Author: វល័ក្ខ

  • ក្រសួងទេសចរណ៍​ដាក់​ផែនការ​យុទ្ធសាស្ដ្រ បង្កើត​ការងារ​ផ្ទាល់​ឱ្យបាន1លាន​នាក់​ក្នុង​ឆ្នាំ2020

    ក្រសួងទេសចរណ៍​ដាក់​ផែនការ​យុទ្ធសាស្ដ្រ បង្កើត​ការងារ​ផ្ទាល់​ឱ្យបាន1លាន​នាក់​ក្នុង​ឆ្នាំ2020

    ភ្នំពេញ – ដើម្បី​បង្កើត​ធនធានមនុស្ស​ក៏ដូចជា​ការងារ​បន្ថែម​លើ​ជំនាញ ក្រសួងទេសចរណ៍ និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ បានប្រកាស​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ 2017-2025ដើម្បី​បង្កើត​ការងារ​ឲ្យ​បាន​ជាង1.2លាន​នាក់​នៅ​ឆ្នាំ2025 និង1.7លាន​នាក់ នៅ​ឆ្នាំ2030។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មានប្រសាសន៍ថា ផែនការ​យុទ្ធសាស្ត្រ​នេះ​រៀបចំ​ឡើងជា​ផែនទី​សម្រាប់​ចង្អុល​ទិស​ក្នុងការ​បង្កើត​ការងារ និង​ជំនាញ​ជូន​យុវជន​កម្ពុជា​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន និង​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព 2020-2030 (SDGs) របស់​អង្គការ​សហ​ប្រជា​តិ តាមរយៈ​វិស័យ​ទេសចរណ៍ ពោលគឺ​អនុលោម​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ ឆ្នាំ2015 ដែល​ប្រកាសថា៖ «2017 ជា​ឆ្នាំ​អន្តរជាតិ​ស្ដីពី​ទេសចរណ៍ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព»។

    ឯកឧត្ដម​បន្ដថា ដើម្បី​សម្រេច​នូវ​គោលនយោបាយ​ខាងលើ ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​គោលដៅ​រួមមួយ​ចំនួន​បន្ថែមទៀត ជាការ​រំពឹងទុក​ដែល​កើតចេញពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ខាងលើ ក្នុងនោះ​រួមមាន៖

    1៖ ឆ្នាំ2020 ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ចូលរួម​បង្កើត​ការងារ​ផ្ទាល់​ឲ្យ​បាន​ប្រមាណ 1លាន​នាក់ ហើយ​ត្រូវ​ជំរុញ​ឲ្យ​មាន​អ្នកជំនាញ​យ៉ាងតិច 50% ត្រូវមាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន តាមរយៈ​ការបណ្តុះបណ្តាល ឬ​ការវាយតម្លៃ​សមត្ថភាព។

    2៖ ឆ្នាំ2025 ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ចូលរួម​បង្កើត​ការងារ​ផ្ទាល់​ឲ្យ​បាន​ប្រមាណ1.2លាន​នាក់ និង​ត្រូវ​សម្រេច​ឲ្យ​បាន​យុទ្ធនាការ «បុគ្គលិក​ម្នាក់ ជំនាញ​មួយ» ពោលគឺ​ជំរុញ​ឲ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់ (100%) ឲ្យ​មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន។

    3៖ ឆ្នាំ2030 ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ចូលរួម​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព SDG4 «ធានា​ឲ្យ​បាន​នូវ​ការអប់រំ​បណ្តុះបណ្តាល ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យា​ប័ន្ន ព្រមទាំង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយជីវិត​ដល់​ជន​គ្រប់រូប» និង SDG8 «ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការងារ​សមរម្យ​ដល់​ជន​គ្រប់រូប» ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្រោម​បរិបទ​ជាតិ និង​តំបន់។

    នៅ​ឆ្នាំ2016កន្លងទៅ វិស័យ​ទេសចរណ៍​ក​ម្ព​ជា​សម្រេចបាន​កំណើន 5% ដែល​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ 3,400លាន​ដុល្លារ​អាមេរិក ស្មើនឹង 12% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ហើយ​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ​ជាង62 ម៉ឺន​នាក់។ ដោយឡែក​ក្នុង​រយៈពេល9ខែ​នៃ​ឆ្នាំ2017 កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន 3,912,761នាក់ កើនឡើង11.5% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ នៅ​ឆ្នាំ2017 នេះ​ក្រសួងទេសចរណ៍​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ 5 លាន 6សែន​នាក់។

    ជាង​នេះ ឯកឧត្ដម ថោង ខុន បាន​បន្ថែមថា ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ដូច​ការរំពឹងទុក​ខាង​លើ ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​ទិសដៅ​សកម្មភាព​សម្រាប់​ឆ្នាំ2018 នាពេលខាងមុខ រួមមាន៖

    ទី1៖ សហការ​គាំទ្រ​អនុវត្ត​កម្មវិធី 2018ជា​ឆ្នាំ​សម្រាប់​ស្តង់ដារ និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍ ឆ្ពោះទៅកាន់​ការសិក្សា​ពេញ​មួយជីវិត សំដៅ​អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល​ដែលមាន​ស្តង់ដារ​ខ្ពស់ មានការ​ទទួលស្គាល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ធ្វើការ​វាយតម្លៃ​ទទួលស្គាល់​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ ដែល​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន តាមរយៈ​ការវាយតម្លៃ​ការសិក្សា​ពីមុន​ឲ្យ​ទទួលបាន​គុណវុឌ្ឍិ​ជាក់លាក់ ដើម្បី​តម្រង់ទិស​អាជីព​ការងារ​ពេញ​មួយជីវិត។

    ទី2៖ ដាក់ចុះ​នូវ​គម្រោង​សាកល្បង​កម្មវិធី​ហ្វឹកហាត់​ការងារ ដើម្បី​បណ្តុះបណ្តាល​អ្នកជំនាញ​ក​ម្ពុ​ជា​ឲ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ ស្របតាម​ទស្សនទាន​សកល «រៀន​បណ្តើរ ធ្វើការ​បណ្តើរ»។ កម្មវិធី​ហ្វឹកហាត់​ការងារ​ក៏​នឹងចូលរួម​ជំរុញ​ឲ្យ​យុវជន​ក្រីក្រ​អាចមាន​លទ្ធភាព​ធ្វើការ និង​សិក្សា​ក្នុងពេល​តែមួយ ហើយ​ទទួលបាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​ទទួលស្គាល់​កម្រិត​ជាតិ និង​អាស៊ាន។

    ទី3៖ អនុវត្ត​គម្រោង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​ពលករ​ចំណាកស្រុក ដើម្បី​ផ្តល់ឱកាស​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ដល់​ពលករ​ទាំងនេះ។

    ទី4៖ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អ្នកជំនាញ ដើម្បី​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍​ផ្នែក​ស្ប៉ា និង​សុខុមាលភាព សំដៅ​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​នេះ ឲ្យ​មានការ​ទទួលស្គាល់​កម្រិត​ជាតិ និង​អាស៊ាន។

