Author: វល័ក្ខ

  • អេ អឹម ខេ បន្តសកម្មភាព​គាំទ្រ​សុខភាព​កុមារ​កម្ពុជាតាមរយៈ​មន្ទីរពេទ្យ​គុន្ធបុប្ផា

    អេ អឹម ខេ បន្តសកម្មភាព​គាំទ្រ​សុខភាព​កុមារ​កម្ពុជាតាមរយៈ​មន្ទីរពេទ្យ​គុន្ធបុប្ផា

    ភ្នំពេញៈ នា​ថ្ងៃទី03 ខែមករា ឆ្នាំ2018 តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដឹកនាំ​ដោយ លោក ណា​ង គី​ណា​ល់ នាយក​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនង នាំយក​ទឹកប្រាក់​បរិច្ចាគ​ចំនួន 18លាន​រៀន ប្រគល់ជូន​តំណាង មន្ទីរពេទ្យ​គុន្ធបុប្ផា នៅ​ទីតាំង​វត្តភ្នំ។ ថវិកា​ទាំងនេះ គឺជា​ទឹកចិត្ត​សម្បុរ​ស​របស់​គណៈ​គ្រប់គ្រង ក៏ដូចជា​បុគ្គលិក អេ អឹម ខេ ទូទាំងប្រទេស ដែល​តែងតែ​ផ្តល់​ការយកចិត្តទុកដាក់ និង​ឲ្យ​តម្លៃ​ដល់​សុខភាព​កុមារ​កម្ពុជា ដើម្បី​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អ ជាពិសេស​ចង់ឃើញ​ពួកគាត់​មានឱកាស​បាន​ចូលរៀនគ្រប់ៗគ្នា ព្រោះ​កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី។

    ដោយមាន​បេសកកម្ម ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ពួកគេ តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ អេ អឹម ខេ មាន​គោលដៅ​សំខាន់​ពីរ ដែល​ត្រូវ​សម្រេច​ឲ្យ​បាន គឺ​ផ្នែក​ហិរញ្ញវត្ថុ និង​សង្គម។ ជាក់ស្តែង​ក្នុង​ឆ្នាំ 2017 អេ អឹម ខេ បាន​ចូលរួម​លើកកម្ពស់​ការងារ​សង្គម​ជាច្រើន​កន្លងមក ដោយ​ការងារ​ទាំងនោះ​រួមមាន៖ (1) ចូលរួម​គាំទ្រ​គម្រោង​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ដើម្បី​ធ្វើការ​វះកាត់​មាត់​ឆែប ក្រអូម​ឆែប មាត់​ធ្មេញ និង​ពិការ​មុខមាត់ផ្សេងៗ ដល់​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ (2) ចូលរួម​គាំទ្រ​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត ក្រីក្រ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (3) ចូលរួម​គាំទ្រ​កម្មវិធី​ជើងឯក​និយាយ​ភាសារ​ខ្មែរ​ជា​សាធារណៈ និង​កម្មវិធី​សង្គម ផ្សេងៗជាច្រើន​ទៀត។

    ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ថវិកា​ជូន​មន្ទីរពេទ្យ​គុន្ធបុប្ផា លោក ណា​ង គី​ណា​ល់ បាន​លើកឡើងថា “អេ អឹម ខេ បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការធ្វើ​ឲ្យ​សម្រេច​គោលដៅ​កិច្ចការ​សង្គម​របស់ខ្លួន។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គណៈ​គ្រប់គ្រង អេ អឹម ខេ តែងតែ ជំរុញ​ឲ្យ​មាន​វប្បធម៌​ចែករំលែកល្អៗ ដើម្បី​ជួយ​ដល់​សង្គម ហើយ​ថវិកា​ដែល​បាន​មកនេះ ក៏មាន​ការចូលរួម​ពី​បុគ្គលិក អេ  អឹម ខេ យើង​ផងដែរ។ លោក គី​ណា​ល់ បាន​បន្ថែមទៀតថា “ដោយសារតែ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បុគ្គលិក អេ អឹម ខេ ទាំងអស់ បច្ចុប្បន្ននេះ អេ អឹម ខេ ត្រូវបាន​ទទួលស្គាល់ថា ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​អនុវត្ត​យ៉ាង​ពេញលេញ ទៅតាម​គោលការណ៍​ការពារ​អតិថិជន​ពី SMART CAMPAIGN ដែលជា​ស្ថាប័ន​អន្តរជាតិ​បង្រួបបង្រួម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក ឲ្យ​មាន​គោលដៅ​រួម គឺ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទៅតាម​គោលការណ៍​ការពារ​អតិថិជន។

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម ខែវិច្ឆិកា ឆ្នាំ2017 នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត 2.500នាក់ អតិថិជន​ចំនួន​ជិត 68ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង 205 លាន​ដុល្លារ​អាមេរិក និង​មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន 150 កន្លែង និង មាន​ភ្នាក់ងារ​ជាង 3.000កន្លែង នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន អតិថិជន​ដូចជា៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

  • អ្នក​ដែល​មើលរំលង​ការទំនាក់ទំនង​ភាគច្រើន​រកស៊ី​មិនសូវ​ជោគជ័យ តើ​នេះ​មកពី​ហេតុអ្វី?

    អ្នក​ដែល​មើលរំលង​ការទំនាក់ទំនង​ភាគច្រើន​រកស៊ី​មិនសូវ​ជោគជ័យ តើ​នេះ​មកពី​ហេតុអ្វី?

    ទំនាក់ទំនង គឺជា​រឿង​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ ពិសេស​សម្រាប់​ពាណិជ្ជករ​ដែលជា​អ្នកមាន​គោលដៅ​ទំនាក់ទំនង​ច្រើន​បំផុត​ទាំង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ទំនាក់ទំនង​ជាមួយ​អតិថិជន​និង​ជាមួយ​បុគ្គលិក ជាដើម។

    នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint លោក សោម សម្បត្តិ បាន​និយាយថា ការបង្កើត​ទំនាក់ទំនង​គឺជា​រឿង​ដ៏​ចាំបាច់​របស់​មនុស្ស ពិសេស​អ្នករកស៊ី​ដែលជា​ការចាំបាច់​ដើម្បី​ផ្តល់ឱ្យ និង​ទាក់ទាញ​ផលប្រយោជន៍​ពី​ដៃគូ​អាជីវកម្ម និង​អតិថិជន​របស់ខ្លួន។ លោក​បញ្ជាក់ថា ការបង្កើត​ទំនាក់ទំនង​ល្អ​អាច​ជំ​រុញឱ្យ​មនុស្ស​ម្នាក់​កាន់​តែមាន​សក្តានុពល​ក្នុងការ​រ​ស៊ី ព្រោះ​នៅពេលដែល​គាត់​លក់​ផលិតផល​ណាមួយ ឬ​ប្រកាស​ពី​ផលិតផល​ណាមួយ គាត់​នឹង​អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មនុស្ស​ទូទៅ ព្រោះ​មនុស្ស​បាន​ជឿជាក់​ទៅលើ​គាត់​មុន​ជឿជាក់​លើ​ផលិតផល​របស់គាត់​ទៀតផង​ដែរ។

