Author: វល័ក្ខ

  • ជប៉ុន​សន្យា​ជំរុញ​អ្នកវិនិយោគ​ពី​ក្រុង​សេន​ដាយ មកកាន់​កម្ពុជា​ឱ្យបាន​ច្រើន

    ជប៉ុន​សន្យា​ជំរុញ​អ្នកវិនិយោគ​ពី​ក្រុង​សេន​ដាយ មកកាន់​កម្ពុជា​ឱ្យបាន​ច្រើន

    ភ្នំពេញ – ស្របពេល​កម្ពុជា​កំពុង​ក្លាយជា​ទីតាំង​ដ៏​មាន​សក្ដានុពល​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អន្ដរជាតិ​នោះ ថ្មីៗនេះ​កម្ពុជា​ក៏បាន​ជំរុញ និង​លើកទឹកចិត្ដដ​ល់​អ្នកវិនិយោគ​ជប៉ុន​ដើម្បី​មក​បោះទុន​វិនិយោគ​បន្ថែម​នៅ​កម្ពុជា។

    ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានលើកឡើង​ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​ជប៉ុន ជា​ប្រធាន​ធនាគារ 77 Bank ថា ឯកឧត្ដម​មាន​ចិ​ត្ដ​សប្បាយរីករាយ​ដែល​គណៈប្រតិភូ​ជប៉ុន​បាន​ស្វែងយល់​កាន់តែច្បាស់​អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​កាលានុវត្តភាព​នានា​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា។ ជាមួយគ្នានេះ​ឯកឧត្ដម​ក៏បាន​លើកឡើង​ពី​ការចូលរួមចំណែក​រប​ស់រាជ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ក្នុង​ការស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​ជាង2ទស្សវត្សរ៍​កន្លងមក និង​កំណើន​នៃ​ការវិនិយោគ​របស់​ជប៉ុន​ក្នុងអំឡុងពេល1ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​បាន​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​នាំមក​នូវ​បច្ចេកវិទ្យាថ្មីៗដែរ។

    រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ដែរ​អំពី​គោលនយោបាយ​បើកចំហ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ស្វាគមន៍ និង​ឱកាស​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ជាពិសេស​ការវិនិយោគ​ផ្ទា​ល់ពី​ជប៉ុន។ ក្នុងនាម​ជា​ស្ថាប័ន​ជំរុញ​ការវិនិយោគ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តែងតែបាន​ចូលរួម​សិក្ខាសាលា​វិនិយោគ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​ក៏ដូចជា​រៀបចំ​ឱ្យមាន​តុ​ជប៉ុន និង​យន្តការ​គាំពារ​អ្នកវិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ផងដែរ។

    សូមបញ្ជាក់ថា 77 Bank ជា​ធនាគារ​ដ៏​ធំ​មួយ​ដែលមាន​ទីស្នាក់ការ​នៅ​ក្រុង សេន​ដាយ (Sendai) ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ជប៉ុន និង​ការវិនិយោគ​ផ្ទាល់​ពី​ជប៉ុន​មកកាន់​កម្ពុជា​នាពេល​កន្លងមក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាពិសេស​នៅ​ឆ្នាំ 2016 ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ជប៉ុន​ដែលមាន​ដើមទុន​វិនិយោគ​សរុប​ប្រមាណ 822លាន​ដុល្លារ​អាមេរិក។

    ឆ្លើយតប​នឹង​ការស្វាគមន៍​របស់​កម្ពុ​ជា លោក អ៊ុ​ជី​អិ តេ​រឺ​ហ៊ី​កុ ប្រធាន​ធនាគារ 77 Bank បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​យក​ចិ​ត្ដ​ទុកដាក់​លើ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជប៉ុន ដែលជា​ការឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូវ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ដល់​ការអភិវឌ្ឍ​វិស័យ​ឯកជន។ ពិសេស​លោក​ក៏បាន​កោតសរសើរ​នូវ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ដែល​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម​ប្រមាណ7%ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ជាង2ទសវត្សរ៍​កន្លងទៅ និង​បាន​សន្យាថា នឹង​ជួយ​ជំរុញ​ការវិនិយោគ​ពី​ក្រុង សេន​ដាយ មក​កម្ពុជា៕

  • The Phnom Penh Designers Week បាន​ត្រឡប់​មកវិញហើយ!!!

