Author: វល័ក្ខ

  • ក្រ​សូង​បរិស្ថាន និង​ក្រុម​ហ៊ុម​សុខាអូតែល រៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ «បរិស្ថាន​ដើម្បី​អនាគត​យើង»

    ក្រ​សូង​បរិស្ថាន និង​ក្រុម​ហ៊ុម​សុខាអូតែល រៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ «បរិស្ថាន​ដើម្បី​អនាគត​យើង»

    ដើម្បី​ចូល​រូ​ម​អបអរ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប និង​កម្សាន្ត​សប្បាយ​ក្នុង​ពិធីបុណ្យ​ណូអែល​ឆ្នាំនេះ នៅលើ​ភ្នំ​បូកគោ ក្រ​សូង​បរិស្ថាន​បាន​សហការ​ជា​មូ​យ​ក្រុម​ហ៊ុម​សុខាអូតែល រៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ «បរិស្ថាន​ដើម្បី​អនាគត​យើង» ដែល​ស្ថិតក្រោម​ប្រធានបទ «តោះ​ទៅ​រាំ​នៅ​បូកគោ» នៅ​សណ្ឋាគារ ឋានសួគ៌​សុខា ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ នា​ថ្ងៃទី24-25 ខែធ្នូ​ឆ្នាំ2017។

    កម្មវិធី​រួមមាន ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ ដោយមាន​ការចូលរួម​ពី​តារាចម្រៀងល្បីៗនៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុម​កំប្លែង ក្រុម​បង្ហាញ​ម៉ូត​សម្លៀកបំពាក់ ល្បែង​កម្សាន្ត​បែប​អប់រំ ល្បែង​ប្រជាប្រិយ លំ​ហាត់​យោ​គៈ​នៅលើ​កំពូលភ្នំ​បូកគោ ការ​រ​តាំង​បង្ហាញ​រថយន្ត ការបោះ​តង់ ស្តង់​លក់​ម្ហូបអាហារ ភេ​ស​ជ្ជះ​និង​បង្អែម​ជាច្រើន​មុខ​ព្រមទាំង​សកម្មភាព​សប្បាយ​ជាច្រើន​ទៀត។ ភ្ញៀវ​ចូលរួម​មិន​ត្រឹមតែ​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួមចំណែក​ផ្សព្វផ្សាយ និង​ថែរក្សា​ការពារ​បរិស្ថាន ជាពិសេស​គឺ​កម្មវិធី​នេះ​ក៏មាន​ការចាក់ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ប៉ុស្តិ៍​អ​ប្សា​រា​ផងដែរ៕

  • ទុនវិនិយោគវិស័យ​សំណង់​នៅ​កម្ពុជា​កើនឡើង​ជិត​30%

    ទុនវិនិយោគវិស័យ​សំណង់​នៅ​កម្ពុជា​កើនឡើង​ជិត​30%

    បើ​ទោះបី​ជា​សកម្មភាព​នៃ​ការ​ទិញ​ លក់​អចលន​ទ្រព្យ​ហាក់​មិន​សូវ​មាន​ភាព​ផុលផុស​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​ក៏​ដោយ ប៉ុន្តែ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​ប្រមាណ​ជិត​30% ក្នុង​រយៈពេល​10​ខែ​ដំបូង នៃ​ឆ្នាំ2017 នេះ។

    រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ឯកឧត្តម ប៉ែន សុផល បាន​ឱ្យ​ដឹង​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​លំនៅឋាន​បុរី​ប្រណីត អ & អេស្វ របស់​ក្រុមហ៊ុន R&F Properties Hs (Cambodia) Co., Ltd ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​60​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​លើ កាល​ពី​សប្តាហ៍​មុន​ថា​រយៈពេល​10​ខែ ឆ្នាំ2017 នេះ​វិស័យ​សំណង់​កើន​ឡើង​ប្រមាណ​27.68%។ ឯកឧត្តម​ បានបញ្ជាក់​ថា ក្នុង​ឆ្នាំ​2016 កន្លង​ទៅ​ទុន​វិនិយោគ​វិស័យ​សំណង់ មាន​ប្រមាណ​5,580 លាន​ដុល្លារ​សហរដ្ឋ បើ​ធៀប​នឹង​ឆ្នាំ​2015 កើន​ឡើង​ប្រមាណ​67.15% និង​នៅ​ក្នុង​រយៈពេល​10ខែ នៃ​ឆ្នាំ 2017 នេះ​មាន​ប្រមាណ 6,267 លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2016 គឺ​មាន​កំណើន​ប្រមាណ ​27,68% និង​បង្កើត​ការងារ​ជូន​ប្រជាពល​រដ្ឋ​បាន​ប្រមាណ​ជាង​200,000​នាក់​ក្នុង​មួយ​ថ្ងៃ។

    ស្រប​នឹង​ការ​រីក​ចម្រើន​នេះ សហគ្រាស​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ បាន​ចុះបញ្ជី​នៅ​ក្រសួង ដែល​នៅ​មាន​សុពលភាព​បាន​កើន​ដល់​1,038 ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​មាន​42 និង​ក្រុមហ៊ុន​សាង​សង់​សរុប​មាន​ចំនួន​996។ ទន្ទឹម​នេះ​ក្រសួង​ក៏​បាន​និង​កំពុង​ពង្រឹង​ការ​គ្រប់គ្រង​សំណង់ ពិសេស​សំណង់​អគារ​ធំ​ៗ​ឱ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​គតិយុត្ត​បច្ចេកវិទ្យា​ស្តង់ដារ​ខ្ពស់ និង​មាន​អត្តសញ្ញាណ​វប្បធម៌​ជាតិ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព សោភណភាព បរិស្ថាន​បៃតង និង​ភាព​សុខុដុម​រមណីយ​កម្ម​ទៅ​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ ក្នុង​គោលដៅ​សម្រេច​ឱ្យបាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

    ឯកឧត្តម​ បាន​បន្ថែម​ទៀត​ថា តាម​ការ​សិក្សា​របស់​ក្រសួង​អំពី​ក្របខណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទីក្រុង​នៅ​កម្ពុជា ​ឃើញ​ថា​ចំនួន​ប្រជាជន​រស់​នៅ​ក្នុង​រាជធានី-ក្រុង និង​ទីប្រជុំជន​នៅ​ឆ្នាំ​2014 មាន​ចំនួន​ប្រមាណ​4,5​លាន​នាក់​ត្រូវ​ជា​27,1​% នឹង​បាន​បន្ត​កើន​ឡើង​ដល់​7,92​លាន​នាក់​ត្រូវជា​44​% នៅ​ឆ្នាំ​2030។ តាម​ទិន្នន័យ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា រយៈពេល​15​ឆ្នាំ (2015-2030) តម្រូវ​ការ​លំនៅ​ឋាន​សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​80​ម៉ឺន​លំនៅឋាន ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​5​ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំៗ​។

