Author: វល័ក្ខ

  • អ៊ីតាលី បណ្តេញ​លោក Ventura ក្រោយ​ខកខាន​ការ​ឈ្នះ​កៅអី​ទៅ World Cup

    អ៊ីតាលី បណ្តេញ​លោក Ventura ក្រោយ​ខកខាន​ការ​ឈ្នះ​កៅអី​ទៅ World Cup

    សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី បាន​បណ្តេញ​លោក Gian Piero Ventura ចេញពី​តំណែង​អ្នកចាត់ការ​ទូទៅ ក្រោយពី​បាន​រង​បរាជ័យ​ទាំង2ជើង​ក្នុង​លទ្ធផល 1-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ក្នុងការ​ប្រកួត​ជម្រុះ World Cup វគ្គ Playoff ដែល​បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក4សម័យកាល​មួយ​នេះ ខកខាន​ក្នុងការ​ឈានទៅ​ជុំ​ផ្តាច់ព្រ័ត្រ ជា​លើក​ទី1ក្នុង​រយៈពេល60ឆ្នាំ។

    ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​រាត្រី​ថ្ងៃ​ពុធ សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី បានប្រកាសថា រជ្ជកាល​នៃ​ការដឹកនាំ​រយៈពេល16ខែ​របស់លោក Ventura បានបញ្ចប់​ហើយ។ សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី បាន​ឲ្យ​ដឹង​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ថា៖ «ក្នុង​ចំណុច​ទីមួយ​នៃ​របៀប​របស់​យើង លោក Carlo Tavecchio ដែលជា​ប្រធាន​សហព័ន្ធ បានធ្វើការ​ពិភាក្សា​ទៅលើ​ការសម្រេចចិត្ត​មួយ​របស់​គណៈកម្មការ​ដឹកនាំ ហើយ​ចាប់ពីពេលនេះ​តទៅ លោក Gian Piero Ventura លែង​ជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ទៀតហើយ»។ លោក Ventura វ័យ69ឆ្នាំ បាន​និយាយ​បន្ទាប់​ការប្រកួត​ជាមួយនឹង​ក្រុម​ស៊ុយអែត​ថា៖«ខ្ញុំ​សុំ​អភ័យទោស​សម្រាប់​លទ្ធផល​នេះ ប៉ុន្តែ មិនមែន​សម្រាប់​ការខិតខំ​ព្យាយាម និង​ការការពារ​ដ៏​លំបាក​នោះឡើយ។ ខ្ញុំ​ដឹងថា លទ្ធផល​នេះ​ពិតជា​រឿង​ដ៏​សំខាន់បំផុត»។

    ការសម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​គ្រូបង្វឹក​ថ្មី​ម្នា​ក់មក​ជំនួស​កន្លែង​របស់លោក Ventura មិនទាន់​ត្រូវបាន​ធ្វើឡើង​នៅឡើយ ខណៈដែល​លោក Tavecchio បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ថា សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី កំពុងតែធ្វើការ​ពិចារណា​ទៅលើ «គ្រូបង្វឹកសំខាន់» ដើម្បី​ជំនួស​លោក Ventura។ លោក Carlo Ancelotti ដែល​អស់​ការងារ​ធ្វើ​ចាប់តាំងពី​ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លិប Bayern Munich កាលពីដើម​រដូវ​កាល​នេះ គឺជា​បេក្ខភាព​ឈានមុខ​គេ​ក្នុងការ​ចូលកាន់​តំណែង​នេះ៕

    ប្រភពពី៖ The Guardian

  • ចំណុច​ល្អ និង​ចំណុច​មិនល្អ​របស់​ការ​មានកូន​ពេល​អាយុ​ច្រើន

    ចំណុច​ល្អ និង​ចំណុច​មិនល្អ​របស់​ការ​មានកូន​ពេល​អាយុ​ច្រើន

    ក្នុងពេល​បច្ចុប្បន្ននេះ​មាន​ស្ត្រី​ចំនួន1ភាគ5 ដែល​ពន្យារ​ការ​មានគភ៌​ទៅដល់​អាយុ35ឆ្នាំ​ឡើងនិង​ចំនួន​ស្ត្រី​ដែលមាន​កូន​ក្នុង​វ័យ40ឆ្នាំ​បាន​កើនឡើង​ទ្វេដង​ខុស​កាលពី20ឆ្នាំមុន។ ការកើនឡើង​នៃ​ចំនួន​ស្ត្រី​ដែល​យក​កូន​បែបនេះ ធ្វើឱ្យ​កើតមាន​ជា​សំណួរ​មួយ​ឡើង​ថា តើ​អាយុ​ប៉ុន្មាន​ទើប​ហៅថា ចាស់​ហួស​នឹង​មានកូន? ហើយ​តើ​ការ​មានកូន​នៅពេល​អាយុ​ច្រើន មាន​ចំណុច​ល្អ និង​មិនល្អ​យ៉ាងណាខ្លះ? ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ​មក​ជូន​មិត្ត​អ្នកអាន​នៅពេលនេះ…។

    ចំណុច​ល្អ​នៃ​ការ​មានកូន​នៅពេល​អាយុ​ច្រើន
    -មាន​ប្រាក់ចំណូល​ច្រើនឡើង និង​ស្ថិតស្ថេរ​ហើយ។
    -យល់ដឹង​ពី​ការមើល​ថែទាំ​សុខភាព​ច្រើនឡើង​ហើយ។
    -អាយុ​ច្រើន ចេះ​គិតគូរ​បាន​ច្រើនឡើង​ហើយ។
    -ចេះ​ដំណើរការ​ជីវិត​យ៉ាង​ប្រយ័ត្នប្រយែង​ខ្លាំង​ឡើង​ហើយ។
    -មាន​អារម្មណ៍​ថា ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ធ្វើជា​ម្ដាយ​គេ​រួចរាល់​ហើយ។
    -មានការ​សោកស្ដាយ​តិច​បំផុត នៅពេលដែល​បាត់បង់​សេរីភាព ឬ​ការស្វែងរក​ភាពកម្សាន្ត​សប្បាយ (មិនអាច​ដើរលេង​បាន​តាមចិត្ត ព្រោះ​មានកូន​ត្រូវ​មើលថែ)។
    -មាន​ភាពរឹងមាំ​ឡើង និង​ដឹង​ពី​តួនាទី​នៃ​ភាពជា​ម្ដាយ។
    -ចិត្តធ្ងន់ និង​អាច​ចាត់ការ​ភាព​រញ៉េរញ៉ៃ វីវក់​បាន​យ៉ាង​មាន​ស្មារតី​នឹងនរ។

