត ក៏ដូចជា​អ្នកតំណាង​ចែកចាយ​ទាំងអស់​ដែល​បាន​ជឿទុកចិត្ត​លើ​ផ​លិ​ផល ម៉ាក​Electrolux ។ យើង​សូម​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំំ​ថា​ធ្វើយ៉ាងណា​នឹង​ផ្តល់ជូន​នូវ​បទពិសោធ​ន៏​នៃ​ផលិតផល​ទាំងអស់​ដល់​អតិថិជន។ ហើយ​បទពិសោធន៍​ដ៏​អស្ចារ្យ​ទាំងអស់នេះ​មិន​គ្រាន់តែ​ផ្តោតទៅលើ​គុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តោតលើ​ការពេញចិត្ត​ជាមួយនឹង​លក្ខណៈពិសេស​របស់​ផលិតផល Electrolux គ្រប់​ប្រភេទ​ផងដែរ។

    ក្រុមហ៊ុន Electrolux គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សម្ភារ​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​សម្រាប់​គេហដ្ឋាន​ដោយ​ផ្អែកលើ​ការយល់ឃើញ និង​សេចក្តីត្រូវការ​របស់​អតិថិជន​ផ្ទាល់។ យើង​ផ្តល់ជូន​នូវ​ការ​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជាមួយនឹង​គំនិត​ច្នៃប្រឌិត​ខ្ពស់​ដោយ​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយនឹង​អ្នកប្រើប្រាស់​ដែលមាន​បទពិសោធន៍ និង​ជំនាញ​វិជ្ជាជីវៈ។ ផលិតផល​របស់ Electrolux រួមមាន ទូទឹកកក ចង្ក្រាន​ដុត ចង្ក្រានហ្គាស ចង្ក្រានអគ្គិសនី ម៉ាស៊ីន​លាងចាន ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ម៉ាស៊ីន​បូម​ធូលី ម៉ាស៊ីនត្រជាក់ និង​សម្ភារ​អគ្គិសនី​អេឡិចត្រូនិក​សម្រាប់​គេហដ្ឋាន​ជាច្រើន​ទៀត។ ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​ជាមួយនឹង​ម៉ាក​សញ្ញា​ដទៃទៀត​រួមមាន Electrolux, AEG, Zanussi, Frigidaire និង Electrolux Grand Cuisine, ជាមួយនឹង​ការលក់​សរុប​ទាំងអស់​យើង​ឃើញថា​មាន​ផលិតផល​ជាង 60លាន​គ្រឿង​ដែល​កំពុង​ត្រូវបាន​ជឿទុកចិត្ត និង​ប្រើប្រាស់​ក្នុង​ទីផ្សារ​ជាង 150ជា​រៀងរាល់ឆ្នាំ។ កាលពី​ឆ្នាំ 2016 ក្រុមហ៊ុន Electrolux បានធ្វើ​ការលក់​ផលិតផល​របស់ខ្លួន​បាន​ជាង 14.51 កោដិ ដុល្លារ​សហរដ្ឋអាមេរិក និង​មាន​បុគ្គលិក​ប្រមាណ​ជាង 55000 នាក់។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ www.electroluxgroup.com

    សេចក្តីលម្អិត​បន្ថែម​ពី​ផលិតផល៖

    លក្ខណៈពិសេសៗរបស់​ផលិតផល និង​គំនិត​ច្នៃប្រឌិតថ្មីៗនៃ​ផលិតផល Electrolux ដែល​នឹងដាក់​បង្ហាញ និង​សម្ពោធ​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​រួមមាន៖

    ការផ្តល់ជូន​នូវ​រសជាតិ​ដ៏​អស្ចារ្យ (សម្ភារ​អគ្គិសនី​សម្រាប់​ផ្ទះបាយ)

    • ចង្ក្រាន​ដុត​អគ្គិសនី​ម៉ូ​ឌែ​ល EOC5400AOX និង EOB3434BOX មាន​តួនាទី​ច្រើនយ៉ាង​ជាមួយនឹង​សម្លេង​នៃ​ការកំណត់​កម្តៅ និង បច្ចេកវិទ្យា UltraFan Plus ដែល​ជួយ​រក្សា​កម្តៅ​ដើម្បី​ចម្អិនម្ហូប​គ្រប់​ថ្នាក់។ ម៉ាស៊ីន​នេះ​មាន​មុខងារ​ក្នុងការ​ចម្អិន​ចំនួន 9 ប្រភេទ។
    • ចង្ក្រានអគ្គិសនី និង​ចង្ក្រានហ្គាស ម៉ូ​ឌែ​ល EHEC65BSគឺជា​ប្រភេទ​ចង្ក្រាន​ចម្អិន​ជាមួយនឹង Dual Ring Zone សម្រាប់​ការបត់បែន​នៃ​ការ​ចម្អិន​ដ៏​អស្ចារ្យ​ដោយមាន​ការបំពាក់​ប្រព័ន្ធ​កំណត់​កម្តៅ​ក្នុងការ​ចម្អិន​ចំនួន 7។ សម្រាប់ ម៉ូ​ឌែ​ល​មួយទៀត​គឺ EHC724BA ដែល​បំពាក់​ទៅដោយ​កម្រិត​ថាមពល​កម្តៅ​ចំនួន 14 កម្រិត និង​ពេលវេលា​កំណត់​កម្តៅ​និមួយៗ ដែល​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ចម្អិន​តាម​ផ្នែកផ្សេងៗគ្នា​បាន​យ៉ាង​ល្អ។
    • ទូទឹកកក NutrifreshTM ម៉ូ​ឌែ​ល ESE5301AG និង ESE6201BG ៖គ្រប់ផ្នែក គ្រប់​ថ្នាក់ គ្រប់​ជាន់ នៃ​ទូទឹកកក​ដែល​ថែរក្សា​ម្ហូបអាហារ បន្លែ ផ្លែឈើ​ឱ្យនៅ​ស្រស់​នោះ​គឺ​ត្រូវបាន​ផលិតឡើង​ជាមួយនឹង​បច្ចេកវិទ្យា NutrifreshTM Inverter ដែល​អាចជួយ​សន្សំសំចៃ​ថាមពល​ក្នុ​ការប្រើប្រាស់​រហូតដល់ 37%។ ជាពិសេស​ទូទឹកកក​ម៉ូ​ឌែ​ល​ប្រភេទ​នេះ​ក៏បាន​បំពាក់​ផងដែរ​នូវ​បច្ចេកវិទ្យា FreshTaste Deodorizer ដែល​ជួយ​កម្ចាត់​ក្លិន និង​បាក់តេរី រហូតដល់ 8%។

