Author: វល័ក្ខ

  • តារាចម្រៀង​ថៃ7ដួង ​ល្បីដោយសារ​បទ​និពន្ធ​ថ្មី​ដោយ​ខ្លួនឯង

    តារាចម្រៀង​ថៃ7ដួង ​ល្បីដោយសារ​បទ​និពន្ធ​ថ្មី​ដោយ​ខ្លួនឯង

    បើ​និយាយ​ពី​រឿង​ចម្រៀង តន្ត្រី ដែលមាន​ការប្រកួតប្រជែង​ក្នុងការ​តាក់តែង​និពន្ធ​បទ​ថ្មី ទំនុកភ្លេង​ថ្មី និង​និយាយ​អំពី​សាច់រឿង​របស់​ចម្រៀង ដែល​ធ្វើឱ្យ​អ្នក​ស្ដាប់​មានការ​ទាក់ចិត្ត​ទាក់​អារម្មណ៍​មានការ​គាំទ្រ​ច្រើន វា​ជា​រឿង​ដ៏​ពិបាក ទំរាំ​តែ​ទទួលបាន​ភាពជោគជ័យ។ ដោយឡែក​មាន​តារាចម្រៀង​ថៃ​ចំនួន7ដួង ដែល​បាន​បញ្ចេញ​បទ​ចម្រៀង​របស់ខ្លួន​មួយ​បទ​ដំបូង ហើយ​មានការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ជាច្រើន បើ​ចង់ដឹងថា​ជា​តារាចម្រៀង​ថៃ​ណាខ្លះ​នោះ សូម​ទស្សនា​រូបភាព និង​ប្រវត្តិខ្លះៗរបស់​ពួកគេ​ដូចខាងក្រោម​នេះ ៖

    1. ឡាំ​យ៉ៃ ហៃ​ថង​ខាំ

    សូម​ចាប់ផ្ដើម​ពី​តារា​ដំបូង​ដែលជា​ម្ចាស់​បទ “ผู้สาวขาเลาะ ” ( ភូ​សាវ​ខា​ឡក់) ចម្រៀង​ដោយ ឡាំ​យ៉ៃ ហៃ​ថង​ខាំ ក៏​ចង់​ប្រាប់ថា នាង​ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត ដែល​ដំបូង​ឡើយ​នាង​បានត្រឹមតែ​បង្ហោះ​បទ​ចម្រៀង​ដែល​ខ្លួន​និពន្ធ​នៅលើ​បណ្ដាញ​សង្គម​តែប៉ុណ្ណោះ តែ​បច្ចុប្បន្ននេះ នាង​បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ធំ​មួយ ព្រមទាំង​បាន​បញ្ចេញ​នូវ​បទ​និពន្ធ​ថ្មី2បទ​ទៀត​ដែល​កំពុងមាន​ការគាំទ្រ​យ៉ាងខ្លាំង។ គួរបញ្ជាក់​ផងដែរ​ថា តារា​ស្រី​រូបនេះ និយម​ការ​ស្លៀកពាក់​សិច​ស៊ី និង​មាន​សំឡេង​ពីរោះ​តាមបែប​ចម្រៀង លូក​ធុង (បទ​មនោសញ្ចេតនា​ស្រុកស្រែ)។

    1. យី​ង​លី ស្រ៊ី​ជុម​ផុន

    បទ​ចម្រៀង​ពីមុន​នេះ​របស់​នាង​ដែល​ល្បីល្បាញ​បំផុត មាន​អ្នក​ចូលទៅ​ទស្សនា​ច្រើនជាងគេ​ប្រចាំឆ្នាំ គឺ​បទ “ขอใจเธอแลกเบอร์โทร” (ខ​ចៃ​ធឺ​លែ​ក​បឺ​រ​ថូ) ជា​បទ​ចម្រៀង​និពន្ធ​របស់​នាង ដែល​ទទួលបាន​ការពេញនិយម​បំផុត​ពេញ​មួយឆ្នាំ​តែម្ដង ហើយដោយ​សារ​បទ​នេះ​បានធ្វើឱ្យ​តារា​ស្រី​រូបនេះ កើប​លុយ​ជាច្រើន ព្រមទាំង​ទិញ​ផ្ទះ និង​ជួយ​ទំនុកបម្រុង​ឪពុកម្ដាយ​បាន​រស់​ស្រួល ព្រមទាំង​បាន​ជូន​កាដូ​ជាទី​គាប់ចិត្ត​ដល់​អ្នក​ពន្ធ​បទ​ភ្លេង​ឱ្យ​នាង​ទៀតផង។

    1. ជេន​នី​ហ្វ័​រ ឃីម

    ជា​តារាចម្រៀង​ដែល​ឆ្លងកាត់​ការប្រឡង​ចម្រៀង និង​និពន្ធ​ចម្រៀង​បាន​មួយ​បទ ដោយ​ទទួលបាន​ការគាំទ្រ​ជាខ្លាំង ហើយ​ចម្រៀង​របស់​នាង​ត្រូវបាន​យកទៅ​ធ្វើជា​បទ​ចម្រៀង​នៅក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​ដែល​ចម្រៀង​នោះ​មាន​ចំណងជើង​ថា “คิดถึงเธอทุกที ” ( ឃិត​ធឹង​ធឺ​ធុ​ក​ធី) មានន័យ​ជា​ភាសា​ខ្មែរ​ថា នឹក​បង​គ្រប់​ទីកន្លែង។ បន្ទាប់មកទៀត​សង្កេតឃើញថា តារា​ស្រី​រូបនេះ ហាក់បីដូចជា​ស្ងាត់​ការនិពន្ធ​បទ​ចម្រៀង បែរមក​ច្រៀង​បទ​បរទេស​ច្រើនជាង​បទ​ថៃ​ទៅវិញ។

    1. ប៉ើ​ន ប៉ៈ​ថុ​ម​រ៉ា​ត

    ជា​តារាចម្រៀង​ដែលមាន​សមត្ថភាព​តាក់តែង​និពន្ធ​ទំនុកច្រៀង បទ​ភ្លេង លេង​ឧបករណ៍​តន្ត្រី និង​មាន​សមត្ថភាព​ជាច្រើន​ទៀត ដែល​លោក​ចាប់ផ្តើម​ទទួលបាន​ភាពល្បីល្បាញ និង​ការគាំទ្រ​ចេញពី​ការ​បង្ហោះ​ឃ្លិប​វីដេអូ​ចម្រៀង​នៅលើ​បណ្ដាញ​សង្គម Facebook រហូត​បាន​ក្លាយជា​តារា Net Idol ដែលមាន​អ្នកគាំទ្រ និង​ទស្សនា100លាន​វី​យូ (Views) ដែល​បទ​ចម្រៀង​របស់​លោក​មាន​ចំណងជើង​ថា “อ้ายมีเหตุผล”(អាយ​មី​ហេ​ត​ផុន) មានន័យថា បង​មាន​ហេតុផល ដែលមាន​នៅក្នុង​ផលិតកម្ម RSiam។

