Author: វល័ក្ខ

  • វគ្គ​សិក្សា​សរសេរ​ផែនការអាជីវកម្ម និង​ប្រើប្រាស់ Business Model Canvas វិភាគ​រក​ចំណុច​ស្រង់ដើម

    វគ្គ​សិក្សា​សរសេរ​ផែនការអាជីវកម្ម និង​ប្រើប្រាស់ Business Model Canvas វិភាគ​រក​ចំណុច​ស្រង់ដើម

    វគ្គ​សិក្សា​សរសេរ​ផែនការអាជីវកម្ម និង​ការប្រើប្រាស់ Business Model Canvas ដើម្បី​វិភាគ​រក​ចំណុច​ស្រង់ដើម (Break-even Point) សម្រាប់​ឆ្នាំ 2018។ នេះ​ជាវ​គ្គ​សិក្សា ដែល​នឹងត្រូវ​រៀបចំ​យ៉ាង​ពិសេស នៅមុន​ដំណាច់ឆ្នាំ2017 ដែល​គ្រោង​រៀបចំឡើង​នៅ​ថ្ងៃទី24 ខែធ្នូ ឆ្នាំ2017 ពេញ​មួយថ្ងៃ​តែម្ដង នៅ​ផាក​កាហ្វេ សាខា​ពេទ្យ​កាល់​ម៉ែត្រ។

    ក្នុង​វគ្គ​សិក្សា​នេះ លោកអ្នក​នឹង​ទទួលបាន​ការផ្ដល់ជូន​ជាពិសេស មាន​សៀវភៅ​សិក្សា ឯកសារ​ជា Soft Copy, លិខិតបញ្ជាក់​ការចូលរួម (Certificate) សៀវភៅ​អេឡិចត្រូនិក អាហារសម្រន់ និង​អាហារ​ថ្ងៃត្រង់ បញ្ចូល​ក្នុង Group Facebook ដែលមាន​សមាជិក​ជា​ម្ចាស់​អាជីវកម្ម​ជាង 300នាក់ និង​ឱកាស​បង្កើត​បណ្ដាញ​អាជីវកម្ម​ជាច្រើន​ទៀត។

    លោកអ្នក​នឹង​ទទួលបាន​ការសិក្សា​ដែល​ផ្ដោតលើ​ការសរសេរ​ផែនការអាជីវកម្ម​ឱ្យមាន​លក្ខណៈ​អាជីព​ដោយមាន​ការអនុវត្ត​ដោយផ្ទាល់​តែម្ដង ហើយ​ថែមទាំង​មាន​បង្ហាញជូន​នូវ ខ្លឹមសារ​នៃ​ការប្រើប្រាស់​ម៉ូ​ដែល Business Model Canvas ថែម​ទៀតផង។

    ខ្លឹមសារសំខាន់ៗ ដែល​ត្រូវ​សិក្សា​រួមមាន ហេតុផល​អ្វី​ទើប​គួរ​វិវត្តន៍​ខ្លួន​ទៅជា​អ្នករកស៊ី និង​អ្នកវិនិយោគ (វិភាគ​ទៅលើ​ទ្រឹស្ដី​របស់លោក Robert Kiyosaki) ធាតុ​ផ្សំ​ទាំង 11 យ៉ាង​របស់​ផែនការអាជីវកម្ម និង​ការប្រើប្រាស់ Business Model Canvas ដើម្បី​វិភាគ​រក​ចំណុច​ស្រង់ដើម ឬ​ចំណុច​រួចខ្លួន និង​ទ្រឹស្ដី​អាជីវកម្មសំខាន់ៗជាច្រើន​ទៀត។

    លម្អិត​និង​អនុវត្តន៍​ដោយផ្ទាល់​ទៅនឹង​ធាតុ​ផ្សំ​ទាំង 11យ៉ាង​នៃ​ផែនការអាជីវកម្ម រួមមាន៖
    1) តិច​និក​នៃ​ការសរសេរ Executive Summary អម​ជាមួយ​ឧទាហរណ៍​មួយចំនួន
    2) ការសរសេរ​អំពី​ការបរិយាយ និង​ពិពណ៌នា​ខ្លឹមសារ​រួម​អំពី​ក្រុមហ៊ុន(General Company Description) អម​មកជា​មួយ​ឧទាហរណ៍ខ្លីៗមួយចំនួន
    3) ការសរសេរ​អំពី​ការ​ពិពណ៌នា​អំពី​ផលិតផល និង​សេវាកម្ម (Products & Services)
    4) ការធ្វើផែនការ​ធ្វើ​ទីផ្សារ (Marketing Plan) ដែល​នឹង​ផ្ដោតទៅលើ ការស្រាវជ្រាវ​ទីផ្សារ (Market Research), របៀប​នៃ​ការស្រាវជ្រាវ​ទីផ្សារ (Market Research-How), វិភាគ​និង​វិនិច្ឆ័យ​ទៅលើ​លក្ខខណ្ឌ​សេដ្ឋកិច្ច (Economics), ផលិតផល (Products), អតិថិជន (Customers), ការប្រកួតប្រជែង (Competition), ទីផ្សារ​គោលដៅ (Niche Market), យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​ការកំណត់ថ្លៃ​ជាដើម (Pricing)
    5) ផែនការ​ប្រតិបត្តិការ (Operational) ដែល​នឹង​ផ្ដោត​សំខាន់​ទៅលើ ផលិតផល​កម្ម (Production) ការជ្រើសរើស​ទីតាំង (Location), ឯកសារ​ផ្លូវច្បាប់​ដែល​តម្រូវ​មួយចំនួន (Legal environment) បុគ្គលិក (Personnel), ការគ្រប់គ្រង​សន្និធិ (Inventory), អ្នកផ្គត់ផ្គង់ (Suppliers), គោលការណ៍​នៃ​ការបង់ប្រាក់​ពី​សំណាក់​អតិថិ​ថិ​ជន (Credit policies) តិច​និក​គ្រប់គ្រង​គណនេយ្យ​អតិថិជន​ជំពាក់ (Account Receivable), តិច​និ​ច​គ្រប់គ្រង​គណនេយ្យ​ដែល​យើង​ជំពាក់​គេ (Account Payable)
    6) ការគ្រប់គ្រង​ស្ថាប័ន(Organization and Management)៖ ការរៀបចំ​រចនាសម្ព័ន្ធ​បុគ្គលិក និង​តួនាទី​ច្បាស់លាស់​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល (Organizational Management)
    7) របាយការណ៍​ហិរញ្ញវត្ថុ​របស់​ម្ចាស់​ភាគ (Personal Financial Statement)
    8) ផែនការ​នៃ​ការចំណាយសំខាន់ៗ និង​ការប្រមូល​ទុន (Startup Expenses & Capitalization)
    9) ផែនការ​ហិរញ្ញវត្ថុ (Financial Plan)
    10) ឧ​ប​សម្ពន្ធ (Appendices)
    11) ការកំណត់​ពី​គោលបំណង​លម្អិត ការធ្វើផែនការ​អាជីវកម្ម​របស់​យើង (Refining the Plan)
    និង​ចំណុច​ចុងក្រោយ​គឺ​ការវិភាគ​រក​ចំណុច​ស្រង់ដើម (Break-even point) ដោយ​សិក្សា​លម្អិត​អំពី​ទ្រឹស្ដី Business Model Canvas។