    ផលិតផល​ក្នុងការ​ថែរក្សា​សម្លៀកបំពាក់

    • ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ម៉ូ​ឌែ​ល EWF14023ជាមួយនឹង​បច្ចេកវិទ្យា Unique Electrolux UltraMix™ ជួយ​សម្អាត​សម្លៀកបំពាក់​បាន​សា្អ​ត​ល្អ​លើសពីនេះ​ទៀត​លក្ខណៈពិសេស​របស់ Electrolux Vapour Action ជួយ​កម្ចាត់​មេរោគ និង​បាក់តេរី​លើ​សម្លៀកបំពាក់ រហូតដល់ 9%។ ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ម៉ូ​ឌែ​ល​នេះ​ល្អ​បំផុត និង​ធានា​ក្នុងការ​ធ្វើឱ្យ​សម្លៀកបំពាក់​ថ្មី​ជានិច្ច និង​មិន​ហើរ​ពណ៌​ព្រមទាំង​ជួយ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​រហូតដល់ 75%។
    • ម៉ាស៊ីន​បោក និង​ស​ម្ងួ​ត ម៉ូ​ឌែ​ល EWW12853ជាមួយនឹង​លក្ខណៈ ពិសេស​នៃ​បច្ចេកវិទ្យា​ចុងក្រោយ Vapour Care អាច​កាត់បន្ថយ និង​កម្ចាត់​មេរោគ​បាក់តេរី​លើ​សម្លៀកបំពាក់​រហូតដល់ 9% ទោះបីជា​ស្ថិតក្នុង​សីតុណ្ហភាព​ត្រឹមតែ 40អង្សា​ក៏ដោយ។ លើសពីនេះទៅទៀត​ជាមួយនឹង​បច្ចេកវិទ្យា Eco Inverter អាចជួយ​សន្សំសំចៃ​ថាមពល​បាន​យ៉ាងច្រើន។បើទោះបីជា​ត្រូវ​បន្ថែម​សម្លៀកបំពាក់​បន្ទាប់ពី​ដំណើរការ​នៃ​ការបោក​ក៏​ម៉ាស៊ីន​នៅតែ​ដំណើរការ​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់។

    ការផ្តល់ជូន​នូវ​សុខមាលភាព (ផលិតផល​បន្សុទ្ធ​ខ្យល់ ម៉ាស៊ីនត្រជាក់ និង​ម៉ាស៊ីនទឹក​ក្តៅ)

    • ម៉ាស៊ីនទឹក​ក្តៅ​ម៉ូ​ឌែ​ល EWE35GX-DW ជាមួយនឹង​គំនិត​ច្នៃប្រឌិត​នៃ​ប្រព័ន្ធ​កម្តៅ​ទឹក ELCB ដែល​ធ្វើ​ការផ្អាក​ដំណើរការ​ខណៈពេលដែល​ទឹក​មាន​សីតុណ្ហភាព​ខ្ពស់ និង​ការការពារ​សុវត្ថិភាព​ព្រមទាំង​ការ​សន្សំសំចៃ​ខ្ពស់​ខណៈពេលដែល​មានកា​រ​លេច​ជ្រាប។ រីឯ​ម៉ូ​ឌែ​ល​មួយទៀត​គឺ EWE351TX-DCT2 ជាមួយនឹង​បច្ចេកវិទ្យា EcoShower™ ជួយ​សន្សំសំចៃ​ទឹក ព្រម​ទាំ​ប្រព័ន្ធ​ផ្តាច់​ចរន្ត​ដោយ​ស្វ័យប្រវត្តិ ជាពិសេស​ជួយ​ការពារ​គ្រោះថ្នាក់​ដោយ​ចៃដន្យ និង​ការខូចខាត​ប្រព័ន្ធ​កម្តៅ​ទឹក ឬក៏​បំផ្លាញ​នៃ​រន្ទះ៕
  • ទិន្នផល​ស្រូវ​នឹង​ល្អប្រសើរ ខណៈដែល​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក3កន្លែង​នឹង​ចាប់ផ្ដើម​ប្រើ​នៅ​ដើមឆ្នាំ2018

    ទិន្នផល​ស្រូវ​នឹង​ល្អប្រសើរ ខណៈដែល​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក3កន្លែង​នឹង​ចាប់ផ្ដើម​ប្រើ​នៅ​ដើមឆ្នាំ2018

    ភ្នំពេញ- បន្ទាប់ពី​មានការ​ផ្ដល់​ទឹកប្រាក់​ក្នុង​រង្វង់15លាន​ដុ​លា្ល​រ​អាមេរិក​ដល់​ក្រុមហ៊ុននាំចេញ​អង្ករធំៗចំនួន2ដើម្បី​ធ្វើការ​សាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក​ស្រូវ 3 ទីតាំង​បន្ថែមទៀត​រួចមក គេ​រំពឹងថា នៅ​ឆ្នាំ2018 ស្ថានភាព​ស្រូវ​អង្ករ​នៅ​កម្ពុជា​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​មិន​ខាន។