    ទី5៖ ដាក់ចុះ​ការអនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​អាស៊ាន​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ទូទាំងប្រទេស ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ជំនាញផ្សេងៗទៀត។ កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹងចូលរួម​ផ្តល់​ជំនាញ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា តាំងពី​វ័យក្មេង​កម្រិត​វិទ្យាល័យ ដែលជា​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍ​អាជីព​ពេញ​មួយជីវិត។

    ទី6៖ ជំរុញ​កម្មវិធី​ឥណទាន​ដល់​សិស្ស​និស្សិត​រៀន​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដើម្បី​សម្រួល​ជីវភាព​សិក្សា និង​លើកទឹកចិត្ត​សិស្សានុសិស្ស​ជាពិសេស សិស្ស​បោះបង់​ការសិក្សា ពលករ​ចំណាកស្រុក​ដែល​ត្រឡប់មកវិញ និង​យុវជន​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ ឱ្យ​ចាប់យក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​កាន់តែ​ផុលផុស​ថែមទៀត។

    ទី7៖ បន្ត​ជំរុញ​អនុវត្ត និង​ប្រើប្រាស់​សៀវភៅ​ជំនាញ​ទេសចរណ៍ សម្រាប់​កត់ត្រា​គុណវុឌ្ឍិ​របស់​អ្នកជំនាញ​ដែល​បានបញ្ចប់​ការសិក្សា និង​ទទួល​ការវាយតម្លៃ​រួចហើយ​សម្រាប់​រក​ការងារ​ធ្វើ និង​អភិវឌ្ឍ​ខ្លួន​ក្នុង​វិស័យ​ទេសចរណ៍​បាន​យ៉ាង​ល្អប្រសើរ។

    ទី8៖ បន្ត​ពង្រឹងសមត្ថភាព​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ឱ្យមាន​សមត្ថភាព​កាន់តែ​ល្អប្រសើរ ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ដែល​បានដាក់ចុះ៕

  • លោក កឹម អឿន៖ មនុស្ស​គួរ​ដក​អត្តសញ្ញាណ​ទុក​ទៅ​ម្ខាង​សិន ហើយ​ទទួលយក​រឿង​ល្អ​គ្រប់យ៉ាង

    លោក កឹម អឿន៖ មនុស្ស​គួរ​ដក​អត្តសញ្ញាណ​ទុក​ទៅ​ម្ខាង​សិន ហើយ​ទទួលយក​រឿង​ល្អ​គ្រប់យ៉ាង

    នៅក្នុង​ការរស់នៅ មនុស្សម្នាក់ៗមាន​វិធីរៀងៗខ្លួន​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ឆ្ពោះទៅរក​ភាពជា​បុគ្គល​អស្ចារ្យ ឬ​បុគ្គល​ដែល​ទទួលបាន​ការគោរព និង​ឱ្យ​តម្លៃ​ពី​សង្គម។ ក្នុងចំណោម​វិធី​ទាំងអស់​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង ការបើក​ចិត្ត​ឱ្យ​ទូលាយ​ជា​រឿង​សំខាន់​ចម្បង​មួយ​ដែលជា​ចំណុច​បើកផ្លូវ​ទៅកាន់​ភាពជា​អ្នក​ដែល​មានគុណ​តម្លៃ​ជា​លក្ខណៈ​សកល។

    លោក កឹម អឿន នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បានលើកឡើង​នៅក្នុង​វេទិកា​ភាពជា​អ្នកដឹកនាំ​ថា អ្នក​ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​ត្រៀម​ចាត់ទុកថា ជា​មនុស្ស​សកល​ដែលមាន​តម្លៃ​សម្រាប់​សង្គម និង​មនុស្ស​ទូទៅ គឺ​មនុស្ស​ដែល​បើកចំហ និង​ទទួលយកបាន​នូវ​អ្វីដែល​ល្អ និង​មាន​ភាព​ទទួលខុសត្រូវ។ ភាពជា​ប្រជាជន​សកល​គឺជា​រឿង​សំខាន់​មួយ​ដែល​អាចធ្វើឱ្យ​យើង​ងាយស្រួល​ក្នុងការ​រស់នៅ ឬ​ធ្វើ​ការងារ​ដោយ​អាច​ប្រើ​គំនិត​ប្រកបដោយ​ភាពទូលំទូលាយ និង​មាន​ភាពជា​អ្នកដឹកនាំ​ដ៏​ល្អ​ថែម​ទៀតផង។

    លោក កឹម អឿន បាន​និយាយថា៖ «ដើម្បី​ក្លាយខ្លួនជា​មនុស្ស​ដ៏​អស្ចារ្យ និង​មានតម្លៃ​ម្នាក់ យើងម្នាក់ៗគួរ​ទុក​អត្តសញ្ញាណ (identity) ទៅ​ម្ខាង​សិន ហើយ​ទទួលយក​រឿង​គ្រប់យ៉ាង»។

    ជាការ​ពិតណាស់ បើតាម​លោក កឹម អឿន មនុស្ស​ជាច្រើន​តែងតែ​ប្រកាន់ខ្លួន​ថា ខ្លួនឯង​ជា​អ្នកចេះ ជា​មនុស្ស​មាន​សមត្ថភាព​ស្រាប់​ហើយ ជា​មនុស្ស​ដែល​ជំនាញ​ផ្នែក​នេះ ឬ​ជំនាញ​ផ្នែក​នោះ​ជាដើម ហើយ​ព្យាយាម​ប្រើតែ​សមត្ថភាព​ដែល​ខ្លួន​មាន និង​មិន​ព្រម​ទទួលយក​នូវ​អ្វីដែល​ថ្មី​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​នោះទេ បើទោះបីជា​ដឹងថា រឿង​នោះ​ជា​រឿង​ល្អ​ក៏ដោយ។ តាមពិតទៅ​ប្រសិនបើ​មនុស្ស​អាច​ដក​អត្តសញ្ញាណ​របស់ខ្លួន​ទុក​មួយ​ឡែក​សិន បន្ទាប់មក​ពិចារណា​ទទួលយក​រឿងល្អៗពី​គ្រប់​ទីកន្លែង គេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែលមាន​ទាំង​ជំនាញ​គោល និង​ជំនាញ​ទូទៅ ឬ​ជំនាញ​ទន់ ដែល​ពិភពលោក​កំពុង​ត្រូវការ៕

  • ការសាកល្បង​ដាំ​ពូជស្រូវ​ថ្មី​របស់​ជប៉ុន​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​ខ្ពស់

    ការសាកល្បង​ដាំ​ពូជស្រូវ​ថ្មី​របស់​ជប៉ុន​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​ខ្ពស់

    ភ្នំពេញ៖ លោក​សាស្ត្រាចារ្យ Qi Shaowu នាយក​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ China National Hybrid Rice R&D Center បាន​ថ្លែងឱ្យដឹងថា ការសាកល្បង​ដាំ​ស្រូវ​ប្រភេទ​ថ្មី​នាំ​មកពី​ប្រទេស​ជប៉ុន​កំពុង​ទទួលបាន​ជោគជ័យ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។

