Author: វល័ក្ខ

  • ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុងសៀម​រាម​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ

    ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុងសៀម​រាម​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ

    ភ្នំពេញ៖ ក្រុមហ៊ុន Smart ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍ Smart Mega Concert ដែលជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុង​សៀម​រាម ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ2017ខាងមុខនេះ។ កម្មវិធី​នេះ​មានការ​ចូលរួម​សហកា​រ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន AIA Cambodia ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក្រុមហ៊ុន VKSC Investment ដែល​ក្រុមហ៊ុន​នាំចូល​ចែកចាយ​ផលិតផល​នំ Manora និង​ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​បានទទួល​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅក្នុង​ប្រទេស​កម្ពុជា ។

    កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert នឹងមាន​ការចូលរួម​សម្ដែង ដោយ​តារា​អន្តរជាតិ​ល្បីឈ្មោះ​ដូចជា​លោក Alek Teeradetch  ដែលជា​តារា​សម្តែង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ  ព្រមទាំង តារាល្បីៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន៖ លោក នី​កូ  លោក ណា ខុន  លោក Step    អ្នកនាង សួស វី​ហ្សា  កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា លាង សុ​ផា​ឡែ​ន លោក ខាន់ ជែ​ម  ជាពិសេស​ក៏មាន​វត្តមាន​តារាចម្រៀង​របស់​ខ្មែរ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​តារាចម្រៀង Original Song ដូចជា Jimmy Kiss, Adda, Chen khan Na, វ៉ាន់ ចេស្តា, និង​ក្រុម​តន្ត្រី SWSB ( Small world Small Band )  និង​ឌី​ជេ Maily តារាចម្រៀង​រ៉ែ​ប និង​ឌី​ជេ លោក ប្រុស​ឡា និង​ក្រុម​តារា​កំប្លែង កា​តុ និង​ក្រុម​តារា​កំប្លែង​ជើងចាស់ លោក ចាប ចៀន ដែល​នឹងធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​ជាក់​ជាពុំខាន។

    កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert នឹង​ចាប់ផ្តើម​ពី​ម៉ោង 5ល្ងាច​តទៅ នៅ​បរិវេណ​មាត់​ស្ទឹង​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ2017ខាងមុខនេះ។

    កម្មវិធី​ដ៏​ពិសេស​នេះ​ក៏​នឹង​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ម៉ោង 7 យប់​ដល់​ម៉ោង 9 យប់​ផងដែរ។

    ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ និង​ជួប​ជាមួយនឹង​តារា​ក្នុង​ដួងចិត្ត​របស់លោក​អ្នក!!!

  • ទឹក​ខាត់ណា ជំនួយ​ឆ្អឹង និង​ភ្នែក ទប់ទល់​នឹង​ជំងឺមហារីក​តាមបែប​ធ​ម្ម​ជាតិ

    ទឹក​ខាត់ណា ជំនួយ​ឆ្អឹង និង​ភ្នែក ទប់ទល់​នឹង​ជំងឺមហារីក​តាមបែប​ធ​ម្ម​ជាតិ

    នៅក្នុង​ខាត់ណា​សម្បូរ​ទៅដោយ​វីតាមីន A ផូស្វ័រ កាល់ស្យូម និង​វីតាមីន C ដែល​បន្ថែម​នូវ​ប្រសិទ្ធភាព​ក្នុងការ​បំប៉ន​ដល់ភ្នែក ឆ្នឹង និង​ទប់ទល់​ជាមួយ​ជំងឺមហារីក ព្រមទាំង​បំបាត់​អាការ​ស្រែក​ទឹកបាន​ទៀតផង។ សម្រាប់​អ្នក​ដែល​មិនសូវ​ចូលចិត្ត​ពិសា​ទឹក​ខាត់ណា​ដែលមាន​កាក ថ្ងៃនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​គន្លឹះ​ក្នុងការ​ធ្វើ​ទឹក​ខាត់ណា​ដ៏​មានឱជារស​ឆ្ងាញ់​ពិសា និង​មានគុណ​ប្រយោជន៍​មក​ចែកជូន​ប្រិយមិត្ត​ទាំងអស់គ្នា​ដូចខាងក្រោម​នេះ។

    គ្រឿងផ្សំ
    ដើម​ខាត់ណា ហាន់​ជា​ចំណិតតូចៗ 1 ពែង
    ទឹកឃ្មុំ 2 ស្លាបព្រា​បាយ
    ទឹកក្រូច​ឆ្មារ 1 ស្លាបព្រា​បាយ
    អំបិល​ម៉ដ្ឋ 1/4 ស្លាបព្រា​កាហ្វេ
    ទឹកបរិសុទ្ធ 1 ពែង

    វិធី​ធ្វើ
    1. លាង​ដើម​ខាត់ណា​ឱ្យ​ស្អាត ហាន់​ជា​ចំណិត
    តូចៗ ហើយ​យកមក​ក្រឡុក​ជាមួយ​ទឹកបរិសុទ្ធ ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក ហើយ​សម្រិត​កាក​ចេញ​យកតែ​ទឹក។
    2. យក​ទឹក​ខាត់ណា មកលាយ​ជាមួយ​ទឹកឃ្មុំ អំបិល ទឹកក្រូច​ឆ្មារ រួច​ទទួលទាន​ជាមួយ​ទឹកកក​ជាការ​ស្រេច៕