    ឯកឧត្ដម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​លើកឡើងថា គម្រោង​សាងសង់​ឃ្លាំង​ស្ដុក​ស្រូវ និង​ឡស​ម្ងួ​តរបស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ទីតាំង 3 កន្លែង ស្ថិតនៅក្នុង​ខេត្ដ​ចំនួន3 មាន​កំពង់ធំ តាកែវ និង​ព្រៃវែង។ ឯកឧត្ដម​បន្ដថា គម្រោង​សាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក​ទាំង 3ទីតាំង​នេះ គឺជា​គម្រោង​ទី2 របស់​រាជរដ្ឋាភិបាល​ដែល​ចាប់ដៃ​ជាមួយ​វិស័យ​ឯកជន ដោយ​ក្នុង​មួយ​ទីតាំង​ត្រូវ​ប្រើ​ទឹកប្រាក់​អស់​ចំនួន 5 លាន​ដុល្លារ និង​អាចមាន​សមត្ថភាព​ស​ម្ងួ​ត​ក្នុង​មួយថ្ងៃ​បាន1,500តោន និង​អាច​ស្ដុក​បាន5ម៉ឺន​តោន។

    ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក​ស្រូវ​ចំនួន3ទីតាំង​នេះ​នឹង​ជួ​យស​ម្រូ​ល​ដល់​ដំណើរការ​ប្រមូល​ផល​ស្រូវ និង​ស្ដុក​ទុក ធ្វើយ៉ាងណា​មិនឱ្យ​ទិន្នផល​ស្រូវ​មានការ​ខូចគុណភាព ដែល​គេ​រំពឹងថា ការប្រមូល​ផល​ស្រូវ​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ខណៈ​គម្រោង​ទី​ពីរ​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​ក្នុង​ឆ្នាំ2018។ គួរ​បញ្ជាក់ថា គម្រោង​ទីមួយ​នៃ​ការសាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក​ស្រូវ​នេះដែរ ត្រូវបាន​អនុវត្ដ​នៅ​ខេត្ដ​បាត់ដំបង​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា ភូ ពុ​យ ៕

  • ជប៉ុន​បោះទុន $3លាន​សាងសង់​សាកលវិទ្យាល័យ​ជំនាញ​កសិកម្ម​នៅ​កម្ពុជា

    ជប៉ុន​បោះទុន $3លាន​សាងសង់​សាកលវិទ្យាល័យ​ជំនាញ​កសិកម្ម​នៅ​កម្ពុជា

    ភ្នំពេញ៖ ដោយ​សម្លឹង​ឃើញ​កម្ពុជា​ជាទី​តាំង​ភូមិសាស្ត្រ​មួយ​នៅ​អាស៊ី​ដែល​អំណោយផល​ផ្នែក​កសិកម្ម  ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន​គ្រោង​បោះទុន​ប្រមាណ​ជា 3លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម ទេសចរណ៍ និង​ថែទាំ​មនុស្ស​ចាស់​លើកដំបូង​នៅ​កម្ពុជា​យើង។

    ដំណឹង​សាងសង់​សាកលវិទ្យាល័យ​ថ្មី​មួយ​នេះ​ត្រូវបាន​ឱ្យដឹង​នៅពេលដែល​លោក Yoshio Kondo នាយក​ក្រុមហ៊ុន Procast Asia Co.,Ltd បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សមាគម Toukaizaikai ដែលជា​សមាគម​មួយ​មាន​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម ផ្នែក​សេវាកម្ម ផ្នែក​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ​សរុប​ជាង300ក្រុមហ៊ុន​ជា​សមាជិក​មក​កម្ពុជា​ដើម្បី​ស្វែងយល់​ពី​ភាពអនុគ្រោះ និង​លក្ខខណ្ឌ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

    លោក Yoshio Kondo នាយក​ក្រុមហ៊ុន Procast Asia co.,Ltd ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ដែរថា ទៅ​ថ្ងៃ​អនាគត សមាគម Toukaizaikai នឹង​ពង្រីក​ការវិនិយោគទុន​នៅ​ប្រទេស​កម្ពុជា ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​បាន និង​កំពុង​សាងសង់​សាកលវិទ្យាល័យ​មួយ​ដើម្បី​បណ្ដុះបណ្ដាល​លើ​ជំនាញ​ថែទាំ​ជន​ចាស់ជរា កសិកម្ម និង​ទេសចរណ៍ នៅ​តំបន់​ខាំ​កូ​ស៊ី​ធី ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា3លាន​ដុល្លារ​អាមេរិក​ក្នុងការ​សាងសង់​អគារ​សាកលវិទ្យាល័យ​ថ្មី​មួយ​នេះ។

    ក្នុងជំនួប​ដ៏​កម្រ​នេះ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសាសន៍​បញ្ជាក់ថា នៅពេល​ខាងមុខនេះ​ក្រុមហ៊ុន Procast Asia នឹង​ពង្រីក​គម្រោង​វិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា​ដែល​អាច​ផ្ដល់នូវ​កាលានុវត្តភាព​បន្ថែមទៀត​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ការបង្កើត​នូវ​ឱកាស​ការងារថ្មីៗជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។

    ឯកឧត្តម​បណ្ឌិត បាន​ជូនដំណឹង​ទៅ​ក្រុម​គណៈប្រតិភូ​នៃ​សមាគម Toukaizaikai នូវ​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​ភាពអនុគ្រោះ និង​លក្ខខណ្ឌ​ការងារ ក៏ដូចជា​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា​នាពេល​បច្ចុប្បន្ន ជាពិសេស​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ជប៉ុន​ក្នុងដំណាក់កាល​បច្ចុប្បន្ន​នេះ។ លើសពីនេះ​ទៀត គឺ​ភាពរឹងមាំ​នៃ​សន្តិភាព និង​ស្ថិរភាព​ពេញ​ប្រទេស​កម្ពុជា​ផងដែរ។ ហើយ​សមាគម​បានចាប់ផ្ដើម​ធ្វើការ​សិក្សា​ស្វែងយល់​តាមរយៈ​ព័ត៌មាន​នានា​រួចហើយ គ្រាន់តែ​សមាគម​ត្រូវធ្វើ​ការពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​បន្ថែមទៀត​ដើម្បី​យល់ដឹង​ឱ្យ​កាន់តែ​ប្រាកដ​ច្បាស់។

