Author: វល័ក្ខ

  • ក្រុមហ៊ុន Inthanou ដាក់តាំងបង្ហាញផលិតផលពូក 7ថ្ងៃនៅផ្សារទំនើបអីុអនម៉ល ជាមួយនឹងលក់បញ្ចុះតម្លៃរហូតដល់ 20%

    ក្រុមហ៊ុន Inthanou ដាក់តាំងបង្ហាញផលិតផលពូក 7ថ្ងៃនៅផ្សារទំនើបអីុអនម៉ល ជាមួយនឹងលក់បញ្ចុះតម្លៃរហូតដល់ 20%

    ភ្នំពេញ៖ ដើម្បីឱ្យអតិថិជនកាន់តែយល់ច្បាស់ពីផលិតផលពូក មានគុណភាពខ្ពស់ និងមានសារសំខាន់ចំពោះការទទួលទានដំណេកនោះ ក្រុមហ៊ុន Inthanou បានរៀបចំតាំងពិព័រណ៍បង្ហាញពីផលិតផលពូករបស់ខ្លួននៅផ្សារទំនើបអីុអនម៉ល ជាប់ផ្ទាល់ដី ដែលការតាំង​បង្ហាញ​នេះមានរយៈពេល 7ថ្ងៃ (ថ្ងៃទី03-09 ខែមករា ឆ្នាំ2018)។

    នៅក្នុងការតាំងបង្ហាញនេះផងដែរ ក្រុមហ៊ុន Inthanou ក៏បានផ្ដល់ជូននូវ​ការលក់បញ្ចុះតម្លៃជាពិសេសគឺរហូតដល់ 20% សម្រាប់រាល់​ការ​ជាវពូកគ្រប់ម៉ូដែល មានរហូតដល់ 26ប្រភេទ សុទ្ធសឹងតែជាពូកដែលមានគុណភាពខ្ពស់ និងល្បីនៅអន្តរជាតិ ដែលមានគ្រប់ទៅតាមតម្រូវការរបស់អតិថិជន។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Inthanou បាននាំមកនូវពូកម៉ាក AMERICANSTAR ដែលជាពូក មានកេរ្តិ៍ឈ្មោះល្បីល្បាញជាអន្តរជាតិ ជាពិសេសនៅសហរដ្ឋអាមេរិក និងត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ផ្តោតសំខាន់ទៅលើគុណភាព និងសុខភាពដំណេក ក្រោមបច្ចេកវិទ្យាដ៏ទំនើបនាសម័យចុងក្រោយនេះ ដែលតម្រូវទៅតាមលក្ខខណ្ឌជាក់ស្ដែងនៃរាងកាយរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។

    ដោយឡែកសម្រាប់អតិថិជនដែលនៅមិនទាន់បានជ្រាបពីព័ត៌មានលម្អិតរបស់ពូក AMERICANSTAR ក៏អាចទៅសាកសួរព័ត៌មានបន្ថែម ក៏ដូចជាសាកល្បងនៅទីតាំងបង្ហាញ (Showroom) ដែលមានទីតាំងស្ថិតនៅអគារលេខ 420-422​ ផ្លូវ310 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ៕

  • វគ្គ​សិក្សា​ជំនាញ «ការគ្រប់គ្រង​ធនធានមនុស្ស​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​ធ​ម្យ​ម»

    វគ្គ​សិក្សា​ជំនាញ «ការគ្រប់គ្រង​ធនធានមនុស្ស​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​ធ​ម្យ​ម»

    ភ្នំពេញ៖ នៅក្នុង​វគ្គ​សិក្សា​នេះ លោកអ្នក​នឹង​ទទួលបាន​បទពិសោធន៍​ជាច្រើន ជាពិសេស​គឺ​នឹង​ទទួលបាន​វគ្គ​ជំនាញ​មានដូចជា៖

    1- ជំនាញ​បង្កើត​វប្បធម៌​ក្រុមហ៊ុន និង​ច្បាប់​វិន័យផ្សេងៗ

    2- ជំនាញ​បែងចែក​តួនាទី និង​ភារកិច្ច

    3- ជំនាញ​ជ្រើសរើស​មនុស្ស​ឱ្យបាន​ល្អ

    4- ជំនាញ​រៀបចំ​ធនធានមនុស្ស និង​ផ្ដល់ប្រាក់​បៀវត្សរ៍

    5- ជំនាញ​វាយតម្លៃ​លទ្ធផល​ការងារ

    6- ជំនាញ​ហ្វឹក​ហ្វឹ​ន និង​អភិវឌ្ឍ​មនុស្ស​ឱ្យ​កាន់តែខ្លាំង

    វគ្គ​សិក្សា​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 06-07 ខែមករា ឆ្នាំ 2018 ចាប់ពី​ម៉ោង 8:30នាទី​ព្រឹក ដល់​ម៉ោង 5ល្ងាច៕

  • Salah ឈ្នះ​ពានកីឡាករឆ្នើមប្រចាំ​ឆ្នាំ​របស់​អាហ្វ្រិក ក្រោយ​ជួប​រដូវកាល​ដ៏អស្ចារ្យ

    Salah ឈ្នះ​ពានកីឡាករឆ្នើមប្រចាំ​ឆ្នាំ​របស់​អាហ្វ្រិក ក្រោយ​ជួប​រដូវកាល​ដ៏អស្ចារ្យ

    ការ​ជួប​រដូវកាល​ដ៏ល្អ​ឥត​ខ្ចោះ​របស់​តារាឆ្នើម​ Mohamed Salah បាន​ធ្វើ​ឲ្យ​រូបគេ​បោះ​ជំហាន​ឆ្ពោះ​ទៅកាន់​ដំណាក់​កាល​មួយផ្សេង​ទៀត ក្រោយ​ពី​រូបគេ​បាន​ជាប់​ជាកីឡាករឆ្នើម​ប្រចាំ​ឆ្នាំ​របស់​សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អា​ហ្វ្រិក ជា​លើក​ទី​1​។

