Author: វល័ក្ខ

  • មើម​ខ្ញី អាហារ​ឱសថ​បុរាណ​ដ៏​ល្អ​ដែល​ស្ត្រី​មានគភ៌​គួរ​ទទួលទាន

    មើម​ខ្ញី អាហារ​ឱសថ​បុរាណ​ដ៏​ល្អ​ដែល​ស្ត្រី​មានគភ៌​គួរ​ទទួលទាន

    ក្នុងខណៈ​តាំង​គភ៌ មាន​អាហារ​ច្រើន​ប្រភេទ​ណាស់​ដែល​ស្ត្រី​មានគភ៌​គួរ​ទទួលទាន និង​មិនគួរ​ទទួលទាន ដូច្នេះ​ទើប​ស្ត្រី​មាន​គភ៌​ត្រូវ​ផ្ចិតផ្ចង់​ក្នុងការ​ជ្រើសរើស​មុខម្ហូប​អាហារ​ល្អៗ​ជាពិសេស ហើយ​មុខម្ហូប​ឱសថ​បុរាណ​ដ៏​ល្អ​មួយ​ដែល​ស្ត្រី​មានគភ៌​ហាម​ខកខាន​នោះ​គឺ មើម​ខ្ញី​ហ្នឹងឯង។ ប្រហែលជា​នឹក​ឆ្ងល់​ហើយ​មែន​ទេ​ថា តើ​គុណប្រយោជន៍ និង​គុណសម្បត្តិ​របស់​ខ្ញី​ចំពោះ​ស្ត្រី​មានគភ៌​មាន​យ៉ាង​ណា​ខ្លះទៅ? កុំ​បង្អង់​យូរ យើង​នាំគ្នា​មក​មើល​ដូចតទៅ…។

    គុណប្រយោជន៍​របស់​ខ្ញី​ចំពោះ​ស្ត្រី​មានគភ៌សម្រាប់​គុណប្រយោជន៍​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​បានទទួល​អំពី​ការទទួល​ទាន​ខ្ញី​នោះមាន​ច្រើនណាស់ តែ​ដែល​មើលឃើញ​លទ្ធផលច្បាស់ៗបំផុត​នោះ​មាន3ចំណុច​ដូចតទៅ ៈ

    1-សម្រាល​អាការ​ចាញ់កូនដោយសារតែ​ខ្ញី​មាន​ជាតិ​ប្រេង​ក្រអូប​រសាយ​ដែល​នឹង​ជួយ​ធ្វើឱ្យ​កើត​ភាព​ធូរស្រាល​ក្នុង​រាងកាយ​បានល្អ​នោះ ទើប​អាច​សម្រាល​អាការ​ក្អួតចង្អោរ វិលមុខ​ដែល​បណ្តា​លមកពី​ការ​ចាញ់កូន​ ហើយ​មើម​ខ្ញី​ថែមទាំង​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ដែល​នឹង​កម្ចាត់​មេរោគផ្សេងៗដែល​ចូលទៅក្នុង​រាងកាយ​របស់​ស្ត្រី​មានគភ៌​បាន​យ៉ាង​ល្អ​ទៀតផង។

    2-ជួយ​បណ្ដេញ​ខ្យល់ កែ​បញ្ហា​ឆ្អល់ពោះខ្ញី​មាន​ចំណែក​ក្នុង​ការបណ្ដេញ​ខ្យល់ និង​សម្រាល​អាការ​ចុក​ឆ្អល់ពោះ​របស់​ស្ត្រី​មានគភ៌​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ល្អ​សម្រាប់​ស្ត្រី​មានគភ៌​ដែលមាន​អាយុ​គភ៌​ច្រើន(ជិត​គ្រប់​ខែ) ព្រោះ​អំឡុង​ពេលនោះ កូន​ដែល​នៅក្នុង​ស្បូន​នឹង​ទៅ​ច្រាន​ផ្អឹប​ក្រពះ​រហូត​ធ្វើឱ្យ​កើត​អាការ​ចុក​ឆ្អល់ពោះ​ឡើងជា​ញឹកញាប់។

    3-ជំរុញ​ការផលិត​ទឹកដោះការទទួល​ទាន​ខ្ញី​ញឹកញាប់​តាំងពី​អំឡុងពេល​តាំង​គភ៌​នឹង​ជួយ​ជំរុញ​ការផលិត​ទឹកដោះ​បាន​យ៉ាង​ល្អ ធ្វើឱ្យ​ស្ត្រី​មាន​ទឹកដោះ​សម្រាប់​ឱ្យ​កូនបៅ​ច្រើនឡើង ដោយ​អាច​ទទួល​-ទានក្នុង​រូប​បែប​ជា​ខ្ញី​ស្រស់​ក្នុងការ​ច្នៃ​ជា​ម្ហូបអាហារ ឬ​ទទួលទាន​ក្នុង​រូប​បែប​ជា​ទឹក​ខ្ញី​ក៏បាន។ ក្រៅពីនេះ ក្រោយពេល​ប្រសូត​ហើយ ស្ត្រី​ក៏​គួរតែ​នៅ​ទទួលទានទឹក​មើម​ខ្ញី​ជា​បន្ត ដើម្បី​ឱ្យមាន​ទឹកដោះ​យ៉ាង​គ្រប់គ្រាន់​ពេញ​មួយ​អំឡុង​វ័យ​នៃ​ការ​បៅ​ទឹកដោះ​របស់​កូនតូច។

    មុខម្ហូប​ណែនាំ​សម្រាប់​ស្ត្រី​មានគភ៌សម្រាប់​ស្ត្រី​មានគភ៌​ដែល​នៅ​មិនទាន់​នឹកឃើញ​មុខម្ហូប​ដែលមាន​លាយ​ផ្សំ​ដោយ​ខ្ញី​នោះឡា​រ៉ែ​ន​ សូម​ណែនាំ​មុខម្ហូប​ងាយៗ​អំពី​​ខ្ញី ងាយស្រួល​ធ្វើ ហើយ​ថែមទាំង​ឆ្ងាញ់​ទៀតផង។ តើ​មាន​អ្វីខ្លះ​នោះ តោះ! នាំគ្នា​តាមដាន​ជា​បន្ត…។

    1-ញាំ​ខ្ញី ត្រី​ប្លាធូ
    ជា​មុខម្ហូបងាយៗដែល​នឹង​ជួយ​បង្កើន​ទឹកដោះ និង​វីតាមីន C ដល់​រាងកាយ​របស់​ស្ត្រី​មានគភ៌​បាន​យ៉ាង​ល្អ ឯ​វិធី​ការ​ញាំ​វិញ គឺ​ដូច​ម្ហូប​ញាំ​ធម្មតា​ហ្នឹងឯង គ្រាន់តែ​ដាក់​ខ្ញី​ហាន់វែងល្អិតៗចូលទៅ​ប្រមាណ​ជា1ស្លាបព្រា​បាយ បន្ថែម​រសជាតិ​ជូរ​ដោយ​ក្រូចឆ្មារ… តែ​ប៉ុណ្ណឹង​ក៏​ឆ្ងាញ់​ត្រូវចិត្ត​ទៅហើយ។ អូ! ភ្លេច​ប្រាប់ អាច​បន្ថែម​រសជាតិ​ផ្អែម ជូរ ប្រៃ​តាម​ចំណង់​ចំណូលចិត្តរបស់អ្នកក៏បាន។