    ទោះយ៉ាងណា​លោកនាយក​ក្រុមហ៊ុន Procast មិនទាន់​អាច​បញ្ជាក់​ពី​ទំហំ​វិនិយោគ​ច្បាស់លាស់ និង​ថ្ងៃ​ចាប់ផ្ដើម​នៃ​ការវិនិយោគ​នៅឡើយ​ទេ ដោយសារ​ត្រូវ​រង់ចាំ​បញ្ចប់​ការត្រួតពិនិត្យ​ជាក់ស្ដែង និង​ត្រូវ​ឆ្លងកាត់​បែបបទ​គតិយុត្ត​នៅ​កម្ពុជា​ជាច្រើន​ដំណាក់កាល​តទៅទៀត៕

  • សត្វ​​​សមុទ្រ 7 ប្រភេទ​ក្នុង​យុគ​មុ​ន​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​យើង​រីករាយ​ក្នុងការ​ផុត​ពូជ​របស់​វា…

    សត្វ​​​សមុទ្រ 7 ប្រភេទ​ក្នុង​យុគ​មុ​ន​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​យើង​រីករាយ​ក្នុងការ​ផុត​ពូជ​របស់​វា…

    មនុស្ស​​​ជាច្រើន​​​ប្រហែលជាគិតថា ​​​មនុស្ស​យើង​មិនគួរ​ទៅធ្វើ​ឱ្យ​សត្វ​មួយចំនួន​ផុត​ពូជ​ពី​ពិភពលោក​នេះ​សោះនេះ​សោះ ប៉ុន្តែ​បើសិនជា​ពពួកសត្វ​ចម្លែក​ទាំងអស់​ខាងក្រោម​នេះ​នៅមាន​ជីវិត​រស់នៅក្នុង​ពិភព​បច្ចុប្បន្ន​វិញ លោកអ្នកប្រហែលជាត្រូវប្ដូរគំនិតនេះយ៉ាងពិតប្រាកដ។

    1 . ដៃ​ណូ​ស៊ូ​ខាស់ (Deinosuchus )

    ជា​សត្វ​ក្រពើ​មួយ​ប្រភេទ​ដែល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ដោយសារតែ​ទីកន្លែង​ដែល​វា​រស់នៅ​នោះ​ស្ថិតនៅក្នុង​ទីតាំង​តែមួយ​ជាមួយនឹង​សត្វ ដៃ​ណូ​ស័​រ​ធី​រេ​ក្ស ដូច្នេះហើយ​ទើប​ប្រាកដ​ណាស់ ដែលជា​ញឹកញាប់​ពួកវា​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​មិនអាច​ចៀសផុត​បាន។ ទំហំ​របស់​វា វែង​ជាង 40 ហ្វុ​ត (ជាង 12 ម៉ែត្រ) ឯណោះ។

    2 . ម៉ូ​សា​សូ​រ៉ា​ស់ (Mosasauras )

    មិនបាច់​អធិប្បាយ​ពី​ភាពកាចសាហាវ​របស់​ពួកវា​នោះទេ ព្រោះ​លោកអ្នក​អាច​នឹង​ធ្លាប់​បានឃើញ​ពួកវា​នៅក្នុង​ខ្សែភាពយន្ត​រួចមកហើយ​នៅក្នុង​រឿង Jurasic World ។ ត្រឹមត្រូវ​ហើយ!  វា​គឺជា​សត្វ​ដៃ​ណូ​ស័​រយ​ក្ស​នៅក្នុង​ទឹក​ដែលមាន​ប្រវែង​វែង​ជាង 60 ហ្វុ​ត (ជាង 16 ម៉ែត្រ) ដែល​អាច​ខាំត្របាក់​សត្វ​ដៃ​ណូ​ស័​រ​គ្រប់​ប្រភេទ​ដែល​ចូលមក​ក្បែរ​ទីកន្លែង​ដែល​វា​រស់នៅ។

    3 . អា​ណូ​ម៉ា​ឡូ​ខា​រី​ស (Anomalocaridid )

    ទោះជា​វា​មាន​ទំហំ​មិនធំ​ប៉ុន​សត្វ​ដៃ​ណូ​ស័​រ​ដទៃទៀត​មែន តែ​វា​គឺជា​អ្នកប្រមាញ់​ដែល​នៅលើ​ខ្ពស់បំផុត​នៃ​ពពួកសត្វ​ដែលជា​ចំណីអាហារ​របស់​វា​តាំងពី​យុគសម័យ​ក​កំណើត​វត្ថុ​មានជីវិត​នៅលើ​ពិភពលោក​នេះ​ម្លេះ។ អាច​រាប់បាន​ថា ជា​សត្វ​ពពួក អា​ថូ​ផត ដែលជា​អ្នកប្រមាញ់​ដ៏​សាហាវ​ដំបូង​គេ​របស់​ពិភពលោក។ ភាពកាចសាហាវ​របស់​វា​មាន​ខ្លាំងក្លា​ដល់​ថ្នាក់​ត្រូវ​ប្រយុទ្ធ​ដើម្បី​ស៊ីគ្នា​ឯង​ជា​ចំណី។

    4 . ជែ​ខេ​ឡូ​ប​តេ​រ៉ា​ស់ (Jaekelopterus )

