Author: វល័ក្ខ

  • អ្នកឈ្នះ​រង្វាន់​រថយន្ត FORD Ranger XLT តម្លៃ 178លាន​រៀល ដំបូងបង្អស់​ពី​កម្មវិធី OISHI បើក​គម្រប​ទទួល​សំណាង

    អ្នកឈ្នះ​រង្វាន់​រថយន្ត FORD Ranger XLT តម្លៃ 178លាន​រៀល ដំបូងបង្អស់​ពី​កម្មវិធី OISHI បើក​គម្រប​ទទួល​សំណាង

    កម្មវិធី OISHI Instant Win នៅ​កម្ពុជាថ្មីៗនេះ​បាន​រកឃើញ​អ្នក​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ធំ រថយន្ត FORD Ranger XLT ដែលមាន​តម្លៃ​ស្មើនឹង 178លាន​រៀល។ កម្មវិធី​នេះ​មានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​តែ​បៃតង​អូ​អ៊ី​ឈិ។

    អ្នក​ដែល​ឈ្នះ​រង្វាន់​ធំ​នេះ​គឺ អ្នកស្រី មឿង លក្ខិណា ដែល​សព្វថ្ងៃ​កំពុង​ប្រកបរ​បរជា​កម្មករសំណង់ និង​ជា​ស្ត្រី​មេផ្ទះ ក្នុង​ខេត្តក្រចេះ។ អ្នកស្រី​បានបង្ហាញ​សេចក្តីរំភើប​ជា​ពន់ពេក​ថា៖ «ខ្ញុំ​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​នៅពេលដែល​ខ្ញុំ​បើក​គម្រប​ដប និង​ពិនិត្យមើល​រង្វាន់! ខ្ញុំ​រំភើប​ដល់​ថ្នាក់​ថា ខ្លួនឯង​កំពុងតែ​ស្រមើស្រមៃ​ថា​បានឈ្នះ​រថយន្ត Ford Ranger មួយគ្រឿង​ដែលមាន​តម្លៃ​ដល់​ទៅ 178លាន​រៀល។

    នេះ​ជា​រង្វាន់​ដ៏​ធំ​មួយ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹមថា​វា​នឹង​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​របស់ខ្ញុំ ជាពិសេស​សម្រាប់កូនៗរបស់ខ្ញុំ ឲ្យ​ល្អ​ជាង​នេះ ព្រោះ​ខ្ញុំ​ធ្វើការ​សំណង់ ហើយ​ប្តី​ខ្ញុំ​ជា​កម្មករ​គេ រក​ព្រឹក​ខ្វះ​ល្ងាច ពិតជា​ពិបាក​ណាស់​ក្នុងការ​ស្វែងរក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ តែ​ឥ​ទ្បូ​វ​នេះ​អូ​អ៊ី​ឈិ​ពិតជា​បាន​ជួយ​ផ្លាស់ប្ដូរ​ជីវភាព​គ្រួសារ​របស់​ពួកយើង​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន”

    «ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនទៅ​កាន់​ក្រុមហ៊ុន​តែ​បៃតង​អូ​អ៊ី​ឈិ ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ផ្ដល់​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន​របស់ខ្លួន​ដោយ​ភាព​សុ​ក្រិត និង​យុត្តិធម៌​ជាទីបំផុត។ អូ​អ៊ី​ឈិ​ពិតជា​បានផ្ដល់​រង្វាន់​ពិតប្រាកដ​មែន ដូច្នេះ​អ្នក​ទាំងអស់គ្នា​កុំ​ភ្លេច​ពិសា​តែ​បៃតង​អូ​អ៊ី​ឈិ​ឲ្យ​បាន​ច្រើន ព្រោះ​អ្នក​អាចជា​មនុស្ស​បន្ទាប់​ដែល​ឈ្នះ​រង្វាន់​ដ៏​ធំ​នេះ»។

     

    លោក សុង សាក់​លី នាយក​ផ្នែក​លក់ និង​ទីផ្សារ បាន​មានប្រសាសន៍ថា៖ «ពួកយើង​ពិតជា​រីករាយ​ដែល​បាន​បង្កើត​នូវ​កម្មវិធី Instant Win Promotion ដ៏​ធំ​នេះ​ឡើង​មុន​ឆ្នាំ 2018។ យើង​នឹង​បន្ត​ផ្តល់ជូន​អតិថិជន​នូវ​រសជាតិ និង​បទពិសោធន៍​ដ៏​អស្ចារ្យ​របស់​តែ​បៃតង​អូ​អ៊ី​ឈិ ហើយ​យើង​សង្ឃឹមថា​អ្នកគាំទ្រ​នឹង​នៅតែ​បន្ត​ផ្សងសំណាង​ជាមួយ​គម្រប​ដប​តែ​បៃតង​អូ​អ៊ី​ឈិ​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់»។

     

    កម្មវិធី​អូ​អ៊ី​ឈិ Instant Win Promotion គឺជា​កម្មវិធី​មួយ​ដែល​ផ្ដល់ឱកាស​ដល់​អតិថិជន​ដើម្បី​ផ្សងសំណាង​យក​រង្វាន់​នៅក្រោម​គម្រប​ដប ដែលមាន​ដូចជា រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ 10លាន​រៀល និង​រង្វាន់​អូ​អ៊ី​ឈិ​ជាច្រើន​លាន​ដប​ថែម​ទៀតផង។

     

    អ្នក​អាច​នឹង​ក្លាយជា​អ្នកឈ្នះ​រង្វាន់​បន្ទាប់​ក្នុង​កម្មវិធី Oishi Instant Win Promotion នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Oishi Drink Station ឬ​ទូរស័ព្ទ​មក​លេខ015 691 555 / 015 693 555 ដើម្បី​ទទួល​រង្វាន់៕

  • ចង់​រកស៊ី​ផ្នែក​អចលនទ្រព្យ តើ​គួរ​ដឹង​អ្វីខ្លះ​ពី​ទីផ្សារ​នេះ?

    ចង់​រកស៊ី​ផ្នែក​អចលនទ្រព្យ តើ​គួរ​ដឹង​អ្វីខ្លះ​ពី​ទីផ្សារ​នេះ?

