Author: វល័ក្ខ

  • ហេតុផល​ឆ្លាត​វៃ​មួយចំនួន​បង្ហាញថា​ក្មេង​តូច​គួរ​សិក្សា​ពី​ហិរញ្ញវត្ថុ

    ហេតុផល​ឆ្លាត​វៃ​មួយចំនួន​បង្ហាញថា​ក្មេង​តូច​គួរ​សិក្សា​ពី​ហិរញ្ញវត្ថុ

    ការចាយវាយ​របស់កូនៗជា​រឿង​ដែល​អាណាព្យាបាល​តែងតែ​ព្រួយបារម្ភ ហើយ​មានពេលខ្លះ​ក៏ត្រូវ​ចំណាយពេល​ច្រើន​ដើម្បី​ស្វែងរក​ការប្រឹក្សា ឬ​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ការចាយវាយ​របស់​ពួកគេ​ផងដែរ ខណៈ​អ្នក​ខ្លះទៀត​ចង់ឱ្យ​កូន​យល់​ពី​ការលំបាក​របស់ខ្លួន​ដែល​ខិតខំ​ប្រឹងប្រែង​ដើម្បី​រកលុយ តែ​កូន​បែរ​ចាយវាយ​ច្រើន​ដោយ​មិនសូវ​ខ្វល់​ទៅវិញ។

    ជាទូទៅ​គេ​រកឃើញថា បញ្ហា​ទាំងអស់នេះ​កើតចេញពីកូនៗទាំងអស់នោះ​មិនមាន​ទម្លាប់​ក្នុងការ​សន្សំ​ប្រាក់ ឬ​មិន​យល់​ពី​ការរៀបចំ​ផែនការ​នៅពេលដែល​ពួកគេ​មាន​វ័យក្មេង ហេតុនេះ​ទើប ឡា​រ៉ែ​ន ពាណិជ្ជ បាន​ដកស្រង់​នូវ​ចំណុចសំខាន់ៗមួយចំនួន​ពី​ការស្រាវជ្រាវ​មក​ជម្រាបជូន​ពី​ហេតុផល​ក្នុងការ​ជំរុញ​ក្មេង​តូច​ឱ្យ​សិក្សា​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​តាំងពី​នៅ​វ័យក្មេង។

    1. ក្មេង​អាយុ5ឆ្នាំ​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀន​សន្សំ

    តាម​ការស្រាវជ្រាវ​រប​ស់​ស្ថាប័ន Customer Financial Protection Bureau (CFPB) បាន​បង្ហាញថា ក្មេង​អាច​អភិវឌ្ឍ​សមត្ថភាព​ក្នុងការ​សន្សំ​ប្រាក់​ចាប់ពី​អាយុ5ឆ្នាំ​ឡើងទៅ ហេតុនេះ​អាណាព្យាបាល​គួរ​បណ្តុះ​គំនិត​នៃ​ការ​សន្សំ តាមរយៈ​ការផ្តល់​ឱ្យនូវ​កូនជ្រូក​សន្សំ​លុយ (Piggy Bank) ឬ​គណនេយ្យ​សន្សំ​ដែល​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ចេះ​សន្សំ​ប្រាក់​ដោយ​ខ្លួនឯង។ ជាការ​កត់សម្គាល់ នៅពេលដែល​ក្មេង​តូច​ម្នាក់​មាន​ទម្លាប់​សន្សំ​ប្រាក់ គាត់​បាន​ស្គាល់​នូវ​រសជាតិ​នៃ​ការគ្រប់គ្រង​លុយកាក់ ហើយ​គាត់​អាច​នឹង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ចេះ​គ្រប់គ្រង​លុយកាក់​បានល្អ ឬ​មាន​គម្រោង​ក្នុងការ​បង្កើត​លុយ​ថែម​ទៀតផង​នៅពេលដែល​ពួកគេ​ចូលដល់​វ័យ​កណ្តាល។ ការដែល​កុមារ​ចម្រើន​វ័យ​ជាមួយនឹង​លុយ​សន្សំ​ដែល​គាត់​មាន​ស្រាប់ គាត់​អាច​នឹងមាន​អ្វី​គ្រប់យ៉ាង​ដែល​គាត់​ចង់បាន​សម្រាប់​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់គាត់ ហើយ​ការចាយវាយ​របស់គាត់​ក៏​ហ្មត់ចត់​ត្រឹមត្រូវ​ហើយ​ចំ​គោលដៅ​ល្អ ព្រោះ​គាត់​យល់ច្បាស់​ពី​តម្លៃ​នៃ​ពេលវេលា និង​លុយ​ដែល​គាត់​ខំ​សន្សំ​តាំង​ពីមុនមក។

    1. ក្មេង​អាច​ចង់បាន​ដំបូន្មាន​ច្រើនជាង​លុយកាក់​នៅពេលដែល​គេ​ចូលចិត្ត​សន្សំ​ប្រាក់

    អាណាព្យាបាល​ជាច្រើន​ប្រហែលជា​ផ្តល់រ​ង្វាន់​ដល់​កូន​ជា​លុយកាក់ ឬ​ជា​របស់របរ​ដែល​ចំណាយលុយ​ទិញ។ របស់​ទាំងអស់នេះ​អាចជួយ​ឱ្យ​កូន​សប្បាយចិត្ត តែ​ពេលខ្លះ​មិន​ប្រាកដថា​អាចជួយ​គេ​បាន​ច្រើន​នោះទេ។ ពេលខ្លះ​អាណាព្យាបាល​អាច​ចំណាយលុយ​តិច តែ​បាន​ផល​ច្រើន​ចំពោះ​ការផ្តល់​មេរៀនល្អៗដល់ក្មេង។ នៅពេលដែលក្មេងៗយល់​ពី​តម្លៃ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ឬ​ការ​សន្សំ​ផ្ទាល់ខ្លួន អាណាព្យាបាល​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​ថវិកា​មួយចំនួន ជាមួយនឹង​វិធីសាស្ត្រ​ឆ្លាត​វៃ​មួយចំនួន​ក្នុងការ​សន្សំ​ប្រាក់​ដែល​ពួកគេ​មិន​ធ្លាប់​ដឹង​ពីមុនមក។ការធ្វើ​បែបនេះ អាចជា​រង្វាន់​យ៉ាង​ល្អ​ដែល​ក្មេង​អាច​ចេះ​ទាំង​ទ្រឹស្តី និង​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​រីករាយ ព្រោះថា​នៅពេលដែល​យើង​ផ្តល់ឱ្យ​គាត់​នូវ​លុយ​សន្សំ បង្ហាញ​វិធី​ក្នុងការ​សន្សំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ហើយ​ទុកឱ្យ​គាត់​ជា​អ្នកអនុវត្ត​ដោយ​ខ្លួនឯង ហើយ​ទទួលបាន​លទ្ធផល​នោះ គាត់​នឹង​រីករាយ​ក្នុងការ​សន្សំ​នោះ​ដោយ​ជក់ចិត្ត។ ការ​ទុក​ឱកាស​ក្នុងការ​សម្រេចចិត្ត​ខ្លះ​ដល់​ក្មេងតូចៗ និង​ឱ្យ​គាត់​ដឹង​ពី​ចំនួន​លុយ​ច្បាស់លាស់​របស់គាត់​ផ្ទាល់​ផង អាចធ្វើឱ្យ​គាត់​កាន់​តែមាន​ចំណង់​កាន់តែខ្លាំង​ក្នុងការ​សន្សំ​ប្រាក់។

    1. អាណាព្យាបាល​នឹង​លែង​សូវ​បារម្ភ​ពី​ការចាយវាយ​របស់​កូន​នៅ​វ័យ​ជំទង់ បើ​គេ​ចេះ​សន្សំ​ប្រាក់​ពី​តូច