    1. ចាក់ នុង​ផៈ​នី

    មាន​មនុស្ស​ជាច្រើន​ធ្លាប់​ស្គាល់​នាង​ថា ចាក់ អា​ស្យាម ជា​តារាចម្រៀង​សិច​ស៊ី និង​មាន​ក្បាច់​រាំ​ស្រើបស្រាល​បំផុត ក៏ប៉ុន្ដែ​នាង ត្រូវបាន​អ្នកគាំទ្រ​ស្គាល់​ដំបូងបង្អស់​តាមរយៈ​បទ​ចម្រៀង​របស់​តារា​កំប្លែង នាយ ជេ​ត ដែល​នាង​គ្រាន់តែ​ជា Dancer នៅក្នុង​វីដេអូ​ចម្រៀង​តែប៉ុណ្ណោះ។

    1. កង ហួយ​រ៉ៃ

    ជា​តារាចម្រៀង​ដែល​ល្បីល្បាញ​តាមរយៈ​បណ្ដាញ​សង្គម Youtubeដែល​ដំបូង​ឡើយ​លោក​បាន​បង្ហោះ​បទ​ចម្រៀង​តែង​និពន្ធ​ថ្មី​របស់លោក ដែលមាន​ចំណងជើង​ថា “ไสว่าสิบ่ถิ่มกัน” (សៃ​វ៉ា​ស៊ិ​ប​ធី​មកា​ន់) ដែល​បទ​ខ្មែរ​យើង​បាន​យកមក​ច្រៀង​ផងដែរ គឺមាន​ចំណងជើង​ថា “ស៊ី​បាន​ចេះតែ​ស៊ី​ទៅ។ តារាចម្រៀង​វ័យ27ឆ្នាំ​រូបនេះ មាន​សមត្ថភាព​ខាង​ផ្នែក​សិល្បៈ​ជាច្រើន​ជំនាញ ហើយថ្មីៗនេះ លោក​បាន​សម្ដែង​រឿង​ភាគ​នៅតាម​បុ​៉​ស្តិ៍​ទូរទស្សន៍​ទៀតផង។

    1. ប៉េ​ក ផៈលិត​ឆូ​គ

    តារាចម្រៀង​រូបនេះ ជា​តារាចម្រៀង ដែល​និពន្ធ​បទ​ភ្លេង និង​ចម្រៀង​ដោយ​ខ្លួនឯង​ផ្ទាល់ មាន​ស្នាមញញឹម​ស្រស់​សង្ហា ហើយ​លោក​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នៅពេលដែល​ចូលទៅ​ប្រលង​ក្នុង​កម្មវិធី The Mask Singer ហើយ​លោក​ក៏បាន​យក​បទ​ចម្រៀង​ដែល​លោក​និពន្ធ​ទៅ​ប្រលង​ផងដែរ ដែល​បទ​នោះ​មាន​ចំណងជើង​ថា “Love On Top” និង​បទ “Versace on The Floor”៕

  • Xiaomi គ្រោង​ចេញលក់ IPO ក្នុងតម្លៃ 100ពាន់​លាន​ដុល្លារ​អាមេរិក

    Xiaomi គ្រោង​ចេញលក់ IPO ក្នុងតម្លៃ 100ពាន់​លាន​ដុល្លារ​អាមេរិក

    ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​មួយ​របស់​ចិន Xiaomi Corp បានជ្រើសរើស​យក Morgan Stanley និង Goldman Sachs Group Inc សម្រាប់​ធ្វើជា​ធនាគារ​អន្តរជាតិ និង​ជា​ដៃគូ​សហការ​ក្នុងការ​ចេញលក់ IPO ដែល​ត្រូវបាន​គេ​ដឹងថា មានតម្លៃ​រហូតដល់ 100ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​ការបញ្ជាក់​ឱ្យដឹងពី​ប្រភព​ជិតស្និទ្ធ។

    សារព័ត៌មាន​ហិរញ្ញវត្ថុ Bloomberg បាន​ចុះផ្សាយ​ថា ក្រោយពី Morgan Stanley និង Goldman Sachs Group Inc នៅមាន​ធនាគារ Credit Suisse Group AG និង Deutsche Bank AG ផងដែរ ដែល​ត្រូវបាន Xiaomi ជ្រើសរើស​ធ្វើជា​ដៃគូ​ក្នុង​ការចេញលក់ IPO ដោយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន​មួយ​នេះ មានកំណត់​គោលដៅ​លក់ IPO ឱ្យបាន 100ពាន់​លាន​ដុល្លារ​អាមេរិក។

    ការកំណត់​តម្លៃ IPO នេះ​ត្រូវបាន​គេ​មើលឃើញថា ជា​តម្លៃ​មួយ​ដ៏​ខ្ពស់បំផុត​សម្រាប់​ក្រុមហ៊ុន​ចិន ព្រោះ​កាលពី​ឆ្នាំ 2014 ក្រុមហ៊ុន Alibaba លក់បាន​ត្រឹមតែ 25ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ចចាមអារ៉ាម​នេះ​ផងដែរ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Xiaomi និង​ធនាគារ Morgan Stanley ព្រមទាំង Deutsche Bank បាន​ចេញមុខ​ច្រានចោល​ថា ជា​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​មិនបាន​បញ្ជាក់​អ្វី​ឱ្យ​លម្អិត​ជាង​នេះឡើយ៕

  • ខួរ​ជ្រូក​ចំហុយ ជាមួយ​ផ្សិត 5មុខ

    ខួរ​ជ្រូក​ចំហុយ ជាមួយ​ផ្សិត 5មុខ

    ស៊ុប​សុខភាព​ពី​អាហា​រដ្ឋា​ន គ្រួសារ​រីករាយ ដែល​ស្ថិតនៅ​លើផ្លូវ​កោសដូង​វិញ​ម្តង ដើម្បី​ជូន​ដល់បងៗមេផ្ទះ​ទាំងអស់​រៀន​ធ្វើ គឺ មុខម្ហូប “ខួរ​ជ្រូក​ចំហុយ​ជាមួយ​ផ្សិត5មុខ” ដែល​ល្អ​ចំពោះ​សុខភាព​របស់​អ្នក និង​សមាជិកគ្រួសារ​នា​ខែរងា​នេះ​តែម្តង។ ដូច្នេះ​សូម​តាមដាន​ពី​គ្រឿងផ្សំ និង​របៀប​ធ្វើ​ដូចតទៅ។