    ឆ្លើយតប​នឹង​កំណើន​នេះ ក្រសួង​បាន​និង​កំពុង​សកម្ម​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី ក្នុង​ការ​កសាង​ផែនការ​រៀបចំ​ដែនដី ប្លង់គោលនិង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោល​នយោបាយ​ជាតិ​ស្តីពី​លំនៅឋាន​ឱ្យ​ស្របតាម​តម្រូវការ​នៃ​ការ​រីក​លូតលាស់​ផ្នែក​នគរូបនីយ​កម្ម និង​កំណត់​តំបន់​ទិសដៅ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ក្រុង ពង្រីក​ទីក្រុង តំបន់​ស្នាក់​នៅ និង​ជា​ពិសេស​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​ជូន​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធនិង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ប្រាក់​ចំណូល​ទាប​ និង​ជន​ងាយ​រងគ្រោះ ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​សមធម៌៕

  • បន្លែ​សុវត្ថិភាព​កំពុង​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ​កម្ពុជា

    បន្លែ​សុវត្ថិភាព​កំពុង​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ​កម្ពុជា

    កសិករ​ដាំ​ដំណាំ​នៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល​បាន​និយាយថា ការផ្លាស់ប្តូរ​ទម្លាប់​ដាំ​ដំណាំ​តាមបែប​បុរាណ មក​ដាំ​តាមបែប​បច្ចេកវិទ្យា​ថ្មី​ដោយ​មិនមាន​សារធាតុ​គីមី​កំពុង​ទទួលបាន​ផល​យ៉ាងច្រើន និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

    លោក ជួង វ៉ុ​ន កសិករ​ដាំ​ម្រះ នៅ​ជើងភ្នំ​ស្អាង​ក្នុង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ​ថា ក្នុងនាម​ជា​កសិករ​គ្មាន​ពេលណា​សប្បាយចិត្ត​ជាង​ពេលដែល​ដំណាំ​ទទួលបាន​ផល​ល្អ និង​លក់បាន​ថ្លៃ​នោះទេ ព្រោះ​វា​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត​ដ៏​ខ្លាំង​សម្រាប់​កសិករ​ក្នុង​ការបន្ត​ការដាំដុះ។ លោក​បន្តថា គ្រួសារ​របស់គាត់​បាន​ចាប់​របរ​ដាំ​បន្លែ​តាម​ទម្លាប់​ចាស់​ជាង10ឆ្នាំ​មកហើយ ដោយ​ទើបតែ​បាន​ប្តូ​រម​កដាំ​តាម​បច្ចេកទេស​ទំនើប​បែប​បន្លែ​សុវត្ថិភាព​នេះ​ជាង1ឆ្នាំ​ប៉ុណ្ណោះ។ ការផ្លាស់ប្តូរ​ទម្លាប់​នេះ គឺ​ក្រោយពី​ទទួលបាន​ការបណ្តុះបណ្តាល​ពី​អង្គការ​លាស់​ថ្មី ដែល​ធ្វើឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ។

    កសិករ​ខាងលើ​បន្តថា តម្លៃ​ផ្លែ​ម្រះ​នៅ​ឆ្នាំនេះ​បាន​ថ្លៃ​គ្រាន់បើ ដោយ​កាលពី​ឆ្នាំមុន1គីឡូក្រាម​លក់បាន​តម្លៃ​ត្រឹមតែ1,000រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​បាន2,000រៀល តែ​ក៏មាន​ពេលខ្លះ​ធ្លាក់​មក​នៅត្រឹម​ចន្លោះ​ពី1,200-1,300រៀល​ផងដែរ។

    ចំណែក លោកស្រី ជីវ ជីតា ដែល​បាន​ប្រកប​របរ​ដាំ​ម្រះ បាន​ប្រាប់​ដែរ​ថា ម្រះ​មុននឹង​ដាំ គឺ​គេ​ត្រូវ​ភ្ជូ​រ​ដី​ហាល​ចោល​ពី1-2សប្តាហ៍​ដើម្បីឱ្យ​ដី​ឆ្អិន​ល្អ ទើប​ផ្គុំ​រង និង​បាច​កំបោរ​ស​ដើម្បី​សម្លាប់​មេរោគ ហើយ​ចាប់ផ្តើម​រាយ​បង្កប់​ទុយោ ក្រាល​កៅស៊ូ​លើ​រង និង​ដោត​ឫស្សី​សម្រាប់ធ្វើ​ទ្រើង។ បន្ទាប់មក​គេ​យក​កូន​ម្រះ​ដែល​បណ្តុះ​រួម មក​ដាំ​តាម​ប្រហោង​ដែល​បាន​ចោះ​ទុក និង​ដាំ​ឃ្លាត​ពីគ្នា​ប្រហែល20សង់ទីម៉ែត្រ។ មុននឹង​បានកូន​ម្រះ​ដំបូង​គេ​ត្រូវយក​គ្រាប់​ម្រះ​ត្រាំ​ក្នុង​ទឹក​ក្តៅអ៊ុនៗចន្លោះ​ពី2-3ម៉ោង រួច​យកទៅ​ផ្អាប់​ក្នុង​ដី2-3យប់​ទើប​យក​ដី​មួយ​ភាគ អាចម៍គោ2ភាគ និង​ផេះ​អង្កាម2ភាគ មក​លាយ​ចូលគ្នា​ហើយ​ដាក់ចូល​ខ្ទះ​លីង​ប្រមាណ15នាទី​ទុកឱ្យ​ត្រជាក់​ទើប​យកទៅដាក់​ក្នុង​ត្រេ​ដាក់​គ្រា​ប់ម្រះ​ចូល​ដើម្បី​បណ្តុះ។ លោកស្រី បាន​បញ្ជាក់ថា ការដាំ​ដោយ​ក្រាល​កៅស៊ូ និង​បង្កប់​ទុយោ​នេះ យើង​មិន​ហត់​ក្នុង​ការធ្វើ​ស្មៅ ឬ​ស្រោច​ទឹក​ទេ ហើយ​ក្រោយ​ដាំ1ខែ10ថ្ងៃ គឺអាច​បេះ​បាន​ហើយ ដោយ2ទៅ3ថ្ងៃ​បេះ​ម្តង និង​បន្ត​បេះ​រហូតដល់​ទៅ1ខែ​ឯណោះ​ទើប​គេ​រើ​ដើម​ចាស់​ចោល​ដាំ​សាជាថ្មី។

    លោក ប៉ុល អភិរក្ស ប្រធាន​សាខា​អង្គការ​លាស់​ថ្មី ប្រចាំខេត្ត​កណ្តាល បាន​និយាយថា អង្គការ​របស់​លោកមា​ន​គោលដៅ​ជួយ​បង្រៀន​កសិករ​ឱ្យដាំ​បន្លែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព​ទាំង​អ្នក​ដាំ​ក៏ដូចជា​អ្នក​ទទួលទាន ដោយ​បង្រៀន​នូវ​បច្ចេកទេស​ដល់​ពួកគាត់ ព្រមទាំង​វិធីសាស្ត្រ​ដាំ​ដុះ ថែទាំ ក៏ដូចជា​ការប្រើប្រាស់​ជី និង​ថ្នាំពុល​គីមី ឱ្យបាន​ត្រឹមត្រូវ និង​ជួយ​រក​ទីផ្សារ​ឱ្យ​កសិករ​ផងដែរ។

