Author: វល័ក្ខ

  • PSG ត្រៀម​វិល​ទៅកាន់​ការ​ប្រជែង​លើក​ពាន​វិញ ពេល​ប៉ះ Nantes ថ្ងៃអាទិត្យ​នេះ

    PSG ត្រៀម​វិល​ទៅកាន់​ការ​ប្រជែង​លើក​ពាន​វិញ ពេល​ប៉ះ Nantes ថ្ងៃអាទិត្យ​នេះ

    Neymar និង Paris Saint-Germain នឹង​វិល​ទៅកាន់​ការ​ប្រជែង​របស់​ពួកគេ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Ligue 1 របស់​បារាំង ក្រោយពី​ការ​សម្រាក​រយៈពេល 3សប្តាហ៍​នា​រដូវរងា នៅពេលដែល​ពួកគេ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Nantes ដែល​ឈរ​លេខ5 នៅ​ចុង​សប្តាហ៍​នេះ។

    PSG នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ក្រុម Nantes ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ 6 -1 លើ​ក្រុម Rennes ក្នុងការ​ប្រកួត​ពាន French Cup និង​បន្ទាប់ពី​បាន​កត់ត្រា​ជ័យជម្នះ 2-0 លើ​ក្រុម Amiens កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup។ Neymar បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងពេល​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​ទាំងពីរ​លើក​នោះ ប៉ុន្តែ ខ្សែប្រយុទ្ធ Edinson Cavani ដែលជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ​លី​ក បាន​អវត្តមាន​ក្រោយ​វិល​ពី​ការ​សម្រាក​នៅ​ថ្ងៃបុណ្យ​ណូអែល និង​ចូលឆ្នាំថ្មី​របស់គេ​ក្នុងប្រទេស​អ៊ុយ​រូ​ហ្គា​យ យឺត​ពេល។

    ខ្សែបម្រើ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Javier Pastore ក៏​ត្រូវបាន​មើលរំលង​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​ពុធ ផងដែរ ក្រោយពី​វិល​ពី​ការ​សម្រាក​វិស្សមកាល​របស់គេ​យឺត​ពេល​ដូចគ្នា ខណៈដែល​កីឡាករ​ទាំងពីរ ត្រូវបាន​ចាត់ទុកថា មិនទាន់​ត្រៀមលក្ខណៈ​រួចរាល់​ដោយ​លោកគ្រូ​បង្វឹក Unai Emery។ ខ្សែការពារ Thiago Silva ដែលជា​ប្រធាន​ក្រុម​របស់ PSG បាន​បង្កើតឱ្យមាន​ភាព​ស្រពេចស្រពិល​ជុំវិញ​អនាគត​របស់ Pastore នៅឯ​ក្លិប​នេះ នៅពេលដែល​រូបគេ​បាន​និយាយថា៖ «ខ្ញុំ​ជឿជាក់ថា Pastore បាន​ប្រាប់​ក្លិប​ថា រូបគេ​ចង់​ចាកចេញ ប៉ុន្តែ​ទីបំផុត ពួកគេ​មិនអាច​ឈានដល់​ការព្រមព្រៀង​គ្នា​ណាមួយ​នៅឡើយ»។

    Pastore បាន​ច្រានចោល​ថា រូបគេ​ចង់​ចាក​ចេញពី​ក្លិប​នេះ។ Pastore ដែល​បាន​ចូលរួម​ជាមួយ PSG កាលពី​ឆ្នាំ2011នោះ បានឱ្យដឹងថា៖ «ខ្ញុំ​ស្រឡាញ់​ទីក្រុង​ប៉ារីស ហើយ​ខ្ញុំ​ស្រឡាញ់ PSG»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 3ទៀបភ្លឺ៕

    ប្រភពពី៖ Sports.yahoo

  • ក្លិប Leipzig ថា Keita នឹងមិន​ចូលរួម​ជាមួយ Liverpool នៅ​ខែម​ករានេះ​ទេ

    ក្លិប Leipzig ថា Keita នឹងមិន​ចូលរួម​ជាមួយ Liverpool នៅ​ខែម​ករានេះ​ទេ

    ក្លិប RB Leipzig បានបញ្ជាក់​ប្រាប់​ទូរទស្សន៍ BBC Sport ថា ពួកគេ​មិនមាន​បំណង​ក្នុងការ​អនុញ្ញាត​ឲ្យ​ក្លិប Liverpool បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Naby Keita នៅ​មុនពេល​បញ្ចប់​រដូវ​កាល​នេះឡើយ។

    កាលពី​ខែសីហា ឆ្នាំមុន Liverpool បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន51លាន​ផោន (ស្មើនឹង69លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​ហ្គី​ណេ​វ័យ22ឆ្នាំ​រូបនេះ ដែល​នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្រុម​ហង្ស​ក្រហម​នៅ​ខែកក្កដា។ ព័ត៌មាន​ជាច្រើន​នៅ​សប្តាហ៍​នេះ​បានចេញ​ផ្សាយ​ថា រូបគេ​អាច​នឹងចូលរួម​ជាមួយ​នឹង​ក្លិប Liverpool នៅ​ខែម​ករានេះ សម្រាប់​ការផ្តល់​តម្លៃ​ខ្លួន​បន្ថែម18លាន​ផោន​ទៀត។ ប៉ុន្តែ លោក Ralph Hasenhuttl គ្រូបង្វឹក​របស់ Leipzig បាន​ប្រាប់ BBC ថា៖ «ស្ថានភាព​គឺ​ដូចគ្នា​កាលពីមុន​អ៊ីចឹង។

    វា​គ្មាន​ហេតុផល​សម្រាប់​យើង​ក្នុងការ​អនុញ្ញាត​ឲ្យ Naby Keita ចាកចេញឆាប់ៗនោះឡើយ»។ ក្លិប​នេះ បាន​បន្ថែមទៀតថា៖ «គ្មានអ្វី​បាន​ប្រែប្រួល​ឡើយ ហើយ​ជំហរ​របស់​យើង​ក៏​មិនបាន​ផ្លាស់ប្តូ​រដែរ»។ Liverpool បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយនឹង​ក្លិប RB Leipzig អំឡុងពេល​នៃ​ការពិភាក្សាផ្សេងៗ ជុំវិញ​ការផ្ទេរ Keita កាលពី​រដូវក្តៅ​មុន ហើយ​និង​មិន​ព្យាយាម​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​នេះឡើយ ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ការលើកទឹកចិត្ត​ដោយ​ក្លិប​របស់​ក្របខ័ណ្ឌ Bundesliga មួយ​នេះ​ទេនោះ។

    ទោះបីជា​យ៉ាងណា Liverpool ពិតជា​រីករាយ​ក្នុង​ការបំពេញ​ការផ្ទេរ​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ជំហរ​នេះ​អាច​នឹង​ផ្លាស់ប្តូរ ប្រសិនបើ​ក្លិប RB Leipzig ផ្លាស់ប្តូរ​ជំហរ​របស់​ពួកគេ​នៅ​ខែម​ករានេះ ហើយ​លក្ខខណ្ឌ​ថ្មី ក៏​អាច​នឹង​ឈានដល់​ការ​ព្រមព្រៀងគ្នា​ផងដែរ៕

    ប្រភពពី៖ BBC

  • 4 ជំនាញ​ចាំបាច់​សម្រាប់​ការងារ Sales

    4 ជំនាញ​ចាំបាច់​សម្រាប់​ការងារ Sales

    Sales Skills គឺជា​ជំនាញ​សំខាន់​របស់​អ្នក​ដែល​ធ្វើការ​ខាង​ផ្នែក​លក់។ ដើម្បីឱ្យ​ការធ្វើការងារ​កើតមាន​ប្រសិទ្ធភាព អ្នក​ដែល​ធ្វើ​ការងារ​ផ្នែក​នេះ​ត្រូវតែមាន​ការកែសម្រួល និង​អភិវឌ្ឍ​សក្ដានុពល​ការធ្វើការងា​រលើ​ផ្នែក​នេះ​ជាប់​ជានិច្ច ដែល​មិន​ត្រឹមតែ​នឹងធ្វើ​ឱ្យ​ការធ្វើការងារ​ល្អ​ឡើង​នោះទេ តែ​បុគ្គលិក​ផ្នែក​លក់​ដែលមាន Sales Skills ល្អ​នឹង​អាចយ​ល់ពី​តម្រូវការ​របស់​អតិថិជន​បាន​យ៉ាងច្បាស់​ទៀតផង ដែល​វា​នឹង​ក្លាយជា​ប្រយោជន៍​ដល់​ការបង្កើន​ចំនួន​លក់​ដែល​បាន​កំណត់ទុកក្នុងមួយខែៗបាន​យ៉ាង​ល្អប្រសើរ។

    ដោយ​លក្ខណៈ​របស់​ការ​ងារ​លក់​ដែលមាន​ភាព​ពាក់ព័ន្ធ​ជាមួយនឹង​សមត្ថភាព​ក្នុងការ​ទាក់ទាញ និង​បញ្ចុះបញ្ចូល​អតិថិជន ធ្វើឱ្យ​អតិថិជន​មានការ​យល់ឃើញ​តាម រហូតដល់​ចង់​ទិញ​ទំនិញ ឬ​សេវាកម្ម​របស់​យើង អ្នក​ដែល​ធ្វើការ​ផ្នែក​លក់​នេះ​ចាំបាច់​ត្រូវ​ប្រើ​សិល្បៈ​ក្នុង​ការលក់​ដែល​មិនមែន​គ្រាន់តែ​ជាការ​ទិញ-លក់ទំនិញ​គ្នាធម្មតាៗនោះទេ តែ​ត្រូវតែ​ជាការ​លក់​ដែល​កើតចេញពី​ការរៀបចំ​កល​យុទ្ធ​ក្នុង​ការលក់​យ៉ាង​ស័ក្តិសម​ទៀតផង ទើប​ធ្វើឱ្យ​ការលក់​ទទួលបាន​ជោគជ័យ។

    ជំនាញ​ក្នុង​ការលក់​ដែល​អ្នកលក់​មាន​ឥទ្ធិពល​ចំពោះ​អ្នកទិញ​ដោយ​ការទំនាក់ទំនង ឬ​ផ្ដល់ព័ត៌មាន​ដែល​ចាំបាច់​មុន​ការសម្រេចចិត្ត​ទិញ​ទំនិញ។ យើង​នាំគ្នា​មក​មើលថា តើ​មាន​ជំនាញ​អ្វីខ្លះ​ដែល​ចាំបាច់​សម្រាប់​ការងារ Sales?

