Author: វល័ក្ខ

  • ស្រី​ស្រស់ គីម​លាង មាន​មោទនភាព​ដែល​​ក្លាយជា​អ្នកតំណាង​ផលិតផល​ល្បី​ពី​អី​ុ​តា​លី

    ស្រី​ស្រស់ គីម​លាង មាន​មោទនភាព​ដែល​​ក្លាយជា​អ្នកតំណាង​ផលិតផល​ល្បី​ពី​អី​ុ​តា​លី

    ចាប់តាំងពី​បាន​បោះជំហាន​ឈាន​ជើង​ចូលមក​ប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ​តាមរយៈ​ការចូល​ហ្វឹកហាត់​ខាង​ផ្នែក​របាំ​បុរាណ ជាពិសេស បន្ទាប់ពី​ចាប់​ទទួល​ការថត​ម៉ូដ​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​តែម្ដង កញ្ញា សុគា គីម​លាង ហៅ​ស្រី​ស្រស់Kon Ant ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា បាននិងកំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​គួរសម ដែល​ក្នុងនោះ​ភាគច្រើន គេ​តែង​ឃើញ​រូបភាព​ដ៏​ស្រស់ស្អាត​របស់​កញ្ញា​ផុសចេញ​នៅតាម​បណ្តា​ផ្ទាំង​ផ្សព្វផ្សាយ​សម្អាងការផ្សេងៗ ក៏ដូចជា​ក្នុង​សៀវភៅ​ម៉ូដ​សម្លៀកបំពាក់​ជាដើម។ បន្ថែម​ពីនេះ
    អ្វីដែល​កាន់តែ​ជា​មោទនភាព​ចំពោះ​តារា​ស្រី​វ័យក្មេង​មុខ​កូនកាត់​រូបនេះ គឺ​កញ្ញា​ថែមទាំង​ទទួលបាន​ការពេញចិត្ត និង​ផ្តល់​ជា​កិត្តិយស​ក្នុងនាម​ជា​អ្នកតំណាង​ផលិតផល​ដ៏​ល្បីឈ្មោះ​មកពី​ប្រទេស​អី​ុ​តា​លី ប្រចាំ​នៅ​កម្ពុជា​ថែមទៀត​ផង។

    ថ្វីដ្បិតតែ​កញ្ញា សុគា គីម​លាង ទើបតែ​បានបង្ហាញ​វត្តមាន​ជា​សាធារណៈ​ត្រឹម​មួយរយៈ​ពេល​ខ្លី​ក្នុងនាម​ជាតា​រា​ស្រី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្នែក​សម្អាងការ​ក៏ពិតមែន ប៉ុន្តែ​បើ​ក្រឡេកមើល​ពី​កិត្តិ​ស័ព្ទ​របស់​កញ្ញា​វិញ​គឺមាន​ភាព​ល្បី​ខ្ចរខ្ចាយ​សាយភាយ​មិន​ចាញ់​តារា​ជំនាន់មុនៗនោះឡើយ។ ផ្ទុយទៅវិញ​ថែមទាំង​មានឱកាស​បាន​ចាក​ចេញទៅ​សម្ដែង​របាំ​បែប​បុរាណ​ខ្មែរ​នៅក្រៅ​ប្រទេស​ក្នុងនាម​ជា​អ្នកតំណាង និង​បង្ហាញ​ពី​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ តាមរយៈ​ក្រសួងទេសចរណ៍ និង​ក្រសួងពាណិជ្ជកម្ម​ជា​ញឹកញាប់ ដែល​ក្នុងនោះ​រួមមាន​ដូចជា ប្រទេស​ចិន វៀតណាម ថៃ និង​ប្រទេស​ជប៉ុន​ជាដើម។ បន្ថែម​ពីនេះ កាលពីពេល​កន្លងទៅ កញ្ញា គីម​លាង ថែមទាំង​មានឱកាស​ទទួលបាន​កិត្តិយស​ក្នុងនាម​ជា​អ្នកតំណាង​ផលិតផល​ដ៏​ល្បីឈ្មោះ​មកពី​ប្រទេស​អី​ុ​តា​លី ប្រចាំ​នៅ​កម្ពុជា​ថែមទៀត​ផង។

    សម្រាប់​ស្រី​ស្រស់ Kon Ant ដែលមាន​អាយុ​ត្រឹម20ឆ្នាំ និង​ទើបតែ​បានបញ្ចប់​ការសិក្សា​លើ​មុខជំនាញ​ផ្នែក​របាំ​បុរាណ​ក្នុងនាម​ជា​នាដកា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​កាលពីពេល​កន្លង​ទៅថ្មីៗនេះ បានបង្ហាញ​ពី​អារម្មណ៍​រីករាយ និង​រំភើប​ជាមួយនឹង​សមិទ្ធផល​ផ្នែក​សិល្បៈ​ដែល​ខ្លួន​កំពុង​ទទួលបាន​នាពេលនេះ​ថា “ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា​រីករាយ​មែនទែន ព្រោះ​ការងារ​ទាំងនេះ សុទ្ធតែជា​ចំណូលចិត្ត​របស់ខ្ញុំ​តាំងពី​តូច​មកម៉្លេះ ជាពិសេស​គឺ​ការងារ​ជា​អ្នករាំ​របាំ​បុរាណ។ ប៉ុន្តែ​អ្វីដែល​កាន់តែ​ធ្វើឱ្យ​ខ្ញុំ​មាន​មោទនភាព​បំផុត​នោះ​គឺ ថែមទាំង​ទទួលបាន​ងារ​ជា​អ្នកតំណាង​ផលិតផល​ដ៏​ល្បីឈ្មោះ​គឺ​កាបូប​ម៉ាក Cromia នាំចូល​មកពី​ប្រទេស​អី​ុ​តា​លី និង​ធ្វើការ​ចែកចាយ​ផ្ដាច់មុខ​នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន Unique Fashion Cambodia ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​បឹង​កេងកង1ខណ្ឌចំការមន រាជធានី​ភ្នំពេញ”។

