Author: វល័ក្ខ

  • ក្រុម Hurricane A លើក​ពាន Tiger street Football Festival 2018 ប្រចាំ​មណ្ឌល​ព្រះសីហនុ

    ក្រុម Hurricane A លើក​ពាន Tiger street Football Festival 2018 ប្រចាំ​មណ្ឌល​ព្រះសីហនុ

    ព្រះសីហនុ៖ ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល​នៃ​ក្របខ័ណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ព្រះសីហនុ បាន​រកឃើញ​ម្ចាស់​ជើងឯក​ឆ្នាំ​នេះហើយ ដោយបាន​ទៅលើ​ក្រុម Hurricane A ក្រោយពី​យកឈ្នះ​លើ​ក្រុម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ក្នុង​លទ្ធផល ១-0។

    ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល២ថ្ងៃ​ពេញ​នៅ​មណ្ឌល​ព្រះសីហនុ​ដោយមាន​ក្រុម​ចូលរួម​ដល់​ទៅ៥៤ក្រុម។ ដោយឡែក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាន់តែ​ស្វិតស្វាញ​ថែមទៀត ដោយ​ក្រុម​ខ្លាំង ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ត្រូវការពារ​តំណែង​ជើងឯក​របស់ខ្លួន តតាំង​ជាមួយ​ក្រុម Hurricane A ។

    មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម Hurricane A បាន​យកឈ្នះ​លើ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ B ក្នុង​លទ្ធផល ៧-។ ចំណែកឯ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A បាន​យកឈ្នះ​លើ​ក្រុម sihanoukville ស្វិតស្វាញ​មែនទែន ដោយ​ត្រូវ​ដក​គ្នា​ដល់​ទៅ២នាក់ ទើប​អាច​យកឈ្នះ​បាន។ ខណៈដែល​ក្រុម Nazaro Sport Club ក៏បាន​យកឈ្នះ​លើ​ក្រុម ស្នងការដ្ឋាន​ខេត្តកំពត​A ក្នុង​លទ្ធផល ៣ – ១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ហើយ​ក្រុម Nazaro Sport Club បន្ត​យកឈ្នះ​ក្រុម យុវជន​កំពង់ផែ A ទើប​អាច​ទទួលបាន​ចំណាត់ថ្នាក់​លេខ3។

    សម្រាប់​រង្វាន់​ក្រុម​ជើងឯក​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​គឺ Hurricane A ទទួលបាន​ប្រាក់រង្វាន់១ ៥០០ដុល្លារ

    ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ប្រាក់រង្វាន់១ ០០០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅលើ​ក្រុម Nazora Sport Club ប្រាក់រង្វាន់៥០០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ៤បាន​ទៅលើ យុវជន​កំពង់ផែ A ប្រាក់រង្វាន់ ២០០ដុល្លារ។
    ដោយឡែក ក្រុម​ចំណាត់ថ្នាក់​លេខ៥ គឺ​ក្រុម Sihanoukville និង​ក្រុម​ចំណាត់ថ្នាក់​លេខ៦ គឺ​ក្រុមយុវជន​កំពង់ផែ B ក៏មាន​សិទ្ធិ​ចូល​ប្រកួត​ថ្នាក់ជាតិ​នៅ​រាជធានី​ភ្នំពេញ ដូច​ក្រុម​លេខ១ដល់​លេខ៤ដែរ។

    គួររម្លឹកថា Tiger Street Football Festival មិន​ដូច​បាល់ទាត់​ធម្មតា ហ្វូ​ត​សាល និង​បាល់ទាត់​ប្រភេទ​ផ្សេងទៀត​ទេ គឺជា​ការប្រកួត​បាល់ទាត់​នៅលើ​ទីលាន​រាង​ទ្រវែង​ទំហំ២៥ម​x១៤.៥ម​ដែលជា​កន្លែង​ប្រមូលផ្តុំ​សកម្មភាព​ប្រកួត​ឥតឈប់ឈរ។ ហើយ​ជាការ ប្រកួត​ដែលមាន​កីឡាករ​មិន​លើសពី៥នាក់​នៅលើ​ទីលាន មាន​សកម្មភាព​ប្រកួត​យ៉ាង​ស្វិតស្វាញ ឥតឈប់ឈរ​នឹងធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​រីករាយ​ទស្សនាការ​ប្រកួត។ ការប្រកួត​មាន​រយៈពេល​សរុប១២នាទី ដែល​បែង​ចែកជា​ពីរ​វគ្គ​មាន​រយៈពេល៦នាទី​ពីរដង ហើយ​មានការ​សម្រាក២នាទី​នៅ​ចន្លោះ​វគ្គ(៦នាទី)ទាំងពីរ។សម្រាប់​ការប្រកួត​ចាប់ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ (បួន​ក្រុម​ចុងក្រោយ) ការប្រកួតនីមួយៗមាន​រយៈពេល ១០នាទី​ពីរ​វគ្គ និង​មាន​រយៈពេល​សម្រាក​ចន្លោះ​វគ្គ​ចំនួន ៤នាទី។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2018  នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ៖ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨  នៅ​ដី​ឡូ ឧកញ៉ា​ឈួន គឹម​សាន្ត​ទី​រួម​ខេត្តកំពង់ស្ពឺ។

    ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ស្ពឺ​ឲ្យ​បាន​ច្រើន​កុះករ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger street Football Festival 2018   នៅ​ខេត្ត​ព្រះសីហនុ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • ពេជ្រ ពិសាល៖ ចង់ជោគជ័យត្រូវមើលឱ្យឆ្ងាយជាងអ្នកដទៃ

    ពេជ្រ ពិសាល៖ ចង់ជោគជ័យត្រូវមើលឱ្យឆ្ងាយជាងអ្នកដទៃ

    នៅ​ពីក្រោយ​វេទិកា​ដែលមាន​អ្នកចូលរួម​រហូតដល់​រាប់ពាន់នាក់ និង​មាន​វាគ្មិន​ជា​ពាណិជ្ជករ​ជោគជ័យ​ជាច្រើន​នាក់​ដែល​បានមក​ចែករំលែក​បទពិសោធ​ជីវិត​របស់ខ្លួន​ទៅកាន់​យុវជន​កម្ពុជា​ជំនាន់​ថ្មី មាន​បុរស​ម្នាក់​ដែល​ពោរពេញ​ដោយ​ភាពរឹងមាំ ដែល​តែងតែ​ខិតខំ​គ្រប់បែបយ៉ាង​ដើម្បីឱ្យ​វេទិកា​ដ៏​រស់​រវើក​នេះ​កើតឡើង។

    បុរស​ម្នាក់​នោះ​គឺ លោក ពេជ្រ ពិសាល ស្ថាបនិក​កម្មវិធី Daily Plus ដែលជា​កម្មវិធី​បណ្តុះបណ្តាល​យុវជន​កម្ពុជា​ឱ្យមាន​គំនិត​វិជ្ជមាន​នៅក្នុង​ការសិក្សា ក្នុង​ការងារ ក្នុង​ជីវិត​គ្រួសារ និង​ក្នុងសង្គម​ជាក់ស្តែង។ ស្ថាប័ន​ដែល​គ្រប់គ្នា​បានឃើញ​នេះ បាន​បង្កើត​បេសកកម្ម​ជាច្រើន​តាមរយៈ​ការជំរុញ​យុវជនឱ្យ​ចាប់ផ្តើម​មើល​ពី​គំរូ​ល្អ​របស់​បុគ្គលខ្លាំងៗក្នុងសង្គម ហើយ​ពិចារណា​លើ​គោលដៅ​ជីវិត និង​សកម្មភាព​ផ្ទាល់ខ្លួន។ ផ្លាស់ប្តូរ​ពួកគេ​ពី​មនុស្ស​ម្នាក់​ដែល​អសកម្ម ឱ្យ​ក្លាយជា​មនុស្ស​សកម្ម ហើយ​ចែករំលែក​នូវ​ផ្នត់គំនិត​អប់រំ និង​ផ្តល់ឱកាស​សម្រាប់​អ្នក​ដែល​ជោគជ័យ​ដើម្បី​បន្ត​ចែករំលែក។

    1. កុមារភាព និង​ផ្នត់គំនិត​អភិវឌ្ឍន៍
    ជា​កូនប្រុស​ម្នាក់​ក្នុងចំណោម​បងប្អូន 5នាក់ លោក ពេជ្រ ពិសាល បានកើត​ក្នុង​គ្រួសារ​ដែលមាន​កម្រិតជីវភាព​មធ្យម ដោយ​ឪពុកម្តាយ​ជា​ម្ចាស់​ចម្ការ​នៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម ដែល​បច្ចុប្បន្ននេះ​ជា​ខេត្ត​ត្បូងឃ្មុំ។

    ក្នុង​វ័យ​កុមារ បើទោះបីជា ពិសាល មាន​បងប្អូន​ច្រើន​ក៏ដោយ តែ​ជាទូទៅ​នៅ​ចំពោះមុខ​ការទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ គេ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​នៅតែ​ម្នាក់ឯង ខ្លាច​មនុស្ស ហើយ​មិនសូវចង់ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដទៃ​នោះទេ។ នៅក្នុង​កុមារភាព​ដ៏​ទន់ខ្សោយ​នេះ មនុស្ស​ទូទៅ​ប្រហែលជា​ស្មាន​មិនត្រូវ​ទេ​ថា អនាគត​របស់គាត់​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ម្នាក់ បើ​គាត់​មិន​ជួប​រឿង​វិជ្ជមាន​មួយចំនួន​នៅក្នុង​ដំណើរ​ជីវិត ដែល​បាន​បង្រៀន​គាត់​នៅពេលនោះ។ ក្នុង​វ័យ​ប្រហែល 10ឆ្នាំ រឿង​មួយ​ដែល​ធ្វើឱ្យ​កុមារ ពិសាល មានការ​ផ្លាស់ប្តូរ និង​បង្រៀន​គាត់​ពី​មេរៀន​យ៉ាងសំខាន់​ក្នុង​ជីវិត គឺ​ការប្រមូល​កំប៉ុង​ភេសជ្ជៈ​ក្នុង​កម្មវិធី​មង្គលការ​មួយ។ កាលនោះ​ដោយ​វ័យ​នៅ​ក្មេង ហើយ​ជាម​នុស្ស​មិនសូវ​ចូលចិត្ត​ជួប​មនុស្ស​ផង កុមារ​ពិសាល បាន​រង​ការរិះគន់​យ៉ាងច្រើន​ពី​មនុស្ស​ធំ និង​អ្នក​ដែល​នៅ​ជុំវិញខ្លួន ព្រោះថា គាត់​ជា​កូន​ក្នុង​គ្រួសារ​ជីវភាព​មធ្យម ដែលមិនមែនជា​រឿង​ចាំបាច់​អី​ក្នុងការ​រកលុយ​ពី​ការ​រើស​កំប៉ុង​លក់​នោះទេ ហើយ​មាន​មនុស្ស​មួយចំនួនទៀត​ក៏បានស្តីឱ្យ​គាត់​ខណៈ​គាត់​នៅតែ​ជម្នះ​ប្រមូលវា​ឱ្យបាន ​ច្រើន​រហូតដល់​ពេញ​ក្រោមផ្ទះ។