    The Phnom Penh Designers Week បាន​ត្រឡប់​មកវិញហើយ!!!

    នៅ​ថ្ងៃទី 02 ខែធ្នូ​ខាងមុខនេះ ក្រុម​អ្នកជំនាញ​ខាង​រចនា​ម៉ូដ The Phnom Penh Designers Week (PPDW) នឹង​រៀបចំ​ព្រឹត្តិការណ៍ PPDW លើក​ទី9 នៅឯ Audi Showroom រាជធានី​ភ្នំពេញ។

    ព្រឹត្តិការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការរៀប​រៀង​ដោយ Fashion Lab និង​សហការ​ណ៌​ចូល​ជា​ដៃ​គួរ​ដោយ​ក្រុមហ៊ុន Audi Phnom Penh, Singha , Secret Garden, Sovrin, Sabay, La Riene, Phnom Penh Post និង  Yves Rocher។ ក្នុង​រដូវ​កាល​នេះ​ផងដែរ PPDW បានធ្វើការ​ជ្រើសរើស​និង​ប្រមូល​ម៉ូដថ្មីៗពី​អ្នក​រចនា​ម៉ូដ និង​ម៉ាក​ចំនួន 7 ក្នុងប្រទេស​កម្ពុជា ហើយក៏​នឹងត្រូវ​បានបង្ហាញ ចំនួន​ពីរដង​គឺ​នៅ​ម៉ោង 1រសៀល និង ម៉ោង7ល្ងាច។

    ម៉ូដថ្មីៗពី​យីហោ​ឈ្មោះ Don Protasio, Ambre Men និង Armada Asia ចូលរួម​ការបង្ហាញ​សម្រាប់​សម្លៀកបំពាក់​បុរស ចំពោះ​សម្រាប់​នារី សម្លៀកបំពាក់​បែប​កំប្លុកកំប្លែង​ដោយ A.N.D accesories, កាបូប​ស្រស់ស្អាត​ពី Cromia of Unique Fashion និង Lee & Taylor urban បែប​សិច​ស៊ី និង បរិស្ថាន​កែឆ្នៃ​បែប​ងាយស្រួល ដោយ Christine Gauthier នឹង​បង្ហាញជូន​នូវ​ការបង្កើត​ថ្មី​បំផុត​របស់​ពួកគេ​ដែលមាន​ចំណងជើង​ថា «ការប៉ះទង្គិច​នៃ​ភាព​ទ្វេ​រដង»។

    ប្រធានបទ​ដែលមាន​ការប្រកួត​នឹង​ប្រជែង​នេះ​អនុញ្ញាតឱ្យ​អ្នក​ច្នៃប្រឌិត​ស្វែងយល់​ពី​ទិសដៅ​ថ្មី​ដោយ​ការខិតខំ​បន្តរ​ដំណើរ​ទៅមុខ ក្នុងការ​កំណត់​រចនា​សម្ព​ន្ធ័​នៃ​អត្តសញ្ញាណ​របស់​ពួកគេ។ ភាព​ភ្ញាក់ផ្អើល​ដោយ​ការ​ទន្ទឹង​រងចាំ​ក្នុង​ព្រឹត្តិការណ៍​នេះ បានកើត​ឡើង​ដោយ​កិច្ចសហការ រវាង Audi និង​អ្នក​ច្នៃ​ម៉ូដ​ខាងលើនេះ ។ ព្រឹត្តិការណ៍​តែមួយ​ថ្ងៃនេះ ធ្វើការ​អញ្ជើញ​ទៅ​ភ្ញៀវ​ទាំងអស់​ដោយ​ការសន្យា​នឹង​ប្រែក្លាយជា​រដូវ​កាល​ដ៏​គួរឱ្យ​រំភើប​មួយ​ទៀ​នៅក្នុង​ទីក្រុង​ភ្នំពេញ៕