    តា​រាឆ្នើម​រូបនេះ បានយកឈ្នះលើ​ខ្សែ​ប្រយុទ្ធអន្តរ​ជាតិ​សេ​ណេហ្គាល់ Sadio Mane ដែល​ជាមិត្ត​រួមក្រុម Liverpool របស់គេ និង​ខ្សែ​ប្រយុទ្ធអន្តរ​ជាតិ​ហ្គា​បុង Pierre-Emerick Aubameyang របស់​ក្លិប Borussia Dortmund ដែលបានទទួល​ចំណាត់ថ្នាក់​លេខ​2 និងលេខ​3តាមលេខ​រៀង​​។ រូប​គេ​​បាន​ចូល​រួម​ជា​មួយ​នឹង​តា​រាឆ្នើម​ៗ​ជាច្រើន​ដែលធ្លាប់​ឈ្នះ​ពាន​រង្វាន់នេះ​ដែលមានដូចជា Yaya Toure, Didier Drogba និង Samuel Eto’o ផងដែរ ក្រោយ​ពីទទួលបានពាន​នេះ ក្នុង​កម្មវិធី​មួយនៅក្នុងទីក្រុង Accra ប្រទេស​ហ្គា​ណា​ កាលពីថ្ងៃ​ព្រហស្បតិ៍​។

    Salah ដែល​បានផ្ទេរមកពីក្លិប Roma កាលពី​រដូវក្តៅមុនក្នុងតម្លៃខ្លួន​34​លានផោន (ស្មើនឹង​47​លាន​ដុល្លារ​អាមេរិក) នោះ បាន​បង្ហាញពី​ទម្រង់លេងយ៉ាងល្អក្នុងពេល​វិល​ទៅកាន់ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាលនេះ​។ ខ្សែ​ប្រយុទ្ធ​វ័យ​25​ឆ្នាំ​រូបនេះ បាន​ស៊ុតបាល់​បញ្ចូល​ទី​ដល់ទៅ​17គ្រាប់​ក្នុងការប្រកួត​​19លើក​ក្នុង​ក្រប​ខ័ណ្ឌលីក សម្រាប់ក្រុម Liverpool និង​រក​បាន​5​គ្រាប់ផ្សេង​ទៀតក្នុង​ក្រប​ខ័ណ្ឌ Champions League​។

    ក្រោយ​​ពី​ទទួលពាន​នេះ Salah បាន​ឲ្យ​ដឹង​ថា៖ «ការ​ឈ្នះពាន​រង្វាន់​នេះ គឺ​ជា​សុបិន​ដែល​ក្លាយ​​ជាការ​ពិត​មួយ​។ 2017 គឺ​ជា​ឆ្នាំ​ដ៏អស្ចារ្យ​សម្រាប់ខ្ញុំ​ ដោយ​ខ្ញុំមាន​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​»​​។ រូបគេក៏​បាន​ក្លាយ​ជា​តា​រាឆ្នើម​ក្នុងក្រុម​ជម្រើស​ជាតិ​របស់​គេផងដែរ ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប បានឈ្នះកៅអី​ទៅលេងក្នុង World Cup នៅ​ឆ្នាំនេះ​៕

    ប្រភព​ពី៖ The Sun

  • ទឹកក្រូច​ឆ្មា មាន​ប្រយោជន៍​ច្រើនជាង​ភាព​ជូរ​ទៅទៀត

    ទឹកក្រូច​ឆ្មា មាន​ប្រយោជន៍​ច្រើនជាង​ភាព​ជូរ​ទៅទៀត

    តើ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​ធ្លាប់​ទេ ពេលដែល​អ៊ុត​ក្រណាត់សស្តើងៗដោយ​ឆ្នាំងអ៊ុត​ដែល​កំពុង​ក្តៅ​ខ្លាំង ហើយ​កើតមាន

    ស្នាមលឿងៗនៅលើ​សាច់​ក្រណាត់  អ្នក​អាច​កែប​ញ្ហា​នេះ​បាន ដោយ​ការយក​ទឹកក្រូច​ឆ្មា​មក​លាប​នៅលើ​បាត​ឆ្នាំងអ៊ុត​មុននឹងអ៊ុត ធ្វើបែបនេះ​ក្រណាត់​នឹង​លែង​ឡើង​ស្នាម​លឿង​ទៀតហើយ ។

    សំពត់​អាវ​ដែល​ស្លៀក​មក​យូរហើយ ច្រើន​តែមាន​ស្នាម​ប្រឡាក់កខ្វក់ៗដឹ​ត​ជាប់​ណែន​ពិបាក​ក្នុង​ការបោក​សម្អាត  ស្ត្រី​មេផ្ទះភាគច្រើនៗតែ​យក​សំពត់​អាវ​នោះ​ទៅ​ស្ងោរ ដែល​វា​ក៏​អាចជួយ​ឲ្យ​ស​ស្អាត​ឡើងវិញ​បានដែរ តែបើ​ចង់​ឲ្យ​កាន់តែ​ស​ស្អាត និង​កាន់តែ​រហ័ស​ឡើង​ទៀត​នោះ ចូរ​ចិត​ផ្លែ​ក្រូចឆ្មា​ជាបន្ទះៗដាក់​ចូលទៅ 2 – 3បន្ទះ​ផង ពេល​ស្ងោរ​នឹង​រឹតតែ​ជួយ​ឲ្យ​សំពត់​អាវ​នោះ​កាន់តែ​ស​ស្អាត​ឡើង​ទៀត៕

  • Bellerin រក​គ្រាប់​បាល់​ដ៏​ល្អ ដើម្បី​ជួយ​ឲ្យ Arsenal តាម​ស្មើ Chelsea ទាំង​ព្រលឹងចុងសក់

    Bellerin រក​គ្រាប់​បាល់​ដ៏​ល្អ ដើម្បី​ជួយ​ឲ្យ Arsenal តាម​ស្មើ Chelsea ទាំង​ព្រលឹងចុងសក់

    ក្រុម​កាំភ្លើង​ធំ Arsenal បា​នរក​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​អស់ម៉ោង​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Chelsea កាលពី​ថ្ងៃ​ពុធ ដើម្បី​សង្គ្រោះបាន1ពិន្ទុ ក្នុងពេល​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 និង​ដើម្បី​ស្ថិត​ក្នុងការ​ប្រជែង​ជាមួយនឹង​ក្រុម​ខ្លាំង​ទាំង6 របស់​ក្របខ័ណ្ឌ Premier League។

