Author: វល័ក្ខ

  • កម្ពុជា​ទទួលបាន​អ្វីខ្លះ​ពី​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ

    កម្ពុជា​ទទួលបាន​អ្វីខ្លះ​ពី​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ

    ភ្នំពេញ –  ខណៈ​កម្ពុជា​បាននិងកំពុង​គាំទ្រ​យុទ្ធសាស្ដ្រ​នៃ​ប្រទេស​ចិន​ខ្សែក្រវាត់ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង (Xi Jinping) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏មាន​ការលើក​ជា​ចម្ងល់​ឡើង​ដែរ​ថា តើ​គោលនយោបាយ​នេះ​បានផ្ដល់​សារៈសំខាន់​អ្វីខ្លះ​ដល់​កម្ពុជា?

    ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) ឆ្នាំ2017ដែល​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​អាល្លឺម៉ង់-អូស្ត្រាលី សហការ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានលើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ច​ផ្ដួចផ្ដើម​ផ្លូវ និង គំនិត​ផ្ដួចផ្ដើម​នៃ​ការបង្កើត​ខ្សែក្រវាត់ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​នេះ ព្រោះ​វា​មិន​ត្រឹមតែ​នាំមក​នូវ​ឧត្ដមប្រយោជន៍​ជូន​ប្រទេស​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ តែ​នឹង​ក្លាយជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុង​ការជំរុញ​ការតភ្ជាប់ និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និង​ហិរញ្ញវត្ថុ ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ។តាមរយៈ​គំនិត​ផ្ដួចផ្ដើម​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចពង្រឹង​សហប្រតិបត្តិការ និង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម នៅ​ថ្ងៃទី15 ខែតុលា ឆ្នាំ2015 នៅ​ទីក្រុង​ប៉េកាំង។

    ពាណិជ្ជកម្ម​មួយចំនួន​ដែល​កម្ពុជា​ទទួលបាន​តា​មរយៈ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ និង​ខ្សែក្រវាត់​នេះ មាន​ដូចខាងក្រោម៖

    1) ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន China Huanneng Group របស់​ចិន​ជាមួយ​ក្រុមហ៊ុន Royal Group របស់​កម្ពុជា ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ​400MW នៅ​ទន្លេសេសាន​ក្រោម ដែល​នឹង​ក្លាយជា​រោងចក្រ​វា​រី​អគ្គិសនី​ធំជាងគេ​នៅ​កម្ពុជា ដោយមាន​ទុនវិនិយោគ​ប្រមាណ 900 លាន​ដុល្លារ​អាមេរិក។

    2) ការវិនិយោគ​ប្រមាណ 1,4 ប៊ី​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ​246MW នៅ​ស្ទឹង​តា​តៃ ដែល​នឹងមាន​សមត្ថភាព​ចែកចាយ​អគ្គិសនី​ចំនួន30 ភាគរយ​នៃ​អគ្គិសនី​ត្រូវការ​សរុប។

    3) វិនិយោគ​លើ​គម្រោង​ផ្លូវ​ចំនួន16 ខ្សែ​ក្រោម​តម្លៃ​សរុប1,6 ប៊ី​លាន​ដុល្លារ​អាមេរិក។

    4) វិនិយោគ​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នៅ​ទីក្រុង​សៀមរាប ដែលមាន​តម្លៃ880 លាន​ដុល្លារ​អាមេរិក។

    5) ចិន​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ប្រមាណ 300,000 តោន​ក្នុង​ឆ្នាំ2018

    យុទ្ធសាស្ដ្រ​ខ្សែក្រវាត់ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ (Road and Belt Initiative or One Belt One Road) ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង (Xi Jinping) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ឆ្នាំ២០១៣ ដែលមាន​គោលបំណង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម ដើម្បី​ត​ភ្ជាប់​ទ្វីបអាស៊ី ជាមួយ​អឺរ៉ុប និង​អាហ្វ្រិក តាមផ្លូវ​ពាណិជ្ជកម្ម​សូត្រ​ពី​ជំនាន់​មុន៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 98

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 98

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/11/LRPN_98-for-web.pdf” force_dl=”1″]

  • ស្រូវ​ក្រអូប​ចាប់ផ្តើម​ប្រមូល​ផល ជាមួយ​តម្លៃ​សមរម្យ​ក្នុងឆ្នាំនេះ

    ស្រូវ​ក្រអូប​ចាប់ផ្តើម​ប្រមូល​ផល ជាមួយ​តម្លៃ​សមរម្យ​ក្នុងឆ្នាំនេះ

    រដូវ​ប្រមូល​ផល​ស្រូវ​ផ្កាម្លិះ​ក្នុងឆ្នាំនេះ​បាន​ចូល​មកដល់​ជាមួយ​តម្លៃ​ស្រូវ​ខ្ពស់ជាង​ឆ្នាំមុន ស្របពេល​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​សន្ទុះ​វិជ្ជមាន ដោយ​កើនឡើង​ទាំង​តម្លៃ និង​បរិមាណ​ដែល​បង្កើតជា​ក្តីសង្ឃឹម​ថ្មី​មួយទៀត​សម្រាប់​ប្រជាកសិករ​ខ្មែរ។

