

តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី18 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា លោក Ki Hong Lee ជាតារាសម្ដែងកូរ៉េដែលបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តខ្នាតធំរបស់ហូលីវូដរឿង The Maze Runner ដែលសម្ដែងជាតួ មីន ហូ នោះ បានចេញមុខបកស្រាយរឿងប្រើប្រាស់ឈ្មោះជាភាសាកូរ៉េ ខណៈដែលខ្លួនជាតារាសម្ដែងហូលីវូដដ៏ល្បីឈ្មោះ តែមិនព្រមប្រើនាមត្រកូលអាមេរិក។

តារាសម្ដែងរូបនេះ បានផ្ដល់បទសម្ភាសជាមួយស្ថានីយទូរទស្សន៍មួយនៅក្នុងកម្មវិធី One Night of TV Entertainment ដោយលើកពីមូលហេតុថា «ខ្សែភាពយន្ដរឿង The Maze Runner ជាភាពយន្ដល្បីមួយ ការលំបាកបំផុតរបស់ខ្ញុំនៅក្នុងរឿងនេះគឺ ការរត់រហូតពេញមួយផ្ទៃរឿង និងមានផ្នែកជាច្រើននៃរឿងមិនស័ក្ដិសមនឹងខ្ញុំទាល់តែសោះ ហើយការដែលបានសម្ដែងជាតួ មីន ហូ គឺជាសំណាងល្អបំផុតរបស់ខ្ញុំហើយ»។ យ៉ាងណាមិញ លោកបានបន្ដថា «ការដែលប្រើប្រាស់ឈ្មោះជាភាសាកូរ៉េ មិនបានកែឈ្មោះដូចជាជនជាតិអាមេរិក ព្រោះនោះគឺជាឈ្មោះរបស់ខ្ញុំ។ ខ្ញុំជាជនជាតិកូរ៉េ ខ្ញុំចង់មានអត្តសញ្ញាណពិតប្រាកដជាខ្លួនខ្ញុំ ហើយខ្ញុំមានមោទនភាពនូវអ្វីដែលខ្ញុំមានរហូតមក»។
តារាសម្ដែងវ័យ 31ឆ្នាំរូបនេះ បានប្រាប់បន្ថែមថា «ខ្ញុំបានកើតនៅក្នុងទឹកដីប្រទេសកូរ៉េ តែធំដឹងក្ដីនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ប្រទេសកូរ៉េ គឺជាទឹកដីកំណើតរបស់ម្ដាយខ្ញុំ ហើយពេលត្រឡប់ទៅថតខ្សែភាពយន្ដនៅក្នុងប្រទេសកូរ៉េវិញ ខ្ញុំមានអារម្មណ៍ថា ជាសំណាងល្អមួយដែលធ្វើឱ្យខ្ញុំមានសេចក្ដីសុខ ដែលមានការទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្រជាជនជាតិកូរ៉េ»៕


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2018 រដូវកាលទី6 បានត្រឡប់មកវិញទៀតហើយ ជាពិសេសគឺកាន់តែជាព្រឹត្តការណ៍ដ៏ធំអស្ចារ្យ ដោយមានក្រុមចូលរួមប្រកួតកាន់តែច្រើន! ការប្រកួតកាន់តែច្រើន! និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី 10 និង ទី 11 មីនា 2018 ខាងមុខនេះ។
Tiger Street Football Festival គឺជាការប្រកួតកីឡាហ្វ៊ូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2013 មកម្លេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។
Tiger Street Football Festival ឆ្នាំ 2018 នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់ប្រាំបីខេត្តក្រុងទូទាំងប្រទេស រួមមាន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និង រាជធានីភ្នំពេញ។ រង្វាន់សរុបកាន់តែធំអស្ចារ្យ រហូតដល់ 5០០០០ ដុល្លារ។
ក្រុមជាង 5០០ ក្រុមត្រូវបានរំពឹងថានឹងចូលរួមការប្រកួត ដណ្តើមតំណែងជើងឯក Tiger Street Football Festival ឆ្នាំ 2018 នេះ ។
ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សំរាប់អ្នកគាំទ្រមានជាបដាសំរាប់សសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយជាសំភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ និងកម្មវិធីប្រូម៉ូសិនពិសេសសំរាប់ការជាវស្រាបៀរ Tiger។
កាន់តែអស្ចារ្យកម្មវិធីប្រគំតន្ត្រី កាន់តែធំជាងមុន ឆាកតន្ត្រីកាន់តែទំនើប ភ្លើងពណ៌ចំរុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។
ជួបគ្នាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ដំបូងនៅឆេ្នរអូរឈើទាល ទីរួមខេត្ត ព្រះសីហនុ ក្នុងថ្ងៃទី 20 – 21 ខែមករា ឆ្នាំ 2018 ចាប់ពី 7ព្រឹកតទៅ។
