Author: វល័ក្ខ

  • អាជ្ញាធរ​នឹង​ចាត់ការ​ដាច់ខាត​លើ​ក្រុម​ឡាន​ឈ្នួល​លើផ្លូវ​សហព័ន្ធរុស្ស៊ី

    អាជ្ញាធរ​នឹង​ចាត់ការ​ដាច់ខាត​លើ​ក្រុម​ឡាន​ឈ្នួល​លើផ្លូវ​សហព័ន្ធរុស្ស៊ី

    ខណៈ​មើលឃើញថា ផ្លូវ​សហព័ន្ធរុស្ស៊ី ជា​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ប្រតិភូ​ជាតិ និង​អន្ដរជាតិ​ឆ្លងកាត់​នោះ កាលពីពេលថ្មីៗនេះ​សាលា​រាជធានី​ភ្នំពេញ​បាន​ចាត់វិធានការ​ក្ដៅ​បន្ថែមទៀត​លើ​បញ្ហា​ចរាចរណ៍​នៅលើ​ដងផ្លូវ​នេះ​ដើម្បីឱ្យ​ការធ្វើដំណើរ​កាន់តែ​មាន​ភាពងាយស្រួល និង​មាន​សណ្ដាប់ធ្នាប់​ឡើង។

    ដើម្បី​ជា​មុខមាត់​ប្រទេសជាតិ​ខណៈ​មាន​ប្រតិភូ​អន្ដរជាតិ​ឆ្លងកាត់​ផ្លូវ​នេះ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​នៃ​ការធ្វើ​អាជីវកម្ម​របស់​រថយន្ដ​ឈ្នួល​នៅលើ​ផ្លូវ​សហព័ន្ធរុស្ស៊ី  សាលា​រាជធានី​ភ្នំពេញ​បានដាក់​កំហិត​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តឹងរ៉ឹង​លើ​រថយន្ដឈ្នួល​ទាំងឡាយណា​ដែល​បាន​យក​ចិញ្ចើមផ្លូវ​ធ្វើជា​ចំណត​របស់ខ្លួន​ដើម្បី​ធ្វើ​អាជីវកម្ម​ដែល​បង្ក​ភាព​រញ៉េរញ៉ៃ​នៅតាម​ដងផ្លូវ​មួយ​នេះ។

    ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​ពិនិត្យឡើងវិញ​ជុំវិញ​បញ្ហា​អាជីវកម្ម​រថយន្ដឈ្នួល​នៅតាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី​ថា នឹងត្រូវ​រៀបចំ​បែបណា​ឱ្យ​ម្ចាស់​រថយន្ដ​ទាំងអស់នោះ​ត្រូវ​ទៅរក​កន្លែង​ចត​ឱ្យបាន​ត្រឹមត្រូវ។ អាជ្ញាធរ​ទាំងអស់​មិន​ត្រូវ​សម្ងំ​នៅ​ស្ងៀម​ទេ។ មិនតែប៉ុណ្ណោះ​ឯកឧត្ដម​បាន​បន្ទោ​សទៀ​ត​ថា សព្វថ្ងៃ​កិច្ចការ​នេះ​ធ្វើឡើង​មិន​ខុសពី​ការ​វែក​ចក​នោះទេ។

    គួរ​បញ្ជាក់ថា សព្វថ្ងៃ​មាន​អ្នកធ្វើដំណើរ​នៅតាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី​ជាច្រើន​តែងមាន​ការ​រអ៊ូ​រទាំ​ចំពោះ​រថយន្ដឈ្នួល​ដែល​យក​ចំណីផ្លូវ​ធ្វើជា​ចំណត​ដើម្បី​ចាប់​ម៉ូយ​ដែល​បង្កឱ្យមាន​ការកកស្ទះ និង​បង្ក​ភាព​រញ៉េរញ៉ៃ​ប្រសេចប្រសាច គ្មាន​សណ្ដាប់ធ្នាប់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​បាន។

    អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា៖«អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ច្បាស់លាស់ កន្លែង​ណា​ធ្វើ​កំណត់ហេតុ​ហើយ ត្រូវ​ប្រើ​ឡានស្ទូច​យកទៅ​ទុក បើ​ខ្វះ​កន្លែង​ចាំ​រក​កន្លែង​បន្ដទៀត ឬ​ត្រូវ​ជួល​ដី​គេ​ក៏បាន ច្បាប់​គឺ​ច្បាប់!»៕

  • អ្នក​ប្រកប​អាជីវកម្ម​ដំណាំ​កៅស៊ូ​ចង់បាន​គោលនយោបាយ​កៅស៊ូ

    អ្នក​ប្រកប​អាជីវកម្ម​ដំណាំ​កៅស៊ូ​ចង់បាន​គោលនយោបាយ​កៅស៊ូ

    តម្លៃ​ជ័រកៅស៊ូ​នៅតែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយសារ​តម្លៃ​របស់​វា​បាន​ប្រែប្រួល​ជា​ញឹកញាប់​ស្ទើរ​រាល់​សប្តាហ៍ ខណៈដែល​អ្នក​ប្រកប​របរ​ដាំ​ដុះ​កៅស៊ូ បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​បង្កើត​គោលនយោបាយ​កៅស៊ូ ដើម្បី​ទទួលបាន​ការលើកទឹកចិត្តផ្សេង។

    អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិឧស្សាហកម្ម (កៅស៊ូ) នេះ បានចាត់ទុក​ស្ថានភាព​កៅស៊ូ​នៅ​កម្ពុជា​ថា គួរតែ​ដល់​ដំណាក់កាល​មួយ​ត្រូវ​ស្រោចស្រង់ ដោយសារ​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ គ្មាន​លំនឹង ព្រមទាំង​ជាប់ពន្ធ​ទៀតផង។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អ្នកវិនិយោគ​លើ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា បាន​លើកឡើងថា នៅក្នុង​សប្តាហ៍​កន្លងទៅ តម្លៃ​កៅស៊ូ​ក្រែប​ស្ថិតក្នុង​រង្វង់1,400ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន។ តម្លៃ​នេះ មិនបាន​រួមចំណែក​ដ​ល់អ្ន​កដាំ​ដុះ​កៅស៊ូ​ឱ្យ​ស្រឡាញ់​មុខរបរ​នេះ​ទេ ដោយ​កន្លងមក​មាន​អ្នកខ្លះ​ទុក​កៅស៊ូ​ចោល​មិន​ព្រម​ចៀរ​ជ័រ បើទោះបី​កៅស៊ូ​របស់ខ្លួន​ដល់​អាយុកាល​ត្រូវ​ប្រមូល​ផល​ជ័រ​ក៏ដោយ។

    ឧកញ៉ា​អះអាងថា៖“យើង​ចង់បាន​គោលនយោបាយ​កៅស៊ូ ដែលមាន​លក្ខណៈ​លើកទឹកចិត្ត​ដល់​អ្នក​ដាំ​ដុះ និង​ការលើកលែង​ពន្ធ​នានា ក្នុងស្ថានភាព​កៅស៊ូ​លំបាក។ យើង​ឃើញ​គោលនយោបាយ​ស្រូវ​អង្ករ​ទទួលបាន​ការចាប់​អារម្មណ៍ និង​អ្នកចូលរួម​ច្រើន ដោយសារ​វិស័យ​ស្រូវ​អង្ករ​ទទួលបាន​ការលើក​ទឹកចិត្ត​ច្រើន។

    លោក​ឧកញ៉ា បាន​បន្តថា ប្រទេសជិតខាង​កម្ពុជា​មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​វិស័យនេះ តែ​កម្ពុជា​នៅ​មិនទាន់​រៀបចំ​ឱ្យមាន​គោលនយោបាយ​មួយ​សមស្រប ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ និង​អ្នក​ប្រកប​អាជីវកម្ម​កៅស៊ូ​នៅឡើយ​ទេ បើទោះបី​កម្ពុជា​ទទួលបាន​ការវិនិយោគ​យ៉ាងច្រើន​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​ការដាំដុះ​ជា​លក្ខណៈ​គ្រួសារ នៅពេល​កៅស៊ូ​មាន​ហាងឆេង​ល្អ​ក៏ដោយ។

    កាលពី​ខែវិច្ឆិកា ឆ្នាំ2016 ជ័រកៅស៊ូ​ក្រែប មានតម្លៃ​ជាង1,500ដុល្លារ​ក្នុង​មួយ​តោន។ ជាទូទៅ​កៅស៊ូ​នៅ​កម្ពុជា មានតម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​អន្តរជាតិ​ប្រមាណ300ដុល្លារ​ក្នុង​មួយ​តោន។