    អាណាព្យាបាល​ជាច្រើន​តែង​បារម្ភ​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​កូន ឬ​ចូលខ្លួន​ទៅ​ជ្រៀតជ្រែក​លើ​ការសម្រេចចិត្ត​នានា​ពាក់ព័ន្ធ​នឹង​លុយកាក់​របស់​កូន។ ការធ្វើ​បែបនេះ​គឺអាច​ធ្វើឱ្យ​គាត់​ទុកចិត្ត តែ​គាត់​នឹង​បាត់បង់​ឱកាស​ក្នុងការ​ផ្តល់ឱ្យ​កូន​នូវ​ភាពចាស់ទុំ​ពិតប្រាកដ​ផ្នែក​ហិរញ្ញវត្ថុ ហេតុនេះ​ការដែល​តាមដាន និង​ឃ្លាំមើល​ក្មេង​ពី​តូច អាចធ្វើឱ្យ​អាណាព្យាបាល​មិនសូវ​បារម្ភ​ពី​ការចាយវាយ​របស់​កូន។ ក្មេងៗដែលមាន​ចំណេះដឹង​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជា​មនុស្ស​ដែល​ចង់បាន​ឱកាស​ច្រើន​ក្នុងការ​សម្រេចចិត្ត​ចាយវាយ ព្រោះ​ពួកគេ​ជឿ​លើ​សមត្ថភាព​ខ្លួនឯង និង​មាន​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ដែល​អាចធ្វើឱ្យ​ឪពុកម្តាយ​មានការ​ទុកចិត្ត។ គាត់​អាច​នឹង​សួរ​ច្រើន​ទៅ​ឪពុកម្តាយ ឬ​សុំ​ការពិភាក្សា​មុនពេល​ចាយវាយ​លើ​របស់​ដែលមាន​តម្លៃ​ថ្លៃ៕

  • អំពើហិង្សា​លើ​កុមារ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​អនាគត​សង្គម

    អំពើហិង្សា​លើ​កុមារ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​អនាគត​សង្គម

    កុមារ​ជា​ផ្នែក​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រទេសជាតិ ព្រោះថា​ចាប់ផ្តើម​ពី​ការអភិវឌ្ឍ​សមត្ថភាព​របស់​កុមារ យើង​នឹង​ទទួលបាន​ប្រជាជន​សកម្ម​ដែល​ប្រកបដោយ​សមត្ថភាព​នៅ​ថ្ងៃ​អនាគត តែ​ប្រសិនបើ​យើង​ធ្វេសប្រហែស​តែ​បន្តិច យើង​នឹង​ឃើញ​មាន​អំពើ​អសកម្ម​ជាច្រើន​ទៅវិញ​នៅ​ថ្ងៃ​ខាងមុខ។

    លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​អង្គការ​មូលនិធិ​កុមារ​ពិការ បាន​បង្ហាញថា សកម្មភាព​ទាំងឡាយ​ដែល​កុមារ​ទទួលយក​អាច​ក្លាយជា​រូបភាព​នៃ​ការដោះស្រាយ​បញ្ហា​របស់គេ​នៅ​ថ្ងៃក្រោយ ដូចនេះ​អាណាព្យាបាល រួមទាំង​អ្នក​អប់រំ​ផង គួរ​មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​សកម្មភាព​នៃ​ការអប់រំ​ពួកគេ។ ក្មេង​អាច​ចាប់យក​រឿង​គ្រប់យ៉ាង​ដែល​មនុស្ស​ធំ​ធ្វើ​ចំពោះ​គេ ហើយក៏​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​តាម​វិធី​ដែល​មនុស្ស​ធំ​ធ្វើ ដើម្បី​បង្ហាញថា​គេ​ជាម​នុស្ស​ធំពិត។

    លោក វិ​ចិ​ត្រា បាន​លើកឡើងថា ៖ “អាណាព្យាបាល​ជាច្រើន​នៅ​កម្ពុជា​យើង​ចូលចិត្ត​ប្រើប្រាស់​ហិង្សា​ក្នុងការ​អប់រំ​កូន ឬ​ដាក់ពិន័យ​នៅពេល​ពួកគេ​ធ្វើ​អ្វី​ខុស។ សកម្មភាព​នេះ​មិន​ប្រាកដថា​ត្រឹមត្រូវ​ទាំងអស់​នោះទេ​ព្រោះថា​ពួកគាត់​មួយចំនួន​ភ្លេច​ប្រើប្រាស់​ហេតុផល​ដើម្បី​បង្រៀន​ពួកគេ ដែល​ធ្វើឱ្យក្មេងៗមិនសូវ​ប្រើ​ហេតុផល​ដូចគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​នៅពេលដែល​ពួកគេ​ធំ​ឡើង។

    ស្ថាបនិក​អង្គការ​ដែល​ធ្វើការ​គាំពារ​លើ​កុមារ​ពិការ​ខាងលើ​បាន​បញ្ជាក់ថា នៅពេលដែល​កុមារ​ទទួលបាន​ការអប់រំ​តាមរយៈ​ការវាយដំ នោះគេ​អាច​នឹង​មិនឃើញ​វិធីសាស្ត្រ​អ្វី​ក្រៅពី​អំពើហិង្សា​នោះទេ នៅពេលដែល​ពួកគេ​មានរឿង​ត្រូវ​ដោះស្រាយ។ យើង​រាល់គ្នា​បាន​មើលឃើញ​ហើយ​ថា យុវជន​មួយចំនួន​បាន​ប្រើប្រាស់​អំពើហិង្សា​កាប់​ចាក់​គ្នា​នៅពេលដែល​ពួកគេ​ខឹង​នរណាម្នាក់ ឬ​ក្រុម​ផ្សេង ដើម្បីឱ្យ​ក្រុម​ម្ខាង​ទៀត​ខ្លាច ឬ​រាងចាល ព្រោះថា​នៅពេល​ដែលមាន​បញ្ហា​កើតឡើងម្តងៗពួកគេ​មិនបាន​រកឃើញ​ដំណោះស្រាយ​ណា​ប្រកបដោយ​ហេតុផល​នោះទេ ព្រោះ​ក្នុង​គំនិត​របស់គេ​គឺមាន​អំពើហិង្សា​រួចជាស្រេច​ទៅហើយ។

    យោងតាម​អង្គការ UNICEF នៅ​ឆ្នាំ2014 បានបង្ហាញ​ឱ្យឃើញថា កុមារ​កម្ពុជា​ចំនួន 70%ទទួលរង​នូវ​ការប្រើប្រាស់​អំពើហិង្សា​យ៉ាងហោចណាស់​មួយ​ទម្រង់​មុន​ពួកគេ​មាន​អាយុ18ឆ្នាំ ហើយ 25% ត្រូវបាន​រំលោភបំពាន​លើ​អារម្មណ៍ និង​ប្រមាណ5% បាន​ឆ្លងកាត់​ការរំលោភបំពាន​ផ្លូវភេទ ដែល​សកម្មភាព​ទាំងអស់នេះ​អាច​ប៉ះពាល់​ដល់​ការគិត​របស់​កុមារ និង​អាចធ្វើឱ្យ​ពួកគេ​ក្លាយជា​អ្នក​ដែលមាន​សកម្មភាព​អវិជ្ជមាន​នៅ​ថ្ងៃ​អនាគត៕