    បច្ចុប្បន្ន​អាជីវក​ម្មខាង​ផ្នែក​អចលនទ្រព្យ​មាន​ភាព​រីកដុះដាល​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ជាង10ឆ្នាំមុន ទាំង​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក្តី និង​មិនមាន​អាជ្ញាប័ណ្ណ​ក្តី។ ជាក់ស្តែង​ស្រុក​យើង​មិនទាន់មាន​មហាវិទ្យាល័យ​ដែល​បង្រៀន​ពីមុខ​វិជ្ជា​នេះ​នៅឡើយ​ទេ តែ​ភាគច្រើន​អ្នក​ប្រក​បរបរ​នេះ​ច្រើន​មាន​បទពិសោធ​ពី​ការងារ​ដែល​ខ្លួន​ធ្លាប់ធ្វើ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យធំៗដែល​បាន​បង្កើតឡើង​មុនគេ​កាលពី20ឆ្នាំមុន។ អ្នក​ទាំង​នោះបាន​ឈប់​ធ្វើការ​ហើយ​ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ដើម្បី​ឈាន​ជើង​ចូល​ទីផ្សារ​អចលនទ្រព្យ​ដែរ ព្រោះ​យល់ថា វា​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើ។ ជាក់ស្តែង​ក៏មាន​ការលើក​ជា​ចម្ងល់​ដែរ​ថា ប្រសិនជា​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​គួរតែ​ត្រូវ​បង្កើតឱ្យមាន​សេវាកម្ម​អ្វីខ្លះ​ដើម្បី​បំពេញតម្រូវការ​អតិថិជន?

    លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើកឡើងថា តាមរយៈ​បទពិសោធ​លោក​មើលឃើញថា អ្នកបើក​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ដែល​ឈាន​ជើង​ចូលទៅក្នុង​វិស័យនេះ​ភាគច្រើន​បាន​សុំ​អាជ្ញា​ប​ណ្ណ័2គឺ​សេវាកម្ម​ទិញ-លក់-ជួល និង​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ តែ​យ៉ាងណាក៏ដោយ សេវាកម្ម​ទាំងពីរ​នេះ​មាន​សកម្មភាព​ខុសគ្នា ពោលគឺ​សេវាកម្ម​ទិញ-លក់-ជួល ហាក់​មាន​សម្ទុះ​ខ្លាំង​ជាង​សេវាកម្ម​វាយតម្លៃ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ។

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បញ្ជាក់ថា មូលហេតុ​សេវាកម្ម​ទិញ-លក់-ជួល​ទទួលបាន​ការពេញនិយម​ជាង​សេវា​វាយតម្លៃ​អចលនវត្ថុ ព្រោះ​ទីផ្សារ​នៃ​សេវា​ទិញ-លក់-ជួល មាន​អ្នកធ្វើការងារ​នៅក្នុង​សេវា​នេះ​ច្រើន ពិសេស​ការងារ​នេះ​ពុំ​ទាមទារ​លក្ខខណ្ឌ​ច្រើន ពោលគឺ​តម្រូវការ​ទីផ្សារ​មាន​ច្រើន​ទើប​ធ្វើឱ្យ​ចរន្ដ​ទីផ្សារ​ដើរ​ខ្លាំង។

    លោក​បណ្ឌិត គីម ហ៊ាង បញ្ជាក់ថា៖“ប្រសិន​យើង​បង្កើត​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ គឺ​ទាមទារ​ឱ្យ​បុគ្គល​នោះ​មានចំណេះដឹង​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ និង​ត្រូវការ​បទពិសោធ​យ៉ាងហោច 3ឆ្នាំ ម្យ៉ាងទៀត​ពេល​មាន​បទពិសោធ​ច្រើន​ក៏​មិន​ប្រាកដថា​គេ​ប្រើ​យើង​ដែរ ដូច្នេះ​ការងារ​នេះ​ត្រូវការ​ពេលវេលា​យូរ ផ្ទុយទៅវិញ​បើ​យើង​បើក​ក្រុមហ៊ុន​ទិញ-លក់-ជួល គ្រាន់តែ​បើក​ភ្លាម​មាន​ភ្ញៀវ​មករក​ភ្លាម ឱ្យតែ​និយាយ​ត្រូវ​ថ្លៃ​គ្នា គឺអាច​ទទួល​បានការ-ងារ​ភ្លាម​តែម្ដង។

    ដោយ​ឃើញ​ពី​ចំណុច​ល្អ​នៃ​សេវាកម្ម​ទាំងពីរ​នេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ប្រាប់ថា “អ្នកមាន​បំណង​ចង់​បើក​ក្រុមហ៊ុន​អចលនទ្រព្យ គួរតែ​សុំ​អាជ្ញាប័ណ្ណ​ទាំងពីរ​ទើប​ជាការ​ប្រសើរ។ លោក​បាន​បញ្ជាក់ថា ពេល​ក្រុមហ៊ុន​យើង​ចាប់ដំណើរការ យើង​ធ្វើ​តែ​សកម្មភាព​ទិញ-លក់-ជួល​សិន​ចុះ រីឯ​សេវា​វាយតម្លៃ​អចលនទ្រព្យ​យើង​អាច​ពន្យារ​អាជ្ញាប័ណ្ណ​បាន ព្រោះ​នៅពេល​យើង​យក​អាជ្ញាប័ណ្ណ​ទៅសុំ​ការងារ​វាយតម្លៃ​ពី​ធនាគារ នៅពេល​គេ​ឃើញ​យើង​ទើប​ទទួលបាន​អាជ្ញាប័ណ្ណ​ថ្មីថ្មោង គេ​អត់​ប្រើ​យើង​ទេ។ ផ្ទុយទៅវិញ​សេវា​ទិញ-លក់-ជួល​គេ​អត់​សួររក​បទពិសោធ​ការងារ​យើង​ប៉ុន្មាន​ឆ្នាំ​ទេ ឱ្យតែ​ភ្ញៀវ​និយាយ​ត្រូវ​ថ្លៃ គេ​ប្រើ​យើង​តែម្ដង ឯ​សេវា​វាយតម្លៃ​លើ​អចលនទ្រព្យ​វិញ​គេ​ត្រូវការ​បទពិសោធ​ពី 3 ទៅ 5ឆ្នាំ។

