Author: វល័ក្ខ

  • Tosun ត្រៀម​បំពេញ​ការផ្ទេរ​ទៅ Everton ក្នុងតម្លៃ​ខ្លួន25លាន​ផោន

    Tosun ត្រៀម​បំពេញ​ការផ្ទេរ​ទៅ Everton ក្នុងតម្លៃ​ខ្លួន25លាន​ផោន

    ក្លិប​ទូកក្តោង Everton នឹងត្រូវ​បំពេញ​ការផ្ទេ​រ​ខ្សែប្រយុទ្ធ Cenk Tosun ពី​ក្លិប Besiktas របស់​តួ​ក​គី ក្នុងតម្លៃ​ខ្លួន25លាន​ផោន (ស្មើនឹង33.6លាន​ដុល្លារ​អាមេរិក)។ ខ្សែប្រយុទ្ធ​វ័យ26ឆ្នាំ​រូបនេះ កំពុងតែ​ស្ថិតនៅលើ​ទីលាន​ហ្វឹកហាត់ Finch Farm របស់​ក្លិប Everton ដើម្បី​ពិនិត្យ​សុខភាព និង​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ផ្សេង។

    តម្លៃ​ខ្លួន​របស់ Tosun ដើម្បី​ចូលរួម​ជាមួយនឹង​ក្រុម​របស់លោក Sam Allardyce នឹងមាន​ចំនួន20លាន​ផោន ដែល​នឹង​កើន​ដល់25លាន​ផោន បើ​បូក​ទាំង​ប្រាក់ឧបត្ថម្ភផ្សេងៗផង។ ក្លិប​មាន​មូលដ្ឋាន​នៅ Goodison Park មួយ​នេះ បាន​ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ ចាប់តាំងពី​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ Romelu Lukaku ទៅកាន់​ក្លិប Manchester United កាលពី​រដូវ​កាល​មុន​មកម្ល៉េះ។

    Tosun ដែលមាន​ដើមកំណើត​នៅ​ប្រទេស​អាល្លឺម៉ង់ គឺជា​ខ្សែប្រយុទ្ធ​អន្តរជាតិ​តួ​ក​គី ប៉ុន្តែ ទម្រង់​លេង​ដ៏​ល្អ​របស់គេ​ជាមួយនឹង​ក្លិប Besiktas បានផ្តល់​ការចាប់អារម្មណ៍​ដល់​ក្លិប Everton តែម្តង។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី41គ្រាប់ ក្នុងការ​ប្រកួត96លើក​នៃ​ក្របខ័ណ្ឌ Super Lig សម្រាប់​ក្លិប Besiktas ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Gaziantepspor។ ស្របពេល​ជាមួយគ្នា​នោះ Tosun ក៏បាន​ស៊ុត​បាល់​បញ្ចូល​ទី4គ្រាប់​ផងដែរ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ  Champions League នៅ​រដូវ​កាល​នេះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​របស់គេ​ក្នុងពេល​ក្រុម Besiktas យកឈ្នះ​លើ​ក្រុម Monaco 2-1 ផងដែរ៕

    ប្រភពពី៖ The Sun

  • លោក Wenger មិន​បារម្ភ​ពី​ការបាត់បង់ Sanchez ក្រោយពី Arsenal ផ្តួល Crystal

    លោក Wenger មិន​បារម្ភ​ពី​ការបាត់បង់ Sanchez ក្រោយពី Arsenal ផ្តួល Crystal

    លោក Arsene Wenger មិន​ជឿជាក់ថា តារា​ឆ្នើម​អន្តរជាតិ​ស៊ី​លី Alexis Sanchez នឹង​ចាក​ចេញពី​ក្លិប Arsenal ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​ចាប់ពី​ថ្ងៃទី1 ខែមករា ខាងមុខ​នេះឡើយ។

    Sanchez ដែល​កិច្ចសន្យា​របស់គេ​នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ បានផ្តល់​ការ​រំឭក​ដ៏​ល្អឥតខ្ចោះ​មួយ​ចំពោះ​ក្លិប​ដែល​ចាប់អារម្មណ៍​លើ​រូបគេ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ក្នុង​ចន្លោះពេល4នាទី​ក្នុង​តង់​ទី2 ដើម្បី​ជួយ​ឲ្យ​ក្រុម Arsenal ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 3-2 លើ​ក្រុម Crystal Palace កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក Wenger ដែល​បាន​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​គ្រូបង្វឹក​នៃ​ក្លិប Manchester United លោក Alex Ferguson ក្នុងការ​ដឹកនាំ​ការប្រកួត​បាន​ចំនួន 810លើក​ក្នុង​ក្របខ័ណ្ឌ Premier League ក្នុងនាម​ជា​គ្រូបង្វឹក​ដែរនោះ បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា លោក​ជឿជាក់ថា Sanchez ដែល​បានធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​របស់គេ​កើន​ដល់8គ្រាប់​ក្នុង Premier League នៅ​រដូវ​កាល​នេះ នឹង​បន្ត​នៅ​ជាមួយ Arsenal។

    លោក Wenger បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិនមាន​ការបារម្ភ​ឡើយ ប៉ុន្តែ ដូចដែល​អ្នក​បាន​និយាយ​អ៊ីចឹង ការចាប់អារម្មណ៍​លើ​រូបគេ​នឹងមាន​ការកើនឡើង​ដោយសារតែ​ស្ថានភាព​នៃ​កិច្ចសន្យា។ ខ្ញុំ​អាច​ត្រឹមតែ​បញ្ជាក់​ម្តងទៀត​ពីអ្វី​ដែល​ខ្ញុំ​បាន​និយាយ​មកទល់ពេលនេះ​ប៉ុណ្ណោះ»។ ជ័យជម្នះ​នេះ មានន័យថា ក្រុម Arsenal មាន​ពិន្ទុ​ស្មើ​ជាមួយនឹង​ក្រុម​ឈរ​លេខ5 Tottenham ប៉ុន្តែ មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​តិចជាង៕
    ប្រភពពី៖ Sky Sports

  • Apple ចេញ​លិខិត​សុំទោស​អតិថិជន​ជា​សាធារណៈ ខណៈ​មាន​បណ្ដឹង​ទារ​សំណង​រហូតជិត 1ពាន់​លាន​ដុល្លារ

    Apple ចេញ​លិខិត​សុំទោស​អតិថិជន​ជា​សាធារណៈ ខណៈ​មាន​បណ្ដឹង​ទារ​សំណង​រហូតជិត 1ពាន់​លាន​ដុល្លារ

