Author: វល័ក្ខ

  • សូមប្រយ័ត្ន! បញ្ហាកូន​បង​ច្រណែន​កូនប្អូន

    សូមប្រយ័ត្ន! បញ្ហាកូន​បង​ច្រណែន​កូនប្អូន

    បញ្ហា​មួយ​ប្រការ​ទៀត​ដែល​ឪពុកម្តាយ​ច្រើនតែ​ភ្លេច​គឺ ភ្លេច​នឹក​ដល់​កូនច្បង​ដែល​នៅឯ​ផ្ទះ ព្រោះ​កំពុងតែ​សប្បាយចិត្ត និង​រំភើប​​នឹង​កូនពៅ​ដែល​ទើបនឹង​កើត ធ្វើឱ្យ​ភ្លេច​កូន​ដទៃទៀត​អស់​មួយរយៈ។ បញ្ហា​នេះ​ជា​បញ្ហា​ធំ​មួយ​ដែល​គួរតែ​ប្រយ័ត្ន​ឱ្យបាន​ល្អ ព្រោះ​​ការនាំ​កូនពៅ​ទើបនឹង​កើត​ទៅផ្ទះ​វិញ អាច​នឹងធ្វើ​កូនបងៗខ្លះ​មិន​សប្បាយ​ក្នុង​អារម្មណ៍​ប៉ុន្មាន​ទេ ព្រោះ​មាន​អារម្មណ៍​ថា ខ្លួនឯង​ត្រូវ​បាន​ប៉ា​ម៉ាក់​បំភ្លេចចោល ព្រោះ​ឃើញ​ឪពុកម្តាយ ឬ​សូម្បីតែ​សាច់ញាតិ​ឯទៀត​តាំងពី​លោកតា លោកយាយ​រវល់​តែ​យកចិត្តទុកដាក់​នឹង​កូនពៅ​តូច ហើយ​អ្នក​ម្តាយ​ក៏​រវល់​តែ​វីវក់​ជាមួយ​កូនពៅ និង​គិតថា កូនបងៗប្រហែលជា​អាចជួយ​ខ្លួនឯងបាន​ហើយ មិនចាំបាច់​មើល​ថែទាំ​អី​ច្រើន​ទេ។ ការគិត និងការ​ធ្វើបែបនេះ​អាចធ្វើឱ្យ​ក្មេង​គិតថា “ម៉ាក់​បោះបង់​យើង​ចោល​ហើយ បានជា​មិន​រវល់​ជាមួយ​យើង​”​។

    ដូច្នេះហើយ​ទើប​គេ​ព្យាយាម​ទាមទារ​ការចាប់អារម្មណ៍ផ្សេងៗ ដើម្បីឱ្យ​ប៉ា​ម៉ាក់​ងាក​មក​ចាប់អារម្មណ៍​រូបគេ​វិញ​ដូចជា កូន​បងៗ​ទាំងនោះ​អាចមាន​អាការ​ឆាប់​មួម៉ៅ រករឿង តោង​ដៃ​តោង​ជើង​ឪពុកម្តាយ ​ឬអ្វី​ដែល​ធ្លាប់ជួយ​ខ្លួនឯងបាន ដូចជា ធ្លាប់តែ​ទៅ​នាម​បាន​ដោយ​ខ្លួនឯង ក៏​បែរជា​នោម​ដាក់​ពូក ឬ​នោម​ដាក់​ខោ ​ដើម្បីឱ្យ​ម្តាយ​មកជួយ ឬ​មក​នៅក្បែរជាដើម។ រឿង​ទាំងអស់នេះ សំខាន់​គឺ​អ្នក​​ម្តាយ​គួរ​យល់​ពី​ទង្វើ​ទាំងនោះ និង​ងាក​មក​ផ្តល់នូវ​ការចាប់អារម្មណ៍​យ៉ាងពិត​ប្រាកដ មិនគួរ​ស្តីបន្ទោស វាយ ឬ​ដាក់ទោស​កូន​បង​ទាំង​​នោះទេ
    មិន​ដូច្នោះ​ទេ​បញ្ហា​អាច​នឹង​រីក​រាលដាល​ធំ​ឡើង​ក្លាយជា​បញ្ហា​បង​ច្រណែន​ប្អូន​ពិបាក​ដោះស្រាយជាមិនខាន។

    ឪពុកម្តាយ​គួរតែ​ត្រៀម​ឱ្យ​ហើយ​តាំងពី​ពេលមានគភ៌ ឱ្យ​កូន​បង​បានដឹង​ជាស្រេច​ថា នឹងមាន​ប្អូន​ថ្មី​ម្នាក់​កើតឡើង និង​បើ​មាន​ឱកាស ចូរ​ឱ្យគេ​បាន​ទៅសួរសុខទុក្ខ​ប្អូន​នៅ​មន្ទីរពេទ្យ​ផង​រឹតតែ​ល្អ (តែបើ​កំពុង​ឈឺ កុំឱ្យ​ទៅជិត​ប្អូន)។ អ្វីដែល​សំខាន់​នោះ​គឺ ឪពុក​ម្តាយ និង​សាច់ញាតិ​ឯទៀត​គួរ​សម្តែង​ឱ្យឃើញថា សេចក្តីស្រឡាញ់​ដែលមាន​ចំពោះ​កូនបងៗមិន​ប្រែប្រួល​ឡើយ។ ឪពុកម្តាយ​គួរ​បែង​ចែក​​ពេលវេលា​ឱ្យ​កូន​បង និង​ប្រតិបត្តិ​ជាមួយ​គេ​យ៉ាង​ជាប់លាប់ ធ្វើ​ឱ្យគេ​ជឿជាក់ថា យើង​មិនបាន​បោះបង់​រូបគេ​ចោល​ទេ និង​ព្យាយាម​​ទាញ​
    គេ​ឱ្យមក​មាន​ចំណែក​ទទួលខុសត្រូវ​ក្នុងការ​មើលថែទាំ​ប្អូន​តូច​ផង ដូចជា​ ជួយ​ម៉ាក់​កាន់​ដប​ទឹកដោះគោ ជួយ​យក​កន្ទប​មក​​ផ្លាស់ ឬ​បើ​ប្អូន​តូច​យំ ជំនួស​ឱ្យ​អ្នក​ម្តាយ​ដែល​ត្រូវ​ប្រញាប់រ​ត់ទៅ​មើល​តែឯង​នោះ គួរតែ​ដឹក​ដៃ​គេ​ទៅ​មើល​ប្អូន​ដែរ ដោយ​ប្រាប់ថា “តោះ! យើង​ទៅ​មើល​មើល៍ ម៉េច​បាន​ប្អូន​យំ?” ជាដើម។ ការប្រតិបត្តិ​បែបនេះ​នឹងធ្វើ​ឱ្យ​កូន​បង​មាន​ភាពជឿជាក់​លើ​ប៉ា​ម៉ាក់​កាន់តែ​ខ្លាំង​​ឡើង និង​មាន​អារម្មណ៍ល្អ​ជាមួយ​ប្អូន​តូច​ទៀតផង។

    មាន​ចំណុច​ណែនាំ​មួយ​ដែល​លោកឪពុក​អ្នក​ម្តាយ​អាច​នាំយកទៅ​ប្រតិបត្តិ និង​ជួយ​ឱ្យ​កើត​ផល​ល្អ​បាន​គឺ នៅពេល​នាំ​កូនពៅ​ទើបនឹង​កើតចេញពី​ពេទ្យ​មកដល់​ផ្ទះ​ភ្លាម ឪពុក ឬ​ម្តាយ​មិនគួរគិតតែ​ពី​រោម​យកចិត្តទុកដាក់​លើ​កូនតូច​តែ​ម្នាក់​នោះទេ។ រឿង​ដំបូង​ពេល​ដែល​មកដល់​ផ្ទះ អ្នក​ម្តាយ​គួរតែ​ប្រញាប់​ស្ទុះ​ទៅ​ឱប​កូន​បង​ជាមុនសិន ហើយ​ប្រាប់​គេ​ថា ម៉ាក់ និង​ប៉ា​នាំ​អា​អូន​មកឱ្យ​កូន​ឯង​ហើយ និយាយងាយៗគឺ​ផ្តល់​ចំណាប់អារម្មណ៍​លើ​កូន​បង​មុន​ តែបើ​បញ្ហា​បង​ច្រណែន​ប្អូន​នេះ​មិនអាច​ដោះស្រាយបាន​មែនទែន​នោះ គួរ​​ទៅ​ប្រឹក្សា​ជាមួយគ្រូពេទ្យ ​ដើម្បី​សេចក្តីសុខ​ក្នុង​គ្រួសារ៕

