Author: វល័ក្ខ

  • តោះ តោះ នាំគ្នាចូលរួម!!! 1ឆ្នាំមានតែម្តងគត់ សម្រាប់នារី

    តោះ តោះ នាំគ្នាចូលរួម!!! 1ឆ្នាំមានតែម្តងគត់ សម្រាប់នារី

    ភ្នំពេញ៖ នៅថ្ងៃទី 24 ធ្នូ ឆ្នាំ 2017 ខាងមុខនេះ នឹងមានសិក្ខាសិលាសុភាពនាទី ក្រោមប្រធានបទ «SUPER WOMAN»។ កម្មវិធីនេះ គឺធ្វើឡើងសម្រាប់កសាងខ្លួនស្ត្រី ឲ្យក្លាយជានារីរឹងមាំ មានគុណភាព មានតម្លៃខ្ពស់ ចរិតឬកពារល្អស្អាត ចំណេះដឹងខ្ពងខ្ពស់។

    នៅក្នុងកម្មវិធីនោះផងដែរ គឺមានការចូលរួមពីសំណាក់លោកជំទាវ ឧកញ៉ា កែវ មុំ សហគ្រិននារីគំរូឈានមុខ ជាពិសេសគឺតារាចម្រៀងប៉ុប កញ្ញា ឪក សុគន្ឋកញ្ញា ព្រមទាំងពាណិជ្ជករនារីឆ្នើម
    ជាច្រើនរូបទៀត ជាពិសេសគឺមានការចូលរួមពីអ្នកនាង ចាន់ កែវនិមល ដែលនឹងធ្វើជា វាគ្មិនកិត្តិយស និងអ្នកសម្របសម្រូល។

    កម្មវិធី «SUPER WOMAN» នឹងប្រព្រឹត្តទៅនៅថ្ងៃទី 24 ធ្នូ ឆ្នាំ 2017 នៅសាលតិចណូ ចាប់ពីម៉ោង 7:30 am – 5:30 pm

    #សូមទំនាក់ទំនងទទួលបានសំបុត្រចូលរួមឲ្យបានរួសរាន់មុនអស់សំបុត្រ…
    តម្លៃសំបុត្រ
    15000 រៀល ក្នុងខែ តុលា
    20000 រៀល ក្នុងខែ វិច្ឆិកា
    25000 រៀល ក្នុងខែ ធ្នូ
    30000 រៀល ចាប់ពីថ្ងៃ 20 ធ្នូ
    សំបុត្រមានលក់នៅ អគារភ្នំពេញសិនធឺ អគារ A ជាន់ទី 2
    H/P: 010 38 50 63/085 611 881
    សូមអរគុណ សូមអរគុណចំពោះការជួយ Share បន្ត…

  • អារម្មណ៍ស្រស់ស្រាយជាមួយស្រាក្រឡុក Cowboy Pub

    អារម្មណ៍ស្រស់ស្រាយជាមួយស្រាក្រឡុក Cowboy Pub

    Cowboy ត្រូវបានមនុស្សមួយចំនួន ជាពិសេសអ្នកដែលនិយមការលំហែកាយ និងស្វែងរកអារម្មណ៍ស្រស់ស្រាយនៅតាមបណ្តាភោជនីយដ្ឋានក៏ដូចជាកន្លែងកម្សាន្តបែបទាន់សម័យនាពេលរាត្រីទទួលស្គាល់ថាជាទីកន្លែងដ៏ស័ក្ដិសមក្នុងការអង្គុយទទួលទានអាហារ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងបណ្ដែត​អារម្មណ៍ជាមួយសូរសំឡេងនៃបទភ្លេងលាន់ឮរងំ ជាមួយការក្រេបរសជាតិភេសជ្ជៈត្រជាក់ៗ។ បន្ថែមពីនេះ ជាការផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អតិថិជនដែលមកគាំទ្រនៅភោជនីយដ្ឋានមួយនេះ បច្ចុប្បន្នអ្នកជំនាញផ្នែក
    ភេសជ្ជៈបានបង្កើតស្រាក្រឡុកមួយប្រភេទទៀតដែលមានឈ្មោះថា Cowboy Pub ក្រោមការផ្សំចេញពីវត្ថុធាតុមួយចំនួនដូចបានបង្ហាញជូនខាងក្រោមនេះ។

    គ្រឿងផ្សំ
    • ស្រាស (White Rum)
    • ទឹកម្នាស់ (Pineapple Juice )
    • Triple Sec
    • Galliano
    • Blue Curacao