    អាមេរិក៖ ថ្មីៗនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក Apple បានទទួល​រង​នូវ​ការរិះគន់ និង​ពាក្យបណ្ដឹង​ជាច្រើន បន្ទាប់ពី​មាន​របាយការណ៍​មួយ​បាន​បង្ហាញថា Apple បាន​កាត់​បន្ថយល្បឿន​ដំណើរការ​ទូរស័ព្ទ iPhone ម៉ូ​ដែល​ចាស់ៗ ទៅតាម​អាយុកាល​នៃ​ថ្ម  ក្នុង​គោលបំណង​ចង់​ឲ្យ​អ្នក​ប្រើ iPhone ចាស់ៗ ប្ដូរទៅប្រើ​ផលិតផល​ថ្មី​ចុងក្រោយ​វិញ។

    ដោយឡែក​នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានចេញ​សេចក្ដីប្រកាស​សុំទោស​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ។ «យើង (Apple) ដឹង និង​យល់​ពី​អារម្មណ៍​របស់​អ្នកប្រើប្រាស់ ហើយ​យើង​សុំទោស​ផង​ចំពោះ​បញ្ហា​ដែល​កើតមាន​នេះ។ ដើម្បី​ជាការ​លុបលាង​កំហុស យើង​ស្នើ​ដល់​អ្នកប្រើប្រាស់​ដែល​ជួប​បញ្ហា​នេះ ទៅធ្វើ​ការផ្លាស់ប្ដូរ​ថ្ម​ថ្មី ក្នុងតម្លៃ​ទាប (29ដុល្លារ​អាមេរិក) ហើយ​នៅ​ដើមឆ្នាំ 2018 យើង​នឹង​ដាក់ចេញ​នូវ Software ថ្មី ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​តាមដាន​នូវ​អាយុកាល​របស់​ថ្ម​ទូរស័ព្ទ»។

    ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​អ្នកប្រើប្រាស់ iPhone ម្នាក់​បានដាក់​ពាក្យបណ្ដឹង​តាមផ្លូវ​ច្បាស់ ដោយ​ទាមទារ​សំណង​ពី Apple នូវ​ទឹកប្រាក់​ជិត 1ពាន់​លាន​ដុល្លារ​អាមេរិក  ដោយ​ក្នុង​ពាក្យបណ្ដឹង​បានសរសេរថា Apple មាន​ចេតនា​ទម្លាប់​ល្បឿន​ដំណើរការ iPhone ម៉ូ​ដែល​ចាស់ ក្នុង​គោលបំណង​ឲ្យ​អតិថិជន iPhone ចាស់ៗទៅប្រើ iPhone ថ្មី៕

  • ពិត​ទេ គ្រាប់​ផ្លែ​ត្របែក​ទុំ ទទួលទាន​ហើយ​ប្រថុយ​នឹង​រោគ​រលាក​ខ្នែងពោះវៀន?

    ពិត​ទេ គ្រាប់​ផ្លែ​ត្របែក​ទុំ ទទួលទាន​ហើយ​ប្រថុយ​នឹង​រោគ​រលាក​ខ្នែងពោះវៀន?

    «រលាក​ខ្នែងពោះវៀន» ជា​អា​ការដែល​គ្មាន​នរណាម្នាក់​ចង់​កើត​ឡើយ ហើយ​មនុស្ស​ជាច្រើន​ប្រហែលជា​បានដឹង​ច្បាស់​ហើយ​ថា វា​បណ្ដាលមកពី​អាការ​រលាក​របស់​ខ្នែងពោះវៀន​ដែលជា​អវយវៈ​តូច​មួយ​នៅជាប់​នឹង​ចុង​ពោះវៀនធំ ដែល​ធ្វើឱ្យ​យើង​ឈឺពោះ​រហូតដល់​ត្រូវ​ចូលទៅ​ទទួលយក​ការវះកាត់​នៅឯ​មន្ទីរពេទ្យ​យ៉ាង​បន្ទាន់​ទៀតផង ហើយ​មនុស្ស​ដែលមាន​ភាព​ប្រថុយប្រថាន​នឹង​រោគ​រលាក​ខ្នែងពោះវៀន​នេះ​មាន​តាំងពី​អាយុ 15ឆ្នាំ​ដល់45ឆ្នាំ ដែល​អាច​និយាយបានថា ជា​អំឡុង​អាយុ​ដែល​វែង​គួរសម។ មុននឹង​ទៅ​មើលថា តើ​គ្រាប់​ផ្លែ​ត្របែក​ទុំ​ជា​ដើមចម​របស់​រោគរ​លាក​ខ្នែងពោះវៀន​មែនឬ? យើង​នាំគ្នា​មក​មើ​លពី​មូលហេតុ​របស់​ការ​រលា​ក​ខ្នែងពោះវៀន​ជាមុនសិន​ប្រសើរ​ជាង។

    មូលហេតុ​របស់​រោគរ​លាក​ខ្នែងពោះវៀន​រលាក​ខ្នែងពោះវៀន បណ្ដាលមកពី​អាការ​រលាក​ដែល​កើតឡើង​ពី​កម្ទេច​ចំណីអាហារ​ធ្លាក់ចូល​ទៅសម្ងំ​នៅក្នុង​ខ្នែងពោះវៀន​រយៈពេល​យូរ​រហូត​វត្ថុ​រាវ ឬ​សារធាតុ​រំអិល​មិនអាច​ហូរ​វិល​ចូលទៅ​បាន​តាម​ប្រក្រតី  ទើប​កើតជា​អាការ​រលាក​ដោយ​វត្ថុ​ដែល​ធ្លាក់​ចូលទៅក្នុង​ខ្នែងពោះវៀន​នោះ​អាចជា​អ្វីមួយ​ក៏បាន​ដែរ ដែល​ក្រពះ​បាន​បញ្ជូន​ទៅក្នុង​ពោះវៀនធំ ដូចជា កម្ទេច​ចំណីអាហារ សត្វល្អិត ដុំ​សាច់​ដុះ ក្បាល​អង្កាម ដុំ​ក្រួស ឬ​ក្រពេញ​ទឹករងៃ​នៅ​បរិវេណ​នោះ​មាន​អាការ​ហើម​ខ្លាំង​រហូត​ធ្វើឱ្យ​ខ្នែងពោះវៀន​កៀប​ជាប់​ណែន​ស្ទះ បង្ក​ឱ្យ​រលាក និង​ឆ្លង​មេរោគ​នៅ​ទីបំផុត។

    គ្រាប់​ត្របែក មូលហេតុ​ចម្បង​របស់​រោគ​ពោះវៀន​ដុះ​ខ្នែង?