  • ព័ត៌មាន​ចុងក្រោយ​បញ្ជាក់ថា Samsung Galaxy S9 នឹង​បង្ហាញខ្លួន​ក្នុង​ខែមីនា 2018

    ព័ត៌មាន​ចុងក្រោយ​បញ្ជាក់ថា Samsung Galaxy S9 នឹង​បង្ហាញខ្លួន​ក្នុង​ខែមីនា 2018

    ខណៈដែល Fan របស់ Apple កំពុង​ជ្រួលជ្រើម​ជាមួយនឹង​វត្តមាន​របស់ iPhone X នោះ ស្រាប់​តែមាន​ព័ត៌មាន​ថ្មី​ទាក់ទង​នឹង​ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy របស់ Samsung វិញ​ម្ដង ហើយ​ដំណឹង​នេះ ក៏​ជា​ព័ត៌មាន​រសើប​ណាស់​ផងដែរ​នៅលើ​ប្រពន្ធ​អន​ឡាញ។

    សារព័ត៌មាន​ចិន បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន Samsung ទំនងជា​ប្រកាស​បង្ហាញ Galaxy S9 នៅ​ដើមឆ្នាំ 2018 ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​ដ៏​អស្ចារ្យ​ជាច្រើន ព្រោះ​វា​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​តែមួយគត់​ដែល​អាច​សម្លាប់ iPhone X បាន។

    ប្រភព​ដដែល​បាន​បញ្ជាក់ថា Samsung Galaxy S9 ប្រើប្រាស់ Chipset ប្រភេទ Exynos 9810 និង​មាន RAM ទំហំ 4GB ហើយនឹង​ប្រកាស​បង្ហាញ​ក្នុង​ខែមីនា ឆ្នាំ 2018 ប៉ុន្តែ​ព័ត៌មាន​មុននេះ បញ្ជាក់ថា អាច​នឹង​បង្ហាញ​ក្នុង​ខែមករា ចំណែក​លក្ខណៈពិសេសផ្សេងៗទៀត​នោះ នៅ​មិនទាន់​ទម្លាយ​ឲ្យ​ដឹង​នោះទេ៕

  • iPhone X លក់បាន 6លាន​គ្រឿងក្នុង​រយៈពេល​តែមួយ​ថ្ងៃ

    iPhone X លក់បាន 6លាន​គ្រឿងក្នុង​រយៈពេល​តែមួយ​ថ្ងៃ

    មាន​មនុស្ស​ជាច្រើន​បាន​និយាយថា iPhone X ហាក់ដូចជា​គ្មានអ្វី​អស្ចារ្យ ប៉ុន្តែ​សម្រាប់ Fan របស់ Apple ជាពិសេស​គឺ​អតិថិជន iPhone តែម្ដង បាន​ចាប់អារម្មណ៍ និង​នាំគ្នា​សម្រុក​ទិញ​យកមកប្រើ រហូត​ធ្វើ​ឲ្យ​តួលេខ​នៃ​ការលក់ iPhone X កើនឡើង​ខ្ពស់បំផុត។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Phone Arena បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ Black Friday ក្រុមហ៊ុន Apple លក់ iPhone X បាន​រហូតដល់ 6លាន​គ្រឿង ខណៈដែល​តួលេខ​តាំងពី​ចាប់ផ្ដើម​លក់ រហូតមកដល់​ពេលនេះ ត្រូវបាន​គេ​ដឹងថា មាន​រហូតដល់ 15លាន​គ្រឿង។

    ក្រុមអ្នកវិភាគ​ជាច្រើន​បាន​និយាយថា iPhone X គឺជា​ប្រភព​ចំណូល​ធំ​មួយ​សម្រាប់ Apple នៅក្នុង​រដូវ​កាល​ចុងឆ្នាំ​នេះ ជាពិសេស​គឺ​ម៉ូ​ដែល 256GB។ ជាមួយគ្នា​នោះ​ផងដែរ ក៏មាន​ព័ត៌មាន​លេចឮ​មក​ថា ក្រុមហ៊ុន Apple កំពុង​បង្កើនល្បឿន​នៃ​ការផលិត iPhone X ដើម្បី​បំពេញតម្រូវការ​អតិថិជន៕

    https://www.youtube.com/watch?v=K4wEI5zhHB0

    https://www.youtube.com/watch?v=cJZoTqtwGzY

  • ប្រទេស​សមាជិក​ថ្នាក់​តំបន់​ជំរុញឱ្យមាន​ការបង្កើត​ទីផ្សារ​រួមគ្នា​មួយ

    ប្រទេស​សមាជិក​ថ្នាក់​តំបន់​ជំរុញឱ្យមាន​ការបង្កើត​ទីផ្សារ​រួមគ្នា​មួយ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​ថ្នាក់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក បានរួម​គ្នា​ធ្វើ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​សហការ​រៀបចំ​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​របស់​អង្គការសហប្រជាជាតិ (UNESCAP) ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ជំរុញឱ្យមាន​ការបង្កើត​ទីផ្សារ​រួមគ្នា​មួយ​ឱ្យ​ឆាប់រហ័ស​ក្នុង​គោលដៅ​ធ្វើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

    សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី2នេះ​ធ្វើឡើង​ដោយ​មានបំណង​ស្វែងយល់​ពី​វឌ្ឍនភាព​របស់​ប្រទេស​ជា​សមាជិក សម្រាប់​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការធ្វើសមាហរណកម្ម​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (Regional Economic Cooperation and Integration – RECI) ដូច​មានកំណត់​នៅក្នុង​សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក(Bangkok Declaration) ដែល​ត្រូវ​បានអនុម័ត​នា​អំឡុងពេល​សន្និសីទ​រដ្ឋ​មន្ត្រី​កាលពី​លើក​ទី1។

    សូម​រំឭកថា សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក​បាន​អំពាវនាវ​ឱ្យ UNESCAP បន្ត​អនុវត្ត RECI ដោយ​ផ្តោតលើ​វិស័យសំខាន់ៗចំនួន4 រួមមាន ៖

    1.ការ​ឆ្ពោះទៅរក​ការបង្កើត​ទីផ្សារ​រួមគ្នា

    2.ការអភិវឌ្ឍ​កា​រត​ភា្ជ​ប់​គ្នា​នៅ​ទូទាំង​តំបន់​សម្រាប់​វិស័យ​ដឹកជញ្ជូន ថាមពល ព័ត៌មាន និង​បច្ចេកវិទ្យា​គមនាគមន៍

    3.ការបង្កើន​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ

    និង4.ការបង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ដើម្បី​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ  និង​ហានិភ័យ​រួម ដោយ​វិស័យ​ទាំង4នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការអនុវត្ត របៀបវារៈ 2030 ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ផងដែរ។

    លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ និង​ជា​តំណាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានលើកឡើង​អំពី​វឌ្ឍនភាព​ការងារ​នៅក្នុង​វិស័យ​ទាំង4ខាងលើ ដែល​ប្រទេសនីមួយៗសម្រេចបាន​នាពេល​កន្លងមក អំពី​បញ្ហា​ប្រឈម និង​ទស្សនវិស័យ​លើ​ការបង្កើន​ការអនុវត្ត RECI ដើម្បីឱ្យ​លេខាធិការដ្ឋាន​ដាក់បញ្ចូល​ទៅក្នុង​សេចក្ដីព្រាង​សេចក្តីថ្លែងការណ៍​បន្ទាប់។ ជា​លទ្ធផល អង្គ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី2នេះ​បានអនុម័ត​លើ​សេចក្ដីព្រាង​សេចក្តីថ្លែងការណ៍​ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការធ្វើសមាហរណកម្ម​នៅក្នុង​តំបន់​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​របៀបវារៈ​ឆ្នាំ2030 សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក។

    សន្និសីទ​នេះ​ក៏បាន​លើកឡើង​ផងដែរ​អំពី​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ (High-level side event on the Belt and Road Initiative) ដែល​សហការ​រៀបចំឡើង​ដោយ ESCAP និង​ប្រទេស​ចិន​ក្នុង​ដំណើរ​ការតភ្ជាប់​តំបន់ ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ក៏ដូចជា​នៅ​ទូទាំង​តំបន់​ផងដែរ៕

