Author: វល័ក្ខ

  • ចុងភៅលំដាប់ផ្កា2 មកពីបារាំង Thierry Drapeau បញ្ចេញស្នាដៃនៅភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស ក្នុងឱកាស Jazz Festival 2017

    ចុងភៅលំដាប់ផ្កា2 មកពីបារាំង Thierry Drapeau បញ្ចេញស្នាដៃនៅភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស ក្នុងឱកាស Jazz Festival 2017

    ភ្នំពេញ៖ ដើម្បី​ជាការ​ចូលរួម​អបអរ​ក្នុង​ពិធី Jazz Festival នា​ល្ងាច​ថ្ងៃទី14 ខែធ្នូ ភោ​ជនី​ដ្ឋា​ន​តូ​ប៉ា​ហ្ស បានរួម​សហការ​ជាមួយ​ក្រុម​តន្ដ្រីករ Jazz មកពី​បរទេស និង​មាន​ការចូល​រួមសហកា​រ​ពី​ក្រុមហ៊ុន​ Audi ដើម្បី​រៀបចំ​ពិធី​ទទួល ទាន​អាហារ​ពេល​ល្ងាច​យ៉ាង​សប្បាយរីករាយ​ជាមួយ​ការប្រគំ តន្ដ្រី Jazz ពី​តន្ដ្រីករល្បីៗយ៉ាង​ពិ​រោះ។

    អ្នកនាង ហាក់ ឡា​នី​ន អ្នកគ្រប់គ្រង​ទូទៅ​នៅក្នុង​ភោ​ជនី យ​ដ្ឋា​ន​តូ​ប៉ា​ហ្ស បាន​លើកឡើងថា កន្លងមក​ភោជនីយដ្ឋាន​ធ្លាប់បាន​រៀបចំ​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាច្រើន​មកហើយ​ដោយបាន​អញ្ជើញ​ចុងភៅ​មកពី​បរទេស​មក​ចំណីអាហារ​ជូន​ភ្ញៀវ​កិ​ត្ដិ​យស។ សម្រាប់​ឱកាស​ដ៏​ពិសេស​នេះ​តូ​ប៉ា​ហ្ស​ទើបតែ​បានរៀបចំ​ជា​លើកទីមួយ​តែប៉ុណ្ណោះ​ដើម្បី​ផ្ដល់ឱកាស​នៃ​ភាពសប្បាយ​រីករាយ​ជូន​ដល់​ភ្ញៀវ​កិ​ត្ដិ​យស​បន្ថែមទៀត ដោយ​ពួកគាត់​គ្រាន់តែ​ទិញ​សំបុត្រ​ចូលរួម​ក្នុង​ពិធី​នេះ ចំណាយ​ក្នុង​ម្នាក់ 150ដុល្លារ​អាមេរិក អាច​ទទួលបាន​អាហារ 7មុខ ដែល​ច្នៃ​ដោយ​មេ​ចុងភៅ​លំដាប់​ផ្កាយ2 ឈ្មោះលោក Thierry Drapeau ​មកពី​ប្រទេស​បារាំង រួមជាមួយ​ការ​ស្ដាប់ភ្លេង​បែប​អ៊ឺរ៉ុប។

    អ្នកគ្រប់គ្រង​រូបនេះ​បន្ដថា ភោ​ជនី​ដ្ឋា​ន​យើង​ជា​កន្លែង​ដែល​ល្បីឈ្មោះ​និង​មាន​ជំនាញ​ទៅលើ​ការ​ចំអិនម្ហូប​បែប​អ៊ឺរ៉ុប រីឯ​តន្ដ្រី Jazz ក៏​ជាត​ន្ដ្រី​បែប​ប​ញ្ចឹ​ម​ប្រទេស​ទើប​ជាហេតុ​ធ្វើឱ្យ​យើង​សម្រេច​រួមគ្នា​ជ្រើសរើស​ភោ​ជនី​ដ្ឋា​ន​តូ​ប៉ា​ហ្ស​ដើម្បី​រៀបចំ​ពិធី Jazz Festival តែម្ដង។

    អ្នកនាង ហាក់ ឡា​នី​ន បាន​បញ្ជាក់ថា កម្មវិធី​នេះ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិ​ត្ដិ​យស​យ៉ាង​ជាច្រើន​កុះករ​លើសពី​ការរំពឹងទុក ព្រោះនេះ​ជា​កម្មវិធី​កម្រ​មាន ពិសេស​វា​អាច​ចាត់ទុកថា បង្កើតឡើង​សម្រាប់​អបអរសាទរ​ពិធីបុណ្យ​តន្ដ្រី Jazz ផង​និង​បង្កើតឡើង​សម្រាប់​ភ្ញៀវ​កិ​ត្ដិ​យស​ដែល​និយម​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​អាហារប្លែកៗបែប​អ៊ឺរ៉ុប​ផងដែរ។ ជាមួយគ្នានេះ​អ្នកនាង​សង្ឃឹមថា តូ​ប៉ា​ហ្ស​នឹង​មានឱកាស​បានរៀបចំ​កម្មវិធី​នេះ​ជា​បន្ដបន្ទាប់​ទៀត​សម្រាប់​ភ្ញៀវ​កិ​ត្ដិ​យស​ទាំងអស់៕

  • សម្បក​ខ្ទឹមបារាំង​មាន​អត្ថប្រយោជន៍​ដូចម្តេចខ្លះ

    សម្បក​ខ្ទឹមបារាំង​មាន​អត្ថប្រយោជន៍​ដូចម្តេចខ្លះ

    យើង​បកសម្បក​ខ្ទឹមបារាំង​រួច​ក៏​បោះ​វា​ចោល​ទៅក្នុង​ធុងសំរាម ព្រោះតែ​យើង​គិតថា​វា​គ្រាន់តែ​ជា​ផ្នែក​ខាងក្រៅ មិនមាន​ប្រយោជន៍​អី្វ​នឹងត្រូវ​រក្សាទុក​ទៀត​នោះទេ ប៉ុន្តែ​ការពិតទៅ​ការ​បោះចោល​សម្បក​ខ្ទឹមបារាំង​គឺ​ប្រៀបបាន​ទៅនឹង​ការបោះ​ចោល​នូវ​គុណប្រយោជន៍ ដ៏​សំខាន់​មួយ​ដែល​អ្នក​មិនដែល​នឹកស្មាន​ដល់។

    សម្បក​ខ្ទឹមបារាំង​លាក់ទុក​នូវ​ជាតិ​សរសៃ និង Phenolic ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ហើយ​ក៏មាន​សមត្ថភាព​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ការពារ​កុំឱ្យ​កើតមាន​ការកកស្ទះ​សរសៃឈាម​ផងដែរ។ ដូច្នេះ​ពេល​ក្រោយ នៅពេលដែល​អ្នក​ចម្អិន​អាហារ​ណា​ដែល​យក​ខ្ទឹមបារាំង​ធ្វើជា​បន្លែ​នោះ សូមកុំ​ចោល​សម្បក​របស់​វា​ទៀត ចូរ​ប្រមូល​វា​ទុក​មួយអន្លើ ដើម្បី​ទាញយក​ប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក។

     

    អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ពី​សម្បក​ខ្ទឹមបារាំង​រួមមាន​ដូចជា ៖

    – កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ
    – រក្សា​សម្ពាធ​ឈាម​ឱ្យនៅ​ក្នុង​កម្រិត​ល្អប្រសើរ
    – កាត់បន្ថយ​អាការ​ថយចុះ​កម្លាំង
    – ប្រយុទ្ធប្រឆាំង និង​ការរង​ប្រតិកម្ម
    – ជួយ​ទ្រទ្រង់​ដំណើរការ​នៃ​ការធ្វើ​ចលនា​របស់​សាច់ដុំ
    – កាត់បន្ថយ​ការ​រលាក និង​ហើម​ជាដើម។

    អ្នក​ប្រហែលជា​ចាប់ផ្តើម​ឆ្ងល់​ហើយ​មែន​ទេ​ថា តើ​អ្នក​អាច​យក​សម្បក​ខ្ទឹមបារាំង​មក​ធ្វើជា​ប្រយោជន៍​ចំពោះ​សុខភាព និង​ស្បែ​កបាន​យ៉ាងដូចម្តេច បើ​អ្នក​មិនអាច​បរិភោគ​វា​បាន​ផង​នោះ?

    ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន៖

    1/ វិធី​លឿន​បំផុត និង​ងាយស្រួល​បំផុត​ទីមួយ​គឺ ដាក់​វា​ចូលទៅក្នុង​ម្ហូប​ដែល​អ្នក​ត្រូវ​ចម្អិន​ស្រាប់។ លុះ​ពេលដែល​ម្ហូប​នោះ​ឆ្អិន​គ្រាន់តែ​ស្រង់​វា​ចេញ​ជាការ​ស្រេច។ សារធាតុ​ទាំងឡាយ​ដែលមាននៅក្នុង​សម្បក​ខ្ទឹមបារាំង​នឹង​រលាយ​ចូលទៅក្នុង​ទឹកស​ម្ល​ក្នុងពេល​កំពុង​ចម្អិន។

    2/ វិធី​មួយ​ផ្សេងទៀត​គឺ យក​វា​មក​ធ្វើជា​តែ​ជំនួស​តែ​ទូទៅ ដោយ​ការ​ដាំទឹក​ឱ្យ​ពុះ រួច​បង់​សម្បក​ខ្ទឹមបារាំង​ចូល​ហើយ​ទទួលទាន​ដូច​ធម្មតា​ជាការ​ស្រេច។

    3/ សម្រាប់​អ្នក​ដែលមាន​អាការ​រមួលក្រពើ​ក៏​អាច​សាកល្បង​ព្យាបាល​ដោយ​ការទទួល​ទាន​ទឹក​សម្បក​ខ្ទឹម​នេះ​រាល់​យប់​មុនពេល​ចូល​គេង​បានដែរ ប៉ុន្តែ​អ្នក​ត្រូវ​រំងាស់​វា​រយៈពេល15-20នាទី រួច​ត្រង​វា​យក​កាក​ចេញ​មុន​ទទួលទាន។ ក្រៅពីនេះ សម្បក​ខ្ទឹមបារាំង​ក៏​អាចជួយ​ឱ្យ​សក់​ឆាប់​លូតលាស់​ផងដែរ។ ហេតុផល​គឺ ខ្ទឹមបារាំង​សម្បូរ​ទៅដោយ​ជាតិ​ស្ពាន់ធ័រ ដែល​ជាតិ​រ៉ែ​ប្រភេទ​នេះ​ជួយ​បង្កើត Collagen ជួយ​ឱ្យ​សក់​របស់​អ្នក​លូតលាស់ ភ្លឺរលោង និង​មាន​សុខភាព​ល្អ។ គ្រាន់តែ​យក​សម្បក​ខ្ទឹមបារាំង​ទៅ​ដាំ រួច​យក​ទឹក​ដែល​ដាំ​រួច​នោះ​ធ្វើជា​ទឹក​លាង​សម្អាត​សក់​ជំនួស​ទឹក​ធម្មតា​ជាការ​ស្រេច។

    4/ ប្រសិនបើ​ស្បែក​របស់​អ្នកមាន​បញ្ហា​ដូចជា​រមាស់​ជាដើម សម្បក​ខ្ទឹមបារាំង​អាចជួយ​អ្នក​បាន ដោយ​គ្រាន់តែ​យក​វា​មក​ត្រដុស​ពីលើ​ស្បែក​ត្រង់​បរិវេណ​ដែល​រមាស់​នោះ រួច​សម្អាត​ចេញ​ដោយ​សាប៊ូ​ជាការ​ស្រេច។

    ចំណាំ៖ សម្បក​ខ្ទឹមបារាំង​ដែល​អ្នក​យកមកប្រើ​ត្រូវតែ​ជា​សម្បក​ខ្ទឹមបារាំង​ធម្មជាតិ​គ្មាន​ជាតិគីមី ព្រោះ​បើ​វា​ជា​សម្បក​ខ្ទឹមបារាំង​ដែលមាន​ជាតិគីមី​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន។ ក្រៅពីនោះ​ប្រសិនបើ​អ្នកជា​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ដែល​កំពុង​បំបៅកូន សូមកុំ​អនុវត្ត​វិធី​នេះ ព្រោះ​វា​ធ្វើឱ្យ​រមាស់​ស្បែក​របស់​អ្នក​បាន៕

  • កម្ពុជា​ទទួលបាន​ទីផ្សា​រ​ថ្មី​នៃ​ការនាំចេញ​ស្វាយចន្ទី​កែច្នៃ​ទៅ​កូរ៉េខាងត្បូង

    កម្ពុជា​ទទួលបាន​ទីផ្សា​រ​ថ្មី​នៃ​ការនាំចេញ​ស្វាយចន្ទី​កែច្នៃ​ទៅ​កូរ៉េខាងត្បូង

    ខណៈ​ទិន្នផល​គ្រាប់ស្វាយចន្ទី​ស្រស់ ឬ​មិនទាន់​កែច្នៃ​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​វៀត​ណា​ម ថ្មីៗនេះ​កម្ពុជា​បាន​បើក​ទីផ្សារ​ថ្មី​មួយទៀត​ដោយ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ប្រមាណ1ម៉ឺន​តោន​នឹងត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង។

    លោក Hasan Nodin នាយក​ក្រុមហ៊ុន Camshew Company, Ltd បញ្ជាក់​ប្រាប់ថា ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​គឺធ្វើឡើង​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្ដិការ​ក្នុង​ការនាំ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ប្រមាណ1ម៉ឺន​តោន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ដោយ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​របស់លោក​នឹង​នាំចេញ​ប្រហែល1,000តោន​នៅ​ខែកុម្ភៈ ឆ្នាំ2018។ លោក​បន្ដថា ក្រុមហ៊ុន​របស់លោក​នឹង​ពង្រីក​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​ឱ្យដល់5-6តោន​ក្នុង​មួយថ្ងៃ ខណៈ​បច្ចុប្បន្ន​រោងចក្រ​មាន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​បានត្រឹមតែ1តោន​ប៉ុណ្ណោះ​ក្នុង1ថ្ងៃ។

    ក្រុមហ៊ុន​កែច្នៃ​គ្រាប់ស្វាយចន្ទី​កម្ពុជា Camshew Company, Ltd បាន​សហការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ម៉ាឡេស៊ី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន Naroo Marine Co., Ltd ដែលជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ដើម្បី​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង​ប្រមាណ1ម៉ឺន​តោន។ ក្នុងនោះ Camshew Company, Ltd គ្រោង​នឹង​ចំណាយ​ប្រាក់100លាន​ដុល្លារ បង្កើន​សមត្ថភាព​រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ពង្រីក​ឃ្លាំង​ស្ដុក និង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី និង​ការប្រមូលទិញ​គ្រាប់ស្វាយចន្ទី​ពី​កសិករ ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​នៅ​ឆ្នាំក្រោយ និង​ឆ្នាំ​បន្ដបន្ទាប់​ទៀត។