    នៅពេល​បានដឹងហើយថា អ្វី​ក៏ដោយ​ដែល​របូត​ធ្លាក់​ចូលទៅ​ញ៉ុ​ក​ស្ទះ​ក្នុង​ខ្នែងពោះវៀន​រហូត​ធ្វើឱ្យ​រលាក​នោះ សុទ្ធតែជា​មូលហេតុ​បាន​ទាំងអស់ ដូច្នេះ​មិនមែន​មានតែ​គ្រាប់​ផ្លែ​ត្របែក​ទុំ​នោះទេ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ការ​ញ៉ុ​ក​ស្ទះ​របស់​ខ្នែងពោះវៀន​នោះ។ មិន​ថា ចំណីអាហារ​ប្រភេទ​ណា ក៏​សុទ្ធ​តែមាន​ភាព​ប្រថុយប្រថាន​ទាំងអស់ គ្រាន់តែ​លក្ខណៈ​របស់​គ្រាប់​ត្របែក​វា​មាន​ខ្នាត និង​ភាព​រឹង​ងាយ​ក្នុង​ការចូលទៅ​ញ៉ុ​ក​ស្ទះ​ក្នុង​រន្ធ​ខ្នែងពោះវៀន​បាន​ស្រួល​ហ្នឹងឯង។

    អាការ​របស់​រោគ​រលា​ក​ខ្នែងពោះវៀន

    ដូចដែល​មនុស្ស​ជាច្រើន​បានដឹងហើយថា អាការ​របស់​រោគ​រលា​ក​ខ្នែងពោះវៀន​ច្រើនតែ​បង្កឡើង​ដោយ​ការ​ចុកពោះ អាច​នឹង​មិនបាន​ចុកពោះ​នៅលើ​ទីតាំង​ខាងស្ដាំ​ផ្នែក​ខាងក្រោម​តាំងពី​ដំបូង​តែម្ដង​នោះទេ តែ​អាច​នឹង​ចុកពោះ​ជុំវិញ​រន្ធ​ផ្ចិត​ជាមុន បន្ទាប់ពីនោះ6-12ម៉ោង​តម​ក​អាច​រំកិល​មក​ចុក​នៅត្រង់​ម្ដុំ​ពោះ​ខាងស្ដាំ​ផ្នែក​ខាងក្រោម តែ​ក៏​ធ្លាប់មាន​ខ្លះ​ដែរ​ដែល​នឹង​ចុក​នៅ​ម្ដុំ​កណ្ដាល​ពោះ ឬ​ខាងស្ដាំ​លើ អាស្រ័យ​លើ​ទីតាំង​របស់​ខ្នែងពោះវៀន​របស់​មនុស្សម្នាក់ៗថា ស្ថិតនៅ​ត្រង់ណា។ រឹតតែ​អ្នកណា​ដែល​ចុកពោះ​ខ្លាំងក្លា​ទាំង​ខាងឆ្វេង និង​ខាងស្ដាំ​ផង​នោះ អាចជា​សញ្ញា​មួយ​ដែល​បង្ហាញថា ខ្នែងពោះវៀន​អាច​នឹង​រលាក​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​ស្អុយរលួយ មាន​ខ្ទុះ ឬ​បែកធ្លាយ​ខ្ចាត់ខ្ចាយ​ពេញ​ក្នុង​ពោះ​រហូតដល់​ចាប់ផ្ដើម​ឆ្លង​មេរោគ​ទៅហើយ​ទៀតផង។

    តែ​មុននឹង​ចុកពោះ​ខ្លាំង​រហូតដល់​ត្រូវ​ចូលទៅ​ទទួលយក​ការវះកាត់​បែប​បន្ទាន់​នោះ វា​អាចមាន​សញ្ញា​ដាស់តឿនតិចៗដែល​មនុស្ស​ជាច្រើន​អាច​មិនដឹងថា វា​ពាក់ព័ន្ធ​នឹង​អាការ​ខុស​ប្រក្រតី​របស់​ខ្នែងពោះវៀន ទើប​ធ្វើឱ្យ​ព្រងើយកន្តើយ​ក្នុង​ការចូលទៅ​ពិនិត្យ​រាងកាយ​នៅ​មន្ទីរពេទ្យ។ ដូច្នេះ បើសិនជា​អ្នកណា​មិន​ចង់​ប្រថុយប្រថាន​នឹង​រោគ​រលាក​ខ្នែងពោះវៀន​នោះ ក្រៅពី​ត្រូវ​ទទួលទាន​អាហារ​ដោយ​ទំពា​ឱ្យបាន​ល្អិត​ម៉ដ្ឋ​មុននឹង​លេប និង​ចៀសវាង​ការទទួល​ទាន​អាហារ​ណា​ដែលរឹងៗ ដែល​ពិបាក​ក្នុងការ​កិន​រំលាយ​របស់​ក្រពះ​ហើយ​នោះ ការពិនិត្យ​សុខភាព​ប្រចាំឆ្នាំ ពិនិត្យ​សុខភាព​ប្រអប់​ពោះ និង​សង្កេតមើល​ចំណីអាហារ និង​ភាពខុសប្រក្រតី​របស់ខ្លួន​ឯង​ជា​ញឹកញាប់រឿយៗ មិន​ព្រងើយកន្តើយ​ក្នុងការ​យកចិត្តទុកដាក់​មើលថែទាំ​ខ្លួនឯង​ក៏​អាចជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​នឹង​រោគ​រលាក​ខ្នែងពោះវៀន​បាន​ដូចគ្នា​ដែរ៕

  • រូបមន្ដ​ធ្វើ​ភេ​ស្ជ​ជៈ​ព្យាបាល​ក្រួស​ក្នុង​តម្រងនោម​តាមបែប​ធម្មជាតិ

    រូបមន្ដ​ធ្វើ​ភេ​ស្ជ​ជៈ​ព្យាបាល​ក្រួស​ក្នុង​តម្រងនោម​តាមបែប​ធម្មជាតិ

    អាហារូបត្ថម្ភ​ដែល​មិនល្អ គឺជា​កត្តា​ដែលនាំឱ្យ​កើត​ជំងឺ​ម្យ៉ាង ដែល​គេ​ហៅថា “ក្រួស​នៅក្នុង​តម្រងនោម” ជាហេតុ​បណ្ដាលឱ្យ​អ្នកជំងឺ​នឿយហត់ អស់កម្លាំង ហើយ​ក្រួស​នៅក្នុង​តម្រងនោម​នេះ អាច​កម្ចាត់​បាន​ដោយ​ការ​ទទួលទាន​ភេសជ្ជៈ​ធ្វើ​ពី​បន្លែ និង​ផ្លែឈើ​ដូចខាងក្រោម​នេះ។