ដូច្នេះ តើអ្នកបានចុះឈ្មោះក្រុមរបស់អ្នកហើយឬនៅ? សូមរង់ចាំមើលថាតើក្រុមរបស់អ្នកអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រដែរឬទេ និងក្លាយជាជើងឯកទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2018។

ព័ត៌មានលម្អិតបន្ថែម សូមអានខិតប័ណ្ណផ្សព្វផ្សាយ ឬ សូមទំនាក់ទំនងលេខ៖077 777 928 ឬ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវារដ្ឋបាលសាធារណៈឆាប់រហ័ស កាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយ រដ្ឋាភិបាលគ្រោងដាក់ឱ្យដំណើរការសេវារដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញ (Online)នៅតាមការិយាល័យច្រកចេញ-ចូលតែមួយនៅតាមបណ្ដាខេត្ត-ក្រុង ស្រុក-ខណ្ឌគោលដៅមួយចំនួនដើម្បីធ្វើការសាកល្បងប្រើប្រាស់ នៅពេលឆាប់ៗនេះ។
លោក ជា សេរីវឌ្ឍ ទីប្រឹក្សាថ្នាក់ជាតិលើការអភិវឌ្ឍប្រព័ន្ធ Online ដែលបាននិងកំពុងជួយគាំទ្រដល់នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្នុងការបង្កើតប្រព័ន្ធសេវា Online សម្រាប់ការិយាល័យច្រកចេញចូលតែមួយបានបញ្ជាក់ថា លោកត្រូវធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បីទទួលយកនូវការផ្តល់សេវាកម្មតាមប្រព័ន្ធទំនើប (Modernization) ដូចប្រទេសជឿនលឿនផ្សេងៗទៀតដែរ។
លោកបន្តថា លោកត្រូវសិក្សាលើគម្រោងនេះក្នុងរយៈពេល3ខែ មុននឹងដាក់ចេញនូវជម្រើសនានាដែលសមស្របសម្រាប់ក្រសួងមហាផ្ទៃក្នុងការបង្កើតប្រព័ន្ធទំនើប (ប្រព័ន្ធផ្តល់សេវាកម្មOnline) ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស កាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការធ្វើដំណើរមកទទួលសេវាសាធារណៈរបស់ប្រជាពលរដ្ឋ។
លោក ពុជ វណ្ណៈ អាជីវកររស់នៅក្រុងតាខ្មៅបានសម្តែងការសាទរទៅនឹងរដ្ឋាភិបាលដែលត្រៀមផ្តល់សេវាកម្មរដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញនៅការិយាល័យនៃច្រកចេញ-ចូលតែមួយនេះ។ លោកនិយាយថា តាមរយៈសេវាកម្មអនឡាញខាងលើពលរដ្ឋនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាមិនចំណាយក្រៅផ្លូវការ ចំណេញពេលវេលាក្នុងការបំពេញសំណុំបែបបទផ្សេងៗដោយផ្ទាល់នៅលើទូរសព្ទដៃ រួមទាំងចំណេញថវិកាក្នុងការធ្វើដំណើរជាដើមផង ដោយពលរដ្ឋគ្រាន់តែបំពេញសំណុំបែបបទ និងបញ្ជូនឯកសារតាមប្រព័ន្ធ Online និងបង់ប្រាក់ទៅតាមក្រុមហ៊ុនដៃគូសហការណាមួយជាការស្រេច។
លោក សន ជ័យ ជាប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមានប្រសាសន៍ថា ការចុះបញ្ជីតាមប្រព័ន្ធអនឡាញបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំង ខណៈដែលវិស័យបច្ចេកវិទ្យាព័ត៌មានមានការរីកចម្រើនខ្លាំង ព្រោះវាផ្តល់ភាពងាយស្រួលទី1. ប្រជាពលរដ្ឋមិនចាំបាច់ចំណាយពេលវេលាទៅបំពេញសំណុំបែបបទនៅការិយាល័យច្រកចេញ-ចូលតែមួយ។ ទី2.កាត់បន្ថយនូវការចំណាយក្រៅផ្លូវការផ្សេង។ ទី3.ប្រព័ន្ធនេះផ្តល់ជាគំរូល្អសម្រាប់ធានាបាននូវតម្លាភាពក្នុងការផ្តល់សេវានេះឱ្យបានឆាប់រហ័ស។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ឬពលរដ្ឋដែលមានវ័យចំណាស់ មួយចំនួន ពួកគាត់មិនចេះប្រើទូរស័ព្ទស្មាតហ្វូនទំនើបៗឡើយ ធ្វើឱ្យមិនអាចចុះបញ្ជីស្នើសុំ លិខិតរដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញនេះបាន។ ករណីនេះលោក សន ជ័យ បានស្នើសុំដល់រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាពង្រឹងការងារផ្តល់សេវារដ្ឋបាលសាធារណៈនៅការិយាល័យច្រកចេញ-ចូលតែមួយធ្វើយ៉ាងណាផ្តល់សេវាជូនពលរដ្ឋប្រកបដោយតម្លាភាព