    គ្រឿងផ្សំ

    -ខួរ​ជ្រូក 200ក្រាម
    -ផ្សិត​ម្ជុល 20ក្រាម
    -ផ្សិត​ក្តាម​ខ្មៅ 20ក្រាម
    -ផ្សិត​ភ្លៅ​មាន់ 20ក្រាម
    -ផ្សិត​ព្រិល 20ក្រាម
    -ផ្សិតចំបើង 20ក្រាម
    -ស្ករស 1ស្លាបព្រា​កាហ្វេ
    -ស៊ុប​ដុំ​ខ្នរ 1ដុំ
    -ខ្លឹម​ស 5កំពឹស
    -ជី​វ៉ាន់ស៊ុយ
    -ខ្ញី
    -ប្រេច​ខ្ចី
    -ម្រេចខ្មៅ​ម៉ដ្ឋ

    របៀប​ធ្វើ

    ដំបូង​ត្រូវ​លាង​ខួរ​ជ្រូក​ឱ្យ​ស្អាត រួច​បកសម្បក​ខាងក្រៅ​ចេញ។ បន្ទាប់មក​ស្រុះ​ផ្សិត​ទាំងអស់​ចោល​មួយ​ទឹក​សិន។ ចាក់ទឹក​ចូលក្នុង​ឆ្នាំង រួច​ដំ​ខ្ទឹមស​ជាមួយ​ម្រេច​ខ្ចី​ចូល ហើយ​ហាន់​ខ្ញី​ជាចំណិតៗ ដាក់ចូល​ទៅក្នុង​ឆ្នាំង។ រួច​ដាក់​ឆ្នាំង​ដាំ​នៅលើ​ភ្លើង​រហូត​ដល់ពេល​ទឹក​ពុះតិចៗ សឹម​ចាក់​ខួរ​ជ្រូក​ចូល ហើយ​បើកភ្លើង​ឱ្យ​ខ្លាំង​ល្មម។ នៅពេល​ខួរ​ជ្រូក​ឆ្អិន ចូរ​ដាក់​ផ្សិត​ទាំង5មុខ​ចូល រួច​ដាក់​ស្ករស និង​ដុំ​ស៊ុប​ខ្នរ​ចូល។ រំងាស់​ខួរ​ជ្រូក​រហូតដល់​ពុះ សឹម​ចាក់​ដាក់​ក្នុង​ចាន រួច​រោយ​ជី​វ៉ាន់ស៊ុយ និង​ម្រេចខ្មៅ​ម៉ដ្ឋ​ពីលើ​ជាការ​ស្រេច។ ឬ​អ្នក​អាច​បន្ថែម​ពង​គ្រួច​ស្ងោរ ឬ​ពង​ទា​នៅក្នុង​ទឹក​ស៊ុប​គឺ​កាន់តែ​ឆ្ងាញ់​ពិសា៕

  • កា​រវិ​វដ្ត​កាន់តែ​ទំនើប និង​កាន់តែ​ងាយស្រួល​ជាមួយ​ទូរ​ទឹកកក LG InstaView ThinQ™ Amazon Alexabuilt

    កា​រវិ​វដ្ត​កាន់តែ​ទំនើប និង​កាន់តែ​ងាយស្រួល​ជាមួយ​ទូរ​ទឹកកក LG InstaView ThinQ™ Amazon Alexabuilt

    មុខងារពិសេសៗរបស់ ទូរ​ទឹកកក  LG InstaView ThinQ™ មានដូចជា៖

    ភ្ជាប់​ជាមួយ​កម្មវិធី​ទិញ​ទំនិញ​របស់ Amazon Alexa

    ជាមួយ​កម្មវិធី​ទិញ​ទំនិញ​របស់ Amazon Alexa ដែល​ភ្ជាប់​ស្រាប់​ក្នុង​ទូរ​ទឹកកក LG InstaView ThinQ™អ្នកប្រើប្រាស់​អាច​ទិញ​បន្លែ សាច់ ស្តាប់​តន្ត្រី ត្រួតពិនិត្យ​អាកាសធាតុ បង្កើត​តារាង​ទិញ​ទំនិញ គ្រប់គ្រង​កាលវិភាគ​នៅលើ​ទូរ​ទឹកកក​តាមរយៈ​សម្លេង​និយាយ។ មិន​ត្រឹមតែ​បុ​ណ្ណោះ​អ្នកប្រើប្រាស់​ក៏​អាចបង្កើត​កាលបរិច្ឆេទ​ផុតកំណត់​ប្រើប្រាស់​របស់​ចំនីអាហារ និង​បង្កើត​កំនត់សំគាល់ផ្សេងៗសម្រាប់​គ្រួសារ​នៅលើ​អេក្រង់ LCD ទំហំ 29 អ៊ីង​របស់​ទូរ​ទឹកកក​បាន​ផងដែរ។

    ការបញ្ជា​អោយ​ដំណើរការ​មុខងារផ្សេងៗដោយ Smartphone

    ទូរ​ទឹកកក  LG InstaView ThinQ™ អាច​ដំណើរ​ការបញ្ជា​ដោយ​ស្មា​ត​ហ្វូ​ន​តាមរយះ LG SmartThinQ™ app ដេ​ល​មាន​ស្រាប់​ក្នុង​ទូរ​ទឹកកក ដូច្នោះ​អ្នកប្រើប្រាស់​អាចបង្កើត​តារាង​ទិញ​ទំនិញ​យ៉ាង​ជាក់​លា់​មួយ ឬក៏​បញ្ចូល​រូបភាប​ទៅក្នុង​ទូរ​ទឹកកក​តាមរយះ​ទូរ​សព្ទ​បាន លើសពីនេះ​យើង​ក៏​អាច​ប្រើ​ទួ​រ​សព្ទ​ក្នុងការ​ត្រួតពិនិត្យ​ម​មុខងារ ឬ​ទំនិញផ្សេងៗដែល​បាន​ផ្លាស់​សេ​ទុក​ក្នុង​ទូរ​ទឹកកក​គ្រប់ពេល។

    ងាយស្រួល​ក្នុងការ​ពិនិត្យមើល​ចំនីអាហារ​នៅ​ខាងក្នុង

    ភាព​ឆ្នៃប្រឌិត​នៃ​ទ្វា​ថ្លា​របស់​ទូទឹកកក  LG InstaView ThinQ™ អាចអោយ​អ្នកប្រើប្រាស់​ត្រួតពិនិត្យ​ចំនីអាហា​ដែល​រក្សាទុក​នៅ​ខាងក្នុង​ដោយ​មិនចាំបាច់​បើកទ្វា​នោះទេ ដោយ​អ្នកប្រើប្រាស់​គ្រាន់តែ​គោះ​នៅលើ​កញ្ចក់ LCD ពី​ដង​ជាការ​ស្រេច (2 Knocks)។

    កាត់បន្ថយ​ការបាត់បង់​ខ្យល​ត្រជាក់​រហូតដល់​ទៅ 41%

    ដោយសារតែ​ទូទឹកកក  LG InstaView ThinQ™ អនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់​អាច​ត្រួត​ពិនិត្យមើល​ចំនីអាហារ​រដែ​ល​នៅ​ខាងក្នុង​ដោយ​មិនចាំបាច់​បើកទ្វា ទើប​ជាហេតុ​ធ្វើអោយ​ការបាត់បង់​ខ្យល់​ត្រ​ជា​កើ​ត្រូវបាន​កាត់បន្ថយ។