    គ្រឿងផ្សំ

    – ទឹកស្អាត 1/2លីត្រ
    – ផ្លែ​ក្រូចថ្លុង 1ផ្លែ
    – ត្រសក់ 1ផ្លែ
    – ការ៉ុត 1មើម
    – ខ្ញី 2ចំណិត
    – ស្លឹក​ជី​អង្កាម 5សន្លឹក

    វិធី​ធ្វើ

    ហាន់​ផ្លែ​ក្រូចថ្លុង ការ៉ុត ត្រសក់​ជាចំណិតៗ រួច​ក្រឡុក​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក បន្ទាប់មក​បន្ថែម​ទឹក​បន្តិច និង​ចំណិត​ខ្ញី រួច​ក្រឡុក​ចូលគ្នា​ឱ្យ​ម៉ដ្ឋ។ ក្រោយមក​ទើប​ដាក់​ស្លឹក​ជី​អង្កាម​ចូលទៅ​ក្រឡុក​ជាមួយគ្នា​ទៀត​ជាការ​ស្រេច។ អ្នក​អាច​ទទួលទាន2ដង​ក្នុង​មួយថ្ងៃ គឺ​នៅពេល​ព្រឹក និង​មុន​ពេលបាយ​ថ្ងៃត្រង់។

    គុណប្រយោជន៍​របស់​ទឹក​ភេសជ្ជៈ​ដែលមាន​រូបធាតុ​ផ្សំ​ខាងលើនេះ​មានដូចជា ៖

    1/ ផ្លែ​ក្រូចថ្លុង៖ ជា​ផ្លែឈើ​ដែលមាន​ផលប្រយោជន៍​ចំពោះ​សុខភាព​បំផុត វា​ជួយ​ព្យាបាល និង​សម្អាត​សារ​ជាតិពុល​នៅក្នុង​រាងកាយ ក្រៅពី​វា​សម្បូរ​ទៅដោយ​វីតាមីន​C ដែល​អាចជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​បន្ថែម​កម្លាំង​ដល់​រាងកាយ​ហើយ វា​ក៏មាន​សមត្ថភាព​ជួយ​បំបាត់​ភាព​នឿយហត់​ផងដែរ។

    2/ ការ៉ុត៖ ការ៉ុត​ជា​បន្លែ​ដែលមាន​រសជាតិ​ឆ្ងាញ់ ហើយ​ពោរពេញ​ទៅដោយ​សារធាតុចិញ្ចឹម អង់​ទី​អុកស៊ីដ​ង់ និង​បេ​តា​ការ៉ូ​ទីន ដែល​រាងកាយ​អាច​បំ​លែង​ទៅជា​វីតាមីន A។ ក្រៅពីនោះ​វា​ក៏​អាចជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ផងដែរ។

    3/ ត្រសក់៖ ជា​ប្រភេទ​បន្លែ​ដែល​សម្បូរ​ទៅដោយ​សារជាតិ​អាហារ​កាក​សរសៃ ជួយ​ចម្អែត​ក្រពះ និង​ជា​ឱសថ​បុរាណ​សម្រាប់​ប​ញ្ជុះ​ទឹកនោម​ផងដែរ៕

  • Liverpool យល់ព្រម​លើ​តម្លៃ​ខ្លួន 75លាន​ផោន ដើម្បី​យក Van Dijk ពី Southampton

    Liverpool យល់ព្រម​លើ​តម្លៃ​ខ្លួន 75លាន​ផោន ដើម្បី​យក Van Dijk ពី Southampton

    ក្លិប Liverpool នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយនឹង Virgil van Dijk ពី​ក្លិប Southampton នៅ​សប្តាហ៍​ក្រោយនេះ ក្រោយពី​យល់ព្រម​លើ​តម្លៃ​ខ្លួន75លាន​ផោន (ស្មើនឹង100លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែការពារ​អន្តរជាតិ​ហូ​ឡង់​រូបនេះ ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​សម្រាប់​កីឡាករ​ខ្សែការពារ​ម្នាក់។

    ក្លិប​មាន​មូលដ្ឋាន​នៅ Merseyside ចង់បាន​កីឡាករ​ម្នាក់នេះ​តាំងពី​រដូវក្តៅ​មុន​មកម្ល៉េះ និង​បានបង្ហាញ​ពី​សុច្ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ចំណាយ​ប្រាក់​ដល់​ទៅ60លាន​ផោន ដើម្បី​ការផ្ទេរ​នេះ តែ​បានទទួល​បរាជ័យ ក្រោយពី​ក្លិប Southampton បាន​បញ្ជាក់ថា Liverpool បានធ្វើ​ការស្នើ​មិន​ផ្លូវការ​ទៅកាន់​កីឡាករ Van Dijk។ ទោះបីជា​យ៉ាងណា លោក Jurgen Klopp គ្រូបង្វឹក​របស់​ក្រុម​ហង្ស​ក្រហម Liverpool នៅតែមាន​ការប្តេជ្ញាចិត្ត​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Van Dijk ខណៈដែល​លោក​ព្យាយាម​ក្នុងការ​ពង្រឹង​តំបន់​ការពារ​ដែល​បាន​កម្ទេច​មហិច្ឆតា​នៃ​ការ​ប្រជែង​ពាន​ក្របខ័ណ្ឌ Premier League របស់​ក្រុម Liverpool។

    Van Dijk បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter រួមជាមួយ​នឹង​ការ​បង្ហោះ​រូបថត​របស់គេ​កំពុងតែ​កាន់​អាវ​របស់ Liverpool ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់ និង​មាន​កិត្តិយស​ក្នុងការ​យល់ព្រម​ដើម្បី​ក្លាយជា​កីឡាករ​ម្នាក់​របស់ Liverpool FC»។ បើទោះបី​ក្លិប Chelsea និង Manchester City ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាប់អារម្មណ៍​ទៅលើ Van Dijk ដូចគ្នា​ក៏ដោយ ប៉ុន្តែ​ទីបំផុត លោក Klopp បានទទួល​កីឡាករ​ក្នុង​គោលដៅ​របស់លោក​ជាមួយនឹង​ការផ្តល់​ប្រាក់ចំណូល18ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍។ ក្លិប Liverpool បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្លិប​បាល់ទាត់ Liverpool អាច​ប្រកាសថា ពួកគេ​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​មួយ​ជាមួយនឹង Southampton សម្រាប់​ការផ្ទេរ Virgil van Dijk ហើយ»។