    1. រៀន​យល់ដឹង​អំពី​អតិថិជន

    មុននឹង​ធ្វើ​ការលក់ យើង​ត្រូវ​ដឹង​ជាមុន​ថា តើ​អតិថិ-ជន​របស់​យើង​ជា​នរណា និង​កំពុង​សម្លឹង​រកមើល​ទំនិញ​ប្រភេទ​ណា។ យើង​អាច​រក​អតិថិជន​បាន​ដោយ​ការប្រមូល​រួបរួម​ព័ត៌មាន​ពី​សៀវភៅបញ្ជី​ឈ្មោះផ្សេងៗក្នុង​ពិធី​បង្ហាញ​មុខទំនិញ (ពិធី​តាំងពិព័រណ៍) សមាគម​ពាណិជ្ជកម្ម តាមរយៈ​ការដែល​អតិថិជន​ចាស់ ឬ​អ្នក​ស្គាល់គ្នា​ណែនាំ​អ្នក​ដែល​ចាប់អារម្មណ៍​ឱ្យ ឬ​តាម​វេ​ប​សាយផ្សេងៗជាដើម។ វិធី​នេះ​នឹង​ជួយ​ឱ្យ​យើង​ទទួលបាន​អតិថិជន​ដែល​ត្រូវ​នឹង​គោលដៅ​កាន់តែ​ងាយ​ឡើង បន្ទាប់ពីនោះ​ទើប​ដំណើរការ​ទាក់ទង​តាម​ទូរស័ព្ទ ឬ​បណ្ដាញ​សង្គម​អន​ឡាញ​ដើម្បី​ផ្ដល់ព័ត៌មាន​បឋម​ទៅ​អតិថិជន និង​ណាត់ជួប​ជជែក​គ្នា​ជា​បន្ត។

    2 .បើកឆាក​ការលក់​ដើម្បី​សាង​ភាព​ពេញចិត្ត

    មុនពេល​ដែល​យើង​នឹង​បើកឆាក​ការលក់ យើង​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ជាមុនសិន​ថា យើង​មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អតិថិជន​ច្រើន​គ្រប់គ្រាន់​ហើយ ហើយ​សឹម​រៀប​ផែនការ​កល​យុទ្ធ​ក្នុង​ការលក់។ នៅពេល​យើង​បើក​ការលក់ យើង​ត្រូវ​ធ្វើឱ្យ​អតិថិជន​កើតមាន​ភាព​ពេញចិត្ត និង​ត្រូវមាន​សុជីវធម៌​ដែល​ល្អ​ក្នុង​ការលក់ ត្រូវ​មិន​ធ្វើឱ្យ​អតិថិជន​មាន​អារម្មណ៍​ធុញទ្រាន់ ទើសទាល់​ដោយ​ការបើក​ការលក់​ដែល​ម៉ឺងម៉ាត់​ខ្លាំង​ជ្រុល​ពេក​នោះទេ។

    1. សាង​ចំណាប់អារម្មណ៍​នៅពេល​បើក​ការលក់

    ការណែនាំ​ស្នើការ​លក់​ដោយ​បរិយាយ​ពាក់ព័ន្ធ​នឹង​មុខទំនិញ ឬ​សេវាកម្ម​នោះ យើង​ត្រូវ​ធ្វើឱ្យ​អតិថិជន​មាន​អារម្មណ៍​ជំពប់​ចិត្ត ឬ​ភ្ញាក់ផ្អើល​ក្នុង​រឿង​ដែល​យើង​និយាយ​រហូត​នាំទៅដល់​ការចាប់អារម្មណ៍​លើ​មុខទំនិញ ហើយ​ទើប​ជំ​រុញឱ្យ​កើតមាន​តម្រូវការ​ដើម្បីឱ្យ​អតិថិជន​សម្រេចចិត្ត​ទិញ។ អ្នកលក់​គួរ​ព្យ​យាម​សាង​សេចក្ដីត្រូវការ​ឱ្យ​កើតមានឡើង​ចំពោះ​អតិថិជន ចង្អុល​ឱ្យឃើញ​ពី​ចំណុច​ល្អ​របស់​ទំនិញ ឬ​សេវាកម្ម​របស់​យើង ដោយ​បកស្រាយ​យ៉ាង​ត្រង់​ទៅ​ត្រង់​មក​ដើម្បីឱ្យ​អតិថិជន​កើតមាន​ភាពជឿជាក់​លើ​មុខទំនិញ និង​សេវាកម្ម​របស់​យើង។ ក្នុងអំឡុងពេល​ចរចា​លក់ អតិថិជន​អាច​នឹងមាន​ចំណុច​ងឿងឆ្ងល់​ក្នុង​ច្រើន​រឿង មិនថាតែ តម្លៃ​របស់​ទំនិញ​ដែល​ខ្ពស់​ពេក ឬ​នៅ​មិនទាន់​ត្រូវចិត្ត​ជាមួយ​មុខទំនិញ​ជាដើម ដូច្នេះ​អ្នកលក់​ត្រូវ​ព្យ​យាម​រក្សា​បរិយាកាស​ឱ្យមាន​ភាព​វិជ្ជមាន​ឱ្យបាន​ច្រើន​បំផុត និង​ឆ្លើយតប​ចំណុច​ងឿងឆ្ងល់​ទាំងនោះ​យ៉ាង​ចិត្តត្រជាក់ៗ និង​បង្ហាញ​ពី​ភាពជឿជាក់​លើ​មុខទំនិញ​របស់ខ្លួន​ឱ្យ​អតិថិជន​បានឃើញ។

    4 . បិទ​ឆាក​ការលក់​យ៉ាង​ឆ្លាត​វៃ

    ក្នុងអំឡុង​ការសន្ទនា​ដើម្បី​បើក​ការលក់ នៅពេលដែល​គ្រប់យ៉ាង​ដំណើរការ​ទៅដោយ​ប្រពៃ និង​អតិថិជន​មាន​អក​ប្ប​កិរិយា​ថា​នឹង​ទិញ​ទំនិញ ឬ​សេវាកម្ម​របស់​យើង​ហើយ​នោះ យើង​គួរប្រើ​ឱកាស​នោះ​បិទ​ឆាក​ការលក់​ភ្លាម​តែម្ដង តែ​មិនត្រូវ​ប្រញាប់ប្រញាល់​ជ្រុល​ពេក​នោះទេ។ យើង​គួរ​សរុប​ឱ្យ​អតិថិជន​សម្រេចចិត្ត​ទិញ​មុខទំនិញ​របស់​យើង ដោយ​បង្ហាញ​ពី​ជម្រើស​ឱ្យបាន​ឆាប់រហ័ស និង​ងាយស្រួល​ឡើង។

    ប្រាប់​អតិថិជន​ថា គាត់​នឹង​ទទួលបាន​អ្វីខ្លះ និង​អាច​នឹងមាន​ការផ្ដល់​សំណូមពរ​ពិសេស ដូចជា គិត​តម្លៃ​ពិសេស​ជូន បញ្ចុះតម្លៃ​ជូន ឬ​មាន​របស់​ថែម ជាដើម។ ត្រឹមតែ​ប៉ុណ្ណឹង អតិថិជន​ក៏​នឹង​កើតមាន​ក្ដី​ពេញចិត្ត​ក្នុង​ការលក់​របស់​យើង​ហើយ។ សមត្ថភាព​ក្នុងការ​ទាក់ទាញ​ចិត្ត​អតិថិជន អាចនិយាយបាន​ថា​ជា​បេះដូង​សំខាន់​សម្រាប់​អ្នក​ដែល​ធ្វើការ​ផ្នែក Sales តែ​ត្រូវ​មិន​ធ្វើ​ដោយ​ភាព​ប្រញាប់ប្រញាល់​នោះទេ និង​បើ​យើង​ត្រូវ​ការបិទ​ការលក់​លឿន​ជ្រុល​ពេក អតិថិជន​នឹងមាន​អារម្មណ៍​ទើសទាល់ និង​អាច​នឹង​លែង​ទិញ​ទំនិញ​របស់​យើង​ទៀត​ក៏​អាច​ថា​បានដែរ ដូច្នេះ​ក្នុង​ការលក់​គ្រប់ពេល យើង​ត្រូវ​នឹក​ដល់​ចិត្ត​គេ ចិត្ត​យើង​ឱ្យបាន​ច្រើន​បំផុត ដើម្បីឱ្យ​អតិថិជន​កើតមាន​ភាព​ពេញចិត្ត និង​ទិញ​ទំនិញ ឬ​សេវាកម្ម​របស់​យើង​យូរ​តទៅទៀត៕