    លោក សម្បត្តិ បាន​ថ្លែងថា៖“ក្រៅពី​ការបង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ទូទៅ ការបង្កើត​ទំនាក់ទំនង និង​យកចិត្តទុកដាក់​ជាមួយ​បុគ្គលិក​ក៏​ជា​រឿង​សំខាន់​មួយ​ផងដែរ​សម្រាប់​អ្នកជំនួញ ព្រោះថា​បុគ្គលិក​ជា​ផ្នែក​ដែល​សំខាន់​ដើម្បី​នាំ​អាជីវកម្ម​ឱ្យទទួល​ជោគជ័យ។ ប្រសិនបើ​បុគ្គលិក និង​ថៅកែ​មិន​យល់​ពីគ្នា​នោះ​បញ្ហា​នឹង​កើតឡើង​មិនចេះចប់​មិនចេះហើយ។

    នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint បាន​បន្ថែមទៀតថា ជាទូទៅ​អ្នករកស៊ី​ខ្លះ​តែងតែ​ភ្លេចខ្លួន​រឿង​ទំនាក់ទំនង​នេះ ដោយមាន​អ្នកខ្លះ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ទូទៅ តែ​ដល់​ពេលដែល​មានបាន​ក៏​ចាប់ផ្តើម​ឃ្លាតឆ្ងាយ​ពី​ការទំនាក់ទំនង ឬ​ចាប់ផ្តើម​ដំឡើង​ខ្លួន។ ចំណុច​នេះ​អាច​នឹង​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ងាយ​បរាជ័យ​បំផុត ព្រោះ​ការរកស៊ី​មិនមែន​ចេះតែ​ចំណេញ​រហូត​នោះទេ វា​ត្រូវតែមាន​ការប្រកួតប្រជែង ហេតុនេះ​ការរក្សា​ទំនាក់​ទំនងជា​រឿង​សំខាន់​ដែល​ត្រូវតែ​ធ្វើជា​រៀងរហូត ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ។

    បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​នេះដែរ លោក​ឧកញ៉ា គួច ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន Mengly J. Quach បាន​ថ្លែងថា គ្រប់គ្នា​ដែល​នៅ​ជុំវិញខ្លួន​យើង​សុទ្ធតែជា​អតិថិជន ហេតុនេះ​ការធ្វើ​អ្វីមួយ​គឺ​ត្រូវតែ​ប្រយ័ត្ន។ ការប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​អ្នករកស៊ី ព្រោះ​ពេលខ្លះ​គេ​អាច​មើល​មនុស្ស​ណា​ម្នាក់​ហើយ​វាយតម្លៃ​គាត់​ថា គ្រាន់តែ​ជា​មនុស្ស​ធម្មតា ឬ​គ្រាន់តែ​ជា​អ្នក​ដែល​មិនសូវ​សំខាន់​ក្នុងសង្គម​ដែល​មិនចាំបាច់​ខ្វល់ខ្វាយ​ពី​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ប៉ុន្មាន​នោះទេ តែ​ពួកគេ​អាច​ភ្លេច​ថា​ក្រៅពី​ភាពជា​បុគ្គល​ធម្មតា អ្នក​ទាំងអស់នោះ​អាចមាន​មុខងារ​មួយទៀត​ដែល​យើង​ចាំបាច់​ត្រូវតែ​ទាក់ទង គឺ​គាត់​ជា​អតិថិជន​របស់​យើង។

    លោក​ឧកញ៉ា គួច ម៉េង​លី បាន​និយាយថា៖ “អ្នក​ដែល​នៅ​ជុំវិញខ្លួន​យើង អ្នកណា​ក៏ដោយ ក៏ត្រូវ​តែ​យកចិត្តទុកដាក់​ទាំងអស់ ព្រោះថា​មនុស្ស​មិនអាច​ធ្វើ​ការងារ ឬ​រស់​តែម្នាក់ឯង​បានទេ។ មនុស្ស​កុំ​មើលងាយ​មនុស្ស​ពេលខ្លះ​មនុស្ស​សាមញ្ញ​ម្នាក់​នៅថ្ងៃនេះ អាច​នឹង​ក្លាយជា​មនុស្ស​សំខាន់​ដែល​យើង​ត្រូវ​ទាក់ទង​នៅ​ថ្ងៃក្រោយ​ក៏​ថា​បាន។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ ខាងលើ​បាន​បញ្ជាក់ថា ទំនាក់​ទំនងជា​គន្លឹះ​យ៉ាងសំខាន់​ដែល​អាច​រុញច្រាន​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​ភាព​រីកចម្រើន។ ហេតុនេះ​សូមកុំ​មើលរំលង​រឿង​ដែល​សំខាន់​មួយ​នេះ ទោះបីជា​យើង​មាន​ស្ថាប័ន​ធំ​ហើយ​ក៏ដោយ ក៏​មិនអាច​មើលរំលង​ពី​មនុស្ស​គ្រប់គ្នា​ដែល​តូច​ទាប​ជាង​ខ្លួន​ដែរ។ ការព្យាយាម​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយគ្នា អាចជួយ​ឱ្យ​យើង​ទទួលជោគជ័យ​ទាំង​ការរកស៊ី និង​មាន​ភាពត្រជាក់ត្រជុំ​ក្នុងការ​រស់នៅ។

    អគ្គនាយក​ក្រុមហ៊ុន សេដ្ឋីនី លោក ឆាក់ សុជាតិ បាន​លើកឡើងថា ការទំនាក់ទំនង​ជាដ​ង្ហើ​មយ៉ាង​សំខាន់​សម្រាប់​ការរកស៊ី។ អ្នក​ដែល​ឱ្យ​តម្លៃ​ខ្លាំង​លើ​ការទំនាក់ទំនង​ជា​មនុ​ស្ស​ដែលមាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុងការ​រកលុយ​ព្រោះថា មនុស្ស​ដែល​អាច​ទទួល​ប្រយោជន៍​ពី​សង្គម​ច្រើន​បំផុត គឺជា​អ្នក​ដែល​មើលឃើញ​ពី​តម្លៃ​នៃ​សង្គម និង​ការរស់នៅ​របស់​មនុស្ស​ទូទៅ។