    ទោះបីយ៉ាងណា តម្លៃ​កៅស៊ូ​នាពេលនេះ​ហាក់​មាន​ភាពល្អប្រសើរ​ជាង​ដើមឆ្នាំ2016 ដែលមាន​តម្លៃ​ប្រហែល1,000ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន ហើយ​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យនេះ​បាន​តវ៉ា​ឱ្យមាន​ការលើកលែង​ពន្ធ​នាំចេញ។

    របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា នៅ​ឆ្នាំ2015 ផ្ទៃដី​កៅស៊ូ​នៅ​កម្ពុ​ជាមាន​សរុប 388,955ហិកតា ដោយ​កើនឡើង8.7%បើ​ធៀប​នឹង​ឆ្នាំ2014។ ផ្ទៃដី​កៅស៊ូ​ទាំងនោះ​ចែកជា​ពីរ​ផ្នែក គឺ​ផ្ទៃដី​ក្រុមហ៊ុន ដែលមាន61.47% និង​កៅស៊ូ​គ្រួសារ​មាន​ប្រមាណ38.53%។ ក្នុងនោះ​ផ្ទៃដី​កៅស៊ូ​ចៀរ​ជ័រ​អនុវត្តបាន​ប្រមាណ111,232ហិកតា នៅក្នុង​ឆ្នាំ2015 គឺ​កើនឡើង22.84%។

    អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់ថា ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​អាចមាន40ម៉ឺន​ហិកតា​នាពេល​បច្ចុប្បន្ន ហើយ 30%ផ្ទៃដី​នោះ​ជា​កៅស៊ូ​ដែល​ដល់​វ័យ​ចៀរ​ជ័រ​បាន។

    តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ​ពី​ប្រមាណ​ជិត5,000ដុល្លារ​ក្នុង1តោន កាល​ឆ្នាំ2010 និង​ឆ្នាំ2011 មក​នៅត្រឹម​ជាង1.000ដុល្លារ​ប៉ុណ្ណោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    អ្នកយកព័ត៌មាន​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​ព្យាយាម​ទំនាក់ទំនង ឯកឧត្តម ផុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​កម្ពុជា ប៉ុន្តែ​មិនទាន់​ទទួលបាន​ការឆ្លើយតប៕

  • CBC៖ របាយការណ៍​ជាង 13លាន​ត្រូវបានធ្វើ​ចាប់តាំងពី​ឆ្នាំ2012

    CBC៖ របាយការណ៍​ជាង 13លាន​ត្រូវបានធ្វើ​ចាប់តាំងពី​ឆ្នាំ2012

    ការិយាល័យ​ឥណទាន​កម្ពុជា ដែល​ហៅ​កាត់​ថា (CBC) ដែល​គេ​ដឹងថា​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​ឥណទាន កម្ចី​អតិថិជន ឬ​កម្ចី​បុគ្គល​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា បានឱ្យដឹងថា គិត​ចាប់ពី​ឆ្នាំ2012 រហូតដល់​បច្ចុប្បន្ន​មាន​របាយការណ៍​ជាង13លាន​ត្រូវបាន​ស្ថាប័ន​របស់ខ្លួន​រៀបចំ​ដើម្បី​ផ្តល់ព័ត៌មាន​បង្ការ​ការ​ពារ​ការផ្តល់​កម្ចី​វ័ណ្ឌក​កើតឡើង។

    ក្នុងឱកាស​ប្រារព្ធ​ខួប 5ឆ្នាំ​នៃ​ការធ្វើ​ប្រតិបត្តិការ​ផ្តល់ព័ត៌មាន​ឥណទាន​នៅ​កម្ពុជា លោក អឿ សុធា​រ័ត្ន​ប្រធានការិយាល័យ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CBC បានឱ្យដឹងថា ចាប់តាំងពី​បង្កើត​មកទល់​បច្ចុប្បន្ន ការិយាល័យ​ឥណទាន​កម្ពុជា បាន​ប្រមូល​ទិន្នន័យ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ដើម្បី​ផ្តល់ព័ត៌មាន​ឥណទាន​ដែល​ពេញលេញ អាច​ជឿ​ទុកចិត្តបាន​នៅ​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់ថា៖“ទិន្នន័យ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​របាយការណ៍​ឥណទាន​បុគ្គល របាយការណ៍​ព័ត៌មាន​ឥណទាន​សាធារណៈ និង​សេវាកម្ម​ព័ត៌មាន​ហិរញ្ញវត្ថុផ្សេងៗទៀត​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា។

    ដោយសារ CBC ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ក្នុងការ​ផ្តល់ព័ត៌មាន​ពោរពេញ​ដោយ​ភាពជឿ​ទុកចិត្តបាន​លើ​ទីផ្សារ​ឥណទាន​កម្ពុជា ដូច្នេះហើយ​វា​បាន​បង្ក​នូវ​ភាពងាយស្រួល​ដល់​វិនិយោគិន​ក្នុង​ការចូល​មកកាន់​ទី​ផ្សារ​កម្ពុជា ដោយ​អាចធ្វើ​ការប្រឹក្សា​នូវ​របាយការណ៍​ព័ត៌មាន​ឥណទាន​សាធារណៈ ឬ​ធ្វើការ​ស្នើសុំ​របាយការណ៍​ដោយផ្ទាល់​តាមរយៈ​ទិន្ន័យ​របស់​ក្រុមហ៊ុន CBC។

    លោក​បាន​លើកឡើងថា ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​របស់ខ្លួន ដោយ​ជួយ​ជំ​រុញឱ្យ​ប្រទេស​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​កាន់តែ​ប្រសើរឡើង​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក ស្តីពី​ភាពងាយស្រួល​ក្នុង​ការធ្វើ​ជំនួញ ដែល​ធ្វើឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ល្អ​បំផុត​ទី7 នៅលើ​ពិភពលោក ចំពោះ​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ឥណទាន ដោយ​ពិន្ទុ​ប្រទេសនីមួយៗត្រូវបាន​គណនា​តាម​លក្ខណៈវិនិច្ឆ័យ​ជាច្រើន រួមមាន​ការបង្កើត​ការិយាល័យ​ឥណទាន និង​អនុលោម​ទៅតាម​បទដ្ឋាន​អន្តរជាតិ។

    ការិយាល័យ​ឥណទាន មិនមែន​មាន​នៅតែ​ប្រទេស​កម្ពុជា​នោះទេ គឺ​ភាគច្រើន​មាននៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដូចជា សិង្ហ​បុរី ជប៉ុន អាមេរិក និង​អឺរ៉ុប ហើយ​ដោយឡែក​ការិយាល័យ​ឥណទាន​កម្ពុជា​ទទួលបាន​ការកោតសរសើរ និង​ទទួលស្គាល់ថា​ជា​គំរូ​ជោគជ័យ។ លោក សុធា​រ័ត្ន បន្ថែមថា៖“យើង​មាន​មោទនភាព​ចំពោះ​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។

    ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាង140 នៅ​កម្ពុជា ក្រុមហ៊ុន CBC គឺជា​ស្ថាប័ន​ធ្វើការ​លើ​ការប្រមូល​ទិន្នន័យ​ពី​បណ្តា​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និង​ប្រតិបត្តិ​ករ​ឥណទាន​ទាំងអស់។ នៅពេល​ទិន្នន័យ​ប្រមូល​រួចរាល់ CBC ធ្វើការ​វិភាគ និង​ចងក្រង​ទិន្នន័យ​ទាំងនោះ​ទុក​ដើម្បី​ផ្តល់​ជា​ចក្ខុវិស័យ​ច្បាស់លាស់ និង​មាន​តម្លាភាព​អំពី​ប្រវត្តិ​ឥណទាន​របស់​ស្ថាប័ន​ទាំងនោះ។

    គួរ​បញ្ជាក់ថា ក្រុមហ៊ុន CBC បានធ្វើ​របាយការណ៍​ជាង13លាន​ចាប់ពី​ឆ្នាំ 2012 មក។ ផ្អែកលើ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ស្ថាប័នហិរញ្ញវត្ថុនីមួយៗ បាន​ជួយ​ឱ្យ CBC មាន​ទិន្ន័យ​ជា​រួមមួយ​ដើម្បី​អាច​យល់​កាន់តែច្បាស់​ពី​ស្ថានភាព​ឥណទាន​ជា​សកល​របស់​បុគ្គល​ម្នាក់។ សម្រាប់​អតិថិជន​កម្ចី វា​គឺជា​ឱកាស​ក្នុង​ការជួយ​ឱ្យ​ពួកគេ​មាន​ប្រវត្តិ​ស្ថានភាព​ឥណទាន​ផ្ទាល់ខ្លួន​មួយ​ច្បាស់លាស់ ពិសេស​ជួយ​បង្ការ​បំណុល​វ័ណ្ឌក សម្រាប់​អតិថិជន​ដែល​គ្មាន​លទ្ធភាព​សង​ត្រឡប់​វិញ។