  • លទ្ធផល​ស្រាវជ្រាវ​អះអាងថាកូន​បែប​នេះឯង ដែល​ធំ​ឡើង​នឹង​ក្លាយជា​បង្គោលគ្រួសារ

    លទ្ធផល​ស្រាវជ្រាវ​អះអាងថាកូន​បែប​នេះឯង ដែល​ធំ​ឡើង​នឹង​ក្លាយជា​បង្គោលគ្រួសារ

    អ្នក​ម្តាយ​ដែលមាន​កូន​តែ​ម្នាក់​អាច​នឹងមិន​ចាំបាច់​គិត​អ្វី​ច្រើន​ឡើយ ព្រោះ​យ៉ាងណាក៏ដោយ គឺ​កូន​មួយ​នេះឯង​ដែល​ឪពុកម្តាយ​នឹក​សង្ឃឹម​ឱ្យក្លាយ​ជាស​សរ​គោល​រប​ស់​គ្រួសារ​នៅចាំ​ជួយ​មើលថែទាំ​ឪពុកម្តាយ​ពេល​ចាស់ ឬ​ឈឺ​ថ្កាត់ផ្សេងៗនោះ តែ​សម្រាប់​ឪពុកម្តាយ​ដែលមាន​កូន2 កូន3 ឬ​ច្រើនជាង​នោះ តើ​ត្រូវ​សង្កេតមើល​យ៉ាងម៉េច​នឹង​ដឹង​ទៅ​ថា តើ​កូន​មួយណា​នឹង​ធំ​ទៅ​ក្លាយជា​សសរ​បង្គោលរប​ស់​គ្រួ​សារបាន​នោះ?

    ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចំណុច​ពិសោធ​ពី​ខាង​វិទ្យាសាស្ត្រ​ដែល​បាន​អះអាងថា ក្មេង​ដែលជា​កូនច្បងក្នុង​គ្រួសារ​នឹងមាន​ឱកាស​ក្នុងការ​ក្លាយជា​សសរគោល​របស់​គ្រួសារ​ច្រើនជាង​បងប្អូន​ឯទៀត​របស់គេ ព្រោះថា ៖

    1- ព្រោះ​កូនច្បង​បាន​រៀន​យល់ដឹង​ពី​រឿង​ភាព​សំខាន់​របស់​គ្រួសារ មាន​ភាព​ទទួលខុសត្រូវ និង​បានទទួល​ជោគជ័យ​ក្នុង​ជីវិត​មុនប្អូនៗហ្នឹងឯង។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ ចេ​ហ្វ្រ៊ី​យ៍ គ្លូ​ហ្គើ​រ អ្នកនិពន្ធ​សៀវភៅ The Sibling Effect បាន​រកឃើញថា កូនច្បង​នឹង​ស្តាប់បង្គាប់ និង​ជឿ​លើ​ពាក្យ​ប្រៀនប្រដៅ​របស់​ឪពុកម្តាយ​ខ្លាំង​ជាង​កូនបន្ទាប់ៗ និង​តែង​ធ្វើជា​បង​ដែលមានតួនាទី​ជួយ​ប៉ា​ម៉ាក់​មើលថែប្អូនៗ ទើប​ក្លាយជា​ក្មេង​ដែលមាន​ភាព​ទទួលខុស​ត្រូវ​តាំងពី​អាយុ​នៅ​តិច។

    2- ព្រោះ​កូនច្បង​តែង​ជឿ និង​ស្តាប់បង្គាប់​ពាក្យ​ប្រៀនប្រដៅ និង​ធ្វើ​តាមរបៀប​វិន័យ​នៅក្នុង​ផ្ទះ ខណៈដែល​កូនប្អូនៗច្រើនតែ​ជា​ក្មេង​ឌឺ។ លទ្ធផល​នៃ​ការងារ​ស្រាវជ្រាវ​ដែល​បាន​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ2003 របស់​អ្នក​ចិត្ត​វិទ្យា​ជនជាតិ​បែលហ្ស៊ិក​បាន​សរុប​ថា កូនច្បង​នឹងមាន​ភាព​ទទួលខុសត្រូវ និង​មាន​ទង្វើ​តាមបែប​ផែន​ដើម្បី​ធ្វើជា​គំរូ​ដែលល្អៗសម្រាប់ប្អូនៗ ខណៈដែល​កូន​ប្អូន​ព្យាយាម​សាង​ភាពខុសប្លែក​ចេញពី​របៀប​វិន័យ និង​លក្ខខណ្ឌ​ដោយ​ភាព​លេង​ច្រើន ឡេះឡោះ រពឹស រហូត​មើលទៅ​ហាក់ដូចជា​ក្មេង​ឌឺ រឹង​ខ្លាំង​ជាង​កូនច្បង។

    3- ព្រោះ​កូនច្បង​កើតមក​ដើម្បី​ធ្វើជា​អ្នកដឹកនាំ​ពី​ធម្មជាតិ និង​ច្រើនតែ​ទទួលបាន​ជោគជ័យ​ក្នុងតួនាទី​ការងារ​យ៉ាង​ងាយ ដោយ​ភាពជា​កូនច្បង​ដែល​ត្រូវ​នៅចាំ​មើលថែទាំប្អូនៗ ដែល​អាច​រាប់បាន​ថា​ជា​រឿង​សំខាន់​មួយ​ដែល​ជួយ​បង្កើនជំនាញ​ភាពជា​អ្នកដឹកនាំ​ជាប់​នឹង​ខ្លួន​តាំងពី​នៅ​តូច​ដែល​ទាំងអស់នេះ​នឹង​ក្លាយជា​ប្រយោជន៍​នាពេល​អនាគត​ទាំង​ក្នុង​រឿង​ការសិក្សា​រៀនសូត្រ ការធ្វើការងារ និង​ហុច​ផល​ឱ្យ​កូនច្បង​មាន​ភាព​ក្លៀវក្លា​ស្វាហាប់​ខ្លាំង​ជាពិសេស​ទៀតផង។

    4- ព្រោះ​កូនច្បង​ឆ្លាត​ជាង​កូន​ប្អូន។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ន័​រវេ​សបាន​រកឃើញថា កូនច្បង​មាន IQ ជា​មធ្យម​ខ្ពស់ជាង​កូនប្អូនៗដល់​ទៅ2.3ចំណុច ដែល​វា​អាចជា​បែប​ហ្នឹង​មែន ព្រោះ​វា​អាច​កើតចេញពី​អ្វីដែល​បង​ច្បង​ត្រូវ​អប់រំ​ប្រដៅ ឬ​ជួយ​ប្អូន​រំឭក​មេរៀន ឬអ្វីផ្សេងៗទៀត​ដល់ប្អូនៗ ទើប​ធ្វើឱ្យ​កូនច្បង​មាន​សតិបញ្ញា​ល្អ​ជាង និង​ឆ្លាត​ជាង​កូន​ប្អូន​ហ្នឹងឯង។

    5- ព្រោះ​កូនច្បង​ជាម​នុស្ស​ដែលមាន​ចិត្ត​គំនិតល្អ។ លទ្ធផល​ពី​ការងារ​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ អុី​ល​លិ​ណ​យស៍ ក្នុង​ឆ្នាំ2015 បាន​រកឃើញថា “និស្ស័យ​របស់​កូនច្បង​នឹងមាន​ភាពទៀងត្រង់ ស្តាប់បង្គាប់ និង​ហ៊ាន​ប្រឈម ដោយ​មិន​ញាប់​ញ័រ​ចំពោ​រឿងអ្វីៗឡើយ ដែល​ទាំងអស់នេះ​វា​អាច​កើតចេញពី​ការដែល​ខ្លួនគេ​ជា​កូនច្បង​ដែល​ត្រូវតែ​មើលថែទាំ​ប្អូន នៅចាំ​ជួយ​ដោះស្រាយបញ្ហា ទើប​ធ្វើឱ្យ​កូនច្បង​ក្លាយជា​បងធំ​ចិត្តល្អ និង​ជាទី​ពឹងពាក់​របស់​ប្អូន​បាន”៕

  • គន្លឹះ​មួយចំនួន​សម្រាប់​អ្នក​ចង់​ក្លាយជា​អ្នកសម្របសម្រួល​កិច្ចពិភាក្សា

    គន្លឹះ​មួយចំនួន​សម្រាប់​អ្នក​ចង់​ក្លាយជា​អ្នកសម្របសម្រួល​កិច្ចពិភាក្សា

    ដោយសារតែ​កំ​ណើ​នៃ​សិក្ខាសាលា និង​កម្មវិធី​វេទិកា​តុមូល (penal discussion) នាពេល​បច្ចុប្បន្ននេះ យុវជន​មួយចំនួន​ចាប់ផ្តើមបាន​ស្គា​ល់ពី​តម្លៃ​នៃ​ចំណេះដឹង និង​ការចែករំលែក​នូវ​មេរៀន​ជីវិត ក៏ដូចជា​ជំនាញ​បច្ចេកទេស​ជាច្រើន​ពី​អ្នកជំនាញ។

