Author: វល័ក្ខ

  • កម្ពុជា និង​ឥណ្ឌា​ផ្តួចផ្តើម​ពង្រឹង​លើ​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ

    កម្ពុជា និង​ឥណ្ឌា​ផ្តួចផ្តើម​ពង្រឹង​លើ​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ

    ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា និង​ឥណ្ឌា បានបង្ហាញ​ពី​គោលជំហរ​សហការគ្នា​ក្នុងការ​ជំរុញ​ចរន្ត​លំហូរ​ទេសចរណ៍ និង​អ្នកវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​ច្រើន​បន្ថែមទៀត ខណៈ​ចំនួន​ភ្ញៀវទេសចរ​នៃ​ប្រទេស​ទាំងពីរ​នៅមានកម្រិត​នៅឡើយ។

    ក្នុងជំនួប​ទ្វេភាគី​ជាមួយ លោកជំទាវ ប្រា​មី​ឡា រ៉ានី​ប្រា​ម៉ា រដ្ឋមន្ត្រី​បរិស្ថាន និង​ព្រៃឈើ នៃ​រដ្ឋ​អាសា​ន់​របស់​សាធារណរដ្ឋ​ឥណ្ឌា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ថ្វី​ត្បិត​ភ្ញៀវទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​នៅមាន​ចំនួន​តិច បើ​ធៀប​នឹង​អត្រា​ប្រជាជន​នៃ​ប្រទេស​ឥណ្ឌា​យ៉ាងណាក៏ដោយ ប៉ុន្តែ​និន្នាការ​នៃ​ភ្ញៀវទេសចរ​ឥណ្ឌា​មកកាន់​ប្រទេស​កម្ពុជា​បានបង្ហាញ​ពី​សក្តានុពល​នៃ​ការកើនឡើង​ជា​បន្តបន្ទាប់។

    ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ភ្ញៀវទេសចរ និង​វិនិយោគិន​ឥណ្ឌា​ក្នុងការ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា។ កម្ពុជា​ក៏​ស្នើឱ្យ​ភាគី​ឥណ្ឌា​ជួយ​ជា​ជំនួយ​ផ្នែក​បច្ចេកទេស​ក្នុងការ​រៀបចំ និង​អភិវឌ្ឍន៍​បន្ថែម​លើ​ផ្នែក​អេកូ​ទេសចរណ៍ ទេសចរណ៍វប្បធម៌ ទេសចរណ៍​សត្វព្រៃ​ពិសេស​ការនាំយក​សត្វ​ខ្លាធំ​ពីរ​ដ្ឋ​អាសា​ន់ មក​ព្រលែង និង​អភិរក្ស​ឡើងវិញ​នៅ​កម្ពុជា​ផងដែរ។

    ក្នុងជំនួប​នោះ​ភាគី​ទាំងពីរ​ក៏បាន​ជំរុញឱ្យមាន​ការហោះហើរ​ត្រង់​ពី​កម្ពុជា​ឆ្ពោះទៅកាន់​រដ្ឋ​អាសា​ន់ ព្រោះ​រដ្ឋ​ដែល​ស្ថិតនៅ​ភាគ​ឦសាន​របស់​ប្រទេស​ឥណ្ឌា​មួយ​នេះ ប្រៀបដូចជា​ច្រក​ត​ភ្ជាប់​អាស៊ាន និង​កម្ពុជា​យ៉ាង​ដូច្នេះ​ដែរ ហើយ​ការតភ្ជាប់​នេះ​អាចជា​ផ្នែក​មួយ​នៃ​ការជំរុញ​វិនិយោគ​ថ្មី​បន្ថែមទៀត។

    យោងតាម​ស្ថិតិ​ភ្ញៀវទេសចរ​របស់​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរ​ឥណ្ឌា ចូលមក​កម្ពុជា​មានកំ​ណើ​ន​ជិត26% ក្នុង​ឆ្នាំ2016 ធៀប​នឹង​ឆ្នាំ2015។ ទិន្នន័យ​បង្ហាញថា កាលពី​ឆ្នាំ2016 ជនជាតិ​ឥណ្ឌា​ដែល​បាន​ចូលមក​កម្ពុជា មាន​ចំនួន46,131នាក់ ខណៈ​កាលពី​ឆ្នាំ2015 មាន​ចំនួន36,671នាក់។ ភ្ញៀវទេសចរ​ឥណ្ឌា មកកាន់​ប្រទេស​កម្ពុជា​ស្មើនឹង0.9%នៃ​ចំនួន​ភ្ញៀវទេសចរ​សរុប​កាលពី​ឆ្នាំ2016 ដែលមាន​ចំនួន​ជាង5លាន​នាក់។

    យោងតាម​ជំនួប​ទ្វេភាគី​នោះ កម្ពុជា និង​ឥណ្ឌា នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា​នាពេលខាងមុខ ដោយ​គណៈប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​វិនិយោគិន​សកល ដែល​នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី3-4 ខែកុម្ភៈ ឆ្នាំ2018 ខាងមុខ ក្នុង​រដ្ឋ​អាសា​ន់ ប្រទេស​ឥណ្ឌា ដែលមាន​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​ចូលរួម។

    កម្ពុជា ជា​ប្រទេស​តូច មាន​ប្រជាជន​តិច ប៉ុន្តែ​កម្ពុជា​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​សម្រាប់​ឥណ្ឌា ដោយសារ​ប្រជាជន​កម្ពុជា​ជា​ពុទ្ធសាសនិក ហើយ​មនុស្ស​វ័យ​ចំណាស់​ជាច្រើន រួមទាំង​ព្រះសង្ឃ​ខ្មែរ​ផង តែង​ជ្រើសរើស​ដំណើរ​ទៅ​ទស្សនា​ពុទ្ធ​ដា្ឋ​ន​នានា​នៅ​ប្រទេស​ឥណ្ឌា៕

  • Man City ចូលរួម​ជាមួយ Arsenal ក្នុង League Cup វគ្គ1/2 ក្រោយ​ទម្លាក់ Leicester

    Man City ចូលរួម​ជាមួយ Arsenal ក្នុង League Cup វគ្គ1/2 ក្រោយ​ទម្លាក់ Leicester

    ក្រុម​ដែលមាន​ការផ្លាស់ប្តូរ​កីឡាករ​ច្រើន​បំផុត Manchester City បាន​ទម្លាក់​ក្រុម​ប្រកបដោយ​ស្មារតី​ប្រយុទ្ធ Leicester កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup ក្រោយពី​ការ​កាត់សេចក្តី​ឱ្យ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស ខណៈដែល​កាំភ្លើង​ធំ Arsenal ក៏បាន​ឈានទៅ​វគ្គ​បន្ត​ផងដែរ។

    លោក Pep Guardiola បានបង្ហាញ​ពី​សមត្ថភាព​ដឹកនាំ​របស់លោក តាមរយៈ​ការផ្លាស់ប្តូរ​កីឡាករ​ដល់​ទៅ 9 នាក់​ក្នុង​ជម្រើស​ដំបូង​របស់លោក ខណៈដែល​ក្រុម​កំពុងតែ​នាំមុខ​ដាច់​លើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ បាន​គ្រប់គ្រង​ការភិតភ័យ​របស់​ពួកគេ ដើម្បី​យកឈ្នះ​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី 4 -1 ក្រោយពី​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 បន្ទាប់ពី​ការបន្ថែម15នាទី​ពីរដង​រួចមក។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Arsenal បាន​ផ្តួល​ក្រុម West Ham ក្នុង​លទ្ធផល 1-០ ដើម្បី​រក្សា​ក្តីសង្ឃឹម​នៃ​ការជួបគ្នា​ដ៏​រំភើប​ដែលមាន​ក្រុម​ខ្លាំង4ក្នុងចំណោម​ក្រុម​ខ្លាំង​បំផុត​ទាំង6របស់​អង់គ្លេស។ Man City និង​ក្រុម Leicester បានរួម​គ្នា​ឈ្នះ​ពាន League Cup ចំនួន7លើក ប៉ុន្តែ លោក Guardiola និង​លោក Claude Puel គ្រូបង្វឹក​របស់​ក្រុម Leicester បាន​បង្ហាញថា អាទិភាព​របស់​ពួកគេ​គឺ​មិន​ស្ថិតក្នុង​យុទ្ធនាការ​នេះឡើយ ខណៈដែល​តារាឆ្នើមៗរបស់​ក្លិប​ទាំងពីរ​សឹងតែ​ទាំងអស់ បាន​អវត្តមាន​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង។ បើទោះបី​មានការ​ផ្លាស់ប្តូរ​កីឡាករ​ច្រើន​ក៏ដោយ ប៉ុន្តែ Man City ដែល​បានដាក់​ឲ្យ​តារា​ឆ្នើម​វ័យក្មេង​របស់​អង់គ្លេស Phil Foden ចូល​លេង បាន​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង នៅ​ដើមតង់ ដោយមាន​ឱកាស​រក​គ្រាប់​បាល់​ពីរលើក​តាមរយៈ​កីឡាករ Ilkay Gundogan តែ​ធ្វើ​មិនបាន​សម្រេច។