    2-ទឹក​ខ្ញី
    សម្រាប់​ភេសជ្ជៈ​មួយ​នេះ​ក៏​អាច​ទទួលទាន​ដើម្បី​សម្រាល​អាការ​ចាញ់កូន និង​ជួយ​ជំរុញ​ការផលិត​ទឹកដោះ​បានល្អ​ដែរ ដោយ​យក​មើម​ខ្ញី​មក​ស្ងោរ​រយៈពេល​ប្រមាណ​ជា2-5នាទី រង់ចាំ​ឱ្យនៅ​ក្តៅឧណ្ហៗ ហើយ​ចាក់​ដាក់​ពែង​យកមក​ក្រេប​ឱ្យបាន​ញឹកញាប់ ឬ​ចង់​ដាក់​​ស្ករ​
    ចូល​បន្តិច​ក៏បាន។ឃើញ​ពី​គុណសម្បត្តិ​របស់​ខ្ញី​ល្អ​បែបនេះហើយ​មិនអាច​ខកខាន​បានទេ ស្ត្រី​ដែល​កំពុង​មានគភ៌​ទាំងឡាយ​ចូរ​សាកល្បង​ធ្វើ​មុខម្ហូប​ណា​ដែលមាន​លាយ​ផ្សំ​ដោយ​ខ្ញី​ទទួលទាន​សាកមើល (ខត្រី​ដាក់​ខ្ញី ឆា​ខ្ញី​សាច់​គៅ-ល-) ធានាថានឹ​ទទួលបានគុណ ប្រយោជន៍​យ៉ាង​គ្រប់គ្រឿង​ពិតប្រាកដ ហើយ​ថែមទាំង​ល្អ​ដល់​សុខភាព​របស់​កូនតូច​ក្នុង​ផ្ទៃ​ទៀតផង៕

  • ក្រូ​អាស៊ី លត់ ក្រិ​ក​ចាស់ដៃ ខណៈ​អៀរ​ឡង់​ខាងជើង​ផ្ទុះ​កំហឹង

    ក្រូ​អាស៊ី លត់ ក្រិ​ក​ចាស់ដៃ ខណៈ​អៀរ​ឡង់​ខាងជើង​ផ្ទុះ​កំហឹង

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​កត់ត្រា​ជ័យជម្នះ​ដោយ​ងាយ​ក្នុង​លទ្ធផល 4-1 លើ​ក្រុម​ជម្រើសជាតិ​ក្រិ​ក ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ Playoff ជើង​ទី1 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើដំណើរ​យ៉ាង​ប្រកៀក​ឆ្ពោះទៅកាន់​ជុំ​ផ្តាច់ព្រ័ត្រ​ក្នុងប្រទេស​រុស្ស៊ី​នៅ​ឆ្នាំក្រោយ។

    ខ្សែបម្រើ Luka Modric របស់​ក្លិប Real Madrid បា​នរក​គ្រាប់​បាល់​បើកឆាក​ក្នុង​ទីក្រុង Zagreb ពី​បាល់​ពិន័យ11ម៉ែត្រ នៅ​នាទី​ទី13 ក្រោយពី​អ្នកចាំទី​អន្តរជាតិ​ក្រិ​ក Orestis Karnezis បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Nikola Kalinic ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់។ ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​បន្ថែម​ការនាំ​មុខ​របស់ខ្លួន​ទៀត​ក្នុង​រយៈពេល6នាទី​ក្រោយមក នៅពេលដែល​កីឡាករ Kalinic បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ ក្រោយពី​ការបញ្ជូន​បាល់​ឱ្យ​របស់ Ivan Strinic។ បើទោះបីជា​ក្រុម​ភ្ញៀវ​បាន​វាយបក1គ្រាប់​វិញ​នៅ​នាទី​ទី30ក៏ដោយ ប៉ុន្តែ Ivan Perisic និង Andrej Kramaric នៅតែ​រកបាន2គ្រាប់​បន្ថែមទៀត​ដើម្បី​បំពេញ​ជ័យជម្នះ​ឱ្យ​ក្រុម​ខ្លួន និង​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្រិ​ក​ប្រឈមមុខ​នឹង​ការងារ​មិនអាច​ទៅរួច​មួយ​ក្នុងការ​ប្រកួត​ជើង​ទី2ក្នុង​ទីក្រុង Piraeus នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ។ លោក Zlatko Dalic គ្រូបង្វឹក​របស់​ក្រូ​អាស៊ី បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ HRT ថា៖ «វា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ។ ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ជើង​ទី1ប៉ុណ្ណោះ យើង​មិនគួរ​សម្រាក​ឡើយ។ វា​មិនទាន់​ដល់ទី​បញ្ចប់​នៅឡើយ»។

    ស្របពេល​ជាមួយគ្នានេះ លោក Michael O’Neill គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង បាន​និយាយថា លោក​ពិតជា​ខកចិត្ត និង​ស្រឡាំងកាំង​មែនទែន ដោយសារតែ​ការសម្រេចចិត្ត​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស ដែល​បានធ្វើ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស ទទួល​ជ័យជម្នះ 1-០ ក្នុងការ​ប្រកួត World Cup វគ្គ Playoff ជើង​ទី1 កាលពី​ថ្ងៃ​ព្រហស្បតិ៍។ លោក O’Neill ដែល​បច្ចុប្បន្ន​ត្រូវតែ​ដឹកនាំ​ក្រុម​របស់លោក​ទៅកាន់​ការប្រកួត​ជើង​ទី2 ក្នុង​ទីក្រុង Basel នៅ​ថ្ងៃអាទិត្យ ខាងមុខនេះ បាន​និយាយ​ទាំង​ខឹងសម្បា​ថា៖ «អាជ្ញាកណ្តាល​មិនបាន​ឃើញ​សកម្មភាព​នោះ​ឲ្យ​បានច្បាស់លាស់​ឡើយ»៕

    ប្រភពពី៖ The Guardian

  • ពន្យារកំណើត​ហើយម៉េច​នៅតែ​តាំង​គភ៌​ទៀត?

    ពន្យារកំណើត​ហើយម៉េច​នៅតែ​តាំង​គភ៌​ទៀត?

