Author: វល័ក្ខ

  • Bristol City ជួប Man United ខណៈ Arsenal ជួប West Ham ក្នុង Carabao Cup

    Bristol City ជួប Man United ខណៈ Arsenal ជួប West Ham ក្នុង Carabao Cup

    ការចាប់​ឆ្នោត​សម្រាប់​ការប្រកួត​ពាន Carabao Cup វគ្គ8ក្រុម​ចុងក្រោយ តម្រូវ​ឲ្យ​ក្រុម Bristol City ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Manchester United ក្រោយពី​បញ្ហា​បច្ចេកទេស​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ត្រូវ​រង់ចាំ​ជិត​រយៈពេល2ម៉ោង​ទើប​អាច​មើលឃើញ​ពី​ការផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម Twitter។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Arsenal នឹងត្រូវ​ជួប​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែម្តង គឺ​ក្រុម West Ham ខណៈដែល​ក្រុម Leicester City នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ខ្លាំង Manchester City ហើយ​ក្រុម Chelsea ត្រូវ​បើកទ្វារ​ទទួល​ក្រុម Bournemouth។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រោយពី​ការចេញ​សេចក្តីប្រកាស 4លើក​ដើម្បី​ពន្យល់​ពី​ការពន្យារ​ពេលនេះ ទីបំផុត​បណ្តាញ​សង្គម Twitter បានបង្ហាញ​ពី​រូបភាព​វីដេអូ​ដែល​ត្រូវបាន​គេ​ថត​ទុកជាមុន​រួចហើយ។

    ទាំង​ក្របខ័ណ្ឌ​លី​ក​កីឡាបាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា EFL និង​បណ្តាញ​សង្គម Twitter បានធ្វើ​ការសុំ​អភ័យទោស​សម្រាប់​ការពន្យារពេល​រយៈពេល1ម៉ោង និង45នាទី​នេះ។ EFL បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «EFL បានទទួល​ការសុំ​អភ័យទោស​ពី​សំណាក់ Twitter នៅ​ចក្រភព​អង់គ្លេស សម្រាប់​ការពន្យារ​ពេលនេះ​ដែល​ត្រូវបាន​គេ​ជឿជាក់ថា បាន​កើតឡើង​ដោយសារតែ​កំហុស​បច្ចេកទេស។ EFL បានស្នើ​ឲ្យ​មានការ​ត្រួតពិនិត្យ​ដ៏​ពេញលេញ​មួយ​ទៅលើ​ព្រឹត្តិការណ៍ផ្សេងៗដែល​នាំ​ឲ្យ​មានការ​ពន្យារ​ពេលដែល​មិនអាច​ទទួលយកបាន​មួយ​នេះ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី18 ខែធ្នូ ខាងមុខ៕

    ការចាប់​ឆ្នោត​សម្រាប់​ពាន League Cup វគ្គ8ក្រុមចុងក្រោយ

    Chelsea vs Bournemouth
    Arsenal vs West Ham
    Leicester vs Manchester City
    Bristol City vs Manchester United

    ប្រភពពី៖ BBC

  • អ្នកជំនាញ៖ ស្ថានភាព​នយោបាយ ​តែងមាន​ឥទ្ធិពល​លើ​វិស័យ​អចលនទ្រព្យ

    អ្នកជំនាញ៖ ស្ថានភាព​នយោបាយ ​តែងមាន​ឥទ្ធិពល​លើ​វិស័យ​អចលនទ្រព្យ

    អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា ចរន្ត​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​តែងតែ​ទទួលរង​ឥទ្ធិពល​ពី​នយោបាយ​ពិសេស​នៅពេល​ជិត​បោះឆ្នោត ប៉ុន្តែ​ស្ថានភាព​បែបនេះ​នឹង​ថយឥទ្ធិពល​ទៅវិញ​នៅពេល​ស្ថានភាព​នយោបាយ​អាច​គ្រប់គ្រង​បាន។

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត លោក​បណ្ឌិត គីម ហ៊ាង បាន​និយាយថា ការបោះឆ្នោត​តែងតែ​ប៉ះពាល់​ដល់​វិស័យផ្សេងៗ ហើយ​វា​មិនមែន​កើតឡើង​តែ​នៅ​ប្រទេស​កម្ពុជា​នោះទេ។ ភាពជាប់គាំង ឬ​ការដើរ ថយក្រោយ​នោះ គឺ​កើតមាន​ស្ទើរ
    គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក។

    ទាក់ទង​នឹង​ស្ថានភាព​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេលនេះ លោក​បណ្ឌិត បាន​បញ្ជាក់ថា ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិនមែន​ជាប់គាំង ឬ​ដើរ​ថយក្រោយ​ដោយសារ​កត្តានយោបាយ​នោះទេ ប៉ុន្តែ​តម្លៃ​ដីធ្លី​នាពេលនេះ​គឺ​បាន​ហាក់​ឡើង​ខ្ពស់​ខុសពី​តម្លៃពិត​ជាក់ស្តែង ដោយសារ​ម្ចាស់​ដីធ្លី​ទាមទារ​តាមចិត្ត​របស់គាត់​ចង់បាន ដូចនេះ​អ្នកមាន​លុយ​ត្រូវ​រក្សា​លុយ​ទុក​សិន រហូតដល់​ខ្លួន​អាច​ស្វែងរក​តម្លៃ​ណា​ដែល​សមរម្យ​បាន។

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​បញ្ជាក់ថា៖“តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ពេលនេះ បាន​ហក់​ឡើង​ខ្ពស់​រហូតដល់​កម្រិត​មួយ​ដែល​ពិបាក​ទិញ​លក់ ប៉ុន្តែ​តម្លៃ​ហក់​ឡើង​នេះ​មិនមែនជា​តម្លៃពិត​នោះទេ។ តម្លៃពិត គឺជា​តម្លៃ​ដែល​អ្នកលក់​ចង់​លក់ និង​អ្នកទិញ​ចង់​ទិញ ខណៈ​បច្ចុប្បន្ន​តម្លៃ​ស្ថិតនៅលើ​មាត់​អ្នកលក់​ដែល​តែងតែ​ទាមទារ​តាមចិត្ត​គាត់​ចង់។ បើសិន​គាត់​លក់​ក្នុងតម្លៃ​ធម្មតា អ្នក​ដែល​ត្រូវការ​ប្រាកដ​ជាមាន​ច្រើន។

    លោក​បណ្ឌិត គីម ហ៊ាង ក៏បានផ្តល់​យោបល់​ដល់​អ្នក​ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ គួរតែ​ទិញ​ដី​នៅពេល​ជិត​បោះឆ្នោត ព្រោះ​ស្ថានភាព​តម្លៃ​ដីធ្លី​អាច​ធ្លាក់ចុះ​បន្តិច ដោយសារ​មាន​អ្នកត្រូវការ​លុយ​ច្រើន។

    លោក​បណ្ឌិត​បាន​អះអាងថា៖“ជិត​បោះឆ្នោត​តម្លៃ​ដី​ធ្លាក់ចុះ ងាយស្រួល​ទិញ។ បើ​ទិញ​ពី​ឥឡូវ​ក្នុង​រយៈពេល1ឆ្នាំ ឬ 2ឆ្នាំក្រោយ​តម្លៃ​ដី​នឹង​ហក់​ឡើងវិញ។ ជិត​បោះឆ្នោត​មនុស្ស​ត្រូវការ​លុយ​ច្រើន តម្លៃ​ដីធ្លី​អាច​ធ្លាក់ចុះ។