  • ទិច​និក​បន្ថែម​ភាព​ផ្អែមល្ហែម​ដល់ «ជីវិត​គូ»

    ទិច​និក​បន្ថែម​ភាព​ផ្អែមល្ហែម​ដល់ «ជីវិត​គូ»

    រវាង​គូស្នេហ៍ ឬ​ស្វាមីភរិយា ក្រៅពី​មាន «ការដឹង​ចិត្ត​គ្នា​ទៅវិញទៅមក» ជាគោលការណ៍​សំខាន់​ហើយ​នោះ ការថែបំប៉ន​សេចក្តីស្នេហា​ឱ្យ​ផ្អែមល្ហែម​ត្រជាក់ត្រជុំ ក៏​ជា​បច្ច័យ​មួយ​ដែល​ជួយ​ឱ្យ​សម្ព័ន្ធភាព​កាន់តែ​ស្អិតរ​មួ​ត​ឡើង​ទៀត​ដែរ ដែល​រឿង​ខ្លះ​អាច​ត្រូវ​រង់ចាំឱ្យមានឱកាសល្អៗជាមុនសិន​ក្នុងការ​សាង​ភាព​ពេញចិត្ត តែ​ក៏​នៅមាន​ទិច​និក​ជាច្រើន​ទៀត​ដែល​អាច​បង្កើន​ភាព​ផ្អែមល្ហែម​ឱ្យ​ក្តី​ស្នេហាត្រជាក់​ពេញ​បេះដូង​បានជា​រៀងរាល់ថ្ងៃ​ដែរ។

    ដូចជា​ការ​ឱប ថើប​គ្នា​មុនពេល​ចេញទៅ​ធ្វើការ រហូត​ទៅដល់​ការប្រើ​ភាសា​កាយ​ក្នុង​ស្ថានការណ៍ផ្សេងៗដូចជា ខ្សែ​ភ្នែក​បារម្ភ ចាប់​ក្តោប​បាតដៃ ទះ​ស្មាថ្នមៗ ឬ​សូម្បីតែ​ការ​នែបនិត្យ​នៅក្នុង​រង្វង់​ដៃ​ឱប​របស់​គូស្នេហ៍​ក្នុងពេល​អង្គុយ​មើល​ទូរទស្សន៍​ជាមួយគ្នា​ក៏ដោយ ទាំងអស់នេះ​មិន​ត្រឹមតែ​ផ្តល់នូវ​អារម្មណ៍​រ៉ូ​មែន​ទិ​ក​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​ផ្តល់នូវ​ភាពកក់ក្តៅ​ក្នុង​ចិត្ត​យ៉ាង​មិនគួរ​ឱ្យ​ជឿ​ទៀតផង។

    ក្រៅពីនេះ​ការរក​ពេលវេលា​ក្នុងការ​ចម្អិនម្ហូប​អាហារថ្មីៗ ឬ​នំឆ្ងាញ់ៗទុក​ស៊ើ​ផ្រៃ​គូស្នេហ៍​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​ក៏​ជាការ​បង្ហាញ​នូវ​ភាពស្និទ្ធស្នាល និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​មួយ​ដែរ។ រួមទាំង​ការនិយាយ​សរសើរ​គូស្នេហ៍​នៅក្នុង​ឱកាសផ្សេងៗ ដូចជា គេ/នាង​តែងខ្លួន​បាន​ស្អាត ឬ​សង្ហា​ជាពិសេស ឬ​ការសម្តែងក្តី​សោមនស្ស​រីករាយ​ចំពោះ​ជោគជ័យ​ក្នុងតួនាទី​ការងារ​របស់​គូស្នេហ៍​ជាដើម។ ការសម្តែង​ភាព​ស្មោះស្ម័គ្រ​ដោយ​ពាក្យសម្តី​បែប​វិជ្ជមាន​នេះ គឺជា​អ្វីមួយ​គួរឱ្យ​ស្រឡាញ់ និង​ថែម​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត និង​ជួយ​សាង​នូវ​ភាពជឿជាក់​ដល់​គូស្នេហ៍​បាន​កាន់តែខ្លាំង​ឡើង​ផងដែរ។

    ហើយ​និង​ការ​មាន​ពេលវេលា​សម្រាប់​និយាយ​ចែករំលែក​ទុក្ខ – សុខ​ក្នុងមួយថ្ងៃៗរួមគ្នា ទាំង​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ឬ​ជជែក​ពិ​ភក្សា​គ្នា​ពី​បញ្ហា​ដែលម្នាក់ៗជួបប្រទះ​មក ជួយ​គ្នា​គិត​បន្ធូរបន្ថយ​សម្រាល​ឧបសគ្គ​ទាំងនោះ​ឱ្យ​វា​រំលង​ផុត​ទៅ​នៅលើ​គ្រឹះ​នៃ​ការ​មាន​ហេតុផល និង​ស្មោះស្ម័គ្រ។  មនុស្ស​ជាច្រើន​និយាយថា នេះ​គឺជា​ការជួយ​បន្ថែម​កម្លាំងចិត្ត​ដ៏​ល្អ និង​ដឹង​ពី​ភាព​យកចិត្តទុកដាក់​ទៀ​ត​ផង។

    អ្វីដែល​សំខាន់ គឺ​កុំ​ភ្លេចខ្លួន​បណ្តោយឱ្យ​បណ្តាញ​ប្រព័ន្ធ​សង្គម​អន​ឡាញ ឬ​សូ​ស្យៀ​ល ណេ​ត​វើក ចូលមក​មាន​តួនាទី​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ច្រើន​ជ្រុល​ពេក​រហូតដល់​ខ្វះ​ការប្រើ​ពេលវេលា​នៅ​ជុំគ្នា​ជាមួយ​គូស្នេហ៍​ឱ្យសោះ ព្រោះ​វា​អាច​នឹងធ្វើ​ឱ្យ​កើត​ភាព​ឆ្ងាយ​ពីគ្នា និង​កើតមាន​ចន្លោះ​រវាង​សម្ព័ន្ធភាព​ឡើង​បាន។

    ក្តី​ស្នេហ៍​ដែល​រឹងមាំ ផ្អែមល្ហែម សូមកុំ​ភ្លេច​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក ព្រោះ​វា​ជា​កូនសោ​សំខាន់​ក្នុងការ​ធ្វើឱ្យ​ក្តី​ស្នេហា​មើលទៅ​នៅតែ​ថ្មី និង​រំភើប​ញាប់​ញ័រ​ជាប់​ជានិច្ច៕

  • អត្ថប្រយោជន៍​នៃ​ការប្រើ​សេវាកម្ម​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់

    អត្ថប្រយោជន៍​នៃ​ការប្រើ​សេវាកម្ម​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់

    ស្រប​ពេលដែល​វិស័យ​អចលនទ្រព្យ​មានការ​រីកចម្រើន​ខ្លាំង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា គេ​សង្កេតឃើញថា​សកម្មភាព​ទិញ-លក់ ជួល​ដី-ផ្ទះ ខុន​ដូ អគារ​ការិយាល័យ​មានការ​រីកដុះដាល​យ៉ាងខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ មាន​ចម្ងល់​ជាច្រើន​ជុំវិញ​ការរកស៊ី​ទិញ-លក់ ជូ​ល​អចលនទ្រព្យ​នេះ​ដែល​តែងតែ​លើកឡើងថា តើ​យើង​គួរ​ដាក់​ស្លាក​លក់ ឬ​ជួល​អចលនទ្រព្យ​របស់​យើង​ដោយ​ខ្លួនឯង ឬ​ព្រម​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ដាក់លក់ ឬ​ជួល​អចលនទ្រព្យ​របស់​យើង? ព្រោះ​បើ​យើង​ប្រើ​សេវា​ក្រុមហ៊ុន​អចលនទ្រព្យ យើង​នឹងត្រូវ​ចំណាយ​ប្រាក់​បង់ថ្លៃ​សេវា​នៃ​ការលក់3% ឬ​សេវា​លើ​ការជួល1ខែ​ជាដើម ដូច្នេះ​តើ​អត្ថប្រយោជន៍​អ្វីខ្លះ​ដែល​យើង​នឹង​ទទួលបាន​ពី​ការប្រើ​សេវា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ទាំងនោះ?