    ប្រធានការិយាល័យ​កសិក​ម្ម ស្រុក​ស្អាង លោក អ៊ុក សុគន្ធ មានប្រសាសន៍ថា ស្អាង​គឺជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​ក្រុង​ទាំង11 របស់​ខេត្តកណ្តាល ដែលមាន​សក្តានុពល​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​បន្លែ​នាំមុខគេ​ក្នុង​ខេត្តកណ្តាល ដោយ​ក្នុង​មួយថ្ងៃ​អាចមាន​បរិមាណ​ពី50-60តោន។ ទូទាំង​ស្រុក​ស្អាង​មាន​ផ្ទៃដី​ដាំ​បន្លែ​ចម្រុះ​ចំនួន2,037ហិកតា។ លោក​បាន​បន្ថែមទៀតថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព អ្នក​ទទួលទាន​ទាំងអស់​គួរតែ​ងាក​ទៅរក​ការដាំដុះ​បែប​បច្ចេកទេស​ទំនើប គឺ​បន្លែ​សុវត្ថិភាព​ដើម្បី​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ។

    គួរ​បញ្ជាក់ថា បន្លែ​សុវត្ថិភាព​មាន​លក្ខណៈ​ខុសពី​បន្លែ​សរីរាង្គ ដោយ​វា​ស្ថិតនៅ​ចន្លោះ​បន្លែ​មាន​សារធាតុ​គីមី និង​បន្លែ​សរីរាង្គ​ដែល​គ្មាន​ជាតិគីមី​សោះ។ លោក សុគន្ធា និយាយថា បន្លែ​សុវត្ថិភាព​គេ​ប្រើ​ជីគីមី​ខ្លះ​ដែរ ដើម្បី​ថែរក្សា​ដំណាំ​ឱ្យ​ល្អ ប៉ុន្តែ​គេ​ប្រើ​ក្នុង​កម្រិត​តិចតួច​បំផុត ហើយ​មុននឹង​កាត់​យកទៅលក់ ឬ​ទទួលទាន គេ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​គីមី​ជាច្រើន​ថ្ងៃ ដោយ​មិន​ដូច​បន្លែ​គីមី ដែល​ជួនកាល​ពេល​គេ​កាត់​យកទៅលក់​ហើយ​នោះ នៅតែ​បន្ត​ជ្រលក់​ថ្នាំ​គីមី​បន្ថែម​ដើម្បី​រក្សា​សោភ័ណភាព​ឱ្យនៅ​បានយូរ៕

  • ការផ្ទេរ​ប្រាក់​របស់​ព​លករ​ពី​កូរ៉េ មក​កម្ពុជា តាមរយៈ​ធនាគារ​អេស៊ីលីដា បន្ត​កើនឡើង

    ការផ្ទេរ​ប្រាក់​របស់​ព​លករ​ពី​កូរ៉េ មក​កម្ពុជា តាមរយៈ​ធនាគារ​អេស៊ីលីដា បន្ត​កើនឡើង

    ការផ្ទេរ​ប្រាក់​មកពី​សា​ធារ​ណ​រដ្ឋ​កូរ៉េ មកកាន់​ប្រទេស​កម្ពុជា​តាមរយៈ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ឆ្នាំ2017 នេះ​បាន​កើនឡើង​ជាង12% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2016 ខណៈ​មាន​ក្រុមហ៊ុន និង​ភ្នាក់ងារថ្មីៗជាច្រើន​ទៀត​ក៏​ទទួល​បម្រើសេវា​ដូចគ្នានេះដែរ។

    យោងតាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ​អេស៊ីលីដា បាន​បង្ហាញថា ការផ្ទេរ​ប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ មក​កម្ពុជា ក្នុងឆ្នាំនេះ​មាន​ចំនួន​ជិត235លាន​ដុល្លារ​អាមេរិក ដោយមាន​កំណើន​ប្រមាណ13% បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ចំនួន​ទឹកប្រាក់​ជិត 208លាន​ដុល្លារ។ ទិន្នន័យ​ដដែល​បង្ហាញថា តាមរយៈ​ចំនួន​ទឹកប្រាក់​ខាងលើនេះ​ចំនួន​នៃ​ការផ្ទេរ​ប្រាក់​ក៏បាន​កើនឡើង​ប្រមាណ15% រហូតដល់​ចំនួន 84,057ដង ក្នុង​ឆ្នាំ2017 ធៀប​នឹង​ឆ្នាំ2016 ដែល​ចំនួន​នៃ​ការផ្ញើ​ប្រាក់​មាន​ចំនួន73,146ដង។

    លោកស្រី​បណ្ឌិត សូ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងថា ក្រោយពី​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ​កូរ៉េ ក៏ដូចជា​ដៃគូ​ដែលជា​ភ្នាក់ងារ​ផ្ទេរប្រាក់ គឺ​ពិតជា​បានផ្តល់​នូវ​ភាពងាយស្រួល​ច្រើន​ដល់​ការបម្រើ​សេវា​ផ្ទេរប្រាក់​របស់​ប្រជា​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ។

    លោកស្រី​បណ្ឌិត បានបញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ថា៖“ការផ្ទេរ​ប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ​មកកាន់​ប្រទេស​កម្ពុជា​តាមរយៈ​ធនាគារ​អេស៊ីលីដា មាន​ភាពងាយស្រួល ដោយសារ​ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​ធំ មាន​បណ្តាញ​ច្រើន​រហូតដល់​ចំនួន 260សាខា​នៅ​ទូទាំងប្រទេស​កម្ពុជា។ គេ​អាច​ផ្ទេរប្រាក់​ប្រកបដោយ​ភាពងាយស្រួល និង​គ្មាន​បញ្ហា​អ្វី​នោះទេ។ ស្របពេល​នៃ​ការរីកចម្រើន​លើ​សេវា​ផ្ទេរប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ ដោយសារ​មាន​ប្រជា​ពលករ​ខ្មែរ​យ៉ាងហោចណាស់​ជាង4ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ ក៏មាន​ក្រុមហ៊ុនថ្មីៗទៀត​បាន​ហក់ចូល​ប្រកួតប្រជែង​ក្នុង​សេវា​ផ្ទេរប្រាក់​នេះ​ផងដែរ។

    កាលពី​ថ្ងៃទី20 ខែធ្នូ​នេះ ធនាគារ​គូក​មីន​កម្ពុជា និង​ធនាគារ​ឯកទេស​វី​ង បានប្រកាស​ពី​ការដាក់ឱ្យ​ដំណើរការ​នូវ​សេវា​ផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​មក​ប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​របស់​ធនាគារ​គូក​មីន ដែលជា​ធនាគារពាណិជ្ជ​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