    សន្សំសំចៃ​ថាមពល​ជាមួយ​រហូតដល់​ទៅ 32% ជាមួយ​បច្ចេកវិទ្យា Inverter Linear Compressor

    LG’s Inverter Linear Compressor បានធ្វើកា​រវិ​វដ្ត​ស្នូល​នៃ​ទូទឹកកក​ដែល​ផ្តល់នូវ​ការ​សន្សំសំចៃ​ថាមពល​រហូតដល់ 32% មាន​គុណភាព​ខ្ពស់​និង​សម​ត្តិ​ភាព​ក្នុងការ​រក្សា​សីតុណ្ហភាព​ល្អប្រសើរ​ដើម្បី​រក្សា​ចំនីអាហារ​ឱ្យបាន​ស្រស់​យូរ​ជាង​មុន។

    ទទួលស្គាល់​គុណភាព​ប្រើប្រាស់ 20ឆ្នាំ​ដោយ VDE (A World Renowned Testing Organization)

    VDE បានទទួល​ស្គាល់​លើ​គុណភាព​ប្រើប្រាស់​របស់ LG’s Inverter Linear Compressorរហូតដល់ 20ឆ្នាំ។ការសាកល្បង​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកលើ LG’s internal accelerated 20-year life-test protocol។

    រីករាយ​ជាមួយ​ការ​ស្តាប់​តន្ត្រី​គ្រប់ពេល​ចំអិន​អាហារ

    LG Bluetooth Audio ត្រូវបាន​ភ្ចា​ប់​នៅ​ខាងក្រោម​ផ្នែក​ខាងលើ​របស់​ទូរ​ទឹកកក ដូច្នោះ​សមាជិក​ក្នុង​គ្រួសារ​អាច​ភ្ជាប់​ទូរ​សព្ទ ឬ​ឧ​បករ​ណ៏​ផ្សេងទៀត​ទៅ​និង​ទូរ​ទឹកកក​តាមរយះ Bluetooth wireless។ The LG premium speakers sync ភ្ចា​ប់​ជាមួយនិង​ទូរ​សព្ទ​និង​ធ្វើអោយ​ផ្ទះបាយ​របស់​អ្នក​ក្លាយជា​កន្លែង​កំសាន្ត​គ្រប់ពេល​ចំអិន​អាហារ  អ្នកប្រើប្រាស់​អាច​ស្តាប់​តន្ត្រី​ដែល​គេ​ចូលចិត្ត និង​បន្ថែម​សម្លេង Video ជាមួយ Bluetooth Audio របស់ LG៕

  • វិស័យ​អាកាសចរណ៍​កម្ពុជា រំពឹង​លើ​ការតភ្ជាប់​ទៅក្នុង​តំបន់​កាន់តែច្រើន​ថែមទៀត

    វិស័យ​អាកាសចរណ៍​កម្ពុជា រំពឹង​លើ​ការតភ្ជាប់​ទៅក្នុង​តំបន់​កាន់តែច្រើន​ថែមទៀត

    ភ្នំពេញ៖ ខណៈពេលដែល​វិស័យ​អាកាសចរណ៍​កម្ពុជា​កំពុង​រួមចំណែក​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​រីកចម្រើន​លូតលាស់​នោះ មន្ត្រី​អាកាសចរណ៍​កម្ពុ​ជាមាន​សុទិដ្ឋិនិយម​ក្នុងការ​អភិវឌ្ឍ និង​មានការ​រីកចម្រើន​លូតលាស់​បន្ថែមទៀត ដោយ​ភ្ជាប់​ទីផ្សារ​កម្ពុជា​ទៅក្នុង​ទីផ្សារ​តំបន់ និង​អាស៊ី​ប៉ាស៊ីហ្វិក។

    រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន9 ហើយ​ដែល​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​រួមមាន ក្រុមហ៊ុន​ឧទ្ធម្ភាគចក្រ​ចំនួន 2 និង​ក្រុមហ៊ុន​យន្តហោះ​ស្លាប (Fixed Wing) ចំនួន 7 ក្រុមហ៊ុន។

    លោក ស៊ិន ចាន់​សិរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​អះអាងថា គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ2017 វិស័យ​អាកាសចរណ៍​កម្ពុជា​កំពុង​ក្លាយជា​ច្រក​ដ៏​សំខាន់​មួយ​ក្នុង​ការនាំ​កំណើនសេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​កំណើន​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​ជា​មធ្យម​មាន​ប្រមាណ​ជាង 10%  សម្រាប់​អ្នកដំណើរ​អន្តរជាតិ និង​ប្រមាណ​ជាង 20% សម្រាប់​អ្នកដំណើរ​ក្នុងស្រុក។

    លោក​បាន​អះអាងថា វិស័យ​អាកាសចរណ៍​កម្ពុជា​នៅមាន​សក្តានុពល​ដ៏​ច្រើន​ក្នុងការ​អភិវឌ្ឍ​រីកចម្រើន​ទៅកាន់​ប្រទេស​នានា​នៅក្នុង​តំបន់។ លោក មានប្រសាសន៍ថា៖ “យើង​មើលឃើញ​ទីផ្សារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នឹង​នាំមក​នូវ​កំណើន​ខ្ពស់ ហើយ​យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​ការរីកលូតលាស់​ដូច​បណ្តា​ប្រទេស​នានា​ដែរ។

    យោងតាម​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួល​បានការ​ចុះចត​យន្តហោះ​ជា​មធ្យម 55ជើង ក្នុង​មួយថ្ងៃ ចំណែក​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប មាន​ចំនួន​ជា​មធ្យម 57ជើង​ក្នុង1ថ្ងៃ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ជា​មធ្យម 8ជើង ក្នុង1ថ្ងៃ។

    លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បានឱ្យដឹងថា កម្ពុជា​នៅមាន​ឱកាស​ច្រើន​ក្នុងការ​អភិវឌ្ឍ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ដោយសារ​បច្ចុប្បន្ននេះ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ច្រក​ប្រទេស​ថៃ ដែលមាន​មធ្យោបាយ​ត​ភ្ជាប់​ទៅកាន់​ពិភពលោក​យ៉ាង​ទូលំទូលាយ។

    លោក ធួន ស៊ីណាន និយាយថា៖“ថៃ​ជា​ច្រក​សំខាន់​មួយ​របស់​កម្ពុជា ដោយសារ​យើង​គ្មាន​យន្តហោះ​ដែល​ភ្ជាប់​ត្រង់​ទៅកាន់​ទីក្រុងសំខាន់ៗទូទាំង​ពិភពលោក។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិន​យើង​ប្រៀបធៀប​កាលពី 3ឆ្នាំមុន យើង​បាន​ប្រសើរឡើង​ច្រើន​ហើយ ដោយសារ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​បាន​ភ្ជាប់​ការហោះហើរ​ទៅក្នុង​ប្រទេស​ក្នុង​តំបន់។