    ដើម្បី​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ បុគ្គល​ម្នាក់​ត្រូវ​ចុះបញ្ជី​អាជីវកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​ដោយមាន​ឈ្មោះ​ទីតាំង ឈ្មោះ​បុគ្គល និង​សកម្មភាព​ជាក់ស្ដែង។ ត្រូវមាន​ប័ណ្ណ​ប៉ាតង់​អាជីវកម្ម​ពី​អគ្គនាយកដ្ឋាន​ពន្ធដា និង​ធ្វើការ​ពន្យារ​បន្ដ​ជា​រៀងរាល់ឆ្នាំ និង​ត្រូវមាន​អាជ្ញាប័ណ្ណ​អចលនទ្រព្យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធ្វើការ​ពន្យារ​បន្ដ​ជា​រៀងរាល់ឆ្នាំ​ដែរ។

    កញ្ញា ចេ​វ សុ​ឃុន អគ្គនាយិកា​នៃ​ក្រុមហ៊ុន KAT APPRAISAL CO.,LTD បាន​លើកឡើងថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​កញ្ញា​បាន​សុំ​អាជ្ញាប័ណ្ណ​ពីរ​ប្រភេទ​គឺ​សេវាកម្ម​ទិញ-លក់-ជួល និង​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ។ កញ្ញា​បន្ដថា បច្ចុប្បន្ន​រវាង​សេវាកម្ម​ទាំងពីរ គឺ​សេវាកម្ម​នៃ​ការទិញ-លក់-ជួល​អចលនទ្រព្យ​មាន​ភាពល្អប្រសើរ​ជាង​សេវាកម្ម​វាយតម្លៃ​តាមរយៈ​ការទទួលបាន​ការងារ​ពី​អតិថិជន​ជា​ហូរហែ។ កញ្ញា​បន្ដថា មូលហេតុ​សេវាកម្ម​ទិញ​លក់​ជួល​មាន​សកម្មភាព​ផុលផុស​ព្រោះ​បុគ្គល​ម្នាក់​អាចមាន​អចលនទ្រព្យ​ច្រើន ដូច្នេះ​សកម្មភាព​ទិញ-លក់-ជួល វា​មាន​សកម្មភាព​ស្ទើរតែ​រាល់ថ្ងៃ​ដែល​តម្រូវឱ្យ​អតិថិជន​ត្រូវ​មក​ទទួល​សេវាកម្ម​ពី​ក្រុមហ៊ុន​ដើម្បី​មាន​ភាពងាយស្រួល​ដល់​ការងារ​ទិញ-លក់-ជួល​របស់​ពួកគាត់។

    អគ្គនាយិកា​នៃ​ក្រុមហ៊ុន KAT APPRAISAL CO.,LTD បន្ថែមថា៖“អតិថិជន​ខ្លះ​មាន​សមត្ថភាព​ទិញ​ផ្ទះ​ដល់​ទៅ​ពីរ-បី​កន្លែង ពេលខ្លះ​គាត់​ទិញ​ហើយ​គាត់​ចង់​ជួល​អចលនទ្រព្យ​នោះ​ដើម្បី​បាន​កម្រៃ​ត្រឡប់មកវិញ ទើប​បង្កើតឱ្យមាន​ជា​ចរន្ដ​ទិញ-លក់-ជួល ឡើង រហូត​យើង​មើលឃើញថា មាន​សកម្មភាព​ផុសផុល។

    ទាក់ទង​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ ត្រូវបាន​កញ្ញា ចេ​វ សុ​ឃុន បញ្ជាក់ថា ដើម្បី​ទទួលបាន​ការងារ​វាយតម្លៃ​អចលនទ្រព្យ លុះត្រាតែ​ក្រុមហ៊ុន​នោះ​មាន​បទពិសោធ​ចាប់ពី 3ឆ្នាំ​ឡើងទៅ​ទើប​ទទួលបាន​ទំនុក​ចិ​ត្ដ​ពី​ធនាគារ សម្រាប់​ក្រុមហ៊ុន KAT APPRAISAL CO.,LTD រាល់ថ្ងៃ​ក៏​ទទួលបាន​ការងារ​វាយតម្លៃខ្លះៗពី​ធនាគារ​ដែរ។ កញ្ញា​បាន​បន្ថែមថា៖ “ក្រុមហ៊ុនធំៗគេ​មាន​បទពិសោធ​ច្រើនជាង​យើង ដូច្នេះ​គេ​ទទួលបាន​ទំនុក​ចិ​ត្ដ​ពី​ធនាគារ​ច្រើនជាង​ក្រុមហ៊ុន​ដែលមាន​បទពិសោធ​ក្មេងខ្ចី ព្រោះ​ធនាគារ​គេ​ត្រូវការ​ពិចារណា​លើ​ប្រព័ន្ធ​ការងារ និង​គុណភាព​ការងារ​របស់​ក្រុមហ៊ុន​ផងដែរ។ ទោះជា​យ៉ាងណា​យើង​ឃើញថា ក្រុមហ៊ុន​វាយតម្លៃ​មាន​បទពិសោធខ្លាំងៗ ក៏​ពុំ​សូវ​ជាមាន​ច្រើន​ដែរ​នាពេល​បច្ចុប្បន្ន។

    ចំណែក​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL វិញ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់លោក​បាន​បង្កើតឡើង​ជាង20ឆ្នាំ​ហើយ សេវាកម្ម​ដែល​ក្រុមហ៊ុន​របស់លោក​បានទទួល​ការគាំទ្រ​ច្រើន គឺ ទិញ-លក់​ជួល​អចលនទ្រព្យ វាយតម្លៃ​អចលនទ្រព្យ និង​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ។

    សូមបញ្ជាក់ថា ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា​ជាទូទៅ​មាន​ផ្តល់​សេវាកម្ម 4ប្រភេទ​ទៅតាម​ទំហំ​និង​ការប្រតិបត្តិ​ការងារ​រ​បស់​ក្រុមហ៊ុននីមួយៗដូចជា សេវាកម្ម​ទិញ-លក់-ជួល​អចលនទ្រព្យ សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ សេវាកម្ម​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ និង​ការអភិវឌ្ឍ​អចលនទ្រព្យ៕

  • បែកធ្លាយ​រូបភាព​គំរូ Galaxy X ដែលជា​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​របស់ Samsung