    ចំណុច​មិនល្អ​នៃ​ការ​មានកូន​ពេល​អាយុ​ច្រើន
    -មិនសូវមាន​កម្លាំង​លេង​ជាមួយ​កូន ឬ​ដេញតាម​ចាប់​កូន។
    -មិនមាន​ឱកាស​បានឃើញ​ដំណើរ​ជីវិត​របស់​កូន​នៅ​វ័យ​កណ្ដាល​មនុស្ស។
    -មិនមាន​ឱកាស​បាន​ជួយ​មើលថែ​ចៅ។
    -ក្មេង​ខ្លះ​ខ្មាសមិត្តភក្តិ​ដែល​ខ្លួន​មាន​ឪពុកម្ដាយ​ជា​មនុស្ស​ចាស់។
    – អាច​នឹង​ពិបាក​មានកូន ឬ​ប្រើ​ពេលវេលា​យូរ​ទម្រាំ​នឹងមាន​កូន​តាម​វិធី​ធម្មជាតិ ព្រោះ​ឱកាស​ក្នុងការ​តាំង​គភ៌​ក្នុង​វ័យ30ឆ្នាំ​ឡើង​គឺ ប្រមាណ25% ចំណែក​ក្នុង​វ័យ40ឆ្នាំ​ឡើងឱកាស​តាំង​គភ៌​ថយ​ចុះមក​នៅត្រឹមតែ5%ប៉ុណ្ណោះ។
    -អ្នកដទៃ​នឹង​ច្រឡំ​ហៅ​អ្នក​ថា​ជា​លោកយាយច្រើនជាង​ហៅថា ម្ដាយ​របស់​កូន៕

  • ត្រកួន មិន​ត្រឹមតែ​ជា​បន្លែ តែ​ជា​ឱសថ​បុរាណ​ដ៏​ពូកែ

    ត្រកួន មិន​ត្រឹមតែ​ជា​បន្លែ តែ​ជា​ឱសថ​បុរាណ​ដ៏​ពូកែ

    ត្រកួន គឺជា​បន្លែ​ពេញនិយម​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​យើង​យកមក​ចម្អិន​ជា​ម្ហូបអាហារ​ជាច្រើន​មុខ ហើយក្រៅពីជា​បន្លែ​ហើយ​នោះ ត្រកួន​ក៏​ជា​ឱសថ​បុរាណ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ​បានជា​ច្រើន​មុខ ដែល​យើង​មិន​ធ្លាប់​បានដឹង​ពីមុនមក។ គុណប្រយោជន៍​របស់​ត្រកួន​មាន​ដូចខាងក្រោម​នេះ៖

    1- ការពារ​ជំងឺ​ហើមពោះ ៈ ត្រកួន​ជា​ប្រភព​របស់​ជាតិ​សរសៃ​ច្រើន​បំផុត វា​មាន​ប្រសិទ្ធ​ភាពជា​ថ្នាំ​រលាយ​កាកសំណល់ទន់ៗ ជួយ​ឱ្យ​ការ​បន្ទោបង់​បាន​ងាយស្រួល។ វា​ជួយ​ការពារ និង​ព្យាបាល​ជំងឺ​ទល់លាមក ហើមពោះ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ឫសដូងបាត​បាន ពោលគឺ ការទទួល​ទាន​បន្លែ​ត្រកួន​ជាប្រចាំ​ថ្ងៃ នឹង​ជួយ​សម្អាត​រាល់​កាកសំណល់ និង​ជាតិពុល​ដែល​ធ្លាក់​ទៅក្នុង​ពោះវៀនតូច​ឱ្យ​ចេញមកក្រៅ ហើយ​ជួយ​ស្រូបយក​សារធាតុចិញ្ចឹម​ដល់​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ​ថែម​ទៀតផង។

    2- ជំនួយ​ភ្នែក ៈ ជា​បន្លែ​ដែលមាន​វីតាមីន A ច្រើន ជំនួយ​ដល់​ភ្នែក និង​ប្រ​ស្រី​ភ្នែក ហើយ​មានគុណ​សម្បត្តិ​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ បំបាត់​ភាព​នឿយហត់ និង​គេង​លក់​ស្រួល។

    3- សម្រួល​ដំណេក ៈ នៅក្នុង​ត្រកួន​មាន​សារធាតុ Selenium និង​ស័ង្កសី ដែល​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​បាន​សម្រាក ហើយ​ធ្វើឱ្យ​អ្នក​ឆាប់​គេង​លក់​ថែម​ទៀតផង។

    4- ជំនួយ​គ្រាប់​ឈាម ៈ ត្រកួន​មាន​ធាតុដែក ជា​សារធាតុចិញ្ចឹម​ដែលមាន​សារសំខាន់​ចំពោះ​ប្រព័ន្ធ​ឈាម និង​ចលនា​របត់​ឈាម វា​ជួយ​បង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន​នៅក្នុង​ឈាម ទើប​អាច​ការពារ​ជំងឺ​អប្ប​លោហិត​បាន​ផងដែរ។

    5- ជួយ​លាង​ជាតិពុល​នៅក្នុង​ខ្លួន ៈ ត្រកួន​នៅមាន​គុណប្រយោជន៍​ជួយ​លាង​សារ​ជាតិពុល​ក្នុង​រាងកាយ​ដូចជា​ថ្លើម​ជាដើម ព្រមទាំង​ជា​សារធាតុ​ពួក​រ៉ាឌីកាល់​សេរី ដែល​ជួយ​ការពារ​កោសិកា​មិនឱ្យ​ទទួលរង​នូវ​ការបំផ្លាញ ហើយ​ជួយ​ការពារ​ថ្លើម​ថែម​ទៀតផង។

    6- បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម ៈ បច្ចុប្បន្ននេះ​មានការ​ស្រាវជ្រាវ​រកឃើញ​ថា ត្រកួន​មាន​សារធាតុ​ស្រដៀង​នឹង Insulin ដែលមាន​សមត្ថភាព​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ជួយ​បន្ថយ​ការ​ស្រូបយក​សារធាតុចិញ្ចឹមរ​បស់​ក្លុយកូស​នៃ​រាងកាយ​បាន។ ដូច្នេះ​អ្នកជំងឺ​ទឹកនោមផ្អែម គួរតែ​ទទួលទាន​ត្រកួន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម។

    7- ជួយ​សម្រក​ទម្ងន់ ៈ ជា​ប្រភេទ​បន្លែ​ពណ៌​បៃតង ដែលជា​អាហារ​សម្រក​ទម្ងន់​ដែល​ទទួលបាន​លទ្ធផល​ល្អ​ជាទី​គាប់ចិត្ត វា​មាន​បរិមាណ​អាហារ​សរសៃ​ច្រើន មាន​កាល់​ឡូរី​ទាប ទទួលទាន​ហើយ​ឆ្អែត​បាន​ថែម​ទៀតផង។

    8- បញ្ចុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ៈ អាហារ​សរសៃ និង​វីតាមីន ដែលមាន​នៅក្នុង​ត្រកួន ជា​ផ្នែក​មួយ​ដែល​សំខាន់បំផុត​ក្នុង​ការបន្ថយ​សារជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ទ្រី​គ្លី​សេរី​ដ (ខ្លាញ់​អាក្រក់) ក្នុង​រាងកាយ​បាន ទើប​វា​បាន​ហុច​ផល​ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃឈាម និង​បេះដូង។