    ក្រុម​ម្ចាស់ផ្ទះ​បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​នៅ​ដើមតង់​ទី2 នៅពេលដែល​ខ្សែបម្រើ​ឆ្នើម Jack Wilshere បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​បំប៉ោង​សំណាញ់​ទី​របស់​អ្នកចាំទី  Thibaut Courtois ពី​ក្នុង​ប្រអប់​គ្រោះថ្នាក់។ ប៉ុន្តែ ទោះបីជា​យ៉ាងណា គ្រាប់​បាល់​របស់គេ​ត្រូវបាន​តាម​ស្មើ​វិញភ្លាមៗក្នុង​រយៈពេល4នាទី​ក្រោយមក នៅ​នាទី​ទី67 នៅពេលដែល​ខ្សែបម្រើ​ស្លាប Eden Hazard បាន​ស៊ុត​បាល់​ពិន័យ11ម៉ែត្រ​ចូល​ទី​យ៉ាង​ល្អ ក្រោយពី​រូបគេ​ត្រូវបាន​ទាញ​ឲ្យ​ដួល​ដោយ​ខ្សែការពារ Hector Bellerin ក្នុង​ប្រអប់​គ្រោះថ្នាក់។

    បន្ទាប់មក ក្រុម Chelsea បាន​គិតថា ពួកគេ​ប្រហែលជា​នឹង​បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះហើយ នៅពេលដែល Marcos Alonso បា​នរក​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​ទី84  ប៉ុន្តែ Bellerin បា​នរក​គ្រាប់​បាល់​ឱ្យ Arsenal តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោង ដើម្បី​លុបលាង​កំហុស​របស់ខ្លួន​វិញ​តែម្តង។

    Chelsea នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដោយ​ដេញតាម​ពីក្រោយ​ក្រុម Manchester United 1ពិន្ទុ និង16ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City ខណៈដែល​ក្រុម Arsenal ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6។ លោក Antonio Conte គ្រូបង្វឹក​របស់ Chelsea បាន​ប្រាប់​ទូរទស្សន៍ BBC ថា៖ «ខ្ញុំ​គិតថា វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​មួយ ពីព្រោះ​នៅពេលដែល​អ្នកមាន​ឱកាស​ជាច្រើន ក្នុង​ការរក​គ្រាប់​បាល់ អ្នក​ត្រូវតែ​ឈ្នះ​ការប្រកួត​នេះ។

    ផ្ទុយទៅវិញ យើង​កំពុងតែ​និយាយ​ពី​លទ្ធផល​ស្មើ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​មួយ ប៉ុន្តែ ក្នុងការ​ប្រកួត យើង​ពិតជា​ស័ក្តិសម​ក្នុងការ​ឈ្នះ ខណៈដែល​យើង​បាន​បង្កើត​ឱកាស​ជាច្រើន»៕

    ប្រភពពី៖ The Telegraph

  • កូនបៅ​ឈ្លក់​ទឹកដោះ​ញឹកញាប់ តើ​មាន​គ្រោះថ្នាក់​ដែរឬទេ? ត្រូវ​កែប​ញ្ហា​នេះ​យ៉ាងណា?

    កូនបៅ​ឈ្លក់​ទឹកដោះ​ញឹកញាប់ តើ​មាន​គ្រោះថ្នាក់​ដែរឬទេ? ត្រូវ​កែប​ញ្ហា​នេះ​យ៉ាងណា?

    មាន​ជា​ច្រើនដង​ណាស់​ដែល​ការចិញ្ចឹម​កូនតូច​របស់លោក​ឪពុក​អ្នក​ម្ដាយ​ច្រើនតែ​សង្កេតឃើញថា កូន​មាន​អាការ​ឈ្លក់​ទឹកដោះ​នៅពេល​បៅ ដែល​អ្នកខ្លះ​ក៏​មិនសូវ​ជា​ផ្ដល់​ការចាប់អារម្មណ៍​លើ​រឿងនេះ​ប៉ុន្មាន​ទេ ព្រោះ​គិតថា ជា​រឿង​ធម្មតា​ដែល​អាច​កើតឡើង​បាន​ចំពោះ​ក្មេងតូចៗ តែ​ដឹង​ឬទេ​ថា មាន​ព័ត៌មាន​ញឹកញាប់​ណាស់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់បាត់​បង់ជីវិត​របស់​ទារក​ដែល​បណ្តាលមកពី​ការ​ឈ្លក់​ទឹកដោះ​នេះ ព្រោះ​បណ្តាលមកពី​ការដកដង្ហើម​ខុស​ប្រក្រតី ដូច្នេះហើយ​ទើប​ឪពុកម្ដាយ​ហាម​មើលរំលង​រឿងនេះ​ជាដាច់ខាត និង​គួរ​ការពារ​មិនឱ្យ​កើតឡើង​ដោយ​វិធី​ខាងក្រោម​នេះ។

    គួរឱ្យ​កូនបៅ​ទឹកដោះ​ម្ដាយ​ជា​បន្តបន្ទាប់​រហូតដល់​អាយុ6ខែ​ឡើងទៅ

    មាន​ឪពុកម្ដាយ​មួយចំនួន​ដែល​ឱ្យ​កូនតូច​បៅ​ទឹកដោះគោ​ម្សៅ ដោយ​ការ​ឆុង​ដាក់​ដប​ទឹកដោះគោ​ឱ្យ​មឹ​ម តែ​អាច​នឹង​ភ្លេច​ថា កូន​របស់​លោកអ្នក​មិនបាន​បៅ​ទឹកដោះ​នោះ​ជាប់​រហូត​នោះទេ ទើប​អាចធ្វើ​ឱ្យមាន​បញ្ហា​ទឹកដោះ​ហូរ​ចេញពី​ដប​ចូលទៅក្នុង​បំពង់ក​របស់​កូន​ខណៈដែល​គេ​កំពុង​លង់លក់​បាន ដែល​បើសិនជា​បៅ​ទឹកដោះ​ចេញពី​ដោះ​ម្ដាយ​វិញ នឹង​មិនសូវមាន​បញ្ហា​នេះ​កើតឡើង​ទេ។ រឹតតែ​ឱ្យ​ទឹកដោះគោ​ឆុង​ទៅ​កូនបៅ​ខណៈដែល​កូន​កំពុងតែ​ហាមាត់​ស្រែកយំ​ផង​នោះ រឹតតែ​ប្រថុយ​ក្នុងការ​ធ្វើឱ្យ​កូន​កើតការ​ឈ្លក់​ទឹកដោះ​ខ្លាំង​ឡើង​ថែមទៀត។

    ឱ្យ​កូនតូច​គេង​ផ្អៀង​បន្ទាប់ពី​បៅ​ទឹកដោះ​ហើយ

    ដើម្បី​ជាការ​ការពារ​ការ​ឈ្លក់​ទឹកដោះ គួរ​លើក​កូន​ពពាក់​លើ​ស្មា ដើម្បីឱ្យ​កូនតូច​បាន​ភើ​ចេញមក​រៀងរាល់​ពេល​បំបៅ​ទឹកដោះ​ហើយ និង​ដាក់​ឱ្យគេ​គេង​ផ្អៀង​ជំនួស​ការដាក់ឱ្យ​គេង​ផ្ងារ ដើម្បី​ការពារ​មិនឱ្យ​កើតមាន​ការហូរ​ទឹកដោះ​បញ្ច្រាស​ចេញ​មកពី​បំពង់​អាហារ​រហូត​ក្លាយជា​ហេតុ​ឱ្យ​កើតការ​ឈ្លក់​ទឹកដោះ​បាន។

    ក្បាល​ដប​ទឹកដោះ​ខុស​ខ្នាត ឬ​យ៉ាងណា?