    សត្វ​សារាយសមុទ្រ​កំពូល​សាហាវ។ ទោះជា​ទំហំ​របស់​វា​មាន​ត្រឹមតែ 9 ហ្វុ​ត (ជិត 3 ម៉ែត្រ) មែន  តែ​ភាពកាចសាហាវ​របស់​វា​អាច​ហៅ​បាន​ថា ស្ថិតក្នុង​លំដាប់​កំពូល​បំផុត​នៃ​សត្វ​សមុទ្រ​ទាំងឡាយ​ក៏​អាច​ថា​បានដែរ។ នៅពេលណា​ក៏ដោយ​ដែល​វា​ប្រទះឃើញ​ចំណី វា​នឹង​ស្ទុះ​ចូលទៅ​ខាំ​ទាញ​ហែក​ចំណី​ជាចម្រៀកៗ មុននឹង​ស៊ី​យ៉ាង​ឆ្ងាញ់​មាត់។

    5 . ស៊ី​ប​ហ៊ែ​ក​ទី​ណឹ​ស (Xiphactinus )

    សាកល្បង​នឹកឃើញ​ពី​រូបភាព​ត្រី​ស៊ីម​នុស្ស ពី​រ៉ា​ន់​យ៉ា ដែលមាន​ប្រវែង 4.5 – 6 ម៉ែត្រ​ល​មើលថា តើ​វា​គួរឱ្យ​ភ័យខ្លាច​ប៉ុនណា?។ ត្រី​អ្នកប្រមាញ់​ចំណី​មួយ​ប្រភេទ​នេះ​រស់នៅក្នុង​ម្ដុំ​បរិវេណ​សមុទ្រ​អាមេរិក​ខាងជើង​កាលពី​ប្រមាណ​ជា 85 លាន​ឆ្នាំមុន។ ពេលដែល​ទ្វីបអាមេរិក​ខាងជើង​ត្រូវ​បែង​ចែង​ជា 3 កោះធំៗ និង​មាន​សមុទ្រ​នៅ​ចំ​កណ្ដាល​នោះ ពួកវា​គឺជា​អ្នកប្រមាញ់​សាច់​ឆៅ​ដ៏​សាហាវ​បំផុត​នៅ​ម្ដុំ​នោះ។

    6 . អ៊ី​ដេ​ស្តា​ស់ (Edestus )

    ត្រី​ឆ្លាម​អ្នកប្រមាញ់​សាច់​ឆៅ​ដែល​រស់នៅក្នុង​មហាសមុទ្រ​ទូទាំង​ពិភពលោក និង​អ្វីដែល​លេចធ្លោ​បំផុត​របស់​វា​នោះ​គឺ ធ្មេញ​ដែល​មុត​ក្រិ​ប​ដូច​ផ្លែកាំបិត។ ដោយ​ទំហំ​របស់​វា​ដែល​ធំ​វែង​ដល់​ទៅ 20 ហ្វុ​ត (ជាង 6 ម៉ែត្រ ) និង​ភាពកាចសាហាវ​ដែល​ត្រី​ឆ្លាម​ដទៃទៀត​សុំ​ខ្លាច​នោះ ទើប​ធ្វើឱ្យ​វា​ក្លាយជា​ត្រី​ឆ្លាម​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត​ក្នុង​ពិភព​នា​យុគ​សម័យមុន​ប្រវត្តិសាស្ត្រ។

    7 . ដាន់​លី​អូស​តេ​អ៊ុ​ស (Dunkleosteus )

    ក្នុងខណៈដែល​សត្វ​អ្នកប្រមាញ់​ដទៃ​ច្រើន​តែមាន​ធ្មេញ​ដ៏​មុត​ស្រួច​ចំនួន​ច្រើន​នោះ ត្រី​អសុរកាយ​មួយ​នេះ​បែរ​ជាមាន​ធ្មេញ​ទំហំ​ធំ​បំផុត​តែ 1 វែង ដែល​ទុក​សម្លាប់សត្វ​ជា​ចំណី ប្រៀបដូចជា គិ​យ៉ូ​ទីន ដែល​ចាប់​ហែក​ចំណី​ដោយ​ការ​ត្របាក់​តែមួយ​ដង​គត់៕

  • ប្រព័ន្ធ ATM ដាក់ឱ្យ​ដំណើរការ​រួមគ្នា​ហើយ​នៅ​កម្ពុជា

    ប្រព័ន្ធ ATM ដាក់ឱ្យ​ដំណើរការ​រួមគ្នា​ហើយ​នៅ​កម្ពុជា

    ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រកាស​ជា​ផ្លូវការ សហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ​អេស៊ីលីដា ធនាគារ​ស្ថាបនា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប្រា​សាក់ ដាក់ឱ្យ​ដំណើរការ​រួមគ្នា​ជាបឋម​នូវ​ប្រព័ន្ធ Cambodia Share Switch (CSS) ដែលជា​ប្រព័ន្ធ​រួមបញ្ចូល​គ្នា​មួយ​សម្រាប់​សម្រួល​ដល់​អ​តិ​ថិ​ជន​ធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ​តាមរយៈ​ប័ណ្ណ​ទូទាត់​ម៉ាស៊ីន ATM និង POS របស់​គ្រឹះស្ថាន​សមាជិក​ប្រកបដោយ​ភាពងាយស្រួល និង​ឆាប់រហ័ស។

    ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC បានឱ្យដឹងថា គោលបំណង​នៃ​ការដាក់ឱ្យ​ដំណើរការ​ជាបឋម​នូវ​ប្រព័ន្ធ CSS គឺ​ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ កាត់បន្ថយ​ចរាចរ​សាច់ប្រាក់​នៅលើ​ទីផ្សារ លើកកម្ពស់​ប្រសិទ្ធភាព​ទូទាត់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ជំរុញ​ប្រតិបត្តិការ​អន្តរ​ធនាគារ​ឱ្យ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការផ្តល់​មធ្យោបាយ​ធ្វើ​ប្រតិបត្តិការ​បន្ថែមទៀត​សម្រាប់​អតិថិជន។