    តួលេខ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា គិតពី​ឆ្នាំ2010 រហូតមកដល់​ខែកញ្ញា ឆ្នាំ 2017 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន សរុប​ចំនួន 213គម្រោង។ ក្នុងចំណោម​គម្រោង​ដែល​ទទួលបាន​អាជ្ញា​បណ្ណ ក្នុងនោះ​គម្រោង​បុរី​មាន​ចំនួន132គម្រោង​ស្មើនឹង31,997ផ្ទះ និង​អគារ​សហកម្មសិទ្ធិ​មាន​ចំនួន 81គម្រោង ស្មើនឹង29,612បន្ទប់ (យូ​នី​ត)។

    លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​កាលពីពេលថ្មីៗនេះ​ថា វិស័យ​សំណង់​គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​នៃការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​កម្ពុជា។ មកទល់​បច្ចុប្បន្ន​ឧស្សាហកម្ម​សំណង់​នៅ​ប្រទេស​កម្ពុជា បានរួម​ចំណែក​ប្រមាណ​មួយ​ភាគ​ដប់​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​មិនផ្ទាល់​សម្រាប់​ពលរដ្ឋ​ជាច្រើន។ លើសពីនេះ​ដោយសារ​វិស័យ​សំណង់​មានការ​ចូលរួម​ច្រើន​ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម​ដូច្នេះ​វិស័យនេះ​បាន​បង្កើត​ប្រាក់ចំណូល​ដែល​ត្រូវបាន​បែងចែក​ទូលំទូលាយ ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កា​ន់​តែ​ប្រកបដោយ​បរិ​យា​ប័ន្ន។

    លោកជំទាវ បាន​មានប្រសាសន៍ថា៖“ស្ថិតក្នុង​បរិការណ៍​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​លំនៅឋាន​ទាំងអស់ ដែល​បាននិងកំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​យកចិត្តទុកដាក់​ដល់​ការធ្វើ​ពិពិធ​កម្ម និង​ពង្រីក​វិសាលភាព​នៃ​ការស្ថាបនា​គម្រោង​របស់​ខ្លួន​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដល់​តំបន់ និង​ទីតាំង​សំខាន់ផ្សេងៗទៀត ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រូបវ័ន្ត​របស់​យើង។ ការចូលរួម​យ៉ាងសកម្ម​របស់​អ្នក​អភិវឌ្ឍ​លំនៅឋាន​នៅក្នុង​វិស័យ​អចលនវត្ថុ និង​សំណង់នៅ​កម្ពុជា គឺជា​ការជួយជ្រោមជ្រែង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ឱ្យមាន​សន្ទុះ​កាន់តែ​លឿន​ថែមទៀត”៕

  • វិធីសាស្ត្រ​ពង្រឹង​ភាពជា​អ្នកដឹកនាំ​សម្រាប់​និស្សិត

    វិធីសាស្ត្រ​ពង្រឹង​ភាពជា​អ្នកដឹកនាំ​សម្រាប់​និស្សិត

    នៅពេល​ដើរចូល​សាកលវិទ្យាល័យ ជីវិត​និស្សិត​ចាប់ផ្តើម​ផ្លាស់ប្តូរ​ខ្លួន​ពី​អ្នករៀន​ដើម្បី​ប្រឡង​ជាប់​ទៅជា​អ្នក​ដែល​រៀន​ដើម្បី​អាជីព​ការងារ។ ដើម្បី​ទទួលបាន​ការងារ​ល្អ ឬ​ដើម្បី​ដឹកនាំ​អាជីវកម្ម​ក៏ដោយ ភាពជា​អ្នកដឹកនាំ​គឺជា​រឿង​សំខាន់បំផុត​មួយ​ដែល​ត្រូវតែមាន ហើយ​ភាពជា​អ្នកដឹកនាំ​ទាំងអស់នោះ​ចាំបាច់​ត្រូវតែ​បណ្តុះ​ឱ្យបាន​នៅក្នុង​ពេលដែល​កំពុង​សិក្សា។

    ដើម្បី​ដោះស្រាយ​បញ្ហា​និស្សិត​មួយចំនួន​ដែល​កំពុង​ចង់​ស្វែងរក​ភាពជា​អ្នកដឹកនាំ ឬ​បង្កើន​ភាពក្លាហាន​ក្នុងការ​ដឹកនាំ​គម្រោង​នានា គេហទំព័រ ឡា​រ៉ែ​ន សូម​ធ្វើការ​បង្ហាញជូន​នូវ​ចំណុចសំខាន់ៗមួយចំនួន​ដូចខាងក្រោម។

    1. ចាប់ផ្តើម​ធ្វើការ​ងារ​ស្ម័គ្រចិត្ត

    ការធ្វើការងារ​ស្ម័គ្រ​ចិត្តជា​រឿង​សំខាន់​មួយ​ដែល​អាចជួយ​ឱ្យ​និស្សិត​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​រៀន​ពី​ភាពជា​អ្នកដឹកនាំ ព្រោះ​ការងារ​ទាំងអស់នេះ​ត្រូវ​ធ្វើជា​ក្រុម​ដែល​ចាំបាច់​ត្រូវតែមាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ។ ម្យ៉ាងវិញទៀត ការធ្វើការ​ស្ម័គ្រ​ចិត្តជា​មួយ​នឹង​ក្រុមការងារ​ណាមួយ​អាចធ្វើឱ្យ​និស្សិត​ស្វែងយល់​ពី​ការរៀបចំ​គម្រោងសំខាន់ៗនានា​ដែល​អាច​ជំ​រុញឱ្យ​និស្សិត​ទាំងអស់​មានគំនិត​ច្រើន​ក្នុងការ​បង្កើត​គម្រោងថ្មីៗក្រោយពេល​បញ្ចប់​ការសិក្សា ឬ​អាចមាន​គំនិត​បង្កើត​ក​ម្ម​វិធី​ថ្មី​ជាមួយនឹង​ក្រុម​នៅក្នុង​សាកលវិទ្យាល័យ​ជាមួយគ្នា។

    2. ចំណាយពេល​ស្វែងរក​កង្វះខាត​របស់​ម​នុស្ស

    អ្នកដឹកនាំ​ជាច្រើន ជា​អ្នក​ដែល​អាចបង្កើត​កម្ម​វី​ធី ឬ​អ្នក​ដែល​អាច​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​មនុស្ស។ ប្រសិនបើ​ពួកគេ​ជា​អ្នកដឹកនាំ​ក្រុមនិស្សិត ពួកគេ​ត្រូវតែ​ជា​អ្នក​យល់ដឹង​ច្បាស់​ពី​ការងារ​របស់​និស្សិត ប្រសិនបើ​ពួកគេ​ជា​អ្នកដឹកនាំ​ស្ថាប័ន​ណាមួយ​ពួកគេ​ត្រូវតែ​យល់ច្បាស់​ពី​បញ្ហា​នៃ​ការរស់នៅ​របស់​មនុស្ស បន្ទាប់មក​ពួកគេ​ក៏​អាចបង្កើត​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា។ ការដោះស្រាយ​បញ្ហា​នេះហើយ ជា​គម្រោង​សំខាន់​ដែល​និស្សិត ឬ​មនុស្ស​គ្រប់គ្នា​ត្រូវបង្កើត​ដោយ​ប្រើ​ភាពជា​អ្នកដឹកនាំ។