និងបានឆាប់រហ័សឆ្លើយតបនឹងតម្រូវ-ការដែលប្រជាពលរដ្ឋចង់បាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃបានបង្កើត និងដាក់ឱ្យដំណើរការនូវការិយាល័យច្រកចេញ-ចូលតែមួយដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋបាន40ខេត្ត-ក្រុង ស្រុក-ខណ្ឌគោលដៅរួចហើយ។ សម្រាប់ឆ្នាំ2017- 2018នេះ ក្រសួងបាននិងកំពុងពង្រីកតាមស្រុកគោលដៅចំនួន10បន្ថែមទៀត។ លើសពីនេះទៀត ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យស្តីពីការបង្កើតយន្តការច្រកចេញ-ចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ លើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព បង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃក៏បាននិងកំពុងពិនិត្យមើលជម្រើសនានាដើម្បីធ្វើការផ្តល់សេវាកម្មមួយចំនួនតាមប្រព័ន្ធទំនើប (ផ្តល់សេវាប្រព័ន្ធ Online) នៅតាមការិយាល័យច្រកចេញ-ចូលតែមួយដើម្បីជំរុញការផ្តល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត-ក្រុង ស្រុក-ខណ្ឌគោលដៅមួយចំនួនដែលរួមមានខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្តាល ក្រុងបាត់ដំបង និងស្រុកបវេលខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីរៀបចំជាជម្រើសនានានៃការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញ-ចូលតែមួយតាមប្រព័ន្ធ Online៕

Alexis Sanchez នឹងក្លាយជាកីឡាករដែលទទួលបានចំណូលខ្ពស់ជាងគេបំផុតរបស់ក្លិប Manchester United ប្រសិនបើរូបគេចាកចេញពីក្លិប Arsenal ក្រោយពីបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ។ នេះបើយោងតាមបណ្តាញសារព័ត៌មាននានាកាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីរូបនេះ ហាក់ដូចជានឹងត្រូវចាកចេញពីក្រុមកាំភ្លើងធំនៅខែនេះហើយ ឯMan United ក៏មិនបានលាក់បាំងពីការចាប់អារម្មណ៍របស់ពួកគេដែរ។ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Man United បានទទួលស្គាល់កាលពីថ្ងៃចន្ទថា ក្រុមរបស់លោកមានឱកាសមួយក្នុងការចុះហត្ថលេខាជាមួយនឹង Sanchez ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករានេះ ខណៈដែលក្លិប Manchester City បច្ចុប្បន្នត្រូវបានគេមើលឃើញថា បានបោះបង់ការប្រជែងទិញយកខ្សែប្រយុទ្ធវ័យ29ឆ្នាំរូបនេះហើយ ដោយសារតែបញ្ហាតម្លៃខ្លួន។
បើយោងតាមគេហទំព័រ The Telegraph ក្លិប Man United បានផ្តល់កុងត្រារយៈពេល4ឆ្នាំកន្លះទៅឲ្យ Sanchez ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ27លានផោន (ស្មើនឹង37.35លានដុល្លារអាមេរិក) នៅមុនពេលកាត់ពន្ធ ដែលនឹងធ្វើឲ្យរូបគេក្លាយជាកីឡាកររកបានចំណូលខ្ពស់ជាងគេបំផុតក្នុងក្លិបនេះ។ បើបូកទាំងការចំណាយលើតម្លៃខ្លួន ប្រាក់ឧបត្ថម្ភសម្រាប់ការចុះកុងត្រា និងការចំណាយទៅឲ្យភ្នាក់ងារតំណាងឲ្យកីឡាកររូបនេះផង វាមានន័យថា Man United អាចនឹងត្រូវចំណាយសរុប150លានផោន ប្រសិនបើពួកគេឈានដល់ការព្រមព្រៀងគ្នាក្នុងការចុះហត្ថលេខាជាមួយនឹង Sanchez៕
ប្រភពពី៖ The Telegraph

ខ្សែប្រយុទ្ធ Cenk Tosun ជឿជាក់ថា រូបគេ និង Theo Walcott អាចចូលបំពេញកន្លែងទំនេរដែលត្រូវបានកើតឡើងដោយសារតែការចាកចេញរបស់ខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Everton ក្រោយពីខ្សែបម្រើស្លាបរបស់អង់គ្លេសរូបនេះ បានបំពេញការផ្ទេររបស់គេពីក្លិប Arsenal ក្នុងតម្លៃខ្លួន25លានផោន (ស្មើនឹង34លានដុល្លារអាមេរិក)។