    ជាមួយនឹង​បណ្តាញ ATM ដ៏​ទូលំទូលាយ​របស់​គ្រឹះស្ថាន​ជា​សមាជិក ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​នៅតាម​ជនបទ​អាច​ប្រើប្រាស់​សេវា​ធនាគារ​បាន ដែល​នឹង​អាចរួមចំណែក​យ៉ាងសកម្ម​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សេដ្ឋកិច្ច។

    ប្រព័ន្ធ CSS គឺជា​ប្រព័ន្ធ​រួមមួយ​ដែល​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​របស់​គ្រឹះស្ថាន​ជា​សមាជិក ក្នុង​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​ទំនិញ និង​សេវាកម្ម​ដក​ប្រាក់-ផ្ទេរប្រាក់​អន្តរ​ធនាគារ​ពិនិត្យ​សមតុល្យ​គណនី និង​របាយការណ៍​ហិរញ្ញវត្ថុ​សង្ខេប​តាម​ម៉ាស៊ីន ATM ឬ POS របស់​គ្រឹះស្ថាន​ដែលជា​សមាជិក​ប្រព័ន្ធ CSS។

    គួរ​បញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ​បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ជាបឋម​បាន​ជោគជ័យ អតិថិជន​អាច​ប្រើ​ម៉ាស៊ីន ATM ឬ POS បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត ព្រោះ​ក្រៅពី​គ្រឹះស្ថាន​ស្ថាបនិក​ទាំងបី​ខាងលើ​ហើយ នៅមាន​គ្រឹះស្ថាន​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ផ្សេងទៀត បាននិងកំពុង​ដាក់ពាក្យ​សុំចូល​រួម​ដែរ​ហើយ។

    លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​ដែលជា​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា​ឱ្យដឹងថា ការអនុវត្ត​សេវា​បែបនេះ​គឺជា​ការល្អ ព្រោះ​នៅ​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស​សរុប​ចំនួន51 ហើយ​ធនាគារនីមួយៗមាន​ទូ​ATM រៀងៗខ្លួន ដូច្នេះ​ការដាក់ឱ្យ​ប្រើប្រាស់​សេវា​អេ​ធី​អឹម​រួមគ្នា​នេះ គឺអាច​ធ្វើឱ្យ​ធនាគារ​ទាំង​អស់ត​ភ្ជាប់​ជាមួយគ្នា ដោយ​អនុញ្ញាតឱ្យ​អតិថិជន​អាច​ដក​ប្រាក់​នៅ​ធនាគារ​ណា​ក៏បាន ខណៈដែល​អេស៊ីលីដា​មាន​ទូ​ATM សរុប​ជាង300គ្រឿង​ដាក់ពង្រាយ​ទៅតាម​ទីប្រជុំជន​នានា។ លោក​បាន​បន្តថា ការអនុវត្ត​បែបនេះ​គឺមាន​ភាពងាយស្រួល ប៉ុន្តែ​អ្នកមាន​កាត​អេ​ធី​អឹម​ដែល​ចង់​ដក​ប្រាក់​នៅ​ធនាគារ​ផ្សេង អតិថិជន​ត្រូវ​បង់​សេវាកម្ម​ពី​ការប្រើប្រាស់​នោះ។

    លោក អឿ សុធា​រ័ត្ន នាយក​អភិវឌ្ឍ​ន៏​អាជីវកម្ម និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) មានប្រសាសន៍ថា ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រឹងប្រែង​រវាង​ធនាគារនីមួយៗនៅក្នុង​ប្រទេស​កម្ពុជា ហើយ​ធនាគារនីមួយៗសុទ្ធតែ​បាន​បង្កើត​ទូ ​ATM ដូចគ្នា គ្រាន់តែ​ធនាគារ​ខ្លះ​មាន​តិច និង​ធនាគារ​ខ្លះ​មាន​ច្រើន​ប៉ុណ្ណោះ។ លោក​ថា ប្រព័ន្ធ​ថ្មី​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​ដែល​កាន់​កាត ATM នៅ​ធនាគារ​ណា​ដែល​មិនមាន​ប្រាក់​គ្រប់គ្រាន់​ក្នុងការ​បង្កើត​ទូ ATM ឱ្យបាន​ច្រើន។

    លោក​បន្តថា តាមពិតទៅ​ប្រតិបត្តិការ​ខាងលើ គេ​បានធ្វើ​រួចទៅហើយ​នៅ​ប្រទេស​ជឿនលឿន ដោយនៅ​ប្រទេស​ទាំងនោះ មិនមាន​ទូ ATM ដាក់​តម្រៀប​គ្នា​នៅ​កន្លែង​តែមួយ​ដូច​នៅ​កម្ពុជា​នោះទេ ព្រោះ​មានការ​ដាក់ឱ្យ​អតិថិជន​អាច​ដក​ប្រាក់​គ្រប់​ទូ ATM តែមួយ​រួមគ្នា​នេះ។

    គួរ​ញ្ជា​ក់​ផងដែរ​ថា ដោយសារ​មន្ត្រីរាជការ កម្មករ​រោងចក្រ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ចំនួន ត្រូវបាន​ដាក់ឱ្យ​បើកប្រាក់​តាម​ប្រព័ន្ធ ATM មក គេ​ឃើញ​នៅពេល​បើកប្រាក់ខែម្តងៗ ពួកគេ​តែង​ឈរ​តម្រង់​ជួរ​គ្នា​ចាំ​បើក​លុយ ប៉ុន្តែ​នៅពេល​ដាក់ឱ្យ​ដំណើរ​ការដក​ប្រាក់​រួមគ្នា​នៅ​ATM ផ្សេងគ្នា​បាន​បែបនេះ នឹងធ្វើ​ឱ្យ​ការ​ដំណើរ​ការដក​ប្រាក់​របស់​ពួកគាត់​ប្រ​ពឹ​ត្ត​ទៅបាន​ឆាប់រហ័ស​មិន​ចំណាយពេល​រង់ចាំ​យូរ ដូច​មុន​ទៀត​ទេ៕