    3. ស្វែងរក​ពេល​ស្តាប់​បេះដូង​ខ្លួនឯង

    នៅលើ​ផ្លូវ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ម្នាក់ អ្នក​រាល់គ្នា​ជាពិសេស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មិនសូវមាន​បទពិសោធ​ច្រើន​ក្នុងការ​ដឹកនាំ​នោះទេ។ ភាពភ័យខ្លាច ការខឹង​ក្រេវក្រោធ ការធ្វេសប្រហែស និង​ភាព​ទន់ជ្រាយ​ជាដើម គឺជា​ឧបសគ្គ​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​ចង់​ដឹកនាំ​ក្រុម​ណាមួយ។

    ការចំណាយ​ពេលវេលា​ដើម្បី​ស្តាប់​បេះដូង​ខ្លួនឯង​អាចធ្វើឱ្យ​យើងម្នាក់ៗរកឃើញ​នូវ​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង ហើយ​ពង្រឹងសមត្ថភាព​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ​ម្នាក់៕

  • ឥឡូវនេះ កម្ពុជា-ចិន អាច​ទូទាត់​ជា​រូបី​យ​វត្ថុ​របស់ខ្លួន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​បាន​ហើយ

    ឥឡូវនេះ កម្ពុជា-ចិន អាច​ទូទាត់​ជា​រូបី​យ​វត្ថុ​របស់ខ្លួន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​បាន​ហើយ

    ភ្នំពេញ – កម្ពុជា និង​ចិន បាននិងកំពុង​តែ​ជំរុញឱ្យមាន​ការប្រើប្រាស់​រូបី​យ​វត្ថុ​កម្ពុជា​ជា​ផ្លូវការ​ដើម្បី​ជា​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី និង​ក៏ដូចជា​ការចូលរួម​គាំទ្រ​គោលនយោបាយ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​ផងដែរ។

    លោកជំទាវ ជា សេរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ​នឹងមាន​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ទំនិញ ខណៈដែល​ពួកគាត់​អាច​ទូទាត់​ជា​ប្រាក់រៀល​ក៏បាន និង​ជា​ប្រាក់​យន់​ក៏បាន ដោយ​ពុំ​ចាំបាច់​ធ្វើការ​ប្ដូរប្រាក់​ទៅជា​ដុល្លារ​អាមេរិក​ដូច​មុន​ទៀតឡើយ។ ពិសេស​ពាណិជ្ជករ​ក៏​ពុំ​ចាំបាច់​ព្រួយបារម្ភ​ពី​ហានិភ័យ​នៃ​អត្រា​ប្ដូរប្រាក់​ទៀត​ដែរ។

    កម្ពុជា ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ទាំង​វិស័យ​រដ្ឋាភិបាល និង​វិស័យ​ឯកជន នយោបាយ វប្បធម៌​ប្រពៃណី​ជាដើម។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​កិច្ចការ​នេះ ព្រោះ​ពាណិជ្ជករ​ចង់បាន​ជម្រើស​ក្នុងការ​ទូទាត់​ទំនិញ និង​ការប្រើប្រាស់​រូបី​យ​វត្ថុ​បែបនេះ។  ជាមួយគ្នានេះដែរ លោក​ឧកញ៉ា​ក៏បាន​ស្នើសុំ​ឱ្យមាន​ការបង្កើត​កិច្ចសហប្រតិបត្ដិការ​បែបនេះ​ជាមួយ​បណ្ដា​ប្រទេសផ្សេងៗទៀតផង៕

  • ក្លៀក​ខ្មៅ ប្រែ​មកជា​ស​ តាមបែប​ធម្មជាតិ ក្នុង​រយៈពេល 1ខែ

    ក្លៀក​ខ្មៅ ប្រែ​មកជា​ស​ តាមបែប​ធម្មជាតិ ក្នុង​រយៈពេល 1ខែ

    ក្លៀក​ខ្មៅ ជា​បញ្ហា​ដ៏​ធំ​ណាស់​សម្រាប់​សុភាព-នារី​យើង ហើយក៏​ជា​មូល​ជាហេតុ​ដែល​ធ្វើឱ្យ​អ្នក​មិន​ហ៊ាន​ពាក់អាវ​ដៃ​វាល​ក្លៀក ឬ​មិន​ចង់បង្ហាញ​បរិវេណ​វ​ង្វ​ង់​ក្លៀក​របស់​អ្នក​នោះទេ ព្រោះ​មាន​ភាព​ខ្មាសអៀន​ខ្លាំង ព្រមទាំង​ជា​បញ្ហា​ដ៏​គួរ​រំខាន​ផងដែរ។ អស់​កង្វល់​តទៅទៀត​ហើយ ឡា​រ៉ែ​ន នឹង​ប្រាប់​ពី​វិធី​ក្នុងការ​កែប្រែ​បញ្ហា​នេះ​ឱ្យ​សុភាពនារី​ទាំងអស់​មាន​ទំនុកចិត្ត​មកលើ​ខ្លួនឯង​ជាថ្មី​ឡើងវិញ ដោយ​ការកែប្រែ​ក្លៀក​ខ្មៅ​ឱ្យ​ប្រែ​ជាស​ស្អាត ហើយ​តឹង​ណែន​មិនមាន​ស្នាម​ប្រហោង​បានក្នុង​រយៈពេល​តែ1ខែ​ប៉ុណ្ណោះ តាម​រូបមន្ដ​បែប​ធម្មជាតិ។

    គ្រឿងផ្សំ​សម្រាប់​ត្រៀម ដើម្បី​ម៉ាស្សា​ស្បែក​ក្លៀក​ខ្មៅ​ឱ្យ​ប្រែ​ជាស​ស្អាត៖
    • ទឹក​ត្រសក់​ក្រឡុក 1ស្លាបព្រា​កាហ្វេ
    • ទឹកក្រូច​ឆ្មារ 1ស្លាបព្រា​កាហ្វេ
    • ម្សៅ​ល្មៀត កន្លះ​ស្លាបព្រា​កាហ្វេ
    • ប្រេងដូង 1ស្លាបព្រា​បាយ

    វិធី​ធ្វើ
    គ្រាន់តែ​យក​វត្ថុ​ធាតុ​ផ្សំ​ដែល​បាន​តៀម​ទុក​ដូចខាងលើ មក​លាយ​ឱ្យ​ក្លាយជា​ល្បាយស្មើសាច់ តែ​មិនត្រូវ​លាយ​ជាមួយ​ប្រេងដូង​នៅក្នុង​ចាន​តែមួយ​នោះទេ។