    នៅ​រាត្រី​នេះ ក្រុម Manchester United នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Bristol City របស់​ក្របខ័ណ្ឌ Championship ខណៈ Chelsea ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Bournemouth៕

    ប្រភពពី៖ Sport24

  • ស្មា​ត​ហ្វូ​ន HUAWEI Nova2i និង Mate10 Pro កំពុង​លុកលុយ​ទីផ្សារ និង​អង្រួន​បេះដូង​អតិថិជន​នៅកម្ពុជា

    ស្មា​ត​ហ្វូ​ន HUAWEI Nova2i និង Mate10 Pro កំពុង​លុកលុយ​ទីផ្សារ និង​អង្រួន​បេះដូង​អតិថិជន​នៅកម្ពុជា

    ភ្នំពេញ៖ Huawei ដែល​គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក ដែល​កំពុង​ឡើង​កូដ និង​ទទួលបាន​ការពេញនិយម​នៅ​ទូទាំង​ពិភពលោក ក៍​ដូចជា​នៅ​កម្ពុជា​ផងដែរ ហើយ​នាពេលថ្មីៗនេះ Huawei ទទួលបាន​ចំណាត់​ទី2 ក្នុង​បរិមាណ​លក់។ គួរ​កត់សម្គាល់ថា Huawei បានធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា តាមរយៈ​ការចេញលក់ Huawei Y7Prime, Huawei P10/P10 Plus និង​ចុង​ក្រោយនេះ Huawei nova 2i ស៊េរី​ថ្មី ដែលមាន​រហ័ស​នាម​ថា “អា​ភ្នែក4 (កាមេរ៉ា 4)” ពោលគឺ​រាប់​ចាប់តាំងពី​អតិថិជន អ្នកលក់ ម្ចាស់​ហាង​ទូរ​សព្ទ័ បាន​ពេញចិត្ត​គ្រប់បែបយ៉ាង​ចំពោះ Huawei nova 2i នេះ ។ «អា​ភ្នែក 4» រហ័ស​នាម​ថ្មី​របស់​ស្មា​ត​ហ្វូ​ន​ល្បី​ដល់ក HUAWEI nova 2i ស៊េរី​ថ្មី ប្រល័យ​ចិត្ត​យុវវ័យ លុកលុយ​ទីផ្សារ អង្រួន​បេះដូង​អតិថិជន​នៅ​កម្ពុជា ។

    Huawei nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាមេរ៉ា4 (ភ្លោះ​មុខ ភ្លោះ​ក្រោយ) ដំបូង​គេ​បង្អស់​លើ​ពិភពលោក ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​អេក្រង់​ធំ ពេញចិត្ត ពេញភ្នែក ពេញ​គែម 5.9អ៊ី​ញ ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត ត​ន្រី្ត យូ​ធូប បណ្តាញ​សង្គម ពិសេស Live Facebook ឬ Video Calls ច្បាស់ រាង​ស្អាត ស្តើង ស្រាល ធន់ មាំ ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម តម្លៃ​ក៍លង់។

    តាម​ការអង្កេត​លម្អិត មិនមែនលំៗ ចំណុច​ពិសេស​ចាក់​ដោត​បេះដូង ធ្វើ​ឲ្យ​អ្នក​ប្រើ​ស្លុង​អារម្មណ៍ Huawei    Nova 2i និងងាយៗ តាម​គណិតវិទ្យា 4 ធំ​ជាង 3 ធំ​ជាង 2 កុំ​បាច់​ឆ្ងល់ រីឯ​ចំណុចខ្លាំង​នោះ​គឺ (1) កាមេរ៉ា 4 ដំបូងបង្អស់​លើ​ពិភពលោក ពោលគឺ កាមេរ៉ា​ក្រោយ 2: Take Photos Like Pro ច្បាស់​ថត​ស្អាត​មុខងារ Pro Mode កាមេ​រ៉ា​មុខ 2: Selfie Level Pro ច្បាស់​ស្អាត​កប់ ខូ្យ​ត​កប់ បន្ថែម​មុខងារកំប្លែងៗតុ​ក្ត​តារ (2) ល្បឿន​លឿន​ជាង ទំហំ RAM 4GB ទំហំ​ក្នុង​ម៉ាស៊ីន ROM 64GB (3) រូបរាង​ទាក់ទាញ ស្រោប​លោហធាតុ ស្រាល​ជាង មាំ​ជាង ធន់​ជាង ស្តើង​ជាង (ងាយ​ប្រឡាក់​ពេល​ប៉ះ​ដៃ និង​ងាយ​ឆ្កូត) (4) អាច​ប្រើ Twin apps ក្នុង​ម៉ាស៊ីន​ពី​រោងចក្រ ពោលគឺ​ប្រើ​កម្មវិធី Facebook / LINE/Messenger / QQ/ WeChat ឈ្មោះ​ពីរ​ក្នុង​លើ​អេក្រង់​តែមួយ លើ Apps តែមួយ ។

    សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ដើម្បី​យល់​លម្អិត​អំពី Huawei Nova 2i

    https://www.youtube.com/watch?v=psznhhiYR_0

    ចំណែកឯ ជា​បងធំ Huawei Mate 10 Pro ស៊េរី​ដែល​អតិថិជន​អន្ទះសារ​នោះ ទីបំផុត ដែល​រងចាំ​ដ៍​យូរ ក៍បាន​មកដល់ ដែល​ខ្លួន​នឹង​រូបរាង​ល្អ​ដូច​ពេជ្រ រលើបរលោង សមជា​ស្មា​ត​ហ្វូ​ន​ក្នុង​សុ​បិ​ន្ត ខ្លាំង​ជាង​មុន លឿន​ជាង​មុន កាលី​ប​ជាង​មុន បើ​បាន​ចាប់​កាន់ ស្ទាបអង្អែល នែបនិត្យ ជីវិត​ពិតជា​មានន័យ លើសពី​ស្មា​ត​ហ្វូ​ន បន្ថែម​តួនាទី​អាច​ដើរតួរ​ជា​កុំព្យូទ័រ សមត្ថភាព​កំពូល លឿន​ជាង 25 ដង ខ្លាំង 25 ដង ដែល CPU បំពាក់​បច្ចេកវិទ្យា  AI ដំបូង​គេ​បង្អស់​លើ​ពិភពលោក (Word’s First AI Processor Inside) ដែលមាន​លក្ខណៈពិសេសកំពូលៗ ដូចជា (1) អេក្រង់​លាត​ដល់​ពេញ​គែម​ទំហំ 6.0″ AMOLED  (2) បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​សហ​ការណ៍​ជាមួយ  Leica ភ្លោះ ដែល​ល្បីឈ្មោះ​អស់ 102 ឆ្នាំ ទំហំ 12 MP (f/1.6, 27mm, OIS) +20 MP (f/1.6, 27mm) និង​កាមេរ៉ា​មុខ​ទំហំ 8 MP, f/2.0 (3) ល្បឿន​លឿន​ជាមួយនឹង RAM 6GB ទំហំ​ក្នុង​ម៉ាស៊ីន ROM 128GB (4) ជាមួយនឹង​ល្បឿន​ប្រតិបត្តិការ  CPU: Hisilicon Kirin 970, Octa-core (4×2.4 GHz Cortex-A73 & 4×1.8 GHz Cortex-A53), Mali-G72 MP12 (5) ថាមពល​ថ្ម 4000 mAh  ប្រើ​បាន​ពីរ​ថ្ងៃ និង (6) បំពាក់​នូវ​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លឿន នៅ​ខាងក្រោយ បន្ថែម​ជូន កាដូ​ស៊ី​អារម្មណ៍ ឧបករណ៍​តាមដាន ទម្ងន់ និង​វាស់​ជាតិ​ខ្លាញ់ (Huawei Smart Fat Scale) និង ស៊ីម​ស្មា​ត​លេខ​ល្អ បន្ថែម​កញ្ចប់​ស្មា​ត​ធំ​ម្ម៉​ង 24 សប្តាហ៍ ដោយ​ឥតគិតថ្លៃ សម្រាប់​អតិថិជន​ដែល​បានក​ម្ម៉​ង​ទុក​មុន ។

    សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ លោកអ្នក​នឹង​ដឹងថា Huawei Mate 10 Pro ចឹ​ង

    https://www.youtube.com/watch?v=0Js4X_et70w

    លោកអ្នក​ត្រៀម​កាដូ​ជូន​គូរ​ស្នេហ៍ ក្រុមគ្រួសារ កូនៗ អ្នកមានគុណ ញាតិសណ្តាន បងប្អូន ពូ​មីង ហើយ​រឺ​នៅ នាឱកាស​បុណ្យ​ណូអែល ឬ​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ 2018? បើ​រក​នឹង​មិនឃើញ រឺ​ពិបាក​រើស ហ៊ួ​រវ័យ​អាចជួយ​បាន មិនចាំបាច់​រក​នឹក គិត​យូរ  កាដូ​ត្រូវចិត្ត គ្រាន់តែ​ទិញ  Huawe Nova2i  រឺ  Huawe Mate 10 Pro មួយគ្រឿង ទៅ​ដឹង​តែ​លង់​ចិត្ត លង់​ប្រាណ លង់​បេះដូង បាក់ចិត្តស្រឹបៗ ទប់ចិត្ត​មិនបាន ទប់​ប្រាណ​មិន​ហ្នឹង​ម្ម៉​ង ។  Huawei អ្វី​ក៍មាន តម្លៃ​ប៉ុណ្ណា​ក៍មាន ស្មា​ត​ហ្វូ​នដំបូងៗស្ទើរ​លុយ Y3II 3G (79$), Y3 2017 (115$), Y6 II (149$) បន្ទាប់ពី​ជឿជាក់​ឡើង​ស៊េរី Y7 Prime (229$) កាន់តែ​លង់​ចិត្ត​ដូរ​ស៊េរី​ដល់​អា​កាមេរ៉ា 4 Nova2i (329$) ភ្លេចខ្លួន​ហ៊ាន​ជះ​លុយ​ដល់​អាកប់​ស៊េរី Mate 10 Pro (860$) ជាមួយនឹង​ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមធំៗ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫ​កាដូ​អស់ពី​ស្តុក ។ `

    ចង់ដឹងថា ប្រ៉ូ​ម៉ូ​សិន​យក្ស ដើម្បី​អបអរ បុណ្យ​ណូអែល និង​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ 2018 នេះ តោះ​មើល​វីដេអូ​នេះ​ទាំងអស់គ្នា

    https://www.youtube.com/watch?v=GexwNYCVNgY

  • ទីផ្សារ​នៅតែ​ជា​ឧបសគ្គ​សម្រាប់​ម្រេច​ខេត្តកំពត

    ទីផ្សារ​នៅតែ​ជា​ឧបសគ្គ​សម្រាប់​ម្រេច​ខេត្តកំពត

    ខណៈ​ម្រេច​កំពត​បានបញ្ចប់​ការប្រមូល​ផល​ដោយ​ទទួលបាន​ទិន្នផល​ល្អប្រសើរ​នោះ បានធ្វើឱ្យ​ប្រជាកសិករ​មាន​ភាព​រីក​រាយ​ជាខ្លាំង ប៉ុន្តែ​ទន្ទឹមនឹងនោះ​ការលក់​ចេញទៅ​កាន់​ទីផ្សារ​ហាក់​មាន​សភាព​យឺតយ៉ាវ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការលើក​សំណូមពរ​មួយចំនួន​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យជួយ​ស្វែងរក​ទីផ្សារ​បន្ថែមទៀត។

    លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​ខេត្តកំពត បាន​លើកឡើងថា ការប្រមូល​ផល​ម្រេច​នៅក្នុង​ឆ្នាំនេះ​បានបញ្ចប់​តាំងពី​ខែមិថុនា​មក​ម៉េះ្ល ដោយ​ទិន្នផល​សរុប​ប្រមូលបាន​ក្នុង​រង្វង់80តោន។ លោក​បាន​បន្ថែមថា ពាក់ព័ន្ធ​និង​បញ្ហា​តម្លៃ​សម្រាប់​ម្រេច​ទាំងពីរ​ប្រភេទ (ម្រេចស និង​ម្រេចខ្មៅ) គឺ​នៅតែ​អាច​រក្សា​ស្ថិរភាព​បានល្អ​ដដែល តែ​អ្វីដែល​គួរឱ្យ​យក​ចិ​ត្ដ​ទុកដាក់​បន្ថែម​នោះ​គឺ​ទីផ្សារ​នៃ​ការបញ្ជាទិញ ព្រោះ​លោក​សង្កេតឃើញថា​ការបញ្ជាទិញ​ក្នុងឆ្នាំនេះ​ហាក់​មាន​សកម្ម​ភាពយឺត​យ៉ាវ​ជាង​ឆ្នាំកន្លងមក។ មូល​ហេតុដែល​ធ្វើឱ្យ​ចរន្ដ​នៃ​ការបញ្ជាទិញ​យឺតយ៉ាវ​ទំនងជា​មកពី​ទីផ្សារ​ម្រេច​កំពត​នៅមាន​លក្ខណៈ​មិនទាន់​ធំ​ទូលាយ​នៅឡើយ។

    ប្រធាន​សមាគម​ម្រេច​ខេត្តកំពត បាន​បន្ថែមថា​បើទោះបីជា​ទីផ្សារ​នៃ​ការលក់​ចេញទៅ​ក្រៅប្រទេស​មិនទាន់​ធំ​ទូលំទូលាយ តែ​បច្ចុប្បន្ន​ការដាំដុះ​ម្រេច​កំពត​បាន​បន្ត​កើន​ឡើងជា​បន្ដបន្ទាប់ ក្នុងនោះ​មាន​ទាំង​ការដាំ​របស់​ប្រជាកសិករ​ក្នុងស្រុក និង​មាន​ក្រុមហ៊ុន​មកពី​បរទេស​មួយចំនួន​បានមក​ធ្វើការ​វិនិយោគ​លើ​ការដាំដុះ​ម្រេច​ក្នុង​ខេត្តកំពត​ផងដែរ។

    ទោះយ៉ាងណា លោក ងួន ឡាយ បញ្ជាក់ថា៖“ជា​បំណង​របស់ខ្ញុំ គឺ​ចង់ឱ្យ​ក្រុមហ៊ុន​បរទេស​ទាំងនោះ​ជួយ​ស្វែងរក​ទីផ្សារ​លក់​ម្រេច​កំពត​ឱ្យបាន​ធំ​ទូលាយ​ជាជាង​មក​ពង្រីក​ការដាំដុះ​ម្រេច​ដោយផ្ទាល់។ មាន​ក្រុមហ៊ុន​មួយចំនួន​ពុំបាន​ឆ្លងកាត់​សមាគម​យើង​ទេ គឺ​គាត់​ចេះតែ​ដាំ​បន្ថែម ផ្ទុយទៅវិញ​បើ​មាន​ក្រុមហ៊ុន​ណា​ឆ្លងកាត់​សាកសួរ​យោបល់​ពី​សមាគម​យើង គឺ​យើង​នឹង​ណែនាំ​មិនឱ្យ​ដាំ​ទេ ហើយ​កិច្ចការ​ទាំងនេះ​ក៏​យើង​បានធ្វើ​កន្លងមកខ្លះៗហើយ​ដែរ។