  • Young ជួយ​ឲ្យ Man Utd កាត់​ពិន្ទុ​តាម​ពីក្រោយ ខណៈ Spurs ជួប​ការខកចិត្ត

    Young ជួយ​ឲ្យ Man Utd កាត់​ពិន្ទុ​តាម​ពីក្រោយ ខណៈ Spurs ជួប​ការខកចិត្ត

    ក្រុម Manchester United បាន​កាត់បន្ថយ​ពិន្ទុ​នាំមុខ​របស់​ក្រុម Manchester City នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ឲ្យ​នៅ​មក​ត្រឹម5ពិន្ទុ ខណៈដែល​ខ្សែបម្រើ Ashley Young បានធ្វើ​ឲ្យ​ពួកគេ​ទទួល​ជ័យជម្នះ 4-2 លើ​ក្រុម Watford ខណៈដែល​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពានរ​បស់​ក្រុម Tottenham បាន​ជួប​ការខកចិត្ត​ធំ​តាមរយៈ​ការ​ចាញ់​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Leicester កាលពី​ថ្ងៃ​អង្គារ។

    គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី1របស់ Young សម្រាប់​ក្រុម Man United ចាប់តាំងពី​ខែឧសភា ឆ្នាំ2016 បាន​កើតឡើង​នៅមុន​ពេល​មាន​គ្រាប់​បាល់1គ្រាប់​ពី​ខ្សែប្រយុទ្ធ Anthony Martial ខណៈដែល​ក្រុម​បិសាច​ក្រហម​មួយ​នេះ​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​តង់​ទី1នា​កីឡដ្ឋាន Vicarage Road។ ការទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី3ជាប់ៗគ្នា​របស់​ក្រុម Man United ត្រូវបានធ្វើ​ឲ្យ​មាន​សុវត្ថិភាព។

    នៅពេល​ជិត​បញ្ចប់​ការប្រកួត ខណៈដែល Troy Deeney និង Abdoulaye Doucoure បា​នរក​គ្រាប់​បាល់​វាយបក​វិញ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ មុនពេល Jesse Lingard បាន​បណ្តើរ​បាល់​ដាច់​តែម្នាក់ឯង​ហើយ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ។ បើទោះបី​ក្រុម Man United បាន​កាត់បន្ថយ​ពិន្ទុ​ដេញតាម​ក្រោយ​ក្រុម Man City ក៏ដោយ ប៉ុន្តែ​ក្រុម​របស់លោក Pep Guardiola ដែល​កំពុងតែ​សម្លឹង​រក​ការទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី12ជាប់ៗគ្នា​របស់​ពួកគេ​នោះ អាច​នឹង​រក្សា​ការនាំ​មុខ8ពិន្ទុ​វិញ នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Southampton នៅ​រាត្រី​នេះ។

    ចំណែក​នៅឯ​កីឡដ្ឋាន King Power ឯនោះ​វិញ ក្រុម Tottenham បាន​ភ្លាត់ស្នៀត និង​រង​បរាជ័យ​ដ៏​គួរឱ្យ​ខកចិត្ត​មួយ ដែល​ធ្វើ​ឲ្យ​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ត្រឹមតែ1លើក​គត់​ក្នុងចំណោម​ការប្រកួត​ក្របខ័ណ្ឌ​លី​ក5លើកចុងក្រោយ​របស់​ពួកគេ៕

    ប្រភពពី៖ The Straits Times

  • អាមេរិក ហាម​បុគ្គលិក​សេត​វិមាន ប្រើប្រាស់​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន

    អាមេរិក ហាម​បុគ្គលិក​សេត​វិមាន ប្រើប្រាស់​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន

    អាមេរិក៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹងថា នៅពេលនេះ សេត​វិមាន របស់​សហរដ្ឋអាមេរិក បានគ្រោង​ចេញ​ច្បាប់​ថ្មី ហាម​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​សេត​វិមាន​ទាំងអស់​ប្រើប្រាស់​ទូរស័ព្ទ​ផ្ទាល់ខ្លួន ដែល​បម្រាម​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្ដី​ព្រួយបារម្ភ និង​ខ្លាំង​បែកធ្លាយ​ការណ៍​សម្ងាត់​របស់​សេត​វិមាន​ទៅដល់​ស្ថា​ប័​ន្ធ​ព័ត៌មាន ឬ​រដ្ឋាភិបាលផ្សេង។