    ម្ចាស់​រោង​ម៉ាស៊ីន​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ភាគ​ពាយព្យ​បាន​កត់សម្គាល់ថា ស្រូវ​ផ្កាម្លិះ​បានចាប់ផ្តើម​ជាមួយ​តម្លៃ​ប្រសើរ​ជាង​រដូវ​កាល​មុន ព្រោះ​តម្លៃ​ស្រូវ​សើម​បានចាប់ផ្តើម​ជិត1,200រៀល​ក្នុង1គីឡូក្រាម ខណៈ​រោង​ម៉ាស៊ីន​ជាច្រើន​បាន​ត្រៀមខ្លួន​ទិញស្រូវ​ផ្កាម្លិះ​សម្រាប់​កិន​កែច្នៃ ដើម្បី​បម្រើ​ដល់ទី​ផ្សារ​នាំចេញ និង​លក់​ចែកចាយ​ក្នុងស្រុក។

    នាយក​ក្រុមហ៊ុន​ថ្មគោល រ៉ា​យស៍ នៅ​ខេត្តបាត់ដំបង លោក ហេង ផេង បាន​ប្រាប់ទៀតថា ការប្រមូល​ផល​ស្រូវ​ផ្កាម្លិះ​នឹងមាន​ភាព​មមាញឹក​ខ្លាំង​នា​ពាក់កណ្តាល​ខែវិច្ឆិកា។ ការប្រមូល​ទិញស្រូវ​ផ្កាម្លិះ​ត្រូវបាន​គេ​ធ្វើឡើង​តាម​រូបភាព​ជាច្រើន ដោយ​ម្ចាស់​រោង​ម៉ាស៊ីន​ខ្លះ​ចុះទៅ​ទិញ​ដោយផ្ទាល់ ខ្លះ​ពឹង​ឈ្មួញកណ្តាល​ឱ្យ​ដឹក​មកដល់​រោង​ម៉ាស៊ីន ហើយ​ក៏មាន​កសិករ​ខ្លះ​ដឹក​មក​លក់​ដល់​រោង​ម៉ាស៊ីន​ដោយផ្ទាល់​ដែរ ដោយ​អ្នក​ដែលមាន​រថយន្ត​ដឹក​ដោយ​ខ្លួនឯង​អាចបង្កើត​ប្រាក់ចំណេញ​បាន​ច្រើនជាង​អ្នក​ដែល​ពឹង​ផ្អែកលើ​ឈ្មួញកណ្តាល។

    លោក ហេង ផេង បាន​អះអាងថា៖“អ្នកមាន​រថយន្ត​ដឹក​ខ្លួនឯង គេ​ងាយ​លុកលុយ​ទៅ​ទិញ​ដល់ទី​តាំង​ច្រកល្ហកផ្សេងៗ នៅពេល​ដែលមាន​អ្នក​ផ្តល់ដំណឹង។ បើ​គេ​ពឹង​ឈ្មួញកណ្តាល ឈ្មួញកណ្តាល​បាន​ចំណេញ​លើ​ការដឹកជញ្ជូន និង​ចំណេញ​លើ​ក្បាលកាក់​បន្ថែមទៀត។ លោក រុន ចាន់​ណ​យ ម្ចាស់​រោង​ម៉ាស៊ីន​នៅ​ខេត្តបន្ទាយមានជ័យ ក៏បាន​អះអាង​ពី​ការកើនឡើង​តម្លៃ​ស្រូវ​នៅក្នុង​ឆ្នាំនេះ​ផងដែរ។ ចំណែក លោក ហ៊ុល ខ្លែម ប្រធាន​សហគមន៍​កសិក​ម្ម សង្ហា​ផល នៅ​ខេត្តបាត់ដំបង បាន​និយាយថា នៅ​សហគមន៍​របស់លោក​មិនទាន់​ប្រមូល​ផល​ស្រូវ​ផ្កាម្លិះ​ទេ គឺ​រហូតដល់​ចុង​សប្តាហ៍​ទី1នៃ​ខែវិច្ឆិកា​ទើប​ការប្រមូល​ផល​ចាប់ផ្តើម។ តម្លៃ​ស្រូវ​ដែល​ចាប់ផ្តើម​ឡើង​ជាង1,000រៀល​ក្នុង1គីឡូក្រាម នេះ​គឺជា​តម្លៃ​ដែល​កសិករ​អាច​ទទួល​យកបាន។ លោក​បន្តថា តម្លៃ​ស្រូវ​ផ្កាម្លិះ ឬ​ផ្ការំដួល​នេះ បាន​ហក់​ឡើង​រហូតដល់ 1,500-1,600រៀល​ក្នុង1គីឡូក្រាម កាលពី​ប៉ុន្មាន​ឆ្នាំមុន តែ​ក្រោយ​មកវា​បាន​ធ្លាក់ចុះ​រហូត។

