Author: វល័ក្ខ

  • មូលដ្ឋានគ្រឹះ​ដើម្បី​ទទួលបាន​ឱកាស​ការងារ​ល្អ

    មូលដ្ឋានគ្រឹះ​ដើម្បី​ទទួលបាន​ឱកាស​ការងារ​ល្អ

    ស្របពេល​កំណើន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់តែ​មានការ​កើនឡើង​នោះ បានធ្វើឱ្យ​តម្រូវការ​បុគ្គលិក​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ទាំងនោះ​ក៏មាន​ច្រើន​ដែរ។ តែ​យ៉ាងណាក៏ដោយ មិនមែន​មានន័យថា រាល់​ការដាក់​ពាក្យ​សុំចូល​បម្រើ​ការងារ​ទាំងអស់​សុទ្ធ​តែ​ត្រូវបាន​ក្រុមហ៊ុន ឬ​ស្ថាប័ន​ទទួលយក​នោះទេ ជាក់ស្តែង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បើទោះជា​មកទល់ពេលនេះ​មាន​បុគ្គលិក​សរុប​ជិត 2,500នាក់​ក៏ដោយ ក៏​ស្ថាប័ន​មួយ​នេះ​នៅតែ​ត្រូវការ​បុគ្គលិក​ដែលមាន​សមត្ថភាព​ចូល​បម្រើ​ការងារ​ជាច្រើន​ដដែល។

    នៅថ្ងៃនេះ​សារព័ត៌មាន ឡា​រ៉ែ​ន បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ លោកស្រី ពាំង ពិសាខ នាយិកា​ប្រតិ​ប​ត្ដិ​ធនធានមនុស្ស​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Angkor Mikroheranh Vatho (Kampuchea) Co., Ltd. (AMK) ដើម្បី​ចង់ដឹងថា តើ​សិស្ស-និស្សិត​ត្រូវមាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​ទើប​អាចដាក់​ពាក្យ​សុំចូល​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បាន​ដោយ​ជោគជ័យ?

    ជា​រៀងរាល់ឆ្នាំ​តើ AMK ត្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​បន្ថែម​ប៉ុន្មាន​នាក់?

    ពាក់ព័ន្ធ​នឹង​តម្រូវការ​បុគ្គលិក​ក្នុងមួយឆ្នាំៗ AMK ត្រូវការ​បុគ្គលិក​ថ្មី​ចន្លោះ​ពី200-300នាក់ ព្រោះ​យើង​មាន​ផែនការថ្មីៗជា​រៀងរាល់ឆ្នាំ ម្យ៉ាងទៀត​យើង​ក៏ត្រូវ​ការយក​គាត់​មក​ជំនួស​តំណែង​បុគ្គលិកចាស់ៗដែល​ពួកគាត់​ត្រូវ​ឡើង​តំណែង និង​ផ្លាស់ប្តូរ​តួនាទី​ផងដែរ។ ជាក់ស្តែង​កាលពី​ឆ្នាំ2016 កន្លងមក​យើង​ទទួលបាន​ការដាក់​ពាក្យ​សុំ​បម្រើ​ការងារ​ពី​សិស្ស​និស្សិត​ជាច្រើន​នាក់​តាមរយៈ​កម្មវិធី​ពិព័រណ៍​ថា្នក់​ជាតិ និង​អ្នក​មក​ដាក់ពាក្យ​ដោយផ្ទាល់​នៅតាម​ការិយាល័យ ឬ​តាម Website របស់ AMK ជាដើម។

    បើទោះជា AMK ក៏ដូចជា​ស្ថាប័នផ្សេងៗទៀត​កំពុងមាន​តម្រូវការ​បុគ្គលិក​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ក៏ដោយ ក៏​គេ​នៅតែ​ឃើញ​មាន​បុគ្គល​ជាច្រើន​កំពុង​ជួប​ការលំបាក​ក្នុងការ​ទទួលបាន​ឱកាស​ការងារ​ល្អ ដោយសារ​ការខ្វះ​បទពិសោធ​ការងារ​ផងដែរ។ ជាការ​ពិត​កម្រ​មាន​បុគ្គល​ណា​ដែលមាន​ចំណេះដឹង ជំនាញ និង​បទពិសោធ​គ្រប់​ជ្រុងជ្រោយ​ណាស់ ដូច្នេះ​យើង​មិនដែល​បោះបង់ ឬ​មើលរំលង​អ្នក​គ្មាន​បទពិសោធ​ការងារ​នោះទេ គឺ​យើង​តែង​លើកទឹកចិត្ដដ​ល់​ពួកគាត់​ជានិច្ច​ដើម្បី​ទទួល​ឱកាស​ការងារស្មើៗគ្នា នៅ AMK។ គ្រប់​បុគ្គលិក​ដែល​បាន​ចូល​បម្រើ​ការងារ​នៅ AMK នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​ជាច្រើន​ដើម្បី​អភិវឌ្ឍ និង​ពង្រឹងសមត្ថភាព​របស់​ពួកគាត់​បន្ថែមទៀត។

    តើ​សិស្ស-និស្សិត​ត្រូវមាន​បុគ្គលិកលក្ខណៈ​អ្វីខ្លះ​ដើម្បី​អាច​ចូល​បម្រើ​ការងារ​នៅ AMK បាន?

    នេះ​គឺជា​សំណួរ​សំខាន់​សម្រាប់​អ្នក​ដែលមាន​បំណង​ចូល​បម្រើ​ការងារ​នៅ AMK ដើម្បី​ត្រៀមខ្លួន​ចាប់យក​ឱកាស​ការងារ​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​នេះ​ផងដែរ។ ចំពោះ​សិស្ស​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា និង​ពុំទាន់​មាន​បទពិសោធ​ការងារ​ពួកគាត់​ពិតជា​មិនដឹងថា​ពួកគាត់​ត្រូវធ្វើ​អ្វីខ្លះ? និង​ត្រូវ​រៀបចំខ្លួន​បែបណា? ពេល​មក​ដាក់ពាក្យ ឬ​សម្ភាសន៍​ដើម្បី​បម្រើ​ការងារ​នោះទេ។

    ជាទូទៅ​ក្នុង​ស្ថាប័ននីមួយៗតែងតែមាន​តម្រូវការ​បេក្ខជន​ទៅតាម​មុខតំណែង និង​តួនាទីខុសៗគ្នា តែ​ទោះបីជា​ណាក៏ដោយ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​សម្ភាស​ការងារ បេក្ខជន​ត្រូវមាន​មូលដ្ឋានគ្រឹះ​ចំនួន3 ដែល​មិនអាច​ខ្វះ​មួយណា​បាន។

    មូលដ្ឋានគ្រឹះ​ទី1 គឺ​ចំណេះដឹង​ដែល​ទទួលបាន​ពី​មជ្ឈដ្ឋាន​បណ្តុះបណ្តាលផ្សេងៗតាំងពី​ថ្នាក់​តូច​រហូតដល់​មហាវិទ្យាល័យ ៖ ចំណុច​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​យកទៅ​ប្រើប្រាស់​នៅ​កន្លែង​ការងារ។

