Author: វល័ក្ខ

  • Firmino ជួយ Liverpool លត់ Swansea ចាស់ដៃ ខណៈ Kane បំបែក​កំណត់ត្រា

    Firmino ជួយ Liverpool លត់ Swansea ចាស់ដៃ ខណៈ Kane បំបែក​កំណត់ត្រា

    លោក Jurgen Klopp បាន​និយាយថា ក្រុម Liverpool របស់លោក ពិតជា​ផ្តល់​ការរីករាយ​ក្នុងការ​ទស្សនា ខណៈដែល​ពួកគេ​បាន​ពង្រឹង​ទីតាំង​របស់​ពួកគេ​ក្នុង​ចំណាត់ថ្នាក់​កំពូល​តារាង​ទាំង​បួន​នៃ​ក្របខ័ណ្ឌ Premier League តាមរយៈ​ការកត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 5-០ លើ​ក្រុម​បាត​តារាង Swansea កាលពី​ថ្ងៃ​អង្គារ។

    ការ​ស៊ុត​បាល់​កោង​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​ចម្ងាយ​របស់ Philippe Coutinho ក្រោយពី​ការបញ្ជូន​បាល់​របស់​តារា​ឆ្នើម Mohamed Salah បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​រកបាន​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី6 មុនពេល​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ Roberto Firmino រកបាន​គ្រាប់​បាល់1គ្រាប់​ផ្សេងទៀត។ ការព្យាយាម​របស់​កីឡាករ Trent Alexander-Arnold បាន​ជួយ​ឲ្យ​គេ​រកបាន​គ្រាប់​បាល់​ទី3សម្រាប់ Liverpool បន្ទាប់ពី​បញ្ចប់​តង់​ទី1 មុនពេល Firmino និង Alex Oxlade-Chamberlain បន្ថែម​ម្នាក់1គ្រាប់​ទៀត​ដើម្បី​បំពេញ​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ។

    លោក Klopp បាន​ប្រាប់​ទូរទស្សន៍ BBC Sport ថា៖ «ក្រោយពី​រយៈពេល 55នាទី វា​ពិតជា​អស្ចារ្យ​ណាស់។ វា​មិនមែន​ងាយស្រួល​ឡើយ។ ប៉ុន្តែ រយៈពេល​កន្លះ​ម៉ោង​ចុងក្រោយ ពិតជា​អស្ចារ្យ​ណាស់ និង​ពិតជា​ផ្តល់​ការរំភើប​ក្នុងការ​ទស្សនា ហើយ​យើង​ស័ក្តិសម​ក្នុងការ​ទទួល​ជ័យជម្នះ»។ ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Harry Kane របស់​ក្លិប Tottenham បាន​បំបែក​កំណត់ត្រា​របស់​ក្របខ័ណ្ឌ Premier League តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី3គ្រាប់ ក្នុងពេល​ក្រុម​ខ្លួន​លត់​ក្រុម Southampton យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 5-2 កាលពី​ថ្ងៃ​អង្គារ។

    នៅ​កីឡដ្ឋាន Wembley ឯនោះ​វិញ Kane បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ការរក​គ្រាប់​បាល់​ច្រើនជាងគេ​បំផុត​ក្នុង​ក្របខ័ណ្ឌ Premier League តាមរយៈ​ការរកបាន39គ្រាប់​ក្នុង​រយៈពេល12ខែ៕

    ប្រភពពី៖ BBC

  • ស្រា​បៀរ HEINEKEN នាំ​ជូន​នូវ​បទពិសោធន៍​ឆ្លង​ឆ្នាំ​ថ្មី​នៃ​ការ​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​តារាល្បីៗ

    ស្រា​បៀរ HEINEKEN នាំ​ជូន​នូវ​បទពិសោធន៍​ឆ្លង​ឆ្នាំ​ថ្មី​នៃ​ការ​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​តារាល្បីៗ

    ភ្នំពេញ៖ ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក នឹង​នាំ​ជូន​នូវ​បទពិសោធន៍​ឆ្លង​ឆ្នាំ​ថ្មី​លំដាប់​ថ្នាក់ខ្ពស់​ជាពិសេស​សម្រាប់​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​របស់ខ្លួន​ទូទាំង​រាជធានី​ភ្នំពេញ។

    បន្ទាប់ពី​កម្មវិធី​ឆ្លង​ឆ្នាំ​កាលពី​ឆ្នាំទៅ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ដោយមាន​មនុស្ស​ចូលរួម​ច្រើន​ពេញ​កន្លែង ស្រា​បៀរ Heineken ក៏បាន​សម្រេច​ពង្រីក​ប​ន្ថែ​ម​ទីតាំង​ដោយ​ដាក់បញ្ចូល​ទីតាំង​ពិសេស​ដ៏​ទំនើប​ចំនួន​ពីរ​កន្លែង​នៅ​ឆ្នាំនេះ​ដោយសារតែ​តម្រូវការ​កាន់តែ​កើនឡើង​ពី​អ្នកចូលរួម។

    ស្រា​បៀរ Heineken កំពុង​លើកទឹកចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​ចូលរួម​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ទី​ខ្ពស់​នៅ​ចំ​កណ្តាល​ក្រុង​ដូច្នេះ​ពួកគេ​អាច​រាំរែក​កម្សាន្ត​សប្បាយ​ជាមួយ​តារាល្បីៗ ដោយ​ជ្រើសរើស​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត (និង​ខ្ពស់បំផុត) ចំនួន​ពីរ​កន្លែង​គឺ ក្លិប Eclipse Skybar នៅ​ជា​ន់ទី 22 នៃ​អគារ Phnom Penh Tower និង Le Moon Sky Terrace ដែលមាន​ទេសភាព​ស្រស់ស្អាត​ដ៏​អស្ចារ្យ​បំផុត​នៃ​ពិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​នៅ​មាត់ទន្លេ។

    កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​ទាំងពីរ​របស់​ស្រា​បៀរ  Heineken នឹង​ប្រព្រឹត្តធ្វើ​ឡើងទៅ​ស្របពេល​ជាមួយគ្នា​នៅតាម​ទីតាំងនីមួយៗខាងលើ ដែលមាន​ការចូលរួម​សម្តែង​ពី​សំណាក់​ឌី​ជេ និង​តារាល្បីៗ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​ឌី​ជេ Avida, ឌី​ជេ Cathrin, Chat Kanhchna និង Khmeng Khmer។

    សូម​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​ជាមួយ​ស្រា​បៀរ  Heineken ឲ្យ​ច្រើន​កុះករ និង​រាំរែក​កម្សាន្ត​សប្បាយ​នៅក្នុង​កម្មវិធី​រាត្រី​ដ៏​អស្ចារ្យ​ទាំងនេះ​ដែល​បង្កើត​ឡើងជា​ពិសេស​សម្រាប់​អ្នកចូលរួម​និយម​ភាពទាន់សម័យ និង​លំដាប់​ថ្នាក់ខ្ពស់ ដែល​ស្វែងយល់​ពី​គុណ​តម្លៃ​នៃ​បទពិសោធន៍​ដ៏​ល្អ​ឯក។

    ជាមួយនឹង​ភាពល្បីល្បាញ​ដោយសារ​រសជាតិ និង​មាន​លក់​លើ​ទីផ្សារ​ក្នុង​បណ្តា​ប្រទេស​ជាង ១៩២ ប្រទេស   ស្រា​បៀរ​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​ទស្សនីយភាព​ពេល​រាត្រី​លំដាប់ថ្នាក់​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ក្រុងសំខាន់ៗដទៃទៀត​តាមរយៈ​ការរួមបញ្ចូល​គ្នា​នូវ​កម្មវិធី​លំដាប់​ថ្នាក់ខ្ពស់​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មី និង​បទពិសោធន៍​ពិសេស​ដ៏​ល្អ​ឯក។

    ដើម្បី​ស្វែងយល់​ព័ត៌មាន​បន្ថែម​អំពី​ស្រា​បៀរ Heineken នៅក្នុង​ប្រទេស​កម្ពុជា សូម​ចូល​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ៖ www.facebook.com/heineken/

    #Heineken #Cambodia #OpenYourWorld

    សូម​រីករាយ​ពិសា​ស្រា​បៀរ Heineken ដោយ​ការទទួលខុសត្រូវ

  • សៀវភៅ​សិក្សា​ថ្មី​នឹងត្រូវ​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ2020 ខាងមុខ

    សៀវភៅ​សិក្សា​ថ្មី​នឹងត្រូវ​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ2020 ខាងមុខ

    ជាទូទៅ​សៀវភៅ​សិក្សា​គោល​របស់​សិស្ស​តែងតែ​ត្រូវបាន​ផ្លាស់ប្តូរ​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សិស្ស​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី​ស្របទៅតាម​ការអភិវឌ្ឍ​របស់​ពិភពលោក​ទាំង​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម។