    លោក ហ៊ុន ខ្លែម បាន​ថ្លែងថា៖“ខ្ញុំ​ឆ្ងល់​ណាស់ កម្ពុជា​ឮថា​ខ្វះ​អង្ករ​សម្រាប់​នាំចេញ​រហូត តែ​ដល់ពេល​កសិករ​ប្រមូល​ផល បែរជា​តម្លៃ​ធ្លាក់ចុះ ហើយ​អ្នកខ្លះ​បង្អង់​មិន​ទិញ​ដោយ​រង់ចាំ​ឱ្យ​ស្រូវ​ធ្លាក់​គុណភាព​ទើប​នាំគ្នា​ទិញ។ ស្រូវ​នៅ​កម្ពុជា​យើង​តិច​ណាស់​ហេតុអ្វី​គេ​វាយតម្លៃ​តួលេខ​នេះ​មិនត្រូវ?។ តួលេខ​នាំចេញ​អង្ករ​បានបង្ហាញ​ពី​ការ​ងើបឡើង​ច្រើន​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល9ខែ​កន្លងទៅ​ដោយមាន​កំណើន​រហូត​ជិត17% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ការនាំចេញ​អង្ករ​រយៈពេល9ខែ​ឆ្នាំ2017 នេះ​មាន​បរិមាណ​ជាង42ម៉ឺន​តោន ខណៈ​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ត្រឹម​ជាង 36ម៉ឺន​តោន​ប៉ុណ្ណោះ៕

  • លោក Guardiola សរសើរ​ទម្រង់​លេង​របស់ Man City ក្រោយ​លត់ Arsenal ចាស់ដៃ

    លោក Guardiola សរសើរ​ទម្រង់​លេង​របស់ Man City ក្រោយ​លត់ Arsenal ចាស់ដៃ

    លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester City បាន​កោតសរសើរ​ចំពោះ​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ក្រុម​លោក ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម Arsenal យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 3-1 កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្កើន​ការនាំ​មុខ​របស់​ពួកគេ​រហូតដល់​ទៅ8ពិន្ទុ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League។

    Man City បាន​កត់ត្រា​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក 9លើកជាប់ៗគ្នា ដែលជា​កំណត់ត្រា​មួយ​សម្រាប់​រដូវ​កាល​តែមួយ ខណៈដែល​ពួកគេ​ក៏បាន​ឈានទៅ​ប្រកួត​ក្នុង​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League និង​ឈានទៅ​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ពាន Carabao Cup ផងដែរ។ លោក Guardiola បាន​បញ្ជាក់ថា៖ «យើង​មិនអាច​បដិសេធ​បានឡើយ​ថា រយៈពេល2ខែ​ចុង​ក្រោយនេះ ពិតជា​អស្ចារ្យ​ណាស់។ យើង​បានដឹង​ពី​សារៈសំខាន់​នៃ​ការប្រកួត​នេះ ហើយ​យើង​បាន​ត្រៀមលក្ខណៈ​យ៉ាង​ល្អ។ កីឡាករ​ទាំងអស់​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​អស្ចារ្យ»។

    ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Kevin de Bruyne និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់ Sergio Aguero បាន​ជួយ​ឲ្យ​ក្រុម Man City គ្រប់គ្រង​ទាំងស្រុង ហើយ​បើទោះបី​ខ្សែប្រយុទ្ធ​បម្រុង Alexandre Lacazette បាន​វាយបក1គ្រាប់​វិញ​សម្រាប់​ក្រុម Arsenal ក៏ដោយ ប៉ុន្តែ Gabriel Jesus បាន​បំពេញ​ជ័យជម្នះ​របស់​ក្រុម​ខ្លួន​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ។ Arsenal បាន​សម្តែង​នូវ​ការតវ៉ា​យ៉ាងខ្លាំង​ចំពោះ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ហើយ​ទាំង Jesus និង David Silva ហាក់​បាន​ស្ថិតក្នុង​ជំហរ Offside ក្នុងពេល​រក​គ្រាប់​បាល់​ទី3 ប៉ុន្តែ ក្រុម​ភ្ញៀវ ក៏​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ល្អ​ឡើយ។ លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal បាន​ឲ្យ​ដឹងថា៖ «វា​ពិតជា​មិន​សំណាង​ឡើយ​ដែល​ការប្រកួត​នេះ​បានបញ្ចប់​បែបនេះ។ អ្នក​អាច​ទទួលយកបាន​ប្រសិនបើ Man City ឈ្នះ​ដោយ​ភាពត្រឹមត្រូវ ប៉ុន្តែ នេះ​គឺជា​រឿង​មិនអាច​ទទួលយក​បានឡើយ»៕