  • Swansea បណ្តេញ​គ្រូបង្វឹក Clement ចេញពី​តំណែង

    Swansea បណ្តេញ​គ្រូបង្វឹក Clement ចេញពី​តំណែង

    ក្លិប Swansea City កាលពី​ថ្ងៃ​ពុធ បាន​បណ្តេញ​លោក Paul Clement ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ ខណៈដែល​ក្លិប​បាត​តារាង​នៃ​ក្របខ័ណ្ឌ Premier League រំពឹង​អាច​គេច​ឲ្យ​ផុតពី​តំបន់​កាត់ចោល។ ស្រប​ពេលដែល​រដូវ​កាល​នេះ ជិត​ឈានដល់​ពាក់​កណ្តាលផ្លូវ ក្រុម​របស់​វែ​លស៍​មួយ​នេះ​កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​ចំនួន4ពិន្ទុ ក្រោយពី​បាន​ចាញ់​ក្នុង​លទ្ធផល 3-1 នៅលើ​ទឹកដី​ក្រុម Everton ដោយ​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ត្រឹមតែ3ប្រកួត​គត់​ក្នុងចំណោម​ការប្រកួត18លើក​នៃ​ក្របខ័ណ្ឌ Premier League។

    ក្លិប​នេះ​បាន​ឲ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា៖ «យើង​អាច​ប្រកាស​បាន​ថា នៅ​រាត្រី​នេះ​ក្លិប​បាន​ចែកផ្លូវ​ជាមួយនឹង​គ្រូបង្វឹក​បង្គោល​លោក Paul Clement ហើយ»។ លោក Huw Jenkins ប្រធាន​ក្លិប Swansea City បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ដើម្បី​ផ្លាស់ប្តូរ​អ្នកចាត់ការ​ទូទៅ ជាពិសេស​នៅត្រឹម​ពាក់​កណ្តាលផ្លូវ​នៃ​រដូវ​កាល​នេះ គឺជា​រឿង​ចុងក្រោយ​ដែល​យើង​ចង់​ធ្វើ​ក្នុងនាម​ជា​ក្លិប​មួយ»។ លោក Jenkins បាន​បន្ថែមទៀតថា៖ «យើង​មាន​អ្នកចាត់ការ​ទូទៅ3នាក់​ផ្សេងគ្នា​កាលពី​រដូវ​កាល​មុន ហើយ​ជា​លទ្ធផល យើង​ចង់​ផ្តល់​ឲ្យ​លោក Paul នូវ​ពេលវេលា​ជាច្រើន​តាម​ដែល​អាច ក្នុងការ​ផ្លាស់ប្តូរអ្វី។ ប៉ុន្តែ យើង​មាន​អារម្មណ៍​ថា យើង​មិនអាច​រក្សាអ្វីៗឱ្យ​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​យូរ​ឡើយ និង​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ដើម្បី​ធ្វើ​ឲ្យ​យើង​មានឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​ផ្លាស់ប្តូរ​ជោគវាសនា​ខណៈដែល​ក្លិប​នេះ​កំពុងតែ​ស្ថិតនៅ​បាត​តារាង​នៃ​ក្របខ័ណ្ឌ Premier League»៕

    ប្រភពពី៖ The Straits Times

  • របៀប​តុបតែង​មុខ​ឱ្យ​ស្រស់ស្អាត​រីករាយ​ក្នុង​ថ្ងៃ Christmas

    របៀប​តុបតែង​មុខ​ឱ្យ​ស្រស់ស្អាត​រីករាយ​ក្នុង​ថ្ងៃ Christmas

    ថ្ងៃ Christmas ចាត់ទុកថា​ជា​ថ្ងៃ​ពិសេស​សម្រាប់​មនុស្ស​មួយចំនួន​ដែល​ប្រកាន់​នូវ​ជំនឿ​តាមបែប​សាសនា​គ្រិស្ត។ វា​ជា​ថ្ងៃ​ដ៏​រីករាយ​បំផុត​ក្នុងការ​ជួបជុំគ្នា បង្កើន​ភាព​រីករាយ ទំនាក់ទំនង ហើយក៏​ឆ្លៀតពេល​បង្អួត​ពី​ភាពស្រស់ស្អាត​ដាក់គ្នា​ផងដែរ។ ដូច្នេះ​ដើម្បីឱ្យ​ថ្ងៃ​ជួបជុំ​ដ៏​រីករាយ​របស់​អ្នក​កាន់តែ​ពិសេស​ទៅទៀត​នោះ អ្នក​ត្រូវតែ​ទុកចិត្ត​ថា សម្រស់​នៃ​ការ​ផាត់មុខ​របស់​អ្នក​គឺ​ស្រស់ស្អាត​គ្រប់គ្រាន់​សមស្រប​ទៅនឹង​ពេលវេលា។

    ភ្នែក៖ ការតុបតែង​មុខ​សម្រាប់​មនុស្ស​ម្នាក់ ស្អាត ឬ​មិន​ស្អាត​គឺ​អាស្រ័យ​លើ​ការតុបតែង​ភ្នែក​នេះហើយ ហេតុនេះហើយ​បានជា​ការតុបតែង​ភ្នែក​ត្រូវបាន​យកចិត្តទុកដាក់​ខ្លាំង​ជាង​ទីតាំងផ្សេង។ ចង់​តុបតែង​ភ្នែក​ឱ្យបាន​ស្អាត អ្នក​ត្រូវ​ដឹង​ពី​ទម្រង់​ភ្នែក ម៉ូដ និង​ពណ៌​របស់​សម្លៀកបំពាក់​ដែល​អ្នក​ត្រូវ​ពាក់ ទីកន្លែង និង​ពេលវេលា​ដែល​អ្នក​ត្រូវ​ចូលរួម​ផងដែរ។

    ការ​ផាត់​ភ្នែក​ត្រូវ​ផ្តោតលើ​ទីតាំង​សំខាន់4គឺ ត្របកភ្នែក​ខាងលើ ត្របកភ្នែក​ខាងក្រោម ការ​គូស​រឹម​ភ្នែក និង​ការ​គូស​រោមភ្នែក។ ប្រសិនបើ​អ្នក​ចង់​ផាត់​ភ្នែក​បែប​ធម្មជាតិ​ក្នុង​ថ្ងៃ Christmas អ្នក​អាច​ជ្រើស​រើសយក​ពណ៌​ផ្កាឈូក ទឹកក្រូច សូកូឡា​ស្រាល ឬ​ពណ៌​លឿង​ស្រាល​ក៏បាន។

    ថ្ពាល់៖ មិនបាច់​ឱ្យមើល​ទៅ​ច្បាស់លាស់​ពេក​ទេ ព្រោះ​ថ្ងៃ Christmas គួរតែ​មើលទៅ​ធម្មតា ស្អាត​តាមបែបងាយៗ និង​សម​ភ្នែក​ទៀតផង។ អ្នក​គួរ​ជ្រើសរើស​ពណ៌​ផាត់​ថ្ពាល់​បែបស្រាលៗ នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា ភាពស្រស់ស្អាត​ដែល​អ្នកមាន​គឺជា​ភាពស្រស់ស្អាត​ស័ក្តិសម​បំផុត​សម្រាប់​ថ្ងៃ Christmas របស់​អ្នក។

    បបូរមាត់៖ វា​ជា​ចំណាប់អារម្មណ៍​មួយផ្នែក​ទៀត​ដែល​ធ្វើឱ្យ​អ្នកមាន​ភាពលេច​ធ្លោ​កាន់តែខ្លាំង។ ជ្រើសរើស​ពណ៌​ក្រែ​ម​លាប​មាត់​ណា​ដែល​អ្នក​គិតថា ស័ក្តិសម​ជាមួយ​បបូរមាត់​របស់​អ្នក ព្រមទាំង​ត្រូវ​ជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នក​ផងដែរ។ បន្ថែម​ក្រែ​មរ​លោង​បន្តិច (បើ​លាប​ក្រេ​មរ​លោង​ច្រើនពេក វា​អាច​មើលទៅ​ប្រតាក) ពីលើ​ពណ៌​ក្រែ​ម​ដែល​អ្នក​លាប​នោះ ធានាថា​អ្នក​ពិតជា​ទទួលបាន​នូវ​បបូរមាត់​ដែល​ពេញ​ទៅដោយ​មន្ត​សេ្ន​ហ៍​ជាក់​ជាមិនខាន​ឡើយ៕

  • ចុងឆ្នាំ​គួររៀបចំ​អ្វីខ្លះ​ដើម្បី​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ?