    នាយក​ក្រុមហ៊ុន Camshew Company, Ltd បាន​បញ្ជាក់ថា៖“អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺជា​កិច្ចសន្យា​មួយឆ្នាំ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ ដើម្បី​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ប្រទេស​កូរ៉េ។ នៅ​ដំណាក់កាល​ដំបូង​នេះ​យើង​នឹង​វិនិយោគ​ប្រហែល 30លាន​ដុល្លារ​លើ​រោងចក្រ​កែច្នៃ​ស្វាយចន្ទី និង​តំបន់​ដាំ​ដុះ។ យើង​នឹង​ពង្រីក​ការវិនិយោគ និង​ផលិតកម្ម​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់។

    ក្រុមហ៊ុន Camshew Company, Ltd នឹង​វិនិយោគ​លើ​ចម្ការ​ស្វាយចន្ទី​ចំនួន4ពាន់​ហិកតា ហើយ​នឹងធ្វើ​ការដាំដុះ​តាម​កិច្ចសន្យា​ជាមួយ​សមាគម​គ្រាប់ស្វាយ​ចន្ទី​នៅ​ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម សម្រាប់​ចម្ការ​ស្វាយចន្ទី​ប្រហែល 40,000ហិកតា​ដើម្បី​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​កែច្នៃ​ទៅ​កូរ៉េខាងត្បូង។

    គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​លើកកម្ពស់​ផលិតភាព​ដំណាំ​ស្វាយចន្ទី​នៅ​កម្ពុជា នាពេល​កន្លងមក​អគ្គ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រសំខាន់ៗចំនួន3 គឺ​ទី1 កសាង​សមត្ថភាព​ដល់​សហគម​ន៍​កសិករ​ស្វាយចន្ទី​កម្ពុជា ទី2 សម្រួល​ការប្រមូលទិញ​គ្រាប់ស្វាយចន្ទី​កម្ពុជា របស់​សមាគមន៍​ស្វាយចន្ទី​វៀតណាម រហូត1លាន​តោន​ក្នុង1ឆ្នាំ និង​ទី3 សម្រួលការ​ដឹកជញ្ជូន​នាំចេញ៕

  • លូ ម៉េង៖ អង្ករ​ល្អ​ជួយ​លើកកម្ពស់​ម្ហូបអាហារ និង​ទេសចរណ៍​កម្ពុជា

    លូ ម៉េង៖ អង្ករ​ល្អ​ជួយ​លើកកម្ពស់​ម្ហូបអាហារ និង​ទេសចរណ៍​កម្ពុជា

    កម្ពុជា​ធ្លាប់បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុងការ​ប្រកួត​អង្ករ​ជា​លក្ខណៈ​អន្តរជាតិ​រយៈពេល 3ឆ្នាំជាប់ៗគ្នា គឺ​ក្រោយ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​សហភាព​អឺរ៉ុប ជា​លើកដំបូង​ក្នុង​ឆ្នាំ2008។ ឆ្នាំ2012 ជា​ឆ្នាំ​ដំបូង​បំផុត​ដែល​អង្ករ​កម្ពុជា​ទទួល​បាន​ពាន​ជា​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ ដែល​កាលនោះ​ការយក​អង្ករ​ចេញទៅ​ប្រកួត​មិនទាន់​ទទួលបាន​ការចូលរួម​ទូលំទូលាយ​នោះទេ។

    ដោយ​មើលឃើញ​ពី​ការរីកចម្រើន​ក្នុង​វិស័យ​ស្រូវ​អង្ករ ខណៈ​មាន​ក្រុមហ៊ុន និង​សហគមន៍​កសិកម្ម​កាន់​តែ​ច្រើន​បាន​ចូលរួម​ក្នុង​សកម្មភាព​ធុរកិច្ច​ស្រូវ​អង្ករ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានរៀបចំ​ការប្រកួត​ប្រជែង​ជ្រើស​គុណភាព​អង្ករ​តាមរយៈ​ការ​ចម្អិនបាយ ដោយ​ផ្តោតលើ​លក្ខណៈ 4យ៉ាង​នៅមុន​ពេល និង​ក្រោយពេល​ចម្អិន មានដូចជា រូបរាង​សាច់​អង្ករ សំណើម ក្លិនក្រអូប និង​ប្រវែង​គ្រាប់​អង្ករ ដើម្បី​ទទួលបាន​អង្ករ​ល្អ​បំផុត​សម្រាប់​យកទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នាពេលខាងមុខ។

    ថ្មីៗនេះ​អ្នកយកព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​សាកសួរ លោក លូ ម៉េង សហប្រធាន​ក្រុមការងារ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​ជា​ចុងភៅ​ដ៏​ល្បីឈ្មោះ​មួយរូប​នៅ​កម្ពុជា ព្រមទាំង​ជា​ម្ចាស់​ភោជនីយដ្ឋានធំៗ និងល្បីៗជាច្រើន​នៅ​កម្ពុជា អំពី​ព្រឹត្តិការណ៍​រៀបចំ​ប្រកួតប្រជែង​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ​ថ្នាក់ជាតិ និង​អន្តរជាតិ។

    តើ​លោក​មើលឃើញ​ពី​សារៈប្រយោជន៍​អ្វីខ្លះ​ពី​ការប្រកួតប្រជែង​គុណភាព​អង្ករ​ប្រចាំឆ្នាំ?

    ការជ្រើសរើស​អង្ករ​លេខ1 គឺជា​សកម្មភាព​ដ៏​មាន​អត្ថន័យ។ អង្ករ​ជា​តំណាង​សំខាន់បំផុត​សម្រាប់​ម្ហូបអាហារ។ ការប្រកួតប្រជែង​ប្រចាំឆ្នាំ​ជា​ឱកាសល្អ​មួយ​ដើម្បី​ជ្រើសរើស​អង្ករ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា។ តាមរយៈ​ព្រឹត្តិការណ៍​នេះ យើង​ក៏​អាចមាន​ឱកាស​ពន្យល់​គ្នា​យើង​ដែលជា​ចុងភៅចំណានៗអំពី​អ្វីដែល​យើង​ឃើញ​កើតចេញពី​ការប្រកួត។ អ្វីដែល​យើង​ទទួលបាន​ពី​ការប្រកួត យើង​នឹង​ចែកចាយ ដោយ​ពន្យល់​ដល់​សមាជិក​ចុងភៅ​ក្នុង​សហព័ន្ធ​របស់​យើង​អំពី​ប្រភេទ​អង្ករ​ល្អ​ថា​វា​មាន​លក្ខណៈ​បែបណា។ យើង​ដឹង​ហើយ​ថា អង្ករ​ខ្លះ​ពេល​មើលឃើញ​ស្អាត តែ​គ្មាន​ក្លិនក្រអូប​នោះទេ ខណៈ​អង្ករ​ខ្លះ​មើលទៅ​មិន​ស្អាត​ទេ ប៉ុន្តែ​ពេល​យើង​ភ្លក់​ទៅ​បែរ​ជាមាន​រសជាតិ​ឆ្ងាញ់ និង​ក្លិន​ល្អ​ទៅវិញ។ អង្ករ​ពេល​គេ​កិន និង​កែច្នៃ​ច្រើនពេក រូបរាង​របស់​វា​នឹង​ភ្លឺរលោង​ស្អាត តែ​រសជាតិ​របស់​វា​នឹងត្រូវ​បាត់បង់​ខ្លះ​ជាមិនខាន។

    តើ​លោក​យល់ថា ការរៀបចំ​ប្រកួត​អង្ករ​ប្រចាំ​ឆ្នាំមាន​អត្ថន័យ​បែបណា?

