Author: វល័ក្ខ

  • កសាង​ផ្នត់គំនិត​សហគ្រិន​ដើម្បី​អាជីវកម្ម​ជោគជ័យ

    កសាង​ផ្នត់គំនិត​សហគ្រិន​ដើម្បី​អាជីវកម្ម​ជោគជ័យ

    ជោគជ័យ​ដាច់ខាត​មិនមែនជា​កម្ម​សិទ្ធ​របស់​សហគ្រិន​ដែល​ជួប​បញ្ហា​ហើយ ក៏​រាថយ​ទេ ក៏​គ្មាន​ជោគជ័យ ដែលមាន​តម្លៃ​ណា អាច​កើតឡើង​ដោយ​មិនមាន​ការតាំង​ចិត្ត​ខ្ពស់​ដែរ។ ចំពោះ​ការតាំង​ចិត្ត ចង់​ក្លាយជា​សហគ្រិន អ្នកណា​ក៏​អាច គ្រាន់តែ​និយាយ​នៅពេលនេះ​ថា “ខ្ញុំ​នឹងមិន​ចុះចាញ់​ជាដាច់ខាត” ប៉ុន្តែ​អ្វីដែល​សំខាន់ វា​ឋិត​នៅត្រង់ថា តើ​អ្នកនឹង​នៅតែ​និយាយ​ពាក្យ​ដដែល​នេះ ដោយ​ក្លាវ​ក្លា​ទៅកាន់​ខ្លួនឯង​ទេ នៅពេល​ដែលមាន​ឧបសគ្គ​នៅខាងមុខ​អ្នក ធំ​ជាង​ខ្លួន​អ្នក 10ដង ឬ20ដងនោះ? ការពិត​នេះហើយ ដែលជា​រនាំង​ធ្វើអោយ​យុវជន​ជាច្រើន ចង់ ហើយក៏​បោះបង់​ក្តី​ស្រមៃ​ក្លាយជា​សហគ្រិន​របស់ខ្លួន​ទៅវិញ។

    ការខ្វះ​ការតាំង​ចិត្ត​និង​ផ្នត់គំនិត​អាជីវកម្ម ជា​ឧបសគ្គ​ខាងក្នុង ដ៏​ធំ​មួយ​ដែល​ធ្វើអោយ យុវជន​និង​សហគ្រិន មួយចំនួនច្រើន បាត់បង់​ឱកាស​ក្នុងការ​ប្រើប្រាស់​សក្តានុពល​របស់ខ្លួន​អោយអស់​លទ្ធភាព ដើម្បី​ជួយ​ខ្លួនឯង និង​បង្កើត​ការងារ ជួយ​យុវជន​ដ៏ទៃទៀត។ ប្រសិនបើ “ក្លាយជា​សហគ្រិន​ជោគជ័យ” ជា​គោលដៅ ជិវិត​របស់​អ្នក អ្នកនឹង​ចាំបាច់​ត្រូវតែ​ស្វែងរក ការតាំង​ចិត្ត និង ការរស់នៅ​ជាមួយ​ផ្នត់គំនិត​ជា​សហគ្រិន​នេះ។

    ដោយ​ឃើញ​ពី​ការចាំបាច់​ក្នុង​ការកសាង​ផ្នត់គំនិត​អាជីវកម្ម និង​ស្វែងរក​ការតាំង​ចិត្ត​ខ្ពស់​ដើម្បី​ជោគជ័យ ក្នុង​ជិវិត​ជា​សហគ្រិន ASEAN Business School Cambodia បានរៀបចំ​នូវ​វគ្គ​សិក្សា២ថ្ងៃមួយ ចាប់ពី​ថ្ងៃទី 27 ដល់​ថ្ងៃទី28 ខែមករា ឆ្នាំ2018 ក្រោម​ប្រធានបទ “កសាង​ផ្នត់គំនិត​សហគ្រិន​ដើម្បី​អាជីវកម្ម​ជោគជ័យ”

    វគ្គ​សិក្សា​នេះ មានការ​ចូលរួម​បណ្តុះបណ្តាល និង​ផ្តល់យោបល់​ពី​អ្នកជំនាញ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ដូចជា លោក Soo Hoo Yoon Hunn លោក Leow Leik Hong និង លោក ឃីម សុខ​ហេង ដែលជា​អ្នកជំនាញ និង​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ​ក្នុង​វិស័យនេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​វគ្គ​សិក្សា​នេះ អ្នក​អាច​ស្វែង​រកបាន​នៅក្នុង​ផ្ទាំង​ផ្សព្វផ្សាយ និង​តំណរ​ភ្ជាប់​ខាងក្រោម៖

    វិ​ប​សាយ៖ https://aseanbizcambodia.com/
    Facebook: https://www.facebook.com/aseanbizcambodia/

  • ភោជនីយដ្ឋាន​បម្រើអាហារបែប​ចិន​កំពុង​ពេញនិយម ខណៈ​ទេសចរ​ចិន​កើនឡើង

    ភោជនីយដ្ឋាន​បម្រើអាហារបែប​ចិន​កំពុង​ពេញនិយម ខណៈ​ទេសចរ​ចិន​កើនឡើង

    មួយរយៈ​ចុងក្រោយ​នេះ ភោជនីយដ្ឋាន​ដែល​បម្រើ​សេវាកម្ម​លើ​ម្ហូបអាហារ​បែប​ចិន​បាន​បើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ប្រទេស​កម្ពុជាខណៈ​កំណើន​នៃ​ការ​ទទួលទាន​ម្ហូបអាហារ​បែប​ចិន​របស់​ប្រជាជន​កម្ពុជា​ក៏​កំពុងមាន​ការកើនឡើង​ដែរ ដូច្នេះហើយ​បានជា​មាន​អ្នកជំនួញ​មួយចំនួន​ងាក​មក​ចាប់អារម្មណ៍​លើ​ការវិនិយោគ​ផ្នែក​ភោជនីយដ្ឋាន​បម្រើ​ម្ហូបអាហារ​បែប​ចិន។

    លោក Herfried Hasenoehrl នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HGB Group ជា​ក្រុមហ៊ុន​នាំ​េប្រ៊ន​ដ៍​ភោជនីយដ្ឋាន​ចិន Little Sheep Hot Pot មកកាន់​កម្ពុជា​មានប្រសាសន៍​ថា ហាង​លក់​ម្ហូបអាហារ​បែប​ចិន​ដែល​ទើប​បង្ហាញ​វត្ដ​មាននៅ​កម្ពុ​ជាមួយនេះ​នឹង​ផ្តល់ជូន​នូវ​រសជាតិ​ពិសេស​ថ្មី​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា និង​ភ្ញៀវទេសចរ​ចិន​ដែល​កំពុងមាន​លំហូរ​មកកាន់​ប្រទេស​កម្ពុជា​ច្រើន និង​ជា​ចំណែក​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ទាំងនោះ​ឱ្យ​ស្នាក់​កម្ពុជា​បាន​កាន់តែ​យូរ​ជាងពេលមុន។

    លោក​បន្ដថា “ទីផ្សារ​គោលដៅ​របស់​យើង គឺ​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ និង​ភ្ញៀវ​ចិន​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​វត្តមាន​ភោជនីយដ្ឋាន The Little Sheep បាន​ជួយ និង​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវទេសចរ​ចិន​ស្នាក់នៅ​ប្រទេស​កម្ពុជា​បានយូរ​ជាង​មុន​ផងដែរ។ មូល​ហេតុដែល​ក្រុមហ៊ុន HGB ចាប់អារម្មណ៍​នាំយក​ភោជនីយដ្ឋាន “The Little Sheep” ចូលមក​កាន់​ប្រទេស​កម្ពុជា​នេះ មិនមែន​ត្រឹមតែ​ដោយសារ​វា​ជា​េប្រ៊ន​ដ៍​លំដាប់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ចង់ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ជម្រើស​កាន់តែច្រើន​នៅពេល​ពួកគាត់​ចង់​ចេញមក​បរិភោគ​ម្ហូប
    អាហារ​នៅ​ខាងក្រៅ​ផ្ទះ”។

    Little Sheep Hot Pot ជា​ភោជនីយដ្ឋាន​ដែល​ទទួលជោគជ័យ​យ៉ាង​ធំធេង​ក្នុង​រយៈពេល 18 ឆ្នាំ​មកហើយ​នៅតាម​ដង​វិថី​អាល់​លែ​ន លេខ22 ក្នុង​ទីក្រុង​បាវ​ទូ នៃ​រដ្ឋ​ម៉ុង​ហ្គោ​លី ជាមួយនឹង​បណ្តាញ​ទូទាំង​ពិភពលោក​នៅក្នុង 120តំបន់ និង​ទីក្រុង​នានា​ដែលមាន​ហាង​ជិត 300កន្លែង​ទៀត​នៅតាម​បណ្ដា​ទីក្រុងធំៗ ដូចជា​សៀង​ហៃ ហុងកុង តូ​ក្យូ ញូវយ៉ក និង​តូ​រ៉ុ​ន​តូ​ជាដើម។

    លោក ជី សិលា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន យីន​កុក ហ៊្វូដខប ជា​សម្ព័ន្ធ​ក្រុមហ៊ុនមេ​របស់​ភោជនីយដ្ឋាន The Asian kitchen ដែល​បម្រើ​សេវាកម្ម​ម្ហូប​បែប​អាស៊ាន និង​ចិន​បាន​លើកឡើងថា មូលហេតុ​ដែលយើង​បង្កើត The Asian kitchen នៅក្នុង​ទីផ្សារ​ម្ហូបអាហារ​កម្ពុជា ក៏​ព្រោះតែ​វា​ជា​ភោជនីយ​ដ្ខា​ន​បម្រើ​សេវាកម្ម​មុខម្ហូប​បែប​អាស៊ាន និង​ចិន ព្រោះ​យើង​គិតថា ប្រភេទ​ម្ហូប​ទាំងនេះ​វា​សាមញ្ញ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទៅ​អាច​ហូប​បាន និង​កំពុង​ពេញនិយម​សម្រាប់​ប្រជាជន​ខ្មែរ​យើង។

    លោក​បាន​ប្រាប់​បន្ដថា បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​ចំពោះ​ការបម្រើ​ម្ហូបអាហារ​របស់​យើង​ហើយ​នោះ លោក​ក៏​នឹងមាន​គម្រោង​បើក​នូវ​សាខា​បន្ថែមទៀត​ដែលមាន​ទីតាំងនៅ Exchange Square Mall ផងដែរ។