    ថ្ងៃនេះ​យើង​នាំគ្នា​មក​និយាយ​លម្អិត​អំពី​ការពន្យារ​កំណើត​តាម​វិធី​នីមួយៗ​ថា តើ​វា​មានឱកាស “ភ្លាត់ភ្លាំង” ដែល​យើង​តែង​បាន​ឮជា​ញឹកញាប់​ថា ពន្យារកំណើត​ហើយ ម៉េច​នៅតែ​មានកូន​ទៀត? តិច ឬ​ច្រើន​ប៉ុនណា និង​ហេតុអ្វី​បានជា​ពន្យារកំណើត​ហើយ នៅតែ​មាន​កូន​បាន​ទៀត​ដោយ​រៀង​តាម​វិធី​ពន្យារកំណើត​ដែល​ស្ត្រី​ទាំងឡាយ​និយម​ប្រើ។

    1- វិធី​ដាក់​កងការដាក់​កង​ពន្យារកំណើត​មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌ 0.8 % អាចដាក់​បានយូរ​ដល់​ទៅ10ឆ្នាំ(អ្នកខ្លះ​ដាក់​រហូត​ភ្លេច​ក៏មាន ដល់ពេល​នឹកឃើញ ត្រូវឱ្យចៅៗនាំទៅ​មន្ទីរពេទ្យ​ដើម្បី​យកចេញ​ក៏មានដែរ។ កង​ពន្យារកំណើត​បែប​មា​អ័រម៉ូន មានឱកាស​តាំង​គភ៌​តិច​បំផុត​គឺ​ត្រឹមតែ0.2%ប៉ុណ្ណោះ ដោយ​កង​នឹង​បញ្ចេញ​អ័រម៉ូន​មក​ពន្យារកំណើត និង​អាចដាក់​បានយូរ​ដល់​ទៅ5ឆ្នាំ។

    2- ពន្យារកំណើត​បែប​ប្រើ​អ័រម៉ូនការចាក់​ថ្នាំ​ពន្យារកំណើត​កាលពី​សម័យមុន​ដែល​យើង​ធ្លាប់​ឃើញ​មាន​ការចាក់​ជាច្រើន​ម្ជុល​នោះ បច្ចុប្បន្ន​យើង​មាន​ថ្នាំ​ចាក់​តែមួយ​ម្ជុល​ប៉ុណ្ណោះ​នឹង​ពន្យារកំណើត​បាន3ឆ្នាំ។

    ឯ​ការចាក់​ថ្នាំ​ពន្យារកំណើត ចាក់​ម្តង​មួយ​ម្ជុល​រៀងរាល់3ខែ​ម្តងនោះ មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌6% ឯការ​លេបថ្នាំ​ពន្យារ​កំណើត​ប្រភេទ​អ័រម៉ូន​រួម ឬ​ប្រភេទ​ប្រូ​ចេ​ស្ទី​ន​វិញ មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌​បាន​ដល់​ទៅ9%ឯណោះ ព្រោះ​អ្នកខ្លះ​ក៏​ភ្លេច​​លេប​ខ្លះទៅ អ្នកខ្លះ​ទៀត​ថ្ងៃ​ខ្លះ​មិនបាន​លេប​ក៏មាន ដូច្នេះហើយ​ទើប​ធ្វើឱ្យ​យើង​ចេះតែ​ឆ្ងល់​ថា ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ហើយ ម៉េច​នៅ​តែ​តាំង​គភ៌​បាន​ទៀត​ហ្នឹងឯង។

    3- ការពន្យារ​កំណើត​បែប​ប្រើ​ឧបករណ៍​បន្ថែម​ដើម្បី​រារាំង ស្រោមអនាម័យ​របស់​ម​នុស្ស​ប្រុស មានឱកាស​ភ្លាត់ស្នៀត​ធ្វើឱ្យ​មនុស្ស​ស្រី​តាំង​គភ៌​បានដល់ទៅ18%ឯណោះ។ ឈប់ៗ កុំ​អាល​បោះ​ស្រោមអនាម័យ​ចោល​អី ព្រោះ​បើ​ប្រើប្រាស់​បែប​ត្រឹមត្រូវ ឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​មនុស្ស​ស្រី​តាំង​គភ៌​មាន​ត្រឹមតែ2-3%​ប៉ុណ្ណោះ។ ដែល​អាច​ភ្លាត់ភ្លាំង​ធ្វើឱ្យ​មានឱកាស​ក្នុងការ​តាំង​គភ៌​ច្រើន​បែបនេះ ក៏​ដោយសារតែ​ពាក់​ខុស​ផង ត្រូវ​ផង អ្នកខ្លះ​ក៏​យក​ស្រោម​​ដែល​ទើប​ប្រើ​ហើយ​ថ្មី​មក​ប្រើ​ម្តងទៀត និង​ប្រើ​ប្រេង​រំ​អិ​ល​ដែលជា​ហេតុ​ធ្វើឱ្យ​ស្រោម​
    បាត់បង់​ភាពរឹងមាំ ទៅជា​រហែក ឬ​លិច​ជាដើម​ក៏មាន។

    ស្រោមអនាម័យ​សម្រាប់​ស្ត្រី ពីមុន​ក៏​ធ្លាប់មាន​ដែរ តែដោយសារ​ការការពា​រ​មិនឱ្យ​មានគភ៌​មិនសូវមាន​ប្រសិទ្ធភាព ព្រោះ​មាន​ឱកាស​ភ្លាត់ភ្លាំង​ក្នុងការ​តាំង​គភ៌​ដល់​ទៅ28%ឯណោះ ទើប​បច្ចុប្បន្ន​លែងមាន​អ្នក​ប្រើ​តែម្តង។

    4- វិធី​ពន្យារកំណើត​បែប​ធម្មជាតិការរាប់​ថ្ងៃ (7 ថ្ងៃមុន និង​ក្រោយពេល​មាន​វដ្ដ​រដូវ មិន​ធ្វើឱ្យ​តាំង​គភ៌​ឡើយ) អាច​មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌​ខ្ពស់​ដល់​ទៅ24%ឯណោះ ឯ​ការបញ្ចេញ​ទឹកកាម​នៅ​ខាងក្រៅ អាស្រ័យ​លើ​ជំនាញ​របស់​ខាង​ប្រុស​ក្នុង​ការដក​ប្រដាប់បន្តពូជ​ចេញមកក្រៅ​មុន​ពេល​បាញ់​ទឹកអសុចិ(ទឹកកាម​មេជី​វិត)នោះ អាច​មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌​ខ្ពស់​ដល់​ទៅ22%ឯណោះ។

    ឥឡូវ​ឃើញ​ហើយ​ឬ​នៅ​ថា វិធី​ពន្យារកំណើត​តាមបែប​ធម្មជាតិ មានឱកាស​ភ្លាត់ស្នៀត​ធ្វើឱ្យ​ស្ត្រី​តាំង​គភ៌​ខ្ពស់​ណាស់ ដូច្នេះ​បើ​នៅ​មិនទាន់​ត្រៀមខ្លួន​ក្នុងការ​មាន​បុត្រ​ទេនោះ ចូរ​ជ្រើសរើស​ប្រើ​វិធី​ណា​ដែល​មានឱកាស​ភ្លាត់ភ្លាំង​តិច​បំផុត​ទើប​ជាការ​ប្រសើរ៕

  • ការប្រកាស​លក់​ដោយ​បង់​រំលស់​គ្មាន​ការប្រាក់ អាចជា​ការ​ឆបោក

    ការប្រកាស​លក់​ដោយ​បង់​រំលស់​គ្មាន​ការប្រាក់ អាចជា​ការ​ឆបោក

    អ្នកជំនាញ​អចលនទ្រព្យ​បានស្នើ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​បញ្ឈប់​ចំពោះ​ការប្រើប្រាស់​វិធីសាស្ត្រ​ភូតកុហក​ប្រជាពលរដ្ឋ តាមរយៈ​ការលក់​ផ្ទះ ឬ​ដី​ពុះ​ឡូត៍ ដោយ​គ្មាន​គិត​អត្រា​ការប្រាក់។

    លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយថា រាល់​ការលក់​អចលនទ្រព្យ​ទាំងអស់​ឱ្យតែ​បង់​រំលស់ គឺ​សុទ្ធតែ​មានការ​ប្រាក់​ចន្លោះ​ពី12%ទៅ18%ក្នុង1ឆ្នាំ​រួចជាស្រេច តែ​ដល់ពេល​ឃោសនា​ប្រកាស​លក់​គម្រោង គេ​បែរជា​និយាយថា លក់​ដោយ​ឥត​គិតការ​ប្រាក់​ទៅវិញ។ លោក​បណ្ឌិត​មានប្រសាសន៍ថា៖“ការប្រកាស​លក់​បែបនេះ គឺជា​ការបោកប្រាស់​សុទ្ធ​សាធ ខណៈ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​ដឹង​ពី​រូបមន្ត​ទាំងនេះ​ឡើយ។

    លោក​បណ្ឌិត​បាន​បន្តថា នៅក្នុង​រយៈពេល​ខ្លី​ការប្រកាស​បែបនេះ​ហាក់​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍ និង​ចាប់កំហុស​ទេ តែ​ក្នុង​រយៈពេល​វែង (អាច​ថា​ក្នុង​រយៈពេល10ឆ្នាំ​ទៅមុខទៀត) បញ្ហា​ដែល​កើតចេញពី​រឿងនេះ​នឹង​រឹតតែ​រីក​ធំ ហើយ​ជម្លោះ​ក៏​នឹង​អាច​កើតមាន​រវាង​អ្នកលក់ និង​អ្នក ទិញ​ផងដែរ។

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ពន្យល់ថា កាលពី​មុនគេ​មិនដែល​គិតថា ខ្ចីលុយ​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជា​បញ្ហា​នោះទេ ដោយ​ពាក្យ​សាមញ្ញ​ទូទៅ​របស់​ប្រជាពលរដ្ឋ​យល់ថា ការខ្ចី​លុយ​រដ្ឋ ដល់ពេល​ចង់​លុបបំបាត់​ពាក្យ“ជំពាក់​លុយ​រដ្ឋ”បញ្ហា​បានកើត​មាន​មិនតូច​នោះទេ។ លោក​បណ្ឌិត​បាន​អះអាងថា ការលក់ដូរ​ដែល​គ្មាន​អត្រា​ការប្រាក់​មានតែ​មធ្យោបាយ​មួយគត់​នោះ​គឺ​ការលក់​ដែល​ឱ្យ​សាច់ប្រាក់​សុទ្ធ ឬ​ការលក់​ផ្តាច់ ដោយ​តម្លៃ​ណាមួយ​ជាក់លាក់ តែ​រាល់​ការបង់​រំលស់​គឺ​គេ​បានគិត​ការប្រាក់​រួចរាល់​ហើយ។

    លោក​យល់ថា អ្នក​អភិវឌ្ឍន៍​មិនគួរ​ត្រូវបាន​អនុញ្ញាត​ឱ្យទទួល​ការបង់​រំលស់​ដោយផ្ទាល់​ជាមួយ​អ្នកទិញ ទេ​ព្រោះ​វា​ជាការ​ងារ​របស់​ធនាគា​រ ហើយ​មាន​អ្នក​អភិវឌ្ឍន៍​ខ្លះ​បាន​យក​ប្លង់ដី​គម្រោង​ទៅ​បញ្ចាំ​នៅ​ធនាគារ ការប្រាក់7% ដល់8% តែ​គាត់​តម្រូវឱ្យ​អ្នកទិញ​បង់​រំលស់​ជាមួយ​គាត់​វិញ​ពី12%ដល់18% ប្រចាំឆ្នាំ។

    នៅពេល​ចុង​ក្រោយនេះ​មាន​គម្រោង​ជាច្រើន​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​គេ​ប្រកា​សលក់ ដោយ​អះអាងថា គ្មាន​គិត​អត្រា​ការប្រាក់ ហើយ​អតិថិជន​អាច​បង់ប្រាក់​តាម​ចំនួន​ណាមួយ​ដែល​ខ្លួន​យល់ព្រម ដែល​គម្រោង​ទាំងនោះ​មានដូចជា គម្រោង​ពុះ​ដីឡូត៍​លក់ គម្រោង​ផ្ទះល្វែង​ខ្នាតតូច គម្រោង​ខុន​ដូ ជាដើម៕

  • ភាពមិន​ត្រូវ​គ្នា​នៅក្នុង​ដែន សមុទ្រ កំពុង​រាំងស្ទះ​ដល់​ការវិនិយោគ​វិស័យ​ឥន្ធនៈ

    ភាពមិន​ត្រូវ​គ្នា​នៅក្នុង​ដែន សមុទ្រ កំពុង​រាំងស្ទះ​ដល់​ការវិនិយោគ​វិស័យ​ឥន្ធនៈ

    ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Idemitsu Kosan Co., Ltd ដែលជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទទួលបាន​កិច្ចព្រមព្រៀង​ប្រេងកាត​មាន​លក្ខខណ្ឌ​នៅ​តំបន់ I&II នៃ​តំបន់​ទាមទារ​ត្រួតគ្នា (OCA) បាន​ស្នើឱ្យ​កម្ពុជា ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ដែល​នៅជាប់​គាំង​ក្នុង​តំបន់​ឈូង​សមុទ្រ ដើម្បី​ឈានទៅ​បើកផ្លូវ​ក្នុងការ​រុករក និង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា។

    ការស្នើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ដ៏​កម្រ​មួយ​រវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ជាមួយ​លោក Eiji Hagiwara នាយក​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​នៃ​ក្រុមហ៊ុន Idemitsu Kosan Co., Ltd នៅ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល កាលពីពេលថ្មីៗនេះ។

    បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាននិងកំពុង​ធ្វើដំណើរ​ឆ្ពោះទៅរក​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​នៅក្នុង​ប្លុក A ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន KrisEnergy មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង​ការកសាង​រោងចក្រ​ចម្រាញ់​ប្រេង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Petrochemical ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ហាន់ ឃៀង។

    យោងតាម​បណ្តាញ​សង្គម​របស់​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា លោក Eiji Hagiwara នាយក​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​នៃ​ក្រុមហ៊ុន Idemitsu Kosan Co., Ltd. ដែលជា​ក្រុមហ៊ុន​ដៃគូ​ជាមួយ​ក្រុមហ៊ុន Conoco Phillips (UK) Limited (មាន​ភាគហ៊ុន 66.66%) ជា​ក្រុមហ៊ុន​ទទួលបាន​កិច្ចព្រមព្រៀង​ប្រេងកាត​មាន​លក្ខខណ្ឌ​នៅ​តំបន់ I&II នៃ​តំបន់​ទាមទារ​ត្រួតគ្នា (OCA) ដែលជា​តំបន់​ត្រួតស៊ីគ្នា​រវាង​ប្រទេស​កម្ពុជា និង​ថៃ បានស្នើ​ឱ្យ​ភាគី​ទាំងពីរ​បន្ត​ជំរុញ​ការដោះស្រាយ​បញ្ហា ដើម្បី​ព​ន្លឿ​ន​ដល់​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​ក្នុង​តំបន់​នោះ។

    ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​បង្ហាញថា ក្រុមហ៊ុន Idemitsu Kosan Co., Ltd. តែងតែ​បញ្ជូន Dr. Shiga អតីត​នាយក​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​ឱ្យមកធ្វើ​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​ប្រេងកាត​កម្ពុជា​ជា​ញឹកញាប់​ផងដែរ​ដើម្បី​ជា​សក្ខីភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា។ ក្នុងជំនួប​ជាមួយ​ឯកឧត្តម ស៊ុយ សែម តំណាង​ក្រុមហ៊ុន​បាន​លើកឡើងថា ក្រុមហ៊ុន​លោក​នឹង​បោះទុន​សម្រាប់​ការវិនិយោគ​ប្រេងកាត​នៅ​តំបន់​នោះ ប្រសិនបើ​ភាគី​កម្ពុជា និង​ភាគី​ថៃ​ចរចា​ត្រូវ​គ្នា។

    ឯកឧត្តម ស៊ុយ សែម បាន​បញ្ជាក់ជូន​ប្រតិភូ​ជប៉ុន​ថា កាលពី​ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2017 កន្លងមក​ឯកឧត្តម​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុងពេលនោះ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ដើម្បី​ជំរុញ​យន្តការ​នេះ​ឱ្យបាន​លឿន​នៅក្នុង​តំបន់​ប្រេងកាត​ត្រួតស៊ីគ្នា​នោះ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា ពាក់ព័ន្ធ​បញ្ហា​នេះ​ភាគី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង នឹង​ឈានទៅដល់​ការចរចា​ម្តង​ពីរដង​រួចមកហើយ ក្នុងនោះ​ភាគី​ថៃ​ហាក់​សម្តែង​នូវ​ការទទួលយក ប៉ុន្តែ​ជា​លទ្ធផល​គឺ​ពុំ​បានចេញ​ជា​ផ្លៃ​ផ្កា​នោះឡើយ ដោយ​អ្នកបច្ចេកទេស​ថៃ​តែងតែ​ទាញយក​បញ្ហា​ព្រំដែន គឺ​ចង់ឱ្យមាន​ការកំណត់​ព្រំដែន​ជាមុន ចំណែក​ភាគី​កម្ពុជា​វិញ​ចង់ទុក​រឿង​ព្រំដែន​ដោះស្រាយ​ជា​ក្រោយ ហេតុនេះ​ការជជែក​វែកញែក​នោះ​មិនបាន​ត្រូវ​គ្នា​ឡើយ ដែល​បាន​បន្ត​ទុក​មកដល់​សព្វថ្ងៃនេះ។

    តំបន់​ទាមទារ​ត្រួតគ្នា (OCA) ត្រូវបាន​ចែកចេញជា 4តំបន់ ក្នុងនោះ​តំបន់1 និង​តំបន់2 ស្ថិតក្រោម​ការ​ស្វែង​រុករក​ប្រេងកាត​របស់​ក្រុមហ៊ុន អ៊ី​ដឹ​ម មី​ត​ស៊ុយ កូ​សាន និង​ក្រុមហ៊ុន​កូ​នី​កូ ហ្វី​លៀប របស់​អាមេរិក ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​មាន​លក្ខខណ្ឌ​តាំងពី​ឆ្នាំ1997 ចំណែក​តំបន់3 ក្រុមហ៊ុន​តូ​តា​ល់ និង​តំបន់4 ក្រោម​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន សី​នុ ប្រទេស​ចិន។ បច្ចុប្បន្ន​តំបន់​ទាំង4នេះ​ស្ថិតនៅក្នុង​តំបន់ ស នៅឡើយ៕

  • ស្រា​បៀរ​អាន់​ឆ័​រ ប្រគល់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ 2017

    ស្រា​បៀរ​អាន់​ឆ័​រ ប្រគល់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ 2017

    កាលពី​ថ្ងៃទី 07 ខែវិច្ឆិកា ឆ្នាំ2017  នៅ​រោងចក្រ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​វគ្គ​ផ្តាច់​ព្រ័ត​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចាប់​រង្វាន់​វគ្គ​ផ្តាច់​ព្រ័ត​កាលពី​ថ្ងៃទី 22 ខែតុលា ឆ្នាំ2017  នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone Concert ។ កម្មវិធី​ពិសេស​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស  ស្វាមីភរិយា​ថ្មី​ចំនួន 39 គូ និង​អ្នកសារព័ត៌មាន​ជាច្រើន។

    លោក Roland Bala នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដោយមាន​ប្រសាសន៍ថា កម្មវិធី​ប្រគល់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ជាពិសេស និង​ជ្រាលជ្រៅ ព្រមទាំង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ លោក​បាន​បញ្ជាក់ថា ៖ « ជា​សក្ខីភាព នៅថ្ងៃនេះ​យើង​បានប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ ឆ្នេរ​ឋាន​សួ​គ៍ Krabi ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 15 គូ  ទូរទស្សន៍ Smart TV  55 អ៊ី​ញ ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 11 គូ  និង​កា​ម៉េ​រា Sony Alpha ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 13 គូ ។

    គួរ​បញ្ជាក់ថា ស្រា​បៀរ អាន់​ឆ័​រ ពិតជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈ្នះ​ពាន់រង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង 30 មេដាយ ជាពិសេស​ជា​ស្រា​បៀរ​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី មាន​រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍ រីករាយ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ថែមទាំង​មានកម្ម​វិធី​ផ្តល់ជូន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន​របស់ខ្លួន។

    សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ 2017 – 2018 ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ផ្តល់ជូន​រង្វាន់​កាន់​អស្ចារ្យ​ជាមុន​គឺ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅកាន់​កោះ​សា​ម៉ុ​យ រហូតដល់ 45 រង្វាន់ និង​រង្វាន់​ឈ្នះភ្លាមៗជាច្រើន​ទៀត​ដូចជា សៀរ​ភៅ​កត់​ចំណងដៃ ប៊ិក ធុង​ទឹកកក ដំណើរ​កម្សាន្ត និង​សន្លឹកឆ្នោត​ផ្សងសំណាង​ដើម្បី​មានឱកាស​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​កោះ​សា​ម៉ុ​យ ចំនួន 45គូ ។ ប្រសិនបើ​សាច់ញាតិ ឬ​មិត្ត​ភ័ក្តិ​របស់លោក​អ្នកមាន​បំណង​ចង់​រៀប​អាពាហ៍ពិពាហ៍ សូមជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅកាន់​សាច់ញាតិ និង​មិត្ត​ភ័ក្តិ​របស់លោក​អ្នក។ សូម​គាំទ្រ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍។

    សូម​ទទួលយក​ភាពសប្បាយ​រីករាយ​ពិតប្រាកដ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ជាមួយ​រសជាតិ​ស្រទន់​នៃ​ស្រ​បៀរ​អាន់​ឆ័​រ ព្រមទាំង​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​កោះ​សា​ម៉ុ​យ រហូតដល់ 45 គូ។  រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ!  សូម​ពិសា​ដោយ​ការទទួលខុសត្រូវ…