    សម្រាប់​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី ក្រៅពី​ជួយ​ធ្វើការ​សម្រេច​ចិត្តបាន​លឿន​នៅពេល​ផ្តល់​ប្រាក់កម្ចី​ហើយ​នោះ វា​ក៏​ជា​ឧបករណ៍​ដ៏​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ឥណទាន និង​ការពារ​ពី​ការលួចបន្លំផ្សេងៗផងដែរ។ រាល់​របាយការណ៍​ទាំងអស់​ត្រូវបាន​ការពា​រ​និង​រក្សាទុក​ជាសម្ងាត់ ហើយ​របាយការណ៍​ទាំងនេះ​អាច​ទាញ​យកបាន​តាមរយៈ​ស្ថាប័ននីមួយៗបន្ទាប់ពី​មានការ​ព្រមព្រៀង​ពី​អតិថិជន។ ប្រជាជន​ខ្មែរ​ទាំងអស់ ក៏មាន​សិទ្ធិ​ទទួលបាន​របាយការណ៍​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​មួយឆ្នាំ​ម្តង​ដោយ​ឥតគិតថ្លៃ​ផងដែរ។

    ទិន្នន័យ​ដែលមាន​សុវត្ថិភាព ការការពារ ភាពជឿជាក់ និង​ទុកចិត្តបាន ជា​កត្តា​សំខាន់ និង​ជា​ផ្នែក​មួយ​នៃ​ការត្រួតពិនិត្យ​ប្រចាំថ្ងៃ​របស់ CBC។ នៅក្នុង​ផ្នែក​សេវាកម្ម CBC ផ្តល់​ការបណ្តុះបណ្តាល​ដល់​សមា​ជិ​ក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅពេល​ពួកគេ​ចូល​ជា​សមាជិក​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​លើកដំបូង និង​វគ្គ​បណ្តុះបណ្តាលផ្សេងៗទៀត​ក្នុងមួយឆ្នាំៗ ឬ​វគ្គ​បណ្តុះបណ្តាល​តាម​តម្រូវការ​ជាច្រើន​ទៀត៕

  • តើ​ព្រះ​រាជពិធី​បុណ្យអុំទូក ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​បំណង​អ្វី?

    តើ​ព្រះ​រាជពិធី​បុណ្យអុំទូក ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​បំណង​អ្វី?

    នៅ​ថ្ងៃទី 02ដល់​ថ្ងៃទី04 ខែវិច្ឆិកា ខាងមុខឆាប់ៗនេះ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅតាម​ដង​ទន្លេសាប នា​មុខ​ព្រះបរមរាជវាំង។ ដើម្បី​ដឹងថា​តើ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី​នោះ គេហទំព័រ ឡា​រ៉ែ​ន បាន​ដកស្រង់​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន សម្រាប់​ចែកជូន​មិត្ត​អាន​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម៖

    ឯកសារ​ប្រវត្តិសាស្ត្រ​នានា បាន​សរសេរដូចៗគ្នា​ថា ពិធី​នេះ​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​តាំងពី​សម័យបុរាណ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី7 ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​ខ្មែរ​ដែល​បាន​រំដោះទឹកដី​រួចផុត​ពី​ការជិះជាន់​របស់​ខ្មាំងសត្រូវ (កងទ័ព​ចាម)។ ពិធី​នេះ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​នាំគ្នា​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ​និង​ទូក​ចែវ​បុរស-នារី បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​ផងដែរ។

    ក្នុងឱកាស​នោះគេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត ក្រុង មួយចំនួន​យក​ទូក​មក​ប្រណាំង​ដណ្ដើមយក​ជ័យជម្នះ​ឱ្យ​ខេត្ត​របស់ខ្លួន​ទៀតផង។ ឯកសារ​ប្រវត្តិសាស្ត្រ​បានឱ្យដឹងថា នៅ​អំឡុង​ឆ្នាំ1177 កងទ័ព​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ 4ឆ្នាំ ខណៈនោះ​ព្រះបាទ​ជ័យ​វធន(ជ័យ​វរ្ម័នទី7) បានធ្វើការ​បង្រួបបង្រួម​ជាតិ ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ប្រយុទ្ធប្រឆាំង​ចំពោះ​ទ័ព​ចាម​រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេស នៅ​ឆ្នាំ1181និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត។

    យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក​នានា បាន​បញ្ជាក់ថា ព្រះបាទ​ជ័យវរ្ម័ន​ទី7 បាន​ឡើង​គ្រង​រាជសម្បត្តិ​នៅ​រាជធានី​សោធ​បុ​រៈ និង​បានរៀបចំ​កសាង​ប្រទេសជាតិ​ឡើងវិញ ដូចជា​កសាង​ប្រាសាទ​សាលាសំណាក់ មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ​ពាសពេញ​ផ្ទៃ​ប្រទេស។ តាមរយៈ​ចម្លាក់​នៅ​ប្រាសាទបាយ័ន គេ​សង្កេតឃើញ​មាន​ប្រាង្គ​ប្រាសាទ​មុខ​បួន​បែរ​ទៅគ្រប់​ទិស ដែល​ធ្វើឱ្យ​អ្នកប្រាជ្ញ​ជាតិ-អន្តរជាតិ​មួយចំនួន​យល់ថា“ ប្រាសាទបាយ័ន ជា​វិមាន​ទេព​ក្នុង​រឿងព្រេង​និទាន​មាន​លក្ខណៈ​អច្ឆរិយ​ខ្លាំងណាស់។ នៅតាម​ជញ្ជាំង​នៃ​ប្រាសាទ មាន​ចម្លាក់​ទាក់ទង​ទៅនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ទំនៀមទម្លាប់​ប្រពៃណី សាសនា សិល្បៈ កីឡា ពិសេស​ការធ្វើ​សឹកសង្គ្រាម​ជាមួយ​កងទ័ព​ចាម ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី7 ទទួលបាន​ជ័យជម្នះ​យ៉ាង​ធំធេង​តាមរយៈ​ចម្បាំង​កងទ័ពជើងទឹក។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ចម្បាំង​កងទ័ពជើងទឹក ដែល​ត្រូវបាន​គេ​ឆ្លា​ក់ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​គួរឱ្យ​ចង់​គយគន់​ខ្លាំងណាស់។ ចម្លាក់​នៃ​កងទ័ពជើងទឹក​នេះ​ត្រូវបាន​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចងចាំ​ពី​គុណបំណាច់​របស់​បុព្វបុរស​ខ្លួន​ដែល​បាន​រំដោះទឹកដី​ឱ្យ​រួច​ពី​ការត្រួតត្រា​របស់​ខ្មាំងសត្រូវ ហើយ​នាំគ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​ដើម្បី​រម្លឹក​គុណបំណាច់​ដ៏​ថ្លៃថ្លា​នេះ​ជា​រៀងរាល់ឆ្នាំ រហូតមកទល់​សព្វថ្ងៃ។ ពិធី​នេះ​មាន​តាំងពី​សម័យ​មហា​អង្គរ​រហូតមក ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យអុំទូក ដើម្បី​ធ្វើការ​ប្រឡង​ប្រណាំងទូក​គ្រប់​ប្រភេទ ទាំង​បុរស និង​ស្ត្រី ដែល​មកពី​គ្រប់​ខេត្ត​ក្រុង។

    ចំណែក​បងប្អូន ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ឈាមជ័រ​ដូចគ្នា ទោះបីជា​សព្វថ្ងៃនេះ​បាន​ឃ្លាតឆ្ងាយ​ពី​យើង ហើយ​រស់នៅ​ក្រោម​ការត្រួត​ត្រា​របស់​ប្រទេស​វៀតណាម យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នៅតែ​រក្សាបាន​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដដែល ដោយ​គេ​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​ឡើយ។ ជា​រៀងរាល់ឆ្នាំ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ខេត្ត​ឃ្លាំង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​របស់​កងទ័ព​ខ្មែរ​នា​សម័យ​មហានគរ ដែល​ដណ្ដើម​ជ័យជម្នះ​ពី​ទ័ព​ចាម ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី7ហើយ​រៀបចំ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​រុងរឿង​ដល់​កម្រិត​កំពូល។