    ខាងក្រោម​នេះ គឺជា​ប្រវត្តិ​សង្ខេប​របស់​គ្រូ​បណ្ដុះបណ្ដាល៖

    សូមបញ្ជាក់៖ វគ្គ​សិក្សា​នេះ មាន​លក់​សំបុត្រ​សម្រាប់​ចូលរួម​ជាមុន ដែលមាន​តម្លៃ 65ដុល្លារ​សម្រាប់​មនុស្សម្នា​ក់។ ព័ត៌មានផ្សេងៗ និង​អំពី​ការទិញ​សំបុត្រ​សូម​ទាក់ទង កញ្ញា​ចាន់ថា មាន​លេខ​ទូរស័ព្ទ 017/0969 49 59 60 | 010 24 33 44 | 015 22 42 99 | 012 666 104 ឬ email to [email protected] or md.bizkhmer@ gmail.com

  • មានតែ​សេវាកម្ម​ផ្ទេរប្រាក់​ប៉ុណ្ណោះ ​មានការ​ប្រើប្រាស់​ច្រើន​សម្រាប់ Mobile Banking

    មានតែ​សេវាកម្ម​ផ្ទេរប្រាក់​ប៉ុណ្ណោះ ​មានការ​ប្រើប្រាស់​ច្រើន​សម្រាប់ Mobile Banking

    ធនាគារជាតិ​នៃ​កម្ពុជា (NBC) កំពុង​ជំរុញ​ការធ្វើ​ប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស​តាមរយៈ​ទូរស័ព្ទដៃ ខណៈដែល​ការធ្វើ​ប្រតិបត្តិការ​តាម​មធ្យោបាយ​នេះ​នៅមានកម្រិត​នៅឡើយ បើទោះបីជា​ការប្រើប្រាស់​ទូ​រ​ស័ព្ទ​ទំនើប​របស់​ប្រជាជន​ខ្មែរ​មាន​និន្នាការ​កើនឡើង​ច្រើន​ក៏ដោយ។

    នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ស្តីពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុងការ​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បានលើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​បច្ចេកវិទ្យា​ក្នុងការ​ប្រតិបត្តិ​សេវា​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ននេះ។ គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ជំរុញឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា ការរៀបចំ​សិក្ខាសាលា​ក្នុងឆ្នាំនេះ គឺ​តួនាទី​នៃ​បច្ចេកវិទ្យា​ក្នុងការ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដែល​បច្ចេកវិទ្យា​កំពុង​ត្រូវបាន​គេ​យកចិត្តទុកដាក់​ស្រាវជ្រាវ​ជាស​កល។ តាមរយៈ​សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ប្រធានបទ​ដែល​បានធ្វើ​បទ​បង្ហាញ​ពី​តួនាទី​របស់​ទូរស័ព្ទ​ចល័ត តើ​ប្រជាជន​ដែល​ប្រើប្រាស់​ទូរស័ព្ទដៃ​អាចមាន​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ច្រើនជាង ដែល​គ្មាន​ទូរស័ព្ទដៃ ឬ​យ៉ាងដូចម្តេច?

    សម្រាប់​បរិបទ​នៃ​ប្រទេស​កម្ពុជា អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​តាមរយៈ​ទូរស័ព្ទដៃ​មានការ​កើនឡើង ប៉ុន្តែ​មានតែ​សេវាកម្ម​ខ្លះ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អ្នកប្រើប្រាស់​ចូលរួម ខណៈដែល​សេវាកម្ម​ជាច្រើន​ទៀត​មិន​ទទួលបាន​ការចាប់អារម្មណ៍។

    លោកជំទាវ​អគ្គនាយិកា​បច្ចេកទេស បាន​មានប្រសាសន៍ថា៖“ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ខ្ចីលុយ​ក្នុងប្រទេស​កម្ពុជា ខ្ញុំ​យល់ថា​មាន​ល្បឿន​លឿន​គួរសម ព្រោះ​ឥឡូវនេះ​មាន​អ្នកផ្តល់​សេវា​ក្នុងនាម​ជា​ភាគី​ទី3ច្រើន ប៉ុន្តែ​ការប្រើប្រាស់​បច្ចេក-វិទ្យា​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដូចជា ការមើល​សមតុល្យ​ក្នុង​គណនី​របស់គាត់ ឬក៏​របៀប​ប្រតិបត្តិការផ្សេងៗទៀត គឺ​នៅមានកម្រិត។ លោកជំទាវ​បាន​បន្ថែមថា៖“យើង​លឿន​ក្នុងការ​ផ្ទេរ​លុយ ប៉ុន្តែ​យើង​មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​ទៀត​តាម​បច្ចេកវិទ្យា​ទូរស័ព្ទដៃ មិនទាន់​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅឡើយ។

    លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ បានឱ្យដឹងថា អតិថិជន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុងតែ​បន្សាំ​ខ្លួន​ចំពោះ​របត់​ថ្មី​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដោយសារ​ការរីកចម្រើន​ខ្លាំង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា។ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ​រហូតមកដល់​ពេលនេះ​មាន​អតិថិជន​របស់ខ្លួន​ប្រមាណ 8,000នាក់​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ ដោយ​ភាគច្រើន​នៃ​អ្នកប្រើប្រាស់ បាន​ប្រតិបត្តិការ​សម្រាប់​ផ្ទេរប្រាក់ និង​បញ្ចូល​កាត​ទូរស័ព្ទ ដោយឡែក​សេវាកម្មផ្សេងៗទៀត​មិនទាន់មាន​ប្រើប្រាស់​ច្រើន​នោះទេ។

    លោក​ឧកញ៉ា ហួត អៀង​តុង បាន​និយាយថា៖ “តាមរយៈ Mobile Banking យើង​ក៏​អនុញ្ញាត​ឱ្យមាន​ការស្នើ​ប្រាក់កម្ចី​តាម​ទូរស័ព្ទ​បាន ប៉ុន្តែ​រាល់​ដំណើរការ​ត្រួតពិនិត្យ​គឺ​នៅ​អនុវត្ត​តាមរបៀប​ចាស់​ដដែល ដោយ​តម្រូវឱ្យ​ភ្នាក់ងារឥណទាន​ចុះទៅ​ដល់ផ្ទះ​របស់​អតិថិជន ដើម្បី​ពិនិត្យមើល​ពី​ការរីកចម្រើន​ក្នុង​អាជីវកម្ម និង​លទ្ធភាព​ទទួល​កម្ចី​ជាក់ស្តែង។ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ2017 នេះ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា រួមមាន ធនាគារពាណិជ្ជ39 ធនាគារ​ឯកទេស15 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន7 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ 66ប្រតិបត្តិ​ករ​ឥណទាន​ជនបទ267 ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ12 អ្នកដំណើរ​កា​រត​តិ​យ​ភាគី13ក្រុមហ៊ុន ក្រេ​ឌី​ត​ប្យូ​រ៉ូ​កម្ពុជា1 ការិយាល័យ តំណាង​ធនាគារ​បរទេស 6 និង​អាជីវករ​ប្តូរប្រាក់ 2,437៕

  • ស្ត្រី​មានគភ៌​ដូច​យើង…ធ្វើ​ម៉េច​ដឹងថា កូន​ក្នុង​គភ៌​រឹងមាំ?

    ស្ត្រី​មានគភ៌​ដូច​យើង…ធ្វើ​ម៉េច​ដឹងថា កូន​ក្នុង​គភ៌​រឹងមាំ?