    ទោះបីជា​យ៉ាងណា លោក ជី សិលា បាន​សម្ដែង​នូវ​គំនិត​សុទិដ្ឋិនិយម​ទៅលើ​អតិថិជន​ក្នុងស្រុក​ចំនួន 90%ថា​នឹង​អាច​ជំរុញ​ភោជនីយដ្ឋាន The Asian Kitchen ឱ្យ​ទទួលបាន​ភាពជោគជ័យ​ ​និង​ឈានទៅដល់​ការពង្រីក​អាជីវកម្ម​បន្ដបន្ទាប់​ទៀត ព្រោះ​អតិថិជន​ក្នុងស្រុក​ដែលមាន​អាយុ​ក្រោម 30 ឆ្នាំ បច្ចុប្បន្ន​បាន​ផ្លាស់ប្ដូរ​របៀប​រស់នៅរ​បស់​ពួកគេ​យ៉ាង​លឿន ដោយ​និយម​ចូលចិត្ត​ការទទួល​ទាន​អាហារ​នៅក្រៅ​ផ្ទះ ជាពិសេស​អាហារ​បែប​ចិន​តែម្ដង ខណៈដែល​ពួកគេ​ជាប់រវល់​ការងារ។

    ភោជនីយដ្ឋាន The Asian Kitchen បើក​បម្រើ​ម្ហូបអាហារ​បែប​អាស៊ាន ពិសេស​ត្រូវបាន​ផ្ដោតទៅលើ​ម្ហូបអាហារ​បែប​ចិន មានដូចជា​ជ្រូក មាន់ ទាខ្វៃ ជាដើម។ ភោជនីយដ្ឋាន​នេះ​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន​កម្ពុជា និង​ក្រុមហ៊ុន​មកពី​ប្រទេស​សិង្ហ​បុរី។

    លោក គួច សុខលី ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​បាន​លើកឡើងថា៖ “បច្ចុប្បន្ន​បើទោះជា​ចំនួន​ភោជនីយដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការកើនឡើង​ជា​បន្ដបន្ទាប់ ពិសេស​នៅ​រាជធានី​ក្រុងភ្នំពេញ​ក៏ដោយ ប៉ុន្ដែ​ខ្ញុំ​យល់ថា ក៏​វា​នៅតែ​មិនទាន់​អាចបំពេញ​តម្រូវការ​ស​ម្រា​ប់​អតិថិជន​ដែល​និយម​ចេញមក​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​បាន​គ្រប់គ្រាន់​នៅឡើយ​ដែរ”។

    ទោះបី​ជាមាន​ភោជនីយដ្ឋាន​ជាច្រើន​មាន​បម្រើ​ម្ហូបអាហារ​ជាច្រើន​មុខ​មកពី​បណ្ដា​ប្រទេសផ្សេងៗគ្នា​នៅលើ​ពិភពលោក​ដូចជា ចិន ជប៉ុន កូរ៉េ អឺរ៉ុ​បអុីតាលី​ជាដើម​ក៏ដោយ ក៏​ពលរដ្ឋ​កម្ពុជា​នៅតែមាន​ការពេញនិយម​ទៅលើ​ម្ហូបអាហារ​បែប​ចិន​ច្រើនជាង​ម្ហូបអាហារ​មកពី​ប្រទេសផ្សេងៗដែរ ដោយសារតែ​គ្រឿងផ្សំ និង​របៀបរបប​នៃ​ការ​ចម្អិន​អាហារ និង​រសជាតិ​អាចឱ្យ​ពួកគេ​ទទួលយកបាន និង​មានការ​ពេញនិយម​ទៀតផង។

    អ្នកស្រី DENISE LUM នាយិកា​គ្រប់គ្រង​ប្រតិ​ប​ត្ដិ​ការ​នៃ​ភោជនីយដ្ឋាន Emperors of China បាន​បញ្ជាក់ថា ភោជនីយដ្ឋាន​នេះ​បើក​ដំណើរការ​តាំងពី​ឆ្នាំ2012មកម៉្លេះ ជាមួយនឹង​គំនិតថ្មីៗនៃ​ការច្នៃ​ម្ហូប​បែប​ក្វាង​ទុង​សម័យ​ទំនើប ដោយ​ផ្ដោតទៅលើ​បរិបទថ្មីៗនៅ​ទីក្រុង​ហុងកុង និង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ផ្ដល់នូវ“អាហារ​ឌី​ម​សាំ”ច្រើន​ជម្រើស​ជាមួយ​មុខម្ហូប​ឈ្ងុយឆ្ងាញ់​ជាច្រើន​ទៀត​ដូចជា មាន់ ទា និង​សាច់ជ្រូក​ខ្វៃ បាយ​មាន់​ហៃណាំ ឈុត​ស៊ុប​ពិសេស ឈុត​ម៉ា​ឡា ស្លាបមាន់​បំពង​ស្រួយ និង​មុខម្ហូប​ជាច្រើន​មុខ​ផ្សេងទៀត។

    នាយិកា​គ្រប់គ្រង​ប្រតិ​ប​ត្ដិ​ការ​នៃ​ភោជនីយដ្ឋាន Emperors of China បានបញ្ជាក់​បន្ដថា មូល​ហេតុដែល​អ្នកវិនិយោគ​សម្រេចចិត្ត​បោះទុន​វិនិយោគ​បង្កើត​ភោជនីយដ្ឋាន​បែប​ចិន​នៅក្នុង​ទឹកដី​កម្ពុជា គឺ​ដោយសារតែ​ពួកគេ​សង្កេតឃើញ​ប្រជាជនកម្ពុជា​កាន់តែ​មាន​ការពេញនិយម​ទទួលទាន​ម្ហូបអាហារ​បែប​ចិន ពិសេស​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ឱ្យបាន​ច្រើន ដូច្នេះ​ការបង្កើត​ភោជនីយដ្ឋាន​បែប​ចិន​ជា​ជម្រើស​កាន់តែ​ល្អប្រសើរ​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំងនោះ​ឱ្យ​កាន់តែ​ចង់​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​បានយូរ​ឡើង។

    គួរ​បញ្ជាក់ផងដែរថា បច្ចុប្បន្ន​នេះប្រជាពលរដ្ឋ​កម្ពុជា​មានការ​ពេញនិយម​ទទួលទាន​អាហារ​ចិន​ចំនួន 3មុខ​គឺ 1.អាហារ​ឌី​ម​សាំ 2.អាហារ​បែប​ខ្វៃ និង3.អាហារ​បែប​ស៊ុប៕

  • តើ​ទិស​នាំ​សំណាង​តាម​គោលការណ៍​ហុងស៊ុយ​មាន​មែន​ឬទេ?

    តើ​ទិស​នាំ​សំណាង​តាម​គោលការណ៍​ហុងស៊ុយ​មាន​មែន​ឬទេ?

    មនុស្ស​ជាច្រើន​អាច​នឹង​ធ្លាប់​បានឮ​រឿង​ទិស​នាំ​លាភ​សំណាង​ថា មនុស្សម្នាក់ៗសុទ្ធ​តែមាន​ទិស​ដែល​ល្អ និង​មិនល្អ​សម្រាប់​ខ្លួនឯង​ទាំងអស់។ តាម​គោលការណ៍​ហុងស៊ុយក៏មាន​ជំនឿ​លើ​រឿង​ទិស​នាំ​លាភ​សំណាង​នេះ​ដូចគ្នា​ដែរ ដូច្នេះ​តើ​ទិស​នាំ​លាភ​សំណាង​គឺជា​អ្វី? និង​មាន​ផល​ចំពោះ​ខ្លួន​យើង​យ៉ាងណា? សូម​នាំគ្នា​តាមដាន​ដូចតទៅ…។

    ទិស​នាំ​លាភ​សំណាង​គឺជា​អ្វី?

    ផ្នត់គំនិត​ក្នុង​រឿង​ទិស​នាំ​លាភ​សំណាង​តាម​គោលការណ៍​ហុងស៊ុយ​នេះ អាច​នឹង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​យល់ច្រឡំ អ្នកខ្លះ​និយាយថា បើ​អ្នក​បែរ​ទៅរក​ទិស​ដែល​មិនល្អ​សម្រាប់​ខ្លួនឯង អ្នកនឹង​សំណាងអាក្រក់។ ចំណុច​នេះ ជា​រឿង​ដែល​ហុងស៊ុយ​បកស្រាយ​ថា មិនមាន​ជាហេតុ​ផល​ត្រឹមត្រូវ​ទេ។ ការពិតទៅ ទិស​ដែល​ល្អ ឬ​ទិស​ដែល​មិនល្អ​តាម​គោលការណ៍​ហុងស៊ុយ​វិញ​នោះគឺពាក់ព័ន្ធ​ជាមួយ​ការទទួល​កម្លាំង​ថាមពល​ដែល​ល្អ​ពី​ទិស​ដែល​ល្អ និង​ការទទួល​ថាមពល​អវិជ្ជមាន​ពី​ទិស​ដែល​មិនល្អ​ប៉ុណ្ណោះ តែ​មិន​ថា​អ្នកនឹង​បែរ​ទៅក្នុង​ទិស​ដែល​ល្អ ឬ​មិនល្អ​ក៏ដោយ វាមិនមែនជា​បច្ច័យ​ដែល​សំខាន់ និង​ធានា​ដល់​ភាពជោគជ័យ​របស់​កិច្ចការងារ​របស់​អ្នក​នោះឡើយ ព្រោះ​នៅមាន​រឿងផ្សេងៗទៀត​ជា​អង្គ​ប្រកប​រួម​ទៀត​ជាច្រើន។

    ការស្វែងរក​ទិស​នាំ​លាភ​សំណាង

    ការដែល​អ្នកដឹង និង​បែរ​ទៅរក​ទិស​នាំ​លាភ​សំណាង នឹង​ជួយ​ឱ្យ​អ្នក​បានទទួល​ថាមពល​ដែល​ល្អ មានគុណ​ភាព មាន​ភាពសម្បូរ​ឥតខ្ចោះ មាន​ភាព​ស្ថិតស្ថេរ​គង់វង្ស។ បើ​ផ្ទះ ឬ​កន្លែងធ្វើការរបស់​អ្នក​បែរមុខ​ទៅរក​ទិស​នាំ​លាភ​សំណាង អង្គុយ​ធ្វើការ​ក្នុង​ទិស​នាំ​លាភ​សំណាង ឬ​គេង​បែរមុខ​ទៅរក​ទិស​នាំ​លាភ​សំណាង អ្នក​ក៏​នឹង​បានទទួល​ថាមពល​ដែល​ល្អ។

    ទិស​នាំ​លាភ​សំណាង​ធ្វើឱ្យ​អ្នក​សំណាងល្អ​មែនឬ?

    គោលការណ៍​ហុងស៊ុយ​ប្រាប់ថា ទិស​ដែល​ល្អ នាំមក​នូវ​សំណាងល្អ និង​ភាពជោគជ័យ ដោយ​គោលការណ៍​ហុងស៊ុយ​ដែលមាន​មក​តាំងពី​បុរាណ​ក៏បាន​ប្រាប់​ដែរ​ថា សំណាង​ដែល​ល្អ​នោះមាន​ទាំងអស់​ច្រើន​កម្រិត។ អ្នក​មិនអាច​ផ្លាស់ប្ដូរ​ថ្ងៃខែ​ឆ្នាំ​កំណើត និង​ទីកន្លែង​កើត​របស់​ខ្លួនឯងបាន​ទេ ព្រោះ​នោះ​គឺជា​សំណាង​ដែល​មកពី​ឋានសួគ៌ តែ​អ្នក​អាច​បន្ថែម​លាភ​សំណាង​ក្នុងកម្រិត​ផ្សេង​បាន ដោយ​ការបង្កើន និង​ផ្លាស់ប្ដូរ​ដើម្បី​ទទួល​ថាមពល​ក្នុង​ផ្នែក​ដែល​ល្អ។

    នឹង​ទៅជា​យ៉ាងណា បើ​អ្នក​បែរ​ទៅក្នុង​ទិស​ដែល​មិនមែនជា​ទិស​នាំ​លាភ​សំណាង?