    តាម​ឯកសារ​ស្រាវជ្រាវ​ជ្វ្រា​វ​តន្ត្រី និង​ជីវិត​របស់​អ្នកស្រី កែវ ណា​រុំ បាន​បញ្ជាក់ថា ស្ដេច​ក្រាញ់ នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់​បានរៀបចំ​កងទ័ព​ជា3ក្រុម ដើម្បី​ការពារ​ភូមិសាស្ត្រ​របស់ខ្លួន គឺ​ទី1.ទ័ពស្រួច​ហាត់​ច្បាំង​នឹង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​សព្វថ្ងៃ ទី2.ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​មាន​ទ្រង់ទ្រាយ​ដូច​ទូក​សព្វថ្ងៃ​ដែរ និង ទី3.ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​ចែវ​ក្ដោង​រាង​ស្រួច​ដំបូល​កាត់មុខ​ឥត​ជញ្ជាំង​សម្រាប់​ផ្ទុក​ស្បៀង​កងទ័ព។ របៀប​បង្ហាត់​ទូក​ចម្បាំង​នេះ ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម តែង​ឱ្យ​មន្ត្រី​នៅក្រោម​ឱវាទ​ធ្វើ​ការប្រឡង​ប្រណាំងទូក​នៅ​ថ្ងៃទី15កើត ខែកត្តិក ដោយ​ឱ្យ​កេណ្ឌ​ទាហានជើងគោក និង​ជើង​ទឹក​មក​ធ្វើការ​សមយុទ្ធ​ជា​រៀងរាល់ឆ្នាំ រយៈពេល​មួយ​យប់​មួយថ្ងៃ និង​បាន​ក្លាយជា​ទំនៀមទម្លាប់​ដ៏​មាន​សារសំខាន់​សម្រាប់​ជនជាតិខ្មែរ។

    ក្នុង​ពិធី​នេះ​មានការ​លយប្រទីប​ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្មរ​បរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ។ នៅពេល​យប់ តាម​ក្រសួង​ស្ថាប័ននីមួយៗមាន​បណ្ដែតប្រទីប​លម្អ​ទៅដោយ​ភ្លើង​ចម្រុះ​ពណ៌ គួរ​ជាទី​គយគន់ និង​បាញ់​កាំជ្រួច​ព្រោងព្រាត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ បញ្ចេញ​នូវ​ស្នាមញញឹម​គ្រប់គ្នា។ ចំណែកឯ​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង​ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ  ដែល​យកកំណើត​ជា​ទន្សាយ​បាន​លះបង់​អាយុសង្ខារ​ក្នុងការ​បំពេញ​បារមី​ទាន​ដល់​ឥន្ទ្រ​ព្រាហ្មណ៍។ ការគិត​របស់​ព្រះ​ពោធិសត្វ នេះ​បាន​ក្ដៅ​ដល់​ឥន្ទ្រ​ព្រាហ្មណ៍ ហើយ​ព្រះអង្គ​បាន​និយាយថា“ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន​ធ្វើ​ម្ដេចនឹងបាន​អាហារ​បរិភោគ។ ពេលនោះ​ទន្សាយ​ពោធិសត្វ បាន​ពោលថា“ខ្ញុំ​មានតែ​សាច់ និង​ឈាម​ត្រូវ​ការឱ្យ​ជា​ទាន បើ​អ្នក​ចង់បាន​ចូរ​រក​អុស​មក​បង្កាត់ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឱ្យ​បានជា​អាហារ​បរិភោគ។ ឥន្ទ្រ​ព្រាហ្មណ៍​គ្រាន់តែ​ឮដូច្នេះ ក៏​ទៅ​បង្កាត់ភ្លើង ចំណែក​ទន្សាយ​ក៏​លោត​ចូល​ភ្លើង​ភ្លាម​ប៉ុន្តែ​ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិនឱ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ។ ឃើញ​ដូច្នេះ​ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ឋាន​លើ យក​ថ្មកែវ​មនោសិលា​គូស​រូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ ជាប់​តាំងពី​នោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ15កើត។ ចំណែក​អ្នកស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ​ជា​រៀងរាល់ឆ្នាំ​ក្រុង និង​ខេត្ត​បានចូលរួម​នៅក្នុង​មហោស្រព​នេះ ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ដ៏​ធំ​បំផុត​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ដោយ​មានការ​ប្រណាំងទូក​តាម​ដង​ទន្លេសាប។ ម្យ៉ាងទៀត​ពិធី​នេះ​ក៏​ជាការ​រម្លឹក​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​វស្សា​របស់​ប្រទេស​កម្ពុជា​ផងដែរ។

    កម្មវិធី​នេះ​រួមបញ្ចូល​ទាំង​ការប្រណាំង​ទូក និង​ការប្រគំ​តន្ត្រី​ដែល​អាច​ទាក់ទាញ​មនុស្ស​ជាច្រើន​លាន​នាក់​ឱ្យមក​ចូលរួម​ជា​រៀងរាល់ឆ្នាំ៕

  • ធ្វើ​អ្វីដែល​អ្នកដទៃ​ខ្ជិល​ធ្វើ អាចឱ្យ​អ្នក​ជោគជ័យ​បាន

    ធ្វើ​អ្វីដែល​អ្នកដទៃ​ខ្ជិល​ធ្វើ អាចឱ្យ​អ្នក​ជោគជ័យ​បាន

    នៅក្នុង​ពិភព​ការងារ និង​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​នេះ គឺ​ទាមទារ​ឱ្យ​មនុ​ស្សមាន​វិធីសាស្ត្រប្លែកៗពីគ្នា​ដើម្បី​ជម្នះ​ឧបសគ្គ ហើយ​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​ការងារ អាជីវកម្ម និង​ជីវិត​ខ្លួនឯង។ ក្នុងចំណោម​វិធីសាស្ត្រសំខាន់ៗទាំងអស់នោះ ការធ្វើការងារ​ដែល​គ្រប់គ្នា​មិន​ចង់​ធ្វើ ឬ​ការធ្វើ​អ្វីដែល​ខុសពី​គេ អាចជា​ជម្រើស​ល្អ​មួយ​ដែល​អាច​ជំរុញ​ឱ្យ​មនុស្ស​ណា​ម្នាក់​លេចធ្លោ​ឡើង​បាន។

    លោក សេង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន Anussa Event Planer បានលើកឡើង​ក្នុង​កម្មវិធី Ignite Phnom Penh ថា នៅលើ​លោក​យើង​នេះ​គ្មានអ្វី​បានមក​ដោយ​ឥតគិតថ្លៃ​នោះទេ តែ​ដើម្បី​ចង់បាន​ទ្រព្យសម្បត្តិ ឬ​របស់​ណាមួយ យើង​ត្រូវមាន​អ្វីមួយ​ទៅ​ប្តូរ។ អ្វី​គ្រប់យ៉ាង​គឺ​ស្ថិតក្នុង​ប្រព័ន្ធ​នៃ​ការបង់ថ្លៃ ដើម្បី​ទទួលបាន​ចំណូល យើង​ត្រូវតែមាន​អាជីវកម្ម ឬ​សមត្ថភាព​ការងារ​ដើម្បី​ទៅ​ទាញយក​ចំណូល​ទាំងអស់នោះ។ ដើម្បី​ទទួលបាន​កិត្តិយស និង​ការឱ្យ​តម្លៃ លុះត្រាតែ​យើង​មាន​សមត្ថភាព​ដើម្បី​បង្កើត​រឿង​ដែល​គួរឱ្យ​គោរព ហើយ​គន្លឹះ​ដែល​អាចធ្វើឱ្យ​យើង​ទទួលបាន​ជោគជ័យ គឺត្រូវធ្វើ​ខ្លួន​ជាម​នុស្ស​សំខាន់ និង​មានតម្លៃ​គ្រប់គ្រាន់​ដើម្បី​ទៅរក​របស់​ទាំងអស់នោះ​មក។

    លោក សេង ពិសិដ្ឋ បាន​និយាយថា៖ «មនុស្ស​ទាំងអស់គ្នា​នឹង​ក្លាយជា​មនុស្ស​សំខាន់ ជាម​នុស្ស​ដែល​អាចធ្វើ​ការងារ​ដែល​លំបាក ធ្វើការ​ងារ​ដែល​គ្រប់គ្នា​មិន​ចង់​ធ្វើ ឬ​ការងារ​ដែល​គេ​ខ្ជិល​នឹងធ្វើ ព្រោះថា នៅពេលដែល​យើង​អាចធ្វើ​ការងារ​ទាំងអស់​នោះបាន យើង​នឹង​ក្លាយជា​មនុស្ស​ដែលមាន​សមិទ្ធផល​ប្លែក ហើយ​គេ​មិនអាច​ខ្វះ​យើង​បាន»។