    លោក សុជាតិ បាន​និយាយថា៖“យើង​សាក​ស្រមៃ​ទៅ​មើលថា យើង​មាន​មនុស្ស​ប្រហែល1លាន​នាក់​នៅក្នុង​ដៃ បន្ទាប់មក​យើង​បង្កើត​អាជីវកម្ម​មួយ​ដែល​ចំណេញ​តែ50សេន​ប៉ុណ្ណោះ​ក្នុង​មួយខែ គឺ​យើង​អាច​ចំណេញ​បាន 50ម៉ឺន​ដុល្លារ វា​ងាយ​ជាង​ការដែល​យើង​ទៅយក​លុយ 50ម៉ឺន​ដុល្លារ​ពី​មនុស្ស​ម្នាក់​ឆ្ងាយ​ណាស់។

    សហគ្រិន​រូបនេះ បាន​បន្ថែមទៀតថា មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា ការរកស៊ី គឺ​ត្រូវតែ​ប្រមូល​ពី​អ្នកមាន​លុយធំៗទើប​ល្អ តែ​គំនិត​នេះ​មិន​ប្រាកដថា​ត្រូវ​នោះទេ ព្រោះ​បើ​យើង​ចង់បាន​លុយ 50ម៉ឺន​ដុល្លារ​ពី​នរណាម្នាក់ ម្ចាស់​លុយ​នោះ​ក៏មាន​វិធី​ការពារ​លុយ​របស់គេ​ដែរ តែ​ប្រសិនបើ​យើង​ប្រមូល​តែ 50សេន​ពី​មនុស្ស1លាន​នាក់ យើង​នឹង​អាច​ទទួលបាន50ម៉ឺន​ដុល្លារ​ដូចគ្នា។ ការរកស៊ី គឺ​ត្រូវមាន​ភាព​វៃឆ្លាត និង​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ ហេតុនេះ​ពេលខ្លះ​ការបង្កើត​ទំនាក់ទំនង​ល្អ អាចធ្វើឱ្យ​យើង​ក្លាយជា​អ្នករកស៊ី​ជោគជ័យ​បាន ទោះបីជា​យើង​លក់​តូចតាច ឬ​បន្តិចបន្តួច​ក៏ដោយ៕

  • Samsung ប្រកាសថា នឹង​លក់​ស្មា​ត​ហ្វូ​ន​ឲ្យ​បាន 320លាន​គ្រឿង នៅក្នុង​ឆ្នាំ 2018

    Samsung ប្រកាសថា នឹង​លក់​ស្មា​ត​ហ្វូ​ន​ឲ្យ​បាន 320លាន​គ្រឿង នៅក្នុង​ឆ្នាំ 2018

    សេ​អ៊ូ​ល៖ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​កូរ៉េខាងត្បូង Samsung បានប្រកាស​ឲ្យ​ដឹង​ពី​ផែន​ការលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ 2018 ដែល​ផែនការ​នេះ មើលទៅ​គឺ​ចង់​រក្សា​តំណែង​លេខ​មួយ​ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ធំជាងគេ។

    យោងតាម​សេចក្ដីប្រកាស​របស់ Samsung និង​ត្រូវបាន​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Phone Arena បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ប្ដេជ្ញាចិត្ត​លក់​ស្មា​ត​ហ្វូ​ន​ឲ្យ​បាន​យ៉ាងហោចណាស់ 320លាន​គ្រឿង​នៅក្នុង​ឆ្នាំ 2018 ដែល​តួលេខ​នេះ​គឺ​ខ្ពស់​គួរសម ហើយក៏​ប្រហែលជា​គ្មាន​ក្រុមហ៊ុនផ្សេងៗអាចធ្វើ​បានដែរ ខណៈដែល Apple និង Huawei ធ្វើបាន​ត្រឹមតែ 200លាន​គ្រឿង និង 150លាន​គ្រឿង។

    ក្នុងនោះ Samsung ក៏មាន​គម្រោង​លក់​ឧបករណ៍ Tablate របស់ខ្លួន​ឲ្យ​បាន 20លាន​គ្រឿង ព្រមទាំង​ឧបករណ៍ Wearable  ឲ្យ​បាន 5លាន​គ្រឿង​នៅក្នុង​ឆ្នាំ 2018៕

  • ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

    ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

    ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ ​UHD 4K (32UK950)  ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS មានសមត្ថភាពក្នុងការបង្កើនកំរិតពណ៌អោយកាន់តែភ្លឺល្អ។ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជន ក្រុមហ៊ុន LG បានបន្ថែមកម្រិត HDR600 នៃពន្លឺអោយកាន់តែច្បាស់ និងមានបន្ថែមជម្រើសការតភ្ជាប់ថ្មីយ៉ាងអស្ចារ្យ (Thunderbolt™ 3 compatibility)

    ម៉ូនីទ័រ LG សេរ៊ីថ្មី នឹងដាក់បង្ហាញនៅក្នុងកម្មវិធី CES 2018 និងជាម៉ូនីទ័រដំបូងគេដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS ដែលចូលរួមដំណើរការជាមួយកម្មវិធី Nanometer-sized particles ទៅនិងអេក្រង់ LED ដើម្បីស្រូបយករលកពន្លឺ។ ភាពអស្ចារ្យនេះជួយជំរុញកំលាំង និងភាពសុទ្ធទៅលើពណ៍អេក្រង់ សម្រាប់ជាបទពិសោធន៍នៃការទស្សនាថ្មី និង​ដូចពិតៗ។

    ម៉ូនីទ័រប្រភេទថ្មីនេះអាចធ្វើការបង្ហាញដល់ទៅ 98 ភាគរយនៃស្រមោលពណ៍ DCI-P3​ ដែលអាចប្រៀបទៅនិងម៉ូនីទ័រដែលប្រើប្រាស់ការងារក្រាហ្វិច (Graphic) របស់ Master Hollywood blockbusters

    លោក Chang Ik-hwan ប្រធានផ្នែកអាជីវកម្មព័ត៌មានវិទ្យារបស់ក្រុមហ៊ុន LG បានមានប្រសាសន៏ថា “ពួកយើងភាគច្រើនចំណាយពេលរាប់ពាន់ម៉ោងនៅមុខម៉ូនីទ័រជារៀងរាល់ខែ ហើយទាំងដែលម៉ូនីទ័រភាគច្រើនវាមិនមែនជាផលិតផលដែលមានបច្ចេកវិទ្យាល្អ ឬ អេក្រង់ដែលមានការវិវត្តិចុងក្រោយនោះទេ។ បុន្តែជាមួយបច្ចេកវិទ្យាម៉ូនីទ័រដ៍ប្រណិតចុងក្រោយរបស់  LG ពិតជាដំណោះស្រាយយ៉ាងអស្ចារ្យ ដែលអាចផ្តល់នូវបទពិសោធន៍ប្រើប្រាស់យ៉ាងរីករាយ ជាមួយនិងអេក្រង់កំរិតគុណភាពភ្លឺច្បាស់ល្អឥត់ខ្ចោះ៕