    ខ្សែការពារ​វ័យ26ឆ្នាំ​រូបនេះ នឹង​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ​ទៅកាន់ Liverpool នៅ​ថ្ងៃទី1 ខែមករា ខាងមុខនេះ ខណៈដែល​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​កាលពីមុន​សម្រាប់​ខ្សែការពារ​ម្នាក់​គឺមាន​ចំនួន54លាន​ផោន ដែល​ក្លិប Manchester City បាន​ចំណាយ​ដើម្បី​ទិញ Kyle Walker ពី​ក្លិប Tottenham នៅ​មុនពេល​ចាប់ផ្តើម​រដូវ​កាល​នេះ៕

    ប្រភពពី៖ The Guardian

  • Man City ឈ្នះ​ជា​លើក​ទី18ជាប់ៗគ្នា​ដោយសារ Sterling

    Man City ឈ្នះ​ជា​លើក​ទី18ជាប់ៗគ្នា​ដោយសារ Sterling

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី1របស់​ខ្សែបម្រើ​ស្លាប Raheem Sterling បាន​ជួយ​ឲ្យ​ក្រុម Manchester City បន្ត​កំណត់ត្រា​ឈ្នះ​របស់ខ្លួន ក៏ដូចជា​បន្ថែម​ការនាំ​មុខ​របស់​ពួកគេ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ក្រោយពី​បាន​ផ្តួល​ក្រុម​ផ្តោត​តែ​លើ​តំបន់​ការពារ Newcastle United ក្នុង​លទ្ធផល 1-០ កាលពី​ថ្ងៃ​ពុធ។

    ជ័យជម្នះ​នេះ ពិតជា​បានកើត​ឡើង​ទាំង​ភាពស្វិតស្វាញ ខណៈដែល​ក្រុម Newcastle បាន​ផ្តោតទៅលើ​តំបន់​ការពារ​ទាំងស្រុង និង​មិន​បោះបង់​ឡើយ បើទោះបី​មានការ​វាយ​សម្រុក​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​របស់លោក Pep Guardiola ក៏ដោយ។ គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី​ទី31របស់ Sterling បានធ្វើ​ឲ្យ​ក្រុម Man City បន្ថែម​ការនាំ​មុខរប​ស់​ពួកគេ​រហូតដល់​ទៅ15ពិន្ទុ​លើ​ក្រុម​ឈរ​លេខ2 Manchester United ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុម Burnley កាលពី​ថ្ងៃ​អង្គារ។

    ក្លិប​តែមួយ​ក្នុងចំណោម​ក្របខ័ណ្ឌ​លី​ក​ដ៏​ធំ​បំផុត​ទាំង5របស់​អឺរ៉ុប ដែលមាន​កំណត់ត្រា​ឈ្នះជាប់ៗគ្នាច្រើន​ជាងគេ​គឺ Bayern Munich ដែល​បាន​កត់ត្រា​ជ័យជម្នះ19លើកជាប់ៗគ្នា​ក្រោម​ការដឹកនាំ​របស់លោក Guardiola ដូចគ្នា​ក្នុង​រដូវ​កាល​ឆ្នាំ2013-2014។ Man City អាច​តាម​ស្មើ​កំណត់ត្រា​របស់​ក្រុម Bayern ក្នុងការ​ប្រកួត​បន្ទាប់​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម Crystal Palace នា​ថ្ងៃទី31 ខែធ្នូ។ Man City ក៏បាន​តាម​ស្មើ​កំណត់ត្រា​នៃ​ការ​ឈ្នះ​ក្រៅ​ទឹកដី​ចំនួន11លើកជាប់ៗគ្នា​ផងដែរ ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ខណៈដែល​កំណត់ត្រា​នោះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម Chelsea កាលពី​ឆ្នាំ2008៕

    ប្រភពពី៖ The Guardian

  • សហ​ស្ថាបនិក​នៃ​គេហទំព័រ Bitcoin.com លក់ Coin ទាំងអស់​របស់ខ្លួន

    សហ​ស្ថាបនិក​នៃ​គេហទំព័រ Bitcoin.com លក់ Coin ទាំងអស់​របស់ខ្លួន

    សហ​ស្ថាបនិក​ម្នាក់​នៃ​គេហទំព័រ Bitcoin បាន​លក់​កាក់​របស់គាត់​ទាំងអស់​ក្រោម​ហេតុផល​ថា ប្រភេទ​នៃ​រូបិយវត្ថុ​នេះ​លែង​រីកដុះដាល​ថែមទៀត​ហើយ។ នេះ​បើតាម​គេហទំព័រ www.standard.co.uk។

    លោក Emil Oldenburg ប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៃ Bitcoin.com បាន​និយាយថា Bitcoin គឺជា​ការវិនិយោគ​ដែល​គ្រោះថ្នាក់​បំផុត។ ភាពឆ្អែត​នៃ​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ​គឺ​គេ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​វិនិយោគ​ទៅលើ​វា តែ​វា​នឹងមាន​ការលំបាក​ក្នុង​ការលក់​ចេញ ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ចំណេញ​តិច ឬ​អាច​ខាតបង់​ទៀតផង។ លោក Oldenburg បាន​ប្រាប់ថា គាត់​បាន​បង្វែរ​ថវិកា​របស់គាត់​ពី Bitcoin ទៅជា​សាច់ប្រាក់ ហើយ​យកទៅ​វិនិយោគ​ក្នុង​ប្រព័ន្ធ​សាច់ប្រាក់​ថ្មី​មួយទៀត​ដែល​ទើបនឹង​បង្កើត​កាលពី​ខែសីហា​កន្លងមក។