    ជា​លទ្ធផល​នៃ​សិក្ខាសាលា​ស្តីពី​ការពិគ្រោះ​យោបល់​លើ​ផែនការ​គោល​សម្រាប់​ក្របខណ្ឌ​កម្មវិធីសិក្សា​ថ្មី​ឆ្នាំ2018 ដល់​ឆ្នាំ2023 បាន​បង្ហាញថា​ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​បោះពុម្ពផ្សាយ​សៀវភៅ​ថ្មី​ជំនួស​សៀវភៅ​ចាស់​ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ននេះ នៅ​ឆ្នាំ2020 ដល់​ឆ្នាំ2023 ខាងមុខ។ សៀវភៅ​ថ្មី នឹង​ក្លាយជា​សៀវភៅ​សិក្សា​គោល​ដែល​ចាំបាច់​ត្រូវតែ​ធ្វើការ​កែសម្រួល​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរ ដោយ​បន្ថែម​នូវ​ប្រភពព័ត៌មានសំខាន់ៗដល់​សិស្សានុសិស្ស​នៅ​កម្ពុជា។

    ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើកឡើងថា ក្រសួង​អប់រំ បានរៀបចំ​កម្មវិធីសិក្សា​ថ្មី​ដោយ​ផ្តោតលើ​ការបង្រៀន​អក្សរសាស្ត្រ​ខ្មែរ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និង​ភាសាបរទេស​ចាប់ពី​ថ្នាក់​ទី4 ដល់​ថ្នាក់​ទី12 ជា​ភាសា​បារាំង ឬ​ភាសា​អង់គ្លេស និង​រៀបចំ​វិធីសាស្ត្រ​បង្រៀនថ្មីៗដើម្បីឱ្យ​សិស្ស​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​ចាប់ពី​ថ្នាក់ក្រោម​ដល់​ថ្នាក់ខ្ពស់។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ៖ កម្មវិធីសិក្សា​ថ្មី​ដែល​ក្រសួង​បានដាក់​ចេញ​នេះ​មាន​បញ្ចូល​នូវ​មុខវិជ្ជាសំខាន់ៗដូចជា មុខវិជ្ជា​អប់រំ​សុខភាព​បន្ត​ពូជ និង​ផ្លូវភេទ មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ មុខវិជ្ជា​បំ​ណិ​ន​ជីវិត​តាម​មូលដ្ឋាន មុខវិជ្ជា​ភាសា​អង់គ្លេស មុខវិជ្ជា​ភាសា​បារាំង មុខវិជ្ជា​អប់រំ​សិល្បៈ និង​មុខវិជ្ជា​អប់រំ​កាយ​ជាដើម។ នៅក្នុង​នោះដែរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អោ សៀម បាន​លើកឡើងថា ក្រៅពី​ការរៀបចំ​កម្មវិធីសិក្សា​ថ្មី​នេះ ក្រសួង​បាន​បង្កើន​ម៉ោង​សិក្សា​ពី 25ម៉ោង ក្នុង​មួយ​សប្តាហ៍​សម្រាប់​កម្រិត​បឋមសិក្សា ទៅ30ម៉ោង​ក្នុង​មួយ​សប្តាហ៍។ ស្របពេល​ជាមួយគ្នានេះដែរ យើង​បាន​បង្កើន​ម៉ោង​សិក្សា​ពី​ប្រមាណ32ម៉ោង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​កម្រិត​មធ្យមសិក្សា ទៅ40ម៉ោង​ក្នុង​មួយ​សប្តាហ៍​ផងដែរ។

    លើសពីនេះទៅទៀត ការរៀបចំ​ស្តង់ដារ​ថ្នាក់រៀន​ក៏ត្រូវ​បាន​យកចិត្តទុកដាក់ តាមរយៈ​ការបន្ថយ​ចំនួន​សិស្ស​ពី​ថ្នាក់រៀន​ដែលមាន​ចំនួន​ច្រើន ដោយ​កំណត់​យក​ចំនួន​សិស្ស​ត្រឹមតែ 35នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្នាក់​សម្រាប់​សិស្ស​ថ្នាក់​ទី1 ដល់​ថ្នាក់​ទី3 និង​កំណត់​សិស្ស​ត្រឹមតែ40នាក់ សម្រាប់​សិស្ស​ថ្នាក់​ទី4 ដល់​ថ្នាក់​ទី12។

    លោក អោ សៀម បាន​និយាយថា ៖ “ក្រសួង​បានរៀបចំ​សៀវភៅ​ផែនការ​គោល​សម្រាប់​អនុវត្ត​កម្មវិធីសិក្សា​ថ្មី​នេះ ដែល​ផែនការ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ2018 ខាងមុខ។

    អ្នកជំនាញ​ផ្នែក​អភិវឌ្ឍ​កម្មវិធីសិក្សា​ខាងលើ បានលើកឡើង​ផងដែរ​ថា ក្រសួង​នឹង​បោះពុម្ព​សៀវភៅ​សិក្សា​ថ្មី​នៅ​ឆ្នាំ2020 រហូតដល់​ឆ្នាំ2023 ដោយ​បែង​ចែកជា3ដំណាក់កាល​សំខាន់។ ដំណាក់កាល​ទី1 គឺ​បោះពុម្ព​សៀវភៅ​សម្រាប់​ថ្នាក់​ទី1 ថ្នាក់​ទី4 ថ្នាក់​ទី7 និង​ថ្នាក់​ទី10 នៅក្នុង​ឆ្នាំ2020-2021។

    ដំណាក់កាល​ទី2 គឺ​បោះពុម្ព​សៀវភៅ​សិក្សា​សម្រាប់​ថ្នាក់​ទី2 ថ្នាក់​ទី5 ថ្នាក់​ទី8 និង​ថ្នាក់​ទី11 នៅ​ឆ្នាំ2021-2022 និង​ដំណាក់កាល​ទី3 គឺ​បោះពុម្ព​សៀវភៅ​សម្រាប់​ថ្នាក់​ទី3 ថ្នាក់​ទី6 ថ្នាក់​ទី9 និង​ថ្នាក់​ទី12 នៅ​ឆ្នាំ2022-2023៕

  • ទស្សនៈ​របស់​ម្ចាស់​អាជីវកម្ម​ចំពោះ​បុគ្គលិក​ទាក់ទង​នឹង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន

    ទស្សនៈ​របស់​ម្ចាស់​អាជីវកម្ម​ចំពោះ​បុគ្គលិក​ទាក់ទង​នឹង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន

    បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​យុវជន​ខ្មែរ​ជាច្រើន​ហាក់​មាន​ទំនោរ​ងាក​ទៅ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ជាជាង​ទៅ​បម្រើ​ការងារ​ឱ្យគេ​យកប្រាក់​ឈ្នួល តែ​ក៏​មិន​ប្រាកដថា​គ្រប់​អាជីវកម្ម​របស់​ពួកគាត់​សុទ្ធតែ​ទទួលបាន​ជោគជ័យ​ទាំងអស់​នោះដែរ។

    ម្ចាស់​អាជីវកម្មនីមួយៗមាន​ចំណុច​ពិសេស​ផ្ទាល់ខ្លួនផ្សេងៗគ្នា​ដែល​អាចធ្វើឱ្យ​ការគ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​ទទួលបាន​ជោគជ័យ។ លោក ហែម ហេ​ម៉ា ម្ចាស់​អាជីវកម្ម​បោក​អ៊ុត​ទំនើប និង​យក្សា​បោក​អ៊ុត ព្រមទាំង​យក្សា​កាហ្វេ បាន​លើកឡើងថា ទោះបីជា​អាជីវកម្ម​របស់លោក​ពុំ​សូវ​ត្រូវការ​បុគ្គលិក​បម្រើការ​ងារ​ច្រើន​ក៏ពិតមែន តែ​យ៉ាងណា​ក្នុងនាម​លោក​ជា​ម្ចាស់​អាជីវកម្ម​ក៏​ទទួលស្គាល់ថា ភាពជោគជ័យ​នៃ​អាជីវកម្ម​របស់ខ្លួន​មិនមែន​បានមកពី​ការប្រឹងប្រែង​របស់លោក​តែម្នាក់ឯង​នោះទេ គឺ​ចេញ​មកពី​សកម្មភាព​នៃ​ការធ្វើការងារ​រួមគ្នា​ជាមួយ​បុគ្គលិក។