  • គំនិត​ចៅ​ចាក់ស្មុគ​អាចជួយ​មនុស្ស​ឱ្យ​អភិវឌ្ឍ​បាន បើសិន​ចេះ​ប្រើ​វា

    គំនិត​ចៅ​ចាក់ស្មុគ​អាចជួយ​មនុស្ស​ឱ្យ​អភិវឌ្ឍ​បាន បើសិន​ចេះ​ប្រើ​វា

    មនុស្សម្នាក់ៗមាន​វិធី​គិតផ្សេងៗគ្នា ហើយ​វិធី​ប្រើប្រាស់​គំនិត​ទាំងអស់នោះ​ជា​ប្រភព​ដំបូង​បំផុត​ដែល​អាចធ្វើឱ្យ​មនុ​ស្សណា​ម្នាក់​ទទួលលទ្ធផល​ល្អ ឬ​មិនល្អ។

    លោក សោម សុធា  ប្រធាន​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន Forval (Cambodia) Co., Ltd បាន​លើកឡើងថា វិធី​គិត​បែប​គំនិត​ចាក់ស្មុគ​ជា​គំនិត​មួយ​ដែល​អាចធ្វើឱ្យ​មនុស្ស​អភិវឌ្ឍ​បាន។ គំនិត​នេះ​ជា​ប្រភព​ដែល​អាចធ្វើឱ្យ​មនុស្ស​រំភើប រីករាយ ហើយ​មាន​ក្តីសង្ឃឹម​ពីព្រោះថា យើង​បានឃើញ​នូវ​អ្វីដែល​យើង​ចង់បាន និង​កើត​នៅក្នុង​ជីវិត​របស់​យើង។ លោក​ជឿជាក់ថា គំនិត​ទាំងអស់នេះ​អាច​ក្លាយជា​ការពិត​បាន ប្រសិនបើ​យើង​មាន​ឆន្ទៈ និង​ចំណង់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​នូវ​អ្វីដែល​ធ្លាប់តែ​ស្រមៃ​ចង់បាន​នោះ។

    លោក សោម សុធា បាន​និយាយថា៖ «ការគិត​ស្រមើស្រមៃ​ពី​រូបភាពតូចៗ អាច​ជំរុញ​ឱ្យ​សកម្មភាពធំៗដើរ​បាន ហើយ​ដើម្បី​អនុវត្ត​វា​ឱ្យបាន​ជោគជ័យ ខ្ញុំ​បាន​អនុវត្ត​ដោយ​ប្រើ​របស់សំខាន់ៗចំនួន3យ៉ាង​គឺ ការវិនិយោគ​លើ ពេលវេលា ធនធាន និង​ខួរក្បាល»។

    លោក សុធា បានលើកឡើង​ផងដែរ​ថា ការវិនិយោគ​ពេលវេលា គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​មនុស្ស​ទូ​ទៅ បើទោះបីជា​ការគ្រប់គ្រង​ពេលវេលា​ផ្ទាល់ខ្លួន ពេលខ្លះ​បាន​ជះ​ផល​អវិជ្ជមានខ្លះៗក៏ដោយ។ ពេលខ្លះ​ការកម្រិត​ពេលវេលា​ឱ្យមាន​ប្រយោជន៍​អាច​បាត់បង់​មិត្ត​ភ័ក្តិ​អស់​ខ្លះ អាច​បាត់​ពេលវេលា​ឯកជន​នៃ​ភាពជា​យុវវ័យ​អស់​ខ្លះ និង​អាចធ្វើឱ្យ​យើង​មាន​អារម្មណ៍មិនល្អ​ខ្លះ តែបើ​យើង​ទ្រាំ​វា​ឱ្យបាន​យើង​នឹង​ទទួលបាន​នូវ​លទ្ធផល​ប្លែក ហើយ​វិជ្ជមាន ដែល​អាចធ្វើឱ្យ​យើង​ភ្ញាក់ផ្អើល​បាន។

    ក្រៅពីនេះ ធនធាន​ក៏​ជា​របស់​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​ចេះ​គ្រប់គ្រង​ឱ្យបាន​ល្អ​ដែរ ប្រសិនបើ​ចង់​ក្លាយជា​មនុស្ស​ដែល​គិត និង​មាន​ក្តី​ស្រមៃ​ខ្លាំង។ ការ​ស្រមៃ​ខ្ពស់ ឬ​ការ​មាន​អារម្មណ៍​ចង់បាន​របស់​អ្វីមួយ​ខ្លាំងក្លា​អាចធ្វើឱ្យ​មនុស្ស​ហ៊ាន​លះបង់​ខ្ពស់ ហើយ​រិត​ត្បិត​ចំណូល​មួយចំនួន​ដើម្បី​ទទួលបាន​នូវ​របស់​ទាំងអស់​នោះមក។ ទន្ទឹមនឹងនេះ ការប្រើប្រាស់​ខួរក្បាល​ឱុ្យ​អស់​លទ្ធភាព​ដោយ​ការប្រើប្រាស់​ក្តី​ស្រមៃ​មក​លួង​ចិត្ត ហើយ​ខិតខំ​ច្នៃ​គំនិត​ដើម្បី​បង្កើត​ការអនុវត្ត​ប្រកបដោយ​ភាព​វិជ្ជមាន៕

