Author: វល័ក្ខ

  • Kerala ឋានសួគ៌​ធម្មជាតិ​សម្រាប់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៃ​ទិសនិរតី​ប្រទេស​ឥណ្ឌា

    Kerala ឋានសួគ៌​ធម្មជាតិ​សម្រាប់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៃ​ទិសនិរតី​ប្រទេស​ឥណ្ឌា

    Kerala ជា​រដ្ឋ​មួយ​ពោរពេញ​ដោយ​វប្បធម៌​ដ៏​ចំណាស់ និង​ជាទី​តាំង​ដ៏​ស្រស់បំព្រង​នៃ​ឆ្នេរសមុទ្រ​ដ៏​វែង​អន្លាយ​របស់​ប្រទេស​ឥណ្ឌា ជាប់​ជាមួយនឹង​សមុទ្រ​អារ៉ាប់។ ទឹកដី​ដែល​ត្រូវបាន​ដាក់ឈ្មោះ “ដែនដី​គ្រប់គ្រង​ដោយ​ព្រះ” មួយ​នេះ ត្រូវបាន​ចាត់ទុក​ជាទី​តាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត 1ក្នុងចំណោម10នៅ​ទូទាំង​ពិភពលោក ព្រោះ​វា​បង្កប់​ទៅដោយ​រឿងរ៉ាវ​ដ៏​អស្ចារ្យ ជាពិសេស​គឺ​កសាង​រមនីយដ្ឋាន​ឱ្យស្រប​ទៅតាម​បែប​ធម្មជាតិ ជាពិសេស​ទូក​ទេសចរណ៍​ធ្វើ​អំពី​ឈើ ដែលញាំុងឱ្យ​ភ្ញៀវទេសចរ ជាពិសេស​គូស្នេហ៍​ដ៏​រ៉ូ​មែន​ទិ​ក​អាច​លំហែកាយ និង​កសាង​នូវ​អនុស្សាវរីយ៍ ដែល​មិនអាច​បំភ្លេចបាន​ក្នុង​ឆាកជីវិត។

    ការធ្វើដំណើរ​កម្សាន្ត​នៅក្នុង​តំបន់ Kerala នេះ ភ្ញៀវទេសចរ​ក៏​នឹង​ស្វែងយល់​អំពី​របៀប​រស់នៅ ជាពិសេស​ខ្សែទឹក​ទន្លេ និង​ដងព្រែក​ដ៏​ឆ្វាត់ឆ្វែង ព្រមទាំង​វាលស្រែ​ដាំ​ដំណាំ​ជាច្រើន​ប្រភេទហើយ​ក៏មាន​ដំណាំ​កាហ្វេ​ផងដែរ ជាពិសេស​គឺ​ដើម​ដូង​ច្រូងច្រាងខ្ពស់ៗ និង​លំនៅឋាន​បែបប្រពៃណីសាងសង់អំពី​ឈើ​នៅតាមបណ្តោយដង​ទន្លេ និង​ដងព្រែក​នេះ​តែម្តង។ មិនទាន់​អស់​ទេ ឆ្នេរ​ខ្សាច់​នៅ​រដ្ឋ Kerala ដ៏​វែង​អន្លាយ គឺជា​ឆ្នេរ​ពណ៌​មាស​ទល់មុខ​នឹង​សមុទ្រ​អារ៉ាប់ វា​នឹងធ្វើ​ឱ្យជើង​របស់លោក​អ្នក ទទួល​នូវ​អារម្មណ៍​ថ្មី​ប្លែក​មួយបែប​ទៀត​ពេល​អ្នក​បាន​ដើរលេង​នៅលើ​ឆ្នេរ​ខ្សាច់​នេះ។ កុំ​ភ្លេច​ណា​ភ្ញៀវ​ទេសចរ​ទាំងឡាយ សូម​ទៅ​ទស្សនា​ឧទ្យាន​ជាតិ​នានា ព្រមទាំង​ឧ​ទ្យា​ជីវៈចម្រុះ​អភិរក្ស​សត្វព្រៃ​ផង ដើម្បីឱ្យ​បានដឹង​បន្ថែមថា Kerala មាន​ធនធានធម្មជាតិ​កម្ររ​កបាន​អ្វីខ្លះ​ដែល​ពិសេស​ប្លែក​ពី​គេ។

    ដោយឡែកចំពោះ​ការធ្វើដំណើរ​មកកាន់​ដែនដី​ដ៏​ស្រស់ស្អាត​នេះ​គឺអាច​ធ្វើដំណើរ​តាមផ្លូវ​អាកាស ដោយ​ត្រូវ​ធ្វើដំណើរ​មកកាន់​ព្រលានយន្តហោះ ដែលមាន​ទាំង​ព្រលានយន្តហោះ​ជាតិនិង​ព្រលានយន្តហោះ​អន្តរជាតិ សរុប​ចំនួន3កន្លែង ហើយ​បើ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​វិញ Keralaមាន​កំពង់ផែ​សមុទ្រ Cochin និង​ផ្លូវគោក​គឺ​ភ្ជាប់​គ្នា​រវាង​រដ្ឋ Karnataka និង​រដ្ឋ Tamil Nadu តែម្តង ដោយមាន​ទាំង​ផ្លូវថ្នល់ ជាពិសេស​ម​ធ្យោ​បាយ​តាម​រថភ្លើង​ដ៏​ពេញនិយម និង​អាចឱ្យ​អ្នកទេស-ចរ​ រីករាយ​នឹង​ទេសភាព​នៅតាម​ដងផ្លូវ​បន្ថែម​ទៀតផង។

    បន្ថែម​ពីនេះ ​សេវាកម្ម​ហាង​លក់ទំនិញ ផ្សារ​ទំនើប អាហា​រដ្ឋា​ន បូក​រួមទាំង​ចំណីអាហារ​ដ៏​សម្បូរបែប និង​ផ្ទះសំណាក់ រហូតដល់​សណ្ឋាគារ​ប្រណិត​លំដាប់​អន្តរជាតិ គឺមាន​គ្រប់គ្រាន់ ទាំង​នៅតាម​តំបន់​មាត់សមុទ្រ និង​នៅតាម​ដងព្រែក ដង​ទន្លេ ព្រមទាំង​តំបន់​ឧទ្យាន​ជាច្រើន​ទៀត​របស់ Kerala ដែ​លេ​ជា​កន្លែង​ទេសចរណ៍ និង​ជាទី​ដ៏​មនោ​រម្យ​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដែល​មិនចេះ​ជិនណាយ​ឡើយ៕

  • “កោះ​អូននិង​កោះ​បង”គ្រាន់តែ​ឮឈ្មោះ​ភ្លាម ធ្វើឱ្យ​គូស្នេហ៍​ចង់ទៅ​ក្រេបទឹក​ឃ្មុំ​ភ្លែត!

    “កោះ​អូននិង​កោះ​បង”គ្រាន់តែ​ឮឈ្មោះ​ភ្លាម ធ្វើឱ្យ​គូស្នេហ៍​ចង់ទៅ​ក្រេបទឹក​ឃ្មុំ​ភ្លែត!