Everton បានចំណាយប្រាក់ច្រើនជាង40លានផោន ដើម្បីជួសជុលតំបន់ប្រយុទ្ធរបស់ពួកគេនៅខែនេះ ក្រោយពីបានចំណាយប្រាក់21លានផោន ដើម្បីទិញយក Tosun ពីក្លិប Besiktas របស់តួកគីមុនពេលការចូលរួមរបស់ Walcott កាលពីថ្ងៃពុធ។
ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសរូបនេះ បានបញ្ចប់អាជីពរយៈពេល12ឆ្នាំរបស់គេជាមួយនឹងក្លិប Arsenal ដើម្បីក្លាយជាកីឡាករចំណូលថ្មីទី2របស់លោក Sam Allardyce ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Everton។ រូបគេត្រូវបានរំពឹងទុកថា នឹងទទួលបានចំណូល11ម៉ឺនផោន ក្នុងមួយសប្តាហ៍ បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតនៅឯកីឡដ្ឋាន Goodison Park ដែលស្មើនឹងប្រាក់ខែរបស់គេនៅឯក្លិប Arsenal ហើយរូបគេបានចុះហត្ថលេខាលើកុងត្រារយៈពេល3ឆ្នាំកន្លះ។
Walcott បានឲ្យដឹងថា៖ «វាមានរឿងជាច្រើនទាក់ទងនឹងការផ្ទេរនេះ ដែលខ្ញុំមានអារម្មណ៍ថាល្អ។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាវាដល់ពេលសម្រាប់ខ្ញុំក្នុងការផ្លាស់ប្តូរហើយ។ វាជារឿងសោកសៅមួយ ប៉ុន្តែវាក៏ជារឿងដ៏រំភើបមួយដែរ ហើយខ្ញុំចង់សង្គ្រោះអាជីពរបស់ខ្ញុំត្រឡប់មកវិញ និងជួយឲ្យក្រុម Everton ទទួលជ័យជម្នះដូចដែលពួកគេធ្លាប់បានធ្វើកាលពីពេលមុន»៕
ប្រភពពី៖ The Guardian

មនុស្សគ្រប់គ្នាលើពិភពលោកសុទ្ធតែមានមុខមាត់ខុសគ្នា មានស្ថានភាពនៃការរស់នៅ និងបរិស្ថានខុសគ្នា តែមានរឿងមួយដែលត្រូវតែស្មើគ្នា ហើយមិនអាចប្រកែកបាននោះគឺពេលវេលា។ មនុស្សណាក៏មានពេលវេលាមិនច្រើនជាង 24ម៉ោងក្នុងមួយថ្ងៃដែរ តែក្នុងរយៈពេលដូចគ្នានេះ មនុស្សអាចបង្កើតបាននូវលទ្ធផលខុសគ្នា ហេតុនេះហើយទើបជាទូទៅគេមើលឃើញថា ការគ្រប់គ្រងពេលវេលា គឺជារឿងសំខាន់សម្រាប់ការកំណត់ជោគវាសនាមនុស្ស។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ឡាយ សុធានី ជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានលើកឡើងថា ការគ្រប់គ្រងពេលវេលាឱ្យបានច្បាស់លាស់គឺជារឿងដែលសំខាន់ខ្លាងណាស់សម្រាប់ប្រជាជនខ្មែរ ជាពិសេស គឺយុវវ័យដែលកំពុងសិក្សានៅមហាវិទ្យាល័យ ព្រោះថា យើងអាចធ្វើរឿងលើសពីមួយក្នុងពេលតែមួយបាន ប្រសិនបើយើងអាចបែងចែកពេលវេលាបានត្រឹមត្រូវ ហើយយើងក៏អាចទទួលបានលទ្ធផលល្អផងដែរប្រសិនបើយើងដឹងច្បាស់ថាពេលណាយើងត្រូវធ្វើអ្វីនោះ។
លោកស្រី ឡាយ សុធានី បាននិយាយថា ៖“ដើម្បីបែងចែកពេលវេលាឱ្យបានល្អ ដើម្បីធ្វើការងារច្រើនប្រភេទក្នុងពេលតែមួយនោះ យើងត្រូវបែងចែក និងដឹងខ្លួនឱ្យច្បាស់ពីតួនាទីរបស់ខ្លួនថាពេលណាយើងត្រូវដើរតួជាអ្នកគ្រប់គ្រង ឬអ្នកធ្វើការ ពេលណាយើងត្រូវដើរតួជាសិស្ស ពេលណាយើងត្រូវដើរតួជាម្តាយ ឬជាសមាជិកគ្រូសារ។
លោកស្រី សុធានី បានបន្ថែមទៀតថា នៅពេលដែលយើងបែងចែកពេលវេលា និងតួនាទីច្បាស់ យើងនឹងអាចមានភាពងាយស្រួលក្នុងការអនុវត្ត និងថ្លឹងថ្លែងពីកាតព្វកិច្ចរបស់យើងឱ្យរឿងគ្រប់យ៉ាងទទួលបានលទ្ធផលល្អ។ ក្រៅពីនេះ យើងត្រូវតែអភិវឌ្ឍខ្លួនឯងជាប់ជានិច្ច ដោយចាប់ផ្តើមពីបែងចែកតួនាទីដែលខ្លួន ត្រូវធ្វើឱ្យក្លាយជាមនុស្សដែលមានការផ្តោតសំខាន់ (Focus) លើរឿងទាំងអស់នោះ រហូតដល់យើងអាចទទួលបានពិន្ទុល្អលើគ្រប់ពេលវេលា ទាំងក្នុងការងារ ការសិក្សា និងគ្រួសារ។
លោកស្រី ឡាយ សុធានី បានបញ្ជាក់ផងដែរថា នៅពេលមួយដែលចាប់ផ្តើមការសិក្សានៅសាកលវិទ្យាល័យដំបូងលោកស្រីមានការលំបាកខ្លាំងព្រោះថាត្រូវចេញពីធ្វើការ ហើយទៅរៀនថ្នាក់អនុបណ្ឌិត បន្ទាប់មកទើបត្រូវត្រឡប់ទៅផ្ទះ ដែលត្រូវមានតួនាទីជាអ្នកធ្វើការងារផង ជាសិស្សផង និងជាម្តាយផង តែក្រោយពេលដែលលោកស្រីបានចាប់ផ្តើមកំណត់ពីចំណុចអាទិភាពដែលត្រូវធ្វើ (Job description) ច្បាស់លាស់ហើយ លោកស្រីក៏អាចធ្វើវាបានដោយរលូន។