    លោក​បញ្ជាក់ថា ការសាកល្បង​ដាំ​ដុះ​ពូជ​អង្ករ​គ្រាប់ឃ្លី​នៅ​កម្ពុជា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ខ្លាំង​ជាង​ពូជស្រូវ​ដទៃ ដោយ​ក្នុង1ហិកតា​ទទួលផល​បាន​ប្រមាណ​ជា 7.7តោន​នៅក្នុង​ខេត្តកំពង់ស្ពឺ និង 7.4តោន​នៅក្នុង​ខេត្តពោធិ៍សាត់។ លក្ខណៈពិសេស​របស់​ពូជស្រូវ​ជប៉ុន​ប្រភេទ​នេះ​មាន​ចំនួន4យ៉ាង​ដែល​ត្រូវបាន​ជ្រើសរើស​យកមក​ដាំ​នៅ​ប្រទេស​កម្ពុជា​ដោយ​ពូជនីមួយៗអាច​ធន់​នឹង​ទឹកជំនន់ ធន់​នឹង​ជំងឺឆ្លង និង​ត្រូវការ​ប្រើប្រាស់​សារធាតុ​ជី​តិច​បំផុត ជាពិសេស​ធន់​នឹង​អាកាសធាតុ​ក្តៅ។ បច្ចុប្បន្ន​ប្រភេទ​ពូជស្រូវ​ជប៉ុន​នេះ​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ទូទាំង​ពិភពលោក ជាពិសេស​ប្រទេស​ចិន​ដែល​កំពុងមាន​ការខ្វះខាត​អង្ករ​ប្រភេទ​នេះ​ជាង3លាន​តោន​ក្នុង​មួយឆ្នាំ។

    ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ថ្លែង​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ China National Hybrid Rice R&D Center ជាពិសេស​លោក​សាស្ត្រាចារ្យ Qi និង​សហការី​ដែល​បានមក​សិក្សា​ស្រាវជ្រាវ​ពូជ​អង្ករ​គ្រាប់ឃ្លី​ថ្មី​នេះ​នៅ​ប្រទេស​កម្ពុជា និង​មានបំណង​វិនិយោគ និង​សហការ​ជាមួយ​ក្រសួង​ក្នុងការ​ផ្លាស់ប្តូ​បទពិសោធ​ការងារ​ដើម្បី​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​កិត្យានុភាព​លើ​ទីផ្សារ​ស្រូវ​អង្ករ​ពិភពលោក​ដែល​ស្រប​ជាមួយ​គោលដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធានា​សន្តិសុខ​ស្បៀង និង​បង្កើត​ការនាំចេញ​អង្ករ​កម្ពុជា​ឱ្យបាន​លើសពី 1លាន​តោន​ក្នុង1ឆ្នាំ។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​ណែនាំ​មួយចំនួន​ដល់​លោក​សាស្ត្រាចារ្យ Qi និង​សហការី ត្រូវ​រៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា3ភាគី រវាង​ក្រុមហ៊ុន​ទទួល​ទិញ​អង្ករ​នេះ​ទៅកាន់​ទីផ្សារ​ចិន ខណៈ​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងត្រូវ​ចុះហត្ថលេខា​នៅ​ពាក់កណ្តាល​ខែធ្នូ​ខាងមុខ។

    ទន្ទឹមនឹងនេះ​ត្រូវអនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​គឺ

    ទី1.គិតគូរ​ពី​ការអនុវត្ត​ដោយ​ផ្សារភ្ជាប់​វិស័យ​ឯកជន និង​កសិករ​តាមរយៈ​ធ្វើ​ការដាំដុះ និង​ផ្គត់ផ្គង់​តាម​កិច្ចសន្យា។

    ទី2. ផ្តល់​ស្រូវ​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ដល់​កសិករ​ខ្មែរ។

    ទី3.កំណត់​តំបន់​ដាំ​ដុះ​ដែលមាន​សក្តានុពល​ខ្ពស់​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​អង្ករ។ ទី4.បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ និង​ក្រសួង​ដោយ​ការបង្កើត​ក្រុមការងារ និង​គណៈកម្មការ។

    លោក​សាស្ត្រាចារ្យ​ Qi Shaowu និង​តំណាង​ក្រុមហ៊ុន​ចិន​បានបញ្ជាក់​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​នឹង​ប្រមូល​ទិញ​ប្រភេទ​ស្រូវ​ខាងលើ​ទាំងអស់​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នៅពេល​កសិករ​កម្ពុជា​ផលិត​បាន៕

  • ស្រា​បៀរ HEINEKEN រៀបចំ​កម្មវិធី «កន្លែងចាស់ មិត្ត​ចាស់»

    ស្រា​បៀរ HEINEKEN រៀបចំ​កម្មវិធី «កន្លែងចាស់ មិត្ត​ចាស់»

    ភ្នំពេញ៖ ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ក្នុង​ពិភពលោក នឹង​រៀបចំ​កម្មវិធី​ពិសេស​ដ៏​អស្ចារ្យ​មួយ ដែលមាន​ឈ្មោះថា «កន្លែងចាស់ មិត្ត​ចាស់ (Old Place Old Friend)» នៅ​យប់​ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2017 នៅ Apros Pub (អា​ប្រុស​ផាប់) ក្នុង​ទីក្រុង​ភ្នំពេញ។

    កម្មវិធី​កន្លែងចាស់ មិត្ត​ចាស់ គឺជា​កម្មវិធី​ពិសេស ហើយ​ប្លែក ដែល​បាន​រៀបចំឡើង ក្នុង​គោលបំណង​រម្លឹក​ដល់​អ​នុ​ស្សាវ​រី​យ៍ចាស់ៗដែល​ធ្លាប់មាន​កន្លងមក ជាមួយ​មិត្ត​ភ័ក្តិ​ដែល​បាន​រៀន​នៅ​វិទ្យាល័យ មហាវិទ្យាល័យ មិត្ត​ភ័ក្តិ​រួមការ​ងារ ក៏ដូចជា​មិត្ត​ភ័ក្តិ​កាលពី​កុមារភាព ។ ក្នុងឱកាស​ពិសេស​នេះ​ផងដែរ ប្រិយមិត្ត​ក៏ដូចជា​អតិថិជន​របស់​ស្រា​បៀរ Heineken អាច​ធ្វើការ​ណាត់ជួប​នៅ Apros Pub ក៏ដូចជា​ស្តាប់​នូវ​កម្រង​បទ​ចម្រៀង​មនោសញ្ចេតនា​របស់​តារាចម្រៀង សំឡេង​ស្រទន់ លោក ដួង វិ​រៈ​សិ​ដ្ឋ និង​កញ្ញា វី ឌី​ណែ​ត ព្រមទាំង​រីករាយ​ក្រេប​នូវ​រសជាតិ​ដ៏​ល្បីល្បាញ​នៃ​ស្រា​បៀរ Heineken។