    ប្រភពពី៖ BBC

  • ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    វា​ជា​រឿង​មួយ​សំណាង​ណាស់ ប្រសិនបើ​ស្បែក​របស់​អ្នក​មិនដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​បន្ទាប់ពី​កើតមុន​រួច ប៉ុន្តែ​សំណាង​នេះ​មិន​កើតមាន​ចំពោះ​មនុស្ស​ស្រី​ភាគច្រើន​នោះទេ ហេតុដូច្នេះ​ហើយ​បានជា​ពួកគាត់​តែងតែ​ខិតខំ​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​កុំឱ្យ​កើតមុន ក៏ដូចជា​ខិតខំ​ប្រើប្រាស់​ផលិតផល​ជាច្រើន​ប្រភេទ​ទាំង​ផលិតផល​បែប​ធម្មជាតិ និង​លាយ​ជាតិគីមី ដើម្បី​បំបាត់ចោល​នូវ​រាល់​ស្លាកស្នាម​ដែល​នឹង​កើតមានឡើង​បន្ទាប់ពី​កើតមុន​រួច។

    ស្លាកស្នាម​អាច​កើតមាន​នៅលើ​ស្បែក ដោយសារតែ​វា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង ឬ​អាច​បណ្តាលមកពី​ការព្យាបាល​ដែល​មិន​ត្រឹមត្រូវ រហូត​បណ្តាលឱ្យ​ក្លាយជា​ស្លាកស្នាម។ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​នេះ​បណ្តាលមកពី​ការបំផ្លាញ​នៃ​ស្រទាប់​ស្បែក។

    ស្នាម​ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ជាទូទៅ​តែងតែ​កើតមាន​នៅលើ​មុខ ខ្នង ស្មា និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ។ ស្នាម​ទាំងនេះ​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​គឺ ស្នាមសើៗលើ​ស្បែក​និង​ស្នាម​ដែល​ចូល​ជ្រៅ​ទៅក្នុង​សាច់។ ស្នាមសើៗនៅលើ​ស្បែក​ជា​ស្នាមតូចៗដែល​អាចមើលឃើញ​តាមរយៈ​ការឆ្លុះ​កញ្ចក់​ពិនិត្យមើល ហើយ​ការព្យាបាល​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ស្នាម​ជ្រៅ​វិញ​នោះ(ស្នាម​ធំ​ខូង​ជ្រៅ​ទៅក្នុង​ស្បែក) វា​មានការ​ពិបាក​ក្នុងការ​ព្យាបាល ឬ​អាច​នឹង​ព្យាបាល​មិន​បាត់​តែម្តង ប្រសិនបើ​អ្នក​មិន​រួសរាន់​ក្នុងការ​ព្យាបាល​វា​ទេនោះ។

    ការព្យាបាល​តាមបែប​គីមី ៖ ការព្យាបាល​បែបនេះ​ភាគច្រើន​ត្រូវបាន​យកមកអនុវត្ត​សម្រាប់​អ្នក​ដែលមាន​ស្នាម​ជ្រៅ (ទទួលបាន​លទ្ធផល​ល្អ​ច្រើន) ហើយ​រយៈពេល​នៃ​ការព្យាបាល​គឺ​អាស្រ័យ​លើ​ទំហំ និង​ជម្រៅ​នៃ​ស្លាកស្នាម។ ប្រសិនបើ​អ្នក​ចង់​ទទួល​ការព្យាបាល​តាមបែប​គីមីដែរនោះ អ្នក​គួរតែ​ស្វែងរក​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ទើប​ជាការ​ប្រសើរ។

    ការព្យាបាល​ដោយ​ឡាស៊ែរ ៖ នេះ​ក៏​ជា​វិធី​ព្យាបាល​មួយទៀត​ដែល​តែងតែ​ផ្តល់នូវ​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្នាម​គ្រប់​ប្រភេទ ជាពិសេស​ស្នាមធំៗ ឬ​ខូង​ចូល​ជ្រៅ​ទៅក្នុង​សាច់​ជាដើម។