    មូលដ្ឋានគ្រឹះ​ទី2 គឺ​ត្រូវមាន​ជំនាញ​ច្បាស់លាស់៖ បេក្ខជន​ត្រូវមាន​ជំនាញ​ជាក់លាក់​ណាមួយ បន្ទាប់ពី​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ដូចជា​ផ្នែក​ហិរញ្ញវត្ថុ គណនេយ្យ ម៉ាឃីតធីង ឬ​ផ្នែក​គ្រប់គ្រង​ជាដើម។ មូលដ្ឋានគ្រឹះ​ទី3 គឺ​អត្តចរិត ឬ​អាកប្បកិរិយា៖ នេះ​ជា​ចំណុច​សំខាន់ ព្រោះ​នៅ​កន្លែង​ការងារ​ទាមទារ​ឱ្យ​បុគ្គលិក​មាន​ភាពស្មោះត្រង់ ហ្មត់ចត់ និង​មាន​ការខិតខំ​ប្រឹងប្រែង​នៅពេល​បំពេញការងារ។ ម្យ៉ាងវិញទៀត​បុគ្គលិក​គ្រប់រូប​នឹងត្រូវ​ធ្វើការ​ងារ​ជា​ក្រុម មិនអាច​ធ្វើ​ការងារ​តែឯង​រហូត​នោះទេ។ ដូច្នេះ​ពួកគាត់​ត្រូវមាន​អត្តចរិត​ល្អ មានការ​តាំងចិត្ដ​ខ្ពស់ និង​មាន​ស្មារតី​សាមគ្គីភាព ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់។

    បើតាម​ទស្សនៈ​ខ្ញុំ មូលដ្ឋានគ្រឹះ​ទាំង3 ខាងលើនេះ​មិនមែនជា​អាវុធ​មុត​ស្រួច​សម្រាប់តែ​យុវជន ឬ​និស្សិត​ដែល​មានបំណង​ស្វែងរក​ការងារ​ធ្វើ​នោះទេ តែ​សម្រាប់​អ្នកមាន​បទពិសោធ​ការងារ​ហើយ​នោះ ក៏​ត្រូវតែ​ពង្រឹង​មូលដ្ឋានគ្រឹះ​ខាងលើ​នេះដែរ ដើម្បី​បន្ថែម​គុណ​តម្លៃ​ខ្លួន និង​មានឱកាស​ចាប់យក​មុខ​តំណែងធំៗជា​បន្តបន្ទាប់។

    រវាង​បុគ្គលិក​មាន​ជំនាញ និង​បុគ្គល​មាន​អត្ដ-ចរិតល្អ តើ AMK នឹង​ពិចារណា​ដូចម្ដេច?

    ខ្ញុំ​ក៏​ធ្លាប់បាន​ជួប​បេក្ខជន​ទាំងពីរ​ប្រភេទ​នេះដែរ។ ជាក់ស្ដែង​យើង​ឃើញថា បុគ្គល​មួយចំនួន​មានចំណេះដឹង និង​ជំនាញ​ស្របទៅនឹង​អ្វីដែល​យើង​កំពុង​ចង់បាន តែ​ខ្វះខាត​ជំនាញ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង ខណៈ​បុគ្គល​ខ្លះទៀត មានចំណេះ និង​ជំនាញ​តិចតួច តែមាន​ជំនាញ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ល្អ មានការ​តស៊ូ ព្យាយាម និង​អត្ដ​ចរិតល្អ។

    ត្រង់ចំណុច​នេះ​ខ្ញុំ​ចង់​និយាយថា AMK នឹងមិន​បោះបង់ចោល​បេក្ខជន​ណាមួយ​នោះទេ គឺ​វា​អាស្រ័យ​លើ​តួនាទី​របស់​ពួកគាត់។ ប្រសិនបើ​តួនាទី​នោះ ត្រូវការ​អ្នកជំនាញ​បច្ចេកទេស ហើយ​ពុំ​សូវ​មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ខាងក្រៅ​នោះ យើង​នឹង​ជ្រើស​រើសយក​បុគ្គល​ដែលមាន​ជំនាញ​ច្បាស់លាស់​សម្រាប់​មុខតំណែង​នេះ ហើយ​យើង​នឹង​បន្ត​បណ្តុះបណ្តាល​គាត់​ឱ្យ​យល់​ពី​សារៈប្រយោជន៍​នៃ​ការប្រាស្រ័យ​ទាក់ទង និង​ការធ្វើការងារ​ជា​ក្រុម។ ដោយឡែក បើសិន​តួនាទី​នោះ​តម្រូវឱ្យមាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ច្រើន និង​ធ្វើ​ការងារ​ជា​ក្រុម​នោះ យើង​នឹង​ជ្រើសរើស​បុគ្គល​ប្រភេទ​ទី​ពីរ​សម្រាប់​មុខតំណែង​បែប​ហ្នឹង។ ទោះជា​យ៉ាងណា​បុគ្គល​ដែលមាន​បុគ្គលិកលក្ខណៈ​ល្អ​នឹងមាន​អាទិភាព​ជាង​ក្នុង​លក្ខខណ្ឌ​ទូទៅ។

    មាន​ស្ថាប័ន​ខ្លះ​និយម​បក្សពួក​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ចូល​បម្រើ​ការងារ តើ​អ្នកស្រី​យល់ឃើញ​ដូចម្ដេច​ចំពោះ​ទស្សនៈ​នេះ?

    ត្រង់ចំណុច​នេះ ខ្ញុំ​អាច​និយាយថា វា​គឺជា​តម្លៃ​មួយ​ដ៏​ខ្ពង់ខ្ពស់​របស់ AMK ព្រោះ​នៅទីនេះ​គោលការណ៍​របស់​យើង​គឺ​មិន​អនុញ្ញាត​ឱ្យមាន​ជាដាច់ខាត​នូវ​ការជ្រើសរើស​បុគ្គលិក​តា​មរយៈ​ខ្សែបណ្តាញ ឬ​បក្សពួក។ បុគ្គលិក​ខាងក្នុង​អាចជួយ​ផ្តល់ព័ត៌មាន និង​ណែនាំ​មិត្តភក្តិ សាច់ញាតិ​ឱ្យ​ដាក់ពាក្យ​បម្រើ​ការងារ​ជាមួយ អេ អឹម ខេ បាន ប៉ុន្តែ​ពួកគេ​មិនមែនជា​អ្នកធ្វើការ​សម្រេចចិត្ត​ឡើយ សំខាន់​នៅពេល​ដាក់ពាក្យ​ចូលមក​បម្រើ​ការងារ​នៅទីនេះ​បេក្ខជន​ត្រូវតែមាន​មូលដ្ឋានគ្រឹះ​ទាំង៣ខាងលើ។ ដូច្នេះ​សិស្ស-និស្សិត​ដែល​ចង់​មក​ដាក់ពាក្យ​បម្រើ​ការងារ​នៅ AMK អាច​ប្រាកដ​ក្នុង​ចិ​ត្ដ​ថា បើ​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​នោះ​ពួកគេ​នឹងមាន​ឱកាស​ចូល​បម្រើកា​រងារ​នៅ AMK។

    តើ​លោកស្រី​អាច​ចែករំលែក​បទពិសោធ​អ្វីខ្លះ​ដល់​សិស្ស-និស្សិត ដែល​កំពុង​ស្វែងរក​ការងារ?

    ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ទៅដល់​សិស្ស-និស្សិត​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ថា ដើម្បី​អាច​ទទួលបាន​ឱកាស​ការងារ​ល្អ សូម​ត្រៀមខ្លួន​ទុកជាមុន កុំ​ចាំ​រហូតដល់​រៀន​ដល់​ចប់​វិទ្យាល័យ ឬ​មហាវិទ្យាល័យ ទើប​ចាប់ផ្តើម​គិត ឬ​ត្រៀមខ្លួន។ ទី1 ប្អូនៗត្រូវ​ចេះ​រៀបចំ​គោលដៅ និង​ចេះ​កែច្នៃ​ខ្លួនឯង​តាំងពី​រៀន​នៅ​វិទ្យាល័យ​ម្ល៉េះ។ បន្ថែម​លើ​នេះ​ទៀតប្អូនៗត្រូវ​រៀប​អត្ដ​ច​រិ​ក​របស់ខ្លួន ដើម្បីឱ្យ​ក្លាយខ្លួនជា​មនុ​ស្ស​ឧស្សាហ៍​ព្យាយាម អត់ធ្មត់ ម៉ត់ចត់ និង​មានការ​តាំងចិត្ដ​ខ្ពស់​ក្នុងការ​បំពេញការងារ។ ទម្លាប់​ទាំងអស់នេះ​នឹង​ក្លាយជា​ចំណុចខ្លាំង​របស់ប្អូនៗនៅពេល​អនាគត។

    ទី2 ប្អូនៗត្រូវខិតខំ​យក​ចិ​ត្ដ​ទុកដាក់​រៀនសូត្រ​ពី​មជ្ឈដ្ឋាន​បណ្តុះបណ្តាល​ដើម្បី​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ។ នៅពេលប្អូនៗចូលមក​ដល់​ថ្នាក់​មហាវិទ្យាល័យ​ត្រូវ​សម្រេច​ចិ​ត្ដ​ឱ្យបាន​ច្បាស់​ថា ត្រូវ​ជ្រើសរើស​ជំនាញ​ឱ្យ​ត្រូវ​នឹង​ទេពកោសល្យ​របស់ខ្លួន ដើម្បី​ទទួលបាន​នូវ​ឧត្តមភាព និង​ភាព-ជោគជ័យ​ក្នុង​ជីវិត​នៅពេល​អនាគត៕

  • ស្រា​បៀរ Heineken រៀបចំ​កម្មវិធី Meet & Greet Your Celebrity នៅ​ភោជនីយដ្ឋាន ភូមិគ្រឹះ​អង្គរ

    ស្រា​បៀរ Heineken រៀបចំ​កម្មវិធី Meet & Greet Your Celebrity នៅ​ភោជនីយដ្ឋាន ភូមិគ្រឹះ​អង្គរ

    ភ្នំពេញ៖ ស្រា​បៀរ Heineken បានរៀបចំ​កម្មវិធី Meet & Greet Your Celebrity នៅ​ភោជនីយដ្ឋាន ភូមិគ្រឹះ​អង្គរ ដែលមាន​ទីតាំង​ស្ថិត​ផ្លូវ​លេខ97 សង្កាត់​ផ្សារ​ដើមថ្កូវ ខ័​ណ្ឌ​ចំការមន នា​ល្ងាច​ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ2017 ចាប់ពី​ម៉ោង៧យប់​តទៅ ជាមួយ​វត្តមាន​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ លោក ឆាយ វីរៈ​យុទ្ធ។

    នា​រាត្រី​នោះ លោកអ្នក​អាច​ចូលរួម​សំណេះសំណាល់​ដោយផ្ទាល់​ជាមួយ លោក ឆាយ វីរៈ​យុទ្ធ ក៏ដូចជា ជាវ​ស្រា​បៀរ Heineken 12កំប៉ុង នឹង​ទទួលបាន​សំបុត្រ​កុន VIP ពីរ​សន្លឹក​សម្រាប់​រោង​ភាពយន្ត Prime Cineplex

    សូមបញ្ជាក់​ផងដែរ​ថា ស្រា​បៀរ Heineken គឺជា​ស្រា​បៀរ​ល្បីល្បាញ​ទូទាំង​ពិភពលោក និង​មាន​លក់​នៅក្នុង 192 ប្រទេស។

    ហាង ភូមិគ្រឹះ​អង្គរ ផ្តល់​សេវា​បម្រើ​ម្ហូបអាហារ​ច្រើន​មុខ មាន​រសជាតិ​ឆ្ងាញ់​ពិសេស ជាមួយ​សេវាកម្ម​រហ័ស​ទាន់​ចិត្ត ការទទួល​យ៉ាង​រួសរាយ​រាក់ទាក់​ពី​បុគ្គលិក​ហាង​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ហើយ​និង​មាន​ទទួល​រៀបចំ​កម្មវិធី​ខួបកំណើត និង​កម្មវិធី​ជប់លៀងផ្សេង។

    ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ៖

    https://www.facebook.com/heineken

    Heineken – open your world

  • រថយន្ត​ស្ទែ​ម (STEM bus) នាំ​សិស្ស​កម្ពុជា​ទៅរក​ពិភព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា

    រថយន្ត​ស្ទែ​ម (STEM bus) នាំ​សិស្ស​កម្ពុជា​ទៅរក​ពិភព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា

    វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ជា​មុខវិជ្ជា​យ៉ាងសំខាន់​នៅក្នុង​សង្គម​ដែល​គ្រប់​ប្រទេស​ទាំងអស់​កំពុង​យកចិត្តទុកដាក់ ព្រោះ​មុខវិជ្ជា​ទាំងអស់នេះ​កំពុងមាន​តម្រូវការ​ខ្ពស់​ស្របតាម​ការវិវឌ្ឍ​រប​ស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ។

    ដើម្បី​ផ្សព្វផ្សាយ​មុខវិជ្ជា STEM ឱ្យបាន​ទូលំទូលាយ ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ STEM Cambodia និង​ដៃគូ​នានា​បាន​បង្កើតឱ្យមាន​កម្មវិធី​ជាច្រើន​ដែល​សុទ្ធសឹងតែ​ជា​កម្មវិធី​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ដល់​សិស្ស​ឱ្យ​ចង់​រៀន​មុខវិជ្ជា​ទាំងអស់នោះ។ នៅក្នុង​កម្មវិធី​ទាំងអស់នោះ ភាគច្រើន​គេ​បង្កើតឱ្យមាន​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា និង​កម្មវិធី​រថយន្ត​ស្ទែ​ម (STEM Bus)ជាដើម។