    ក្រោយពេល​ចប់​កម្មវិធី​មង្គលការ​នោះ រឿង​ដែល​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​គឺ មនុស្ស​ជាច្រើន​បាន​បង្វែរ​ឥរិយាបថ​របស់​ពួកគេ ដោយបាន​ចាប់ផ្តើម​សរសើរ​ពិសាល​វិញ​ថា គាត់​ជាម​នុស្ស​ដែលមាន​គំនិត​ចេះ​ប្រមូល​ទុកដាក់ និង​រកលុយ​បាន​ច្រើន។ មេរៀន​មួយ​នេះ បានធ្វើឱ្យ​គាត់​យល់ថា ជាទូទៅ​នៅពេលដែល​យើង​ធ្វើ​អ្វីមួយ តែងតែមាន​មនុស្ស​ដទៃ​ជំទាស់ តែ​អ្វីដែល​សំខាន់​នោះ​គឺ តើ​យើង​អាចធ្វើ​វា​បាន​ដោយ​ចប់​ចុង​ចប់​ដើម​ដែរឬទេ? ប្រសិនបើ​យើង​ធ្វើ​វា​ហើយ​ទទួលបាន​លទ្ធផល​ល្អ មនុស្ស​ជាច្រើន​នឹង​ចាប់ផ្តើម​ឱ្យ​តម្លៃ​យើង ហេតុនេះ​រាល់​ឧបសគ្គ​ទាំងអស់​នៅ​ដំណាក់កាល​ដំបូង​នៃ​ការងារ គឺ​ត្រូវ​ជម្នះ​ឱ្យបាន ហើយ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​វា​ឱ្យ​ចប់ ព្រោះ​តម្លៃ​របស់​យើង​នឹង​ទទួលបាន​មកវិញ​នៅពេល​ចុងក្រោយ​នេះឯង។

    ចាប់ពីពេលនោះ​មក ពិសាល តែងតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ហើយ​ចាប់ផ្តើម​ប្តូរ​គំនិត​ពី​ការខ្លាច​មនុស្ស មក​ខិតខំ​ប្រឹងប្រែង​រៀន​ទាំង​ក្នុង​សាលា និង​ជីវិត​ជាក់ស្តែង ទោះជា​ការសិក្សា​មិន​ទទួលបាន​លទ្ធផល​ល្អឥតខ្ចោះ​ក៏ដោយ។ ជា​បន្តបន្ទាប់ គាត់​ក៏​ចាប់ផ្តើម​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​គំនិត​ដោយ​ខ្លួនឯង ហើយ​ចូលចិត្ត​ធ្វើ​ការងារ​ទាំងឡាយណា​ដែល​ក្មេង​ដទៃ​ធ្វើ​មិនកើត រហូតដល់​គាត់​ចម្រើន​វ័យ​ក្លាយជា​យុវជន​ដែល​សកម្ម​ក្នុង​ការងារ​គម្រោង​នានា​នៅ​ថ្នាក់​វិទ្យាល័យ។ មកដល់​ថ្នាក់​វិទ្យាល័យ គាត់​ក៏បាន​ចាប់​ផ្តើមធ្វើ​រឿង​លំបាក​មួយទៀត​ដែល​មនុស្ស​ទូទៅ រួមទាំង​អ្នករៀន​ថ្នាក់​ធំ​ជាង​គាត់​ព្យាយាម​គេចវេះ​មិន​ព្រមធ្វើ នោះ​គឺ​ការប្រមូល​មនុស្ស​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គម។ នៅ​ថ្នាក់​ទី11 តាមរយៈ​គម្រោង​របស់​អង្គការ​មួយ លោក​បាន​ប្រមូល​សិស្ស រួមទាំង​និស្សិត​ប្រហែលជា 300នាក់​ដើម្បី​ទៅ​ចូលរួម​ស្តាប់​សវនាការ​នៅ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម។ នៅពេល​ដំបូង​មនុស្ស​ជាច្រើន រួមទាំង​សិស្ស​ច្បង\​នៅ​មហាវិទ្យាល័យ​ផង​គិតថា គាត់​មិនអាច​ធ្វើបាន​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​គាត់​ចង់​សាកល្បង​នូវអ្វីដែល​មនុស្ស​ទូទៅ​គិតថាគាត់​ធ្វើ​មិនបាន ហេតុនេះ​គាត់​ក៏បាន​សហការគ្នាជាមួយ​នឹង​ក្រុមសិស្ស​មួយចំនួន​នៅតាម​វិទ្យាល័យ និង​មហាវិទ្យាល័យ​ដើម្បី​ផ្សព្វផ្សាយ និង​ប្រមូល​មនុស្ស​ធ្វើ​ការងារ​សង្គម។ នៅពេលនោះ រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ចំពោះ​គាត់ ព្រោះថា មនុស្ស​ចំនួន​ប្រមាណ300នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាខេត្ត​ដើម្បី​រួម​ដំណើរ​ជាមួយ​គាត់​ខណៈ​ក្រុមការងារ​ដែលជា​សិស្ស​ច្បង​ទាំងអស់​បាន​រត់ចោល​អ​ស់ ពេលនោះ​មាន​អ្នកចូលរួម​ច្រើន​ហួស​ពី​ការ​ស្មាន ដែល​ធ្វើឱ្យ​មនុស្សម្នា​នៅក្នុង​ខេត្ត​មានការ​ភ្ញាក់ផ្អើល។ ជា​ដំណោះស្រាយ យុវជន ពិសាល ចាំបាច់​ត្រូវតែ​ស្ទុះស្ទា​ស្វែងរក​ជំនួយ​ដើម្បី​ទាក់ទង​អ្នករៀបចំឡានក្រុង​ដើម្បី​ដឹក​អ្នកដំណើរ​ទាំងអស់​ឱ្យបាន​លឿន។

    ចាប់ផ្តើម​ពី​បញ្ហា​មួយ​ទៅ​បញ្ហា​មួយ យុវ​សិស្សពិសាល បាន​បង្កើន​ភាពរឹងមាំ​កាន់តែខ្លាំង​ឡើងបើទោះបីជា​ខ្លួន​កំពុងស្ថិត​ក្នុង​កម្រិត​ម​ធ្យ​ម​សិក្សា​ក៏ដោយ ហើយ​ក្រោយ​ពេលដែល​ឆ្លងកាត់​ការដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯងបាន គាត់​កាន់តែ​ស្គាល់​ពី​ការរស់នៅ និង​ការតស៊ូ​កាន់តែច្បាស់ រហូត​គាត់​កើតជា​ចិត្ត​ស្រឡាញ់​ការងារ​រៀបចំ​គម្រោង​នេះ។

    2. ការបង្កើត​គម្រោង និង​ឧបសគ្គ
    ដោយ​ភាព​ប្រទាញប្រទង់​គ្នា​រវាង​ក្តី​ស្រឡាញ់​លើ​ជំនាញ​រចនា (Architect Design) និង​ជំនាញ​នៃ​ការរៀបចំ​គម្រោង លោក ពេជ្រ ពិសាល បានចាប់ផ្តើម​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​ផ្នែក​ស្ថាបត្យកម្ម ស្របពេល​ដែល​លោក​បាន​ចូលរៀន​ថ្នាក់​សហគ្រិន និង​អភិវឌ្ឍន៍​គំនិត​រយៈពេល​មួយឆ្នាំ​នៅ​វិទ្យាស្ថាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅក្នុង​ថ្នាក់រៀន លោក​បាន​រៀន​ចេះ​មុខវិជ្ជា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទីផ្សារ និង​ការរៀបចំ​គម្រោង តែ​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​គ្រប់គ្នា​នៅពេលនោះ គឺ​លោក​តែងតែ​ស្ថិតនៅ​លេខ​ក្រោយ​គេ​ជានិច្ច។

    បើទោះជា​បែបនេះ​ក្តី បុរស​មិន​ពូកែសម្តី តែពូកែ​អនុវត្ត​ជាក់ស្តែង​ខាងលើ បាន​តាំងចិត្ត​រួចជាស្រេច​ថា​នឹង​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​មាន​មោទនភាព​មកលើ​ខ្លួន​ឱ្យបាន​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា ហេតុនេះ​បេសកកម្ម​របស់គាត់​គឺ​ព្យាយាម​រៀបចំ​បង្កើត​គម្រោង​ដោយ​ខ្លួនឯង បើទោះបីជា​អ្នកដទៃ​មើល​មក​គាត់​ថា​យ៉ាងណាក៏ដោយ។ ស្ថិតក្នុង​ដំណាក់កាល​នេះ លោក​បានរៀបចំ​បង្កើត​ក្រុមការងារ​មួយ​ដែលមាន​ឈ្មោះថា The Road ដែលជា​គម្រោង​បង្កើត​សកម្មភាព​អប់រំ តាមរយៈ​សិក្ខាសាលា និង​កម្មវិធី​មួយចំនួនទៀត​ដើម្បី​ជំរុញ​សមត្ថភាព​យុវវ័យ តែ​ដោយសារតែ​បទពិសោធ​នៅ​តិច និង​ការទំនាក់ទំនង​នៅ​ស្ទើរ ក្រុម​នោះ​ក៏​បរាជ័យ។ មេរៀន​ពី​ចំណុច​នេះ​មិនបាន​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​នោះទេ ព្រោះ​បុរស​ដែល​ពោរពេញ​ដោយ​ភាព​វិជ្ជមាន​រូបនេះ​តែងតែ​មើល​ឆ្ងាយ​មួយ​ជំហាន​មុន​មនុស្ស​ដទៃ​ជានិច្ច។