    បែកធ្លាយ​រូបភាព​គំរូ Galaxy X ដែលជា​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​របស់ Samsung

    យោងតាម​ការចេញផ្សាយ​របស់​គេហទំព័រ​បច្ចេក​វិទ្យាល្បីៗរបស់​ពិភពលោក​ជាច្រើន​បានឱ្យដឹងថា ក្រុមហ៊ុន Samsung គ្រោង​នឹង​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​ថ្មី​មួយ​នៅក្នុង​ព្រឹត្តិការណ៍ CES 2018 នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ហើយ​វា​ក៏​ជា​ស្មា​ត​ហ្វូ​ន​បំពាក់​ដោយ​អេក្រង់​អាច​បត់​ចុះឡើង​បាន​ផងដែរ។

    សារព័ត៌មាន Phone Arena បានចេញ​ផ្សាយ​ថា ស្មា​ត​ហ្វូ​ន​នោះ​មាន​ឈ្មោះថា Galaxy X ហើយនឹង​បំពាក់​នូវ​បច្ចេកវិទ្យា​ជា​ចុងក្រោយ​បំផុត​របស់ Samsung ប៉ុន្តែ​តាម​ការ​បញ្ជាក់បន្ថែម ស្មា​ត​ហ្វូ​ន​មួយ​នេះ នៅ​មិនទាន់​ផលិតឡើង​នោះទេ ពោលគឺ​ទើបតែ​បង្កើតជា​រូបរាង​គំរូ​ប៉ុណ្ណោះ។

    ប្រភព​ជិតស្និទ្ធ​មួយចំនួន​បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង​មួយ​នេះ បាន​ផ្ញើ​នូវ​រូបភាព​គំ​រូប Galaxy X ទៅដល់​ដៃគូសំខាន់ៗជាច្រើន ប៉ុន្តែ​សម្រាប់​ព័ត៌មាន​លម្អិត​នោះ មិនត្រូវ​បាន​លេច​ធ្លាយ​នោះទេ។

    គួរបញ្ជាក់​ផងដែរ​ថា លោក DJ Koh អគ្គនាយក​ទទួលបន្ទុក​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់ Samsung ធ្លាប់បាន​បង្ហើប​ប្រាប់ថា ក្រុមហ៊ុន​មាន​គម្រោង​បង្កើត​ស្មា​ត​ហ្វូ​ន​អេក្រង់​អាច​បត់​ចុះឡើង​បាន នៅក្នុង​ឆ្នាំ 2019 ដូច្នេះ​មានន័យថា នៅក្នុង​ឆ្នាំ 2018 នេះ ក្រុមហ៊ុន Samsung នឹងត្រូវ​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ចុះឡើង​បាន ដើម្បី​ចេញផ្សាយ​នៅក្នុង​ឆ្នាំ 2019៕

  • លោក Wenger ៖ ស្ថានភាព​របស់ Sanchez អាច​នឹងត្រូវ​កាត់សេចក្តី​រយៈពេល 48ម៉ោង​ទៀត

    លោក Wenger ៖ ស្ថានភាព​របស់ Sanchez អាច​នឹងត្រូវ​កាត់សេចក្តី​រយៈពេល 48ម៉ោង​ទៀត

    លោក Arsene Wenger បាន​បញ្ជាក់ថា Alexis Sanchez អាច​នឹង​ចាក​ចេញពី​ក្លិប Arsenal ក្នុង​រយៈពេល48ម៉ោង​ទៀត ប៉ុន្តែ ការរក​កីឡាករ​ម្នាក់​មក​ជំនួស​ក៏​អាច​នឹង​កើតឡើង​ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែមករា​នេះ ផងដែរ។

    Sanchez មិនបាន​ធ្វើដំណើរ​ជាមួយនឹង​ក្រុម Arsenal សម្រាប់​ការប្រកួត​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម Bournemouth ឡើយ ខណៈដែល​ក្លិប Manchester United ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តួល​គូប្រជែង​របស់ខ្លួន​គឺ Manchester City ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​រូបនេះ។ នេះ​បើ​យោងទៅតាម​ប្រភព​របស់​ទូរទស្សន៍ Sky Sports។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ ដែល​បាន​ហ្វឹកហាត់​កាលពី​ថ្ងៃ​សៅរ៍ នៅជាប់​កិច្ចសន្យា​រយៈពេល6ខែ​ទៀត ហើយ​លោក Wenger ហាក់​យល់ព្រម​ក្នុងការ​បាត់បង់​កីឡាករ​រូបនេះ នៅ​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ នៅ​ថ្ងៃទី31 ខែមករា ខាងមុខនេះ។ ក្នុងពេល​ពន្យល់​ពី​ការ​អវត្តមាន​របស់ Sanchez មុនពេល​ចាប់ផ្តើម​ប្រកួត លោក Wenger បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា ខ្សែប្រយុទ្ធ​រូបនេះ​កំពុងតែ​មិន​ច្បាស់​ពី​អនាគត​របស់គេ ប៉ុន្តែ ដំណោះស្រាយ​នឹងត្រូវ​រកឃើញ​ក្នុងពេលឆាប់ៗនេះ។

    លោក Wenger បាន​ឲ្យ​ដឹងថា៖ «វា​នឹងត្រូវ​កាត់សេចក្តី​ក្នុង​រយៈពេល48ម៉ោង​ទៀត។ វា​ពិតជា​លំបាក​បន្តិច​ហើយ​សម្រាប់ Alexis ក្នុង​ការលេង​នៅ Bournemouth ពីព្រោះ​រូបគេ​កំពុងតែ​រង់ចាំ។ នោះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ប្រើប្រាស់​រូបគេ»។ Man United បានបញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​រួចរាល់​របស់​ពួកគេ​ក្នុងការ​ផ្តួល​ក្រុម Man City ដើម្បី​ទិញយក Sanchez និង​ដើម្បី​ផ្តល់ប្រាក់​ចំណូល​ច្រើនជាង​ក្រុម Man City៕