    9- ការពារ​ជំងឺ​បេះដូង និង​សរសៃឈាម ៈត្រកួន​មាន​វីតាមីន A, វីតាមីន C, Beta និង Carotene ដែល​ជួយ​ប្រឆាំង​អ៊ុក​ស៊ីត​កម្ម ហើយ​ការពារ​កោសិកា ជួយ​កាត់បន្ថយ​សារជាតិ​កូ​ឡេ​ស្តេ​រ៉ូ​លការពារ​ការកើត​ជំងឺ​បេះដូង គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ក្រៅពីនោះ វា​មាន​សារធាតុ​ដែក​មាន​សារសំខាន់​ក្នុងការ​បង្កើត​ឈាមក្រហម និង​មាន​ម៉ាញ៉េ​ស្យូ​ម​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ដែល​ជួយ​ការពារ​មិនឱ្យ​កើត​ជំងឺ​បេះដូង។

    10- ការពារ​ជំងឺមហារីក ៈ នៅក្នុង​ត្រកួន​មានសារធាតុចិញ្ចឹម​ជាង13ប្រភេទ ដែល​វា​ប្រឆាំង​អុកស៊ីតកម្ម និង​ការពារ​កោសិកា​មិនឱ្យ​កើត​ជំងឺមហារីក ជាពិសេស​ជំងឺមហារីក​ពោះវៀនធំ ក្រពះ ស្បែក និង​មហារីក​សុដន់​ជាដើម៕

  • បន្លែ​ពោត​បារាំង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    បន្លែ​ពោត​បារាំង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    ភ្នំពេញ៖ ពោត​បា​រាំងជា​បន្លែ​មួយ​ប្រភេទ​ដែល​គេ​អាច​យកទៅ​ធ្វើ​ម្ហូប​ដូចជា ស្ងោរ ឆា ឬ​អាំង​ទៅតាម​ចំណង់​ចំណូលចិត្ត ហើយ​ដោយសារតែ​រសជាតិ​ផ្អែម​ឆ្ងាញ់​របស់​វា​បានធ្វើឱ្យ​ពោត​បារាំង​កំពុងតែ​មានការ​គាំទ្រ​នៅលើ​ទីផ្សារ​កាន់តែច្រើនឡើង។

    លោក Yone Ji ប្រធាន​ផ្នែក​បច្ចេកទេស​ដាំ​ដុះ​របស់​ក្រុមហ៊ុន Japan Farm Product ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់​តាមរយៈ​អ្នកបកប្រែ​ថា ដោយសារ​សណ្ឋាន​ដី​នៅ​កម្ពុជា​អំណោយផល និង​ដោយសារ​វា​ជា​ដំណាំ​ថ្មី​សម្រាប់​កម្ពុជា ដូច្នេះហើយ​ទើប​ក្រុមហ៊ុន Japan Farm Product ចាប់អារម្មណ៍​ដាំពោត​បារាំង​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​នេះ។ លោ​កថា​ក្រោយពី​ធ្វើការ​ពិសោធ​ដាំ​ដុះ​ដំណាំ​ពោត​បារាំង​បាន​មួយរយៈ​ពេល​ខ្លី​មក ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​ទិញ​ដី​ចំនួន​ជាង1ហិកតា នៅក្នុង​ភូមិ​បឹង​ធំ សង្កាត់​ពោធិ៍​សែន និង​ជិត 1ហិកតា​ទៀត នៅ​ម្តុំ​រោងចក្រ​ Tiger ក្នុងស្រុក​កៀនស្វាយ​សម្រាប់ធ្វើ​ការដាំ​ដុះ។

    លោក​ថា គិត​ចាប់តាំងពី​ពេល​បណ្តុះ​កូន​រហូត​ទទួលបាន​ផល គឺ​ត្រូវ​ប្រើ​រយៈពេល50ថ្ងៃ ហើយ​អាច​ប្រមូល​ផល​បាន​រយៈពេល 3ខែ។ ក្នុងអំឡុងពេល​ប្រមូល​ផល ដំណាំ​ពោត​បារាំង​ហុច​ផល​ឱ្យ​អាច​បេះ​លក់បាន​ជាប្រចាំ​រៀងរាល់ថ្ងៃ  ក្នុង​មួយថ្ងៃ​មួយ​ដើម​បេះ​បាន1ផ្លែ​ឬ2ផ្លែ និង​យ៉ាងតិច​បំផុត​ទទួលបាន​ទិន្នផល​ជា​មធ្យម30គីឡូក្រាម​ក្នុង​មួយ​ហិកតា ហើយ​បច្ចុប្បន្ន​បន្លែ​ពោត​បារាំង​នេះ ត្រូវបាន​ក្រុមហ៊ុន​ដាក់លក់​នៅតាម​ផ្សារ​ទំនើប​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ មានដូចជា​ផ្សារ​ឡាក់​គី ផ្សា​ផេ​នស​ល ផ្សា​អា​រ៉ូ​ណា ផ្សារ​ថៃ​ហួត​ជាដើម។

    ពោត​បា​រាំងជា​ចំណាប់អារម្មណ៍​របស់​អតិថិជន​មកពី​ក្រៅប្រទេស ដូចជា​អ៊ឺរ៉ុប អាមេរិក ជប៉ុន កូរ៉េ ចិន និង​វៀតណាម​ជាដើម ហើយ​សម្រាប់​ប្រជាជន​ខ្មែរ​វិញ​ក៏​កំពុងមាន​ការនិយម​ទទួលទាន​កាន់តែច្រើនឡើងៗផងដែរ ដោយសារ​វា​បាន​ក្លាយជា​បន្លែ​ប្រចាំថ្ងៃ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើ​ម្ហូប​ពិសា​បាន​ច្រើនយ៉ាង ដូចជា​យកទៅ​ធ្វើជា​បន្លែ​ស្ងោ ស្ល ឬ​ឆា ហើយ​ជាពិសេស​គេ​អាចយ​កវា​ទៅ​ស្ងោ​ធ្វើជា​បន្លែ​អន្លក់​ក៏បាន។

    ចំណែក​បច្ចេកទេស​ដាំ​ដុះ​វិញ​គេ​មិន​ប្រើ​ជីគីមី​ដូច​បន្លែផ្សេងៗមួយចំនួនទៀត​នោះទេ ពោល​មុនដំបូង​គេ​ត្រូវ​ភ្ជួ​រាស់​ដី​ដោយ​បាច​ជីលា​មក​គោ ហើយ​ហាល​ដី​ឱ្យ​ស្ងួត​រយៈពេល​មួ​យស​ប្តា​ហ៏​ក្រោយមកទៀត​ទើប​គេ​ត្រូវ​លើក​ជា​រង ដោយ​ត្រូវ​បាច​ជីលា​មក​គោ​ពូន​ជា​រង​ម្តងទៀត មុននឹង​ដាក់​គ្រាប់​ដាំ។ ក្រោយពី​ដាំ​ហើយ គេ​ត្រូវ​ស្រោច​ទឹក​វា​ព្រឹកល្ងាច​ជាប្រចាំ​ដូច​បន្លែផ្សេងៗដែរ ប៉ុន្តែ​សម្រាប់​រដូវវស្សា កសិករ​ត្រូវ​ចេះ​មើល​ដី​ថា តើ​ពេលណា​ត្រូវ​ស្រោច​ទឹក ពេលណា​មិនត្រូវ​ស្រោច។ ក្នុងដំណាក់កាល​លូតលាស់ គេ​ត្រូវ​ថែ​វា​ជាប្រចាំ​ព្រោះថា ដំណាំ​ប្រភេទ​នេះ​ក៏​ងាយ​ទទួលរង​កាយា​យី​ពី​សត្វល្អិត​មួយចំនួន​ដូចជា​ស្រមោច និង​ដង្កូវ​ជាដើម​ដែរ។ វិធីសាស្ត្រ​កម្ចាត់​សត្វល្អិត​ចង្រៃ​ទាំងនេះ គេ​មិន​ប្រើ​ជីគីមី​នោះទេ កសិករ​គ្រាន់តែ​យក​ស្លឹក​ស្តៅ​ដាក់​ត្រាំ​លាយ​ជាមួយ​ស្លឹកគ្រៃ និង​ផ្លែ​ម្ទេស​លាយ​គ្នា​ក្នុង​ទឹក​ល្បាយ​នោះ​រួច​យកមក​បាញ់ស្រោច​ពីលើ​ដំណាំ វា​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​កម្ចាត់​សត្វល្អិត​ទាំងនោះ ហើយ​វា​ក៏​មិន​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកទទួល​ទាន​វា​ដែរ។ ដំណាំ​ប្រភេទ​នេះ​មិនសូវ​រើស​ដី​នោះទេ ទោះជា​ប្រភេទ​ដីក្រហម ឬ​ប្រភេទ​ដីខ្មៅ​ក៏​អាច​ដាំ​បានដែរ លើកលែងតែ​ដីល្បាយខ្សាច់​ដែលមាន​លក្ខណៈ​ស្ងួត​ប៉ុណ្ណោះ​មិន​អំណោយផល​ក្នុង​ការដាំដុះ​ទេ។