    គួរបញ្ជាក់​ផងដែរ​ថា កញ្ញា គីម​លាង ដែល​បាន​ក្លាយជា​តារា​មួយ​ដួង​ស្ថិតនៅក្នុង​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន​ម្នាក់នេះ មាន​ស្រុកកំណើត​នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ឪពុកម្តាយ​គឺជា​អ្នក​ប្រកប​អាជីវកម្ម និង​មាន​បងប្អូន​ចំនួន5នាក់ ក្នុងនោះ​ប្រុស2នាក់ ស្រី3នាក់ ហើយ​កញ្ញា​គឺជា​កូនស្រី​ច្បង​នៅក្នុង​គ្រួសារ៕

  • ចិន​សន្យា​ជំរុញ​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ឱ្យ​ឆាប់​ចេញ​ជា​រូបរាង

    ចិន​សន្យា​ជំរុញ​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ឱ្យ​ឆាប់​ចេញ​ជា​រូបរាង

    ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​កាន់តែ​បង្កើន​កិច្ចសហប្រតិបត្ដិការ​រ​វាង​កម្ពុជា-ចិន ភាគី​ចិន​បាន​សន្យា​នឹង​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ក្រុងភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​ឱ្យបាន​ឆាប់រហ័ស។

    ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ឯកឧត្តម លី កឺ​ឈៀង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2017 ភាគី​ចិន​បាន​សម្ដែង​នូវ​សេចក្តី​រីករាយ និង​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​កិច្ចសហប្រតិបត្ដិការ និង​ភាព​ទុក​ចិ​ត្ដ​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​មិ​ត្ដ​ចាស់ និង​បន្ដ​កិច្ចសហប្រតិបត្ដិកា​រយ៉ា​ង​ស្អិតល្មួត និង​ជា ពិសេស​ភាគី​ចិន​បាន​សន្យាថា នឹង​ព​ន្លឿ​ន​លើ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ឱ្យបាន​ឆាប់រហ័ស។

    ឯកឧត្តម លី កឺ​ឈៀង បាន​លើកឡើងថា ទំនាក់ទំនង​កម្ពុជា និង​ចិន​គឺ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ឋ​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​រវាង​កម្ពុជា និង​ប្រទេស​ចិន ជាពិសេស​គឺ​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ចិន។ ជាមួយគ្នានេះដែរ ឯកឧត្តម​ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញា​រួមគ្នា​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឱ្យដល់​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត។

    នៅក្នុង​ជំនួប​នេះ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​អំពី​ការជំរុញ​ការអនុវត្ត​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ដែលជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ជាការ​ឆ្លើយតប ភាគី​ចិន​បាន​សន្យាថា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការជួយ​ជំរុញ​ឱ្យ​ការកសាង​ផ្លូវ​ល្បឿន​លឿន​នេះ​បា​នស​ម្រ​ច​ទៅ​ឆាប់រហ័ស ដើម្បី​ចូលរួម​វិភាគទាន​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា។

    ក្រៅពីនេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​អំពី​ការជំរុញ​ការដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដែលជា​មរតក​នៃ​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា​រាប់​ទសវត្សរ៍​កន្លងមក​ហើយ។ ភាគី​ចិន​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ការដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​សកម្មភាព​អាទិភាព​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការជួយ​ប្រទេស​នានា​ដែល​កំពុង​ជួបប្រទះ​បញ្ហា​នេះ។

    ជាងនេះទៅទៀត ចិន​បាន​សន្យាថា នឹង​ជួយ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ឱ្យបាន​ឆាប់រហ័ស និង​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ពិភាក្សា​លើ​ទិដ្ឋភាព​ជាក់ស្តែង​ហើយ​ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិនិត្យ និង​សម្រេច​ឱ្យបាន​មុនពេល​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ។

    ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​ការរីករាយ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មិត្ត​ចិន​ដែល​បានចាត់ទុក​កម្ពុជា​ជា​មិត្ត​ចាស់​ប្រកបដោយ​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​យ៉ាងខ្លាំងបំផុត។

    កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង​លើក​ទី2 នៅ​រាជធានី​ភ្នំពេញ​នា​ខែមករា ឆ្នាំ2018 ខាងមុខនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ឯកឧត្តម​នាយករដ្ឋមន្ត្រី លី កឺ​ឈៀង ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ផង និង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង ដើម្បី​បើក​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​មិត្ត​ភាពល្អ​រវាង​ប្រទេស​ទាំងពីរ ស្របពេល​នៃ​ខួប​អនុស្សាវរីយ៍​ទី60 ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា-ចិន៕

  • ប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 នៅ​ហ្វីលីពីន តើ​កម្ពុជា​ទទួលបាន​អ្វីខ្លះ?

    ប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 នៅ​ហ្វីលីពីន តើ​កម្ពុជា​ទទួលបាន​អ្វីខ្លះ?

    ភ្នំពេញ៖ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កម្ពុជា​ទទួលបាន​ផ្លែផ្កា​ថ្មី​មួយ​ទៀតហើយ សម្រាប់​ធ្វើឱ្យ​លំហូរ​សេដ្ឋកិច្ច​មាន​ភាព​កាន់តែ​ប្រសើរឡើង តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន-ហុងកុង និង​កិច្ចព្រមព្រៀង​ស្តីពី វិនិយោគ​រវាង​អាស៊ាន និង​ហុងកុង។

    ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួមជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​រដ្ឋលេខាធិការ​ពា​ណិ​ជ្ជ​កម្ម និង​ឧស្សាហកម្ម​ចិន​ហុងកុង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ចំនួន​ពីរ​គឺ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន-ហុងកុង និង​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ​រវាង​អាស៊ាន និង​ហុងកុង។

    ដែល​នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​ដែល​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ទទួលបាន​ក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា​បានអនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម និង​អនុម័ត​យល់ព្រម​លើ​ពិធីសារ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ខែតុលា ឆ្នាំ2017 កន្លងទៅ។