លោក ម៉េង ពុទ្ធី បុគ្គលិកក្រុមហ៊ុនឯកជន និងជាអ្នកធ្វើការងារស្ម័គ្រចិត្តក្នុងគម្រោងធំៗជាមួយយុវជន បានលើកឡើងថា ការគ្រប់គ្រងពេលវេលាគឺពិតជាសំខាន់ ហើយអាចធ្វើឱ្យយើងក្លាយជាមនុស្សដែលស្ថិតក្រោមការគ្រប់គ្រងបានល្អ តែអ្វីដែលសំខាន់គឺមនុស្សម្នាក់ៗចេះគ្រប់គ្រងវាបានកម្រិតណា ហើយអនុវត្តបានល្អកម្រិតណាដែរ។
តាមពិតទៅមនុស្សម្នាក់ៗអាចប្រើប្រាស់សក្តានុពលរបស់ខ្លួននៅក្នុងចន្លោះថ្ងៃនីមួយៗបានច្រើនណាស់ តែពេលខ្លះមកពីយើងមិនទាន់ចេះលៃពេលទាំងអស់នោះឱ្យទៅជាតម្លៃ ហើយក៏បណ្តោយឱ្យវារំលងផុតទៅជារៀងរាល់ថ្ងៃជាមួយនឹងលទ្ធផលដដែល។ ការពិចារណាពីការប្រើប្រាស់ពេលវេលាអាចធ្វើឱ្យយើងទទួលបាននូវរឿងជាច្រើនសម្រាប់ជីវិត ព្រោះថា ប្រសិនបើយើងប្រើប្រាស់ពេលវេលាដោយការហ្វឹកហាត់ខ្លួនឯងនៅក្នុងបរិស្ថានដែលស្វាហាប់ និងល្អិតល្អន់ យើងនឹងទទួលបានលទ្ធផលខ្ពស់ជាងមនុស្សធម្មតាដែលធ្វើការងារដើម្បីតែឱ្យចប់ភារកិច្ចប្រចាំថ្ងៃ ហើយគាត់នឹងអាចមើលឃើញដោយខ្លួនឯងនៅពេលដែលគាត់ធ្វើការដល់ចុងខែហើយក្រឡេកមើលសម្មិទ្ធផលក្នុងខែនីមួយៗរបស់ខ្លួន។ ក្រៅពីនេះ មនុស្សម្នាក់ៗក៏អាចប្រើប្រាស់ពេលវេលារបស់ខ្លួនដែលសេសសល់ដើម្បីជួបមនុស្សថ្មីៗដើម្បីទទួលយកយោបល់បន្ថែមមកអភិវឌ្ឍសមត្ថភាព និងការរស់នៅរបស់ខ្លួនផងដែរ។
លោក ម៉េង ពុទ្ធី បាននិយាយថា ៖ “មនុស្សជាច្រើនគិតថាការធ្វើការងារច្រើនក្នុងមួយថ្ងៃៗគឺជារឿងលំបាក តែតាមពិតវាមិនប្រាកដទាំងស្រុងនោះទេ វាអាស្រ័យលើការគ្រប់គ្រងផ្ទាល់របស់សាមីខ្លួន ថាតើយើងបានរៀបចំវាបានច្បាស់លាស់ និងល្អិតល្អន់កម្រិតណា។
លោក ពុទ្ធី បានលើកឡើងផងដែរថា ការធ្វើការងារជាក់ស្តែង និងការបែងចែកពេលវេលាមិនខុសពីការរស់នៅប្រចាំថ្ងៃប៉ុន្មាននោះទេ នៅពេលដែលយើងហាត់ប្រាណមនុស្សគ្រប់គ្នាអាចនឹងគិតថាហត់ តែប្រសិនបើយើងមិនបានហាត់ប្រាណគ្រប់គ្រាន់ រាងកាយយើងនឹងទន់ខ្សោយ និងប្រាកដជាមានបញ្ហាសុខភាពជាក់ជាមិនខាន ហេតុនេះការបែងចែកពេលវេលាឱ្យមានតុល្យភាពគឺជារឿងសំខាន់ដែលអាចធ្វើឱ្យមនុស្សគ្រប់គ្នាក្លាយជាមនុស្សខ្លាំងបាន។
ស្ថាបនិកគម្រោងបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជាដែលមានឈ្មោះថា អនន្ត និងជាបុគ្គលិកដែលកំពុងបំពេញការងារក្នុងក្រុមហ៊ុនឯកជនផ្នែកទំនាក់ទំនងសាធារណៈមួយ លោក ម៉ៅ គង្គារ បានលើកឡើងថា មនុស្សម្នាក់ៗកើតមកជាមួយនឹងធម្មជាតិដែលមានច្បាប់ធម្មជាតិត្រឹមត្រូវ ហេតុនេះការរស់នៅគឺចាំបាច់ត្រូវតែមានក្រឹត្យក្រមដូចគ្នា។ ជាទូទៅ ប្រសិនបើមនុស្សណាម្នាក់បណ្តោយពេលវេលារបស់គាត់ច្រើនពេក និងមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វី នោះគាត់នឹងក្លាយជាមនុស្សដែលបណ្តោយឱ្យរបស់ដែលមានតម្លៃបំផុតរំលងផុតទៅ។ ពេលវេលា គឺមិនអាចត្រឡប់មក ក្រោយវិញនោះទេ តែជីវិតរបស់យើងផ្ទាល់អាចមានពេលឡើង និងពេលចុះ ហេតុនេះការយកចិត្តទុកដាក់ ជាមួយនឹងការកំណត់ពេលវេលាជាក់លាក់អាចជាចំណុចគន្លឹះមួយក្នុងការជំរុញមនុស្សឱ្យមានការរស់នៅប្រកបដោយអត្ថន័យ និងប្រយោជន៍ខ្ពស់សម្រាប់ខ្លួនឯង និងសង្គម។
លោក ម៉ៅ គង្គារ បាននិយាយបន្ថែមទៀតថា ៖ “ក្រោយពេលដែលយើងរៀបចំពេលវេលាបានល្អហើយយើងនឹងអាចរកឃើញពីពេលវេលាមួយចំនួនសម្រាប់ខ្លួនឯងក្នុងការរៀនអនុវត្ត និងប្រើពេលវេលា ទាំងនោះទៅបន្តចែករំលែកដល់មនុស្សជំនាន់ថ្មី”៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងវិនិយោគចំនួន5 ដែលមានទឹកប្រាក់វិនិយោគ 40លានដុល្លារនៅសប្តាហ៍ដំបូងនៃឆ្នាំ2018 ដែលគម្រោងវិនិយោគទាំងនោះស្ថិតនៅក្នុងខេត្ត និងក្រុងផ្សេងៗពីគ្នា។
ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា នៅក្នុងសប្តាហ៍ទី1នៃខែមករា ឆ្នាំ2018នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន 5 ផ្សេងគ្នាមានតម្លៃទុនវិនិយោគជិត 40លានដុល្លារ ដោយផ្តោតលើរោងចក្រកែច្នៃ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរោងចក្រផលិតស្បែកជើង។ ទិន្នន័យនៃការអនុម័តលើគម្រោងវិនិយោគបន្ថែមនេះ គឺជាការបង្ហាញឲ្យឃើញនូវភាពវិជ្ជមានសម្រាប់វិស័យសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីមានក្តីព្រួយបារម្ភមួយចំនួនចំពោះលទ្ធភាពនៃការនាំចេញរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ2018នេះដែលរងឥទ្ធិពលមកពីបញ្ហានយោបាយ។
ក្រុមហ៊ុនដែលទទួលបានការអនុម័តជាផ្លូវការពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រូមមាន ៖ ទី1 គឺក្រុមហ៊ុន “RED BOAT ENTERPRISE CO., LTD” ដោយក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ និងកែច្នៃម្ហូបអាហារ (ត្រី Anchovies ទឹកត្រី និងស្ករត្នោត)។ ក្រុមហ៊ុននេះនឹងបោះទីតាំងវិនិយោគស្ថិតនៅភូមិ1 ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ 2.83លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 384កន្លែង។
ទី2 គឺក្រុមហ៊ុន“GLOBAL HOUSE (CAMBODIA) CO., LTD” ។ ក្រុមហ៊ុននេះមានគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងវិនិយោគស្ថិតនៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះបានទម្លាក់ទុនវិនិយោគចំនួន 10លានដុល្លារក្នុងពេលអនាគត និងអាចបង្កើតការងារបានចំនួន 2.000កន្លែង។ ទី3 គឺក្រុមហ៊ុន “METRO LIFESTYLE DEVELOPMENT CO., LTD” មានគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងវិនិយោគស្ថិតនៅភូមិមណ្ឌល2 សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមហ៊ុននេះមានទុនវិនិយោគប្រមាណ 19.49លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 135កន្លែងក្នុងពេលដំណើរការ។ ទី4 គឺក្រុមហ៊ុន“SANYO PACKAGE ASIA (CAMBODIA) CO., LTD” ដោយមានគម្រោងបង្កើតរោងចក្រផលិតផលិតផលពីក្រដាសដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូត៍លេខ142 ភូមិលំ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានទុនវិនិយោគប្រមាណ 2.22លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 76កន្លែង។
ចំណែកទី5 គឺក្រុមហ៊ុន “GRAND ORIENTAL FOOTWEAR INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងដែលមានទីតាំងវិនិយោគស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4 ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 4.51លានដុល្លារ និងអាចបង្កើតការងារបានចំនួន 1.575កន្លែង។ ក្នុងដើមឆ្នាំ2018 ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគាំទ្រឲ្យមានការបង្កើតនូវតំបន់ពិសេសមួយសម្រាប់អភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុកដែលផ្នែកឯកជនយល់ថា វានឹងជួយសម្រួលដល់ការតភ្ជាប់អគ្គិសនីមានតម្លៃថោក និង មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អដែលងាយស្រួលដល់ការអភិវឌ្ឍការកែច្នៃផលិតផលកសិកម្មក្នុងស្រុក៕