    អង្ករ​តំណាង​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន។ ព្រឹត្តិការណ៍​ប្រកួត​អង្ករ​ប្រចាំឆ្នាំ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ស្នាដៃ និង​កិច្ចខិតខំ​ប្រឹង​ប្រឹង​របស់​ប្រជាកសិករ។ ខ្ញុំ​យល់ថា ការប្រកួត​អង្ករ​ប្រចាំឆ្នាំ​មិន​ត្រឹមតែ​ផ្តល់​លទ្ធភាព​ឱ្យ​ចុងភៅ​ជ្រើសរើស​បាន​អង្ករ​ល្អ​សម្រាប់​ផ្គត់ផ្គង់​ដល់​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យមាន​ការយកចិត្តទុកដាក់​ក្នុង​ការដាំដុះ ប្រកបដោយ​ក្តី​ស្រឡាញ់ គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​រួមចំណែក​ដល់​ការនាំចេញ​ឱ្យបាន​កាន់តែច្រើន​ផងដែរ។ ការរៀបចំ​ការប្រកួត​ប្រចាំឆ្នាំ គឺជា​វេទិកា​ផ្សព្វផ្សាយ​ដ៏​សំខាន់​មួយ​ទៅកាន់​អន្តរជាតិ ដោយ​វា​មិន​ត្រឹមតែ​ផ្សព្វផ្សាយ​អង្ករ​នោះទេ សូម្បីតែ​វិស័យ​ទេសចរណ៍ ក៏​ទទួលបាន​ផល​ពី​ការផ្សព្វផ្សាយ​ផលិតផល​ល្អ​បំផុត​នេះដែរ។

    ជាទូទៅ តើ​លោក​ចែករំលែក​បទពិសោធ​ដែល​ទទួលបាន​ពី​ការជ្រើសរើស​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ​ដល់​សមាជិក​ចុងភៅ​ទាំង​ក្នុងប្រទេស និង​អន្តរជាតិ​យ៉ាងដូចម្តេច?

    ខ្ញុំ​តែងតែ​ចែករំលែក​ជាមួយ​សមាជិក​របស់​យើង​ថា ប្រភេទ​អង្ក​រណា​សម្រាប់​ប្រើប្រាស់​បាយ​ឆា អង្ករ​ប្រភេទ​ណា​សម្រាប់​បាយ​ចំហុយ។ល។ អង្ករ​មាន​ច្រើន​ប្រភេទ និង​មាន​ច្រើន​រសជាតិ មិនមែន​ឃើញ​អង្ក​រស យើង​សន្ម​ត់​ថា​ល្អ​នោះទេ។ យើង​បាន​ចូលរួម​ជ្រើសរើស​អង្ករ​ល្អ​ថ្នាក់ជាតិ​នេះ ឈានចូល​ឆ្នាំ​ទី4ហើយ យើង​បាន​រៀន​ពីបទ​ពិសោធ​នេះ​ច្រើនណាស់។ យើង​ឃើញ​រូបរាង​អង្ករ​ជាទី1 ក្លិន​ជាទី2 និង​ចុងក្រោយ​គឺ​រសជាតិ។ ក្រោយពី​ការជ្រើសរើស យើង​តែងតែ​ផ្តល់​បទពិសោធ​នោះ​ទៅកាន់​ចុងភៅ​អន្តរជាតិ ដោយ​ប្រាប់​គេ​ពី​លក្ខណៈ​របស់​អង្ករ​កម្ពុជា ហើយ​បាយ​ចេញពី​អង្ករ​កម្ពុជា​ត្រូវ​ជាមួយ​អ្វី​ប្រសើរ​បំផុត​ពេល​ភ្លក់ ឬ​បរិភោគ។ ការចែករំលែក​នេះ យើង​តែងតែ​ធ្វើឡើង​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ចុងភៅ​នៅ​ប្រទេស​ចិន។ យើង​ក៏បាន​រួមចំណែក​ដល់​ចុងភៅ​នៅ​ទូទាំង​ពិភពលោក​ដែរ​ថា អង្ករ​កម្ពុជា​អាច​ជ្រើសរើស​ប្រើប្រាស់​ក្នុង​មុខម្ហូប​បាន​ច្រើន​ប្រភេទ។

    ដោយសារ​លោក​ធ្លាប់ធ្វើ​ការងារ​ជាមួយ​ចុងភៅ​អន្តរជាតិ​ក្នុងការ​ជ្រើសរើស​អង្ករ​កម្ពុជា​ជាប់​លេខ1 ក្នុង​ឆ្នាំ2014 តើ​ពេលនោះ​មានការ​ដាក់ពិន្ទុ​បែបណា​ដែរ?

    ក្នុងពេលដែល​ក្រុមការងារ​ចុះមក​រៀបចំ និង​ដាក់ពិន្ទុ​ដែល​គេ​ហៅថា Judges គេ​បាន​សម្តែង​ក្តីសប្បាយ​ចិត្ត​ដោយសារ​ចុងភៅ​របស់​ពួក​ខ្ញុំ បានដាក់​ពិន្ទុ​ម៉ត់ចត់។ ខ្ញុំ​សង្កេតឃើញថា អង្ករ​កម្ពុជា​បានជា​ប់​លេខ1 ក្នុង​ពីរ​ឆ្នាំ​ដំបូង ចុងភៅ​របស់​កម្ពុជា​មិនសូវ​បាន​ចូលរួម​ដឹង​ពី​លក្ខខណ្ឌ​សម្រាប់​ជ្រើសរើស​អង្ករ​ល្អ​បំផុត​នោះទេ ទើប​ប្រហែល 3-4ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែល​ចុងភៅ​របស់​យើង​មានឱកាស​ស្គាល់​អង្ករ​ល្អ​របស់​ខ្មែរ​ពិតប្រាកដ។ ដោយសារ​ការចូលរួម​របស់​យើង អង្ករ​របស់​យើង​រក្សាបាន​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ។

    តើ​ការប្រើប្រាស់​អង្ករ​ល្អ​មាន​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ចូល​បរិភោគ និង​ភ្ញៀវទេសចរ​អន្តរជាតិ ឬទេ?

    នេះ​ជា​រឿង​សំខាន់ ប្រទេស​ទូទៅ អង្ករ​ភាគច្រើន​របស់គេ​ជា​អង្ករ​ចាស់ និង​យូរ​ឆ្នាំ គេ​មិន​ប្រើ​សម្រាប់​ចម្អិនបាយ​នោះទេ។ ភ្ញៀវទេសចរ​ខ្លះមក​ប្រទេស​កម្ពុជា យើង​បាន​ណែនាំ​មុខម្ហូប​ដែល​ផ្សំ​ជាមួយ​បាយ គាត់​ក៏​បរិភោគ ហើយ​ក្រោយមក​គាត់​ក៏​ជ្រើសរើស​ការបរិភោគ​បាយ​ជា​បន្តទៅទៀត។ អង្ករ​ល្អ និង​អង្ករ​អត់​ល្អ​ធ្វើឱ្យ​រសជាតិ​អាហារ​មាន​ភាពខុសគ្នា ដូច​មេឃ និង​ដី។

    តើ​លោក​យល់​យ៉ាងណា ចំពោះ​អនាគត​អង្ករ​កម្ពុជា?

    តាមរយៈ​ការប្រកួតប្រជែង​ដែល​កម្ពុជា​ធ្លាប់ធ្វើ​នេះ បាន​ដើរតួនាទី​សំខាន់បំផុត​សម្រាប់​កសិករ អ្នកវិនិយោគ និង​ចុងភៅ។ នេះ​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវតែ​ធ្វើ​បន្តទៅទៀត និង​ធំ​ជាងនេះទៅទៀត ព្រោះនេះ​ជាការ​ចែករំលែក និង​ការផ្សព្វផ្សាយ​មួយ​ដ៏​ល្អ។ អ្វីដែល​យើង​ប្រកួត​មិន​ឈ្នះ​គេ យើង​មិនគួរ​អនុលោម​ទៀត​ទេ។ យើង​ត្រូវ​ដឹង​ពី​លក្ខណៈ​តម្រូវ​នៅពេល​ក្រោយ។

    ក្នុងនាម​ជា​ម្ចាស់​ភោជនីយដ្ឋាន និង​សហព័ន្ធ​ចុងភៅ​កម្ពុជា តើ​លោក​អាចធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​អង្ករ​កម្ពុជា?