    លោក ពិសិដ្ឋ បានលើកឡើង​ផងដែរ​ថា បើសិនជា​មនុស្ស​គ្រប់គ្នា​អាចធ្វើ​រឿង​លំបាក​បាន មនុស្ស​ទាំងនោះ​សុទ្ធតែ​ជោគជ័យ​ហើយ តែ​ជាទូទៅ​មនុស្ស 70% ទៅ80% មិន​ចង់​ធ្វើ​រឿង​ដែលលំបាកៗនោះទេ។ ហេតុផល​នេះហើយ​ដែល​មនុស្ស​មួយចំនួន​តូច​ដែល​ហ៊ាន មាន​សមត្ថភាព​លើសគេ អាចធ្វើ​រឿងលំបាកៗដែល​គ្រប់គ្នា​មិន​ចង់​ធ្វើ​គឺ តែងតែ​ជោគជ័យ និង​មានការ​រីកចម្រើន។

    លោក ឈន ឈុន​ដា​រ៉ា ម្ចាស់​ហាង​កាហ្វេ Koi និង Tube Café បាន​និយាយថា ការតស៊ូ​គឺជា​រឿង​សំខាន់បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា ជាពិសេស​យុវជន។ ការតស៊ូ និង​ធ្វើ​រឿង​ទាំងឡាយណា​ដែល​មនុស្ស​គ្រប់គ្នា​គិតថា​លំបាក ការទទួលស្គាល់​ការពិត និង​បន្ត​អភិវឌ្ឍ ជា​ចំណុច​ដែល​អាចធ្វើឱ្យ​ពួកគេ​ស្គាល់​ជីវិត​ពិត និង​ពុះពារ​គ្រប់បែបយ៉ាង​ក្នុង​ការងារ ដែល​ចំណុច​នេះ​ក៏​អាច​រុញច្រាន​ឱ្យ​អាជីវកម្ម​មួយ​ទទួលបាន​ជោគជ័យ​ផងដែរ។

    លោក ឈន ឈុន​ដា​រ៉ា បានលើកឡើង​ផងដែរ​ថា ការធ្វើការងារ ឬ​អាជីវកម្ម​មួយ​អាចធ្វើ​ទៅបាន​ដោយ​រលូន​លុះត្រាតែ​បុគ្គល​នោះ​ឆ្លងកាត់​ដំណាក់កាលលំបាកៗ និង​ឧបសគ្គ​ជាច្រើន ហើយ​មានពេលខ្លះ​បញ្ហា​អាច​នឹង​កើតឡើងភ្លាមៗហួស​ពី​ការ​នឹកស្មាន​ទៀតផង។ យុវជន​គួរ​សាកល្បង​ស្វែងរក​ចំណុច​ណា​ដែល​គិតថា មិនទាន់មាន​អ្នកណា​ធ្វើ ឬ​អ្នកដទៃ​មិន​ហ៊ាន​ធ្វើ តែ​អាចធ្វើឱ្យ​យើង និង​ស្ថាប័ន​ទទួលបាន​ផល​ល្អ គួរតែ​សាកល្បង​អនុវត្ត នោះ​យើង​អាចនឹងទទួល​បាន​នូវ​លទ្ធផល​ល្អ​ហួស​ពី​ការ​ស្មាន​ក៏​អាច​ថា​បានដែរ៕

  •  សិង្ហ​បុរី​ តាំង​គោលដៅ​បន្ថយ​បរិមាណ​រថយន្ត ជំរុញ​សេវា​ដឹកជញ្ជូន​សាធារណៈ

     សិង្ហ​បុរី​ តាំង​គោលដៅ​បន្ថយ​បរិមាណ​រថយន្ត ជំរុញ​សេវា​ដឹកជញ្ជូន​សាធារណៈ

    រដ្ឋាភិបាល​នៃ​ប្រទេស សិង្ហ​បុរី កំពុង​រៀប​ផែនការ​កាត់បន្ថយ​ការកើនឡើង​នៃ​ចំនួន​រថយន្ត​ផ្ទាល់ខ្លួន ដោយ​រដ្ឋាភិបាល​នេះ​នឹង​វិនិយោគទុន​សាង​សេវា​ដឹកជញ្ជូន​សាធារណៈ​ឡើងមក​ដើម្បី​បម្រើ​ការជំនួស​វិញ​ម្ដង​ក្នុង​រយៈពេល 5 ឆ្នាំ​ខាងមុខ។

    ទោះ​ប្រទេស​សាំង​ហ្កា​ពួរ​ជា​ប្រទេស​តូច​មួយ​ក៏ដោយ តែ​ក៏​ជា​ប្រទេស​ដែលមាន​ភាពរឹងមាំ​ខាង​សេដ្ឋកិច្ច​ខ្លាំង​បំផុត និង​មនុស្សម្នា​ចំនួន​ដ៏​ច្រើន​មាន​រថយន្ត​ប្រើប្រាស់​ផ្ទាល់ខ្លួន ទើប​ធ្វើឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​សម្រេចចិត្ត​ក្នុងការ​បញ្ឈប់​ការកើនឡើង​នៃ​ការប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន និង​ទោចក្រយានយន្ត ដែល​កាលពីមុន​កើនឡើង​ក្នុង​មួយឆ្នាំ 0.25% ឱ្យ​នៅសល់​ត្រឹមតែ 0% ដោយ​ចំណាត់ការ​នេះ​នឹង​ចាប់ផ្ដើម​ប្រកាស​ឱ្យប្រើ​នៅ​ខែកុម្ភៈ ដើមឆ្នាំ 2018។

    ប្រទេស សិង្ហ​បុរី មាន​ដែន​កំណត់​ខាង​ផ្ទៃដី ដូច្នេះហើយ​ចាំបាច់​ត្រូវតែមាន​ចំណាត់​ការកំណត់​ការកើនឡើង​របស់​យាន​យន្ត​ឯកជន។

    ទាំងអស់នេះ​រដ្ឋាភិបាល​សិង្ហ​បុរី​បាន​ត្រៀម​ដំណោះស្រាយ​ទុក​រួចជាស្រេច​ហើយ សម្រាប់​ការកំណត់​បរិមាណ​ការ​ប្រើប្រាស់​រថយន្ត និង​រថយន្ត​ផ្ទាល់ខ្លួនផ្សេងៗនៅក្នុង​ប្រទេស ដោយ​ការវិនិយោគ​ទឹកប្រាក់ 28 ពាន់​លាន​ដុល្លារ​សាំង​ហ្គា​ពួរ ដើម្បី​កសាង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ប្រភេទ​ផ្លូវដែក និង​រថយន្តក្រុង​ក្នុងអំឡុងពេល 5 ឆ្នាំ​ខាងមុខ។

    ដោយ​ចំណាត់​ការកំណត់​ចំនួន​រថយន្ត និង​ទោចក្រយានយន្ត​របស់រ​ដ្ឋា​ភិ​បាល​សិង្ហ​បុរី​នេះ មិនបាន​មាន​គោលដៅ​កាត់បន្ថយ​ចំនួន​បណ្ណ​អនុញ្ញាត​គ្រប់គ្រង​យានយន្ត (កាត​គ្រី) នោះទេ តែ​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ភាព​ចង់​ធ្វើជា​ម្ចាស់​រថយន្ត​ឱ្យ​ថយចុះ ហើយ​ងាក​ទៅប្រើ​ប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​ជំនួស​វិញ។

    សម្រាប់​ប្រទេស​សាំង​ហ្គា​ពួរ ជា​ប្រទេស​ដែលមាន​របៀបការ​គ្រប់គ្រង​រថយន្ត​ដ៏​ស្មុគស្មាញ​មិនធម្មតា​ឡើយ ដោយសារតែ​អ្នក​ដែលជា​ម្ចាស់​រថយន្ត​ផ្ទាល់ខ្លួន​ត្រូវមាន​លិខិតអនុញ្ញាត​ការធ្វើជា​ម្ចាស់​រថយន្ត ដែល​អាច​បានមកពី​ការដេញថ្លៃ​ដែល​ហៅថា Certificates of Entitlement និង​មាន​សិទ្ធិ​គ្រប់គ្រង​ត្រឹមតែ 10 ឆ្នាំ​ប៉ុណ្ណោះ។ នៅពេល​គ្រប់​កំណត់ពេល ត្រូវតែ​កម្ទេចចោល នាំចេញ ឬ​បន្ត​អាយុ​លិខិតអនុញ្ញាត​ជាបុគ្គល។

    យ៉ាងណាក៏ដោយ ផែនការ​ដែល​បាន​ត្រៀម​ទុក​របស់​ប្រទេស​សិង្ហ​បុរី​នេះ​អាចមាន​ការផ្លាស់ប្ដូរ​បា​ន ដែល​នឹងមាន​ការសើរើ​ពិនិត្យឡើងវិញ​នូវ​ចំណាត់ការ​នេះ​ម្ដងទៀត​នៅ​ឆ្នាំ 2020៕

    ប្រភព Bloomberg

    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • តើ​ធ្វើ​បែបណា​ទើប​មាន​សុខភាព​មាត់​ធ្មេញ អញ្ចាញ និង​អណ្ដាត​ល្អ?