  • ការចិញ្ចឹម​កូន​ក្នុង​យុគ​បច្ចុប្បន្ន

    ការចិញ្ចឹម​កូន​ក្នុង​យុគ​បច្ចុប្បន្ន

    ការចិញ្ចឹម​កូន​នា​យុគ​បច្ចុប្បន្ននេះ​មើលទៅ​វា​ហាក់ដូចជា​ក្លាយជា​បញ្ហា​ចំពោះ​ឪពុកម្តាយ​ខ្លាំងណាស់​ថា តើ​ត្រូវ​ចិញ្ចឹម​កូន​យ៉ាង​ណា​ឱ្យ​ពូកែ ឱ្យ​អច្ឆរិយៈ ​ដែល​ភាគច្រើន​នឹង​សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍ​ខួ​រក្បាល ព្រោះ​សង្គម​សម័យនេះ​ត្រូវការ​តែ​មនុស្សឆ្លាត មាន​ភាពរហ័សរហួន​វាងវៃ និង​ទាន់សម័យ​ទើបអាច​រស់នៅ​យ៉ាង​មាន​សុវត្ថិ​ភាពកណ្តាល​ស្ថានភាព​ប្រែប្រួល​ខាង​សេដ្ឋកិច្ច​បែបនេះ​បាន។

    តែ​យើង​ភ្លេច​ហើយ​ថា លោកតា លោកយាយ​របស់​យើង​តែងតែ​ឱ្យ​ពរ​កូនចៅ​ឱ្យ “រស់នៅ​សប្បាយ មាន​សេចក្តីសុខ” ឬ “ត្រជាក់ត្រជុំ សុខ​សប្បាយ” ច្រើនជាង​ឱ្យ​ពរ​ថា ឱ្យ​ក្លាយជា​មនុស្ស​អច្ឆរិយៈ ព្រោះ​លោក​ឆ្លងកាត់​ជីវិត​មក​ច្រើន និង​ដឹងថា អច្ឆ-រិយៈ​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ការតម្រង់​ជីវិត​ឱ្យ​រស់នៅ​ប្រកបដោយ​ជោគជ័យ និង​មាន​សេចក្តីសុខ​នោះ ដូច្នេះ​ក្មេងក្នុងយុគសម័យ​ថ្មី​ដែល​នឹក​សង្ឃឹមថា នឹង​ក្លាយជា​មនុស្ស “ពូកែ ល្អ និង​មាន​សេចក្តីសុខ” សម្បូរ​ទាំង​IQ និង​EQនោះ សាកល្បង​ពិចារណា​មើល​ពី​ការពិត​នៃ​ជីវិត​ដែល​អ្នកមានចំណេះដឹង​ខាង​ការចិញ្ចឹម​ថែទាំ​ក្មេង​បានរៀបរៀង​ទុក​យ៉ាង​គួរឱ្យ​ចាប់អារម្មណ៍ដូចខាងក្រោមនេះ៖

    បើ​ចិញ្ចឹម​កូន​ដោយ​ការទទួលយក​នូវ​អ្វីដែល​គេ​មាន គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ពេញចិត្ត​ចំពោះ​ខ្លួនឯង។ បើ​ចិញ្ចឹម​កូន​ដោយ​​ការផ្តល់​កម្លាំងចិត្ត គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ជឿជាក់​លើ​ខ្លួនឯង។ បើ​ចិញ្ចឹម​កូន​ដោយ​ភាពយុត្តិធម៌ គេ​នឹង​ក្លាយជាមនុស្ស​មាន​ចិត្ត​ធម៌។ បើ​ចិញ្ចឹម​កូន​ដោយ​ភាពជា​មិត្ត គេ​នឹងមាន​សេចក្តីស្រឡាញ់ និង​ក្តីមេត្តា​ចំពោះ​មិត្ត​មនុស្ស​ដូចគ្នា។ បើ​ចិញ្ចឹម​កូន​ដោយ​សេចក្ដី​ស្រឡាញ់ និង​ភាពកក់ក្តៅ គេ​នឹង​ក្លាយជា​មនុស្សដែលមានចិត្ត​សទ្ធា​ក្នុង​ជីវិត។ បើ​ចិញ្ចឹម​កូន​ដោយពាក្យ​ស្តីបន្ទោស​ទិតៀន គេ​នឹង​ក្លាយ​ជា​មនុស្ស​
    បរាជ័យ​ក្នុង​ជីវិត។ បើ​ចិញ្ចឹម​កូន​ដោយ​ភាព​ច្រងេងច្រងាង គេ​នឹង​ធំ​ឡើង​ក្លាយជា​មនុស្ស​ព្រហើន​មិនដឹង​ខុសត្រូវ។ បើ​ចិញ្ចឹម​កូន​ដោយ​ក្តី​ប​ញ្ជោះប​ន្សោ​ក​ចំអក​ឡកឡាយ គេ​នឹង​ក្លាយជា​មនុស្ស​អៀនខ្មាស​ច្រើន និង​ខ្លាច។ បើ​ចិញ្ចឹម​កូន​ដោយ​ក្តី​អៀនខ្មាស គេ​នឹង​ក្លាយជា​មនុស្ស​មិន​ទុកចិត្តលើខ្លួនឯង។ បើ​ចិញ្ចឹម​កូន​ដោយ​ភាព​ឧស្សាហ៍​ព្យាយាម គេ​នឹង​ក្លាយជា​មនុស្ស​ស៊ូទ្រាំ​អត់ធន់។ បើ​ចិញ្ចឹម​កូន​ដោយ​ក្តី​កោតសរសើរ គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ជ្រួតជ្រាប​ក្នុង​គុណ​តម្លៃ។

    សូមឱ្យ​មិត្ត​អ្នកអាន​គ្រប់រូប​ឈប់​គិតពី​រឿង​ផ្សេង​មួយ​ភ្លែត និង​នៅ​ស្ងៀម1នាទី​ដើម្បី​ពិចារណា​ពី​ចំណុច​ណែនាំ​របស់​អ្នកមាន​ចំណេះដឹង​ក្នុងការ​ចិញ្ចឹម​មើលថែ​កុមារ និង​វិភាគ​មើល​ពី​បញ្ហាដែល​នឹង​នាំ​មកនូវ​បញ្ញា​ដែល​ស័ក្តិសម និង​ត្រឹមត្រូវ​តទៅទៀត៕

  • ទទួលទាន​ផ្លែ​ឪឡឹក​រយៈពេល7ថ្ងៃ នឹងមាន​រឿង​អ្វី​កើតឡើង​ចំពោះ​សុខភាព?

    ទទួលទាន​ផ្លែ​ឪឡឹក​រយៈពេល7ថ្ងៃ នឹងមាន​រឿង​អ្វី​កើតឡើង​ចំពោះ​សុខភាព?