    កម្មវិធី​ពិសេស​នេះ​នឹង​ចាប់​បើក​ពី​ម៉ោង 5 ល្ងាច​រហូតដល់​យប់​ជ្រៅ នៅ Apros Pub ទីតាំង​ផ្ទះ​លេខ 21Eo ផ្លូវ322 សង្កាត់​បឹង​កេងកង1 ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ដោយ​ពាំ​នាំមក​នូវ​បទ​ចម្រៀង​មនោសញ្ចេតនា​រម្លឹក​ដល់​អនុស្សាវរីយ៍ចាស់ៗសម្រាប់​អ្នកគាំទ្រ​ស្រា​បៀរ Heineken ។

    តោះ​យើង​នាំគ្នា​ចែករំលែក ឬ​ទូរស័ព្ទ​ប្រាប់​មិត្ត​ភ័ក្តិ​របស់​អំពី​កម្មវិធី​ពិសេស​នេះ និង​ណាត់គ្នា ដើម្បី​រម្លឹក​ដល់​អនុស្សា​រី​យ៍ចាស់ៗ ភាពសប្បាយ​រីករាយរ​បស់​អ្នក។

    សព្វថ្ងៃនេះ ស្រា​បៀរ Heineken មាន​លក់​នៅក្នុង​បណ្តា​ប្រទេស​ជាង 192 នៅ​ជុំវិញ​ពិភពលោក។ ស្រា​បៀរ Heineken គឺជា​ស្រា​បៀរ​ស្រាល​ស្រទន់ មាន​គុណភាព​ខ្ពស់    និង​មាន​រសជាតិ​ឆ្ងាញ់ ហើយក៏​ជា​ស្រា​បៀរ​ល្បី​រន្ទឺ​នៅ​ទូទាំង​ពិភពលោក​ដោយសារតែ​គំនិត
    ផ្តួចផ្តើម​ច្នៃប្រឌិត​ថ្មី​របស់ខ្លួន។

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ​សូម​ទំនាក់ទំនង​តាមរយៈ​លេខ 097 490 9999 និង 097 608 5050  ឬ​កាន់​គេហទំព័រ​ផ្លូវការ៖

    https://www.facebook.com/heineken

    Heineken – Open Your World

     

     

    សូម​ពិសា​ស្រា​បៀរ  Heineken ដោយ​ទទួលខុសត្រូវ

  • បិតា​ស្ថាបនិក Android ដើរ​ចេញពី Google បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ផ្លូវភេទ​ជា​កូនចៅ

    បិតា​ស្ថាបនិក Android ដើរ​ចេញពី Google បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ផ្លូវភេទ​ជា​កូនចៅ

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Information បាន​ឲ្យ​ដឹងថា លោក Andy Rubin បិតា​ស្ថាបនិក Android បាន​ដើរ​ចេញពី​ក្រុមហ៊ុន Google បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ផ្លូវភេទ​ជាមួយ​បុគ្គលិក​ក្រោមបង្គាប់។

    ប្រភព​ខាងលើ​បាន​បញ្ជាក់ថា នៅពេលនេះ លោក Rubin បាន​ចាក​ចេញពី Google បន្ទាប់ពី​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត​យក្ស​មួយ​នេះ បានចាប់ផ្ដើម​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង ពាក់ព័ន្ធ​នឹង​ករណី​លោក Rubin មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយនឹង​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​លោក។

    ក្រោយពី The Information ចេញផ្សាយ​នូវ​ព័ត៌មាន​នេះ លោក Mike Sitrick អ្នកនាំពាក្យ​របស់លោក Rubin បាន​បញ្ជាក់ថា ការចាកចេញ​នោះ​មិនមែន​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ឡើយ ពោលគឺ​លោក​ចាកចេញ​ដោយសារ​ហេតុផល​ផ្ទាល់ខ្លួន។ លោក Sitrick បានបញ្ជាក់​បន្ថែមទៀត​ថា ស្ត្រី​នោះបាន​ធ្វើការ​នៅក្នុង​ក្រុម Android តាំងពី​ឆ្នាំ 2013 តែ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​គឺ​ត្រឹមតែ​ជា​មេ និង​កូនចៅ​ប៉ុណ្ណោះ។

    ទោះជា​យ៉ាងនេះ​ក្ដី ខាង​ក្រុមហ៊ុន Google នៅ​មិនទាន់មាន​ប្រតិកម្ម ឬ​ការឆ្លើយតប​ណាមួយ​ឡើយ៕

  • HUAWEI សហ​ការណ៍​ឧបត្ថម្ភ​ក្រុមហ៊ុន Smart ក្នុង​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ

    HUAWEI សហ​ការណ៍​ឧបត្ថម្ភ​ក្រុមហ៊ុន Smart ក្នុង​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ

    HUAWEI ដែល​គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក ដែល​កំពុង​ឡើង​កូដ និង​ទទួលបាន​ការពេញនិយម​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​ដែល​ទទួលបាន​ចំណាត់​ទី 2 ក្នុង​បរិមាណ​លក់​នាពេលថ្មីៗនេះ បាន​សហ​ការណ៍​ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Smart ដែលជា​ក្រុមហ៊ុន​ទូរ​សព្ទ័​ចល័ត​ឈានមុខ និង តែងតែ​ផ្តល់នូវ​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅ​កម្ពុជា ក្នុង​ការប្រគំ​តន្ត្រី​ប្រចាំឆ្នាំ​ដ៏​កក្រើក នៅតាម​បណ្តា​ខេត្ត​ក្រុងធំៗ ចំនួន 5 ដូចជា កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង និង​កំពង់ស្ពឺ ។ គួរ​កត់សំគាល់ថា HUAWEI បាន​ធ្វី​ឲ្យ​កក្រើក រ​ញ្ផួ​យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន តាមរយៈ​ការចេញ លក់ HUAWEI nova 2i ស៊េរី​ថ្មី ដែលមាន​រហ័ស​នាម «អា​ភ្នែក4» ពោល គឺ​អតិថិជន អ្នកលក់ ម្ចាស់​ហាង​ទូរស័ព្ទ ពេញចិត្ត​គ្រប់បែបយ៉ាង​នូវ​អ្វីដែល HUAWEI Nova 2i មាន និង​ពេល​ស្តុក​មក ដល់​អស់ ដល់​អស់ 4 ដង​មកហើយ រហូត​បំបែក​កំណត់ត្រា​មិនដែល​ធ្លាប់មាន​ពីមុន​លើ​តួរ​លេខ​លក់ ភាព​ពុះ​ក​ព្រោ​លពី​អ្នកលក់ និង​ម្ចាស់​ហាង ស្ទើរគ្រប់ៗ គ្នា គ្រប់ 25 ខេត្ត​ក្រុង​នៅ​កម្ពុជា ។