    តើ​ធ្វើ​បែបណា​ទើប​មាន​សុខភាព​មាត់​ធ្មេញ អញ្ចាញ និង​អណ្ដាត​ល្អ?

    អញ្ចាញធ្មេញ​មាន​អាការ​ឈឺចាប់ ឬ​ឈាម​ហូរ​ចេញមកក្រៅ​នៅពេលដែល​កំពុង​ដុសធ្មេញ ឬ​ខាត់​សម្អាត​ធ្មេញ និង​មាន​បញ្ហា​រឿង​ក្លិន​មាត់​គ្រប់ពេលវេលា ដូច្នេះ​អ្នក​គួរតែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​ទន្ដពេទ្យពោលគឺ​អាការ​ទាំងអស់នេះ គឺជា​សញ្ញា​ប្រាប់​អំពី​បញ្ហា​ប៉ះពាល់​ង​អាក្រក់​បំផុត​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ហើយ។

    ទន្ដពេទ្យ ឬ​អ្នកជំនាញ​ខាង​សុខភាព​មាត់​ធ្មេញ​អាច​ផ្ដល់យោបល់ និង​ផ្តល់​ពាក្យ​ណែនាំ​ទាក់ទង​ទៅនឹង​ការព្យាបាល​សុខភាព​មាត់​ធ្មេញដើម្បី​ព្យាបាល​ឱ្យមាន​សុខភាព​ល្អ និង​មិនមានអារម្មណ៍​ភ័យខ្លាច​ចំពោះ​ក្លិន​មាត់​គ្រប់ពេលវេលាជាពិសេស​វិធីសាស្រ្តល្អៗនៅ​អំឡុងពេល​ដុសធ្មេញ និង​ខាត់​សម្អាត​ធ្មេញ។

    តើ​ធ្វើ​បែបណា​ទើប​មាត់​ធ្មេញ អញ្ចាញ និង​អណ្ដាត​មាន​សុខ​ភាពល្អ?

    ការព្យាបាល​សុខភាព​មាត់ និង​ធ្មេញ​ ដែល​ល្អ ជា​រឿង​សំខាន់បំផុត​ដែល​ត្រូវ​គិតគូ​សម្រាប់​ធ្មេញ និង​អញ្ចាញធ្មេញ​របស់​អ្នក ហើយ​ធ្មេញ​ដែល​រឹងមាំ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នក​មើលទៅ​ស្រស់-ស្អាត​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ឱ្យ​អ្នក​ទទួលទាន​អាហារ​បាន​ងាយស្រួល និង​ជួយ​ឱ្យ​អ្នកមាន​ទំនាក់ទំនង​សន្ទនា​គ្នា​បាន​យ៉ាង​មាន​សេចក្ដីសុខ ដោយ​មិន​ភ័យខ្លាច ឬ​ព្រួយបារម្ភ​ថា​នឹងមាន​ក្លិន​មិនល្អ​ភាយ​ចេញមក​នោះទេ។ ដូច្នេះហើយ​ទើបបានជា​សុខភាព​មាត់​ធ្មេញ​ល្អ ហុច​ផល​ល្អ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកជា​ខ្លាំង។

    ការថែរក្សា​ធ្មេញ អញ្ចាញធ្មេញ ជាប្រចាំ​ថ្ងៃ គឺជា​ការ​ដុសធ្មេញ​ឱ្យ​ត្រឹមត្រូវ​តាម​វិធី​ណែនាំ​របស់​ទន្ដពេទ្យ នោះ​នឹង​អាច​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​បាន​យ៉ាង​ល្អ និង​មិន​បណ្ដាលឱ្យ​អ្នក​ឈឺធ្មេញ ចៀស​ផុតពី​ក្ដីកង្វល់​នៅក្នុង​ចិត្ត​យ៉ាងពិត​ប្រាកដ។ ដូច្នេះហើយ​បានជា​ទន្ដពេទ្យ​បាន​ណែនាំ​ប្រាប់​ប្រិយមិត្ត​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន ទាំងអស់​ឱ្យ​អនុវត្ត​ការសម្អាត និង​ការរក្សា​សុខភាព​មាត់​ធ្មេញ​ជាប្រចាំ​ថ្ងៃ​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ៖

    1 ដុសធ្មេញ​ថ្មមៗ មិន​សង្កត់​ខ្លាំង ដោយ​សម្អាត​គ្រប់​កន្លៀត​របស់​ធ្មេញ មួយថ្ងៃ​យ៉ាងហោចណាស់​ឱ្យបាន2ដង និង​ប្រើ​សរសៃអំបោះ​សម្អាត​ធ្មេញ​មួយថ្ងៃ មួយដង​គឺ​គ្រប់គ្រាន់​ហើយ។

    2 ការទទួល​ទាន​អាហារ​ដែលមាន​គុណប្រ-យោជន៍​សម្រាប់​ធ្មេញ​ឱ្យបាន​ច្រើន ជាង​អាហារ​ដែល​បណ្ដាលឱ្យ​ធ្មេញ​ពុកផុយ។

    3 ត្រូវ​ប្រើ​ថ្នាំដុសធ្មេញ​ដែលមាន​ការណែនាំ​ពី​គ្រូ​ពេទ្យធ្មេញ​ជំនាញ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់។

    4 ការប្រើប្រាស់​ទឹក​ថ្នាំ​ខ្ពុ​ល​មាត់ នៅពេលដែល​ទន្ដពេទ្យ​ណែនាំ​ឱ្យប្រើ​តែប៉ុណ្ណោះ កុំ​ប្រើ​តាមការគិត ឬ​មិនបាន​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ។

    5 ក្មេង​ក្រោម​អាយុ12ឆ្នាំ ត្រូវឱ្យ​ញ៉ាំ​ទឹក​ដែលមាន​សារធាតុ​ផ្ល័​រ​អឺ​រ៉ៃ និង​អាហារ​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ឱ្យសុខភាព​មាត់​ធ្មេញ​ល្អ៕

  • ប្រញាប់​ឡើង តិច​ក​ម្ម៉​ង់​អត់​ទាន់​ស្តុក​ទី២ HUAWEI nova 2i តម្លៃ​ត្រឹម $ 329 ថែម​កាដូ​ច្រើន​អស់ទាស់​ហ្មង…!

    ប្រញាប់​ឡើង តិច​ក​ម្ម៉​ង់​អត់​ទាន់​ស្តុក​ទី២ HUAWEI nova 2i តម្លៃ​ត្រឹម $ 329 ថែម​កាដូ​ច្រើន​អស់ទាស់​ហ្មង…!