    លោក ម៉ាន់ ចាន់​ឌី អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា(CVEA) និង​ជា​អគ្គនាយក​ក្រុមហ៊ុន Premium Housing មានប្រសាសន៍ថា ការប្រើ​ភ្នាក់ងារ​អចលនទ្រព្យ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច​ឱ្យជួយ​លក់ ឬ​ជួល​ដី-ផ្ទះ អគារ​ខុន​ដូ ក៏ដូចជា​អគារ​ការិយាល័យ​ជាដើម​នោះ ម្ចាស់​អចលនទ្រព្យ​នឹង​ទទួលបាន​អត្ថប្រយោជន៍ 2យ៉ាង ក្នុងនោះ​រួមមាន ៖

    1. ភ្នាក់ងារ​អចលនទ្រព្យ​ទទួលបាន​ការបណ្តុះបណ្តាល​សមត្ថភាពផ្សេងៗជាច្រើន មុននឹង​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ដើម្បី​ប្រកបការងារ​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដែលមាន​ជំនាញ​មួយ​ច្បាស់លាស់ ហើយ​ភ្នាក់ងារ​អចលនទ្រព្យ​មាន​បណ្តាញ​ទំនាក់ទំនង​ការងារ​ច្រើន​រវាង​ភ្នាក់ងារ​នឹង​ភ្នាក់ងារ រវាង​ក្រុមហ៊ុន​នឹង​ក្រុមហ៊ុន មាន​អតិថិជន​នៅក្នុង​ដៃ​ស្រាប់។ នៅពេល​មាន​ព័ត៌មាន​លក់​អចលនទ្រព្យ​ណាមួយ គាត់​អាច​ចែករំលែក​ព័ត៌មាន​នោះ​ទៅ​បណ្តាញ​របស់គាត់ ដោយ​ធ្វើការ​ចែករំលែក​នូ​វក​ម្រៃ​ជើងសារ​ជាមួយគ្នា ពេលនោះ​នឹងធ្វើ​ឱ្យ​ការលក់ ឬ​ជួល​អចលនទ្រព្យនីមួយៗនោះ​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ និង​លក់ ឬ​ជួល​ឆាប់​ដាច់ ។

    ទី2. ឆ្លងកាត់​បទពិសោធ​ច្រើន​ឆ្នាំ ភ្នាក់ងារ​អចលនទ្រព្យ​មាន​ទេពកោសល្យ​ក្នុងការ​ចរចារ​ពន្យល់​ពី​ហេតុផល និង​អត្ថប្រយោជន៍ផ្សេងៗដើម្បីឱ្យ​អ្នកលក់​ជឿទុកចិត្ត តែ​ប្រសិនបើ​ម្ចាស់​អចលនទ្រព្យ​ដាក់​ស្លាក​លក់ ឬ​ជួល​ដី-ផ្ទះ​ដោយ​ខ្លួនឯង​នោះ វា​នឹង​បង្ក​ការរំខាន​ច្រើន​ចំពោះ​ខ្លួនឯង​តាមរយៈ​ការ​ទូរស័ព្ទ​សាកសួរ​ព័ត៌មានផ្សេងៗពី​អតិថិជន​ដែល​ពេលខ្លះ​បានត្រឹមតែ​សួរ​ចោល​តែប៉ុណ្ណោះ។

    ចំណែក​លោក ខាត់ សុវណ្ណ សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​CVEA និង​ជានា​យក​ក្រុមហ៊ុន Camtop Property Group ក៏បាន​លើកឡើង​ដែរ​ថា នៅមាន​ហេតុផល​មួយចំនួនទៀត​ដែល​ម្ចាស់ផ្ទះ ឬ​ម្ចាស់​គម្រោងផ្សេងៗត្រូវ​ប្រើ​ភ្នាក់ងារ​លក់ ដូច​ជាទី1. ពួកគាត់​មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​វាយតម្លៃ​ដី-ផ្ទះ ក៏ដូចជា​អគារ​សម្រាប់​លក់​ចេញ ឬ​ជួល​បន្ត​ទៅឱ្យ​អតិថិជន តើ​គួរ​លក់ ឬ​ជួល​ក្នុងតម្លៃ​ប៉ុន្មាន​ដើម្បី​ឱ្យស្រប​នឹង​ទីផ្សារ។ ជួនកាល​ការលក់​ថ្លៃ​លើស​តម្លៃ​ទីផ្សារ​ខ្លាំងពេក​ក៏​លក់​មិន​ដាច់ ឬ​បើ​លក់​ទាប​ពេក​នាំឱ្យ​ខាត​ប្រយោជន៍​ម្ចាស់​អចលនទ្រព្យ ឬ​គម្រោង​នោះ។ ហេតុផល​មួយទៀត​គឺ មុននឹង​នាំ​អតិថិជន​ទៅពិនិត្យ​មើល​ផ្ទះ ឬ​គម្រោងផ្សេងៗនោះ ភ្នាក់ងារ​លក់បាន​ពិនិត្យមើល​លក្ខខណ្ឌ​ច្រើន​ចំណុច​ទៅលើ​អ្នកទិញ បើ​ពិនិត្យឃើញថា គាត់​ចង់​ទិញ ឬ​ជួល​ពិតប្រាកដ​ទើប​គេ​នាំទៅ ប៉ុន្តែ​សម្រាប់​ម្ចាស់ផ្ទះ​ជួនកាល​មិនបាន​ដឹង​ទេ គ្រាន់តែ​គេ​មក​ពិនិត្យមើល​ផ្ទះ​ក៏​អនុញ្ញាត​ឱ្យចូល ជួនកាល​មាន​ហានិភ័យ​កើតឡើង​ដោយ​មិនដឹង​ខ្លួន ដូចជា​ករណី​ចាប់ជំរិត ឬ​ប្លន់ផ្សេងៗកើតឡើង​ក៏​អាច​ថា​បានដែរ។

    លោក​ថា ភាព​ទទួលខុសត្រូវ​គឺជា​រឿង​សំខាន់ ដូច្នេះ​នៅពេលដែល​ម្ចាស់​ដី ឬ​ម្ចាស់ផ្ទះ​ប្រើ​ភ្នាក់ងារ​អចលនទ្រព្យ​ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ នឹង​ធ្វើឱ្យ​ការលក់​ប្រកបដោយ​តម្លាភាព មានការ​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់។

    លោកស្រី Grace Rachny Fong អនុប្រធាន​សមាគម CVEA និង​ជា​នាយិកា​ក្រុមហ៊ុន Century21 Cambodia បានលើកឡើង​ផងដែរ​ថា ឆ្លងតាម​បទពិសោធ​ជាច្រើន​ឆ្នាំកន្លងមក​មិនថាតែ​ប្រទេស​កម្ពុជា​នោះទេ សូម្បី​នៅលើ​ទីផ្សារ​អចលនទ្រព្យ​ក្រៅប្រទេស​ដែល​រួមមាន​ដូចជា ជប៉ុន និង​អាមេរិក​ជាដើម​នោះ ម្ចាស់​អចលនទ្រព្យ​តែង​លក់​គម្រោង លក់​ផ្ទះ ឬ​ដីធ្លី​ដោយ​ខ្លួនឯង ដោយសារ​ពួកគាត់​គិតថា មិន​ចង់​ខាតបង់​លើ​កម្រៃជើងសារ។ ជួនកាល​ពួកគាត់​មាន​បទពិសោធ​ធ្លាប់​ជួប​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មិនល្អ ហើយ​ពេលខ្លះ​គាត់​មិន​ចង់ឱ្យមាន​ភាគី​ទី3ចូលមក​ជ្រៀតជ្រែក​ដឹងឮ​ក្នុងការ​រកស៊ី​របស់​ពួកគាត់​នាំ​មាន​ភាព​រំខាន​ជាដើម។ គាត់​អាច​គិតថា ខ្លួន​គាត់​ក៏មាន​សមត្ថភាព​អាច​ទំនាក់ទំនង​អតិថិជន​បាន​ច្រើន​ដោយ​ខ្លួនឯង​បានដែរ។ ប៉ុន្តែ​យ៉ាងណា​នោះ​លោកស្រី​លើកឡើងថា មាន​អត្ថប្រយោជន៍ 7 ចំណុច​ដែល​ម្ចាស់​អចលនទ្រព្យ​គួរតែ​ប្រើ​ភ្នាក់ងារ​អចលនទ្រព្យ​គឺ ទី1. ភ្នាក់ងារ​អចលនទ្រព្យ​មាន​ជំនាញ​ក្នុងការ​ពិគ្រោះ និង​ផ្តល់​ការប្រឹក្សា​យោបល់ផ្សេងៗឱ្យ​បានដឹង​ច្បាស់​ទៅលើ​តម្លៃ​លក់​នៅលើ​ទីផ្សារ​ដើម្បីឱ្យ​លក់​ឆាប់​ដាច់ និង​តើ​គួរ​លក់​ក្នុងតម្លៃ​ទីផ្សារ ឬ​ក្រោម​តម្លៃ​ទីផ្សារ។ ទី2. ជួនកាល​ម្ចាស់ផ្ទះ​មិនដឹងថា​គួររៀបចំ​ផ្ទះ​ដោយ​របៀប​ណា​នោះទេ​ដើម្បីឱ្យ​មានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ ដូច្នេះ​ភ្នាក់ងារ​លក់​អាចមាន​សមត្ថភាព ឬ​អាច​ផ្តល់​ជា​យោបល់​ក្នុង​ការរៀបចំ​តុបតែង​ផ្ទះ​ឱ្យមាន​ភាព​ទាក់ទាញ​ពី​អ្នកទិញ​ដើម្បី​លក់​ឱ្យ​ឆាប់​ដាច់។ ទី3. ម្ចាស់ផ្ទះ​អាចមាន​ពេលវេលា​ទៅធ្វើ​ការរកស៊ី​មុខរបរផ្សេងៗទៀត​ប្រសើរ​ជាជាង​ខាត​ពេល និង​ជួប​ការរំខាន​ពី​ការសាកសួរ​ព័ត៌មាន​តាម​ទូរស័ព្ទ។