    មិន​ពិបាក​រក​នោះទេ ព្រោះ​កោះ​នេះ​ស្ថិតនៅ​ប្រជុំ​កោះរ៉ុង តំបន់​សមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា ដែល​ពោរ​ពេញ​ដោយ​ទេសភាពនៃ​វាល​ខ្សាច់ពណ៌សក្បុស ហ៊ុមព័ទ្ធ​ដោយ​ផ្ទះ​ឈើ​ប្រក់​ស្បូវ​ដ៏​ប្រណីត គឺជា​ឋានសួគ៌ពិតៗរបស់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់​ទី​រមណីយដ្ឋាន “កោះ​អូន និង​កោះ​បង ឬកោះ​សង្សារ”។ គ្រាន់តែ​ឃើញ​រូបភាព​ប៉ុណ្ណោះ ក៏​លោកអ្នក​អាច​ដឹងភ្លាមៗតែ​ម្តងថា កោះ​ដ៏​តូច​ច្រឡឹង​មួយ​នេះ គឺជា​ឋានសួគ៌​ក្នុង​ក្ដី​ស្រមៃ នា​រាត្រី​ក្រេបទឹក​ឃ្មុំ​ដ៏​រ៉ូ​មែន​ទិច និង​ជា​ទីកន្លែង​ដែល​ផ្សាភ្ជាប់​នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និង​សត្វព្រៃបាត់ទៅហើយ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន មាន​កិត្តិយស​សូម​នាំ​ដំណើរ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ទាំង​ឡាយទៅកាន់អារម្មណ៍ដ៏​រ៉ូ​មែន​ទិច និង​ប្លែកមិន​ធ្លាប់មាន​ពីមុន​នៅលើ​ទឹកដី “កោះ​អូន និង​កោះ​បង”។

    សម្រាប់​ដំណើរកម្សាន្ត​ទៅកាន់​កោះ​​អូន និង​កោះ​បង ឬកោះសង្សារ អ្នក​គ្រាន់តែធ្វើដំណើរចេញពីកំពង់ផែ​ខេត្ត​ព្រះសីហនុ ចម្ងាយ29គីឡូម៉ែត្រ​ ឬ​ចម្ងាយ​ប្រមាណ​ជា232គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កាត់​តាម​ខេត្តកំពង់ស្ពឺ ទៅតាម​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ នោះ​លោក​អ្នកនឹង​ទៅដល់​ទីឋាន​ក្នុង​ក្ដី​សុបិន​មួយ​នេះជាមិនខាន។ កោះ​សង្សារ​ទាំង​គូ​ស្ថិតនៅ​គម្លាត​ពីគ្នា​មិន​ដល់1គីឡូម៉ែត្រ​ផង ហើយ​ភ្ញៀវ​អាច​ឆ្លង​ទៅវិញទៅមក​តាមរយៈ​ស្ពានឈើ​លើទឹក។ កោះ​ទាំង2នេះ​មាន កោះ​បង គឺជា​កោះ​ដែលមាន​ទិដ្ឋភាព​ស្រស់បំព្រង និង​គ្របដណ្ដប់​ទៅដោយ​រុក្ខជាតិធំៗដូចនៅ​ក្នុង​ព្រៃភ្នំ។ នៅ​ទីនោះ​មិនមាន​​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​អ្វី​ច្រើន​ទេ ពោលគឺ​ភ្ញៀវ​អាច​ដើរលេង​ទស្សនា​បក្សាបក្សីនិងតំបន់ឆ្នេរដែលមាន​ដុំ​សិលា​ដ៏​ស្ងប់ស្ងាត់ និង​លន្លង់លន្លោច ព្រមទាំង​មានផ្ទះ​វីឡា​ឈើ​ដ៏​ប្រណីតចំនួន27ខ្នង បាន​បំផុស​ខ្លួន​ចេញពី​ព្រៃព្រឹក្សា តំបន់ឆ្នេរ និង​ខ្លះទៀត​ស្ថាបនា​លេចចេញ​ពី​ផ្ទៃ​សាគរ។ ផ្ទះ​វីឡានីមួយៗមានតម្លៃ​ខុសគ្នា និងរៀបចំ​តុបតែងប្លែកៗពីគ្នា ​ដោយ​ប្រើ​សម្ភារ និងឧបករណ៍​ដ៏ទំនើបៗទៅតាម​ស្តង់ដារ​ ផ្ទះ​វីឡាទាំង​នេះគឺជា​សណ្ឋាគារដ៏ប្រណីត​លំដាប់អន្តរជាតិ។ ពិតមែន​ហើយ ទេសភាព​បែបនេះ​កំពុង​ក្លាយខ្លួនជា​ចំណី​ចក្ខុ​ដ៏​កម្រ​នៅក្នុង​ប្រទេស​​កម្ពុជាដែល​ពិភពលោក​កំពុង​សម្លឹង​រកមើល។

    រីឯ​កោះ​មួយទៀត​នោះ​មាន​ឈ្មោះថា កោះ​អូន ដែល​គ្រាន់តែ​ឭ​ឈ្មោះ​មួយ​នេះ​ភ្លាម លោក​អ្នកជា​គូស្នេហ៍ដ៏​ផ្អែមល្ហែម ប្រាកដ​ជាដឹងហើយថា វាមានន័យថា “កោះសង្សារ”។ ទេសភាពធម្មជាតិ ឆ្នេរខ្សាច់ពណ៌​ស​ស្អាត ខ្យល់អាកាសបរិសុទ្ធ ព្រៃឈើ​ដ៏​ស្រស់បំព្រង និង​សត្វ​មច្ឆាដ៏សម្បូរបែប ជា​ចំណុចដ៏ទាក់ទាញ​របស់​កោះ​​​អូន និង​កោះ​បង ឬកោះសង្សារ រួមផ្សំ​ជាមួយនឹង​ការច្នៃ​ប្រឌិតតុបតែងដ៏​ប្រណីត និង​ពោរពេញទៅដោយ​ភាព​ទាក់ទាញ​បន្ថែមទៀត​នោះ កុំ​គិត​ច្រើន​ទៀត​អី វា​ជា​ឋានសួគ៌​កំពុង​រង់ចាំ​លោក​អ្នកទៅ​កសាង​អនុស្សាវរីយ៍ដែល​មិនអាច​បំភ្លេចបាននៅទី​នោះ​ហើយ។