    ក្នុងអំឡុងពេល​តាំង​គភ៌ ក្ដី​វិតក្ក​កង្វល់ ក្ដី​តានតឹង​ក្នុង​អារម្មណ៍​តែងតែ​កើតឡើង​ចំពោះ​ស្ត្រី​មានគភ៌​បាន​យ៉ាង​ងាយ​ជាង​ប្រក្រតី​ជា​កង្វល់​ពាក់ព័ន្ធ​នឹង​កូន​ថា តើ​កូន​នឹង​យ៉ាងម៉េច​ដែរ? រឹងមាំ​ឬទេ? មាន​អវយវៈ​គ្រប់32 ឬទេ? រាប់សិប​រាប់រយ​កង្វល់​ដែល​ស្ត្រី​មានគភ៌​នឹក​បារម្ភ គឺ​ដោយសារតែ​សេចក្ដីស្រឡាញ់​ដែលមាន​ចំពោះ​កូនតូច​ក្នុង​ផ្ទៃ​ហ្នឹងឯង។ តើ​ស្ត្រី​មានគភ៌​ទាំងអស់​ចង់ដឹង​ទេ​ថា  តើ​យើង​ធ្វើ​ម៉េច​នឹង​ដឹងបាន​ទៅ​ថា កូនតូច​ក្នុង​ផ្ទៃ​របស់​យើង​ហ្នឹង​រឹងមាំ​ល្អ​ដែរឬទេ? សូម​តាមដាន​ជា​បន្ត…។

    ធ្វើ​ម៉េច​នឹង​ដឹងបាន​ទៅ​ថា កូន​នៅក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​រឹងមាំ?

    ទារក​តូច​នៅក្នុង​គភ៌​នឹង​រឹងប៉ឹង​មាំមួន​ល្អ​ឬទេ​នោះ មួយផ្នែក​មកពី​សុខភាព​របស់​អ្នក​ម្ដាយ ដូច្នេះ​ពេល​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព មិនថាតែ​ការពិនិត្យ​សម្ពាធ​ឈាម ពិនិត្យ​ទឹកមូត្រ​ពិនិត្យ​ឈាម​មើលថា តើ​ស្លេកស្លាំង​ឬទេ? ហើម​ឬទេ? ពិនិត្យមើល​ទម្ងន់​ដែល​កើន​ច្រើនឡើង​រួមទាំង​ការសាកសួរ​ពី​អា​ការខុស​ប្រក្រតីផ្សេងៗនោះទេ អ្វីដែល​សំខាន់​លំដាប់ដំបូងៗមុនគេ​នោះ​គឺ ការពិនិត្យ​គភ៌ នៅពេលដែល​ដឹងថា ខ្លួនឯង​ច្បាស់​ជាមាន​ផ្ទៃពោះ​ហើយ។

    ការពិនិត្យ​គភ៌​គឺជា​ជម្រើស​មួយ​ដែល​គួរ​ធ្វើ​ខ្លាំង​បំផុត បើសិនជា​ស្ត្រី​មានគភ៌​ទៅពិនិត្យ​គភ៌ និង​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​ជាប់លាប់ នៅពេល​មាន​សញ្ញា​ដាស់តឿន​ដែល​អាច​កើតមាន​ភាពខុសប្រក្រតី​ណាមួយ​ដែល​បង្ហាញថា ទារក​អាច​នឹងមាន​សុខ​ភាពមិន​រឹងមាំ ដូចជា ទម្ងន់​ខ្លួន​កើនឡើង​តិចជាង​ប្រក្រតី ទំហំ​ស្បូន​រីក​ធំ​យឺត កូន​លែង​សូវ​រើ ស្ត្រី​មានគភ៌​ខ្លួនឯង​មាន​អាការ​ហើម​ខ្លួន​ខ្លាំង ឬ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គ្រូពេទ្យ​នឹង​បានជ្រើសរើស​វិធី​ការត្រួតពិនិត្យ​ព្យាបាល​ដែល​ត្រឹមត្រូវ​ស័ក្តិសម​នឹង​សភាវ​ខុស​ប្រក្រតីផ្សេងៗដែល​កើតឡើង​នោះ។

    ការពិនិត្យ​វិនិច្ឆ័យ​ថា តើ​កូន​ក្នុង​គភ៌​រឹងមាំ​ឬទេ?

    បច្ចុប្បន្ននេះ ឧបករណ៍​ដែល​ប្រើប្រាស់​ក្នុងការ​ពិនិត្យមើល​ទារក​ក្នុង​គភ៌​មាន​ភាពទាន់សម័យ​ខ្លាំងណាស់ តាមរយៈ​ការវិវឌ្ឍ​តិច​ណូ​ឡូ​ជី​ខាង​ផ្នែក​វេជ្ជសាស្ត្រ ដូចជា៖

    ការពិនិត្យ​មើល​អេកូ​ដែល​អាច​សាង​រូបភាព 4D របស់​ទារក​បាន​មើល​ធ្លុះ​ចូលទៅក្នុង​ផ្ទៃ ទៅដល់​ស្បូន​ដោយផ្ទាល់​រហូត​អាច​មើលឃើញ​រូបរាង​របស់​ទារក​ច្បាស់លាស់ សឹងតែ​ដឹង​តែម្ដង​ថា ទារក​នោះ​មានមុខមាត់​ស្រដៀង​ឪពុក ឬ​ម្ដាយ ហើយ​ថែមទាំង​អាច​ពិនិត្យមើល​ប្រព័ន្ធ​ហូរ​វិល​របស់​ឈាម​តាម​អវយវៈផ្សេងៗ តាំងពី​សុក ទងសុក បេះដូង ឬ​សូម្បីតែ​ខួរក្បាល​ទៀតផង ដើម្បី​ពិនិត្យ​មើលថា កូនតូច​របស់​អ្នក​រឹងប៉ឹង និង​មាន​សុវត្ថិ​ភាពល្អ។

    ការពិនិត្យ​ស្ដាប់​សំឡេង​បេះដូង​ទារក និង​កត់ត្រា​ចេញមក​ជា​គំនូស​ហ្ក្រា​ហ្វិ​ក ដើម្បី​ប្រើ​ក្នុងការ​ពិនិត្យ​សុខភាព​របស់​ទារក។ ក្នុងករណី​ទូទៅ ការពិនិត្យ​គភ៌​ប្រក្រតី គ្រូពេទ្យ​ពិនិត្យមើល​ខ្នាត​របស់​ស្បូន និង​ទារ​កដោយ​ការប្រើ​ដៃ​ស្ទាប រួមជាមួយ​ការ​ស្ដាប់​សំឡេង​ការ​លោត​របស់​បេះដូង​ដែល​ទៀងទាត់​ក្នុង​រយៈពេលខ្លីៗ ក៏​អាច​ប្រាកដ​ក្នុង​ចិត្តបាន​ទៅហើយ​ថា កូនតូច​មាន​សុខ​ភាពល្អ។

    ករណី​ដែល​ពិនិត្យឃើញថា កើតមាន​ភាពខុសប្រក្រតី ឬ​កូនតូច​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​កើតមាន​គ្រោះថ្នាក់​ណាមួយ ឬ​ប្រថុយប្រថាន​នឹង​ការស្លាប់ គ្រូពេទ្យ​នឹង​ប្រញាប់​ផ្ដល់​ការជួយ​សង្គ្រោះ ហើយ​បើសិន​ស្ថិតក្នុង​រយៈ​ប្រសូត​ដែល​សុវត្ថិភាព គ្រូពេទ្យ​ក៏​នឹង​អាចជួយ​ដោយ​ការវះកាត់​ប្រសូត​បានភ្លាមៗទាន់ពេលវេលា​ផងដែរ។