    ទី4. ការទិញ-លក់​អចលនទ្រព្យ​ប្រមាណ99% ដែល​ត្រូវការ​កម្ចី​ពី​ធនាគារ ដូច្នេះ​ភ្នាក់ងារ​អចលនទ្រព្យ​មាន​ទំនាក់ទំនង​ដៃគូ​ល្អជា​មួយ​ខាង​ធនាគារ​ដើម្បី​ចាំ​ជួយ​សម្រួល​ការទិញ-លក់​ឱ្យ​ដំណើរការបាន​លឿន។ ទី5. ភ្នាក់ងារ​អចលនទ្រព្យ​សុទ្ធ​តែមាន​មេធាវី​ចាំ​ជួយ​លើ​ការប្រឹក្សា​តាមផ្លូវ​ច្បាប់​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ការទិញ-លក់​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង។ ទី6. មុននឹង​នាំ​អតិថិជន​ទៅ​ទិញ ភ្នាក់ងារ​បានធ្វើ​ការសិក្សា​ច្បាស់លាស់​ជាមុន បើសិន​ជាមាន​ប្លង់​ត្រឹមត្រូវ មិន​ជាប់​ពាក់ព័ន្ធ​រឿង​ក្តីក្តាំផ្សេងៗទើប​នាំ​អតិថិជន​ឱ្យទៅ​ទិញ។ ទី7. ភ្នាក់ងារ​អចលនទ្រព្យ​រង់ចាំ​សម្របសម្រួល​តាមផ្លូវ​ច្បាប់​ជានិច្ច រហូតដល់​ដំណើរ​ការទិញ-លក់បាន​ចប់សព្វគ្រប់ ហើយ​នៅ​បន្ត​មាន​ទំនាក់ទំនង​ល្អ​សម្រាប់​ការងារក្រោយៗទៀត។

    ចំណែក​លោក ស៊ារ ឆៃ​លីន សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម CVEA និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ស៊ី​អិ​ល រៀល​ធី ក៏មាន​ប្រសាសន៍​ដែរ​ថា ក្នុងនាម​ម្ចាស់​គម្រោង​មិនគួរ​ចំណាយពេល​ចាំ​ទទួល​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​ពី​អតិថិជន​នោះទេ ពួកគាត់​គួរ​ចំណាយពេល​ដើររក​គម្រោងផ្សេងៗសម្រាប់​ទិញ-លក់​បន្ត​ដែល​ទទួលបាន​អត្ថប្រយោជន៍​ច្រើនជាង​ការ​មក​អង្គុយ​លក់​គម្រោង​ដោយ​ខ្លួនឯង៕

  • Neymar រកបាន​គ្រាប់​បាល់ ខណៈ PSG ឈានទៅ​វគ្គ1/2 នៃ League Cup

    Neymar រកបាន​គ្រាប់​បាល់ ខណៈ PSG ឈានទៅ​វគ្គ1/2 នៃ League Cup

    Neymar បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី1គ្រាប់​ក្នុង​តង់​ទី2 ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក4សម័យកាល Paris Saint-Germain បាន​ជួប​ភាពស្វិតស្វាញ នៅ​មុនពេល​យកឈ្នះ​លើ​ក្រុម Amiens ដែល​នៅសល់​សមាជិក​ត្រឹមតែ10នាក់​ក្នុង​លទ្ធផល 2-០ ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup របស់​បារាំង កាលពី​ថ្ងៃ​ពុធ។

    PSG បាន​លេង​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​រកបាន​គ្រាប់​បាល់​ឈានមុខ Edinson Cavani ម្តងទៀត ខណៈដែល​រូបគេ​ក៏មាន​វត្តមាន​ក្នុងពេល​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុម Rennes ក្នុង​ពាន  French Cup ផងដែរ ក្រោយ​វិល​ពី​ការ​សម្រាក​វិស្សមកាល​នៃ​បុណ្យ​ណូអែល និង​ថ្ងៃ​ចូលឆ្នាំថ្មី​ក្នុងប្រទេស​អ៊ុយ​រូ​ហ្គា​យ។ ក្តីសង្ឃឹម​របស់​ក្រុម Amiens ដែលថា​នឹង​បង្កើត​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ត្រូវបាន​បញ្ចប់ ដោយសារតែ​ការពិន័យ​កាត​ក្រហម​ទៅលើ​អ្នកចាំទី Regis Gurtner នៅ​នាទី​ទី34 សម្រាប់​ការប្រព្រឹត្ត​កំហុស​ទៅលើ​ខ្សែប្រយុទ្ធ Kylian Mbappe ក្រោយពី​បាន​រត់​ចេញពី​ប្រអប់​នៃ​ទីតាំង​របស់គេ។

    ក្រោយមក Neymar ក៏បានផ្តល់​ការ​មានប្រៀប​ដល់​ក្រុម​ភ្ញៀវ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​ចំណុច​ពិន័យ11ម៉ែត្រ នៅ​ដើមតង់​ទី2 នា​កីឡដ្ឋាន Stade de la Licorne។ Adrien Rabiot បាន​បំពេញ​ជ័យជម្នះ​ដល់​ក្រុម​ខ្លួន​នៅ​នាទី​ទី78 ក្រោយពី​ទទួល​បាល់​ពី​ការបញ្ជូន​របស់ Angel Di Maria។

    Monaco បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុងការ​ឈានទៅ​វគ្គ4ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ​នេះ កាលពី​ថ្ងៃ​អង្គារ ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Thomas Lemar និង Adama Diakhaby បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Leonardo Jardim យកឈ្នះ​លើ​ក្រុម Nice ក្នុង​លទ្ធផល 2-1 នា​កីឡដ្ឋាន Allianz Riviera៕

    ប្រភពពី៖ Sport24

  • ចង់​សម្រេច​ក្តី​សុបិន ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ជាមុនសិន

    ចង់​សម្រេច​ក្តី​សុបិន ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ជាមុនសិន

    មនុស្ស​មួយចំនួន​បាន និង​កំពុងតែ​ចាប់ផ្តើម​មើលឃើញ​ឱកាស​កាន់តែ​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ​ជីវិត​របស់​ពួកគេ ខណៈ​ដែលមាន​មនុស្ស​មួយចំនួនទៀត​បែរជា​បណ្តោយ​ខ្លួន​ឱ្យ​ស្ថិតក្នុង​ភាពស្រពេចស្រពិល ហើយក៏​មិនបាន​ត្រៀម​រៀបចំ​ផែនការ​ជីវិត​អ្វី​ទាល់តែសោះ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញា​នាង សុ​វាត​នា ដែល​យុវវ័យ​ជាច្រើន​ស្គាល់​ថា​ជា DJ Nana បាន​លើកឡើងថា បើ​និយាយ​ពី​ចំនួន​យុវវ័យ​ដែល​បានរៀបចំ​គោលដៅ​ជីវិត​រួចរាល់​នោះ កញ្ញា​មិនមាន​ទិន្នន័យ​តាមរយៈ​ការស្រាវជ្រាវ​ណាមួយ​ទេ តែបើ​សង្កេត​តាមរយៈ​ការជជែក និង​ប្រឹក្សា​យោបល់​ជាមួយ​យុវជន​ជាច្រើន​ដែលជា​អ្នកគាំទ្រ​រូប​ខ្លួន​វិញ​នោះ​កញ្ញា​អាច​សន្និដ្ឋានបានថា មាន​យុវជន​តិចជាង 50ភាគរយ​បានរៀបចំ​ផែនការ​ជីវិត។

    កត្តា​ដែល​ធ្វើឱ្យ​យុវជន​កម្ពុជា​ជាច្រើន​មិនទាន់​បានរៀបចំ​ផែនការ​ជីវិត​នោះ គឺថា ពួកគាត់​ភាគច្រើន​រស់នៅក្នុង​គ្រួសារ​ដែលមាន​ឪពុកម្តាយ​ធ្លាប់​ឆ្លងកាត់​សម័យ​សង្គ្រាម មិនសូវមាន​ចំណេះដឹង​ក្នុងការ​អប់រំ​ណែនាំ និង​តម្រង់ទិស​កូន ចំណែកឯ​មួយចំនួនទៀត​គឺ​រស់នៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ ហើយ​មួយចំនួនទៀត​អាណាព្យាបាល​ស្រឡាញ់​កូន​ជ្រុល​ពេក ផ្តល់អ្វីៗគ្រប់យ៉ាង​ដែល​កូន​ចង់បាន ចង់ឱ្យ​កូន​រស់នៅក្នុង​ភាព​សុខ​ស្រួល តែ​បែរជា​មិន-បានផ្តល់​សិទ្ធិ​សម្រេចចិត្ត​គ្រប់គ្រាន់​ដល់​កូន​តាំងពី​តូច​មក​ទេ។

    កញ្ញា​នាង សុ​វាត​នា បាន​និយាយថា៖ “សិទ្ធិ​សម្រេចចិត្ត​នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​កុមារ ព្រោះថា នៅ​កម្ពុជា​ក្មេង​ជាច្រើន​ត្រូវបាន​កម្រិត​សិទ្ធិ​ដោយ​ឪពុកម្តាយ។ ម៉ែឪ​មិនដែល​សួរថា កូន​ចង់​ស្លៀកពាក់​បែបណា ឬ​ចង់​ធ្វើ​អ្វី​នោះទេ ភាគច្រើន​គឺ​ឪពុកម្តាយ​តែងតែ​ទិញ​ឱ្យ​គ្រប់យ៉ាង​ពេល​នៅ​វ័យក្មេង ហេតុនេះ​ទម្លាប់​នៃ​ការ​មិនបាន​សម្រេចចិត្ត​នេះ​អាច​រុញច្រាន​ឱ្យ​គាត់​មិនសូវ​ហ៊ាន​សម្រេចចិត្ត​ក្នុង​ផែនការ​ជីវិត​នៅពេល​អនាគត។