  • Man City វិល​ទៅ​ផ្លូវ​នៃ​ជ័យជម្នះ​វិញ ខណៈ Spurs ផ្តួល Swansea

    Man City វិល​ទៅ​ផ្លូវ​នៃ​ជ័យជម្នះ​វិញ ខណៈ Spurs ផ្តួល Swansea

    ក្រុម Manchester City បានធ្វើ​ការស្តារ​មុខមាត់ភ្លាមៗ ក្រោយពី​ការទទួល​ជ័យជម្នះជាប់ៗគ្នា​របស់​ពួកគេ​បាន​ឈានដល់​ទីបញ្ចប់​ត្រឹម18ប្រកួត តាមរយៈ​ការ​ផ្តួល​ក្រុម Watford ក្នុង​លទ្ធផល 3-1 កាលពី​ថ្ងៃ​អង្គារ ដើម្បី​នាំមុខ15ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​អង្គារ។

    ក្រោយពី Man City បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម Crystal Palace ក្នុង​រយៈពេល48ម៉ោង​មុននេះ ខ្សែបម្រើ​ស្លាប Raheem Sterling បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ឆាប់រហ័ស​បំផុត ហើយ Sergio Aguero បាន​បន្ថែម1គ្រាប់​ទៀត ខណៈដែល Man City បាន​បន្ត​យុទ្ធនាកា​រលីក​ដែល​មិន​ស្គាល់​ចាញ់​របស់​ពួកគេ​តាមរយៈ​ការយក​ឈ្នះ​ដោយ​ងាយ​នៅ​កីឡដ្ឋាន Eastlands។

    ជាមួយគ្នានេះ ក្រុម​ភ្ញៀវ ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ10 ដោយសារតែ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​កាលពី​ដើមរដូវ​កាល​នេះ បាន​រង​បរាជ័យ10លើក​ក្នុងចំណោម​ការប្រកួត14លើកចុងក្រោយ​របស់​ពួកគេ។ លោក Pep Guardiola គ្រូបង្វឹក​របស់ Man City បាន​ឲ្យ​ដឹងថា៖ «ការប្រកួត​ជាមួយនឹង​ក្រុម Crystal Palace គឺជា​ការប្រកួត​លើក​ទី1ដែល​យើង​បាន​បាត់បង់​ពិន្ទុ ក្នុងចំណោម19ប្រកួត ហើយ​អ្នក​បានឃើញ​ពី​ប្រតិកម្ម​នៅ​រយៈពេល15នាទី​ដំបូង»។

    អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​បន្ថែមទៀតថា៖ «នៅ​តង់​ទី2 យើង​គួរតែ​មានការ​អស់កម្លាំង​ជាង​មុន និង​ពេញចិត្ត​ទៅនឹង​លទ្ធផល ប៉ុន្តែ យើង​បានបង្ហាញ​ពី​ភាព​ផ្សេង​ពី​នោះ​ទាំងស្រុង»។ ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Fernando Llorente បាន​ជួយ​ឲ្យ​ក្រុម Tottenham ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅលើ​ទឹកដី​អតីត​ក្រុម​របស់ខ្លួន Swansea កាលពី​ថ្ងៃ​អង្គារ៕

    ប្រភពពី៖ The Guardian

  • ហេតុអ្វី​បានជា​ប្រទេស​ទាំងអស់​លើ​ពិភពលោក បណ្តុះ​ក្មេង​ជាមួយ​មុខវិជ្ជា​សិល្បៈ?

    ហេតុអ្វី​បានជា​ប្រទេស​ទាំងអស់​លើ​ពិភពលោក បណ្តុះ​ក្មេង​ជាមួយ​មុខវិជ្ជា​សិល្បៈ?

    ការបណ្តុះបណ្តាល​មនុស្ស​ជំនាន់​ថ្មី គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ព្រោះថា​ប្រទេស​ណា​ក៏​បណ្តុះបណ្តាល​មនុស្ស​ឱ្យ​សិក្សា​យ៉ាងហោចណាស់​កម្រិត​មូលដ្ឋាន​ដែរ ដើម្បីឱ្យ​ប្រជាជន​របស់គេ​ក្លាយជា​មនុស្ស​ដែលមាន​សក្តានុពល។ ក្នុង​នោះគេ​សង្កេតឃើញថា​សិល្បៈ គឺជា​មុខវិជ្ជា​ដែលមាន​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក ខណៈ​អាណាព្យាបាល​ខ្មែរ​ជាច្រើន​មិនសូវ​យកចិត្តទុកដាក់​នោះទេ។

    គេហទំព័រ​ផ្នែក​អប់រំ​កុមារ PBSparents បាន​លើកឡើងថា សិល្បៈ​សំខាន់​ខ្លាំងណាស់​សម្រាប់​កុមារ​ដែល​មនុស្ស​ជាច្រើន​មើលរំលង តែ​ប្រសិនបើ​យើង​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ យើង​នឹង​ឃើញថា​វា​មាន​ធាតុសំខាន់ៗជាច្រើន​ដែល​អាច​ពង្រឹង​ផ្នែក​បញ្ញា​ស្មារតី​របស់​កុមារ។

    អត្ថប្រយោជន៍​របស់​សិ​ល្បៈ​សម្រាប់​កុមារ​មានដូចជា៖

    1. សិល្បៈ​ពង្រឹង​ជំនាញ​ក្នុងការ​សម្រេចចិត្ត

    អ្នកជំនាញ​ផ្នែក​សិល្បៈ និង​ជា​អ្នកនិពន្ធ​សៀវភៅ​សិល្បៈ​សម្រាប់​កុមារ MaryAnn Kohl បាន​លើកឡើងថា តាម​របាយការណ៍​រប​ស់ Americants for the Arts បាន​បង្ហាញថា សិល្បៈ​ជំរុញ​ឱ្យ​កុមារ​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​ដោះស្រាយ​បញ្ហា និង​មាន​ជំនាញ​ក្នុង​ការគិត​បាន​ស៊ីជម្រៅ ព្រោះថា​នៅពេលដែល​កុមារ​ស្រឡាញ់​អ្វីមួយ​ដែលមាន​សម្រស់​ស្រស់ស្អាត ឬ​សមិទ្ធផល​សិល្បៈ​ដែល​រូបគេ​ចូលចិត្ត គេ​នឹង​ព្យាយាម​បង្កើត​វា​ដោយ​ខ្លួនឯង ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដើម្បី​ធ្វើ​វា​ឱ្យបាន។