    កិច្ចព្រមព្រៀង​នេះ មាន​គោលបំណងសំខាន់ៗគឺ៖

    ទី1.ដើម្បី​កាត់បន្ថយ​របាំង​ចំពោះ​លំហូរ​ពាណិជ្ជកម្ម​ទំនិញ សេវា និង​វិនិយោគ ធើ្វ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​នូវ​ការផ្សារភ្ជាប់​សេដ្ឋកិច្ច កាត់បន្ថយ​ចំណាយ​សម្រាប់​ធុរជន បង្កើន​ពាណិជ្ជកម្ម ពង្រឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​បង្កើត​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​ជាមួយ​កាលានុវត្តភាព​ច្រើនជាង​មុន និង​សេដ្ឋកិច្ច​មាត្រដ្ឋាន​កាន់តែ​ធំ​សម្រាប់​ធុរកិច្ច។

    2.ធ្វើ​ពិពិធ​កម្ម និង​ជំរុញ​ពាណិជ្ជកម្ម​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ភាគី។

    3.ផ្តល់​ការអនុគ្រោះ​ពិសេស និង​ដោយឡែក​ចំពោះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ថ្មី ដូចជា​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដើម្បី​បង្កើន​ការចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែខ្លាំង​ជាង​មុន និង​ពង្រីក​ការនាំចេញ​តាមរយៈ​ការបង្កើន​សមត្ថភាព ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុងស្រុក។

    4.ជួយ​ទ្រទ្រង់​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់ និង​ពិភពលោក និង​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

    នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​នឹងធ្វើ​ឱ្យមាន​ភាពល្អប្រសើរ​ឡើង​នូវ​លំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន រួមមាន​កម្ពុជា​ផងដែរ។ លើសពីនេះ​ទៀត​វា​នឹង​បង្កើន​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​អាស៊ាន-ហុងកុង តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម​និង​វិនិយោគ។ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​ហុងកុង​ជាទី​ផ្សារ​មូលធន​ដ៏​ធំ។

    គួររំឭកថា កិច្ចព្រមព្រៀង​សំខាន់​ទាំងពីរ​ត្រូវបាន​ចាប់ផ្តើម​ចរចា​ដំបូង​នៅ​ឆ្នាំ2014 និង​បានបញ្ចប់​នា​កិច្ចប្រជុំ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​អាស៊ាន-ហុងកុង​លើក​ទី10នៅ​ទីក្រុង​បាងកក ថៃឡង់​ដ៏ កាលពី​ខែកក្កដា ឆ្នាំ2017។ ក្រោយពី​នោះ មាន​ការងារ​បច្ចេកទេស​លម្អិត​ជាច្រើន​ត្រូវបាន​បន្តធ្វើ ដូចជា​ការងារ​រៀបចំ​ឱ្យមាន​ការឯកភាព​គ្នា​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍​គន្លឹះ​មួយចំនួន តារាង​បញ្ចុះ​ពន្ធគយ​ចុងក្រោយ ទម្រង់​រួម​នៃ​តារាង​ពន្ធគយ។ល៕

  • លោក O’Neil បញ្ជាក់ថា អៀរ​ឡង់ ត្រូវតែ​រក​គ្រាប់​បាល់​ឲ្យ​បាន​ពេល​ប៉ះ ដា​ណឺ​ម៉ាក រាត្រី​នេះ

    លោក O’Neil បញ្ជាក់ថា អៀរ​ឡង់ ត្រូវតែ​រក​គ្រាប់​បាល់​ឲ្យ​បាន​ពេល​ប៉ះ ដា​ណឺ​ម៉ាក រាត្រី​នេះ

    លោក Martin O’Neil បាន​បញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​របស់លោក ត្រូវតែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​បាន​ក្នុងការ​ប្រកួត World Cup វគ្គ Playoff ជើង​ទី2 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក នា​កីឡដ្ឋាន Aviva នា​រាត្រី​នេះ។

    ក្រុម​ជម្រើសជាតិ​អៀរ​ឡង់ បាន​វិល​ទៅធ្វើ​ការហ្វឹកហាត់​នៅលើ​ទីលាន Abbotstown កាលពី​ថ្ងៃ​ចន្ទ​វិញ​ហើយ ខណៈដែល​លទ្ធផល​នៃ​ការប្រកួត​ជើង​ទី1 បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុង​ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ គ្រូបង្វឹក​របស់​អៀរ​ឡង់​រូបនេះ​នឹងមាន​ក្រុម​ដ៏​ពេញលេញ​មួយ​ក្នុងការ​ជ្រើសរើស ព្រោះ​ខ្សែការពារ​ឆ្នើម David Meyler ក៏​នឹង​វិល​មក​ចូល​លេង​វិញ​ផងដែរ ក្រោយពី​ជាប់​ពិន័យ​ព្យួរ។ ខ្សែការពារ Shane Duffy របស់​ក្លិប Brighton បាន​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​នឹង​ក្លាយជា​ក្រុម​ផ្សេង​មួយទៀត​ពេល​លេង​លើ​ទឹកដី​ខ្លួនឯង និង​កំពុងតែ​ជឿជាក់ថា អាចបង្កើត​នូវ​ការចងចាំ​ក្នុង​រាត្រី​នេះ​បាន។ កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​ធ្លាប់បាន​បង្កើត​ឱកាស​បាន​ច្រើនជាង និង​ត្រូវតែ​បង្កើត​ឱកាស​ឲ្យ​បាន​ច្រើន​ម្តងទៀត។ យើង​មានឱកាស​ម្ដងទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ឈ្នះ​ការប្រកួត ហើយ​ខ្ញុំ​សង្ឃឹមថា វា​គឺជា​ពេលវេលា​មួយ​ផ្សេងទៀត​ដែល​គ្រប់គ្នា​នឹង​ចងចាំ​ទុក»។ ស្របពេល​ជាមួយគ្នានេះ លោក O’Neil បាន​ជំរុញ​ឲ្យ​ក្រុម​របស់លោក​បង្ហាញ​ពី​ស្មារតី​ប្រយុទ្ធ​ដូច​ក្នុងពេល​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​បូ​ស្នី ក្នុងការ​ប្រកួត Euro ឆ្នាំ2016 វគ្គ Playoff ជើង​ទី2 ដើម្បី​ឈានទៅ​ជុំ​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​បារាំង។