    របៀបលាយ
    ជាទូទៅសម្រាប់ការលាយបញ្ចូលគ្នានូវគ្រឿងផ្សំដូចបានរៀបរាប់ជូនខាងលើនេះ ភាគច្រើនគឺសុទ្ធតែមានសារធាតុស្រវឹង (Alcohol) លើកលែងតែប្រភេទទឹកម្នាស់តែប៉ុណ្ណោះ ដែលអ្នកជំនាញដាក់បញ្ចូលដើម្បីបន្ថែមក្លិនក្រអូបឈ្ងុយ។ ដោយឡែក នៅពេលលាយ គឺគ្រាន់តែយកគ្រឿង​ផ្សំ​សំខាន់ៗ​ទាំងនេះដាក់បញ្ចូលគ្នា ទៅតាមបរិមាណដែលបានកំណត់ (រសជាតិ និងកម្រិតជាតិ Alcohol អាចតម្រូវបានតាមចំណូលចិត្ត​របស់​អ្នក​ទទួលទាន)​។ ចង់ដឹងទេថា ស្រាក្រឡុកដែលមានឈ្មោះ Cowboy Pubមានរសជាតិឆ្ងាញ់ គួរជាទីទាក់ទាញដល់កម្រិតណានោះ សូមមក​ទទួល​យក​នូវ​រសជាតិដើម​​នៅភោជនីយដ្ឋាន Cowboy ដែលស្ថិតនៅផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញទាំងអស់គ្នា៕

  • ស្រា​បៀរ Heineken ចាប់ឆ្នោត​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ Heineken ឆ្នាំ 2016-2017

    ស្រា​បៀរ Heineken ចាប់ឆ្នោត​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ Heineken ឆ្នាំ 2016-2017

    ភ្នំពេញ៖ កាលពី​ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ2017  ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្ដរជាតិ​ដែល​ឈានមុខ​គេ​លើ​ពិភពលោក បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​ថ្មី​នៅ​ស្ថានីយ ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Heineken  ដើម្បី​ផ្តល់រ​ង្វាន់ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ Heineken ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ 2016-2017 ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ Heineken ក្រុមការងារ​ស្រា​បៀរ Heineken ភ្ញៀវកិត្តិយស តារាចម្រៀង​ជាតិ​ជាច្រើន។

    កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​ថ្មី​នេះ​រួមមាន​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ ទីក្រុង​ញូវយ៉ក រួមជាមួយ​និង​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ 5  ចំនួន 2 រង្វាន់។

    ការចាប់​ឆ្នោត​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Heineken នេះ​សរ​បញ្ជាក់ថា ស្រា​បៀរ Heineken បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ Heineken ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។

    ជាក់ស្តែង​ក្នុង​កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន 2 គូ​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ ទីក្រុង​ញូវយ៉ក រួមជាមួយ​នឹង​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ 5គឺ៖

    ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន 1សន្លឹក។

    សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ 2017 – 2018 ខាងមុខនេះ ស្រា​បៀរ Heineken នឹង​ផ្តល់ជូន​រង្វាន់​កាន់​អស្ចារ្យ​ជាមុន​គឺ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង Amsterdam និង​រង្វាន់​ជាច្រើន​ទៀត។

    ប្រសិនបើ​អ្នកត្រូវការ​ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​មក​លេខ 011 222 400/011 333 500

    រីករាយ​ជាមួយ​ស្រា​បៀរ Heineken ក្នុង​ថ្ងៃ​ដ៏​វិសេសវិសាល​របស់​អ្នកនឹង​ឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ទីក្រុង Amsterdam ទទួលយក​បទពិសោធ​ន៍​ដំណើរ​កម្សាន្ត​ដ៏​ល្អ​ឯក។

    Heineken – Open Your World

    ពិសា​ដោយ​ការទទួលខុសត្រូវ៕

  • BlackBerry បង្ហាញ BlackBerry Motion ថ្ម​ខ្លាំងជាងគេ

    BlackBerry បង្ហាញ BlackBerry Motion ថ្ម​ខ្លាំងជាងគេ

    ក្រុមហ៊ុន TCL បានបង្ហាញ​ខ្លួន BlackBerry Motion ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពី BlackBerry ដោយ​លើក​នេះ​ចេញមក​ព្រមជាមួយ​ឌី​ហ្សា​ញ​ថ្មី កាត់​ឃីបត​ដែលជា​ឯក​លក្ខណៈ​របស់ BlackBerry ចេញ។ ក្រៅពីនេះ​នៅមាន​ថ្ម​បាត់​តេ​រី 4,000 mAh ដែល​អាច​រាប់បាន​ថា​ជា​ទំហំ​ដែល​ធំ​បំផុត​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ពី BlackBerry ទាំងអស់ និង​ចេញមក​ព្រមជាមួយ​ប្រព័ន្ធ​ការពារ​ជម្រាប​ទឹក​ស្តង់ដារ IP67 ទៀតផង។