    វិស័យ​អាកាសចរណ៍ គឺជា​កម្លាំងចលករ​ដ៏​សំខាន់ Vital Engine មួយ​ក្នុងចំណោម​កម្លាំងចលក​រសំខាន់ៗ សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច (Socio-economic growth) ក្នុងនោះ វិស័យនេះ​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​មាន​ចំនួន 1.7 លាន​ការងារ​ស្មើនឹង 20% នៃ​ចំនួន​ការងារ​សរុប​របស់​ប្រទេស​កម្ពុជា និង​បានផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ស្មើនឹង 17% នៃ​ផសស។ គាំទ្រ និង​ជំរុញ (ធ្វើ​ឲ្យ​មាន​កំណើន) ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម។ គាំទ្រ និង​ជំរុញ​ដល់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) និង​ធុរកិច្ច​ក្នុងស្រុក។ នេះ​បើ​យោងតាម​ការបញ្ជាក់​ហេតុផល​ពី​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា៕

  • Walcott ពិនិត្យ​សុខភាព​ជាមួយ  Everton មុននឹង​ផ្ទេរ​ចេញពី​ក្លិប Arsenal

    Walcott ពិនិត្យ​សុខភាព​ជាមួយ  Everton មុននឹង​ផ្ទេរ​ចេញពី​ក្លិប Arsenal

    ខ្សែប្រយុទ្ធ Theo Walcott បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Merseyside និង​កំពុងតែ​ពិនិត្យ​សុខភាព​ជាមួយនឹង​ក្លិប Everton មុនពេល​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ​ពី​ក្លិប Arsenal។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ទូរទស្សន៍ Sky Sports។

    Walcott ត្រូវបាន​គេ​ឃើញ​ដើរចូល​ទៅកាន់​ទីលាន​ហ្វឹកហាត់ Finch Farm របស់​ក្លិប Everton កាលពី​ល្ងាច​ថ្ងៃ​អង្គារ ហើយ​បច្ចុប្បន្នកំពុង​តែពិនិត្យ​សុខភាព​មុនពេល​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ ខណៈដែល​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ​រូបនេះ​មាន​ចំនួន 20លាន​ផោន (ស្មើនឹង 28លាន​ដុល្លារ​អាមេរិក)។ កាលពី​សប្តាហ៍​មុន លោក Sam Allardyce គ្រូបង្វឹក​របស់ Everton បាន​បញ្ជាក់ថា ក្លិប​ទូកក្តោង​មួយ​នេះ កំពុងតែធ្វើការ​ចរចា​រឿងផ្សេងៗជាមួយនឹង​ក្លិប Arsenal ជុំវិញ​ការទិញ​យក Walcott ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​កាំភ្លើង​ធំ ចាប់តាំងពី​ផ្ទេរ​ចេញពី​ក្លិប Southampton កាលពី​ឆ្នាំ2006។

    លោក Allardyce បានឱ្យដឹងថា៖ «ល្បឿន​របស់គេ គឺជា​ចំណុច​មួយ​នៃ​ភាពខ្លាំង​របស់គេ ដែល​យើង​ខ្វះ​នៅក្នុង​ក្រុម​នេះ។ យើង​ខ្វះ​គ្រាប់​បាល់ ហេតុនេះ ការបន្ថែម​ភាពខ្លាំង​លើ​សមត្ថភាព​នៃ​ការរក​គ្រាប់​បាល់​របស់​យើង គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​ខ្ញុំ»។ Walcott ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី 108គ្រាប់ ក្នុងការ​ប្រកួត 397លើក​សម្រាប់​ក្រុម Arsenal នោះ គឺជា​កីឡាករ​ក្រៅ​តម្រូវការ នៅឯ​កីឡដ្ឋាន Emirates ក្រោយពី​បានបង្ហាញ​ខ្លួន​ត្រឹមតែ 16លើក​គត់​នៅ​រដូវ​កាល​នេះ។

    Southampton ក៏​ចង់​នាំយក​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូបនេះ​ត្រឡប់​ទៅកាន់​ក្លិប​របស់​ពួកគេ​ផងដែរ ប៉ុន្តែ បច្ចុប្បន្ន វា​ហាក់​បង្ហាញថា Everton បានទទួល​ជ័យជម្នះ​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Walcott វ័យ 28ឆ្នាំ​ហើយ៕

    ប្រភពពី៖ Sky Sports

  • ការចិញ្ចឹម​មាន់​តាមបែប​ធម្មជាតិ​កំពុងមាន​ទីផ្សារ​ខ្លាំង

    ការចិញ្ចឹម​មាន់​តាមបែប​ធម្មជាតិ​កំពុងមាន​ទីផ្សារ​ខ្លាំង

    ស្របពេល​ដែលមាន់​កសិក​ម្ម​ដែល​គេ​ដឹង​ជាទូទៅ​ថា មាន​ផ្ទុក​សារធាតុ​គីមី មិនសូវមាន​រសជាតិ​ឆ្ងាញ់ និង​មិនសូវមាន​ការគាំទ្រ​នៅលើ​ទីផ្សារ​ផង​នោះ បុរស​ខ្មែរ​ម្នា​ក់បាន​បោះបង់​ការងារ​ក្នុង​ការិយាល័យ និង​បែរមក​ចិញ្ចឹម​មាន់​តាមរបៀប​ធម្មជាតិ​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ។

    លោក ជួង វៃ កសិករ​ចិញ្ចឹម​មាន់​តាមរបៀប​ធម្មជាតិ​នៅក្នុង​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​ខេត្តកណ្តាល ដែល​អាច​ចាត់ទុកថា​ជា​កសិករ​គំរូ​ម្នាក់​ដែរនោះ​បាន​ប្រាប់​ឱ្យដឹងថា លោក​បានចាប់ផ្តើម​រប​រ​ចិញ្ចឹម​មាន់​ស្រែ​នេះ​ជាង3ឆ្នាំ​មកហើយ និង​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ ព្រោះ​ការចិញ្ចឹម​មាន់​របស់គាត់​នេះ​លក់​មិន​ទាំង​ទាន់​តាម​ការបញ្ជាទិញ​ផង ទាំង​ស៊ុត ទាំង​កូន​មាន់ ក៏ដូចជា​មាន់​ធំ​ផងដែរ។