    ប្រភពពី៖ Sky Sports

  • Liverpool បញ្ចប់​ការមិន​ស្គាល់​ចាញ់​របស់ Man City ខណៈ Arsenal ចាញ់ Bournemouth

    Liverpool បញ្ចប់​ការមិន​ស្គាល់​ចាញ់​របស់ Man City ខណៈ Arsenal ចាញ់ Bournemouth

    ក្រុម Liverpool បានធ្វើឱ្យ​ក្រុម Manchester City រង​បរាជ័យ​ជា​លើក​ទី1របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Premier League នា​រដូវ​កាល​នេះ ខណៈដែល​ក្រុម​ហង្ស​ក្រហម​មួយ​នេះ បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-3 កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្ហាញថា ពួកគេ​នៅតែមាន​ភាពខ្លាំង​បើទោះបី​លេង​ដោយ​គ្មាន​តារា​ឆ្នើម Philippe Coutinho ក៏ដោយ។

    ក្រុម Man City បានធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield ដោយ​ការមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត30លើក​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស និង​ត្រូវបាន​រំពឹងទុក​ថា នឹង​ក្លាយជា​ក្រុម​ម្ចាស់​ជើងឯក ស្របពេល​មានការ​លើកឡើងថា ពួកគេ​អាច​នឹង​បញ្ចប់​រដូវ​កាល​ទាំងមូល​នេះ ដោយ​ការមិន​ស្គាល់​ចាញ់​សោះ​ទៀតផង។

    ប៉ុន្តែ រយៈពេល90នាទី​ក្រោយមក ក្រុម​របស់លោក Pep Guardiola បាន​ជួប​ការខកចិត្ត ក្រោយពី​រង​បរាជ័យ​ក្នុងការ​ប្រកួត​ពាន​ក្នុងស្រុក​ជា​លើក​ទី1របស់​ពួកគេ ចាប់តាំងពី​ចាញ់​ក្រុម Arsenal ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្ដង កាលពី​រដូវ​កាល​មុន។ Man City បាន​ចាញ់​ទាំង​ប្រផិតប្រផើយ ខណៈដែល​ក្រុម​របស់លោក Jurgen Klopp បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ដើម្បី​លុបចោល​នូវ​ការព្រួយបារម្ភ​ថា ពួកគេ​អាច​នឹង​ត្រដាបត្រដួស ក្រោយពី​ការលក់​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Coutinho ទៅ​ឲ្យ​ក្លិប Barcelona។

    លោក Guardiola គ្រូបង្វឹក​របស់ Man City បាន​ឲ្យ​ដឹងថា៖ «ក្រោយពី​គ្រាប់​បាល់​ទី2 ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ទៀត​ក្នុង​ចន្លោះពេល​ត្រឹមតែ3 ទៅ4នាទី​ប៉ុណ្ណោះ ហើយ​វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ស្រោចស្រង់​ឡើងវិញ។ ក្នុង​រាល់​សន្និសីទ​សារព័ត៌មាន​ទាំងអស់​កាលពី​ប៉ុន្មាន​ខែ​មុន គេ​បាន​និយាយថា ក្របខ័ណ្ឌ Premier League បញ្ចប់​ហើយ តែ​ខ្ញុំ​តែងតែ​និយាយថា មិនទាន់​ទេ វា​នៅតែ​ត្រូវធ្វើ​ឲ្យ​បញ្ចប់»។ ស្របពេល​ជាមួយគ្នានេះ ការរីករាយ​របស់​ក្រុម Liverpool មាន​ភាពផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​អារម្មណ៍​របស់លោក Arsene Wenger ក្រោយពី Arsenal ចាញ់​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Bournemouth៕

    ប្រភពពី៖ Worldsoccertalk

  • តើ​ស្បែក​របស់​អ្នក​បែបណា​ដែរ និង​គួរ​មើលថែទាំ​យ៉ាងណា​ទៅ?

    តើ​ស្បែក​របស់​អ្នក​បែបណា​ដែរ និង​គួរ​មើលថែទាំ​យ៉ាងណា​ទៅ?

    រឿង​សាច់​ស្អាត ស្បែក​រាប​ភ្លឺរលោង សម្រាប់នារីៗយើង គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​បើសិន​ស្បែក​ស្អាត មាន​សុខ​ភាពល្អ ពិតជា​មាន​ផល​ល្អ​ដល់​រូបអ្នក​វិញ​មិន​ខាន ដូច្នេះ​តើ​ស្បែក​របស់​អ្នក​យ៉ាងណាដែរ? ព្រោះ​ស្បែក​របស់​មនុស្ស​យើង​មិន​ដូចគ្នា​ទេ អ្នកខ្លះ​ស្បែក​ស្ងួត អ្នកខ្លះ​មាន​ស្បែក​ធម្មតា ឬ​ជួនកាល​ស្បែក​របស់​អ្នក​ឡើង​ជាតិ​ប្រេង (ឡើង​ខ្លាញ់)ច្រើន ដូច្នេះ តើ​អ្នកមាន​ដឹង​ពី​វិធី​ការមើល​ថែទាំ​ស្បែក​របស់​អ្នក​ដែរឬទេ? ថ្ងៃនេះ យើង​មានចំណេះដឹងល្អៗពាក់ព័ន្ធ​នឹង​ប្រភេទ​ស្បែក​របស់នារីៗយើង​មក​ជម្រាបជូន​ប្រី​យ​មិត្ត​អ្នកអាន​ដូចតទៅ ៖

    ឥលូវ យើង​នាំគ្នា​មក​សាកល្បង​ពិនិត្យមើល​ស្បែក​របស់​យើង​ថា តើ​ស្បែក​របស់​យើង ជា​ស្បែក​ប្រភេទ​បែបណា ។