    គោលការណ៍​របស់​ហុងស៊ុយ​មាន​ឡើង​ដើម្បី​អភិវឌ្ឍ​ជីវិត​របស់​អ្នក​ឱ្យ​រឹត​ល្អ​ឡើង និង​ការមិន​ធ្វើឱ្យ​ជីវិត​របស់​អ្នកមាន​ភាពច្របូកច្របល់។ ក្នុងករណី​ដែល​អ្នក​គេង​បែរ​ទៅក្នុង​ទិស​ដែល​មិនល្អនិង​មិនអាច​ផ្លាស់ប្ដូរ​បាន អ្នក​ក៏​អាច​រិះរក​វិធី​កែ​បានដែរ ដោយ​ការប្រើ​សាស្ត្រា​ហុងស៊ុយ​ក្នុងការ​បន្ថែម​ការរៀប​ទុកដាក់ ឬ​តុបតែង​របស់ផ្សេងៗចូលទៅ​បន្ថែម និង​កែខៃ​បាន​តាម​ករណីនីមួយៗទើប​ការ​បែរ​ខុស​ទិស​មិនបាន​ធ្វើឱ្យអ្វីៗគ្រប់យ៉ាង​ត្រូវតែ​អាក្រក់​ទាំងអស់​នោះទេ។

    តើ​ការនាំ​និមិត្តសញ្ញា​ដែលមាន​អត្ថន័យល្អៗតាម​គោលការណ៍​ហុងស៊ុយ​មក​ប្រើ អាចជួយ​កែខៃ​បញ្ហា​ការ​បែរ​ទៅក្នុង​ទិស​ដែល​មិនល្អ​បាន ឬទេ?

    ការពិតទៅ មនុស្ស​ច្រើនតែ​មើលឃើញថា គោលការណ៍​ហុងស៊ុយ​តែងមាន​ការណែនាំ​ឱ្យ​ដាក់តាំង ឬ​រៀបចំ​ទុកដាក់​វត្ថុ​របស់របរ​ទៅក្នុង​ចំណុច​មួយចំនួន ឬ​ក្នុង​ទិស​ណាមួយ​របស់​ផ្ទះបន្ទប់ និង​កន្លែងធ្វើការ។ ការធ្វើ​បែប​នោះ គឺ​ដើម្បី​នាំមក​នូវ​ថាមពល​ដែល​ល្អ​ហ្នឹងឯង តែ​ទាំងអស់នេះ នឹង​ការរៀបចំ​ទុកដាក់​អ្វីមួយ​ក្នុង​ទិស​ណាមួយ ក៏ត្រូវ​តែមាន​ចំណេះដឹង​ដែល​ត្រឹមត្រូវជាក់ច្បាស់​ក្នុង​រឿង​ទិស និង​និមិត្តសញ្ញា​តាម​គោលការណ៍​ហុងស៊ុយ​ផងដែរ។

    តើ​អ្នក​ចាំបាច់​ត្រូវ​អង្គុយ​ធ្វើការ និង​គេង​ក្នុង​ទិស​នាំ​លាភ​សំណាង​ឬទេ?

    ប្រាកដ​ណាស់​ថា ការរក​ទិស​នាំ​លាភ​សំណាង និង​រៀបចំ​ទុកដាក់​តុ​ធ្វើការ រួមទាំង​គ្រែ​គេង​ឱ្យ​ត្រូវ​ទីតាំង អាច​នឹង​មិនមែនជា​រឿង​ងាយ​នោះទេ ព្រោះ​មនុស្សម្នាក់ៗ ផ្ទះមួយៗ ទីកន្លែងមួយៗសុទ្ធ​តែមាន​ដែន​កំណត់ តែ​ទាំងអស់នេះ ទោះជា​មិនបាន​រៀបចំ​ទុកដាក់​តុ និង​គ្រែ​ក្នុង​ទីតាំង​នាំ​លាភ​សំណាង​ក៏ដោយ ក៏​គួរតែ​ជ្រើសរើស​ទីតាំង​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើបាន ព្រោះការ​ស្ថិតនៅក្នុង​ទិស​ដែល​ល្អ ហុច​ផល​ដោយ​ត្រង់​ដល់​ផ្លូវចិត្ត​របស់​អ្នក​ផងដែរ។

    តើ​អ្នកនឹង​រក​ទិស​នាំ​លាភ​សំណាង​របស់​អ្នក​យ៉ាងណា?

    រឿងនេះ​ហាក់ដូចជា​នឹងធ្វើ​ឱ្យ​កើត​ភាពច្របូកច្របល់​បន្តិច ព្រោះ​ការបែងចែក​ទិស​ក្នុង​សាស្ត្រានីមួយៗ គោលការណ៍នីមួយៗមាន​ភាពខុសប្លែក​ពីគ្នា ដូច្នេះ​អ្នក​អាច​នឹង​ជ្រើសរើស​ប្រើផែនទី​ថាមពល​របស់​ហុងស៊ុយ​មកជួយ​ក្នុង​រឿងនេះ​បាន ហើយ​ការរក​ទិស​នេះ ចូរ​ចាប់ផ្ដើម​ពី​ចំណុចកណ្ដាល​របស់​ផ្ទះ​ជានិច្ច៕

  • រឿង7យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដឹង ពាក់ព័ន្ធ​នឹង​ទឹកភ្នែក…

    រឿង7យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដឹង ពាក់ព័ន្ធ​នឹង​ទឹកភ្នែក…

    មនុស្ស​យើង​គ្រប់រូប ម្នាក់ៗសុទ្ធ​តែមាន​សម្ពន្ធភាព​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ទឹកភ្នែក​ពេញ​មួយជីវិត​សាកល្បង​គិត​ទៅ​មើល៍ នៅពេល​កើតមក​ភ្លាម រឿង​ដំបូង​គេ​ដែល​យើង​ធ្វើ​មុននឹង​បើកភ្នែក​មើល​ពិភពលោក គឺ​ការ​ហាមាត់​ស្រែកយំ លុះដល់​ធំ​ឡើង​យើង​ក៏​ប្រើ​ទឹកភ្នែក​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​ខូចចិត្ត ឬ​ត្រេកអរ​នៅពេល​ខ្លះ និង​ច្រើនដង​ណាស់ដែ​លវា​ហូរ​ចេញមក​ប្រៀប​ដូច​ទឹកបាក់​ទំនប់ ដោយសារ​គ្រាន់តែ​យើង​ហាន់​មើម​ខ្ទឹមបារាំង។

    មើលទៅ​វា​ហាក់ដូចជា តំណក់ទឹកថ្លាៗដែល​ហូរ​ចុះ​មកលើ​ថ្ពាល់​របស់​យើង តែ​វា​មាន​រឿងរ៉ាវ​អាថ៌កំបាំង​ច្រើន​គួរសម…

    ដូច្នេះ​ថ្ងៃនេះ​យើង​នាំគ្នា​មក​មើ​លពី​រឿង7យ៉ាង​ដែល​យើង​មិន​ធ្លាប់​ដឹង​ពាក់ព័ន្ធ​នឹង​ទឹកភ្នែក​នេះ ធានាថា លោកអ្នក​ច្បាស់​ជា​នឹក​ចម្លែក​ចិត្ត​មិន​ខាន។

    1/ ហៅថា “ទឹកភ្នែក” តែ​មិនមែនជា “ទឹក” ទេ
    ទឹក​ដែល​ហូរ​ចេញ​មកពី​កែវភ្នែក វា​ត្រូវតែ​ជា​ទឹក​ហ្នឹងហើយ! មិន​ខុស​ទេ! តែ​ក៏​មិនបាន​ត្រឹមត្រូវ​ទាំងអស់​ដែរ។ ការពិតទៅ ទឹកភ្នែក​របស់​យើង​មាន​លក្ខណៈ​ដូចជា​បន្ទះ​ហ្វ៊ីល​ម៍​ដែល​ដាក់ពីលើ​គ្នា3ជាន់។ ជាន់​ក្រៅ​បំផុត ឬ “ស្រទាប់​ខ្លាញ់” (Lipid layer) មាន​ខ្លាញ់​ជា​ផ្នែក​ផ្សំ​ចម្បង មាន​តួនាទី​ការពារ​ការ​ហើរ​ស្ងួត​របស់​ទឹកភ្នែក បញ្ចៀស​ពន្លឺ​និង​ជួយ​ក្នុង​ការមើលឃើញ។

    ជាន់​ទី​ពីរ ហៅថា “ស្រទាប់​សារធាតុ​ទឹក” (Aqueous layer) ប្រាកដ​ណាស់! មាន​ទឹកជា​ចំណែក​ផ្សំ​ចម្បង និង​នៅមាន​ផ្សំ​ដោយសារ​ធាតុ​សំខាន់ផ្សេងៗដូចជា អំបិល​រ៉ែ ប្រូ​តេ​អី​ុ​ន និងសារធាតុ​ការពារ​ជំងឺផ្សេងៗទៀតផង។ មុខនាទី​របស់​ស្រទាប់​សារធាតុ​ទឹកភ្នែក​ដែល​សំខាន់បំផុត​គឺ ផ្ដល់​អុក​ស៊ី​ែ​ហ្សន​ដល់​កែវភ្នែក និង​ជា​ប្រភព​អាហារ​សំខាន់​របស់​កែវភ្នែក។

    ជាន់​ក្នុង​បំផុត ជា “ស្រទាប់​រំអិល” (Mucouslayer) ប្រកបដោយ​រំអិល ប្រូ​តេ​អី​ុ​ន និង​អំបិល​រ៉ែ មាន​តួនាទី​ធ្វើឱ្យ​ស្រទាប់​កញ្ចក់ភ្នែក​រាប ជួយ​ឱ្យ​សម្លឹងមើល​ឃើញច្បាស់ ជួយ​រំអិល​ស្រទាប់ផ្នែក​ខាងមុខ​កែវភ្នែក និង​ស្ទាក់ចាប់​វត្ថុ​ប្លែក​ចម្លែក​ជួយ​ការពារ​មិនឱ្យ​ភ្នែក​ជាប់​មេរោគ។

    2/ ច្រើនជាង1 តែមាន​ដល់​ទៅ3

    ប្រយោគ​នេះ​មិនមែនជា​ការផ្សាយ​ពាណិជ្ជ-កម្ម​លក់ទំនិញ​ទេ តែ​ជា​ប្រភេទ “ទឹកភ្នែក” របស់​មនុស្ស​យើង​ហ្នឹងឯង។ ទោះជា​មាន​សភាព និង​រូបរាង​ទ្រង់ទ្រាយ​ដូចគ្នា​ទាំងអស់​មែន តែ​ការពិតវិញ ទឹកភ្នែក​មាន​ដល់​ទៅ3ប្រភេទ​ឯណោះ។