    ប្រភព​ដដែល​បាន​បន្តទៀតថា ការចេញ​ច្បាប់​ថ្មី​នេះ ប្រហែលជា​ត្រូវ​ប៉ះពាល់​ដល់​ការទំនាក់ទំនង​របស់​បុគ្គលិក​សេត​វិមាន ជាមួយនឹង​គ្រួសារ ជាពិសេស​គឺ​ការទំនាក់ទំនង​ផ្ទាល់ខ្លួន ប៉ុន្តែ​ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​ជាតិ ត្រូវតែ​អនុញ្ញាត ជាក់ស្ដែង​ដូច​កាលពីដើម​ឆ្នាំនេះ ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន​របស់លោក John Kelly ប្រធាន​បុគ្គលិក​ប្រចាំ​សេត​វិមាន ត្រូវបាន​ក្រុម​អាណា​មិ​ក​លួ​យ​វាយប្រហារ ដើម្បី​ស្វែងរក​ទិន្នន័យ​ផ្សេង ហើយ​បើតាម​ការបញ្ជាក់​បន្ថែម គឺ​មិនមែន​មានតែ​ទូរស័ព្ទ​របស់លោក John Kelly មួយទៀត​ដែល​ទទួលរង​ការវាយប្រហារ​នោះ។

    បើតាម​ព័ត៌មាន​ផ្ទៃក្នុង​បាន​ឲ្យ​ដឹងថា បុគ្គលិក​ជាន់ខ្ពស់​ដែល​បម្រើ​ការងារ​នៅ​សេត​វិមាន ភាគច្រើន​គឺ​ប្រើប្រាស់​ទូរស័ព្ទ Blackberry ជាពិសេស​គឺ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​តែម្ដង ព្រោះ​សេត​វិមាន និង FBI ព្រមទាំង​ក្រុមហ៊ុន RIM បាន​បញ្ជាក់ថា ដើម្បី​សុវត្ថិភាព​ត្រូវ​ប្រើ​ទូរស័ព្ទ Blackberry៕

  • លោកឪពុក​របស់​កុមារ​រើស​សំរាម​នៅ​ស្ទឹងមានជ័យ​ទទួល​សញ្ញាបត្រ​កិត្តិយស​ផ្នែក​សង្គមកិច្ច

    លោកឪពុក​របស់​កុមារ​រើស​សំរាម​នៅ​ស្ទឹងមានជ័យ​ទទួល​សញ្ញាបត្រ​កិត្តិយស​ផ្នែក​សង្គមកិច្ច

    ផ្តើមចេញពី​ផលិតករ​នៃ​ផលិតកម្ម Hollywood ដ៏​ល្បីល្បាញ លោក Scott Neeson បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ 2004 ដើម្បី​ជួយសង្គ្រោះ​កុមារ​រើស​សំរាម​ជាច្រើន​នៅ​ស្ទឹងមានជ័យ​ឱ្យទទួល​បានការ​អប់រំ និង​ការរស់នៅ​ប្រកបដោយ​គុណ​តម្លៃ​នៅក្នុង​សង្គម។

    លោក Scott Nesson ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បានទទួល​នូវ​សមិទ្ធផល​ថ្មី​មួយទៀត​គឺ បណ្ឌិត​កិត្តិយស​ផ្នែក​សង្គមកិច្ច​ពី​សាកលវិទ្យាល័យ​សុខាភិបាល និង​វិទ្យាសាស្ត្រ​សង្គម St. Elizabeth។ នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម​សីហមុនី លោក​គឺជា​បុគ្គល​ទី2 ដែល​ទទួលបាន​សញ្ញាបត្រ​កិត្តិយស​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ស្លូ​វ៉ា​គី។

    ថ្លែង​នៅក្នុង​ថ្ងៃ​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជូន​លោក Scott Neeson  លោក​សាស្ត្រាចារ្យ​បណ្ឌិត Vladirmir Krchmery ស្ថាបនិក និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ St. Elizabeth បាន​មានប្រសាសន៍ថា គោលបំណង​នៃ​សាកលវិទ្យាល័យ​របស់លោក​គឺ ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅលើ​ពិភពលោក​តាមរយៈ​ការងារ​សង្គម ហើយ​សាកលវិទ្យាល័យ​នេះ​បាន​បំពេញការងារ​ផ្អែកលើ​គុណ​តម្លៃ​ស្មារតី និង​គោលការណ៍​មនុស្សធម៌​ដែល​រួមមាន ការគោរព​ចំពោះ​មនុស្ស ការការពារ​ជីវិត​មនុស្ស និង​ការអភិវឌ្ឍ​វប្បធម៌។