    ក្នុង​ផ្នែក​នៃលក្ខណៈសម្បត្តិ​វិញ BlackBerry Motion ចេញមក​ព្រមជាមួយ​អេក្រង់​ទំហំ 5.5 អីុញ ភាព​លម្អិត​ច្បាស់ Full HD និង​កញ្ចក់​ការពារ​ស្នាម​ឆ្កូត Premium Anti-Scratch ប្រើ CPU ឈិ​ព Snapdragon 625, RAM 4GB, Support តិច​ណូ​ឡូ​ជី Quick Charge 3.0 ដែល​អាច​សាក​ថ្ម​ពី 0-50% ក្នុង​ពេលវេលា​ត្រឹមតែ40នាទី​ប៉ុណ្ណោះ និង​ធ្វើការ​លើ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ Android 7.1 ដែល​នឹង​អាប់​ឌែ​ត​ឡើង​ទៅជា Android 8.0 Oreo ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ។

    ក្រៅពីនេះ BlackBerry នៅ​ចេញមក​ព្រមជាមួយ Feature Locker​ ដែល​ជួយ​ឱ្យ​រក្សាទុក​ព័ត៌មាន​បាន​យ៉ាង​មាន​សុវត្ថិភាព ដោយ​លេខ​កូដ Pin ឬ​ប្រើការ​ស្គែ​ន​ខ្ចៅដៃ ដោយ​ព័ត៌មាន​ទាំងអស់​នឹង​ស្ថិតនៅក្នុង​អង្គ​ចងចាំ​ក្នុង​ម៉ាស៊ីន​ជំនួស​ឱ្យ​ការ​នៅក្នុង​Clound៕

  • ស្វែងរក​ទីតាំង​ល្អ​បំផុត​សម្រាប់​រាត្រី​ទឹកឃ្មុំ​របស់​អ្នក

    ស្វែងរក​ទីតាំង​ល្អ​បំផុត​សម្រាប់​រាត្រី​ទឹកឃ្មុំ​របស់​អ្នក

    បន្ទាប់ពី​ភាព​ហត់នឿយ និង​មមាញឹក​យ៉ាង​វីវក់​នៅក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ពេលវេលា​ដែល​អ្នក​ត្រូវ​គិតដល់​សេចក្តីសុខ​នៃ​ការបង្កើត​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែមក៏​ឈានចូល​មកដល់។ ព្រោះ​វា​ជា​ពេលវេលា​នៃ​ការចងចាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​គូរ​បស់​អ្នក ហេតុដូច្នេះ​អ្នក​គួរតែ​ស្វែងរក​ទីតាំងដែល​ល្អបំផុតសម្រាប់ដំណើរកម្សាន្ត​ក្រេប​ចន្ធ​ទឹកឃ្មុំ​របស់​អ្នក។ វា​ជាការ​ប្រសើរ​ណាស់​បើ​អ្នក​បានរៀបចំ ឬ​បានដាក់​គម្រោង​រួចជាស្រេច​ហើយ​ថា​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​កន្លែង​ណាមួយ​នោះ ប៉ុន្តែ​បើ​អ្នក​នៅ​មិនទាន់​សម្រេចចិត្ត​នៅឡើយ​ទេនោះ ឡា​រ៉ែ​ន សូមណែនាំទីតាំងល្បីៗលំដាប់ថ្នាក់​ពិភពលោកមួយចំនួនមក​ជម្រាបជូន​លោកអ្នក​ដូចតទៅ៖

    Hawaii
    ស្ថិតនៅលើ​ទឹកដី​នៃ​ប្រទេស​ដ៏​សម្បូរបែប​ស្ទើរ​គ្រប់យ៉ាង ដែល​ត្រូវបាន​ចាត់ទុកថា​ជាទី​តាំង​ដ៏​វិសេសវិសាល​បំផុត​សម្រាប់​ពេលវេលា​ក្រេបទឹក​ឃ្មុំ​ដ៏​ផ្អែមល្ហែម​របស់​គូស្នេហ៍​ថ្មោងថ្មី។ ជាមួយនឹង​ទេសភាព​ដ៏​ស្រស់បំព្រង រួម​ជាមួយនឹង​បរិយាកាសផ្សេងៗគ្នា​ដូចជា ទស្សនា​ភ្នំភ្លើង ទស្សនា​តំបន់​ដាច់ស្រយាល ការកម្សាន្ត​លើ​កោះ និង​តំបន់ឆ្នេរ​ជាដើម អ្នក​ពិតជា​មិនអាច​បដិសេធ​បានឡើយ​ទៅនឹង​ពាក្យ​ដែល​គេ​បាន​ល្បី​ថា Hawaii គឺជា​ទីតាំង​ល្បីល្បាញ​បំផុត​ជាប់​ចំណាត់ថ្នាក់​លេខ1ក្នុងនាម​ជា​កន្លែង​ល្អ​បំផុត​ក្នុងការ​ធ្វើដំណើរ​ទៅ​ក្រេបទឹក​ឃ្មុំ។