    លោក​បាន​បន្ដថា មិន​ថា​ម្រេច​កំពត​នោះទេ អ្វី​ក៏ដោយ​ឱ្យតែ​លើសពី​តម្រូវការ​ទីផ្សារ​វា​នឹងមាន​តម្លៃ​ទាប​ដូចជា​ដំណាំ​ម្រេច​កំពត​ជាដើម។ ដូច្នេះ​ជម្រើស​ល្អ​សម្រាប់​ក្រុមហ៊ុន​បរទេស​ដែលមាន​បំណង​ចង់​រកស៊ី​លើ​កសិផល​ប្រភេទ​នេះ​គួ​តែ​ស្វែងរក​ទីផ្សារ​សម្រាប់​លក់​ចេញទៅ​វិញ​ជា​រឿង​ប្រសើរ។ ចំពោះ​ការដាំដុះ​ម្រេច​អាច​ទុកឱ្យ​ប្រជាកសិករ​ជា​ម្ចាស់​ស្រុក​អ្នក​ធ្វើជា​រឿង​ល្អ​បំផុត ព្រោះ​ពួកគាត់​យល់ច្បាស់​ពី​ស្ថានភាព​ភូមិសាស្ដ្រ អាកាសធាតុ របៀប​ធ្វើ​ជុំវិញ​ការដាំដុះ​ដំណាំ​ម្រេច​នេះ។

    ប្រធាន​សមាគម​ម្រេច​កំពត​បាន​បញ្ជាក់ថា៖ “មូលហេតុ​ខ្ញុំ​ចង់ឱ្យ​ក្រុមហ៊ុនធំៗជួយ​រក​ទីផ្សារ​បន្ថែម​ព្រោះ​កិច្ចការ​នេះ​ហួស​ពី​សមត្ថភាព​ប្រជាកសិករ​ដែល​អាច​ធ្វើទៅ​បាន។ ម្យ៉ាងទៀត​កន្លងមក​ខ្ញុំ​សង្កេតឃើញថា ក្រុមហ៊ុន​ដែល​មក​ផលិត​មិនសូវ​ទទួលបាន​ជោគជ័យ​ទេ ដូច្នេះ​គាត់​មាន​ជំនាញ​ខាង​ពាណិជ្ជកម្ម​គួរតែ​ធ្វើ​ការងារ​ទីផ្សារ​ទៅ រីឯ​ការងារ​ផលិត និង​ដាំ​ដុះ​ទុកឱ្យ​កសិករ​ជា​អ្នកធ្វើ​ទើប​ប្រសើរ”៕

  • អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពង្រីក​សាល​អ្នកដំណើរ​ថ្មី​តម្លៃ​ជាង 26លាន​ដុល្លារ

    អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពង្រីក​សាល​អ្នកដំណើរ​ថ្មី​តម្លៃ​ជាង 26លាន​ដុល្លារ

    សាល​អ្នកដំណើរ​ថ្មី​ក្នុង​បរិវេណ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែលមាន​ផ្ទៃក្រឡា​រហូតដល់1ម៉ឺន​ម៉ែត្រការ៉េ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​សប្តាហ៍​កន្លងមក ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​អ្នកដំណើរ​ដែលមាន​កំណើន​ជា​លំដាប់។

    ការពង្រីក​សាល​អ្នកដំណើរ​ដែល​អាច​ផ្តល់នូវ​ភាពងាយស្រួល​ដល់​ការកម្សាន្ត​សម្រាប់​អ្នកដំណើរ​ចេញ​និង​ការរង់ចាំ​អ្នកដំណើរ​មកដល់ គឺជា​ការពង្រីក​បន្ថែម​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​ដែល​ក្រុមហ៊ុន VINCI របស់​បារាំង​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ100លាន​ដុល្លារ រួច​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែមីនា ឆ្នាំ2016។

    ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ“ស្ថានីយ​សម្រាប់​ទទួល​អ្ន​ក​ដំណើរ​មកដល់ និង​ស្ថានីយ​សម្រាប់​ភ្ញៀវ​រង់ចាំ​ចេញដំណើរ” នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​ដើម្បី​ឆ្លើយ​នឹង​កំណើន​នៃ​អ្នកដំណើរ​ដែល​កំពុង​កើន​ឡើងជា​លំដាប់​ក្នុង​បច្ចុប្បន្ន និង​អនាគត។ នេះ​បើតាម​ការកត់សម្គាល់រ​បស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ធ្វើជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ“ស្ថានីយ​សម្រាប់​ទទួល​អ្ន​ក​ដំណើរ​មកដល់ និង​ស្ថានីយ​សម្រាប់​ភ្ញៀវ​រង់ចាំ​ចេញដំណើរ” ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានឱ្យដឹងថា តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ 2017 នេះ​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង5លាន​នាក់ និង​នៅ​ឆ្នាំ2020 នឹង​ទទួលបាន​យ៉ាងតិច7លាន​នាក់។

    ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖“វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នេះ​សំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា ដែល​ទាមទារ​ឱ្យមាន​ការសហការ និង​ខិតខំ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការសម្រួល​ដល់​ការដឹកជញ្ជូន​អ្នកដំណើរ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​លើកទឹកចិត្ត និង​ជំរុញ​ការងារ​នេះ​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាទីបំផុត។

    ឯកឧត្តម​បានលើកឡើង​ថា ពេលនេះ​កម្ពុជា​កំពុង​ប្រែ​ក្លាយខ្លួន​ទៅជា​មជ្ឈមណ្ឌល​អាកាសចរណ៍​និង​ទេសចរណ៍​មួយ​ដែលមាន​ភាព​ទាក់ទាញ​ក្នុង​តំបន់ និង​ពិភពលោក។ កម្ពុ​ជាមាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ល្អ ហើយ​ជាទី​ផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ទេសចរណ៍ ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពោលគឺ​នៅតែ​បន្ត​រក្សា​កំណើន​ជា​មធ្យម​ក្នុង​រង្វង់8.5% រហូតដល់​ឆ្នាំ2040។

    លោក នី​កូ​ឡា មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Cambodia Airport បានឱ្យដឹងថា ការបើក​ដំណើរការ​ស្ថានីយ​ថ្មី​នេះ​មាន​គោលបំណង​សំខាន់​ចំនួន2 ទី1 ដើម្បី​គិតគូរ​ពី​កំណើន​ភ្ញៀវទេសចរ​នាពេល​បច្ចុប្បន្ន និង​អនាគត ខណៈ​ជិត​ដាច់​ឆ្នាំ2017 នេះ​អ្នកដំណើរ​ដែល​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​លើសពី4លាន​នាក់ ហើយ​នៅ​ឆ្នាំ 2020 កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​យ៉ាងតិច 7លាន​នាក់ និង ទី2 ដើម្បី​រៀបចំ​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗសម្រាប់​អ្នកដំណើរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ស្របតាម​ស្ដង់ដារ​អន្តរជាតិ។

    របាយការណ៍​ពី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល10ខែ ឆ្នាំ 2017 នេះ​មាន​ប្រមាណ 4.4លាន​នាក់ កើនឡើង10.4%បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    បច្ចុប្បន្ននេះ​វិស័យ​ទេសចរណ៍​បាន​ចូលរួមចំណែក​ក្នុង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ប្រមាណ13% ជា​វិស័យ​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​លឿន​ប្រកបដោយ​សក្តានុពល។ ជាមួយគ្នានេះ​ប្រទេស​កម្ពុជា​ក៏​កំពុងតែ​ជំរុញ​ការទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេស​ចិន​កាន់តែខ្លាំង​ជាង​មុន ខណៈដែល​ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​បាន​នាំមុខគេ​រួចជាស្រេច​ទៅហើយ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា តាម​ការរំពឹងទុក​ចំនួន​ភ្ញៀវទេសចរ​បរទេស​នឹង​កើន​ដល់ 5.6លាន​នាក់ នៅ​ឆ្នាំ2017 នេះ ដោយ​អាច​រកចំណូលបាន​ពី​វិស័យនេះ​ច្រើនជាង3,500លាន​ដុល្លារ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​រំពឹងថា នឹង​កើន​ដល់​ចំនួន1លាន​នាក់។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា៖“សមិទ្ធផល​នេះ ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ចាប់យក​ឱកាស​នៃ​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ឱ្យ​ក្លាយជា​ឱកាស​មាស​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ2030”។