  • វិធីងាយៗ​បំបាត់​ស្នាម​ខ្មៅ​ជាំ​នៅលើ​ស្បែ​កដៃ និង​ជើង

    វិធីងាយៗ​បំបាត់​ស្នាម​ខ្មៅ​ជាំ​នៅលើ​ស្បែ​កដៃ និង​ជើង

    ដៃ និង​ជើង​របស់​អ្នកជា​ផ្នែកមួយ​ដែល​នៅក្រៅសម្លៀកបំពាក់ ទើប​វា​មិន​ចម្លែក​ទេ​ដែល​ស្បែក​នៅ​បរិវេណ​នោះ​មាន​ស្នាម​ខ្មៅ​នៅជាប់​បរិវេណ​នោះ​រហូត​ក៏​ដោយសារតែ​កម្ដៅ​នៃ​ពន្លឺ​ព្រះ​អាទិ​ត្យ​បាន​ដុត​ឱ្យ​ស្បែក​ផលិត​ជាតិ​មេឡានីន​ចេញមក​ការពារស្បែក​ ហើយ​បណ្ដាលឱ្យ​ស្បែក​ប្រែ​ជា​ពណ៌​ខ្មៅ​នឹង​ស្បែក​មាន​សភាព​ក្រិនតិចៗ។ ដោយសារតែ​ស្បែក​ត្រូវ​ខូច​បែបនេះ​ហើយក៏​នៅមាន​ភាវៈ​កខ្វក់​ជាតិពុល​ក្នុង​បរិយាកាស និង​សារ​ធាតុគីមីផ្សេងៗ ក៏​ជា​មូលហេតុ​ចូលរួម​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ខូច​បាន​ផងដែរ។ ខណៈដែល​ស្បែ​កដៃ និង​ជើង​អ្នក​ខ្មៅ​មិន​ស្អាត វា​ក៏​អាចធ្វើឱ្យ​អ្នក​មិន​សប្បាយចិត្ត​គ្មាន​កម្លាំងចិត្ត​ទៀត-ឡើយ ទើប​ពេលនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​គន្លឹះខ្លះៗដើម្បី​កែប្រែ​ស្បែក​ជាំខ្មៅ​ឱ្យក្លាយ​ជាស​ស្អាត​ឡើងវិញ ព្រមទាំង​មិន​ចំណាយ​ថវិកា​អស់​ច្រើន​ទៀតផង។

    ក្រូចឆ្មារ
    សាកល្បង​យក​ក្រូចឆ្មារ​រោយ​ជាមួយ​ស្ករ​សមក​ខាត់​នៅ​ស្បែក ដើម្បី​ជម្រុះ​កោសិកា​ស្បែក​ចាស់​ចេញ ដោយ​ខាត់​រយៈពេល10នាទី និង​ផ្អាប់​ចោល1-2ម៉ោង។ ចូរ​អនុវត្ត​បែបនេះ​ពេញ​មួយ​សប្ដាហ៍ នោះ​អ្នកនឹង​សង្កេតឃើញថា ស្បែក​នឹង​ស​ស្អាត​ដូច​សភាព​ដើម​ជាមិនខាន​ឡើយ។

    ទឹកដោះគោ​ជូរ
    គុណប្រយោជន៍​នៃ​ទឹកដោះគោ​ជូរ គឺជា​រូបមន្ដ​ខាត់​ស្បែក​តាមបែប​ធម្មជាតិ​មួយ​ដែរ ដោយ​យក​វា​មក​លាប និង​ម៉ាស្សា​នៅលើ​បរិវេណ​ស្បែកខ្មៅៗ ខាត​ទុក​រយៈពេល10-15នាទី បន្ទាប់មក​លាង​ចេញ​ដោយ​ទឹកស្អាត​ជាការ​ស្រេច។ ដោយ​អ្នក​គួរតែ​ធ្វើជា​ប្រចាំ1-2ដង​ក្នុង1ថ្ងៃ ដើម្បីឱ្យ​ស្បែ​កមាន​សំណើម។

    ត្រសក់
    យក​ត្រ​សក់មក​ចិត​ជាចំណិតៗ ហើយ​យកមក​បិទ​នៅលើ​ស្បែក​ដែល​ជាំខ្មៅ​រយៈពេល20នាទី​អាចធ្វើ​បែបនេះ2-3ដង​ក្នុង​មួយថ្ងៃ ឬ​អ្នក​អាច​ប្រើ​ទឹក​ត្រសក់​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ផ្សំគ្នា​យកមក​ម៉ាស្សា​នៅ​បរិវេណ​ស្បែ​កដៃ និង​ជើង​រយៈពេល10-15នាទី​បន្ទាប់មក​សឹម​លាង​ចេញ​ជាមួយទឹក​ត្រជាក់ ដោយ​ធ្វើបែបនេះ​ក្នុង​មួយថ្ងៃ2ដង។

    ប្រទាល​កន្ទុយក្រពើ
    យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ត្រដុស​ពីលើ​ស្បែ​កដៃ និង​ជើង​រយៈពេល5-10នាទី ហើយ​ផ្អាប់​ទុក​រយៈពេល30នាទី ក្រោយមក​សឹម​លាង​ទឹក​ឱ្យ​ស្អាត ហើយ​នៅពេល​អនុវត្ត​វិធី​នេះ​ហាម​ចេញទៅ​ក្រៅ​ក្រោម​កម្ដៅថ្ងៃ​ជាដាច់ខាត។

    ម្សៅ​សម្បក​ក្រូច
    ម្សៅ​សម្បក​ក្រូច 2ស្លាបព្រា​បាយ​ផ្សំ​ជាមួយ​ទឹកដោះគោ​ជូរ ឬ​ទឹកដោះគោ​ស្រស់​កូរ​ឱ្យ​សព្វ ហើយ​យកម ក​លាប​លើ​ស្បែក​ដែលមាន​ចំណុចខ្មៅៗ រួច​ផ្អាប់​ទុក​រយៈពេល20នាទី។ អាចធ្វើ​បែប-នេះ 1-2ដង​ក្នុង​មួយ​សប្ដាហ៍។