    លោក Yone Ji ដដែល​បាន​បន្តទៀតថា តាមពិតទៅ​មិនមែន​ថា ពោត​បារាំង​នេះ​ទើប​តែមាន​នោះទេ ពោលគឺ​ប្រជាជន​ខ្មែរ​បាន​ដាំ​ជា​យូរ​មកហើយ​នៅលើ​ទឹកដី​របស់ខ្លួន គ្រាន់តែ​ថា ជា​ការដាំ​គ្រាន់តែ​ទុក​សម្រាប់​ហូប​ជា​លក្ខណៈ​ក្រុមគ្រួសារ ឬ​ដាំ​នៅក្បែរ​របង​ដែល​គេ​ទុកចោល​ប៉ុណ្ណោះ មិនបាន​ដាំ​វា​សម្រាប់ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ជា​លក្ខណៈ​ក្រុមហ៊ុន​ដូច្នេះ​ទេ។ ប៉ុន្តែ​យ៉ាងណា​នោះ លោក​នៅតែ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ដាំពោត​បារាំង​នេះ​ដើម្បី​ទុកជា​របរ​បន្ថែម​ពីលើ​មុខរបរ​ដែលមាន​សព្វថ្ងៃ​ក្នុង​ការរកចំណូល​បន្ថែ​ម​ប្រចាំ​គ្រួសារ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ វា​ទាមទារ​ឱ្យ​ការដាំដុះ ត្រូវគោរព​តាម​លក្ខខណ្ឌ​ស្តង់ដារ​នៃ​ការដាំដុះ ចៀសវាង​ដាច់ខាត​ពី​ការប្រើ​ជីគីមី​ដែលនាំឱ្យ​ខូចគុណភាព​បន្លែ និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ទៀតផង៕

  • ឱក សុគន្ធ​កញ្ញា ចូល​រោងការ​នៅ​ដើម​ឆ្នាំក្រោយ

    ឱក សុគន្ធ​កញ្ញា ចូល​រោងការ​នៅ​ដើម​ឆ្នាំក្រោយ

    នៅមុននេះ​បន្តិច មហាជន​ទូទៅ ជាពិសេស​បណ្តា​អ្នកគាំទ្រ​តែម្ដង បាន​សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​បានឃើញ​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ចេញផ្សាយ​ជា​បន្តបន្ទាប់​ថា កំពូល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ភ្ជាប់ពាក្យ​ជាមួយ​កូនប្រុស​ច្បង​របស់​ម្ចាស់​ក្រុមហ៊ុន​ហង្ស​មាស ជាមួយនឹង​ការទទួលបាន​តំណែង​ថ្មី​ជា​នាយិកា​គ្រប់គ្រង​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ​ផងដែរ។ ប៉ុន្តែ​ក្រោយមក​បន្តិច ព័ត៌មាន​មួយ​នេះ​ត្រូវបាន​សាច់ញាតិ ជាពិសេស អ្នក​ម្តាយ​របស់​កំពូល​តារាចម្រៀង​រូបនេះ​ចេញមុខ​ធ្វើការ​បដិសេធ​ទាត់ចោល​ទាំងស្រុង ជាមួយនឹង​ការបញ្ជា​ក់ថា វា​គ្រាន់តែ​ជា​ព័ត៌មាន​ប្រឌិត​តែប៉ុណ្ណោះ។

    ដោយឡែក​ពេលនេះ ខណៈដែល​ព័ត៌មាន​និយាយ​ពី​ការ​ភ្ជាប់ពាក្យ​មិនទាន់បាន​សាបរលាប​ទៅវិញ​ផង​នោះ ស្រាប់តែ​មានការ​ទម្លាយ​ចេញពី​ប្រភព​ដែលជា​អ្នក​រួម​ក្រុមការងារ​ក្នុង​ផលិតកម្ម​តែមួយ​បង្ហើប​ថា ប្រសិនបើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ គឺ​នៅសល់​មិនយូរ​នោះឡើយ ពោលគឺ​ត្រឹម​ដើមឆ្នាំ2018ឆាប់ៗខាងមុខនេះ ទស្សនិកជន ក៏ដូចជា​មហាជន​នឹងមាន​ភាព​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​នៅពេលដែល​កំពូល​តារា​ស្រី​មាន​ប្រជាប្រិយភាព​ខ្ពស់​ម្នាក់នេះ លាចាក​ភាព​នៅ​លីវដោយ​ការបោះ​ជំហាន​ដើរចូល​រោងការ ខណៈបុរស​ដែលមាន​សំណាង​បាន​ក្លាយជា​កូនកំលោះគឺ​គ្មាន​អ្នកណា​ក្រៅពី​កូនប្រុស​សំណព្វ​របស់​កំពូល​អ្នក​ជំនួញ​ផ្នែក​សិល្បៈ​កម្សាន្ត​ក្រុមហ៊ុន​ហង្ស​មាស​ដូច​ពាក្យ​ចចាមអារ៉ាម​នោះឡើយ។

    ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹង​ដំណឹង​ចុងក្រោយ​នេះថា ឱក សុគន្ធ​កញ្ញា គ្រោងនឹងចូល​រោងការ​នៅ​ដើមឆ្នាំ2018ឆាប់ៗខាងមុខនេះ គេ​នៅ​មិនទាន់​អាច​ជឿជាក់បាន100%នៅឡើយ​នោះទេ ដូច្នេះ សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ណា៎…៕