    បើទោះជា​កន្លងផុត​អំឡុង6ខែ​ហើយ​ក៏ដោយ​តែ​ក៏ត្រូវ​មានការ​យកចិត្ត​ទុកដាក់​លើ​ការ​បំបៅ​ទឹកដោះ​កូន​មិន​អន់​ជាង​អំឡុង​ខែដំបូងៗដែរ ជាពិសេស​ក្បាល​ដប​ទឹកដោះ​ដែល​អាច​នឹងមាន​ខ្នាត​ធំ​រហូត​ធ្វើឱ្យ​ទឹកដោះ​ហូរ​ចេញ​មកពី​ក្នុង​ដប​ច្រើន​ធ្វើឱ្យ​ក្មេង​មិនអាច​លេប​ទាន់ ទើប​បណ្ដាលឱ្យ​កើត​ជាការ​ឈ្លក់​ទឹកដោះ​ក៏មាន។

    កុំ​បញ្ចុក​ទឹកដោះ​ច្រើន​ជ្រុល​ពេក

    ដោយសារតែ​ក្មេង​តូច​មិនទាន់​ចេះ​និយាយប្រាប់​បាន​ថា មាន​អ្វី​ខុស​ប្រក្រតី​ចំពោះ​ខ្លួនឯង​នោះ ទើប​គេ​ត្រូវ​ប្រើការ​ស្រែកយំ​ជា​សញ្ញា​ប្រាប់​នៅពេល​មានរឿង​អ្វី​ម្យ៉ាង​កើតឡើង​នៅក្នុង​ខ្លួនគេ ដែល​ឪពុកម្ដាយ​មួយចំនួន​អាច​នៅ​ថ្មីថ្មោង​ជាមួយនឹង​ការចិញ្ចឹម​ថែទាំ​កូន បែរជា​យល់ថា កូន​យំ​ព្រោះ​ឃ្លាន​បៅ ក៏​ចាប់​ដប​ទឹកដោះគោ​ដាក់ឱ្យ​កូនបៅ​គ្រប់​ពេលដែល​កូនតូច​ស្រែកយំ រហូត​កើត​បញ្ហា​ទឹកដោះ​ពេញ​ហៀរ​ក្រពះ និង​ធ្វើឱ្យ​ក្មេង​ក្អែ​ចេញមក​វិញ​រហូត​ក្លាយ​ជាការ​ឈ្លក់​ទឹកដោះ​ក៏មាន។

    អាច​បណ្ដាលមកពី​ភាពខុសប្រក្រតី​របស់​អវយវៈ​ណាមួយ

    បើសិនជា​កូន​នៅតែ​កើតមាន​អាការ​ឈ្លក់​ទឹកដោះ​ញឹកញាប់ និង​មាន​សញ្ញា​ថា​កាន់តែ​ធ្ងន់ធ្ងរ​ឡើងជារឿយៗនោះ ឪពុកម្ដាយ​គួរតែ​នាំ​កូនតូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​វិនិច្ឆ័យ​ថា តើ​មាន​អា​ការខុស​ប្រក្រតី​អ្វី​ដែរឬទេ? ដោយ​រោគ​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ឈ្លក់​ទឹកដោះ​នេះ គឺ​ការដែល​អវយវៈ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បឺត​លេប​មាន​ភាពខុសប្រក្រតី ឬ​សួត និង​បេះដូង​មាន​បញ្ហា​ជាដើម។

    បានដឹង​បែបនេះហើយ ឡា​រ៉ែ​ន សង្ឃឹមថា លោកឪពុក​អ្នក​ម្ដាយ​នឹង​ប្រយ័ត្នប្រយែង​ខ្លាំង​ឡើង​ក្នុងការ​ចិញ្ចឹម​ថែទាំ​កូនតូច​ក្នុង​វ័យ​ទារក​នេះ និង​គួរ​ឧស្សាហ៍​សង្កេតមើល​អាការ​របស់​កូនតូច​ឱ្យបាន​គ្រប់ពេល​ថា តើ​មានការ​ឈ្លក់​ទឹកដោះ​ដល់​ថ្នាក់​មុខ​ឡើង​ក្រហម ឬ​ស្លេកស្លាំង​ដែរឬទេ? បើសិនជា​មិន​ស្រួល ក៏​គួរតែ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យភ្លាមៗតែម្ដង ដើម្បី​សុវត្ថិភាព​របស់​កូន​សម្លាញ់៕

  • Van Dijk ត្រៀម​ចូល​លេង​ជា​លើកដំបូង ពេល Liverpool ប៉ះ Everton ក្នុង FA Cup

    Van Dijk ត្រៀម​ចូល​លេង​ជា​លើកដំបូង ពេល Liverpool ប៉ះ Everton ក្នុង FA Cup

    Virgil van Dijk ដែលជា​ខ្សែការពារ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក អាច​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់គេ​សម្រាប់​ក្រុម Liverpool នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Everton នា​កីឡដ្ឋាន Anfield ក្នុងការ​ប្រកួត​ពាន FA Cup ជុំ​ទី៣ នៅ​រាត្រី​ថ្ងៃស្អែក​នេះ។

    ខ្សែការពារ​កណ្តាល​រូបនេះ មាន​សិទ្ធិ​ចូល​លេង​បាន​ហើយ ក្រោយពី​ការចុះឈ្មោះ​របស់គេ​ត្រូវបាន​បំពេញ​ជា​ផ្លូវការ បន្ទាប់ពី​ការផ្ទេរ​របស់គេ​ក្នុងតម្លៃ​ខ្លួន75លាន​ផោន (ស្មើនឹង102លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Southampton។ លោក Juergen Klopp ដែលជា​អ្នកចាត់ការ​ទូទៅ មិនទាន់​បញ្ជាក់ថា លោក​មានបំណង​ក្នុងការ​ដាក់​ឲ្យ​ខ្សែការពារ​អន្តរជាតិ​ហូ​ឡង់​រូបនេះ ចូល​លេងភ្លាមៗនៅឡើយ​ទេ ជាពិសេស ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​បែបនេះ ប៉ុន្តែ Van Dijk អាច​នឹង​បង្ហាញខ្លួន​យ៉ាងហោចណាស់​ស្ថិតក្នុង​នាម​ជា​កីឡាករ​បម្រុង​ដែរ។