រដ្ឋាភិបាលទំនងជានឹងលៃលកបែងចែកចរន្តថាមពលអគ្គិសនីក្នុងកម្លាំង20 ទៅ30 មេហ្គាវ៉ាត់សម្រាប់ប្រើប្រាស់ និងលើកទឹកចិត្តដល់សិប្បកម្ម ឬឧស្សាហកម្មកែច្នៃផលិតផលចេញពីកសិកម្មនៅក្នុងពេលខាងមុខ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងវេទិកាកសិកម្មឆ្លើយតបចំពោះសំណូមពររបស់ផ្នែកឯកជនដើម្បីទទួលបានការអនុគ្រោះ និង ការលើកទឹកចិត្តសម្រាប់បង្កើតសហគ្រាសផលិតកម្មក្នុងស្រុកឱ្យបានច្រើន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ប្រមុខរដ្ឋាភិបាលគ្រោងលៃលកថាមពលមួយផ្នែកសម្រាប់សហគ្រាសកែច្នៃផលិតផលពីកសិកម្មនេះនៅថ្ងៃអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ “សម្តេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន]បានមានប្រសាសន៍ថា នៅពេលដែលវារីអគ្គិសនីដើរដល់កម្រិតមួយ សម្ដេចនឹងលៃលកប្រមាណពី20 ទៅ30មេហ្គាវ៉ាត់ ដោយធ្វើយ៉ាងម៉េចផ្គត់ផ្គង់ទៅកាន់ផលិតកម្មកែច្នៃផលិតផលកសិកម្មនេះនាពេលខាងមុខ។ សង្ឃឹមថា សេសានក្រោម2 ដើរពេញបន្ទុកនឹងមានឱកាសពិនិត្យពិចារណាលើការបន្ធូរបន្ថយថ្លៃភ្លើងផលិតបន្ថែមទៀត។
វារីអគ្គិសនីកំពុងក្លាយជាក្តីសង្ឃឹមក្នុងការកាត់បន្ថយភាពខ្វះខាតខ្លាំងលើវិស័យថាមពល និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីប្រទេសជិតខាងទាំង3 រួមមានៈ ឡាវ ថៃ និងប្រទេសវៀតណាម។ វារីអគ្គិសនីសេសានក្រោម2 ដែលមានមូលដ្ឋានផលិតថាមពលកកើតឡើងវិញ នៅស្រុកសេសានខេត្តស្ទឹងត្រែង និងដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីប្រទេសចិន និងវៀតណាមកំពុងក្លាយជាក្តីសង្ឃឹមសម្រាប់ការងើបឡើងនៃការកែច្នៃ ដោយរំពឹងលើការទទួលបានថាមពលអគ្គិសនីក្នុងតម្លៃថោក។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជានឹងកាត់បន្ថយការខ្វះខាតថាមពលអគ្គិសនីសម្រាប់ការផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់របស់ខ្លួនដែលមានកំណើនក្នុងរង្វង់ជិត20%ប្រចាំឆ្នាំ បន្ទាប់ពីការដាក់ឱ្យដំណើរការសាកល្បងនូវទំនប់វារីអគ្គិសនីសេសានក្រោម2 ដែលសាងសង់ឡើងនៅខេត្តស្ទឹងត្រែងដែលមានកម្លាំងផលិតថាមពលសរុប 400មេហ្គាវ៉ាត់ក្នុងមួយម៉ោងនោះ នឹងចាប់ផ្តើមដំណើរការតួប៊ីនទី1 ដែលមានអានុភាពផលិតថាមពល 50មេហ្គាវ៉ាត់ក្នុងមួយម៉ោង ចាប់ពីចុងខែតុលា ឆ្នាំ2017កន្លងមក រីឯតួប៊ីន7ផ្សេងទៀតនឹងត្រូវដំណើរការជាបន្តបន្ទាប់នៅឆ្នាំ2018 នេះ។
វារីអគ្គិសនីសេសានក្រោម2 គឺត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន Hydrolancang International Energy មានភាគហ៊ុន51% ក្រុមហ៊ុននៅកម្ពុជា Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន 39% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាមកាន់កាប់ភាគហ៊ុន10% ជាមួយនឹងទុនវិនិយោគក្នុងទឹកប្រាក់ជាង 800លានដុល្លារអាមេរិក។
ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ទីផ្សារអន្តរជាតិសម្រាប់អង្ករកម្ពុជា មានតែជាង30ប្រទេសប៉ុណ្ណោះ ហើយក្នុងឆ្នាំ2017ការនាំចេញបានជាង63.5ម៉ឺនតោន។
ឯកឧត្តមបានបន្តថា បញ្ហាចម្បងក្នុងវិស័យស្រូវអង្ករកម្ពុជា គឺការធ្លាក់ចុះនៃតម្លៃស្រូវ ហើយសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានស្នើទៅរាជរដ្ឋាភិបាលឱ្យជួយបញ្ចុះតម្លៃអគ្គិសនីឱ្យទាប ដើម្បីប្រកួតប្រជែងលើថ្លៃដើមផលិត ព្រមទាំងបានស្វែងរកទីផ្សារក្រៅប្រទេសបន្ថែមទៀត ដើម្បីនាំចេញអង្ករឲ្យបានកាន់តែច្រើន ដូចជាទីផ្សារប្រទេសចិន ទីផ្សារបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសផ្សេងៗទៀត៕