    អ្វីដែល​សំខាន់ ក្នុងអំឡុងពេល​តាំង​គភ៌ ក្រៅពី​ការ​ទៅពិនិត្យ​គភ៌​តាំងពីដំបូងៗហើយ ស្ត្រី​មានគភ៌​ត្រូវ​ថែរក្សា​សុខភាព អនាម័យ​ឱ្យបាន​រឹងមាំ​ខ្ជាប់ខ្ជួន ទទួលទាន​អាហារ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម ដូចជា ប្រូ​តេ​អី​ុ​ន ខា​បូ​ហាយ​ដ្រេ​ត (ធញ្ញជាតិ បាយ​ម្សៅ ស្ករ-ល-) សារធាតុ​រ៉ែ (បន្លែ ផ្លែឈើ) វីតាមីន​និង​ខ្លាញ់។ ក្រៅពីនេះ​ត្រូវ​ទទួលទាន​ទឹក សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ធ្វើ​ចិត្ត​ឱ្យ​ស្រស់ស្រាយសប្បាយៗ និង​មិន​ធុញថប់​តានតឹង អាចធ្វើ​ការងារស្រាលៗ ស្ដាប់​បទ​ភ្លេង ឬ​អាន​សៀវភៅ​ជាដើម។ ការ​ហែល​ទឹក ការដើរតិចៗ និង​ហាត់​យ៉ូ​ហ្គា គឺជា​ការធ្វើ​លំ​ហាត់ប្រាណ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ រួមទាំង​ការចៀសវាង​ពីអ្វី​ដែល​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់ ដូចជា ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ផ្សែង​បារី អាហារ​ដែល​មិនល្អ ការ​អង្គុយ ឬ​ឈរយូរៗ គឺ​សុទ្ធតែ​ហុច​ផល​អាក្រក់​ដល់​ស្ត្រី​មានគភ៌ និង​ទារក​ក្នុង​ផ្ទៃ​ទាំងអស់ ដូច្នេះហើយ​ទើប​គួរ​ចៀសវាង ដើម្បីឱ្យ​ទារក​តូច​ក្នុង​គភ៌​មាន​សុខភាព​រឹងមាំ​ល្អ៕

  • អាថ៌កំបាំង​ជួយ​ឱ្យ​ស្បែ​កមុខ «​ស» ​ស្អាត​ជាទី​គាប់ចិត្ត

    អាថ៌កំបាំង​ជួយ​ឱ្យ​ស្បែ​កមុខ «​ស» ​ស្អាត​ជាទី​គាប់ចិត្ត

    មិនមាន​អ្នកណា​បដិសេធ​មិន​ចង់បាន​ស្បែក​ស្រស់ស្អាត​នោះទេ មិន​ថា​អ្នកនោះ​ស្ថិតក្នុង​វ័យក្មេង ចាស់ ប្រុស ឬ​ស្រី​នោះទេ ឱ្យតែ​មាន​គេ​សួរថា ចង់បាន​ស្បែក​ស្រស់ស្អាត​ឬ​អត់ ពិតជា​ឆ្លើយថា​ចង់​គ្រប់​តែ​គ្នា​ហ្នឹង។ បើ​ដូច្នេះ​មែន សូម​សាកល្បង​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ ដើម្បី​ទទួលបាន​ផ្ទៃមុខ​ដ៏​ស្រស់​ផូរផង់​ដូច​បំណង។

    ស្បែក​ស្រស់ស្អាត​ចាប់ផ្តើម​ឡើងជា​មួយ​ការលាង​សម្អាត៖ ការសម្អាត​ស្បែ​កមុខ​តាមបែប​ធម្មជាតិ​ទាំង​ពេលព្រឹក និង​ពេល​រាត្រី​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នក​គ្រប់គ្នា​គួរតែ​បានដឹង និង​ត្រូវតែ​ធ្វើ។ ការលាង​សម្អាត​ស្បែក​លើ​បរិវេណ​ផ្ទៃមុខ​តាម​វិធី​ធម្មជាតិ​មាន​ភាពងាយស្រួល​បំផុត ដោយ​គ្រាន់តែ​យក​ទឹកឃ្មុំ​បន្តិច​ទៅ​លាយ​ជាមួយ​ទឹកដោះគោឆៅ1ស្លាបព្រា​បាយ  ហើយ​យក​វា​ទៅ​កម្តៅ 23វិនាទី រួច​សឹម​យកមក​លាប​លើ​ផ្ទៃមុខ និង​ក ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។

    ចំហុយ​ស្បែ​កមុខ៖ ចំហុយ​ស្បែក​មុខ​របស់​អ្នក​រាល់​មួយ​សប្តាហ៍​ម្តង​ដើម្បី​សម្លាប់​ជាតិពុល​ដែលមាន​នៅលើ​ស្បែ​កមុខ កម្ចាត់​មុន​ក្បាល​ខ្មៅ និង​ស្នាម​ជាំផ្សេងៗពី​ស្បែ​កមុខ។ បន្ថែម​ដោយ​ការ​លាបប្រេង​ដែល​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក​គឺ​កាន់តែ​ប្រសើរ។ សូម​ចងចាំ​ថា ការ​ចំហុយ​ផ្ទៃមុខ​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា និង​រលោង​ស្រស់ស្អាត​ដូច​បំណងប្រាថ្នា។

    គ្រឿង​ខាត់​ស្បែក​ធ្វើ​ដោយ​ខ្លួនឯង៖ ដុសខាត់​សម្អាត​ស្បែក​ជាមួយនឹង​គ្រឿង​ខាត់​ស្បែក​ដែល​ធ្វើឡើង​ដោយ​ខ្លួនឯង 1 ឬ2ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជួយ​កម្ចាត់​កោសិកា​ស្បែកចាស់ៗចោល នាំមក​នូវ​សភាព​ស្បែក​ដែល​មានតែ​ភាព​រលោង​ស្អាត ដោយ​យក​ប្រេង​អូ​លីវ​បន្តិច​លាយ​ជាមួយ​ស្ករ​ក្រហម​បន្តិច រួច​យក​វា​មក​ត្រដុសថ្នមៗលើ​ស្បែក ហើយ​សឹម​សម្អាត​វា​ចេញ​ឱ្យ​ស្អាត​ជាមួយនឹង​ទឹក​ក្តៅតិច។ យក​ទឹក​ត្រជាក់​មក​លាប​លើ​ផ្ទៃមុខតិចៗដើម្បី​បិទ​រន្ធ​រោម​ជាការ​ស្រេច។

    រក្សា​សំណើម​ផ្ទៃមុខ​ជានិច្ច៖ ប្រេង​បន្លែ​គឺជា​សារធាតុ​ផ្សំ​ដែលមាន​ប្រយោជន៍​បំផុត​ក្នុងការ​ជួយផ្តល់​សំណើម​ដល់​ស្បែក ការពារ​ស្បែក​ពី​ភាព​ជ្រីវជ្រួញ។

    កុំ​ភ្លេច​ម៉ាស​បិទមុខ៖ ម៉ាស​បិទមុខ​តាមបែប​ធម្មជាតិ​ជួយ​ការពារ​អ្នក​ពី​បញ្ហាផ្សេងៗដែល​តែង​កើត​ឡើងលើ​ផ្ទៃមុខ។ អនុវត្ត​យ៉ាងតិចណាស់​មួយ​សប្តាហ៍​ម្តង បើ​ចង់ឱ្យ​ក្តីបារម្ភ​ចំពោះ​ស្បែក​មុខ​របស់​អ្នក​ត្រូវ​កម្ចាត់​ចោល។

    ស្បែក​មុខស្រស់​ស្រាយ៖ សម្រាប់​អ្នក​ដែល​ចង់បាន​ស្បែក​មុខស្រស់​ស្អាត ឡា​រ៉ែ​ន សូម​ណែនាំ​វិធី​ងាយ​បំផុត ព្រមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​មួយ​វិធី​គឺ លាងមុខ​ជាមួយ​ទឹក​សម្បក​ក្រូច​មួយ​សប្តាហ៍​ម្តង។ យក​សម្បក​ក្រូច​ទៅ​ស្ងោរ​ជាមួយ​ទឹក​ប្រមាណ5នាទី រួច​ទុក​វា​ឱ្យ​ត្រជាក់។ បន្ទាប់មក​យក​ទឹក​ស្ងោរ​សម្បក​ក្រូច​នេះ​ទៅ​លាប​លើ​ផ្ទៃមុខ​របស់​អ្នក។ វិធី​មួយ​នេះ​ហាក់ដូចជា​ប្លែក​ជាង​វិធី​រាល់ដង​ដែល​អ្នក​ធ្លាប់​ជួប ប៉ុន្តែ​អ្នក​ដែល​ធ្លាប់បាន​អនុវត្តតាម​វិធី​នេះ​បាន​ប្រាប់ថា វា​ជួយ​ឱ្យ​ស្បែ​កមុខ​មើលទៅ​មាន​ភាព​ស្រស់ស្រាយ​ជាង​ការដែល​អ្នក​មិន​ធ្វើ​អ្វី​ទាល់តែសោះ។ សូម​សាកល្បង​បន្តិច​មើល!