    សិក្ខាសាលា​មួយ ឬ​កិច្ចពិភាក្សា​មួយ​អាចមាន​ភាពរស់រវើក​ទៅបាន លុះត្រា​តែមាន​អ្នករៀបចំ​កម្មវិធី ដែល​ក្នុងនោះ​ក៏មាន​អ្នកសម្របសម្រួល​កម្មវិធី​ជជែក​ពិភាក្សា​ដែរ ព្រោះ​ពួកគេ​ជា​អ្នក​ដាស់​ភាពរស់រវើក និង​ឆ្កឹះ​ចំណុចរសើប​ក្នុង​ប្រធានបទ​ដើម្បីឱ្យ​វាគ្មិន​ឆ្លើយ​បកស្រាយ។

    ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​អ្នកសម្របសម្រួល​កម្មវិធី​កិច្ចពិភាក្សា​នានា។

    1.ស្គាល់​ប្រធានបទ និង​វាគ្មិន

    អ្នកសម្របសម្រួល​កិច្ចពិភាក្សា (moderator) ជា​អ្នក​ដែល​ដឹកនាំ​កម្មវិធី​ពិភាក្សា​ទាំងមូល​ឱ្យមាន​របៀបរៀបរយ និង​បំផុស​ឱ្យ​អ្នកចូលរួម​មាន​ចម្ងល់ ឬ​រីករាយ​តាម​ការកែច្នៃ​ជាក់ស្តែង​របស់គាត់​ទៅតាម​ស្ថានការណ៍​នៅលើ​ឆាក។ ដើម្បី​បង្កើត និង​ដឹកនាំ​កិច្ចពិភាក្សា​បានល្អ លុះត្រាតែ​អ្នកសម្របសម្រួល​ស្គាល់​ប្រធានបទ​ច្បាស់ និង​វាគ្មិន​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន។

    ការ​ស្គាល់​ប្រធានបទ​ច្បាស់ អាច​កើតចេញពី​ការពិភាក្សា​ជាមួយ​អ្នករៀបចំ​ប្រធានបទ​សម្រាប់​វាគ្មិនម្នាក់ៗ និង​សិក្សា​ស្រាវជ្រាវ​ពី​រឿងរ៉ាវសំខាន់ៗពាក់ព័ន្ធ​នឹង​ប្រធានបទ​ដែល​វា​ក៏​ជាត​ម្លៃ​សំខាន់​មួយ​សម្រាប់​អ្នកសម្របសម្រួល​ផងដែរ​ក្នុងការ​តម្រង់ទិស​វេទិកា​ប្រសិនបើ​វាគ្មិន​ឆ្លើយ​មិន​ស្រប​នឹង​ស្ថានភាព​ជាក់ស្តែង ឬ​ខុសពី​អ្វី​ដែលជា​ការពិត។ ម្យ៉ាងវិញទៀត ការ​ស្គាល់ និង​ភាព​ប៉ិនប្រសប់​ក្នុង​ការមើល​មនុស្ស ជា​ចំណុច​សំខាន់​មួយ​ដែល​អ្នកសម្របសម្រួល​ត្រូវតែ​ចេះ ព្រោះថា វាគ្មិន​អាចមាន​ចរិត​ផ្សេងគ្នា ដោយ​អ្នកខ្លះ​ចូលចិត្ត​ឱ្យមាន​ការសួរដេញដោល​លើ​ចំណុចរសើប អ្នកខ្លះ​ចូលចិត្ត​លេងសើច អ្នកខ្លះ​ប្រកាន់​ច្រើន ឬ​អ្នក​ខ្លះទៀត​ចូលចិត្ត​ពង្វាង​ចម្លើយ​ជាដើម។ នៅពេលដែល​អ្នកសម្របសម្រួល​ស្គាល់​ពី​ស្ថានភាព​របស់​អ្នកឆ្លើយ​បាន​ហើយ គាត់​នឹង​អាច​ច្នៃ​សំណួរ និង​ប្រើប្រាស់​ពាក្យពេចន៍​ដើម្បី​ធ្វើយ៉ាងណា​ដឹកនាំ​កិច្ចពិភាក្សា​ឱ្យទទួល​បាន​ជោគជ័យ។

    1. ចាប់​ចំណុច​មិនសូវ​ច្បាស់ ឬ​ចំណុចរសើប​ដើម្បី​សួរ​លម្អិត

    នៅក្នុង​សង្គម​ជាក់ស្តែង មានរឿង​ជាច្រើន​ដែលជា​ចម្ងល់​សម្រាប់​មនុស្ស​ទូទៅ ហើយ​ចម្ងល់​ទាំងអស់នោះ​ក៏​អាចជា​ចម្ងល់​របស់​អ្នកចូលរួម​ស្តាប់​កិច្ចពិភាក្សា​ដែរ ហេតុនេះ​ប្រសិនបើ​អ្នកជា​អ្នកសម្របសម្រួល​ល្អ​ម្នាក់ អ្នក​ចាំបាច់​ត្រូវតែ​ស្រាវជ្រាវ​ព័ត៌មាន​ឱ្យបាន​ច្បាស់ ហើយ​ដាក់​សំណួរ​ឱ្យ​វាគ្មិន​បកស្រាយ​បន្ថែម​លើ​គំនិត​ដែល​ស្រពេចស្រពិល​ទាំងអស់នោះ។ អ្នក​សួរ​អាច​ចាប់ផ្តើម​ដោយ​ពាក្យ​ថា «ខ្ញុំ​មិន​ច្បាស់​ថា» រួច​បង្កើតជា​សាច់រឿង​មួយ​ដែល​គ្រប់គ្នា​កំពុង​គិត ហើយ​បញ្ចប់​ដោយ​ពាក្យ​ថា «សូម​វាគ្មិន​បកស្រាយ​លើ​ចំណុច​ដែល​កំពុង​ខ្វែងគំនិត ឬ​មិនទាន់​ច្បាស់លាស់​នេះ» ដើម្បី​ស្វែងរក​ឱ្យឃើញ​នូវ​គំនិត​យោបល់​ពី​អ្នកជំនាញ​សម្រាប់​សាធារណជន​ជាពិសេស​ដើម្បី​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​បំផុស​ឱ្យ​អ្នកចូលរួម​កាន់តែ​មាន​គំនិត​ច្រើន​ក្នុងការ​ចូលរួម​ចោទសួរ។

    ការធ្វើ​បែបនេះ អាចធ្វើឱ្យ​វេទិកា​មួយ​ចាប់ផ្តើម​មាន​សកម្មភាព និង​គុណ​តម្លៃ​ស្របគ្នា​ដែល​វាគ្មិន​ក៏​អាច​សប្បាយចិត្ត មិនមែន​សួរ​ឱ្យតែបាន​សួរ​នោះទេ។

    3.ចេះ​បង្វែរ​ស្ថានការណ៍ និង​គ្រប់គ្រង​ពេលវេលា​ឱ្យបាន​ល្អ

    មនុស្សម្នាក់ៗមានគំនិត​ខុសគ្នា មានការ​យល់ឃើញ​ផ្សេងគ្នា​លើ​គ្រប់​រឿងរ៉ាវ​ដែល​កើតមានឡើង​នៅក្នុង​ការរស់នៅ ហេតុនេះ​ការធ្វើ​ប្រធានបទ​ពិភាក្សា​ណាមួយ​មិនអាច​ចៀស​ផុតពី​ការខ្វែងគំនិត ឬ​និយាយ​ចេញ​នូវ​គំនិត​ដែល​អាច​ប៉ះពាល់ ឬ​អាច​ចេញ​ឆ្ងាយ​ពី​ប្រធានបទ ហេតុនេះ​អ្នកសម្របសម្រួល​មាន​តួនាទី​ក្នុង​ការហៅ​មកវិញ​នូវ​ភាព​វិជ្ជមាន​ក្នុង​កិច្ចពិភាក្សា និង​គ្រប់គ្រង​ស្ថានការណ៍​ឱ្យបាន។