    លោក O’Neill បាន​ឲ្យ​ដឹងថា៖ «យើង​មាន​បទពិសោធ​កាលពី​រយៈពេល2ឆ្នាំមុន នៅ​ដំណាក់កាល​ដូចគ្នានេះ។ ថ្ងៃ​ប្រកួត​នៅ​ទីក្រុង Dublin ពិតជា​ការប្រកួត​ដ៏​អស្ចារ្យ​ជាមួយនឹង​ក្រុម​បូ​ស្នី។ ខ្ញុំ​គិតថា កីឡាករ​មួយចំនួន​អាច​រំឭក​ដល់​ការរីករាយ​នោះ ប៉ុន្តែ ខ្ញុំ​គិតថា ពួកគេ​នឹង​ព្យាយាម​បង្កើត​បទពិសោធ​ផ្ទាល់ខ្លួន​របស់​ពួកគេ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • អ៊ីតាលី ស្រក់​ទឹកភ្នែក ក្រោយ​ធ្លាក់​ចេញពី World Cup ក្រោម​ស្នាដៃ ស៊ុយអែត

    អ៊ីតាលី ស្រក់​ទឹកភ្នែក ក្រោយ​ធ្លាក់​ចេញពី World Cup ក្រោម​ស្នាដៃ ស៊ុយអែត

    ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​បួន​សម័យកាល អ៊ីតាលី បាន​ខកខាន​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​យុទ្ធនាការ World Cup ជា​លើក​ទី1 ចាប់តាំងពី​ឆ្នាំ1958 ក្រោយពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 0-0 ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​វគ្គ Playoff ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​កាលពី​ថ្ងៃ​ចន្ទ។

    លទ្ធផល​នេះ​មានន័យថា ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដែលមាន​រហស្សនាម​ថា Azzurri នឹងមិន​បានបង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ World Cup ជា​លើក​ទី2ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ក្រោយពី​បាន​បដិសេធ​មិន​ចូលរួម​លេង​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​លើក​ទី1 កាលពី​ឆ្នាំ1930។ គ្រាប់​បាល់​បញ្ចូល​ទី1គ្រាប់​របស់​ខ្សែបម្រើ Jakob Johansson របស់​ស៊ុយអែត​កាលពី​ការប្រកួត​ជើង​ទី1 បាន​ក្លាយជា​គ្រាប់​បាល់​កាត់សេចក្តី ខណៈដែល​ការប្រកួត​ជើង​ទី2នៅ​កីឡដ្ឋាន San Siro នាទី​ក្រុង Milan បានបញ្ចប់​ដោយ​មិនមាន​ក្រុម​ណា​អាច​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ឡើយ។ បើទោះបី​ស្ថិតនៅ​ចំពោះមុខ​អ្នកគាំទ្រ​ដល់​ទៅ 74,000នាក់ ​នា​កីឡដ្ឋាន San Siro ក៏ដោយ ប៉ុន្តែ​ម្ចាស់​ជើងឯក World Cup ឆ្នាំ2006 មួយ​នេះ មិនបាន​រកឃើញ​ផ្លូវ​ទៅ​វគ្គ​បន្ត​បានឡើយ។ លទ្ធផល​នេះ​ក៏​បង្ហាញ​ពី​ការបញ្ចប់​យុគសម័យ​កាល​មួយ​សម្រាប់​អ្នកចាំទី​ជើងចាស់ Gianluigi Buffon ដែល​នឹង​មិនអាច​ចូល​ប្រកួត​ក្នុង World Cup ជា​លើក​ទី6របស់គេ​បានឡើយ។ ស្ថិតក្នុង​វ័យ39ឆ្នាំ Buffon ដែល​បាន​បង្ហាញខ្លួន​ជា​អន្តរជាតិ 175លើក ធ្លាប់បាន​ប្រកាសថា ជុំ​ផ្តាច់ព្រ័ត្រ​នៅ​រុស្ស៊ី នឹង​ក្លាយ​ជាការ​បង្ហាញខ្លួន​ជា​លើកចុងក្រោយ​របស់គេ​ក្នុងនាម​ជា​កីឡាករ​សម្រាប់​ក្រុម​ជម្រើសជាតិ។

    Buffon បាន​និយាយ​ទាំង​ទឹកភ្នែក​ថា៖ «ខ្ញុំ​សោកស្តាយ​មិនមែន​សម្រាប់តែ​ខ្ញុំ​ឡើយ ប៉ុន្តែ​សម្រាប់​រាល់​កីឡាករ​យើង​ទាំងអស់ ពីព្រោះ​យើង​បាន​បរាជ័យ និង​សូម្បីតែ​ក្នុង​កម្រិត​សង្គម លទ្ធផល​នេះ​ក៏​អាច​សំខាន់​ផងដែរ»៕

    ប្រភពពី៖ BBC

  • រៀន2មហាវិទ្យាល័យ​មិន​ប្រាកដថា ជា​ជម្រើស​ត្រឹមត្រូវ​នោះទេ

    រៀន2មហាវិទ្យាល័យ​មិន​ប្រាកដថា ជា​ជម្រើស​ត្រឹមត្រូវ​នោះទេ

    ដោយសារតែ​កំណើន​នៃ​មហាវិទ្យាល័យ និង​ភាព​បើកទូលាយ​សម្រាប់​ការជ្រើសរើស​មហាវិទ្យាល័យ និស្សិត​មួយចំនួន​នៅ​កម្ពុជា​ចាប់ផ្តើម​ជ្រើសរើស​សិក្សា 2 មហាវិទ្យាល័យ​ដែល​សកម្មភាព​នេះ​ត្រូវបាន​គេ​មើលឃើញថា បានផ្តល់​ផល​ល្អ និង​ផល​អវិជ្ជមាន​មួយចំនួន​នៅក្នុង​នោះ។

    ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការជ្រើសរើស​ជំនាញ​នៅ​មហាវិទ្យាល័យ ឧកញ៉ា គួច ម៉េង​លី បាន​លើកឡើងថា ការសិក្សា 2មហាវិទ្យាល័យ​មិន​ប្រាកដថា ជា​ជម្រើស​ល្អ​នោះទេ ព្រោះថា ការសិក្សា​នៅ​មហាវិទ្យាល័យ​តម្រូវឱ្យមាន​ការអនុវត្ត​ច្រើន ដែល​ទាមទារ​ឱ្យ​និស្សិត​ត្រូវ​ចំណាយពេល​សមល្មម​នៅក្នុង​សាលា ហើយ​ចំណាយពេល​ច្រើន​ផ្សេងទៀត​នៅក្នុង​ពិភព​ការងារ​ជាក់ស្តែង។ ការសិក្សា​តែ1មហាវិទ្យាល័យ​ជា​ជម្រើស​ល្អ​បំផុត​ដែល​អាច​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​នូវ​ទ្រឹស្តី​ដែល​បាន​រៀន តាមរយៈ​ការធ្វើការងារ​ស្ម័គ្រចិត្ត ឬ​ដាក់ពាក្យ​ធ្វើ​ការងារ​ហាត់​ការ​ក្នុង​ស្ថាប័ន​ដែល​ត្រូវ​នឹង​ជំនាញ​ដែល​កំពុង​សិក្សា​ប្រចាំថ្ងៃ។

    លោក​ឧកញ៉ា គួច ម៉េង​លី បាន​និយាយថា៖ «អ្នករៀនម្នាក់ៗត្រូវតែមាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​អាជីព​ការងារ។ ឆ្នាំ​ទី1 ខំរៀន​ឱ្យ​ខ្លាំង​បំផុត​ពី​មូលដ្ឋានគ្រឹះ ហើយ​ធ្វើយ៉ាងណា​ឱ្យមាន​គ្រឹះ​រឹងមាំ​ហើយ ឆ្នាំ​ទី2 ត្រូវ​ស្វែងរក​ការងារ​ណាមួយ​ដើម្បី​ធ្វើ​ពី​តំណែងតូចៗទៅឱ្យ​បានល្អ​បំផុត ចុងក្រោយ​យើង​នឹង​អាចមាន​ទាំង​បទពិសោធ​ការងារ​មាន​ទាំង​ចំណេះដឹង​ពិតប្រាកដ។ ហេតុនេះ ការរៀន​តែមួយ​មហាវិទ្យាល័យ អាចធ្វើឱ្យ​យើង​ទទួលបាន​ជោគជ័យ​ខ្ពស់ជាង»។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia លោក គីម ដា​រ៉ា បានលើកឡើង​ផងដែរ​ថា និស្សិត​ភាគច្រើន​នៅពេល​បច្ចុប្បន្ននេះ​ចូលចិត្ត​សិក្សា 2មហាវិទ្យាល័យ ដោយ​ក្នុងនោះ​គាត់​សិក្សា​រៀន​មហាវិទ្យាល័យ​ជំនាញ​មួយ និង​រៀន​ភាសា​អង់គ្លេស​មួយទៀត។ ចំណុច​នេះ ពេលខ្លះ​អាចធ្វើឱ្យ​គាត់​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​មិន​ចំ​គោលដៅ ព្រោះថា ការសិក្សា​ភាសា​នៅ​មហាវិទ្យាល័យ​គឺ​គេ​សិក្សា​ទូទៅ តែ​សម្រាប់​អ្នក​ដែលមាន​គោលដៅ​ច្បាស់លាស់​គេ​រៀន​អ្វីដែល​ត្រូវ​នឹង​សមិទ្ធផល​ដែល​គេ​ចង់បាន​តែម្តង។

    លោក គីម ដា​រ៉ា បាន​និយាយថា៖ «ខ្ញុំ​ធ្លាប់​សិក្សា​ភាសា​អង់គ្លេស​ទូទៅ​ផង និង​សិក្សា​ជំនាញ​ដែល​ខ្ញុំ​ស្រឡាញ់​នៅ​មហាវិទ្យាល័យ​ផង តែ​នៅពេលដែល​ខ្ញុំ​កំណត់​គោលដៅ​ចង់​ប្រឡង​អាហារូបករណ៍​ទៅ​បរទេស ខ្ញុំ​ឃើញថា ការសិក្សា​ទូទៅ​នេះ​ខាត​ពេល​ច្រើន ហេតុនេះ​ខ្ញុំ​ចាប់ផ្តើម​ជ្រើសរើស​វគ្គ​សិក្សា​ដែល​ត្រូវ​នឹង​ជំនាញ​តែម្តង»។

    លោក គីម ដា​រ៉ា បាន​បន្ថែមទៀតថា ពេលខ្លះ​ការដាក់​គោលដៅ​ច្បាស់លាស់​សម្រាប់​សិក្សា ហើយ​ប្រើ​គ្រប់​លទ្ធភាព​ដើម្បី​សម្រួច​ឱ្យ​ច្បាស់លាស់​លើ​ការសិក្សា​នៅ​មហាវិទ្យាល័យ​តែមួយ​អាច​ជំរុញ​ឱ្យ​យើង​ដើរ​លឿន​ហើយ​ឆាប់​ដល់​គោលដៅ​ជាង៕

  • ទម្លាប់​ជោគជ័យ​សម្រាប់​អ្នក​ចង់​ក្លាយជា​អ្នកនិពន្ធ

    ទម្លាប់​ជោគជ័យ​សម្រាប់​អ្នក​ចង់​ក្លាយជា​អ្នកនិពន្ធ

    មាន​យុវជន និង​មនុស្ស​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ ចាប់ផ្តើម​ចូលចិត្ត​ការចែករំលែក ទាំង​នៅលើ​វេទិកាសាធារណៈ និង​នៅក្នុង​ពិធីផ្សេងៗ រួមទាំង​បណ្តាញ​សង្គម​ផងដែរ។ អ្នក​ទាំងអស់នោះ មួយចំនួន​ចង់​បង្កើត​ស្នាដៃ​នៃ​គំនិត​ដោយ​ខ្លួនឯង​តាមរយៈ​ការសរសេរ តែ​ពេលខ្លះ​ពួកគាត់​មិនទាន់មាន​ទម្លាប់​ល្អ រួមទាំង​មិនទាន់​ដឹង​ពី​វិធី​ដើម្បី​អនុវត្ត​យ៉ាងណា​ទើប​ក្លាយជា​អ្នកនិពន្ធ​ដែល​អាច​ចែករំលែក​នូវ​គំនិត​របស់ខ្លួន​តាមរ​យៈ​ការបង្កើត​ស្នាដៃ​សំណេរ​ដែលមាន​ប្រយោជន៍។