    ងាក​មក​មើល​សេវា​ដឹកជញ្ជូន​វិញ ពី​ទីក្រុង​ព្រះសីហនុទៅកាន់​កោះ​​អូន និង​កោះ​បង ឬកោះ​សង្សារ លោកអ្នក​​ត្រូវ​ចំណាយ​ពេលធ្វើដំណើរ​តាម​ផ្ទៃ​ទឹកតែ35ទៅ40នាទីប៉ុណ្ណោះ ដោយ​ប្រើ​នាវា​ដែលមាន​ល្បឿន​លឿន និងធានា​សុវត្ថិភាព​ខ្ពស់​បំផុត​។ ចំណុច​វិសេស​បន្ថែមមួយទៀតគឺ ​នៅ​ក្នុងផ្ទះ​វីឡាដ៏ប្រណីត​នៅលើ​កោះ​ទាំង2នេះ គឺមាន​អាង​ហែល​ទឹក ស្ប៉ា-ម៉ាស្សា និងមាន​ប្រព័ន្ធ Wi-fi ជាពិសេសក៏មាន​សេវាកម្មរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ និង​ការ​មុជទឹក​មើល​ផ្កាថ្ម ដែលជា​ជីវៈចម្រុះដែលកំពុង​ទាក់ទាញ និងប្លែក​ភ្នែកថែមទៀតផង។ បើលោកអ្នកមាន​កាមេរ៉ា​ថត​ក្នុង​ទឹកបាន​ទៀត​នោះ គឺ​អេ​ម​តែម្តងដោយនៅពេលថត​ហើយ លោកអ្នក​អាច​បង្ហោះរូបរបស់លោកអ្នកនៅក្នុង​បណ្តាញ​សង្គមFacebook, Instagram ឬក៏ Line បានភ្លាមៗតែម្តង៕

  • បែកធ្លាយ​រូបភាព NOKIA 9 អេក្រង់​កោង កាមេរ៉ា​គូ CARL ZEISS

    បែកធ្លាយ​រូបភាព NOKIA 9 អេក្រង់​កោង កាមេរ៉ា​គូ CARL ZEISS

    Nokia 9 ស្មា​ត​ហ្វូ​ន​ដែល​ស៊េរី​ថ្មី​ចុងក្រោយបន្តទៀត​របស់ Nokia ដែល​មនុស្ស​ជាច្រើន​កំពុង​ទន្ទឹងរង់ចាំ​នោះ ថ្មីៗបំផុត​នេះ​មាន​សកម្មភាព​ចេញមក​ឱ្យបាន​ឃើញខ្លះៗហើយ ដោយ​លើក​នេះ​គឺជា​រូបភាព​មួយទៀត​ដែល​បែកធ្លាយ​ចេញមក​ឱ្យ​យើង បានឃើញយ៉ាងច្បាស់ៗតែម្ដង។

    រូបភាព​ដែល​ទាំងអស់គ្នា​បានឃើញ​នេះ តាមរយៈ​ប្រភពព័ត៌មាន​នៅក្នុង​ប្រទេស​ចិន​បាន​បង្ហើប​ឱ្យឃើញ​ពី​ឌី​ហ្សា​ញ​តួ​គ្រឿង​ទាំង​ខាងមុខ និង​ខាងក្រោយ​របស់ Nokia 9 យ៉ាងច្បាស់។ ផ្នែកខាងមុខ បង្ហាញឱ្យឃើញ​ពី​អេក្រង់​គែម​កោង គ្មាន​ប៊ូ​តុង Home ចំណែក​ខាងក្រោយ​ចេញមក​ព្រមជាមួយ​កាមេរ៉ា​បញ្ឈរ​មួយគូ លេន​ស៍ Carl Zeissព្រមជាមួយ​ភ្លើង​ហ្វ្លា​ស់ LED និង​មាន​សេន​ស៊ើ​រ​ស្គែ​ន​ខ្ចៅ​ម្រាមដៃ ឯ​តួ​គ្រឿង​ត្រូវបាន​គេ​សន្និដ្ឋានថា ជា​លោហៈ​ភ្ជាប់​កញ្ចក់។

    ចំណែក​លក្ខណៈសម្បត្តិ​វិញ គេ​រំពឹងថា Nokia 9 នឹង​ចេញមក​ព្រមជាមួយ​អេក្រង់​បង្ហាញ​ទិន្នន័យ​ប្រភេទ OLED។ ប្រើ​ប្រភព​ថាមពល Snapdragon 835 64-bit octa-core RAM6GB និង​អាចមាន​ស៊េរី​ខ្ពស់បំផុត 8GB ចេញមក​ជាមួយ​ទៀតផង និង​នៅមាន​គុណសម្បត្តិ​ការពារ​ធូលី​ដី​តាម​ស្តង់ដារ IP68។ ចំណែកឯ​ការបង្ហាញ​ខ្លួន និង​ដាក់លក់​ជា​ផ្លូវការ គេ​រំពឹងថា នឹង​ស្ថិត​ក្នុងអំឡុង​ចុងឆ្នាំ​នេះ ឯ​តម្លៃ​ក៏​ស្ថិតក្នុង​រង្វង់ 879 ដុល្លារ​អាមេរិក៕

  • ធនាគារ CIMB ផ្តល់​ភាព​រីករាយ​ដ៏​ភ្ញាក់ផ្អើល ដល់​អតិថិជន នៅ​ទូទាំងប្រទេស

    ធនាគារ CIMB ផ្តល់​ភាព​រីករាយ​ដ៏​ភ្ញាក់ផ្អើល ដល់​អតិថិជន នៅ​ទូទាំងប្រទេស

    ភ្នំពេញ៖ នៅ​ថ្ងៃទី22 ខែវិច្ឆិកា​នេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំ​កម្មវិធី​ចែក​រំលែក​បទពិសោធន​ល្អ​នៃ​សេវាកម្ម​អតិថិជន ក្រោម​ពាក្យស្លោក «យើង​ស្រឡាញ់​អតិថិជន​របស់​យើង» ដើម្បី​ផ្តល់នូវ​ការកម្សាន្ត ភាព​រីករាយ និង​ភាព​ភា្ញ​ក់​ផ្អើល ដល់​គ្រប់​អតិថិជន នៅ​គ្រប់​សាខា​ទាំង១៣របស់​ធនាគារ ទូទាំងប្រទេស។ ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ គឺជា​ការថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ​រាល់​ផលិតផល និង​សេវាកម្ម​ធនាគារ ក៏ដូចជា​អបអរសាទរ​ខួប​គម្រប់៧ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ធនាគារ CIMB នៅ​កម្ពុជា​ផងដែរ។

    នៅក្នុង​ឱកាស​ដ៏​ភ្ញាក់ផ្អើល​នេះ​ផងដែរ អតិថិជន​ទាំងអស់ ដែល​អញ្ជើញ​មក​សាខា​របស់​ធនាគារ CIMB បានទទួល​នូវ​បទពិសោធ​ថ្មី​ប្លែក ទៅលើ​ការបម្រើ​សេវាកម្ម​អតិថិជន​ដោយផ្ទាល់ ពី​ប្រធាន​នាយក​ប្រតិបត្តិ (CEO) រួមទាំង​គណៈ​គ្រប់គ្រង​របស់​ធនាគារ។ ក្រៅពី​ការ​ការចាប់​រង្វាន់ និង​ទទួលបាន​កាដូ​អនុស្សាវរីយ៍ ពី​ធនាគារ CIMB អតិថិជន​ក៏​ទទួលបាន​ការបម្រើ​នំ​សម្រន់ និង​ភេសជ្ជៈ​ឈ្ងុយឆ្ងាញ់ ព្រមទាំង​ការស្វាគមន៍​ពី​បុគ្គលិក​សាខា ក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​ផងដែរ។

    លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «នៅ​ធនាគារ CIMB យើង តែងតែ ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត​លើ​សេវាកម្ម​អតិថិជន ថ្ងៃនេះ​យើង​បង្កើត​កម្មវិធី​នេះ​ឡើងជា​ពិសេស​ដោយមាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ ដើម្បី​មក ស្វែងយល់​ពី​មតិយោបល់ អតិថិជន និង​កែលម្អ​ចំណុច​ខ្វះខាត​ទាំងឡាយ ដើម្បី​ឲ្យ​ប្រាកដថា រាល់​អតិថិជន​ទទួលបាន​ការបម្រើ​សេវា​កម្ម ដ៏​ល្អប្រសើរ ។

    លោក​សម្អាត ដែលជា​អតិថិជន​របស់​ធនាគា​រ CIMB តាំងពី​បើក​ដំណើរការ​ធនាគារ​ដំបូង​មកម្ល៉េះ បាន​រៀបរាប់​ពីបទ​ពិសោធន៍ និង​អារម្មណ៍​ផ្ទាល់ខ្លួន​ថា៖ «ថ្ងៃនេះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ហើយ​ខ្ញុំ​មិនបាន​រំពឹងថា មានកម្ម​វិធី​ធនាគារ​ពិសេស​ដូច្នេះ​ពីមុន​ឡើយ។ ពេលមកដល់​សាខា​នេះ ខ្ញុំ​ឃើញ​បុគ្គលិក​ធនាគារ​ស្លៀកពាក់​បែប​ប្រពៃណី ហើយ CEO និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ នៅក្នុង​បញ្ជរ រួច​បម្រើ​សេវាកម្ម​ដល់​ខ្ញុំ។ ខ្ញុំ​សូម​សរសើរ ដែល​ធនាគារ CIMB យកចិត្តទុកដាក់​ខ្ពស់ ដល់​អតិថិជន​ដូច្នេះ»។

    គួរបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​សាខា​ទាំង១៣ របស់​ធនាគារ CIMB នៅ​ទូទាំងប្រទេស មាន​អតិថិជន​សរុប​ប្រមាណ ១.០០០នាក់ ដែល​បាន​ចូលរួម​រីករាយ និង​មាន​ភាព​ភ្ញាក់ផ្អើល ក្នុង​កម្មវិធី​ចែករំលែក​បទពិសោធន៍​ល្អ​នៃ​សេវាកម្ម​អតិថិជន អំឡុងពេល​មួយថ្ងៃ​នេះ។ តាមរយៈ​ភាពជោគជ័យ​នៃ​ការយកចិត្តទុកដាក់ ដល់​អតិថិជន​ទាំងអស់នេះ ធនាគារ CIMB នឹង​នាំមក​នូវ​កម្មវិធី ផ្សេងៗទៀត សម្រាប់​ឆ្នាំ​ថ្មី​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​គាំទ្រ​របស់​អតិថិជន​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដែល​ជួយ​ជម្រុញ​ឲ្យ​ធនាគារ CIMB មានការ​រីកចម្រើន​ឡើង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​អាជីវកម្ម​ដំបូង ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១០៕

  • ប្រជាជន​ចាប់ផ្តើម​ចេះ​អាន តែ​មិនទាន់​ស្គាល់​ច្បាស់​ពី​បណ្ណាល័យ

    ប្រជាជន​ចាប់ផ្តើម​ចេះ​អាន តែ​មិនទាន់​ស្គាល់​ច្បាស់​ពី​បណ្ណាល័យ

    នាពេល​បច្ចុប្បន្ននេះ ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ចូលចិត្ត​អាន និង​មើលឃើញ​ពី​តម្លៃ​នៃ​ការអាន​កាន់តែ​ច្រើនឡើង​ហើយ តែ​អ្វីដែល​នៅតែ​ជា​បញ្ហា​នោះ គឺ​ពួកគាត់​មិនទាន់​ស្គា​ល់ពី​សេវាកម្ម​របស់​បណ្ណាល័យ​ច្បាស់​នៅឡើយ ដែល​ពេលខ្លះ​ធ្វើឱ្យ​ពួកគាត់​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ការអាន​ទៅវិញ នៅពេលដែល​គាត់​មិនសូវ​ទៅ​បណ្ណាល័យ ឬ​ធ្វើ​អ្វី​ផ្សេង​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​បង្កើន​ទម្លាប់​នៃ​ការអាន​នេះ។

    អ្នកស្រី ខ្លូត វិបុល​ឡា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា​បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ ថ្វីដ្បិតតែ​ទម្លាប់​នៃ​ការអាន​នៅមានកម្រិត​ក្តី តែ​កំណើន​នៃ​ការអាន​ក៏​ចាប់ផ្តើម​មានខ្លះៗដែរ​ហើយ​ក្នុងចំណោម​យុវជន​ខ្មែរ ព្រោះថា ជាក់ស្តែង​យើង​បាន​មើលឃើញ​តាមរយៈ​ការធ្វើ​ពិព័រណ៍​សៀវភៅ​ប្រចាំឆ្នាំ​ជា​រៀងរាល់ឆ្នាំ ដែល​បង្ហាញថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សៀវភៅ​ដែល​ដាក់តាំង​នៅក្នុង​ពិព័រណ៍​សៀវភៅ​បាន​លក់ដាច់​រាប់ម៉ឺន​ក្បាល ហើយ​សម្រាប់​ក្រុមហ៊ុន​បោះពុម្ពផ្សាយ​មួយចំនួន​ក៏បាន​ពង្រីក​ស្តង់​របស់​ខ្លួន​ពី 2 ស្តង់​នៅ​ឆ្នាំមុន មក5ស្តង់​នៅ​ឆ្នាំនេះ។

    លោកស្រី ខ្លូត វិបុល​ឡា បាន​មានប្រសាសន៍ថា៖ «តាមពិតទៅ​ចំនួន​អ្នកអាន​បាន​កើនឡើង តែ​អ្វី​ដែលជា​បញ្ហា គឺ​ប្រជាជន​ជាច្រើន​ទៀត​នៅ​ខ្វះ​ទម្លាប់​នៃ​ការអាន និង​មិនទាន់​ស្គាល់​ពី​បណ្ណាល័យ​ដែលមាន​យ៉ាងច្រើន​នៅ​កម្ពុជា​យើង​នៅឡើយ»។

    លោកស្រី ខ្លួ​ត វិបុល​ឡា បាន​បន្ថែមទៀតថា ជាក់ស្តែង​ដូចជា​បណ្ណាល័យ​ជាតិ មនុស្ស​ជាច្រើន​គិតថា ជា​បណ្ណាល័យ​របស់​រដ្ឋា​ភិ​បាល ហើយ​មិន​ហ៊ាន​ចូល​មើល តាមពិត​បណ្ណាល័យ​ជាតិ គឺ​បើក​ឱ្យ​សាធារណជន​ទូទៅ​បាន​ចូល​អាន​ផងដែរ។