    រថយន្ត​ស្ទែ​ម​ជា​រថយន្តក្រុង​ដែលមាន​ក្រុមការងារ និង​សម្ភារ​ឧបករណ៍ផ្សេងៗដែល​នឹង​ចុះទៅ​តាម​សាលា​នានា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​បង្ហាញ​ពី​មេរៀន​វិទ្យាសាស្ត្រងាយៗ និង​ល្បែង​កម្សាន្ត​មួយចំនួន​ដើម្បី​លើកទឹកចិត្ត​ឱ្យ​សិស្ស​នៅ​កម្ពុជា​ពេញចិត្ត​រៀន​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​បង្ហាញ​ឱ្យ​ពួកគេ​បាន​ស្គាល់​ពីមុខ​វិជ្ជា​ដ៏សំខាន់ៗទាំងនេះ​ផងដែរ។ នៅពេលដែល​ពួកគេ​ពេញចិត្ត ស្រឡាញ់ និង​ស្គាល់​ច្បាស់​ពីមុខ​វិជ្ជា STEM សិស្ស​ទាំងអស់នោះ​អាច​នឹង​ពូកែ​ផ្នែក STEM ហើយ​ជ្រើសរើស​ជំនាញ​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​ទាំងអស់នេះ​នៅ​ថ្ងៃ​អនាគត​ធ្វើជា​អាជីព។

    រដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា ឯកឧត្តម អ៊ឹម កុ​ច បាន​លើកឡើងថា សព្វថ្ងៃនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​នឹង​ដៃគូ​នានា​ព្យាយាម​ជំរុញ​ឱ្យ​សិស្ស​ចាប់អារម្មណ៍​លើ​មុខវិជ្ជា STEM ឱ្យ​កាន់តែខ្លាំង ព្រោះថា សង្គម​នាពេល​បច្ចុប្បន្ន​នេះ​កំពុង​ត្រូវការ​មុខវិជ្ជា​នេះ​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ។

    ឯកឧត្តម អ៊ឹម កុ​ច បាន​មានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ ប្រទេស​យើង​កំពុង​អភិវឌ្ឍ ហេតុនេះ​យើង​ត្រូវការ​ធនធានមនុស្ស​ដើម្បី​សាងសង់​ស្ពាន សាងសង់​គម្រោង​អគារធំៗ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ហើយ​ប្រសិនបើ​សិស្ស​កម្ពុ​ជាមាន​សមត្ថភាព​ខ្លាំង​លើ​ផ្នែក STEM ពួកគេ​នឹង​ក្លាយជា​កម្លាំង​ពលកម្ម​យ៉ាងសំខាន់ ហើយ​ជំរុញ​ឱ្យ​ការអភិវឌ្ឍ​កាន់តែ​លឿន»។

    ឯកឧត្តម​បាន​បន្តទៀតថា ពីមុន​យើង​ព្យាយាម​ជំរុញ​ច្រើនតែ​នៅ​តំបន់​ទីប្រជុំជន ឬ​ទីក្រុង​ប៉ុណ្ណោះ តែ​បច្ចុប្បន្ននេះ ក្រសួង​អប់រំ​កំពុង​ព្យាយាម​ប​ញ្ច្រា​ប​ជំនាញ​នេះ​ឱ្យ​សិស្ស​នៅ​តំបន់​ជនបទ​បាន​យល់​កាន់តែច្បាស់​ពី​ផ្នែក STEM តាមរយៈ​ការផ្សព្វផ្សាយ ដោយ​ការប្រើប្រាស់​រថយន្ត​ស្ទែ​ម ឬ STEM Bus និង​តាមរយៈ​កម្មវិធី​ជាច្រើន​ផ្សេងទៀត៕

  • អស្ចារ្យ! Facebook Messenger អាច​ផ្ញើ​រូបភាព​បាន​ក្នុង​កម្រិត 4K

    អស្ចារ្យ! Facebook Messenger អាច​ផ្ញើ​រូបភាព​បាន​ក្នុង​កម្រិត 4K

    ដើម្បី​ឲ្យ​កាន់់តែ​ប្រសើរ​ជាង​មុន Facebook បាន​បន្ថែម​សេវាកម្ម​មួយទៀត គឺ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ផ្ញើ​រូបភាព​តាម Facebook Messenger ដល់​កម្រិត 4K ដែល​លក្ខណៈពិសេស​ថ្មី​នេះ គឺ​កាន់តែ​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់។

    ជាទូទៅ នៅពេល​យើង​ផ្ញើ​រូបភាព​តាមរយៈ Facebook Messenger គឺ​រូបភាព​ត្រូវបាន​កាត់បន្ថយ​គុណភាព ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការយកទៅ​ប្រើប្រាស់ ប៉ុន្តែ​នៅពេលនេះ បញ្ហា​ទាំងនោះ គឺ​លេង​កើតមាន​ទៀតហើយ ដោយសារតែ​មុខងារ​ថ្មី​នេះ បាន​ជួយ​រក្សា​កម្រិត​គុណភាព​រូប​ឲ្យ​នៅ​ដដែល ទាំង​អ្នក​ផ្ញើ និង​អ្នកទទួល ហើយ​អាច​ផ្ញើ​បាន​រហូតដល់​កម្រិត 4K សំខាន់​ឲ្យ​តែ​ទូរស័ព្ទដៃ​នោះ អាច​ទទួលបាន​រូបភាព​កម្រិត 4K។

    តាម​ការបញ្ជាក់​របស់ Facebook បាន​ឲ្យ​ដឹងថា មុខងារ​ថ្មី​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ទាំង​នៅលើ Android និង iOS ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ស្ដាយ​នោះ គឺថា​មិនទាន់​ដាក់​ឲ្យ​ប្រើប្រាស់​ទូទៅ​នោះទេ ពោលគឺ​មានតែ ប្រទេស​កាណាដា សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ចក្រភព​អង់គ្លេស សិង្ហ​បុរី ហុងកុង ជប៉ុន និង​កូរ៉េខាងត្បូង​ប៉ុណ្ណោះ៕

  • បង្គា​ស្រស់​ស្រោច​ទឹកត្រី​កោះកុង​ទ្រាប់​បន្ទះ​ម្រះ​ខ្មែរ

    បង្គា​ស្រស់​ស្រោច​ទឹកត្រី​កោះកុង​ទ្រាប់​បន្ទះ​ម្រះ​ខ្មែរ

    ចំពោះ​បង្គា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​អាហារ​សមុទ្រ​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត និង​តែង​ត្រូវបាន​អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ​យកទៅ​បង្កើត​ធ្វើជា​មុខម្ហូប​គួរ​ជាទី​ទាក់ទាញ​បំផុត ដែល​ក្នុងនោះ​រាប់ទាំង​មុខម្ហូប​បែប​អាស៊ី ក៏ដូចជា​អឺរ៉ុប​ផងដែរ។ ជាក់ស្ដែង​ពេលនេះ បង្គា​បានក្លាយ​ទៅជា​មុខម្ហូប​ប្រចាំខែ​នៃ​ការចេញ​ទស្សនាវដ្ដី ឡា​រ៉ែ​ន លេខ114 ក្រោម​ការបង្ហាញ​ពី​អ្នកជំនាញ​ធ្វើ​ម្ហូប​ប្រចាំ​នៅ​ភោជនីយដ្ឋាន Cowboy នោះ​គឺ មុខម្ហូប​បង្គា​ស្រស់​ស្រោច​ទឹកត្រី​កោះកុង ទ្រាប់​បន្ទះ​ម្រះ​ខ្មែរ។