    កញ្ញា​នាង សុ​វាត​នា បានលើកឡើង​ផងដែរ​ថា តាមរយៈ​ការរកឃើញ​របស់​គ្រូពេទ្យ​បានឱ្យដឹងថា កុមារ​ចាប់​ផ្តើមកសាង​អត្តចរិត​នៅ​វ័យ1ឆ្នាំ ដល់5ឆ្នាំ ដែល​ឪពុកម្តាយ​ជាច្រើន​មិនសូវ​បានដឹង​រឿង​ហ្នឹង​ទេ ហេតុនេះ​នៅពេលដែលកូនតូចៗចាប់ផ្តើម​ធំធាត់​ឡើង គឺ​ស្ថិតនៅក្នុង​វ័យ​ដែល​ឪពុកម្តាយ​រៀបចំ​ឱ្យ​គាត់​គ្រប់យ៉ាង​ដែល​ធ្វើឱ្យ​គាត់​ចងចាំ និង​ទទួលយក​ស្ថានភាព​បែបនេះ​រហូតដល់​យុវវ័យ។

    កត្តា​មួយ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​យុវវ័យ​មួយចំនួន​មិនបាន​បង្កើត​គោលដៅ​ជីវិត​ឱ្យបាន​ល្អ គឺអាច​បណ្តាលមកពី​ពួកគេ​ជា​សិស្ស​រៀន​តែ​ក្នុង​សាលា​ច្រើនពេក ហើយ​ពួកគេ​មិនបាន​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​ឱ្យបាន​ច្រើន ខណៈ​ប្រព័ន្ធ​អប់រំ​នៅក្នុង​សាលា​អាច​នៅមានកម្រិត​លើ​ផ្នែក​ខ្លះ​នោះ។ ជា​ដំណោះស្រាយ ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​ខាងលើ​បាន​លើកឡើងថា យុវជន​កម្ពុជា​គួរតែ​ចេះ​ស្វែងរក​ពិភព​ពិត​នៃ​ការរស់នៅ​ឱ្យបាន​ច្រើន​នៅពេលដែល​ពួកគេ​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ព្រោះ​សម័យនេះ​គាត់​ចេះ​ប្រើ​ភាសា​អង់គ្លេស គាត់​ចេះ​ប្រើ​បច្ចេកវិទ្យា ហេតុនេះ​គាត់​អាចមាន​ភាពងាយស្រួល​ក្នុងការ​ចេញទៅ​ក្រៅប្រទេស ឬ​ការស្រាវជ្រាវ​នានា​ដែលមាន​ប្រយោជន៍​សម្រាប់​ជីវិត។

    កត្តា​ទាំងអស់​នេះហើយ​ទើប​នាពេល​បច្ចុប្បន្ន​គេ​លើកទឹកចិត្ត​ឱ្យ​ឪពុកម្តាយ​នាំកូនតូចៗទៅលេង​នៅ​បរទេស​ឱ្យបាន​ច្រើន​ដើម្បីឱ្យ​កូន​របស់គាត់​បានឃើញ​ពិភព​ខាងក្រៅ​ដែល​អាចធ្វើឱ្យ​ពួកគេ​មានគំនិត​ទូលំទូលាយ​ឡើង។ ទន្ទឹមនឹង​នេះដែរ​អាណា​ព្យាបាល​ក៏​គួរតែ​ផ្តល់ឱកាស​ឱ្យ​កុមារតូចៗធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ឱ្យបាន​ច្រើន​ដើម្បី​បណ្តុះ​គំនិត​របស់​ពួកគេ​ឱ្យមាន​ការទទួលខុសត្រូវ និង​មាន​សេចក្តីក្លាហាន​គ្រប់គ្រាន់​សម្រាប់​សម្រេចចិត្ត​លើ​ការគ្រប់គ្រង​ដំណើរ​ជីវិត​របស់ខ្លួន​ឆ្ពោះទៅ​សម្រេច​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព។

    បង្ហាញ​លើ​ចំណុច​នេះដែរ លោក​ជី សិលា នាយក​ក្រុមហ៊ុន Sabay Digital Corporation បាន​លើកឡើងថា តាមពិតទៅ​មនុស្ស​ណា​ក៏មាន​គោលដៅ​ដែរ ហើយ​មនុស្ស​ណា​ក៏មាន​សុបិន​ដែរ គ្រាន់តែ​មនុស្ស​ខ្លះ​សម្រេចបាន ហើយ​មនុស្ស​មួយចំនួនទៀត​មិនអាច​សម្រេចបាន​តែប៉ុណ្ណោះ ហេតុនេះ​អ្វីដែល​ត្រូវ​គិត​ជាសំខាន់​គឺ វិធីសាស្ត្រ​ក្នុងការ​សម្រេច​ក្តី​សុបិន​នោះ។ លោក​ជី សិលា បាន​លើកឡើងថា ៖ “តាមពិតទៅ​ការសម្រេច​ក្តី​សុបិន​គឺជា​រឿង​សាមញ្ញ​បំផុត ព្រោះ​វា​មិន​ខុស​អ្វី​ពី​ការរៀន​ឡើយ។ មុខវិជ្ជា​ដែល​យើង​រៀន​នៅក្នុង​សាលា​គឺ​ហាក់បីដូចជា​សុបិន​ដែល​មិនមាន​រូបភាព​ពិត​នោះទេ ហេតុនេះ​អ្វីដែល​សំខាន់​គឺ​យើង​ត្រូវ​ចេះ​អនុវត្ត​ជាក់ស្តែង​ទើប​ធ្វើឱ្យ​សុបិន​នោះ​ក្លាយជា​ការពិត។

    លោក​ជី សិលា បាន​បន្ថែមទៀតថា ការអនុវត្ត​នៅក្នុង​សង្គម​ជាក់ស្តែង​គឺជា​រឿង​សំខាន់​មួយ​ដែល​យុវជន​ត្រូវ​ដឹង ហើយ​ពួកគេ​ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យបាន​ច្បាស់​ជាមុនសិន​ទើប​អាចធ្វើឱ្យ​សុបិន​របស់ខ្លួន​អាច​សម្រេចបាន​ដោយ​រលូន។ នាពេល​បច្ចុប្បន្ននេះ មានរឿង​មួយចំនួន​ដែល​ធ្វើឱ្យ​យុវជន​បង្កើត​ក្តី​ស្រមៃ​ច្រើនតែ​ពួកគេ​មិនអាច​សម្រេចបាន ដោយសារ​គាត់​ចេះតែ​ស្រមៃ ហើយ​ក្តី​ស្រមៃ​របស់គាត់​មិនមាន​ចំណុច​ចាប់ផ្តើម​ត្រឹមត្រូវ។ គាត់​ច្រើន​មើលឃើញ​តាមរយៈ​អី​ុ​ន​ធើ​ណិ​ត ឬ​តាមរយៈ​ការមើលឃើញ​ជាក់ស្តែង​ចំពោះ​បុគ្គល​ដែល​កំពុងមាន​សក្តានុពល​ក្នុងសង្គម​ហើយក៏​ចង់​ធ្វើ​ដូច​គេ តែ​គាត់​មិន​បានគិត​នៅឡើយ​ទេ​ថា ស្ថានភាព​នៃ​ការចាប់ផ្តើម​របស់​បុគ្គ​ល​ទាំងអស់នោះ​ខុសពី​គាត់​អ្វីខ្លះ។ គាត់​ត្រូវតែ​ដឹង​ឱ្យ​ច្បាស់​ថា​ខ្លួន​គាត់​មាន​ភាពខ្លាំង និង​ភាព​ខ្សោយ​អ្វីខ្លះ​ខុសពី​អ្នក​ដែល​គាត់​ចង់​ធ្វើតាម ហើយ​គាត់​ស្ថិតក្នុង​ស្ថានភាព និង​ជីវភាព​បែបណា?។

    នៅមាន​រឿងរ៉ាវ​ជាច្រើន​ទៀត ដូច្នេះ​ដើម្បី​ស្វែងយល់​កាន់តែច្បាស់​ពី​ការសម្រេច​ក្តី​សុបិន​បាន​ដោយ​ជោគជ័យ អ្នក​អាចមក​ចូលរួម​ស្តាប់​វាគ្មិនល្បីៗដែល​នឹង​មក​បង្ហើប​ប្រាប់​ពី​គន្លឹះ និង​ចែករំលែក​បទពិសោធផ្សេងៗក្នុងការ​ធ្វើយ៉ាងណា​កុំឱ្យ​យើង​មើល​ឃើញតែ​ពី​គេ​ច្រើនពេក ដោយ​គួរ​ងាក​ត្រឡប់មក​ចាប់ផ្តើម​បង្កើត​ក្តី​ស្រមៃ​ផ្អែកលើ​ភាពខ្លាំង​របស់​យើង​ផ្ទាល់​វិញ គឺ​ចាប់ផ្តើម​អភិវឌ្ឍ​ក្នុង​រូបភាព​ពិត ធ្វើការ​ងារ​ពិត និង​ពឹង​ផ្អែកលើ​ស្ថានភាព​ពិតប្រាកដ​របស់​យើង​ដើម្បី​បន្តដំណើរ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន ដែល​កម្មវិធី​នេះ​ធ្វើឡើង​នៅ​ថ្ងែ​ទី13 ខែមករា ឆ្នាំ2018 នៅ​វិទ្យាស្ថាន​តិច​ណូ​កម្ពុជា ក្រោម​ប្រធានបទ “សុបិន​ខ្ញុំ​មិនមែន​សុបិន​អ្នក” ចាប់ពី​ម៉ោង8ព្រឹក ដល់​ម៉ោង5ល្ងាច។ សូម​ចូលរួម​កុំបី​ខាន៕