    Huawei nova 2i គឺជា​ស្មា​ត​ហ្វូ​ន​ថ្មី​កាមេរ៉ា4 ដំបូង​គេ​បង្អស់​លើ​ពិភពលោក ក្រោម​របកគំហើញ​ថ្មី​ចុងក្រោយ  របស់​ក្រុមហ៊ុន Huawei  ។ HUAWEI  nova 2i បំពាក់​អេក្រង់​ធំ 5.9 អ៊ី​ញ ពេញចិត្ត ពេញភ្នែក ពេញ​គែម ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080×2160) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត  តន្ត្រី យូ​ធូប បណ្តាញ​សង្គម ពិសេស Live Facebook រឺ Video Calls  រាង​ស្អាត ស្តើង ស្រាល ធន់ មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាពិសេស​មាន​កាមេរ៉ា​ភ្លោះ​មុខក្រោយ អាច​ថតរូប​ភាពច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែល​នឹង​កាមេរ៉ា​អាជីព ។

    លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​បាន​ឲ្យ​ដឹងថា ក្រោយពី​បើក​កា​រក​ម្ម៉​ង​ទុក​មុន រយៈពេល 4 សប្តាហ៍​មក ក្រុមហ៊ុន​ទទួលបាន​ស្តុក​ពី​កា​រក​ម្ម៉​ង កើន​លើស 4 ដង​លើស​ការព្យាករណ៍ និង ក្រោយពី​ពិធី​សម្ពោធ​ផ្លូវការ នា​ថ្ងៃ 25 និង 26 ដ៏​កក្រើកថ្មីៗនេះ​ជាមួយ​ប្រ៉ូ​ម៉ូ​សិន​យក្ស Huawei nova 2i លើសពីនេះ​ក្រុមហ៊ុន​ក៏​នឹង​បន្ត សកម្មភាព​ទីផ្សារ ប្រ៉ូ​ម៉ូ​សិន​យក្ស  និង ការ​ឧ​ប​ត្ថ​ម្ត​ដៃគូរ​សហការ​ណ៍ ដើម្បី​ជំរុញ Huawei nova2i និង​នាម​សញ្ញា Huawei    អោយ​កាន់តែ​ទទួលបាន​នូវ​ការពេញនិយម​ចូលចិត្ត​ពី​គ្រប់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ទីកន្លែង គ្រង់​ខេត្ត​ក្រុង ដូចជា ទី1 ចូលរួម​ឧបត្ថម្ភ ជាមួយ​ក្រុមហ៊ុន​ស្មា​ត​ក្នុង​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ដ៏​កក្រើក   ទី 2 កម្មវិធី​ប្រកួត​ថតរូប​ដើម្បី   អបអរ​ស្វាគមន៍​ឆ្នា៎​ថ្មី​ឆ្នាំ 2018 ដែលមាន​ឈ្មោះថា Huawei Photo Contest កាមេរ៉ា4 ពោលគឺ ថត 4ពេល 4ប៉ុស្តិ៍ រយៈពេល​ប្រកួត4ស​ប្តា​ហ៏ 4ជ័យលាភី ទី 3 ចូលរួម​ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​ក្នុង​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​លំដាប់​អន្តរជាតិ​ដោយមាន​តារា Lee Chae-rin ដែល​មហាជន​ស្គាល់​ថា CL នៅ​ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2017 នេះ​នាទី​ក្រុងភ្នំពេញ​ផងដែរ។

    ក្នុង​ការប្រគំ​តន្ត្រី​ដ៍​កក្រើក Smart (Smart Mega Concert) នេះដែរ ក៏មាន​កម្មវិធី​ចាប់​រង្វាន់​ដ៏​ច្រើនសន្ធឹក សន្ធាប់ ដោយ​គ្រាន់តែ​ជាវ​កាត​កោស​ស្មា​ត ទិញ​លេខ​ស្មា​ត​បញ្ចូល​លុយ និង​មានឱកាស​ឈ្នះ​រង្វាន់​ធំ Huawei P10 Plus 1 រង្វាន់ Huawei nova2i  5រង្វាន់ Huawei Power Bank (13000 mAh) 5រង្វាន់ Huawei Bluetooth Speaker 5 រង្វាន់ និង​រង្វាន់​ច្រើនសន្ធឹក​សន្ធាប់​ទៀត ក្នុងមួយកន្លែង៕

  • លោក Pardew ត្រៀម​ពង្រឹង​តំបន់​ប្រយុទ្ធ ក្រោយ​តែងតាំង​ជា​គ្រូបង្វឹក West Brom

    លោក Pardew ត្រៀម​ពង្រឹង​តំបន់​ប្រយុទ្ធ ក្រោយ​តែងតាំង​ជា​គ្រូបង្វឹក West Brom

    លោក Alan Pardew ដែលជា​គ្រូបង្វឹក​ទើបតែ​តែងតាំង​ថ្មី បាន​បញ្ជាក់ថា West Brom «នឹង​លេង​ប្រកបដោយ​ការ​វាយ​សម្រុក​ជានិច្ច» បើទោះបី​ការព្យាយាម​នោះ​នឹងធ្វើ​ឲ្យ​ពួកគេ​អាច​នឹង​ហូរឈាម​តាម​ច្រមុះ​ក៏ដោយ។

    គ្រូបង្វឹក​វ័យ56ឆ្នាំ​រូបនេះ​បាន​ចូលមក​ជំនួស​កន្លែង​របស់លោក Tony Pulis គ្រូបង្វឹក​ចាស់​ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​ថ្ងៃ​ពុធ ក្នុង​កិច្ចសន្យា​មួយ​ដែល​នឹង​បន្ត​រហូតដល់​ចុងរដូវ​កាល​ឆ្នាំ2019-2020។ លោក Pulis ត្រូវបាន​គេ​រិះគន់​ទៅលើ​ទម្រង់​លេង​របស់​ក្រុម ខណៈដែល​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បានត្រឹមតែ9គ្រាប់​គត់ ក្នុងចំណោម​ការប្រកួត​លី​ក12លើកចុងក្រោយ​របស់​ពួកគេ។