    លោក អ៊ុក វ៉ាន់ដា អនុប្រធាន​ធនាគារ​គូក​មីន​កម្ពុជា បាន​លើកឡើងថា ភាពជា​ដៃគូ​នេះ​នឹង​ធ្វើឱ្យ​សេវាកម្ម​ផ្ទេរប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ​មកកាន់​ប្រទេស​កម្ពុជា កាន់​តែមាន​ភាពងាយស្រួល មាន​សុវត្ថិភាព និង​លឿន​ជាង​មុន។ លោក​បាន​បន្តថា​ធនាគារ​គូក​មីន​កម្ពុជា មាន​ចំនួន​គណនី​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ច្រើនជាងគេ ហើយ​ចំនួន​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ 90%បាន​ផ្ញើ​ប្រាក់​មក​ស្រុកកំណើត​តាមរយៈ​ធនាគារ​គូក​មីន​នៅ​ប្រទេស​កូរ៉េខាងត្បូង។

    សកម្មភាពពលករខ្មែរនៅកូរ៉េខាងត្បូង រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    លោក វ៉ាន់ដា បញ្ជាក់ថា ពលករ​ខ្មែរ​នៅ​កូរ៉េ អាច​ផ្ញើ​ប្រាក់​តាម​កម្មវិធី​ស្មា​ត​ហ្វូ​ន Liiv KB Cambodia ដែល​ត្រូវបាន​ដាក់បញ្ចូល​ជាមួយ​វី​ង​ឬ​ដោយ​គ្រាន់តែ​ទៅ​សាខា​ណាមួយ ក្នុងចំណោម​សាខា​ប្រមាណ1,500កន្លែង​នៅ​ប្រទេស​កូរ៉េ ហើយ​ធ្វើ​ប្រតិបត្តិការ ចំណែកឯ​ការទទួលប្រាក់​នៅ​ប្រទេស​កម្ពុជា​វិញ​គឺ​កាន់តែ​ងាយស្រួល​ជាង​មុន ជាមួយ​បណ្តាញ​ភ្នាក់ងារ​វី​ង​ប្រមាណ5,000កន្លែង​ទូទាំងប្រទេស។

    លោក សុធី សុ​វិ​ត្យា នាយក​ទទួលបន្ទុក​ផ្នែក​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​របស់​ធនាគារ​ឯកទេស​វី​ង បាន​អះអាងថា ការផ្ញើ​ប្រាក់​នេះ​កាន់តែ​ងាយស្រួល​ដោយ​ចំណាយពេល​ត្រឹមតែ10នាទី​រវាង​ប្រទេស​ទាំងពីរ ហើយ​ការចាប់ផ្តើម​អនុវត្ត គឺ​ចាប់ពី​ថ្ងៃទី20 ខែធ្នូ​នេះ​តទៅ​ជាមួយ​តម្លៃ​សេវា​សមរម្យ​ចាប់ពី1ម៉ឺន​រៀល​ឡើងទៅ។

    ឯកឧត្តម ហេង សួរ ប្រធាន​អង្គភាព​នាំ​ពលករ​ទៅ​ក្រៅប្រទេស និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្លាប់បាន​អះអាងថា ប្រាក់បៀវត្ស​ខ្ពស់​នៅ​ប្រទេស​កូរ៉េ​គឺជា​មូលហេតុ​ចម្បង​នៃ​ការទាក់ទាញ​ពលករ​ខ្មែរ ថ្វីត្បិតតែ​គេ​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​មុននឹង​បាន​ចេញទៅ ដោយ​ពលករ​ម្នាក់​ត្រូវ​ចំណាយ​យ៉ាងហោចណាស់1,000ដុល្លារ​ដែរ​សម្រាប់​លិខិតស្នាមផ្សេងៗមុននឹង​បានចេញ​ទៅ។

    ឯកឧត្តម បានឱ្យដឹងថា ពលករ​ខ្មែរ​ដែល​ទៅ​បម្រើការ​នៅ​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​ដំបូង​បានទទួល​ប្រាក់បៀវត្ស​យ៉ាងតិច​ចំនួន950ដុល្លារ​ក្នុង​មួយខែ។ នាពេល​កន្លងមក ក្រសួង​ធ្លាប់​បានធ្វើ​ការស្ទង់មតិ​ចំពោះ​កម្មករ​ហើយ​ដឹងថា​កម្មករ​ម្នាក់​អាច​សន្សំ​បានជា​មធ្យម650ដុល្លារ ក្នុង1ខែ ដោយ​ពួកគាត់​អាច​ផ្ញើមក​ស្រុក​វិញ​ចំនួន​ប្រហែល 500ដុល្លារ​ក្នុង​មួយខែ៕

  • យុវជន​មកពី​គ្រប់​មហាវិទ្យាល័យ​នឹង​រួមគ្នា​ជជែក​ពិភាក្សា និង​បង្ហាញ​ទស្សនៈ​លើ​បញ្ហា​សង្គម

    យុវជន​មកពី​គ្រប់​មហាវិទ្យាល័យ​នឹង​រួមគ្នា​ជជែក​ពិភាក្សា និង​បង្ហាញ​ទស្សនៈ​លើ​បញ្ហា​សង្គម

    មនុស្ស​គ្រប់រូប​សុទ្ធតែជា​កោសិកា​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គម ហើយ​សង្គម​មួយ​អាច​អភិវឌ្ឍ ឬ​មាន​បញ្ហា​អាស្រ័យ​លើ​ឥរិយាបថ​របស់​ប្រជាជន​វិជ្ជមាន ឬ​អវិជ្ជមាន។ ដោយ​មើលឃើញ​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​ប្រជាជន​ខ្មែរ ពិសេស​យុវជន​ដែល​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​នៅ​កម្ពុជា កម្មវិធី The Perspectives Cambodia ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន​ខ្មែរ​ទាំងអស់​បាន​បញ្ចេញ​មតិ​ជា​សាធារណៈ។

    ប្រធាន​គ្រប់គ្រង​កម្មវិធី The Perspectives Cambodia រដូវ​កាល​ទី2 លោក ហួរ តុលា បាន​លើកឡើងថា​ដោយសារ​ការអប់រំ​នៅ​កម្ពុ​ជាមាន​ភាពប្រសើរឡើង​ជា​លំដាប់ ហេតុនេះ​សមត្ថភាព​របស់​យុវជន​ក៏មាន​ការកើនឡើង​ស្រប​ពេលដែល​សង្គម​កំពុងមាន​ការអភិវឌ្ឍ តែ​បញ្ហា​ប្រឈម​មួយចំនួន​សម្រាប់​យុវជន​ក៏​កើតមាន​ផងដែរ ពិសេស​គឺ​ភាព​ស៊ីជម្រៅ​នៃ​ការគិត និង​ការបញ្ចេញមតិ​លើ​បញ្ហា​នានា​ក្នុងសង្គម។ សង្គម​មួយ​អាច​អភិវឌ្ឍ​ទៅមុខ​បាន​លឿន គឺ​ដោយសារតែ​សង្គម​នោះ​មាន​ប្រជាជន​ដែលមាន​ទស្សនវិស័យ និង​មាន​ការគិត​បែប​វិជ្ជមាន​ច្រើនដើម្បី​រួមគ្នា​កសាង​សមត្ថភាព​ចូលរួមចំណែក​អភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​សង្គម​នានា​ប្រកបដោយ​សន្តិភាព។