    វិធី​ម៉ាស្សា
    បន្ទាប់ពី​ងូតទឹក​រួច ចូរ​ជូត​ខ្លួន​ឱ្យ​ស្ងួត រួច​យកសំឡី​ជ្រលក់​ជាមួយ​ប្រេងដូង ចំនួន1ស្លាបព្រា​-បាយ ដោយ​ម៉ាស្សា​ថ្មមៗនៅ​បរិវេណ​រង្វង់​ក្លៀក។ ក្រោយមកទៀត សូម​យក​សំឡី​ជ្រលក់​ជាមួយ​វត្ថុ​ធាតុ​ដែល​បាន​ត្រៀម​រួចជាស្រេច ហើយ​លាប​ថ្មមៗពីលើ​បរិវេណ​ក្លៀក​ជា​បន្ត រួច​ទុកចោល​រយៈពេល20នាទី ទើប​លាង​សម្អាត​ដោយ​ទឹក​ឱ្យ​ស្អាត​ជាការ​ស្រេច។

    ការអនុវត្ត
    សម្រាប់​អ្នក​ដែលមាន​បញ្ហា​ក្លៀក​ខ្មៅ​ខ្លាំង យក​ល្អ​អ្នក​គួរតែ​អនុវត្តតាម​វិធី​នេះ យ៉ាងហោច-ណាស់​ឱ្យបាន2-3ដង ក្នុង​មួយ​សបា្ដហ៍ ទើប​ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត៕

  • ខែ​ការ​ច្រើន តើ​ត្រូវ​ចាយវាយ​បែបណា​ដើម្បី​កុំឱ្យ​ដាច់​ខែ​ដាច់ខ្យល់?

    ខែ​ការ​ច្រើន តើ​ត្រូវ​ចាយវាយ​បែបណា​ដើម្បី​កុំឱ្យ​ដាច់​ខែ​ដាច់ខ្យល់?

    រដូវ​កាល​សំបុត្រ​អញ្ជើញ​អាពាហ៍ពិពាហ៍​សម្រុកចូល​មកដល់​ផ្ទះ និង​ការិយាល័យ​បានមក​ដល់​ហើយ ទាំង​អ្នកធ្វើការ អ្នករកស៊ី និង​រួមទាំង​សិស្ស-និស្សិត​ផង​នោះ សុទ្ធតែ​ត្រូវ​ត្រៀម​វិធី​ការពារ​ខ្លួន​ដើម្បី​កុំឱ្យ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បណ្តាលមកពី​ការចែករំលែក​ចំណូល​ប្រចាំថ្ងៃ​ដើម្បី​ចូលរួម​ពី​ធី​មង្គលការ​ទាំងនោះ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក លី សុភា​រិ​ទ្ធ បុគ្គលិក​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​លើកឡើងថា ជាការ​ពិតណាស់​សម្រាប់​អ្នកធ្វើការ ឬ​អ្នករកស៊ី​ក៏ដោយ មិនអាច​គេចផុត​ពី​ការ​មាន​ទំនាក់ទំនង​បានទេ ហើយ​ពិធីមង្គលការ​ជា​ពិធី​មួយ​ដែល​ត្រូវតែ​ចូលរួម ព្រោះ​ដើម្បី​បង្ហាញ​ពី​ការ​រាប់អាន និង​ការផ្តល់​កិត្តិយស​ដល់​ក្រុមគ្រួសារ​សាច់ញាតិ ឬ​មិត្ត​ភ័ក្តិ​ដែលជា​ម្ចាស់​ដើមការ។ អ្នក​ដែល​មមាញឹក​ក្នុងការ​ចូលរួម​ពិធីមង្គលការ ភាគច្រើន​ជាម​នុស្ស​ដែលមាន​ទំនាក់ទំនង​ល្អ ហើយ​វា​ក៏​ជាស​ញ្ញាណ​ល្អ​មួយ​ដែរ តែ​អ្នក​ទាំងនោះ​ក៏​អាច​ប្រឈម​នឹង​បញ្ហាសំខាន់​មួយ​ដែរ នោះ​គឺ​វិបត្តិ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។

    លោក លី សុភា​រិ​ទ្ធ បាន​និយាយថា៖ «នៅ​ខែ​ដែលមាន​កម្មវិធី​ការ​ច្រើន អ្នកណា​ក៏ដូចជា​អ្នកណា​ដែរ​តែងតែ​ជួបនឹង​បញ្ហា​រឿង​លុយកាក់​ខ្លះ​មិន​ខាន តែ​ក៏​មិនមែន​មានន័យថា វា​ធ្វើឱ្យ​យើង​លំបាក​ខ្លាំង ហើយ​គ្មាន​វិធី​ដោះស្រាយ​នោះដែរ»។

    លោក សុភា​រិ​ទ្ធ បាន​លើកឡើងថា ជា​បទពិសោធ​របស់លោក​នៅ​ខែ​ដែល​ត្រូវ​ចំណាយ​ច្រើន​លើ​ការចូលរួម​ពិធីមង្គលការ លោក​តែងតែ​កាត់បន្ថយ​ការចំណាយ​ទាំងឡាយណា​ដែល​មិនសូវ​ចាំបាច់។ ជាធម្មតា​អ្នកធ្វើការ​តែងតែ​ឧស្សាហ៍​ជួបជុំគ្នា​យ៉ាងហោចណាស់​មួយខែ​ម្តង ហេតុនេះ​នៅ​ខែ​ណា​ដែលមាន​ពិធីការ​ច្រើន យើង​អាច​បង្វែរ​ការជួបជុំ​ក្រៅផ្លូវការ​ដែល​ត្រូវ​ចំណាយលុយ​ច្រើន​នោះ ទៅ​ជួបជុំគ្នា​នៅក្នុង​ពី​ធី​មង្គលការ​វិញ​ម្ដង។ លោក​ភា​រិ​ទ្ធ បាន​បន្ថែមទៀតថា ក្រៅពីនេះ យើង​ក៏​អាច​កាត់បន្ថយ​ការចំណាយ​តាមរយៈ​ការកែច្នៃ​ដំណើរ​កម្សាន្ត​នានា​តាម​វិធី​ឆ្លាត​វៃ​មួយចំនួន ដូចជា​ការដើរ​លេង​ដោយ​ខ្ចប់​អាហារ​ទៅតាម នៅ​រមណីយដ្ឋានជិតៗជំនួស​ឱ្យ​ការ​ដើរលេងឆ្ងាយៗ ឬ​បង្កើត​កម្មវិធី​ជួបជុំ​គ្រួសារ​បែបសប្បាយៗតែ​ចំណាយលុយ​តិច និង​បង្កើត​ភាពកក់ក្តៅ ជំនួស​ឱ្យ​ការទិញ​សម្ភារថ្លៃៗ ឬ​ដើរ​ហាងទំនើប។