    បុរស​ខាងលើនេះ​បន្តថា មុននឹង​ងាក​មក​ធ្វើជា​កសិករ​នេះ លោក​ធ្លាប់​ធ្វើការ​នៅក្នុង​អង្គការក្រៅរដ្ឋាភិបាល​មួយ ហើយក៏​ធ្លាប់ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មួយ​ផងដែរ ប៉ុន្តែ​ក្រោយមក​ដោយ​ចាប់អារម្មណ៍​លើ​ការងារ​កសិកម្ម​ខាងលើ លោក​ក៏​ឈប់​បម្រើការ​នៅ​ស្ថាប័ន​នោះ ដោយ​បែរមក​ចិញ្ចឹមសត្វ​រហូតមកទល់​ប​ច្ចុ​ប្បន្ន។ លោក​ថា ដំបូង​ក្រុមគ្រួសារ​របស់លោក​ចិញ្ចឹម​ជ្រូក​ទេ តែដោយសារ​តម្លៃ​ជ្រូក​មិនមាន​លំនឹង ហើយ​សម្លឹង​មើលឃើញថា​មាន់​ស្រែ​ហាក់ដូច​ជាមាន​ទីផ្សារ​ទូ​លំ​ទូលាយ​ជាង និង​លក់បាន​ថ្លៃ​ផង​នោះ ក៏​សម្រេចចិត្ត​ងាក​មក​ចិញ្ចឹម​មាន់​លក់​វិញ​ម្ដង។ កសិករ​រូបនេះ​បានឱ្យដឹង​ដែរ​ថា សព្វថ្ងៃ​លោក​ចិញ្ចឹម​មាន់​ស្រែ លក់​ស៊ុត កូន និង​មាន់​សាច់ ដែល​បច្ចុប្បន្ននេះ​ចិញ្ចឹម​លក់​ឱ្យ​ម៉ូយ​ស្ទើរតែ​មិនទាន់ ហើយ​លោក​ក៏មាន​គម្រោង​ពង្រីក​មុខរបរ​នេះ​បន្ថែមទៀត​នៅពេល​ខាងមុខ​ដែរ។

    មាន់​ស្រែ​ធន់​នឹង​ជំងឺ មិន​ពិបាក​ថែទាំ ចំណាយ​ទុន​តិច ចំណេញ​ច្រើន ហើយ​ចិញ្ចឹម​តែ75ថ្ងៃ​ទៅ90ថ្ងៃ​ប៉ុណ្ណោះ គឺអាច​បាន​ទម្ងន់​ពី1.5 ទៅ1.7គីឡូក្រាម​ក្នុង​មួយ​ក្បាល និង​អាច​លក់បាន​ពី19,000រៀល​ទៅ23,000រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​មាន​ប៉ុន្មាន​ក៏​លក់​មិន​គ្រាន់​ដែរ ព្រោះ​អតិថិជន​កំពុង​គាំទ្រ​ខ្លាំង ដោយសារ​តែមាន​រសជាតិ​ឆ្ងាញ់​ជាង​មាន់​កសិកម្ម និង​ចិញ្ចឹម​តាម​គោលការណ៍​ធម្មជាតិ។ ចំណែក​ស៊ុត​វិញ លក់1គ្រាប់​តម្លៃ1500រៀល ហើយ​បើ​កូន​ដែលមាន​អាយុ21ថ្ងៃ​ដែល​ចាក់​វ៉ាក់សាំង​រួចហើយ​វិញ​នោះ លក់​មួយ​ក្បាល​តម្លៃ6,000រៀល។

    មាន់​ស្រែ​ធម្មជាតិ​នេះ​មិនចាំបាច់​ចាប់​យកទៅលក់​នៅ​ផ្សារ​ដោយ​ខ្លួនឯង​ទេ គឺមាន​ឈ្មួញកណ្តាល​មក​ទទួលយក​ដល់​កន្លែង​តែម្ដង។ លោក​បញ្ជាក់​បន្ថែមថា មាន់​ស្រែ​មិន​ពិបាក​ថែទាំ​ដូច​មាន់​កសិកម្ម​ទេ ឯ​ដើមទុន​ក៏​ចំណាយ​តិច​ដែរ ក្នុង​មួយ​ក្បាល​ចាប់ពី​ចិញ្ចឹម​រហូតដល់​ចាប់​លក់​គឺ ចំណាយ​ប្រាក់​អស់​ប្រមាណ​តែ 12,000រៀល​ប៉ុណ្ណោះ ហើយ​អាច​លក់បាន​ក្នុង1ក្បាល​ពី25,000 ទៅ 27,000រៀល។

    លោក ជួង វៃ ក៏បាន​ប្រាប់​អំពី​របៀប​ចិញ្ចឹម និង​ថែទាំ​ផងដែរ​ថា មាន់​ស្រែ​ស្រួល​ថែ​ណាស់​ហើយ​ចំណី​ទៀតសោត​ក៏​ស្រួល​រក​ដែរ គឺ​គ្រាន់តែ​យក​កន្ទក់​លាយ​ជាមួយ​ចុងអង្ករ និង​ស្រូវ​ត្រាំ លាយ​ច្របល់​ជាមួយ​ម្សៅ​ត្រី បន្លែ​ត្រកួន​ដាក់ឱ្យ​ស៊ី​មួយថ្ងៃ2ដង និង​ដាក់​ទឹក​ឱ្យ​ផឹក​ប៉ុណ្ណោះ ហើយក៏​មិនចាំបាច់​ធ្វើ​ទ្រុង​ឱ្យ​ផុតពី​ដី​នោះដែរ គ្រាន់តែ​យក​អង្កាម​មក​ក្រាល​ពីក្រោម ហើយពីរ​ទៅ​បី​ថ្ងៃ​កើប​ចេញ​ម្តង ឯ​លាមក និង​អង្កាម​នោះ​វិញ​គឺ​លក់បាន​ប្រា​ក់ទៀត ក្នុង1បាវ 5000រៀល​ផងដែរ។ ប្រសិនបើ​ចង់​ចិញ្ចឹម​មាន់​ស្រែ​ជោគជ័យ ត្រូវតែ​ចេះ​ជ្រើសរើស​ពូជ​សុទ្ធ និង​ធំ និង​ចាក់​វ៉ាក់សាំង​ការពារ​ពេល​វា​នៅ​តូច​ឱ្យបាន​គ្រប់4លើក ទើប​មាន់​ឈ្នះ​ជំងឺ៕

  • ស្វែងយល់​ពី​រុក្ខជាតិ​បន្លែ​ដែល​អាច​សម្លាប់​កោសិកា​មេរោគ​មហារីក​បាន​ក្នុង​រយៈពេល 16ម៉ោង

    ស្វែងយល់​ពី​រុក្ខជាតិ​បន្លែ​ដែល​អាច​សម្លាប់​កោសិកា​មេរោគ​មហារីក​បាន​ក្នុង​រយៈពេល 16ម៉ោង