  • ប្រជាជន​កម្ពុជា​គួរ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​សកល

    ប្រជាជន​កម្ពុជា​គួរ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​សកល

    ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​ផ្នែក​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ព្រោះ​មូលធន​មនុស្ស​ជា​ធនធាន​ដែល​មិនចេះ​រីងស្ងួត​សម្រាប់​សង្គម ដែល​អាច​ជំរុញ​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង និង​អាច​ឈានដល់​ការប្រកួតប្រជែង​ជា​អន្តរជាតិ​ថែមទៀត​ផង។

    កត្តា​ជំរុញ​ដែល​ធ្វើឱ្យ​ធនធានមនុស្ស​ក្នុង​ប្រទេសមួយ​ខ្លាំង គឺ​កើតចេញពី​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន រួមទាំង​ប្រជាពលរដ្ឋម្នាក់ៗដែលមាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​សម្រាប់​ចូលរួម​អភិវឌ្ឍ​ស្ថាប័ន​ដែល​ខ្លួន​កំពុងធ្វើការ និង​សង្គមជាតិ​ទាំងមូល។

    លោក ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន​កម្ពុជា-អាស៊ាន បាន​លើកឡើងថា ប្រជាជន​នៅ​កម្ពុជា ជាពិសេស​យុវជន​ដែល​កំពុង​សិក្សា​នៅតាម​សាកលវិទ្យាល័យ គួរតែ​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​ដែលមាន​សមត្ថភាព​កម្រិត​អន្តរជាតិ (Global Citizen)។ បុគ្គល​ដែលមាន​សមត្ថភាព​ខ្លាំង​ជា​សកល​បែបនេះ គឺជា​បុគ្គល​ដែល​អាចធ្វើ​ការងារ​បាន​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ឬ​មានចំណេះ​ជំនាញ​គ្រប់គ្រាន់​ក្នុងការ​ដណ្តើម​ទីផ្សារការងារសំខាន់ៗនៅ​បរទេស។

    លោក ស៊ា​ង សុ​បញ្ញា បាន​និយាយថា៖ «ដើម្បី​ក្លាយខ្លួនជា​បុគ្គល​ដែលមាន​ការងារ​ធ្វើ និង​កម្រិត​សមត្ថ​ភាពជា​អន្តរជាតិ ពួកគេ​គួរតែមាន​ជំនាញធំៗ 2 ជា​គោល  គឺ​ជំនាញ​ភាសា​ឱ្យ​ច្បាស់ និង​ជំនាញ​បច្ចេកទេស​ឱ្យ​ច្បាស់។ ភាពច្បាស់​នៃ​ជំនាញ​ភាសា​នេះ គឺ​មិនមែន​គ្រាន់តែ​អាន​បាន ឬ​និយាយ​ស្តាប់​គ្នា​បាន​បែប​ធម្មតា នោះទេ គឺ​ចាំបាច់​ត្រូវ​ចេះ​ច្បាស់លាស់​អាច​បកប្រែ បរិយាយ អធិប្បាយ ឬ​សរសេរ​លិខិត​ជា​ផ្លូវការ​បាន​ដោយ​រលូន»។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅពេលដែល​យើង​អាច​យល់ច្បាស់​ពី​ភាសា​ហើយ យើង​នឹងមាន​ទុន​មួយ​សម្រាប់​ការស្រាវជ្រាវ​ជាស​កល ដើម្បី​ឈានទៅដល់​ភាពជា​អ្នកជំនាញ​ដែលមាន​គុណភាព​ក្នុង​ការគិត និង​អនុវត្ត​ខ្ពស់។ ចំពោះ​ជំនាញ​បច្ចេកទេស​វិញ ក៏​ជា​ជំនាញ​ចាំបាច់​មួយ​ផងដែរ ព្រោះ​នាពេល​បច្ចុប្បន្ននេះ អាស៊ាន​បាន​បើកចំហ​នូវ​អាជីព​មួយចំនួន​ដើម្បីឱ្យ​ប្រជាជន​នៅក្នុង​ប្រទេស​ដែលជា​សមាជិក​ទាំងអស់ មានឱកាស​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ទាំង 10នេះ។ ប្រសិនបើ​យើង​មាន​ជំនាញ​ច្បាស់លាស់ ហើយ​ចេះ​ប្រើ​ភាសា​ច្បាស់លាស់ យើង​នឹង​អាច​ឈោង​ចាប់​ទីផ្សារការងារ​នៅ​បរទេស បាន និង​មិនមែន​ប្រកួតប្រជែង​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ។

    លោក គឹម អឿន នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​បាន​លើកឡើងថា មេដឹកនាំ​ដែល​ល្អ​គឺជា​មេដឹកនាំ​ដែល​ចេះ​នាំ​ប្រជាជន​ឱ្យក្លាយ​ជា​ប្រជាជន​សកល ហើយ​ប្រជាជន​ខ្លួនឯង​ក៏ត្រូវ​តែមាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ដោយ​ផ្តោត​សំខាន់​លើ​ទិដ្ឋភាពសំខាន់ៗចំនួន3 គឺ មនុស្ស បរិស្ថាន និង​ចំណូល។ ការលើកឡើង​ពី​កត្តា​មនុស្ស​នេះ​គឺ​ចង់​សំដៅលើ​ការគោរព និង​ការឱ្យ​តម្លៃ​មនុស្ស​គ្រប់រូប​លើ​ពិភពលោក ដោយ​ការ​ផ្តល់ឱកាស ចែករំលែក និង​ជួយ​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ភាពស្មោះត្រង់។