  • រុក្ខជាតិ​បណ្ដេញ​សត្វ​មូស ដ៏​ពូកែ​ដែល​អ្នក​គួរ​ដាំ​នៅក្នុង​ផ្ទះ

    រុក្ខជាតិ​បណ្ដេញ​សត្វ​មូស ដ៏​ពូកែ​ដែល​អ្នក​គួរ​ដាំ​នៅក្នុង​ផ្ទះ

    សត្វ​មូស ចូលចិត្ត​រស់នៅ​កន្លែង​ដែលមាន​ទឹក​ដក់ និង​នៅតាម​កន្លែង​ដែល​ស្តុក ព្រោះ​កន្លែង​ទាំងនោះគឺជា​ជម្រក និង​ជា​កន្លែង​បង្ក​កំណើត​សត្វ​មូស​ជាច្រើន​ពាន់​ច្រើន​មឺ​ុ​ន​ក្បាល។ ក៏ប៉ុន្ដែ​នៅក្នុង​ចំណោម​សត្វ​មូស​ទាំងអស់នោះ​គឺមាន សត្វ​មូស​ខ្លាដែលជា​សត្វ​ចម្លង​មេរោគ​គ្រុនឈាម​ដ៏​សាហាវ។ ដូច្នេះហើយ​នៅ​រដូវភ្លៀង​ធ្លាក់ អ្នក​ចាំបាច់​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាមួយនឹង​សត្វ​មូស មិនត្រូវ​បណ្ដោយឱ្យ​សត្វ​កំណាច​នេះ បានចាប់កំណើត​នៅក្នុង​បរិវេណ​ផ្ទះ​របស់​អ្នក​នោះទេ ដើម្បី​ការពារ​បុត្រ​ធីតា​របស់​អ្នក​មិនឱ្យ​សត្វ​មូស​ខាំ ព្រោះ​វា​ជា​មូលហេតុ​បង្ក​ឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​ជំងឺគ្រុនក្ដៅផ្សេងៗ។

    គ្រោះថ្នាក់​ដែល​កើត​ពីស​ត្វ​មូស​ខាំ​មាន​ច្រើនណាស់​ដូចជា៖
    • ជំងឺគ្រុនឈាម ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ចម្លង​ដោយ​សត្វ​មូស​ខ្លាញី​ វា​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​មនុស្ស​ថែម​ទៀតផង។
    • ជំងឺ​រលាក​ខួរក្បាល ប្រភេទ JE ក៏​ជា​ប្រភេទ​ជំងឺ​ដែល​កើតឡើង​ដោយសា​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លង​ដូចគ្នា​ដែរ។
    • ជំងឺ​ហើមជើង​ដំរី ក៏​បណ្ដាលមកពី​សត្វ​មូស​ខាំ​ដែរ។
    • ជំងឺ​ស៊ីកា គឺជា​ជំងឺ​ដ៏​គ្រោះថ្នាក់​ថ្មី​មួយទៀតដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន។

    ដូច្នេះហើយ​នៅក្នុង​ខែ​ថ្មី​នេះ ឡា​រ៉ែ​ន សូម​លើកយក​នូវ​ឥទ្ធិពល​របស់​រុក្ខជាតិ​មួយចំនួន​ដែលមាន​សមត្ថភាព​ក្នុងការ​បណ្ដេញ​សត្វ​មូស​កំណាច​ចេញពីផ្ទះ​របស់​អ្នក​បាន​តាមរយៈ​ក្លិន​របស់​វា។ ដូច្នេះ​សូម​តាមដាន និង​ស្វែងយល់​ទាំងអស់គ្នា​ដូចតទៅ។

    1- Rosemary
    រុក្ខជាតិ​មួយ​ប្រភេទ​នេះ មិនមែន​មានគុណ​ប្រយោជន៍​តែ​ជា​គ្រឿងទេស​សម្រាប់ធ្វើ​ម្ហូប​នោះទេ វា​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​បណ្ដេញ​សត្វ​មូស​ឱ្យ​ចេញពី​លំនៅឋាន​របស់​អ្នក​ផងដែរ ដោយ​គ្រាន់តែ​ដាំ​រុក្ខជាតិ​ប្រភេទ​នេះ នៅក្នុង​សួនច្បារ​ជាមួយ​រុក្ខជាតិ ឬ​ដើម​ផ្កាផ្សេងៗជាការ​ស្រេច។

    2- ស្លឹកគ្រៃ
    ស្លឹកគ្រៃ គឺជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ក្លិនក្រអូប តែ​ផ្ទុយទៅវិញ​ក្លិន​របស់​វា​មាន​ឥទ្ធិពល​អាច​បណ្ដេញ​សត្វ​មូស​យ៉ាង​ពូកែ។ ម្យ៉ាងវិញទៀតការដាំ​ស្លឹកក្រៃ​នៅក្បែរ​ផ្ទះ គឺជា​រឿង​ដ៏​ប្រសើរ​បំផុត ព្រោះ​វា​អាចជួយ​បណ្ដេញ​សត្វ​កំណាច​មួយចំនួន​បាន​ដូចជា សត្វ​ពស់ សត្វ​ក្អែប និង​សត្វ​មូស​ជាដើម។

    3- ជី​អង្កាម
    ជា​រុក្ខជាតិ​ឱសថ​បុរាណ​មួយ​ប្រភេទ ដែលមាន​សមត្ថភាព​អាច​បណ្ដេញ​សត្វ​មូស​បាន ដោយ​នៅក្នុង​ជី​អង្កាម​មាន​ក្លិន​ម៉ុង​តុល ឬ​ក្លិនប្រហើរ​រសជាតិ​ហឹរតិចៗ ដែល​ធ្វើឱ្យ​មូស​ចាញ់​ក្លិន និង​អាចឱ្យ​មូស​ស្លាប់​បាន។ មិន​ត្រឹមតែ​មូស​នោះទេ នៅមាន​សត្វ​ស្រមោច សត្វ​កន្លាត និង​សត្វ​ឃ្មុំ​ក៏​ចាញ់​ក្លិន​នេះដែរ។

    4- ជី​នាងវង
    ជនជាតិខ្មែរ​យើង​ពេញនិយម​ជាមួយនឹង​ក្លិន​ជី​នាងវង​នៅក្នុង​ការបង់​សម្លរ ឬ​ស្ងោរជ្រក់​ជាដើម តែ​អាថ៌កំបាំង​របស់​ជី​មួយ​ប្រភេទ​នេះ ក៏​អាចជួយ​កម្ចាត់​សត្វ​មូស​ឱ្យ​ចេញពីផ្ទះ​របស់​អ្នក​ផងដែរ។

    5- ជីប​ហោ
    ជីប​ហោ មិន​ត្រឹមតែ​ជា​ឱសថ​បុរាណ​ព្យាបាល​ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម​នោះទេ វា​ក៏​អាច​កម្ចាត់​សត្វ​មូស​បាន ព្រមទាំង​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ​ថែម​ទៀតផង៕

  • ប្រេង​ស្លឹក​ប្រេងខ្យល់! ប្រសិទ្ធភាព​កម្ចាត់​ស្នាម​ផ្លែ​លើ​ស្បែក​ដោយ​នឹកស្មាន​មិន​ដល់

    ប្រេង​ស្លឹក​ប្រេងខ្យល់! ប្រសិទ្ធភាព​កម្ចាត់​ស្នាម​ផ្លែ​លើ​ស្បែក​ដោយ​នឹកស្មាន​មិន​ដល់