    សូម​ចងចាំ​ផងដែរ​ថា ការប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ជា​រៀងរាល់ថ្ងៃ ការមិន​ជក់បារី ការទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន តែ​បុរាណ និង​ទឹក​ផ្លែឈើ​ស្រស់​ក៏​ជា​ជំនួយការ​ដ៏​សំខាន់​ចំពោះ​សម្រស់​ស្បែក​មុខ​របស់​អ្នក​ដូចគ្នា​ដែរ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 106

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 106

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/12/LRPN_106-for-web.pdf” force_dl=”1″]

  • ចង់បាន​ស្នាមញញឹម​ស្រស់ស្អាត កុំ​ភ្លេច​ទទួលទាន​អាហារ​ទាំងនេះ

    ចង់បាន​ស្នាមញញឹម​ស្រស់ស្អាត កុំ​ភ្លេច​ទទួលទាន​អាហារ​ទាំងនេះ

    ប្រាកដ​ណាស់​ថា ស្នាមញញឹម​របស់នារីៗគឺជា​មន្ត​ស្នេហ៍​មួយ​សម្រាប់​អ្នក​ដែល​បានឃើញ​ដូច្នេះ​អ្នក​ត្រូវតែមាន​វិធី​មើលថែទាំ​ធ្មេញ​របស់​អ្នក​ឱ្យ​ស្អាត ស និង​រឹងមាំ ត្រៀម​ជានិច្ច​សម្រាប់​ការ​ញញឹម​យ៉ាង​ស្រស់ស្រាយ​ឱ្យ​អ្នក​ដែល​នៅ​ជុំវិញខ្លួន​ឈ្លក់​វង្វេង តែ​តើ​ត្រូវ​ទទួលទាន​អ្វីខ្លះ ដើម្បីឱ្យ​ធ្មេញ​ស​ស្អាត និង​រឹងមាំ​នោះ សូម​តាមដាន​ជា​បន្ត…។

    • អាហារ​ពពួក ខា​បូ​ហាយ​ដ្រេ​ត

    អាហារ​ពពួក ខា​បូ​ហាយ​ដ្រេ​ត ដែលមាន​ដូចជា ម្សៅ បាយ និង​នំប៉័ង​ជាដើម ច្រើនតែ​ជាប់​នៅតាម​ប្រឡោះ​ជើងធ្មេញ ឬ​បរិវេណ​អញ្ចាញធ្មេញ បន្ទាប់ពីនោះ​ម្សៅ​នឹង​បំបែក​ខ្លួន​ក្លាយជា​ស្ករ​មាន​មេរោគ​បាក់តេរី ធ្វើឱ្យ​កើត​ស្នាម​កំណក និង​អាច​កើត​ជំងឺ​អញ្ចាញធ្មេញ​បាន ហើយក៏​អាចធ្វើឱ្យ​ធ្មេញ​ពុក​បានដែរ ដូច្នេះ​សម្រាប់​អាហារ​ប្រភេទ ខា​បូ​ហាយ​ដ្រេ​ត នេះ​គួរ​ទទួលទាន​ចំពោះតែ​ពេល​អាហារចម្បងៗដូចជា ពេលព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច​បាន​ហើយ ចៀសវាង​ទទួលទាន​លេង​នៅ​ចន្លោះពេល​អាហារ​ទាំងនោះ ព្រោះថា​នៅក្នុងពេល​អាហារចម្បងៗទាំងនោះ អ្នកនឹង​បញ្ចេញ​ទឹកមាត់​មក​ច្រើនណាស់ ទើប​កម្ទេច​កំណក​អាហារ​ទាំងនោះ​ត្រូវបាន​លាង​សម្អាត​ចេញ​អស់​ដោយ​ងាយ។

    • គួរ​ទទួលទាន​ទឹកតែ​ជាប្រចាំ

    មិនថាតែ​ធម្មតា តែ​ខ្មៅ ឬ​តែ​បៃតង​នោះទេ​សុទ្ធ​តែមាន​សារធាតុ ផូ​លី​ហ្វើ​ណូ​ល ដែលជា​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​រុក្ខជាតិ​ដែល​ការពារ​មិនឱ្យ​កំណក​កខ្វក់លឿងៗមក​តោង​ជាប់​នៅលើ​ធ្មេញ ជួយ​កាត់បន្ថយ​ឱកាស​ក្នុងការ​កើតរោគ​ធ្មេញ​ពុក ឬ​រោគ​អញ្ចាញ​ឱ្យ​ថយចុះ​បាន។ ក្រៅពីនេះ វា​នៅ​អាច​កាត់បន្ថយ​ក្លិន​មាត់ ដោយមាន​គុណសម្បត្តិ​ទប់ស្កាត់​ការរីក​ធំធាត់​របស់​មេរោគ​បាក់តេរី​ដែលជា​មូលហេតុ​របស់​ក្លិន​មាត់​ថែមទៀត ហើយ​ទឹកតែ​ភាគច្រើន​នៅមាន ភ្លូ​អ​រ៉ា​យ​ដ៍ ដែល​បានមកពី​ស្លឹក​តែ​ទៀតផង។

    • ទទួលទាន​វីតាមីន C ឱ្យបាន​គ្រប់គ្រាន់

    វីតាមីន C ប្រៀបដូចជា​ស៊ីម៉ង់ត៍​ដែល​ភ្ជាប់​កោសិកាផ្សេងៗឱ្យ​ចូលមក​ជាប់​ជាមួយគ្នា វា​ចាំបាច់​ចំពោះ​ស្បែក​ដូចគ្នា​នឹង​សាច់​ភ្នាស​របស់​អញ្ចាញធ្មេញ​ផងដែរ។ អ្នក​ដែល​ទទួលទាន​វីតាមីន C តិចជាង60មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ នឹងមាន​ឱកាស​កើតរោគ​អញ្ចាញធ្មេញ​ខ្ពស់ជាង​អ្នក​ដែល​ទទួលទាន​វីតាមីន C 180 មី​ល្លី​ក្រាម ឬ​ច្រើនជាង​នេះ 25% ដូច្នេះហើយ​ទើប​វីតាមីន C ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​មើលថែទាំ​ធ្មេញ​ឱ្យ​រឹងមាំ​ឡើង។

    ត្រឹមតែ​វិធី3យ៉ាងងាយៗនេះ ធានាថា ធ្មេញ​របស់​អ្នកនឹង​ស្រស់ស្អាត ភ្លឺ​ស និង​រឹងមាំ ត្រៀម​ជាស្រេច​សម្រាប់​ការ​ញញឹម​ដ៏​ស្រស់ស្រាយ និង​មាន​មន្ត​ស្នេហ៍​យ៉ាងពិត​ប្រាកដ៕