    ចំណុច​សំខាន់​មួយ​ផ្សេងទៀត​គឺ ធម្មជាតិ ឬ​បរិស្ថាន មានន័យថា មនុស្ស​ត្រូវ​គិតគូរ​ឱ្យបាន​ល្អិតល្អន់​ពី​សកម្មភាព​របស់ខ្លួន​ប្រចាំថ្ងៃ​ចំពោះ​ពិភពលោក និង​មិន​ចូលរួម​ការបំផ្លាញ​ពិភពលោក​ដោយ​ប្រយោល។

    លោក គឹម អឿន បាន​និយាយថា៖ «ការដែល​ប្រជាជន​គិតគូរ​ពី​ពិភពលោក គឺអាច​ធ្វើឱ្យ​យើង​រស់នៅក្នុង​ភាព​សុខដុម​ទាំងអស់គ្នា ហើយ​នៅពេលដែល​មនុស្ស​ធ្វើ​អ្វីមួយ​ដោយមាន​ភាព​ហ្មត់ចត់ ហើយ​ចូលរួម​ថែរក្សា​ពិភពលោក​តាមរយៈ​ការ​សន្សំសំចៃ​ថាមពល​អគ្គិសនី ការគ្រប់គ្រង​សំរាម​បានល្អ និង​ការដាំ​ដើមឈើ​ជាដើម អាចធ្វើឱ្យ​យើង​រស់នៅក្នុង​ភាព​ស្ងប់​សុខ»។

    លោក គឹម អឿន បានបញ្ជាក់​ផងដែរ​ថា រឿង​ចំណូល​ជា​រឿង​ចុងក្រោយ​បំផុត​បន្ទាប់ពី​រឿង​គោរព​គ្នា និង​បរិស្ថាន តែ​ទោះជា​យ៉ាងណា​ក៏​មនុស្ស​ត្រូវការ​ការរក​ចំណូល​ដែល​ត្រឹមត្រូវ និង​គោរព​បាន​នូវ​គោលការណ៍​ស្មោះត្រង់​ដែល​មិន​ប៉ះពាល់​អ្នកដទៃ ហើយ​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពថ្លៃថ្នូរ​ជាស​កល៕

  • CBL ប្រកាស​បើក​រៀបចំ​ពិធីជប់លៀង​ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍

    CBL ប្រកាស​បើក​រៀបចំ​ពិធីជប់លៀង​ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍

    ភ្នំពេញ៖  កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (ហៅ​កាត់​ថា​ក្រុមហ៊ុន CBL) បានរៀបចំ​កម្មវិធី​ដ៏​ធំ​មួយ   នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ប្រកាស​បើក​នូវ Facebook Fan Page (Party and Celebration) របស់​ក្រុមហ៊ុន CBL ជារួម​នឹង​កម្មវិធី​ប្រូ​ម៉ូ​សិនថ្មីៗសម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ2017-2018 រាល់​ការ​ជាវ​ស្រា​បៀរ Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout សំរាប់​ម្ចាស់​កម្មវិធី​អាពាហ៍ពិពាហ៍ និង​អ្នក​ណែនាំ​រោងការ។

    កម្មវិធី​ពិសេស​នេះ​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ពង្រឹង​ចំណង​ទំនាក់ទំនង ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍​របស់​ក្រុមហ៊ុន CBL និង អតិថិជន​ទាំងអស់​ដែល​ជាវ​ស្រា​បៀរ​គ្រប់​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន CBL រួមមាន​ស្រា​បៀរ Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout សម្រាប់​រៀបចំ​ទទួលភ្ញៀវ​ក្នុង​ពិធីមង្គលការ នៅ​ទូទាំងប្រទេស​កម្ពុជា។

    អ្នក​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​ធ្វើ​ម្ហូប​ការ ដេប៉ូ​ចែកចាយ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត។ ចំពោះ​ម្ចាស់​កម្មវិធី​អាពាហ៍ពិពាហ៍ ដែល​បាន​ជាវ​ស្រា​បៀរ​ម៉ាក​សញ្ញា​ណាមួយ​របស់​ក្រុមហ៊ុន CBL ដូចជា Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout នឹង​ទទួលបាន​កម្មវិធី​ប្រូ​ម៉ូ​សិនពិសេសៗនា​រដូវ​កាល​អាពាហ៍ពិពាហ៍​ថ្មី​នេះ សំរាប់​អ្នក​ណែនាំ​ការ​ក៏​នឹង​ទទួលបាន​កញ្ចប់​រង្វាន់​លើកទឹកចិត្ត​ដ៏​ច្រើន​ពី​ក្រុមហ៊ុន CBL ផងដែរ។

    បន្ទាប់ពី​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន CBL នឹង​រៀបចំ​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​នេះ​នៅ​ខេត្តសំខាន់ៗផ្សេងទៀត​ដូចជា៖ ខេត្ត​ព្រះសីហនុ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​សុខា។ ខេត្តកំពង់ចាម ថ្ងៃទី 26 ខែតុលា ឆ្នាំ 2017 នៅ​សណ្ឋាគារ អិ​ល ប៊ី អិន អាស៊ាន។ ខេត្តសៀមរាប ថ្ងៃទី 31 ខែតុលា ឆ្នាំ 2017  នៅ​សណ្ឋាគារ​សុខា ។

    ប្រសិនបើ​លោកអ្នក​ជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​ធ្វើ​ម្ហូប​ការ ដេប៉ូ​ចែកចាយ និង​អ្នក​ណែនាំ​រោងការ​ផ្សេងទៀត ព្រមទាំង​ម្ចាស់​កម្មវិធី​អាពាហ៍ពិពាហ៍ ចង់​ជ្រាប​ព័ត៌មាន​លម្អិត​បន្ថែម សូម​ទំនាក់ទំនង​មក​លេខ៖ 011 222 400/011 333 500 ។ សូម​ពិសា​ដោយ​ការទទួលខុសត្រូវ!