    WizSec Founding Team: Kim Nilsson, J. Maurice, Emil Oldenburg

    លោក​និយាយថា៖“ការវិនិយោគ​លើ Bitcoin គឺ​គ្រោះថ្នាក់​ខ្លាំងណាស់ ហើយ​វា​ពិត​ជាមាន​ហានិភ័យ​ខ្ពស់។ ហេតុនេះហើយ​ទើប​ខ្ញុំ​លក់​កាក់ Bitcoin របស់ខ្ញុំ​ទាំងអស់ ដើម្បី​ប្តូរ​ទៅជា Bitcoin Cash វិញ។

    លោក​បាន​បន្តថា៖“ពេល​ខ្ញុំ​លក់ Bitcoin ខ្ញុំ​បាន​ចំណាយលុយ35អឺរ៉ូ ឬ​ស្មើនឹង50ដុល្លារ​អាមេរិក និង​ប្រើពេល12ម៉ោង​សម្រាប់​ប្រតិបត្តិ​ការផ្ទេរ​លុយ​ពី​ការងារ​នេះ។ ទីបំផុត​ប្រតិបត្តិការ​របស់ខ្ញុំ​ក៏បាន​រួចរាល់​ដោយ​គ្មាន​បញ្ហា។ អ្នកគ្រប់គ្រង Bitcoin.com និង​ជា​សហ​ស្ថាបនិក​នៃ​គេហទំព័រ​ដែល​បាន​ជួយ​ដេញថ្លៃ​ឱ្យ​តម្លៃ​នៃ Cryptocurrency ឡើងថ្លៃ បាន​និយាយថា ក្រុមហ៊ុន​បានបញ្ចប់​ការវិនិយោគ​លើ​សេវា​ថ្មី​សម្រាប់​ប្រព័ន្ធ Bitcoin ហើយ​ពេល​បច្ចុប្បន្ននេះ​បាន​បង្វែរ​ការ​ផ្តោតទៅលើ Bitcoin Cash។

    លោក​បាន​បញ្ជាក់ថា៖“ការចំណាយ​សម្រាប់​វិនិយោគ​លើ Bitcoin Cash គឺ​តិចជាង Bitcoin ធម្មតា​ឆ្ងាយ​ណាស់។ ប្រព័ន្ធ Bitcoin ចាស់​លែង​រីកចម្រើន​ទៀតហើយ ហើយ​មានតែ​ប្រព័ន្ធ Bitcoin Cash នេះ​ទេ ទើប​អាចជួយ​ដល់​អ្នកវិនិយោគ​ឱ្យទទួល​បាន​ប្រាក់ចំណេញ​មកវិញ​ទៅ​ថ្ងៃ​អនាគត។

    ខណៈដែល Bitcoin បានចាប់ផ្តើម​រីកដុះដាល​នៅ​ខែមករា វា​បាន​កើនឡើង​តម្លៃ​របស់​វា​ចាប់ពី1,000ដុល្លារ សម្រាប់ Coin មួយ​ទៅ18,000ដុល្លារ​នោះ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ព្រមាន​ទុកជាមុន​ហើយ​ថា វា​អាច​នឹងត្រូវ​បញ្ចប់​ដោយ​ទឹកភ្នែក។ Bitcoin គឺជា​ប្រព័ន្ធ​រូបិយវត្ថុ​ដែល​ទិញតៗគ្នា​តាម​ប្រព័ន្ធ​ឌីជីថល ដោយ​មិនមាន​ឆ្លងកាត់​ធនាគារកណ្តាល​នោះទេ៕

  • តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា?

    តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា?

    បច្ចុប្បន្ន​គេ​សង្កេតឃើញថា វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មានការ​រីកចម្រើន​ខ្លាំងឡើងៗនៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ពិសេស​គឺ​វត្ត​មាននៃ​អគារ​ការិយាល័យ​សាខា​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅតាម​ទីប្រជុំជន​ទូទាំងប្រទេស។ តើ​ហេតុអ្វី​បានជា​វិស័យនេះ​មានការ​រីកចម្រើន​ខ្លាំង​ដូច្នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ?

    លោកស្រី ចាន់ សុធាវី ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ​មួយកន្លែង​នៅតាម​បណ្តោយ​មហាវិថី​ព្រះសីហនុ បាន​និយាយថា បើ​ប្រៀបធៀប​ការលក់​ពីមុន និង​បច្ចុប្បន្ន​គឺមាន​លក្ខណៈ​ខុសគ្នា​ឆ្ងាយ ដោយ​ការលក់​នាពេលនេះ​មាន​ភាពល្អប្រសើរ​ជាង ព្រោះ​ភាគច្រើន​អតិថិជន​អាចមាន​លទ្ធភាព​ទិញ​ដោយ​បង់​រំលស់។ លោកស្រី​បាន​បន្ថែមថា ដោយសារ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​បានធ្វើឱ្យ Lifestyle នៃ​ការរស់នៅ​របស់​ប្រជាជនមាន​ការផ្លាស់ប្តូរ គឺ​ពួកគេ​ត្រូវ​ការដើរ​ឱ្យទាន់​សម័យកាល​នៃ​បច្ចេកវិទ្យា ដូច្នេះ​តម្រូវការ​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ស៊េរី​ថ្មី​ប្រភេទ Smart Phone ក៏ដូចជា​កុំព្យូទ័រ និង​សម្ភារ​ប្រើប្រាស់ទំនើបៗផ្សេងទៀត​មានការ​កើនឡើង​ខ្លាំង ដែលជា​ឱកាសល្អ​មួយ​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ក្នុងការ​ពង្រីក​ខ្លួន​ផ្តល់​កម្ចី​លើ​ការបង់​រំលស់​សម្ភារ​ទាំងនោះ​ទៅតាម​តម្រូវការ​របស់​អតិថិជន។

    បច្ចុប្បន្ន​យើង​សង្កេតឃើញថា ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ក៏មាន​បង្កើត​សេវាកម្ម​ផ្តល់​កម្ចី​ជាច្រើន​ប្រភេទ​ដើម្បី​ជា​ជម្រើស​សម្រាប់​អតិថិជន​ផងដែរ​ដូចជា កម្ចី​សម្រាប់ធ្វើ​ជំនួញ កម្ចី​ទិញ​ដី​ទិញ​ផ្ទះ ទិញ​សម្ភារ​ប្រើប្រាស់ផ្សេងៗ ទិញ​រថយន្ត ម៉ូតូ​ទូរស័ព្ទដៃ កុំព្យូទ័រ កម្ចី​ផ្នែក​អប់រំ និង​កម្ចី​អាពាហ៍ពិពាហ៍​ជាដើម។ ការពង្រីក​នូវ​សេវាកម្ម​ផ្តល់​កម្ចី​ទាំងអស់​ខាងលើនេះ​ស្រប​ពេលដែល​តម្រូវការ​នៃ​ការប្រើប្រាស់​សម្ភារទំនើបៗមានការ​កើនឡើង​ទើប​ធ្វើឱ្យមាន​ការរីកចម្រើន​វិស័យនេះ​យ៉ាង​ឆាប់រហ័ស​ដូច្នេះ។