    ស្នាម​ផ្លែ​លើ​សាច់ បាន​ក្លាយជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ស្ត្រី​មួយចំនួន​ត្រូវ​ស​ម្រ​ច​ចិត្ត​ជ្រើសរើស​ទិញ និង​ស្លៀកពាក់​សម្លៀកបំពាក់​មួយ​ចំនួន​ទាំង​ដែល​ខ្លួន​មិនបាន​ស្រឡាញ់​ពេញចិត្ត ហេតុផល​ក៏​ព្រោះតែ​ដើម្បី​បិទបាំង​ស្នាម​ផ្លែ​ដ៏​អាក្រក់​មើល​នៅលើ​ស្បែក។ ស្នាម​ផ្លែ​នេះ​ភាគច្រើន​កើតឡើង​ក្រោយពី​ការ​មាន​របួសស្នាមផ្សេងៗ ប៉ុន្តែ​វា​មិនមែន​កើតឡើង​លើ​សាច់មនុស្ស​គ្រប់គ្នា​នោះទេ។ ក្រោយពី​កើតមាន​សភាព​បែបនេះហើយ មាន​មនុស្ស​មួយចំនួន​បាន​ខិតខំ​ព្យាបាល​ដោយ​វិធីផ្សេងៗគ្នា ខ្លះ​ក៏បាន​ទទួលផល​ជាទី​ពេញចិត្ត ខ្លះទៀត​ក៏បាន​តិចតួច ចំណែក​អ្នក​ខ្លះទៀត​ក៏​មិន​ទទួលបាន​ផល​អ្វី​ទាល់តែសោះ ព្រោះតែ​គាត់​ខ្វះ​សេចក្តី​ព្យាយាម​ក្នុងការ​ព្យាបាល ឬ​ខ្វះ​លទ្ធភាព​ក្នុងការ​ចំណាយ​ជាដើម។ ប្រេង​ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ឈ្មោះថា ដើម​ប្រេងខ្យល់ (Tea Tree Oil) ត្រូវបាន​រកឃើញថា​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ស្នាម​ផ្លែ​នៅលើ​ស្បែក​គួរឱ្យកត់សម្គាល់។

    បើទោះជា​អ្នកស្រាវជ្រាវ​បាន​កំណត់ថា ប្រេង​ស្លឹក​ប្រេងខ្យល់​បាន​ផ្តល់នូវ​គុណប្រយោជន៍​មួយចំនួន​ចំពោះ​សុខភាព​ក៏ពិតមែន ប៉ុន្តែ​វា​ក៏ត្រូវ​បាន​គេ​កំណត់ថា ជា​ប្រេង​រុក្ខជាតិ​ដែល​អាចជួយ​ព្យាបាល​បញ្ហា​នៅលើ​ស្បែក​ដូចជា ស្នាម ស្នាម​ដាច់រយះ ស្នាម​ផ្លែ និង​ស្នាម​មុន​ជាដើម​ផងដែរ។ ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​អ្នក​ត្រូវធ្វើ​ដូចម្តេចខ្លះ ដើម្បីឱ្យ​ប្រេង​ប្រភេទ​នេះ​ជួយ​កម្ចាត់​ផ្លែ​លើ​ស្បែក​របស់​អ្នក​បាន​នោះ សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដូចតទៅ៖

    ប្រេង​ស្លឹក​ប្រេងខ្យល់ និង​ថ្នាំ​អា​ស្ពេ​រី​ន ៈ យក​ថ្នាំ​អា​ស្ពេ​រី​ន​ចំនួន4គ្រាប់ កិន​វា​ឱ្យ​បែក លាយ​ជាមួយ​ទឹក3-4ដំណក់ កូរ​វា​ឱ្យ​រលាយ​សព្វ​ចូលគ្នា។ យក​ល្បាយ​ដែល​លាយ​រួច​ទៅ​លាប​លើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ផ្លែ រួច​ទុកចោល15-30នាទី រហូតដល់​វា​ស្ងួត។ បន្ទាប់មក​លាង​សម្អាត​ជាតិ​ថ្នាំ​នោះ​ចេញ​ជាមួយ​ទឹកស្អាត រួច​បន្ត​ដោយ​ការយក​ប្រេង​ស្លឹក​ប្រេងខ្យល់2-3ដំណក់​លាប​ត្រង់​កន្លែង​ផ្លែ​លើ​ស្បែក (មិនបាច់​លាង​ចេញ​ទៀត​ទេ)។ថ្នាំ​អា​ស្ពេ​រី​ន គឺជា​សារធាតុ​ផ្សំ​ដែល​អាចជួយ​សម្អាត​ស្បែក​ជាមួយ​សារធាតុ​ផ្សំ​សកម្ម ដែល​
    មិន​ត្រឹមតែ​អាច​ព្យាបាល​ស្នាម​នោះទេ តែ​វា​ថែមទាំង​អាច​ព្យាបាល​មុន និង​បញ្ឈប់​ការរីក​រាលដាល​នៃ​ផ្លែ​សាច់​បាន​ថែម​ទៀតផង។

    ប្រេង​ស្លឹក​ប្រេងខ្យល់ អំបិល និង​ប្រទាល​កន្ទុយក្រពើ ៈ អំបិល គឺជា​ភ្នាក់ងារ​សម្លាប់​មេរោគ​ដ៏​អស្ចារ្យ។ ដាក់​ទឹក2ស្លាបព្រាបាយ និង​អំបិល1ស្លាបព្រាបាយ ដាំ​លើ​ភ្លើង រួច​កូរ​រហូតដល់​អំបិល​រលាយ។ ជ្រលក់​សំឡី​មួយ​ដុំ​តូច​ចូលទៅក្នុង​ទឹក​នោះ រួច​យក​វា​មក​សង្កត់ពីលើ​សាច់​ផ្លែ​នោះ​ប្រហែល5នាទី សឹម​យក​សំឡី​នោះ​ចេញ ហើយ​លាបប្រេង​ស្លឹក​ប្រេងខ្យល់(3-5ដំណក់) ពីលើ។ រង់ចាំ​ប្រមាណ​ជា5នាទី រហូត​ទាល់តែ​ប្រេង​ស្លឹក​ប្រេងខ្យល់​នោះ​ត្រូវបាន​ស្រូប​ចូលទៅក្នុង​ស្បែក រួច​លាប​ប្រទាល​កន្ទុយ-ក្រពើ កន្លះ​ស្លាបព្រា​កា​េហ្វ​ពីលើ​ជាការ​ស្រេច។ជាតិ​អន្ធិល​នៃ​ប្រទាល​កន្ទុយក្រពើ ធ្វើការ​ជាមួយ​ប្រេង​ស្លឹក​ប្រេងខ្យល់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការ​រលាក​ហើមផ្សេងៗនៅលើ​ស្បែក​ដែលមាន​ផ្លែ។