    ការត្រៀម​លក្ខណៈ​ក្នុង​ក្រុម​របស់លោក Klopp ហាក់​កំពុង​តែមាន​ភាពស្មុគស្មាញ ដោយសារតែ​បណ្តាញសារព័ត៌មាន​ចក្រភព​អង់គ្លេស​ជាច្រើន​បានចេញ​ផ្សាយ​ថា ក្លិប Barcelona នឹងដាក់​ការដេញថ្លៃ​មួយ​សម្រាប់​ខ្សែបម្រើ​ស្លាប​ដ៏​ឆ្នើម Philippe Coutinho។ ស្របពេល​ជាមួយគ្នានេះ Mohamed Salah និង Sadio Mane ក៏​ប្រហែលជា​មិនអាច​ចូល​លេង​បាន​ផងដែរ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​លោក Klopp គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទ្វីបអាហ្វ្រិក​នៅ​ប្រទេស​ហ្គា​ណា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

    ប្រភពពី៖ Channel News Asia

  • ការដាំ​ដើម​ពុទ្រា​មាន​ភាពងាយស្រួល និង​រកចំណូលបាន​ខ្ពស់

    ការដាំ​ដើម​ពុទ្រា​មាន​ភាពងាយស្រួល និង​រកចំណូលបាន​ខ្ពស់

    ពុទ្រា​ម្រេច កំពុង​ទទួល​បានការ​ពេញនិយម​ច្រើន​ពី​អ្នក​បរិភោគ ហើយ​ថែមទាំង​ផ្តល់ប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ដល់​អ្នក​ដាំ​ទៀតផង ដោយ​ក្នុង​មួយ​សប្តាហ៍​អាច​លក់បាន​ប្រមាណ 800ដុល្លារ សម្រាប់​ការដាំ​នៅលើ​ផ្ទៃដី​ជាង 30អា។

    លោក ថន ធី កសិករ​នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល បាន​ប្រាប់ថា ចាប់តាំងពី​ងាក​មក​ដាំ​ពុទ្រា​ម្រេច​នេះ​បាន​រយៈពេល 4ឆ្នាំ​មក ជីវភាព​គ្រួសារ​របស់លោក​បាន​ប្រសើរ​ឡើងជា​លំដាប់ ហើយកូនៗក៏បាន​ចូលរៀនគ្រប់ៗគ្នា​ដែរ។ លោក​បាន​បន្តថា ពុទ្រា​ដែល​លោក​ដាំ​នេះ​នៅ​លើដី​បណ្តោយ 200ម៉ែត្រ និង​ទទឹង 18ម៉ែត្រ នេះ​មាន​ដើម​សរុប​ចំនួន230 ហើយ​ក្នុង​មួយ​សប្តាហ៍​អាច​បេះ​លក់បាន2ដង ដោយ​ក្នុង1ដង បាន​ជាង 200គីឡូក្រាម។ បច្ចុប្បន្ន​ក្នុង1គីឡូក្រាម​លក់បាន​តម្លៃ 8,000រៀល ប៉ុន្តែ​បើ​ខែ​ណា​មិនសូវ​សម្បូរ​អាច​លក់បាន​ដល់​ទៅ10,000រៀល​ឯណោះ។

    ចំណែក​លោក ខឹម កិ អាយុ 65ឆ្នាំ ដែលជា​កសិករ​ដាំ​ពុទ្រា​ម្រេច​ម្នាក់​ដែរនោះ ក៏បាន​និយាយ​ដែរ​ថា គាត់​បាន​ដាំ​ពុទ្រា​នេះ​ជាង 8ឆ្នាំ​មកហើយ ដោយបាន​ទិញ​ពូជ​ពី​ឃុំ​ព្រែក​គយ ក្នុង1ដើម​តម្លៃ1ដុល្លារ។ លោក​បាន​បង្ហើប​អំពី​វិធីសាស្ត្រ​ដាំ​ដុះ និង​ថែទាំ​ថា ពុទ្រា​ម្រេច​មិន​ពិបាក​ដាំ និង​ថែទាំ​ប៉ុន្មាន​នោះទេ ដំបូង​គឺ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល1ទៅ2ខែ ទើប​រាស់​ហើយ​ហាល​ចោល1អាទិត្យ​ទៀត ទើប​ឆូត​ជា​គន្លង​កាប់​រណ្តៅ​ទំហំ5តឹក​ដាក់​ជីលា​មក​គោ​ចូល​ហើយ​យក​កូន​ពុទ្រា​មក​ដាំ​ជាការ​ស្រេច និង​ត្រូវ​ទុក​គម្លាត​ពីគ្នា​ប្រមាណ​ពី4-5ម៉ែត្រ​ពី​ដើម​មួយ​ទៅ​ដើម​មួយទៀត។

    នៅ​រដូវវស្សា​គេ​មិនបាច់​ស្រោច​ទឹក​ទេ តែ​ត្រូវ​ស្រោច​ទឹក1-2ដង​ក្នុង​សប្តាហ៍​នៅ​រដូវប្រាំង។ ពុទ្រា​មិន​ពិបាក​ថែទាំ​ទេ ចំណែកឯ​ជី​ទៀតសោត​គឺ​ប្រើតែ​ជីធម្មជាតិ លាមក​គោ មាន់ ទា និង​បាញ់ថ្នាំ​ការពារ​ដង្កូវ​តែ1ដង​ប៉ុណ្ណោះ​ក្នុង1ខែ។ ក្រោយ​ដាំ​បាន6ខែ អាច​ប្រមូល​ផល​បាន​ហើយ ដោយ​ក្នុង1សប្តាហ៍​អាច​បេះ​បាន​ចំនួន2ដង។ នៅពេល​ដើម​ពុទ្រា អាយុ​បាន2ឆ្នាំ​គេ​ត្រូវតែ​អារ​ដើម​ចោល​ខ្លះ ដោយ​ទុក​គល់​កន្លះ​ម៉ែត្រ​ដើម្បីឱ្យ​លាស់​ថ្មី ហើយ​ក្រោយ​អារ​ចោល6ខែ ពុទ្រា​នឹង​ចាប់ផ្តើម​ចេញ​ផ្លែ ប៉ុន្តែ​ដល់​ដើម​ពុទ្រា អាយុ6ឆ្នាំ ផ្លែ​វា​ចាប់ផ្តើម​តូច ទើប​គេ​គាស់​ដើម​ចាស់​ចោល​ដាំ​សាជាថ្មី។