  • លោក Wenger បញ្ជាក់ថា Coquelin នឹងចូលរួម​ជាមួយ  Valencia  

    លោក Wenger បញ្ជាក់ថា Coquelin នឹងចូលរួម​ជាមួយ  Valencia  

    លោក Arsene Wenger បានប្រកាសថា ខ្សែការពារ Francis Coquelin របស់​ក្លិប Arsenal នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្លិប Valencia របស់​អេ​ស្ប៉ា​ញ ខណៈដែល​ការផ្ទេរ​នេះ​អាច​នឹងមាន​តម្លៃ​ខ្លួន12លាន​ផោន (ស្មើនឹង16លាន​ដុល្លារ​អាមេរិក)។

    Coquelin ត្រូវបាន​ទាក់ទង​ឲ្យ​ផ្ទេរ​ទៅកាន់​ក្លិប​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ La Liga មួយ​នេះ មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នឹង​បើក​នៅ​ខែម​ករានេះ ក្រោយពី​បានបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League តែមួយ​លើក​គត់​ជាមួយ​ក្រុម Arsenal នៅ​រដូវ​កាល​នេះ។

    ខ្សែបម្រើ​សញ្ជាតិ​បារាំង​វ័យ26ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ឱ្យដឹងថា ក៏​កំពុង​ស្ថិតក្នុង​រ៉ា​ដារ​បស់​ក្លិប West Ham និង Crystal Palace ផងដែរ ក្រោយពី​ការវិលត្រឡប់​ទៅរក​ទម្រង់​លេង​ដ៏​ល្អ​វិញ តែ Jack Wilshere និង​ក្រុម Arsenal បាន​រារាំង​ឱកាស​របស់ Coquelin តែម្តង។ ក្រោយពី​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្រុម Arsenal សម្រាប់​ការប្រកួត​ពាន League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី1 កាលពី​ថ្ងៃ​ពុធ​ជាមួយនឹង​ក្រុម Chelsea លោក Wenger បាន​បញ្ជាក់ថា នឹង​ផ្ទេរ Coquelin ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ។
    ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម Chelsea លោក Wenger បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ « Coquelin នឹង​ផ្ទេរ​ទៅកាន់​ក្លិប Valencia។ រូបគេ​មិនបាន​ប្រកួត​គ្រប់គ្រាន់​សម្រាប់​យើង​នៅ​រដូវ​កាល​នេះឡើយ។ គេ​មានឱកាស​មួយ ហើយ​ខ្ញុំ​អនុញ្ញាត​ឲ្យ​រូបគេ​ចាកចេញ»។ ខ្សែការពារ​អន្តរជាតិ​បារាំង​រូបនេះ​ធ្លាប់បាន​ជួប​ភាព​រីករាយ​ជាមួយនឹង​ការបង្ហាញ​ខ្លួន​ជា​ញឹកញាប់​ក្រោម​ការដឹកនាំ​របស់លោក Arsene Wenger ក្រោយពី​ការវិលត្រឡប់​របស់គេ​ពី​ការខ្ចី​ជើង​នៅឯ​ក្លិប Charlton Athletic កាលពី​ខែកញ្ញា ឆ្នាំ2014 ជាពិសេស​នៅពេលដែល​រូបគេ​បាន​ចាប់​ដៃគូ​ជា​វិជ្ជមាន​ជាមួយនឹង​ខ្សែបម្រើ​ប្រយុទ្ធ Santi Cazorla។

    Valencia កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3នៅលើ​តារាង​ក្របខ័ណ្ឌ La Liga ហើយ​ពួកគេ​បានធ្វើការ​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន​មុននឹង​ព្យាយាម​តាម​ប្រមាញ់​ទិញ Coquelin ពី​អង់គ្លេស៕

    ប្រភពពី៖ worldsoccertalk

  • មេ​ធំ Samsung បញ្ជាក់ថា Galaxy S9 នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ MWC

    មេ​ធំ Samsung បញ្ជាក់ថា Galaxy S9 នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ MWC

    អាមេរិក៖ មាន​ប្រភពព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន Samsung នឹង​ប្រកាស​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ខ្លួន​នៅ​ដើមឆ្នាំ 2018 ដើម្បី​វាយ​លុយ​ទីផ្សារ ប៉ុន្តែ​នៅពេលនេះ វា​មិនមែនជា​ព័ត៌មាន​ចចាមអារ៉ាម​ទៀត​ទេ ព្រោះ​មេ​ធំ Samsung បានបញ្ជាក់​យ៉ាងច្បាស់។

    យោងតាម​ការចេញផ្សាយ​របស់​គេហទំព័រ Phone Arena បានឱ្យដឹងថា លោក DJ Koh នាយក​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន Samsung បាន​បញ្ជាក់ថា Galaxy S9 នឹង​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក (MWC) ដែល​នឹង​ធ្វើទៅ​នៅ​ខែកុម្ភៈ​ខាងមុខនេះ។

    នៅ​ឆ្នាំនេះ ហាក់​ប្លែក​ពី​ឆ្នាំមុន ដោយសារតែ Galaxy S8 ត្រូវបាន​ក្រុមហ៊ុន Samsung ប្រកាស​បង្ហាញ​នៅ​ខែមីនា ឆ្នាំ 2017 ហើយ​ចេញលក់​នៅ​ខែមេសា ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ Samsung ប្រកាស​បង្ហាញ Galaxy S9 នៅ​ខែកុម្ភៈ ហើយ​ទំនងជា​ចេញលក់​នៅ​ខែមីនា។

    បើសិនជា​ដូច​អ្វី​ទៅនឹង​ពាក្យ​ចចាមអារ៉ាម Samsung Galaxy S9 គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​ដែលមាន​មេ​ម៉ូ​រ៉ី​ក្នុង​ម៉ាស៊ីន​រហូតដល់ 512GB ៕

  • តើ​ការជួល​ផ្ទះ​គេ​នៅ និង​ការទិញ​ផ្ទះ​បង់​រំលស់​មួយណា​ចំណេញ​ជាង?

    តើ​ការជួល​ផ្ទះ​គេ​នៅ និង​ការទិញ​ផ្ទះ​បង់​រំលស់​មួយណា​ចំណេញ​ជាង?

    បច្ចុប្បន្ន​និន្នាការ​នៃ​ការទិញ​ផ្ទះ​បង់​រំលស់​សម្រាប់​រស់នៅ​កំពុងមាន​ភាព​ផុសផុល​យ៉ាងខ្លាំង ខណៈដែល​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង​ជាច្រើន​បាន​សហការ​ជាមួយ​ធនាគារ​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​អាច​ទិញ​ផ្ទះ​បង់​រំលស់​បានយូរ​ឆ្នាំ ទន្ទឹមគ្នា​នេះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​នៅតែ​ជ្រើស​យក​ការជួល​ផ្ទះ​គេ​ស្នាក់នៅ ដោយ​គិតថា​មិន​ចង់​ជាប់ជំពាក់​បំណុល​ធនាគា​រ។ ដូច្នេះ​ទើប​គេ​សួរថា តើ​ការទិញ​ផ្ទះ​បង់​រំលស់ និង​ការជួល​ផ្ទះ​គេ​នៅ មួយណា​ចំណេញ​ជាង?

    លោកស្រី ឃិត សុភ័ក្ត្រ ដែល​សព្វ​ថ្ងៃជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ភ្នំពេញ​ថ្មី​ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​បាន​និយាយថា រាល់ថ្ងៃ​លោកស្រី​បាន​ជួល​ផ្ទះ​គេ​នៅ​ដែលមាន​តម្លៃ 200ដុល្លារ ក្នុង​មួយខែ។ លោកស្រី​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​នៅ​ខ្លួនឯង​នោះទេ បើទោះជា​ត្រូវ​ទិញ ដោយ​ការបង់​រំលស់​ក៏​តម្រូវឱ្យមាន​ប្រាក់​ផ្ទាល់ខ្លួន​យ៉ាងហោចណាស់30%ដើម្បី​បង់​ដំណាក់កាល​ដំបូង​ដែរ ហើយ​លក្ខខណ្ឌ​នៃ​ការខ្ចីប្រាក់​ពី​ធនាគារ​មាន​ភាពសាំញ៉ាំ​ច្រើន ប្រសិនបើ​ជ្រើសរើស​បង់​រំលស់​ជាមួយ​ម្ចាស់​បុរី​វិញ យើង​ពិបាក​ក្នុងការ​ជ្រើសរើស​ទីតាំង​ផ្ទះ​ដែល​យើង​ចង់​ទិញ ព្រោះថា ម្ចាស់​បុរី​ខ្លះ​មិន​ទទួលយក​ការបង់​រំលស់​នេះ​ទេ មាន​ម្ចាស់​បុរី​តិចតួច​ទេ ដែល​ទទួល​ឱ្យ​បង់​រំលស់ តែ​ការប្រាក់​ថ្លៃ​ចន្លោះ​ពី12%-15%ក្នុង​មួយឆ្នាំ ហើយ​ការបង់​មាន​រយៈពេល​ខ្លី ដូច្នេះ​ប្រសិនបើ​ប្រៀបធៀប​ជាមួយ​ការជួល​ផ្ទះ​គេ​នៅ​គឺ ត្រូវ​ចំណាយ​ខ្ពស់ជាង​ថ្លៃ ឈ្នួល 2-3ដង​ឯណោះ ហេតុនេះហើយ​ទើប​លោកស្រី​សម្រេច​ជួល​ផ្ទះ​គេ​នៅ​បណ្តោះអាសន្ន​សិន។

    លោកស្រី តាំង ហ៊ួ ប្រធាន​ក្រុមហ៊ុន AMATAK Property Service មានប្រសាសន៍ថា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំនោរ​នៃ​ការទិញ​ផ្ទះ​បង់​រំលស់​មានការ​កើនឡើង​យ៉ាងខ្លាំង​គួរឱ្យកត់សម្គាល់ ខណៈដែល​ម្ចាស់​សំណង់​បុរី និង​អគារ​ផ្ទះល្វែង​មួយចំនួន​ប្រកាស​លក់​ផ្ទះ​ដោយ​មិនមាន​ប្រាក់​កក់ ឬ​មាន​ប្រាក់​កក់​ត្រឹមតែ20%ទៅ30% អាច​ចូល​រស់នៅ​ផ្ទះ​ថ្មី​បាន​ដោយ​បង់​រំលស់​ជាមួយ​ធនាគារ ដែលមាន​ការប្រាក់​ទាប​សមរម្យ​អាច​ទទួលយកបាន។

    លោកស្រី​បាន​បញ្ជាក់ថា សម្រាប់​គូស្រករ​ដែល​ទើប​រៀបការ​រួច ហើយ​មាន​ការងារ​ធ្វើ​ទាំងពីរ​នាក់ ពួកគេ​តែងតែ​យកប្រាក់​ខែ​ខាង​ណាមួយ​ទៅ​បង់​រំលស់​ផ្ទះ​ថ្មី និង​ទុក​ប្រាក់ខែ​ម្នាក់ទៀត​សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ ដែល​ធ្វើឱ្យ​ពួកគេ​មានការ​ចាយវាយ​ត្បិតត្បៀត ចេះ​សន្សំសំចៃ និង​មិនសូវ​ចាយវាយ​ខ្ជះខ្ជាយ​ដូច​កាលពីមុន។ វិធី​មួយ​នេះ​បានធ្វើឱ្យ​ពួកគេ​ទទួលបាន​ផលចំណេញ​ត្រឡប់មកវិញ ដែល​ចំណេញ​ ទី1 គឺ​ទោះជា​ជួល​ផ្ទះ​គេ​បង់​ប្រចាំខែ​យូរ​ប៉ុនណា​ក៏​នៅតែ​ជា​ផ្ទះ​គេ ទី2.បើសិនជា​ទិញ​ផ្ទះ​បង់​រំលស់ ជួន​កាលបើ​ទិញ​ត្រូវ​តំបន់ ផ្ទះ​នឹង​ឡើងថ្លៃ​លក់បាន​ប្រាក់ចំណេញ ទី3.បើសិនជា​គិតថា​មិន​ចង់​ជំពាក់​គេ ហើយ​រង់ចាំ​សន្សំ​ប្រាក់​គ្រប់​ចាំ​ទិញ​តែម្តង ដូចជា​លំបាក​ខ្លាំង ដោយសារ​តម្លៃ​ដីធ្លី ផ្ទះល្វែង​ឡើងថ្លៃ​ជា​រៀងរាល់ឆ្នាំ ហើយ​មិនមាន​ពេល​ធ្លាក់​ថ្លៃ​នោះទេ

    ទោះយ៉ាងណា​លោកស្រី តាំង ហ៊ួ លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​ផ្ទះ​បង់​រំលស់​ជាមួយ​ធនាគារ ប្រសើរ​ជាជាង​បង់​រំលស់​ជាមួយ​ម្ចាស់​បុរី ឬ​អគារ​ផ្ទះល្វែង ដោយសារ​ធនាគារ​អាច​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ហើយ​មាន​អត្រា​ការប្រាក់​ទាប​ជាង​ម្ចាស់​បុរី ឬ​ក្រុមហ៊ុន​ផ្ទះល្វែង​ទាំងនោះ។

    ជាមួយគ្នានេះដែរ​អ្នកនាង Grace Rachny Fong នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Century21 Cambodia ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​កម្ពុជា​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា បើសិន​ទិញ​ផ្ទះ​បង់​រំលស់​គួរ​បង់​ជាមួយ​ធនាគារ​ប្រសើរ​ជាង​បង់​ជាមួយ​ម្ចាស់​បុរី​ផ្ទះល្វែង ដោយសារ​រយៈពេល​កន្លងមក​មាន​ភាព​អសកម្ម​មួយចំនួន​ដោយសារតែ​ម្ចាស់​សំណង់​ផ្ទះល្វែង​ខ្លះ​បាន​លក់​ផ្ទះ​បង់​រំលស់​ទៅឱ្យ​អតិថិជន​រួចហើយ តែ​បែរជាយក​ប្លង់​ទៅ​ដាក់​នៅ​ធនាគារ​យកលុយ​ចាយ​អស់​ធ្វើឱ្យ​កើត​មានរឿង​ប្តឹងផ្តល់​គ្នា​ទៀតផង។ លើសពីនេះ មុននឹង​ទិញ​ត្រូវ​ស៊ើប​មើល​ពី​ប្រវត្តិ​របស់​បុរី ឬ​ផ្ទះល្វែង​នោះ​ឱ្យ​ច្បាស់​ទើប​មិនមាន​ហានិភ័យ ហើយ​បើ​ចង់​ទិញ​ឱ្យបាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ គួរ​ស្វែងរក​ការប្រឹក្សា​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ​ទើប​មិន​ខកបំណង។

    លោក ចូ ហ្វី​ឡេ​ន (Joe Phelan)នាយក​សេវា​ធនាគារ​សម្រាប់​អតិថិជន​បុគ្គល​នៃ​ធនាគារ ហុង លី​អុង (ខេ​ម​បូ​ឌា) ភីអិលស៊ី ក៏បាន​ផ្តល់យោបល់​ផងដែរ​ថា ការជួល​ផ្ទះ​សម្រាប់​នៅ​ពិតជា​ត្រូវ​ចំណាយ​ច្រើន ហើយ​មិន​ងាយស្រួល​ដូច​នៅផ្ទះ​ផ្ទាល់ខ្លួន​នោះទេ ដូច្នេះ​ការទិញ​ផ្ទះ​ដោយ​បង់​រំលស់​ចំណេញ​ច្រើនជាង។ បច្ចុប្បន្ននេះ​ការប្រាក់​ធនាគារ​ក៏​មិនសូវ​ជា​ខ្ពស់​ខ្លាំង​ដូច​កាលពី​ពេលមុន​ដែរ ជាពិសេស​ធនាគារ​ភាគច្រើន​ក៏បាន​លើកទឹកចិត្ត និង​ផ្តល់​លក្ខខណ្ឌ​ល្អ​ដល់​អតិថិជន​សម្រាប់​ក​ម្ចី​ទិញ​ផ្ទះ​នេះដែរ ជាក់ស្តែង​ធនាគារ ហុង លី​អុង ក៏បាន​បង្កើត​ការផ្តល់

    ជូន​ជាពិសេស​សម្រាប់​អតិថិជន​ដែល​ចង់​ទិញ​ផ្ទះ​ជាមួយ​អត្រា​ការប្រាក់​យ៉ាង​ទាប​ត្រឹមតែ Honey Moon Rate 6.99 ភាគរយ​សម្រាប់ 3ឆ្នាំ​ដំបូង សម្រាប់​ទិញ​គេហដ្ឋាន និង​ខុន​ដូ។ លោក​បន្តថា៖ “ពុំទាន់​មាន​ធនាគារ​ណា​ដែល​ផ្តល់ជូន​នូវ​ការប្រាក់​ទាប​បែបនេះ​ទេ ដូច្នេះហើយ​យើង​ទទួលបាន​ការចាប់អារម្មណ៍ និង​មាន​អតិថិជន​ទិញ​ផ្ទះ​តាមរយៈ​ឥណទាន​ទិញ​គេហដ្ឋាន​បានក្លាយ​ជា​ម្ចាស់ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ជាច្រើន​នាក់​រួចមកហើយ។

    លោក​បាន​បន្តថា៖ “ធនាគារ ហុង លី​អុង បាន​សហការ​ជាមួយ​បុរីធំៗជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ជា​ដៃគូ ដែល​ការសហការ​នេះ​បាន​ផ្តល់ជូន​នូវ​ជម្រើស​ដ៏​ពិសេស​ដល់​គ្រប់​អតិថិជន ជាមួយនឹង​អត្រា​ការប្រាក់​ទាប និង​អាច​ខ្ចី​បាន​រហូតដល់ 80%នៃ​តម្លៃ​ផ្ទះ ឬ​អាច​ជ្រើស​យក​កម្ចី​ដែលមាន​រយៈពេល​រហូត​ដល់ 25ឆ្នាំ ដែល​អតិថិជន​អាច​ខ្ចី​បាន​ចាប់ពី10,000 ដុល្លារ​ឡើងទៅ​ទៀតផង។

    ប្រសិនបើ​អតិថិជន​ចង់​ស្នើ​កម្ចី​ឥណទាន​ទិញ​គេហដ្ឋាន​ជាមួយ​ធនាគារ ហុង លី​អុង ចំពោះ​អតិថិជន​ដែល​កំពុងធ្វើការ​ងារ​នៅ​ក្រុមហ៊ុន យើង​តម្រូវឱ្យមាន​កិច្ចសន្យាការងារ និង​លិខិតបញ្ជាក់​ប្រាក់ខែ។ ចំពោះ​អតិថិជន​អ្នករកស៊ី ឬ​អ្នកជំនួញ​តម្រូវឱ្យ​ភ្ជាប់​មកជា​មួយ​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ចំនួន 3ឆ្នាំ​ចុងក្រោយ៕