    លាងមុខ​ឱ្យ​ស្អាត រួច​ទុកចោល​ប្រមាណ​ជា 2 – 3 ម៉ោង បើ​ធ្វើការ​សាកល្បង​មើល​ក្រោយពេល​លាងមុខ​ហើយភ្លាមៗនោះ អាចធ្វើឱ្យ​លទ្ធផល​ចេញមក​មិនសូវ​ប្រាកដ​ច្បាស់ ព្រោះ​សូម្បីតែ អ្នក​ដែលមាន​ផ្ទៃមុខ​ឡើងជា​តិ​ខ្លាញ់​ខ្លាំង​បំផុត នៅ​អាច​មើលទៅ​ឃើញ​ឡើង​ស្ងួត​បាន​បន្ទាប់ពី​លាង​សម្អាត​មុខ​ហើយថ្មីៗ ដូច្នេះ​ទើប​គួរ​ទុក​ចន្លោះពេល​ចោល​មួយរយៈ​ដើម្បី​រង់ចាំ​មើល​ការធ្វើការងារ​របស់​ក្រពេញ​ជាតិ​ខ្លាញ់ ដោយ​ការយក​ក្រដាសអនាម័យទន់ៗ ស្តើងៗ មក​បិទ​ពីលើ​មុខ បើ​ក្រដាស់​នោះ​ជាប់​នៅលើ​មុខ បញ្ជាក់ថា អ្នកមាន​ស្បែ​កមុខ​ប្រភេទ​ឡើង​ប្រេង បើ​ក្រដាស​មិន​ស្អឹ​ត​ជាប់​នៅលើ​មុខ​សោះ បញ្ជាក់ថា អ្នកមាន​ស្បែក​ស្ងួត បើ​ក្រដាស​ស្អឹ​ត​ជាប់​នៅលើ​ផ្ទៃមុខ​មួយផ្នែក ជាពិសេស​កន្លែង T zone(ក្តោងច្រមុះ និង​ថ្ងាស់)នោះ បញ្ជាក់ថា អ្នកមាន​ស្បែក​ប្រក្រតី។

    ស្បែក​ស្ងួត៖ ជា​ស្បែក​ដែល​មិនអាច​រក្សា​សំណើម​បាន ធ្វើឱ្យ​ផ្ទៃមុខ​មើលទៅ​គ្មាន​ភាព​ស្រស់បស់ និង​មានឱកាស​ឆាប់​កើតស្លាកស្នាម​ជ្រីវជ្រួញ​បាន​ងាយ​ជាង​ស្បែក​ប្រភេទផ្សេងៗទៀតផង។ លក្ខណៈ​ផ្ទៃមុខ​របស់​អ្នក​ដែលមាន​ស្បែក​ស្ងួត គឺ​នៅ​ម្តុំ​ថ្ពាល់​ផ្នែក​ខាងក្រោម​ដែល​ជាប់​នឹង​ធ្គា​ម ហើយ​និង​ស្បែក​ក្រោម​ភ្នែក នឹង​មើលទៅ​ឃើញ​រាង​ស្ងួត ជួនកាល​រាងរបកៗហុយ​ទៀតផង។

    ដំណាក់កាល​ការមើល​ថែទាំ៖ ចៀសវាង​ការប្រើ​ឡូ​ស្សឹ​ន​ជូត​ស្បែក ព្រោះ​នឹងធ្វើ​ឱ្យ​ស្បែក​កាន់តែ​ស្ងួត​ឡើង វិធី​ដែល​ល្អ គឺ​គួរប្រើ​ទឹកស្អាត​លុប​លាងមុខ​នៅពេល​ព្រឹក ចំណែក​ពេល​ល្ងាច ដែលជា​ពេល​ត្រូវ​លាង​គ្រឿងសម្អាង​ចេញពី​មុខ​នោះ គួរ​ជ្រើសរើស​ប្រើ​គ្រី​ម​លាង​សម្អាត​ផ្ទៃមុខ​ណា​ដែលមាន​ចំណែក​ផ្សំ​របស់ ម៉​យ​ស៏​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍ ដែល​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​ថា ស្បែក​រាងរអិលៗបន្ទាប់ពី​លាង​សម្អាត​មុខ​ហើយ។ ចំណែកឯ​មុនពេល​គេង គួរ​បំប៉ន​ស្បែក​មុខ​ដោយ​គ្រី​ម​បំប៉ន​ដើម្បី​បន្ថែមសំណើម និង​ភាព​ស្រស់បស់​ដល់​ស្បែ​កមុខ។ សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត​ខ្លាំង រហូត​បែក​មាន​ស្នាម ចូរ​បន្ថែម ម៉​យស៍​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍​នៅពេល​ព្រឹក និង​ពេល​ថ្ងៃតែ​អ្នក​ដែលមាន​ស្បែក​មុខស្ងួត​ក៏មាន​ចំណុច​ល្អ​ដែរ គឺ​រន្ធ​រោម​ច្រើនតែ​បិទ​ជិត មើលទៅ​ឃើញ​ផ្ទៃមុខ​រាប​រលោង និង​មិនសូវមាន​បញ្ហារឿង​ផ្ទៃមុខ​ឡើង​ខ្លាញ់​រលើប ដែលជា​មូលហេតុ​ធ្វើឱ្យ​តុបតែង​មុខ​មិនសូវ​ជាប់​បានយូរ។

    ស្បែក​ឡើង​ប្រេង (ស្បែក​មុខ​ឡើង​ខ្លាញ់)៖ ស្បែក​ប្រភេទ​នេះ នឹងមាន​ភាព​ខ្លាញ់​រលើបរលោង​ពាសពេញ​ផ្ទៃមុខ និង​ឡើង​ច្រើន​ជាពិសេស​នៅ​កន្លែង T zone ឬ​ម្តុំ​ថ្ងាស់ ធ្គា​ម និង​ច្រមុះ។ អ្នក​ដែលមាន​ស្បែក​ឡើង​ខ្លាញ់ មើលទៅ​ហាក់ដូចជា​មិន​ងាយ​កើតស្លាកស្នាម​ដូច​អ្នក​ដែលមាន​ស្បែក​ស្ងួត​ទេ តែ​ក៏​ពិបាក​នឹង​លាង​សម្អាត​ដែរ និង​ដោយសារតែ​ក្រពេញ​ជាតិ​ប្រេង​ធ្វើការ​ខ្លាំង​ជាង​ប្រក្រតីនោះ ទើប​ធ្វើឱ្យ​រន្ធ​រោម​រីក​ធំ មើលទៅ​ឃើញ​ស្បែក​មុខ​រាង​គ្រើម​ជាង​អ្នក​ដែលមាន​ស្បែក​ស្ងួត។ បញ្ហា​មួយទៀត​របស់​អ្នក​ដែលមាន​ស្បែក​មុខ​ឡើង​ប្រេង គឺ​នៅពេល​ជាតិ​ប្រេង​ចេញមក​ស្រោប​លើ​ផ្ទៃមុខ​ច្រើន​នោះ នឹង​ធ្វើឱ្យ​ផ្ទៃមុខ​មើលទៅ​រលើប​រងើម ជោរ​ប្រេង ផ្ទៃមុខ​មិន​ស្រស់ថ្លា តុបតែង​មុខ​មិនសូវ​ជាប់​បានយូរ។