    ចុងឆ្នាំ​គួររៀបចំ​អ្វីខ្លះ​ដើម្បី​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ?

    នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឆ្នាំ2017 នឹងត្រូវ​បញ្ចប់ ហើយ​ជំនួស​មកវិញ​នូវ​ឆ្នាំ​ថ្មី​ដែល​បង្ហាញថា​អាយុ​របស់​មនុស្ស​គ្រប់គ្នា​នឹង​កើនឡើង​មួយឆ្នាំ​ទៀត ហើយ​វា​ក៏​ជា​ពេលវេលា​ដែល​អ្នក​ទាំងអស់គ្នា​ត្រូវ​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​ឱ្យស្រប​ទៅតាម​ការវិវត្ត​នៃ​ពេលវេលា​ផងដែរ។

    ខាងក្រោម​នេះ​ជា​វត្ថុ​មួយចំនួន​ដែល​អ្នកស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍ​មនុស្ស​ណែ​នាំឱ្យ​មនុស្ស​គ្រប់រូប​គួរ​ត្រៀម​ដើម្បី​ជា​ជំនួយ​សម្រាប់​ការសម្រេច​គោលដៅសំខាន់ៗ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​សម្រាប់​ឆ្នាំ​ថ្មី​ខាងមុខ។

    1. ប្រតិទិន និង​តារាង​ផែនការ​ចុងខែ​ធ្នូ គឺជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងអស់គ្នា​ក្នុងការ​រំឭក​ពី​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី​ដែល​អ្នក​គ្រោង​ថា​នឹង​សម្រេច ហើយ​វា​ក៏​ជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​ពិនិត្យមើល និង​ត្រៀម​ទុកឱ្យហើយ​ពីថ្ងៃ​ដែល​ត្រូវ​ឈប់សម្រាក រួមទាំង​ធ្វើការ​ងារសំខាន់ៗនៅក្នុង​ខែនីមួយ។

    ការប្រើប្រាស់​តារាង​គ្រប់គ្រង​ផែនការ អាចជា​វិធី​ល្អ​មួយ​ផងដែរ​ក្នុងការ​កំណត់​ឱ្យបាន​រួចជាស្រេច​ចំពោះ​ថ្ងៃសំខាន់ៗរួមទាំង​អាចជួយ​ឱ្យ​អ្នក​ស្មាន​ទុក​ផងដែរ​ពី​ខ្ទង់ចំណាយ​អាទិភាព​មួយចំនួន​លើ​កម្មវិធី​បុណ្យប្រពៃណី ឬ​កម្មវិធី​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​រាប់ទាំង​ខួបកំណើត​មនុស្ស​ជាទី​ស្រឡាញ់​ជាដើម។ ម្យ៉ាងវិញទៀត តារាង​គ្រប់គ្រង​ផែនការ និង​ប្រតិទិន​ជា​ឧបករណ៍​ដែល​អាចជួយ​សម្រាល​បន្ទុក​របស់​អ្នក​បាន​ច្រើន​បំផុត ព្រោះថា​មនុស្សម្នាក់ៗប្រាកដ​ជាមាន​ការងារ​ច្រើន​ត្រូវធ្វើ ហេតុនេះ​បើ​មាន​តារាង​ចំណាំ​ដែល​អ្នក​បានឃើញ​រាល់ថ្ងៃ អ្នកនឹង​មានការ​ទុកចិត្ត ហើយ​កាត់បន្ថយ​ការ​ខ្វល់ខ្វាយ​បាន​មួយកម្រិត​ដែរ។ នៅពេលដែល​អ្នក​អាច​កំណត់​ពី​ពេលសំខាន់ៗបាន​ច្បាស់​ហើយ អ្នកនឹង​ក្លាយជា​មនុស្ស​ដែល​ពូកែ​ទំនាក់ទំនង ហើយ​ជាម​នុស្ស ដែល​គ្រប់គ្នា​ស្គាល់​ជា​អ្នកធ្វើការ​ហ្មត់ចត់ និង​ទៀងទាត់។

    1. សៀវភៅ​កត់ត្រា និង​សៀវភៅ​ទិនានុលេខន៍​ប្រចាំឆ្នាំ​ថ្មី (Diary) ក្រៅពី​ប្រតិទិន និង​តារាងធំៗដែល​បិទ​ជាប់​នៅ​ជញ្ជាំង​ការិយាល័យ ឬ​នៅផ្ទះ អ្នក​ក៏ត្រូវ​ការ​ជំនួយការ​មួយទៀត​ដែល​អាច​ទៅតាម​អ្នក​គ្រប់ពេលវេលា​នោះ គឺ​សៀវភៅ​ទិនានុលេខន៍ (Diary)។

    សៀវភៅ​ប្រភេទ​នេះ​មាន​បញ្ជាក់​យ៉ាងច្បាស់​ពីថ្ងៃ​ខែ​ឆ្នាំ​ច្បាស់លាស់​នៅ​គ្រប់​ទំព័រ​រួចជាស្រេច​ដែល​ធ្វើឱ្យ​អ្នក​ងាយស្រួល​កត់ត្រា​នូវ​រឿង​ដែល​ត្រូវធ្វើ​ក្នុងមួយថ្ងៃៗបាន​យ៉ាង​ល្អ។ ក្រៅពី​កត់ត្រា​នូវ​អ្វីដែល​ខ្លួន​បានធ្វើ​សៀវភៅ​ទិនានុលេខន៍ ក៏មាន​មុខងារ​ជា​អ្នកធ្វើ​ផែនការតូចៗប្រចាំថ្ងៃ​យ៉ាង​ល្អ​ផងដែរ ព្រោះថា​អ្នក​អាច​សរសេរ​វា​ទុក​មុន​មួយថ្ងៃ​ដើម្បី​រំឭក​ខ្លួនឯង​ថា នៅ​ថ្ងៃស្អែក​ត្រូវធ្វើ​អ្វីខ្លះ ហើយ​នៅថ្ងៃនេះ​អ្នក​បានសម្រេច​អ្វីខ្លះ និង​នៅសល់​អ្វីខ្លះ​ទៀត​ដែល​មិនទាន់​បានធ្វើ។

    ការប្រើប្រាស់​ទិនានុលេខន៍ នេះ​អាច​នឹង​ធ្វើឱ្យ​អ្នក​ក្លាយជា​មនុស្ស​មាន​របៀប ហើយ​ជំរុញ​ឱ្យ​ការងារ​ជាច្រើន​ទទួលបាន​ជោគជ័យ ព្រោះថា​វា​ជា​ជំនួយការ​ដាស់តឿន​អ្នក​ដែល​នៅ​ជាមួយ​អ្នក​ស្ទើរ​គ្រប់ពេល។

    1. សៀវភៅអាន​ដែល​ត្រូវ​នឹង​គោលដៅ​សម្រាប់​ឆ្នាំ​បន្ទាប់​មនុស្ស​ដែលមាន​គោលដៅ​ច្បាស់លាស់ និង​ជា​អ្នក​ដែល​តែងតែ​តាមដាន​ការរីកចម្រើន​សម្រាប់​ខ្លួនឯង ភាគច្រើន​ដឹង​រួចជាស្រេច​ពី​កន្លែង​ដែល​គេ​នឹង​ទៅដល់​នៅក្នុង​រយៈពេល​ដែល​គេ​កំណត់ទុក​រួចជាស្រេច។ សម្រាប់​អ្នក​ដែលមាន​គំនិត​បែបនេះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គេ​នឹង​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​កាន់តែ​ប្រសើរ ហើយ​ទំនួល​ខុសត្រូវ​សម្រាប់​ខ្លួនឯង​ក៏​កាន់តែ​ខ្ពស់​ផងដែរ ដែល​ទាមទារ​ឱ្យ​ពួកគេ​ត្រូវ​អភិវឌ្ឍ​ខ្លួនឯង​ជាប់​រហូត​ទើប​ទទួលបាន​ជោគជ័យ។