    នៅពេលដែល​កុមារ​ចាប់ផ្តើម​ទទួលបាន​ការជំរុញ​ពី​សិល្បៈ​ឱ្យ​បង្កើត​អ្វី​ម្យ៉ាង​ដោយ​ខ្លួនឯង ក្មេង​នឹង​អាច​ក្លាយជា​អ្នកសម្រេចចិត្ត​ដ៏​ពូកែ ឬ​ហ៊ាន​សម្រេចចិត្ត​លើ​បញ្ហា​ដែល​គេ​កំពុង​ធ្វើ​ដោយ​ខ្លួនឯង ដែល​អាចធ្វើ​ឱ្យគេ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់​នៅ​ថ្ងៃ​អនាគត។

    1. សិល្បៈ​ជំរុញឱ្យមាន​គំនិត​បង្កើត​ថ្មី

    សមិទ្ធផល​ទាំងអស់​នៅលើ​ពិភពលោក​កើតឡើង​ពី​ក្តី​ស្រឡាញ់ និង​សិល្បៈ​នៃ​ការបង្កើត​ស្នាដៃ​ថ្មី ហេតុនេះ​សិល្បៈ​គឺជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​មនុស្ស​ឱ្យមាន​គំនិត​ច្នៃប្រឌិត​ប្រកបដោយ​ថាមពល និង​ភាព​រីករាយ។ ជាធម្មតា ក្មេង​ដែល​ស្រឡាញ់​សិល្បៈ​គាត់​នឹង​ចង់​បង្កើត​ស្នាដៃ​សិល្បៈ ហើយ​នៅពេលដែល​គាត់​បង្កើតបាន​របស់​អ្វីមួយ គាត់​នឹង​យល់​ពី​ហេតុផល​នៃ​ធាតុ​ផ្សំ​នានា​ដែល​បង្កើតជា​ស្នាដៃ​នោះ។ ចំណេះដឹង​ជា​មូលដ្ឋាន​របស់​សិល្បៈ និង​គំនិតតូចៗរបស់​វា​អាច​នឹង​ក្លាយជា​ចំណុចសំខាន់ៗដែល​ជំរុញ​ឱ្យ​ក្មេង​ប្រើ​វា​ជា​មូលដ្ឋាន​ក្នុងការ​កែច្នៃ ឬ​រកឃើញ​គំនិត​ថ្មី​ដើម្បី​បង្កើត​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​មនុស្ស​ទូទៅ​នឹកស្មាន​មិន​ដល់។

    1. សិល្បៈ​ជួយ​ឱ្យ​កុមារ​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​វិជ្ជមាន

    សិល្បៈ​បង្កើត​ក្តី​ស្រឡាញ់ ជាមួយនឹង​ភាពស្ងប់ស្ងាត់​ដែល​អាច​អនុញ្ញាតឱ្យ​ក្មេង​មានឱកាស​សិក្សា​ពី​ជីវិត​ខ្លួនគេ​បាន​យ៉ាង​ល្អ ហេតុនេះ​កុមារ​ដែលមាន​ចំណេះដឹង ឬ​កម្សាន្ត​ជាមួយ​សិល្បៈ​ដែល​វិជ្ជមាន នឹង​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​សុទិដ្ឋិនិយម និង​តស៊ូ​ជាង​កុមារ​ធម្មតា។ កុមារ​ដែលមាន​គំនិត​សិល្បៈ​ជាម​នុស្ស​ដែល​ចេះ​រង់ចាំ មាន​ភាពក្លាហាន​ក្នុង​ការមើល​លើ​រឿង​គ្រប់យ៉ាង​ដែល​កុមារ​ដទៃ​គិតថា​មិនអាច​ទៅរួច ហើយ​ថែមទាំង​ហ៊ាន​ប្រើ​ថាមពល​របស់ខ្លួន​ដើម្បី​សម្រេច​នូវ​រឿងល្អៗជាច្រើន​ដែល​អាចធ្វើឱ្យ​មនុស្ស​ធំ​ភ្ញាក់ផ្អើល ព្រោះ​សិល្បៈ​អាចធ្វើឱ្យ​ពួកគេ​អាចមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​មើល​ពី​ចំណុច​ជាច្រើន​ដែល​មនុស្ស​ដទៃ​មិនដែល​គិតដល់៕

  • Liverpool ចង់បាន​តម្លៃ​ខ្លួន​យ៉ាងតិច130លាន​ផោន​ពី Barca ដើម្បី​លក់ Coutinho

    Liverpool ចង់បាន​តម្លៃ​ខ្លួន​យ៉ាងតិច130លាន​ផោន​ពី Barca ដើម្បី​លក់ Coutinho

    តារា​ឆ្នើម Philippe Coutinho របស់​ក្លិប Liverpool ពិតជា​ស្រេកឃ្លាន​ក្នុងការ​ផ្ទេរ​ទៅកាន់​ក្លិប Barcelona នៅ​ខែមករា នេះ ប៉ុន្តែ ក្លិប Liverpool ដែលមាន​មូលដ្ឋាន​នៅ​តំបន់ Merseyside មួយ​នេះ​នឹង​ទាមទារ​តម្លៃ​ខ្លួន​យ៉ាងហោចណាស់130លាន​ផោន (ស្មើនឹង176.7លាន​ដុល្លារ​អាមេរិក) ទើប​ពិចារណា​ទៅលើ​ការពិភាក្សាគ្នា​បាន។

    ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ បាន​បង្កើត​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ឡើងវិញ​នៅ​កីឡដ្ឋាន Anfield ខណៈដែល Coutinho បានបញ្ជាក់​យ៉ាងច្បាស់​ថា រូបគេ​នៅតែ​ចង់​ចាកចេញ បើទោះបី​ក្លិប Liverpool ព្យាយាម​ការពារ​ធនធាន​កីឡាករ​របស់​ក្លិប​ក៏ដោយ។

    ជាមួយនឹង​ការ​មាន​ជំហរ​ផ្ទុយគ្នា​ស្រឡះ​កាលពី​រដូវក្តៅ​មុន វា​នៅតែមាន​ភាព​ស្ងៀមស្ងាត់​នៅឡើយ​ទៅលើ​បញ្ហា​ថា Coutinho នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ ឬ​យ៉ាងណា​នោះ។ នៅពេលដែល​សំណើ​ដេញថ្លៃផ្សេងៗពី​ក្លិប Barcelona ត្រូវបាន​ផ្តល់​ឲ្យ​កាលពី​ខែកក្កដា ឆ្នាំមុន ក្លិប Liverpool បានចេញ​សេចក្តីប្រកាស​មួយ​ដើម្បី​បញ្ជាក់ថា ពួកគេ​នឹងមិន​លក់​តារា​ឆ្នើម​របស់ខ្លួន​ឡើយ។