    – Basal Tear ទឹកភ្នែក​ដែល​ហូរ​ចេញមក​គ្រប់ពេលវេលា ដើម្បី​ផ្ដល់​សំណើម​ដល់​កែវភ្នែក និង​ការពារ​ធូលី​ដី។

    –  Reflex Tear បើ​ត្រឹម​តែមាន​ធូលី​ដី​ហើរ​ចូល​ភ្នែក ហើយ​ចេញ​ទឹកភ្នែក​នោះ ហ្នឹងហើយ​គឺ Reflex Tear។ ជា​ទឹកភ្នែក​ដែល​ហូរ​ចេញមក​ក្នុង​បរិមាណ​ច្រើន​នៅពេល​មាន​កម្ទេច​អ្វី​ម្យ៉ាង​ចូលភ្នែក ឬ​នៅពេល​មាន​អារម្មណ៍​ថា ក្ដៅក្រហាយ​ភ្នែក ដូចជា ពេល​ហាន់​មើម​ខ្ទឹមបារាំង ឬ​ប៉ះ​នឹង​ពន្លឺ​ចាំងខ្លាំងៗជាដើម។

    – Emotional Tear ជា​ទឹកភ្នែក​ដែល​មានតែ​មនុស្ស​ប៉ុណ្ណោះ​ដែល​អាច​បង្ហូរ​ចេញមក​បាន។ វា​នឹង​ហូរ​ចេញមក​នៅពេល​កើតមាន​អារម្មណ៍ផ្សេងៗ ដូចជា សោកសៅ ខូចចិត្ត អផ្សុក ខកបំណង​ស្នេហ៍ និង​ត្រេកអរ​ខ្លាំង​ជាដើម តែ​ភាគច្រើន… ប្រាកដ​ណាស់! ជា​ទឹកភ្នែក​នៃ​ក្ដី​សោកស្ដាយ​ខូចចិត្ត។

    3/ មិន​យំ មិនមែន​មានន័យថា មិនមាន​ទឹកភ្នែក​នោះទេ

    កុំអាល​ភ្ញាក់ផ្អើល​អី! ព្រោះ​អាច​នឹង​ស្ដាប់​មើលទៅ​រាង​កម្សត់ តែ​វា​ជាស​ភាវ​ប្រក្រតី​របស់​រា​ង​កាយ​មនុស្ស​យើង។ ទឹកភ្នែក​ប្រភេទ Basal Tear របស់​យើង​នឹង​ហូរ​ចេញមក ដើម្បី​ថែរក្សាឮកែវភ្នែក​ឱ្យមាន​សំណើម​គ្រប់ពេលវេលា តែ​ហូរ​ចេញមក​ក្នុង​បរិមាណ​តិច​បំផុត មួយថ្ងៃ​ត្រឹមតែ5-10អន​ស៍ប៉ុ​ណ្ណោះ ហើយនឹង​ហើរ​ស្ងួត​ទៅវិញ​ប្រមាណ​ជា10%-20% គ្រប់​ពេលដែល​យើងបើកភ្នែក ទើប​យើង​ស្ទើរតែ​មិនដឹង​ឡើយ​ថា មាន​ទឹកភ្នែក​កំពុង​ថែទាំ​យើង។

    4/ ទឹកភ្នែក និង​ទឹកសមុទ្រ… ដូចគ្នា​ទេ?

    ហេតុ​អី​បានជា​ទឹកភ្នែក​មាន​រសជាតិ​ប្រៃ​ដូច​ទឹកសមុទ្រ​ដែរ? ជា​ទឹក​តែមួយ​ដូចគ្នា ឬ​យ៉ាងណា? ចម្លើយ​គឺ ទេ… ខុសគ្នា​ស្រឡះ! ព្រោះ​នៅក្នុង​ទឹកភ្នែក និង​ទឹកសមុទ្រ​មាន​ចំណែក​ផ្សំ​របស់ “អំបិល” ឬ​សូ​ដ្យូ​ម​ខ្លូ​រ៉ា​យ​ដ៍​ដូចគ្នា​មែន តែ​កម្រិត​ជាតិ​ប្រៃ​របស់​ទឹកភ្នែក​ខុសប្លែក​ពីគ្នា​អាស្រ័យលើ​បច្ច័យ​ជាច្រើន ដូចជា ការ​យំ និង​ការ​ត្រេកអរ ឬ​រំភើបចិត្ត​ជាដើម។

    5/ គ្មាន​ទឹកភ្នែក… អាច​នឹង​មើលឃើញ​មិន​ច្បាស់

    អ្នកណា​ទៅ​ដឹងថា វត្ថុ​សំខាន់​មួយ​ដែល​ធ្វើឱ្យ​មនុស្ស​យើង​មើលឃើញ​បាន​ច្បាស់​នោះ​គឺ “ទឹកភ្នែក”?ក្រៅពី​នឹង​ជួយ​ឱ្យមាន​សំណើម​ដល់​កែវភ្នែក​ហើយ ទឹកភ្នែក​នៅ​ជួយ​សម្អាត​កញ្ចក់ភ្នែក ធ្វើឱ្យ​យើង​មើលឃើញ​បាន​ច្បាស់​ល្អ​ឡើង។ ដូច្នេះ យើង​គួរ​មើលថែទាំ​សុខភាព​កែវភ្នែក​ឱ្យមាន​ទឹកភ្នែក​ចេញមក​ចិញ្ចឹម​កែវភ្នែក​ជាប់​ជានិច្ច​ដោយ​ការ​ឧស្សាហ៍​ប្រិច​ភ្នែក​ឱ្យបាន​ញឹកញាប់ចៀសវាង​ពី​បរិស្ថាន និង​ទង្វើ​ដែល​ធ្វើឱ្យ​ទឹកភ្នែក​ងាយ​ហើរ​ស្ងួត ដូចជា​ការប្រើ​ខ្សែ​ភ្នែកយូរៗជាដើម។

    6/ មាន​អារម្មណ៍​តានតឹង​ពិបាកចិត្ត ក៏​យំ​ចេញមក!

    ផ្នែក​មួយ​ពី​ការសិក្សា​ស្រាវជ្រាវ​រឿង​ទឹកភ្នែក​របស់លោក William Frey អ្នក​ជីវគីមី​នៃ​មជ្ឈមណ្ឌល​វិភាគ​កែវភ្នែក​បាន​ប្រាប់ថា គ្រប់​ពេលដែល​យើង​ទួញ​យំ សារធាតុ​អេ​ន​ដូ​ហ្វ៊ី​ន​នឹង​ហូរចេញមក ជួយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​នៃ​ភាព​តានតឹង​ពិបាក​ចិត្តបាន។ ដោយ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ Frey ក៏បាន​រកឃើញ​ទៀតថា មនុស្ស​ប្រុស​ជាង73% និង​ស្ត្រី​ជាង 75% និយាយថា មាន​អារម្មណ៍​ធូរស្រាល និង​សប្បាយចិត្ត​ឡើងវិញ​នៅពេល​បាន​យំ​រួច។

    7/ តើ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​យំ​ដូចគ្នា​ឬទេ?

    ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថាប័ន​ជាច្រើន​បាន​រកឃើញថា “ស្ត្រី​មាន​សញ្ញា​ថា​នឹង​យំ​ញឹកញាប់​ជាង​បុរស” ដោយ​អ្នក​គីមីវិទ្យា  William Frey ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ដែល​បាន​ប្រើពេលវេលា​សិក្សា​អំពី​ទឹកភ្នែក​ជាពិសេស​អស់​រយៈពេល​ដល់​ទៅ15ឆ្នាំ​បាន​រាយការណ៍​ថា ក្នុង1ខែ​ស្ត្រី​យំ5.3ដង ចំណែក​បុរស​វិញ​យំ​ប្រមាណ​តែ1.4ប៉ុណ្ណោះ។ ភាព​ញឹកញាប់​នៃ​កា​រយំ​ដែល​ខុសប្លែក​ពីគ្នា​នេះ មួយផ្នែក​កើតឡើង​ពី “អ័រម៉ូន​ប្រូ​លែ​ក​ទីន” ដែល​រាងកាយ​នឹង​ផលិត​ចេញមក​នៅពេលដែល​យើង “មាន​អារម្មណ៍​ខ្លាំង​ដល់ទី​បំផុត” ដូចជា ត្រេកអរ​បំផុត រំភើបចិត្ត​បំផុត ខូចចិត្ត ឬ​សោកស្ដាយ​បំផុត រហូត​ទៅដល់​មួម៉ៅ​តានតឹង​តែ​និយាយ​មិន​ចេញ និង​ពិបាកចិត្ត​បំផុត​ជាដើម។ ក្នុងអំឡុង​អារម្មណ៍​បែបនេះ រាងកាយ​នឹង​ទម្លាយ​ចេញមក​ជា​ដំណក់ទឹកភ្នែក ដើម្បីបញ្ចុះ​កម្រិត​ភាព​តានតឹង ដោយ​ស្ត្រី​នឹង​ផលិត​អ័រម៉ូន​នេះ​បាន​ច្រើនជាង​បុរស​ដល់​ទៅ4ដង ទើប​វា​ជាដើម​ហេតុ​ឱ្យ​មនុស្ស​ស្រី​មាន​សញ្ញា និង​ទំនោរ​ក្នុងការ​ឆាប់​ទួញ​យំ និង​រំអួយ​ជាង​បុរស តែទាំងអស់នេះ វា​អាស្រ័យ​លើ​ែ​ែ​ហ្សន ខ្នាត​របស់​បំពង់​បង្ហូរទឹកភ្នែក​របស់​ម​នុស្សម្នាក់ៗ និង​ការចិញ្ចឹម​មើលថែ​របស់​គ្រួសារ​ផងដែរ។

    ឃើញ​ទេ​ថា ទឹកភ្នែក​ដែលជា​ចំណែក​តូច​មួយ​របស់​រាងកាយ​យើង មាន​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ច្រើនណាស់ និង​ថែមទាំង​បំពេញ​តួនាទីចម្បងៗ ជួយ​ឱ្យ​យើង​មើលឃើញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង។ បានដឹង​បែបនេះហើយ ចូរ​កុំ​ភ្លេច​ងាក​មក​យកចិត្តទុកដាក់​មើលថែទាំ​កែវភ្នែក ដោយ​ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​ភ្នែក ដើម្បី​ទទួលយក​ការណែនាំ​ក្នុងការមើល​ថែទាំ​សុខភាព​កែវភ្នែក រួមទាំង​ពិនិត្យ​រកមើល​អា​ការខុស​ប្រក្រតីផ្សេងៗ ដូចជា សភាវ​ភ្នែក​ឡើង​ស្ងួត​ជាដើម។ ទាំងអស់នេះ​គឺ​ដើម្បី​ប្រសិទ្ធភាព​ក្នុងការ​មើលឃើញ​ដែល​ល្អ​បំផុត៕