    ដំណាក់កាល​ការមើល​ថែទាំ៖ ជ្រើសរើស​ប្រើ​សាប៊ូ​ប្រភេទខ្សោយៗ ឬ​ជេ​ល​លាងមុខថ្លាៗ និង​មិនចាំបាច់​លាងមុខ​ញឹកញាប់​នោះទេ  បើ​មាន​អារម្មណ៍​ថា ផ្ទៃមុខ​ឡើង​ប្រេង​ខ្លាំង ចូរ​ប្រើ​ក្រដាសអនាម័យ ជូត​រាង​ប្តិតៗជាតិ​ប្រេង​នោះ​ចេញ នឹង​ជួយ​ឱ្យ​ស្បែ​កមុខស្រស់​ឡើងវិញ​បាន ចំណែក​គ្រឿងសម្អាង គួរ​ជ្រើសរើស​ប្រើ​ប្រភេទ Oil – Free ដើម្បី​កុំឱ្យ​ផ្ទៃមុខ​ឡើង​រងើម។

    ស្បែក​ធម្មតា៖ ការពិតទៅ មនុស្ស​ភាគច្រើន ច្រើន​មាន​ស្បែក​ក្នុង​លក្ខណៈ​នេះ គឺមាន​ជាតិ​ប្រេង​ស្រោប​លើ​ស្បែក​បែបស្តើងៗនៅ​ម្តុំ T zone គឺ​ថ្ងាស់ និង​ច្រមុះ នឹងមាន​ភាព​រលើប​ខ្លាំង​ជាង​ផ្នែក​ខាង​ថ្ពាល់​បន្តិច ខណៈដែល​ស្បែ​កនៅ​ម្តុំ​កែវភ្នែក និង​ថ្ពាល់​ចុះ​មកដល់​បំពង់ក​មើលទៅ​ឃើញ​រាង​ស្ងួត​ជាង​ម្តុំ T zone។

    ដំណាក់កាល​ការមើល​ថែទាំ៖ គួរ​លាង​សម្អាត​ផ្ទៃមុខ​ដោយ​សាប៊ូ​ប្រភេទខ្សោយៗ និង​មិន​គួរប្រើ​ឡូ​ស្សឹ​ន​ដែលមាន​ចំណែក​ផ្សំ​របស់​អាល់កុល​ឡើយ  ព្រោះ​នឹងធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​ដែលមាន​ស្បែក​ស្ងួត ចំណែក​ការប្រើ ម៉​យ​ស៏​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍ ចូរ​លាប​តែ​លើ​ថ្ពាល់ និង​ស្បែក​ជុំវិញ​កែវភ្នែក ដើម្បី​ការពារ​ការកើត​ស្លាកស្នាម​បាន​ហើយ។

    វិធី​មើលថែទាំ​ស្បែក​ប្រភេទនីមួយៗមិន​ដូចគ្នា​ទេ តែ​យ៉ាងណាក៏ដោយ នារីៗយើង​គួរ​សាកល្បង​ជ្រើសរើស​វិធី​ការមើល​ថែទាំ​ស្បែក​ណាមួយ​ដែល​ស័ក្តិសម​នឹង​ខ្លួនឯង​ឱ្យបាន​ច្រើន​បំផុត ដើម្បី​ស្បែក​ដ៏​ស្អាត​ស្រស់ថ្លា​របស់​អ្នក​ហ្នឹងឯង៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 110

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 110

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/01/LRPN_110-for-Web.pdf” force_dl=”1″]

  • ឈ្នះ​ទៀតហើយ! ជាមួយ​កម្មវិធី «ទិញ​ស្រួល ឈ្នះ​ស្រួល» ពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង BOOKMEBUS

    ឈ្នះ​ទៀតហើយ! ជាមួយ​កម្មវិធី «ទិញ​ស្រួល ឈ្នះ​ស្រួល» ពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង BOOKMEBUS

    នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុមហ៊ុន​ទាំងពីរ​បានផ្តល់​សំណាង​ដល់​អតិថិជន​ដែល​បាន​ទិញ​សំបុត្រ​ឡានក្រុង​តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី ហើយ​ការ​ផ្សងសំណាង​លើក​ទី​ពីរ​នេះ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី 05 ខែមករា ឆ្នាំ2018 ដោយ​ក្រុមហ៊ុន​បាន​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ធំ iPhone 8 ចំនួន 1 រងា្វ​ន់ ដែល​បាន​ទៅលើ​អតិថិជន​ឈ្មោះ អ៊ុយ ណូ​រ៉ា រស់នៅ​ខេត្តតាកែវ និង​អតិថិជនផ្សេងៗទៀត​ដែល​បានឈ្នះ Power Bank ចំនួន 5 រងា្វ​ន់  និង​កង្ហារ ចំនួន10 រង្វាន់ ដោយ​ក្នុង១នាក់​ទទួលបាន១រង្វាន់។

    បញ្ជាក់​ផងដែរ​ថា​ការ​ផ្សងសំណាង​ទាំង​ពីរលើក​ក្រុមហ៊ុន​ទាំងពីរ​បានប្រគល់​រង្វាន់​ចំនួន​សរុប 22រង្វាន់​ដែរ​ក្នុងនោះ​មាន៖

    • iPhone8 1 រងា្វ​ន់
    • iPad Mini 1 រងា្វ​ន់
    • Power Bank 10 រងា្វ​ន់
    • កង្ហារ 10 រងា្វ​ន់

    ក្នុង​ការចាប់​រង្វាន់​ទាំងពីរ​លើក​នេះ​ក្រុមហ៊ុន​បានធ្វើ​ឡើង​តាមរយៈ​ការផ្សាយ​ផ្ទាល់​ពី​គេហទំព័រ Facebook ទ្រូ​ម៉ាន់​នី ។