    គ្រឿងផ្សំ
    • បង្គា​ស្រស់
    • ទឹកត្រី​កោះកុង
    • ផ្លែ​ម្រះ​ខ្មែរ
    • ខ្ទឹមស
    • ជី​អង្កាម

    វិធី​ធ្វើ
    ចំពោះមុខ​ម្ហូប​មួយ​នេះ កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ជាង​មុខម្ហូប​ផ្សេងទៀត​ទាំងអស់ ដោយ​គ្រាន់តែ​ត្រៀម​នូវ​គ្រឿងផ្សំ​ដូចដែល​បាន​រៀបរាប់​ជូន​ខាងលើនេះ​រួចរាល់​ហើយ​នោះ លោកអ្នក​គ្រាន់តែ​យក​បង្គា​ទៅ​វះ​ផ្នែក​ខាង​ខ្នង(កុំឱ្យ​ដាច់ចេញ​ពីគ្នា) ដើម្បី​ លាង​សម្អាត​ឱ្យ​ស្អាត រួច​ទុក​មួយអន្លើ។ យក​ផ្លែ​ម្រះ​ខ្មែរ​ហាន់​ជា​បន្ទះស្តើងៗ ហើយ​លាង​ទឹក​សម្អាត​ជ័រ។ យក​ខ្ទឹមស​ទៅ​បកសម្បក ហើយ​ហាន់​ជាបន្ទះៗ (របៀប​ដូច​ហាន់​ម្រះ​ដែរ)។ ជា​បន្ទាប់​លោកអ្នក​គ្រាន់តែ​យក​បង្គា មក​រៀប​ដាក់​នៅលើ​ចាន​រាបស្មើ ដោយ​យក​ បន្ទះ​ផ្លែ​ម្រះ​មក​ទ្រាប់​ពី​ខាងក្រោម ហើយ​ធ្វើការ​ស្រោច​ទឹកត្រី​កោះកុង​ដែល​បាន​ត្រៀម​ទុក​ពីលើ​ជាការ​ស្រេច។ លុះ​ពេល​ទទួលទាន លោកអ្នក​អាច​បន្ថែម​ស្លឹក​ជី​អង្កាម ដើម្បី​ទទួលទាន​រួមគ្នា​ក៏បាន​អាស្រ័យ​លើ​ចំណូលចិត្ត។ ឃើញ​ទេ… មិន​ពិបាក​សោះ… ដោយ​
    ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​អាច​ធ្វើបាន​ទាំងអស់ សូម​សាកល្បង​ធ្វើ​ទាំងអស់គ្នា​ណា៎…៕

  • កម្ពុជា​ខាត 161លាន​ដុល្លារ​ដោយសារ​អំពើហិង្សា​លើ​កុមារ

    កម្ពុជា​ខាត 161លាន​ដុល្លារ​ដោយសារ​អំពើហិង្សា​លើ​កុមារ

    ការប្រើ​អំពើហិង្សា​លើ​កុមារ​ជា​រឿង​ដែល​អាណាព្យាបាល​នៅ​កម្ពុជា​ចូលចិត្ត​ធ្វើ​បំផុត​ដើម្បី​អប់រំ​កូន ព្រោះ​ពួកគាត់​ជឿថា ការ​វាយ​កូន​ជា​វិធី​ល្អ​បំផុត​ក្នុង​ការកែប្រែកូនៗរបស់​ពួកគាត់​ឱ្យ​ក្លាយជា​មនុស្ស​ល្អ តែ​ផ្ទុយ​មកវិញ អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​កុមារ​បាន​រកឃើញថា ការប្រើ​អំពើហិង្សា​លើ​កុមារ​អាចធ្វើឱ្យ​ពួកគេ​ប៉ះពាល់​លើ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។

    ដោយសារតែ​ផលវិបាក​ផ្នែក​សុខភាព​បណ្តាលមកពី​អំពើហិង្សា​លើ​កុមារ កម្ពុជា​បាន​ខាតបង់​ថវិកា​ប្រមាណ 161លាន​ដុល្លារ​សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​ការប៉ាន់ប្រមាណ​របស់​មូលនិធិ​អង្គការសហប្រជាជាតិ (UNICEF)។

    យោងតាម​ការបង្ហាញរ​បស់​អង្គការ World Vision ក្រសួង​អប់រំ និង​ក្រសួង​កិច្ចការនារី ដែល​បានធ្វើ​វេទិកា​រួមគ្នា​មួយ​បានឱ្យដឹងថា កុមារ​កម្ពុជា​ប្រមាណ 75% កំពុង​ទទួលរង​នូវ​អំពើហិង្សា​យ៉ាងហោចណាស់​ក៏​មួយ​ទម្រង់​ដែរ​មុនពេល​ពួកគេ​គ្រប់​អាយុ 18ឆ្នាំ។ តាមរយៈ​ការស្ទង់មតិ​នេះ​ផងដែរ បានឱ្យដឹងថា កុមារ​កម្ពុជា​ច្រើនជាង 50% ទទួលរង​នូវ​អំពើហិង្សា​ផ្លូវការ និង​កុមារ​ប្រមាណ 25% ទទួលរង​អំពើហិង្សា​ផ្នែក​ផ្លូវចិត្ត និង5% ទៀត​ទទួលរង​នូវ​អំពើហិង្សា​ផ្នែក​ផ្លូវភេទ។

    ក្នុងនោះដែរ លោក ឡេង វីរៈ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) បានលើកឡើង​ផងដែរ​ថា ថវិកា​ដែល​បាន​ខាត​ដោយសារតែ​ផលវិបាក​ផ្នែក​សុខភាព​មកពី​អំពើហិង្សា​លើ​កុមារ គឺមាន​ចំនួន​ប្រមាណ 1.1% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា។

    យោងតាម​ទិន្នន័យ​របស់​អង្គការ World Vision ក៏បាន​បង្ហាញ​ផងដែរ​ថា កុមារ​ប្រមាណ​ជាង1ពាន់​លាន​នាក់​លើ​ពិភពលោក​បានទទួលរ​ង​នូវ​អំពើហិង្សា​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុងចំណោម​កុមារ​ដែល​ទទួលរង​នូវ​អំពើហិង្សា​ទាំងអស់នោះ​ត្រូវបាន​គេ​រកឃើញថា ស្ថិតក្នុង​ទ្វីបអាស៊ី​ច្រើនជាងគេ៕

  • អង្គការ ILO បង្កើត​គណៈកម្មការ​ប​ច្ចេកទេស​លើកកម្ពស់​សុខភាព​កម្ម​ករ​សំណង់​នៅ​កម្ពុជា