    ក្រោយ​ការបញ្ចប់​គម្រោង​ដែល​មិនបាន​ទទួលលទ្ធផល​ល្អ​នោះមក លោក វិសាល ក៏​ចាប់ផ្តើម​ជជែក​ជាមួយនឹងអ្នកខ្លាំងៗមួយចំនួន​ដែល​សុទ្ធតែជា​អ្នក​ធ្លាប់​បង្កើត​គម្រោងធំៗ និង​អ្នកខ្លះ​ថែមទាំង​មាន​បទពិសោធ​ក្នុង​ស្ថាប័ន​ផ្សព្វផ្សាយ​ទៀតផង តែដោយសារ​តែម​នុស្ស​ដែលមាន​សមត្ថភាព​ទាំងអស់នោះ​រវល់​ខ្លាំងពេក ក៏ត្រូវ​បរាជ័យ​ការងារ​នេះ​ជាថ្មី​ម្តងទៀត។ មួយដង​ជា​ពីរដង​ដែល​លោក ពិសាល បាន​ជួបនឹង​រឿង​ខកចិត្ត តែ​ឧបសគ្គ​ទាំងអស់នោះ​មិនអាច​ឱ្យ​លោក​បញ្ចប់​ការខិតខំ​ប្រឹងប្រែង​នោះទេ ហើយ​លោក​ក៏បាន​ប្តូរ​វិធីសាស្ត្រ​វិញ​ម្តង ពី​ការធ្វើការងារ​ជា​ក្រុម មក​ធ្វើកា​ងារ​តែឯង​ម្តង។ កាលនោះ លោក​ចាប់ផ្តើម​ធ្វើការ​វិនិយោគ​លើ​គម្រោង​តែម្នាក់ឯង ទាំង​គាត់​គ្មាន​លុយ​គ្រប់គ្រាន់​ផង។ ជា​ដំណោះស្រាយ​លោក​បាន​ចូលធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន Pi pay ហើយ​ទឹកចិត្ត​ដែល​ចង់​ជម្នះ​ឧបសគ្គ​ខ្លាំង​ឱ្យបាន​នោះ ធ្វើឱ្យ​លោក​ដាច់ចិត្ត​សុំ​ខ្ចីលុយ​ប្រធាន​របស់លោក​ដើម្បី​អនុវត្ត​គម្រោង​របស់ខ្លួន។

    ការងារ​តែម្នាក់ឯង​បានផ្តល់​ឱ្យ​លោក​នូវ​បទពិសោធ​ជាច្រើន ដែល​ក្នុងនោះ​អ្វីដែល​គាត់​ទទួលបាន​គឺ ការ​រ៉ាប់រង​គម្រោង​តែម្នាក់ឯង​គត់។ លោក​បានចាប់ផ្តើម​បង្កើត​គេហទំព័រ​មួយ​សម្រាប់​គម្រោង ដោយ​ជួល​អ្នកជំនាញ​ឱ្យគេ​ជួយ​ធ្វើ ហើយ​បានចាប់ផ្តើម​ស្រាវជ្រាវ និង​សរសេរ​ពី​អត្ថន័យ​លម្អិត​នៃ​គម្រោង​របស់លោក​នៅក្នុង​នោះ ហើយ​យក​វា​ទៅទាក់ទង​វាគ្មិន និង​អ្នក​ឧបត្ថម្ភ​មួយចំនួន។

    លោក ពិសាល និយាយថា៖ “កាលនោះ ខ្ញុំ​ម្នាក់ឯង​ធ្វើការ​ស្មើ​មនុស្ស 10នាក់ តែយូរៗទៅ​ខ្ញុំ​ក៏​អាច​ទទួលបាន​ទំនុកចិត្ត​ពី​មនុស្ស​ជាច្រើនបន្ទាប់មក​ ខ្ញុំ​ក៏​ចាប់ផ្តើម​ប្រមូលផ្តុំ​មនុស្សដូចៗគ្នា​ដែល​ម្នាក់ឯង​ធ្វើការ​ងារ​បាន​ច្រើន ព្រោះថា បើ​ម្នាក់​អាចធ្វើ​ការងារ​ស្មើនឹង​មនុស្ស10នាក់​បាន នោះ10នាក់នឹង​អាចធ្វើ​ការងារ​ស្មើ​មនុស្ស 100នាក់​បានហើយ”។

    ជា​លទ្ធផល សកម្មភាព​ដំបូង​បំផុត​បានចាប់ផ្តើមឡើង​ដោយ​លោក​បាន​បង្កើត​សិក្ខាសាលា​មួយ​នៅ​ខែវិច្ឆិកា ឆ្នាំ2016 ដោយមាន​អ្នកចូលរួម​ជិត 500នាក់ និង​មាន​ម្ចាស់​អាជីវកម្មធំៗធ្វើជា​វាគ្មិន ហើយ​ជា​បន្តបន្ទាប់​គម្រោង​រប​ស់លោក​ក៏​ចាប់ផ្តើម​ត្រូវបាន​គេ​ស្គាល់​ច្រើន​ក្នុងចំណោម​ពាណិជ្ជករ និង​យុវជន។ ហើយ​មកទល់នឹង​ពេលនេះ​យុវជន​កម្ពុជា ដែល​រួមមាន​ទាំង​សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន រួមទាំង​ម្ចាស់​អាជីវកម្ម​ចំនួន​រាប់ម៉ឺន​នាក់​ហើយ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​បង្កើតឡើង​ដោយ​ស្ថាប័ន​របស់លោក​តាំងពី​ចាប់ផ្តើម​រហូតមក។

    បច្ចុប្បន្ន​លោក ពេជ្រ ពិសាល ជា​អ្នកគ្រប់គ្រង​គម្រោង Daily Plus និង​ជា​សហ​ស្ថាបនិក​ស្ថាប័ន​ទទួល​គម្រោង​ផ្សព្វផ្សាយ​មួយ​ដែលមាន​ឈ្មោះថា Connect ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​ការធ្វើ​ទីផ្សារ​តាម​បណ្តាញ​ឌីជីថល៕

  • ដំណាំ កា​រុត

    ដំណាំ កា​រុត

    ការ៉ុត​ជា​ដំណាំ​ហូប​មើម 2រដូវ​កាល ដែល​ក្នុង​រដូវ​កាល​ដំបូង​នឹង​លូតលាស់​ធំធាត់​ផ្នែក​ដើម ស្លឹក និង​ឫស ចំណែក​ក្នុង​រដូវ​កាល​ទី​ពីរ​ដំណាំ​ការ៉ុត​នឹង​លូតលាស់​ផ្នែក​ផ្កា និង​គ្រាប់ (ដាំ​ទុក​យក​គ្រាប់​ធ្វើ​ពូជ)។

    លក្ខណៈ​របស់​ដើម​ការ៉ុត​ជា​ស្លឹក​បន្ទះ​ដែល​នឹង​ដុះ​លូតលាស់​ចេញពី​ដើម ជា​ក្រុម​ដំណាំ​ដែលមាន​ធាង​ស្លឹក​វែង។ ពូជ​ការ៉ុត​ដែលមាន​គុណភាព​ខ្ពស់​នឹងមាន​បណ្ដូល​តូច និង​មាន​ពណ៌​ដូចគ្នា​នឹង​សាច់ ឬ​មាន​ផ្នែក​របស់​សាច់​ច្រើន​ជា​ផ្នែក​របស់​បណ្ដូល។ កា​ដាំ​រដូវ​កាល​ទី​ពីរ​ដើម្បី​ទទួលផល​ជា​គ្រាប់ពូជ​នោះ ដើម​ការ៉ុត​នឹង​ឈរ​ឡើង​ត្រង់ ផលិត​ធាង​ស្លឹកវែងៗប្រវែង2-4ហ្វុ​៊​ត នៅ​ខាងចុង​មាន​កញ្ចុំ​ផ្កា ដែល​កញ្ចុំ​ដំបូង​នឹង​ដុះ​លូតលាស់​ចេញពី​ផ្នែក​កណ្ដាល​របស់​ដើម បន្ទាប់ពីនោះ​កញ្ចុះ​ដទៃទៀត​នឹង​ដុះ​លូតលាស់​មក​តាម​ក្រោយ។ ការ​ផ្សំ​លម្អង​កេសរ​ធ្វើឡើង​បែប​ផ្សំ​ចម្លង ដែល​ភាគច្រើន​ប្រើ​សត្វល្អិត​ជា​អ្នក​ជួយ​ផ្សំ​លម្អង​កេសរ។

    ការដាក់​ដាំ
    – ការត្រៀម​ដី៖
    ផ្ទៃដី​ដែល​ស័ក្តិសម​សម្រាប់​ការបណ្ដុះ​ដាំ គួរ​ស្ថិតនៅ​ខ្ពស់ជាង​កម្រិត​កម្ពស់​ទឹកសមុទ្រ​ប្រមាណ600-1,300 ម៉ែត្រ ដី​គួរតែ​ជា​ដី​ល្បាយ​លាយ​ខ្សាច់។ មិនគួរ​ដាក់​ជីលា​មក​គោ​ស្រស់​ទេ ត្រូវធ្វើ​ការ​លាយ​ផ្សំ រួច​ដាក់​ហាលថ្ងៃ​ចោល​មួយរយៈ​សិន។