    ខាងក្រោម​នេះ ជា​ទម្លាប់​មួយចំនួន​របស់​អ្នកនិពន្ធ​ភាគច្រើន​ដែលមាន​ភាពល្បីល្បាញ​នៅលើ​ពិភពលោក ដែល​បាន​អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចការ​និពន្ធ​របស់​ពួកគាត់។

    1.សរសេរ​រាល់ថ្ងៃ

    ការសរសេរ​ជា​រៀងរាល់​ថ្ងៃជា​ទម្លាប់​ល្អ​មួយ​របស់​អ្នកនិពន្ធ​ជាច្រើន​លើ​ពិភពលោក។ លោក Stephen King សរសេរ​អត្ថបទ​ប្រមាណ​ជា 10ទំព័រ​ជា​រៀងរាល់ថ្ងៃ​បើទោះបីជា​ថ្ងៃ​ដែល​គាត់​សម្រាកលំហែរ​កាយ​ក៏ដោយ ខណៈអ្នកនិពន្ធ​ដែលជា​ម្ចាស់​ពានរង្វាន់​ណូបែល Earnest Hemingway សរសេរ​អត្ថបទ​យ៉ាងហោចណាស់ 500ពាក្យ​ក្នុង​មួយ​ថ្ងែ។

    ការសរសេរ​រាល់ថ្ងៃ ឬ​ដាក់​កាលវិភាគ​ដើម្បី​សរសេរ អាចជួយ​ឱ្យមាន​ទម្លាប់​ដែល​អាចធ្វើ​ឱ្យមាន​ការផ្តោត​អារម្មណ៍​បានល្អ ហើយ​វា​ក៏​ជា​គន្លឹះ​ដើម្បី​បង្កើត​ភាព​ច្នៃប្រឌិត​សម្រាប់​ខ្លួនឯង​ផងដែរ នៅពេលដែល​យើង​អនុវត្ត​សកម្មភាព​មួយ​ជា​រៀងរាល់ថ្ងៃ ហើយ​បន្ត​វា​ជា​ភាគ ឬ​ភ្ជាប់​ការគិត​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ។

    1. ងើប​ពី​ព្រលឹម

    មនុស្ស​ជាច្រើន​បាន​ភ្ញាក់​នៅពេល​ព្រលឹម តែ​ពួកគេ​មិនសូវ​ងើប ហើយ​បញ្ហា​នេះ​ជា​ឧបសគ្គ​សម្រាប់​មនុស្ស​ជាច្រើន​ដែល​ចង់​ក្លាយជា​អ្នកនិពន្ធ។ តាម​ការរកឃើញ​រប​ស់​អ្នកនិពន្ធ​នៅ​ប​ច្ចឹ​ម​ប្រទេស​ភាគច្រើន សង្កេតឃើញថា ការ​ងើប​ពី​ម៉ោង 5:30នាទី ដើម្បី​សរសេរ ជា​ពេល​ល្អ​បំផុត​មួយ​ដែល​ខួរក្បាល​ពោរពេញ​ទៅដោយ​ថាមពល និង​ភាព​ស្រស់ស្រាយ ដែល​អាចធ្វើឱ្យ​អ្នកបញ្ជារ​នូវ​មនោសញ្ចេតនា ឬ​បង្កើត​រូបភាព​នៅក្នុង​សំណេរ​បាន​យ៉ាង​ល្អ។ កត្តា​នេះ អាចធ្វើឱ្យ​អ្នក​បង្កើតបាន​អត្ថបទ​ប្រកបដោយ​ភាពរស់រវើក ហើយ​ធ្វើឱ្យ​អ្នកអាន អាច​ជក់ចិត្ត​ខ្លាំង​ជាមួយនឹង​អត្ថបទ​ប្រកបដោយ​ថាមពល និង​រូបារម្មណ៍​ល្អ។

    1. យកឈ្នះ​ទម្លាប់​អាក្រក់​របស់ខ្លួន​ឱ្យបាន

    អ្នកនិពន្ធ​ភាគច្រើន​តែងតែមាន​ទម្លាប់​អារ​ក្រក់​មួយ​គឺ​ភាព​រារែក ដែល​ពេលខ្លះ​ខ្លា​ចនេះ ខ្លាច​នោះ​ច្រើនពេក​ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​បញ្ចេញ​អស់​នូវ​សក្តានុពល​របស់ខ្លួន​ក្នុង​សំណេរ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Bernard M. Baruch បាន​និយាយថា «ធ្វើ​អ្វីដែល​អ្នក​ចង់​ធ្វើ ហើយ​និយាយ​អ្វីដែល​អ្នក​ចង់​និយាយ​ទៅ ព្រោះ​សំដី​របស់​អ្នក​តែងតែ​ត្រូវគេ​សរសើរ និង​រិះគន់ ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ»។

    ការដែល​ចាប់ផ្តើម​សរសេរ​ដោយ​ចេញពី​ចិត្ត​ឱ្យបាន​សិន បន្ទាប់មក​ទើប​ពិនិត្យ​ម្តង​ហើយ​ម្តងទៀត អាចឱ្យ​អ្នក​ក្លាយជា​អ្នកនិពន្ធ​ដែលមាន​ស្នាដៃ​ច្រើន ព្រោះ​អ្នកនិពន្ធ​ជាច្រើន​អាចបង្កើត​សៀវភៅ​បាន​លុះត្រា​តែមាន​ឯកសារ​ជា​គោល​សិន បន្ទាប់មក​ទើប​គេ​យក​ឯកសារ​ដែល​គេ​បាន​សរសេរ​ទាំងអស់ ទាំង​ល្អ និង​មិនល្អ​មក​កែច្នៃ​សារជាថ្មី​រហូត​មាន​អត្ថន័យ​គ្រប់គ្រាន់។ ហេតុនេះ​បើ​អ្នក​មិន​ចាប់ផ្តើម​សរសេរ អ្នក​ក៏​មិនអាច​មាន​ឯកសារ​គោល​សម្រាប់​កែច្នៃ​នោះដែរ៕