    ប៉េង​ប៉ោះ
    ប៉េងប៉ោះ​ពុះ​ជា​ពីរ​យក​ពាក់កណ្តាល​ផ្លែ បន្ទាប់មក​យកមក​ត្រដុស​ម្រាមដៃ និង​ម្រាមជើង រួច​ផ្អាប់​ទុក​រយៈពេល2-3នាទី ហើយ​វិធី​នេះ​អ្នក​អាចធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​មុនពេល​អ្នក​ងូតទឹក​ពេលយប់៕

  • សេដ្ឋកិច្ច​អាស៊ី និង​ពិភពលោក៖ អាស៊ី​ក្លាយជា​តំបន់​ដែលមាន​មហាសេដ្ឋី​លុយ​ពាន់​លាន​ច្រើនជាង​សហរដ្ឋអាមេរិក

    សេដ្ឋកិច្ច​អាស៊ី និង​ពិភពលោក៖ អាស៊ី​ក្លាយជា​តំបន់​ដែលមាន​មហាសេដ្ឋី​លុយ​ពាន់​លាន​ច្រើនជាង​សហរដ្ឋអាមេរិក

    ជា​រឿង​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ខណៈដែល​ពេលនេះ​មហាសេដ្ឋី​ដែលមាន​ប្រាក់​លំដាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ឡើងទៅ ត្រូវបាន​គេ​រកឃើញថា ស្ថិតនៅក្នុង​ទ្វីបអាស៊ី​ច្រើនជាង​សហរដ្ឋអាមេរិក។

    របាយការណ៍​មួយ​ចេញផ្សាយ​ដោយ UBS និង Price Water House Coopers បាន​បង្ហើប​ឱ្យដឹងថា ក្នុង​ឆ្នាំ 2016 កន្លងទៅ មាន​មហាសេដ្ឋី​ថ្មី​កើនឡើង​ប្រមាណ​ជា 17% គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា 6 លាន​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ការរីក​ធំធាត់​នេះ ភាគច្រើន​បានមកពី​ផ្នែក​ធុរកិច្ច​នៅក្នុង​ប្រទេស​ចិន​ជា​ចម្បង ដែល​រឿង​នោះបាន​ធ្វើឱ្យ​កើតមាន​មហាសេដ្ឋី​ជនជាតិ​ចិន​មាន​ប្រាក់​លំដាប់ “ពាន់​លាន” មាន​ចំនួន​ច្រើនជាង​សហរដ្ឋអាមេរិក​ជា​លើកដំបូង តែ​ទោះជា​យ៉ាង​ដូច្នេះ​មែន ក៏​មហាសេដ្ឋី​សញ្ជាតិ​អាមេរិក​នៅតែ​គ្រប់គ្រង​ភាពជា​អ្នកមាន​ទ្រព្យសម្បត្តិ​រឹងមាំ​ខ្លាំង​ជាង​ក្នុង​រង្វង់ 2.8 លាន​លាន​ដុល្លារ​អាមេរិក​ដែរ ចំណែក​អាស៊ី​នៅតែ​តាម​ពីក្រោយ​ក្នុង​រង្វង់ 1.9 លាន​លាន​ដុល្លារ​អាមេរិក​ដដែល។

    ខណៈពេល​ជាមួយគ្នា ការកើនឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​អឺរ៉ុប​វិញ បែរជា​មើលទៅ​គ្មាន​ការប្រែប្រួល​អ្វី​ជា​ដុំកំភួន​ឡើយ។ ទាំងអស់នេះ UBS បាន​វិភាគ​ថា ដោយសារតែ​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​មានការ​ធ្វើ​ធុរកិច្ច​បែប​ជា​អនុរក្ស​និយម រួមទាំង​មានច្បាប់​វិន័យ​ដែល​ម៉ឺងម៉ាត់​ខ្លាំង ទើប​ក្លាយជា​រឿង​ពិបាក​ដែល​ចំនួន​មហាសេដ្ឋី​នឹង​ពង្រីក​ខ្លួន​នៅពេល​ប្រៀបធៀប​ជាមួយ​ទ្វីបអាស៊ី។

    យ៉ាងណាក៏ដោយ ភាព​គួរឱ្យ​ចាប់អារម្មណ៍​របស់​របា​យ​ការណ៍​នោះ​គឺ អាស៊ី​បាន​ក្លាយជា​ភូមិភាគ​ដែលមាន​ការរីក​ច្រើនឡើង​របស់​មហាសេដ្ឋីថ្មីៗរៀងរាល់ 3 សប្ដាហ៍ ដែល​បណ្ដាលមកពី​ការវិនិយោគទុន​របស់​រដ្ឋ​ក្នុងប្រទេស​ចិន ជាពិសេស​នយោបាយ​ការវិនិយោគ​ក្រោម​ឈ្មោះ​រដ្ឋ​របស់លោក ស៊ី ជីន​ភីង ដែល​ទើបនឹង​បានទទួល​ការជ្រើសតាំង​ឱ្យ​គ្រប់គ្រង​តំណែង​បន្តទៀត 5 ឆ្នាំ​ទៀតផង​នោះ ក៏​នឹង​រឹតតែ​ធ្វើឱ្យ​ឱកាស​នៃ​ការរីក​ធំធាត់​របស់​មហាសេដ្ឋី​ចិន​នៅតែ​កើន​ឡើងជា​បន្តបន្ទាប់។