    បន្ទាប់ពី​កំណត់​ពី​កន្លែង​ដែល​ត្រូវ​ទៅហើយ យើង​គួរ​ត្រៀមខ្លួន​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​អាច​រាំងស្ទះ​ដល់​ការងារ ឬ​អាជីវកម្ម​នៅ​ឆ្នាំ​ថ្មី ហេតុនេះ​ការជ្រើសរើស​សៀវភៅអាន​ដើម្បី​ឆ្លើយតប​ឱ្យ​ត្រូវ​ស្ថានការណ៍​ជាក់ស្តែង​ដែល​អ្នកនឹង​អាច​ជួបប្រទះ​ជា​រឿង​ល្អ​បំផុត ព្រោះ​អ្នក​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​ប្រសិនបើ​អ្នក​ត្រៀម​ចំណេះដឹង​ជាស្រេច​ដើម្បី​ទប់ទល់៕

  • Plus Nine by His & Her ហាង​លក់​សម្លៀកបំពាក់​កីឡា​ម៉ាកល្បីៗ

    Plus Nine by His & Her ហាង​លក់​សម្លៀកបំពាក់​កីឡា​ម៉ាកល្បីៗ

    Plus Nine by His & Her គឺជា​ឈ្មោះ​ហាង​លក់​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​កីឡា​ដែលមាន​ម៉ាកល្បីៗ និង​ទាន់សម័យ ដែលមាន​តែមួយគត់​នៅ​ផ្សារ​ទំនើប AEON Mall ជាន់​ទី1 ។ ផលិតផល​ទាំងអស់នេះ​សុទ្ធ​តែមាន​គុណភាព​ខ្ពស់ ហើយ​ស្រស់ស្អាត​ស័ក្ដិសម​ទៅនឹង​មនុស្ស​គ្រប់​វ័យ និង​ថ្លៃថ្នូរ​ជាទីបំផុត ។

    នៅក្នុង​ចំណោម​ម៉ាកល្បីៗទាំងអស់នោះ​រួមមាន​ដូចជា ៖

    • Mizuno : គឺជា​ម៉ាក​ល្បី​របស់​ប្រទេស​ជប៉ុន ដែល​បាន​ឆ្លងកាត់​ការ​រចនា​រូបរាង​ដ៏​ល្អ​ប្រណីត ស្រស់ស្អាត​គួរ​ជាទី​ទាក់ទាញ ព្រម​ជាមួយនឹង​គុណភាព​យ៉ាង​ល្អ​សម្រាប់​ការប្រើប្រាស់។ ក្នុងនោះ​ផងដែរ Mizuon មាន​លក់​ដូចជា ស្បែកជើង​កីឡា ខោអាវ​យឺត កាបូប​ដាក់​សម្ភារៈ​កីឡា រួមជាមួយ​មួក​ពាក់​ហែល​ទឹក ។
    • Le coq Sportif : គឺជា​ម៉ាក​ដ៏​ល្បី​របស់​ប្រទេស​បារាំង។ វា​ជា​ប្រភេទ​សម្ភារៈ​កីឡា ដែល​ទទួលបាន​ការពេញនិយម និង​ស័ក្ដិសម​ទៅនឹង​រាល់​សកម្មភាព​កីឡាផ្សេង។ Le coq Sportif មានដូចជា ស្បែកជើង​កីឡា អាវយឺត និង​កាបូប​ដាក់​សម្ភារៈ​កីឡា ។
    • SL by Steamline : គឺជា​ម៉ាក​ដ៏​ល្បី​របស់​ប្រទេស​ថៃ ដែលមាន​ច្រើន​ប្រភេទ​សម្រាប់​អ្នក​ចូលចិត្ត​លេង​កីឡា ទាំង​សុភាពបុរស និង​សុភាពនារី ជាពិសេស កីឡាហែលទឹក ដែលមាន​ខោអាវ​យឺត​សម្រាប់​ពេល​ហែល​ទឹក ខោអាវ​កីឡា វែ​នតា និង​មួក​ហែល​ទឹក ។
    • ELLE (Swimwear) : គឺជា​ម៉ាក​ដ៏​ល្បី​របស់​ប្រទេស​ថៃ ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ចូលចិត្ត​កីឡាហែលទឹក។ មាន​ខោអាវ​ហែល​ទឹក វែ​នតា​ហែល​ទឹក មួក​ហែល​ទឹក ជាពិសេស​ប្រភេទ​សម្លៀកបំពាក់​ហែល​ទឹក​សម្រាប់​កុមារ ។
    • Naturalizer : គឺជា​ម៉ាក​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក រួមមាន​កាបូប និង​ស្បែកជើង​សម្រាប់​សុភាពនារី​គ្រប់​វ័យ។ ម្យ៉ាងទៀត​ចំពោះ​លក្ខណៈពិសេស​របស់​កាបូ​ប គឺធ្វើឡើង​អំពី​ស្បែក​សុទ្ធសាធ រួមជាមួយ​នឹង​ការ​រចនា​ម៉ូដ​យ៉ាង​ស្រស់ស្អាត និង​ទាន់សម័យ។ ដោយឡែក​ចំពោះ​លក្ខណៈពិសេស​របស់​ស្បែកជើង​វិញ គឺមាន​សភាព​ទន់ ស្រួល​ពាក់ មិន​ធ្វើឱ្យ​ឈឺ​ជើង ។
    • Easy wear : គឺជា​ម៉ាក​សម្លៀកបំពាក់​សម្រាប់​បុរស-នារី ដែល​នាំចូល​ពី​ប្រទេស​ថៃ។ មានដូចជា អាវយឺត ខោ​ជើង​ខ្លី និង​ស្បែ្ក​កជើង ។
  • ខេត្ដ​ចំនួន​បី អាច​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ និង​ខ្យល់

    ខេត្ដ​ចំនួន​បី អាច​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ និង​ខ្យល់

    ខណៈ​បណ្ដាញ​អគ្គិសនី​ថ្នាក់ជាតិ​នៅ​មិនទាន់​អាចបំពេញ​តម្រូវការ​ដ​ល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ដាច់ស្រយាល​បាន​គ្រប់​ជ្រុងជ្រោយ ក្រុមហ៊ុន Nuri Telecom Co.,Ltd ដែលមាន​ការសហការ​ពី​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្កើត​គម្រោង​សិក្សា​មួយ​ស្តីពី​លទ្ធភាព​សម្រាប់​ប្រព័ន្ធ​ផលិត​ថាមពល​ពី​ពន្លឺព្រះអាទិត្យ និង​ខ្យល់​ខ្នាតតូច សម្រាប់​ប្រើប្រាស់​នៅតាម​ផ្ទះ​ក្នុង​តំបន់​ដាច់ស្រយាល ក្នុង​ខេត្ដ​ចំនួន3 ក្នុងប្រទេស​កម្ពុជា។

    លោក Kim Yu Kwon ប្រធាន​ក្រុមហ៊ុន Nuri Telecom Co.,Ltd. បាន​លើកឡើងថា គម្រោង​សិក្សា​លទ្ធភាព​ប្រព័ន្ធ​ផលិត​ថាមពល​ពី​ពន្លឺព្រះអាទិត្យ និង​ខ្យល់​ខ្នាតតូច​សម្រាប់​ប្រើប្រាស់​តាម​ផ្ទះ​ក្នុង​តំបន់​ដែល​មិនមាន​បណ្តាញ​អគ្គិសនី​នេះ​បានស្នើ​ថវិកា​រហូតដល់5លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​ល្អ ដូច្នេះ​លោក​សង្ឃឹមថា​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា។