    Tahiti
    កោះ​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​បារាំង ហើយក៏​ជា​កោះ​ដ៏​ល្បីល្បាញ​ជាប់​ចំណាត់ថ្នាក់​លេខ2ក្នុង​ពិភពលោក​ផងដែរ។ ទីកន្លែង​មួយ​ដែលត្រូវបាន​រចនា​ឡើង​សម្រាប់ការ​មក​កម្សាន្ត​ជា​គូនិង​សម្រាប់​ការ​ក្រេប​ទឹកឃ្មុំ​នៃ​គូ​ស្វាមីភរិយា​ដែល​ទើបតែ​រៀបការ​រួច។ Tahiti គឺជា​ចម្លើយ​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​ក្នុង​ជីវិត។ ទីនោះ​មាន​កោះ​ច្រើនជាង118កន្លែងតំបន់​ភ្នំភ្លើង​មួយកន្លែង និង​កន្លែងល្បីៗជាច្រើន​ទៀត ដូចជា ការ​ងូតទឹក​លេង និង​ការដើរ​ទស្សនា​ព្រៃព្រឹក្សា និង​ឆ្នេរ​ខ្សាច់​ពណ៌​ខ្មៅ​ដែលជា​ចំណុច​ទាក់ទាញ​បំផុត​ផងដែរ។ Moorea និង Bora Bora គឺជា​ទីកន្លែង​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​របស់​អ្នក។

    Anguilla
    ចាប់តាំងពី​កោះ​មួយ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ឈូង​សមុទ្រ Caribbean អ្នក​ពិតជា​អាច​រំពឹងទុក​ថា​នឹង​បានឃើញ​ឆ្នេរ​ខ្សាច់​សក្បុស រួម​ជាមួយនឹង​ទឹកសមុទ្រ​ថ្លា​ខៀវស្រងាត់ ព្រមទាំង​អាកាសធាតុ​ដ៏​ល្អ​បំផុត។ បើ​រៀបរាប់​អំពី​ភាពស្រស់ស្អាត​វា​អាច​នឹងមាន​ភាព​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ទីកន្លែងល្បីៗជាច្រើន​ទៀត ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​កោះ​មួយ​នេះ​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​នោះ​គឺ​សម្រស់និង​ភាព​ទាក់ទាញ​នៃ​វត្តមាន​របស់​សណ្ឋាគារ​លំដាប់​ពិភពលោក​របស់ខ្លួន​តែម្តង៕

  • អាល្លឺម៉ង់ ហាមឃាត់​ការលក់ Smartwatchs សម្រាប់​កុមារ ដោយ​បារម្ភ​រឿង​ចារកម្ម និង​ភេរវកម្ម

    អាល្លឺម៉ង់ ហាមឃាត់​ការលក់ Smartwatchs សម្រាប់​កុមារ ដោយ​បារម្ភ​រឿង​ចារកម្ម និង​ភេរវកម្ម

    ប៊ែ​កឡាំង៖ រដ្ឋាភិបាល​អាល្លឺម៉ង់ បានចាប់ផ្ដើម​អនុវត្ត​ច្បាប់​ថ្មី ដោយបាន​ហាមឃាត់​ការលក់​នាឡិកាដៃ​ឆ្លាត​វៃ (Smartwatchs) សម្រាប់​កុមារ ដោយបាន​បញ្ជាក់ថា ការហាមឃាត់​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រកឃើញ​មាន​សកម្មភាព​ល្មើ​សច្បាប់ ជាពិសេស​គឺ​រដ្ឋាភិបាល​អាល្លឺម៉ង់ ព្រួយបារម្ភ​រឿង​ចារកម្ម។

    យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា នាឡិកា​ដែល​បាន​ហាមឃាត់​នោះ គឺជា​ពពួក​នាឡិកា​ទាំងឡាយណា ដែលមាន​មុខងារ អាច​ឲ្យ​ឪពុក​ម្ដាយតាមដាន​នូវ​រាល់​សកម្មភាព​របស់​កូន ជាពិសេស​គឺ​ការសន្ទនា។ និយ័តករ​ទូរគមនាគមន៍​អាល្លឺម៉ង់ បាន​បញ្ជាក់ថា ឪពុកម្ដាយ​ប្រើប្រាស់​នាឡិកា​ទាំងនោះ សម្រាប់​តាមដាន​សកម្មភាព​រប​ស់​កូន ប៉ុន្តែ​អ្វីដែល​រដ្ឋាភិបាល​ព្រួយ​នោះ​គឺ​ខ្លាច​មាន​អំពើ​ចារកម្ម និង​ភេរវកម្ម។

    និយ័តករ​ទូរគមនាគមន៍​​អាល្លឺម៉ង់ បានស្នើ​សុំ​ដល់​អាណាព្យាបាលក្មេងៗទាំងអស់ កុំ​ឲ្យ​មានការ​សង្ស័យ និង​ខឹង ចំពោះ​ចំណាត់ការ​នេះ​អី ព្រោះ​រដ្ឋាភិបាល​ធ្វើ​នេះ​គឺ​ដើម្បី​សន្ដិសុខ​ជាតិ។