    គិត​មកទល់​ចុងខែ​តុលា​ឆ្នាំ2017 ស្តុក​ទី2 HUAWEI nova 2i ត្រូវបាន​កក់​ទុក​មុន​ជាង 90% ហើយ​នៅសល់តែ 10% ទៀត​តែប៉ុណ្ណោះ​សម្រាប់​អតិថិជន​ចុងក្រោយ។ អាស្រ័យហេតុនេះ រាល់​អតិថិជន ដែល​ពុំទាន់​បានធ្វើការ ក​ម្ម៉​ង់​ទុក​មុន សូម​អញ្ជើញ​រួសរាន់​ឡើង ទៅកាន់​សាខា​លក់​ទូរស័ព្ទ​ដែលមាន​បុគ្គលិក​លក់ រឺ​ស្លាក​សញ្ញា Huawei ដើម្បី​ទទួលបាន​តម្លៃ​ពិសេស​ត្រឹមតែ 329ដុល្លារ រួមជាមួយ​ការ​ថែម​កាដូ​ជាច្រើន​ទៀត។

    ថ្លែង​ក្នុង​ពិធី​ជួបជុំ មិត្ត​អ្នកសារព័ត៌មាន និង​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា​ភ្លោះ​មុខក្រោយ Huawei nova 2i កំពុងតែ​អ​ង្រូ​ន​បេះដូង​អ្នកប្រើប្រាស់ និង​ឆក់យក​ចំណែក ទីផ្សារ ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ប្រសើរ។ មកទល់ពេលនេះ សម្រាប់​ស្តុក​ទី2 យើង​ទទួល​បានការ​កក់​ទុក​មុន យ៉ាងច្រើន​លើសលុប​ហួស​ពី​ការរំពឹងទុក ជាង90% បើទោះបីជា Huawei nova 2i ពុំទាន់​បង្ហាញខ្លួន​ជា​ផ្លូវការ​ក៏ដោយ។ នេះ​ជាកា​ស្តែងចេញ​នូវ​ភាពខ្លាំង​របស់ ស្មា​ត​ហ្វូ​ន Huawei ទាំង​គុណភាព​ថតរូប​ស្អាត ច្បាស់​បែប​លក្ខណៈ​អាជីព កម្លាំង​ថ្ម​កាន់​បានយូរ ប្រើ​ហត់​តែ​មិន​អស់​ថ្ម កំដរ​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​លឿន តម្លៃ​ល្អ និង​រក្សា​នូវ​សន្តិសុខ​សុវត្ថិភាព​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់។

    អតិថិជន​ដែល​ខកខាន ក​ម្ម៉​ង់​ពុំទាន់​ស្តុក​ទី 1 របស់​ស្មា​ត​ហ្វូ​ន HUAWEI nova 2i អាច​រួសរាន់ ធ្វើការ​កក់​ទុក​មុន​សម្រាប់​ស្តុក​ទី 2 ឥលូវ​នេះ នៅតាម​បណ្តា​ហាង​ដែលមាន​បុគ្គលិក​លក់ រឺ ស្លាក​សញ្ញា Huawei  ដើម្បី​ទទួលបាន បទពិសោធន៍​ថ្មី បច្ចេកវិទ្យា​ថ្មី អ្វីដែល​ថ្មី អ្វីដែល​ប្លែក និង​លេចធ្លោរ​ជាង ស្អាត​ជាង ល្អ​ជាង ស្តើង​ជាង ស្រាល​ជាង ថតរូប​ច្បាស់​ជាង អេក្រង់​ច្បាស់​ជាង ថាមពល​ថ្ម​ប្រើ​បានយូរ​ជាង អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាង សេវា​ខ្លាំង​កប់​ជាង កាដូ​ក​ដ៏​កក្រើក​កប់​ច្រើនជាង តម្លៃ​ពិសេស​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ និង​ទទួលបាន​កាដូ​ដ៏​កក្រើក ធំៗ ថែម: (1) ដង​ថតរូប (Original Selfie Stick), (2) កាស​ធំ​ពាក់​ក្បាល សម្រាប់​ស្តាប់​តន្ត្រី (Original Big Head Ear Phone), (3) ក្រវិល​ទម្រ​ទូរ​សព្ទ (Phone Ring), (4) អាវយឺត​កាលី​ប (5) ស៊ីម​ស្មា​ត​មួយ និង​កពា្ច​ប់​ធំ​ម្ម៉​ង​រយៈពេល 12 សប្តាហ៍​ឥតគិតថ្លៃ។

    ភាព​លេខ​ធ្លោរ​របស់ Huawei nova 2i សរ​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់ ពី​របកគំហើញ​ថ្មី បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន Huawei ដែល​ភ្ជាប់​នូវ កាមេរ៉ា 4 (ភ្លោះ​មុខ ភ្លោះ​ក្រោយ) លើ​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​ប្រចាំឆ្នាំ 2017។ HUAWEI nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង អេក្រង់​ធំ ពេញចិត្ត ពេញភ្នែក ពេញ​គែម 5.9 អ៊ី​ញ (HUAWEI FullView Display) ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត ត​ន្រី្ត​ចម្រៀង យូ​ធូប បណ្តាញ​សង្គម និង​កម្សាន្ត​គ្មាន​ដែន​កំណត់ ពិសេស Live Facebook ឬ Video Calls ច្បា​ស់កប់ ពេញ​បេះដូង លង់​នឹង​រាង​ស្អាត ស្តើង គែម​ស្អាត ស្រាល ធន់​មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាមួយនឹង​សមត្ថភាព​កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP  ភ្ជាប់​ជាមួយនឹង Smart Selfie Toning Flash ឯកទេស​អ្នក Selfie មួយ​គ្មាន​ពីរ អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ី​វិ​ល័យ និង​រស់​រវើក។ ចំណែកឯ កាមេរ៉ា​ភ្លោះ ខាងក្រោយ​វិញ 16MP/2MP មាន​សមត្ថ​ភាពខ្លាំង អាច​ផ្តិត​យក​រូបភាព បែប​សិល្បៈ ស៊ី​វិ​ល័យ កម្រិត​ខ្ពស់ ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ស្រស់ស្អាត​ល្អ (bokeh) និង​ជួយ​បន្ថែម​ពន្លឺ សម្រាប់​ទីតាំង ដែលមាន ពន្លឺ​ខ្សោយ ដូច​កាមេរ៉ា​អាជីព។ HUAWEI nova 2i ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Octa-core Kirin 659, មាន រ៉េ​ម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android-7  ជាមួយនឹង​ថាមពល​ថ្ម​ធំ​មហិមា 3,340mAh ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ Best 4G LTE Smart Ever  ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី​អស្ចារ្យ កាន់តែ​លឿន និង អស់​កង្វល់​រឿង​អស់​ថ្ម ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម ។

    រាល់​អតិថិជន​ដែល​បានក​ម្ម៉​ង់​ទុក​មុន សម្រាប់​ស្តុក​ទី 2 នឹង​អាច​ទទួលបាន​កាដូ​យ៉ាងច្រើន សន្ធឹកសន្ធាប់ រួមទាំង ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី HUAWEI nova 2i កាមេរ៉ា 4 នៅ​ថ្ងៃទី ០5 ដល់ 10 វិច្ឆិកា។

    គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​កម្មវិធី​ជប់លៀង​បុណ្យ Halloween របស់​ក្រុមហ៊ុន Huawei កាលពី​រាត្រី​យប់មិញ​នេះ ក៏មាន​វត្តមាន​តារាល្បីៗជាច្រើន​ដួង​ចូលរួម​ផងដែរ​ដូចជា កញ្ញា ស៊ីន​យូ​ប៊ី​ន, កញ្ញា ចាន់ គ​ង្កា, សុ​ផា​លីន, កញ្ញា ភី​យ៉ា វ៉េ​កា, កញ្ញា មុន្នីរ​ត្ន័ ដែល​អ្នក​ទាំងនោះ​លាន់មាត់​សរសើរ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i គ្រប់គ្នា​ថា “រាង​ស្អាត អេង​ក្រង់​ពេញ​គែម ពេញភ្នែក ងាយស្រួល​កាន់ កាមេរ៉ា 4 ថតរូប​ស្អាត​កប់ នរណា​ដែល​មិន​ចង់បាន?  ប្រញាប់​ឡើង​ប្រយ័ត្ន​ក​ម្ម៉​ង់​អត់​ទាន់​គេ។

    HUAWEI nova 2i Video link:

    https://www.youtube.com/watch?v=O_xUWeUqQ4o&feature=youtu.be

    https://www.youtube.com/watch?v=wstAuSkfqLM&feature=youtu.be

    Giant PROMO Video link:

    https://youtu.be/GexwNYCVNgY

    សម្រាប់​ព័ត៌មាន​អំពី​ផលិតផល និង​ប្រូ​ម៉ូ​សិន​ថ្មី

    Huawei ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមធំៗ ថែម​ឥត​ល្ហែ ថែម​មួយ​កំ​ប្លេ​រ ថែម​មិន​សំចៃ តម្លៃ​កប់​ពេញចិត្ត​ស្តូក ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫ​កាដូ​អស់ពី​ស្តុក។ អតិថិជន នឹង​ទទួលបាន​កាដូភ្លាមៗ ច្រើន​កប់​ចិត្ត ដោយ​គ្រាន់តែ​ជាវ ស្មា​ត​ហ្វូ​ន ឬ​ថេ​ប្លេ​ត Huawei ម៉ូ​ដែល​ណាមួយ​ក៏បាន នៅតាម​ហាង​លក់​ទូរ​សព្ទ​នានា ដែលមាន​ភ្នាក់ងារ​បុគ្គលិក​លក់ ឬ​ស្លាក​សញ្ញា Huawei៕