    យ៉ាងណាក៏ដោយ នៅមាន​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ប្រការ​ទៀត នោះ​គឺ បណ្ដា​ក្រុម​អ្នកមាន​ក្នុង​យុគ​បច្ចុប្បន្ន​កំពុងផ្ដល់​ចំណាប់អារម្មណ៍​ទៅលើ​ផ្នែក​សិល្បៈ និង​កីឡា​យ៉ាងខ្លាំង​ទៀតផង ជាពិសេស​ផ្នែក​សិល្បៈ អាច​រាប់បាន​ថា ជា​ការលើក​កម្រិត​ឡើង​ទាំង​ក្នុងន័យ​ឋានៈ និង​ទ្រព្យសម្បត្តិ ដូចជា​ការដេញថ្លៃ​ផ្ទាំងគំនូរ​របស់​វិចិត្រករ Jean-Michel Basquiat ដែលមាន​តម្លៃ​ខ្ពស់​ដល់​ទៅ 110.5 លាន​ដុល្លារ​អាមេរិក រួមទាំង ក្លិប​កីឡាកំពូលៗទាំង 140 លើ​ពិភពលោក ក៏មាន​មហាសេដ្ឋីល្បីៗដល់​ទៅ 109 នាក់​កំពុង​ធ្វើជា​ម្ចាស់​ផងដែរ៕

    ប្រភព៖ Bloomberg

    ប្រែ​សម្រួល​ដោយ៖ តា​វ៉ែនតា

  • Man Utd សម្លឹង​រក​កៅអី​វគ្គ16ក្រុម ខណៈ Juventus រំពឹង​ផ្តួល Sporting

    Man Utd សម្លឹង​រក​កៅអី​វគ្គ16ក្រុម ខណៈ Juventus រំពឹង​ផ្តួល Sporting

    ក្រុម​បិសាច​ក្រហម Manchester United របស់លោក Jose Mourinho នឹង​សម្លឹង​រក​ការ​ឈ្នះ​កៅអី​ទៅ​ប្រកួត​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​បាត​តារាង Benifica ក្នុងការ​ប្រកួត​ពូ​ល A នៅ​រាត្រី​នេះ។

    ក្រុម​របស់លោក Mourinho អាច​នឹង​ឈ្នះ​កៅអី​ទៅលេង​ក្នុង​វគ្គ16ក្រុម ដោយ​ការ​នៅសល់2ប្រកួត​ទៀត តាមរយៈ​ការយក​ឈ្នះ​នៅ​កីឡដ្ឋាន Old Trafford ប្រសិនបើ Basel គេច​ផុតពី​បរាជ័យ​ពេល​ប៉ះ​ក្រុម CSKA Moscow។ Man Utd មិន​ស្គាល់​ចាញ់​សោះ​លើ​ទឹកដី​ខ្លួនឯង ពី​ការជួប​ប្រកួត​ជាមួយនឹង​ក្រុម​មកពី​ព័រ​ទុយ​ហ្គា​ល់​ចំនួន12លើក ខណៈដែល​ការ​ចាញ់​ជា​លើកចុងក្រោយ​របស់​ពួកគេ​លើ​ទឹកដី​ខ្លួនឯង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប បាន​កើតឡើង​ក្នុង​លទ្ធផល 2-1 ពេល​ជួប​ក្រុម Real Madrid កាលពី​រដូវ​កាល​ឆ្នាំ2012-2013។

    Benfica ហាក់​កំពុងតែ​ឆ្ពោះទៅកាន់​ការធ្លាក់​ចេញ ក្រោយពី​ចាញ់3លើក​ពី​ការប្រកួត​បើកឆាក​ទាំង3លើក​របស់​ពួកគេ ហើយ​និង​លេង​ដោយ​គ្មាន​ខ្សែការពារ​ជើងចាស់ Luisao ក្រោយពី​ការរង​ពិន័យ​កាត​ក្រហម ក្នុងពេល​ក្រុម​ខ្លួន​ចាញ់ Man United 1-0 ក្នុង​ក្រុង Lisbon កាលពី2 សប្តាហ៍​មុន។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Jonas បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងការ​ប្រកួត​លី​ក​លើក​ទី12របស់គេ ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 1-0 លើ​ក្រុម Feirense កាលពី​ថ្ងៃ​សុក្រ ខណៈដែល​ក្រុម Man United បាន​ស្តារ​មុខមាត់​ពី​ការរង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Huddersfield Town តាមរយៈ​ការ​ផ្តួល​ក្រុម Tottenham 1-0 កាលពី​ថ្ងៃ​សៅរ៍ តាមរយៈ​គ្រាប់​បាល់​ឈ្នះ​របស់ Anthony Martial។ ស្របពេល​ជាមួយគ្នានេះ Sporting Lisbon និង Juventus នឹងត្រូវ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ2ក្នុង​ពូ​ល D បន្ទាប់ពី Barcelona ខណៈ​ការប្រកួត​នៅ​រាត្រី​នេះ គឺជា​ការប្រកួត​ដ៏​សំខាន់ ក្រោយពី​ក្រុម​យក្ស​របស់​អ៊ីតាលី បាន​យកឈ្នះ 2-1 កាលពី​ជើង​មុន ក្នុង​ទីក្រុង Turin។