    ក្រុមហ៊ុន VINCI របស់​បារាំង​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​អាកាសយានដ្ឋាន​នៅ​កម្ពុជា​រយៈពេល30ឆ្នាំ បាន​ពង្រីក​ខ្លួន​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅកាន់​ព្រលានយន្តហោះ​ក្នុង​ខេត្តសៀមរាប នា​ឆ្នាំ1997 ហើយក៏​ពង្រីក​ខ្លួន​ទៅកាន់​ក្រុងព្រះសីហនុ​ផងដែរ​ក្នុង​ឆ្នាំ2013។ ក្រុមហ៊ុន​នេះ​កំពុង​គ្រប់គ្រង​ព្រលានយន្តហោះ​ទាំង3ខាងលើ ប៉ុន្តែ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ស្ថិតនៅ​ដំណាក់កាល​ចរចា​ជាមួយ​ក្រុមហ៊ុន​នេះ ដើម្បី​ផ្តល់​សំណង​ណាមួយ​សម្រាប់​ការយក​អាកាសយានដ្ឋាន​ខេត្តសៀមរាប ត្រឡប់មកវិញ ដើម្បី​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​មកពី​ចិន វិនិយោគ​នៅ​តំបន់​ផ្សេង​ពី​ទីតាំង​ចាស់។

    សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងឱកាស​សម្ពោធ​ស្ថានីយ​អ្នកដំណើរ​កាលពី​ឆ្នាំ 2016 ក៏បាន​អះអាង​ពី​សមត្ថភាព​របស់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្នុង​ការទទួល​ការ​ចុះចត​របស់​យន្តហោះ​ធំ​ផងដែរ។ ជាក់ស្តែង កម្ពុជា​បាន​សាកល្បង​រួចមកហើយ​នូវ​ការទទួល​យន្តហោះធំៗ ដែល​មក​ចុះចត​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​ឆ្នាំ2012 ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​យន្តហោះ​ដែល​ដឹក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា បានមក​ចុះចត និង​សំចត​រួចហើយ៕

  • Ignite Phnom Penh ជា​វេទិកា​និយាយ​សាធារណៈ​ខ្លី តែមាន​ន័យ​ខ្លឹម​សម្រាប់​ជីវិត

    Ignite Phnom Penh ជា​វេទិកា​និយាយ​សាធារណៈ​ខ្លី តែមាន​ន័យ​ខ្លឹម​សម្រាប់​ជីវិត

    មនុស្សម្នាក់ៗតែងមាន​គំនិត និង​គន្លឹះ​ជោគជ័យ​សម្រាប់​ជីវិតរៀងៗខ្លួន ដែល​ប្រភព​ចំណេះដឹង និង​ការគិត​ទាំងអស់នោះ​គឺជា​កូនសោ​ដ៏​សំខាន់​ដែល​អាចធ្វើឱ្យ​ជីវិត​មានការ​អភិវឌ្ឍ ឬ​មាន​ភាព​រីកចម្រើន​ទៅមុខ។

    ដើម្បី​ផ្តល់ឱកាស​ឱ្យ​មនុស្ស​គ្រប់គ្នា​ដែលមាន​គន្លឹះ​ជីវិតល្អៗបាន​ចែករំលែក​នូវ​អ្វី​ដែលជា​កូនសោ​ជីវិត​របស់ខ្លួន​ទៅកាន់​មនុស្ស​ជាច្រើន​ទៀត​នៅ​កម្ពុជា Ignite Phnom Penh បានរៀបចំ​វេទិកា​និយាយ​សាធារណៈ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក។

    Ignite Talks គឺជា​កម្មវិធី​និយាយ​ជា​សាធារណៈ​មួយ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ2006 នៅ​ទីក្រុង​ស៊ា​ថ​ល រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយ​លោក Brady Forrest និង លោក Bre Pettis។ នា​ឆ្នាំ2016 Ignite Talks ត្រូវបាន​នាំមក​កាន់​ប្រទេស​កម្ពុជា​ដែលមាន​ឈ្មោះថា Ignite Phnom Penh ហើយ​បាន​ប្រារព្ធ​ធ្វើ​ចំនួន2លើក ដោយមាន​ចំនួន​វាគ្មិន​សរុប31នាក់ និង​អ្នកចូលរួម​សរុប​ចំនួន​ជាង 1,500នាក់។

    ប្រធាន​គ្រប់គ្រង​កម្មវិធី Ignite Phnom Penh លោក ជា សុខ​ហ៊ី បាន​លើកឡើងថា គោលបំណង​ដែល​នាំ​កម្មវិធី​នេះ​មក​កម្ពុជា​គឺ​ចង់​ពង្រឹងសមត្ថភាព​នៃ​ការនិយាយ​ជា​សាធារណៈ​ដល់​ប្រជាជន​គ្រប់រូប និង​ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស យុវជន និង​កូន​ខ្មែរ​ទាំងអស់​អាច​ឡើង​និយាយ​ពី​គំនិត​របស់ខ្លួន​ដែល​ចង់​ចែករំលែក​ទៅ​សាធារណជន​ទាំងឡាយ។ ប្រធានបទ​មានការ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ ការលើក​ទឹក​ចិ​ត្ដ ការចែករំលែក​ពី​ភាពជោគជ័យ ក្ដី​ស្រមៃ និង​គោលដៅ​របស់ខ្លួន។

    លោក សុខ​ហ៊ី បាន​និយាយថា ៖ “ចំណុច​ពិសេស​របស់​កម្មវិធី Ignite Phnom Penh គឺ​វាគ្មិននីមួយៗត្រូវធ្វើ​បទ​បង្ហាញ​ក្នុង​រយៈពេល​ត្រឹមតែ 5នាទី និង​ស្លាយ (Slide) ចំនួន20។ ចំណុច​នេះ​គឺ​តម្រូវឱ្យ​វាគ្មិននីមួយៗមានការ​ត្រៀម​រៀបចំខ្លួន​យ៉ាង​ល្អ។ អាស្រ័យហេតុនេះ វាគ្មិន​ទទួលបាន​បទពិសោធថ្មីៗដែល​ជួយ​ឱ្យ​ពួកគាត់​អាច​គ្រប់គ្រង​ពេលវេលា​ក្នុងការ​ធ្វើ​បទ​បង្ហាញ​ឱ្យបាន​ល្អ។

    សហ​ស្ថាបនិក​កម្មវិធី​និយាយ​សាធារណៈ​ដែល​ប្រកបដោយ​គុណ​តម្លៃ​មួយ​នេះ​បាន​លើកឡើងថា កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​វាគ្មិន​ចំនួន 15 រូប​មកពី​គ្រប់​ស្ថាប័ន ដោយមាន​វាគ្មិន​មួយចំនួន​ជា​អ្នក​ដែលមាន​បទពិសោធ​នៅក្នុង​សង្គម​ជាច្រើន​ឆ្នាំ និង​វាគ្មិន​មួយចំនួនទៀត​ជា​សិ​ស្សា និស្សិត​ដែល​មកពី​វិទ្យាល័យ និង​មហាវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ៕

  • ក្រមា​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ក្រៅប្រទេស

    ក្រមា​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ក្រៅប្រទេស

    បើទោះបី​បច្ចុប្បន្ន​យុវជន​មួយចំនួន​មានការ​ពេញនិយម​ចំពោះ​សម្លៀកបំពាក់​សម័យថ្មី​ក៏ដោយ ក៏​ក្រមា​ខ្មែរ​នៅតែមាន​ការពេញនិយម​ប្រើប្រាស់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ព្រម​ទាំងពី​សំណាក់​ជនបរទេស​ផងដែរ។

    លោកស្រី គឹម ដាវី ប្រធាន​សមាគម​សិប្បក​ម្ម​អង្គរ បាន​មានប្រសាសន៍ថា ដោយមាន​ការជួយជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស សមាគម​របស់​លោកស្រី​បានរៀបចំ​សិប្បកម្ម​ផលិត​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ ជាពិសេស​ក្រមា​អំបោះ​ត្បាញ​ដោយ​ដៃ​ផ្ទាល់​ដែលមាន​ការគាំទ្រ​ខ្លាំង​ទាំង​ទីផ្សារ​ក្នុងប្រទេស និង​ក្រៅប្រទេស។