    អ្នកស្រី ប៉ាង សារ៉េត ជា​អ្នកលក់​ម្នាក់​ក្នុងចំណោម​អ្នកលក់​ជាង10តូប​នៅ​ចំណុច​ច្រាំង​បាក់ ក្បែរ​ផ្សារ​ស្អាង បាន​ប្រាប់​ឱ្យដឹងថា ពុទ្រា​ម្រេច​មាន​រសជាតិ​ជូរអែម និង​ស្រួយ​ឆ្ងាញ់ ហើយ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន។ ជា​មធ្យម​ក្នុង1ថ្ងៃ​គាត់​អាច​លក់បាន​ប្រមាណ50គីឡូក្រាម តែបើ​ថ្ងៃ​សៅរ៍ អាទិត្យ​និង​ថ្ងៃ​ឈប់សម្រាក​វិញ គឺ​លក់បាន​ច្រើន​រហូតដល់​ទៅជា​ង 100គីឡូក្រាម​ក៏មានដែរ ដែល​ក្នុង​មួយ​គីឡូ​រកប្រាក់​ចំណេញ​បាន​ប្រមាណ​ជា2,000រៀល៕

  • ចង់​ធ្វើជា​សហគ្រិន​ស្ដ្រី​ជោគជ័យ សំខាន់បំផុត​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង

    ចង់​ធ្វើជា​សហគ្រិន​ស្ដ្រី​ជោគជ័យ សំខាន់បំផុត​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង

    ម្ចាស់​អាជីវកម្ម​ជាច្រើន​ដែល​ទទួលបាន​ភាពជោគជ័យ​តែងតែមាន​អំណះអំណាង​ថា ដើម្បីឱ្យ​អាជីវកម្ម​មួយ​ជោគជ័យ​ត្រូវ​ទាមទារ​ឱ្យមាន​ការរៀបចំ​ផែនការ​ច្បាស់លាស់ ពិសេស​ការប្រើ​ទុនវិនិយោគ​ក៏​ជាសំខាន់​ដែរ។ ដោយឡែក​សម្រាប់​ម្ចាស់​ជំនួញ MAYA Cosmic ដែល​កំពុងមាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​ថៃ ហើយ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Luxury Smile នៅ​កម្ពុជា បាន​បង្ហើប​ថា ការចាប់ផ្ដើម​អាជីវកម្ម​ដើមទុន​ជា​ចំណែក​តូច​តែប៉ុណ្ណោះ តែ​អ្វីដែល​សំខាន់​នោះ គឺ​ការសិក្សា​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់ និង​ទឹក​ចិ​ត្ដ​ដ៏​រឹងមាំ​របស់​ម្ចាស់​ជំនួញ។

    អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ (Sasitan Laorojpinyo) នាយិកា​ក្រុមហ៊ុន MAYA Cosmic ដែល​បច្ចុប្បន្ន​កំពុងតែ​មានដំណើរ​ការលក់​យ៉ាង​ល្អ​នៅក្នុង​ទីផ្សារ​កម្ពុជា តាមរយៈ​ការសហការ​ជាមួយ​ក្រុមហ៊ុន Luxury Smile បាន​រៀបរាប់​ពី​ដំណើរ​ជីវិត ក៏ដូចជា​សកម្មភាព​នៃ​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​ថា រូបនាង​គឺជា​ក្មេងស្រី​ម្នាក់​កើត​ក្នុង​ត្រកូល​អ្នកមាន​ទ្រព្យសម្បត្ដិ​មួយ​ក្នុងប្រទេស​ថៃ ដោយ​នាង​ជា​កូនស្រី​ពៅ​ក្នុងចំណោម​បងប្អូន4នាក់។ អ្នកនាង​បាន​បន្តថា ចាប់ផ្ដើម​ដឹងក្ដី​ពេលណា​អ្នកនាង​បានឃើញ​គ្រួសារ​ខ្លួន​មាន​ហាង​មាស​ចំនួន5កន្លែង​ទៅហើយ ខណៈ​បច្ចុប្បន្ន​ហាង​មាស​នោះ​ត្រូវបាន​ពង្រីក​រហូតដល់8សាខា។ ដោយសារ​ចាប់កំណើត​ក្នុង​ត្រកូល​អ្នកមាន​ទ្រព្យសម្បត្តិ ថ្ងៃ​ណា​ក៏​ឃើញ​ការជួញដូរ​មាស និង​ប្រាក់​ដែរ ហេតុនេះ​ទើប​ធ្វើឱ្យ​រូបនាង​កើតមាន​គំនិត​ចង់​ធ្វើ​អាជីវកម្ម​តាំងពី​នៅ​វ័យក្មេង។ ទោះជា​យ៉ាងណា​អ្នកនាង​យល់ថា ប្រសិនបើ​ចង់​ដើរ​ទៅមុខ​ឱ្យបាន​វែងឆ្ងាយ ចង់​រកស៊ី​ឱ្យទទួល​បាន​ជោគជ័យ គឺ​ទាមទារ​ឱ្យ​ខ្លួនឯង​ត្រូវមាន​ចំណេះដឹង​ទូលំទូលាយ​ខាង​ផ្នែក​ទីផ្សារ ហេតុនេះ​រូបនាង​បាន​ខិត​ខំរៀន​រហូត​ទទួលបាន​បរិញ្ញាបត្រ និង​បន្ដទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​រយៈពេល1ឆ្នាំ​ទៀត។