    កម្ពុជា ជា​ប្រទេសមួយ​ដែលមាន​សក្ដានុពល​លើ​ថាមពល​កកើត​ឡើងវិញ ដោយ​តាម​ការសិក្សា​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ខ្យល់​ដែល​អាច​ផ្ដល់​ថាមពល​មាន​រហូតដល់​ជាង8,000ម៉េ​ហ្គា​វ៉ា​ត់ និង​ថាមពលខ្យល់​មាន​ប្រមាណ 1,380ម៉េ​ហ្គា​វ៉ា​ត់ ។ តាមរយៈ​ការសិក្សា​លទ្ធភាព​នៃ​ការផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ និង​ខ្យល់​នឹងដាក់​ឱ្យប្រើ​ប្រាស់​ក្នុងផ្ទះ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ចំនួន3 គឺ​ខេត្ដ​ពោធិ៍សាត់ ខេត្ដ​កណ្ដាល និង​ខេត្ត​មណ្ឌល​គី​រី។

    រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម​អុ​ិ​ត ប្រាំង មានប្រសាសន៍ថា ការចូលរួម​ពី​ប្រទេស​កូរ៉េ ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​រួមចំណែក​ផ្គត់ផ្គង់​អគ្គិសនី​ដែល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ខ្យល់ សម្រាប់​បម្រើ​សេចក្ដីត្រូវការ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ទី​ដាច់ស្រយាល​ដែល​បណ្ដាញ​អគ្គិសនី​ថ្នាក់ជាតិ​ពុំទាន់​បាន​ទៅដល់។ ឯកឧត្ដម បន្ដថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ឯកឧត្តម​សូម​សាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អ​របស់​ក្រុមការងារ​ដែល​បាន​អនុវត្ត​ជោគជ័យ​នូវ​ការដំឡើង​សាកល្បង​ប្រព័ន្ធ​ផលិត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​តាម​ខ្នង​ផ្ទះ​ក្នុង​ខេត្ត​ចំនួន​បី​នេះ៕

  • តំបន់​ដែល​ប្រជាពលរដ្ឋ​មាន​ចំណូល​ច្រើន​នៅក្នុង​ទ្វីបអាស៊ី

    តំបន់​ដែល​ប្រជាពលរដ្ឋ​មាន​ចំណូល​ច្រើន​នៅក្នុង​ទ្វីបអាស៊ី

    សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បាន​ងើបឡើង​យ៉ាង​ឆាប់រហ័ស​នាពេលថ្មីៗនេះ ដែល​ការរីកចម្រើន​នេះ​បានធ្វើឱ្យ​ប្រាក់ចំណូល​មធ្យ​ម​សម្រាប់​មនុស្សម្នាក់ៗកើនឡើង​ផងដែរ។ កំណើនសេដ្ឋកិច្ច​នេះ​គឺ​កើត​ឡើងលើ​មនុស្ស​ប្រមាណ 4.4ប៊ី​លាន​នាក់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ចំនួន 49ក្នុង​ទ្វីបអាស៊ី។

    ទោះបីយ៉ាងណា​កំណើនសេដ្ឋកិច្ច និង​ទ្រព្យសម្បត្តិ​នៃ​ប្រទេស​ទាំងអស់​មិនមាន​ភាព​ស្មើគ្នា​នោះទេ។ ថ្ងៃនេះ​យើង​សូម​បង្ហាញ​ប្រទេស និង​តំបន់​ចំនួន 5ដែលមាន GDP ច្រើនជាងគេ​នៅ​ទ្វីបអាស៊ី។

    1.ទីក្រុង​ម៉ា​កាវ នៃ​ប្រទេស​ចិន $73,187

    ម៉ា​កាវ ជាទី​ក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន និង​មាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក ដោយ​ទីក្រុង​នេះ​ជា​លំនៅ​របស់​ប្រជាជន​ប្រមាណ 650,900នាក់​លើ​ផ្ទៃដី 30.5គីឡូម៉ែត្រ​ការ៉េ។ សេដ្ឋកិច្ច​ទីក្រុង​ម៉ា​កាវ រីកចម្រើន​ខ្លាំង​ដោយ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ជា​គោល។ ក្រៅពីនេះ​ការនាំចេញ​ផ្នែក​វាយ​ន​ភណ្ឌ និង​សេវា​ហិរញ្ញវត្ថុ ដោយ​រួមទាំង​សេវាកម្ម​ធនាគារ​ក៏​ជា​ផ្នែក​ដែល​បានផ្តល់​ឱ្យនូវ​ផលប្រយោជន៍​យ៉ាង​ទូលំទូលាយ​ដល់​សេដ្ឋកិច្ច​ទីក្រុង​ម៉ា​កាវ​ផងដែរ។ ប្រមាណ 50%នៃ GDP គឺ​បានមកពី​វិស័យ​ទេសចរណ៍ ល្បែង​កម្សាន្ត និង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច។ ជនបរទេស​ដែល​បាន​ទៅលេង​ទីក្រុង​ម៉ា​កាវ​បាន​កើន​ពី 9.1លាន​នាក់​ក្នុង​ឆ្នាំ2000 ទៅ​ប្រមាណ 22លាន​នាក់​ក្នុង​ឆ្នាំ2006។

    1. ប្រទេស​កាតា $59,330 កាតា

    ជា​ប្រទេស​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​លេខ2 នៅ​ទ្វីបអាស៊ី ដោយ GDP សម្រាប់​ប្រជាជនម្នាក់ៗមាន​ប្រមាណ 59,330ដុល្លារ​សហរដ្ឋ​អាម​រិ​ក។ សេដ្ឋកិច្ច​របស់​ប្រទេស​កាតា ពឹង​ផ្អែកលើ​ការនាំចេញ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ។ ថវិកា70% ជា​របស់​រដ្ឋាភិបាល ហើយ​ច្រើនជាង 85% គឺ​បានមកពី​ការនាំចេញ។ ប្រទេស​កាតា​មាន​ប្រេង​បម្រុង​ទុក​យ៉ាងច្រើន ដែល​អាច​ទ្រទ្រង់​ឱ្យ​ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​ស្ថិតស្ថេរ​រហូតដល់​ទៅ23ឆ្នាំ។ ជា​គោលដៅ​របស់​ប្រទេស​នេះ គឺ​ចង់​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រេង​ដែល​អាច​នឹង​អស់​ក្នុងពេលឆាប់ៗនេះ។

    3.ប្រទេស​សិង្ហ​បុរី – $52.960

    សិង្ហ​បុរី ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ3 ដែលមាន​ជាងគេ​នៅក្នុង​ទ្វីបអាស៊ី ដោយ GDP សម្រាប់​ពលរដ្ឋម្នាក់ៗមាន​ប្រមាណ 52,960ដុល្លារ​អាមេរិក។ សិង្ហ​បុរី ជា​ប្រទេស​ដែល​បាន​កសាង​ប្រព័ន្ធ​ជំនួញ និង​ទីផ្សារ​យ៉ាង​ល្អ​បំផុត។ វា​ជា​ប្រទេស​ដែល​ទទួល​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​កាត់បន្ថយ​អំពើពុករលួយ និង​ជា​ប្រទេស​ដែល​ងាយស្រួល​រកស៊ី​បំផុត​មួយ​នៅក្នុង​ពិភពលោក។ ប្រទេស​នេះ​អនុគ្រោះ​ច្រើន​ដល់​ការវិនិយោគ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យបាន​ច្រើន​បំផុត​ពី​គ្រប់ទិសទី​ក្នុង​ពិភពលោក។ សិង្ហ​បុរី​ព្យាយាម​ក្នុងការ​ជំរុញឱ្យមាន​ន​វា​នុ​វត្ត​ន៍ និង​សហគ្រិនភាព​នៅក្នុង​ប្រទេស​ឱ្យបាន​កើនឡើង​ជា​លំដាប់ ខណៈ​ការអភិវឌ្ឍ​ធនធានមនុស្ស​ត្រូវបាន​គេ​ចាត់ទុកជា​ផ្នែក​ចម្បង​បំផុត​សម្រាប់​ប្រទេស។