    លោក តុលា បាន​និយាយថា ៖ “ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ និង​និរន្តរភាព​សង្គម ដោយ​ឈរលើ​មូលដ្ឋាន​ចំណេះដឹង ក្រុមការងារ The Perspectives Cambodia បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ខ្មែរ​ឱ្យ​បានទទួល​ចំណេះដឹង​ពី​អ្នកជំនាញសំខាន់ៗនៅ​កម្ពុជា ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នោះ​ទៅ​បង្ហាញ​ជា​សាធារណៈ​តាមរយៈ​ការប្រកួត​តស៊ូ​មតិ​លើបញ្ហាសំខាន់ៗនៅ​កម្ពុជា។

    សមាជិក​ស្ថាបនិក​នៃ​កម្មវិធី​ខាងលើ​បាន​លើកឡើងថា នៅ​ប្រទេស​អភិវឌ្ឍ គឺ​គេ​មាន​ធនធានមនុស្ស​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ក្នុងការ​បញ្ចេញ​ទស្សនវិស័យ​ដែល​គេ​ចង់ឃើញ​ទៅកាន់​សង្គម​របស់គេ។ ជាក់ស្តែង​យុវជន​នៅ​ប្រទេស​សិង្ហ​បុរី គេ​មាន​ក្រុម​អ្នក​ចងក្រង​ទស្សនវិស័យ ហើយ​ផ្តល់ឱកាស​ឱ្យ​យុវជន​ចូលរួម​បង្ហាញ​ពី​ទស្សនវិស័យ​ផ្ទាល់ខ្លួន​របស់គេ ខណៈ​កម្ពុជា​យើង​ក៏​ចង់ឃើញ​យុវជន​មាន​ការគិត​វែងឆ្ងាយ និង​មាន​ទស្សនវិស័យ​ផងដែរ។ លើសពីនេះទៅទៀត ការគិត​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​សង្គម ព្រោះ​ប្រសិនបើ​យុវជន ដែលជា​ប្រជាជន​សកម្ម​មានគំនិត​ប្រកបដោយ​គុណ​តម្លៃ សក្តានុពល និង​សីលធម៌ នោះ​សង្គម​របស់​យើង​នឹង​អាច​អភិវឌ្ឍ​បាន​យ៉ាង​លឿន​ប្រកបដោយ​សន្តិភាព។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក រិ​ន រ៉ាវុធ ប្រធាន​ក្រុមបច្ចេកទេស​នៃ​កម្មវិធី The Perspectives Cambodia បាន​លើកឡើងថា ក្នុង​គោលបំណង​ចង់​កសាង​វេទិកា​សង្គម​សម្រាប់​យុវជន ដើម្បី​កសាង​សមត្ថភាព ចំណេះដឹង និង​ការចែករំលែក តាមរយៈ​ការជជែក​ដេញដោល តស៊ូ​មតិ និង​ពិភាក្សា​លើ​ស្ថានភាព​សង្គម​ជាក់ស្តែង​នៃ​វិស័យ​អភិវឌ្ឍ​នានា យើង​បាន​បង្កើត​កម្មវិធី The Perspectives Cambodia ឡើង​ដែល​កម្មវិធី​នេះ​នឹង​អាច​បំផុសទឹកចិត្ត​យុវជន​ឱ្យ​កាន់តែ​មាន​ភាព​សកម្ម​ក្នុងការ​ចូលរួម។ តាមរយៈ​កម្មវិធី​តស៊ូ​មតិ​ដ៏​មាន​សារៈសំខាន់​នេះ យើង​បានជ្រើសរើស​បេក្ខជន​ដែលមាន​សមត្ថភាព និង​សក្តានុពល ដើម្បី​មក​បណ្តុះបណ្តាល​បន្ថែម​ជាមួយនឹង​គ្រូបង្វឹក​ដែល​សុទ្ធតែជា​អ្នកជំនាញ​មកពី​ពហុ​វិស័យ មុននឹង​ឱ្យ​បេក្ខជន​នោះ​ទៅ​តស៊ូ​មតិ​ដណ្តើមយក​ពានរង្វាន់​ថ្នាក់ជាតិ​លើ​ការតស៊ូ​មតិ។

    លោក រិ​ន រ៉ាវុធ បាន​អះអាងថា ៖ “ក្រៅពី​ការ​ផ្តល់ឱកាស​ឱ្យ​យុវជន​មកពី​គ្រប់​សាកលវិទ្យាល័យ​បាន​សិក្សា និង​ប្រកួត​តស៊ូ​មតិ យើង​ក៏​ជួយ​ពួកគាត់​ក្នុងការ​បណ្តុះ​គំនិត​សង្គម​វិជ្ជមាន​នៃ​ការរស់នៅ​ជាមួយគ្នា​ក្នុង​ភាព​ចម្រុះ​នៃ​គំនិត។

    លោក បាន​បន្ថែមថា នៅពេលដែល​យុវជន ឬ​ប្រជាជន​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​នានា និង​មាន​ភាពក្លាហាន​ក្នុង​ការជជែក​ពិភាក្សា​លើ​បញ្ហា​សង្គម នៅពេលនោះ​យើង​នឹង​បានឃើញ​ភាព​ចម្រុះ​នៃ​គំនិត​ប្រកបដោយ​ភាព​វិជ្ជមាន​ដែល​អាច​រុញច្រាន​ឱ្យ​សកម្មភាព​នានា​ក្នុងសង្គម​នឹង​វិវត្តន៍​ឆ្ពោះទៅរក​ភាព​វិជ្ជមាន។ ជា​គោលដៅ និង​ជា​គុណ​តម្លៃ​របស់​កម្មវិធី The Perspectives Cambodia គឺ​យើង​ចង់ឃើញ​យុវជន និង​បណ្តុះបណ្តាល​យុវជន​ឱ្យ​ក្លាយជា​មនុស្ស​មាន​សីលធម៌ ចេះ​គោរព​គ្នា និង​មាន​ភាពជា​អ្នក​វិជ្ជាជីវៈ​និយម។ លើសពីនេះទៅទៀត យើង​ក៏​បណ្តុះបណ្តាល​ពួកគាត់​ឱ្យមាន​សេចក្តីក្លាហាន​ផងដែរ តាមរយៈ​ការពង្រឹង​គំនិត និង​ឥរិយាបថ​ប្រកបដោយ​ឆន្ទៈ​នៃ​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​ភាព​វិជ្ជមាន និង​ជំរុញ​ឱ្យ​គាត់​ក្លាយជា​មនុស្ស​ដែលមាន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការចូលរួម និង​មាន​សតិសម្បជញ្ញៈ​ក្នុង​ស្មារតី​សាមគ្គីភាព ហើយ​ទទួលយក​នូវ​គំនិត​ចម្រុះ​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​ត្រឹមត្រូវ៕