    ក្រោយពី​បញ្ចប់​ការសិក្សា ដោយ​មិន​ចង់ទុក​ពេលវេលា​ឱ្យនៅ​ទំនេរ​យូរ នាយិកា​ក្រុមហ៊ុន MAYA Cosmic រូបនេះ​ក៏​ចាប់ផ្ដើម​រកស៊ី​តែម្ដង។ និយាយ​ទៅដល់​ការធ្វើ​អាជីវកម្ម ប្រសិនបើ​យើង​ក្រឡេក​ទៅ​មើល​ជីវភាព​គ្រួសារ​របស់​ស្ដ្រី​ជំនួញ​វ័យក្មេង​រូបនេះ​វិញ គឺ​មិនមាន​ការលំបាក​ឡើយ មានន័យថា​ចង់​ចាប់​អាជីវកម្ម​បែបណា? នៅពេលណា? ឬ​ទំហំ​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​កម្រិតណា​ក៏​អាចទៅរួច​ដែរ តែ​អ្វីដែល​ធ្វើឱ្យ​អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ ត្រូវ​គិតពិចារណា​ច្បាស់លាស់​ទៅលើ​អាជីវកម្ម​នោះ គឺ​ដោយសារ​រូបនាង​ចង់​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ខ្លួនឯង ដើមទុន​ផ្ទាល់ខ្លួន​មិនមែនជា​របស់​គ្រួសារ ម្យ៉ាងទៀត​អ្នកនាង​ជា​អ្នក​ចង់បាន​ឥស្សរភាព និង​សេរីភាព​ក្នុង​ការធ្វើ​ជំនួញ​ផងដែរ។

    បន្ទាប់ពី​គិតគូរ​បានច្បាស់លាស់​ហើយ អ្នកនាង​ក៏បាន​សម្រេច​ចិ​ត្ដ​ប្រើ​ដើមទុន​ប្រមាណ1ម៉ឺន​បាត​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​របស់ខ្លួន​ដោយ​សហការ​ជាមួយ​មិ​ត្ដ​ភក្ដិ។

    អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ បន្ថែមថា៖ “ដោយ​គិតគូរ​បានច្បាស់លាស់​ហើយ ខ្ញុំ​ក៏​សម្រេច​ចិ​ត្ដ​ចាប់ផ្ដើម​អាជីវកម្ម​ក្នុង​ការលក់​ផលិតផល​តាម​អន​ឡាន។ វា​ពិតជា​ទទួលបាន​ការគាំទ្រ​ខ្លាំងណាស់​ដោយសារតែ​អាជីវកម្ម​មួយ​នេះ​មានការ​ពេញនិយម​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ។ ទន្ទឹម​និង​ការទទួលបាន​ជោគជ័យ អាជីវកម្ម​នោះ​ក៏ត្រូវ​រលាយ​ទៅវិញ​ដោយសារតែ​ម្ចាស់​ហ៊ុន​មានគំនិត​ខ្វែងគ្នា ធ្វើឱ្យ​ការប្រកប​អាជីវកម្ម​ដំបូង​ត្រូវ​ទទួល​នូវ​ការបរាជ័យ​ពីរដង ខណៈ​ខ្ញុំ​ទើបតែ​មាន​អាយុ​ត្រឹម20ឆ្នាំ​ប៉ុណ្ណោះ ដែលមាន​បទពិសោធ​ក្នុង​ទីផ្សារ និង​សង្គម​នៅមាន​តិចតួច។

    បន្ទាប់ពី​មាន​បទពិសោធ​បរាជ័យ​ពីរដង ស្ដ្រី​ជំនួញ​វ័យក្មេង​រូបនេះ​ក៏​នៅតែ​មិន​ចុះចាញ់​ចំពោះ​អាជីវកម្ម និង​ប្រឹង​ដើរទៅ​មុខជា​និច្ច។ នៅពេលនោះ​អ្នកនាង​បាន​ស្វែងយល់​ពី​ខ្លួនឯង​ថា ជា​មនុស្ស​ចូល​ចិ​ត្ដ​តុបតែង​ខ្លួនស្អាតៗទើប​ធ្វើឱ្យ​មានគំនិត​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ដោយ​ចំណាយ​ទុន​មួយចំនួនធំ ដើម្បី​បង្កើត​គ្រឿងសម្អាង​មានឈ្មោះ​ខ្លួនឯង MAYA Cosmic ក្នុងនោះ​រួមមាន ក្រេ​ម ម្ស៉ៅ សាប៊ូ​ដុះ​ខ្លួន ដុះ​មុខ ធ្វើឱ្យ​ស្បែក​ម៉ដ្ឋ​សរ​លោង ជាដើម ដែល​ផលិតផល​ទាំងនោះ​ផ្ដោតទៅលើ​គុណ​ភាពជា​ចម្បង។

    បន្ទាប់ពី​ដំណើរការ​ក្នុង​ទីផ្សារ​បាន​រយៈពេល4ខែ ផលិត MAYA ក៏​ទទួលបាន​នូវ​ភាពជោគជ័យ និង​ការទទួលស្គាល់​ពី​ប្រជាជន​ថៃ​ទូទាំងប្រទេស។ អ្នកនាង​បន្ដថា៖“ត្រឹម​រយៈពេល4ខែ ដែល​ខ្ញុំ​អាចធ្វើឱ្យ​ប្រជាជន​ថៃ​ទទួលស្គាល់​នូវ​គុណភាព​ផលិតផល MAYA វា​មិនមែនជា​រឿង​ងាយស្រួល​ទេ។ ជាក់ស្ដែង​ខ្ញុំ​ជា​អ្នក​ធ្លាប់​រៀន​ខាង​ផ្នែក​ទីផ្សារ ទោះយ៉ាងណា​ក៏ត្រូវ​ទាមទារ​ឱ្យ​យើង​យល់ដឹង​អំពី​យុទ្ធសាស្ត្រ​ក្នុង​ការលក់​នៅក្នុង​ទីផ្សារ​អន​ឡាញ​ឱ្យបាន​ច្បាស់។ យុទ្ធសាស្ដ្រ​ទីផ្សារ​នេះ យើង​ត្រូវ​សិក្សា​ជាប្រចាំ ដោយ​យូរ​បំផុត​មួយ​សប្ដាហ៍​ម្ដង​ក៏ត្រូវ​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី ជួនកាល​គិត​ឃើញ​ថ្ងៃនេះ ស្អែក​ចាប់ផ្ដើម​អនុវត្ដ​ក៏មានដែរ។ ក្នុងករណី​ចាំបាច់​ត្រូវ​ជួល​តារាល្បីៗមក​បង្ហាញ​ផលិតផល​របស់​យើង ទោះបីជា​ចាយលុយ​ច្រើន​ក៏ត្រូវ​តែ​ធ្វើ។ ទោះយ៉ាងណា ផលិតផល​មានគុណ​ភាពល្អ និង​រក្សាបាន​នូវ​សុខភាព​អ្នកប្រើប្រាស់​ទើប​ធ្វើឱ្យ​អ្នកប្រើប្រាស់​ផ្សព្វផ្សាយតៗគ្នា។