    តួនាទី​សំខាន់​របស់ខ្ញុំ គឺ​ការផ្សព្វផ្សាយ ព្រោះ​ក្នុង​បញ្ជី​មុខម្ហូប (Manu) យើង​បានដាក់​ឈ្មោះ​អង្ករ​ល្អ​បំផុត គឺ​ប្រៀបបាន​យើង​ផ្សព្វផ្សាយ​ប្រទេស​យើង​ឱ្យគេ​ដឹង​ដូច្នោះ​ដែរ។ យើង​មិន​ត្រឹមតែ​ផ្សព្វផ្សាយ​ពី​អង្ករ​កម្ពុជា​ដល់​បរទេស​នោះទេ សូម្បីតែ​ភ្ញៀវទេសចរ​អន្តរជាតិ​ក៏​ពេញចិត្ត​មក​ប្រទេស​យើង​ដែរ។

    យើង​មើលឃើញ​បទពិសោធ​ម្រេច​កំពត គឺ​ជួយ​យើង​បាន​ច្រើនណាស់។ អង្ករ​របស់​យើង​មាន​លក្ខណៈពិសេស ដែល​អ្នក​បរិភោគ តែងតែ​នឹកឃើញ​ពេល​ដាក់ចូល​មាត់៕

  • លោក Wenger រំពឹង​ឈ្នះ​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុងការ​ប្រជែង​ដណ្តើម​កៅអី Champions League

    លោក Wenger រំពឹង​ឈ្នះ​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុងការ​ប្រជែង​ដណ្តើម​កៅអី Champions League

    លោក Arsene Wenger ដឹងថា ក្រុម Arsenal មិនអាច​បណ្តោយ​ឲ្យ​មានការ​ភ្លាត់ស្នៀត​ទៀតឡើយ​នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Newcastle នា​កីឡដ្ឋាន Emirates ដោយមាន​បំណង​បញ្ចប់​ការប្រកួត​មិន​ស្គាល់​ឈ្នះ​ក្នុង​ក្របខ័ណ្ឌ Premier League ត្រឹម3ប្រកួត។

    ក្រុម​របស់លោក Wenger បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹកដី​ក្រុម West Ham United កាលពី​ថ្ងៃ​ពុធ និង​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ7 មុននឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​សារិកា​ព្រៃ​របស់លោក Rafael Benitez នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ។ មានការ​ខុសគ្នា​ត្រឹមតែ1ពិន្ទុ​ប៉ុណ្ណោះ​រវាង​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​ឈរ​លេខ4 Tottenham Hotspur ប៉ុន្តែ អ្វី​ដែលជា​ភាពស្វិតស្វាញ​យ៉ាងពិត​ប្រាកដ​នោះ គឺ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្របខ័ណ្ឌ Champions League ខណៈដែល​ក្រុម Arsenal មិនអាច​បាត់បង់​ពិន្ទុ​ទៀតឡើយ​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Newcastle។

    ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​នៅលើ​ទឹកដី​ក្រុម West Ham បានកើត​ឡើង ក្រោយពី​ទទួលបាន​លទ្ធផល​ស្មើ 1-1 ដូចគ្នា​នៅលើ​ទឹកដី​ក្រុម Southampton ខណៈដែល​ការប្រកួត​ទាំង2នេះ លោក Wenger សុទ្ធសឹង​រំពឹងទុក​ថា ក្រុម​របស់លោក​នឹង​ឈ្នះ។ ហេតុផល​ទាំងនេះ​បាន​បង្ហាញថា ពួកគេ​មិនទាន់បាន​ស្តារ​មុខមាត់​ពី​ការខកចិត្ត​ដោយសារតែ​ការរង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Manchester United នៅលើ​ទឹកដី​ខ្លួនឯង​នៅឡើយ។ លោក Wenger បាន​ផ្លាស់ប្តូរ​សមាជិក​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​របស់លោក​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម West Ham ខណៈដែល​ទាំង Jack Wilshere និង Olivier Giroud សុទ្ធសឹង​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង11ជា​លើក​ទី1របស់គេ​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ។ Wilshere ផ្ទាល់​បានប្រកាសថា រូបគេ​បាន​ពេញចិត្ត​ទៅនឹង​ទម្រង់​លេង​របស់គេ ប៉ុន្តែ បាន​ទទួលស្គាល់ថា គេ​មិនទាន់បាន​បើក​ការពិភាក្សា​ជាមួយនឹង​ក្លិប Arsenal ពី​ការបន្ត​កុងត្រា​របស់គេ​នៅឡើយ ដែល​វា​នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

    ប្រភពពី៖ Sports.yahoo.com

  • សន្និសីទ​សារព័ត៌មាន ស្តីពី​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​ភាពជា​ដៃគូ សម្រាប់​ឥណទាន​គេហដ្ឋាន

    សន្និសីទ​សារព័ត៌មាន ស្តីពី​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​ភាពជា​ដៃគូ សម្រាប់​ឥណទាន​គេហដ្ឋាន

    ភ្នំពេញ – នៅ​ថ្ងៃ​សុក្រ ទី15 ខែធ្នូ​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) ដោយមាន​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ប្រារព្ធ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​សម្ពោធ​ជា​ផ្លូវការ នៃ​ភាពជា​ដៃគូ សម្រាប់​ឥណទាន​គេហដ្ឋាន ដែល​អនុញ្ញាតិ​ឲ្យ​បុរី ប៉េង ហួត អាច​ផ្សព្វផ្សាយ និង​ចែកចាយ​ឥណទាន​គេហដ្ឋាន​របស់​ធនាគារ CIMB ទៅដល់​អតិថិជន​រប​ស់​ខ្លួន។ តាមរយៈ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ រាល់​អតិថិជន​របស់​បុរី ប៉េង ហួត ដែល​ស្នើសុំ​ឥណទាន​គេហដ្ឋាន​របស់​ធនាគារ CIMB នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​កាន់តែច្រើន និង​លក្ខខណ្ឌ​អនុគ្រោះ​មួយចំនួន​ទៀតផង។

    ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ លោកស្រី ហេង ធីតា នា​យិ​ក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា៖ «ធនាគារ CIMB តែងតែ​ឈានមុខ​គេ ក្នុងការ​ផ្តល់ជូន​នូវ​ឥណទាន​គេហដ្ឋាន ដល់​អតិថិជន។ ហើយ​ការចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​បុរី ប៉េង ហួត គ្រុប ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​លំនៅស្ថាន​ឈានមុខ​គេ នៅ​កម្ពុជា នឹង​ជួយ​ជម្រុញ​ឲ្យ​ធនាគារ CIMB បំពេញតម្រូវការ​ឥណទាន​គេហដ្ឋាន​កាន់តែ​ល្អប្រសើរ ដល់​អតិថិជន​ទាំងអស់ នៅ​គ្រប់​គម្រោង​លំនៅស្ថាន​របស់​បុរី ប៉េង ហួត។ ដូច្នេះ​អតិថិជន​មិន​ត្រឹមតែ​ទទួលបាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ ប្រកបដោយ​ស្តង់ដារ សោ​ភណ្ឌ​ភាព និង​គុណភាព​របស់​បុរី ប៉េង ហួត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពិសេស និង​លក្ខខណ្ឌ​អនុគ្រោះ​ផងដែរ ពី​ឥណទាន​គេហដ្ឋាន​របស់​ធនាគារ CIMB ដែលជា​ធនាគារពាណិជ្ជ​អន្តរជាតិ​នាំមុខគេ​មួយ នៅ​កម្ពុជា និង​មាន​បណ្តាញ​យ៉ាង​ទូលំទូលាយ ក្នុង​តំបន់​អាស៊ាន»។