    ក្រុម Sporting កំពុងតែ​សម្លឹង​រក​ការ​តាម​ស្មើ​ពិន្ទុ​របស់​គូប្រកួត​ខ្លួន បើទោះបី Juventus នឹង​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ទៅ​វគ្គ​បន្ត ប្រសិនបើ​ឈ្នះ​ក៏ដោយ។ Juventus ទើបតែ​បាន​កត់ត្រា​ជ័យជម្នះ6លើកជាប់ៗគ្នា​នេះ ក្នុង​ក្របខ័ណ្ឌ Serie A ហើយ​ពួកគេ​បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម AC Milan 2-០ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។ ការប្រកួត​ទាំងពីរ​គូ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport 24

  • ថ្នាក់ដឹកនាំ​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក

    ថ្នាក់ដឹកនាំ​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក

    ភ្នំពេញ៖ ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម​ជាតិ សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ។

    ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បើកសម្ពោធ “ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ឆ្នាំ2017” ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី26 ខែតុលា ឆ្នាំ2017 នៅឯ​មជ្ឈមណ្ឌល​វិមាន​សុភមង្គល​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​ដែល​ពិព័រណ៍​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី29 តុលា។

    ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​កោតសរសើរ​ចំពោះ​ការផ្តួចផ្តើម​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បានដាក់​ចេញ​នូវ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដើម្បី​បំផុស​ឱ្យ​ពលរដ្ឋ​កម្ពុជា​ចូលរួម​ប្រើប្រាស់​ផលិតផល​ខ្មែរ ជំនួស​ផលិតផល​នាំចូល​ពី​បរទេស។ តាមរយៈ​ការរៀបចំ និង​ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា មាន​កំណើន​កាន់តែ​ប្រសើរ​រៀងរាល់ឆ្នាំ។

    ទន្ទឹមគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី1នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និង​ខេត្ត​ព្រះសីហនុ។ សម្រាប់​រដូវ​កាល​ទី2នេះ ក្រសួង​នឹង​បន្តធ្វើ​ឱ្យបាន​នៅក្នុង​ខេត្ត-ក្រុង​ចំនួន 4ទៀត ដើម្បី​ទាក់ទាញ​ការគាំទ្រ​កាន់តែច្រើន​ពី​ប្រជាជន ចំពោះ​ផលិតផល​ខ្មែរ។

    សូមបញ្ជាក់ថា នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថ្ងៃនោះ មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន 194ក្រុមហ៊ុន និង​មាន​ស្តង់​លក់​សរុប​ចំនួន 200ស្តង់ ហើយ​ក្នុងនោះ​ក៏មាន​រៀបចំ​សិក្ខាសាលា កម្មវិធី​ជំនួប​ពិភាក្សា​រវាង​អ្នក​ផលិត-អ្នកផ្គត់ផ្គង់ និង​អ្នកបញ្ជា​ទិញ-អ្នកប្រើប្រាស់​ផលិតផល​ខ្មែរ ព្រមទាំង​ការប្រគំ​តន្ត្រី ដែលមាន​ការចូលរួម​សម្តែង​ពី​សិល្បករ និង​សិល្បការិនីល្បីៗនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ៕

  • គណៈប្រតិភូ​ចិន​នៃ​ខេត្ដ​គុន​មិញ មើលឃើញ​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

    គណៈប្រតិភូ​ចិន​នៃ​ខេត្ដ​គុន​មិញ មើលឃើញ​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

    ភ្នំពេញ – ស្របតាម​ការ​អនុវត្ដ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវទេសចរ«China Ready» ដែល​កម្ពុជា​រំពឹងថា នៅ​ឆ្នាំ2020 អាច​នឹង​ស្រូប​យកបាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ2លាន​ក្នុង​មួយឆ្នាំ គណៈប្រតិភូ​ចិន​នៃ​ខេត្ត​គុន​មិញ បាន​សម្ដែង​នូវ​ចំណាប់អារម្មណ៍ និង​កំពុងតែ​សម្លឹង​ឃើញ​ឱកាស​នៃ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​សក្ដានុពល​ខាង​ផ្នែក​ទេសចរណ៍​បែប​វប្បធម៌ និង​អេកូ​ទេសចរណ៍។

    លោក​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​គណៈប្រតិភូ​ចិន​នៃ​ខេត្ដ​គុន​មិញ ដែលមាន​បំណង​មកវិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍ គឺជា​ការសម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ព្រោះ​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​ផ្នែក​ទេសចរណ៍ ពិសេស​ប្រទេស​កម្ពុជា​ទាំងមូល​ពោរពេញ​ទៅដោយ​សុខសន្តិភាព ស្ថិរភាព​ន​យោ បាយ និង​ច្បាប់​វិនិយោគ​ក៏​អំណោយផល និង​ផ្តល់​ការអនុគ្រោះ​ដល់​វិ​យោគិន​ផងដែរ។ ឯកឧត្ដម​បន្ដ កម្ពុជា​ក៏មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​សមាជិក​នៃ​ប្រទេស​តាម​បណ្តោយ​ផ្លូវ​សូត្រ​សមុទ្រ ដែល​នឹង​អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ។ ដូច្នេះ​កំណើន​ភ្ញៀវទេសចរ​នៅ​កម្ពុជា មិនអាច​កាត់ផ្តាច់​ចេញ​បាន​ពី​ទេសចរ​ចិន​បានឡើយ។