  • 10វិធី បំបាត់​អាការ «ត្អើក» យ៉ាង​មាន​ប្រសិទ្ធភាព

    10វិធី បំបាត់​អាការ «ត្អើក» យ៉ាង​មាន​ប្រសិទ្ធភាព

    «ត្អើក» ជា​អាកា​រដែ​លអាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា ដែល​បណ្ដាលមកពី​អាការ​ដែល​ក្រពះ​អាហារ​កើត​អាការ​ក្រហាយ ធ្វើឱ្យ​សរសៃប្រសាទ​ត្រូវ​ជំរុញ​ឱ្យធ្វើ​ការខុស​ប្រក្រតី ហុច​ផល​ឱ្យ​សន្ទះ​បាំង​ខ្យល់ ឬ​សាច់ដុំ​ដែល​ឃាំង​កណ្ដាល​រវាង​ប្រអប់​ទ្រូង និង​ប្រអប់​ពោះ​មាន​អាការ​បង្រួញ​ខ្លួន​ឡើង​រឹង​ជាចង្វាក់ៗ សាច់ដុំ​ឆ្អឹងជំនី​បានទទួល​រង​ការ​ញ័រ​រញ្ជួយ​ឱ្យ​កើតការ​បង្រួញ​ខ្លួន​ឡើង​រឹង​ក្នុង​លក្ខណៈ​ដូចគ្នា។

    មូលហេតុ​របស់​អាការ​ត្អើក មាន​ទាំង​ខាង​សភាព​រាងកាយ និង​ខាង​អារម្មណ៍។ ខាង​រាងកាយ​មានដូចជា ផលប៉ះពាល់​បន្ទាប់បន្សំ​ពី​ភាពខុសប្រក្រតី​របស់​បំពង់ក និង​ដើមទ្រូង ដូចជា ឃើញ​មាន​ដុំ​សាច់​ដុះ ក្រពេញ​ទឹករងៃ​រីក​ធំ ឬ​ភាពខុសប្រក្រតី​របស់​ប្រអប់​ពោះ ដូចជា រលាក​សាច់​ភ្នាស​ប្រអប់​ពោះ ឬ​អា​ការដែល​កើតឡើង​ក្រោយ​ការវះកាត់។ ចំណែក​អាការ​ត្អើក​បណ្តាលមកពី​ខាង​អារម្មណ៍ មានដូចជា ការភ្ញាក់ផ្អើល​ឡើងភ្លាមៗ ឬ​មាន​បញ្ហា​ធុញថប់​តានតឹង​រ៉ាំរ៉ៃ​ជាដើម។

    ក្រៅពីនេះ ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ហ្គាស​ច្រើន ដូចជា ស្រា​បៀរ ស្រា​សូ​ដា ការទទួល​ទាន​អាហារ​ច្រើន​ជ្រុល​ពេក ទទួលទាន​អាហារ​រសជាតិ​ហឹរ ឬ​ប្រៃ​ខ្លាំង និង​ជក់បារី​ច្រើន​ក៏​ជា​មូលហេតុ​របស់​អាការ​ត្អើក​បាន​ដូចគ្នា។

    ជា​ប្រក្រតី​អាការ​ត្អើក​នឹង​បាត់​ទៅវិញ​ជាបណ្ដើរៗនៅពេលដែល​ពេលវេលា​កន្លងផុត​ទៅបាន​មួយរយៈ តែបើ​សិន​ជាមាន​អាការ​ត្អើក​ក្នុងអំឡុងពេលសំខាន់ៗ ដូចជា ស្ថិតក្នុង​អំឡុងពេល​ប្រជុំ សម្ភាស​ចូលធ្វើការ ឬ​នៅ​ទីសាធារណៈ​ជាដើម​នោះ អ្នក​ច្រើនតែ​ចង់ឱ្យ​អាការ​ត្អើក​នេះ​ឆាប់​បាត់​ទៅវិញ​ឱ្យលឿនៗ ដូច្នេះ​ចូរ​សាកល្បង​ធ្វើតាម​វិធី​ខាងក្រោម​ទាំងអស់នេះ​សាកល​មើល៖

    1. ដកដង្ហើម​ក្នុង​ថង់​ក្រដាស
    2. ទំពា​នំប៉័ង​ក្រៀម
    3. បង្អោន​ខ្លួន​ទទួលទាន​ទឹក​ពី​មាត់​កែវ​ដែល​នៅខាងមុខ ឬ​ខាង​ណា​ដែល​នៅ​ជិត​បបូរមាត់
    4. ក្រេបទឹក​ពី​កែវលឿនៗ ច្រើន​ក្អឹ​ក
    5. លេប​ទឹកកក​ដែល​កិន​ម៉ដ្ឋ
    6. ធ្វើឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង ដូចជា ទះ​ខ្នងស្រាលៗមិនឱ្យ​ដឹងខ្លួនភ្លាមៗ
    7. ច្របាច់​ត្រង់​សាច់​ប៉ោង​ក្រោម​ម្រាម​មេដៃរ​បស់ដៃ​ម្ខាង​ទៀត ឬ​សង្កត់​ម្ដុំ​ស្នាម​ចង្អូរ​លើ​បបូរមាត់
    8. យក​ម្រាមដៃ​ញ៉ុ​ក​រន្ធ​ត្រចៀក​ប្រមាណ​ជា 20-30នាទី
    9. ក្រេបទឹក​ផ្លែក្រូច​ឆ្មារ​ស្រស់
    10. អត់​ដង្ហើម ហើយ​រាប់​លេខ​នៅក្នុង​ចិត្ត​ពី1ដល់15

    បើ​ធ្វើ​អស់​គ្រប់​វិធី​ហើយ អាការ​ត្អើក​នៅតែ​មិន​បាត់​ទៀត សូម​ធ្វើ​ចិត្ត​ឱ្យត្រជាក់ៗ ហើយ​អង្គុយ​រង់ចាំ​មួយស្របក់ អាការ​ត្អើក​នឹង​ល្អប្រសើរ​ឡើងវិញ​ជាបណ្ដើរៗមិន​ខាន។ តែបើ​លោក​អ្នកមាន​អាការ​ត្អើក​ញឹកញាប់ ឬ​ត្អើកខ្លាំងៗរហូត​មាន​អាការ​ឈឺ-ក ឈឺ​ដើមទ្រូង ឬ​ឈឺ​ខ្នង​នោះ គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​រាងកាយ​យ៉ាង​លម្អិត​ជាថ្មី​ម្ដងទៀត៕

  • Austin ជាប់​ពិន័យ​ព្យួរ 3ប្រកួត ក្រោយពី​ទាត់​លើ​ផ្ទៃមុខ​របស់​អ្នកចាំទី Lossl

    Austin ជាប់​ពិន័យ​ព្យួរ 3ប្រកួត ក្រោយពី​ទាត់​លើ​ផ្ទៃមុខ​របស់​អ្នកចាំទី Lossl

    ខ្សែប្រយុទ្ធ Charlie Austin របស់ Southampton ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើហិង្សា និង​បាន​រង​ពិន័យ​ព្យួរ3ប្រកួត ក្រោយពី​បាន​ទាត់​អ្នកចាំទី Jonas Lossl របស់​ក្រុម Huddersfield ចំ​ផ្ទៃមុខ ក្នុងពេល​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 កាលពី​ថ្ងៃ​សៅរ៍។ ខ្សែប្រយុទ្ធ​របស់​ក្រុម Southampton រូបនេះ ត្រូវបាន​មើលឃើញថា បាន​ទាត់​អ្នកចាំទី Lossl ចំ​ច្រមុះ ដែល​បានធ្វើ​ឲ្យ​អ្នកចាំទី​រូបនោះ ហូរឈាម​ពេញ​ផ្ទៃមុខ និង​ត្រូវការ​ការព្យាបាល់​រយៈពេល 4នាទី។