    ម្ចាស់​អាជីវកម្ម​រូបនេះ​បាន​បញ្ជាក់ថា៖“គ្រប់ពេលវេលា​ខ្ញុំ​តែងតែ​គិតថា​បុគ្គលិក​របស់ខ្ញុំ​ជា​បង​ជា​ប្អូន​ខ្ញុំ ពិសេស​ខ្ញុំ​ចាត់ទុកថា​ខ្លួនឯង​ក៏​ជា​បុគ្គលិក​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​នោះដែរ គ្រាន់តែ​ខ្ញុំ​មាន​តួនាទី​ផ្សេង​ពី​ពួកគាត់​តែប៉ុណ្ណោះ ដូច្នេះ​រាល់ពេល​ដែល​ពួកគាត់​បាន​លើក​ជា​យោបល់ ឬ​ប្រាប់​ពី​ផល​លំបាក​នៃ​ការងារ​មកកាន់​ខ្ញុំ​គឺ​ខ្ញុំ​តែងតែ​យកមក​គិត​ដើម្បី​រក​វិធី​ដោះស្រាយ ព្រោះថា​យ៉ាងហោចណាស់​ក៏​ពួកគាត់​បានគិត​ចង់ឱ្យ​ក្រុមហ៊ុន​មានការ​រីកចម្រើន​ដែរ​ទើប​គាត់​លើក​ជា​យោបល់។ ម្យ៉ាង​គំនិត​ច្រើន​វា​ល្អ​ជាង​ការគិត​ឃើញតែ​ម្នាក់ឯង។

    លោក ហេ​ម៉ា បញ្ជាក់ថា ដើម្បី​ឈានទៅដល់​ការ​អនុវត្ដ​ការងារ​គ្រប់​សកម្មភាព​ឱ្យបាន​ជោគជ័យ ឬ​មុនពេល​បើក​អាជីវកម្ម ដាច់ខាត​ម្ចាស់​អាជីវកម្ម​ត្រូវតែមាន​ការរៀបចំ​គម្រោង​ផែនការ​ឱ្យបាន​ច្បាស់លាស់ ព្រោះ​ការរៀបចំ​ផែនការ​ច្បាស់លាស់​ងាយស្រួល​យើង​អាច​ទប់ស្កាត់​នូវ​ហានិភ័យ​ដែល​នឹង​កើតឡើង​បាន​ងាយស្រួល​ជាង​ការដែល​មិនបាន​រៀបចំ​វា និង​គិតទុក​មុន។ ជាង​នេះ​វា​នឹង​បង្ក​ភាពងាយស្រួល​ដល់​យើង​ក្នុង​ការកែប្រែ​ស្ថានការណ៍ ដើម្បី​គេចចេញ​ពី​ឧបសគ្គ​តាមរយៈ​ការសិក្សា​ផែនការ​បន្ថែម និង​មាន​ភាព​បទ​បែន​ជានិច្ច។ ជាមួយគ្នានេះ​លោក​ក៏បាន​បញ្ជាក់ថា រាល់ពេល​បុគ្គលិក​ជួប​ការលំបាក​យើង​ជា​ម្ចាស់​អាជីវកម្ម​ត្រូវ​នៅ​ជាមួយ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ជាមួយគ្នា ព្រោះថា​ការធ្វើ​កិច្ចការ​ជាមួយគ្នា គឺ​វា​មិន​ខុសពី​ការ​ជិះទូក​រួមគ្នា​ឡើយ ពោលគឺ​យើង​ត្រូវធ្វើ​កា​ងារ​ជាមួយ​បុគ្គលិក​ដើម្បី​ជាការ​ផ្តល់​កម្លាំងចិត្ត​បន្ថែម​ដល់​ពួកគាត់​ទើប​យើង​អាច​សម្រេច​គោលដៅ​រួម​បាន។

    លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Co., Ltd បាន​លើកឡើងថា ដើម្បី​គ្រប់គ្រង​អាជីវកម្ម​ឱ្យទទួល​បាន​ជោគជ័យ ក្នុងឋានៈ​លោក​ជា​ម្ចាស់​អាជីវកម្ម​តែង​ប្រាប់​ខ្លួនឯង​ថា កុំ​មាន​មហិច្ឆតា​ខ្លាំងពេក និង​កុំ​មាន​អំនួត​ឱ្យសោះ ព្រោះ​ភាព​អំនួត​មិនអាច​ជួយ​យើង ឬ​ផ្ដល់​ផលចំណេញ​អ្វី​ដល់​អាជីវកម្ម​របស់​យើង​ទេ។ ផ្ទុយទៅវិញ​វា​ថែមទាំង​បាន​នាំ​យើង​ឱ្យ​ដើរ​ទៅរក​ភាពបរាជ័យ​ទៀតផង ជាក់ស្ដែង​រូបលោក​ក៏​ធ្លាប់​ជួប​ភាពបរាជ័យ​ផងដែរ ដូច្នេះ​ក្រោយពី​ដឹង​នូវ​ចំណុចខ្សោយ​របស់ខ្លួន​ហើយ​ទើប​លោក​យល់ថា​ទោះបីជា​ម្ចាស់​អាជីវកម្ម​ក៏ដោយ ត្រូវតែ​ចេះ​ទទួលយក​មតិ​អ្នកដទៃ​មក​ពិចារណា ហើយ​មិន​ត្រូវធ្វើ​អ្វី​ដោយ​អត្ដ​នោ​ម័ត​តែឯង​ឡើយ។

    លោក​ឧកញ៉ា បាន​មានប្រសាសន៍ថា៖“ខ្ញុំ​អាចបង្កើតអ្វីៗគ្រប់យ៉ាង​បាន​ឡើងមក​ក៏​ព្រោះតែ​ខ្ញុំ​យក​បេះដូង​ទៅធ្វើ​ការងារ​លើ​គ្រប់ផ្នែក ដោយ​ចាត់ទុក​បុគ្គលិក​ទាំងអស់​ជា​សមាជិក​ក្នុង​ក្រុមគ្រួសារ​តែមួយ មានន័យថា​យើង​កំពុងតែ​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា។ រាល់​ការងារ​ទាំងអស់​នៅពេលដែល​យើង​យក​បេះដូង​ទៅ​និយាយ​វា​មាន​ភាពទូលំទូលាយ​ជាង​ការដាក់​បញ្ជា។ ជោគជ័យ​របស់ខ្ញុំ​មាន​សព្វថ្ងៃ​បាន​ដោយសារតែ​បងប្អូន​ខ្ញុំ(បុគ្គលិក)ជួយ​ជំរុញ​គំនិត​ឱ្យ​ខ្ញុំ​ចេះ​ច្នៃប្រឌិត យកមក​ធ្វើជា​គម្រោង និង​អនុវត្ដ​ជាប្រចាំ។

    ទោះជា​យ៉ាងណា លោក​ឧកញ៉ា បាន​បន្ថែមថា​សមត្ថភាព​បុគ្គលិក​គឺជា​រឿង​សំខាន់ ដូច្នេះ​រាល់​ការធ្វើ​អាជីវកម្មនីមួយៗ យើង​ត្រូវ​ស្គាល់​ពី​សមត្ថភាព​បុគ្គលិក និង​ត្រូវ​បណ្ដុះបណ្ដាល ហ្វឹកហាត់​ពួកគាត់​បន្ថែម។ ក្នុង​ក្រុមហ៊ុន​មួយ​ទាល់តែ​បុគ្គលិក​មាន​សមត្ថភាព​ទើប​អាចធ្វើ​កិច្ច​ការល្អ ពិសេស​បញ្ហា​ផ្លូវ​ចិ​ត្ដរបស់​បុគ្គលិក​ក៏​រឹតតែ​សំខាន់​បើសិន​បុគ្គលិក​ធ្វើការ​ងារ​ដោយ​ពុំ​ស្រឡាញ់ និង​គ្មាន​ទំនួល​ខុសត្រូវ​ក្រុមហ៊ុន​នឹង​ទន់ខ្សោយ​ទៅតាម​ហ្នឹង​ដែរ។ ក្នុងនាម​ម្ចាស់​អាជីវកម្ម​យើង​ត្រូវ​ចេះ​បណ្ដុះ​គំនិត​ពួកគាត់​ឱ្យ​ស្រឡាញ់​ក្រុមហ៊ុន​របស់​យើង​ឱ្យ​ដូចជា​របស់គាត់។ លោក​ឧកញ៉ា​បាន​បញ្ជាក់ថា៖“យើង​អាចធ្វើ​ការងារ​នេះ​បាន​តាមរយៈ​ការកាត់បន្ថយ​ការស្ដីបន្ទោស ហើយ​ងាក​មករក​ការសម្របសម្រួល និង​ដំណោះស្រាយ​រួមគ្នា។