    ការព្យាបាល​ដោយ​ផលិតផល​កម្ចាត់​ស្នាម ៖ វា​អាច​មិនមាន​ប្រសិទ្ធភាព​លឿន​ដូច​ការព្យាបាល​ដោយ​គីមី ឬ​ដោយ​ឡាស៊ែរ​នោះទេ ប៉ុន្តែ​វា​មាន​ភាពងាយស្រួល ហើយ​សូមកុំ​បារម្ភ​ខ្លាំងពេក​អី​ព្រោះ​បច្ចុប្បន្ននេះ​មាន​ផលិតផល​ខ្លះ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ក្នុង​ការជួយ​ព្យាបាល​បញ្ហា​ស្នាម​ហើយក៏​មិន​ប្រើ​ពេលវេលា​យូរពេក​នោះដែរ។

    ព្យាបាល​តាមបែប​ធម្មជាតិ ៖ ភាគច្រើន​ការព្យាបាល​ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​តាម​វិធី​ធម្មជាតិ​ត្រូវបាន​គេ​អនុវត្ត​នៅពេល​វា​ទើបតែ​កើតថ្មីៗ ហើយ​ជា​ស្នាម​ដែលមាន​ទ្រង់ទ្រាយ​តូច។ មិន​ពិបាក​ណាស់ណា​ទេ បើ​អ្នក​ចង់​ព្យាបាល​ដោយ​វិធី​ធម្មជាតិ ដោយ​ធ្វើតាមដំណាក់កាល​មួយចំនួន​ដូចជា លាង​សម្អាត​មុខ​ឱ្យ​ស្អាត ជូត​មុខ​ឱ្យ​ស្ងួត រួច​យក​សំឡី​មួយ​ដុំ​តូច​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ដែលមាន​លាយ​ជាមួយ​ទឹក​បន្តិច មក​ជូត​ពីលើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ស្នាម រួច​ទុកចោល15នាទី ឬ​ពេញ​មួយ​យប់​ក៏បាន បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច។ វិធី​នេះ​អាច​ប្រើ​ពេលវេលា​យូរ​បន្តិច​ហើយ តែ​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​បន្ទាប់ពី​ព្យាបាល​រួច៕

  • Morata រកបាន​គ្រាប់​បាល់ ខណៈ Chelsea ផ្តល់​ការខកចិត្ត​ធំ​ដល់ Man United

    Morata រកបាន​គ្រាប់​បាល់ ខណៈ Chelsea ផ្តល់​ការខកចិត្ត​ធំ​ដល់ Man United

    ខ្សែប្រយុទ្ធ Alvaro Morata របស់​ក្រុម Chelsea បានធ្វើ​ឲ្យ​លោក Jose Mourinho រង​បរាជ័យ​យ៉ាង​ខកចិត្ត​មួយ​ផ្សេងទៀត​នៅពេល​ប្រកួត​ជាមួយនឹង​អតីត​ក្លិប​របស់លោក ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ បាន​កត់ត្រា​ជ័យជម្នះ​ដ៏​សំខាន់​ក្នុង​លទ្ធផល 1-០ លើ​ក្រុម Manchester United កាលពី​ថ្ងៃអាទិត្យ។

    Morata បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ សម្រាប់​ក្រុម​របស់លោក Antonio Conte ខណៈដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានតែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ​នៅ​ដើមតង់​ទី2 នា​កីឡដ្ឋាន Stamford Bridge។ ក្រោយពី​បាន​រង​បរាជ័យ​ពីរលើក​នៅលើ​ទឹកដី​ក្រុម Chelsea ក្នុង​រដូវ​កាល​ទី1របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Man United លោក Mourinho ដែល​បានឈ្នះ​ពាន​កំពូល​អង់គ្លេស3លើក​ក្នុងពេល​ដឹកនាំ​ក្រុម Chelsea 2លើក​នោះ កំពុងតែ​ស៊ាំ​នឹង​ការខកចិត្ត​ដោយ​ការចាកចេញ​ពី​ទីក្រុង​ឡុង​ដ៍​ប៉ែក​ខាងលិច​នេះ​ដោយ​គ្មានអ្វី​សោះ​ក្នុង​ដៃ។ នេះ​គឺជា​ការខកចិត្ត​ដ៏​ធំ​មួយ​សម្រាប់​លោក Mourinho ខណៈដែល​ការរង​បរាជ័យ​ជា​លើក​ទី2ក្នុងចំណោម​ការប្រកួត​ក្របខ័ណ្ឌ Premier League 3លើកចុងក្រោយ​របស់​ពួកគេ ធ្វើ​ឲ្យ​ក្រុម​ឈរ​លេខ2 Man United ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City រហូតដល់​ទៅ8ពិន្ទុ។ ស្របពេល​ជាមួយគ្នានេះ លោក Antonio Conte ក៏បាន​បង្កើត​ជម្លោះ​កាន់តែខ្លាំង​ជាមួយនឹង​លោក Mourinho ក្រោយពី​បាន​ព្រងើយកន្តើយ​នឹង​ការ​ចាប់ដៃ​ជាមួយនឹង​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ តាមរយៈ​ការធ្វើជារ​ត់ទៅ​អបអរ​ជាមួយនឹង​កីឡាករ​របស់លោក និង​អ្នកគាំទ្រ​នៅលើ​ទីលាន​ទៅវិញ។