    មនុស្ស​មួយចំនួន​មិនសូវ​និយម​ទទួលទាន​ទឹក​ប៉ុន្មាន​ទេ រហូតដល់​អ្នកខ្លះ​ទៀត​ខិតខំ​ប្រឹង​ធ្វើ​ការងារ ដោយ​មិនបាន​នឹកនា​ដល់​ការ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​នោះទេ។ ផ្លែ​ឪឡឹក ត្រូវបាន​អ្នកស្រាវជ្រាវ​លំដាប់​ពិភពលោក​ទទួលស្គាល់ថា ជា​ផ្លែឈើ​ដែល​សម្បរ​ទៅដោយ​សារជាតិ​ទឹក​ច្រើន​បំផុត និង​មាន​វីតាមីន​ជាច្រើន​នៅក្នុង​ផ្លែ​ឪឡឹក ដោយហេតុថា​វា​មាន​អត្ថប្រយោជន៍​ជា​ច្រើនយ៉ាង​ដូច្នេះហើយ ទើបបានជា​អ្នកជំនាញ​ខាង​សុខភាព​បាន​ណែនាំ​ឱ្យ​អ្នក​ដែល​មិន​និយម​ទទួលទាន​ទឹក ឱ្យ​ងាក​មក​ទទួលទាន​ផ្លែ​ឪឡឹក​ជំនួស​ទឹក​វិញ ដើម្បីឱ្យ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​មាន​ស្បែក​ភ្លឺ​ថ្លា។

    ក្រុម​វេជ្ជសាស្ត្រ​បាន​ពិសោធ​ចំពោះ​អ្នកជំងឺ​ដែល​បាត់បង់​ជាតិ​ទឹក​ឱ្យទទួល​ទាន​ផ្លែ​ឪឡឹក​ក្នុង​រយៈពេល7ថ្ងៃ ហើយសង្កេតឃើញថា រាងកាយ​របស់​អ្នកជំងឺ​មាន​ភាពប្រសើរ​ជាង​មុន ដូច្នេះហើយ​បានជា​យើង​ត្រូវ​ដឹងថា ការទទួល​ទាន​ផ្លែ​ឪឡឹក7ថ្ងៃ មាន​អ្វី​កើតឡើង​ចំពោះ​សុខភាព​របស់​យើង​ខ្លះ?ខាងក្រោម​នេះ គឺជា​គុណ​ស​ម្ប​តិ្ត​នៃ​ការទទួលទាន​ផ្លែ​ឪឡឹករយៈពេល7ថ្ងៃ៖

    1. រក្សា​សុខភាព​តម្រងនោម​បានល្អ
    2. ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក
    3. បង្កើន​សុខភាព​ភ្នែក
    4. ប្រឆាំង និង​ការពារ​រោគ​ជំងឺ​នានា
    5. បន្ថែម​ថាមពល​ដល់​រាងកាយ
    6. សម្រក​ទម្ងន់ និង​រក្សា​រាង​បាន​ស្អាត
    7. សម្រួល​ប្រព័ន្ធ​ឈាម និង​បេះដូង
    8. ការពារ​រោគ​ជំងឺ​រលាកផ្សេងៗ
    9. ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត-ល-៕

  • បញ្ហា​អ្វីខ្លះ​ជា​ឧបសគ្គ​ក្នុង​ផ្នែក​ធនធានមនុស្ស​នៅ​កម្ពុជា?

    បញ្ហា​អ្វីខ្លះ​ជា​ឧបសគ្គ​ក្នុង​ផ្នែក​ធនធានមនុស្ស​នៅ​កម្ពុជា?

    ធនធានមនុស្ស​ជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ហើយ​បច្ចុប្បន្ននេះ កម្ពុជា​ក៏​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​ជំរុញឱ្យមាន​កា​រ​អភិវឌ្ឍ​មូលធន​មនុស្ស​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុ​ជាមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​បម្រើឱ្យ​វិស័យ​នានា​ដែល​កំពុង​រីកចម្រើន។ ទោះជា​យ៉ាងនេះ​ក្តី ជាទូទៅ​ក៏​គេ​សង្កេតឃើញ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​ដែលជា​ឧបសគ្គ​ក្នុង​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើកឡើងថា នៅ​កម្ពុ​ជាមាន​បញ្ហា​មួយ គឺ​គ្រឹះស្ថាន​អប់រំ​មិនទាន់​អាច​ឆ្លើយតបបាន​ទាំងស្រុង​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​លើ​ជំនាញ​មួយចំនួន ជាពិសេស​ជំនាញ​ទន់។ សិស្ស និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​នៅ​ខ្វះ​សមត្ថភាព​ក្នុង​ការធ្វើការងារ​ជា​ក្រុម ការធ្វើការ​ដោះស្រាយ​បញ្ហា និង​ភាពជា​អ្នកដឹកនាំ​ជាដើម ហើយ​ទាំងអស់នេះ​ជា​ជំនាញ​សំខាន់​ដែល​អ្នកវិនិយោគ​បានលើកឡើង​ពី​តម្រូវការ​ធនធានមនុស្ស​នៅ​កម្ពុជា។

    លោក គង់ ភូមី​កា ប្រធាន​នាយកដ្ឋាន​ឧ​ត្ត​ម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា បញ្ហា​ប្រឈម​នៃ​វិស័យ​ធនធានមនុស្ស​បច្ចុប្បន្ន​គឺ ភាពមិន​ស៊ីគ្នា​នៃ​តម្រូវការ និង​ការផ្គត់ផ្គង់​ធនធានមនុស្ស។ និស្សិត​ជាច្រើន​បាន​សិក្សា​លើ​ជំនាញ​គ្រប់គ្រង ឬ​ធុរកិច្ច ដែលជា​ទីផ្សារការងារ​មួយ​ប្រកួតប្រជែង​ខ្លាំង ឬ​ជា​ទីផ្សារការងារ​ដែលមាន​តម្រូវការ​តិច ខណៈ​មាន​និស្សិត​តិចតួច​ប៉ុណ្ណោះ​ដែល​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ដែល​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់។

    ងាក​មក​អ្នកជំនាញ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​វិញ ឯកឧត្តម ពេ​ជ សោភ័ន បាន​លើកឡើងថា បញ្ហា​និស្សិត​មិនសូវ​ជ្រើសរើស​ជំនាញ​បច្ចេកទេស ជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើឱ្យ​ប្រទេស​យើង​ខ្វះ​អ្នកជំនាញ​ក្នុងការ​អភិវឌ្ឍ ឬ​បម្រើ​ការងារ​ក្នុង​សហគ្រាសនីមួយៗ រួមទាំង​វិស័យ​សំណង់​ផងដែរ។ គម្រោង​សាងសង់​ជាច្រើន​បានជ្រើសរើស​បុគ្គលិក​ដែលជា​ជនជាតិ​បរទេស​ក្នុងតម្លៃ​ថ្លៃ ដើម្បី​បម្រើ​ការងារ ព្រោះថា នៅ​កម្ពុជា​អ្នក​ដែល​សិក្សា​លើ​ជំនាញ​បច្ចេកទេស ឬ​មធ្យម​បច្ចេកទេស​មាន​ចំនួន​តិចតួច​នៅឡើយ។

    លោក ងួន ប៊ុន​និ​ត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea plus បាន​លើកឡើងថា បញ្ហា​ដែល​បណ្តាលឱ្យមាន​ផលប៉ះពាល់​លើ​វិស័យ​ធនធានមនុស្ស​កម្ពុជា គឺ​យុវជន​ជាច្រើន​មិនទាន់​យល់ដឹង​ឱ្យបាន​ទូលំទូលាយ​ពី​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ព្រោះ​ពួកគេ​ខ្វះ​អ្នក​ប្រឹក្សា​យោបល់ និង​មិនមាន​អ្នកជំនាញ​ផ្នែក​ទីផ្សារការងារ​នៅក្នុង​តំបន់​របស់​ពួកគាត់ ដែល​ធ្វើឱ្យ​និស្សិត​ជ្រើសរើស​ជំនាញ​តាម​គ្នាច្រើន និង​មិនសូវ​មានគុណ​ភាពខ្លាំង​នៅពេលដែល​ចេញមក​ធ្វើការ​ពិតប្រាកដ។