    ប៉ុន្តែ នៅពេលនេះ ជំហរ​របស់លោក Klopp បាន​ផ្លាស់ប្ដូរ ហើយ​ពាក្យសម្តី​ដ៏​មុតមាំ​នានា​កាលពី​ខែកក្កដា និង​សីហា​នោះបាន​បាត់ស្រមោល​អស់ហើយ។ ជាមួយគ្នានេះដែរ Coutinho នៅតែមាន​ការប្តេជ្ញា​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លិប Barcelona ហើយ​បើទោះបី​ការព្រមព្រៀង​គ្នា​មួយ​អាច​នឹង​កើតឡើង​នៅ​ខែ​នេះ ដែល​នឹង​អនុញ្ញាត​ឲ្យ​រូបគេ​ចាកចេញ​នៅ​រដូវក្តៅ​ខាងមុខ​ក៏ដោយ ប៉ុន្តែ បំណង​របស់គេ​គឺ​ការចាកចេញ​នៅត្រឹម​ខែមករា​នេះ។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី12គ្រាប់​ក្នុងការ​បង្ហាញខ្លួន20លើក​នៅ​រដូវ​កាល​នេះ និង​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការជួយ​ឲ្យ​ក្រុម​ខ្លួន​ឈានទៅ​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League៕

    ប្រភពពី៖ The Telegraph

  • ការបង់ពន្ធ នឹងមាន​ភាពងាយស្រួល​បន្ទាប់ពី​មាន​វត្តមាន «E-Payment»

    ការបង់ពន្ធ នឹងមាន​ភាពងាយស្រួល​បន្ទាប់ពី​មាន​វត្តមាន «E-Payment»

    ដោយ​មើលឃើញ​ពី​កំណើនសេដ្ឋកិច្ច និង​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​កាន់តែ​មានកា​រវិ​វត្ដ​ទៅមុខ ពិសេស​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ដែល​ជាប់​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បង្កើត​សេវាកម្ម​ថ្មី​មួយ​ដែលមាន​ឈ្មោះថា “E-Payment” ដើម្បី​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ទៅ​បង់ពន្ធ។

    ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​ភាពចាំបាច់​និង​កាត់បន្ថយ​ការចំណាយ​ពេលវេលា​រប​ស់​អតិថិជន​ក្នុងការ​ធ្វើដំណើរ​ទៅ​បង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​គិតគូរ​ជាប្រចាំ​ធ្វើយ៉ាងណា​ដើម្បី​ជួយ​សម្រួល​ដល់​ការបង់ពន្ធ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​កាតព្វកិច្ច​បង់​ពន្ធ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្កើត​នូវ​សេវាកម្ម​អន​ឡាញ​ឈ្មោះថា E-Payment។ ឯកឧត្ដម​បន្ដថា រាល់​អ្នកមាន​កាតព្វកិច្ច​បង់ពន្ធ​ទាំងអស់​ដែល​មិនទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ គឺ​មិនអាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បានទេ ព្រោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ក្នុង Database ដូច្នេះ​អ្នកមាន​កាតព្វកិច្ច​អាច​ទៅ​បង់​នៅតាម​ធនាគារ​បាន។ ផ្ទុយទៅវិញ​សម្រាប់​ក្រុមហ៊ុន ឬ​អ្នក​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ មាន​ទិន្នន័យ​ក្នុង Database ហើយ​នោះ​គឺអាច​ដំណើរការ​នៃ​ការបង់ពន្ធ​តាមរយៈ​សេវា E-Payment បាន។

    ឯកឧត្ដម គង់ វិបុល បាន​បញ្ជាក់ថា៖“អតិថិជន​ចង់​ប្រើប្រាស់​សេវា E-Payment លុះត្រា​តែមាន​ព័ត៌មាន​ច្បាស់លាស់ ត្រឹមត្រូវ​នៅក្នុង​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ។ សេវាកម្ម​នេះហើយ​ដែល​អតិថិជន​ជាប់ពន្ធ​ទាំងអស់​ចង់បាន​ប្រើប្រាស់​ដើម្បី​ងាយស្រួល​បង់ពន្ធ។ ឧទាហរណ៍​ពេលខ្លះ​គាត់​នៅ​ការិយាល័យ​ធ្វើ​ការងារ​លុះដល់​ពេល​ប​ង់​ពន្ធ​គាត់​ត្រូវ​ឆ្លៀតពេល​ទៅ​បង់​នៅតាម​សាខា។ បើ​ដូច​កាលពី​ពេលមុន​តាម​សាខា​ខ្លះ​អតិថិជន​ទៅ​អត់​ជួប​មន្ដ្រី​របស់​យើង​ទៀត​ធ្វើឱ្យ​គាត់​ត្រូវ​អង្គុយ​រង់ចាំ។ ទោះយ៉ាងណា​បច្ចុប្បន្ន​យើង​ក៏បាន​ចាត់ចែង​មន្ដ្រី​ឱ្យ​ដាក់​វេន​គ្នា​ធ្វើការ​ងារ​ដូច​មន្ដ្រី​ធនាគារ​អ៊ីចឹង ព្រោះ​យើង​ដឹងថា​នៅពេល​អតិថិជន​មក​បង់ពន្ធ​មិន​ជួប​មន្ដ្រី​ត្រឡប់​ទៅវិញ​ប្រាកដជា​មួម៉ៅ​មិន​ខាន។ ផ្ទុយទៅវិញ​អតិថិជន​ដែល​ប្រើប្រាស់​សេវា E-Payment គាត់​មិនចាំបាច់​មកដល់​កន្លែង​បង់ពន្ធ​ទេ គាត់​នៅ​ការិយាល័យ​ធ្វើការ​ងារ​ក៏ដោយ​គ្រាន់​តែមាន​កុំព្យូទ័រ​ចូលទៅក្នុង​គេហទំព័រ អាច​ស្វែងរក​កន្លែង​បង់ពន្ធ​បាន​យ៉ាង​ងាយ ដែល​ចរន្ដ​នេះ​បាន​ជួយ​កាត់បន្ថយ​ការចំណាយ​ដល់​អតិថិជន​បាន​យ៉ាងច្រើន។

    ទោះបីយ៉ាងណា​ឯកឧត្ដម​អគ្គនាយក ក៏បាន​សម្ដែង​នូវ​អារម្មណ៍​មិនទាន់​ស្កប់​ចិ​ត្ដ​ចំពោះ​អ្វីដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បង្កើតបាន​នេះ​ទេ ខណៈ​បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​កំពុងមាន​ទិសដៅ នឹងដាក់​សេវាកម្ម​មួយទៀត​ឱ្យ​អតិថិជន​ប្រើប្រាស់ គឺ​ការដាក់​លិខិត​ប្រកាស​ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ។ ជាមួយគ្នានេះដែរ​ឯកឧត្ដម​បាន​បន្ថែមថា ការពិត​សេវាកម្ម​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​តាម​ប្រព័ន្ធ​អន​ឡាញ​ត្រូវបាន​បង្កើតឡើង​ហើយ ប៉ុន្ដែ​ទាមទារ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទៅលើ​យន្ដការ​មួយចំនួន​ដែល​នៅ​សេសសល់ និង​ត្រូវការ​ពេលវេលា​ក្នុងការ​បង្រៀន​ដល់​អតិថិជន​ឱ្យ​ចេះ​ប្រើប្រាស់​ផងដែរ។