    លោក Pardew បាន​ឲ្យ​ដឹងថា៖ «រឿង​ដ៏​សំខាន់បំផុត​នោះ​គឺ​ការ​ឈ្នះ​ការប្រកួត។ លោក Tony បាន​ដឹកនាំ​យ៉ាង​ល្អ និង​មាន​លក្ខណៈផ្សេង​ពី​ខ្ញុំ។ ខ្ញុំ​សង្ឃឹមថា នឹងធ្វើ​ឲ្យ​ក្រុម​នេះ​មាន​សេរីភាព​ជាង​មុន​បន្តិច»។ West Brom បាន​កត់ត្រា​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក2លើកដំបូង​របស់គេ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ ចាប់តាំងពី​ពេលនោះ​មក មិន​បានទទួល​ជ័យជម្នះ​ឡើយ និង​បន្ត​ជួប​ភាព​ត្រដាបត្រដួស​ជា​បន្តបន្ទាប់ ដែល​នាំ​ឲ្យ​មានការ​បណ្តេញ​លោក Pulis ចេញពី​តំណែង​តែម្តង ក្រោយពី​ពួកគេ​រកបាន​ត្រឹមតែ 12ពិន្ទុ​គត់​ពី​ការប្រកួត 21លើក។ លោក Pardew បាន​ឲ្យ​ដឹងថា៖ «ចំណុច​ដ៏​ខ្លាំង​បំផុត​របស់ខ្ញុំ គឺ​ផ្តោតទៅលើ​ការលេង​ទៅមុខ​ជានិច្ច និង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជាច្រើន​ស្ថិតក្រោម​សម្ពាធ។ ពេលខ្លះ អ្នកនឹង​ត្រូវ​ឈាម​ច្រមុះ​ក្នុង​ការធ្វើ​បែប​នោះ ហើយ​នោះ​គឺជា​អ្វីដែល​ខ្ញុំ​នឹង​ផ្តល់​ឲ្យ​នៅទីនេះ​ក្នុង​ក្លិប West Brom»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «បញ្ហា​ប្រឈមមុខភ្លាមៗពេលនេះ គឺ​ការផ្អាក​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់ ទទួលបាន​ពិន្ទុ​នៅលើ​តារាង និង​ធ្វើ​ឲ្យ​ខ្លួន​យើង​ស្ថិតក្នុង​ទីតាំង​ដែល​យើង​អាច​ព្យាយាម​ប្រជែង​ចំណាត់ថ្នាក់​កំពូល​ទាំង1០ ប្រសិនបើ​អាច»៕

    ប្រភពពី៖ BBC

  • លោក Conte រង​ពិន័យ​កាត​ក្រហម  ឯ Sterling សង្គ្រោះ Man City ម្តងទៀត

    លោក Conte រង​ពិន័យ​កាត​ក្រហម  ឯ Sterling សង្គ្រោះ Man City ម្តងទៀត

    Chelsea បានធ្វើ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពាន​ក្របខ័ណ្ឌ Premier League របស់ខ្លួន​នៅតែ​បន្ត ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 1-០ លើ​ក្រុម Swansea ខណៈដែល​គ្រូបង្វឹក​នៃ​ក្រុម​តោ​ខៀវ​មួយ​នេះ​គឺ​លោក Antonio Conte ត្រូវបាន​បណ្តេញ​ឲ្យ​ទៅ​អង្គុយ​នៅ​កៅអី​របស់​អ្នកទស្សនា សម្រាប់​ការសម្តែង​កំហឹង​យ៉ាង​ខ្លាំងក្លា​នៅក្បែរ​ខ្សែបន្ទាត់​នៃ​ទីលាន​ប្រកួត។

    លោក Conte បាន​បាត់បង់​ការគ្រប់គ្រង​អារម្មណ៍​របស់លោក​ក្នុង​តង់​ទី1 នា​កីឡដ្ឋាន Stamford Bridge ក្រោយពី​បាន​សម្តែង​នូវ​ការខឹង​សម្បា​យ៉ាងខ្លាំង និង​បានធ្វើ​ការរិះគន់​ទៅលើ​អាជ្ញាកណ្ដាល​ទី4លោក Lee Mason ក្រោយពី​លោក​អាជ្ញាកណ្តាល Neil Swarbrick មិនបាន​ផ្តល់​បាល់​ជ្រុង​ឲ្យ​ក្រុម​របស់ខ្លួន។ Chelsea មិនបាន​បាក់​ស្មារតី​ដោយសារតែ​ការ​អវត្តមាន​របស់​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​ឡើយ និង​ដណ្តើមបាន3ពិន្ទុ​ពេញ​ក្នុង​តង់​ទី2 នៅពេលដែល​ខ្សែការពារ​អន្តរជាតិ​អាល្លឺម៉ង់ Antonio Rudiger បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី1របស់គេ ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Roma មុនពេល​បើក​រដូវ​កាល។ ស្របពេល​ជាមួយគ្នានេះដែរ ខ្សែបម្រើ​ឡើង​ទម្រង់​លេង Raheem Sterling បា​នរក​គ្រាប់​បាល់​ឈ្នះ​ដ៏​មិន​នឹកស្មាន​ដល់​នៅ​នាទី​ទី96 ដោយបាន​ធ្វើឱ្យ​ក្រុម Manchester City យកឈ្នះ​លើ​ក្រុម Southampton ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល1-0 កាលពី​ថ្ងៃ​ពុធ ដើម្បី​រក្សា​ការនាំ​មុខ​ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League។

    ក្រុម​របស់លោក Pep Guardiola ហាក់ដូចជា​ត្រូវ​បាត់បង់​ពិន្ទុ​ទៅហើយ ក្រោយពី​ខ្សែប្រយុទ្ធ Oriol Romeu បា​នរក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែបម្រើ Kevin De Bruyne មុនពេល Sterling បាន​ជួយ​ឲ្យ​ក្រុម Man City កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី19ជាប់ៗគ្នា ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់ និង​ជា​លើក​ទី12ជាប់ៗគ្នា ក្នុង​ក្របខ័ណ្ឌ​លី​ក។ វា​ជា​គ្រាប់​បាល់​ឈ្នះ​ជា​លើក​ទី3របស់ Sterling ពី​ការប្រកួត​ទាំង3លើកចុងក្រោយ​នៃ​ក្រុម​របស់គេ៕

    ប្រភពពី៖ The Straits Times

  • 12 ចំណុច​ខាងក្រោម​នេះ បើស្រីៗយើង​ធ្វើបាន…ប្រុសៗស្រឡាញ់​ស្លាប់​ហើយ!!!​

    12 ចំណុច​ខាងក្រោម​នេះ បើស្រីៗយើង​ធ្វើបាន…ប្រុសៗស្រឡាញ់​ស្លាប់​ហើយ!!!​

    ស្រីៗត្រូវតែ​ដឹង​ណា៎ ថា​និស្ស័យ​របស់​មនុស្ស​យើង​មិន​ដូចគ្នា​ទេ តែ​ទាំងអស់គ្នា​អាច​ផ្លាស់ប្តូរ​បាន ដើម្បីឱ្យ​មនុស្ស​ដែល​យើង​ស្រឡាញ់ ឬ​អ្នក​ជុំវិញខ្លួន​យើង គេ​ស្រឡាញ់​យើង។ វា​អាចជា​រឿង​តូចតាច​ដែល​ពេលខ្លះ​យើង​ភ្លេចខ្លួន ច្រឡំ​ធ្វើ​រឿង​មិនល្អ ឬ​មិន​សមរម្យ​ណាមួយ​ទៅដោយ​មិនបាន​តាំងចិត្ត នាំឱ្យ​មានការ​ឃ្នើសរ​អើ​ស​ចិត្ត​រវាង​យើង និង​មនុស្ស​ដែល​យើង​ស្រឡាញ់ ដូច្នេះហើយ​ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំយក​ទង្វើល្អៗ ចំនួន 12 យ៉ាង​មក​ជម្រាបជូនប្អូននារីៗយើង​ដើម្បី​ធ្វើឱ្យ​ជីវិត​មាន​សេចក្តីសុខ​ជាមួយគ្នា និង​អាច​ប្រើ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ ដែល​វា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ខ្លាំងណាស់ តើ​មាន​អ្វីខ្លះ​នោះ យើង​តាម​តាមដាន​ទាំងអស់គ្នា…ព្រោះ​បើស្រីៗយើង​ធ្វើបាន​ដូច 12 ចំណុច​ខាងក្រោម​នេះប្រុសៗច្បាស់​ជា​ស្រឡាញ់​យើង​រហូត​មិន​ខាន។

    1. មិន​ចិត្តរាយមាយ មិន​សម្លឹង​មនុស្ស​ប្រុស​ណា​ផ្សេង មិន​យក​មនុស្ស​ដែល​យើង​ស្រឡាញ់​ទៅ​ប្រៀបធៀប​នឹង​បុរស​ដទៃ។

    2. បារម្ភ​អំពី​គេ មិន​ថា​គេ​នៅទីណា យ៉ាងណា ជាមួយ​នរណា​ឡើយ តែ​យើង​នឹង​នៅ​រង់ចាំ​ធេ​ក​ឃែ​រ៍​គេ​ជានិច្ច។

    3. នៅក្បែរ​គេ​ជានិច្ច​ក្នុងពេលដែល​គេ​អស់សង្ឃឹម អាច​និយាយបានថា សុខ​ក៏​សុខ​ជាមួយគ្នា ទុក្ខ​ក៏​ទុក្ខ​ជាមួយគ្នា​ហ្នឹងឯង។

    4. (ចំណុច​មួយ​នេះ​រាង​សំខាន់​បន្តិច) នឹង​ប្រាប់​អ្នកជា​និច្ច​ថា ខ្ញុំ​នឹង​ទៅណា ទៅជា​មួយ​អ្នកណា និង​ត្រឡប់មកវិញ​ពេលណា ម៉ោង​ប៉ុន្មាន​ជានិច្ច។

    5. នឹងមិន​ភូតកុហក ឬ​លាក់បាំង​ឡើយ មិន​ថា​រឿង​អ្វី​ក៏ដោយ មាន​អ្វី​ក៏​ប្រាប់​គ្នា​តាម​ត្រង់ មិន​ក្លែងបន្លំ។

    6. នឹងមិន​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍មិនល្អ​ថា ដូចជា​អាច​នឹងត្រូវ​លែង​គ្នា ឬ​លបលួច​បែកចិត្ត​ទៅ​មាន​អ្នកថ្មី​ឡើយ។

    7. នឹងមិន​និយាយ​សុំ​បែក​ពី​អ្នក​មុន​ឡើយ ទោះជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ។

    8. នឹងមិន​ខឹង​មួម៉ៅ​ស្រែក​ឡូឡា ឬ​ជះ​អារម្មណ៍មិនល្អ​ដាក់​អ្នក​ឡើយ។

    9. នឹង​នៅចាំ​ប្រាប់ថា «ស្រឡាញ់» នៅចាំ​ប្រាប់ថា «នឹក» គ្រប់ពេលវេលា។

    10. ថ្ងៃ​ដែលមាន​អារម្មណ៍​នឿយហត់​ជាមួយនឹង​រឿង​អ្វី​ម្យ៉ាង គឺ​បុរស​ម្នាក់​នេះឯង​ដែល​នឹង​ធ្វើឱ្យ​ខ្ញុំ​បាត់​នឿយហត់។

    11. ទោះជា​ថ្ងៃនោះ​មិន​ទំនេរ​ក៏ដោយ តែ​ក៏​នឹង​ព្យាយាម​រក​ពេលទំនេរ ដើម្បី​នឹង​បាន​និយាយ​ជាមួយគ្នា​ដែរ។

    12. នឹង​ធ្វើជា​ផ្នែក​មួយ​របស់​ក្រុមគ្រួសារ​របស់​អ្នកជា​និច្ច៕

    ដោយ ៖ អ្នកគ្រូ ឆវី

  • SKY LAND ខុន​ដូ នឹង​បង្ហាញ​ភាព​ដ៏​អស្ចារ្យ​នៅក្នុង​តំបន់ វិហារ​សួ​គ៍

    SKY LAND ខុន​ដូ នឹង​បង្ហាញ​ភាព​ដ៏​អស្ចារ្យ​នៅក្នុង​តំបន់ វិហារ​សួ​គ៍

    ស្ថិតនៅក្រោម​ស្ថេរភាព នយោបាយ ដ៏ ល្អប្រសើរ រួមជាមួយ​នឹង ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច ក្នុង​រយៈពេល​ជិត20ឆ្នាំ​ចុងក្រោយ​នៅក្នុង​ការ​កេ​ី​ន​ឡេ​ី​ង​ប្រមាណ 7%ជា រៀងរាល់ឆ្នាំ បានធ្វើឱ្យ​លំហូរ នៃ ការវិនិយោគ​ពី​សំណាក់​បណ្តា វិនិយោគិន អន្តរជាតិ បានមក​បង្ហាញ​វត្តមាន ជា ហូរហែ​នៅ​កម្ពុជា ជាមួយនឹង ការជ្រើសតាំង មជ្ឈមណ្ឌល ពាណិជ្ជកម្ម របស់ខ្លួន នៅ តំបន់ ទីប្រជុំជន​នានា ជាពិសេស​នៅក្នុង តំបន់​រាជធានី ភ្នំពេញ​តែម្ដង ។ ប្រការនេះ បាន ជម្រុញ ឱ្យ តម្លៃ ដីធ្លី នៅ​រាជធានី​ភ្នំពេញ​មានការ កើនឡើង យ៉ាងខ្លាំង ហើយក៏​បន្ត​ជំរុញ​ឱ្យ​វិស័យ​សាងសង់​សំណង់​អគារ​នានា​រីក​រាល​ដុះដាលច្រើនឡើងៗ ខណៈដែល​វិស័យ​សំណង់​លំនៅដ្ឋាន​បាន​ងាក​ឆ្ពោះទៅកាន់​តំបន់​ជាយក្រុង​វិញ​ម្ដង។