    ស្រដៀង​គ្នា​នេះដែរ លោក ហម សុ​ភី ដែលជា​ម្ចាស់​អាជីវ​ម្ម​ខ្នាតតូច​មួយ​បាន​លើកឡើងថា សម្រាប់​លោក​ជា​អ្នករកស៊ី លោក​ត្រូវបំពេញ​កាតព្វកិច្ច​ជា​ចាំបាច់​ក្នុងការ​ចូលរួម​ពី​ធី​មង្គលការ​របស់​អតិថិជន ឬ​ដៃគូ​អាជីវកម្ម។ ពេលខ្លះ​ការចូលរួម​ពី​ធី​ការ អាច​ប៉ះពាល់​ដល់​ចំណូល​ច្រើន​ផងដែរ​ប្រសិនបើ​យើង​មិនបាន​ប្រយ័ត្ន ហេតុនេះ​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​គឺ ធ្វើយ៉ាងណា​កាត់បន្ថយ​ការជួបជុំ​នានា​ក្រៅផ្លូវការ និង​កាត់បន្ថយ​ការទិញ​សម្ភារថ្មីៗដែល​មិនចាំបាច់​មួយចំនួន។ លោក​ថា ជាធម្មតា​ទេ ការរស់នៅ​ក្នុងសម័យ​នេះ​គឺ​ត្រូវការ​សម្ភារ​និយម​ខ្លះ និង​ពេលដែល​ចូលរួម​ពិធី​នានា​នេះហើយ​ជា​ឱកាស​ដែល​យើង​ត្រូវ​បង្ហាញ​របស់​ទាំងអស់នោះ តែ​ពេលខ្លះ​បើ​គិត​បក​មកវិញ បើ​យើង​កាត់បន្ថយ​ការទិញ​ទូរស័ព្ទទំនើបៗដែល​មិនសូវ​ចាំបាច់ ឬ​ការផ្លាស់ប្តូរ​របស់​ដែល​អាច​ប្រើ​បាន​មួយចំនួន​អាចធ្វើឱ្យ​យើង​សល់​លុយ​ច្រើន ហើយ​មិនសូវមាន​បញ្ហា​លុយកាក់​នោះទេ៕

  • ផ្នត់គំនិត​ភាពជោគជ័យ​របស់​មហា​សេដ្ឋី​ដែល​ចាប់ផ្ដើម​ពី​ចំណុចសូន្យ ដែល​មនុស្ស​ធម្មតា (ច្រើន) មើលរំលង…

    ផ្នត់គំនិត​ភាពជោគជ័យ​របស់​មហា​សេដ្ឋី​ដែល​ចាប់ផ្ដើម​ពី​ចំណុចសូន្យ ដែល​មនុស្ស​ធម្មតា (ច្រើន) មើលរំលង…

    ហេតុអ្វី​បាន​មនុស្ស​មួយចំនួន​ជួបនឹង​ភាពជោគជ័យ​យ៉ាង​គួរឱ្យ​មោទនភាព?  នោះ​ដោយសារតែ​ពួកគេ​មានជីវិត​ដែល​ល្អ មានឱកាស មាន​អ្នក​នៅចាំ​ចង្អុលបង្ហាញ​ផ្លូវ​ឱ្យ​យ៉ាង​ងាយស្រួល និង​ហេតុអ្វី​អ្នក​ខ្លះទៀត​ទទួលបាន​ភាពជោគជ័យ​មិន​ចាញ់​គ្នា តែ​ខុសគ្នា​នៅត្រង់​គ្មានអ្វី​ជា​ឧបករណ៍​បើកផ្លូវ ចាប់ផ្ដើម​ជីវិត​ពី​សូន្យ ទ្រេតទ្រោត​ដួល​ងើប​ត្រឡប់ត្រលិន​រហូត​អាច​ទទួលបាន​ភាពជោគជ័យ​មិន​ចាញ់​អ្នក​ដែលមាន​ឱកាសល្អ​ទាំង​នោះដែរ?

    មហាសេដ្ឋី​ជាច្រើន​នាក់​បានបង្ហាញ​ឱ្យ​យើង​ឃើញថា ជីវិត​មិនចាំបាច់​ត្រូវមាន​មាសប្រាក់​លុយកាក់​មក​គ​រ​ទុកឱ្យ​តាំងពី​ដំបូង​នោះឡើយ យើង​អាច​សាង និងរ​កវាម​កបាន​ដោយ​សមត្ថភាព។

    មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ពី​កន្ទេល​មួយ​ខ្នើយ​មួយ តែ​ពេលវេលា​កន្លងទៅ អ្វីដែល​ពួកគេ​មាន​គឺ ភូមិគ្រឹះ​ដ៏​ធំ និង​រថយន្ត​ទំនើប ព្រមទាំង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។ ប្រៀបដូចជា​ផ្លាស់​ជីវិត​ខ្លួនឯង​ជាថ្មី ពី​មនុស្ស​ធម្មតា​ដែល​គ្មាន​អ្នកណា​ស្គាល់ ក្លាយជា​បុគ្គល​ដែលមាន​ឈ្មោះ​ល្បី…

    នោះ​ដោយសារតែ​ពួកគេ​ហ៊ាន​ក្នុងការ​ប្រឈម​នឹង​ក្ដី​ភ័យខ្លាច… 
    នោះ​ដោយសារតែ​ពួកគេ​មិន​ញញើត​នឹង​ឧបសគ្គ​ដែល​នៅខាងមុខ…
    នោះ​ដោយសារតែ​ពួកគេ​ជឿថា អ្វីដែល​គេ​កំពុង​ធ្វើ​នៅពេលនេះ​គឺ​សំខាន់បំផុត…

    និង​នោះ​ដោយសារតែ​ពួកគេ​ព្យាយាម​ធ្វើ​នាពេល​បច្ចុប្បន្ន​ឱ្យ​ល្អ​បំផុត ចំណែក​លទ្ធផល​នឹង​ទៅជា​យ៉ាងណា​នោះ គ្មាន​នរណា​ទៅ​យកចិត្តទុកដាក់​នឹង​វា​ប៉ុន្មាន​ឡើយ  ព្រោះ​ការចាប់ផ្ដើម​ធ្វើតាម​ផែនទី​ដែល​បានរៀបចំ​ទុក​នៅ​នឹង​មុខ ផ្ចង់ស្មារតី​ជាមួយ​វា​ឱ្យ​ល្អ​បំផុត នោះ​យើង​នឹង​រកឃើញថា វា​គឺជា​ចំណែក​មួយ​របស់​ដុំ​ជិ​ក-ស (ក្រដាស​ត​រូបភាព) ដែល​នឹង​ត​ដំណើរ​ជីវិត​ដ៏​រុងរឿង​ឱ្យ​កើតឡើង​បាន។

    មនុស្ស​ធម្មតា​ច្រើនតែ​មើលរំលង​សមត្ថភាព​ខ្លួនឯង-តែ​អ្នក​ដែល​ជួបនឹង​ភាពជោគជ័យ​មើលឃើញថា សមត្ថភាព​ដែល​ទន់ខ្សោយ អាច​បន្ថែម​បាន​ដោយ​ការរៀន​យល់ដឹង។

    អ្នក​ជួប​ភាពជោគជ័យ​នឹង​នឹក​ស្រមៃ ហើយ​ចាប់​ផ្ដើមធ្វើ​វា​ឡើង​យ៉ាង​តាំងចិត្ត ចំណែក​មនុស្ស​ធម្មតា​គូសវាស​ក្ដី​ស្រមៃ និង…ស្រមើស្រមៃ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​មិនបាន​ចាប់ផ្ដើម​ធ្វើ​វា​ឡើង​យ៉ាងពិត​ប្រាកដ​នោះទេ។