    អង្គការ ILO បង្កើត​គណៈកម្មការ​ប​ច្ចេកទេស​លើកកម្ពស់​សុខភាព​កម្ម​ករ​សំណង់​នៅ​កម្ពុជា

    ភ្នំពេញ៖ ដោយ​មើលឃើញថា កម្មករ​ក្នុង​វិស័យ​សំណង់​មានការ​ប្រឈម​នឹង​បញ្ហា​សុខភាព ក៏ដូចជា​សុវត្ថិភាព​ការងារ​ជាង​វិស័យផ្សេងៗទៀត​នោះ អង្គការ​ពលកម្ម​អន្តរជាតិ (ILO)បានស្នើ​មក​ក្រសួង​ការងារ​កម្ពុជា​ដើម្បី​សុំ​បង្កើត​គណៈកម្មការ​បច្ចេក​ទេស​មួយ​សម្រាប់​ផ្តល់​ប្រឹក្សា​យោបល់​ដល់​កម្មករ​ដែល​ធ្វើការ​លើ​វិស័យនេះ។

    លោក Sho Sudo មន្ដ្រី​សម្របសម្រួល និង​ជា​ប្រធាន​ទីប្រឹក្សាបច្ចេកទេស​នៃ​គម្រោង “ការលើកកម្ពស់​ស្ដង់ដា​សុខភាព និង​សុវត្ថិភាព​ការងារ (OSH) ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា” បាន​មានប្រសាសន៍ថា ដើម្បី​ជំរុញ និង​គាំទ្រ​លើ​សុខភាព និង​សុវត្ថិភាព​ការងារ​ចំពោះ​កម្មករ​លើ​វិស័យ​សំណង់​នេះ​លោក​មាន​គោលដៅ​មួយចំនួន​ដើម្បី​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​ការងារ​ជូន​ដល់​ពួកគាត់។ លោក​ថា គម្រោង​នេះ​គឺ​ជំ​រុញឱ្យ​ក្រសួង​រៀបចំ​នូវ​លក្ខខណ្ឌ​គតិយុត្តិ និង​ពង្រឹង​លើ​សន្តិសុខ​សុវត្ថិភាព​ការងារ និង​ស្នើឱ្យ​ក្រសួង​បង្កើត​គណៈកម្មការ​ប្រឹក្សា​យោបល់ បច្ចេកទេស​ដើម្បី​ផ្តល់​ការប្រឹក្សា​យោបល់​ដល់​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យនេះ។

    លោក​បន្ថែមថា ចំពោះ​គណៈកម្មការ​នេះ គឺ​ក្រសួង​ការងារ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្របសម្រួល និង​ផ្ដល់​ការប្រឹក្សា​យោបល់​ដល់​ពួកគាត់ ព្រមជាមួយ​គ្នា​នោះ​ក៏មាន​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និយោជក និង​សហជីព​ដែល​តំណាងឱ្យ​កម្មករ​ជា​សមាជិក​ផងដែរ។លោក​ថា បើ​ក្រុមការងារ​នេះ​បង្កើតឡើង​ហើយ​វា​នឹង​ក្លាយជា​ចំណែក​មួយ​ជួយ​ដល់ក​ម្មករ​សំដៅ​លើកកម្ពស់​សុវត្ថិភាព​ការងារ​របស់​ពួកគាត់។

    ជាការ​ឆ្លើយតប​ឯកឧត្ដម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា ឯកឧត្តម​ពិតជា​រីករាយ និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការលើកឡើង​របស់​តំណាង ILO ក្នុង​ការជួយ​លើកកម្ពស់​វិស័យនេះ​ដល់​បងប្អូន​កម្ម​កររ​បស់​កម្ពុជា។ កន្លងមក​ក្រសួង​បានធ្វើ​ការងារ​ជាច្រើន និង​បានរៀបចំ​លិខិត​គតិយុត្តិ​រួចមកហើយ​ដែរ​ដើម្បី​ធានា​ដល់​ការការពារ​ដល់​បងប្អូន​កម្មករ តែ​យ៉ាងណា​ក្រសួង​នឹង​ពិចារណា​ចំពោះ​សំណូមពរ​ខាងលើនេះ។

    ឯកឧត្តម​មានប្រសាសន៍​បន្តថា បច្ចុប្បន្ន​នៅ​កម្ពុជា​វិស័យ​សំណង់​ពិតជា​មាន​ភាព​រីកលូតលាស់​ខ្លាំងណាស់​ដែល​នេះ​ជាការ​បង្ហាញ​ពី​វឌ្ឍនភាព និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច។ ការរីកលូតលាស់​នេះ​បាន​ស្រូបយក​នូវ​កម្លាំង​ពលកម្ម​ជាច្រើន​ចូលក្នុង​វិស័យនេះ ដែល​ទាមទារ​ឱ្យ​ក្រសួង​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ដែល​បម្រើ​ការងារ​ក្នុង​វិស័យនេះ។

    ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ថ្លែង​គាំទ្រ​ពេញទំហឹង​ចំពោះ​ភាគី ILO ដែលមាន​គម្រោង​ចង់​បង្កើត​គណៈកម្មការ​ប្រឹក្សា​បច្ចេកទេស​ដែល​ក្នុងនោះ​មាន​ក្រសួង​ការងារ​ជា​អ្នកដើរ​តួនាទី​សំខាន់ និង​មាន​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​ដោយ​ការបង្កើត​គណៈកម្មការ​នេះ និង​រួមចំណែក​ក្នុងការ​ពង្រឹង​ច្បាប់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ព្រមទាំង​គិតគូរ​ផងដែរ​ដល់​កិច្ចការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ការងារ​នៅក្នុង​ការដ្ឋាន​សំណង់៕

  • រដ្ឋមន្ដ្រី​ព​ន្លឿ​ន​កិច្ចការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ

    រដ្ឋមន្ដ្រី​ព​ន្លឿ​ន​កិច្ចការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ

    ភ្នំពេញ – មិន​ដល់​មួយខែ​ទៀត​ទេ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​នឹង​បាន​ចូល​ទស្សនា​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី2 លើក​ទី6 នៅ​ខេត្ត​កែប​ជាមួយ​ព្រឹត្តិការណ៍​កម្សាន្ត និង​ពិព័រណ៍​ផលិតផល​ដ៏​ច្រើន​សម្បូរបែប​នៅ​ទីនោះ។

    កាលពីពេលថ្មីៗនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​បានដាក់​អនុសាសន៍​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ព​ន្លឿ​ន​កិច្ចការ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​សមុទ្រ​ឱ្យបាន​ចប់​រួចរាល់​មុន​ថ្ងៃទី1 ខែធ្នូ ឆ្នាំ2017។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ជំរុញ និង​បន្ត​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន​សំដៅ​ព​ន្លឿ​ន​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ2017 ដែល​ក្នុងនោះ​រួមមាន៖