    នៅពេលដែល​ត្រូវបាន​ចោទសួរ​ពី​ការមិន​ចាប់ដៃ​នេះ លោក Conte បាន​បង្ហើប​ថា ការមិន​ផ្តល់​ការគោរព​របស់លោក​ទៅកាន់ Mourinho គឺជា​ហេតុផល​នៃ​ការមិន​ចាប់ដៃ​របស់លោក៕

    ប្រភពពី៖ Sport24

  • ស្រា​បៀរ​ថៃ​ហ្គ័​រ​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ 2017

    ស្រា​បៀរ​ថៃ​ហ្គ័​រ​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ 2017

    ភ្នំពេញ៖ កាលពី​ថ្ងៃទី 29 ខែតុលា ឆ្នាំ2017  ស្រា​បៀរ​ថៃ​ហ្គ័​រ (Tiger Beer) បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ឆ្នាំ 2017 នៅ​ស្ថានីយទូរទស្សន៍ PNN ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ 2017 ។

    កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នេះ​ត្រូវបាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​ររ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ រង្វាន់​ដែល​បាន​ចាប់ឆ្នោត​លើក​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​រួមមាន រង្វាន់​ធំ រថយន្ត AUDI Q5 ស៊េរី​ឆ្នាំ 2016 ដ៏​ថ្មី​សន្លាង​ចំនួន 1 រង្វាន់ iPhone 7 ចំនួន 2 រង្វាន់  ទូរទស្សន៍ Smart TV ចំនួន 2 រង្វាន់ និង​ទូរ​ទឹកកក ចំនួន 5 រង្វាន់ ។

    លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​គេហទំព័រ Facebook (Tiger Beer KH)។

    ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន 1សន្លឹក។

    គួរ​រម្លឹក​ផងដែរ​ថា ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង 70 ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស Tiger ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេង។ សម្រាប់​ឆ្នាំ 2017-2018 នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ លោកអ្នក​នឹង​ទទួលបាន​ការផ្ដល់ជូន​រង្វាន់ភ្លាមៗជាច្រើន​ដូចជា សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច ដ៏​ស្រស់ស្អាត អាវ​រងា​គូ​សេ្ន​ហ៍ កាបូប​ធ្វើដំណើរ និង​សន្លឹកឆ្នោត​ផ្សងសំណាង​ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន។ ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ Tiger និង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួមជាមួយ​ទឹកប្រាក់$1,500 ចំនួន 15 រង្វាន់។

    កម្មវិធី​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី 01 តុលា 2017 ដល់ ថ្ងៃទី 30 កញ្ញា 2018

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង: 011 222 400 ឬ 011 333 500។

    ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍ ជាមួយ​ស្រា​បៀរ Tiger!

    ពិសា​ដោយ​ការទទួលខុសត្រូវ

  • កំណើន​ការនាំចេញ​ផលិតផល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ធ្វើឱ្យ​កម្មករ កម្មការិនី ជិត1សែន​នាក់​មាន​ស្ថិរភាព

    កំណើន​ការនាំចេញ​ផលិតផល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ធ្វើឱ្យ​កម្មករ កម្មការិនី ជិត1សែន​នាក់​មាន​ស្ថិរភាព

    ភ្នំពេញ – ខណៈ​ការនាំចេញ​ផលិតផល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូទាំងប្រទេស​មាន​ការកើនឡើង​ត្រូវគេ​រំពឹងថា កម្មករ កម្មការិនី​ជិត1សែន​នាក់​កំពុងតែ​រក្សាបាន​ស្ថិរភាព​ការងារ​យ៉ាង​ល្អ។

    កាលពីពេលថ្មីៗនេះ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម អញ្ជើញ​ចុះ​ទស្សនកិច្ច​នៅ​រោងចក្រ​មួយចំនួន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន-ស្វាយរៀង និង​តាយសេង បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង។

    ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​នេះ គណៈប្រតិភូ​បាន​ចុះ​ពិនិត្យ​ខ្សែចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ផលិត​កង់ Speedtech Industrial Co., Ltd រោងចក្រ​ផលិត​ស្បែកជើង Kingmaker (Cambodia) Footwear Co., Ltd និង Kaoway Sports Ltd និង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មុជទឹក Sheico (Cambodia) Co., Ltd និង​ក្រុមហ៊ុន​ចំនួន2 ទៀត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង-បាវិត​ដែល​រួមមាន ក្រុមហ៊ុន​ផលិត​កង់ A and J (Cambodia) Co., Ltd និង​រោងចក្រ​ផលិត​តួកង់​ធ្វើ​ពី​កា​បោ​ន Tentech Composite (Cambodia) Co., Ltd ។