    លោក គឹម ច័ន្ទ​ត្រា​បុត្រ គណៈកម្មការ​រៀបចំម​ហោ​ស្រព​បណ្ណាល័យ​កម្ពុជា និង​ជា​អ្នកបច្ចេកទេស​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បានលើកឡើង​ថា ជាការ​មើលឃើញ​របស់​លោក ប្រជាជន​ដែល​ស្គាល់​ពី​បណ្ណាល័យ​ច្បាស់​មាន​តិច​ណាស់។ ការ​ស្គាល់​បណ្ណាល័យ​នេះ​សំដៅលើ​ការ​ស្គាល់​សេវា​របស់​បណ្ណាល័យ ដែលមាន​សេវា​ផ្សេងទៀត​ជាច្រើន​ក្រៅពី​ការដែល​គ្រាន់តែ​ចូលទៅ​អាន​សៀវភៅ។

    លោក គឹម ច័ន្ទ​ត្រា​បុត្រ បាន​និយាយថា៖ «ប្រសិន​បើតាម​ការមើល​ឃើញ​របស់លោក សម្រាប់​អ្នក​នៅក្នុង​ទីក្រុង​មាន​អ្នក​ស្គាល់​ពី​សេវា​បណ្ណាល័យ​ប្រហែល​ច្រើនជាង 20% តែ​សម្រាប់​អ្នក​ដែល​រស់នៅ​តំបន់​ជនបទ​វិញ​មាន​ត្រឹមតែ​ប្រមាណ 5%ប៉ុណ្ណោះ»។

    លោក គឹម ច័ន្ទ​ត្រា​បុត្រ បាន​លើកឡើងថា បញ្ហា​នេះ​អាច​ជះឥទ្ធិពល​ខ្លះ​ដែរ​ដល់​ការអាន​នៅ​កម្ពុជា ហេតុនេះ​អ្វីដែល​អាច​ជំរុញឱ្យមាន​ដំណោះស្រាយ គឺ​យើង​បង្កើតជា​ពិព័រណ៍​បណ្ណាល័យ​ឡើង​ដើម្បី​បង្ហាញឱ្យឃើញ​ពី​ចំនួន​បណ្ណាល័យ និង​សេវាកម្ម​យ៉ាង​សម្បូរបែប​របស់​បណ្ណាល័យ​ដែលមាន​សម្រាប់​ប្រជាជន​កម្ពុជា​យើង៕

  • ពោះវៀន​តាន់​បុក​សណ្តែកកួរ​រសជាតិ​ថ្មី

    ពោះវៀន​តាន់​បុក​សណ្តែកកួរ​រសជាតិ​ថ្មី

    សម្រាប់​ការចេញផ្សាយ​លេខ​ថ្មី​ទី114 របស់​ទស្សនាវដ្ដី​ដ៏​មាន​ប្រជាប្រិយភាព ឡា​រ៉ែ​ន នា​ខែវិច្ឆិកា ឆ្នាំ2017នេះ ទំព័រមុខ​ម្ហូបឆ្ងាញ់ៗប្រចាំខែ សូម​ណែនាំ​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ឱ្យ​ស្គាល់​នូវ​មុខម្ហូប​មួយទៀត​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ បែប​កូនកាត់ ដែល​ច្នៃ​ចេញពី​ពោះវៀន​តាន់​ជា​គ្រឿង​សំខាន់ ដាក់​បំពង​នៅក្នុង​ប្រេងឆា​ក្ដៅ ដែល​បង្កើតឡើង​ដោយ​មេ​ចុងភៅ​មាន​បទពិសោធ​ក្នុងការ​ចម្អិន​ច្រើន​ឆ្នាំ​ប្រចាំ​នៅ​ភោជនីយដ្ឋាន Cow boy ដែល​ស្ថិតនៅ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    គ្រឿងផ្សំ
    ពោះវៀន​តាន់
    ម្សៅ​បំពង
    អំបិល
    ខ្ទឹមស
    ម្សៅ​ស៊ុបខ្នរ
    ពងមាន់ (ផ្នែក​ស)
    សណ្តែកកួរ
    ទឹកត្រី​កោះកុង
    ត្រសក់
    ប៉េងប៉ោះ
    សាលាដ
    ក្រូចឆ្មារ
    ម្ទេស
    បង្គា​ក្រៀម
    បន្លែ

    របៀប​ធ្វើ
    បន្ទាប់ពី​យក​ពោះ​តាន់​លាង​សម្អាត និង​កាត់​ជា​ដំ​ុតូចៗរួច ចូរ​យកទៅ​ប្រឡាក់​ជាមួយនឹង​គ្រឿងផ្សំ​ដែល​បាន​ត្រៀម​ទុក រួមមាន​ដូចជាអំបិល ម្សៅ​ស៊ុបខ្នរ ម្សៅ​បំពង ពងមាន់ ដោយ​ក្រឡុក​បញ្ចូល​គ្នា​ឱ្យ​សព្វ រួច​យកទៅ​បំពង​ឱ្យ​ឆ្អិន​ល្អ ហើយ​ស្រង់​ទុក​មួយអន្លើ។ យក​សណ្តែកកួរទឹកត្រី​កោះកុង និង​ទឹកក្រូចឆ្មារ បុក​លាយ​បញ្ចូល​គ្នា ដោយ​បន្ថែម​ខ្ទឹមស​បន្តិច (បុកល្មមៗកុំឱ្យ​ម៉ដ្ឋ​ពេក)។ ជា​ចុងក្រោយ លោកអ្នក​គ្រាន់តែ​យក​ពោះ​តាន់​ដែល​បាន​បំពង​រួច និង​សណ្តែកកួរ​ដែល​បាន​បុក​រួច​នោះមក​រៀបចំ​ដាក់​នៅលើ​ចាន​រួមគ្នា​ឱ្យមាន​របៀប ដោយ​បន្ថែមបន្លែ​បន្តិច​គ្រាន់​ជាការ​លម្អ​ជាការ​ស្រេច។ ឃើញ​ទេ ងាយ! ប៉ុន្តែ​ទទួលបាន​នូវ​មុខម្ហូប​ដ៏​មាន​រសជាតិ​សម្រាប់​ទទួលទាន​ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ក្នុង​ថ្ងៃ​ឈប់សម្រាក​រួច​បាត់ទៅហើយ៕

  • ជួប​ជាមួយ​មនុស្សល្បីៗជាច្រើនរូប ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី និង​ល្បី​បំផុត HUAWEI nova 2i

    ជួប​ជាមួយ​មនុស្សល្បីៗជាច្រើនរូប ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី និង​ល្បី​បំផុត HUAWEI nova 2i

    ភ្នំពេញ៖ អា​ភ្នែក 4 រហ័ស​នាម​ថ្មី​របស់​ស្មា​ត​ហ្វូ​ន​ល្បី​ដល់ក HUAWEI nova 2i ស៊េរី​ថ្មី ប្រល័យ​ចិត្ត​យុវវ័យ ពោលគឺ អតិថិជន អ្នកលក់ ម្ចាស់​ហាង​ទូរ​សព្ទ័ តារាចម្រៀងល្បីៗ តារា​បង្ហាញ​ម៉ូតល្បីៗ ពិធីករល្បឺៗ ពេញចិត្ត​គ្រប់បែបយ៉ាង​នូវ​អ្វីដែល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី  HUAWEI nova 2i មាន ។

    ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ អតិថិជន និង Fans អាច​ចួ​ល​រួម និង​ជួប​តារាចម្រៀងល្បីៗ ដូចជា តារា​សំឡេង​មាស​ដ៍​ស្រទន់ មាស សុខ​សោភា តារាចម្រៀង​ល្បី Original អេ​ដា  តារា​ពហុ​អាជីព និង​សំឡេង រ៉ូ​លីន តារា​បង្ហាញ​ម៉ូតល្បីៗ កញ្ញា ចាន់ គង្គារ សុ​ផា លីន​ដា ពី​យ៉ា វេ​ហ្គា តារា Facebook ហេង សុខ​វាសនា ពិធីករល្បីៗ  ខៀវ សាន​សា​ណា លោក ឈៀង ដា​វ៉ុ​ធ ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវការ​ស៊េរី​ថ្មី​ល្បី​ដល់-ក HUAWEI nova 2i ថ្ងៃ 25 និង 26 វិច្ឆិកា ឆ្នាំ 2017 នេះ នៅ​ផ្សារ​ទំនើប អ៊ី​អន ជាន់​ផ្ទាល់​ដី ជាមួយនឹង​កម្មវិធីសប្បាយៗ ចូលរួម​លេង Games ដោយ​សេរី ដើម្បី​ឈ្នះ​រង្វាន់​អាវយឺត Bluetooth Speaker, Power Bank..ដ៍​ច្រើន​សន្ធឹកសន្ធាប់ សាកល្បង​ប្រើប្រាស់​ផលិតផលថ្មីៗរបស់ HUAWEI nova 2i, HUAWEI Mate 10 Pro, HUAWEI Matebook X ។
    Huawei nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា 4 (ភ្លោះ​មុខ ភ្លោះ​ក្រោយ) ដំបូង​គេ​បង្អស់ ក្រោម​របកគំហើញ​ថ្មី បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន Huawei។ HUAWEI nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង អេក្រង់​ធំ ពេញចិត្ត ពេញភ្នែក ពេញ​គែម 5.9 អ៊ី​ញ (HUAWEI FullView Display) ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុងការ​ទស្សនា ភាពយន្ត ត​ន្រី្ត​ចម្រៀង យូ​ធូប បណ្តាញ​សង្គម និង​កម្សាន្ត​គ្មាន​ដែន​កំណត់ ពិសេស Live Facebook ឬ Video Calls ច្បា​ស់កប់ ពេញ​បេះដូង លង់​នឹង​រាង​ស្អាត ស្តើង គែម​ស្អាត ស្រាល ធន់​មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាមួយនឹង​សមត្ថភាព​កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP ភ្ជាប់​ជាមួយនឹង Smart Selfie Toning Flash អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ Portrait, Wide Aperture, Effect, Bokeh ស៊ី​វិ​ល័យ និង​រស់​រវើក ប្រហាក់ប្រហែល​នឹង​កាមេរ៉ា​អាជីព ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម តម្លៃ​ក៍លង់ រាង​គែម​កោង​ក៍លង់ កាមេរ៉ា4 លង់​ចិត្ត​លង់​ប្រាណ ទប់ចិត្ត​មិនបាន​ទប់​ប្រាណ​មិន​ហ្នឹង ។

    តោះ​ឆែក​លម្អិត​លក្ខណៈពិសេស និង​ការប្រៀបធៀប​រវាង ជាមួយនឹង​ម៉ាក​ផ្សេង​ក្នុងតម្លៃ​ប្រហាក់ប្រហែល

    • HUAWEI nova 2i អេក្រង់​ធំ ច្បាស់​ជាង ថ្លា​ឆ្វង់ ពេញ​គែម ពេញចិត្ត ពេញភ្នែក ពេញ​ឱ​រ៉ា ពេញ​ក្រអៅបេះដូង
    • HUAWEI nova 2i កប់​ជាង កាដូ​កប់ កាមេរ៉ា​កប់ កាមេរ៉ា 4 អេក្រង់​កប់ ច្បា​ស់កប់
    • HUAWEI nova 2i ឡួ​យ​ជាង ឡួ​យក​ប់ លឿន​កប់ អេ​មក​ប់ ពេញនិយម​កប់ កប់​ភ្នែក កប់​ចិត្ត កប់​គែម កប់​តម្លៃ អត់​ទាស់ចិត្ត ថ្ម​ប្រើ​បា​នួ​យូរ​ជាង
    • HUAWEI nova 2i រូបរាង​ទាក់ទាញ​ម៉ា​អេ​ម ស្រោប​លោហធាតុ ស្រាល​ជាង មាំ​ជាង ធន់​ជាង HUAWEI nova 2i ស្តើង​ជាង (មិនមែន​លំ​លំ​ដូច​ម៉ាក​ផ្សេង​តួរ​ស្រោប​ជ័រ​ស្វិត រាង​ក្រ​ម៉ាង​ធំ​ដូច​ឃ្លោក ធំ​តែ​មាឌ​ចង្អៀត​តែ​មុង)
    • HUAWEI nova 2i ល្បឿន​លឿន​ជាង ទំហំ RAM 4GB (ម៉ាក​ផ្សេង 4GB/6GB)
    • HUAWEI nova 2i ទំហំ​ក្នុង​ម៉ាស៊ីន 64GB (ម៉ាក​ផ្សេង 32GB)
    • HUAWEI nova 2i កាមេរ៉ា 4 ម៉ា​ផ្សេង​តែ 2 រឺ 3
    • HUAWEI nova 2i តម្លៃ​ត្រឹម 329 ដុល្លារ ម៉ាក​ផ្សេង​តម្លៃ 299 ដុល្លារ រឺ 399 ដុល្លារ មិន​សម​នឹង​លក្ខណៈពិសេស រឺ​អត្ថប្រយោជន៍ រឺ​គុណភាព

    គួរ​កត់សំគាល់ថា ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង​កម្ពុជា ដូចជា Huawei Y7 Prime (229$), Huawei nova 2i (329$), Huawei P10 (610$), Huawei P10 Plus (690$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 2017 (115$), Y3 II 4G (89$), ថេប​ប្លេ​ត Huawei T3 (10) 269$ និង ថេប​ប្លេ​ត T1 7 អ៊ី​ញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ី​ញ (99$, 1GB RAM / 8GB ROM)  ជាមួយនឹង​ប្រូ​ម៉ូ​សិនថ្មីៗ ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមធំៗ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫ​កាដូ​អស់ពី​ស្តុក ។ កុំ​ភ្លេច​ជួបគ្នា និង​ចូលរួម​ដោយ​ឥតគិតថ្លៃ ថ្ងៃ 25 និង 26 ខែ វិច្ឆិកា នៅ​ផ្សារ​ទំនើប អ៊ី​អន ជាន់​ផ្ទាល់​ដី ៕

  • កម្ពុជា​ស្នើឱ្យ​ចិន​ជួយ​រៀបចំ​ផែនការមេ និង​បណ្តុះបណ្តាល​ផ្នែក​ទេសចរណ៍​តំបន់ឆ្នេរ