    តាមរយៈ​ការចេញផ្សាយ​របស់​គេហ​ទំព័រ​សុខភាព​មួយ​បានឱ្យដឹងថា ជនជាតិ​ចិន​បាន​រកឃើញថា បន្លែ​តាំងអោ ឬ​ភាសា​ចិន​ហៅថា Qinghao Su និង​ភាសា​អង់គ្លេស​ហៅថា Artemisinin មាន​សម្បូរ​ទៅដោយ​សារធាតុ Artemisinin អាចជួយ​សម្លាប់​កោសិកា​មេរោគ​មហារីក​សុដន់​បាន​រហូតដល់​ទៅ 98% និង​អាចជួយ​ប្រយុទ្ធប្រឆាំង​ជាមួយ​កោសិកា​មហារីក​ផ្សេងទៀត​បាន​ដូចគ្នា នៅក្នុង​រយៈពេល 16ម៉ោង​តែប៉ុណ្ណោះ។

    អ្នកវិទ្យាសាស្ត្រ​ជីវវិទ្យា និង​ក្រុម​អ្នកជំនាញ​ឱសថ​បុរាណ បានធ្វើ​ស្រាវជ្រាវ​ចំពោះ​រុក្ខជាតិ​បន្លែ​ប្រភេទ​នេះ និង​បាន​អះអាងថា រុក្ខជាតិ​បន្លែ​មួយ​ប្រភេទ​នេះ​មាន​សម្បូរ​ទៅដោយ​សារធាតុ Artemisinin ដល់​ទៅ28%ដែល​វា​មាន​សមត្ថភាព​កម្ចាត់ និង​សម្លាប់​កោសិកា​មហារីក​សុដន់ ថែមទាំង​បង្អាក់ដំណើរ​ការកកើត​របស់​កោសិកា​មហារីក​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ។ អ្វីដែល​សំខាន់បំផុត​នោះ​គឺ​សារធាតុ​នៅក្នុង​ដើម​តាំងអោ មិនបាន​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​អាក្រក់​ណាមួយ​ចំពោះ​សុខភាព​របស់​យើង​ឡើយ ជាពិសេស​ចំពោះ​កោសិកា​ដទៃទៀត​នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង។

    ជាមួយគ្នានេះដែរ ខាង​ផ្នែក​គ្រូថ្នាំ​បុរាណ​ចិន​បាន​ប្រាប់​ពី​ការប្រើប្រាស់ ទទួលទាន និង​គុណប្រយោជន៍​របស់​បន្លែ​តាំងអោ​ថា អាច​ចាត់ទុកបាន​ថា រាប់ពាន់​ឆ្នាំ​មកហើយ បន្លែ​មួយ​ប្រភេទ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុដែក និង​សម្រាប់​សម្លាប់​ប៉ារ៉ាស៊ីត​បាន​យ៉ាង​ល្អប្រសើរ។ សារធាតុ​ដែក​ដែល​ចូលទៅ​បន្សំ​នៅក្នុង​កោសិកា​មហារីក និង​ជួយ​ព្យាបាល​និង​ពន្យារ​ស្ថិរភាព​របស់​ជំងឺមហារីក ដែលជា​ហេតុ​បណ្ដាលឱ្យ​កោសិកា​រោគ​ត្រឡប់មក​មាន​ភាព​ដូច​ធម្មតា​ឡើងវិញ ហើយ​ក្រៅពីនេះ ការរួមបញ្ចូល​ខ្លួន​របស់​សា​ធាតុដែក និង​សារធាតុ Artemisinin គឺ​វា​មាន​ភាពល្អប្រសើរ​ក្នុងការ​សម្លាប់​កោសិកា​មហារីក។ ការលើកឡើង​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​នៅ​ទីក្រុង ញូវយ៉ក ក៏បាន​ប្រាប់ថា ដើម​តាំងអោ អាច​រារាំង​ការបង្កើត​ម៉ូលេគុល E2F1 ដែលជា​ដំណើរការ​កកើត​របស់​កោសិកា​មហារីក​សុដន់ ថែមទាំង​ជួយ​បង្អាក់​ការរីកលូតលាស់​របស់​កោសិកា​មហារីក​ដទៃទៀត​បាន​យ៉ាង​ល្អ​ទៀតផង។

    រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ មាន​មនុស្ស​ជាច្រើន​នាក់​ណាស់​ដែល​បាន​មើលរំលង​ពី​គុណប្រយោជន៍​របស់​បន្លែ “តាំងអោ” ដោយ​មិន​បានដឹង​ពី​តម្លៃ​របស់​វា​ចំពោះ​សុខភាព និង​ការការពារ​ពី​ជំងឺមហារីក។ ដើម​តាំងអោ មិន​ត្រឹមតែ​អាចជួយ​ដល់​សុខភាព​របស់​យើង​ឡើយ វា​ក៏​អាចជួយ​បង្កើន​ប្រាក់ចំណូល​ពី​ការដាំដុះ​របស់​បងប្អូន​ប្រជាកសិករ​ផងដែរ ព្រោះថា បន្លែ​មួយ​ប្រភេទ​នេះ មានតម្លៃ​ថ្លៃ​សមរម្យ​នៅលើ​ទីផ្សារ៕

  • ឆ្នាំ2017 កំណើន GDP ប្រជាជន​កម្ពុជា​ម្នាក់​មាន​ចំនួន1,434 ដុល្លារ

    ឆ្នាំ2017 កំណើន GDP ប្រជាជន​កម្ពុជា​ម្នាក់​មាន​ចំនួន1,434 ដុល្លារ

    ស្ថិតក្នុង​បរិស្ថាន​អំណោយផល​ពី​កំណើនសេដ្ឋកិច្ច​ពិភពលោក សេដ្ឋកិច្ចកម្ពុជា​បាន​កើនឡើង​ប្រមាណ​ជា6.9% នៅ​ឆ្នាំ2017 ទាប​ជាង​ឆ្នាំ2016 បន្តិច​ចំនួន7.0%។ កត្តា​នេះ​បានធ្វើឱ្យ​កំណើន​ផលិតផល​សរុប​ក្នុងស្រុក(GDP)កើនឡើង​ប្រមាណ​ជា 89ទ្រី​លាន​រៀល ស្មើនឹង22ប៊ី​លាន​ដុល្លារ​អាមេរិក​ដែលនាំឱ្យ​ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​កើនឡើង​ដល់1,434ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017កន្លងទៅ។

    ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​មានប្រសាសន៍​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ2017 និង​លើក​ទិសដៅ​ការងារ​ឆ្នាំ 2018កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា កំណើន​នេះ​ត្រូវបាន​គាំទ្រចម្បងៗដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍​រឹងមាំ​ស្រប​ពេលដែល​ចលនា​នៃ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​នាំចេញ​កំពុង​ត្រូវបាន​លើកកម្ពស់។