    អ្វីដែល​ធ្វើឱ្យ​ក្រុមហ៊ុន​កាន់តែ​ទទួលបាន​ភាពល្បីល្បាញ​នោះ គឺ​ក្រៅពី​បង្កើត និង​ចែកចាយ​ផលិតផល​មានគុណ​ភាព​ហើយ​នោះ យើង​ក៏​ជា​អ្នកបង្កើត Brand ឱ្យ​អតិថិជន​នៅ​ប្រទេស​ថៃ​រហូតដល់100ប្រភេទ និង​នៅ​ប្រទេស​កម្ពុជា25ប្រភេទ។ ក្រៅពីនេះ​ការធ្វើ​ជំនួញ​ត្រូវ​យល់ច្បាស់​ពី​ទីផ្សារ ត្រូវ​ស្គា​ល់ពី​ដៃគូ ព្រមទាំង​ចេះ​ទប់ស្កាត់​ហានិភ័យ​ផងដែរ។ អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ បញ្ជាក់ថា៖“ដោយសារ​យើង​អាចឈរជើង​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​ក្នុង​កិ​ត្ដិ​នាម​ល្អ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​របស់ខ្ញុំ ទទួលបាន​ពានរង្វាន់​ចំនួន2 គឺ Best Business Award និង Best Product Award រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា (2015-2016)”។

    ជាមួយគ្នានេះ​ស្ដ្រី​ជំនួញ​វ័យក្មេង​ខាងលើ ក៏បាន​បញ្ជាក់ដែរថា ទន្ទឹមនឹង​ការទទួលបាន​ភាពជោគជ័យ ភាពស្មុគស្មាញ​ក៏​តែងតែ​កើតឡើង​នៅ​ជុំវិញខ្លួន​របស់​អ្នកនាង​ជាប្រចាំ​ដែរ ដែល​ទាមទារ​ឱ្យ​ត្រូវ​ដោះស្រាយ​នៅពេល​ក្រុមហ៊ុន​ចាប់ផ្ដើម​ល្បីល្បាញ ប៉ុន្ដែ​ពុំ​សូវ​មាន​បុគ្គលិក ដោយសារតែ​យើង​ចាប់ផ្ដើម​ពី​ដើមទុន​មិនសូវ​ច្រើន ដូច្នេះ​អតិថិជន​ទាំងអស់​ត្រូវ​សាង​ឡើង​ដោយ​ខ្លួនឯង។ ពិសេស​នៅពេល​មាន​ការបញ្ជាទិញ​ច្រើន យើង​មិនអាច​ផលិត​ឱ្យទាន់​ទៅតាម​តម្រូវការ គឺ​ពិតជា​ធ្វើឱ្យ​យើង​ជា​ម្ចាស់​អាជីវកម្ម​មាន​ភាពស្មុគស្មាញ​ខ្លាំង​មែនទែន។ អ្នកនាង​ប្រាប់ទៀតថា គ្មាន​ផ្លូវ​ដើរ​ណា​ទទួលបាន​ជោគជ័យ ដោយ​ពុំមាន​ការឆ្លងកាត់​ការលំបាក ឬ​ឧបសគ្គ​នោះទេ ដូច្នេះ​យើង​ក៏​មិនត្រូវ​ចុះចាញ់​នូវ​ឧបសគ្គ​ទាំង​នោះដែរ។

    អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ បន្ដថា ក្រោយពី​ទទួលបាន​ភាពជោគជ័យ​នៅ​ប្រទេស​ថៃ អ្នកនាង​ក៏​ចាប់ផ្ដើម​មើលឃើញ​ពី​តម្រូវការ​នៃ​អ្នកប្រើប្រាស់ និង​សក្ដានុពល​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា ទើប​សម្រេច​ចិ​ត្ដ​ធ្វើ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ក្រុមហ៊ុន Luxury Smile ដែលមាន​ទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ចែកចាយ។ នៅ​ឆ្នាំ2018 នេះ Luxury Smile នឹង​ចែកចាយ​ផលិតផល MAYA ទៅដល់​ប្រទេស​ឡាវ​ផងដែរ និង​គម្រោង​បើក Clinic មួយ​ដែលមាន​សក្ដានុពល​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។ ជាងនេះទៅទៀត​ក្រុមហ៊ុន​នឹង​នាំចូល​នូវ​ផលិតផល​ថ្មី​ដែល​លក់ដាច់​ជាងគេ​បំផុត​នៅ​ប្រទេស​ថៃ​ដែលមាន​ឈ្មោះថា ទឹក​ជំនួយ​ស្បែក​ដ៏​អស្ចារ្យ(Water Essence) មក​កម្ពុជា​ផងដែរ។

    អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ ក៏បាន​ចែក​រំ​ឡែក​គំនិត​ដល់​សហគ្រិន​ស្ដ្រី​ខ្មែរ​ថា៖“ចង់​ធ្វើជា​សហគ្រិន​ស្ត្រី​ដ៏​ជោគជ័យ អាចធ្វើ​អាជីវកម្ម​យូរអង្វែង​សំខាន់បំផុត​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង និង​តែងតែ​ផ្ដល់​កម្លាំង​ចិ​ត្ដ​លើ​ខ្លួនឯង ដូច​យើង​ជឿជាក់​លើ​ផលិតផល​របស់​យើង និង​ធ្វើ​កិច្ចការ​នោះ​ជាប្រចាំ។

    ទន្ទឹមនឹង​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ ក៏​មិន​បោះបង់ចោល​សកម្មភាព​ម​នុស្ស​ធម៌​ដែរ ដោយនៅ​ថ្ងៃ​ខួបកំណើត​របស់​នាង កាលពី​ថ្ងៃទី10 ខែធ្នូ កន្លងមក អ្នកនាង​បាន​នាំ​មិ​ត្ដ​ភក្ដិ​ជនជាតិ​ថៃ​ដែលជា​អ្នកជំនួញ​មក​ជាវ​ព្រះពុទ្ធ​បដិមាករ​យកទៅ​តម្កល់​ក្នុង​ទី​វត្ដ​អា​រ៉ា​ម​ក្នុងប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ2018 នេះ​អ្នកនាង​មាន​គម្រោង​នឹង​ជួយឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​ចំនួន300នាក់​នៅ​ខេត្ដ​មណ្ឌលគិរី៕