    នៅ​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ចិន 83ម៉ឺន​នាក់ ហើយ​នៅ​ឆ្នាំ2020 ខាងមុខ កម្ពុជា​កំពុង​រៀបចំខ្លួន​ជាច្រើន​ដើម្បី​ទាក់ទាញ និង​ស្រូបយក​ភ្ញៀវទេសចរ​ចិន​ឲ្យ​បាន​យ៉ាងតិច2លាន​នាក់ ជាមួយ​កំណើន​នៃ​ភ្ញៀវទេសចរ​បរទេស​ប្រមាណ7លាន​នាក់។ តាមរយៈ​ការ​មាន​កំណើន​ភ្ញៀវទេសចរ​បរទេស​នៅ​ឆ្នាំ2020 កម្ពុជា​នឹងត្រូវ​ការ​កម្លាំង​ពលកម្ម​បម្រើ​ការងារ​ផ្នែក​ទេសចរណ៍​ជិត1លាន​នាក់ ស្រប​ពេលដែល​ឆ្នាំ2017នេះ មាន​មនុស្ស​ម្រើ​ការងារ​ដោយផ្ទាល់​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នេះ​ជាង 62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​ទៀត។

    ជាមួយគ្នា​លោក វ៉ាង យូ ជុង អនុប្រធាន​គណៈកម្មាធិកា​រ​រដ្ឋបាល​រមណីយដ្ឋាន​ជាតិ​ខេត្ត​គុន​មិញ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ពី​ឆន្ទៈ និង​គោលបំណង​នៃ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ ពិសេស​ក៏បាន​អញ្ជើញ​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ទៅ​ទស្សនកិច្ច​នៅ​តំបន់​រមណីយដ្ឋាន​នៅ​ខេត្ដ​គុន​មិញ​ផងដែរ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​គ្នា​ទៅវិញទៅមក។

    គួររំឭកថា តាម​ការ​ព្យាករ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ឆ្នាំ2020 ខាងមុខ ភ្ញៀវទេសចរ​ចិន​រហូតដល់​ទៅ ជាង 200លាន​នាក់​នឹង​ចេញទៅ​ក្រៅប្រទេស​ដែលមាន​ការចំណាយ​រហូត​ជាង 420 ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ 70ភាគរយ​មក​អាស៊ី។ ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង10 ទើប បានទទួល​ភ្ញៀវទេសច​រ​ចិន​ជាង20លាន​នាក់​ប៉ុណ្ណោះ ក្នុងនោះ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ទទួលបាន​ភ្ញៀវទេសចរ​ចិន​ច្រើនជាងគេ។

    សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អាស៊ី​បូព៌ា ដែលមាន​ផ្ទៃដី​សរុប​ធំ​លំដាប់ថ្នាក់​ទី3 និង​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក ជាប់​ចំណាត់ថ្នាក់​ទី2 បន្ទាប់ពី​សហរដ្ឋអាមេរិក ដោយមាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជាង10ទ្រី​លាន​ដុល្លារ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ2014 ដែលមាន​អត្រាកំណើន​ជា​មធ្យម 7.4% ក្នុង​មួយឆ្នាំ និង​នៅ​ឆ្នាំ2015 មាន​ចំនួន11ទ្រី​លាន​ដុល្លារ នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែលមាន​កំណើន6.8%៕

  • ក្រុមហ៊ុន Taixi របស់​ថៃ​ចង់​ចូលមក​ទីផ្សារ​ប្រទេស​កម្ពុជា

    ក្រុមហ៊ុន Taixi របស់​ថៃ​ចង់​ចូលមក​ទីផ្សារ​ប្រទេស​កម្ពុជា

    ភ្នំពេញ៖ លោក​សាស្ត្រាចារ្យ Oudom Wang ប្រធាន​ក្រុមហ៊ុន Taixi Development Group Co.,Ltd. បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​ចូលជួប​ពិភាក្សា​ស្ថានភាព​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ជាមួយ​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧ​ស្សហកម្ម និង​សិប្បកម្ម មុននឹង​ក្រុមហ៊ុន​នេះ​សម្រេចចិត្ត​ចូលមក​វិនិយោគ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា។

    លោក​សាស្ត្រាចារ្យ Oudom Wang បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន និង​ស្ថានភាព​ទីផ្សារ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន។ លោក​បាន​ជម្រាបជូន​ពី​កម្រង​ក្រុមហ៊ុន​របស់ខ្លួន ដោយបាន​បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក​បាន​ចុះបញ្ជី​ការ​តាមផ្លូវ​ច្បាប់​នៅ​ប្រទេស​ថៃ​ដែលមាន​ទុន​ចុះបញ្ជី​ចំនួន20លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​ចំនួន 13 និង​សាខា​ចំនួន25 ។ ក្នុងនោះ​ក្រុមហ៊ុន Taixi Development Group កាន់​ភាគហ៊ុន 100% និង​ជាង 50% នៅ​ប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន​មាន​និយោជិត​ជាង 1,600 នាក់ មានកម្ម​វត្ថុ​អាជីវកម្ម​ដូចជា ការវិនិយោគ​ពាណិជ្ជកម្ម អចលនទ្រព្យ ដឹកជញ្ជូន​ផ្លូវអាកាស ចំណីអាហារ សណ្ឋាគារ អភិវឌ្ឍន៍​កសិកម្ម សំណង់ ឧបករណ៍​សុខាភិបាល ផលិតផល​សុខភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ទេសចរណ៍ ថាមពលបៃតង ដំណាំ និង​ផលិតផល​កៅស៊ូ ជាដើម ។