  • និស្សិត​នឹង​ក្លាយជា​ធនធានមនុស្ស​ខ្លាំង បើ​ចេះ​ច្នៃ​ពេល​លេង​ទៅជា​ការសិក្សា​តាម​បច្ចេកវិទ្យា

    និស្សិត​នឹង​ក្លាយជា​ធនធានមនុស្ស​ខ្លាំង បើ​ចេះ​ច្នៃ​ពេល​លេង​ទៅជា​ការសិក្សា​តាម​បច្ចេកវិទ្យា

    នាពេល​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា បច្ចេកវិទ្យា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​ការរស់នៅ​របស់​មនុស្ស​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង ដោយ​ក្នុងនោះ​រួមទាំង​ការអប់រំ​ផងដែរ តែ​ទោះបីជា​យ៉ាងណាក៏ដោយ បណ្តាញ​ដ៏​អស្ចារ្យ​នេះ​ក៏បាន​ជះ​ផលប៉ះពាល់​មួយចំនួន​ផងដែរ​ដល់​យុវជន និង​សង្គម។

    លោក​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា បច្ចេកវិទ្យា​ជា​បណ្តាញ​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​ជាមួយនឹង​ប្រជាជន​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា​នៅក្នុង​តំបន់។ តែ​ទោះជា​យ៉ាងនេះ​ក្តី ផល​សំខាន់​ដែល​អាច​ទាញ​យកបាន​ពី​បច្ចេកវិទ្យា គឺ​អាស្រ័យ​លើ​អ្នកប្រើប្រាស់​វា​ផ្ទាល់។ និស្សិត​និង​យុវជន​កម្ពុជា​ជាច្រើន​ទៀត ត្រូវតែ​ចេះ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ខាតបង់​ទាំង​ពេលវេលា និង​ថវិកា។

    លោក​បណ្ឌិត បាន​មានប្រសាសន៍ថា ៖ “យុវជន​គឺជា​អ្នក​ដែល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ច្រើនជាងគេ ហើយ​យុវជន​ក៏​ជា​អ្នក​បន្តវេន​យ៉ាងសំខាន់​របស់​សង្គម​ដែរ ហេតុនេះ​យើង​គួរប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជា​ប្រយោជន៍​ឱ្យបាន​ច្រើន​សម្រាប់​ការរៀនសូត្រ​ក៏ដូចជា​ការងារ ឬ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដែលមាន​សក្តានុពល​រប​ស់​កម្ពុជា​សម្រាប់​ប្រកួតប្រជែង​ក្នុង​សមាហរណកម្ម​អាស៊ាន។

    លោក​បណ្ឌិត​បាន​បន្តថា នាពេល​បច្ចុប្បន្ននេះ យើង​មើលឃើញថា ឧបករណ៍​អេឡិចត្រូនិក​ដែល​យើង​ប្រើប្រាស់​គឺ​មិន​ខុសពី​សម្ភារ​ទំនើប​ដែល​គេ​ប្រើប្រាស់​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នោះទេ នៅពេលដែល​គេ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប យើង​ក៏មាន​ទូរស័ព្ទ​ទំនើប​ប្រើ នៅពេលដែល​ប្រជាជន​នៃ​ប្រទេស​អភិវឌ្ឍន៍​ប្រើ​ផលិតផល Apple យើង​ក៏មាន Apple ប្រើ​ហេតុនេះ​យើង​ត្រូវ​ប្រើប្រាស់​វា​ឱ្យមាន​ប្រសិទ្ធភាព។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​សហការ​ជាមួយនឹង​ស្ថាប័ន​នានា​ដែល​ក្នុងនោះ​ក៏មាន​អង្គការ STEM (Science, Technology, Engineering and Math) ដែល​បាន​ជំរុញ​ឱ្យ​យុវជន​កាន់តែ​យកចិត្តទុកដាក់​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ជាមួយនឹង​បច្ចេកវិទ្យា ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដែល​សង្គម​ត្រូវការ​ខ្លាំង​នាពេល​អនាគត។

    រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា បច្ចុប្បន្ននេះ​ជា​សម័យ​បច្ចេកវិទ្យា ហេតុនេះ​ស្ថាប័ន​អប់រំ​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ជាច្រើន​ដើម្បី​សម្រួល​ដល់​ការសិក្សា​របស់​សិស្ស-និស្សិត​កម្ពុជា ឱ្យ​ពួកគាត់​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ស្រាវជ្រាវ ក៏ដូចជា​ការទាញយក​ឯកសារសំខាន់ៗពី​គ្រឹះស្ថានសិក្សា និង​ក្រសួង​ដែល​បានរៀបចំ និង​ដាក់ឱ្យ​ប្រើប្រាស់។ ឯកឧត្តម បាន​លើកឡើងថា យើង​ចង់ឱ្យ​យុវជន​កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យមាន​ប្រយោជន៍ ដោយ​ដក​ពេលវេលា​ដ៏​ច្រើន​ដែល​តែងតែ​លេង​នៅលើ​បណ្តាញ​ទំនាក់ទំនង មក​សិក្សា និង​ចែករំលែក​ចំណេះដឹង​ឱ្យបាន​ច្រើន​វិញ។

    នាពេល​បច្ចុប្បន្ននេះ​កម្ពុជា​បាន​បង្កើត​បណ្តាញ​អប់រំ​ជាច្រើន​ដែល​អាច​អនុញ្ញាតឱ្យ​យុវជន​កម្ពុជា​ទាញយក​ប្រយោជន៍​ពី​វា​បាន​យ៉ាង​ទូលំទូលាយ តែ​ជាទូទៅ​គេ​ក៏​សង្កេតឃើញ​ផងដែរ​ថា យុវជន​កម្ពុជា​មួយចំនួន​បាន​ចំណាយ​ពេលវេលា​ច្រើន​ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា​ដែល​មិន​ត្រឹមត្រូវ ហើយ​បណ្តោយឱ្យ​ពេលវេលា​ជាច្រើន​ត្រូវ​បាត់បង់​តាមរយៈ​ការប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ជ្រុល ដោយ​ចំណាយពេល​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការអប់រំ។

    នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សិស្ស-និស្សិត​បាន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ក្នុងការ​ស្រាវជ្រាវ​តាមបែប​បុរាណ​មក​ស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​បច្ចេកវិទ្យា។ នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន ការសិក្សា​តាមបែប​បច្ចេកវិទ្យា​គឺជា​ការសិក្សា​ដ៏​ពេញនិយម និង​ទទួលជោគជ័យ​ក្នុងការ​អភិវឌ្ឍ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ៖ “ក្រសួង​អប់រំ​ក៏បាន​បង្កើត​កម្មវិធីសិក្សា​តាមបែប​អន​ឡាញ ដែល​ផ្តល់ជូន​នូវ​ឯកសារ​ជាច្រើន​ក្នុង​កម្មវិធីសិក្សា ស្របពេល​ដែលមាន​កម្ម​វិធី​មួយចំនួន គឺ​សិស្ស​អាច​សាកល្បង​សមត្ថភាព​របស់គាត់​ផ្ទាល់​តាម​បណ្តាញ​បច្ចេកវិទ្យា​បាន។

    កញ្ញា អ៊ាន ម៉ានិត និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​លើកឡើងថា ជាការ​មើលឃើញ និស្សិត​ជាច្រើន​បាន​ចំណាយ​ពេលវេលា​ច្រើន​ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា​ដែល​មិន​ត្រឹមត្រូវ ដូចជា​ការលេង Facebook រហូតដល់​យប់​ជ្រៅ ហើយ​មិនសូវ​រវល់​ច្រើន​ជាមួយនឹង​ការសិក្សា​ទេ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​គាត់​បាត់បង់​ឱកាស​ក្នុងការ​ទាញយក​ផល​វិជ្ជមាន​ពី​បណ្តាញ​សង្គម និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ដែលមាន​នៅក្នុង​ដៃ​របស់គាត់។

    កញ្ញា អ៊ាន ម៉ានិត បាន​និយាយថា ៖ “នាពេល​បច្ចុប្បន្ននេះ ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា​យើង​អាច​ស្រាវជ្រាវ​បាន​យ៉ាង​ទូលំទូលាយ​ពី​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក។ ដើម្បី​ស្វែងរក​ឯកសារ​ពី​សាកលវិទ្យាល័យល្បីៗ ឬ​ទិញ​សៀវភៅ​ដែល​យើង​ត្រូវការ យើង​មិនចាំបាច់​ត្រូវធ្វើ​ដំណើរ​ទៅដល់​បរទេស​នោះទេ យើង​អាច​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​បាន ហេតុនេះ​យើង​មានឱកាស​ច្រើនក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង តែ​ពេលខ្លះ​ដោយសារតែ​យុវជន​មួយចំនួន​មិនសូវ​យកចិត្តទុកដាក់ គេ​បែរជា​ចំណាយ​ពេលវេលា​ច្រើន​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​បែប​មិន​ត្រឹមត្រូវ​ទៅវិញ។

    កញ្ញា ម៉ានិត និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បានលើកឡើង​ផងដែរ​ថា តាមពិត​នៅពេលនេះ បច្ចេកវិទ្យា​បាន​សម្រួល​ដល់​ការរស់នៅ​ច្រើនណាស់ តែ​អ្វីដែល​គួរឱ្យ​ស្តាយ នោះ​គឺយុវជន​មួយចំនួនធំ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ខុស​ទំនង​ដែល​ធ្វើឱ្យ​យើង​មាន​បញ្ហា​ក្នុង​ជីវិត​ទៅវិញ​ហេតុនេះ​ការដែល​ពិចារណា​ក្នុងការ​ផ្លាស់ប្តូរ​ពេលវេលា​មួយចំនួន​ដែល​គាត់ ចំណាយ​មិន​ត្រឹមត្រូវមក​ធ្វើការ​ស្រាវជ្រាវ​តាម​បណ្តាញ​បច្ចេកវិទ្យា​វិញ អាចជា​វិធី​ឆ្លាត​វៃ​មួយ​ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដែល​សំខាន់​សម្រាប់​សង្គម៕

  • តើ​គួរ​ដោះស្រាយ​បញ្ហា​បបូរមាត់​ដូចម្តេច?

    តើ​គួរ​ដោះស្រាយ​បញ្ហា​បបូរមាត់​ដូចម្តេច?