    គ្មានអ្វី​ស្មុគស្មាញ​នៅក្នុង​ភាពជោគជ័យ​ដែល​ពួកគេ​បានទទួល​នោះទេ  គ្មាន​អាថ៌កំបាំង​អ្វី​បង្កប់​នៅក្នុង​នោះទេ មាន​ត្រឹមតែ​ទស្សនៈ និង​គំនិត​ដែល​ខុសប្លែក​ពី​មនុស្ស​ធម្មតា​ប៉ុណ្ណោះ។ មហាសេដ្ឋី​ដែល​ចាប់ផ្ដើម​ជីវិត​ពី​សូន្យ​សុទ្ធតែ​ធ្លាប់ជា​មនុស្ស​ធម្មតា​ពីមុនមក​ទាំងអស់ ប៉ុន្តែ​ខួរក្បាល​ពួកគេ​បែរជា​មាន​បែបផែន​ដែល​ខុសប្លែក មាន​ភាពជឿជាក់ មាន​ក្ដី​ព្យាយាម និង​សម្លឹងមើល​ពិភពលោក​យ៉ាង​យល់ដឹង។ មិន​ថា​ជោគជ័យ ឬ​បរាជ័យ​នោះទេ មនុស្ស​ទាំងនោះ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ឈានទៅ​ខាងមុខ​បែប​មិន​ញញើតញញើម  នេះ​គឺ​ផ្នត់គំនិត​ដែល​មនុស្ស​ជាច្រើន​មើលរំលង។ មិន​ហ៊ាន​ដើរ​ចេញពី​កន្លែង​ដែល​ខ្លួនឯង​គិតថា សុខ​ស្រួល​បំផុត​ហើយ​នៅក្នុង​ចំណុច​ដែល​ខ្លួនឯង​កំពុង​ឈរ​នេះ។ ខ្លាច​ការ​ចេញទៅ​ប្រឈម​នឹង​ពិភពថ្មី​មួយ​ដែល​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ជា Comfort zone ដូច​មុន​ឬក៏​អត់?។

    បើ​មិន​ចង់​ធ្វើជា​មនុស្ស​ធម្មតា – សាកល្បង​ប្រឈមមុខ​នឹង​ក្តី​ភ័យខ្លាច សាកល្បង​ធ្វើ​នូវ​អ្វីដែល​មិន​ធ្លាប់ធ្វើ សាកល្បង​ចាប់យក​ក្ដី​ស្រមៃ​មក ហើយ​ចាប់​ផ្ដើមធ្វើ​សាក ល​មើល​ឱ្យបាន​ម្ដង​ទៅ​មើល៍។ អ្វីដែល​គិតថា ធ្វើ​មិនកើត អាច​នឹង​ក្លាយជា​ចំណុច​ចាប់ផ្ដើមរ​បស់ជំហាន​ដំបូង ហើយ​វា​ដឹកនាំ​យើង​ធ្វើដំណើរ​ឆ្ពោះទៅរក​ចំណុចកំពូល​នៃ​ភាពជោគជ័យ​ដូចដែល​យើង​ត្រូវការ​ក៏​អាច​ថា​បានដែរ…៕

    រៀបរៀង​ដោយ តា​វ៉ែនតា

  • តើ​ក្រដាស 5000រៀល​ប្រភេទ​ថ្មី​មាន​លក្ខណៈ​សម្គាល់​ដូចម្តេចខ្លះ?

    តើ​ក្រដាស 5000រៀល​ប្រភេទ​ថ្មី​មាន​លក្ខណៈ​សម្គាល់​ដូចម្តេចខ្លះ?

    ភ្នំពេញ៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ខួប​នៃ​ការយាង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ថ្មី​មួយ​ស្ដីពី​ការដាក់ឱ្យ​ចរាចរ​ប្រភេទ​ក្រដាសប្រាក់ 5000រៀល និង1000រៀល​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី25 ខែតុលា ឆ្នាំ2017 នេះ​តទៅ។ ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ សារពត៌មាន​ឡា​រ៉ែ​ន​សូម​លើកយក​លក្ខណៈ​សម្គាល់​ក្រដាស់ប្រាក់ 5000រៀល​ប្រភេទ​ថ្មី មក​បង្ហាញជូន​ដូចខាងក្រោម៖

    យោងតាម​ប្រកាស​ស្តីពី លក្ខណៈ​សម្គាល់​នៃ​ធនបត្រ​ប្រភេទ 5000រៀល​ថ្មី ដែល​ចុះហត្ថលេខា ដោយ​ឯកឧត្តម ជា ចាន់តូ បាន​បង្ហាញថា៖

    ក.លក្ខណៈ​ទូទៅ

    – ទំហំ​ធនបត្រ៖ បណ្តោយ 142ម.ម និង​ទទឹង 68ម.ម

    – ពណ៌​ចម្បង​គឺ​ពណ៌​ស្វាយ និង​ពណ៌​ត្នោត។

    ខ. ផ្ទៃ​ខាងមុខ​នៃ​ធនបត្រ

    -ផ្នែក​កណ្តាល ខាងស្តាំ​ត្រូវបាន​រំលេច​ឡើង​នូវ​ព្រះឆាយាល័ក្ខណ៍ នៃ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ វ​រ័​ន្ម កាលពី​ព្រះអង្គ​នៅ​កំពុង​បំពេញ​ព្រះរាជ​បូជនីយកិច្ច ដឹកនាំ​ចលនា​តស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ​ពី​ពួក​អាណានិគមនិយម​បារាំង​សេស ខាងឆ្វេង​មាន​លេខ«៥០០០» នៅ​ពីលើ​គេ បន្ទាប់មក​គឺជា​ហត្ថលេខា​របស់​ទេសាភិបាល និង​អគ្គ​បេឡា ព្រមទាំង​រូបភាព​តែង​លម្អ​យកតាម​រូប​ក្បាច់​ហោជាង​នៃ​អគារ​តុលាការ​កំពូល និង​នៅ​ពីក្រោម​នោះ​មាន​លេខ-មាលា​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ខ្មៅ រូបចម្លាក់​នាគ​ក្បាល5 នៅ​វិមានឯករាជ្យ និង​អក្សរ«ប្រាំ​ពាន់​រៀល» ព្រមទាំង​អក្សរ «អ្នក​ក្លែង​ក្រដាសប្រាក់​នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់» នៅ​គែម​ខាងក្រោម​នោះ។

    -ផ្នែក​ខាងស្តាំ ជ្រុង​លើ​មាន​អក្សរ «ធនាគារជាតិ​នៃ​កម្ពុជា» ព្រមទាំង​លេខ-មាលា​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ក្រហម នៅ​កណ្តាល​មាន​រូបភាព​អង្គ​ដៅ​ចំណាំ​ខាងមុខ ដែល​មើល​ឆ្លុះ​ឃើញ​លេខ «5000» និង​ជ្រុង​ក្រោម​មាន​លេខ «៥០០០» ព្រមជាមួយ​លេខ«5000» នៅ​ពីក្រោម​នោះ។

    -ផ្នែក​ខាងឆ្វេង មាន​លេខ«5000» ព្រាលៗបោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ព្រមទាំង​រូបភាព​តែង​លម្អ​ពណ៌​ប្រាក់ យក​លំនាំ​តាម​ក្បាច់ចម្លាក់​នៅ​ប្រាសាទបន្ទាយស្រី បោះពុម្ព​កាត់​ទទឹង​ក្រដាសប្រាក់​ពីលើ​ដល់​ក្រោម និង​ជ្រុង​ក្រោម​មាន​និមិត្តសញ្ញា​សម្គាល់​ប្រភេទ​ប្រាក់ សម្រាប់​ជនពិការភ្នែក ព្រមទាំង​មាន​គំនូរ​បន្ទាត់ខ្លីៗជាច្រើន​បង្កើតឡើង​ដោយ​លេខ «5000»ដ៏​តូចល្អិត។