    ជាងនេះទៅទៀត​ដើម្បី​ធានាបាន​នូវ​សក្ដានុពល និង​តម្លាភាព​ក្នុង​កិច្ចការងារ​បម្រើសេវា​ជូន​អតិថិជន អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​បង្កើត​ប្រព័ន្ធ​មួយទៀត​ជា​លក្ខណៈ​ផ្ទៃក្នុង ដើម្បី​គ្រប់គ្រង​ធនធានមនុស្ស​ធ្វើយ៉ាងណា​ឱ្យ​បុគ្គលិក​ទាំងអស់​ប្រឹងប្រែង​ធ្វើការ ឱ្យមាន​សក្ដានុពល និង​មាន​តម្លា​ភាពមិន​បក្សពួកនិយម។

    ឯកឧត្ដម គង់ វិបុល បាន​បញ្ជាក់ថា ទោះ​មាន​សេវាកម្ម​ល្អ​យ៉ាងណា​សម្រាប់​បម្រើ​ជូន​អតិថិជន​ក៏ដោយ​បើ​បុគ្គលិក​មិន​យក​ចិ​ត្ដ​ទុកដាក់​បម្រើ​ការងារ​ជូន​អតិថិជន ក៏​ការងារ​គ្មាន​សក្ដានុពល និង​ប្រសិទ្ធភាព​ដែរ ដូច្នេះ​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​នេះ​តម្រូវឱ្យ​បុគ្គលិក​ទាំងអស់​ទាំង​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម ត្រូវមាន​របាយការណ៍​ការងារ​រាយការណ៍​ប្រចាំថ្ងៃ​ទៅក្នុង​ប្រព័ន្ធ ដោយ​សូម្បីតែ​ខ្លួន​ឯកឧត្ដម​ផ្ទាល់​ក៏​ត្រូវធ្វើ​របាយការណ៍​ដែរ។ ឯកឧត្ដម បាន​បន្ថែមថា នៅពេល​មាន​ប្រព័ន្ធ​នេះ​យើង​ងាយស្រួល​ដឹងថា​បុគ្គលិក​ណា​ប្រឹងប្រែង​ធ្វើការ​ងារ ដោយ​ប្រព័ន្ធ​ជា​អ្នកវិភាគ​ឱ្យតែ​ម្ដង។

    គួរ​បញ្ជាក់ថា ប្រព័ន្ធ​ទាំងបី​ខាងលើ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​កំពុង​តែមាន ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមការងារ​វិស្វករ​ខ្មែរ​តែម្ដង៕

  • អស្ចារ្យណាស់! បុរី ឌឹ ផ្លរ៉ា ផ្តល់ចំណងដៃពិសេសសម្រាប់គូស្វាមីភរិយាថ្មី

    អស្ចារ្យណាស់! បុរី ឌឹ ផ្លរ៉ា ផ្តល់ចំណងដៃពិសេសសម្រាប់គូស្វាមីភរិយាថ្មី

    (ភ្នំពេញ)៖ បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ 6A ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដោយចំណាយពេប្រមាណ15នាទីពីគល់ស្ពានជ្រោយចង្វារ និងទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសំណង់គេហដ្ឋានរឹងមាំ ទីតាំងល្អ មិនឆ្ងាយពីទីក្រុង និង​មាន​ម៉ូតទាន់សម័យនៃសតវត្សទី21ដែរជាម៉ូតផ្ទះថ្មីប្លែកដាច់ពីគេ ហើយថែមទាំងមានគេហដ្ឋានច្រើនសម្បូរបែបទៅតាមតម្រូវការអតិថិជន។

    ជាមួយគ្នានេះ ជាការចូលរួមបង្កើនភាពរីករាយសម្រាប់គ្រួសារថ្មីដែលជាអតិថិជនរបស់ខ្លួន បុរី The Flora បានកម្មវិធីពិសេសសម្រាប់គូស្វាមីភរិយាថ្មី ដោយការផ្តល់ចំណងដៃពិសេស​ គឺកម្មវិធីធ្វើដំណើរក្រេបច័ន្ទទឹកឃ្មុំនៅក្រៅប្រទេសទៀត។ កម្មវិធីពិសេសនេះ គឺពិតជាល្អឥតខ្ចោះមែន សម្រាប់រដូវកាលអាពាពិពាហ៍ (Wedding Season) ដោយគ្រាន់តែទិញផ្ទះ ក្នុង បុរី ឌឹ ផ្លរ៉ា ចាប់ពីថ្ងៃទី01 ខែមករា រហូតដល់ ថ្ងៃទី31 ខែមីនា ឆ្នាំ2018 ខាងមុខនេះ លោកអ្នក នឹងទទួលបានចំណងដៃ ដ៏អស្ចារ្យនេះភ្លាមៗតែម្ដងគឺ៖ ទទួលបាន សំបុត្រយន្តហោះ (ជាកញ្ចប់ Tour packed) ដំណើរកំសាន្តទៅ កំសាន្ដក្រេបច័ន្ទទឹកឃ្មំ ទៅ កោះក្រាប៊ី ប្រទេសថៃ កោះបាលី ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសសិង្ហបុរី។ សម្រាប់ដំណើរកំសាន្ត គឺមិនមានការចាប់ឆ្នោតនោះឡើយ គឺនឹងទទួលបានដោយស្វ័យប្រវត្តតែម្ដង ដែលកាលបរិច្ឆេទដំណើរកំសាន្ត នឹងធ្វើឡើងនៅថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ2018 ខាងមុខនេះ។

    សូមប្រញាប់រួសរាន់ឡើង អញ្ជើញមកទទួលយកកញ្ចប់ដ៏អស្ចារ្យមួយនេះកុំឱ្យកន្លងផុតឲ្យសោះ​ !