    ដូចជា បបូរមាត់​ស្ងួត​រហូត​ឡើង​របក ដោយ​ភាគច្រើន ច្រើន​កើត​នៅលើ​អ្នក​ដែល​មិនបាន​លាប​ក្រែ​ម​មាត់ បបូរមាត់​ខ្វះ​សំណើម​ធ្វើឱ្យ​មើលទៅ​មិន​ពេញ​ស្អាត ហើយ​បើ​ស្ងួត​ខ្លាំង​ផង​នោះ នឹងធ្វើ​ឱ្យស្នាម​ឆ្នូត​នៅលើ​បបូរមាត់​លេចឡើង​កាន់តែច្បាស់។

    ជា​ប្រក្រតី ស្បែក​គ្រប់កន្លែង​របស់​រាងកាយ​មនុស្ស​យើង​អាច​រក្សា​សំណើម​បាន តែដោយសារ​បបូរមាត់​ជា​កន្លែង​ដែល​គ្មាន​ក្រពេញ​ជាតិ​ខ្លាញ់ និង​មាន​កន្លែង​ដែល​រក្សា​ជាតិ​ទឹក​នោះ​ស្តើង​ពេក ទើប​នៅពេលដែល​ជាតិ​សើម​ត្រូវ​ហើរ​តាម​ខ្យល់​អស់ បបូរមាត់​នឹង​ឡើង​ស្ងួត និង​ប្រេះ​បែក ជាពិសេសរ​ក្នុង​ដូ​វរ​ងា​បបូរមាត់​នឹង​ស្ងួត​ខ្លាំងណាស់ ខ្លាំង​ជាង​កន្លែងផ្សេងៗដល់​ទៅ6ដង​ឯណោះ តែ​មិនបាច់​កង្វល់​ទេ ព្រោះ​អាច​ការពារ​បាន​ដោយ​ការ​លាប​ក្រែ​មរ​លោង​ឱ្យបាន​ជាប់​ជានិច្ច ដោយ​ត្រូវ​ជ្រើសរើស​ប្រើ​ប្រភេទ​ដែលមាន​ជាតិ​ប្រេង​ផ្សំ​ជាមួយ​ផង ទើប​អាចជួយ​បាន ជាពិសេស​បំផុត​ក្រោយពេល​ងូតទឹក​គ្រប់ពេល នឹង​អាចជួយ​ការពារ​បាន​យ៉ាង​ល្អ​បំផុត។

    វិធី​ជួយ​ឱ្យ​បបូរមាត់​មាន​ភាព​សើម​ជាប់​ជានិច្ច

    1/ ហាម​លិទ្ធ​បបូរមាត់៖ ហាម​យក​អណ្តាត​លិទ្ធ​បបូរមាត់​ញឹកញាប់ អ្នកខ្លះ​ចូលចិត្ត​លិទ្ធ​បបូរមាត់​រហូត​ក្លាយជា​និស្ស័យ វា​នឹង​ធ្វើឱ្យ​បបូរមាត់​រឹតតែ​ស្ងួត​ទៅវិញ​ទេ ព្រោះ​ពេលដែល​អ្នក​លិទ្ធនោះ វា​សើម​មែនហើយ តែ​ភាព​សើម​នេះ នៅពេល​ត្រូវ​ខ្យល់​វា​នឹង​រឹតតែ​ធ្វើឱ្យ​បបូរមាត់​កាន់តែ​ស្ងួត​ខ្លាំង​ឡើង។

    2/ ហាម​លាប​ក្រែ​មរ​លោង​ច្រើនពេក៖ មិនគួរ​លាប​ក្រែ​មរ​លោង​ច្រើនពេក​ទេ ការ​លាប​ក្រែ​មរ​លោង​ញឹកញាប់​ពេក​ក្នុងមួយថ្ងៃៗ ក៏​អាចធ្វើឱ្យ​បបូរមាត់​ស្ងួត​បានដែរ ព្រោះ​ពេល​លាបនោះ​អ្នក​ត្រូវ​សង្កត់​ក្រែ​ម​លើ​បបូរមាត់ទៅមកៗជា​ច្រើនដង​ក្នុង​មួយថ្ងៃ ដូច្នេះ​មិនគួរ​លាប​លើសពី3ដង ឬ​ច្រើន​បំផុត5ដង​បាន​ហើយ។

    3/ ហាម​ខាំ​បបូរមាត់៖ មិនគួរ​ខាំ​បបូរមាត់​ញឹកញាប់​ឡើយ ការ​ខាំ​បបូរមាត់​ញឹកញាប់​រហូត​ក្លាយជា​ទម្លាប់​នោះ ក៏​អាចធ្វើឱ្យ​បបូរមាត់​ស្ងួត​បានដែរ ព្រោះ​បបូរមាត់​គឺជា​កន្លែង​មួយ​ដែល​ស្តើង​ខ្លាំងណាស់ និង​អាចធ្វើ​ឱ្យមាន​របួស និង​ឆ្លង​មេរោគ​បាន។

    4/ លាប​ក្រែ​មរ​លោង៖ មុន​លាប​បបូរមាត់​គួរ​លាប​ទ្រនាប់​ដោយ​ក្រែ​មរ​លោង​ជាមុនសិន​ការធ្វើ​ដូច្នេះ​នឹង​ជួយ​ឱ្យ​បបូរមាត់​មាន​សំណើម​ល្អ រលោង​ស្អាត និង​បបូរមាត់​មិន​ឡើង​ខ្មៅ​ផង។

    កំណត់សំគាល់៖ គួរ​ជ្រើសរើស​ប្រើ​ក្រែ​មរ​លោង​ណា​ដែលមាន​ចំណែក​ផ្សំ​របស់​ទឹកឃ្មុំ ដែល​នឹង​ផ្តល់នូវ​សំណើម ហើយ​និង​សារជាតិ​ប្រេង​របស់​ផ្លែឈើ ឬ​គ្រាប់​ធញ្ញជាតិ និង​មាន SPF ការពារ​កម្ដៅថ្ងៃ​បាន​ទៀតផង។

    វិធី​មើលថែទាំ​បបូរមាត់​ដែល​ស្ងួត

    1/ យក​កន្សែងពោះគោ​ដាក់​ត្រាំ​ក្នុង​ទឹក​ក្តៅ​ប្រមាណ​ជា 40អង្សា រួច​ស្រង់​ឡើង​យកមក​ពូត​ឱ្យ​ស្ងួត។

    2/ ដាក់​ស្អំ​ពីលើ​បបូរមាត់​ដែល​ស្ងួត​នោះ​ប្រមាណ2-3នាទី​រហូតដល់​មាន​អារម្មណ៍​ថា កន្សែងពោះគោ​លែង​ក្តៅ​ហើយ។

    3/ ដុស​បបូរមាត់ថ្នមៗ យឺតៗដើម្បីឱ្យ​កម្ទេច​ស្បែកស្ងួតៗដែល​ជាប់​នៅលើ​នោះ​របូត​ជ្រុះ​ចេញ​អស់ បន្ទាប់ពីនោះ​ចូរ​លាប​ក្រែ​មរ​លោង​ភ្លាម។ វិធី​នេះ​នឹង​ធ្វើឱ្យ​បបូរមាត់​លែង​ស្ងួត និង​មើលទៅ​ពេញ​មូលក្លំ ពេល​លាប​ក្រែ​ម​ពណ៌​នឹង​មើលទៅ​ឃើញ​ស្អាត ហើយ​រលោង​ផង។

    4/ អ្នក​ដែលមាន​បបូរមាត់​ស្លេក មើលទៅភាគច្រើនៗមនុស្ស​ដែលមាន​ជំងឺ​ប្រចាំកាយ ឬ​មនុស្ស​ដែល​មិនសូវមាន​ឈាម ក្នុងករណីនេះ ត្រូវតែ​ព្យាបាល​សុខភាព​ឱ្យបាន​រឹងមាំ និង​ទទួលទាន​ចំណីអាហារ​ដែលមាន​ប្រយោជន៍ ដូចជា ប្រភេទ​សារធាតុ​ដែក​ជាដើម វា​នឹង​ជួយ​ឱ្យ​លំហូរ​វិល​របស់​លោហិត​ល្អ​អាច​ទៅ​ចិញ្ចឹម​បបូរមាត់ ធ្វើឱ្យ​បបូរមាត់​ក្រហម​ឡើងវិញ​បាន។

    5/ អ្នក​ដែលមាន​បបូរមាត់​ពណ៌​ស្រគាំ​ខ្មៅ បើជា​មនុស្ស​ដែលមាន​សម្បុរ​ខ្មៅ​នោះ មិនមែនជា​បញ្ហា​ទេ ព្រោះ​ជា​ធម្មជាតិ​របស់​វា តែបើ​មនុស្ស​សម្បុរ-សមាន​បបូរមាត់​ខ្មៅ​វិញ​នោះ គឺពាក់ព័ន្ធនឹង​ការហូរ​វិល​របស់​លោហិត​ដែល​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន ឬ​មនុស្ស​ដែល​ជក់បារី​ជាប់​ជាប្រចាំ​បបូរមាត់​ក៏​អាច​ឡើង​ខ្មៅ​បានដែរ ដូច្នេះ​គួរ​លាប​ក្រែ​ម​ថែបំប៉ន​ជាប្រចាំ និង​ធ្វើ​ម៉ាស្សា​បបូរមាត់ផង ដើម្បីឱ្យ​ចរន្ត​លោហិត​ហូរ​បានល្អ ធ្វើឱ្យ​បបូរមាត់​ពេញ​ស្អាត និង​មិន​ស្ងួត​ទៀតផង៕

  • ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ នឹង​សាងសង់​នៅ​ឆ្នាំនេះ

    ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ នឹង​សាងសង់​នៅ​ឆ្នាំនេះ

    ដោយ​ទន្ទឹងរង់ចាំ​មើល​អស់រ​យៈ​ពេល​ជាច្រើន​ឆ្នាំ​មក ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​កំណត់ពេល​វេលា​សាងសង់​ជា​ផ្លូវការ​ហើយ គឺ​នឹង​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ2018នេះ​តទៅ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា 2ពាន់​លាន​ដុល្លារ​អាមេរិក។

    គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ក្រោយពី​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​ជាមួយ​សម​ភាគី​ចិន តំណាង​ដោយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន។ ពិធី​ចុះហត្ថលេខា​ខាងលើ​ត្រូវបាន​ប្រព្រឹត្ត​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹងត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន​តាម​រូបភាព​វិនិយោគ​សាងសង់-ធ្វើ​អាជីវកម្ម-ផ្ទេរ (BOT) ជា​ផ្លូវ 4គន្លង​មាន​ប្រវែង​សរុប 190.63 គីឡូម៉ែត្រ ចេញពី​ទីក្រុង​ភ្នំពេញ​រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំងស្រុង ទ្រូងផ្លូវ​មាន​ទទឹង 24ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់សម្រាក មាន​របង​បាំង​សងខាង​ផ្លូវ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត។

    ក្រោយពេល​សាងសង់​រួច ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល​ខ្លី កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ។ លើសពីនេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ពី​ការអភិវឌ្ឍ​ច្រករបៀង​ភ្នំពេញ-ព្រះសីហនុ។

    លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន World Express Co,.Ltd មានប្រសាសន៍ថា ផ្លូវ​ល្បឿន​លឿន​ខាងលើ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល។ លោក​ថា នៅពេល​ផ្លូវ​នេះ​សាងសង់​រួច វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទាំង​វិស័យ​រដ្ឋ ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ​ពិសេស​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញផ្សេងៗ កាត់បន្ថយ​ការចំណាយ កាត់បន្ថយ​ពេលវេលា ជួយ​បង្កើន​សុខុមាលភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់ម្តង។