    លោកស្រី ទឹម ច័ន្ទ​បូរ៉ា​វី ជំនួយការ​អគ្គនាយិកា​របស់​បុរី ប៉េង ហួត គ្រុប បាន​ឲ្យ​ដឹងថា៖ «បុរី ប៉េង ហួត គ្រុប ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ 2005 មក គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​លំនៅស្ថាន​ឈានមុខ​គេ ទាំង​គុណភាព និង​សោ​ភណ្ឌ​ភាព  ដែល​តែងតែ​ទទួលបាន​ការគាំទ្រ និង​ទំនុកចិត្ត ពី​សំណាក់​អតិថិជន​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ទទួលបាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​ល្អ​ជាងគេ​ក្នុងប្រទេស​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ​ថែមទៀត​ផង។ បុរី ប៉េង ហួត គ្រុប មិន​ត្រឹមតែ​ចង់​ផ្តល់ជូន​នូវ​គេហដ្ឋាន សម្រាប់​ស្នាក់នៅ​ដល់​អតិថិជន​នោះទេ តែ​ចង់​ផ្តល់ជូន​នូវ​គេហដ្ឋាន​ដែល​ប្រកបដោយ​សុភមង្គល​ដ៏​ពិតប្រាកដ ជាមួយនឹង​ភាពសម្បូរ​បែប​គ្រប់បែបយ៉ាង សម្រាប់​ការរស់នៅ ស្ថិតក្នុង​ទីកន្លែង​តែមួយ។  ដោយ​ចង់​បន្ថែម​ជូន​នូវ​ភាពងាយស្រួល​សម្រាប់​អតិថិជន បុរី ប៉េង ហួត បានសម្រេច​ធ្វើការ​សហការ​ជាមួយ​ធនាគារ​លំដាប់​អន្តរជាតិ គឺ​ធនាគារ CIMB ដើម្បី​ផ្តល់ជូន​នូវ​ជម្រើស​ឥណទាន​គេហដ្ឋាន ដែលមាន​លក្ខខណ្ឌ​ល្អប្រសើរ ជូន​ដល់​អតិថិជន»

    ផ្អែកលើ​កិច្ចសហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ រាល់​អតិថិជន ដែល​ស្នើសុំ​ឥណទាន​គេហដ្ឋាន​ថ្មី ឬ​ផ្ទេរ​ឥណទាន​គេហដ្ឋាន មកកាន់​ធនាគារ CIMB នៅក្នុង​គម្រោង​កំពុង​សាង់សង់ ឬ​សាងសង់​រួចរាល់​របស់​បុរី ប៉េង ហួត នឹង​ទទួល​បានការ​លក្ខខណ្ឌ​សិក្សា និង​អត្ថប្រយោជន៍​នៃ​ឥណទាន​ល្អប្រសើរ ដោយ​ធនាគារ​នឹងធ្វើ​ការសិក្សា និង​អនុម័ត​ឥណទាន​ឆាប់រហ័ស ហើយ​ធនាគារ​ក៏​ទទួលយក​នូវ​ការស្នើសុំ​ឥណទាន សម្រាប់​ប្លង់​ទន់​ផងដែរ រួមជាមួយ​អត្រា​ការប្រាក់​ទាប រយៈពេល​នៃ​ឥណទាន​រហូតដល់20ឆ្នាំ និង​ទំហំ​នៃ​ឥណទាន​រហូតដល់ 80% ព្រមទាំង​ការបញ្ចុះ​តម្លៃ​ពិសេស ពី​បុរី ប៉េង ហួត​ទៀតផង។

    គួរបញ្ជាក់​ផងដែរ​ថា ឥណទាន​គេហដ្ឋាន គឺជា​ផលិតផល​ស្នូល​មួយ​របស់​ធនាគារ CIMB ដែល​កំពុង​នាំមុខគេ ក្នុងចំណោម​ធនាគារពាណិជ្ជ​អន្តរជាតិ នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន។ ធនាគារ CIMB តែងតែមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ក្នុងការ​នាំយក​នូវ​ល​ក្ខ​ណៈ​ឥណទាន​គេហដ្ឋានថ្មីៗ ដែល​សាក​សម​នឹង​តម្រូវការ​ចាំបាច់​របស់​អតិថិជន។ ហើយ​ការចាប់​ដៃគូ​ជាមួយនឹង​បុរី ប៉េង ហួត គឺជា​យុទ្ធសាស្ត្រ​មួយ​ជំ​ហ៊ាន​ទៀត​របស់​ធនាគារ CIMB ក្នុង​សហការ​នឹង​បុរី និង​ក្រុមហ៊ុន​សាងសង់​លំនៅស្ថានធំៗ ក្នុងប្រទេស​កម្ពុជា ដើម្បី​បំពេញតម្រូវការ​ដល់​អ​តិ​ថិ​ជន​កាន់តែ​ទូលំទូលាយ ជាមួយនឹង​ទំនុកចិត្ត និង​អត្ថប្រយោជន៍​ខ្ពស់។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់

    លោក ស្រេង ភា​រុណ
    ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង
    ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី
    ទូរ​សព្ទ៖ (+៨៥៥)៩២ ៩៥៧ ៤៥៥
    អ៊ីមែល៖ [email protected]

  • ផ្ទះ​របស់លោក Emery ត្រូវបាន​ចោរ​ចូល​ប្លន់​ក្នុង​ថ្ងៃ​ប្រកួត​របស់ PSG

    ផ្ទះ​របស់លោក Emery ត្រូវបាន​ចោរ​ចូល​ប្លន់​ក្នុង​ថ្ងៃ​ប្រកួត​របស់ PSG

    ផ្ទះជួល​របស់លោក Unai Emery គ្រូបង្វឹករបស់ក្រុម Paris Saint-Germain ត្រូវបាន​ចោរ​ចូលទៅ​គាស់ កាលពី​ល្ងាច​ថ្ងៃ​ពុធ ខណៈដែល​ក្រុម​របស់លោក​បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត League Cup នៅលើ​ទឹកដី​ក្រុម Strasbourg។

    ករណី​ចូល​ប្លន់​ដល់​ក្នុងផ្ទះ ដែល​បាន​កើតឡើង​នៅ​ជាន់​ខាងលើ​នៃ​ផ្ទះល្វែង​មួយ​ក្នុង​ទីក្រុង​ប៉ារីស​នេះ ត្រូវ​បានដឹង​ដោយ​ភរិយា​របស់លោក Emery នៅវេលា​ម៉ោង11យប់។ លោក Emery ផ្ទាល់ បាន​វិលត្រឡប់​ពី​ការប្រកួត​នៅលើ​ទឹកដី​ក្រុម Strasbourg នៅ​ព្រឹក​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ អាវ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ខ្សែប្រយុទ្ធ Neymar និង​នាឡិកា​ម៉ាក Rolex មួយគ្រឿង សុទ្ធសឹង​ស្ថិតក្នុង​ចំណោម​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​ចោរលួច ខណៈដែល​ក្រុមគ្រួសារ​របស់លោក Emery បានប្រាប់ប៉ូលិសថា ទ្រព្យសម្បត្តិដែលបាត់បង់មានតម្លៃសរុប2ម៉ឺនអឺរ៉ូ។