    លោក មុត សុភ​ក្ត្រ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​ស្ថិតក្នុង​ខេត្តព្រៃវែង បាន​និយាយថា ដើមឡើយ​លោក​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សម្លឹង​ឃើញ​តម្រូវការ​សាច់ជ្រូក​នៅលើ​ទីផ្សារ​កើនឡើង ស្រប​ពេលដែល​មានការ​នាំចូល​ច្រើន​ពី​ប្រទេសជិតខាង លោក និង​គ្រួ​សារបាន​សម្រេចចិត្ត​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដើម្បី​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់លោក​ឱ្យបាន​ដល់​ទំហំ​ដី​ជាង1ហិកតា ហើយ​សហការ​ជាមួយ​ក្រុមហ៊ុន CP ធ្វើការ​ចិញ្ចឹម​កូនជ្រូក​ទទួលបាន​ជោគជ័យ ដែល​ធ្វើឱ្យ​ចំណូល​គ្រួសារ​កាន់តែ​បានល្អ​ប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ លោក​បន្តថា ការរីកចម្រើន​ទៅលើ​អាជីវកម្ម​ចិញ្ចឹម​ជ្រូក គឺ​ដោយសារ​ទទួលបាន​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បើ​ពុំ​ដូច្នោះ​ទេ​លោក​នឹងមិន​មានលទ្ធភាព​ពង្រីក​កសិដ្ឋាន​បានទេ។

    ចំណែក​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ បាន​មានប្រសាសន៍ថា ការរីកចម្រើន​នៃ​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ល្អប្រសើរ ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ក្នុងការ​ប្រក​បរបរ​ជួញដូរ​រក​ទទួលទាន ហើយ​កាលណា​ប្រជាជន​រកស៊ី​ជួប​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ គឺ​គាត់​មាន​ធនាគារ ក៏ដូចជា​មីក្រូហិរញ្ញវត្ថុ​រង់ចាំ​ជួយផ្តល់​ប្រាក់កម្ចី ដែល​អាចជួយ​ឱ្យ​គាត់​មានលទ្ធភាព​ពង្រីក​សង្វាក់​ផលិតកម្ម និង​មុខរបរផ្សេងៗកាន់តែ​រីក​ធំធាត់ឡើងៗ និង​មាន​ចំណូល​ត្រឡប់មកវិញ​កាន់តែ​ច្រើនឡើង។

    លោក​ឧកញ៉ា​អះអាងថា អ្វីដែល​សំខាន់បំផុត គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ បាន​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបញ្ចេញ​ថវិកា​បញ្ចូល​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ ដែលជា​កត្តារួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការជួយ​ដល់​កំណើនសេដ្ឋកិច្ច7% ជា​រៀងរាល់ឆ្នាំ និង​ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ទោះយ៉ាងណា លោក​ឧកញ៉ា បានផ្តល់​អនុសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ថា មុននឹង​សម្រេច​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រជាពលរដ្ឋ​ត្រូវមាន​ផែនការអាជីវកម្ម (Business Plan) មួយ​ច្បាស់លាស់​ហើយ​ត្រូវ​ប្រកប​របរ​អាជីវក​ម្មណា ដែលជា​តម្រូវការ​ទូទៅ​របស់​សង្គម ទើប​នាំឱ្យ​អាជីវកម្ម​មានការ​គាំទ្រ​នៅលើ​ទីផ្សារ មិន​ជួប​ហានិភ័យ និង​មិន​ជួប​ការលំបាក​ក្នុងការ​បង់ប្រាក់​ត្រឡប់​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ។

    គួរ​បញ្ជាក់ថា មកទល់​បច្ចុប្បន្ន​ហត្ថា​កសិករ បានផ្តល់​ប្រាក់កម្ចី​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ទូទៅ​ប្រមាណ100,000នាក់ ដែលមាន​ប្រាក់កម្ចី​សរុប​ជា 400លាន​ដុល្លារ និង​បាន​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា3,000នាក់ ដែល​កំពុងធ្វើការ​នៅតាម​សាខា​ចំនួន168 ទូទាំងប្រទេស​កម្ពុជា។

    ជាមួយគ្នានេះ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា មានប្រសាសន៍​ស្រដៀង​នេះដែរ​ថា តាម​ទ្រឹស្តី​ក៏ដូចជា​ការអនុវត្ត ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់ ក្នុង​ការជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។

    លោក​បណ្ឌិត បញ្ជាក់ថា តាមរយៈ​ការរីកចម្រើន​លើ​វិស័យ​ហិរញ្ញវត្ថុ​នេះហើយ​ដែលជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​ពង្រីក​ដើមទុន និង​មុខរបរផ្សេងៗ ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ កាន់​តែមាន​ភាពប្រសើរ។

    គួរ​បញ្ជាក់ថា មកទល់​បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា ពង្រីក​សាខា​បាន​ចំនួន​ដល់ 260សាខា​នៅក្នុង​ប្រទេស​កម្ពុជា 41សាខា​នៅ​ប្រទេស​ឡាវ និង 8សាខា​ទៀត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​បញ្ចេញ​សាច់​កម្ចី​សរុប​ជិត 3,000 លាន​ដុល្លារ​អាមេរិក​និង​ជួយផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ 12,000នាក់​ទៀតផង។ គិត​មកទល់​ខែវិច្ឆិកា ឆ្នាំ2017 នេះ​ធនាគារ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប 54ស្ថាប័ន ក្នុងនោះ​រួមមាន​ធនាគារពាណិជ្ជ ចំនួន39ស្ថាប័ន និង​ធនាគារ​ឯកទេស​មាន​ចំនួន15ស្ថាប័ន ចំណែក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​រហូតដល់76ស្ថាប័ន ហើយ​ក្នុងចំណោម​នោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ទទួលបាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន 7ស្ថាប័ន៕