    កម្ពុជា​ស្នើឱ្យ​ចិន​ជួយ​រៀបចំ​ផែនការមេ និង​បណ្តុះបណ្តាល​ផ្នែក​ទេសចរណ៍​តំបន់ឆ្នេរ

    ដោយ​សម្លឹង​ឃើញ​ខេត្ដ​សាន​ទុង របស់​ប្រទេស​ចិន មាន​ទីតាំងនៅ​ជាប់មាត់​សមុទ្រ និង​មាន​បទពិសោធ​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​តំបន់​ឆ្នេរសមុទ្រ​នោះ ថ្នាក់ដឹកនាំ​នៃ​ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ​បានស្នើ​សុំឱ្យ​គណៈប្រតិភូ​ចិន មកពី​ខេត្ត​សាន​ទុង ជួយ​រៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ជំរុញ​ការវិនិយោគ​ផលិតផល​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឱ្យបាន​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត។

    រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បាន​លើកឡើងថា កម្ពុជា ជា​ប្រទេស​ដែលមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ដ៏​ច្រើន​សម្បូរបែប ទាំង​តំបន់​មាត់សមុទ្រ តំបន់​វប្បធម៌ តំបន់​អេកូ​ទេសចរណ៍ តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍​ជីវចម្រុះ​បឹង​ទន្លេសាប ជាដើម។

    ឯកឧត្តម​បាន​បន្តថា ដោយសារ​កម្ពុជា​មា​នស​ក្ដា​នុព​ល​ទេសចរណ៍​ខ្ពស់​បានធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​កើន​ឡើងជា​រៀងរាល់ឆ្នាំ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ2016 កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង5លាន​នាក់ ដោយមាន​កំណើន5% បើ​ធៀប​នឹង​ឆ្នាំ2015 ខណៈ​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន​ជាង83ម៉ឺន​នាក់។

    ការ​ព្យាករ​មួយ​បាន​បង្ហាញថា នៅ​ឆ្នាំ2020 ខាងមុខ​ភ្ញៀវទេសចរ​ចិន​នឹង​ចេញទៅ​ទស្សនា​ក្រៅប្រទេស​ប្រមាណ200លាន​នាក់ ក្នុងនោះ​កម្ពុជា​ក៏​បាននិងកំពុង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​រប​ស់​ប្រទេស​នេះ​ផងដែរ ដែលមាន​ដូចជា ការដាក់ចេញ​ឱ្យប្រើ​ប្រាស់​នូវ​សៀវភៅ​ស China Ready ការសម្រួល​ទិដ្ឋាការ​ជូន​ទេសចរ​ចិន ការដាក់​ស្លាក​សញ្ញា​ស្គាល់ សញ្ញា​ប្រាប់​ទិស​ជា​ភាសា​ចិន និង​ការបណ្ដុះបណ្ដាល​មគ្គទេសក៍​ភាសា​ចិន​ជាដើម។

    ឯកឧត្តម បាន​លើកឡើងថា ទន្ទឹមនឹង​ការត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​ចិន ក៏ដូចជា​ភ្ញៀវទេសចរ​អន្ដរជាតិ​ដទៃទៀត កម្ពុជា​ក៏ត្រូវ​មាន​ផែនការមេ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​មធ្យោបាយ​ធ្វើដំណើរ​ផងដែរ។

    ឯកឧត្ដម ថោង ខុន បាន​មានប្រសាសន៍ថា៖ “រហូតមកដល់​ពេលនេះ​នៅតាម​បណ្តា​ខេត្ត និង​គោលដៅ​ទេសចរណ៍​មួយចំនួន​របស់​កម្ពុជា នៅ​មិនទាន់មាន​ផែនការមេ​សម្រាប់​វិស័យ​ទេសចរណ៍​នោះទេ ហេតុនេះ​យើង​ស្នើ​ដល់​មិត្ត​ចិន តាមរយៈ​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក ជី ចាង​ឈី នាពេលនេះ​ឱ្យជួយ​សិក្សា​រៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ដ​ទៃទៀត ខណៈ​សាន​ទុង ជា​ខេត្ត​មាន​បទពិសោធ​ជោគជ័យ​ក្នុងការ​រៀបចំ​ផែនការ​អភិវឌ្ឍ​លើ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់ខ្លួន ពិសេស​នៅ​តំបន់ឆ្នេរ​សមុទ្រ​តែម្ដង។

    ឯកឧត្ដម​បញ្ជាក់ថា ការកសាង​រៀបចំ​ផែនការមេ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាចមាន​សមត្ថភាព​ផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវទេសចរ ឆ្លើយតប​ទៅនឹង​ស្ដង់ដារ​រួម​របស់​អាស៊ាន ពោល​សេវា​មួយ​ស្ដង់ដារ​មួយ​ដែល​ទាមទារ​ឱ្យមាន​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​ឱ្យបាន​ហ្មត់ចត់ និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ។ ជាមួយគ្នានេះ​ឯកឧត្ដម​ក៏បាន​ស្នើ​ដល់​ភាគី​ចិន​ឱ្យជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទេសចរ​ជាតិ-អន្តរជាតិ ខណៈ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍​ប្រមាណ 5ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។

    គួរ​បញ្ជាក់ថា រយៈពេល9ខែ ឆ្នាំ2017 នេះ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន3,522,383នាក់​កើនឡើង12% ក្នុងនោះ​តំបន់ឆ្នេរ​ទទួលបាន554,613នាក់ កើនឡើង15.7%។ ជា​ចក្ខុវិស័យ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ7លាន​នាក់ ដែល​អាច​នាំ​ចំណូល​ចូលជាតិ​ប្រមាណ 5ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ផ្ទាល់​ជិត1លាន​នាក់។

    អភិបាលរង​ខេត្ត​សាន​ទុង លោក ជី ចាង​ឈី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចិន មក​ទស្សនកិច្ច​កម្ពុជា ដើម្បី​ពិនិត្យមើល​សក្ដានុពល និង​ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​នោះ បាន​គាំទ្រ​សំណើ​របស់​កម្ពុជា​ដោយ​បញ្ជាក់ថា លោក​នឹង​ពាំនាំ​សំណើ​របស់​កម្ពុជា​ដាក់ជូន​រដ្ឋាភិបាល​រប​ស់​ខ្លួន។ ជាមួយគ្នានេះ​លោក​ក៏បាន​លើកសរសើរ​ថា កម្ពុជា​ពិតជា​មាន​សក្ដានុពល​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ពិតប្រាកដ​មែន ដែល​ខុសពី​អ្វីដែល​ពួកគេ​បាន​ឮថា​កម្ពុជា​មានតែ​ប្រាសាទអង្គរវត្ត​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​តែប៉ុណ្ណោះ៕

  • ជឿ ឬ​មិន​ជឿ? កម្ពុជា​ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​ទី6លើ​ពិភពលោក

    ជឿ ឬ​មិន​ជឿ? កម្ពុជា​ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​ទី6លើ​ពិភពលោក

    ភ្នំពេញ៖ ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​សាជាថ្មី​ដោយ​ដកស្រង់​របាយការណ៍រ​បស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក (WB)ដែល​បាន​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ​លំដាប់​ទី6 នៅលើ​ពិភពលោក​ក្នុង​រង្វង់ 20ឆ្នាំជាប់ៗគ្នា​នា​រយៈពេល​ចុងក្រោយ​នេះ។