    ប៉ូលិសបាននិយាយថា៖ «ទ្វារត្រូវបានបិទជិត ប៉ុន្តែ មិនចាក់សោនោះត្រូវបានចោគាស់ចូល ហើយក្រុមចោរទាំងនោះបានលួចកាបូបដែលមានតម្លៃខ្ពស់ជាច្រើននៅក្នុងនោះ មានដូចជា គ្រឿងអលង្ការ អាវកីឡាបាល់ទាត់ និងសម្លៀកបំពាក់ថ្លៃៗជាច្រើន» ក្រុម Paris Saint-Germain បាន​ជួប​រាត្រី​ដ៏​រីករាយ​នៅលើ​ទឹកដី​ក្រុម Strasbourg ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-2 ដើម្បី​កក់​កៅអី​ក្នុង​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ពាន League Cup របស់​បារាំង។ លោក Emery នឹងត្រូវដឹកនាំក្រុម PSG ធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Rennes ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 នៅរាត្រីថ្ងៃសៅរ៍នេះ ខណៈដែលក្រុមរបស់លោកនឹងសម្លឹងរកការដណ្តើមឲ្យបាន3ពិន្ទុ។ បច្ចុប្បន្នក្រុម PSG កំពុងតែនាំមុខលើតារាងដោយមាន44ពិន្ទុពីការប្រកួត17លើកខណៈដែលក្រុម Rennes កំពុងឈរលេខ6 ដោយមាន25ពិន្ទុ។ ការប្រកួតនៅថ្ងៃសៅរ៍នេះនឹងចាប់ផ្តើមនៅម៉ោង11យប់៕

    ប្រភពពី៖ Sport24 

  • ធនាគារជាតិ​ហាម​មិន​ឱ្យប្រើ ប្រាស់​រូបិយវត្ថុ Crypto Currencies នៅ​កម្ពុជា

    ធនាគារជាតិ​ហាម​មិន​ឱ្យប្រើ ប្រាស់​រូបិយវត្ថុ Crypto Currencies នៅ​កម្ពុជា

    ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​សប្តាហ៍​មុន បានចេញ​សេចក្តីប្រកាស​មួយ​ដោយ​ហាម​មិនឱ្យ​ចរាចរ​រូបិយវត្ថុ Crypto Currencies នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ឡើយ ដើម្បី​ចៀសវាង​កុំ​ឱ្យមាន​ហានិភ័យ​ទៅដល់​សាធារណជន។

    ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ដែល​បាន​ជម្រាប​ទៅដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពិនិត្យឃើញថា​បច្ចុប្បន្ន​មានការ​ចរាចរ​ទិញ លក់ ទូទាត់​ផ្សព្វផ្សាយ រូបិយវត្ថុ Crypto (Crypto Currencies)ដូចជា BitCoin និង​ឧបករណ៍​អេឡិចត្រូនិក​ប្រហាក់ប្រហែលគ្នា ដោយ​មិនមាន​ច្បាប់​អនុញ្ញាត និង​មិនមាន​ការទទួលស្គាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា។

    ការផ្សព្វផ្សាយ និង​ការធ្វើ​ប្រតិបត្តិការ​ទាំងនេះ​អាច​បង្ក​ហានិភ័យ​ដល់​សាធារណជន និង​ជា​មធ្យោបាយ​សម្រាប់​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ទីផ្សារងងឹត ដោយសារ​អ្នកប្រើប្រាស់ និង​វិនិយោគិន​មួយចំនួន​មិនមាន​ការយល់ដឹង​ពី​រូបិយវត្ថុ Crypto Currencies ដែល​ងាយរ​កនូវ​ការ​ឆបោក។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី4 កាលពី​សប្តាហ៍​កន្លងមក​ថា ថ្មីៗនេះ​ធនាគារជាតិ​នៃ​កម្ពុជា​បានទទួល​ព័ត៌មាន​មួយចំនួន​ដែលថា មានការ​ចរាចរ​រូបិយវត្ថុ Crypto Currencies ហើយ​បានផ្តល់​ឈ្មោះប្លែកៗគ្នា ដូចជា BitCoin បន្ទាប់មកទៀត​ក៏មាន​ក្រុមហ៊ុន​មួយចំនួន​កំពុងតែ​បំផុសបំផុល​ឱ្យ​ប្រជាជន​ទិញ។

    លោកជំទាវ​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​គាំទ្រ​រូបិយវត្ថុ Crypto Currencies ដែល​មិនមាន​ការទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​ទេ ហើយ​បើសិនជា​មានការ​បំផុសបំផុល​ឱ្យប្រើ​ប្រាស់​ណាមួយ សូមកុំ​ជឿ​តាម​ការ​បំផុសបំផុល​របស់គេ ព្រោះ​រូបិយវត្ថុ​ប្រភេទ​នេះ​មិនអាច​ប្តូរ​យកប្រាក់​សុទ្ធ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​បានឡើយ៕

  • ការផ្តល់ប្រាក់​កម្ចី​មិន​គិតពី​គោលដៅ​អតិថិជន គឺជា​ការជាន់​ពន្លិច

    ការផ្តល់ប្រាក់​កម្ចី​មិន​គិតពី​គោលដៅ​អតិថិជន គឺជា​ការជាន់​ពន្លិច

    ថ្លែង​នៅក្រៅ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី4 ស្តីពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា កាលពី​សប្តាហ៍​កន្លងទៅ លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រាប់ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងឡាយណា​ដែល​ផ្តល់​កម្ចី​ហើយ​មិនបាន​គិតដល់​គោលដៅ​អាជីវកម្ម​របស់​អតិថិជន​នោះ គឺជា​ទង្វើ​នៃ​ការជាន់​ពន្លិច។

    ការជាន់​ពន្លិច​នៅត្រង់ថា កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ទៅ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ តែ​បន្ទាប់ពី​បាន​ប្រាក់​ហើយ​យកទៅ​ធ្វើស្រែ​ចម្ការ​មិន​ទទួលបាន​ផល ឬ​យកទៅ​ប្រើ​ខុស​គោលដៅ​អាជីវកម្ម ដោយ​មិនអាច​រកប្រាក់​កម្រៃ​សម្រាប់​សង​ទៅ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​វិញ​បាន ករណីខ្លះ​ត្រូវបាន​គេ​រឹបអូស​យក​ផ្ទះសម្បែង ហើយ​ខ្លះទៀត​ត្រូវ​បង្ខំចិត្ត​លក់​ផ្ទះ ឬ​ដីធ្លី និង​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ប្រាក់​សង​ត្រឡប់​ទៅ​ធនាគារ​វិញ ដែល​ករណីនេះ​គឺជា​ការជាន់​ពន្លិច​ជីវភាព​ប្រជាពលរដ្ឋ​តែម្តង។

    លោកជំទាវ​អគ្គនាយិកា​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ជាទូទៅ​តែងតែ​ចង់​ផ្តល់​កម្ចី​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ដើម្បីឱ្យ​ពួកគាត់​សង​ត្រឡប់មកវិញ​ជាមួយនឹង​អត្រា​ការប្រាក់​ច្រើន និង​បាន​ផលចំណេញ​ច្រើន​ផងដែរ​ទៅ​ស្ថាប័ន​របស់ខ្លួន ប៉ុន្តែ​បើ​មិន​គិតពី​គោលដៅ​នៃ​ការប្រើ​កម្ចី​របស់​អតិថិជន​ទេនោះ វា​នឹង​បង្ក​ហានិភ័យ​ដល់​អតិថិជន​ជាមិនខាន។