  • វិនិយោគ​ថ្ងៃនេះ នឹង​ទទួលផល​នៅ​ថ្ងៃស្អែក ជាមួយ​វគ្គ​សិក្សា​កម្រិត​តួនាទី

    វិនិយោគ​ថ្ងៃនេះ នឹង​ទទួលផល​នៅ​ថ្ងៃស្អែក ជាមួយ​វគ្គ​សិក្សា​កម្រិត​តួនាទី

    ភ្នំពេញ៖ គណនេយ្យករ​ទូទៅ គណនេយ្យករ​ពន្ធដារ គណនេយ្យករ​ជាន់ខ្ពស់ និង​គណនេយ្យ​គ្រប់គ្រង តួនាទី​ទាំងអស់នេះ​កំពុងតែ​ពេញនិយម​លើ​ទីផ្សារការងារ​បច្ចុប្បន្ន គ្រប់​អង្គភាព​អាជីវកម្ម​ទាំងអស់​ត្រូវការ​តួនាទី​នេះ ដើម្បី​មក​គ្រប់គ្រង​បញ្ជីស្នាម​ព័ត៌មាន​គណនេយ្យ​របស់​ខ្លួន ហេតុអ្វី​បានជា​តួនាទី​នេះ​មាន​សារៈសំខាន់?

    លោក គិត ចាន់​ថង ជា​អគ្គនាយក ក្រុមហ៊ុន សូ​តា ប្រឹ​ហ្វេ​សិ​នណល SOTA PROFESSIONAL LIMITED និង មជ្ឈមណ្ឌល បណ្តុះបណ្តាល ខេ​ត ត្រេ​ន​នី​ង CAT TRAINING បាន​ពន្យល់ថា គណនេយ្យ ពិត​ជាមាន​សារៈសំខាន់​ក្នុង​អង្គភាព​អាជីវកម្ម​ដែល​មិនអាច​ខ្វះ​បាន ពីព្រោះ​វា​បាន​ចូលរួម​វាស់វែង​ដែន​កំណ​ត់នៃ​ព័ត៌មាន​របាយការណ៍​ហិរញ្ញវត្ថុ​ថា​តើ​សុខភាព​ហិរញ្ញវត្ថុ​ដើរ​ដល់​កម្រិតណា និង​ជួប​ហានិភ័យ​អ្វីខ្លះ ។ ការវិភាគ​ប្រតិបត្តិកា​រណ៍ ការចាត់​ថ្នាក់​ប្រភេទ​គណនី និង​ការកត់ត្រា​គណនី នៃ​ព្រឹត្តិការណ៍ និង​សកម្មភាព​របស់​អង្គភាព​អាជីវកម្ម​បានកើត​ឡើង​នឹង​កំពុង​កើតឡើង ដោយ​ការកត់ត្រា​គណនី​នោះ​អោយបាន​ត្រឹមត្រូវ និង​តាម​ក្បួនខ្នាត​ស្តង់ដារ​គណនេយ្យ និង​អនុលោម​តាមច្បាប់​ពន្ធដារ​កម្ពុជា ។ ប្រសិនបើ​គណនេយ្យករ​ខ្វះខាត​ចំណេះដឹង ស្រពិចស្រពិល​មិនទាន់​ច្បាស់​ក្នុងការ​កត់ត្រា​គណនី នោះ​និង​នាំ​អង្គភាព​អាជីវកម្ម​ជួប​ហានិភ័យ ឬ​ការផាកពិន័យផ្សេងៗពី​អង្គភាព​ពន្ធដារ ដូច្នេះហើយ​បានជា លោក ចាន់​ថង បង្កើត​វគ្គ​សិក្សា​មួយ​ដោយ​បំបែកចេញ​ជា​ជំនាញ​និង​តួនាទីសំខាន់ៗ និង​មាន 4កម្រិត​វគ្គ​សិក្សា៖

    1- កម្រិត​មូល​ដ្ធា​ន​គ្រឹះ Foundations Level
    2- កម្រិត​ចំណេះដឹង Knowledges Level
    3- កម្រិត​ជំនាញ Skills Level
    4- កម្រិត​វិជ្ជាជីវៈ Professionals Level

    ទី1-តួនាទី​គណនេយ្យករ ទី2-តួនាទី​គណនេយ្យករ​ជាន់ខ្ពស់ និង​ទី3-តួនាទី​គណនេយ្យ​គ្រប់គ្រង និង​កម្មវិធីសិក្សា​ព​ន្លឿ​ន​បទពិសោធ​ការងារ​ជាក់ស្តែង​សម្រាប់​និស្សិត ដោយ​គ្រប់​តួនាទីនីមួយៗមាន​វគ្គ​សិក្សា​អនុវត្ត​ជាក់ស្តែង និង​មាន​ករណី​សិក្សា​ជាក់ស្តែង CASE STUDY ទៅតាម​ប្រភេទ​អាជីវកម្ម​ដូចជា៖ ក្រុមហ៊ុន​វិនិយោគ​ផលិតកម្ម​និង​រោងចក្រ ក្រុមហ៊ុន​លក់ទំនិញ ក្រុមហ៊ុន​សំណង់ ស​ណ្ធា​គារ​និង​ភោជនីយ​ដ្ធា​ន សេវាកម្ម ផ្តល់ប្រាក់​កម្ចី​និង​បញ្ចាំ ក្រុមហ៊ុន​វិនិយោគ​កសិកម្ម និង​ក្រុមហ៊ុន​សេវាកម្ម ។ល។ ពេល​បញ្ចប់​វគ្គ​សិក្សា ចំពោះ​សិក្ខាកាម​មិនទាន់មាន​ការងារ​ធ្វើ​ខាង​មជ្ឈមណ្ឌល ខេ​ត ត្រេ​ន​នី​ង នឹង​ជួយ​ស្វែងរក​ការងារ​ស្របតាម​តួនាទី និង​ចំណេះដឹង ដោយមាន​ការប្រលង​បញ្ចប់​វគ្គ​សិក្សា​លើ​តួនាទី និង​ចេញ​ជា Recommendation និង Reference សម្រាប់​យកទៅ​ផ្ជា​ប់​ពេលធ្វើ​បទសំភាសន៍​ការងារ ។

    និង​ពន្យា​ការចុះឈ្មោះ​ជា​សមាជិក​រហូតដល់ ថ្ងៃទី 15 ខែ មករា ឆ្នាំ2018 ។

    ទំនាក់ទំនង៖ 081 45 85 25 / 077 92 42 80

    Email: [email protected] / website: www.cattraining.asia

    ចូល​ជា​សមាជិក​ដើម្បី​ទទួលបាន​វគ្គ​សិក្សា៖