    វិស័យ​កសិកម្ម​មាន​ស្ថាន​ភាពល្អ​ជាង​ឆ្នាំ​កន្លងទៅ ដោយមាន​កំណើន​ប្រមាណ​ជា1.5% ធៀប​នឹង​ឆ្នាំ2016មាន​ចំនួន1.4% បន្ទាប់ពី​មាន​កំណើន​ទាប​បំផុត​នៅ​ឆ្នាំ2015 គឺ​ចំនួន0.2%ក្នុងអំឡុងពេល 10ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​នៅតែ​បន្ត​រួមចំណែក​តិចតួច​ក្នុង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប(GDP)0.3%។

    កំណើន​នេះ​សម្រេចបាន​ដោយ​សារភាព​អំណោយផល​ជាង​មុន​នៃ​កត្តា​អាកាសធាតុ និង​ការកើនឡើង​នៃ​ផលិតកម្ម​ដំណាំ ជាពិសេស​ស្រូវ និង​ជលផល គួបផ្សំ​នឹង​ការបង្កើន​ចំណាយ​លើ​វិស័យនេះ​របស់​រដ្ឋាភិបាល​ដែល​កើនឡើង17% និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង4%។ បរិមាណ​ស្រូវ​ដែលមាន​ចំណែក​ធំធេង​ក្នុង​វិស័យ​កសិកម្ម 59% បាន​កើនឡើង6.6% ដល់​ប្រមាណ860ពាន់​តោន ធៀប​នឹង4%ក្នុង​ឆ្នាំ2016 ហើយ​ផល​នេសាទ​មាន​កំណើន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ2016 ក្នុង​អត្រា7%។

    ចំណែក​វិស័យ​ឧស្សាហកម្ម​សម្រេចបាន​កំណើន 10.5% គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​ក្នុង​វិស័យ​កាត់ដេរ រួមចំណែក1.4%នៃ​កំណើន​GDP វិស័យ​សំណង់​រួមចំណែក1.5%នៃ​GDP និងការរួមចំណែកច្រើនជាងមុននៃផលិតផលឧស្សាហកម្មមិនមែនសម្លៀកបំពាក់។ ក្នុងវិស័យកាត់ដេរ ការនាំចេញសម្លៀកបំពាក់សមាមាត្រ64%នៃការនាំចេញសរុបបានកើនដល់ប្រមាណជិត6ប៊ីលានដុល្លារអាមេរិកមានល្បឿនកំណើន8% យឺតជាងឆ្នាំមុនបន្តិច9% ខណៈដែលការនាំចេញស្បែកជើង សមាមាត្រ8% នៃការនាំចេញសរុបបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ប្រមាណ 700លានដុល្លារជាមួយនឹងអត្រាកំណើន 25% ធៀបនឹងពេលវេលាដូចគ្នា 16%។

    កំណើននៃការនាំចេញសម្លៀកបំពាក់បានគាំទ្រដោយការកើនឡើងនៃការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក2% ធៀបនឹងកំណើនអវិជ្ជមានឆ្នាំមុន9% និងប្រទេសជប៉ុនកើន15% ទោះជាការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែលជាទីផ្សារធំជាងគេរបស់កម្ពុជាថយចុះ16%ក៏ដោយ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រាក់ឈ្នួលអប្បបរមាកើនឡើងជាមធ្យម 9% ដល់ 153ដុល្លារអាមេរិកក្នុងឆ្នាំ2017 ក៏ប៉ុន្តែការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមានេះហាក់មិនទាន់មានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើវិស័យកាត់ដេរនៅឡើយទេ។

    កំណើនវិនិយោគបរទេសគួបផ្សំនឹងការធ្វើសមាហរណកម្មខ្សែចង្វាក់ផលិតកម្ម កម្ពុជាក៏ចាប់ផ្តើមបង្កើនការនាំចេញផលិតផលឧស្សាហកម្មមិនមែនវាយនភណ្ឌ ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងបរិក្ខារ និងបន្លាស់យានយន្តជាដើម។  រោងចក្រចក្ខុវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌបានកើនឡើងដល់ចំនួន127 ស្មើនឹង8%នៃចំនួនរោងចក្រសរុបក្នុងឆ្នាំ2012 ស្របពេលដែលការនាំចេញផលិតផលក្នុងវិស័យនេះកើនដល់454លានដុល្លារដែលមានកំណើន74% ធៀបនឹងរយៈពេលដូចគ្នា។ ការនាំចេញផលិតផលនេះមានសមាមាត្រស្មើនឹងប្រមាណ 8% នៃការនាំចេញសរុប។

    នៅក្នុងវិស័យសំណង់ ការហូរចូលនៃការវិនិយោគ និងកំណើនតម្រូវការ ជាពិសេសប្រជាជន ដែលមានចំណូលមធ្យមបានរួមចំណែកជំរុញឱ្យវិស័យនេះបន្តមានកំណើនខ្ពស់ ប៉ុន្តែក្នុងល្បឿនយឺតជាងមុន។ បើពិនិត្យមើលលើសូចនាករដែលបង្ហាញពីកំណើននៃវិស័យសំណង់ឃើញថា ការនាំចូលសម្ភារសំណង់មានការកើនឡើង36% យឺតជាងឆ្នាំមុន42% ដោយសារសំណង់ភាគច្រើនបានឈានដល់ការបញ្ចប់គម្រោងដែលបណ្តាលឱ្យការនាំចូលសម្ភារបរិក្ខារប្រើប្រាស់ផ្សេងៗ ដូចជាម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនភ្លើងជាដើមបានកើនឡើងជាបន្តបន្ទាប់ ជាមធ្យមក្នុងអត្រា40%។ ម្យ៉ាងទៀតកំណើនក្នុងវិស័យសំណង់ក៏បានរួមចំណែកគាំទ្រដោយកំណើនឥណទានចំពោះវិស័យនេះដែលបន្តមានកម្រិតខ្ពស់ក្នុងអត្រា35% ប្រហាក់ប្រហែល នឹងកម្រិតជាមធ្យម5ឆ្នាំចុងក្រោយនេះ ទោះបីកំណើនឥណទានជារួមបានថមថយក៏ដោយ។

    ចំពោះវិស័យសេវាកម្មមានកំណើន6.2% គាំទ្រដោយកំណើនភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងដល់5.5លាននាក់ជាមួយនឹងអត្រាកំណើន12% ខ្ពស់ជាង2ដងនៃកំណើនមធ្យមក្នុងរយៈពេល3ឆ្នាំចុងក្រោយ6%។ ចំណូលពីវិស័យទេសចរណ៍បានកើនដល់3.8ប៊ីលានដុល្លារអាមេរិក មានកំណើន17% ដែលរួមចំណែកដោយកំណើនខ្ពស់នៃភ្ញៀវទេសចរចិន46% ឡាវ48% ជប៉ុន7% ខណៈភ្ញៀវទេសចរមកពីប្រទេសដែលធ្លាប់រួមចំណែកធំបានថយចុះវិញ ដូចជាប្រទេសវៀតណាម-15% កូរ៉េខាងត្បូង-3% និងថៃ-5%៕