    វិធីសាស្ត្រ​បង្វែរ​ស្ថានការណ៍​អាចធ្វើ​បាន​ដោយ​ការ​ចោទ​ជា​សំណួរ​ផ្ទុយ ឬ​បង្កើត​សំណួរ​បន្ថែម​ដើម្បី​រុញ​ចំណុច​សំខាន់​ឱ្យចេញ។ វិធីសាស្ត្រ​មួយ​ផ្សេងទៀត គឺអាច​បង្វែរ​សំណួរ​ទៅកាន់​វាគ្មិន​បន្ទាប់ ដោយ​ការ​កាត់​សាច់រឿង​ប្រកបដោយ​ភាពសមរម្យ​មួយ ឬ​ដោយ​ការលើក​រឿង​សាមញ្ញ​មួយ​ដែល​អស់សំណើច​ដើម្បី​បង្វែរ​ការគិត​របស់​ម​នុស្ស​គ្រប់គ្នា​មុននឹង​ឈានចូល​សំណួរ​ថ្មី។

    ចំណែកឯ​បញ្ហា​ពេលវេលា​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​សម្រាប់​ការផ្តល់​ភាពស្មើគ្នា​ដល់​វាគ្មិនម្នាក់ៗ អ្នក​សួរ និង​វេទិកា​ទាំងមូល ហេតុនេះ​អ្នកសម្របសម្រួល​គឺ​ត្រូវតែ​ជា​អ្នកមាន​ភាព​ឆ្លាត​វៃ​ក្នុងការ​គ្រប់គ្រង ឬ​ទប់​អ្នក​ដែល​កំពុងតែ​ចង់ដឹង​កុំឱ្យ​ខឹង ឬ​អន់ចិត្ត នៅមុន​ពេល​នឹង​បញ្ចប់​វេទិកា៕

  • ហេតុអ្វី​បានជា​បុគ្គលិក​ក្នុង​ស្ថាប័ន​មួយ ចេះតែ​ចេញ-ចូល​ញឹកញាប់?

    ហេតុអ្វី​បានជា​បុគ្គលិក​ក្នុង​ស្ថាប័ន​មួយ ចេះតែ​ចេញ-ចូល​ញឹកញាប់?

    សកម្មភាព​បុគ្គលិក​ចេញ-ចូល​ច្រើន ឬ​ធ្វើការ​បានតែ​មួយរយៈ​ពេល​ខ្លី ហើយ​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជា​ភាព​អសកម្ម​មួយ​ដែល​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ហើយ​បញ្ហា​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សក​ម្ម​ភាព​ការងារ​របស់​ក្រុមហ៊ុន និង​បុគ្គលិក​នោះ​ផ្ទាល់។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ងួន ប៊ុន​និ​ត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea Plus បាន​លើកឡើងថា មាន​កត្តា​សំខាន់ 2យ៉ាង​ដែល​ធ្វើឱ្យ​បុគ្គលិក​ចេញចូល​ច្រើន​នៅក្នុង​ស្ថាប័ន​មួយ។ កត្តា​ទី 1 គឺ​កត្តា​ផលប្រយោជន៍ (profit) និង​កត្តា​ទី 2 គឺ​កត្តា​អារម្មណ៍ ឬ​មនោសញ្ចេតនា (emotion)។ លោក ប៊ុន​និ​ត បាន​បញ្ជាក់ថា កត្តា​ផលប្រយោជន៍​ភាគច្រើន​អាច​កើត​មកពី​ការគិត​របស់​មេដឹកនាំ​នៃ​ស្ថាប័ននីមួយៗដែល​តែងតែ​គិតថា មាន​លុយ​គឺ​ប្រាកដជា​អាចធ្វើ​អ្វី​បាន​គ្រប់យ៉ាង តែ​តាមពិតទៅ​បុគ្គលិកម្នាក់ៗមិន​ប្រាកដថា ត្រូវការ​លុយ​ទាំងស្រុង​នោះទេ។ ក្រៅពី​កត្តា​លុយកាក់ បុគ្គលិក​ក៏ត្រូវ​ការ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ការយកចិត្តទុកដាក់ និង​កត្តា​មួយចំនួនទៀត​ផងដែរ។

    លោក ងួន ប៊ុន​និ​ត បាន​និយាយថា៖ «ភាព​មាន​មនោសញ្ចេតនា​ក្នុង​ស្ថាប័ន និង​កត្តា​ផលប្រយោជន៍​ជា​ផ្នែក​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ព្រោះថា ប្រសិនបើ​មានតែ​មនោសញ្ចេតនា ហើយ​ខ្វះ​លុយកាក់​មនុស្ស​មិនអាច​ទ្រទ្រង់​ជីវភាព​បាន​នោះទេ តែ​ប្រសិនបើ​មានតែ​លុយកាក់ ហើយ​ខ្វះ​មនោសញ្ចេតនា​មនុស្ស​ក៏​ធ្វើ​ការមិន​បានយូរ​ដូចគ្នា​ដែរ»។

    លោក ងួន ប៊ុន​និ​ត បាន​បន្ថែមទៀតថា ក្រៅពី​កត្តាបរិស្ថាន​ក្នុង​ក្រុមហ៊ុន កត្តា​បុគ្គលិក​ក៏​ជា​ផ្នែក​មួយ​ផងដែរ​នៃ​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​របស់​មនុស្សម្នាក់។ ការដែល​បុគ្គលិក​មើល​ឃើញតែ​ផលប្រយោជន៍ ឬ​ធ្វើការ​ដោយ​ផ្តោត​តែ​លើ​ប្រាក់ខែ​ខ្លាំងពេក​ក៏​អាចធ្វើឱ្យ​ពួកគេ​ចាកចេញ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​បានដែរ ព្រោះថា ឱ្យតែ​ក្រុមហ៊ុន​ណា​ហ៊ាន​ចំណាយ​ប្រាក់ខែ​ឱ្យ​គាត់​លើស​កន្លែងចាស់​បន្តិចបន្តួច​គាត់​នឹង​ទៅ​ភ្លាម។ ម្យ៉ាងវិញទៀត ការធ្វើការ​ដោយ​មិន​ស្គាល់​ខ្លួនឯង​ច្បាស់​ក៏​ជា​ផ្នែក​មួយ​អាចធ្វើឱ្យ​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ការងារ​ជា​ញឹកញាប់​បានដែរ ព្រោះ​នៅពេលដែល​ធ្វើការ​ងារ​មួយយូរៗទៅ​គាត់​អាច​នឹងមាន​អារម្មណ៍​ថា មិន​ពេញចិត្ត ឬ​នឿយហត់​ខ្លាំង​ប្រសិនបើ​ការងារ​នោះ​មិន​ស្រប​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​របស់គាត់។

    ប្រធាន​ក្រុមហ៊ុន​ធនធានមនុស្ស​ខាងលើ​បានផ្តល់​ដំណោះស្រាយ​ថា ដើម្បី​កុំឱ្យ​ខ្លួន​ត្រូវ​ស្ថិតក្នុង​ស្ថានភាព​ផ្លាស់ប្តូរ​ការងារ​ពីមួយ​កន្លែង​ហើយ​ទៅមួយ​កន្លែង​ទៀត សូម​ពិចារណា​ឱ្យបាន​ច្បាស់លាស់​មុនពេល​សម្រេចចិត្ត​ធ្វើការ​ងារ​នៅក្នុង​ស្ថាប័ន​ណាមួយ មិនមែន​ស្វែងរក​ការងារ​ដើម្បី​តែ​ឱ្យ​បានធ្វើ​សិន​នោះទេ។ ចំណុច​ដែល​ត្រូវ​មើល​ជាដំបូង​គឺ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន ថា​តើ​មាន​លក្ខណៈ​ស្រប​នឹង​គោលដៅ និង​ចំណង់​ចំណូលចិត្ត​របស់​យើង​ដែរឬទេ? ហើយ​វប្បធម៌ និង​បរិស្ថាន​នៃ​ការធ្វើការងារ​ក្នុង​ស្ថាប័ន​នោះ​មាន​លក្ខណៈ​ល្អប្រសើរ​ស្រប​នឹង​សមត្ថភាព ឬ​លក្ខណសម្បត្តិ​របស់​យើង​ដែរឬទេ?។