    លោក​ឧកញ៉ា​បន្ថែមទៀត​ថា ទោះបីជា​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​ក៏ដោយ​សំខាន់​យើង​ត្រូវ​ចេះ​បញ្ជ្រៀប​ខ្លួន​ចូល​ជាមួយ​បុគ្គលិក ដើម្បី​ឱ្យដឹង​គ្រប់​ជ្រុងជ្រោយ គ្រប់​គន្លឹះ​ទាំងអស់ ពិសេស​ត្រូវមាន​ឆ​ន្ទះ​ធ្វើ​កិច្ច​ការឱ្យ​ខ្លាំងក្លា​ជាង​ពួកគាត់។ ក្នុងនាម​យើង​ជា​ម្ចាស់​អាជីវកម្ម​ក៏ត្រូវ​មាន​ផែនការ​មួយ​ឱ្យ​ច្បាស់លាស់ ព្រោះ​រាល់​មុខ​ជំនួញ​ទាំងអស់​ត្រូវមាន​គោលការណ៍ ឆន្ទៈ និង​គោលបំណង​ឱ្យ​ច្បាស់លាស់​ទើប​យើង​ងាយស្រួល​ដើរ​ឆ្ពោះទៅរក​គោលដៅ។ គោលដៅ​របស់​យើង​គឺ​មិនមែន​បានត្រឹមតែ​គិត​គ្មាន​ការ​អនុវត្ដ​នោះទេ។ ដូច្នេះ​ដើម្បី​ធ្វើ​វា​បាន​យើង​ត្រូវ​បោះចោល​គំនិត​អគតិ ឬ​អវិជ្ជមាន ហើយ​គិត​នូវ​អ្វីល្អៗ និង​រក​ដំណោះស្រាយ​ល្អ ធ្វើយ៉ាងណា​ឱ្យ​ការងារ​របស់​យើង​មាន​សកម្ម​ភាពរស់រវើក​ជានិច្ច​ដើម្បីឱ្យ​ចរន្ដ​ការងារ​មាន​ភាពល្អប្រសើរ៕

  • វីដេអូអប់រំខ្លី ភាគទី៣ «បទពិសោធន៍ការខ្ចីលុយពីអ្នកចងការ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»

    វីដេអូអប់រំខ្លី ភាគទី៣ «បទពិសោធន៍ការខ្ចីលុយពីអ្នកចងការ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»

    បទពិសោធន៍ខ្ចីប្រាក់ពីអ្នកចងការលុយក្រៅប្រព័ន្ធដែលមានការប្រាក់ខ្ពស់ និងខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងគោរពតាមគោលការណ៍ការពារអតិថិជន ដែលមានការប្រាក់សមរម្យ ជាមួយនឹងការប្រឹក្សាយោបល់ច្បាស់លាស់មុននឹងផ្តល់ប្រាក់កម្ចី៕

  • Huawei រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន និង​ដៃគូរ​ផ្សព្វផ្សាយ ស្វាគមន៍​ឆ្នាំ​ថ្មី

    Huawei រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន និង​ដៃគូរ​ផ្សព្វផ្សាយ ស្វាគមន៍​ឆ្នាំ​ថ្មី

    នៅ​ថ្ងៃទី 25 ខែ ធ្នូ 2017 កន្លងទៅនេះ Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក ដែល​កំពុង​ឡើង​កូដ​និង​ទទួលបាន​ការពេញនិយម​នៅ​ទូទាំង​ពិភពលោក ក៍​ដូចជា​នៅ​កម្ពុជា​ផងដែរ ដែល​នាពេលថ្មីៗនេះ​បានរៀបចំ​កម្មវិធី​ជប់លៀង​និង​ថ្លែងអំណរគុណ អ្នកសារព័ត៌មាន តារា​បង្ហាញ​ម៉ូត អ្នក​ថតរូប អាជីព ប្រមាណ 40នាក់ នៅ​ភោជនីយ​ដ្ឋ​នា  Moonlight  ក៍​ដូចជា អបអរ​បុណ្យ​គ្រី​ស្ត​ម៉ាស និង​ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ 2018 ខាងមុខនេះ ផងដែរ ។

    កម្មវិធី​នេះ ក៍មាន​ការចូលរួម​ពី​តារា​បង្ហាញ​ម៉ូតល្បីៗដូចជា កញ្ញា ចាន់ គង្គា កញ្ញា ពី​យ៉ា វ៉េ​ហ្គា កញ្ញា ហង្ស សូ​រី​យ៉ាន និង កញ្ញា សូ នីរ​ត្ន័ និង​លោក ឡាង សូលី​ណា ដែលជា​អ្នក​ថតរូប​អាជីព គ្រូបង្រៀន​ថតរូប​ដ៍​ល្បី ។ ក្នុង​កម្មវិធី​នេះ​ក៍មាន​ចាប់​រង្វាន់ និង​ផ្តល់រ​ង្វាន់​អនុស្សាវរីយ៍​ដ៍​ច្រើនសន្ធឹក​សន្ធាប់ ដូចជា កញ្ចប់​រង្វាន់ Nova 2i (12 រង្វាន់) ជើង​ទម្រ​ខ្នាត​យក្ស (3 រង្វាន់) Huawei Bluetooth Speaker (4 រង្វាន់) ទូរ​សព្ទ័​ស៊េរី​ថ្មី Huawei Y3 2017 (2 រង្វាន់) បាន​ទៅលើ លោក សុក សិទ្ធិ​ការ (ហង្ស​មាស) លោក ណាវិន គិ​ម (The Phnom Penh Time) ។

    លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ បាន​ថ្លែងអំណរគុណ និង​មានប្រសាសន៍ថា  “Huawei ដែល​គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក ទទួលបាន​ចំណាត់​ទី2 កំពុង​ឡើង​កូដ និង​រាល់​គ្រប់​ស៊េរីថ្មីៗ ទទួលបាន​ការពេញនិយម និង​លក់ដាច់​បំផុត​នៅ​កម្ពុជា និង​អាចឈរជើង​ប្រកួតប្រជែង នៅ​កម្ពុជា ក៍​មិនអាច​កាត់ផ្តាច់​បាន​ពី​កិច្ចសហការ​ណ៍​ពី​បណ្តារ​អ្នកសារព័ត៌មាន តារា​បង្ហាញ​ម៉ូត ដៃគូរ សហ​ការណ៍​ផ្សព្វផ្សាយ និង​ដៃគូរ​អាជីវកម្មផ្សេងៗនិង​មួយចំនួនធំ​ទៀត នៅ​ទូទាំងប្រទេស ។ ក្រុមហ៊ុន​សូម ជូនពរ​បណ្តារ​ដៃគូរ​សហការ​ណ៍ ជួបប្រទះ​តែ​សេចក្តីសុខ ជោគជ័យ រីកចម្រើន​ក្នុង​មុខរបរ ក៍​ដូចជា​អាជីព និង​បន្ត​កិច្ចសហការ​ណ៍ដ៍​យូរអង្វែង និង​រឹងមាំ បន្តទៅ​អនាគត ។ ”

    Huawei បានធ្វើអោយ​កក្រើក​ទីផ្សារ​ស្មា​ត​ហ្វូ​ន នៅ​កម្ពុជា តាមរយៈ​ការចេញលក់ Huawei Y7 Prime, Huawei P10/P10 Plus, Huawei Y ស៊េរី និង​ចុង​ក្រោយនេះ Huawei  nova 2i ស៊េរី​ថ្មី ដែលមាន​រហ័ស​នាម​ថា “អា​ភ្នែក4 (កាមេរ៉ា 4)” ពោលគឺ​រាប់​ចាប់តាំងពី​អតិថិជន​ពេញចិត្ត​គ្រប់បែបយ៉ាង​ចំពោះ Huawei nova 2i នេះ ។ ”អា​ភ្នែក 4 ” រហ័ស​នាម​ថ្មី​របស់​ស្មា​ត​ហ្វូ​ន HUAWEI nova 2i ស៊េរី​ថ្មី ប្រល័យ​ចិត្ត​យុវវ័យ លុកលុយ​ទីផ្សារ អ​ន្រួ​ន​បេះដូង​អតិថិជន​នៅ​កម្ពុជា ដែលជា​ស្មា​ត​ហ្វូ​ន​កាមេរ៉ា4 ដំបូង​គេ​បង្អស់​លើ​ពិភពលោក ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​អេក្រង់​ធំ ពេញចិត្ត ពេញភ្នែក ពេញ​គែម 5.9 អ៊ី​ញ ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត ត​ន្រី្ត យូ​ធូប បណ្តាញ​សង្គម ពិសេស Live Facebook រឺ Video Calls ច្បាស់ រាង​ស្អាត ស្តើង ស្រាល ធន់ មាំ ដោយមាន​ចំណុច​ពិសេស​ចាក់​ដោត​បេះដូង ធ្វើអោយ​អ្នក​ប្រើ​ស្លុង​អារម្មណ៍ Huawei    Nova 2i ចំណុចខ្លាំង​នោះ​គឺ (1) កាមេរ៉ា 4 ដំបូងបង្អស់​លើ​ពិភពលោក ពោលគឺ កាមេរ៉ា​ក្រោយ 2: Take Photos Like Pro ច្បាស់​ថត​ស្អាត​មុខងារ Pro Mode កមេ​រ៉ា​មុខ 2: Selfie Level Pro ច្បាស់​ស្អាត​កប់ ខូ្យ​ត​កប់ បន្ថែម​មុខងារកំប្លែងៗតុ​ក្ត​តារ (2) ល្បឿន​លឿន​ជាង ទំហំ RAM 4GB ទំហំ​ក្នុង​ម៉ាស៊ីន ROM 64GB (3) រូបរាង​ទាក់ទាញ ស្រោប​លោហធាតុ ស្រាល​ជាង មាំ​ជាង ធន់​ជាង ស្តើង​ជាង (4) អាច​ប្រើ Twin apps ក្នុង​ម៉ាស៊ីន​ពី​រោងចក្រ ពោលគឺ​ប្រើ​កម្មវិធី Facebook / LINE/Messenger/ QQ/WeChat ឈ្មោះ​ពីរ​លើ apps តែមួយ ។