    ប្រេង​ស្លឹក​ប្រេងខ្យល់ និង​ប្រេង​វីតាមីន E ៈ ប្រេង​ស្លឹក​ប្រេងខ្យល់ និង​ប្រេង​វីតាមីន E លាយ​ចូលគ្នា​ក្នុង​បរិមាណ​ស្មើគ្នា រួច​យកមក​លាប​ត្រង់​សាច់​ផ្លែ ហើយ​ទុក​វា​ចោល​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​ក៏បាន ប៉ុន្តែ​មុន​អនុវត្ត​សូម​សម្អាត​ស្បែក​របស់​អ្នក​ឱ្យបាន​ស្អា​ជាមុនសិន។
    វីតាមីន E ជា​ប្រភព​នៃ Antioxidants ដែល​អាចជួយ​ស្បែក​ប្រឆាំងនឹង​ការបំផ្លាញ​នានា។

    សូមបញ្ជាក់ថា​សម្រាប់​វិធីនីមួយៗខាងលើនេះ​ត្រូវធ្វើ​ឱ្យបាន​ម្តង​ក្នុង​មួយថ្ងៃ ហើយ​ត្រូវធ្វើ​វា​ឱ្យបាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ។ ប្រេង​ស្លឹក​ប្រេងខ្យល់​ប្រហែលជា​មិនអាច​ព្យាបាល​សាច់​ផ្លែ​បាន​ទាំងស្រុង​នោះទេ ប៉ុន្តែ​សូម​ចាំ​ថា​យ៉ាងហោចណាស់​វា​ក៏​អាច​បន្ថយ​ការបង្ហាញ​ចេញ និង​រារាំង​មិនឱ្យ​ផ្លែ​សាច់​រីកលូតលាស់​កាន់តែ​ធំ​បានដែរ ហើយ​ប្រសិនបើ​អ្នកធ្វើ​វា​ឱ្យបាន​ទៀងទាត់​នោះ រយៈពេល3-4សប្តាហ៍​ក្រោយមក​អ្នកនឹង​បានឃើញ​ពី​ភាពខុសប្លែក​គ្នា​រវាង​ពេលមុន និង​ក្រោយពេល​អនុវត្ត​ជាមិនខាន៕

  • នី មុន្នីនាថ ជាប់ចោទ​ពីបទ​ឆបោក

    នី មុន្នីនាថ ជាប់ចោទ​ពីបទ​ឆបោក

    មុននេះ​បន្តិច អ្នកណាៗក៏​សុទ្ធតែ​បាន​លើកសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​ជោគវាសនា​របស់​កំពូល​តារា​សម្ដែង​សម្បុរ​ស្រអែម​មាន​ជំនាញ​ខាង​សម្រក់​ទឹកភ្នែក នី មុន្នីនាថ ដែល​ចៀស​ផុតពី​រឿងអាស្រូវ ជាពិសេស ថែមទាំង​មាន​គូ​ដណ្ដឹង​ជា​អាណិកជន មាន​ទ្រព្យធន​រាប់ម៉ឺន​ដុល្លារ និង​មាន​សមត្ថភាព​អាច​ធានា​រូបនាង​ឱ្យទៅ​រស់នៅ​ស្របច្បាប់​នៅ​សហរដ្ឋអាមេរិក​ថែម​ទៀតផង។

    ដោយឡែក​ពេលនេះ មិន​ថា​ចំពោះតែ​អ្នក​ធ្លាប់​កោតសរសើរ​ដែល​ស្ថិតនៅក្នុង​ចង្កោម​អ្នកមាន​អាជីព​សិល្បៈ​នោះទេ សូម្បីតែ​មហាជន​ទូទៅ​ក៏​នាំគ្នា​បើកភ្នែក​ធំ​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈដែល​ធ្លាយ​ដំណឹង​ដ៏​ក្ដៅគគុក​មក​ថាពេលនេះ នី មុន្នីនាថ បាននិងកំពុង​ជាប់ចោទ​ពីបទ​ឆបោក និង​រំលោភ​លើ​សេចក្ដីទុកចិត្ត ដែល​ដើមបណ្ដឹង​គឺជា​គូ​ដណ្ដឹង​របស់​នាង គឺ​លោក អឹ​ុ​ង សូ​ឡា ដែល​ទើបតែ​ផ្តាច់ពាក្យថ្មីៗនោះ​តែម្ដង។ ចំពោះ​អង្គហេតុ​ក្នុង​ពាក្យបណ្ដឹង​ដែល​តម្កល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ខាងលើ​បាន​លើកឡើងថា ដើមចម​រហូត​ឈានដល់​ដំណាក់​កាលប្ដឹង​ផ្តល់​នេះ គឺ​បណ្តាលមកពី នី មុន្នីនាថ មិន​គោរព​តាម​ការសន្យា ដែល​កាលដើមឡើយ បន្ទាប់​ពីអ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ជ្រាលជ្រៅ ភាគី​ខាង​បុរស គឺ​លោក អឹ​ុ​ង សូ​ឡា បាន​ចំណាយពេលនិង​ថវិកា ក្នុងការ​ចុះឡើង​រវាង​កម្ពុជា-អាមេរិក ដើម្បី​រត់ការ​ធានា នី មុន្នីនាថ ទៅ​រស់នៅ​អាមេរិក​ស្របច្បាប់ លុះ​ក្រោយមក នី មុន្នីនាថ មិន​ព្រម​ចេញទៅ​តាម​ការ​រត់ការ​ច្បាប់​នោះទេ ហើយ​ថែមទាំង​ព្យាយាម​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត រហូត​កើតមាន​បញ្ហា។

    យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ទៅនឹង​ការប្ដឹង​ផ្តល់​ខាងលើនេះ នី មុន្នីនាថ ហាក់​មិនបាន​បង្ហាញ​ពី​ភាព​ខ្លាចរអារ​នោះទេ ដោយ​នាង​ថែមទាំង​បាន​បញ្ជាក់ថា មិន​ថា​រឿងនេះ​ដំណើរការ​យ៉ាងណា​នោះទេ នាង​ក៏​នៅតែ​មិន​ព្រួយបារម្ភ​នោះដែរ ប៉ុន្តែ​បើ​ឈានដល់​ដំណាក់​កាលដែល​ទ្រាំលែងបាន នាង​នឹងដាក់​ពាក្យ​ប្ដឹង​បក​វិញ​ជាក់​ជាមិនខាន ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​នាង មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​នោះទេ៕

  • រមណីយដ្ឋាន «ឋានសួគ៌​បូកគោ» នាំយក​ថវិកា​សប្បុរស​ធម៌​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា

    រមណីយដ្ឋាន «ឋានសួគ៌​បូកគោ» នាំយក​ថវិកា​សប្បុរស​ធម៌​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា

    បន្ទាប់ពី​ប្រមូលបាន​ថវិកា​ពី​កម្មវិធី និង​មហា​ព្រឹត្តិការណ៍​សប្បុរសធម៌​លើក​ទី4 នៃ​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ឋានសួគ៌​បូកគោ ដែល​ស្ថិតនៅលើ​ភ្នំ​បូកគោ ក្នុង​ខេត្តកំពត កាលពី​ថ្ងៃទី 28-29 ខែតុលា ឆ្នាំ2017 កន្លង​ទៅនោះ នៅ​រសៀល​ថ្ងៃទី15 ខែវិច្ឆិកា ក្រុមហ៊ុន​បាន​នាំយក​ថវិកា​ចំនួន 4700 ដុល្លារ ទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ។