    លោក​បញ្ជាក់​បន្ថែមថា ប្រធាន​កិ​ត្ត​យស​របស់​ក្រុមហ៊ុន​គឺ ឯកឧត្តម Chavalit Yongchaiyudh អតីត​នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​ថៃ ។ ហើយ​គោលបំណង​នៃ​ជំនួប​ថ្ងៃនេះ គឺ​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ហើយ​នៅ​ថ្ងៃមុខ​នឹងមាន​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ ជាពិសេស​ផ្នែក​វិស័យ​រោងចក្រ​នឹង​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា គឺ​អនុវត្តតាម​គោលនយោបាយ​របស់​រដ្ឋ​ចិន​ក្នុង​ការជំរុញឱ្យ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​មក​បណ្តាក់ទុន​នៅក្រៅ​ប្រទេស​ឱ្យបាន​ច្រើន។ ជាពិសេស​នាឱកាស​នេះ​គឺ ចង់បាន​ការណែនាំ​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា ។

    ជាមួយនឹង​ការលើកឡើង​ខាងលើ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍ និង​ចាត់ទុក​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រសើរ​នៅក្នុង​តំបន់ និង​ប្រទេស​ជា​មិត្ត។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា​ដោយ​លើក​កត្តា 3 យ៉ាង​ជាសំខាន់​ដែលជា​មូលដ្ឋាន​បង្ក​បរិយាកាស​វិនិយោគ​យ៉ាង​ប្រពៃ​រួមមាន៖ កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច តម្លាភាព​នៃ​ក្របខ័ណ្ឌ​ច្បាប់ និង​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​អនុញ្ញាតឱ្យ​ទំនិញ​នាំ​ចេញពី​កម្ពុជា​ដោយ​រួច​ពន្ធ និង​មិន​ជាប់​កូតា​ទៅកាន់​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​ដៃគូ​ជាច្រើន​រួមទាំង​ប្រទេស​ចិន​ផងដែរ ។

    កម្ពុជា​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​បច្ចុប្បន្ន​មាន​ជិត1ពាន់​រោងចក្រ នេះ​ដោយសារ​កម្ពុជា​ទទួលបាន​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​នេះឯង។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ណែនាំ​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន​ចាប់អារម្មណ៍​នៅ​ទីតាំង​ខេត្ត​ព្រះសីហនុ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ក្នុង​ខេត្ត​ទាំងមូល​តែម្តង ពីព្រោះ​ជា​ខេត្ត​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ មាន​ផ្លូវ រថភ្លើង និង​ព្រលានយន្តហោះ៕

  • លោក Puel ជួប​ការរីករាយ​ថ្ងៃ​បើកឆាក ខណៈ Leicester ផ្តួល Everton

    លោក Puel ជួប​ការរីករាយ​ថ្ងៃ​បើកឆាក ខណៈ Leicester ផ្តួល Everton

    លោក Claude Puel ដែលជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម Leicester បាន​បញ្ជាក់ថា ការទទួល​ជ័យជម្នះ​លើ​ក្រុម​ទូកក្តោង Everton ក្នុង​លទ្ធផល 2-0 កាលពី​ថ្ងៃអាទិត្យ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុងការ​ចាប់ផ្តើម​ការងា​រ​ក្នុងនាម​ជា​គ្រូបង្វឹក​របស់លោក។

    អតីត​គ្រូបង្វឹក​របស់​ក្លិប Southampton រូបនេះ ដែល​ត្រូវបានតែងតាំង​កាលពី​ថ្ងៃ​ពុធ ដើម្បី​ជំនួស​កន្លែង​របស់លោក Craig Shakespeare នោះ បានឃើញ Jamie Vardy បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​តំបន់​ប្រយុទ្ធ ហើយ​កីឡាករ Demarai Gray បានធ្វើ​ឲ្យ​កីឡាករ Jonjoe Kenny ស៊ុត​បាល់​ចូល​ទី​របស់​ខ្លួនឯង​មួយគ្រា​ប់។

    លោកគ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ដែល​ក្រុម​របស់លោក​បាន​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ11នៅលើ​តារាង​ក្របខ័ណ្ឌ Premier League នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បានឃើញ​ក្រុម​មួយ​ក្នុង Leicester មាន​ស្មារតី​ប្រយុទ្ធ​ល្អ មានការ​រៀបចំ​ល្អ និង​មាន​សាមគ្គីភាព​ដ៏​រឹងមាំ»។ លោក Puel បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ទៅនឹង​ទម្រង់​លេង​របស់​កីឡាករ។

    ខ្ញុំ​សង្ឃឹមថា វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​រឿង​មួយ​ប៉ុណ្ណោះ»។ ដោយឡែក ក្រុម Everton ក្រោម​ការដឹកនាំ​របស់​លោកគ្រូ​បង្វឹក​បណ្តោះអាសន្ន David Unsworth ក្រោយពី​ការបណ្តេញ​លោក Ronald Koeman កាលពី​ថ្ងៃ​ចន្ទ​នោះ នៅតែ​ស្ថិតក្នុង​តំបន់​កាត់ចោល​ដដែល។ បច្ចុប្បន្ន ក្រុម Leicester ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League រដូវ​កាល​ឆ្នាំ2015-2016 កត់ត្រា​ជ័យជម្នះ3លើកជាប់ៗគ្នា ក្នុង​ក្របខ័ណ្ឌ​កំពូល និង​ពាន Carabao Cup ដោយ​ជ័យជម្នះ​ពីរលើក​បានកើត​ឡើង​ក្រោម​ការដឹកនាំ​របស់លោក Michael Appleton និង1លើក​ទៀត​ក្រោម​ការដឹកនាំ​របស់លោក Puel៕

    ប្រភពពី៖ BBC