  • ឆា​សាច់មាន់​ជាមួយ​ស្វាយ​ទុំ និង​គ្រាប់ស្វាយចន្ទី

    ឆា​សាច់មាន់​ជាមួយ​ស្វាយ​ទុំ និង​គ្រាប់ស្វាយចន្ទី

    ឆា​សាច់មាន់​ជាមួយ​ស្វាយ​ទុំ និង​គ្រាប់ស្វាយចន្ទី ពិតជា​ចម្លែក​បន្តិច​ហើយ​មើលទៅ ព្រោះ​មាន​ទាំង​រសជាតិ​ផ្អែម​នៃ​ស្វាយ​ទុំ រសជាតិ​ឈ្ងុយ​នៃ​គ្រាប់ស្វាយចន្ទី ព្រមទាំង​ជាតិ​សាច់​នៃ​សាច់មាន់​រំលីង​ទៀត ពិតជា​ឆ្ងាញ់​មាត់​ហើយ​មុខម្ហូប​មួយ​មុខ​នេះ។ ដូច្នេះ​ចង់ដឹង​ពី​វិធី​ចម្អិន​មុខម្ហូប​នេះ​សូម​តាមដាន​ជាមួយនឹង​គ្រឿងផ្សំ និង​វិធី​ធ្វើ​ពី​មេ​ចុងភៅ​ជំនាញ​នៃ​ភោជនីយដ្ឋាន Eleven One Kitchenដូចតទៅ។

    គ្រឿងផ្សំ
    សាច់មាន់ 100ក្រាម
    គ្រាប់ស្វាយចន្ទី 5គ្រាប់ (ពុះ​ជា2)
    ស្វាយ​ទុំ 100ក្រាម (កាត់​ជា​ដុំតូចៗល្មម)
    ប្រេងខ្យង 1ស្លាបព្រា​កាហ្វេ
    ស្រា​ចិន 3-4ដំណក់
    ទឹកត្រី 1ស្លាបព្រា​បាយ
    ស្ករស កន្លះស្លាបព្រាកាហ្វេ
    ខ្ទឹមស 5ក្រាម
    អំបិល ម្សៅពោត ម្រេច 1ស្លាបព្រា​បាយ
    ប្រេងឆា 2ស្លាបព្រា​បាយ
    ទឹក​ស៊ុប​បន្លែ បន្តិច

    វិធី​ចម្អិន
    ដំបូង​អ្នក​ត្រូវដាក់​ខ្ទះ​ឱ្យ​ក្តៅ រួច​ចាក់​ប្រេងឆា​ចូលក្នុង​ខ្ទះ ហើយ​សឹម​ដាក់​សាច់មាន់​ចូល​រំលីង​សាច់​ឱ្យ​ឆ្អិន50%។ បន្ទាប់មក​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល​លីង​ឱ្យ​ឈ្ងុយ រួច​ដាក់​ស្រា​ចិន​ចូល​ឆា​ចូលគ្នា​ឱ្យ​សព្វ។ រួច​ដាក់​ប្រេងខ្យង ទឹកត្រី អំបិល ម្រេចទឹក​ស៊ុប​បន្លែ និង​ម្សៅពោត​ចូល​ឆា​ចុះឡើង​ឱ្យចូល​ជាតិ​គ្នា​ល្អ សឹម​ដាក់​ចំណិត​ស្វាយ​ទុំ និង​គ្រាប់ស្វាយចន្ទី​ដែល​ពុះ​ហើយ​ចូល​ជាការ​ស្រេច៕

  • កម្ពុជា-ចិន ឯកភាពគ្នា​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

    កម្ពុជា-ចិន ឯកភាពគ្នា​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

    ភ្នំពេញ៖ ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន បាន​ឯកភាពគ្នា​បង្កើត​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ ដោយបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

    អនុស្សរណៈ​ថ្មី​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ឯកឧត្តម WANG Bingnan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ដើម្បី​ជំរុញ​វិស័យនេះ​ឱ្យមាន​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង ក៏ដូចជា​ផ្តល់​ភាពងាយស្រួល​សម្រាប់​វិនិយោគិន​ប្រទេស​ទាំងពីរ​ដែរ។

    អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ (One Belt One Road Initiative) របស់​រដ្ឋាភិបាល​ចិន ដែល​អាច​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ពី​ប្រទេស​ចិន​មក​កម្ពុជា​ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។តាមរយៈ​អនុស្សរណៈ​នេះ ភាគី​ទាំងពីរ​នឹង​សហការគ្នា​ដើម្បី​បង្កើត​បរិយាកាស​ឱ្យមាន​អំណោយផល​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ក្រោម​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក​ដូចខាងក្រោម​នេះ៖

    1.ស្វែងយល់​គ្រប់​ច្រកល្ហក​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ដូចជា​ការសិក្សា​រួម​កម្មវិធី​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព ជំនួយ​បច្ចេកទេស​លើ​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់ និង​ការអនុវត្ត​ច្បាប់ ព្រមទាំង​ចែករំលែក​បទពិសោធ​ស្ដីពី​ការកំណត់​គោលនយោបាយ និង​ការគ្រប់គ្រង​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​ដោយ​រដ្ឋាភិបាល។ល។

    2.ភាគី​ទាំងពីរ​នឹង​លើកទឹកចិត្ត​ឱ្យ​សហគ្រាស​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក រួមមាន​ការជំរុញ​ពាណិជ្ជកម្ម​លើ​ផលិតផល​ទៅវិញទៅមក​ពីសា​មី​ប្រទេសរៀងៗខ្លួន តាមរយៈ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក។