    សម្រាប់​អ្នក​អប់រំ​វិញ​ម្តង លោក សាន្ត ចន្ទ​កុម្ភៈ នាយក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា ការសិក្សា​របស់​និស្សិត​បច្ចុប្បន្ន គឺ​នៅមាន​ឧបសគ្គ​ខ្លះ​លើ​ការអនុវត្ត។ សាលា​មួយចំនួន រួមទាំង​និស្សិត​ខ្លួនឯង​ផ្ទាល់​គឺ​សិក្សា​ច្រើនតែ​លើ​ទ្រឹស្តី ហើយ​មិនសូវ​អនុវត្ត​ផ្ទាល់​ឱ្យបាន​ច្រើន​លើ​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា ដែល​កត្តា​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​ដែល​ជ្រើសរើស​ពួកគេ​ទៅធ្វើ​ការ​ត្រូវ​ចំណាយ​ច្រើន​លើ​ការបណ្តុះបណ្តាល ឬ​ពិបាក​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ទៅធ្វើ​ការ។

    បណ្ឌិត ឯក មនោ​សែន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​ថា និស្សិត​ជាច្រើន​នៅ​កម្ពុជា​មិន​ស្គា​ល់ពី​ភាព​លម្អិត​នៃ​មុខវិជ្ជានីមួយៗ ឬ​ស្គាល់​មុខជំនាញ​តិច ទើប​ធ្វើឱ្យ​ពួកគេ​ត្រូវ​ជ្រើសរើស​មុខជំនាញដដែលៗ ហើយ​ខ្លះទៀត​ថែមទាំង​ជ្រើសរើស​ជំនាញ​ខុស​ទៀតផង។ ជាក់ស្តែង និស្សិត​ជាច្រើន​បាន​យល់​ខុស​ថា គ្រប់​ការងារ​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ គឺ​សុទ្ធតែ​ត្រូវ​រៀន​ព័ត៌មានវិទ្យា​ជាដើម ដែល​ពេលខ្លះ​ពួកគេ​ត្រូវ​រៀន​មុខវិជ្ជា​មួយចំនួន​ដែល​មិនសូវ​ពាក់ព័ន្ធ ហើយ​កត្តា​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់៕

  • តើ​ក្រសួង​សាធារណការ​បានធ្វើ​អ្វីខ្លះ​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេលក្រោយៗនេះ?

    តើ​ក្រសួង​សាធារណការ​បានធ្វើ​អ្វីខ្លះ​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេលក្រោយៗនេះ?

    ភ្នំពេញ៖ បន្ទាប់ពី​បាន​ផ្លាស់ប្តូរ​ការងារ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម មកជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​វិញ មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​មាន​សមិទ្ធផលធំៗគួរឱ្យកត់សម្គាល់​មួយចំនួន​បាន​កើតឡើង​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ពិសេស​គឺ​ការធ្វើកំណែទម្រង់​ដាក់ QR Code នៅលើ​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ ដែលមាន​មុនគេ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី។

    ក្នុង​ពិធី​ធ្វើ​ប​ឋ​កថា​បង្ហាញ​ទៅដល់​មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត​ជាច្រើន​រយ​នាក់ និង​ព្រះសង្ឃ​ជាច្រើន​រយ​អង្គ​កាលពី​ម្សិលមិញ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​បច្ចុប្បន្នភាព​អំពី​សមិទ្ធផល​ការងារ​ដែល​សម្រេចបានសំខាន់ៗទាក់ទង​នឹង​ផែនការ​សកម្មភាព100ថ្ងៃ និង​កំណែទម្រង់​ដែល​កំពុង​បន្តធ្វើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    សមិទ្ធផល​ការងារ​សម្រេចបាន​ទាំងនោះ​រួមមាន៖ ការដាក់ឱ្យ​ដំណើរការ​មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប AEON Mall ភ្នំពេញ ដោយ​ចំណាយពេល​ត្រឹមតែ15នាទី ដើម្បី​ទទួលបាន​ប័ណ្ណបើកបរ  ការបិទ​ស្លាក​សុវត្ថិភាព​ស្ទី​គ័​រ​ចំណាំង​ប្លាត​ពន្លឺ​ពេលយប់​ចំនួន3.4លាន​សន្លឹក យុទ្ធនា​ការចែក​មួកសុវត្ថិភាព  ការរៀបចំ​រចនាសម្ព័ន្ធ​អង្គការលេខ​របស់​ក្រសួង​ឡើងវិញ​ដើម្បី​បំពេញការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ការដាក់ឱ្យ​ដំណើរការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ការផ្តល់​ប័ណ្ណបើកបរ​យានយន្ត កម្មវិធី​យល់ដឹង​អំពី​ទ្រឹស្តី​នៃ​ការបើក​លើ​ទូរស័ព្ទ​ឈៀក​ចល័ត និង​ស្លាក​លេខ​យានយន្ត​ដែលមាន QR Code ដើម្បី​កាត់បន្ថយ​ការ​ក្លែងបន្លំ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​អំពី​ការសាងសង់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ដែល​គ្រោង​ដាក់ឱ្យ​ដំណើរ​ក្នុងពេលឆាប់ៗ  ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល ការរៀបចំ​ក្របខ័ណ្ឌ​ស្ថាប័ន​ទទួលបន្ទុក​ភ័ស្តុភា​រកម្ម​ដើម្បី​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន ការធ្វើសមាហរណកម្ម​ទូទាំងប្រទេស​តាមរយៈ​ការកសាង និង​ពង្រីក​បណ្តាញ​ផ្លូវ​ត​ភ្ជាប់ ការកសាង​ផ្លូវ​រថភ្លើង ការគ្រប់គ្រង​ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ ការកសាង​កំពង់ផែ​ទឹក​ជ្រៅ ការ​លុប​ជង្ហុក​សម្បុកមាន់​លើផ្លូវ​នៅ​ទូទាំង 25រាជធានី-ខេត្ត តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​រ៉ឺម៉ក​ដែល​បំពាក់​ដោយ​ឧបករណ៍​ចំនួន​ជាង300គ្រឿង និង​សម្ភារ​គ្រប់គ្រាន់​សម្រាប់​ចល័ត​ចុះ​ពិនិត្យ និង​ជួសជុល​ជង្ហុក​សម្បុកមាន់ភ្លាមៗក្នុង​គោលបំណង​ថែរក្សា​បណ្តាញ​ផ្លូវថ្នល់​របស់​យើង​ឱ្យ​ជាប់​បានយូរ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកត់សម្គាល់​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ច្បាប់​ដើម្បី​ប្រជាជាតិ​កាន់​តែមាន​សុវត្ថិភាព និង​វិបុលភាព​ថែមទៀត និង​បាន​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​ទាំងអស់​ចូលរួម​ឱ្យបាន​សស្រាក់សស្រាំ​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា៕