    តំណាងឱ្យ​ក្រុមហ៊ុន លោក កែវ សិទ្ធ នាយក​ផ្នែក​លក់បាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ រមណីយដ្ឋាន​ឋានសួគ៌​បូកគោ តែងតែ​រៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌ គឺ​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ឋានសួគ៌​បូកគោ​នៅលើ​ភ្នំ​បូកគោ ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែលជា​ក្តីសង្ឃឹម​របស់​កុមារ​ក្រីក្រ​កម្ពុជា។ នេះ​ជា​សកម្មភាព​លើក​ទី 4 ហើយ ដែល​ខាង​ឋានសួគ៌​បូកគោ បានរៀបចំ​សកម្មភាព​មហា​ព្រឹត្តិការណ៍​សប្បុរសធម៌​ដោយ​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ឋានសួគ៌​បូកគោ ដើម្បី​ចូល​រួល​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រោម​ការចូលរួម​យ៉ាង​សកម្ម​ពី​បណ្តា​សណ្ឋាគារ​សុខា​ទាំងអស់ រួមជាមួយ​បណ្តា​ក្រុមហ៊ុន​ដៃគូ​សហការ​នានា​ផងដែរ ។

    លោក​បាន​បន្តទៀតថា ៖ ជា​ការពិត​សម្រាប់​ថវិកា​ខាងលើនេះ វា​មាន​ចំនួន​តិច​ពិតមែន ប៉ុន្តែ​យ៉ាងហោចណាស់​ក៏បាន​ចូលរួមចំណែក និង​ជួយ សម្រាល​បន្ទុក​លើ​ការចំណាយ​ទាំងស្រុង​របស់​មន្ទីរពេទ្យ​ដែរ ។ ឆ្នាំនេះ​យើង​ប្រមូលបាន​ថវិកា​ចំនួន 4700 ដុល្លារ ហើយ​យើង​រំពឹងថា​ឆ្នាំក្រោយ​អាចមាន​ចំនួន​កើនឡើង​ច្រើនជាង​នេះ ដើម្បី​ជម្រុញ​ការជួយ​ដល់​កុមារ ដែលជា​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​បន្តទៀត ហើយ​វា​ក៏​ជា​គំរូ​មួយ​ដ៏​ល្អ​ដែល​បង្ហាញឱ្យឃើញ​ពី​សណ្តាន​ចិត្ត​ខ្មែរ​ចេះ​ជួយ​ខ្មែរ៕

  • បកស្រាយ​ចម្ងល់iPhone 9 បាត់​ទៅណា?

    បកស្រាយ​ចម្ងល់iPhone 9 បាត់​ទៅណា?

    ដូចដែល​យើង​បានដឹង​តាំងពី​អំឡុងពេល​បង្ហាញខ្លួន​ហើយ​ថា Apple ប្រកាស​ឈ្មោះ​ហៅ​របស់ Apple ស៊េរី​ថ្មី​ថា Apple ten ដោយសារ​ស្ថិត​ក្នុងឋានៈ​ជា Apple ស៊េរី​អាយុ​គ្រប់1ទសវត្សរ៍ ទន្ទឹមគ្នា​នឹង iPhone 8 និង iPhone8 Plus ដែល​ទោះជា​ក្នុង​ផ្លូវ​ទិច​និក​វិញ លក្ខណៈសម្បត្តិ​ដែល​ចេញមក​នោះ យើង​អាច​ប្រាប់​បាន​ថា វា​គួរតែ​ជា iPhone 7s និង iPhone 7s Plus ច្រើនជាង​ក៏ដោយ។ ដូច្នេះ​នៅពេល Apple បង្ហាញ​ផលិតផល​ចេញមក​បែបនេះហើយ ក៏​មានន័យថា Apple មាន​ចេតនា​ឈាន​រំលង​ឈ្មោះ​របស់ iPhone 9 ទៅហើយ​ឬ​យ៉ាងណា?

    ប្រភពព័ត៌មាន The Verge បានផ្តល់​បទ​វិភាគ​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ថា អ្វីៗទាំងអស់នោះ​គឺ​មកពី​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​​ឈ្លាសវៃ​របស់Apple ដែល​ជ្រើសរើស​ប្រើ​ឈ្មោះ​របស់ iPhoneX តាំងពី​ក្នុងអំឡុងពេល​ពិធី​សម្ពោធ​បង្ហាញខ្លួន និង​ធី​ហ្ស៊ើ​រ៍ផ្សេងៗដើម្បីឱ្យ​អ្នកប្រើប្រាស់​បានដឹងថា វា​មាន​ភាព​ពិសេស​ខ្លាំង​ជា​ងស៊េរី iPhone 8។

    ទោះជា​ក្នុង​ផ្នែក​ទិច​និក ពួកគេ​នឹង​បញ្ចេញ​សំឡេង iPhone X ថា​ជា iPhone ten ក៏ដោយ តែ​ក៏​អ្នកប្រើប្រាស់​នឹង​ហៅ iPhone ស៊េរី​នេះ​ថា​ជា iPhone X តាំង​ពីមុន​រួចមកហើយ និង​មូលហេតុ​សំខាន់​ដែល Apple មិន​ប្រើ​ឈ្មោះថា iPhone ten តែម្ដង​ទៅនោះ គឺ​ដោយសារ​ថា បើសិនជា​ធ្វើ​បែប​នោះ iPhone 8 និង iPhone8 Plus នឹង​ក្លាយជា​ទំនិញ​ដែល​ចាស់​ជាង iPhone10 ភ្លាម​តែម្ដង​ហ្នឹងឯង។

    ប្រាកដ​ណាស់​ថា ល្បិច​ខាង​ទីផ្សារ​ទាំងនេះមិនមែនជា​រឿង​ថ្មី​នោះទេ ព្រោះ​កាលពីពេល​មុននេះ Microsoft ក៏​ធ្លាប់​បានធ្វើ​រួចមកហើយ​ក្នុងការ​បង្ហាញខ្លួន Windows 10 ដែល​ពួកគេ​ក៏បាន​រំលង Windows 9 ចោល​ដូចគ្នា ដែល​ការជ្រើសរើស​ធ្វើបែបនេះ គឺ​ដើម្បី​ជា​ចិត្តសាស្ត្រ​ឱ្យ​អតិថិជន​ដែល​កំពុង​ប្រើ Windows 7 នោះ មាន​អារម្មណ៍​ថា Windows ដែល​ខ្លួនឯង​កំពុង​ប្រើ​នេះ វា​ចាស់​ហើយ និង​ត្រូវ​ប្រញាប់​អាប់​ហ្ក្រេ​តទៅ​ប្រើ Windows 10 ហ្នឹងឯង។

    នៅពេល​ពិចារណា​ពី​ផ្នត់គំនិត​ខាងលើ​នោះ​ហើយ វា​ជា​រឿង​មួយ​ដែល​អាចទៅរួច​ខ្លាំងណាស់​ថា iPhone 9 អាច​នឹង​មិនបាន​ត្រូវ​រំលង​ចោល​រហូត​ទៅនោះ​ទេ តែ​អាច​នឹងត្រូវ​ប្រើ​ជាមួយ iPhone ថ្មី​ណាមួយ​ក្នុង​ឆ្នាំ2018ខាងមុខនេះ៕