    ស៊េរីកប់ខ្លាំងៗរបស់​ហ៊ួ​រវ័យ​ប្រចាំឆ្នាំ​នោះ​គឺ Huawei Mate 10 Pro រូបរាង​ល្អ​ដូច​ពេជ្រ រលើបរលោង សមជា​ស្មា​ត​ហ្វូ​ន​ក្នុង​សុ​បិ​ន្ត ខ្លាំង​ជាង​មុន លឿន​ជាង​មុន បន្ថែម​តួនាទី​អាច​ដើរតួរ​ជា​កុំព្យូទ័រ សមត្ថភាព​កំពូល លឿន​ជាង 25 ដង ខ្លាំង 25 ដង ដែល CPU បំពាក់​បច្ចេកវិទ្យា   AI ដំបូង​គេ​បង្អស់​លើ​ពិភពលោក (Word’s First AI Processor Inside) ដែលមានលក្ខណៈពិសេសៗ ដូចជា (1) អេក្រង់​លាត​ដល់​ពេញ​គែម​ទំហំ 6.0″ AMOLED  (2) បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​សហ​ការណ៍​ជាមួយ  Leica 12 MP (f/1.6, 27mm, OIS) +20 MP (f/1.6, 27mm) និង​កាមេរ៉ា​មុខ 8 MP, f/2.0 (3) RAM 6GB ទំហំ​ក្នុង​ម៉ាស៊ីន ROM 128GB  (4) ល្បឿន​ប្រតិបត្តិការ CPU: Hisilicon Kirin 970 (5) ថាមពល​ថ្ម 4000 mAh និង (6) បំពាក់​នូវ​បច្ចេកវិទ្យា​ស្កេ​ន ក្រ​យ៉ៅ​ដៃ​លឿន បន្ថែម​ជូន​កាដូ​ស៊ី​អារម្មណ៍ ឧបករណ៍​តាមដាន​ទម្ងន់​និង​វាស់​ជាតិ​ខ្លាញ់ (Huawei Smart Fat Scale) និង ស៊ីម​ស្មា​ត​លេខ​ល្អ បន្ថែម​កញ្ចប់​ស្មា​ត​ធំ​ម្ម៉​ង 24 សប្តាហ៍ ដោយ​ឥតគិតថ្លៃ សម្រាប់​អតិថិជន​ដែល​បានក​ម្ម៉​ង​ទុក​មុន ដែលមាន​តម្លៃ​សរុប​ប្រមាណ 100$ ។

    ហ៊ួ​រវ័យ​អ្វី​ក៍មាន តម្លៃ​ប៉ុណ្ណា​ក៍មាន ស្មា​ត​ហ្វូ​នដំបូងៗស្ទើរ​លុយ Y3II 3G (79$), Y3 2017 (115$), Y6 II (149$) បន្ទាប់ពី​ជឿជាក់​ឡើង​ស៊េរី Y7 Prime (229$) Huawei T3 (10”): 269$ កាន់តែ​លង់​ចិត្ត​ដូរ​ស៊េរី​ដល់​អា​កាមេរ៉ា 4 Nova2i (329$) ភ្លេចខ្លួន​ហ៊ាន​ជះ​លុយ​ដល់​អាកប់​ស៊េរី Mate 10 Pro (860$) ជាមួយនឹង​ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមធំៗ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫ​កាដូ​អស់ពី​ស្តុក ។

    ចង់ដឹងថា ដើម្បី​អបអរ បុណ្យ​គ្រី​ស្ត​មាស និង​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ 2018 នេះ តោះ​មើល​វីដេអូ​នេះ​ទាំងអស់គ្នា

    https://www.youtube.com/watch?v=GexwNYCVNgY

  • Mata សង្ឃឹមថា Man Utd អាច​ស្តារ​មុខមាត់​ឡើងវិញ​ពេល​ប៉ះ Burnley រាត្រី​នេះ

    Mata សង្ឃឹមថា Man Utd អាច​ស្តារ​មុខមាត់​ឡើងវិញ​ពេល​ប៉ះ Burnley រាត្រី​នេះ

    ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Juan Mata របស់​ក្លិប Manchester United បាន​បញ្ជាក់ថា មិត្ត​រួម​ក្រុម​របស់គេ ពិតជា​ខឹង​យ៉ាងខ្លាំង ក្រោយពី​បាន​បាត់បង់2ពិន្ទុ​នៅលើ​ទឹកដី​ក្រុម Leicester City ប៉ុន្តែ រូបគេ​សង្ឃឹមថា ពួកគេ​អាច​ស្តារ​មុខមាត់​ឡើងវិញ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Burnley នៅ​រាត្រី​នេះ។

    ក្រុម​របស់លោក Jose Mourinho បាន​ជួប​ភាពអាម៉ាស​ដោយសារតែ​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់​ក្រុម​នៅសល់​សមាជិក​ត្រឹមតែ10នាក់ Leicester ក្នុងពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ដែល​បានធ្វើ​ឲ្យ​ក្រុម Man Utd ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City រហូតដល់​ទៅ13ពិន្ទុ​នៅ​ពាក់​កណ្តាលផ្លូវ​នៃ​រដូវ​កាល​នេះ។ លោក Mourinho បាន​សម្តែង​នូវ​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​ការ​ខ្ជះខ្ជាយឱកាសល្អៗជាច្រើន និង​ការធ្វើ​ឲ្យ​មាន​កំហុស​ដ៏​គួរ​ឲ្យ​ចង់​សើច​ជាច្រើន​ពី​កីឡាករ​របស់លោក ក្រោយពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​កាលពី​ថ្ងៃ​សៅរ៍។ ប៉ុន្តែ  Mata ដែល​បាន​រក​គ្រាប់​បាល់​ទាំង 2គ្រាប់​សម្រាប់​ក្រុម Man United ក្នុងការ​បំពេញ​តួនាទី​យ៉ាង​ល្អ​របស់គេ​នោះ សង្ឃឹមថា ក្រុម​របស់គេ​នឹង​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការខកចិត្ត​ដោយសារតែ​ការប្រកួត​នៅ​កីឡដ្ឋាន King Power។

    Mata បាន​ឲ្យ​ដឹងថា៖ «អ្នក​ត្រូវតែ​រក្សា​ការ​ឆ្ពោះទៅមុខ​ជានិច្ច។ វា​ជា​ពេលវេលា​នៃ​បុណ្យ​ណូអែល អ្នក​ត្រូវ​លេង​ការប្រកួត2 ឬ3ថ្ងៃ​ម្តង។ បច្ចុប្បន្ន យើង​មាន​អារម្មណ៍​ខកចិត្ត និង​មាន​កំហឹង ប៉ុន្តែ យើង​ត្រូវតែ​រក្សា​ការ​ឆ្ពោះទៅមុខ ហើយ​ចាប់ពី​ថ្ងៃស្អែក​នេះ យើង​ត្រូវ​សម្រាក និង​គិត​អំពី​ការប្រកួត​បន្ទាប់ និង​មាន​សុច្ឆន្ទៈ​ក្នុងការ​បញ្ចប់​ការប្រកួត​បន្ទាប់​ជាមួយនឹង​អារម្មណ៍​ដ៏​ល្អប្រសើរ»។ ក្រុម Burnley បាន​រង​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 3-០ នៅលើ​ទឹកដី​ខ្លួនឯង ក្រោម​ស្នាដៃ​ក្រុម Tottenham កាលពី​ថ្ងៃ​សៅរ៍។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