    លោកជំទាវ​បញ្ជាក់ថា៖“ភ្នាក់ងារឥណទាន​ដែល​ចង់​ឱ្យគេ​ខ្ចី តែបើ​មិន​គិតពី​គោលដៅ​ប្រើប្រាស់​ប្រាក់កម្ចី​របស់​អតិថិជន​នោះ វា​ហាក់ដូច​ជាន់ពន្លិច​បន្ថែ​ម​ទៅវិញ ព្រោះ​ដឹង​ហើយ​ថា ការទទួលបាន​កម្ចី​នឹងត្រូវ​សង​ទៅវិញ ហើយ​បើ​អតិថិជន​គ្មាន​គោលដៅ ឬ​ប្រើប្រាស់​ខុស​គោលដៅ​អាជីវកម្ម​មិនអាច​រកប្រាក់​សង​ធនាគារ​វិញ​បាន វា​នឹង​បង្ក​ឱ្យ​ជួប​ហានិភ័យផ្សេងៗ ដែលជា​ការបង្ក​បញ្ហា​ទៅដល់​សង្គម​នាំឱ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការ​ប្តឹងផ្តល់ ឬ​រឹបអូស​ទ្រព្យ​បញ្ចាំ​ជាដើម។

    ជាមួយគ្នានេះ លោកជំទាវ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​ឥណទាន​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ថា បើ​ខ្ចី​គ្មាន​គោលដៅ​ច្បាស់លាស់​គួរ​កុំ​ខ្ចី ប៉ុន្តែ​បើ​ខ្ចី​សម្រាប់​បង្កើន​មុខរបរ ឬ​អាជីព​របស់ខ្លួន​ដែល​បាន​ប្រាក់​ត្រឡប់មកវិញ​ទើប​ធ្វើឱ្យ​យើង​មិន​ជួប​បញ្ហា​នៅលើ​ឥណទាន។ ដើម្បី​ជំរុញ​ការគ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព និង​មាន​ហានិភ័យ​ទាប​ចំពោះ​អ្នក​ខ្ចី គឺ​ទាមទារ​ឱ្យមាន​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន​បន្ថែមទៀត។

    លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​និយាយថា មុននឹង​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​ប្រកប​របរ​រកស៊ីផ្សេងៗ គួរ​មាន​ផែនការអាជីវកម្ម​ច្បាស់លាស់​ជាមុន ហើយ​ត្រូវ​រក​អាជីវកម្ម​ណា​ដែលមាន​តម្រូវការ​ទីផ្សារ ចៀសវាង​ការធ្វើ​អាជីវកម្ម​ខាតបង់ និង​រកប្រាក់​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​មិនបាន។

    នាពេល​កន្លងមក​ធនា​គារ​ជាតិ​នៃ​កម្ពុជា តែង​បានធ្វើ​យុទ្ធនាការ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ប្រជា-ពលរដ្ឋ​ឱ្យបាន​យល់​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ បើ​គ្មាន​តម្រូវការ​ចាំបាច់​ក្នុង​ការធ្វើ​អាជីវកម្ម ឬ​ប្រកបមុខរបរផ្សេងៗដើម្បី​រកប្រាក់​ចំណេញ​ត្រឡប់មកវិញ​ទេ គួរ​កុំ​ខ្ចី​ខ្លាច​គ្មាន​ប្រាក់​សង​នាំឱ្យ​ជួប​បញ្ហា​សេដ្ឋកិច្ច​ដល់​គ្រួសារ ជាមួយគ្នានេះ​ធនាគារជាតិ​ក៏​ត្រៀម​វិធានការ​ទប់ស្កាត់​ការផ្តល់​កម្ចី​ដល់​អតិថិជន ដែល​គ្មាន​គោលដៅ​អាជីវកម្ម​ច្បាស់លាស់​ផងដែរ៕

  • អាថ៌កំបាំង​នៃ​ការថែរក្សា​សក់​តាមបែប​ធម្មជាតិ

    អាថ៌កំបាំង​នៃ​ការថែរក្សា​សក់​តាមបែប​ធម្មជាតិ

    ភាគច្រើន​ឱ្យតែ​និយាយ​ដល់ស្រីៗឥណ្ឌា យើង​ប្រាកដជា​ស្រមៃ​ឃើញ​ដល់​សក់​ដែលមាន​សភាព​ក្រាស់ វែង​អន្លាយ ពណ៌​ខ្មៅ​រលោង រួញ​បែប​ទឹករលក​ជាមិនខាន។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ រូបភាព​នៃ​សក់​បែបនេះ​ក៏មាន​ការប្រែប្រួល​ខ្លះ តែ​ក៏​មិន​ច្រើនពេក​ដែរ ព្រោះ​ភាគច្រើន​នៃ​ការផ្លាស់ប្តូរ​នោះ​គឺ​មានតែ​ការប្តូរ​ពីស​ភាព​រួញ​បែប​ទឹករលក​មកជា​ត្រង់​ស្អាត​វិញ​តែ​ប៉ុណ្ណឹង។ អូ​ខេ! បញ្ចប់​ក្តី​ស្រមៃ​ហើយ​ងាក​មក​ស្វែងរក​ការពិត​នៃ​ការថែរក្សា​សក់​របស់​ក្រមុំ​ឥណ្ឌា​ដែលមាន​សក់​ស្រស់ស្អាត ដូចតទៅ៖

    ប្រេងដូង

    ធ្វើឱ្យ​សក់​ទន់ រលោង ងាយស្រួល​សិត មើលទៅ​ភ្លឺរលោង​ស្អាត នារី​ឥណ្ឌា​ប្រគល់​នាទី​ឱ្យទៅ​ប្រេងដូង។

    ប្រេង​ល្ហុងខ្វង

    តួនាទី​របស់​ប្រេង​ល្ហុងខ្វង​ដែលស្រីៗឥណ្ឌា​ទុកចិត្ត​បំផុត​គឺ ធ្វើឱ្យ​សក់​មាន​សុខភាព​ល្អ និង​ផ្តល់នូវ​ភាពស្រស់ស្អាត​ដល់​ស្បែកក្បាល។

    សម្អាត​សក់​ដោយ​ទឹកតែ

    លាង​សក់​ជាមួយ​ទឹកតែ(ពិសេស​តែ​ខ្មៅ) នឹង​ជួយ​ឱ្យ​សក់​លូតលាស់​បានល្អ និង​ក្រាស់​ល្អ​ណាស់។

    ការពារ និង​ព្យាបាល

    ទោះ​សក់​ខូច ឬ​មិន​ខូច​ក៏ដោយ ការព្យាបាល​សក់​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់​សប្តាហ៍។មិនមាន​អ្វី​ច្រើន​ទេ គេ​ពឹងផ្អែក​តែ​លើ​ប្រេង​អូ​លីវ​ទឹក​ក្រូចឆ្មារ និង​ប្រេងដូង​ប៉ុណ្ណោះ។ ទឹកក្រូច​ឆ្មារ​ដើរតួ​ជា​អ្នក​កម្ចាត់​ប្រេង​ដែល​លើស ខណៈដែល​ប្រេងដូង និង​ប្រេង​អូ​លីវ​មាន​នាទី​ជា​អ្នក​បន្ថែមសំណើម​ឱ្យទៅ​ស្បែកក្បាល និង​ធ្វើឱ្យ​សក់​កាន់តែ​ស្រស់ស្អាត​ឡើង។

    ឆ្លាត​វៃ

    សំដៅ​ដល់​ភាព​វៃឆ្លាត​ក្នុងការ​ជ្រើសរើស​សាប៊ូកក់សក់​ណា​ដែល​ត្រូវ​នឹង​សភាព​សក់​របស់ខ្លួន។

    សារធាតុនីមួយៗសុទ្ធតែ​ផ្តល់​គុណប្រយោជន៍​ទៅតាម​ប្រភេទ​របស់​វា អី​ុ​ចឹ​ង​តើ​បានជា​សម្រស់​សក់ស្រីៗឥណ្ឌា​មិន​ចាញ់ស្រីៗប្រទេស​ផ្សេង​នោះទេ៕