    បង្ហាញ​លើ​ចំណុច​ដូចគ្នានេះ លោក រិ​ន រ៉ាវុធ ប្រធានការិយាល័យ​រដ្ឋ​បាល និង​បុគ្គលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល និង​ជា​សាស្ត្រាចារ្យ​ផង បាន​លើកឡើងថា ការផ្លាស់ប្តូរ​ការងារ​ញឹកញាប់​របស់​បុគ្គលិក​អាចមាន​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​ស្ថាប័ន និង​បុគ្គលិក​ដែល​ដាក់ពាក្យ​ធ្វើការ​ងារ​នោះ។ សម្រាប់​ស្ថាប័ន គឺ​លំបាក​ក្នុង​ការរៀប​ផែនការ ឬ​ត្រូវ​ចំណាយ​ច្រើន​ទាំង​ពេលវេលា និង​ថវិកា​ដើម្បី​ជ្រើសរើស​បុគ្គលិក​ថ្មី ហើយ​ពេលខ្លះ​ក៏​អាចធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរ​នៃ​ការងារ​របស់​ក្រុមហ៊ុន​នោះ​ថែម​ទៀតផង។ សម្រាប់​បុគ្គលិក​វិញ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ព្រោះថា នៅពេលដែល​គាត់​ផ្លាស់ប្តូរ​កន្លែងធ្វើការ​ងា​រ​ច្រើន គាត់​នឹង​អាចមាន​បញ្ហា​លើ​តម្លៃ​នៃ​ខ្លួន​គាត់​សម្រាប់​ស្ថាប័ន​នានា​ដែល​គាត់​ដាក់ពាក្យ​ធ្វើ​ការងារ។ នៅក្នុង CV ប្រសិនបើ​គាត់​បង្ហាញ​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រងារ​ច្រើន ស្ថាប័ន​ថ្មី​នោះ​អាច​នឹងមិន​ហ៊ាន​ទទួលយក​គាត់​ឱ្យ​ធ្វើការ​នោះទេ ព្រោះ​គេ​ខ្លាច​គាត់​ចូល​បានតែ​ក្នុង​រយៈពេល​ខ្លី ហើយ​ចេញ​ទៅទៀត​ជាដើម។

    លោក រិ​ន រ៉ាវុធ បាន​និយាយថា៖ «ដើម្បី​កុំឱ្យ​ខាត​ទាំងអស់គ្នា ទាំង​ស្ថាប័ន និង​ទាំង​បុគ្គលិក​ខ្លួនឯង គួរ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​លើ​ផ្នែក​ធនធានមនុស្ស ព្រោះថា ផ្នែក​នេះ​ជា​ផ្នែក​សំខាន់​សម្រាប់​ដំណើរការ​ការងារ​រប​ស់​ក្រុមហ៊ុន​ទូទៅ»។

    លោក រិ​ន រ៉ាវុធ បាន​បន្ថែមទៀតថា ដើម្បី​ចៀសវាង​បញ្ហា​បុគ្គលិក​ផ្លាស់ប្តូរ​ការងារ​ញឹកញាប់ សម្រាប់​ស្ថាប័ន​គួរផ្តល់​ឱ្យនូវ​លក្ខខណ្ឌ​ល្អប្រសើរ ហើយ​ជ្រើសរើស​តែ​បុគ្គលិក​ណា​ដែលមាន​ឆន្ទៈ​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន​យូរអង្វែង ឬ​ជា​អ្នក​ដែលមាន​បំណង​កសាង​អនាគត​យូរអង្វែង​ជាមួយ​ស្ថាប័ន។ ការជ្រើសរើស​បុគ្គលិក​ដែលមាន​គោលដៅ​ច្បាស់លាស់ ហើយ​ជជែក​គ្នា​ឱ្យ​ច្បាស់​ពី​គោលបំណង​រួម​របស់​ស្ថាប័ន និង​ផ្តល់​ផលប្រយោជន៍​យូរអង្វែង​ទៅវិញទៅមក​រវាង​ស្ថាប័ន និង​បុគ្គលិក ដែល​វា​ក៏​ជា​រឿង​សំខាន់​មួយ​ដែល​ចាំបាច់​ត្រូវតែ​ធ្វើ ព្រោះថា បុគ្គលិក​ដែល​យល់​ពី​តម្លៃ​របស់ខ្លួន​នៅក្នុង​ស្ថាប័ន និង​យល់​ពី​តម្លៃ​របស់​ស្ថាប័ន​ចំពោះ​ខ្លួន ភាគច្រើន​ជា​អ្នក​ដែល​វិនិយោគ​ខ្លួនឯង​យូរអង្វែង​នៅក្នុង​ស្ថាប័ន​មួយ​បាន​ច្រើន​ឆ្នាំ ដែល​អាច​នាំ​ទាំង​ខ្លួនគេ​ផ្ទាល់ និង​ស្ថាប័ន​ឆ្ពោះទៅរក​ភាពជោគជ័យ​បាន៕

  • មែន​ឬទេ ដែល​ពាក្យចាស់​លោក​ថា ម្តាយ​ជ្រុះ​សក់​ ក្រោយពេល​ឆ្លងទន្លេ​រួច ព្រោះតែ​កូន​ចាំ​មុខ​ម្តាយ?

    មែន​ឬទេ ដែល​ពាក្យចាស់​លោក​ថា ម្តាយ​ជ្រុះ​សក់​ ក្រោយពេល​ឆ្លងទន្លេ​រួច ព្រោះតែ​កូន​ចាំ​មុខ​ម្តាយ?

    ស្ត្រី​កូនខ្ចី​ស្ទើរតែ​គ្រប់រូប​តែង​ជួបនឹង​បញ្ហា​សក់​ជ្រុះ​ក្រោយពេល​ឆ្លងទន្លេ​រួច តែ​នឹង​ជ្រុះ​ច្រើន​ឬ​តិច​នោះ វា​អាស្រ័យ​លើ​បច្ច័យផ្សេងៗរបស់​រាងកាយ ឬក៏​កើតឡើង​ដោយសារតែ​ទារក​ចំណាំ​មុខ​ម្តាយ​បាន​ហើយ​ទើប​ធ្វើឱ្យ​សក់​ជ្រុះ​ដូចដែល​ចាស់​បុរាណ​បា​និយាយ? ភាពមិនច្បាស់លាស់ និង​ក្តី​សង្ស័យ​មួយ​នេះ​អាច​និយាយបានថា មាន​គ្រប់​យុគ​គ្រប់​សម័យ ព្រោះ​អំឡុង​ពេលដែល​សក់​ក្បាល​របស់​អ្នក​ម្តាយ​ជ្រុះ​គឺ​ស្ថិតក្នុង​អំឡុងពេល​ប្រមាណ​ជា3-4ខែក្រោយ​ប្រសូត គឺ​ចំ​ពេលដែល​កូនតូច​អាច​នឹង​ចំណាំ​មុខ​ម្តាយ​បាន​ហើយ
    ​ហ្នឹងឯង អ៊ើ… តើ​វា​ជា​រឿង​ចៃដន្យ ឬ​ជា​រឿង​ពិត យើង​នាំគ្នា​មក​អាន​បន្ត​ទាំងអស់គ្នា​ដូចខាងក្រោម។

    ក្នុង​ផ្នែក​វេជ្ជសាស្ត្រ សក់​ជ្រុះ​ក្រោយពេល​ឆ្លងទន្លេ​រួច​បណ្តាលមកពី​កម្រិត​អ័រម៉ូន​អេស​ត្រូ​ជេន​ដែល​ថយចុះ​ក្រោយពី​សម្រាល​បុត្រ​រួចហុច​ផល​ឱ្យ​បរិ​មាណនៃ​ការហូរ​វិល​របស់​លោហិត​ថយចុះ​ដែរ ឈាម​ដែល​ទៅ​ចិញ្ចឹម​ស្បែកក្បាល​ក៏​ថយចុះ​ទៅតាម​នោះដែរ ទើប​ធ្វើឱ្យ​សរសៃសក់​ដែល​ធ្លាប់តែ​ខ្មៅ​ក្រាស់​តាំងពី​ពេល​តាំង​គភ៌​នោះ​របូត​ជ្រុះ​មក​ច្រើនជាង​ប្រក្រតី។

    ការពិតទៅ ជា​ប្រក្រតី​មនុស្ស​យើង​នឹង​ជ្រុះ​សក់​ក្នុង​មួយថ្ងៃ​ប្រមាណ​ជា10សរសៃ តែ​ក្នុងអំឡុងពេល​ជ្រុះ​សក់​ក្រោយពេល​សម្រាល​បុត្រ​រួច​នេះ​អាច​នឹង​កើនឡើង​ដល់40-50សរសៃ​ក្នុង​មួយថ្ងៃ តែ​មិនបាន​ជ្រុះ​ច្រើន​បែបនេះ​រហូត​នោះទេ ព្រោះ​នៅពេល​អ័រម៉ូន​ចាប់ផ្តើម​ដំណើរការ​ស្រួលបួល​ឡើងវិញ (រយៈពេល​ប្រមាណ​ជា6-12ខែ) គ្រប់យ៉ាង​នឹង​វិល​ទៅរក​សភាព​ប្រក្រតី​វិញ​មិន​ខាន។ សក់​របស់​អ្នក​ម្តាយ​នឹង​បន្ថយ​ជ្រុះហើយ​សក់​ថ្មី​នឹង​ដុះ​ឡើង​ជំនួស​វិញ តែ​ទាំងអស់នេះ​អាស្រ័យ​លើស​ភាព​រាងកាយ​របស់​ស្ត្រី​ជា​ម្តាយម្នាក់ៗដែរ មិន​កំណត់ថា ត្រូវតែ6-12ខែ​នោះទេ អ្នកខ្លះ​ជ្រុះ​តែមួយ​ខែ​ហើយ​ឈប់​ជ្រុះ​ទៀត​ក៏មានដែរ។