  • Ronaldo សម្លឹង​រកពាន​បន្ថែម​ទៀត ក្រោយពី​ជួយ​ឲ្យ Real ការពារ​ពាន Club World Cup

    Ronaldo សម្លឹង​រកពាន​បន្ថែម​ទៀត ក្រោយពី​ជួយ​ឲ្យ Real ការពារ​ពាន Club World Cup

    ខ្សែប្រយុទ្ធ Cristiano Ronaldo រំពឹងទុក​ថា នឹង​បន្ត​ស្ថិតនៅ​លើផ្លូវ​នៃ​ជ័យជម្នះ​របស់គេ និង​ឈ្នះ​ពាន​បន្ថែមទៀត​នៅឯ​ក្លិប Real Madrid ក្រោយពី​បាន​រក​គ្រាប់​បាល់​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 1-០ លើ​ក្រុម Gremio ក្នុងការ​ប្រកួត​ពាន Club World Cup វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​សៅរ៍។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ32ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​ពិន័យ Free-kick កោង​ចូល​ទី​យ៉ាង​ល្អ ខណៈដែល Real បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុងការ​ឈ្នះ​ពាន Club World Cup ពីរលើកជាប់ៗគ្នា។ Ronaldo ទើបតែ​បានឈ្នះ​ពាន​បាល់​មាស Ballon d’Or ជា​លើក​ទី5របស់គេ​កាលពី​ដើមខែ​នេះ ហើយក៏​បានឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ។ កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ចំនួន​នៃ​ការ​ឈ្នះ​ពាន​នឹង​ប្រាប់​ដោយ​ខ្លួនឯង។ ខ្ញុំ​ពិតជា​រីករាយ​ណាស់ ខ្ញុំ​នៅតែមាន​ការលើកទឹកចិត្ត ដើម្បី​រក្សា​ការ​ឈ្នះ​ពានផ្សេងៗ ពោលគឺ​ទាំង​ពាន​ជា​ក្រុម និង​ពាន​ឯកជន»។ Ronaldo បាន​បន្ថែមទៀតថា៖ «យើង​ចង់​ឈ្នះ ពីព្រោះ Real Madrid មិន​ធ្លាប់​បានឈ្នះ​ពាន​ចំនួន5ក្នុង​ឆ្នាំ​តែមួយ​ឡើយ។ ខ្ញុំ​គិតថា យើង​បាន​លេង​ក្នុង​ការប្រកួត​យ៉ាង​ល្អ និង​ពិតជា​ស័ក្តិសម​ក្នុងការ​ដណ្តើមបាន​ជ័យជម្នះ»។ បច្ចុប្បន្ន Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី15គ្រាប់​ហើយ ក្នុងការ​បង្ហាញខ្លួន20លើក​សម្រាប់​ក្រុម Real Madrid នៅ​រដូវ​កាល​នេះ បើទោះបី​ហាក់ដូចជា​ធ្លាក់ចុះ​ទម្រង់​លេង​បន្តិច​ក្នុង​ក្របខ័ណ្ឌ La Liga ក៏ដោយ៕

    ប្រភពពី៖ BBC

  • Liverpool លត់ Bournemouth ចាស់ដៃ ខណៈ Man Utd ផ្តួល West Brom

    Liverpool លត់ Bournemouth ចាស់ដៃ ខណៈ Man Utd ផ្តួល West Brom

    ក្រុម​ហង្ស​ក្រហម Liverpool បាន​វិល​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4វិញ ក្រោយពី​បាន​ផ្តួល​ក្រុម Bournemouth យ៉ាង​រាប​ដូច​កន្ទេល​ក្នុង​លទ្ធផល 4-០ ខណៈដែល​ក្រុម Manchester United បាន​រក្សា​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ក្របខ័ណ្ឌ Premier League របស់​ពួកគេ​តាមរយៈ​ការ​ផ្តួល​ក្រុម West Bromwich Albion 2-1 កាលពី​ថ្ងៃអាទិត្យ។

    ស្រប​ពេលដែល​ក្រុម Manchester City កំពុង​តែមាន​ពិន្ទុ​នាំមុខ​ដាច់​យ៉ាង​ឆ្ងាយ​នៅលើ​កំពូល​តារាង​នោះ ក្រុម Man United ត្រូវតែ​ដណ្តើម​ជ័យជម្នះ​ឲ្យ​បាន​នៅ​កីឡដ្ឋាន Hawthorns ដើម្បី​មានឱកាស​ណាមួយ​ក្នុងការ​ដេញតាម​ឲ្យ​ទាន់​គូប្រជែង​ក្នុង​តំបន់​តែមួយ​របស់​ពួកគេ។ ខ្សែប្រយុទ្ធ Romelu Lukaku បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Jose Mourinho មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី27 ហើយ​ខ្សែបម្រើ Jesse Lingard រកបាន1គ្រាប់​ទៀត​ដើម្បី​បន្ថែម​ការនាំ​មុខ​របស់​ក្រុម​ខ្លួន​នៅ​នាទី​ទី35។ ប៉ុន្តែ Man United មិនបាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​ងាយស្រួល​ឡើយ ក្រោយពី​ខ្សែបម្រើ Gareth Barry បានធ្វើការ​វាយបក​បាន1គ្រាប់​វិញ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​ទី77។ ប៉ុន្តែ Man United នៅតែ​បានបញ្ចប់​ការប្រកួត​នេះ​តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​មួយ​ដែល​បានធ្វើ​ឲ្យ​ពួកគេ​រក្សា​ការ​ដេញតាម​ពីក្រោយ​ក្រុម Man City ចំនួន11ពិន្ទុ។ លោក Mourinho បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​គិតថា យើង​ពិតជា​ស័ក្តិសម​ក្នុងការ​ឈ្នះ​ហើយ។ យើង​គឺជា​ក្រុម​ខ្លាំង​បំផុត។ យើង​បាន​គ្រប់គ្រង​ការប្រកួត​នេះ​អស់​រយៈពេល​ជា​យូរ។ ភាពស្វិតស្វាញ​ក្នុង​តង់​ទី1 មិន​ដូច​ភាពស្វិតស្វាញ​ក្នុង​តង់​ទី2ឡើយ»។

    ស្របពេល​ជាមួយគ្នានេះ ខ្សែបម្រើ​ប្រយុទ្ធ Mohamed Salah និង Philippe Coutinho បាន​ជួយ​ឲ្យ​ក្រុម Liverpool ដណ្តើមបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 4-០ នៅលើ​ទឹកដី​ក្រុម Bournemouth ខណៈដែល​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​បាន​វិល​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4នៅលើ​តារាង​ក្របខ័ណ្ឌ Premier League វិញ៕

    ប្រភពពី៖ Sport24

  • ការប្រើប្រាស់​ភាសា​ខ្មែរ​ខុស​លើ​បណ្តាញ​សង្គម​អាចជា​ចំណុច​គ្រោះថ្នាក់

    ការប្រើប្រាស់​ភាសា​ខ្មែរ​ខុស​លើ​បណ្តាញ​សង្គម​អាចជា​ចំណុច​គ្រោះថ្នាក់

    «វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន» នេះ​ជា​សុភាសិត​ដែល​ប្រជាជន​ខ្មែរ​គ្រប់គ្នា​បានដឹង បាន​ចាំ និង​បានឮ​យ៉ាងហោចណាស់​ម្តង​ក្នុង​ជីវិត តែថ្មីៗនេះ​យើង​មើលឃើញ​ជាទូទៅ​ថា ការប្រើប្រាស់​ភាសា​ខ្មែរ​ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​របស់​វប្បធម៌ ហាក់​ត្រូវបាន​គេ​ប្រើប្រាស់​ខុស​ច្រើន​នៅក្នុង​បណ្តាញ​សង្គម ជាពិសេស​នៅក្នុង​បណ្តាញ Facebook។