    ប្រភពពី៖ Sport24

  • ចៀសវាង​អាជីវកម្ម​បរាជ័យ ធុរជន​ត្រូវ​គិត​លើ 5ចំណុច​នេះ

    ចៀសវាង​អាជីវកម្ម​បរាជ័យ ធុរជន​ត្រូវ​គិត​លើ 5ចំណុច​នេះ

    អ្នកអុំទូក​គេ​ចាប់​ច្រ​វ៉ា​សម្លឹងមើល​ត្រើយ​ដើម្បី​ធ្វើដំណើរ​ឆ្ពោះ​ទៅដល់​គោលដៅ ចំណែក​សហគ្រិន​វិញ គេ​ប្រកាន់យក​ចំណុចសំខាន់ៗមួយចំនួន​ដើម្បី​ឆ្ពោះ​ទៅដល់​គោលដៅ​ជោគជ័យ។ ចំណុច​ទាំងអស់នោះ​មិនមែន​ងាយ​រក ឬ​រើស​បាន​តាមផ្លូវ​នោះទេ តែ​វា​ត្រូវការ​ផ្នត់គំនិត​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ដើម្បី​អនុវត្ត​ឱ្យមាន​ភាព​រីកចម្រើន និង​គុណ​តម្លៃ។

    ខាងក្រោម​នេះ​គឺជា​ផ្នត់គំនិតសំខាន់ៗចំនួន5ដែល​សហគ្រិន​គួរ​អនុវត្ត៖

    1/ ការធ្វើ​អាជីវកម្ម មិនត្រូវ​គិត​ទៅលើ​ប្រាក់ចំណេញ​តែមួយ​មុខ​នោះទេ

    ជាទូទៅ​គេ​រាយ​មង​ចងសន្ទូច គឺ​ក្នុង​គោលបំណង​ចាប់​ត្រី​ឱ្យបាន​ច្រើន ការចាប់ផ្តើម​អាជីវកម្ម​មួយ​គ្រប់​និយោជក​តែង​សម្លឹង​ចង់បាន​ប្រាក់ចំណេញ​ឱ្យបាន​ច្រើន។ ផ្នត់គំនិត​រកស៊ី​ចង់​បានតែ​ប្រាក់ចំណេញ​សម្រាប់​ខ្លួនឯង​នេះ​ជា​គំនិត​អាត្មានិយម ឬ​ស្ទើរ​ហួស​សម័យ​ទៅហើយ បើទោះជា​បាន​ជោគជ័យ​ក៏​ជោគជ័យ​កើតឡើង​ក្នុង​រយៈពេល​ខ្លី​ដែរ ហើយ​វា​នឹង​ឆាប់​ទទួល​បរាជ័យ​ទៅវិញ។ នៅក្នុង​ប្រទេស​ជប៉ុន​អាជីវកម្ម​ជោគជ័យ គឺ​តែង​ជោគជ័យ​រយៈពេល​វែង​តកូនតចៅ​រហូតដល់​ជាង 1,500ឆ្នាំ​ក៏មាន។

    ចំណុច​សំខាន់​ដើម្បីឱ្យ​អាជីវកម្ម​ជោគជ័យ​មាន​រយៈពេល​វែង គឺ​មិនត្រូវ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែមួយ​មុខ​នោះទេ តែ​ត្រូវ​គិតពី​ប្រយោជន៍​សាធារណៈ និង​ប្រយោជន៍​អតិថិជន​ជាធំ មិន​ថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ឬ​ផលិតកម្ម​នោះឡើយ បើសិនជា​ក្រុមហ៊ុន​ផ្តល់នូវ​ផលិតផល​មួយ​ដែលមាន​សេវាកម្ម​ល្អ មានគុណ​ភាព​គួរ​ជាទី​ទុកចិត្ត ក្រុមហ៊ុន​នោះ​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើង។ នៅលើ​របត់​ទីផ្សារសេរី​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន​មួយចំនួន​ដែល​ចេញលក់​ផលិតផល​នៅលើ​ទីផ្សារ​លើកដំបូង​ត្រូវគេ​មើលឃើញថា ភាគច្រើន​តែង​ផ្តល់នូវ​គុណភាព និង​សេវាកម្ម​ល្អ ប៉ុន្តែ​នៅពេល​ទទួលបាន​ការគាំទ្រ​ច្រើន​ហើយ ក្រុមហ៊ុន​ខ្លះ​បាន​បន្ថយ​គុណភាព និង​បរិមាណ​ផលិតផល​របស់ខ្លួន ដែលជា​យុទ្ធសាស្ត្រ​ទីផ្សារ​ស្វែងរក​ប្រាក់ចំណេញ​ឱ្យបាន​ច្រើន តែ​យុទ្ធសាស្ត្រ​នេះ​ជាការ​យល់ច្រឡំ​មិនអាច​ជោគជ័យ​រយៈពេល​វែង​នោះទេ។

    2/ កង្វះ​ការស្វែងយល់​ពី​ទីផ្សារ និង​អតិថិជន​គោលដៅ

    ការធ្វើ​អាជីវកម្ម​មិន​ខុសពី​ការ​ដាក់មង​ចងសន្ទូច​ប៉ុន្មាន​នោះទេ គេ​ដាក់មង​ក្រឡា​ធំ ដើម្បី​ចាប់​ត្រី​ធំ ប៉ុន្តែ​តាមច្បាប់​សត្យានុម័ត​ត្រី​ធំ​មិនមាន​ច្រើន​ដូច​ត្រី​តូច​នោះទេ ជួនកាល​ដាក់មង​ក្រឡា​តូច​បាន​ត្រី​តូច​មែន​ប៉ុន្តែ​បាន​ច្រើនជាង​ត្រី​ធំ។ សម្រាប់​ធុរជន​ការចាប់ផ្តើម​អាជីវកម្ម​ដោយ​មិនបាន​សិក្សា​ទីផ្សារ និង​អតិថិជន​គោលដៅ​ជាមុន​ហាក់បីដូចជា​ប្រថុយប្រថាន​ខ្លាំងណាស់ ជួនកាល​មាន​ផលិតផល​ល្អ​ប៉ុន្តែ​អតិថិជន​គោលដៅ ជីវភាព​រស់នៅ​របស់​ពួកគេ​មិន​សមល្មម​នឹង​ទទួលយក​វត្ថុ​ទាំងនោះ​មកប្រើប្រាស់ ឬ​ទទួលទាន។ ឧទាហរណ៍​ទីផ្សារ​កាហ្វេ​នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ហាង​ទំនើប មានគុណ​ភាពល្អ មាន​សេវាកម្ម​ល្អ មាន​ម៉ាស៊ីនត្រជាក់ លក់​ក្នុងតម្លៃ1កែវ 2ដុល្លារ​ឡើងទៅ​នោះ មាន​អតិថិជន​គាំទ្រ​ប្រមាណ 20-30%ប៉ុណ្ណោះ ប៉ុន្តែ​កាហ្វេ​ដែលមាន​តម្លៃ​ចន្លោះ​ពី1-2ដុល្លារ ហើយ​មាន​គុណភាព​ក្រោម​បន្តិច ឬ​ប្រហាក់ប្រហែល​កាហ្វេ​ទំនើប បែរ​ជាមាន​អតិថិជន​គាំទ្រ​ច្រើន​ចន្លោះ​ពី 30-70% នៃ​ចំណែក​ទីផ្សារ​អ្នក​និយម​ទទួលទាន​កាហ្វេ ដូច្នេះ​បើសិនជា​ចាប់ផ្តើម​អាជីវកម្ម​កាហ្វេ គួរ​ត្រូវ​ជ្រើសរើស​អតិថិជន​គោលដៅ​មួយណា?

    3/ កង្វះ​ការសិក្សា​ទៅលើ​ដៃគូ​ប្រកួតប្រជែង

    សម្រាប់​ធុរជន​ខ្លះ ដោយសារ​គិតថា​ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​ផលិតផល​ល្អ​ហើយ​នោះ​ក៏​ចាប់ផ្តើម​ចែកចាយ​នៅលើ​ទីផ្សារ​តែម្តង ដោយ​មិន​បានគិត​ទៅលើ​ដៃគូ​ប្រកួតប្រជែង​នោះឡើយ​ដែលជា​កត្តា​សំខាន់​មួយ​ធ្វើឱ្យ​ខ្លួន​មិន​ទទួលបាន​ការគាំទ្រ ឬ​ទទួលបាន​ការគាំទ្រ​តិចតួច។ ដើម្បីឱ្យ​មានការ​គាំទ្រ​ច្រើន ធុរជន​គួរតែ​សិក្សា​អំពី​ដៃគូ​ប្រកួតប្រជែង តើ​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ជា​អ្នកណា? ហើយ​គេ​បានធ្វើ​អ្វីខ្លះ? ចែកចាយ​ផលិតផល​បែបណា​នៅលើ​ទីផ្សារ​ឱ្យបាន​ដឹង​ច្បាស់​ជាមុន​ដើម្បី​ទាញយក​ចំណែក​ទីផ្សារ​បស់​យើង​មកវិញ។

    4/ កង្វះ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើឱ្យ​ម៉ាក​សញ្ញា​របស់ខ្លួន​មានឈ្មោះ​ល្បី