    4.ទីក្រុង​ហុងកុង នៃ​ប្រទេស​ចិន – $43,681

    ទីក្រុង​ហុងកុង ជា​តំបន់​រដ្ឋបាល​ពិសេស​មួយ​របស់​ប្រទេស​ចិន ដែលមាន​ផ្ទៃដី​ប្រមាណ 1,104គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​រស់នៅ​ជាង 7.2លាន​នាក់។ ទីក្រុង​នេះ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ដែលមាន​ជាងគេ​នៅក្នុង​អាស៊ី ដោយ​ប្រជាជនម្នាក់ៗមាន GDP 43,681 ដុល្លារ​អាមេរិក។ សេដ្ឋកិច្ច​របស់​ទីក្រុង​នេះ​ពឹងផ្អែក​ច្រើន​លើ​ពាណិជ្ជកម្ម​អន្តរជាតិ និង​វិស័យ​ហិរញ្ញវត្ថុ ខណៈ​ទីក្រុង​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​មជ្ឈមណ្ឌល​ដែលមាន​ពិន្ទុ​ល្អ​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ហិរញ្ញវត្ថុ។ ក្រៅពីនេះ​ចំណុច​ពិសេស​របស់​ទីក្រុង​ហុងកុង គឺមាន​ការកម្រិត​ពន្ធ​ទាប ជាមួយ​ការជំរុញ​ឱ្យមាន​សេដ្ឋកិច្ច​បែប​ទីផ្សារសេរី។ ទីក្រុង​នេះ​ក៏​ជា​តំបន់​ឆ្លងកាត់​ទំនិញ​តាម​កំពង់ផែ​ដ៏​ធំ​មួយ​ផងដែរ ដែលមាន​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អ និង​តម្លៃ​ពលកម្ម​សមរម្យ។ ទីក្រុង​ហុងកុង ក៏​ទទួលបាន​ផលប្រយោជន៍​ច្រើន​ផងដែរ​ពី​វិស័យ​ទេសចរណ៍​ដែរ។

    5.ជប៉ុន – $38,894.5

    ជប៉ុន ជា​ប្រទេស​ដែលមាន​បំផុត​លំដាប់ថ្នាក់​លេខ5 នៅ​តំបន់​អាស៊ី ដោយ​ប្រជាជនម្នាក់ៗមាន​ប្រាក់ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ​ចំនួន 38,894.5ដុល្លារ​អាមេរិក។ សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ផ្តោត​ខ្លាំង​ទៅលើ​ការផលិត​យានយន្ត និង​សហគ្រាស​ផលិត​គ្រឿង​អេឡិចត្រូនិក។ ប្រទេស​នេះ​ក៏​ជា​ប្រទេស​ដែលជា​ប់​លេខ3 ដែលមាន​សង្វាក់​ផលិតកម្ម​ផលិត​យានយន្ត​ធំ​បំផុត និង​ជា​ប្រទេស​ដែលមាន​សហគ្រាស​ផលិត​ផលិតផល​អេឡិចត្រូនិក​ធំ​បំផុត​ក្នុង​ពិភពលោក​ផងដែរ។ ជប៉ុន ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​គំនិត​បង្កើត​ថ្មី​ខ្ពស់បំផុត​ក្នុង​ពិភពលោក តែ​ប្រទេស​នេះ​ក៏មាន​បញ្ហា​ប្រឈម​យ៉ាង​ធំ​មួយ​ផងដែរ​លើ​ការថយចុះ​នៃ​ចំនួន​ប្រជាជន​យ៉ាងគំហុក៕

  • វិធី​ថែរក្សា​សម្រស់ ទោះ​រងា​ក៏​នៅតែ​ស្រស់ស្អាត

    វិធី​ថែរក្សា​សម្រស់ ទោះ​រងា​ក៏​នៅតែ​ស្រស់ស្អាត

    អាកាសធាតុ​ត្រជាក់ នាំយក​នូវ​សំណើម​ចេញពី​ស្បែក​របស់​អ្នក​ស្ទើរតែ​អស់រលីង ហើយ​បើ​ប្រហែស​ភ្លេចខ្លួន​តែ​បន្តិច ឃើញថា ស្បែក​របស់​អ្នកនឹង​ឡើង​ពណ៌​សំព្រុស​តែម្តង។ ដូច្នេះ​កុំឱ្យ​សភាព​បែបនេះ​មានឱកាស​មក​ជិត​ខ្លួន​អ្នក​ឱ្យសោះ​ណា សូម​សាកល្បង​ថែរក្សា​ស្បែក​របស់​អ្នក​តាមរយៈ​សកម្មភាព​មួយចំនួន​ដូចតទៅ៖

    កំណត់ពេល​ងូតទឹក៖ ប្រហែលជា​មិនមាន​អ្នកណា​អាច​ឃាត់​បានទេ បើ​អ្នក​ចង់​ងូតទឹក​ក្តៅឧណ្ហៗនា​ពេលដែល​អាកាសធាតុ​កំពុង​បញ្ចេញ​ឥទ្ធិពល​នៃ​ភាព​ត្រជាក់​នោះ តើ​មែនដែរ​ទេ? បើទោះជា​មាន​អ្នក​ធ្លាប់​ប្រាប់​អ្នកជា​ច្រើនដង​មកហើយ​ថា ទឹក​ក្តៅ​នឹង​នាំយក​សំណើម​ចេញពី​ស្បែក​របស់​អ្នក ធ្វើឱ្យ​ស្បែក​ងាយ​នឹង​ស្ងួត​បែក​ស្រកា ប៉ុន្តែ​អ្នក​ក៏​នៅតែ​ឃាត់​ចិត្ត​មិនបាន ព្រោះ​ការ​ងូតទឹក​ក្តៅ​នា​អំឡុង​ពេលនេះ​គឺ​ពិត​ជាមាន​អារម្មណ៍​ថា​ស្រួលខ្លួន​ខ្លាំងណាស់។ អូ​ខេ! បើ​ជ្រុល​ថា​ឃាត់​មិនបាន​ទៅហើយនោះ ចង់​ងូតទឹក​ក្តៅ​ក៏​ងូត​ទៅ​ចុះ ប៉ុន្តែ​ត្រូវ​ចាំ​ឱ្យ​ជាប់​ក្នុង​ចិត្ត​ថាមិនត្រូវ​ងូត​យូរ​ជាង10នាទី​នោះទេ ហើយក៏​មិនអាច​ច្រើនជាង​ម្តង​ដែរ​ក្នុង​មួយថ្ងៃ​នោះ បើ​មិន​អី​ុ​ចឹ​ង​ទេ​ស្បែក​របស់​អ្នកនឹង​កាន់តែ​ស្ងួត និង​កាន់តែ​យ៉ាប់​ឡើង​ថែមទៀត។

    ឡេ៖ មិន​ចង់ឱ្យ​អ្នកជិតខាង​មើលឃើញ​ភាព​ស្ងួត​បែក​ស្រកា​នៃ​ស្បែក​របស់​អ្នក​ទេ​មែន​ទេ? ឡេ​លាប​ស្បែក​ដែលមាន​ជាតិ​សំណើម​គ្រប់គ្រាន់​មាន​ប្រសិទ្ធភាព​យ៉ាង​រហ័ស​ក្នុងការ​បិទបាំង​សភាព​បែបនេះ ដូច្នេះ​សង្ឃឹមថា លោកអ្នក​នឹងមិន​ចាំ​ឱ្យ​វា​បង្ហាញ​ចេញមក រួចហើយ​ទើប​កែខៃ​តាម​ក្រោយ​ទេ​ណា៎។