    លោក​បណ្ឌិត Vladirmir Krchmery បាន​មានប្រសាសន៍ថា៖ «សកម្មភាព​របស់លោក Scott គឺ​ស្រដៀង​គ្នា​ទៅនឹង​សកម្មភាព​របស់​ម្ចាស់​ពានរង្វាន​ណូបែល អ្នក​មា្ត​យ Teresa ដែល​បាន​ជួយ​ដល់​មនុស្ស​ជាច្រើន​នៅលើ​ពិ​ភ​លោក ហើយ​សកម្មភាព​របស់​លោក Scott គឺជា​សកម្មភាព​មួយ​ដ៏​ល្អ​បំផុត​ដែល​បាន​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​កំពុង​ត្រូវការ​ការអប់រំ​ល្អ»។

    សាស្ត្រាចារ្យ និង​ជា​ស្ថាបនិក​សាកលវិទ្យាល័យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការវិនិយោគ​លើ​វិស័យ​អប់រំ​ជា​ផ្នែក​យ៉ាងសំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​គ្រប់​ជនជាតិ ហើយ​នៅថ្ងៃនេះ​លោក​បណ្ឌិត Scott Neeson បានផ្តល់​ឱ្យ​កុមារ​នៅ​តំបន់​ស្ទឹងមានជ័យ​នូវ​ការអប់រំ​យ៉ាង​ល្អ ហើយ​ពួកគេ​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​នៅក្នុង​សង្គមជាតិ។

    នៅក្នុង​ឱកាស​នោះ​លោក Scott Neeson បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​មានការ​រំភើប​យ៉ាងខ្លាំង​ដែល​ទទួលបាន​នូវ​សញាបត្រ​បណ្ឌិត​កិត្តិយស​នៅថ្ងៃនេះ ហើយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​សហការី​ទាំងអស់គ្នា រួមទាំងលោកយាយៗទាំងឡាយ​ដែល​យក​រូបខ្ញុំ​ធ្វើជា​កូនធម៌ ហើយ​និង​មនុស្ស​គ្រប់គ្នា​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អប់រំ និង​គាំពារ​កុមារ​ទាំងអស់​ដែល​កំពុង​ត្រូវការ​ជំនួយ​នៅ​តំបន់​ចាក់សំរាម​ស្ទឹងមានជ័យ»។

    លោក Scott Neeson បានលើកឡើង​ផងដែរ​ថា លោក​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ពង្រឹងគុណភាព​អប់រំ​ដល់កុមារៗទាំងអស់​នៅ CCF ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការងារ​នៅក្នុង​សង្គមជាតិ ហើយ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែល​មានគុណ​តម្លៃ​ខ្លាំង និង​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សេចក្តីសុខ និង​ស្នាមញញឹម៕

  • កោះរ៉ុង កំពុង​ត្រូវ​បានរៀបចំ​យុទ្ធសាស្ដ្រ​ដើម្បី​ទាញ​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន

    កោះរ៉ុង កំពុង​ត្រូវ​បានរៀបចំ​យុទ្ធសាស្ដ្រ​ដើម្បី​ទាញ​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន

    ភ្នំពេញ – ស្រប​ពេលដែល​តំបន់​ទេសចរណ៍ធម្មជាតិ​កោះរ៉ុង​កំពុងតែ​ទទួលបាន​ភ្ញៀវទេសចរ​យ៉ាងច្រើន​ទៅ​ទស្សនា​នៅ​ទីនោះ ថ្មីៗនេះ​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​អនុសាសន៍​មួយចំនួន​ដើម្បី​ធ្វើឱ្យ​តំបន់​នោះ​កាន់តែ​អាច​បង្កើន​សក្ដានុពលរ​បស់​ខ្លួន​ថែម​ឡើង​ទៀត។

    ក្នុងអំឡុង 9 ខែ​នៃ​ឆ្នាំ2017 នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន 1,5លាន​នាក់ មាន​កំណើន22,39% ក្នុងនោះ​ទេសចរ​ជាតិ 1,1លាន​នាក់ កើន 23% ទេសចរ​អន្តរជាតិ​ជាង 40ម៉ឺន​នាក់ កើន 18% ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​ស្ថិតនៅ​លំដាប់​ទី1ដែលមាន​ចំនួន​ជិត9ម៉ឺន​នាក់​ជាមួយ​កំណើន170,61%។