    ជា​លទ្ធផល​ស​ន្ទ​ស្សន៍​នៃ​ការនាំចេញ​ផលិតផល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​កំណើន​ឡើង​គួរឱ្យកត់សម្គាល់​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច និង​រក្សាបាន​ស្ថិរភាព​ការងារ​ដល់ក​ម្មករ កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។

    បច្ចុប្បន្ន​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុងដំណើរការ​ដោយមាន​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ​ចំនួន12តំបន់ មាន​ក្រុមហ៊ុន​កំពុងដំណើរការ​វិនិយោគ​ផលិតកម្ម និង​នាំចេញ​ចំនួន157 ក្រុមហ៊ុន ប្រើប្រាស់​បុគ្គលិក-កម្មករ​សរុប ប្រមាណ 88,177នាក់។ ក្នុងនោះ​ក្រុមហ៊ុន​បុគ្គលិក-កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​ធេ​ន-ស្វាយរៀង សរុប​ចំនួន 25,852នាក់ និង​តាយសេង-បាវិត ចំនួន9,413នាក់។

    សម្រាប់​ឆ្នាំ2016 ទឹកប្រាក់​សរុប​ដែល​បាន​ពី​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនេះ​មានតម្លៃ​ប្រមាណ 1,354លាន​ដុល្លារ​អាមេរិក កើនឡើង​ពី 1,116 លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2015 ស្មើនឹង​កំណើន​ចំនួន 238 លាន​ដុល្លារ​អាមេរិក ឬ 21,29%។

    ក្នុង​រយៈពេល9ខែ​ដំបូង​នៃ​ឆ្នាំ2017 ក៏​ឃើញ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ បើ​ប្រៀបធៀប​នឹង9ខែ​ដំបូង​នៃ​ឆ្នាំ2016 ដោយ​ក្នុង​ឆ្នាំ2017 ទឹកប្រាក់​នាំចេញ​មានតម្លៃ​ប្រមាណ 1,073 លាន​ដុល្លារ​អាមេរិក កើនឡើង​ចំនួន106 លាន​ដុល្លារ​អាមេរិក​ស្មើនឹង 10.89% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016 ដែលមាន​ត្រឹមតែ 967 លាន​ដុល្លារ​អាមេរិក៕

  • សាលា​រាជធានី​បង្កើត​លេខ​ទូរស័ព្ទ​ថ្មី​សម្រាប់​ផ្តល់ព័ត៌មាន​ហេតុការណ៍​បន្ទាន់

    សាលា​រាជធានី​បង្កើត​លេខ​ទូរស័ព្ទ​ថ្មី​សម្រាប់​ផ្តល់ព័ត៌មាន​ហេតុការណ៍​បន្ទាន់

    ភ្នំពេញ៖ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍ 24ម៉ោង​លើ 24ម៉ោង ពិសេស​ក្នុងឱកាស​បុណ្យអុំទូក​ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃស្អែក​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​លេខ​ទូរស័ព្ទ​ថ្មី​ចំនួន​មួយ​ខ្សែ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​អំពី​ហេតុការណ៍​មិន​ប្រក្រតី​ណាមួយ ដែល​កើតឡើង​ជុំវិញខ្លួន។

    ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវបាន​ពង្រីក​ព្រំប្រទល់​រដ្ឋបាល​ពី 375គីឡូម៉ែត្រ​ការ៉េ​រហូតដល់ 692.64 គីឡូម៉ែត្រ​ការ៉េ ជាហេតុ​ធ្វើឱ្យ​វិសាលភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការទទួល​ពាក្យបណ្តឹង សំណូមពរ និង​តម្រូវ​ការចាំបាច់​ចំពោះមុខ​ដែល​កើតមានឡើង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ​ជុំវិញ និង​ជាយ​រាជធានី​ភ្នំពេញ​ដែល​នៅ​មិនទាន់បាន​ល្អប្រសើរ​នៅឡើយ។

    ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​នូវ​បញ្ហា​ចាំបាច់​នានា ពិសេស​សម្រាប់​ព័ត៌មាន​ទាន់​ហេតុការណ៍​ងាយស្រួល​ក្នុងការ​ដោះស្រាយ​សភាពការណ៍​ដែល​កើតមានបន្ទាន់ៗ ទាក់ទង​នឹង​អំពើចោរកម្ម លួច ឆក់ ប្លន់ ជួញដូរ​គ្រឿងញៀន សណ្តាប់ធ្នាប់​ចរាចរណ៍ សណ្តាប់ធ្នាប់​សាធារណៈ បាតុភាព​នានា និង​សំណូមពរ​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឬ​សង្គ្រោះ ព្រមទាំង​សុវត្ថិភាព​សង្គម​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​បាន​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ខ្សែ​ដែលមាន​លេខ 1299 សម្រាប់​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​ដែល​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ ដែល​ទូរស័ព្ទ​មួយ​ខ្សែ​នេះ​មិនមាន​ការបង់ប្រាក់​នៅពេល​ធ្វើការ​ទំនាក់ទំនង​ហៅចូល​ពី​គ្រប់​ប្រព័ន្ធ​នោះទេ។

    រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹងចូលរួម​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍ 24ម៉ោង​ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។ សេចក្តីជូនដំណឹង​នេះ បានដាក់​ឱ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី អភិបាលខណ្ឌ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ និង​ត្រៀម​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត៕

  • តាមដាន​ស្ថានការណ៍​ពិភពលោក៖ ស្ត្រី​នៅលើ​បល្ល័ង្ក​របស់​កូរ៉េខាងជើង

    តាមដាន​ស្ថានការណ៍​ពិភពលោក៖ ស្ត្រី​នៅលើ​បល្ល័ង្ក​របស់​កូរ៉េខាងជើង

    គីម ជុង អ៊ុន មេដឹកនាំ​ផ្ដាច់ការ​របស់​ប្រទេស​កូរ៉េខាងជើង​កំពុង​សាង​គ្រឹះ​អំណាច​ថ្មី​ដោយ​ការ​រុញ​ប្អូនស្រី​ឱ្យ​ឡើង​អង្គុយ​កៅអី​តំណែង​សំខាន់​ក្នុងការ​គ្រប់គ្រង​ប្រទេស។

    គីម យ៉ូ ចង គឺ​ប្អូនស្រី​បង្កើត​របស់​គីម ជុង អ៊ុន ដែល​កាលពីពេល​មុននេះ​ធ្លាប់​បានរួម​ដំណើរ​ជាមួយ​បងប្រុស​ទៅ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​នៅតាម​ទីកន្លែងផ្សេងៗ គួបផ្សំ​នឹង​ការធ្វើការងារ​នៅក្នុង​ផ្នែក​ឃោសនាការ​របស់​បក្ស។ កាលពី​ថ្ងៃ​សៅរ៍​ដើមខែ​កន្លងទៅ នាង​បានទទួល​ការតែងតាំង​ពី​បងប្រុស​ឱ្យចូល​ទទួល​មុខតំណែង​ជាន់ខ្ពស់​របស់​បក្ស ដែលមាន​ប្រធានាធិបតី​ជា​ប្រធាន។ អ្នកវិភាគ​នយោបាយ​លោកខាងលិច​ជឿថា នេះ​គឺជា​ការចែករំលែក​អំណាច​ការគ្រប់គ្រង​របស់​គីម ជុង អ៊ុន។

    ក្រៅពី​ប្អូនស្រី​វ័យ 28 ឆ្នាំ​របស់គេ​នេះហើយ ប្រធានាធិបតី​ផ្ដាច់ការ​កូរ៉េខាងជើង​នេះ​នៅបាន​តែងតាំង គីម ចង ស៊ិ​ក និង រី ព្យុង សល ចូលទៅ​កាន់តំណែង​ថ្មី រួមទាំង រី យ៉ង់ ហូ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម្នាក់ទៀត​ដែល​ធ្លាប់បាន​ហៅ លោក ដូ​ណា​ល់ ត្រាំ ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ថា ជា “ប្រធានាធិបតី​បិសាច” ផងដែរ។

    ខណៈដែល​ស្ថាន​ការណ៍ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​នៅ​មិនទាន់បាន​ធូរស្រាលនិង​នៅមាន​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​ដាក់គ្នា​នោះ រឿង​ការតែងតាំង​អ្នកនយោបាយ​ចូលទៅ​កាន់តំណែង​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត​កូរ៉េខាងជើង​នៅតែ​ជា​រឿង​ដែល​ត្រូវ​តាម​សង្កេតមើល​ជានិច្ច។

    ជាពិសេស គីម យ៉ូ ចង ដែលជា​ប្អូនស្រី​បង្កើត ដែល​ក្នុង​ពេលអនាគត​ដ៏​ខ្លី​នេះ ពិភពលោក​កំពុង​តាម​សម្លឹងមើល​ឥរិយាបថ​ថា នឹង​ចូលមក​ជំនួស ឬក៏​ដើរ​តាម​គន្លង​ផ្លូវ​របស់​បងប្រុស​ប៉ុនណា ឬ​យ៉ាងណាដែរ?៕

    ប្រភព Manager.com

    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា