Author: វល័ក្ខ

កាសែតឡារ៉ែន ពាណិជ្ជ លេខ 103
[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/12/LRPN_103-for-web.pdf” force_dl=”1″] 
Samsung ទំនងជាបង្ហាញ Galaxy X អេក្រង់ Foldable ឆាប់ៗនេះ
សេអ៊ូល៖ Samsung គឺជាក្រុមហ៊ុនអេឡិចត្រូនិកដំបូងគេដែលផលិតស្មាតហ្វូនអេក្រង់កោង (curved display) ប៉ុន្តែអ្វីដែលជាដំណឹងដ៏អស្ចារ្យនៅពេលនេះគឺមានព័ត៌មានលេចឮមកថា Samsung នឹងបង្ហាញខ្លួនស្មាតហ្វូន Galaxy X ដែលជាទូរស័ព្ទដៃអេក្រង់ Foldable ដំបូងគេបំផុត។
Samsung មិនមែនជាក្រុមហ៊ុនដំបូងគេនោះទេ ដែលគ្រោងនឹងផលិតស្មាតហ្វូនអេក្រង់ Foldable នោះ មានក្រុមហ៊ុនជាច្រើនកំពុងតែផលិតសំងំផលិតឧបករណ៍អេក្រង់ Foldable ដែលក្នុងនោះមានដូចជា Apple និង LG ប៉ុន្តែប្រហែលជាមានតែ Fan របស់ Samsung មួយប៉ុណ្ណោះដែលមានឱកាសប្រើស្មាតហ្វូន Foldable មុនគេ។
លោក Ko Dong-jin មេធំ Samsung បានប្រកាសឲ្យដឹងកាលពីខែវិច្ឆិកាថា ក្រុមហ៊ុនគ្រោងនឹងដាក់ដំណើរការស្មាតហ្វូនអេក្រង់ Foldable នៅក្នុងឆ្នាំ 2018 ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះស្មាតហ្វូននោះឡើយ៕

Silva ជួយឲ្យ Man City រក្សាការនាំមុខ8ពិន្ទុដាច់លើក្រុម Man United
ក្រុម Manchester City បានរក្សាការនាំមុខ8ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែបម្រើដ៏មានឥទ្ធិពល David Silva បានជួយឲ្យពួកគេទទួលបានជ័យជម្នះក្នុងលទ្ធផល 2-1 លើក្រុម West Ham កាលពីថ្ងៃអាទិត្យ។

ក្រុមរបស់លោក Pep Guardiola បានរក្សាទម្លាប់នាពេលថ្មីៗនេះរបស់ពួកគេតាមរយៈការវាយបកដើម្បីរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ខណៈដែល Silva បានរកគ្រាប់បាល់បំប៉ោងសំណាញ់នៅរយៈពេល7នាទីចុងក្រោយនាកីឡដ្ឋាន Eastlands ដើម្បីជួយឲ្យក្រុម Man City កត់ត្រាជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី13ជាប់ៗគ្នារបស់ពួកគេ។ Silva បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីខ្សែការពារ Nicolas Otamendi ដើម្បីរកគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី2 ដើម្បីតាមស្មើគ្រាប់បាល់បើកឆាករបស់ខ្សែការពារ Angelo Ogbonna នៃក្រុម West Ham នៅចុងតង់ទី1។ Man City បានតាមស្មើកំណត់ត្រារបស់ Chelsea ក្នុងរដូវកាលឆ្នាំ2016-2017 និងក្រុម Arsenal ក្នុងរដូវកាលឆ្នាំ2001-2002 សម្រាប់ការកត់ត្រាជ័យជម្នះជាប់ៗគ្នាច្រើនជាងគេបំផុត ក្នុងរដូវកាលតែមួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League។ លោក Pep Guardiola បានឲ្យដឹងថា៖ «យើងបានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែ យើងបានបាត់បង់ការអត់ធ្មត់។ យើងមិនមានការលេងប្រកបដោយការស៊ីចង្វាក់គ្នា ដោយសារតែអ្នកចាំទីរបស់ក្រុម West Ham គឺ Adrian បានបំពេញតួនាទីយ៉ាងល្អរាល់ពេលទាំងអស់»។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «ពួកគេបានលេងកីឡាករ10នាក់ក្នុងប្រអប់ទី វាស្ទើរតែមិនអាចទៅរួចឡើយ។ វាជាការទទួលជ័យជម្នះដ៏ធំមួយ។ វាបានបង្ហាញពីទីតាំងរបស់យើង»៕
ប្រភពពី៖ Sky Sports

តុលាការអន្តរជាតិ បង្គាប់ឲ្យ BlackBerry បង់ប្រាក់ 137លានដុល្លារ ទៅក្រុមហ៊ុន Nokia ដើម្បីបញ្ចប់ជម្លោះ
អាមេរិក៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃកាណាដា BlackBerry នៅថ្ងៃនេះ ត្រូវបានតុលាការអន្តរជាតិ បង្គាប់ឲ្យបង់ប្រាក់ 137លានដុល្លារអាមេរិក ទៅក្រុមហ៊ុន Nokia ដើម្បីបញ្ចប់ជម្លោះកិច្ចសន្យារវាងក្រុមហ៊ុនទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena ចេញផ្សាយនៅថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2017។

ក្រុមហ៊ុន Nokia បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអាជ្ញាកណ្ដាលពាណិជ្ជកម្មអន្តរជាតិ ឲ្យជួយដោះស្រាយពាក់ព័ន្ធនឹងករណីដែលក្រុមហ៊ុន BlackBerry បានល្មើសទៅនឹងកិច្ចសន្យា ប៉ុន្តែនៅក្នុងពាក្យបណ្ដឹងនោះ ក្រុមហ៊ុន Nokia មិនបានស្នើឲ្យតុលាការជួយដោះស្រាយរឿងករណី BlackBerry រំលោភលើកម្មសិទ្ធិបញ្ញាឡើយ ខណៈដែលគេដឹងថា ក្រុមហ៊ុន BlackBerry បានប្រើប្រាស់នូវប៉ាតង់ជាច្រើនរបស់ Nokia ដោយមិនបានសុំសិទ្ធិប្រើប្រាស់។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន BlackBerry នៅមិនទាន់មានប្រតិកម្ម ឬសេចក្ដីថ្លែងការណ៍ណាមួយឡើយ ខណៈដែលសារព័ត៌មានជាច្រើនកំពុងតែផ្ដោតសំខាន់ទៅលើរឿងនេះ៕


ISUZU ជាដៃគូរដ៏អស្ចារ្យ ក្នុងព្រឹត្ដិការណ៍ THAI FIGHT 2017
ក្នុងកម្មវិធី “THAI FIGHT 2017” ជាព្រឹត្ដិការណ៍ដំបូងនៅកម្ពុជា ដែលមានការចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងវត្ដមាន លោក ថូស៊ីអាគិ ម៉ាអេខាវ៉ា (Toshiaki Maekawa) អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Co., Ltd ដែលជាអ្នកឧបត្តម្ភធំសម្រាប់ការប្រកួត។ គេសង្កេតឃើញថា កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ខណៈកីឡាការជាតិនិងអន្ដរជាតិទាំងអស់បានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព។
ក្នុងកម្មវិធីនេះដែរគេបានឃើញក្រុមហ៊ុន ISUZU នឹងនាំកីឡាករថៃ សេនសាថាន ភី.ខេ សេនឆៃ មួយថៃយីម (Saensatharn P.K. Saenchai Muaythaigym) មកកាន់សង្វៀនកណ្ដាលទីក្រុងភ្នំពេញក្នុងកម្មវិធី “THAI FIGHT 2017” នេះដែរ។ គួរបញ្ជាក់ថា កីឡាករថៃ សេនសាថាន ភី.ខេ សេនឆៃ មួយថៃ យីម (Saensatharn P.K. Saenchai Muaythaigym) ជាម្ចាស់ជើងឯក ISUZU CUP SUPER FIGHT 2017 ដែលបានឡើងប្រកួតលើសង្វៀនកិត្តិយស ដណ្ដើមពានរង្វាន់ព្រះរាជទានពីព្រះបាទ ភូមិបុល អាឌុលយ៉ាដេត និងព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន ដោយអ្នកគ្រងតំណែងជើងឯក “THAI FIGHT 2017” ដែលទទួលបានរង្វាន់រថយន្ត ភីកអាប់ “ISUZU D-MAX” ព្រមជាមួយប្រាក់សុទ្ធសរុបជាង 4លានបាត (ស្មើនឹងជាង492លានរៀល)។
ហើយនេះក៏មិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន ISUZU បានចូលរួមរៀបចំការប្រកួតប្រដាល់ក្បាច់គុនថៃលំដាប់ពិភពលោក “THAI FIGHT” ឬ«Khmer Thai Fight»ដូច្នេះក្រុមហ៊ុនISUZU នៅតែក្លាយជាដៃគូសហការយ៉ាងល្អ នៅក្នុងកម្មវិធីប្រដាល់លំដាប់ពិភពលោក។
“THAI FIGHT 2017” វគ្គជម្រុះជុំទី១ គឺជាការជួបគ្នាដ៏អស្ចារ្យរវាងអ្នកប្រដាល់មកពីប្រទេសផ្សេងៗចំនួន16រូប សរុប 8គូ ដោយគូសំខាន់ប្រចាំកម្មវិធីគឺជាការជួបគ្នារវាងម្ចាស់ជើងឯកពានរង្វាន់ ISUZU CUP SUPER FIGHT “សេនសាថាន ភី.ខេ សេនឆៃ មួយថៃយីម” ជាមួយ កីឡាករ ទីអាកូ កួឡាតេ (Thiago Goulate) មកពីប្រទេសប្រេស៊ីល ទម្ងន់មធ្យម70គ.ក ព្រមជាមួយវត្តមានកីឡាករប្រដាល់ដ៏ល្បីល្បាញ៤រូបពីប្រទេសកម្ពុជា រួមមាន ពេជ្រ ម្ចេសខ្មាំង, ឃឹម ឌីម៉ា, មឿន សុភា និង ឡៅ ចិត្រា រួមជាមួយកីឡាករប្រដាល់ថៃដូចជា សេនឆៃ ភី.ខេ សេនឆៃ មួយថៃយីម (Saenchai P.K Saenchai Muaythaigym), ប៉.ត.ថ ពេជ្រ រុងរឿង (P.T.T Petch Rung Ruang) និង សុត សាខន ស គ្លិនមី (Sudsakorn Sor Klinmee)។
សម្រាប់ការប្រកួត “THAI FIGHT 2017” វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី23 ខែធ្នូ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចំណែកវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី27ខែមករា ឆ្នាំ2018 នៅទីក្រុងបាងកក ដោយជើងឯកពានរង្វាន់ “THAI FIGHT 2017” ម្នាក់ៗ នឹងទទួលបានរង្វាន់រថយន្ត ភីកអាប់ “ISUZU D-Max” ព្រមជាមួយប្រាក់សុទ្ធ1លានបាត (ស្មើនឹង 123លានរៀល)។ ចំណែកជើងឯករងនឹងទទួលបានប្រាក់សុទ្ធ3សែនបាត(ស្មើនឹងជាង 370លានរៀល) ដែលសរុបរង្វាន់ជាទឹកប្រាក់សុទ្ធទាំងអស់គឺជាង 4លានបាត(ស្មើនឹងជាង492លានរៀល)។
នៅឆ្នាំ2010 ក្រុមហ៊ុន ISUZU បានចូលរួមជាអ្នកឧបត្ថម្ភធំក្នុងការប្រកួតប្រដាល់ក្បាច់គុនអន្តរជាតិ “THAI FIGHT” នាំមកនូវពានរង្វាន់ “ISUZU CUP” ជាការប្រកួតប្រដាល់ក្បាច់គុនដែលរៀបចំឡើងរយៈពេលយូរជាង27ឆ្នាំមកហើយ ៕





5 វិធីគិតបែប «ជែក ម៉ា» អ្នកនាំភាពជោគជ័យមកឱ្យ «អាលីបាបា»
ជែក ម៉ា ស្ថាបនិក អាលីបាបា អាណាចក្រ អ៊ី-ខំមើកស៍ ដ៏ធំបំផុតរបស់ចិន និងជាបុគ្គលដែលគ្រងតំណែងបុរសអ្នកមានបំផុតក្នុងដែនដីនាគចិន។ ពីមនុស្សដែលទើបនឹងស្គាល់អ៊ីនធើណិតពេលអាយុជ្រុលដល់ 30 ជាងទៅហើយនោះ នៅថ្ងៃនេះ ម៉ា បានក្លាយជាម្ចាស់ក្រុមហ៊ុនដែលមានប្រាក់ចំណូល 23,000លានដុល្លារកាលពីឆ្នាំកន្លងទៅ។ យើងនាំគ្នាទៅមើលថា តើបុរសម្នាក់នេះមានវិធីការគិតយ៉ាងណា ទើបគេអាចសាងភាពជោគជ័យលំដាប់ពិភពលោកបែបនេះបាន?
1 . បង្កើតការជឿជាក់ដល់មនុស្សគ្រប់គ្នា
រៀបចំខ្លួនឱ្យគួរគោរពជឿជាក់ពីសំណាក់មនុស្សជុំវិញខ្លួន តាំងពីបុគ្គលិករហូតដល់អ្នកវិនិយោគទុន អ្នកដែលចូលរួមប្រថុយប្រថានទៅជាមួយយើងត្រូវតែទុកចិត្តលើយើង។ ម៉ា និយាយថា Trust ឬការជឿទុកចិត្តគឺជាផ្នែកផ្គុំសំខាន់ក្នុងការធ្វើឱ្យអាលីបាបាទទួលបានជោគជ័យ។
“ភាពជឿទុកចិត្ត ធ្វើឱ្យយើងមានសាមគ្គីជាធ្លុងមួយ ដោយសារតែបណ្ដាអ្នកវិយោគទុនជឿទុកចិត្តលើរូបខ្ញុំ ទើបខ្ញុំត្រូវតែស្មោះត្រង់ចំពោះពួកគេ ស្មោះត្រង់ក្នុងអ្វីដែលកំពុងធ្វើ”។ ការដែលអ្នកដទៃជឿទុកចិត្តលើម៉ា និងជឿលើភារកិច្ចដែលក្រុមហ៊ុនកំពុងដំណើរការ អាចរាប់បានថា ជាវត្ថុដែលមានតម្លៃខ្ពស់បំផុតដែលខ្លួនគេមាន។ មានតម្លៃខ្លាំងដល់ថ្នាក់ថា បើសិនដកលុយច្រើនជាង 1 លានដុល្លារទិញភាពជឿទុកចិត្តបាន ក៏គេសុខចិត្តដកទិញដែរ។
2 . បំភ្លេចចោលការប្រកួតប្រជែង តែត្រូវផ្ដោតសំខាន់លើអតិថិជន
ម៉ាមិនដែលពិបាកវេទនាចិត្តជាមួយការប្រកួតប្រជែងខាងជំនួញនោះទេ គ្រប់យ៉ាងដែលអាលីបាបាធ្វើ ទាំងអស់ស្ថិតលើគោលការណ៍ថា តើអតិថិជនត្រូវការអ្វី?។ ហេតុផលធម្មតាខ្លាំងណាស់ បើត្រូវការឱ្យមុខជំនួញឈរជើងបានស្ថិតស្ថេរ ក្នុងការសម្រេចចិត្តណាមួយ ភាពពេញចិត្តរបស់អតិថិជនត្រូវមកមុនគេបង្អស់។
“បើមានអតិថិជនមកប្រាប់ខ្ញុំថា ជែក! លោកគួរតែសង់ឃ្លាំងដាក់ទំនិញបន្ថែម យើងនឹងសង់!។ មិនមែនព្រោះយើងមានដើមទុនច្រើននោះទេ តែព្រោះវាជារឿងចាំបាច់”។ នៅពេលសួរថា តើនរណាជាគូប្រជែងរបស់អាលីបាបា? ម៉ាឆ្លើយថា គាត់មិនដឹងទេ “ក្នុងឋានៈជាសហគ្រិន កុំសម្លឹងមើលមិត្តរួមជំនួញថាជាគូប្រជែង កុំទៅចាប់អារម្មណ៍បើជាក្រុមហ៊ុនតូចៗផងនោះ ទុកពេលទៅធ្វើឱ្យអតិថិជនពេញចិត្តនឹងយើងវិញប្រសើរជាង”។

3 . ត្រូវគិតថា ជំនួញរបស់អ្នកគឺខ្នាតលំដាប់អន្តរជាតិ
សម្រាប់ម៉ា ការសម្លឹងមើលមុខជំនួញ ត្រូវត្រៀមបម្រុងដើម្បីទៅដល់លំដាប់ពិភពលោក។ គាត់ជឿថា មុខជំនួញ ទោះជាមានខ្នាតតូចក៏ដោយ តែបើអាច “ហក់ដល់លំដាប់ពិភពលោក” ក៏នឹងឈរជើងបានក្នុងរយៈពេលវែង ហើយឧបករណ៍ដែលធ្វើឱ្យហក់ទៅដល់លំដាប់ពិភពលោកបាននោះគឺ ខ្សែបណ្ដាញអ៊ីនធើណិតហ្នឹងឯង។
កណ្ដាលការប្រកួតប្រជែងដែលកាន់តែខ្ពស់ឡើង ក្ដៅគគុកឡើងនោះ បើនៅតែដំណើរការមុខជំនួញតាមបែបបុរាណដដែលៗ គ្មានការកែសម្រួល មិនប្រើប្រាស់អ៊ីនធើណិត ឬបណ្ដាញសង្គមធ្វើជាឧបករណ៍ទេនោះ មានឱកាសខ្ពស់ណាស់ក្នុងការស្ថិតនៅចុងកន្ទុយគេ។ ដូច្នេះ តឱ្យវាជាមុខជំនួញខ្នាតតូចប៉ុនណា ក៏ត្រូវតែរិះរកវិធីថា ធ្វើយ៉ាងណាទើបលក់បានទូទាំងពិភពលោក?។
4 . ប្រើមនុស្សជំនាន់ថ្មី
“ពេលយើងនៅកំលោះ-ក្រមុំ មិនសូវមានអ្នកណាឱ្យឱកាសយើងទេ មកដល់ពេលនេះ យើងគួរឱ្យឱកាសមនុស្សជំនាន់ថ្មី។ ថាៗទៅ មនុស្សកំលោះពេញកម្លាំងដែលឆ្លាតវៃ ធ្វើការបានល្អជាងយើងទៀតផង” ម៉ា និយាយថា ការសាងក្រុមដែលធ្វើការរួមគ្នាបានយូរ និងការផ្ដល់ឱកាសឱ្យមនុស្សទាំងនោះ ជារឿងសំខាន់ជាងអ្វីទាំងអស់។
នោះគឺជាហេតុផលដែលម៉ា ជ្រើសរើសជួលនិយោជិតដែលឆ្លាតៗមកធ្វើការឱ្យ ព្រោះដឹងថា បុគ្គលិកដែលពូកែ អាចរាប់បានថា ជាទ្រព្យសម្បត្តិ និងជាធនធានដែលល្អបំផុតសម្រាប់ស្ថាប័ន។
5 . កុំបោះបង់គោលដៅ
ដំណើរផ្លូវរបស់ម៉ា ក្នុងការសាងអាលីបាបាគឺ “ដើរតទៅមុខ” ។ បើមិនបាក់ទឹកចិត្ត ឬបញ្ឈប់កណ្ដាលទីទេនោះ ឱកាសនៅតែមាន តែបើលើកទង់ជ័យសចុះចាញ់វិញនោះ គឺជាក្ដីបរាជ័យយ៉ាងធំបំផុត។ ក្ដីឧស្សាហ៍ ក្ដីមានះព្យាយាមពុះពារគឺជារឿងចាំបាច់ “ថ្ងៃនេះថាពិបាកហើយ ថ្ងៃស្អែកនឹងពិបាកខ្លាំងជាងទៅទៀត តែបើឆ្លងវាទៅបាន បន្ទាប់ពីនោះទៅ នឹងមានតែរឿងល្អៗប៉ុណ្ណោះ”៕
រៀបរៀងដោយ តាវ៉ែនតា

លោក Loew និងអាល្លឺម៉ង់ នឹងដឹងពីគូប្រកួតរបស់ខ្លួនក្នុង World Cup ក្នុងការចាប់ឆ្នោតនៅថ្ងៃនេះ
លោក Joachim Loew ពិតជាមិនមានការព្រួយបារម្ភជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ឡើយ ខណៈដែលពួកគេត្រូវបានគេមើលឃើញថា ជាក្រុមដែលមានក្តីសង្ឃឹមច្រើនជាងគេក្នុងការឈ្នះពាន World Cup ឆ្នាំ2018 ប៉ុន្តែ គ្រូបង្វឹករូបនេះក៏ត្រូវតែធ្វើការពង្រឹងតំបន់ផ្សេងៗផងដែរ នៅមុនពេលធ្វើការការពារពានពិភពលោកនៅប្រទេសរុស្ស៊ី។

ក្រុមជម្រើសជាតិអង់គ្លេស និងអេស្ប៉ាញនឹងត្រូវស្ថិតក្នុងពូលផ្សេងពីគ្នាក្នុងនាមជាក្រុមខ្លាំងដែលអាចនឹងក្លាយជាឧបសគ្គសម្រាប់អាល្លឺម៉ង់ ខណៈដែលក្រុមម្ចាស់ជើងឯក World Cup មួយនេះ នឹងដឹងពីគូប្រកួតរបស់ខ្លួនក្នុងការចាប់ឆ្នោតនៅថ្ងៃសុក្រនេះ ក្នុងទីក្រុងម៉ូស្គូ។ លោក Loew បានចាត់ទុកយុទ្ធនាការ World Cup ឆ្នាំ2018 គឺជាយុទ្ធនាការដ៏លំបាកបំផុតមកទល់ពេលនេះ ក្នុងចំណោមការកាន់តំណែងជាគ្រូបង្វឹករយៈពេល12ឆ្នាំរបស់លោក ពីព្រោះក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងក្លាយជាក្រុមមួយដែលក្រុមឯទៀតចង់ផ្តួល។ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតមិត្តភាពអន្តរជាតិចុងក្រោយរបស់ពួកគេក្នុងឆ្នាំ2017 កាលពី2សប្តាហ៍មុន Joachim Loew បានឲ្យដឹងថា៖ «ខ្ញុំពិតជាស្ថិតក្នុងអារម្មណ៍ស្ងប់ទាំងស្រុង ហើយមិនមានរាត្រីណាដែលខ្ញុំដេកមិនលក់នោះទេ»។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងរឹងមាំ និងមិនស្គាល់ចាញ់សោះក្នុងចំណោមការប្រកួតអន្តរជាតិ21លើកចុងក្រោយរបស់ពួកគេ ចាប់ពីតាំងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ2016 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោក Loew បានបន្ថែមទៀតថា៖ «យើងបានធ្វើការទៅលើការបង្កើតឲ្យមានមូលដ្ឋានដ៏ល្អមួយ។ យើងដឹងពីអ្វីដែលយើងអាចធ្វើបាន ហេតុនេះ ខ្ញុំមិនមានការភិតភ័យឡើយអំពីការត្រៀមលក្ខណៈរបស់យើង»៕
ប្រភពពី៖ Sport24

WhatsApp គាំងមិនដំណើរការជុំវិញពិភពលោកជិត 1ម៉ោង
អាមេរិក៖ កម្មវិធីជជែកកម្សាន្តដ៏ល្បី និងពេញនិយមនៅលើពិភពលោក WhatsApp បានប្រកាសឲ្យដឹងថា នៅពេលនេះ អ្នកប្រើប្រាស់អាចចូលទៅប្រើ WhatsApp វិញបានហើយ បន្ទាប់ពីមានបញ្ហាគាំងជិត 1ម៉ោង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្តិច។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា ប្រហែលជា 1ម៉ោងមុននេះ WhatsApp ត្រូវបានគាំងមិនដំណើរការ ហើយតំបន់ដែលប៉ះពាល់បំផុតនោះគឺអឺរ៉ុប និងប្រេស៊ីល ខណៈដែលអ្នកនាំពាក្យរបស់ WhatsApp បានត្រឹមតែបញ្ជាក់ថា ពេលនេះ WhatsApp ដំណើរការបានវិញហើយ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពី Facebook ទិញ WhatsApp នៅឆ្នាំ 2014 ក្នុងតម្លៃ 19ពាន់លានដុល្លារអាមេរិកមក WhatsApp មិនធ្លាប់កើតមានបញ្ហាគាំងឡើយ ខណៈដែល Facebook គាំងចន្លោះពី 3 ទៅ 4ដងក្នុងមួយឆ្នាំ៕

លោក Allardyce ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Everton
លោក Sam Allardyce ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Everton ក្រោយពីលោកបានចូលទស្សនាការប្រកួតរបស់ក្រុមទូកក្តោងខណៈដែលពួកគេបានផ្តួលក្រុម West Ham United 4-0 នាកីឡដ្ឋាន Goodison Park។
គ្រូបង្វឹកវ័យ63ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកុងត្រាមួយដែលនឹងផុតកំណត់ក្នុងឆ្នាំ2019។ លោក Allardyce បានចូលជំនួសកន្លែងរបស់លោក Ronald Koeman ដែលត្រូវបានបណ្តេញចេញក្នុងរយៈពេលច្រើនជាង5ឆ្នាំកន្លងទៅ និងបានវិលទៅកាន់តួនាទីផ្នែកដឹកនាំវិញក្នុងរយៈពេល៦ខែ ក្រោយពីចាកចេញពីក្លិប Crystal Palace។ លោក Allardyce នឹងចូលកាន់តំណែងជំនួសគ្រូបង្វឹកបណ្តោះអាសន្នលោក David Unsworth ដែលនឹងនៅតែស្ថិតជាបុគ្គលិករបស់ក្លិបនេះដដែលសម្រាប់ការប្រកួតលើទឹកដីខ្លួនឯងរបស់ក្រុម Everton ជាមួយនឹងក្រុម Huddersfield Town កាលពីថ្ងៃសៅរ៍។
ការបរាជ័យរបស់ក្លិប Everton ក្នុងការលួងលោមលោក Marco Silva ឲ្យចាកចេញពីក្លិប Watford ហើយការសម្រេចចិត្តក្នុងការផ្តល់កិច្ចសន្យារយៈពេលវែងដល់លោក Allardyce បានធ្វើឲ្យគ្រូបង្វឹកចាស់វស្សារូបនេះ វិលទៅកាន់ក្របខ័ណ្ឌ Premier League តែម្តង។ លោក Allardyce ដែលធ្លាប់បានដឹកនាំក្លិប Bolton Wanderers, Newcastle United, Blackburn Rovers, West Ham Sunderland និង Crystal Palace ក្នុងក្របខ័ណ្ឌ Premier League នោះ មិនធ្លាប់បានដឹកនាំឲ្យក្រុមមួយធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសឡើយ។

លោក Allardyce បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំតែងតែបានគិតថា Everton គឺជាក្លិបដ៏អស្ចារ្យមួយ។ ពិតណាស់ ក្លិបនេះ បានឆ្លងកាត់ឧបសគ្គជាច្រើន ហើយជាការរំពឹងទុក ខ្ញុំអាចបញ្ចប់បញ្ហាផ្សេងៗឲ្យបានឆាប់តាមដែលអាច និងចាប់ផ្តើមវិលទៅរកភាពខ្លាំងម្តងទៀត»៕
ប្រភពពី៖ The Guardian

សណ្ឋាគារលំដាប់កំពូលខ្នាតអន្តរជាតិនៅកម្ពុជា កាន់តែមានភាពអស្ចា្យជាមួយវត្តមាន AccorHotels Group
AccorHotel Group គឺជាអ្នកជំនាញ និងមានឯកទេសលើការគ្រប់គ្រង បណ្តុះបណ្តាល រួមជាមួយនឹងការបង្កើតគំនិតថ្មីៗនៅក្នុងវិស័យបដិសណ្ឋារកិច្ច ជាពិសេស លើវិស័យសណ្ឋាគារលក្ខណៈស្ដង់ដាកម្រិតពិភពលោក ដែលរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ AccorHotels មានសណ្ឋាគារល្បីៗនៅទូទាំងពិភពលោកសហការប្រតិបត្តិការរាប់ពាន់សណ្ឋាគារ ខណៈដែលត្រឹមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានរហូតដល់ 800 សណ្ឋាគារ ស្មើនឹងប្រមាណ160,000 បន្ទប់ នៅប្រទេសចំនួន17 ក្នុងនាមជាអ្នកដឹកនាំទីផ្សារលើវិស័យនេះ ។ ជាមួយគ្នានេះ ដោយសារតែសម្លឹងឃើញពីឱកាសទទួលបានទីផ្សារ រួមជាមួយនឹងគោលបំណងពង្រីកវិសាលភាពរបស់ខ្លួនផងដែរនោះ បច្ចុប្បន្ន ស្ថាប័នដ៏ល្បីមួយនេះបានមកបង្ហាញខ្លួននៅកម្ពុជា និងទទួលយកសណ្ឋាគារលំដាប់កំពូលចំនួន 4 ធ្វើជាសមាជិករបស់ខ្លួន ។
សណ្ឋាគារប្រណីត និងជាប់ជាលំដាប់កំពូលផ្នែកប្រតិបត្តិករប្រចាំនៅកម្ពុជាចំនួន 04 ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីសមាជិករបស់ AccorHotels Group រួមមាន ៖ សណ្ឋាគារ Raffles Hotel Le Royal Phnom penh, សណ្ឋាគារ Raffles Grand Hotel D’Angkor, សណ្ឋាគារ Sofitel Phnom Penh Phokeethra និងសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ។
លោក Patrick Basset តំណាងស្ថាប័ន AccorHotels Group បានលើកឡើងថា ៖ ក្នុងនាមជាប្រធានប្រតិបត្តិការរបស់ AccorHotels Group នៅតំបន់អាស៊ីអាគ្នេយ៍ , តំបន់អាស៊ីភាគឦសាន , តំបន់ម៉ាល់ឌីវ និងក្នុងនាមជាប្រធានក្រុមនៃភាពចម្រុះក្នុងការដាក់បញ្ចូលសមាជិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ខ្ញុំមានសេចក្តីរីករាយក្នុងការគាំទ្រដល់សមាជិកថ្មីទាំង4 ដែលបានចូលរួមជាមួយ AccorHotes ។ នៅក្នុងឱកាសប្រកាសប្រាប់ និងបង្ហាញពីសមាជិកថ្មីនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីពេលកន្លងទៅនេះ លោក Patrick Basset ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលមានស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងឆ្នាំ2017នេះ អ្នកជំនាញបានធ្វើការព្យាករណ៍ថា ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ នឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់6,9ភាគរយ ខណៈដែលបណ្តាប្រទេសជិតខាងមួយចំនួនមានអត្រាកំណើនសេដ្ឋកិច្ចទាបជាងនេះ ។ លោកបានពន្យល់ទៀតថា ៖ ហេតុផលចម្បងដែល AccorHotels មកបង្ហាញខ្លួននៅកម្ពុជា មិនមែនដោយសារសម្លឹងឃើញត្រឹមតែកំណើនសេដ្ឋកិច្ចតែមួយនោះទេ ប៉ុន្តែកម្ពុជានៅមានចំណុចពិសេសជាច្រើនទៀត រួមជាមួយគោលបំណងរបស់ AccorHotels ចង់ពង្រីកវិសាលភាពរបស់ខ្លួនផងដែរ។ កម្ពុជា ជាគោលដៅសំខាន់មួយរបស់ AccorHotels ព្រោះតែកម្ពុជាប្រៀបបានទៅនឹងវត្ថុមានតម្លៃដែលមិនទាន់ច្នៃ ។ មិនថាវប្បធម៌ អរិយធម៌ ធនធានធម្មជាតិ ក៏ដូចជាសកម្មភាពដែលកំពុងរីកចម្រើននេពេលបច្ចុប្បន្ន សុទ្ធតែជាគោលដៅរបស់បណ្តាអ្នកវិនិយោគ ជាពិសេសផ្តល់ប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍ ខណៈដែលផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចអាចទទួលបានផលល្អច្រើន។ យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរថា បើទោះបីជាកម្ពុជាមានភាពល្អប្រសើរដូចការលើកឡើងខាងលើនេះ ប៉ុន្តែបើនិយាយពីវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច គឺកម្ពុជាហាក់ដើរយឺតជាងបណ្តាប្រទេសជិតខាងមួយចំនួនប្រមាណជា1 ឬ 2 ជំហាន ទៅហើយ ជាក់ស្ដែងជាប្រទេសវៀតណាម និងប្រទេសថៃជាដើម។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក Patrick Basset ក៏បានបញ្ជាក់ផងដែរថា ៖ សម្រាប់ការបញ្ចូល ឬទទួលយកសមាជិកថ្មី គឺ AccorHotels មានគោលការណ៍ច្បាស់ ហើយក៏មានការពិនិត្យទៅលើកម្រិត ឬចំណាត់ថ្នាក់នៃសណ្ឋាគារដែលត្រូវបញ្ចូលជាសមាជិកផងដែរ ហើយត្រឡប់មកវិញ ចំពោះអត្ថប្រយោជន៍របស់សណ្ឋាគារជាសមាជិកដែលទទួលបានពី AccorHotels ក៏មានច្រើន ដែលក្រៅពីទទួលបានអតិថិជនចាស់មាននៅក្នុងដៃរបស់ AccorHotels នៅទូទាំងពិភពលោកនោះ គឺនៅទទួលបានការប្រឹក្សាទៅភាពជំនាញលើការគ្រប់គ្រងជាប្រព័ន្ធ ការបង្កើតគំនិតថ្មីលើការសេវាល្អឥតខ្ចោះដល់អតិថិជន ជាពិសេស អាចទទួលបានចំណូលច្រើនជាងបណ្តាសណ្ឋាគារនានាដែលជាដៃគូប្រកួតប្រជែងក្រោយការជួយជំរុញរបស់ AccorHotes Group ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ AccorHotels កំពុងតែរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា រួមជាមួយនឹងការចូលរួមជួយដល់សហគមន៍មូលដ្ឋានតាមរយៈការបង្កើតការងារការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការហាត់ការនៅតាមបណ្តាសណ្ឋាគារដែលជាដៃគូរបស់ខ្លួន។ តាមរយៈកម្មវិធីបង្កើនមូលនិធិ និងកម្មវិធីអាហារូបករណ៍ AccorHotes ក៏កំពុងជួយយុវជននៅកម្ពុជាឱ្យមានអនាគតភ្លឺស្វាង ដោយការបំប៉នឱ្យមានសមត្ថភាពគ្រប់គ្រាន់ពេញលេញលើជំនាញផ្នែកបដិសណ្ឋារកិច្ច។ ជាមួយគ្នានេះ AccorHotels ក៏បានជំរុញ និងបញ្ចូលនូវសសរស្តម្ភចម្រុះចំនួន4 ចូលទៅក្នុងបេសកកម្មរបស់ខ្លួនផងដែរ ដែលក្នុងនោះរួមមានដូចជា ៖ ការលើកកម្ពស់ យេនឌ័រ ពិការភាព មនុស្សស្រឡាញ់ភេទដូចគ្នា រួមជាមួយនឹងអ្នកប្តូរភេទផងដែរ ៕


Raffles Grand Hotel d’Angkor
Siem Reap
Cambodia









SOFITEL Angkor Phokeethra 