    លោកស្រី​បាន​ប្រាប់ថា ជា​មធ្យម​ក្នុង​មួយខែ​សមាគម​សិប្បកម្ម​អង្គរ​លក់​ក្រមា កន្សែង និង​ភួយ​ក្នុងស្រុក បាន​ចន្លោះ​ពី 7,000 ទៅ 8,000 និង​បាន​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ប្រទេស​មួយចំនួន​ដូចជា អូស្ត្រាលី កាណាដា ន័​រវេ​ស និង​នូវ៉ែល​សេ​ឡង់​ជាដើម ដែលមាន​ចំនួន​ប្រមាណ​ចន្លោះ​ពី 1,500 ទៅ 1,800ក្រមា​ថែម​ទៀតផង។ នេះ​អាច​និយាយថា ជា​សកម្មភាព​មួយ​ក្នុងការ​ជួយផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន សម្រាប់​រក​ចំណូល​បន្ថែម​ពី​ការងារ​ស្រែចម្ការ ក៏ដូចជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​បាន​មួយចំណែក​ផងដែរ។ អ្វីដែល​ធ្វើឱ្យ​ក្រមា​ខ្មែរ​មានការ​ពេញនិយម​ប្រើប្រាស់​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក គឺ​ដោយសារ​ក្រមា​ត្បាញ​ដោយ​ដៃ​សិប្បករ​ខ្មែរ​មានគុណ​ភាពល្អ​ជាង​ក្រមា​ផលិត​ចេញពី​រោងចក្រ​នាំចូល​មកពី​ក្រៅប្រទេស។

    គួរ​បញ្ជាក់ថា សមាគម​សិប្បកម្ម​អង្គរ មិនមែន​ផលិត​ក្រមា​តែមួយ​ប្រភេទ​នោះទេ ពោលគឺ​មាន​ផលិត​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​ថែមទៀត សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ហើយ​មានការ​ពេញនិយម​គាំទ្រ​យ៉ាងខ្លាំង​ពី​ជនបរទេស។ លោកស្រី ដាវី បាន​បញ្ជាក់ថា៖“ដោយ​សង្កេតឃើញ​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​ត្រូវបាន​នាំចូល​ពី​ក្រៅប្រទេស មក​លក់​ទៅឱ្យ​ជនបរទេស​នៅក្នុង​ប្រទេស​កម្ពុជា សមាគម​ក៏បាន​ផ្តួចផ្តើម​គំនិត​ផលិត​វត្ថុ​អនុស្សាវរីយ៍​នេះ​ឡើង​ដើម្បី​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ពួកគាត់​មាន​ជីវភាព​បាន​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត។

    សិប្បកម្ម​ចម្លាក់​ទាំងនោះ ត្រូវបាន​ចែកចេញជា​ផ្នែកផ្សេងៗគ្នា​មានដូចជា ទី1 សិប្បកម្ម​ចម្លាក់​ប្រាក់ ថ្ម ឈើ ស្ពាន់ ស្បែក និង​គំនូរ​ធម្មជាតិផ្សេងៗទៀត ទី2 សិប្បកម្ម​បែប​សរសៃ​ធម្មជាតិ​សម្រាប់​ធ្វើជា​កន្ត្រក កញ្ច្រែង កញ្ជើ ល្អី ឬ​សម្បក​វេច​ខ្ចប់​ជំនួស​ថង់​ផ្លា​ស្ទិ​ក​ជាដើម ដែល​ធ្វើ​ពី​វត្ថុធាតុដើម​ដូចជា ល្ពា​ក់ ផ្តៅ ស្លឹកត្នោត និង​គាវត្នោត​ជាដើម។ ចំណែក​ទី3 សិប្បកម្ម​វាយ​ន​ភណ្ឌ​អំបោះ សរសៃ​ក្រមា ភួយ​និង​សរសៃសូត្រ​ជាដើម ទី4 សិប្បកម្ម​ផលិត​ឧបករណ៍​តន្ត្រីបុរាណ​មាន​ដូចជា​ស្គ តាខេ ទ្រ ភ្លេង​រនាត​ពិណពាទ្យ ចាប៉ីដងវែង​ជាដើម និង​ទី5 សិប្បកម្ម​ផលិត​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ដូចជា ប្រអប់​ដាក់​ក្រដាស ប្រអប់​ដាក់​សាប៊ូ ដែល​ផលិត​ចេញ​ជា​ចម្លាក់​រូប​អប្សរា និង​រូបភាព​ទាក់ទាញ​ផ្សេងទៀត ផលិត​ចេញពី​កម្ទេច​ឈើតូចៗ ឬ​ឈើ​ដែល​គេ​បោះចោល​ប្រើប្រាស់​លែងកើត។

    មកទល់​បច្ចុប្បន្ន សមាគម​សិប្បកម្ម​អង្គរ បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ប្រមាណ 4,000នាក់ ពិសេស​ជា​ស្ត្រី​មេផ្ទះ​អាច​មើលថែទាំ​ផ្ទះ មើលថែទាំ​កូនចៅ​នៅផ្ទះ​ផង និង​ឆ្លៀត​ពេលធ្វើ​ការងារ​សិប្បកម្ម​ខាងលើនេះ ដែល​ភាគច្រើន​ពួកគាត់​រស់នៅ​ក្នុងស្រុក​ពួក និង​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប។ ជាមួយគ្នានេះ​លោកស្រី​ប្រធាន​សមាគម​សិប្បកម្ម​អង្គរ ក៏បាន​សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ ឱ្យជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ផ្តល់​ការងារ ក៏ដូចជា​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​ខ្មែរ​នៅតាម​ជនបទ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕

  • ប្រភពព័ត៌មាន៖ Barca ឈានដល់​ការព្រមព្រៀង​ដើម្បី​ទិញ Griezmann ពី​ក្លិប Atletico

    ប្រភពព័ត៌មាន៖ Barca ឈានដល់​ការព្រមព្រៀង​ដើម្បី​ទិញ Griezmann ពី​ក្លិប Atletico

    បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​កីឡា​ប្រចាំថ្ងៃ Mundo Deportivo របស់​អេ​ស្ប៉ា​ញ ក្លិប​យក្ស Barcelona បាន​ឈានដល់​ការព្រមព្រៀង​គ្នា​រួចហើយ​ក្នុងការ​នាំយក​តារា​ឆ្នើម Antoine Griezmann ពី​ក្លិប Atletico Madrid ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាងមុខនេះ។  លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona បាន​ជួបពិភាក្សា​ជាមួយនឹង​ក្រុមគ្រួសារ​របស់​ខ្សែប្រយុទ្ធ Griezmann ខណៈដែល​លោក​កំពុងតែ​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ចំណាយ​ប្រាក់​ទិញ​រំលាយ​កិច្ចសន្យា​ចំនួន100លាន​អឺរ៉ូ (ស្មើនឹង118លាន​ដុល្លារ​អាមេរិក) របស់ Griezmann។

    ការនាំយក​តារា​ឆ្នើម​អន្តរជាតិ​បារាំង​រូបនេះ​ទៅកាន់​កីឡដ្ឋាន Camp Nou ត្រូវបាន​គេ​រំពឹងទុក​ថា ក្លិប Barca មានបំណង​ក្នុងការ​ឲ្យ​រូបគេ​ចាប់​ដៃគូ​ជាមួយនឹង Lionel Messi និង Luis Suarez ក្រោយពី​ការចាកចេញ​របស់ Neymar ទៅកាន់​ក្លិប Paris Saint-Germain កាលពី​ខែសីហា ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក222លាន​អឺរ៉ូ។ កាសែត Mundo Deportivo បានចេញ​ផ្សាយ​ថា៖ «Barca បានចាត់ទុក Griezmann ជា​គោលដៅ​មួយ​សម្រាប់​ឆ្នាំ2018 ហើយ​ពួកគេ​បាន​សាកសួរ​ពី​ចិត្ត​របស់ Griezmann ដើម្បី​ឲ្យ​ដឹងថា តើ​រូបគេ​ចង់​ពាក់អាវ​ពណ៌​ខៀវ លាយ​ក្រហម​ឬ​យ៉ាងណាដែរ»។

    ខណៈដែល​កាសែត Mundo Deportivo បន្ថែមទៀតថា Bartomeu ទើបតែ​បាន​ជួប​ជាមួយនឹង​ក្រុមគ្រួសារ​របស់ Griezmann នាពេលថ្មីៗនេះ ដើម្បី​ពិសា​អាហារ​ជាមួយគ្នា កាសែត​នោះបាន​បញ្ជាក់ថា៖ «លោក​ប្រធាន​ក្លិប​លោក Josep Maria Bartomeu បច្ចុប្បន្ន បានធ្វើ​ដំណើរ​ទៅ​បំពេញ​ប្រតិបត្តិការ​នេះ »។ Griezmann វ័យ26ឆ្នាំ បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​មួយ​ជាមួយនឹង​ក្លិប Atletico កាលពី​ខែមិថុនា ក្រោយពី​ការប្តឹង​ឧទ្ធរណ៍​របស់​ពួកគេ​ប្រឆាំងនឹង​បម្រាម​ទិញ​ចូល​កីឡាករ ត្រូវបាន​ច្រានចោល។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Diego Simeone គ្រូបង្វឹក​របស់ Atletico បានទទួល​ស្គាល់​នៅ​សប្តាហ៍​នេះ​ថា ការចាកចេញ​របស់ Griezmann មិនអាច​ចៀស​រួច​ឡើយ៕