    អ្នក​ដែល​បាន​ប្រើ​ភាសា​ខ្មែរ​ខុស​នោះ​មាន​ទាំង​យុវជន និស្សិត អ្នកជំនាញ​បច្ចេកទេស អ្នកធ្វើការងារ​ក្នុង​ស្ថាប័ន​សាធារណៈ ស្ថាប័នឯកជន និង​អ្នក​ខ្លះទៀត​ជា​អ្នក​ដែលមាន​ប្រជាប្រិយភាព​ក្នុងសង្គម​ថែមទៀត​ផង ដែល​ចំណុច​ទាំងអស់នេះ​បាន​ជំរុញឱ្យមាន​ការយល់ច្រឡំ និង​បញ្ហា​កើតឡើង​សម្រាប់​វិស័យ​អក្សរសាស្ត្រ​ខ្មែរ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាសន៍​ជាមួយ​លោក ឈិន សីហា ប្រធាន​ស្ថាបនិក​ក្លិប​អក្សរសាស្ត្រ​ខ្មែរ ដើម្បី​បង្ហាញ​ពី​ផល​លំបាក​នៃ​ការប្រើប្រាស់​ភាសា​ខុស និង​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​នៅក្នុង​សង្គម៖

    តើ​ការប្រើប្រាស់​ភាសា​ខុស​ក្នុង​បណ្តាញ​សង្គម​បាន​ជះ​ផលប៉ះពាល់​អ្វីខ្លះ​ដល់​សង្គម?

    ការប្រើប្រាស់​ភាសា​ខុស​ជា​រឿង​គ្រោះថ្នាក់​មួយ​សម្រាប់​វិស័យ​អក្សរសាស្ត្រ​ជាតិ ព្រោះថា​នៅពេលដែល​យើងទាំងអស់គ្នា​ជា​មនុស្ស​ទូទៅ​ដែល​មិន​ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​សាធារណជន​សរសេរ​ខុស​វា​មិនសូវ​ជា​បញ្ហា​ប៉ុន្មាន​នោះទេ តែ​ប្រសិនបើ​មនុស្ស​ដែលមាន​ប្រជាប្រិយភាព​សរសេរ​ខុស​វិញ​នោះ គេ​គ្រប់គ្នា​នឹង​គិតថា​សំណេរ​នោះ​ត្រូវ ហើយនឹង​អនុវត្តតាម។ ការអនុវត្ត​តាម​គ្នា​នេះ​អាចធ្វើឱ្យ​មនុស្ស​ទូទៅ​លែង​ស្គាល់​ពាក្យ​ត្រឹមត្រូវ​ពិតប្រាកដ ហើយ​ក្លាយជា​រឿង​ខុស​ដោយ​មិនដឹង​ខ្លួន។ ម្យ៉ាងវិញទៀត ពេលខ្លះ​យើង​ក៏​ឃើញ​មាន​ស្ថាប័ន​សាធារណៈ​មួយចំនួន​បាន​សរសេរ​ផ្ទាំង​ផ្សព្វផ្សាយ​របស់ខ្លួន​ដោយមាន​កំហុស​អក្ខរាវិរុទ្ធ​ផងដែរ ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាជនមាន​ការយល់ច្រឡំ។

    តើ​គួរ​ធ្វើយ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក្យ​ខុស​នេះ​ក្នុង​ស្ថាប័ន​សាធារណៈ?

    ចំពោះ​ការសរសេរ​ខុស នៅក្នុង​ស្ថាប័ន​សាធារណៈ​គឺជា​រឿង​មួយ​ដែល​មិនគួរ​កើតឡើង​នោះឡើយ​ព្រោះ​ការផ្សព្វផ្សាយ​របស់គាត់​ជាការ​ផ្សព្វផ្សាយ​ផ្លូវ​ការដែល​មនុស្ស​ជឿទុកចិត្ត​ច្រើន ហេតុនេះ​នៅពេលដែល​គាត់​សរសេរ​ខុស ប្រជាជន​នឹង​យល់ថា​ត្រូវ ហើយ​នៅពេលដែល​ឃើញ​ពាក្យ​ត្រូវ​វិញ​ប្រជាជន​អាច​គិតថា​ខុស។ ហេតុនេះ​ដើម្បី​ដោះស្រាយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ក្នុងការ​ធ្វើ​វិ​ក្រឹ​ត​ការ​ផ្នែក​អក្សរសាស្ត្រ​ដើម្បីឱ្យ​មន្ត្រី ឬ​បុគ្គលិក​បាន​យល់ច្បាស់​ពី​ការប្រើប្រាស់​ភាសា ឬ​ចំណុច​មួយចំនួន​ដែលមាន​ការយល់ច្រឡំ ហើយ​ចៀសវាង​កំហុស​ដទៃទៀត។ ក្រៅពីនេះ​យើង​ក៏​អាចធ្វើ​សិក្ខាសាលា​មួយចំនួន​ដោយ​អញ្ជើញ​អ្នកជំនាញ​អក្សរសាស្ត្រ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ការប្រើប្រាស់​អក្សរសាស្ត្រ​ជា​ទៀងទាត់ តែ​កុំឱ្យ​រំខាន​ច្រើន​ដល់​ការធ្វើ​កិច្ចការងារ​របស់គាត់ ដើម្បី​ផ្តល់ឱកាស​ឱ្យ​គាត់​បាន​ស្វែងយល់​ពី​អក្សរសាស្ត្រ​ឱ្យបាន​ទូលំទូលាយ។ លើសពីនេះទៅទៀត ការធ្វើ​សេចក្តីណែនាំ​ជា​លាយ​លក្ខ​អក្សរ ឬ​ជាការ​ពិន័យ​រដ្ឋបាល​ចំពោះ​កំហុសដដែលៗអាចជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ជំរុញឱ្យមាន​កា​រ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការប្រើប្រាស់​ភាសា​ក្នុងការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​សាធារណៈ។

    តើ​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​ឱ្យ​សាធារណជន​ទូទៅ​ប្រើប្រាស់​ភាសា​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ក្នុង​បណ្តាញ​សង្គម Facebook?

    ការប្រើប្រាស់​ភាសា​ខុស​ក៏​ជា​កត្តា​ប្រឈម​ផងដែរ​ដែល​កំពុង​ជួបប្រទះ​ក្នុងសង្គម​របស់​យើង ព្រោះ​នៅពេល​បច្ចុប្បន្ននេះ​យើងទាំងអស់គ្នា​បានឃើញ​ហើយ​ថា​ការប្រើប្រាស់​ភាសា​របស់​ប្រជាជន​ខ្មែរ​យើង​នៅមានកម្រិត ដែល​មនុស្ស​មួយចំនួន​កំពុង​ប្រើប្រាស់​ភាសា​ខុស​លើ​សំណេរ​របស់ខ្លួន ហើយ​តែងតែ​បង្ហាញ​ជា​សាធារណៈ​នៅក្នុង​បណ្តាញ​សង្គម។ បញ្ហា​ទាំងអស់នេះ​អាច​បណ្តាលមកពី​ពួកគាត់​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យបាន​ត្រឹមត្រូវ តែ​វា​ក៏​អាចមកពី​យើង​មិនទាន់មាន​យន្តការ​ក្នុងការ​ដោះស្រាយ​បញ្ហា​អក្សរសាស្ត្រ​ក្នុង​បណ្តាញ​បច្ចេកវិទ្យា​ផងដែរ។