    គួរបញ្ជាក់​ផងដែរ​ថា និយតករ​ទូរគមនាគមន៍​អាល្លឺម៉ង់ មិនបាន​បញ្ជាក់​អំពី​ឈ្មោះ​នាឡិកាដៃ​ឆ្លាត​វៃ​ដែល​ត្រូវបាន​ហាមឃាត់​នោះទេ គ្រាន់តែ​បញ្ជាក់ថា វា​គឺជា​ពពួក​នាឡិកាដៃ​សម្រាប់​ក្មេង​ចាប់ពី​អាយុ 5ឆ្នាំ ដល់ 12ឆ្នាំ៕

  • Real និង Spurs សម្លឹង​រក​ជ័យជម្នះ​ដូចគ្នា​នៅ​រាត្រី​នេះ

    Real និង Spurs សម្លឹង​រក​ជ័យជម្នះ​ដូចគ្នា​នៅ​រាត្រី​នេះ

    ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid និង Tottenham នឹង​សម្លឹង​រក​ជ័យជម្នះ​ដូចគ្នា​នៅ​រាត្រី​នេះ នៅពេលដែល​ពួកគេ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម APOEL និង Borussia Dortmund រៀងៗខ្លួន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ពូ​ល H នៅ​រាត្រី​នេះ។

    ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ 3-1 លើ​ក្រុម Real នា​កីឡដ្ឋាន Wembley កាលពី2សប្តាហ៍​មុន ក្រុម Spurs នឹង​ត្រូវតែ​ដណ្តើម​យកឈ្នះ​ឱ្យបាន​នៅ​រាត្រី​នេះ​នៅលើ​ទឹកដី​ក្រុម​ធ្លាក់​ទម្រង់​លេង Dortmund ដើម្បី​ឈ្នះ​បញ្ចប់​ដោយ​ឈរ​លេខ1ក្នុង​ពូ​ល។ ក្រុម Spurs នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ ដោយមាន10ពិន្ទុ​ពី​ការប្រកួត4លើក​នៃ​ពូ​ល H និង​មាន​សុវត្ថិភាព​រួចជាស្រេច​ក្នុងការ​ទៅ​វគ្គ​បន្ត ខណៈដែល​ក្រុម Dortmund មាន​ត្រឹមតែ2ពិន្ទុ​គត់។ ស្របពេល​ជាមួយគ្នានេះ ក្រុម​អេ​ស្ប៉ា​ញ​របស់លោក Zinedine Zidane នឹង​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត តាមរយៈ​ការ​ឈ្នះ​លើ​ក្រុម APOEL របស់​ស៊ែ​ប៊ី ប៉ុន្តែ ការរកបាន1ពិន្ទុ​ក៏​គ្រប់គ្រាន់​ផងដែរ ប្រសិនបើ​ក្រុម Dortmund មិនអាច​យកឈ្នះ​លើ​ក្រុម Tottenham។

    ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ពី​ការប្រកួត​នេះ នឹងធ្វើ​ឲ្យ​ក្រុម APOEL នៅតែមាន​ឱកាស​ក្នុងការ​ទៅ​វគ្គ​បន្ត ប៉ុន្តែ ពួកគេ​នឹង​ធ្លាក់​ចេញ ប្រសិនបើ​មិនអាច​យកឈ្នះ​លើ​ក្រុម Real បានទេ​នោះ។ ប៉ុន្តែ ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ភាគ​ខាងកើត​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្រោយពី​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹកដី​ក្រុម Atletico កាលពី​ថ្ងៃ​សៅរ៍ ដែល​បានធ្វើ​ឲ្យ​ពួកគេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 នៅលើ​តារាង La Liga ដោយ​ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Barcelona ដល់​ទៅ10ពិន្ទុ ក្រោយពី​ការប្រកួត​ត្រឹមតែ12លើក។ ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ត្រឹមតែ​លើក​គត់​ក្នុងចំណោម​ការប្រកួត4លើកចុងក្រោយ​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • ថៃ​បង្កើត​របាំង​សម្រាប់​ទំនិញ​ចេញ-ចូល​កម្ពុជា

    ថៃ​បង្កើត​របាំង​សម្រាប់​ទំនិញ​ចេញ-ចូល​កម្ពុជា

    ខណៈ​ការតភ្ជាប់​មធ្យោបាយ​ដឹកជញ្ជូន​រវាង​ប្រទេស​កម្ពុជា និង​ថៃ កាន់​តែមាន​ភាពល្អប្រសើ​រ​នោះ ការដឹកជញ្ជូន​ទំនិញ​ចេញ-ចូល​របស់​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ទី3 ដោយ​ឆ្លងកាត់​ប្រទេស​ថៃ បែរជា​អាច​នឹង​ជួប​ផល​លំបាក​ខ្លះ​ទៅវិញ ដោយសារតែ​ច្បាប់​គយ​ថ្មី​របស់​ថៃ ដែល​មិន​អនុញ្ញាតឱ្យ​កម្ពុជា​នាំ​ទំនិញ​ឆ្លងកាត់​ប្រទេស​ថៃ​ឡើយ។