    ប្រភពពី៖ Sport24

  • វិធី​បង្កើត​ទម្លាប់​ល្អ ដើម្បី​ភាពស្រស់ស្អាត​គ្រប់គ្នា​ក្នុង​គ្រួសារ

    វិធី​បង្កើត​ទម្លាប់​ល្អ ដើម្បី​ភាពស្រស់ស្អាត​គ្រប់គ្នា​ក្នុង​គ្រួសារ

    មិនចាំបាច់​ទាល់តែ​ទៅ​ស្វែងរក​សេវាកម្ម​ថែរក្សា​សម្រស់ ក៏​លោកអ្នក​អាច​ទទួលបាន​ភាពស្រស់​ស្អាត​ដែរ ព្រោះថា​ការដែល​លោក​អ្នកមាន​ទម្លាប់ល្អៗសម្រាប់​អនុវត្ត​ហើយ​នោះ ភាពស្រស់ស្អាត​ក៏​ពិតជា​មិន​រត់​ទៅណា​ដែរ។ កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ ប្រសិនបើ​អ្នក​អាច​ធ្វើជា​អ្នកដឹកនាំ​គ្រប់គ្នា​នៅក្នុង​គ្រួសារ​ឱ្យមាន​ទម្លាប់​ថែរក្សា​ភាព​ស្អាត​ឱ្យបាន​ត្រឹមត្រូវ​ដូច​អ្នក​ដែរនោះ ធានាថា​គ្រប់គ្នា​ពិតជា​បាន​ស្រស់​ជាមិនខាន។

    សូម​ចាំ​ថា​ការអនុវត្ត​វិធីងាយៗនៅផ្ទះ​ដោយ​ខ្លួនឯង​ឱ្យបាន​ញឹកញាប់​វា​នឹង​ក្លាយជា​ទម្លាប់ ហើយ​នៅពេលដែល​គ្រប់គ្នា​នៅក្នុង​គ្រួសារ​មាន​ទម្លាប់​ល្អ​ហើយ​នោះ​សូម​ធានាថា ក្តីបារម្ភ​ដែល​ទាក់ទង​នឹង​ការថែរក្សា​សម្រស់​ក៏​ពិតជា​មិន​អាចមក​រំខាន​អ្នកណាម្នាក់​នៅក្នុង​ផ្ទះ​រប​ស់​អ្នក​បាន​ទៀតឡើយ។

    ស្បែក​ស្អាត​ត្រូវ​ចាប់ផ្តើម​ពី​ការសម្អាត៖ ការសម្អាត​ស្បែក​ជាប្រចាំ​នាពេល​ព្រឹក និង​ពេលយប់​ជា​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើឱ្យបាន​ជាប់​ជាប្រចាំ។ ក្នុងករណី​ដែល​អ្នក​ចង់ឱ្យ​ការសម្អាត​ផ្ទៃមុខ​របស់អ្នក​កាន់​តែមាន​លក្ខណៈ​ពិសេស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ផ្តល់នូវ​គុណប្រយោជន៍​ជាច្រើន​ដល់​សម្រស់​ស្បែក​របស់​អ្នក​ទៀត​នោះ​អ្នក​អាច​យក​ទឹកឃ្មុំ​បន្តិច​លាយ​ជាមួយ​ទឹកដោះគោឆៅ​មួយ​ស្លាបព្រា រួច​យក​វា​ទៅ​កម្តៅ3-4វិនាទី​ក្នុង​ម៉ាស៊ីន​មៃ​ក្រូ​វេ​វ ហើយ​យកមក​លាប​ឱ្យ​សព្វ​លើ​ផ្ទៃមុខ និង​ក រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅតិចៗជាការ​ស្រេច។

    ចំហុយ​ជា​កូនសោ​បើកទ្វារ​នៃ​ភាព​ស្រស់ស្រាយ៖ ចំហុយ​មុខ​របស់​អ្នក​ឱ្យបាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​សម្អាត​ជាតិពុល មុន​ក្បាល​ខ្មៅ និង​ស្នាមតូចៗចេញពី​ស្បែ​កមុខ។ ការបន្ថែម​ប្រេងផ្សេងៗឱ្យ​ត្រូវ​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក គឺជា​ការជួយ​ឱ្យ​ការ​ចំហុយ​ស្បែក​មុខ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ឡើង។  សូម​ចាំ​ថា ការ​ចំហុយ​ស្បែក​គឺជា​វិធី​ដែល​ជួយ​ឱ្យ​ស្បែក​មាន​ភាព​ស្រស់ស្រាយ និង​មាន​សុខភាព​ល្អ​ជាប់​ជានិច្ច។

    ចងចាំ​ជានិច្ច​ថា​ស្បែក​ត្រូវមាន​សំណើម៖ ប្រេង​បន្លែ ដូចជា ប្រេង​អាល់​ម៉ុ​ន​ជាដើម​ត្រូវបាន​គេ​ទុក​ថា​ជា​ជំនួយការ​ដ៏​ល្អ​បំផុត​ក្នុងការ​នាំមក​នូវ​សំណើម​ដល់​ស្បែក និង​កាត់បន្ថយ​ស្នាម​ជ្រួញ។

    គ្រឿង​ម៉ាស្សា​នៅផ្ទះ៖ ការ​ម៉ាស្សា​សម្អាត​ស្បែក​ដោយ​ប្រើ​ផលិតផល​ដែលមាន​ស្រាប់​នៅក្នុង​ផ្ទះ​ម្តង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺជា​ទម្លាប់​ដ៏​ប្រសើរ​មួយ ដែល​អ្នក​គួរតែ​នាំគ្នា​អនុវត្ត។ គ្រាន់តែ​យក​ប្រេង​អូ​លីវ​បន្តិច​លាយ​ជាមួយនឹង​ស្ករត្នោត​បន្តិច ហើយ​យកមក​ត្រដុសថ្នមៗលើ​ស្បែក រួច​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហ។ ក្រោយមក​បន្តិច​កុំ​ភ្លេច​បិទ​រន្ធ​ញើស​របស់​អ្នក​ដោយ​ការ​សាចទឹក​ត្រជាក់​លើ​ផ្ទៃមុខ​ផង។ វិធី​នេះ​នឹងចូលរួម​ចំណែក​ធ្វើការ​កម្ចាត់ និង​សម្អាត​ស្បែកចាស់ៗចេញ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ស្បែក​ថ្មី​បានបង្ហាញ​វត្តមាន​នៅលើ​ផ្ទៃមុខ​របស់​អ្នក​វិញ​ជាមិនខាន។

    កុំ​បំភ្លេច​ម៉ាស​ជំនួយ​ផ្ទៃមុខ៖ ការប្រើ​ម៉ាស​បិទមុខ​ដែល​អ្នកទិញ​មកស្រាប់ៗអាច​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ប្រឈម​នឹង​បញ្ហាផ្សេងៗ ហើយ​អ្នក​ក៏​អាច​នឹងត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ឱ្យមាន​ភាព​ចំណេញ និង​មិនមាន​ក្តីបារម្ភ​ទៀត​នោះ សូម​សាកល្បង​នាំ​សមាជិក​ក្នុង​គ្រួសារ​បិទ​ម៉ាស​ដែល​អ្នក​ធ្វើឡើង​ដោយ​ខ្លួនឯង ដែល​បានមកពី​ការ​ផ្សំ​ចូលគ្នា​នៃ​គ្រី​ម មួយ​ស្លាបព្រា ចេកទុំ​កិន​ម៉ដ្ឋ​មួយ​ផ្លែ និង​វីតាមីន​Eមួយ​គ្រាប់។ លាប​លើ​ផ្ទៃមុខ​ទុកចោល​ប្រហែលជា 15នាទី​សឹម​សម្អាត​ចេញ​ជាការ​ស្រេច។