    Austin ដែល​ក្រោយមក​ត្រូវបាន​ប្តូរ​ចេញ​ដោយសារតែ​របួស​សរសៃ​ពួរ​គន្លាក់ជើង​នោះ មិនត្រូវ​បានផ្តល់​ការពិន័យ​ដោយ​អាជ្ញាកណ្តាលភ្លាមៗឡើយ ប៉ុន្តែ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA បានសម្រេច​ចិត្ត​ដាក់ពិន័យ​ព្យួរ 3ប្រកួត ក្រោយពី​បាន​ត្រួតពិនិត្យ​មើល​លើ​ឧប្បត្តិ​ហេតុនេះ។ FA បានប្រកាសថា៖ Charlie Austin នឹងត្រូវ​ជាប់​ពិន័យ​ព្យួរ​សម្រាប់​ការប្រកួត 3លើក​បន្ទាប់​របស់ Southampton ក្រោយពី​រូបគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើហិង្សា។

    រូបគេ​បានទទួល​ការចោទប្រកាន់​នេះ ប៉ុន្តែ​បានធ្វើ​ការតវ៉ា​ថា ការដាក់ពិន័យ​ព្យួរ​មាន​ទំហំ​ធំ​ពេក​ហើយ។ ការតវ៉ា​នេះ ត្រូវបាន​ច្រានចោល​ដោយ​ក្រុមប្រឹក្សាវិន័យ​ឯករាជ្យ។ Austin វ័យ 28ឆ្នាំ​នឹងត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត 3លើក​បន្ទាប់​របស់​ក្រុម Southampton ពោលគឺ​ការប្រកួត​នៅលើ​ទឹកដី​ក្រុម Tottenham និង Manchester United ក៏ដូចជា​ការប្រកួត​លើទឹក​ដី​ខ្លួនឯង ជាមួយនឹង​ក្រុម Crystal Palace នា​ថ្ងៃទី2 ខែមករា ឆ្នាំ2018៕

    ប្រភពពី៖ The Sun

  • លោក Zidane បញ្ជាក់ថា Real Madrid នឹងមិន​បោះបង់​ការ​ប្រជែង​ពាន​ឡើយ

    លោក Zidane បញ្ជាក់ថា Real Madrid នឹងមិន​បោះបង់​ការ​ប្រជែង​ពាន​ឡើយ

    លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្រុម Real Madrid បាន​បញ្ជាក់ថា ក្រុម​របស់លោក​នឹងមិន​យល់ព្រម​ចុះចាញ់​ដោយងាយៗ និង​បោះបង់​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពាន​របស់ខ្លួន​ឡើយ បើទោះបី​ពួកគេ​បាន​ជូ​ប​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 3-0 ក្នុងការ​ប្រកួត El Clasico ក្រោម​ស្នាដៃ​ក្រុម Barcelona កាលពី​ថ្ងៃ​សៅរ៍ ក៏ដោយ។

    ការបរាជ័យ​នេះ បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប Real Madrid ដេញតាម​ពីក្រោយ​ក្រុម Barcelona ដល់​ទៅ14ពិន្ទុ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ La Liga បើទោះបី​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ក៏ដោយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ បាន​បញ្ជាក់ថា Real នឹងមាន​ភាពខ្លាំង​ជាង​មុន​នៅ​ឆ្នាំ​ថ្មី​នេះ ក្រោយពី​ការ​សម្រាក​នា​រដូវរងា​របស់​ក្របខ័ណ្ឌ La Liga និង​បាន​បដិសេធ​ក្នុងការ​ធ្វើការ​បោះបង់​ពានរង្វាន់​លី​ក​ទៅ​ឲ្យ​ក្រុម Barcelona។

    លោក Zinedine Zidane គ្រូបង្វឹក​របស់ Real បាន​ឲ្យ​ដឹងថា៖ យើង​ពិតជា​ខកចិត្ត ពីព្រោះ​វា​ជាការ​បរាជ័យ​មួយ​ដែល​ធ្វើ​ឲ្យ​ឈឺចាប់។ Real មិនដែល​បោះបង់​ឡើយ ទោះបី​មាន​អ្វី​កើតឡើង​ក៏ដោយ។ វា​ជា​ពេលវេលា​ដ៏​លំបាក ពីព្រោះ​យើង​បាន​ចាញ់​ដោយ​គ្រាប់​បាល់3គ្រាប់។ ខ្ញុំ​អាច​និយាយបានថា យើង​មិន​ស័ក្តិសម​ចាញ់​បែបនេះ​ឡើយ ប៉ុន្តែ នោះ​គឺជា​កីឡាបាល់ទាត់។ ការបរាជ័យ​នេះ ធ្វើ​ឲ្យ​ក្រុម Real Madrid នៅ​រក្សា​ការ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4 ខណៈដែល​បច្ចុប្បន្ន​ក្រុម Barcelona នាំមុខ 9ពិន្ទុ​ដាច់​លើ​ក្រុម​ឈរ​លេខ2 Atletico Madrid។ ក្រោយពី​បាន​បង្កើត​ឱកាស​ជាច្រើន​នៅ​តង់​ទី1 ក្រុម Real Madrid មិនអាច​ទប់ស្កាត់ Lionel Messi បានឡើយ ខណៈដែល​តារា​ឆ្នើម​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី1គ្រាប់ ក្រោយពី Luis Suarez បា​នរក​គ្រាប់​បាល់​បើកឆាក ហើយ​បន្ទាប់មក បាន​ជួយ​ឲ្យ Aleix Vidal រក​គ្រាប់​បាល់​ទី3 សម្រាប់​ក្រុម Barca នៅ​នាទី​បន្ថែម៕

    ប្រភពពី៖ Sport24

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 107

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 107

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/12/LRPN_107-for-web.pdf” force_dl=”1″]

  • លើ​កោះ សាមុយ ជាមួយ Bangkok Airways ភាព​ពេញចិត្ត​ដែល​មិនអាច​បំភ្លេចបាន

    លើ​កោះ សាមុយ ជាមួយ Bangkok Airways ភាព​ពេញចិត្ត​ដែល​មិនអាច​បំភ្លេចបាន

    ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្បីល្បាញ​ប្រចាំ​ភូមិភាគ​អាស៊ី-អាគ្នេយ៍ Bangkok Airways ម្ចាស់​ពាក្យស្លោក Asia’s Boutique Airline” កាលពីដើម​ខែធ្នូ កន្លងទៅថ្មីៗនេះ បានរៀបចំ​ព្រឹត្តិការណ៍​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​មួយរយៈ​ពេល 3ថ្ងៃ2យប់ នៅ​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស​ថៃ គឺ​កោះ​សាមុយ ដែលមាន​ការចូលរួម​ដំណើរ​ពី​ខាង​ក្រុមហ៊ុន​ទេសចរណ៍ និង​អ្នកសារព័ត៌មាន​ជាច្រើនរូប។