    បើទោះបីជា​អាជ្ញាធរ​ថៃ​ហា​ក់នៅ​យោគយល់ និង​ផ្តល់​ការអនុគ្រោះ​ឱ្យ​កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ទី3 និង​នាំចូល​ទំនិញ​ពី​ប្រទេស​ទី3 ដោយ​ឆ្លងកាត់​ប្រទេស​ខ្លួន​ក៏ដោយ ប៉ុន្តែ​ច្បាប់​គយ​ថ្មី​របស់​ភាគី​ថៃ បាន​ក្លាយជា​របាំង​សម្រាប់​កម្ពុជា​រួចទៅហើយ។

    អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2017បានចេញ​សេចក្តីប្រកាស​មួយ ដោយ​អះអាងថា អាជ្ញាធរ​ថៃ នឹង​នៅតែ​បន្ត​អនុញ្ញាតឱ្យ​ដឹកទំនិញ​ឆ្លងកាត់​តាមផ្លូវ​គោក​ពី​ប្រទេស​ទី3 ចូលមក​កម្ពុជា និង​ពី​កម្ពុជា ទៅកាន់​ប្រទេស​ទី3 រហូតដល់​កិច្ចព្រមព្រៀង​ថ្មី​ត្រូវបាន​ចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ បើទោះបីជា​ច្បាប់​គយ​ថ្មី​របស់​ថៃ ដែល​នឹង​ហាមឃាត់​មិនឱ្យ​មានការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវគោក​ឆ្លងកាត់​ប្រទេស​ថៃ​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2017 នេះ​ក៏ដោយ។

    អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​បញ្ជាក់ថា ការអនុញ្ញាត​នេះ គឺ​ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា-ថៃ លើក​ទី3 ដែល​បាន​ប្រព្រឹត្តឡើង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2017 ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ។

    កន្លងមក​សហគមន៍​អ្នក​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា តែងតែ​ប្រាថ្នា​ចង់បាន​ការដឹក​ទំនិញ​ឆ្លងកាត់​ប្រទេស​ថៃ​ទៅកាន់​ទីផ្សារ​ពិភពលោក។ អ្នក​នាំ​អង្ករ​ចេញ​ក៏​ធ្លាប់​បានបង្ហាញ​ពី​ការស្នើសុំ​ទៅកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងពាណិជ្ជកម្ម ក្នុង​ការចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​ខាងក្រៅ ដោយ​ឆ្លងកាត់​តាម​កំពង់ផែ Laem Chabang នៅក្បែរ​ទីក្រុង​បាងកក ផងដែរ។

    ឯកឧត្តម ហ៊ាន វណ្ណ​ហន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និយាយថា ប្រទេស​ថៃ​ចេញ​ច្បាប់​គយ​ថ្មី​នេះ ដោយ​បារម្ភ​រឿង​លក្ខខណ្ឌ​ភូតគាម​អនាម័យ រវាង​ថៃ និង​កម្ពុជា។ គេ​មិនគួរ​យក​បញ្ហា​នេះ​មក​ប្រើ​ជា​របាំង​នោះទេ ព្រោះ​វា​ជា​វិធានការ​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​សត្វល្អិត​ចង្រៃ និង​ជំងឺ​ដំណាំ ខណៈ​ប្រទេស​កម្ពុជា និង​ថៃ មាន​ព្រំដែន​គោក​ជាប់​គ្នា​យ៉ាង​វែង ក្សេត្រ​បរិស្ថាន​ដូចគ្នា ដែលនាំឱ្យ​សមាសភាព​ចង្រៃ​ទាំងនោះ មាន​ប្រភេទ (Species) ដូចគ្នា។

    ឯកឧត្តម​បាន​បញ្ជាក់ថា៖“កម្ពុជា​ក៏មាន​ច្បាប់ និង​ស្តង់ដារ​តម្រូវ​របស់ខ្លួន​ដែរ ប៉ុន្តែ​កម្ពុជា​មិនដែល​ដាក់​លក្ខខណ្ឌ​តឹងតែង​ណាមួយ​លើ​ការ​នាំចូល​កសិផល​ពី​ថៃ​ជាច្រើន​ប្រភេទ​ទាំង​នោះទេ។ កន្លងមក​ថៃ​តែង​ប្រើ​របាំង​នេះ​ជាមួយ​កម្ពុជា។ កម្ពុជា និង​ថៃ ទំនងជា​ពង្រីក​ការភ្ជាប់​ការដឹកជញ្ជូន​កាន់តែ​ប្រសើរ​នៅ​ឆ្នាំ​ខាងមុខ ដោយសារ​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​មាន​សក្តានុពល គឺ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​នឹងត្រូវ​ត​ភ្ជាប់​រវាង​ប្រទេស​ទាំងពីរ​នៅ​ដើមឆ្នាំ2018 ខាងមុខ។

    មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា ប្រទេស​ថៃ​នឹង​ផ្តល់ជំនួយ​ក្បាលរថភ្លើង​មួយគ្រឿង​ដល់​ប្រទេស​កម្ពុជា សម្រាប់​ប្រតិបត្តិ​ការដឹកជញ្ជូន​តា​ម​ផ្លូវដែក នៅ​ដើមឆ្នាំ2018 ខាងមុខ ខណៈ​ការតភ្ជាប់ និង​ការស្តា​ឡើងវិញ​នូវ​ផ្លូវ​រថភ្លើង​ភាគ​ពាយព្យ​បាន​ជិត​រួចរាល់។

    ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និយាយថា រដ្ឋមន្ត្រី​សាធារណការ​របស់​ប្រទេស​ថៃ បាន​សន្យា​ជាមួយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​ថា ប្រទេស​ថៃ​នឹង​ផ្តល់ជំនួយ​ក្បាលរថភ្លើង និង​តួ​រថភ្លើង​ខ្លី​សម្រាប់​កម្ពុជា​នៅ​ដើមឆ្នាំ2018។

    ឯកឧត្តម បាន​បញ្ជាក់ថា ពិធី​ប្រគល់ និង​ទទួល​រថភ្លើង​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ខែមករា ឆ្នាំ2018 ទាំង​ក្បាលរថភ្លើង និង​តួ​រថភ្លើង ព្រមទាំង​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​ច្រក​អន្តរជាតិ​ថ្មី​សម្រាប់​ទំនិញ​ឆ្លងកាត់​នៅ​ស្ទឹង​បត់​ទៀតផង៕

  • លោក Guardiola មិន​ហ៊ាន​រំពឹងថា Man City នឹង​លើក​ពាន Champions League

    លោក Guardiola មិន​ហ៊ាន​រំពឹងថា Man City នឹង​លើក​ពាន Champions League

    លោក Pep Guardiola បាន​បញ្ជាក់ថា Manchester City មិនមែន​ស្ថិត​ក្នុងចំណោម​ក្រុម​ដែលមាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន Champions League ឡើយ បើទោះបីជា​ពួកគេ​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ទាំង​ក្នុង​ក្របខ័ណ្ឌ​លី​ក​ក្នុងស្រុក និង​ក្របខ័ណ្ឌ​អឺរ៉ុប​ក៏ដោយ។

    ក្រុម​ដែល​កំពុង​នាំមុខ​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ នឹងត្រូវ​ជួប​ក្រុម Feyenoord នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ ក្រោយពី​មិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត18លើក​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់ ហើយ​ស្របពេល​ជាមួយគ្នានេះ អ្នក​អង្កេត​បាល់ទាត់​ជាច្រើន បាន​ចាត់ទុកថា ក្រុម Man City ជា​បេក្ខភាព​ប្រជែង​ពាន​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ដែល​ពួកគេ​មិន​ធ្លាប់​ឈ្នះ​សោះ។ លោក Maurizio Sarri គ្រូបង្វឹក​របស់​ក្រុម Napoli និង​លោក Claude Puel គ្រូបង្វឹក​របស់​ក្លិប Leicester City គឺជា​អ្នកវិភាគ​ចុងក្រោយ​គេ​ដែល​ចាត់ទុកថា Man City គឺជា​ក្រុម​ដ៏​ខ្លាំង​បំផុត​មួយ​នៅ​អឺរ៉ុប។ ប៉ុន្តែ លោក Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City នៅតែ​បន្ត​ច្រានចោល​ការរំពឹងទុកផ្សេងៗជុំវិញ​ក្រុម​របស់លោក ដែល​បានឈ្នះ​កៅអី​ទៅកាន់​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League រួចហើយនោះ។

    ទាក់ទង​នឹង​ការកោតសរសើរផ្សេងៗពី​សំណាក់​គ្រូបង្វឹក​នានា លោក Guardiola បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​គ្រូបង្វឹក​ទាំងពីរ។ សម្រាប់ Manchester City វា​គឺជា​ក្រុម​មួយ​ដែល​នៅតែ​ត្រូវការ​ប្រវត្តិសាស្ត្រ​ក្នុង​អឺរ៉ុប​គឺ វា​ជាការ​ទទួល​ជ័យជម្នះ​ដ៏​ធំ​មួយ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «នោះ​មិនមែន​មានន័យថា យើង​ជា​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន Champions League នោះទេ ប៉ុន្តែ​វា​ជា​រឿង​ល្អ។ វា​មានន័យថា យើង​កំពុងតែ​ធ្វើបាន​យ៉ាង​ល្អ»។

    Man City បាន​ផ្ដួល​ក្រុម Feyenoord យ៉ាង​ងាយ​ក្នុង​លទ្ធផល 4-0 ក្នុងការ​ប្រកួត​កាលពី​ថ្ងៃ​បើកឆាក​នៃ​ពូ​ល​នេះ កាលពី​ខែកញ្ញា។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sky Sports