    ទាំងនេះ​សុទ្ធតែជា​វិធី​ដែល​អាច​នាំ​អ្នក និង​សមាជិក​ក្នុង​គ្រួសារ​របស់​អ្នក​ទៅរក​ភាពស្រស់ស្អាត ប៉ុន្តែ​សូម​ចងចាំ​ផង​ថា ក្រៅពី​ការធ្វើ​តាម​វិធី​ទាំងនេះហើយ​នោះ លោកអ្នក​ក៏ត្រូវ​ថែរក្សា​ស្បែ​កដោយ​ការ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យបាន​ជាប្រចាំ កុំ​ជក់បារី ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់ មិន​ថា​ជា​ទឹក​ធម្មតា ឬ​ទឹក​បន្លែ ផ្លែឈើ​ដែល​ចម្រាញ់​ចេញពី​ផ្លែឈើស្រស់ៗនោះទេ៕

  • កសិករ​ងាក​មក​ដាំ​ស្វាយ​តៃវ៉ាន់ ខណៈដែល​ដំណាំ​នេះ​ទទួលផល​បាន​ច្រើនជាង​ស្វាយ​ក្នុងស្រុក

    កសិករ​ងាក​មក​ដាំ​ស្វាយ​តៃវ៉ាន់ ខណៈដែល​ដំណាំ​នេះ​ទទួលផល​បាន​ច្រើនជាង​ស្វាយ​ក្នុងស្រុក

    អ្នកជំនាញ​ផ្នែក​កសិកម្ម តែង​និយាយថា​ការផ្លាស់ប្តូរ​ប្រភេទ​ដំណាំ​ដាំ​ដុះ​នឹង​ជួយ​ឱ្យ​ដី​មាន​ជីជាតិ​បានយូរ និង​ធ្វើឱ្យ​ដំណាំ​កសិកម្ម​បាន​ផល​ច្រើន ហើយ​លើសពីនេះ​ដំណាំ​ប្រភេទថ្មីៗក៏​តែងមានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ផងដែរ។ ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការផ្លាស់ប្តូរ​ប្រភេទ​ដំណាំ​នេះ កសិករ​មួយចំនួន​ដែល​ដាំ​ស្វាយកែវ-រមៀត​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បាននាំគ្នា​ងាក​មក​ដាំ​ពូជ​ស្វាយ​តៃវ៉ាន់​ជំនួស​វិញ ព្រោះ​ដំណាំ​នេះ​ទទួលបាន​ផល​ច្រើន និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

    អ្នកស្រី ហ៊ីម តេង​ងី​ម ជា​កសិករ​រស់នៅ​ភូមិ​លេខ3 ឃុំ​ត្រើយ​ស្លា បាន​និយាយថា គាត់​បានចាប់ផ្តើម​ដាំ​ស្វាយ​តៃវ៉ាន់ នេះ​រយៈពេល4ឆ្នាំ​មកហើយ​ដោយ​ពូជ​ស្វាយ​នេះ​គឺ​ទិញ​មកពី​ប្រទេស​វៀតណាម​ក្នុង​មួយ​ដើម​តម្លៃ1ម៉ឺន​រៀល និង​បាន​ដាំ​ចំនួន 400ដើម​នៅលើ​ផ្ទៃដី​ទទឹង 70ម៉ែត្រ និង​បណ្តោយ 250ម៉ែត្រ។

    អ្នកស្រី​បាន​បន្តថា ស្វាយ​តៃវ៉ាន់ ងាយស្រួល​ដាំ និង​មិន​ពិបាក​ថែទាំ​ទេ ហើយ​ឆាប់​ផ្តល់​ផល​ដោយ​ចំណាយពេល​ត្រឹមតែ2ឆ្នាំ​អាច​បេះ​ផ្លែ​លក់បាន និង​លក់បាន​ថ្លៃ​ជាង​ស្វាយកែវ​រមៀត​ទៀតផង ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​សាច់​ស្រួយ​ថែមទៀត។ ស្វាយ​តៃវ៉ាន់ នេះ​មាន 2ប្រភេទ គឺ​ពូជ​ផ្លែ​ធំ ដោយ​មួយ​ផ្លែ​អាចមាន​ទម្ងន់​ដល់​ទៅ 1.5គីឡូក្រាម និង​ពូជ​តូចប៉ុនៗស្វាយកែវ​រមៀត​ដែរ។ សព្វថ្ងៃ​ស្វាយ​តែ​វ៉ាន់ ធំ1គីឡូក្រាម​លក់​បោះ​ដុំ​ឱ្យ​ម៉ូយ​ក្នុងតម្លៃ​ចន្លោះ​ពី 4,000-5,000រៀល ចំណែក​ពូជ​តូច​បាន​ថ្លៃ 2,500រៀល។

    កសិករ​ដដែល​បាន​ប្រាប់ទៀតថា ការថែទាំ​ស្វាយ​ប្រភេទ​ថ្មី​នេះ មិន​ខុសពី​ស្វាយកែវ​រមៀត​នោះទេ បើ​រដូវប្រាំង10-15ថ្ងៃ​បូមទឹក​ដាក់​ម្តង ហើយ​ចាប់ពី​ចេញ​ផ្កា​រហូតដល់​បាន​បេះ​ផ្លែ​មាន​រយៈពេល3ខែ។ នៅពេល​បេះ​អស់វា​នឹង​ចេញ​ផ្កា​ម្តងទៀត និង​មិនសូវ​ត្រូវការ​ជី ទឹក និង​ថ្នាំ ដូចជា​ស្វាយកែវ​រមៀត​នោះទេ ដោយ​គ្រាន់តែ​ឧស្សាហ៍​លះ​មែក​វា​ចេញ​ខ្លះ​ដើម្បី​កុំឱ្យ​ស៊ុបទ្រុប​ពេក។

    ចំណែក​អ្នកស្រី សេង ពុ​យ អ្នកលក់​ផ្លែឈើ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ21 ក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង បាន​និយាយថា គាត់​បាន​ប្រកប​របរ​លក់​ផ្លែឈើ​ដែល​ទទួល​ពី​បងប្អូន​ប្រជាកសិករ​នៅទីនេះ​រយៈពេល​ជាង 10ឆ្នាំ​មកហើយ។ សម្រាប់​ផ្លែស្វាយ​តៃវ៉ាន់ ដែល​គាត់​ដាក់លក់ គឺ​ទទួល​ទិញ​ពី​ឃុំ​ត្រើយ​ស្លា ដោយ​នៅក្នុង​ថ្ងៃបុណ្យ ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ អាច​លក់​បានជា​មធ្យម50គីឡូក្រាម​ក្នុង1ថ្ងៃ។

    អ្នកដំណើរ​ម្នាក់ លោក ពេជ្រ ពន្លឺ ដែល​ឈប់​ទិញ​ផ្លែឈើ​បាន​ប្រាប់ថា ស្វាយ​តៃវ៉ាន់​នេះ​ពិតជា​ស្រួយ​ឆ្ងាញ់​មែន ហើយ​នៅពេលដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​លោក​តែង​ឈប់​ទិញ​ហូប និង​យកទៅ​ផ្ញើ​បងប្អូន​មិនដែល​ខាន​ឡើយ។ លោក អ៊ុន សុគន្ធ ប្រធានការិយាល័យ​កសិក​ម្ម ស្រុក​ស្អាង មានប្រសាសន៍ថា ស្អាង​ជា​ស្រុក​មាន​ដំណាំ​ស្វាយ​សរុប153ហិកតា ដោយ​ក្នុងនោះ​ស្វាយ​តៃវ៉ាន់ មាន​ប្រមាណ10% និង​ទើប​ត្រូវបាន​ដាំ​ដុះ​ប្រមាណ4ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ។ ស្វាយ​តៃវ៉ាន់​ពិតជា​ទទួលបាន​ទិន្នផល​ខ្ពស់ និង​បាន​ថ្លៃ​ជាង​ស្វាយកែវ​រមៀត។ នេះ​ជាស​ញ្ញា​ល្អ​ដែល​បងប្អូន​ប្រជាកសិករ​ចេះ​សម្លឹងមើល​អំពី​តម្រូវការ​ទីផ្សារ​ដែលមាន​ការវិវត្ត​ជា​បន្តបន្ទាប់៕