    លើសពីនេះ វា​ក៏បាន​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​សម្រាប់​បង្កើតជា​មុខរបរ​លក់ដូរផ្សេងៗ ដូចជា​ការលក់ដូរ​ផលិតផល​កសិកម្ម​ប្រចាំ​ភូមិឋាន​របស់​ពួកគេ ការបង្កើត​ភោជនីយដ្ឋាន​ជា​កន្លែង​ចត​ឈប់សម្រាក​សម្រាប់​ទទួល​ទាន​អាហារ​តាមផ្លូវ ហើយ​ផ្លូវ​ល្បឿន​លឿន​ដំបូង​នៅ​កម្ពុជា​នេះ​ក៏​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចូលមក​កម្ពុជា​បាន​កាន់តែច្រើន​ផងដែរ៕

  • NBC បន្ត​ផ្អាក​ការផ្ដល់​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ថ្មី​ក្នុង​ឆ្នាំ2018

    NBC បន្ត​ផ្អាក​ការផ្ដល់​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ថ្មី​ក្នុង​ឆ្នាំ2018

    ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ឯកជន​បានចាត់ទុក​ការសម្រេច​របស់​ធនាគា​រ​ជាតិ​កម្ពុជា (NBC )ចំពោះ​ការ​រឹតបន្តឹង​លើ​ការទទួលប្រាក់​បញ្ញើ​ពី​សាធារណជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុតូចៗថា ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​គ្រប់គ្រង​ហានិភ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ស្រប​ពេលដែល​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គ្រោង​រៀបចំ​គោលនយោបាយ​ហិរញ្ញវត្ថុ ដោយ​កាត់បន្ថយ​ការពឹងផ្អែក​ប្រភព​ហិរញ្ញវត្ថុ​ពី​ក្រៅប្រទេស។

    ធនាគារជាតិ​នៃ​កម្ពុជា នៅ​ដើមឆ្នាំ2018នេះ បានប្រកាស​បន្ត​ផ្អាក​ការផ្តល់​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ហានិភ័យ​ក្នុង​វិស័យនេះ ស្របពេល​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ទាំង​ទំហំ និង​បណ្តាញ​ប្រតិបត្តិការ។

    លោក ស៊ីម សេនា​ជាតិ ប្រធាន និង​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា វា​ជា​ការល្អ​មួយ​ដែល​ធនាគារជាតិ​សម្រេចចិត្ត​បែបនេះ។ លោក​មានប្រសាសន៍ថា ការទទួលប្រាក់​បញ្ញើ គឺជា​ការទទួលខុសត្រូវ​ធំ​មួយ ព្រោះប្រាក់​បញ្ញើ​របស់​អតិថិជន គឺជា​ក្តីសង្ឃឹម និង​ការជឿទុកចិត្ត​មកលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ លោក​បាន​បន្ថែមថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លះ​មាន​ដើមទុន​តិចតួច មិន​ស័ក្តិសម​ក្នុងការ​ទទួលបាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​នេះ​ទេ ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​អតិថិជន​ដែលជា​អ្នក​ដាក់​ប្រាក់​បញ្ញើ។

    លោក​អះអាងថា ប្រា​សាក់​បានទទួល​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​របស់​អតិថិជន​តាំងពី​ឆ្នាំ2010 ហើយ​រហូតមកដល់​ដំណាច់ឆ្នាំ2017 ប្រាក់​បញ្ញើ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​បាន​កើនឡើង​រហូតដល់​ជាង 900លាន​ដុល្លារ​អាមេរិក។ លោក ស៊ីម សេនា​ជាតិ មានប្រសាសន៍​ទៀតថា៖ “ខ្ញុំ​យល់ថា វា​ជា​រឿង​ល្អ និង​មាន​ផល​វិជ្ជមាន​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ នៅពេល​ធនាគារជាតិ​សម្រេច​បែបនេះ ព្រោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ច្រើន ហើយ​គ្រឹះស្ថាន​ខ្លះ​មាន​ដើមទុន​តិចតួច។

    សេចក្តីជូនដំណឹង​មួយ​ចេញផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដែលជា​បញ្ញត្តិ​ករ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​បញ្ជាក់ថា បច្ចុប្បន្ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​អនុវត្តតាម​បទ​ប្បញត្តិ​ប្រុងប្រយ័ត្ន​ធូរស្រាល​ជាង​ធនាគារពាណិជ្ជ ដោយសារតែ​គ្រឹះស្ថាន​ទាំងនោះ​បានប្រែក្លាយ​មកពី​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ។ ម្យ៉ាងទៀត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ខ្លះ​បាន​ក្លាយជា​គ្រឹះស្ថាន​ធំ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដោយ​ផ្អែកលើ​ទ្រព្យសកម្ម និង​គ្រឹះស្ថាន​ដទៃទៀត​មានទ្រព្យ​សកម្ម​ខ្ពស់ជាង​ធនាគារពាណិជ្ជ​ដែល​ស្ថិតក្នុង​លេខ​រៀង​តូច​បំផុត​ចំនួន10។

    ធនាគារជាតិ​បាន​ឲ្យ​ដឹងថា តាម​ការសិក្សា​យ៉ាង​ស៊ីជម្រៅ​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញថា​ភាពខុសគ្នា​រវាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ និង​ធនាគារពាណិជ្ជ​មិនគួរ​ឱ្យមាន​ទៀត​ទេ ដោយសារតែ​គ្រឹះស្ថាន​ទាំងពីរ​ប្រភេទ​នេះ មាន​ប្រតិបត្តិការ​ប្រហាក់ប្រហែលគ្នា ដូច្នេះ​ទាមទារ​ឱ្យមាន​ការកែសម្រួល​បទ​ប្បញ្ញត្តិ​ឡើងវិញ។

    ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បន្ថែមថា ដើម្បី​ចៀសវាង​ភាពលម្អៀង​ផ្នែក​បទ​ប្បញ្ញត្តិ និង​រក្សាបាន​នូវ​សុវត្ថិភាព និង​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ​ដែល​អនុវត្ត​ស្របតាម​គោលការណ៍​ត្រួតពិនិត្យប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន និង​ស្របតាម​ស្តង់ដារ​អភិក្រម​ក្នុងការ​ទប់ស្កាត់​នូវ​ហានិភ័យ និង​ការពារ​សាធារណជន​ជា​អ្នក​ផ្ញើ​ប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

    យោងតាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2017 ធនាគារពាណិជ្ជ​នៅ​កម្ពុ​ជាមាន​ចំនួន 39 ធនាគារ​ឯកទេស15 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ចំនួន 7 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន 66 និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន 267។

    ថ្លែង​នៅក្នុង​ឱកាស​សន្និបាត​ធនាគារជាតិ​នៃ​កម្ពុជា កាលពីដើម​ខែមករា​នេះ ឯកឧត្តម ជា ចាន់តូ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​សម្ដែង​ក្តី​រំពឹងថា វិស័យ​ធនាគារ​នឹង​បន្ត​រីកចម្រើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់់​វិស័យ​ចម្បង​នៃ​សេដ្ឋកិច្ច៕

  • LG ទទួលបាន​ពានរង្វាន់​ឆ្នើម​នៃ​ផលិតផល​ទូរទស្សន៍​ល្អផ្តាច់គេ​នៅក្នុង​ព្រឹត្តិការណ៍ CES 2018

    LG ទទួលបាន​ពានរង្វាន់​ឆ្នើម​នៃ​ផលិតផល​ទូរទស្សន៍​ល្អផ្តាច់គេ​នៅក្នុង​ព្រឹត្តិការណ៍ CES 2018

    LG អេ​ឡិច​ត្រូ​និ​ច មាន​កិត្តិយស​ជាខ្លាំង​ជាមួយនឹង​ការទទួល​ពានរង្វាន់​ច្រើនជាង 90 នៅក្នុង​ព្រឹត្តិការណ៍ CES 2018 និង 4ឆ្នាំជាប់ៗគ្នា សម្រាប់​ឆ្នាំនេះ​គឺ​ទូរទស្សន៍ LG ស៊េរី​ថ្មី AI OLED Tv (model C8)។ LG ក៏​ទទួលបាន​នូវ​កិត្តិយស​ជាច្រើន​ក្នុងការ​បង្ហាញ​ទូរ​ទឹកកក InstaView ThinQ™ និង LG 4K UHD Projector ផងដែរ។

    LG ទទួលបាន​នូវ​ពានរង្វាន់កំពូលៗពី​ស្ថាប័ន​ដូចជា Engadget,The Verge, Digital Trends, Mashable, SlashGear, TechRadar, Pocket-lint, T3, Stuff Magazine និង​លើសពីនេះទៅទៀត LG ក៏​ទទួលបាន​ពានរង្វាន់​ទាំង19 CES Innovation Awards  ពី Consumer Technology Association  រាប់បញ្ចូល​ពានរង្វាន់​ច្នៃប្រឌិត​ល្អផ្តាច់គេ​សម្រាប់ LG 4K UHD Projector និង​ឧបករណ៍ប្រើប្រាស់ និង​គ្រឿង​កម្សាន្ត​ក្នុង​គេហដ្ឋាន ហើយ​និង​ទូរស័ព្ទដៃ​ផងដែរ ។

    ការច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន LG ឆ្នាំ 2018 បានដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ CES រួមបញ្ចូល​ទាំង​ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ ឧបករណ៍​កម្សាន្ត​តាម​គេហដ្ឋាន​ជាមួយនិង  LG ThinQ AI រួមទាំង​ទូរទស្សន៍​ដំបូង​គេ​បង្អស់​ដែលមាន​កម្មវិធី​ជំនួយ Google Assitant នៅក្នុង​ទូរទស្សន៍ LG SIGNATURE AI OLED TV W8 ដែលមាន​លក្ខណៈពិសេស ThinQ ដែល​បានឈ្នះ​ពានរង្វាន់​ច្រើនជាង 10 នៅក្នុង​ព្រឹត្តិការណ៍ CES។ ទូរ​ទឹកកក LG Instaview ThinQ ទទួលបាន​ពានរង្វាន់​ដែល​ផ្តល់នូវ​បទពិសោធន៍​ថ្មី​ក្នុងការ​គ្រប់គ្រង​អាហារ​តាមរយៈ WebOS របស់ LG និង​រួមបញ្ចូល​ជាមួយ Amazon Alexa ដែល​ធ្វើអោយ​កាន់តែ​ងាយស្រួល​ក្នុង​ការទិញ​អាហារ ចាក់​ចម្រៀង ត្រួតពិនិត្យ​អាកាសធាតុ គ្រប់គ្រង​ប្រតិទិន និងផ្សេងៗទៀត។ក្រុមហ៊ុន LG ក៏បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​ដែលមាន​ឈ្មោះថា α (អាល់​ហ្វា) 9 Processor ដែល​ជួយ​បង្កើន​សមត្ថភាព LG AI OLED TVs របស់ខ្លួន និង​បង្ហាញ​ទូរស័ព្ទដៃ LG V30 ពណ៌​ថ្មី Raspberry Rose ដ៏​លេចធ្លោ។