សុខភាពរបស់ក្រុមគ្រួសារគឺជារឿងសំខាន់បំផុត ដូច្នេះត្រូវយកចិត្តទុកដាក់ចំពោះសមាជិកគ្រួសារទាំងមូលរួមមាន ឪពុកម្ដាយ កូន ក្មួយ និងចៅជាដើមដោយឡែកជំងឺគ្រុនផ្ដាសាយ ក៏អ្នកគួរតែយកចិត្តទុកដាក់ពីវាផងដែរ។ ជំងឺកើតឡើងមិនប្រកាន់ចំពោះមុខសមាជិកក្រុមគ្រួសារ ឬប្រកាន់ថាកើតចំពោះនរណានោះឡើយ។ ប្រសិនបើសមាជិកម្នាក់នៅក្នុងគ្រួសារកើតជំងឺនេះហើយ វាឆ្លងពីម្នាក់ទៅម្នាក់ទៀតបាន នៅពេលដែលការសម្អាតឬអនាម័យមិនស្អាត និងបរិភោគអាហារជុំគ្នា ដែលអាចឆ្លងតាមរយៈ ក្អក កណ្ដាស់ និងតាមរយៈផ្លូវដង្ហើមជាដើម។
បើតាមការបកស្រាយរបស់គ្រូពេទ្យជំនាញបានឱ្យដឹងថា គ្រុនផ្ដាសាយធំ គឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយវីរុសគ្រុនផ្ដាសាយផ្ដល់អត្រាគ្រោះថ្នាក់ខ្ពស់ជាងជំងឺគ្រុនផ្ដាសាយធម្មតា និងអាចកើតមានលើមនុស្សគ្រប់វ័យ។
លោកអ្នកអាចឆ្លងជំងឺប្រភេទនេះតាមប្រព័ន្ធផ្លូវដង្ហើមដោយរងសម្ពាធពីអ្នកជំងឺ ឬអ្នកផ្ទុកមេរោគគ្រុនផ្ដាសាយធំ នៅពេលអ្នកជំងឺក្អក ឬកណ្ដាស់, អាចឆ្លងតាមការប៉ះពាល់អ្នកជំងឺដោយផ្ទាល់ ឬតាមការប៉ះពាល់វត្ថុដែលមានវីរុសបង្កគ្រុនផ្ដាសាយ។
ថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន សូមជម្រាបជូនពីបញ្ហាជំងឺគ្រុនផ្ដាសាយ និងប្រការប្រុងប្រយ័ត្នការពារមិនឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតក្មេងនិងមនុស្សចាស់នៅក្នុងក្រុមគ្រួសាររបស់អ្នកដូចខាងក្រោមនេះ៖
1/ គ្រោះថ្នាក់អាក្រក់កើតឡើងពីជំងឺគ្រុនផ្ដាសាយធំ
មនុស្សគ្រប់រូបសុទ្ធតែមានឱកាសនៃការកើតមានជំងឺគ្រុនផ្ដាសាយធំទាំងអស់ បើទោះជាអ្នកទាំងនោះមានសុខភាពល្អមាំមួនក៏ដោយ ក៏មិនប្រាកដថាអាចចៀសផុតពីជំងឺប្រភេទនេះបានដែរព្រោះថាការឆ្លងជំងឺគ្រុនផ្ដាសាយធំពីមនុស្សម្នាក់ទៅកាន់អ្នកដទៃវាប្រព្រឹត្តទៅដោយមិនដឹងខ្លួន។ មនុស្សចាស់ជរា កុមារ អ្នកមានជំងឺទឹកនោមផ្អែមជំងឺហឺត ខ្សោយតម្រងនោម គឺប្រឈមកាន់តែខ្ពស់ នោះការគំរាមកំហែងអាយុជីវិតក៏កាន់តែខ្លាំង នៅពេលដែលគ្រុនផ្ដាសាយធំឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ម្យ៉ាងទៀត គ្រុនផ្ដាសាយធំក៏បានហុចផលអាក្រក់មួយចំនួនទៀតដូចជាបង្កឱ្យមានជំងឺរលាកសួតដោយបាក់តេរី រលាកត្រចៀក រលាកស៊ីនុស បាត់បង់ជាតិទឹក ជាពិសេសអាចធ្វើឱ្យស្ថានភាពជំងឺប្រចាំកាយដូចជាជំងឺបេះដូង ជំងឺហឺត ឬជំងឺទឹកនោមផ្អែមកាន់ធ្ងន់ធ្ងរថែមមួយកម្រិតទៀត។
2/ កំណត់សម្គាល់អំពីរោគសញ្ញា
ជាការពិតណាស់ ជំងឺគ្រុនផ្ដាសាយធំ មិនដូចជាគ្រុនផ្ដាសាយធម្មតានោះទេ ដូច្នេះនៅពេលដែលលោកអ្នកបានជួបនឹងអាការមួយចំនួនដូចជា មានគ្រុនក្ដៅ ចាប់ពីកម្ដៅ 38-39 អង្សាសេ ឈឺក្បាល ក្អកខ្លាំង អស់កម្លាំង ល្ហិតល្ហៃ ឈឺខ្លួនប្រាណស្ងួតបំពង់ក ក្រហាយភ្នែក នោះលោកអ្នកប្រហែលជាកំពុងកើតជំងឺគ្រុនផ្ដាសាយធំហើយ ដែលតម្រូវឱ្យលោកអ្នកទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយ និងធ្វើការព្យាបាលបានទាន់ពេលវេលា បើមិនដូច្នោះទេ ពោលគឺមានគ្រោះថ្នាក់ដល់អាយុជីវិតលោកអ្នក។
3/ ការការពារ
វិធីងាយស្រួលបំផុតសម្រាប់ការពារពីជំងឺផ្ដាសាយធំ លោកអ្នកគ្រាន់តែចេះថែរក្សាខ្លួនប្រាណដោយការប្រើម៉ាស ឧស្សាហ៍ពិសាទឹកក្ដៅជាប្រចាំ ហើយជាពិសេស នៅឱ្យឆ្ងាយពីអ្នកមានផ្ទុកមេរោគគ្រុនផ្ដាសាយ និងផ្ដាសាយធំ។ ម្យ៉ាងវិញទៀត ដោយសារតែវេជ្ជសាស្ត្រកាន់តែទំនើប ដែលមានថ្នាំបង្ការ និងវាក់សាំងហេតុនេះលោកអ្នកអាចស្វែងរកវិធីការពារដោយការចាក់ថ្នាំបង្ការជំងឺគ្រុនផ្ដាសាយជាការស្រេចនៅតាមន្ទីរពេទ្យ មណ្ឌលសុខភាព និងគ្លីនិកឯកជនក៏បាន៕