    ក្នុងដំណាក់កាល​ភ្ជួរ​ដី​ត្រៀម​លើក​ជា​រង ចូរ​ជីក​មុខ​ដី​រហូតដល់​បែក​ត្រសុស​ជម្រៅ​មិនតិចជាង 40សង់ទីម៉ែត្រ លើក​ជា​រង​ទំហំ​ទទឹង1ម៉ែត្រ​អាច​ដាំ​បាន3ជួរ។ បើជា​ដីស្អិត ត្រូវតែ​លាយ​ផ្សំ​ជាមួយ​ជីធម្មជាតិ​ផ្អាប់2គីឡូក្រាម ជាមួយ​ផេះ​អង្កាម1កា​រ៉ុង​ដាក់​លើ​ផ្ទៃដី2ម៉ែត្រ​បួន​ជ្រុង។

    បន្ថែម៖ នៅក្នុង​ផ្ទៃដី​ដាំ​ដុះ មិនគួរ​មាន​កម្ទេច​ឫស​ឈើធំៗ ក្រួស​ថ្មធំៗឡើយ។

    – វិធី​ដាំ៖ អាចធ្វើ​បាន​ដោយ​វិធី​បណ្ដុះ​គ្រាប់ តែ​គ្រាប់ពូជ​ការ៉ុត​មាន​ទំហំ​តូច និង​ទន់ខ្សោយ​ណាស់។ មានការ​រួចផុត​ពី​ការ​ស្អុយ​ងាប់​ក្រោយ​ការបណ្ដុះ​ជា​កូន​ត្រឹមតែ50%ប៉ុណ្ណោះ ដូច្នេះ​គួរ​នាំយក​គ្រាប់ពូជ3ចំណែក លាយ​ជាមួយ​ដីខ្សាច់ 1ចំណែក​មុននឹង​យកទៅ​ព្រោះ។ ស្រោច​ទឹក​លើ​រង​ឱ្យ​ជោក​មុននឹង​ចាប់ផ្ដើម ព្រោះ​គ្រាប់ពូជ ដើម្បី​បិទ​រន្ធ​ដី និង​ឱ្យ​ដី​រួម​ចូលគ្នា​មិនឱ្យ​គ្រាប់ពូជ​ធ្លាក់ចូលទៅក្នុង​ដី​ជ្រៅ​ពេក។ បន្ទាប់ពីនោះ​បាច​ជី​ផ្អាប់​ធម្មជាតិ​លាយ​ផេះ​អង្កាម​រោយតិចៗលើ​បរិវេណ​រង ស្រោច​ទឹក​លាយ​ទឹក​ជីសរីរាង្គ រួចហើយ​យក​ចំបើង​ស្ងួត​មក​គ្រប​លើ​រង​មួយ​ជាន់​ទៀត។

    ក្រោយ​ពីព្រោះ​គ្រាប់ពូជ ក្នុង​រយៈ​ដំបូង នៅពេល​ដើម​មាន​ខ្នាត​កម្ពស់5-7សង់ទីម៉ែត្រ ចូរ​ដក​ដើម​ដែល​ដុះ​ឡើង​ញឹក​ចេញ​ខ្លះ ទុក​ចម្ងាយ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ប្រមាណ2-3សង់ទីម៉ែត្រ។ រង់ចាំ​រហូតដល់​មាន​អាយុ20ថ្ងៃ កូន​ការ៉ុត​មាន​ខ្នាត​កម្ពស់​ប្រមាណ10-15សង់ទីម៉ែត្រ​អាច​ដក​បំបែក​ដាំ​បាន ហើយ​ចំណែក​ដើម​ដែល​នៅតូចៗកម្ពស់​ត្រឹមតែ1-1.5សង់ទីម៉ែត្រ គួរ​ដក​ចោល។ ក្នុងដំណាក់កាល​ទី​ពីរ នៅពេល​ដើម​មាន​អាយុប្រមាណ40-50ថ្ងៃ ក្នុងដំណាក់កាល​នេះ​អាច​ដកយក​មើម​ការ៉ុត​មក​ទទួលទាន​បាន​ខ្លះ​ហើយ។ សម្រាប់​ការដក​យកទៅ​បំបែក​ដាំ គួរ​ដាក់​ដាំ​ឱ្យ​ឆ្ងាយ​ពីគ្នា12-15សង់ទីម៉ែត្រ ហើយ​ថែទាំ​បំប៉ន​ត​រហូត​ដល់ពេល​ប្រមូល​ផល។

    – វិធី​ការថែទាំ​រក្សា

    ការ​ស្រោច​ទឹក៖ ត្រូវ​ឧស្សាហ៍​មើលថែ​ស្រោច​ទឹក​រៀងរាល់ថ្ងៃ ព្រឹក-ល្ងាច។
    ការដាក់​ជី៖ នៅពេល​កូន​ការ៉ុត​អាយុ​បាន10-15ថ្ងៃ ចូរ​ដាក់​ជី 46-0-0 ក្នុង​អត្រា3ស្លាបព្រា​បាយ​ក្នុង​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ និង​នៅពេល​អាយុ30ថ្ងៃ ចូរ​ដាក់​ជី​រូបមន្ត​ស្មើ 16-16-16 ឬ​អាច​ប្រើ​ជីសរីរាង្គ​ក្នុង​ចន្លោះ​ជួរ​ដើម​ការ៉ុត​ចំនួន 300ក្រាម​ក្នុង​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ និង​ដាក់​រៀងរាល់20ថ្ងៃ​ម្ដង។
    ការការពារ និង​កម្ចាត់​សត្រូវ​ដំណាំ៖ ការពារ​សត្វល្អិត​សត្រូវ​ដំណាំ​ដោយ​ទឹក​ត្រាំ​ស្លឹក​ស្ដៅ និង​ទឹក​ត្រាំ​ជីសរីរាង្គ ដោយ​ត្រូវ​បាញ់​ដាក់​ដំណាំ​រៀងរាល់3-5ថ្ងៃ​ម្ដង​ជា​បន្តបន្ទាប់។

    – វិធី​ការប្រមូល​ផល៖ ប្រមាណ​ជា85-90ថ្ងៃ អ្នក​អាចធ្វើ​ការប្រមូល​ផល​មើម​ការ៉ុត​បាន​ហើយ។ មុន​ការប្រមូល​ផល គួរ​ស្រោច​ទឹក​ឱ្យ​ដី​សើម​ជោកជាំ​ជាមុនសិន ដើម្បី​បង្កើន​ភាពងាយស្រួល​ក្នុងការ​ប្រមូល​ផល បន្ទាប់ពីនោះ​ត្រូវ​យកដៃ​ចាប់​បួង​ស្លឹក​ទាំងអស់ រួចហើយ​ព្យាយាម​ដកថ្នមៗជា​រាង​បញ្ឆិត បន្ទាប់មក​នាំយក​មើម​ការ៉ុត​ទៅ​លាង​ទឹក​សម្អាត ដាក់​សំ​ដឹ​ល​ឱ្យ​ស្ងួត។

    មើម​ការ៉ុត យើង​អាច​រក្សាទុក​ក្នុង​ទូទឹកកក​បានយូរ​ប្រមាណ​ជា1-2ខែ បើសិន​បាន​រុំ​ដោយ​ថង់​ជ័រ​ប្លា​ស្ទិ​ក​ខ្ចប់​ម្ហូបអាហារ៕

  • នៅពេល​កូនតូច​ឈានចូល​ខែ​ទី6

    នៅពេល​កូនតូច​ឈានចូល​ខែ​ទី6

    លក្ខណៈ​របស់​កូនតូច​ពេល​ចូលដល់​ខែ​ទី6

    មកដល់​ខែ​នេះ អ្នក​ម្ដាយ​អាច​សង្កេតឃើញថា ទឹកដោះ​របស់ខ្លួន​ដែល​ធ្លាប់តែ​បំបៅកូន​គ្រប់គ្រាន់​នោះ បែរជា​តិច​ទៅ។ ក្នុងអំឡុង​ខែ​នេះ​អ្នក​ម្ដាយ​អាចឱ្យ​កូន​មឹ​ម​ទឹកដោះគោ​ឆុង​បាន តែ​ក្មេង​ដែល​ធ្លាប់​បៅដោះ​ម្ដាយ​មករ​ហូត​នោះ​អាច​នឹងមិន​ព្រម​បៅ​ទឹកដោះគោ​ពី​ដប ដូច្នេះ​សាកល្បង​ដាក់​ក្នុង​ពែង​ឱ្យ​ញ៉ាំ​ក៏បាន ដោយ​ស្មាន

    បរិមាណ​ទឹកដោះគោ​តាមរយៈ​អត្រា​កើនឡើង​របស់​ទម្ងន់​ខ្លួន។ កូន6ខែ ទម្ងន់​នឹង​កើន​ឡើងជា​មធ្យម​មួយថ្ងៃ​ប្រមាណ​ជា15ក្រាម បើ​ក្នុង10ថ្ងៃ​ទម្ងន់​កើនឡើង​ត្រឹមតែ120-130ក្រាម។ សាកល្បង​បន្ថែម​ទឹកដោះគោ​ឱ្យ​ទៀត​មួយថ្ងៃ2ដប គួរឱ្យ​មឹ​ម​ក្រោយពេល​ញ៉ាំ​អាហារ​បន្ថែម។ បើ​មិន​ព្រម​បៅ​ទឹកដោះគោ សាកល្បង​ឱ្យ​បៅ​ទឹក​សណ្ដែក​លឿង និង​បង្កើន​បរិមាណ​អាហារ​បន្ថែមដើម្បីឱ្យ​អាហារ​គ្រប់គ្រាន់​ទៅនឹង​តម្រូវការ​របស់​រាងកាយ។ ក្មេង​ណា​ដែល​ធ្លាប់តែ​ក្អួត​ចេញមក​វិញ​ក្រោយពេល​បៅ​រួច មកដល់​ខែ​នេះ​អាការ​នេះ​នឹង​បាត់​លែងមាន​ហើយ។