    ឯកឧត្តម​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ការត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី2របស់​កម្ពុជា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នា​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ី​ស នៅ​ថ្ងៃទី21 ដល់ ខែវិច្ឆិកា​​ថា «ទោះបីជា​កម្ពុជា​ជា​ប្រទេស​តូច​ក៏ដោយ ក៏​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រកាន់យក​របប​ទីផ្សារសេរី និង​សេដ្ឋកិច្ច​បើកចំហ​ដែរ»។

    ដោយសារ​គោលនយោបាយ​ទីផ្សារសេរី និង​សេដ្ឋកិច្ច​បើកចំហ​នេះហើយ ដែល​ចាប់តាំងពី​ឆ្នាំ2011មក កម្ពុជា​បានសម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រមាណ7%ក្នុង​មួយឆ្នាំ ខណៈដែល​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្សម្នាក់ៗមាន​ចំនួន 1,302 ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2016 ធៀប​នឹង​ឆ្នាំ2011 ដែលមាន​ត្រឹមតែ 911ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ថា​ម​វ័​ន្ត​នេះ​បានធ្វើឱ្យ​មានការ​រីកចម្រើន​លើ​សុខុមាលភាព​ប្រជាជន​កម្ពុជា និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​ពី 53 ភាគរយ​ក្នុង​ឆ្នាំ2004 មក​នៅត្រឹម13.5 ភាគរយ​ក្នុង​ឆ្នាំ2014 និង​អត្រា​គ្មាន​អក្ខរកម្ម​កើន​ពី 79.9 ភាគរយ​ក្នុង​ឆ្នាំ2011 ដល់ 80.5ភាគរយ ក្នុង​ឆ្នាំ2015។

    ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច​ធ្លាប់បាន​លើកឡើងថា វា​ជា​ការពិត បើ​យើង​ក្រឡេកមើល​ទៅលើ ល្បឿន​សេដ្ឋកិច្ច​ដែលមាន​កំណើនថេរ​ក្នុង​រយៈពេល​ជិត2ទសវត្សរ៍​ចុងក្រោយ​នេះ ដែលជា​ហេតុ​ធ្វើឱ្យ​កម្ពុជា​ឈរលើ​លំដាប់​ទី6នៅលើ​ពិភពលោក​ពិតមែន ប៉ុន្តែ​ដោយសារ​កម្ពុជា​ជា​ប្រទេស​តូច​មាន​ប្រជាជន​តិច ទើប​ទោះបី​ជាមាន​កំណើនសេដ្ឋកិច្ច​ថេរ​ដូច្នេះ​ក៏ដោយ ក៏​មិនអាច​ប្រៀបធៀប​នឹង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​រយ​លាន​នាក់​បានដែរ ទោះជា​សេដ្ឋកិច្ច​របស់គេ​កើនឡើង​ត្រឹមតែ 1 ឬ2% ក៏​ច្រើនជាង​យើង7%នេះដែរ៕

  • Lychee Mojito ស្រា​ក្រឡុក​ជំនួយ​សុខភាព

    Lychee Mojito ស្រា​ក្រឡុក​ជំនួយ​សុខភាព

    បច្ចុប្បន្ននេះ ស្រា​ក្រឡុក បាននិង​កំពុងតែ​មានការ​ពេញនិយម​ជាខ្លាំង​ពី​មហាជន​ទូទៅ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពី​សំណាក់​មិត្ត​យុវវ័យ​ដែល​មាន​​ធនធាន​តែម្ដង ដ្បិត​ស្រា​ប្រភេទ​នេះ​មាន​រសជាតិ​ឈ្ងុយ ផ្អែម​ឆ្ងាញ់​ជាប់មាត់ មិន​ពិបាក​លេប​ដូច​ប្រភេទ​វី​ស្គី​ទូទៅ ឬ​ស្រា​បៀរ​នោះទេ។ បន្ថែម​ពីនេះ ស្រា​ក្រឡុក ក្រៅពី​បានបង្ហាញ​ពី​ភាពទាន់សម័យ​ចំពោះ​អ្នក​ទទួលទាន​នោះ វា​ក៏​អាច​ចូលរួមចំណែក​ក្នុង​ការជួយ​បំប៉ន​សុខភាព​ផងដែរ ខណៈដែល​ការ​ទទួល​​ទាន​ត្រូវបាន​ធ្វើឡើង​ស្របតាម​ការកំណត់ គ្រាន់តែ​ថា វា​មានតម្លៃ​ថ្លៃ​បន្តិច​តែប៉ុណ្ណោះ។

    គ្រឿងផ្សំ
    • ស្រាស (white rum)
    • ជី​អង្កាម (Mint Leaves)
    • ស្ករត្នោត (Brown Sugar)
    • ផ្លែក្រូច​ឆ្មារ (Lime)
    • ផ្លែ​គូ​លេន (Ly Chee fruit)
    • ទឹក​សូ​ដា (Soda)

    វិធី​លាយ
    សម្រាប់​របៀប​ធ្វើ ឬ​លាយ​បង្កើតជា​ស្រា​ក្រឡុក ដែលមាន​ឈ្មោះថា​ Lychee Mojito នេះ ហាក់​មិនមាន​អ្វី​ពិបាក​នោះទេ។ រាល់​វត្ថុធាតុដើម ឬ​គ្រឿង​ផ្សំ​ទាំងអស់​សុទ្ធតែ​ងាយ​ស្វែង​រកបាន ហើយ​ចំពោះ​កម្រិត ឬ​បរិ​មាណនៃ​ការប្រើ ក៏​អាស្រ័យទៅលើ​ចំណូលចិត្ត​របស់​អ្នក​ទទួលទាន​ផ្ទាល់ ប៉ុន្តែ​សង្កត់​ធ្ងន់​​លើ​បរិមាណ​របស់​ផ្លែ​គូ​លេន​ច្រើនជាងគេ​បន្តិច ដ្បិតថា ស្រា​មួយ​ប្រភេទ​នេះ​ត្រូវបាន​ផ្តោតទៅលើ​រសជាតិ​ផ្អែម​ឈ្ងុយ​នៃ​ផ្លែ​គូ​លេន។ យក​គ្រឿងផ្សំ​ទាំងអស់​​វាយ​ក្រឡុក​បញ្ចូល​គ្នា ដោយ​ទុក​ត្រឹមតែ​សមាសធាតុ​របស់​សូ​ដា ដែល​ត្រៀម​សម្រាប់​ចាក់​បន្ថែម​ពីលើ​ក្រោយ​គេ។ ជាមួយគ្នានេះ ជាការ​បង្កើន​សោភ័ណភាព លោកអ្នក​ក៏​អាច​យក​ចំណិត​ផ្លែក្រូច​ឆ្មារ​បំពាក់​ពីលើ​មាត់​កែវ​ជាការ​ស្រេច។ លោកអ្នក​ក៏​អាច​ស្វែងរក​ស្រា​ក្រឡុក​ប្រភេទ​នេះ​បាន​នៅ​ភោជនីយដ្ឋាន Cowboy នៅ​ផ្លូវ​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ៕