    តាម​ការ​ព្យាករ ក្នុង​ឆ្នាំ2017 ខេត្ត​ព្រះសីហនុ​អាចមាន​ចំនួន​ទេសចរ​ប្រមាណ​ជិត2លាន​នាក់ ក្នុង​កំណើន​ប្រមាណ 20% (ក្នុងនោះ​ទេសចរ​ជាតិប្រមាណ 1,4លាន​នាក់ ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង60ម៉ឺន​នាក់។ ឆ្នាំ 2020 ភ្ញៀវទេសចរ​អាច​នឹង​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​កើន​ឡើងដល់​ប្រមាណ​ជិត3លាន​នាក់ ក្នុងនោះ​មាន​ទេសចរ​អន្តរ​ជាតិប្រមាណ1លាន​នាក់។

    ដោយឡែក ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅតាម​កោះ​ក្នុង​ខេត្ត​ព្រះសីហនុ​ដោយ​ជិះទូក​សរុប​ចំនួន 7,897 ជើង ដែលមាន​ភ្ញៀវទេសចរ​សរុប​ចំនួន34ម៉ឺន​នាក់ កើនឡើង42.38 % ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ 10ម៉ឺន​នាក់ កើន 43.58 %  និង​ទេសចរ​អន្តរជាតិ 23ម៉ឺន​នាក់ កើន 41.85 %។

    ស្រប​ពេលដែល​តំបន់​មួយ​នេះ​កំពុងតែ​ប្រែ​មុខមាត់​ថ្មី​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​រហូត​ជំរុញឱ្យមាន​កំណើន​យ៉ាងខ្លាំង​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានដាក់​ចេញ​នូវ​អនុសាសន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការរៀបចំ​តំបន់​កោះរ៉ុង​ឱ្យមាន​សក្ដានុពល​ខ្លាំង​ឡើង​ដែលមាន​ដូចជា៖

    1- កិច្ចការ​ឆ្វៀល​ដី​ស្បែក​ខ្លា៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​ត្រូវ​ពិនិត្យ​ឱ្យ​ច្បាស់លាស់ និង​ព​ន្លឿ​ន​ការងារ​ចេញ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ពិតប្រាកដ​លើ​កោះរ៉ុង។

    2-កិច្ចការ​គ្រប់គ្រង​ទេសចរណ៍ បរិស្ថាន និង​ជលផល៖ ត្រូវ​ពង្រឹង​សណ្តាប់ធ្នាប់ អនាម័យ និង​ការគ្រប់គ្រង​គុណភាព​សេវាកម្ម​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​នៅលើ​កោះរ៉ុង ដោយ​ត្រូវ​ធានាថា គ្រប់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវមាន​អាជ្ញា​ប័​ណ្ឌ​ទេសចរណ៍ និង​ពិសេស​បុគ្គលិក​ទាំងអស់​ត្រូវ​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច​ទេសចរណ៍។ ដោយឡែក​បញ្ហា​កាកសំណល់​រឹង-រាវ ត្រូវ​បន្តធ្វើ​ការទប់ស្កាត់​ការបង្ហូរ​កាកសំណល់​រាវ​ចូល​សមុទ្រ និង​រាល់​អាជីវកម្ម​ទេសចរណ៍​ត្រូវមាន​ធុងសំរាម​ផ្ទាល់ខ្លួន ហើយ​តាម​តុ​អាហារ​ដ្ឋា​ននីមួយៗ ត្រូវមាន​កន្ត្រក​សម្រាប់​ដាក់​កាកសំណល់​អាហារ។

    3- កិច្ចការ​រៀបចំ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់៖ ត្រូវ​បន្ត​ពង្រឹង​កិច្ចការពារ​សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំង​ការ​ស្នាក់នៅ និង​ការធ្វើដំណើរ​តាម​មធ្យោបាយ​ផ្លូវទឹក។ ដោយឡែក អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​អង្គភាព​ជំនាញ ចាត់វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​ការបំពុល​ដោយ​សំឡេង​របស់​ក្លិប​រាត្រី និង​បា​រ៍​មួយចំនួន​ដែល​បាន​រំខាន​ដល់​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ៕