    សម្រាប់​ជំនឿ​ដែលថា ជ្រុះ​សក់​ដោយសារតែ​កូន​ចាំ​មុខ​ម្តាយ​បាន​ហើយ​នោះ ប្រហែលជា​វា​ចៃដន្យ​ទៅ​ត្រូវ​គ្នា​នឹង​អំឡុង​ពេលដែល​វិវឌ្ឍនាការ​តាម​វ័យ​របស់​ទារក​ដែល​ចាប់ផ្តើម​ចេះ​ចំណាំ​ផ្ទៃមុខ​ម្តាយ ឬ​អ្នក​នៅ​ជិតដិត​បាន​ហើយ និង​ចំពេល​ដែល​ម្តាយ​ស្ថិតក្នុង​អំឡុងពេល​សក់​ជ្រុះ​ក្រោយពេល​ឆ្លងទន្លេ​រួច​ដែរ ទើប​ក្លាយជា​ប្រភព​នៃ​ជំនឿ​ដែលថា ជ្រុះ​សក់​ក្រោយពេល​សម្រាលកូន​រួច ព្រោះតែ​កូន​ចំណាំ​មុខ​ម្តាយ​បាន​ហើយ​ហ្នឹងឯង។

    តើ​ត្រូវ​មើលថែទាំ​អាការ​ជ្រុះ​សក់​ក្រោយពេល​សម្រាលកូន​រួច​យ៉ាងណា​ស្រួល?
    1- អ្នក​ម្តាយ​មួយចំនួន​ប្តូរ​ម៉ូដ​សក់​ថ្មី កែសម្រួល​លក្ខណៈ​ផ្ទាល់ខ្លួន​ឱ្យទៅជា​អ្នក​ម្តាយ​ស្រស់ស្អាត​ថ្មី​ម្នាក់​ក៏​ល្អ​ម្យ៉ាងដែរ ព្រោះ​ម៉ូដ​សក់​ខ្លី​ងាយស្រួល​មើលថែទាំ និង​ធ្វើ​ឱ្យមើល​មក​ឃើញ​សក់​រាង​ក្រាស់​ទៀតផង។

    2- ការមើល​ថែទាំ​សរសៃសក់​ដែល​សំខាន់​គឺជ្រើសរើស​ប្រើ​ផលិតផល​បែប​ធម្មជាតិ​ដើម្បី​ថ្នម​សរសៃសក់ ចៀសវាង​ការធ្វើ​ម៉ាស្សា​ស្បែកក្បាល ឬ​សិតសក់ខ្លាំង។ ក្រោយពេល​កក់សក់​រួច ត្រូវ​ជូត​សក់​ក្បាល​យ៉ាង​ថ្នមដៃ ព្រោះ​សក់​ដែល​កំពុង​ទទឹក​សើម​មានឱកាស​ជ្រុះ​បាន​ងាយ​ណាស់ ការធ្វើ​បែបនេះ​នឹង​ជួយ​ថ្នម​សរសៃសក់​បាន​កាន់តែ​ល្អ​ឡើង។

    3- ទទួលទាន​អាហារ​ដែល​ជួយ​បំប៉ន​សរសៃសក់ ដែលមាន​ដូចជា ៖
    • ស៊ុត មាន​ចំណែក​ជួយ​បំប៉ន​សរសៃសក់​ឱ្យ​ភ្លឺរលោង ព្រោះ​ក្នុង​ស៊ុតមាន​សារធាតុ​បៃ​អូ​ឌី​ននិង​វីតាមីន B។
    • មើម​ការ៉ុត មាន​វីតាមីន A កាត់បន្ថយ​ការ​ជ្រុះ​របស់​សរសៃសក់ និង​បំប៉ន​ស្បែកក្បាល។
    • បន្លែ​ស្លឹក​បៃតង សម្បូរ​ទៅដោយ​វីតាមីន A និង C ដូចជា ស្លឹក​ផ្ទី ប្រូ​ខូ​លី ស្ពៃក្តោប ជួយ​បំប៉ន​សរសៃសក់ និង​ស្បែកក្បាល។
    • សាច់​ត្រី ជាពិសេស​ត្រី​សាល់​ម៉ុ​ន ជា​ប្រភព​ប្រូ​តេ​អី​ុ​ន និង​វីតាមីន​D ថែមទាំង​មាន​សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3ដែល​ជួយ​បំប៉ន​ស្បែកក្បាល កាត់បន្ថយ​ការកើត​អង្គែ​បាន​ទៀតផង៕

  • អាល្លឺម៉ង់​ផ្តល់​ទឹកប្រាក់​ជាង 9លាន​អ៊ឺ​រ៉ូ លើ​គម្រោង​ស​ម្រូ​ល​ពាណិជ្ជកម្ម​នៅ​កម្ពុជា

    អាល្លឺម៉ង់​ផ្តល់​ទឹកប្រាក់​ជាង 9លាន​អ៊ឺ​រ៉ូ លើ​គម្រោង​ស​ម្រូ​ល​ពាណិជ្ជកម្ម​នៅ​កម្ពុជា

    ភ្នំពេញ៖ ដើម្បី​ស​ម្រូ​ល​ដល់​ពាណិជ្ជកម្ម​ក្នុង​គោលដៅ​ដើម្បី​ជំរុញ​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ទៅនឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន រដ្ឋាភិបាល​អាល្លឺម៉ង់​បានផ្តល់​ហិរញ្ញប្បទាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា 9.35លាន​អ៊ឺ​រ៉ូ​សម្រាប់​អនុវត្ត​គម្រោង​ខាងលើ​ឱ្យ​កាន់តែ​ប្រសើរឡើង។

    គម្រោង​នេះ​ត្រូវបាន​ប្រគល់​ដល់​កម្ពុជា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម​ដែល​បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយថ្មីៗនេះ ជា​កិច្ច​ចាប់ផ្ដើម​បេសកកម្ម​វាយតម្លៃ​គម្រោង​ថ្មី​ដែល​រួមមាន​ការផ្ដល់​ហិរញ្ញប្បទាន​ដោយ​សហគមន៍​អឺរ៉ុប និង​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់ និង​អង្គការ GIZ ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង​ផ្ទាល់។

    លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា គោលបំណង​ធំ​របស់​គម្រោង​ថ្មី​នេះ គឺ​ដើម្បី​ជំរុញ​ការតភ្ជាប់​សេដ្ឋកិច្ច​រប​ស់​កម្ពុជា​ទៅនឹង​ការធ្វើសមាហរណកម្ម​អាស៊ាន ជាពិសេស​ដើម្បី​ឱ្យមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ចូលរួម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

    ក្រៅពី​នេះដែរ គម្រោង​នេះ​នឹង​បន្តការងារ​ដែល​សម្រេច​បាន​ក្រោម​ការអនុវត្ត​កម្មវិធី​គាំទ្រ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ដែល​បានបញ្ចប់​នៅ​ឆ្នាំ2016 កន្លងទៅ ដើម្បី​ជំរុញ​សកម្មភាព​ទាំងនោះ​ឱ្យ​អភិវឌ្ឍ​បន្ថែម​មួយកម្រិត​ទៀត​សំដៅ​ទៅរក​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។ គម្រោង​ថ្មី​នេះ​នឹង​ផ្ដោតទៅលើ​សមាសភាព​ចំនួន3គឺ៖

    1.កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បញ្ហា​អន្តរ​វិស័យ​នានា

    2.គោលនយោបាយ​ពាណិជ្ជកម្ម​សមាហរណកម្ម​អាស៊ាន ការពង្រឹង​សមត្ថភាព និង​ការអនុវត្ត​ច្បាប់

    3.ពង្រឹង​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការងារ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម។

    នៅក្នុង​កិច្ចប្រជុំ​នេះដែរ​ក៏មាន​ការចូលរួម​ជា​យោបល់​បន្ថែម​ទៅលើ​ការរៀបចំ​គម្រោង​នេះ​ពី​បណ្ដា​នាយកដ្ឋាន​មួយចំនួន​ក្នុង​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​តំណាង​ពី​ក្រសួង និង​ស្ថាប័ន​ដទៃទៀត​ដែរ។ បេសកកម្ម​វាយតម្លៃ​គម្រោង​នេះ​នឹង​ត្រៀម​ធ្វើការ​បូកសរុប នៅ​ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខ ដើម្បី​ឱ្យដឹងថា សកម្មភាព​នេះ​អនុវត្ត​ធ្វើឡើង​ទទួលបាន​ផល​បែបណា​ត្រឡប់មកវិញ​ក្នុង​គម្រោង​ជួយ​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរឡើង​នាពេលនេះ៕

  • ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert បានធ្វើ​ឲ្យ​កក្រើក​ក្រុង​សៀមរាបយ៉ាង​ភ្លូកទឹកភ្លូកដី​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក  

    ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert បានធ្វើ​ឲ្យ​កក្រើក​ក្រុង​សៀមរាបយ៉ាង​ភ្លូកទឹកភ្លូកដី​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក  

    ភ្នំពេញ៖ នៅ​ថ្ងៃទី02  រហូតដល់​ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2017 ព្រឹត្តិការណ៍​ប្រគំតន្ត្រី Smart Mega Concert បានបញ្ចប់​ដោយ​ទទួលបាន​ជោគជ័យ​យ៉ាង​គគ្រឹកគគ្រេង​ដែល​បានធ្វើ​ឲ្យ​កក្រើក​ក្រុង​សៀម​រាម​ក្រោម​ការចូលរួម​ចូល​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។

    ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert ដែលជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុង​សៀម​រាម​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​បាន​នាំមក​ជូន​ដោយ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា (Smart) ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា  និង​មាន​ការចូល​រួមសហកា​រ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន AIA Cambodia ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក្រុមហ៊ុន VKSC Investment ដែល​ក្រុមហ៊ុន​នាំចូល​ចែកចាយ​ផលិតផល​នំ Manora និង​ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​បានទទួល​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅក្នុង​ប្រទេស​កម្ពុជា ។

    មុននឹង​ចាប់ផ្តើម​កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert  កម្មវិធី​ជួប​សំណេះ​សំណា​ល​រវាង​សិល្បករ និង​មិត្ត​អ្នកគាំទ្រ​បានរៀបចំ​ឡើង​ដោយមាន​ការចូលរួម និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកគាំទ្រ និង​អតិថិជន Smart ជាច្រើន​នៅ​ហាង Smart Shop ក្នុង​ក្រុង​សៀមរាប។ សិល្បករ​ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​សំណេះសំណាល​រួមមាន លោក Alek Teeradetch លោក នី​កូ លោក Step និង​លោក ណា ខុន។ ក្នុងឱកាស​នោះ​ផងដែរ លោក Alek Teeradetch  ដែលជា​តារា​សម្តែង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ បាន​មានប្រសាសន៍ថា លោក​សប្បាយចិត្ត​ដែល​បាន​អញ្ជើញ​មក​សម្តែង​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​សម្បូរ​ដោយ​ប្រាសាទបុរាណ​ជាច្រើន​ជាពិសេស​គឺ​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក  ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​ការសម្តែង​របស់​លោកតា​មរយៈ​ខ្សែភាពយន្ត​ភាគ។

    កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert បានចាប់ផ្តើម​ពី​ម៉ោង 7យប់ រហូតដល់​ម៉ោង12 អធ្រាត្រ​នៅ​បរិវេណ​មាត់​ស្ទឹង​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែវិច្ឆិកា ហើយ​កម្មវិធី​ពិសេស​នេះ​ក៏បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN  ចាប់ពី​ម៉ោង 7ដល់​ម៉ោង 9 យប់​ផងដែរ។

     

    Smart Mega Concert ដែលជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់មាន​ធ្វើឡើង​នៅក្នុង​ទឹកដី​អច្ឆរិយៈ​ខេត្តសៀមរាប បាន​ទាក់ទាញ​ទស្សនិកជន​ទាំង​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ។ ពួកគេ​បាន​រីករាយ​ទស្សនាការ​សម្តែង​របស់​តារា​អន្តរជាតិ​ល្បីឈ្មោះ លោក Alek Teeradetch  ដែលជា​តារា​សម្តែង​ល្បី​ជួរមុខ​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ  ព្រមទាំង​តារាល្បីៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា លោក នី​កូ  លោក Step    អ្នកនាង សួស វី​ហ្សា  កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា លាង សុ​ផា​ឡែ​ន លោក ខាន់ ជែ​ម លោក ណា ខុន និង​ឌី​ជេ Maily ជាពិសេស​ក៏មាន​វត្តមាន​តារាចម្រៀង​របស់​ខ្មែរ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​តារាចម្រៀង Original Song ដូចជា Jimmy Kiss, Adda, Chet Kanhna, Van Chesda  ក្រុម​តន្ត្រី SWSB ( Small world Small Band) ប្រុស​ឡា និង​ក្រុម​តារា​កំប្លែង អ្នកនាង កា​តុ និង​ក្រុម​តារា​កំប្លែង​ជើងចាស់ លោក ចាប ចៀន​ដែល​បានធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​សប្បាយរីករាយ​ក្នុងអំឡុង​កម្មវិធី​រយៈ​ពេល​បី​ថ្ងៃ។

    ទន្ទឹមនឹងនេះ​ផងដែរ អ្នកទស្សនា​ទាំងអស់​បាន​រីករាយ​លេង​ហ្គេម​ដើម្បី​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន Smart  ព្រមទាំង​ទស្សនា​ការតាំង​បង្ហាញ​ផលិតផល​របស់​ក្រុមហ៊ុន AIA Cambodia ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​តែមួយគត់​នៅ​កម្ពុជា ដែល​ធានារ៉ាប់រង​លើ​ជំងឺ​ធ្ងន់ធ្ងរ និង​ផ្តោតលើ​សុខ​ភាពជា​ចំបង។ ការតាំង​បង្ហាញ​ផលិតផល​ពី​ក្រុមហ៊ុន VKSC Investment ដែល​ក្រុមហ៊ុន​នាំចូល​ចែកចាយ​ផលិតផល​នំ Manora  ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ការតាំង​បង្ហាញ​ផលិតផល​រថយន្ត​ពី​ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​បានទទួល​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានផ្តល់​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន គឺមាន​ទឹកប្រាក់​បង់​ដំបូង​តែ 3000ដុល្លារ(បី​ពាន់​ដុល្លារ) ប៉ុណ្ណោះ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​រថយន្ត HAWTAI A25 ដ៏​ថ្មី​សន្លាង​នេះ​ភ្លាម៕

  • ស្ពាន​កោះកុង​ត្រូវបាន​ប្រគល់ និង​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​នេះ

    ស្ពាន​កោះកុង​ត្រូវបាន​ប្រគល់ និង​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​នេះ

    ភ្នំពេញ៖ ពិធី​ប្រគល់-ទទួល​ស្ពាន​កោះកុង (ឬ​ហៅថា​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ) ដើម្បី​ដាក់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដោយ​ឥតគិតថ្លៃ បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2017នេះ​តទៅ។ នេះ​បើតាម​ការ​ឱ្យដឹងពី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចួ​ន។

    ឯកឧត្តម វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បានឱ្យដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកោះកុង ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​រស់នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ​ដែរនោះ បាន​សម្តែង​ការ​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​បាន​ទិញ​ស្ពាន​មួយ​នេះ​ពី​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​មក​ដាក់​ជា​សម្បត្តិ​សាធារណ​របស់​រដ្ឋ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ទូទៅ ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ដោយ​មិន​យកលុយ។

    សម្រាប់​តម្លៃ​ដែល​អ្នកធ្វើដំណើរ​ឆ្លងកាត់​ត្រូវ​បង់​កាលពីពេល​កន្លងមក ក្នុងនោះ​ឡានតូច​លក្ខណៈ​គ្រួសារ​ត្រូវបាន​បង់ប្រាក់​ចំនួន48បាត ឬ​ស្មើនឹង5000រៀល ឡានធំ​ត្រូវ​បង់ប្រាក់​ថ្លៃ​ឆ្លងកាត់​ចំនួន9000រៀល និង​ម៉ូតូ​ត្រូវ​បង់ប្រាក់1400រៀល ប៉ុន្តែ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​មក​ដោយ​មិនបាច់​បង់ប្រាក់​មក ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មានការ​សប្បាយរីករាយ ដោយបាន​នាំគ្នា​ជិះ​រថយន្ត ម៉ូតូ ទៅ-មក​កម្សាន្ត​នៅ​តំបន់​នោះ​ដូចជា​តំបន់​ទេសចរណ៍​មាត់ទន្លេ​នៅ​រាជធានី​ភ្នំពេញ​យើង​ដែរ។