    ជា​ដំណោះស្រាយ យើង​ឃើញ​ហើយ​ថា​សម្រាប់​ភាសាបរទេស​មួយចំនួន​គេ​មាន​កម្មវិធី​កែតម្រូវ​លើ​បណ្តាញ​បច្ចេកវិទ្យា រួមទាំង​កម្មវិធី​បង្ហា​ញ​កំហុស​អក្ខរាវិរុទ្ធ ដោយ​ដាក់​សញ្ញាផ្សេងៗដើម្បី​បង្ហាញថា​សំណេរ​នោះ​មិន​ត្រឹមត្រូវ ខណៈ​កម្មវិធី​មួយទៀត​គឺ​បាន​បិទ​មិនឱ្យ​សរសេរ​ពាក្យ​ខុស​នោះ​ថែម​ទៀតផង។ សម្រាប់​ភាសា​ខ្មែរ​យើង តាមពិតទៅ​យើង​ក៏​អាចធ្វើ​បែប​នោះ​បានដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ។

    ប្រសិនបើ​យើង​កំណត់ឱ្យ​ពាក្យ​ខុស​ក្នុង​បណ្តាញ​បច្ចេកវិទ្យា​មិនអាច​សរសេរ​បាន នោះ​ប្រជាជន​យើង​នឹង​ស្វែងរក​ពាក្យ​ត្រូវ​មក​សរសេរ​វិញ ខណៈ​ពេលខ្លះ​កម្មវិធី​បង្ហាញ​ពាក្យ​ខុស​មួយចំនួន​ក៏​អាចជា​ដំណោះស្រាយ​លើ​កត្តា​ប្រឈម​ផងដែរ ដែល​អាចធ្វើឱ្យ​ប្រជាជន​ខ្មែរ​យើង​ដឹងខ្លួនភ្លាមៗបន្ទាប់ពី​គាត់​បាន​សរសេរ​ខុស ហើយ​ងាយ​កែតម្រូវ​វិញ៕

  • គុណភាព​សេវាកម្ម​វិស័យ​ទេសចរណ៍​នឹង​កាន់តែ​ល្អប្រសើរ

    គុណភាព​សេវាកម្ម​វិស័យ​ទេសចរណ៍​នឹង​កាន់តែ​ល្អប្រសើរ

    វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទទួលបាន​កំណើន​ភ្ញៀវ​អន្តរជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​វិស័យនេះ​ហាក់​នៅតែ​មិនទាន់​រៀបរយ​បានល្អ​នោះទេ​លើ​ផ្នែក​មួយចំនួន​ដូចជា ការផ្តល់សេវា​ប្រកបដោយ​គុណភាព និង​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព រហូតដល់​ចុងក្រោយ​នេះ​អាជ្ញាធរ​បាន​លូកដៃ​ចូល​ដោយ​បង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​សំខាន់​មួយ​ក្នុងចំណោម​វិស័យ​បី​ផ្សេងទៀត​នាំ​កំណើនសេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា។

    នាពេល​កន្លងមក​ផ្នែក​ឯកជន​ធ្លាប់បាន​លើកឡើង​ពី​គុណវិបត្តិ​នៃ​ការប្រកួតប្រជែង​ដែល​តែង​កើតមាន​នៅក្នុង​វិស័យ​ទេសចរណ៍ ដូចជា ការលក់​បញ្ចុះតម្លៃ​ទាប​ខ្លាំង​នៅពេល​មាន​ភ្នាក់ងារ​ទិញ​ណាមួយ​ចរចា​តម្លៃ​ជាមួយ​ក្រុមហ៊ុន​នានា​ក្នុងស្រុក ដោយ​អ្នក​ប្រកប​អាជីវកម្ម​ក្នុងស្រុក​បញ្ចុះតម្លៃ​ដ៏​ទាប​ក្នុងន័យ​ទាក់ទាញ​អតិថិជន​ឱ្យមក​ទទួល​សេវា​របស់ខ្លួន ប៉ុន្តែ​នៅពេលដែល​ភ្ញៀវ​ទទួល​សេវា អ្នកផ្តល់​សេវា​បាន​កាត់បន្ថយ​គុណភាព​សេវាកម្ម​របស់ខ្លួន​យ៉ាងច្រើន​ដើម្បី​ទប់ទល់​ការ​ខាត​តម្លៃ​ដើម ឬ​ទទួលបាន​ប្រាក់ចំណេញ។ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ធ្លាប់​បានស្នើ​ជាច្រើនលើក​អំពី​ការបញ្ឈប់​ការប្រកួតប្រជែង​គ្នាឯង​ដោយ​បន្ទាប​តម្លៃ ឬ​បន្ថយ​គុណភាព​សេវាកម្ម។

    ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​ទាំងអស់នោះ​ក្រសួងទេសចរណ៍ កាលពីពេល​កន្លងមក បានចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​ការដាក់ឱ្យ​អនុវត្តន៍​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ប្រកាស​នេះ​បានចែង​លម្អិត​នូវ​ចំណុច​មួយចំនួន​ដូចជា ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ដែលមាន​គោលបំណង​ការពារ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រតិបត្តិ​វិជ្ជាជីវៈ​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ព្រមទាំង​ធានា​ឱ្យបាន​នូវ​សេចក្តីថ្លៃថ្នូរ​របស់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ក្នុងការ​ប្រកប​រប​រវិ​ជ្ជា​ជីវៈ​ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​ភ្ញៀវទេសចរ។ ប្រកាស​នោះ​ក៏បាន​ចែង​ដែរ​ថា ត្រូវ​ដាក់ឱ្យអនុវត្ត​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ដើម្បី​ចូលរួម​ពង្រឹងគុណភាព​ក្នុង​ការផ្តល់​សេវាកម្ម​ទេស​ចរណ៍ លើកកម្ពស់​សីលធម៌​សង្គម និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការអនុវត្ត​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងនាម​ជា​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ចំពោះ​ភ្ញៀវ​ដែល​បាន​ទិញ​សេវាកម្ម ឬ​កញ្ចប់​ខ្សែ​ទស្សនកិច្ចផ្សេង។

    លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) បាន​ថ្លែងថា ក្រមសីលធម៌​ដែល​ក្រសួងទេសចរណ៍​ប្រកាស​នេះ​ជា​រឿង​ល្អ ព្រោះ​វា​មិន​នាំឱ្យ​ខាតបង់​ដល់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នោះទេ ប៉ុន្តែ​វា​ទាមទារ​ឱ្យ​អនុវត្ត​ឱ្យបាន​ព្រម​គ្នា​ទាំង​មន្ត្រី និង​ទាំង​វិស័យ​ឯកជន។

    លោក ស៊ីណាន បាន​បញ្ជាក់ថា៖“រឿងនេះ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ទាំងអស់គ្នា​ទាំង​អ្នក​ប្រកប​អាជីវកម្ម និង​អ្នកអនុវត្ត​ច្បាប់។ បើ​មានច្បាប់ អនុវត្ត​តាមច្បាប់ វា​នឹង​ជួយ​ឱ្យ​ពាណិជ្ជកម្ម​ល្អ ព្រមទាំង​ធ្វើឱ្យ​បរិយាកាស​អាជីវក​ម្មមា​ន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​ប្រទេសជាតិ។

    យោងតាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិត​មកដល់ពេលនេះ​មាន​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​នៅ​កម្ពុជា​សរុប​ចំនួន 682ក្រុមហ៊ុន ក្នុងនោះ​សាខា​មាន​ចំនួន88។ ក្រសួង បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ការី​ទេសចរណ៍​នាំ​ភ្ញៀវ​ចូលក្នុង​ប្រទេស​ចំនួន487 ការី​ទេសចរណ៍​នាំ​ភ្ញៀវ​ចេញ​ក្រៅប្រទេស​ចំនួន49 ការី​ទេសចរណ៍​នាំ​ភ្ញៀវ​កម្សាន្ត​ក្នុងស្រុក​ចំនួន44 និង​ភ្នាក់ងារទេសចរណ៍ ចំនួន238៕