    ដល់ពេល​ចាប់ផ្ដើម​អាហារ​បន្ថែម​ហើយ

    គួរ​ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​នៅពេលដែល​កូន​បង្ហាញ​កាយវិការ​ថា​ចង់​ញ៉ាំ ដូចជា លូកដៃ​មក​ស្រវា​ចាប់​ស្លាបព្រា កម្រើក​មាត់​ឮសូរ​ជុប​ចាប់​ជាដើម។ បើ​កូន​នៅ​មិនទាន់​ដល់ពេល​ចង់ ទោះជា​បញ្ចុក ក៏​តែងតែ​ប្រើ​អណ្ដាត​ទល់​រុញចេញ​មកវិញ​ដែរ និង​មិនគួរ​បង្កើន​បរិមាណ​អាហារ​បន្ថែម​លឿន​ពេក​ទេ។ បើ​ក្នុង10ថ្ងៃ​ទម្ងន់​ខ្លួន​កើន300ក្រាម​ឡើងទៅ បង្ហាញថា កូន​ញ៉ាំ​អាហារ​ច្រើនពេក​ហើយ និង​មិនគួរ​បង្ខំ​ឱ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​ចូលចិត្ត​នោះទេ។ ចំណែក​មូល​ហេតុដែល​ត្រូវឱ្យ​ញ៉ាំ​អាហារ​បន្ថែម​គឺ ទឹកដោះ​ម្ដាយ​មាន​សារ​ធាតុដែក​កាន់តែ​តិច​ទៅ និង​វិធី​ការពារ​ជំងឺ​ឈាម​ស្លេក​ដោយសារខ្វះ​សារ​ធាតុដែក​គឺ ញ៉ាំ​អាហារ​បន្ថែម​ដោយ​ចាប់ផ្ដើម​ពី​បបរ​កិន​ម៉ដ្ឋ​នៅពេល​អាយុ6ខែ ហើយ​ផ្លាស់​ទៅជា​បបរ​ធម្មតា​នៅពេល​អាយុ7-8ខែ ហើយ​បាយ​ដូច​មនុស្ស​ធំ​នៅពេល​អាយុ​បាន1ឆ្នាំ។

    គោលការណ៍​សំខាន់​ក្នុង​ការឱ្យ​ញ៉ាំ​អាហារ​បន្ថែម

    – ឱ្យ​ញ៉ាំ​អាហារ​ណា​ដែល​កូន​ចូលចិត្ត​ដោយ​មិន​បង្ខំ។ អាយុ6ខែ គួរឱ្យ​មួយថ្ងៃ1ពេល លើកលែងតែ​បៅ​ទឹកដោះ​ម្ដាយ​មិន​គ្រប់គ្រាន់ និង​មិន​ព្រម​បៅ​ទឹកដោះគោ។
    – ឱ្យ​ញ៉ាំ​មុនពេល​បៅ និង​មិនចាំបាច់​ឱ្យ​ញ៉ាំ​នៅពេល​ព្រឹក​ជានិច្ច​នោះទេ ដូចជា​ចាប់ផ្ដើម​ពី​ម៉ោង10:00ជាដើម  ព្រោះ​បើសិន​កើត​អាការ​រាករូស​ដោយសារ​អាហារ​មិន​ស្អាត នឹង​បាន​នាំទៅ​ពេទ្យ​បាន​ងាយស្រួល​ជាង​នៅពេល​ល្ងាច។
    – ចាប់ផ្ដើម​ពី1-2ស្លាបព្រា​កាហ្វេ បើ​មិន​ចូលចិត្ត​ស៊ុប​មាន់ស្ងោរ សាកល្បង​ធ្វើជា​ទឹក​សម្ល​ស្ងោរ​ពងមាន់​ក៏បាន។
    – ពេល​ញ៉ាំ​បបរ​កិន​ជាមួយ​ស៊ុត​បាន​ពូកែ​ហើយ ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​បន្លែ​កិន ដោយ​ចាប់ផ្ដើម​ពី​ល្ពៅ​ស្ងោរ​កិន ដំឡូងបារាំង​ស្ងោរ​កិន និង​ការ៉ុត​ស្ងោរ​កិន​ជាដើម។
    – ប្រកាន់យក​ភាពងាយស្រួល គឺ​មិន​ធ្វើ​អាហារ​សម្រាប់តែ​កូនតូច​ជាពិសេស​ទេ តែ​ជ្រើស​រើសយក​ពី​អាហារ​ដែល​ធ្វើឱ្យ​មនុស្ស​ធំ​ញ៉ាំ និង​បែង​ឱ្យ​កូនតូច​ញ៉ាំ។
    – បើ​បានទទួល​ទឹកដោះ​ម្ដាយ​មិន​គ្រប់គ្រាន់ និង​មិន​ព្រម​បៅ​ទឹកដោះគោ ហើយ​ទម្ងន់​ខ្លួន​កើនឡើង​តិចជាង​មួយថ្ងៃ10ក្រាម គួរ​ជ្រើសរើស​អាហារ​ដែល​មានកា​ឡូរី​ខ្ពស់ ដូចជា ស៊ុត​ក្រហម ថ្លើម​ស្ងោរ​កិន សាច់​ស្ងោរ​កិន សាច់​ត្រី និង​សាច់មាន់។ល។
    – អាហារ​របស់​មនុស្ស​ធំ​ដែល​កូនតូច​ក្នុង​វ័យ​នេះ​អាច​ញ៉ាំ​បាន​គឺ អាហារ​ស៊ុត​ទាំងឡាយ សម្ល​ស្ងោរ​ធម្មតា​ទូទៅ និង​ស៊ុបផ្សេងៗ តៅហ៊ូ សាច់​ត្រី សាច់គោ សាច់ជ្រូក សាច់មាន់​ស្ងោរ​ផុយ និង​បន្លែ​ស្ងោរ​ជាដើម។

    អាការ​ដែល​អាច​កើតឡើង

    * រាករូស
    កូន​អាច​បន្ទោបង់​មក​រាវ ព្រោះ​មាន​មេរោគ​បាក់តេរី ឬ​មេរោគ​វីរុស​ដោយសារ​អាហារ​មិន​ស្អាត​គ្រប់គ្រាន់។ ពេល​កូន​រាក ក៏​អាចមាន​ក្ដៅខ្លួន អារម្មណ៍មិនល្អ មិន​ព្រម​បៅ​ទឹកដោះ និង​ក្អួត​ជាដើម។ បើ​រាក​ដោយសារ​អាហារ​មិន​ស្អាត​គ្រប់គ្រាន់ គួរ​ធ្វើឱ្យបាន​ស្អាត មាន​អនាម័យ ឬ​បើ​កូន​មិនដែល​បានទទួល​អាហារ​បែប​នោះ​ពីមុន នៅពេល​ញ៉ាំ​ហើយ​រាក ចូរ​បញ្ឈប់​អាហារ​នោះ រហូត​ដល់ពេល​បាត់​រាក សឹម​ឱ្យ​ញ៉ាំ​ជាថ្មី ដោយ​បន្ថយ​បរិមាណ​អាហារ​ចុះ​ឱ្យ​នៅសល់​ពាក់កណ្ដាល។ តែបើ​នៅតែ​រាក​មិន​បាត់ ចូរ​ប្រញាប់​នាំ​កូនតូច​ទៅ​មន្ទីរពេទ្យ។

    * ក្អក​ញឹកញាប់

    នៅពេល​អាការ​ប្រែប្រួល កូន​អាចមាន​អាការ​ក្អក បើ​ក្អក​នៅពេល​ព្រលប់ អាចមាន​ក្អួត​ទៀតផង បើ​វាស់​សីតុណ្ហភាព​ហើយ​ឃើញ​មិនមាន​ក្ដៅខ្លួន កូន​មិន​យំ​រករឿង នៅ​លេង​ធម្មតា នៅ​បៅ​ទឹកដោះ​បាន​ធម្មតា​នោះ​បញ្ជាក់ថា​កូនតូច​មិនមាន​កើត​អ្វី​ធ្ងន់ធ្ងរ​ទេ។ អំឡុង​ពេលដែល​កូន​ក្អក​គួរ​ចៀសវាង​ការ​ងូតទឹក​ក្នុងពេល​ដែលមាន​ធាតុអាកាស​ត្រជាក់ ព្រោះ​នឹងធ្វើ​ឱ្យ​កើត​ស្លេស្ម៍​ឡើង​ច្រើន។ គួរ​ងូតទឹក​ឱ្យ​កូន​នៅពេលរសៀលៗនិង​នាំ​កូន​ចេញទៅ​សំដិល​ថ្ងៃ​នៅ​ខាងក្រៅ​ផ្ទះ ដោយ​មិនបាច់​ស្លៀក​សម្លៀកបំពាក់​ក្រាស់​ឱ្យ​ទេ ដើម្បីឱ្យ​សុខភាព​ស្បែក​របស់​កូន​បាន​រឹងប៉ឹង។

    * យំ​រករឿង​នៅពេល​យប់

    មាន​មិនតិច​ទេ​ដែល​ក្នុង​មួយយប់ៗកូន​ភ្ញាក់​យ៉ាងតិច2-3ដងនោះ។ មាន​ក្មេង​តិច​ណាស់​ដែល​ស្រែកយំ​រំខាន ព្រោះ​ឃ្លាន ដូច្នេះ​គួរ​បន្ថែម​បរិមាណ​ទឹកដោះគោ​ឱ្យ​ច្រើនឡើង ឬ​បន្ថែម​ពេល​បៅ​នៅ​ពេលយប់​មួយពេល​ទៀត​ក៏បាន។

    * កើត​បូស​នៅលើ​ក្បាល

    ក្មេង​ដែល​ស្បែកក្បាល​រលាក​ក្លាយ ពេល​អេះ​យូរ​ទៅនឹង​ដាច់​រលាត់ និង​មាន​មេរោគ​ចូល​ក្លាយជា​បូស។  ក្មេង​ខ្លះ​អាច​កើត​ពេញ​ក្បាល និង​ច្រើន​តែមាន​គ្រុន​ក្ដៅខ្លួន​រួមជាមួយ​ផង ហើយ​យំ​រករឿងរំខាន ដូច្នេះ​ត្រូវការពារ​ទុកជាមុន​ដោយ​ការ​កាត់​ក្រចកដៃ​កូន​ឱ្យ​ខ្លី​ជាប់​ជានិច្ច ឧស្សាហ៍​ប្ដូរ​ស្រោមខ្នើយ និង​គួរ​ប្រញាប់​ព្យាបាល​ឱ្យ​ឆាប់​ជា។