  • ហេតុអ្វី​បាន​ទារក​ចូលចិត្ត​ញញឹម​ពេល​គេង​លក់?​

    ហេតុអ្វី​បាន​ទារក​ចូលចិត្ត​ញញឹម​ពេល​គេង​លក់?​

    ច្រើនដង​ណាស់​ដែល​យើង​តែង​បាន​ឮថា ទារក ឬកូនតូចៗញញឹម​ពេល​គេង​លក់ មានន័យថា កូន​កំពុងតែ​យល់សប្តិ​ល្អ ឬ​កូន​ញញឹម​ពេល​គេង​លក់​មានន័យថា កូន​កំពុងតែ​លេង​ជាមួយ​អ្នក​ឃុំគ្រង​ការពារ​ក្មេង​ក្នុង​សុបិន ដែល​ជំនឿ​ទាំងនោះ​អាច​នឹង​ធ្វើឱ្យ​អ្នក​ម្តាយ​ជាច្រើន​នាក់​មាន​កង្វល់​ចិត្ត តែ​ការពិត​វិញ​យ៉ាងណា​នោះ យើង​នាំគ្នា​មក​មើល​ចម្លើយ​ទាំងអស់គ្នា។

    កូនតូច​ញញឹម​ពេល​គេង​លក់​ព្រោះ​អ្វី?

    ទារក​ក្នុងអំឡុង 0 – 1ខែ​ដំបូង​ក្រោយពេល​ប្រសូត ការ​ញញឹម​មិនបាន​កើតចេញពី​ការ​យល់សប្តិ​នោះទេ តែ​កើតចេញពី​ការ​បង្រួញ​ខ្លួន​របស់​សាច់ដុំ​ផ្ទៃមុខ ព្រោះ​ទារ​កនៅ​មិនទាន់​អាច​ញែក​អារម្មណ៍ល្អ ឬ​អាក្រក់​បាន​នៅឡើយ​ទេ។

    ទារក​ក្នុងអំឡុង 2 – 5ខែ ខណៈពេល​គេង​លក់​ទារក​នឹងមាន​អាការ​ខាង​ទឹកមុខ​ច្រើនយ៉ាង ដូចជា ទឹកមុខ​មាំ​ចង​ចិញ្ចើម ធ្វើ​មាត់​ជីប​អូចៗ និង​ញញឹម អាការ​ទាំងនេះ​មិនបាន​បណ្តាលមកពី​ការ​កំពុង​យល់សប្តិ ឬ​កំពុង​លេង​ជាមួយ​អ្នក​ឃុំគ្រង​ការពារ​ក្មេង​ក្នុង​សុបិន​នោះទេ តែ​គឺជា​វិវឌ្ឍនាការ​សាច់ដុំ​ផ្ទៃមុខ​របស់​ទារក​ទៅវិញ​ទេ។

    ទារក​ក្នុងអំឡុង 6 ខែ​ឡើងទៅ នឹង​ចាប់ផ្តើម​ចេះ​យល់សប្តិ​ហើយ ដោយសារតែ​ទារក​ក្នុង​វ័យ​នេះ​មើលឃើញ​បាន​ពេញទំហឹង​ហើយ ទើប​កើតមាន​ការចងចាំ​ទុក​យកទៅ​យល់សប្តិ ដោយ​ការ​យល់សប្តិ​របស់​ទារ​កវ័យ 6 ខែ​នេះ​នៅ​មិនទាន់​ពេញ​ជា​រឿង​ជា​រ៉ាវ​ដូច​មនុស្ស​ធំ​ទេ តែ​ជា​រូបភាព​ស្លៃ​ដ៍​បែប​មិនជា​ប់លាប់ និង​ទារ​កនៅ​មិនទាន់​យល់ដឹង​ថា នេះ​គឺជា​សុបិន​ឡើយ។

    កូនតូច​ចូលចិត្ត​ញញឹម​ពេល​គេង​លក់ មិនមែន​ព្រោះ​កូន​កំពុង​លេង​ជាមួយ​អ្នក​ឃុំគ្រង​ការពារ​ក្មេង​ក្នុង​សុបិន​តាម​ជំនឿ​ដែល​យើង​ធ្លាប់​បានឮ​នោះទេ តែ​កើតចេញពី​វិវឌ្ឍនាការ​របស់​សាច់ដុំ​ផ្ទៃមុខ​ដូចដែល​បាន​រឿប​រាប់​ពី​ខាងលើ​រួចហើយ​ប៉ុណ្ណោះឯង ដូច្នេះ​លោកឪពុក​អ្នក​ម្តាយ​មិនចាំបាច់​ព្រួយ​កង្វល់​ឡើយ ព្រោះ​វិវឌ្ឍនាការផ្សេងៗនឹង​ហុច​ផល​ល្អ​ឱ្យ​កូន​ក្លាយជា​ក្មេង​ឆ្លាត​នាពេល​អនាគត៕