    1- អាជ្ញាធរខេត្ត​ត្រូវ​ព​ន្លឿ​ន​ការរៀបចំ​កែលម្អ​សោភ័ណភាព​ទីក្រុង​កែប​ឱ្យបាន​ស្អាត រៀបចំ​បង្គន់​អនាម័យ​សាធារណៈ បង្គន់​ចល័ត​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រូវ​សម្អាត​អនាម័យ​ជាប្រចាំ។ ត្រូវ​ជំរុញ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​ខេត្ត​ឱ្យបាន​ហើយ​រួចរាល់​ទាន់ពេលវេលា​សម្រាប់​រៀប​ចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ2017។

    2- ចុះ​អប់រំ​បណ្តុះបណ្តាល និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​នានា និង​បញ្ហា​អនាម័យ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុងឱកាស​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ2017 ឱ្យបាន​ពេញចិត្ត ពិសេស​សេវា​ម្ហូបអាហារ និង​កន្លែង​ស្នាក់នៅ។ ដើម្បី​លុបបំបាត់​ការបោះ​ក្រដាស​ជូ​តដៃ​ចោល​ក្រោម​តុ គ្រប់​ភោជនីយដ្ឋាន​ទាំងអស់​ត្រូវ​បំបាត់ និង​បញ្ឈប់​មិនឱ្យ​មានការ​ប្រើប្រាស់​ក្រដាស​ជូត​មាត់​ទៀតឡើយ គប្បី​ប្រើ​កន្សែង​ត្រជាក់​ជំនួស​វិញ។

    3- ត្រូវខិតខំ​បំផុស និង​ណែនាំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឱ្យ​រៀបចំ និង​តុបតែង​គេហដ្ឋាន​របស់ខ្លួន​ឱ្យបាន​ស្អាត សម្រាប់​ជួល​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​ចូលរួម​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ2017 ស្នាក់នៅ សំដៅ​ទាញ​ប្រាក់ចំណូល​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ផ្ទាល់។

    4- ត្រូវ​រៀបចំ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ថ្មីៗឱ្យបាន​ច្រើន ដើម្បី​បម្រើ និង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ2017 ឱ្យបាន​ច្រើន​កុះករ។

    5- ត្រូវ​រៀបចំ​ទស្សនីយភាព​សិល្បៈ ការតាំងពិព័រណ៍​ផលិតផល​ទេសចរណ៍ ពាណិជ្ជកម្ម សកម្មភាព​កីឡា ការបោះ​តង់ និង​កម្មវិធី​សម្អាត​ឆ្នេរ​ឱ្យបាន​ល្អ និង​អញ្ជើញ​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ទាំង4 និង​ខេត្ត​ជា​សម្ព័ន្ធមិត្ត​ចូលរួម​សម្តែង​ផងដែរ។ ចំពោះ​កម្មវិធី​កីឡា​នេះ​ទៀតសោត ត្រូវ​រៀបចំ​ប្រភេទ​កីឡា​លើទឹក និង​លើ​ឆ្នេរ​ឱ្យបាន​ច្រើន ដូចជា ទូកក្តោង ម៉ូតូ​ទឹក និង​បាល់ទះ​ឆ្ន​រ​ខ្សាច់ ជាដើម និង​ត្រូវ​រៀបចំ​ព្យុហយាត្រា​ឱ្យបាន​ល្អ។

    6- ត្រូវខិតខំ​យកចិត្តទុកដាក់​ការពារ និង​រក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អប្រសើរ​ក្នុងឱកាស​ពី​ធី​បុណ្យ​សមុទ្រ ឆ្នាំ2017។ ត្រៀម​រថយន្ត​សង្គ្រោះ ត្រៀម​ស្ដង់​ពេទ្យ​ប្រចាំការ និង​ត្រៀម​អ្នក​សង្គ្រោះ​បឋម​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយ​ប្រការ​ណាមួយ​ក្នុងឱកាស​ពិធីបុណ្យ​សមុទ្រ​នេះ។

    7- ជំរុញ​ការផ្សព្វផ្សាយ​អំពី​បុណ្យ​សមុទ្រ​ឱ្យបាន​ទូលំទូលាយ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ និង​ឯកជន មាន​ទូរទស្សន៍ ព័ត៌មាន​អន​ឡាញ វិទ្យុ ស្លាក​សញ្ញា​តាម​ដងផ្លូវ ស្លាក​ស្ទិ​ក​ឃ័​រ​បី​ត​នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម។

    8- ឯកឧត្តម​រដ្ឋមន្ត្រី​នឹង​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ចុះ​ត្រួតពិនិត្យ​តាម​ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន​ទេសចរណ៍​ជាដើម ប្រសិនបើ​កន្លែង​ណា​គ្មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍ ត្រូវ​ជំរុញ​ឱ្យ​ថៅកែ ឬ​ប្រធាន​គ្រប់គ្រង​មកសុំ​អាជ្ញាប័ណ្ណ​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់។

    ឯកឧត្តម​រដ្ឋមន្ត្រី​បានឱ្យដឹងថា មន្ទីរ-អង្គភាព និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ព​ន្លឿ​ន​ការរៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​នានា កែលម្អ​សោភ័ណភាព​នៅតាម​ដងផ្លូវ និង​ក្នុង​ទីធ្លារ​សាធារណៈ​នានា ចំណែក​សហគមន៍​ទេសចរណ៍​ក៏ត្រូវ​ត្រៀមលក្ខណៈ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ទទួល​ទេសចរ​ឱ្យបាន​ល្អ​ផងដែរ។ តាមរយៈ​ការរៀបចំ​ពី​ធី​បុណ្យ​សមុទ្រ​នេះ លោក​រដ្ឋមន្ត្រី​ចង់​ជំរុញ​ឱ្យ​ខេត្ត​កែប​ក្លាយជា​ខេត្ត​គំរូ​ក្នុងការ​ធ្វើឱ្យ​ទីក្រុង​មាន​ភាព​ស្អាត និង​បៃតង ស្របតាម​ស្ដង់ដារ​អាស៊ាន ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ ទេសចរ​ក្នុង​តំបន់ ក៏ដូចជា​ទេសចរ​នៅ​ជុំវិញ​ពិភពលោក​ផងដែរ។

    គួរ​បញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​ត្រូវបាន​ប្រារព្ធ​ឡើង​ចំនួន5លើក​រួចមកហើយ ហើយ​ការ​ប្រារព្ធ​ឡើងជា​ថ្មី​នៅ​ខេត្ត​កែប​នេះ នឹង​ធ្វើឡើង​រយៈពេល3ថ្ងៃ ចាប់ពី​ថ្ងៃទី22-23-24 ខែធ្នូ ឆ្នាំ2017 ក្រោម​ប្រធានបទ «ឆ្នេរសមុទ្រ​បៃតង៖ «បច្ចុប្បន្ន គឺ​អនាគត​និរន្តរភាព​ទេសចរណ៍ ដើម្បី​ការអភិវឌ្ឍ»។ កាលពី​ឆ្នាំ2016 ដែល​បាន​រៀបចំឡើង​នៅ​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ចូលរួម​កម្សាន្ត និង​ទស្សនា​ប្រមាណ​ជាជាង50ម៉ឺន​នាក់៕