  • លោកជំទាវ ជា សេរី “អ្នក​ជំពាក់​ប្រាក់​ធនាគារ​មិនមែនជា​អ្នកក្រ​ទេ”

    លោកជំទាវ ជា សេរី “អ្នក​ជំពាក់​ប្រាក់​ធនាគារ​មិនមែនជា​អ្នកក្រ​ទេ”

    ភ្នំពេញ៖ ក្នុង​ពិធី​គម្រប់​ខួប 5ឆ្នាំ នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) លោកជំទាវ ជា សេរី ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ការិយាល័យ​ឥណទាន​កម្ពុជា​បាន​មានប្រសាសន៍ថា អ្នក​ដែល​ជំពាក់​ប្រាក់​គេ​មិនមែនជា​អ្នកក្រ​ទេ។

    លោកជំទាវ​បាន​លើក​ជា​ឧទាហរណ៍​ថា នៅក្នុង​សកលលោក​នេះ អ្នក​ដែល​ជំពាក់​ប្រាក់​គេ​ដើម្បី​ទិញ​ផ្ទះ​គឺ​កើតមាន​ជាធម្មតា​ហើយ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍ ដូចជា​ប្រទេស​អង់គ្លេស​ជាដើម ពលរដ្ឋ​ភាគច្រើន​គឺ​ជំពាក់​ប្រាក់​គេ​ដើម្បី​ទិញ​ផ្ទះ មិនមែន​ទទួលបាន​កេរដំណែល​បន្ត​ពី​ឪពុកម្តាយ​ដូច​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ «សម្រាប់​ប្រទេស​កម្ពុជា​យើង មួយចំនួន​គឺមាន​ផ្ទះ​ដោយសារ​ឪពុកម្តាយ​ចែក​កេរ​ឱ្យ ប៉ុន្តែ​នៅ​ប្រទេស​គេ ប្រជាជន​ទូទៅ​គឺ​មិន​ទទួលបាន​កេរដំណែល​បន្ត​ពី​ឪពុកម្តាយ​ទេ ហើយ​ពូកគេ​ភាគច្រើន​ខ្ចីលុយ​ធនាគារ​ដើម្បី​យកទៅ​ទិញ​ផ្ទះ។

    លោកជំទាវ​សង្កត់ធ្ងន់ថា អ្នក​ជំពាក់​ប្រាក់​ធនាគារ​ដើម្បី​យកមក​រកស៊ី​គឺជា​រឿង​ល្អប្រសើរ កុំ​ឱ្យតែ​ជំពាក់​ប្រាក់​គេ​យកមក​ទិញ​ទូរស័ព្ទ ឬ​ឡាន​ទំនើប​បង្អួត​គេ។ ឧទាហរណ៍​ដូចជា​អ្នកលក់​ចេកអាំង ដំបូង​ខ្ចីលុយ​គេ​ទិញ​ចេក​មក​អាំង​លក់ លុះដល់​លក់យូៗទៅ ចំណេញ​ច្រើន​ខ្ចីលុយ​គេ​ថែម​យកមក​ទិញ​កង់​ទៅ​ដឹក​ចេក​ដល់​ចម្ការ ព្រោះ​ចំណេញ​ជាង​ទិញ​នៅ​ផ្សារ លុះ​ពេល​ទៅ​ដឹក​ដល់​ចម្ការ​ហើយ គាត់​យក​ចេក​មក​លក់​បន្ត ហើយ​អាំង​លក់ខ្លួន​ឯង​ទៀត ដូច្នេះ​គាត់​រឹតតែ​ចំណេញ ប៉ុន្តែ​ការខ្ចី​លុយ​ត្រូវ​ចៀស​ឱ្យបាន​ពី​ការទិញ​សម្ភារ​និយម។ ប្រយ័ត្ន​តែ​ឃើញ​គេ​កាន់​ទូរស័ព្ទ​ទំនើប ស្រាប់តែ​ទៅ​ខ្ចីលុយ​គេ​ទិញ​ទូរស័ព្ទ​ដែរ វា​មិនមែនជា​រឿង​ល្អ​នោះទេ។

    លោកជំទាវ​បញ្ជាក់​បន្ថែមថា ពេលខ្លះ​អ្នក​ដែល​មិនមាន​លុយ​ហើយ​មិនបាន​ខ្ចីប្រាក់​គេ ក៏​អាច បាត់​ឱកាស​ក្នុងការ​រកស៊ី​ប្រកប​អាជីវកម្មផ្សេងៗដែរ។ ហើយ​សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​ខ្ចី លុយ​គេ​ក៏ត្រូវ​មាន​ភាព​ទទួលខុស​ត្រូវ​ដែរ​ថា ខ្ចី​មក​ក្នុង​បំណង​អ្វី បំណង​រកស៊ី ឬក៏​ទិញ​សម្ភារ​ទូរស័ព្ទដៃ​ទំនើប ឬ​រថយន្ត​ទំនើប?៕

  • Roma លត់ Chelsea ចាស់ដៃ ខណៈ PSG និង Bayern ដឹក​ដៃ​គ្នា​ទៅ​វគ្គ16ក្រុម

    Roma លត់ Chelsea ចាស់ដៃ ខណៈ PSG និង Bayern ដឹក​ដៃ​គ្នា​ទៅ​វគ្គ16ក្រុម

    ខ្សែប្រយុទ្ធ​វ័យក្មេង Stephan El Shaarawy បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុម AS Roma បាន​លត់​ក្រុម Chelsea យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 3-០ ដើម្បី​ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ពូ​ល C ក្នុង​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ។

    ការប្រកួត​ជើង​ទី2នៅ​កីឡដ្ឋាន Stadio Olympico របស់​ក្រុម Roma ក្រោយពី​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 3-3 កាលពី2សប្តាហ៍​មុន​ក្នុង​ទីក្រុង​ឡុង​ដ៍ ពិតជា​មិនបាន​ផ្តល់​ការខកចិត្ត​ដល់​អ្នកគាំទ្រ​ចំនួន55០០០នាក់​ឡើយ ខណៈដែល​លោក Antonio Conte គ្រូបង្វឹក​របស់​ក្រុម Chelsea បាន​ជួប​ការខកចិត្ត​ក្នុងពេល​វិល​ទៅកាន់​ប្រទេស​អ៊ីតាលី​វិញ។ El Shaarawy បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ទាំង2គ្រាប់​របស់គេ​ក្នុង​តង់​ទី1 ដោយ​គ្រាប់​ទី1 បានកើត​ឡើង ក្រោយពី​បានចាប់ផ្តើម​លេង​ក្នុង​រយៈពេល​តិចជាង​មួយ​នាទី ហើយ​គ្រាប់​បាល់​ទី2 បានកើត​ឡើង​នៅ​រយៈពេល9នាទីចុងក្រោយ​នៃ​តង់​ទី1 ខណៈដែល​កីឡាករ​ប្រេ​ស៊ី​ល Diego Perotti បាន​បន្ថែម​គ្រាប់​បាល់​ទី3នៅ​នាទី​ទី63។ ស្របពេល​ជាមួយគ្នានេះ ខ្សែការពារ Layvin Kurzawa បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី3គ្រាប់​ដ៏​មិន​នឹកស្មាន​ដល់ ខណៈដែល​ក្រុម Paris Saint-Germain បាន​ឈានទៅ​ប្រកួត​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ 5-០ លើ​ក្រុម Anderlecht ស្រប​ពេលដែល​ក្រុម Bayern Munich ក៏បាន​កក់​កៅអី​ទៅ​វគ្គ​បន្ត​ផងដែរ។

    ក្រុម​យក្ស​របស់​បារាំង​មួយ​នេះ កំពុងតែ​នាំមុខ​លើ​កំពូល​តារាង ដោយមាន12ពិន្ទុ​ពេញ ខណៈដែល​ក្រុម​ជើង​ខ្លាំង​របស់​អាល្លឺម៉ង់ Bayern ក៏បាន​ឈានទៅ​វគ្គ​បន្ត​ជាមួយ​ពួកគេ​ផងដែរ ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ 2-1 នៅលើ​ទឹកដី​ក្រុម Celtic៕

    ប្រភពពី៖ Sport24