    ស្ពាន​កោះកុង​ត្រូវបាន​គេ​មើលឃើញថា ជា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ផ្លូវ​ដែនសមុទ្រ​ភាគខាងត្បូង​របស់​កម្ពុ​ជា​ដែលមាន​សក្តានុពល​ខាង​ការដឹកជញ្ជូន​ផ្លូវ​ជិត​ជាងគេ​ពី​ប្រទេស​ថៃ​ឆ្លងកាត់​កម្ពុជា​ចេញចូល​ទៅ​ប្រទេស​វៀតណាម។ ឯកឧត្តម វ៉ា ស៊ឹម សូរិយា បាន​មានប្រសាសន៍​បន្ថែមថា «នេះ​គឺជា​គោលនយោបាយ​ត​ភ្ជាប់​ទំនាក់ទំនង​ក្នុង​តំបន់​នៅក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន» ។

    គួរ​បញ្ជាក់ថា ស្ពាន​កោះកុង (ឬ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ) មាន​ប្រវែង​ប្រមាណ​ជា2,000ម៉ែត្រ ដែលជា​ស្ពាន​ឆ្លងកាត់​សមុទ្រ​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​កាលពី​ឆ្នាំ2002៕

  • កម្ពុជា​នឹង​បង្កើត “ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង”

    កម្ពុជា​នឹង​បង្កើត “ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង”

    ភ្នំពេញ – ខណៈ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​កំពុងមាន​ការពេញនិយម​ក្នុង​ការដើរ​កម្សាន្ដ​នៅក្នុង​តំបន់​អេកូ​ទេសចរណ៍​នានា​ដែល​បាន​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​សហគម​ន៍​នោះ  ថ្មីៗនេះ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងបរិស្ថាន​ត្រៀម​នឹង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ ជា​លើកដំបូង​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា។

    ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បាន​លើកឡើងថា រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដែល​គម្រោង​នេះ​នឹង​ដំណើរការ​ក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្ដម​បន្ដថា ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​ទីនោះ ការបង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​នេះ​ក៏​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អេកូ​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ផងដែរ។

    រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បន្ថែមថា បច្ចុប្បន្ន​យើង​កំពុងតែ​ពិនិត្យមើល​លទ្ធភាព​ដៃគូ​សហការ​ដើម្បី​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស (អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ) ដើម្បី​កំណត់​ព្រំប្រទល់ និង​ផែនការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជីវចម្រុះ​នៅ​តំបន់​សមុទ្រ និង​ការពង្រឹង​សមត្ថភាព​ឧ​ទ្យា​នុ​រក្ស ដើម្បី​ពង្រឹង​បណ្តាញ​ការពារ​សមុទ្រ។

    កន្លងមក​ក្រសួងបរិស្ថាន​បានធ្វើ​កិច្ចការ​ទៅលើ​ការអភិរក្ស និង​ការពារ​ធនធានធម្មជាតិ​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អ។ ក្នុងនោះ​បង្កើតបានជា​តំបន់ការពារធម្មជាតិ​ចំនួន 49កន្លែង និង​មាន​ផ្ទៃដី​រហូតដល់​ជាង7.5 លាន​ហិកតា។

    តំបន់​ឧទ្យាន​ជាតិ​សមុទ្រ មាន​ធនធានធម្មជាតិ ដូចជា​ផ្កាថ្ម ស្មៅ​សមុទ្រ ព្រៃកោងកាង​ដែលជា​សក្តានុពល​សម្រាប់​ពពួក​ត្រី​សមុទ្រ ជាពិសេស គឺ​សម្រាប់​សត្វ​ជិត​ផុត​ពូជ ដូចជា​ផ្សោត​ជាដើម។ នៅពេល​កម្ពុជា​បង្កើត​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​បាន​ហើយ​នោះ អាច​ថា វា​នឹង​ក្លាយជា​តំបន់​សក្ដានុពល​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ឱ្យមក​កម្សាន្ដ​នៅ​ទីនោះ ដែល​អាចជួយ​លើក​កម្រិតជីវភាព​ប្រជាជន​ទូទាំង​ខេត្ដ​ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​បាន។

    ជាមួយគ្នានេះ នាយក​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (FFI) លោក Ahab CW Downer បានលើកឡើង​ពី​ជំហរ​របស់ខ្លួន​ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ដើម្បី​រៀបចំ​គម្រោង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ​ជាមួយ​ក្រសួងបរិស្ថាន​ថា តាមរយៈ​បទពិសោធ និង​ការងារ​របស់​អង្គការ​លោក​ដែល​ធ្លាប់​បានធ្វើ​នៅតាម​តំបន់​កោះ​រយៈពេល4ឆ្នាំ ដែល​បាន​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ នឹងធ្វើ​ការអភិរក្ស​ធ​ន​ធាន​សមុទ្រ​នៅក្នុង​តំបន់​កោះរ៉ុង​មួយ​នេះ​ឱ្យ​ទទួលបាន​និរន្ដរភាព​នៃ​តំបន់​អេកូ​ទេសចរណ៍៕

  • អ៊ីតាលី ជឿជាក់​ខ្ពស់​ក្នុងពេល​ជួប ស៊ុយអែត ក្នុង World Cup វគ្គ Playoff រាត្រី​នេះ

    អ៊ីតាលី ជឿជាក់​ខ្ពស់​ក្នុងពេល​ជួប ស៊ុយអែត ក្នុង World Cup វគ្គ Playoff រាត្រី​នេះ

    លោក Gian Piero Ventura គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី បានបញ្ជាក់​កាលពីដើម​សប្តាហ៍​នេះ​ថា រូបលោក​ផ្ទាល់ និង​ក្រុម​របស់លោក​មាន​ភាពច្បាស់​លាស់​ថា ក្រុម​ដែលមាន​រហស្សនាម​ថា Azzurri មួយ​នេះ​នឹង​ឈ្នះ​កៅអី​ដើម្បី​ទៅធ្វើ​ការ​ប្រជែង​ដណ្តើមពាន World Cup ជា​លើក​ទី5 ក្នុងប្រទេស​រុស្ស៊ី នៅ​ឆ្នាំក្រោយ ខណៈដែល​ពួកគេ​កំពុង​ត្រៀម​ធ្វើការ​ប្រកួត​វគ្គ Playoff ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​នៅ​រាត្រី​នេះ។

    លោក Ventura បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅឯ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​នៅឯ​តំបន់ Coverciano ក្នុង​ទីក្រុង Tuscany ថា៖ «វា​ពិតជា​ពេល​វ​លា​ដ៏​សំខាន់​សម្រាប់​ខ្ញុំ សម្រាប់​អាជីព​ខ្ញុំ និង​សម្រាប់​កីឡាករ​របស់ខ្ញុំ។ ខ្ញុំ​មិន​គិតពី​ការមិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ឡើយ។ ពិតណាស់ យើង​នឹង​ទៅ​ប្រទេស​រុស្ស៊ី»។ ក្រុម​ជម្រើសជាតិ​អ៊ីតាលី នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់​ស៊ុយអែត ដើម្បី​ធ្វើការ​ប្រកួត​ជើង​ទី1 នៃ​ការប្រកួត​វគ្គ Playoff របស់​ពួកគេ​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ទីក្រុង Stockholm ខណៈដែល​ការប្រកួត​ជើង​ទី2 នឹងត្រូវ​ប្រព្រឹត្តទៅ​នា​កីឡដ្ឋាន San Siro ក្នុង​ទីក្រុង Milan នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ។ លោក Ventura វ័យ69ឆ្នាំ ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែមិថុនា ឆ្នាំ2016 នៅពេលដែល​លោក Antonio Conte បាន​ចាកចេញ​ដើម្បី​ដឹកនាំ​ក្លិប Chelsea នោះ បាន​បញ្ជាក់ថា៖ «ខ្ញុំ​បាន​រកឃើញ​ក្រុម​ប្រកបដោយ​សុច្ឆន្ទៈ​ដ៏​អស្ចារ្យ និង​លើកទឹកចិត្ត​មួយ។ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់ ពីព្រោះ​ខ្ញុំ​មាន​កីឡាករ​អាច​លេង​បាន ហើយពី​ព្រោះ​អ៊ីតាលី តែងតែ​បោះជំហាន​ទៅមុខ​ក្នុងដំណាក់កាល​ដ៏សំខាន់ៗបែបនេះ​ជានិច្ច»។

    ស្របពេល​ជាមួយគ្នានេះ ខ្សែការពារ​ពោរពេញ​ដោយ​បទពិសោធ Leonardo Bonucci បាន​និយាយថា៖ «យើង​ជា​អ៊ីតាលី ហើយ​ការ​អវត្តមាន​ក្នុង World Cup មិនមែនជា​ជម្រើស​មួយ​របស់​យើង​ស្រេច​ទៅហើយ»។ ការប្រកួត​នេះ​នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sky Sports