  • ការផលិត​ស្ករត្នោត​ក្លែង ក្លាយ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ផលិតផល​តំណាង​ជាតិ

    ការផលិត​ស្ករត្នោត​ក្លែង ក្លាយ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ផលិតផល​តំណាង​ជាតិ

    ស្ថាបនិក​ក្រុមហ៊ុន​ ខនហ្វីរេល (Confirel) ដែលជា​ក្រុមហ៊ុន​កម្ពុជា​ដ៏​ល្បី​​ក្នុង​ការ​កសាង​យីហោស្ករត្នោត​កម្ពុជា​នៅ​លើ​ទីផ្សារ​​ពិភពលោក និង​ទើប​ទទួល​បាន​ពាន​រង្វាន់​លេខ1 ថ្នាក់​តំបន់​អាស៊ានបានសម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​ក្នុង​ការ​លុប​បំបាត់​សកម្មភាព​កែច្នៃ​ស្ករស​ឱ្យ​ទៅ​ជា​ស្ករត្នោត។

    បន្ទាប់​ពី​មាន​ការ​បែកធ្លាយ និង​ការ​ចាត់​វិធានការ​ចុះ​បង្ក្រាប​ការ​ផលិត​ស្ករត្នោត​ក្លែង​ក្លាយ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ឱសថ​បណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកនិង​ជា​នាយក​ក្រុមហ៊ុន​ខនហ្វីរេល ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ការ​កែច្នៃ​ផលិតផល​ពី​ស្ករត្នោត បាន​ហៅ​ការ​ក្លែង​បន្លំ​ផលិតផល​ស្រដៀង​ស្ករត្នោត​នេះ​ថា ជា​ការ​បំផ្លាញ​ផលិត​ផល​ជាតិ និង​សេដ្ឋកិច្ច​ជាតិ។ ឱសថ​បណ្ឌិត ហៃ លី​អ៊ាង បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​ដ៏​ម៉ឺងម៉ាត់​របស់​ថ្នាក់​ដឹកនាំ នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ការ​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ខិលខូច​ដែល​លួច​ក្លែង​បន្លំ ធ្វើ​ឱ្យ​ខូច​នូវ​ផលិតផល​ស្ករត្នោត​របស់​ខ្មែរ និង​ផលិតផល​ខ្មែរ​ផ្សេងៗ​ទៀត​ដែល​ជា​មរតក​ដ៏​វិសេស​វិសាល និង​ជា​និមិត្តរូប​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​តែ​ឱ្យ​តម្លៃ​ និង​ទទួល​ស្គាល់​ជា​អន្តរជាតិ។

    លិខិត​របស់​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ​កាល​ពី​ពាក់​កណ្តាល​ខែធ្នូ​ បាន​សរសេរ​ថា ការ​យក​ស្ករ​តោ្នត​ទៅ​ក្លែង​បន្លំ​ក្នុង​រូបភាព​ណា​មួយ វា​ពិត​ជា​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មុខមាត់​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ការ​បំផ្លាញ​ដល់​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ឡើង​ត្នោត​នៅ​ទីជនបទ ពិសេស​ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​ទាំង​មូល។ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នា​ពេល​កន្លង​មក​បាន​ចេញ​បញ្ជា​ដល់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ រាជធានី ​ខេត្ត​ទាំង​25ត្រូវ​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ជា​បន្ទាន់​នូវ​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែង​ក្លាយ ខណៈ​នា​ពេល​ថ្មីៗ​នេះ​មាន​ករណី​បង្ក្រាប​បាន​ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​ក្លាយ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ។

    តាម​រយៈ​លិខិត​របស់​ឯកឧត្តម ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាល​ពី​ថ្ងៃទី​12 ខែធ្នូ ឆ្នាំ2017 បាន​ដាក់​បទ​បញ្ជា​ឱ្យ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ ខេត្ត ​ទាំង​អស់​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ធ្វើការ​លុប​បំបាត់​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចាប់​ពី​ពេល​នេះ​ត​ទៅ។

    លិខិត​នោះ​បាន​បញ្ជាក់​ថា ដោយ​កន្លង​មក​មានការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ ដែល​បាន​ផលិត​ចេញពី​វត្ថុ​ធាតុ​ដើម​ស្ករស ឬ​ស្ករ​ប្រភេទ​ផ្សេង​ទៀត ហើយ​បាន​កែច្នៃ​ទៅជា​ផលិតផល​ស្ករ​ដែលមាន​រសជាតិក្លិន ពណ៌ និង​ទ្រង់​ទ្រាយ​ដូចគ្នា​ទៅនឹង​ស្ករត្នោត និង​បាន​យកទៅ​ចរាចរ​លើ​ទីផ្សារ​បន្លំ​ធ្វើជា​ស្ករត្នោត​ខ្មែរ ដែល​សកម្មភាព​នេះ គឺ​ជា​វិច្ឆេទកម្ម​សេដ្ឋកិច្ច ដើម្បី​បំផ្លាញ​កិត្តិនាម​ស្ករត្នោត​ខ្មែរ ដែលជា​អត្តសញ្ញាណ​ផលិតផល​ជាតិ កំពុង​ត្រូវបាន​ទទួលស្គាល់​ជា​សាធារណៈ​ទាំង​ក្នុង និង​ក្រៅប្រទេស។

    គួរ​រំឭក​ថា ចំណាត់ការ​នេះ​បាន​ធ្វើឡើង​ក្រោយពី​មាន​បាតុភាព​មួយ​បាន​កើតឡើង​នៅ​ស្រុក​បាទី ខេត្ត​តាកែវ គឺ​ការផលិត​នូវ​ផលិតផល​ស្ករត្នោត ដែល​ប្រើប្រាស់​ធាតុ​ផ្សំ​អំពី​ស្ករស100​% ដោយ​យកទៅ​កម្លោច​លាយ​ជា​មួយ​ទឹក រួច​យកទៅ​កូរ​ធ្វើ​ឱ្យ​មាន​រូបភាព​ដូច​ស្ករត្នោត​ពិតៗ។ ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​ផ្ដល់​ឋានៈ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) កាលពី​ឆ្នាំ2010។ ចាប់តាំងពី​ពេល​នោះ​មក ផលិតផល​ស្ករត្នោត​កម្ពុជា​កាន់តែ​មាន​ភាព​ល្បីល្បាញ​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ហើយ មាន​ភ្ញៀវ​ទេសចរ​បរទេស​កាន់​តែ​ច្រើន​គាំទ្រ​ផលិត​សរីរាង្គ​ល្អ​បំផុត​មួយ​នេះ។

    នៅក្នុង​សន្និសីទ​ម្ហូបអាហារ​អាស៊ាន ​លើក​ទី15 ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​វៀតណាម កាលពី​ពាក់​កណ្ដាល​ខែវិច្ឆិកា​ ឆ្នាំ​មុន​ ស្ករត្នោត​កម្ពុជា​ត្រូវ​បាន​ផ្តល់​ពាន​រង្វាន់​លេខ1 ក្នុងឋានៈ​ជា​ផលិតផល​សរីរាង្គ​ល្អ​បំផុត។ អ្នក​ជំនាញ​នៅ​ក្នុង​ផលិតកម្ម​ស្ករត្នោត​ពិត​ប្រាកដ​ បាន​អះអាង​ថា ការ​ឈ្នះ​ពាន​រង្វាន់​​នេះ​នឹង​ធ្វើ​ឱ្យ​ស្ករត្នោត​កម្ពុជា​កាន់​តែ​ល្បី​នៅ​ទីផ្សារ​អន្តរជាតិ៕