    អាស្រ័យ​ដោយ​ភាពជាក់ស្ដែង​នៃ​បរិបទ​សេដ្ឋកិច្ច ក៏ដូចជា​វិស័យ​សំណង់​ខាងលើ​នេះហើយ បច្ចុប្បន្ន អ្នកវិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ បាន និង​កំពុង​ផ្តោត​សំខាន់​ទៅកាន់​តំបន់​មាន​សក្ដានុពល វិហារ​សួគ៌ ដែល​ស្ថិតនៅ​ទិសខាងកើត ឆៀង​ខាងជើង​រាជធានី​ភ្នំពេញ ។ គម្រោង​អភិវឌ្ឍ​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​នឹង​លេចចេញ​ជា​រូបរាង​យ៉ាង​ប្រាកដ​នៅទីនេះ​រួមមាន​ដូចជា ៖ គម្រោង​ផ្ទះល្វែង​របស់​បុរី​ចតុមុខ, គម្រោង The Evergreen , គម្រោង Chaktomuk City View , គម្រោង Sky Villa , គម្រោង Sky មេគង្គ រួម​ជាមួយនឹង​គម្រោង​Sky Land ខុន​ដូ និង គម្រោង Star Land ដែលមាន​កិច្ចសហការ​រួមគ្នា​រវាង​ក្រុមហ៊ុន Jet’s Group ជា​ក្រុមហ៊ុន​របស់​ជនជាតិខ្មែ​រ និង​ក្រុមហ៊ុន​របស់​ឥណ្ឌា STAR5 Developers Pvt.Ltd ។ នៅក្នុង​ចំណោម​គម្រោងធំៗទាំងអស់នេះ Sky Land ខុន​ដូ​ត្រូវបាន​គេ​មើលឃើញថា ជា​គម្រោង​ដ៏​អស្ចារ្យ ដែល​អាចជួយ​ព​ន្លើ​ន​ការអភិវឌ្ឍ​ក្នុង​តំបន់​វិហារ​សួគ៌​បាន​យ៉ាង​ប្រសើរ ព្រោះតែ​គម្រោង​មួយ​នេះ មាន​ភាពឆើតឆាយ ស្រស់ស្អាត ទាន់សម័យ​បែប Life style និង​ហ៊ុំ​ព័ទ្ធជុំវិញ​ទៅដោយ​ពិភព​បៃតង ជាពិសេស មាន​លក្ខណៈពិសេស និង​អំណោយផល​ខ្លាំង​ពី​ធម្មជាតិ។

    អ្នកតំណាង​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង Sky Land បានបញ្ជាក់​ឱ្យដឹងថា នៅត្រឹម​ពេល​ដ៏​ខ្លីឆាប់ៗខាងមុខនេះ តំបន់​វិហារ​សួគ៌ នឹង​ក្លាយទៅជា​តំបន់​ទីប្រជុំជន​ដ៏​អ៊ូរ​អរ​ជាងគេ​បើ​ប្រៀបធៀប​ជាមួយ​តំបន់​ជាយក្រុង​ផ្សេងទៀត ព្រោះ​ទីនេះ​ក្រៅពី​មាន​សំណង់​អគារ​លំនៅដ្ឋាន​យ៉ាង​ស្អេកស្កះ ក៏ដូចជា​សំណង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម គឺ​នៅ​មានការ​បង្កើតជា​កន្លែង​កម្សាន្ត កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក​ដ៏​ធំ​ប្រចាំ​តំបន់ មន្ទីរពេទ្យ ទីផ្សារ​លក់ទំនិញ​ចម្រុះ ផ្សារ​លើទឹក​ដំបូង​គេ​នៅ​កម្ពុជា សាលារៀន​កម្រិត​អន្តរជាតិ ភោជនីយដ្ឋាន ដែល​ទាំងអស់នេះ​នឹង​ជួយ​ឱ្យមាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង។ អ្នកតំណាង​ក្រុមហ៊ុន​ដដែល​ក៏បាន​បន្ត​ឱ្យដឹងទៀតថា ភាពល្អប្រសើរ​សម្រាប់​ការវិនិយោគផ្សេងៗមកកាន់​វិហារ​សួគ៌ នៅតែមាន​ភាពល្អប្រសើរ ព្រោះ​ទី1- តម្លៃ​ដី​នៅ​វិហារ​សួគ៌ នៅមាន​តម្លៃ​ទាប​នៅឡើយ ហើយ​មាន​ទំហំ​ធំ​ទូលាយ ខុសប្លែក​ពី​រាជធានី​ភ្នំពេញ ដែល​តម្លៃ​ដី​មាន​កម្រិត​ខ្ពស់​រហូតដល់6000ដុល្លារ​ក្នុង1ម៉ែត្រការ៉េ ហើយ​មាន​ទំហំ​តូច។ ទី2- បរិយាកាស​ល្អ​ស្រស់ស្រាយ​បែប​ធម្មជាតិ, ទី3- មិន​ចង្អៀត មិន​ស្ទះចរាចរណ៍ រួមជាមួយ​នឹង​ចំណុច​ប្រសើរ​ជាច្រើន​ទៀត ដែល​អាចធ្វើឱ្យ​តម្លៃ​ដី ក៏ដូចជា​សំណង់​លំនៅដ្ឋាន​មានការ​កើនឡើង​រហូត​ដល់3ដង ក្រោយពេល​បញ្ចប់​គម្រោង​សាងសង់ Sky Land ខុន​ដូ។ អ្នក​អភិវឌ្ឍន៍​គម្រោង Sky Land ខុន​ដូ បាន​និយាយថា អតិថិជន​អាចមាន​ជម្រើស​ច្រើន​ក្នុងការ​ទូទាត់ ដែល​អាច​បត់បែន​បាន​ដោយ​មិនមាន​ការប្រាក់​រហូតដល់ 3 ឆ្នាំ ។ សម្រាប់​អតិថិជន ដែលមាន​បំណង​ចង​ធ្វើការ​វិនិយោគ​បន្ត “ការលក់​ត្រឡប់មកវិញ ” គឺ​កាន់​តែមាន​ភាពងាយស្រួល ហើយ​អាច​ទទួលបាន​ចំណេញ​ខ្ពស់ ចាប់ពី 35% ទៅ 50% បន្ទាប់ពី​បញ្ចប់​គម្រោង2ឆ្នាំ។

    សូមបញ្ជាក់​ផងដែរ​ថា អគារ​ទាំងនេះ​នឹងត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​អ្នកជំនាញ​ដែលមាន​សមត្ថភាព​ខ្ពស់ ដើម្បី​ធ្វើឱ្យ​ប្រាកដថា គម្រោង​ទាំងអស់​ដំណើរការ​យ៉ាង​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​អាច​និយាយបានថា តំបន់ វិហារ​សួគ៌ នឹង​ក្លាយទៅជា​ទីក្រុង​ថ្មី​មួយទៀត​បន្ទាប់ពី​រាជធានី​ភ្នំពេញ ។ ដោយឡែក​សម្រាប់​ឱកាស​នៃ​ការតាំងពិព័រណ៍ និង​បង្ហាញ​ផលិតផល​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី02 ក្នុង​សាល​ពិព័រណ៍​កោះ​ពេជ្រ លោកអ្នក​ក៏​នឹង​ទទួលបាន​ការលក់​បញ្ចុះ​តម្លៃ​ពិសេស រហូតដល់20ភាគរយ សម្រាប់​ការ​កក់​ទុក​របស់​លោកអ្នក ។ អាចទាក់ទង Star5 Developers តាមរយៈ​អាសយដ្ឋាន អគារ​លេខ124, ផ្លូវ​សុធារស់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ​តាមរយៈ Email: [email protected]  ទូរស័ព្ទ​លេខ ៖ 023 622 4555 / 081255 455 / 081 355 455

    គណៈ​គ្រប់គ្រង STAR5 Developers Pvt.Ltd
    MD: Kiran Kumar Reddy
    CEO: Alexander Evengroen
    CSO: Mohan Gunti