    ជា​ចុងក្រោយ​ក្រុមហ៊ុន​ទាំងពីរ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ក្នុងការ​បាន​ទិញ​សំបុត្រ​ឡានក្រុង​តាម​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី។ ក្រុមហ៊ុន​ជឿជាក់ថា​សេវា​ទិញ​សំបុត្រ​ឡាន​តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដែល​អាចជួយ​អតិថិជន​ទាំងអស់ ចំណេញ​ពេលវេលា ងាយស្រួល និង កាត់បន្ថយ​ក្នុងការ​ធ្វើដំណើរ​ច្រើនដង​ដើម្បី​ទិញ កក់​សំបុត្រ​ឡាន​ផ្ទាល់​នៅ​ស្ថានីយ​រថយន្ត​ឡានក្រុង។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ 070 999 630 /089 999 639 /060 555 639

  • បញ្ហា​កុមារ​ធ្វើការ​តាម​ដងផ្លូវ​ស្ថិតក្រោម​ការបង្ខិតបង្ខំ​ពី​មនុស្ស​ធំ

    បញ្ហា​កុមារ​ធ្វើការ​តាម​ដងផ្លូវ​ស្ថិតក្រោម​ការបង្ខិតបង្ខំ​ពី​មនុស្ស​ធំ

    កុមារ​ធ្វើការ​តាម​ដងផ្លូវ​ជាច្រើន​នៅ​កម្ពុជា​ត្រូវបាន​គេ​រកឃើញថា ស្ថិតក្រោម​ការបង្ខិតបង្ខំ​របស់​មនុស្ស​ធំ ព្រោះថា ផលប្រយោជន៍​របស់​ពួកគេ​ផ្ទាល់​ត្រូវបាន​ប្រមូល​ដោយ​មនុស្ស​ធំ​ដែល​អាចជាអាណាព្យាបាល ឬ​អ្នក​រើស​កុមារ​ទាំងអស់នោះ​ទៅ​ចិញ្ចឹម​ដើម្បី​ទទួលបាន​ផលប្រយោជន៍។

    យោងតាម​របាយការណ៍​របស់​អង្គការ “ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់” (ACT) បាន​លើកឡើងថា ក្នុងចំណោម​កុមារ 70នាក់​ដែលមាន​វ័យ​ចាប់ពី 7ឆ្នាំ ដល់ 17ឆ្នាំ ដែល​ធ្វើការ​តាម​ដងផ្លូវក្នុង​រាជធានី​ភ្នំពេញ​មាន​កុមារ​រហូតដល់44នាក់ ឬ​ស្មើនឹង 64.7ភាគរយ​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​កង្វះ​អា-ហា​រូប​ត្ថ​ម្ភ និង​បញ្ហា​អនាម័យ ខណៈ​កុមារ 9នាក់ ឬ​ស្មើនឹង13.23ភាគរយ​ផ្សេងទៀត​កំពុង​ទទួលរង​នូវ​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​នៅពេលដែល​ពួកគេ​ធ្វើ​ការងារ​លក់ដូរ​នៅលើ​ដងផ្លូវ។

    បើតាម​របាយការណ៍​ដ​ដែល​បានបង្ហាញ​ឱ្យឃើញ​ផងដែរ​ថា កុមារ​ដែល​កំពុង​រង​ផលប៉ះពាល់​ទាំងអស់នោះ​ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ការងារ​ហួសកម្លាំង មិនសូវ​ខ្វល់​ពី​បញ្ហា​សុខភាព ឬ​ផ្តល់​ឱ្យនូវរបប​អាហារ រួមទាំង​ការ​ស្នាក់នៅ​មិនបាន​សមរម្យ​នោះទេ ខណៈ​កុមារ​ខ្លះ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ដើរ​សុំទាន​នៅតាម​ផ្លូវ កុមារ​ខ្លះ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​លក់ដូរ និង​កុមារ​ខ្លះទៀត​ត្រូវបាន​គេ​លួងលោម​ឱ្យប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀតផង។

    យោងតាម​ទិន្នន័យ​របស់​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ​បានបង្ហាញ​ឱ្យដឹងថា នៅក្នុង6ខែ​ដើមឆ្នាំ2017 កុមារ​ដែល​ទទួលរង​ការរំលោភបំពាន ប្រមាណ 900នាក់​ត្រូវបាន​ជួយសង្គ្រោះ និង​បញ្ជូនពួកគេ​ឱ្យទៅ​ទទួលបាន​ការអប់រំ​ត្រឹមត្រូវ។

    លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​លើកឡើងថា ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​កុមារ​ធ្វើការ​និង​សុំទាន​តាមផ្លូវ​នេះ គឺ​ត្រូវការ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច សាធារណជន និង​អាណាព្យាបាល​ផ្ទាល់​ផងដែរ។ ជា​កត្តា ប្រឈម​នៅក្នុង​ការដោះស្រាយ​បញ្ហា​នេះ គឺ​មនុស្ស​គ្រប់គ្នា​គួរតែ​កុំ​គិតថា​ការងារ​សង្គមកិច្ច​គឺ​សម្រាប់តែ​ក្រសួង​សង្គមកិច្ច ឬ​ស្ថាប័ន​ជំនាញ​ជា​អ្នកធ្វើ​តែម្នាក់ឯង តែ​អ្វីដែល​សំខាន់​គឺ​ត្រូវ​គិតថា ការងារ​សង្គមកិច្ច គឺជា​ការងារ​ដែល​យើង​គ្រប់គ្នា​គួរ​ចូលរួម។

    លោក ឈួ​រ សុ​បញ្ញា បាន​មានប្រសាសន៍ថា៖ “សម្រាប់​អាណាព្យាបាល គួរ​ចូលរួម​តាមរយៈ​កា​រប​ញ្ចូ​ន​កូន​របស់​ពួកគាត់​ឱ្យទៅ​ទទួលយក​សេវា​របស់​រដ្ឋ និង​បញ្ជូនកូនតូចៗទាំងអស់នោះ​ឱ្យទៅ​សាលារៀន​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគេ​មានឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ដើម្បី​ក្លាយជា​មនុស្ស​ល្អ​ក្នុងសង្គម។

    យោងតាម​របាយការណ៍​របស់​អង្គការ​ទស្សន​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​រកឃើញថា កុមារ​ប្រមាណ 1ម៉ឺន ទៅ2ម៉ឺន​នាក់​កំពុងធ្វើការ​ងារ​នៅតាម​ដងផ្លូវ​នានា​នៅ​ទីក្រុង​ភ្នំពេញ ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់៕