    3.ភាគី​ទាំងពីរ​នឹង​គាំទ្រ​សកម្មភាព​សហប្រតិបត្តិ​កា​រលើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​អាជីវកម្ម ការបណ្ដុះបណ្ដាល និង​ការកសាង​សមត្ថភាព និង​ការផ្លាស់ប្ដូរ​បទពិសោធ​អនុវត្តល្អៗ និង​ន​វា​នុ​វត្ដ​ន៍ថ្មី។

    ដើម្បីឱ្យ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ល្អប្រសើរ​ឡើង កម្ពុជា​នឹង​ត្រៀមខ្លួន​រៀបចំ​ដូចជា ៖

    1-យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

    2-ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍

    3-កិច្ច​សម្រួល​ពាណិជ្ជកម្ម​អេឡិចត្រូនិក

    4-Online Payment Gateway

    និង 5-ធនធានមនុស្ស​លើ​វិស័យ​អេឡិចត្រូនិក។

    ជាមួយគ្នានេះដែរ កម្ពុជា​បាន​សំណូមពរ​ឱ្យ​ភាគី​ចិន​បង្កើត​កម្មវិធី​ទស្សនកិច្ច​សិក្សា និង​បណ្តុះបណ្តាល​សមត្ថភាព​ដ​ល់​មន្ត្រី​ជំនាញ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ធនាគារជាតិ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាដើម។

    ឯកឧត្តម កឹម ស៊ីថន បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើ​អំពី​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា-ចិន​ឆ្នាំ2016 ដែលមាន​ចំនួន 4,760 លាន​ដុល្លារ​អាមេរិក (កើនឡើង​ប្រមាណ 7.3% បើ​ធៀប​នឹង​ឆ្នាំ2015) ជាពិសេស​រហូតមកដល់​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​បាន​ឈានឡើង​លើសពី 5,000 លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2017 ដែល​ចំនួន​នេះ លើសពី​ការរំពឹងទុក​ដែល​កំណត់ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ។

    ចំណែក​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ចិន មានជំនឿថា​ក្រោយពី​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់​តែមាន​សម្ទុះ​យ៉ាងខ្លាំង​បន្ថែមទៀត ហើយនឹង​កើនឡើង​ដល់ 6,000លាន​ដុល្លារ​អាមេរិក នៅត្រឹម​ឆ្នាំ2020៕

  • ពង​ក្រួច​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​បំពង​អំបុក​បៃតង

    ពង​ក្រួច​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​បំពង​អំបុក​បៃតង

    ជាទូទៅ ពង​ក្រួច​ភាគច្រើន​តែង​ត្រូវបាន​គេ​ឃើញ​មាន​លក់​នៅតាម​បណ្តា​ទីប្រជុំជន​នានា ដោយ​គ្រាន់តែ​ធ្វើការ​ចម្អិន​ដោយ​ស្ងោរ​តាមបែបធម្មតាៗ ហើយ​ច្រក​ក្នុង​ថង់​ប្លា​ស្ទីក រួមជាមួយ​អំបិលម្រេច​តែប៉ុណ្ណោះ។ ដោយឡែក​សម្រាប់​ភោជនីយដ្ឋាន Labaab ដែលមាន​ការតុបតែង​លម្អ​លក្ខណៈ​បែប​ខ្មែរ ស្ថិតនៅ​អគារ​លេខ81E2 (ជាន់​ទី2) តាមផ្លូវ​ព្រះមុនីវង្ស (ទល់មុខ​ធនាគារ កាណាឌីយ៉ា) ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ទើបតែ​ចាប់​បើ​ដំណើរ​ការបម្រើ អាហារ​បែប​អ្នករស់នៅ​តាម​ដង​ទន្លេមេគង្គ រួមមាន​អាហារ​បែប​ជនជាតិខ្មែរ វៀតណាម ថៃ ឡាវ និង​ចិន​នោះ បាន​យក​ពង​ក្រួច​នេះ​មក​ច្នៃ​ធ្វើជា​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក យ៉ាង​ជក់ចិត្ត ក្រោយ​គំ​និង​ច្នៃប្រឌិត​របស់​មេ​ចុងភៅ​ជា​ជនជាតិខ្មែរ នោះ​គឺ មុខម្ហូប “ពង​ក្រួច​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​បំពង​អំបុក​បៃតង”។

    គ្រឿងផ្សំ
    • ពង​ក្រួច
    • សាច់ជ្រូក​ចិញ្ច្រាំ
    • អំបុក
    • ស្លឹក​តើយ
    • ប្រេងឆា
    • ទឹកម្ទេស

    របៀប​ចម្អិន
    ជាដំបូង​លោកអ្នក​ត្រូវយក​ពង​ក្រួច​ទៅ​ចម្អិន​ឱ្យ​ឆ្អិន​ល្មម រួច​បកសម្បក​ទុក​មួយអន្លើ។យក​ស្លឹក​តើយ​ច្របាច់​យក​ទឹក ច្របល់​ជាមួយ​អំបុក​ដែល​បាន​ត្រៀម​ទុកជា​ស្រេច។ យក​សាច់ជ្រូក​ចិញ្ច្រាំ​ខ្ចប់​ពង​ក្រួច ហើយ​យក​អំបុក​ដែល​បាន​ច្របល់​ជា​ទឹក​ស្លឹក​តើយ​ច្របាច់​ខ្ចប់​ពី​ក្រៅ​ធ្វើជា​សម្បក រួច​យកទៅ​បំពង​ជាមួយ​ប្រេងឆា​ដែល​បាន​ត្រៀម​នៅលើ​ភ្លើង​រហូត​ឆ្អិន ស្រួយ​ល្អ ទើប​ស្រង់​ចេញ​ជាការ​ស្រេច។ ឃើញ​ទេ! មិន​ពិបាកធ្វើ​នោះទេ លោកអ្នក​ក៏​អាចអនុវត្ត​បាន​ដោយ​ខ្លួនឯង សម្រាប់​ទទួលទាន​ជុំ​គ្រួសារ​នៅ​ថ្ងៃ​ឈប់សម្រាក់​យ៉ាង​រីករាយ ដោយ​ការបន្ថែម​ទឹកម្ទេស​ធ្វើជា​ទឹកជ្រលក់៕