    ក្រែ​ម​ថែរក្សា​ប្រអប់ជើង៖ សម្រាប់​ពេល​រាត្រី អ្នក​គួរតែ​មើលថែ​ប្រអប់ជើង​ផង​ណា៎! សម្អាត​វា​ឱ្យ​ស្អាត បន្ថែម​ក្រែ​ម​ថែរក្សា​ស្បែក​បន្តិច រួច​ពាក់​ស្រោមជើង​ឱ្យ​រួចរាល់​សិន​សឹម​ចូល​គេង នោះ​ធានាថា​ក្រៅពី​មាន​អារម្មណ៍​កក់ក្តៅ និង​គេង​លក់​ស្រួល​ហើយ​នោះ ប្រអប់ជើង​របស់​អ្នក​ក៏មាន​ឱកាស​បង្ហាញ​នូវ​ភាពស្រស់ស្អាត​មាន​អនាម័យ​ផងដែរ។

    ខាត់​ស្បែកថ្នម៖ វា​ជាការ​ផ្តល់នូវ​ភាព​ភ្លឺរលោង​ដល់​ស្បែក តែ​អ្នក​ត្រូវធ្វើ​វា​តាមបែបស្រាលៗទាំង​លើ​ផ្ទៃមុខ ខ្នង ដៃ ជើង និង​ផ្នែកផ្សេងៗនៃ​រាងកាយ។ កុំ​ភ្លេច​ថែម​សំណើម ឬ​ប្រេង​ទៅឱ្យ​ស្បែក​ផង​បន្ទាប់ពី​ខាត់​កម្ចាត់​ស្បែកចាស់ៗចោល​ហើយ។ ទឹកឃ្មុំ និង​ស្ករស​ជា​សារធាតុ​ផ្សំ​ដែល​គេ​និយម​ប្រើ​ដើម្បី​ម៉ាស្សា​ខាត់​ស្បែក កែងដៃ ជង្គង់ និង​ខ្នង​ជាដើម។

    ស្រោមដៃ៖ ជា​មិត្ត​ដ៏​ល្អ​សម្រាប់​អាកាសធាតុ​ត្រជាក់​បែបនេះ។ វា​អាច​ផ្តល់នូវ​ភាពកក់ក្តៅ ការពារ​កម្តៅថ្ងៃ ធូលី ឬ​ខ្យល់​ស្ងួត​ធ្វើឱ្យ​ស្បែក​ស​ស្អាត​ទៀតផង។ កុំឱ្យ​រដូវ​កាល​ក្លាយទៅជា​ឧបសគ្គ​នៃ​ភាពស្រស់ស្អាត​របស់​អ្នក​ឱ្យសោះ​ណា​មិត្ត​អ្នកអាន​ទាំងឡាយ៕

  • កម្ពុជា-ថៃ​ឯកភាព​បើក​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន4

    កម្ពុជា-ថៃ​ឯកភាព​បើក​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន4

    ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ និង​ពាណិជ្ជករ​ដែល​កំពុង​កើនឡើង​នៅតាម​ច្រកទ្វារព្រំដែន​អន្ដរជាតិ រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ នាពេល​កន្លងមក​បាន​ឯកភាពគ្នា​នឹង​បង្កើត​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ថ្មី4បន្ថែមទៀត។

    ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ឯកភាពគ្នា​បង្កើត​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន4កន្លែង​បន្ថែមទៀត។ គម្រោង​នេះ​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​សម្រាប់​ភ្ញៀវទេសចរ​នៅតាម​ច្រកទ្វារព្រំដែន​អន្ដរជាតិ ហើយក៏​ជា​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​បាន​កាន់តែច្រើន​ផងដែរ។

    ច្រកទ្វារព្រំដែន​អន្ដរជាតិ​ទាំង 4 រួមមាន ទី1ច្រកទ្វារ​អន្ដរជាតិ​អានសេះ​ស្ថិតក្នុង​ខេត្ដ​ព្រះវិហារ​ជាប់​ច្រក​អាន​ម៉ា ស្ថិតក្នុង​ខេត្ដ​អ៊ូ​ប៊ុន ទី2 ច្រកទ្វារ​អន្ដរជាតិ​ជប់​គគី ស្ថិតក្នុង​ខេត្ដ​ឧត្ដរមានជ័យ ជាប់​ច្រក​សែ​ទូ​គោ ខេត្ដ​បូរី​រ៉ាំ ទី3 ច្រកទ្វារ​អន្ដរជាតិ​ភ្នំ​ជី ខេត្ដ​បាត់ដំបង ជាប់​ច្រក​ខោ​ន​ឌី​ន ខេត្ដ​ស្រះកែវ និង​ទី4 ច្រកទ្វារ​អន្ដរជាតិ​ថ្មដា ខេត្ដ​ពោធិ៍សាត់ ជាប់​ច្រក​ថា​សេន ខេត្ដ​ស្រះកែវ។

    រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ការកាត់បន្ថយ​របាំង​នៃ​ការធ្វើដំណើរ​មិនចាំបាច់​ក៏​ជាការ​សម្រេចបាន​នូវ​កំណើន​នៃ​ភ្ញៀវទេសចរ​ទៅតាម​ផែនការ និង​ការគ្រោងទុក​ផងដែរ។ ជាមួយគ្នានេះ​កម្ពុជា​ត្រូវ​បើក​យន្ដការ​ចូលរួម​ធ្វើឱ្យ​ពិភពលោក​ក្លាយជា​កន្លែង​ដែល​កាន់តែ​ប្រសើរ និង​ឈានទៅដល់​ការអភិវឌ្ឍ​ប្រក​ដោយ​និរន្ដរភាព​លើស​សរ​គ្រឹះ​ទាំង5 ដែល​រួមមាន សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និង​សន្ដិភាព។

    បច្ចុប្បន្ន​កម្ពុ​ជាមាន​ច្រកទ្វារព្រំដែន​អន្ដរជាតិ​សរុប​ចំនួន24 ក្នុងនោះ​មាន​ច្រកទ្វារ​អាកាស​យាន្ដ​ដ្ឋា​ន​អន្ដរជាតិ​ចំនួន3 ច្រកទ្វារ​កំពង់ផែ​អន្ដរជាតិ ចំនួន4 ច្រកទ្វារព្រំដែន​អន្ដរជាតិ​មាន​ចំនួន17 ដោយ​ក្នុងនោះ​ច្រកទ្វារព្រំដែន​កម្ពុជា-វៀតណាម មាន​ចំនួន10 កម្ពុជា-ថៃ មាន​ចំនួន 6 និង​កម្ពុជា-ឡាវ​មាន​ចំនួន1កន្លែង។

    ការឯកភាព​គ្នា​បើក​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ថ្មី​ទាំង4 ត្រូវបាន​គេ​មើលឃើញថា មិន​ត្រឹមតែ​សម្រួល​ដល់​ការធ្វើដំណើរ​ដល់​ភ្ញៀវទេសចរ​មកកាន់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ថៃ​ឱ្យបាន​ដល់15,000លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​ឆ្នាំ2020។

    អតីត​ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម Nuthavudh Photisaro ធ្លាប់បាន​លើកឡើងថា ការបើក​ច្រកព្រំដែន​បន្ថែម​ទាំង4កន្លែង​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជួយ​សម្រួល​ដល់​ដំណើរ​ឆ្លងកាត់​របស់​ភ្ញៀវទេសចរ​ក្នុងការ​ចេញចូល​ឆ្លងកាត់​ទៅមក​រវាង​ប្រទេស​ទាំងពីរ។ ដោយ​មើលឃើញ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ ដូច្នេះ​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពី​អាច​ដើរ​ទៅដល់​ផែនការ​ទើប​ឈានដល់​ការឯកភាព​បើក​ច្រកព្រំដែន​អន្ដរជាតិ​ទាំង4បន្ថែមទៀត៕