    មុននឹង​ចរាចរណ៍​លក់​ផលិតផល​នៅលើ​ទីផ្សារ​ក្រុមហ៊ុនធំៗជាច្រើន​បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ដើម្បី​ធ្វើការ​ផ្សាយពាណិជ្ជកម្ម​អំ​ពី​ផលិតផល​របស់ខ្លួន​ឱ្យ​អតិថិជន​បាន​ស្គាល់​ជាមុន (Build Brand) បំណង​ឱ្យ​ឆាប់​ទទួលបាន​ការគាំទ្រ។ យុទ្ធសាស្ត្រ​នេះ​មិន​ថា​ក្រុមហ៊ុន​តូច ឬ​ធំ​នោះទេ គឺត្រូវធ្វើ​យ៉ាងណា​រក​វិធីសាស្ត្រ​ពង្រីក​បណ្តាញ​ចែកចាយ​ឱ្យបាន​ទៅដល់​គ្រប់​អតិថិជន​គោលដៅ​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន។ ឧទាហរណ៍​ហាង​កាហ្វេតូចៗគាត់​មាន​សមត្ថភាព​ឆុង​កាហ្វេ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ មិន​ចាញ់​ហាង​កាហ្វេ​ទំនើប ប៉ុន្តែ​បើ​គាត់​ភ្លេច​គិតពី​ការ​សាង​កេរ្តិ៍ឈ្មោះ ការ​សាង​ម៉ាក​សញ្ញា​របស់គាត់ ធុរជន​នោះ​នឹង​មិនអាច​ពង្រីក​ទីផ្សារ​បាន​ច្រើន និង​មិនមាន​អតិថិជន​គាំទ្រច្រើនឡើងៗនោះទេ។

    5/ កង្វះ​ការថែរក្សា​អតិថិជន

    ដោយសារ​ចង់បាន​អតិថិជន​ឱ្យមាន​ចំនួន​កាន់តែច្រើនឡើងៗ ធុរជន​ខ្លះ​គិតតែ​ធ្វើ​យុទ្ធសាស្ត្រ​ដណ្តើមយក​អតិថិជន​ថ្មី ភ្លេច​គិតពី​ការថែរក្សា​អតិថិជន​ចាស់ ប្រៀបដូចជា​ចាប់​ត្រី​បានដាក់​ទៅក្នុង​ទ្រុង​ដែល​បែកធ្លាយ គឺ​ធ្វើឱ្យ​ត្រី​ចូល​តាម​មាត់​ទ្រុង និង​ចេញ​ទៅវិញ​តាម​គូទ​ទ្រុង​រហែក​អ៊ីចឹង​ដែរ។ ដូច្នេះ​មានតែ​ការថែរក្សា​អតិថិជន​ចាស់ ផ្តល់នូវ​ផលិតផល​ដែលមាន​គុណភាព​ល្អ រួម​នឹង​សេវាកម្ម​ល្អ រហ័ស​ទាន់​ចិត្ត​ធ្វើឱ្យ​អតិថិជន​ចាស់​លើកសរសើរ និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដែលជា​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​បាន​លឿន​បំផុត៕

  • ហេតុអ្វី​បានជា​បុគ្គលិក​ក្នុង​ស្ថាប័ន​មួយ​ចេះតែ​ចេញចូល​ញឹកញាប់?

    ហេតុអ្វី​បានជា​បុគ្គលិក​ក្នុង​ស្ថាប័ន​មួយ​ចេះតែ​ចេញចូល​ញឹកញាប់?

    សកម្មភាព​បុគ្គលិក​ចេញចូល​ច្រើន ឬ​ធ្វើការ​បានតែ​មួយរយៈ​ពេល​ខ្លី ហើយ​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​ភាព​អសកម្ម​មួយ​ដែល​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ដែល​បញ្ហា​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សក​ម្ម​ភាព​ការងារ​នៃ​ក្រុមហ៊ុន និង​បុគ្គលិក​នោះ​ផ្ទាល់​ផងដែរ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ងួន ប៊ុន​និ​ត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea Plus បាន​លើកឡើងថា មាន​កត្តា​សំខាន់ 2យ៉ាង​ដែល​ធ្វើឱ្យ​បុគ្គលិក​ចេញចូល​ច្រើន​នៅក្នុង​ស្ថាប័ន​មួយ។ ទី1 គឺ​កត្តា​ផលប្រយោជន៍ (Profit) និង​ទី2 គឺ​កត្តា​អារម្មណ៍ ឬ​មនោសញ្ចេតនា (Emotion)។ លោក ប៊ុន​និ​ត បាន​បញ្ជាក់ថា កត្តា​ផលប្រយោជន៍​ភាគច្រើន​អាច​កើត​មកពី​ការគិត​របស់​មេដឹកនាំ​នៃ​ស្ថាប័ននីមួយៗដែល​តែងតែ​គិតថា​មាន​លុយ​គឺ​ប្រាកដជា​អាចធ្វើ​អ្វី​បាន​គ្រប់យ៉ាង តែ​តាមពិតទៅ​បុគ្គលិក​មិន​ប្រាកដថា​ត្រូវការ​លុយ​ទាំងស្រុង​នោះទេ។ ក្រៅពី​កត្តា​លុយកាក់ បុគ្គលិក​ក៏ត្រូវ​ការ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ការយកចិត្តទុកដាក់ និង​កត្តា​មួយចំនួនទៀត។

    លោក ប៊ុន​និ​ត បាន​និយាយថា ៖ “មនោសញ្ចេតនា​ក្នុង​ស្ថាប័ន និង​កត្តា​ផលប្រយោជន៍​ជា​ផ្នែក​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ព្រោះថា​ប្រសិនបើ​មានតែ​មនោសញ្ចេតនា​ហើយ​ខ្វះ​លុយកាក់​មនុស្ស​គឺ​មិនអាច​ទ្រទ្រង់​ជីវភាព​បានទេ តែ​ប្រសិន​មានតែ​លុយកាក់ ហើយ​ខ្វះ​មនោសញ្ចេតនា​មនុស្ស​ក៏​ធ្វើ​ការមិន​បានយូរ​ដូចគ្នា​ដែរ។ លោក​បាន​បន្ថែមទៀតថា ក្រៅពី​កត្តាបរិស្ថាន​ក្នុង​ក្រុមហ៊ុន ឬ​កត្តាបរិស្ថាន កត្តា​បុគ្គលិក​ក៏​ជា​ផ្នែក​មួយ​ផងដែរ​នៃ​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង។ ការដែល​បុគ្គលិក​មើល​ឃើញតែ​ផលប្រយោជន៍ ឬ​ធ្វើការ​ដោយ​ផ្តោត​តែ​ទៅលើ​ប្រាក់ខែ​ខ្លាំងពេក​ក៏​អាចធ្វើឱ្យ​ពួកគេ​ចាកចេញ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​បាន​នោះដែរ ព្រោះថា​ឱ្យតែ​ក្រុមហ៊ុន​ណា​ហ៊ាន​ចំណាយ​ប្រាក់ខែ​ឱ្យ​គាត់​លើស​បន្តិចបន្តួច​គាត់​នឹង​ទៅ​ភ្លាម។ ម្យ៉ាងវិញទៀត​ការធ្វើការ​ដោយ​មិន​ស្គាល់​ខ្លួនឯង​ច្បាស់​ក៏​ជា​ផ្នែក​មួយ​ផងដែរ​ដែល​អាចធ្វើឱ្យ​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ការងារ​ជា​ញឹកញាប់ ព្រោះ​នៅពេលដែល​ធ្វើការ​ងារ​មួយយូរៗទៅ​គាត់​អាច​នឹងមាន​អារម្មណ៍​ថា​មិន​ពេញចិត្ត ឬ​នឿយហត់​ខ្លាំង​ប្រសិនបើ​ការងារ​នោះ​មិន​ស្រប​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​របស់គាត់។

    ប្រធាន​ក្រុមហ៊ុន​ធនធានមនុស្ស​ខាងលើ​បានផ្តល់​ដំណោះស្រាយ​ថា ដើម្បី​កុំឱ្យ​ខ្លួន​ត្រូវ​ស្ថិតក្នុង​ស្ថានភាព​ផ្លាស់ប្តូរ​ការងារ​ពីមួយ​កន្លែង​ហើយ​ទៅមួយ​កន្លែង​ទៀត សូម​ពិចារណា​ឱ្យបាន​ច្បាស់លាស់​មុនពេល​សម្រេចចិត្ត​ធ្វើការ​ងារ​នៅក្នុង​ស្ថាប័ន​ណាមួយ មិនមែន​ស្វែងរក​ការងារ​ដើម្បី​តែ​ឱ្យ​បានធ្វើ​សិន​នោះទេ។ ចំណុច​ដែល​ត្រូវ​មើល​ជាដំបូង​គឺ​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​ថា តើ​មាន​លក្ខណៈ​ស្រប​នឹង​គោលដៅ និង​ចំណង់​ចំណូលចិត្ត​របស់​យើង​ដែរ ឬទេ? ហើយ​វប្បធម៌ និង​បរិស្ថាន​នៃ​ការធ្វើការងារ​ក្នុង​ស្ថាប័ន​នោះ​មាន​លក្ខណៈ​ប្រសើរ​ស្រប​នឹង​សមត្ថភាព​របស់​យើង​ដែរ ឬទេ?