    ពានរង្វាន់កំពូលៗដែល LG ទទួលបាន​នៅក្នុង​កម្មវិធី CES ឆ្នាំ 2018 មានដូចជា:

    LG AI OLED TV C8: Engadget: Best of CES – Best TV Product / Reviewed.com: CES Editors’ Choice Awards

    LG SIGNATURE AI OLED TV W8 with ThinQ / α (Alpha) 9 Processor: Consumer Technology Association 2018 CES Innovation Awards: Video Displays / Pocket-lint: Best TVs of CES / Techlicious CES Top Picks / TechRadar: The Best Tech at the Show / TWICE: Picks Awards

    LG InstaView ThinQ Refrigerator: BGR: Best of CES / Consumer Technology Association 2018 CES Innovation Awards: Home Appliance / Gadgetmatch: Best of CES / Gear Diary: Best of CES / Reviewed.com: CES Editors’ Choice Awards / TWICE: Picks Awards

    LG 4K UHD Projector: 9 to 5 Toys: Best of CES / Consumer Technology Association: 2018 CES Innovation Awards – Best of Innovation / TWICE: Top Picks Awards

    LG 34-inch 5K UltraWide Monitor: MacRumors: CES 2018 – Best of CES Unveiled / SlashGear: Best of CES / The Verge: Awards at CES

    LG V30 Smartphone: Consumer Technology Association 2018 CES Innovation Awards: Wireless Handsets and Accessories / Videomaker: Best Smartphone of CES

    សំរាប់​ប​ញ្ចី​ពេញ​ពានរង្វាន់​របស់​ក្រុមហ៊ុន​LGនៅក្នុង​កម្មវិធី CES 2018 និង​ព័ត៌មាន​បន្ថែម​របស់​ផលិតផល LG នៅក្នុង​កម្មវិធី CES សូម​ចូលទៅ​កាន់ www.LGnewsroom.com/ces2018.៕

  • ឈាម​ចេញ​តាម​ធ្មេញ គួរ​ទៅរក​ទន្តពេទ្យ​ដែរឬទេ?

    ឈាម​ចេញ​តាម​ធ្មេញ គួរ​ទៅរក​ទន្តពេទ្យ​ដែរឬទេ?

    សភាវ​ឈាម​ចេញ​តាម​ធ្មេញ និង​អញ្ចាញធ្មេញ ខណៈពេល​ដុស​សម្អាត​ធ្មេញ​ដោយ​ប្រើ​កម្លាំងខ្លាំងៗ តើ​គួរតែ​ទៅ​ជួប​ទន្តពេទ្យ​ដែរឬទេ? សភាវ​នេះ​អាចជា​សញ្ញា​របស់​ជំងឺ​រលាក​អញ្ចាញ​ធ្ម​ញ និង​រលាក​អាប់​សែ។ ដូច្នេះហើយ​ជំងឺ​រលាក​អញ្ចាញធ្មេញ​នៅក្នុង​អំឡុងពេលដំបូងៗ ប្រសិនបើ​អ្នក​បណ្ដែតបណ្ដោយ​មិន​ព្រមទៅ​ធ្វើការ​ព្យាបាល ថែទាំ​ទេនោះ រោគ​អាប់​សែ​មួយ​នេះ អាច​នឹង​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​អាក្រក់ ហើយ​ស្ថានភាព​សុខភាព​ធ្មេញ​ក៏​កាន់តែ​ដុនដាប​អាក្រក់ឡើងៗ ហើយ​រលាក​ធ្ងន់ធ្ងរ​ថែម​ទៀតផង។

    យ៉ាងណាមិញ បើ​អ្នក​បាន​ទៅ​ជួប​ព្យាបាល​ជាមួយ​ទន្តពេទ្យ​កាន់តែ​លឿន គឺ​កាន់តែ​ប្រសើរ ហើយ​ងាយ​នឹង​ព្យាបាល​ថែម​ទៀតផង។ ទន្ដពេទ្យ​អាចជួយ​លោកអ្នក​បាន​ទៅតាម​ដំណាក់កាល​នៃ​ការ​រលាក ហើយ​ទន្ដពេទ្យ​នឹងធ្វើ​ការថែទាំ​អញ្ចាញធ្មេញ​របស់​អ្នក​ឡើងវិញ រហូតដល់​មាន​សុខភាព​ធ្មេញ​ល្អ​ឡើងវិញ។

    អញ្ចាញ និង​ការត្រួតពិនិត្យ​សុខភាព​ធ្មេញ​ជាប្រចាំ

    មិន​ថា​មាន​ឈាម​ចេញមក​ខណៈដែល​អ្នក​ដុស​សម្អាត​ធ្មេញ​ឬ​អត់​នោះទេ? អ្នក​ក៏​គួរតែ​ទៅ​ជួប​ជាមួយ​ទន្ដពេទ្យ​យ៉ាងហោចណាស់​ជា​រៀងរាល់6ខែម្តង។ ការ​ទៅ​ជួប​ទន្ដពេទ្យ​ជា​ទៀងទាត់ គឺអាច​ការពារ និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​អញ្ចាញធ្មេញ ហើយ​មាន​មូលហេតុ​ចាំបាច់​ទាំង 2ប្រការនេះ។

    មូលហេតុ​ទីមួយ​គឺ នៅពេល​អ្នក​ទៅពិនិត្យ​សុខភាព​មាត់​ធ្មេញ នោះ​ទន្តពេទ្យ​នឹងធ្វើ​ការពិគ្រោះ​ថា តើ​អ្នកមាន​ជំងឺ​រលាក​អ​ញ្ចេ​ញ​ធ្មេញ ឬ​មាន​ជំងឺ​ពុក​ធ្មេញ​ដែរឬទេ? ហើយ​ត្រូវ​ពិនិត្យមើល​អាការផ្សេងៗ ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​បាន​ខ្លះ។ ហេតុផល​ទី​ពីរ​គឺ ទន្ដពេទ្យ​នឹង​ជួយ​កម្ចាត់​កំបោរ និង​ដង្កូវខ្មៅៗដែល​មាននៅ​គល់​ធ្មេញ និង​លើ​អញ្ចាញធ្មេញ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ម្យ៉ាង ដែល​ទន្ដពេទ្យ​ហៅថា សម្អាត​ធ្មេញ។

    ក្រា​កំបោរ​ធ្មេញ គឺជា​មូលហេតុ​មួយ​ដែល​បណ្ដាលឱ្យ​អ្នកមាន​ជំងឺ​រលាក​អញ្ចាញធ្មេញ បាក់តេរី​ដែល​បាន​សម្ងំ​រស់នៅ​ជាមួយ​ក្រា​កំបោរ វា​អាច​កកើត​បាន ហើយ​បង្កើត​មេរោគ​ជំងឺ​រលាក​អញ្ចាញ និង​ធ្វើឱ្យ​ធ្មេញ​មាន​សភាព​ពុកផុយ ទាំង​គល់​ធ្មេញ​រហូត​ស៊ី​ចូល​ទៅដល់​ផ្ទៃ​ខាង​ក្នុងនៃ​ឫសធ្មេញ។

    ក្រៅពី​ការ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ថ្នាំដុសធ្មេញ​ជា​រៀងរាល់ថ្ងៃ​ហើយ​នោះ អ្នក​គប្បី​ត្រូវតែទៅ​ជួប​ទន្តពេទ្យ ដើម្បី​ធ្វើការ​សម្អាត​ក្រា​កំបោរ​ចេញពី​ធ្មេញ​ជា​រៀងរាល់ខែ ទៅតាម​កំណក​ក្រាស់ ឬ​ស្ដើង ដើម្បី​កុំឱ្យ​មាន​បាក់តេរី​ជាប់​នៅ​នឹង​ធ្មេញ។ ទន្តពេទ្យ​នឹង​ណែនាំ​ថ្នាំដុសធ្មេញប្រភេទ​ណា​ដែល​ស័ក្ដិសម​ទៅនឹង​ស្ថានភាព​ធ្មេញ​របស់​អ្នក ហើយ​ថែមទាំង​អាច​ការពារ​ធ្មេញ​អ្នក​បាន​ថែម​ទៀតផង។

    មូលហេតុ​នានា​ដែល​ធ្វើឱ្យមាន​ឈាម​ហូរ​តាម​ចន្លោះ​ធ្មេញ

    ជំងឺ​រលាក​អញ្ចាញធ្មេញ មិនមែន​មាន​មូល​ហេតុតែ​ម្យ៉ាង​នៃ​ការហូរ​ឈាម​តាម​ចន្លោះ​ធ្មេញ​នោះទេ។ ការដែល​ទើបតែ​ចាប់ផ្ដើម​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ជា​លើកដំបូង ឬ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​មិនឱ្យ​ហូរឈាម​តាម​អញ្ចាញធ្មេញ ក៏​អាចធ្វើឱ្យ​កើតជា​បញ្ហា​រលាក​អញ្ចាញធ្មេញ​បានដែរ។

    ប្រសិនបើ​អ្នកធ្វើការ​ដុស​សម្អាត​ធ្មេញ ហើយ​សង្កេតឃើញ​មានការ​ហូរឈាម​មិន​ឈប់​ក្នុង​រយៈពេល​មួយ​សបា្តហ៍ នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅរក​ទន្ដពេទ្យ ព្រោះ​ជាទូទៅ ការ​ដុស​សម្អាត​ធ្មេញ​ជា​លើកដំបូង អាច​នឹងមាន​ឈាម​ហូរ​ខ្លះ ហើយនឹង​បាត់ទៅ​វិញ​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ឡើយ។ នៅក្នុង​ករណី​ដែល​ទន្ដពេទ្យ​បានឱ្យ​ថ្នាំ​ដែល​ជួយ​ផ្សះ​ការ​ហូរឈាម​ធ្មេញ​ហើយ​នៅតែ​មិនមាន​ប្រសិទ្ធភាព​ទៀត​នោះ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ក្នុងការ​ផ្លាស់ប្ដូរ​ថ្នាំ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ពិចារណា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុនសិន។

    ខណៈដែល​ស្ត្រី​កំពុង​តាំង​គភ៌ មូល​ហេតុដែល​បណ្ដាលឱ្យ​មាន​ជំងឺ​នេះ អាចមកពី​បំរែបំរួល​អ័រម៉ូន បានធ្វើឱ្យ​អញ្ចាញធ្មេញ​ទន់ខ្សោយ និង​មានបាក់តេរី​រស់នៅ​ច្រើន​ផងដែរ។ ដូច្នេះហើយ​បើ​អ្នក​សង្កេតឃើញថា អ្នក​កំ​ពុ​តែមាន​ជំងឺ​រលាក​អញ្ចាញធ្មេញ និង​មាន​ឈាម​ហូរ​នៅ​ចន្លោះ​ធ្មេញ​មិន​បាត់​ទេនោះ សូម​ប្រញាប់​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ភ្លាម កុំ​បង្អង់​យូរ​ឱ្យសោះ៕