    បន្ទាប់ពី​ធ្វើដំណើរ​ដោយ​ជំនឿ​ទុកចិត្ត និង​សប្បាយរីករាយ​តាម​ជើងហោះហើរ Bangkok Airways PG 938 (ភ្នំពេញ-បាងកក) និង​បន្ត​ដោយ​ជើងហោះហើរ​លេខ PG 120 (បាងកក- សាមុយ) ក្រុម​ភ្ញៀវទេសចរ​បានមក​ដល់​កោះ​សាមុយ​ប្រកបដោយ​សុវត្ថិភាព និង​ក្ដី​រីករាយ​បំផុត។

    នៅ​ថ្ងៃ​ដំបូង​ក្រុម​ភ្ញៀវទេសចរ​ទាំងឡាយ​ត្រូវបាន​នាំ​ធ្វើដំណើរ​កម្សាន្ត​ដើម្បី​ទទួលយក​បទពិសោធ​ដ៏​ស្រស់បំព្រង​នៅលើ​ទឹកដី​កោះ​សាមុយ តាម​រថយន្ត​ទេសចរណ៍​ទៅកាន់​មណ្ឌល​ទេសចរណ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​ល្បីល្បាញ​បំផុត​នៅលើ​កោះ​សាមុយ គឺ Hin Ta និង Hin yai (ថ្ម​តា ថ្ម​យាយ) ដែល​ស្ថិតនៅលើ​ឆ្នេរសមុទ្រ និង​បានបញ្ចប់​ដំណើរ​ទេសចរណ៍​នៅ​ថ្ងៃ​ដំបូង​នេះ​ដោយ​ការ​ទៅ​ទស្សនា​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ និង​សម្បូរបែប​មួយ​នៅលើ​កោះ​សាមុយ នេះ​គឺ Central Festival Samui និង​បន្ទាប់មក​ក៏បាន​ធ្វើដំណើរ​ត្រឡប់​ទៅ​សម្រាក​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ 5ដ៏​ទំនើប និង​ល្បីល្បាញ Novotel Samui ដែល​ស្ថិត​នៅជាប់​នឹង​មាត់សមុទ្រ។

    ថ្ងៃទី8ធ្នូ ដែលជា​ថ្ងៃទី2 នៃ​ដំណើរ​កម្សាន្ត​ដ៏​សែន​អស្ចារ្យ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ល្បីល្បាញ និង​ប្រណីត​ឥតខ្ចោះ Bangkok Airways  ភ្ញៀវទេសចរ​ទាំងអស់​ត្រូវបាន​នាំទៅ​កម្សាន្ត និង​ទស្សនា​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅលើ​រមណីយដ្ឋាន​កោះ តៅ និង​កោះ​ណា​ង យួន តាមរយៈ​ទូក​ទេសចរណ៍​ល្បឿន​លឿន(Speed Boat) និង​បាន​ទៅដល់ អាវ មួង ឆ្នេរ ស្វាយ លើ​កោះ តៅ ដែល​ស្ថិតនៅ​កណ្ដាល​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ខៀវស្រងាត់​ដើម្បី​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ មាន​មុជ​ក្នុង​ទឹក​ជ្រៅ (Snorkeling) និង​ដើរ​ទស្សនា​កោះ​ដ៏​សែន​ស្រស់ស្អាត​មួយ​នេះ។

    ក្រោយពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដ៏​សែន​ឆ្ងាញ់ និង​សម្បូរបែប​នៅក្នុង​ភោជនីយដ្ឋាន​លើ​កោះ តៅ​រួចហើយ​ភ្ញៀវទេសចរ​ទាំងអស់​ត្រូវ​បាន​នាំចេញ​ដំណើរ​ទៅកាន់ កោះ ណា​ង យួន ដែល​ស្ថិតនៅ​ចម្ងាយ​តែ 480 ម៉ែត្រ​ពី​កោះ តៅ​ប៉ុណ្ណោះ។ នៅ​ទីនោះ​លោកអ្នក​អាច​សម្រាកកាយ បន្ធូរ​អារម្មណ៍​ជាមួយនឹង​បណ្ដុំ​ផ្កាថ្ម​ដ៏​ស្រស់ស្អាត ប្លែកៗ និង​កម្រ​បានឃើញ​ដ៏​ច្រើន​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា “Crystal Clear” រួចហើយ​បន្ត​ឡើង​ទៅលើ​កំពូល​កូនភ្នំ​ដើម្បី​ទស្សនា​ឆ្នេរ​កោះ​ណា​ង យួន​ទាំងមូល និង​ថតរូប​ទុកជា​អនុស្សាវរីយ៍។

    ដោយ​ភាព​សម្បូរបែប​ខាង​វិស័យ​ទេសចរណ៍​ដ៏​ទំនើប និង​ស្រស់ស្អាត រាត្រី​ថ្ងៃទី2 នេះ​ក្រុម​ភ្ញៀវទេសចរ​ត្រូវបាន​ខាង​ម្ចាស់​កម្មវិធី គឺ​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways នាំទៅ​សម្រាក​នៅឯ New Star Beach Resort ដែលជា​រី​សត​នៅជាប់​នឹង​ឆ្នេរ​ដ៏​ស្រស់ត្រកាល ដ៏​ទំនើប និង​ស្ថិតនៅ​កណ្ដាល​ធម្មជាតិ​ដ៏​គួរឱ្យ​ចង់​ស្នាក់នៅ។

    នៅ​ថ្ងៃ​បង្ហើយ (ទី9 ខែធ្នូ) បន្ទាប់ពី​ទទួលទាន​អាហារ​ពេលព្រឹក​រួច ភ្ញៀវទេសចរ​ទាំងអស់​ត្រូវបាន​នាំទៅ​ទស្សនា​តំបន់​ទេសចរណ៍​រមណី​យ​ដ្ឋា​ន Pra Yai Temple  និង​ពិសា​អាហារ​ថ្ងៃត្រង់​នៅឯ​ភោជនីយដ្ឋាន Khao Hom restaurant រួចហើយ​នៅវេលា​ម៉ោង13:00 ទាំងអស់គ្នា​បានមក​ដល់​អាកាសយានដ្ឋាន​សាមុយ និង​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង​បាងកក តាម​ជើងយន្តហោះ PG 134 និង PG 935 មក​ទីក្រុង​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព និង​ពោរពេញ​ដោយ​ក្ដី​ពេញចិត្ត និង​ជំនឿ​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​សេវាកម្ម​ដ៏​ល្អ​ប្រណីត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways  Asia’s Boutique Airline” ដ៏​ល្បីល្បាញ​មួយ​នេះ៕