    បង្ហាញ​លើ​ចំណុច​ដូចគ្នានេះ លោក រិ​ន រ៉ាវុធ ប្រធានការិយាល័យ​រដ្ឋ​បាល និង​បុគ្គលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល និង​ជា​សាស្ត្រាចារ្យ​ផងដែរ​នោះបាន​លើកឡើង​ថា ការផ្លាស់ប្តូរ​ការងារ​ញឹកញាប់​របស់​បុគ្គលិក​អាច​ផ្តល់​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​ស្ថាប័ន និង​បុគ្គលិក​ដែល​ដាក់ពាក្យ​ធ្វើការ​ងារ​នោះ។ សម្រាប់​ស្ថាប័ន គឺ​លំបាក​ក្នុង​ការរៀប​ផែនការ ឬ​ត្រូវ​ចំណាយ​ច្រើន​ទាំង​ពេលវេលា និង​ថវិកា​ដើម្បី​ជ្រើសរើស​បុគ្គលិក​ថ្មី ហើយ​ពេលខ្លះ​ក៏​អាចធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរ​នៃ​ការងារ​របស់​ក្រុមហ៊ុន​ថែម​ទៀង​ផង។ សម្រាប់​បុគ្គលិក​វិញ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​នោះដែរ ព្រោះថា​នៅពេលដែល​គាត់​ផ្លាស់ប្តូរ​កន្លែងធ្វើការ​ងា​រ​ច្រើន គាត់​នឹង​អាចមាន​បញ្ហា​លើ​តម្លៃ​នៃ​ខ្លួន​គាត់​សម្រាប់​ស្ថាប័ន​នានា​ដែល​គាត់​ដាក់ពាក្យ​ធ្វើ​ការងារ។ នៅក្នុង CV ប្រសិនបើ​គាត់​បង្ហាញ​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រងារ​ច្រើន ស្ថាប័ន​ថ្មី​នោះ​អាច​នឹងមិន​ហ៊ាន​ទទួលយក​យើង​ទៅធ្វើ​ការ​នោះទេ ព្រោះ​គេ​ខ្លាច​យើង​ចូល​បានតែ​ក្នុង​រយៈពេល​ខ្លះ​ហើយ​ចេញ​ទៅទៀត​ជាដើម។

    លោក រ៉ាវុធ បាន​និយាយថា ៖ “ដើម្បី​កុំឱ្យ​ខាត​ទាំងអស់គ្នា ទាំង​ស្ថាប័ន និង​ទាំង​បុគ្គលិក​ខ្លួនឯង គួរ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​លើ​ផ្នែក​ធនធានមនុស្ស ព្រោះនេះ​ជា​ផ្នែក​សំខាន់​សម្រាប់​ដំណើរ​ការងារ​របស់​ក្រុមហ៊ុន​ទូទៅ។

    លោក រិ​ន រ៉ាវុធ បាន​បន្ថែមទៀតថា ដើម្បី​ចៀសវាង​បញ្ហា​បុគ្គលិក​ផ្លាស់ប្តូរ​ការងារ​ញឹកញាប់ សម្រាប់​ស្ថាប័ន​គួរផ្តល់​ឱ្យនូវ​លក្ខខណ្ឌ​ល្អប្រសើរ ហើយ​ជ្រើសរើស​តែ​បុគ្គលិក​ណា​ដែលមាន​ឆន្ទៈ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​យូរអង្វែង ឬ​ជា​អ្នក​ដែលមាន​បំណង​កសាង​អនាគត​យូរអង្វែង​ជាមួយ​ស្ថាប័ន។ ការជ្រើសរើស​បុគ្គលិក​ដែលមាន​គោលដៅ​ច្បាស់លាស់ ហើយ​ជជែក​គ្នា​ឱ្យ​ច្បាស់​ពី​គោលបំណង​រួម​របស់​ស្ថាប័ន និង​ផ្តល់​ផលប្រយោជន៍​យូរអង្វែង​ទៅវិញទៅមក​រវាង​ស្ថាប័ន និង​បុគ្គលិក​ក៏​ជា​រឿង​សំខាន់​មួយ​ដែល​ចាំបាច់​ត្រូវតែ​ធ្វើ ព្រោះថា​បុគ្គលិក​ដែល​យល់​ពី​តម្លៃ​របស់ខ្លួន​នៅក្នុង​ស្ថាប័ន និង​យល់​ពី​តម្លៃ​របស់​ស្ថាប័ន​ចំពោះ​ខ្លួន​ភាគច្រើន​ជា​អ្នក​ដែល​វិនិយោគ​ខ្លួនឯង​យូរអង្វែង​នៅក្នុង​ស្ថាប័ន​មួយ​បាន​ច្រើន​ឆ្នាំ ដែល​អាច​នាំ​ទាំង​ខ្លួនគេ​ផ្ទាល់ និង​ស្ថាប័ន​ឆ្ពោះទៅរក​ភាពជោគជ័យ៕

  • លោក Mourinho រិះគន់​ទៅលើ​ការ​មានប្រៀប​របស់ Man City

    លោក Mourinho រិះគន់​ទៅលើ​ការ​មានប្រៀប​របស់ Man City

    លោក Jose Mourinho បានធ្វើការ​រិះគន់​នៅ​ថ្ងៃបុណ្យ​ណូអែល​ទៅលើ​ក្រុម Manchester City តាមរយៈ​ការបញ្ជា​ក់ថា ក្រុម​កំពុង​នាំមុខ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ការ​មានប្រៀប​ដ៏​អយុត្តិធម៌​តាមរយៈ​ការលេង​ការប្រកួត​បន្ទាប់​ទៅទៀត​របស់​ពួកគេ​ក្នុង​រយៈពេល​ច្រើនជាង​ក្រុម Man United របស់លោក​មួយថ្ងៃ។

    Man United នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Burnley នា​កីឡដ្ឋាន Old Trafford នៅ​រាត្រី​នេះ ប៉ុន្តែ ក្រុម Man City ដែល​កំពុងតែ​នាំមុខ13ពិន្ទុ​ដាច់​លើ​គូប្រជែង​ក្នុង​តំបន់​តែមួយ​របស់​ពួកគេ​នោះ នឹងមិន​បាន​លេង​ឡើយ​រហូតដល់​រាត្រី​ថ្ងៃ​ពុធ ដែល​នៅពេលនោះ​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Newcastle។ ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 នៅលើ​ទឹកដី​ក្រុម Leicester កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន គឺជា​ការប្រកួត​ទី1ក្នុងចំណោម​ការប្រកួត​ទាំង4លើក​នៃ​ក្របខ័ណ្ឌ​អង់គ្លេស Premier League ក្នុង​រយៈពេល10ថ្ងៃ​សម្រាប់​ក្រុម Man United។ លោក Mourinho បាន​ប្រាប់​ទូរទស្សន៍ Sky Sports News ថា៖ «ខ្ញុំ​មិនមែនជា​ក្រុម​ដែលមាន​សិទ្ធិ​ពិសេស​ដែលមាន​រយៈពេល6ថ្ងៃ​ក្នុងការ​សម្រាក​ឡើយ និង​ក៏ដូចជា​មាន​ពេលវេលា​ច្រើន​ក្នុង​ការត្រៀម​សម្រាប់​ការប្រកួត​នោះដែរ ប៉ុន្តែ​ខ្ញុំ​សំដៅ​ទៅលើ​ក្រុម​ដែលមាន​ពេលវេលា​ច្រើនជាង​យើង​បន្តិច ជាពិសេស​ក្រុម​មួយ​ដែល​នឹង​លេង​បន្ទាប់ពី​ថ្ងៃស្អែក។ ការ​មាន​ពេល​សម្រាក​ច្រើនជាង1ថ្ងៃ ពិតជា​មានប្រៀប​ណាស់»។

    គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​ប្រហែលជា​មានន័យថា ពួកគេ​មិនចាំបាច់​ធ្វើការ​នៅថ្ងៃនេះ​ឡើយ វា​មានន័យថា ពួកគេ​អាច​វិល​ទៅធ្វើ​ការ​វិញ​នៅ​ថ្ងៃស្អែក និង​ត្រៀម​សម្រាប់​ការប្រកួត​បន្ទាប់។ បញ្ហា​ដែល​ខ្ញុំ​មើលឃើញ​នៅទីនេះ​គឺមាន​ភាព​ផ្សេងគ្នា​រវាង​ក្រុម​មួយចំនួន»។ ការប្រកួត​នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

    ប្រភពពី៖ Sky Sports