    គ.ផ្ទៃ​ខាង​ខ្នង​ធនបត្រ៖

    -ផ្នែក​កណ្តាល ត្រូវបាន​រំលេច​ឡើង​នូវ​រូបភាព​នាគ​ក្បាល9 នៅ​ស្ពាន​បុរាណ​កំពង់ក្តី និង​រូប​តួ​ស្ពាន​មើល​បញ្ឆិត​ពី​ចំហៀង​ខាងស្តាំ នៅ​ពីលើ​រូប​ស្ពាន​មាន​តែង​លម្អ​ដោយ​ក្បាច់ចម្លាក់​នៅ​ប្រាសាទបន្ទាយស្រី និង​នៅ​ពីក្រោម​មាន​អក្សរ «ប្រាំ​ពាន់​រៀល»។

    -ផ្នែក​ខាងស្តាំ ជ្រុង​លើ​មាន​លេខ«5000» បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ នៅ​កណ្តាល​ជា​រូបចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទបាយ័ន និង​នៅ​ជ្រុង​ក្រោម​មាន​លេខ «៥០០០» ។

    ផ្នែក​ខាងឆ្វេង ជ្រុង​លើ​មាន​អក្សរ «ធនាគារជាតិ​នៃ​កម្ពុជា» អក្សរ« NATIONAL BANK OF CAMBODIA» និង​លេខ«2015» នៅ​កណ្តាល​មាន​រូបភាពព្រាលៗ នៃ​រូបចម្លាក់​ព្រះ​កេស​ទេវតា នៅឯ​ទ្វារ​ជ័យ​ខាងត្បូង នៃ​ប្រាសាទបាយ័ន និង​ក្បាច់​តែង​លម្អ​ពណ៌​ប្រាក់ ផ្គុំ​ឡើង​ដោយ​លេខ«5000»ផ្កាប់ និង​នៅ​ជ្រុង​ក្រោម​មាន​លេខ «៥០០០»៕

  • West Ham វាយបក​ផ្តួល Spurs យ៉ាង​មិន​នឹកស្មាន​ដល់ ខណៈ Chelsea ទម្លាក់ Everton

    West Ham វាយបក​ផ្តួល Spurs យ៉ាង​មិន​នឹកស្មាន​ដល់ ខណៈ Chelsea ទម្លាក់ Everton

    លោក Slaven Bilic អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម West Ham បាន​បញ្ជាក់ថា ក្រុម​របស់លោក​បា​នប​ញ្ចេ​ញ​ប្រតិកម្ម​វាយបក​ក្នុង​របៀប​ដ៏​ត្រចះត្រចង់​បំផុត ក្រោយពី​ដេញតាម​ពីក្រោយ2គ្រាប់ ដើម្បី​ផ្តួល​ក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍​តែមួយ Tottenham ក្នុង​លទ្ធផល 3-2 និង​ដើម្បី​ឈានទៅ​កាន់​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ពាន Carabao Cup កាលពី​ថ្ងៃ​ពុធ។

    លោក Bilic បាន​ស្ថិតក្រោម​សម្ពាធ ក្រោយពី​ការរង​បរាជ័យ​របស់​ពួកគេ​ក្រោម​ស្នាដៃ​ក្រុម Brighton ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League នា​កីឡដ្ឋាន London Stadium កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​បាន​ជួបនឹង​ការរំភើប​ជាមួយ​ការបញ្ចេញ​ប្រតិកម្ម​របស់​កូនក្រុម​ខ្លួន​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Spurs។ ខ្សែប្រយុទ្ធ Andre Ayew បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​របស់ Moussa Sissoko និង Dele Alli នៃ​ក្រុម Spurs នៅ​មុនពេល​ខ្សែការពារ Angelo Ogbonna បា​នរក​គ្រាប់​បាល់ បំពេញ​ការ​វាយបក​ដើម្បី​ឈ្នះ​យ៉ាង​មិន​នឹកស្មាន​ដល់​តែម្តង។

    លោក Bilic បាន​ឲ្យ​ដឹងថា៖ «ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី3គ្រាប់​នៅពេល​ប្រកួត​ជាមួយនឹង​ពួកគេ ដែល​យើង​មិន​របូត​គ្រាប់​បាល់​សោះ ជាមួយនឹង​ទម្រង់​លេង​ប្រកបដោយ​ភាពក្លាហាន យើង​ពិតជា​ស័ក្តិសម​ក្នុងការ​ឈ្នះ​មែន ហើយ​វា​គឺជា​ការជឿជាក់​ដ៏​ធំ​មួយ​សម្រាប់​យើង»។ លោក Bilic បាន​បន្ថែមទៀតថា៖ «ខ្ញុំ​បាន​និយាយថា ខ្ញុំ​មាន​អារម្មណ៍​ស្ងប់ និង​រីករាយ​នៅពេលដែល​យើង​ឈ្នះ​នៅថ្ងៃនេះ។ អ្នកឃើញ​ហើយ​ថា ក្រុម​នេះ​ពិតជា​រស់​រវើក ហើយ​យើង​ពិត​ជាមាន​ភាពរឹងមាំ​ប្រកបដោយ​ភាព​វិជ្ជមាន។ យើង​បានធ្វើ​រឿង​ជាច្រើន ប៉ុន្តែ បើ​គិត​នៅ​រដូវ​កាល​នេះ យើង​មិនទាន់​ធ្វើ​អ្វី​បានសម្រេច​ឡើយ»។ ដោយឡែក នៅឯ​កីឡដ្ឋាន Stamford Bridge ឯនោះ​វិញ ការប្រកួត​ជា​លើក​ទី1របស់លោក David Unsworth ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន បានបញ្ចប់​ដោយ​ការរង​បរាជ័យ​ក្នុង​លទ្ធផល 2-1 ក្រោម​ស្នាដៃ​ក្រុម Chelsea៕

    ប្រភពពី៖ BBC

  • ហិរញ្ញវត្ថុ​នៅតែ​ត្រូវការ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​រួបរឹត​វិស័យ​ស្រូវ​អង្ករ

    ហិរញ្ញវត្ថុ​នៅតែ​ត្រូវការ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​រួបរឹត​វិស័យ​ស្រូវ​អង្ករ

    ទុន​បង្វិល​ច្រើន​ថែមទៀត​នៅតែ​ត្រូវការ​សម្រាប់​ជួយ​ស្រោចស្រង់​ស្ថានភាព​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ថ្វីបើ​ស្ថានភាព​នាពេលនេះ​មាន​ភាព​វិជ្ជមាន​ឡើងវិញ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ2017 ដោយសារ​តម្រូវការ​ទីផ្សារ​ខាងក្រៅ​ប្រទេស​បាន​ងើបឡើង និង​តម្លៃ​ក៏​ប្រសើរ​ជាង​ពេល​ប៉ុន្មាន​ឆ្នាំកន្លងមក។

    លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន មេគង្គ អូ​រី​ហ្សា​ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា បាន​អះអាងថា ស្ថានភាព​ស្រូវ​អង្ករ​បាន​វិល​មករក​ភាពល្អប្រសើរ​វិញ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ2017 ដោយ​ទីផ្សារ​ខាងក្រៅ​បាន​បញ្ជា​ទិញ​កាន់តែច្រើន ហើយ​តម្លៃ​អង្ករ​ក៏​ល្អ​ជាង​ពេលមុន​ផងដែរ។ ជាមួយគ្នានេះ តម្លៃ​ស្រូវ​នៅក្នុង​ស្រុក​ក៏​រក្សាបាន​នូវ​ស្ថិរភាព​ខ្ពស់ជាង​ឆ្នាំមុន។

    លោក​ឧកញ៉ា បាន​បន្ថែមទៀតថា ស្ថានភាព​ល្អប្រសើរ​បែបនេះ​មិនអាច​រក្សា​បានយូរ​ទេ ប្រសិនបើ​វិស័យ​មួយ​នេះ​នៅតែ​ខ្វះ​ទុន​សម្រាប់ធ្វើ​ចលនា​ទិញ​ពេល​ប្រមូល​ផល​ឱ្យបាន​រហ័ស បើទោះបីជា​កសិករ​ចូលរួម​ស្វែងយល់ និង​ដាំ​ដុះ​ស្រូវ​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ក៏ដោយ។

    លោក​ឧកញ៉ា បាន​បញ្ជាក់ថា៖“កសិករ​ខ្មែរ​នាពេលនេះ​មាន​ភាព​វ័យឆ្លាត​ក្នុង​ការដាំដុះ​ស្រូវ ដែល​ខុសពី​ប៉ុន្មាន​ឆ្នាំមុន ការផលិត​ស្រូវ​គឺ​មិនទាន់មាន​ភាពច្បាស់លាស់ ផ្សាភ្ជាប់​ទៅនឹង​តម្រូវការ​ទីផ្សារ​នោះទេ។ ដំណើរ​ការផលិត គឺ​ទៅមុខ​ហើយ តែ​អ្វីដែល​ត្រូវធ្វើ​គឺ​ដើមទុន​សម្រាប់​ទិញស្រូវ​នៅពេល​ប្រមូល​ផល និង​ឃ្លាំង​ស្តុក​ស្រូវ។ ទាំង​ការផលិត ដើមទុន និង​ឃ្លាំង​ស្តុក​ត្រូវតែដើរ​ស្របគ្នា ទើប​វិស័យនេះ​ដំណើរការ​ទៅមុខ​បាន​លឿន។ បម្រែបម្រួល​ទាំង​តម្រូវការ និង​តម្លៃ ក្នុង​វិស័យ​ស្រូវ​អង្ករ​នាពេលនេះ​បានធ្វើឱ្យ​វិស័យនេះ​មាន​ភាព​ធូរស្រាល បើ​ធៀប​ទៅនឹង​ស្ថានភាព​កាលពី​ឆ្នាំកន្លងមក។ ស្រូវ​អង្ករ​កម្ពុជា លែងមាន​កង្វល់​ចំពោះ​កង្វះ​អ្នកទិញ ហើយក៏​គ្មាន​កង្វល់​ចំពោះ​ការធ្លាក់​ថ្លៃ​នោះដែរ ប៉ុន្តែ​កញ្ចប់​ថវិកាបម្រុង​សម្រាប់​ផ្តល់​កម្ចី​ដល់​អ្នក​ទិញស្រូវ និង​ម្ចាស់​រោង​ម៉ាស៊ីន ដែល​ទម្លាក់​ដោយ​រាជរដ្ឋាភិបាល​ប្រមាណ50លាន​ក្នុង​ឆ្នាំ2017 នេះ​គឺ​មិន​គ្រប់គ្រាន់​ទេ។

    ទោះបីជា​យ៉ាងណាថ្មីៗនេះ​គេ​សង្កេតឃើញ​មាន​ប្រភព​ទុនថ្មីៗ បានផ្តល់​កម្ចី​ដល់​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ខ្នាតតូច ដើម្បី​ត្រៀម​ផ្តល់​កម្ចី​ដល់​វិស័យ​ស្រូវ​អង្ករ ប៉ុន្តែ​ទុន​ទាំងនេះ​គឺ​នៅ​តិច​ណាស់ បើ​ធៀប​ទៅនឹង​តម្រូវការ​ប្រតិបត្តិការ​ជាក់ស្តែង។ កម្ចី​សម្រាប់​វិស័យ​កសិកម្ម​មាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ពី​វិស័យ​ហិរញ្ញវត្ថុ​ឯកជន។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា។

    លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា នាពេល​កន្លងមក បាន​លើកឡើងថា តាម​ការសង្កេត​តាមដាន ការផ្តល់​កម្ចី​ពី​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កម្ចី​ដែល​បានផ្តល់​ដល់​វិស័យ​កសិកម្ម​ទាំងមូល​មាន​ទំហំ2.5ប៊ី​លាន​ដុល្លារ ដោយ​ក្នុងនោះ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ទំហំ 1ប៊ី​លាន​ដុល្លារ និង​ពី​ធនាគារពាណិជ្ជ​កម្ម​មាន​ទំហំ1.5ប៊ី​លាន​ដុល្លារ គិត​មក​ត្រឹម​ខែសីហា ឆ្នាំ2017។

    លោកជំទាវ បាន​បន្តថា ជាមួយគ្នា​នៃ​ការផ្តល់​កម្ចី​ដែលមាន​ភាគរយ​ធំ​បែបនេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ឯកជន ពិនិត្យមើល​ក្នុងការ​បន្ធូរបន្ថយ​ល​ក្ខ​ខណ្ឌ​ក្នុងការ​ផ្តល់​កម្ចី​ដល់​ការទិញ​ស្រូវ ដោយ​មិនត្រូវ​ចាំតែ​តម្រូវ​លើ​ការដាក់​អចលនទ្រព្យ​បញ្ចាំ​នោះទេ តែ​ត្រូវ​ពិនិត្យ​លើ​អាជីវកម្ម​ជាក់ស្តែង។ ជាមួយ​ការ​បន្ធូរ​លក្ខខណ្ឌ​ខ្លះ ធនាគារ​ដែល​ផ្តល់ប្រាក់​កម្ចី​គួរតែ​តាមដាន​អ្នក​ខ្ចីប្រាក់​នោះ​ថា តើ​គាត់​ប្រាកដជា​យកប្រាក់​នោះ​ទៅ​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ​ពិតប្រាកដ ឬទេ? ព្រោះ​កន្លងមក​មាន​អ្នកខ្លះ​អាច​យក​វិស័យនេះ​ដឹកមុខ តែ​ពេល​ទទួលបាន​កម្ចី បែរជា​យកទៅ​ប្រកបមុខរបរ​ផ្សេង​ទៅវិញ។

    លោកជំទាវ បាន​ថ្លែងថា៖ “យើង​លើកទឹកចិត្ត​ឱ្យ​ផ្តល់​ប្រាក់កម្ចី​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ ដោយ​ពិនិត្យមើល​លើ​អាជីវកម្ម​ជាក់ស្តែង​ជាជាង​ទ្រព្យ​បញ្ចាំ តែ​ត្រូវ​ពិនិត្យ​ឱ្យ​ដិតដល់​ថា គាត់​ខ្ចីប្រាក់​នេះ​យកទៅ​សម្រាប់តែ​ស្រូវ​អង្ករ​តែមួយ​មុខ​ទេ”៕