  • កុមារតូចៗចាប់ផ្តើម​រៀន​គ្រប់យ៉ាង​ពី​មនុស្ស​ធំ តែ​យើង​គ្រប់គ្នា​មិនដឹង​ខ្លួន

    កុមារតូចៗចាប់ផ្តើម​រៀន​គ្រប់យ៉ាង​ពី​មនុស្ស​ធំ តែ​យើង​គ្រប់គ្នា​មិនដឹង​ខ្លួន

    អាណាព្យាបាល​ជាច្រើន​ប្រហែលជា​មិនដែល​នឹក​ដល់​ទេ​ថា កូនតូចៗដែល​ពេលខ្លះ​ទើបនឹង​ចេះ​និយាយ​នោះ​កំពុង​រៀន​អ្វី​គ្រប់យ៉ាង​ពី​មនុស្ស​ធំ ដែល​ចំណុច​នេះ​ធ្វើឱ្យ​ឪពុកម្តាយ​ខ្លះ​មានការ​ភ្ញាក់ផ្អើល​នៅពេលដែល​ពួកគាត់​សង្កេតឃើញ​ចំណុច​អវិជ្ជមាន​របស់គាត់​ត្រូវបាន​ក្មេង​ធ្វើតាម​នៅពេល​ណាមួយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោកស្រី គឹម សុជាតា នាយិកា​សាលា​អន្តរជាតិ សាស្តា បាន​លើកឡើងថា ក្មេង​ចាប់ផ្តើម​រៀនសូត្រ និង​មាន​ការចេះ​គិត​តាំងពី​ពួកគេ​នៅ​វ័យក្មេង​បំផុត ហេតុនេះ​ការបង្រៀន​ពួកគាត់​គឺជា​រឿង​សំខាន់បំផុត​មួយ​ដែល​អាណាព្យាបាល​គួរតែ​យកចិត្តទុកដាក់ ហើយ​ការប្រើ​អាកប្បកិរិយា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ព្រោះ​ពួកគេ​ចាប់យក​រូបភាព​គ្រប់យ៉ាង ទោះបីជា​ពួកគេ​មិនចេះ​និយាយ​ក៏ដោយ។

    លោកស្រី គឹម សុជាតា បាន​និយាយថា៖ «ក្មេង​ដែល​ទទួលបាន​ការអប់រំ​ត្រឹមត្រូវ​តាំងពី​នៅ​តូច​អាច​ក្លាយជា​ក្មេង​ដែលមាន​ភាពក្លាហាន​ច្រើនជាង​ក្មេង​ទូទៅ ដែល​រស់នៅ​ជាមួយនឹង​មនុស្ស​ធំ​តែ​មិនបាន​បង្រៀន​ហើយ​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ទម្លាប់​ប្រចាំថ្ងៃ»។

    អ្នក​អប់រំ​ក្មេង​តូច​ខាងលើ​បានបង្ហាញ​ឱ្យដឹង​ផងដែរ​ថា មនុស្ស​ធំ​គួរ​យកចិត្តទុកដាក់​ក្នុងការ​ប្រើប្រាស់​ពាក្យសម្តី និង​អាកប្បកិរិយាល្អៗជាមួយ​ក្មេងតូចៗ ព្រោះថា ពួកគេ​បាន​ចម្លង​យក​អ្វី​គ្រប់យ៉ាង​ដែល​មនុស្ស​ធំ​បានធ្វើ។ ការដែល​ដាក់ឱ្យ​កូន​រស់នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ អាចជា​ជម្រើស​ល្អ​មួយ​ដើម្បីឱ្យ​ពួកគេ​រស់នៅក្នុង​បរិស្ថាន​ដែល​ទន់ភ្លន់ កក់ក្តៅ និង​មាន​អ្នកជំនាញ​សម្រាប់​អប់រំ​ទាំង​សុខភាព និង​ផ្លូវចិត្ត​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ម្នាក់​នៅ​ថ្ងៃ​អនាគត។

    លោក ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន បាន​លើកឡើងថា ក្មេងតូចៗ ក៏ត្រូវ​ការរៀន​ដូច​មនុស្ស​ធំ​ដែរ គ្រាន់តែ​ពេលខ្លះ​ការរៀន​របស់​ពួកគាត់​គឺ​ខុសប្លែក​ពី​ក្មេង​ដែល​និយាយ​ស្តាប់​គ្នា​បាន។ ក្មេង​តូច​ត្រូវការ​ការយកចិត្តទុកដាក់ ហើយ​ចូលចិត្ត​លេង​ជាង​ការរៀន​អ្វីដែល​លំបាក​គិត ហេតុនេះ​អ្នកជំនាញ​គេ​អាច​ប្រើប្រាស់​វិធី​លេង​ដែល​បង្កប់​ដោយ​ចំណេះដឹង និង​បំផុស​ការគិត​ដែល​អាចធ្វើឱ្យ​ក្មេង​នោះ​ក្លាយជា​មនុស្ស​ដែលមាន​ហេតុផល ចេះ​គិត និង​មាន​ភាពក្លាហាន​នៅពេលដែល​ពួកគេ​ធំ​ឡើង៕

  • Seagate បង្ហាញ Hard Disk ទំហំ 12TB សម្រាប់ Desktop និង NAS

    Seagate បង្ហាញ Hard Disk ទំហំ 12TB សម្រាប់ Desktop និង NAS

    Seagate បង្ហាញខ្លួន Hard Disk ស៊េរី​ថ្មី​ដែលមាន​ឈ្មោះថា BarraCuda Pro ទំហំ 3.5 inh សម្រាប់​កុំព្យូទ័រ​លើ​តុ ឬ Desktop PC និង IronWolf / IronWolf Pro សម្រាប់​ទុកដាក់​រក្សា​ព័ត៌មាន​ក្នុង​បណ្ដាញ ឬ NAS ។ចំណុច​លេចធ្លោ ក្រៅពី​ទំហំ​ផ្ទុក​កម្រិត 12TB(ថេ​រ៉ា​បៃ​ត៍) ហើយ ​ថែមទាំង​មាន​ល្បឿន​វិល​ក្នុង​កម្រិត 7200 rpm Support ឃែ​ច​បាន​ខ្នាត256MB ដោយ​ការតភ្ជាប់​ជា​ប្រភេទ SATA IIII។តែ​នៅលើ​ស៊េរី IronWolf និង IronWolf Pro នឹង​ខុសប្លែកគ្នា​គឺ ការគាំទ្រ​ការធ្វើការងារ​ដំណាលគ្នា​ទាំងអស់ 8-16 Bay ដូចគ្នា។

    តែ​ការធានា​ខុសគ្នា​នៅត្រង់​ដែល BarraCuda Pro និង IronWolf Pro នឹង​បានទទួល​ការធានា5ឆ្នាំ ខណៈដែល IronWolf ធានា​តែ3ឆ្នាំ​ប៉ុណ្ណោះ និង​ការកំណត់​ពេលវេលា​ចេញលក់​នៅលើ​ទីផ្សារ​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយទេ៕