    វិវឌ្ឍនាការ​របស់​កូនតូច
    * រាងកាយ
    – ក្រឡាប់​បាន​កាន់តែ​ចំណាន​ឡើង និង​ចាប់ផ្ដើម​ចេះ​លូន​ទៅខាង​មុខ ឬ​មក​ក្រោយ​បាន​ខ្លះ​ហើយ។
    – ចេះ​អង្គុយ​ទប់​លំនឹង​ខ្លួន​បានល្អ និង​បាន​យូរហើយ តែ​ត្រូវមាន​អ្វី​មកទល់​ទប់​ពីក្រោយ ព្រោះ​អាច​នឹង​ផ្ងារ​ក្រោយ​បាន​យ៉ាង​ងាយ។
    – អាច​កាន់​ដប​ទឹកដោះគោ​បាន ចាប់​របស់​លេង​បាន និង​ដូរ​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​បាន​យ៉ាង​ស្រួល។
    – ចេះ​បញ្ចេញ​សំឡេង​បាន​ច្រើនបែប​ហើយ ដោយ​ចាប់ផ្ដើម​បញ្ចេញ​សំឡេង​ដែលមាន​តួ​ព្យញ្ជនៈ។
    – ស្រវា​ចាប់​អ្វីមួយ​បានចំៗ ហើយ​ចេះ​លែងឱ្យ​ធ្លាក់​ទៅវិញ​បាន។
    – ពេល​គេង​ផ្ងារ​ចូលចិត្ត​យកដៃ​ចាប់ជើង​លេង ឬ​យក​ជើង​មក​បៀម។
    – ក្មេង​ខ្លះ​អាច​នឹង​ចាប់ផ្ដើម​មាន​ដុះធ្មេញ​ឡើងមក ឬ​មាន​អាការ​រមាស់​អញ្ចាញធ្មេញ​ខ្លះ​ហើយ។

    * សង្គម​ជុំវិញខ្លួន

    – ចេះ​ធ្វើ​ត្រាប់​តាម​ឥរិយាបថ ឬ​ទឹកមុខ​របស់​មនុស្ស​ជុំវិញខ្លួន។
    – ចេះ​ញែក​ថា នរណា​ជា​មនុស្ស​ចាស់ ឬ​នរណា​ជា​កូនក្មេង។
    – បញ្ចេញ​សំឡេង​ស្រែក​នៅពេល​ត្រូវការ​ជំនួយ តែ​ជាការ​បញ្ចេញ​សំឡេង​ស្រែក​បែប​មានន័យ។
    – ចូលចិត្ត​លេង​ជាមួយ​អ្នកដទៃ​ច្រើនឡើង។
    – ចូលចិត្ត​ឈោងដៃចាប់​មុខក្មេងៗដូចគ្នា។

    * លេង​ជាមួយ​កូន​ញឹកញាប់

    កូនតូច​ក្នុង​វ័យ​នេះ​មានការ​ចាប់អារម្មណ៍​លើ​អ្វី​ជុំវិញខ្លួន​ច្រើន ដូច្នេះ​នៅ​ថ្ងៃ​ណា​ដែល​ធាតុអាកាស​ល្អ អ្នក​ម្ដាយ​សាកល្បង​រក​កន្លែង​ណាមួយ​នៅខាងមុខ​ផ្ទះ ឬ​នៅលើ​វាលស្មៅ ក្រាលកន្ទេល ហើយ​ដាក់​កូនតូច​ឱ្យ​គេង​ផ្កាប់​លេង មើល​ដើមឈើ ស្លឹក​ស្មៅ ឬ​មនុស្ស​ដែល​ដើរ​ទៅមក​នៅមុខ​ផ្ទះ។ កូន​នឹងមាន​អារម្មណ៍​សប្បាយរីករាយ និង​ព្យាយាម​រំកិល​ខ្លួន​ទៅខាង​មុខ ដូចជា​ការហាត់ប្រាណ​ម្យ៉ាងដែរ តែបើ​កូនតូច​របស់​អ្នកជា​ក្មេង​ដែល​មិនសូវ​កម្រើក គួរ​បង្ហាត់​ឱ្យធ្វើ​កាយវិការ​តាមរយៈ​ការលេង​ជាមួយ​កូន​ខ្លះ​ផង។

    ក្នុង​វ័យ​នេះ នៅពេល​កូន​ចាប់ផ្ដើម​ចេះ​ធ្វើ​ចលនា​បាន​ច្រើនឡើង ឧប្បត្តិហេតុ​ក៏​ងាយ​នឹង​កើតឡើង​ដែរ ជាពិសេស​ការធ្លាក់​ពីលើ​គ្រែ និង​ត្រូវ​ប្រយ័ត្ន​មិន​ឱ្យមាន​វត្ថុ​គ្រោះថ្នាក់​ណាមួយ

    នៅក្បែរ​ខ្លួន​ឱ្យសោះ​ពេល​ដាក់​កូន​នៅលើ​កម្រាល​ឥដ្ឋ មិន​ថា​គេង​លក់ ឬ​ភ្ញាក់​នោះឡើយ។ ត្រូវ​ប្រមូល​ទុកដាក់​របស់របរ​ជុំវិញ​ខ្លួន​ឱ្យអស់ ជាពិសេស​របស់​គ្រោះថ្នាក់​ដូចជា បារី កន្ទុយបារី ឈើគូស ខ្សែក្រវាត់ ម្ជុល ផ្លែ​ឡា​ម ថ្នាំ​គ្រាប់ ឡេវអាវ កាក់ ធុង​ទឹក​ក្ដៅ ប្រអប់​ធូបមូស និង​របស់​លេង​ក៏​មិនគួរ​ជា​របស់​ដែលមាន​ជ្រុងស្រួចៗឬ​ផ្លា​ស្ទិ​កស្រួយៗដែល​ងាយ​បែកបាក់​នោះដែរ ទាំងអស់នេះ​គឺ​សុទ្ធតែ​ដើម្បី​សុវត្ថិភាព​របស់​កូន​សម្លាញ់​ក្នុង​វ័យ​នេះ៕

  • ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 ធ្វើឱ្យ​កក្រើក​ក្រុងព្រះសីហនុ

    ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 ធ្វើឱ្យ​កក្រើក​ក្រុងព្រះសីហនុ

    ព្រះសីហនុ៖ បន្ទាប់ពី​ទស្សនាការ​ប្រកួត​បាលទាត់​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត នៃ​ពានរង្វាន់ Tiger Street Football Festival 2018 ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ភ្ញៀវទេសចរ​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ​ជាមួយនឹង​ទស្សនីយភាពប្លែកៗជាច្រើន​ដែលជា​ការរៀបចំ​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ។

    ជាក់ស្តែង ក្រៅពី​ការប្រកួត​បាលទាត់​ដ៏​អស្ចារ្យ និង​ការសម្តែង​ក្បាច់​រាំ​ដ៏​ស្រស់ស្អាត ក៏មាន​ការបង្ហាញ​ពី​សមត្ថភាព​ត្រេះ​បាល់​ដ៏​អស្ចារ្យ ពី​លោក Phillip Veron Gibson ដែល​ធ្លាប់​ជាប់​លំដាប់ថ្នាក់​ទី៧ ពិភពលោក​ក្នុងការ​ត្រេះ​បាល់។

    លើសពីនេះ​នៅ​ជុំវិញ​បរិវេណ​កន្លែង​រៀបចំ​កម្មវិធី Tiger Street Football Festival 2018 ក៏មាន​កន្លែង​លេង​ហ្គេម​កម្សាន្ត​ដ៏​រីករាយ​ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ មានការ​ដាក់តាំង​លក់​សម្ភារៈ​កីឡា ព្រមទាំង​ទទួលបាន​ការភ្ជាប់​អ៊ិន​ធើ​ណែ​ត​ដោយ​ឥតគិតថ្លៃ (Free Wifi) នៅ​បញ្ជរ Digital Booth ផងដែរ។

    អ្វីដែល​កាន់តែ​ទាក់ទាញ់​នោះ​គឺ ការប្រគំ​តន្ត្រី​ដោយមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀងល្បីៗជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​រួមមាន លោក ព្រាប សុ​វ​ត្តិ សុ​គុន្ធ និសា ពេជ្រ សុភា ហ្សូ​ណូ  សុខ ស្រី​នាង ឱក សុគន្ធ​កញ្ញា ឆន សុវណ្ណ​រាជ   ទេព បូ​ព្រឹក្ស កញ្ញា ឈិន ម៉ា​និ​ច  ឃី សុគន្ធ ។ ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ជាហេតុ​ធ្វើ​ឲ្យ អ្នកគាំទ្រ​នៅ​ព្រះសីហនុ​សប្បាយរីករាយ និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី។ លើសពីនេះទៅទៀត អ្នកគាំទ្រ​ទាំងអស់​ក៏​ទទួលបាន​កម្មវិធី​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ មក​ទទួលទាន​បណ្តើរ ទស្សនា​ការប្រគំ​តន្ត្រី Tiger Street Football Festival 2018។

    សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 នៅ​ថ្ងៃ​ចុងក្រោយ និង​ការប្រគំ​តន្ត្រី​នៅ​រាត្រី​ចុង​ក្រៅ​ប្រចាំ​មណ្ឌល​ព្រះសីហនុ​នេះ មានការ​ផ្សាយ​ផ្ទា​ល់ពី​សា្ថ​នី​យ៍​ទូរទស្សន៍​រស្មី​ហង្ស​មាស​ផងដែរ។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2018  នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ៖ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨  នៅ​ដី​ឡូ ឧកញ៉ា​ឈួន គឹម​សាន្ត​ទី​រួម​ខេត្តកំពង់ស្ពឺ។

    ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ស្ពឺ​ឲ្យ​បាន​ច្រើន​កុះករ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2018  នៅ​ខេត្ត​ព្រះសីហនុ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • BNI ផ្តល់​ការអភិវឌ្ឍ​ខ្លាំង​ដល់​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា

    BNI ផ្តល់​ការអភិវឌ្ឍ​ខ្លាំង​ដល់​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា

    ស្រប​ពេលដែល​សង្គម​កំពុងមាន​ការអភិវឌ្ឍ យើង​សង្កេតឃើញថា នៅ​កម្ពុជា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អាជីវកម្មថ្មីៗបានកើត​ឡើង និង​រីកដុះដាល​ដូចផ្សិត​ស្ទើរ​គ្រប់​វិស័យ វា​អាចជា​ឱកាសល្អ​សម្រាប់​ពាណិជ្ជករថ្មីៗក្នុងការ​សាកល្បង​តេស្ត​សមត្ថភាព​ចូល​ប្រកួត​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម ដែលជា​បញ្ហាក្នុងការ​បង្កើន​នូវ​ការប្រកួតប្រជែង​កាន់តែខ្លាំង​សម្រាប់​អាជីវកម្មចាស់ៗដែល​បាន​បង្កើតឡើងយូរ​មកហើយ ហេតុនេះ​ប្រសិនបើ​ម្ចាស់​អាជីវកម្មនីមួយៗមិន​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​លើ​ការប្រកួតប្រជែង​ខាង​ផ្នែកទីផ្សារ​ទេនោះ អាជីវកម្ម​របស់គាត់​អាច​នឹង​ជួប​ឧបសគ្គ​ខ្លាំង។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អ្នកយកព័ត៌មាន​នៃ ​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយនឹង​លោក ឡុ​ក សាម​ឌី ប្រធាន BNI ប្រចាំ​ប្រទេសកម្ពុជា ដែល​លោក​នឹង​បង្ហាញ​លម្អិត​ពី​គំរូ​នៃ​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​សារៈសំខាន់​នៃ BNI ដែល​អាចជួយ​ដល់​ម្ចាស់​អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់។

    1.តើ​អ្វី​ទៅជា BNI?

    BNI គឺជា​ស្ថាប័ន​មួយ​ដែល​មកពី​ពាក្យ​ពេញ​ថាបណ្តាញ​ពាណិជ្ជកម្ម​អន្តរជាតិ (Business Network International) ត្រូវបាន​បង្កើតឡើង​ដោយ​បណ្ឌិត Ivan Misner នៅ​ឆ្នាំ1985 បើ​គិត​មកដល់​បច្ចុប្បន្ននេះ​គឺមាន​អាយុ 33ឆ្នាំ​ហើយ។ សម្រាប់​កម្ពុជា ខ្ញុំ​បាន​នាំ Franchise របស់ BNI ចូល​នៅ​ឆ្នាំ 2013។

    2.តើ​មូល​ហេតុអ្វី​បានធ្វើឱ្យ​លោក​នាំ Franchise BNI មក​កម្ពុជា?

    បើ​និយាយ​អំពី​មូលហេតុ ដំបូង​ឡើយ​ខ្ញុំ​សូមនិយាយ​ពី​រឿង​ដែល​ខ្ញុំ​ស្គាល់ BNI ជាមុនសិន។ ខ្ញុំស្គាល់ BNI តាមរយៈ​មិត្ត​ភ័ក្តិ​ម្នាក់​ដែល​គាត់​នៅ​ប្រទេស​វៀតណាម។ នៅ​ថ្ងៃមួយ​គាត់​បាន​នាំ​ខ្ញុំ​ទៅមើល Chapter មួយ​របស់ BNI នៅ​ប្រទេស​វៀតណា​ម ដែល​នៅពេលនោះ​ខ្ញុំ​ចេះតែ​ឆ្ងល់​ថា ហេតុអ្វី​បានជា​គេ​អាច​ហៅ​ម្ចាស់​អាជីវកម្ម​ចាប់ពី 60 ទៅ 70អាជីវកម្ម​មក​ប្រជុំគ្នា​ជា​រៀងរាល់​សប្តាហ៍​បាន ព្រោះ​ជាធម្មតា​អ្នករកស៊ី​ប្រសិនបើ​ឮ​ពាក្យ​ថា​ប្រជុំគាត់​ប្រហែលជា​មិនសូវ​ចង់​ចូលរួម​នោះទេ។ ខ្ញុំ​ចាប់ផ្តើម​គិត​ភ្លាម​ថា​ច្បាស់​ជាមាន​រឿង​ពិសេស​អ្វីមួយ​ដែល​ទាក់ទាញ​ឱ្យមាន​ការជួបជុំ​ដ៏​ល្អ​នេះហើយ។

    នៅពេល​ខ្ញុំ​ចូល​មើល​ការប្រជុំ​នោះ ខ្ញុំ​ក៏​ឃើញ​គេ​បានផ្តល់​ឱកាស​ឱ្យ​គ្នា​ទៅវិញទៅមក​ផងដែរហើយ​ខ្ញុំ​ចាប់ផ្តើម​ឆ្ងល់​បន្ថែមទៀតថា ហេតុអ្វី​បានជា​គេ​អាច​ផ្តល់ឱកាស​អាជីវកម្ម​ឱ្យ​គ្នា​បាន។ កត្តាទាំងអស់នេះ បាន​ជំរុញ​ឱ្យ​ខ្ញុំ​ចាប់ផ្តើម​សិក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង BNI ហើយ​ខ្ញុំ​ក៏បាន​ដឹងថា BNI ធ្លាប់ជួយ​ម្ចាស់​អាជីវ​កម្មបាន 73ប្រទេស​នៅលើ​ពិភពលោក​រួចមកហើយ ហេតុនេះ​ខ្ញុំ​គិតថា វាក៏​អាចជួយ​ម្ចាស់​អាជីវកម្ម​នៅ​ស្រុក​ខ្មែរ​យើង​បានដែរ។ ពេលនោះ​ខ្ញុំ​ក៏​សម្រេចចិត្ត​ទិញ Franchise BNI មក​កម្ពុជា​តែម្តង។

    កាល​នាំចូល​ដំបូង​ឡើយ ខ្ញុំ​មិនទាន់​ដឹងថា BNI គឺជា​អាជីវកម្ម​ដែល​អាចមាន​ផលចំណេញ-ខាត​យ៉ាងដូចម្តេច​នោះទេ តែដោយសារ​តែ​ខ្ញុំ​ចង់​ជួយ​សង្គម និង​ចង់​ជួយ​មនុស្ស ខ្ញុំ​ក៏​សម្រេចចិត្ត​ទិញ Franchise យកមក​កម្ពុជា ហើយ​បន្ទាប់មក​ទើប​ដឹងថា វា​ជា​ប្រព័ន្ធ​ដែលមាន​ចំណូល។

    3.ការនាំ​ចូល Franchise មួយ​មិនមែនជា​រឿង​ងាយ​នោះទេ តើ​កត្តា​ប្រឈម​អ្វីខ្លះ​ដែល​លោក​ជួប​នៅពេល​នាំចូល​លើកដំបូង?

    ចំពោះ​កត្តា​ប្រឈម គឺ​ដំបូង​ឡើយ​ប្រជាជនកម្ពុជា​មិនទាន់​ស្គាល់​ច្បាស់​នៅឡើយ​ថា អ្វី​ទៅជា BNI ហើយ​កត្តា​ប្រឈម​មួយទៀត​គឺ មាន​មនុស្ស​មួយចំនួន​នៅ​កម្ពុជា​បានធ្វើឱ្យ​ខូច​ឈ្មោះ​ពាក្យ​ថា បណ្តាញ (Network)។ តាមពិតទៅ Network គឺ​ល្អ តែ​មនុស្ស​ខ្លះ​បានធ្វើឱ្យ​ខូច​ឈ្មោះ​ពាក្យ Network នេះ ដោយ​ពាក់ព័ន្ធ​នឹង​ការលក់​ផលិតផល​បែប Network ហេតុនេះ​នៅពេលដែល​ខ្ញុំ​នាំចូល BNI មកកម្ពុជា ដំបូង​គឺ​គេ​ស្មានថា BNI ដូចជា ការលក់​ជាលក្ខណៈ​ Network នោះដែរ ទើប​ធ្វើឱ្យមាន​កត្តាប្រឈម​ច្រើន​មែនទែន​ទម្រាំ​នឹង​បង្កើត​ចេញ​ជា Chapter មួយ​ឡើង ដែល​ពេលខ្លះ គឺអាច​និយាយបាន​ថា ចង់​យំ នៅពេលដែល​និយាយប្រាប់​គេ​ទៅគេ​បក​ត្រឡប់មកវិញ​ថា BNI មិនអាច​នាំចូល​កម្ពុជាបានទេ ព្រោះ BNI ជា​របស់​អាមេរិក។ តែ​ទោះជា​យ៉ាងនេះ​ក្តី ដោយសារតែ​ចិត្ត​ខ្ញុំ​ចង់​ជួយ​ម្ចាស់​អាជីវកម្មនៅ​កម្ពុជា ហើយ​ចង់ឱ្យ​គាត់​យល់​ពី​ប្រព័ន្ធ​របស់ BNIខ្ញុំ​ក៏​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ពន្យល់​ពួកគាត់​អំពី​អត្ថប្រយោជន៍​របស់ BNI រហូតដល់​មាន​អ្នក​យល់ដឹង​ច្រើន​ហើយ​ព្រម​ចូលរួម​ស្វែងយល់ ទើប​ដឹង​ពី​សារៈប្រយោជន៍​ជាច្រើន​ដែល​អាចជួយ​ដល់​អាជីវកម្ម​ឱ្យ​រីកលូតលាស់​បាន។

    4.តើ BNI មាន​អត្ថប្រយោជន៍​អ្វីខ្លះ​សម្រាប់​ម្ចាស់​អាជីវកម្ម​ទាំងអស់?

    ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា BNI មាន​រហូតដល់​ទៅ 73ប្រទេស​លើ​ពិភពលោក ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ជាង 22 ម៉ឺន​នាក់ នឹងមាន​រហូតដល់​ទៅ 8,254 Chapter នៅលើ​ពិភពលោក។ ការដែល​មនុស្ស​ជាង 22ម៉ឺន​នាក់​សុខចិត្ត​បង់លុយ​ឱ្យ BNI មិនមែនជា​រឿង​ងាយ​នោះទេ គាត់​ហ៊ាន​ចំណាយថវិកា លុះត្រាតែ​គាត់​បានគិត​ល្អិតល្អន់ និង​មើលឃើញ​ពី​ផលប្រយោជន៍​វិជ្ជមាន​ជាច្រើន​របស់ BNI។

    អត្ថប្រយោជន៍​ទី1 គឺ មាន​ក្រុម​លក់ និង​ទីផ្សារ​ដ៏ធំ​សម្រាប់​ផ្តល់ឱកាស​ជូន​ម្ចាស់​អាជីវកម្ម

    ព្រោះ​បើមើល​លើ​អាជីវកម្ម​បច្ចុប្បន្ន​យើង​ឃើញថា ការធ្វើអាជីវកម្ម​គឺមាន​កត្តា​ប្រកួតប្រជែង​ច្រើន (challenge)។ នៅពេលដែល​ម្ចាស់​អាជីវកម្ម​ចង់​ពង្រីក​អាជីវកម្ម​លុះត្រាតែ​គាត់​ត្រូវ​បង្កើន​ក្រុម​លក់ និងអ្នកធ្វើ​ទីផ្សារ ប្រសិនបើ​គាត់​មាន​អ្នកលក់ និង​អ្នកធ្វើ​ទីផ្សារ​រហូតដល់​ទៅ 60-70នាក់ នោះ​នឹង​ជួយបង្កើន​ការលក់​របស់គាត់​ឱ្យ​ទទួលបាន​ផលចំណេញច្រើន តែបើ​គិត​ត្រឡប់មកវិញ​ថា ក្នុងនាម​ជា​អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SME) តើ​គាត់​មាន​ថវិកាផ្គត់ផ្គង់​ដល់​បុគ្គលិក​លក់​របស់គាត់ 60-70នាក់​ដែរឬទេ? ហេតុនេះ BNI បាន​មើលឃើញ​ពី​កត្តា​ប្រឈមនេះ ហើយ​អាចជួយ​ធ្វើការ​ដោះស្រាយ​តាមរយៈ​ការផ្តល់ឱកាស​ឱ្យ​គាត់​នូវ​ក្រុមមនុស្ស​ដែលមាន​គ្នា​ចាប់ពី 60-70នាក់ ដែល​សុទ្ធតែជា​ម្ចាស់​អាជីវកម្ម អាចជួយ​ក្នុង​ការលក់​ឱ្យ​គ្នា​ទៅវិញទៅមក​បាន។ ហេតុនេះ​ម្ចាស់​អាជីវកម្ម​មិនចាំបាច់​ប្រើ​លុយ​ចំណាយជួល​បុគ្គលិក​លក់​ដល់​ទៅ60-70នាក់ នោះទេ។

    អត្ថប្រយោជន៍​ទី2 គឺ​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងក្រុម

    ម្ចាស់​អាជីវកម្ម​នានា​អាច​នឹងមិន​សប្បាយចិត្ត​នោះទេ​នៅពេលដែល​ទៅ​ទីណា​មួយ​មាន​គូប្រកួតប្រជែង​អាជីវកម្ម​ជាមួយគ្នា ហេតុនេះ BNI បានផ្តល់ជូន​នូវ​សិទ្ធិផ្តាច់មុខ​ក្នុង​អាជីវកម្ម ដោយ​ក្នុង Chapter នីមួយៗមិនមាន​សមាជិក​ណា​ម្នាក់​ដែលមាន​អាជីវកម្ម​ដូចគ្នា​នោះទេ។ កត្តា​ទាំងនេះ​អាចធ្វើឱ្យ​យើង​អាច​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែងហើយ​មិនមាន​ការប្រកួតប្រជែង​នោះទេ គឺមាន​តែ​ជួយ​គ្នា​ទៅវិញទៅមក។

    ម្យ៉ាងវិញទៀត BNI គឺមាន​វិធី​ក្នុងការ​ថែរក្សាអតិថិជន​បានល្អ ហើយ​តាមរយៈ​វិធី​នេះ​ម្ចាស់​អាជីវកម្ម​មិន​បារម្ភ​ថា បាត់​អតិថិជន​នោះទេ តែ​អតិថិជនទៅវិញ​ទេ​ដែល​ខ្លាច​បាត់​យើង ព្រោះថា យើង​បានផ្តល់ឱ្យ​នូវ​ក្រុម​ដែលមាន​សមាជិក​ច្រើន​នាក់​ដែលផ្តល់ឱ្យ​គ្នា​នូវ​គុណ​តម្លៃ និង​ព័ត៌មាន​ជាច្រើន ហេតុនេះ​នៅពេលដែល​គេ​ចង់បាន​អ្វី គេ​គ្រាន់តែ​ទាក់ទង​មក​យើង គឺ​បានដឹង​ពី​ព័ត៌មាន​ទាំងអស់ ហេតុនេះគាត់​ត្រូវការ​យើង​រហូត។

    អត្ថប្រយោជន៍​ទី3 គឺ​ម្ចាស់​អាជីវកម្ម​នឹង​ទទួលបាន​ប្រភព​មិនចេះ​រីងស្ងួត​នៃ​ឱកាស​អាជីវកម្ម

    សមាជិក​ដែល​នៅក្នុង BNI គឺជា​អ្នក​ដែល​ក្តាប់បាន​នូវ​ប្រភព​អាជីវកម្ម​ច្បាស់លាស់​មុនគេ ហេតុនេះ​នៅពេលដែល​ប្រជុំ Chapter ម្តងៗ សមាជិកដទៃ​នៅក្នុង Chapter ជាមួយគ្នា​នឹង​ផ្តល់ឱកាសអាជីវកម្ម​ឱ្យ​យើង ក្រោយពេល​ប្រជុំ យើង​នឹង​ដឹងថាអ្នកណាខ្លះ​ដែល​យើង​ត្រូវ​ទាក់ទង ហើយ​វា​មានភាពងាយស្រួល​ខ្លាំងណាស់​សម្រាប់​ការលក់ ព្រោះថា យើង​មិនបាច់​ទាក់ទង​លក់​ឱ្យបាន​ច្រើន​នោះទេម្ចាស់​អាជីវកម្ម​ទាំងអស់​បាន​ព្រមព្រៀងគ្នា​ទុកជាមុន​ហើយ ហេតុនេះ​អ្វីដែល​យើង​ត្រូវធ្វើ គឺ​ត្រៀមខ្លួនសម្រាប់​ការចរចា​តម្លៃ។ ពេលខ្លះ​បើ​យើង​ដាក់​តម្លៃខ្ពស់​ពេក គេ​មិន​ប្រើ​សេវាកម្ម ឬ​ទិញ​ផលិតផល​យើងទេ នោះ​ជា​រឿង​របស់​យើង​ទៅវិញ​ទេ។ ជារួម​បើ​យើង​មើល​ពី​ទិន្នន័យ​របស់ BNI គឺ​យើង​ឃើញថា ការទំនាក់ទំនង​នេះ​គឺ​ធ្វើឱ្យ​អាជីវកម្ម​ទទួលបាន​ជោគជ័យ​ប្រហែលជា 90% បាត់ទៅហើយ។

    អត្ថប្រយោជន៍​ទី4 គឺ​ម្ចាស់​អាជីវកម្ម​នឹង​ទទួលបានការ​អប់រំ និង​បណ្តុះបណ្តាល

    នៅ BNI យើង​ត្រូវ​រៀន​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​យើង ហើយវគ្គ​បណ្តុះបណ្តាល​ទាំងអស់នោះ​គឺ​សុទ្ធ​តែមាន​សារៈសំខាន់​ដែល​អាច​នាំឱ្យ​អាជីវកម្ម​ទទួលបានជោគជ័យ ដូចជា​ការសិក្សា​ពី​ការប្រើប្រាស់​ប្រព័ន្ធ(system) របស់ BNI និង​ផ្នែកសំខាន់ៗជាច្រើន​ទៀត។ ចំពោះ​ការបណ្តុះបណ្តាល​ទាំងអស់នោះ​គឺមិនមាន​ការបង់ថ្លៃ​នោះទេ តែ​សមាជិក​ប្រហែល​ជាមាន​កាតព្វកិច្ច​រួមចំណែក​ចេញថ្លៃ​ទីកន្លែង ដែលពេលខ្លះ​យើង​សិក្សា​នៅ​សណ្ឋាគារ ដែល​ទាមទារឱ្យ​យើង​ចែករំលែក​គ្នា (share) ចេញថ្លៃ​បន្ទប់​សិក្សា​នោះ។

    អត្ថប្រយោជន៍​ទី5 គឺ​ទទួលបាន​ការទំនាក់ទំនងអាជីវកម្ម​យូរអង្វែង

    នៅ BNI យើង​មាន​កន្លែងសម្រាប់​ចែករំលែក និង​ពង្រឹង​ទំនាក់ទំនង​ល្អ ព្រោះថា ការធ្វើ​អាជីវកម្ម​តែងតែ​ជួប​បញ្ហា​កើតឡើង ដែលពេលខ្លះ​ម្ចាស់​អាជីវកម្ម​មួយចំនួន​មិន​ហ៊ាន​ពិភាក្សាជាមួយនឹង​ក្រុមគ្រួសារ​នោះទេ តែ​នៅ BNI យើងមាន​ម្ចាស់​អាជីវកម្ម​ជាច្រើន​សម្រាប់​ប្រឹក្សា​យោបល់ជាមួយ​ពួកគាត់ ហើយ​គាត់​អាច​នឹង​ចែករំលែក​រឿងលំបាក​នេះ​នៅក្នុង​ក្រុម​បាន ព្រោះ​មិនមាន​ដៃគូប្រកួតប្រជែង​នៅក្នុង​នោះទេ។ ហើយ​ពេលខ្លះ សមាជិ​ក​មួយចំនួន​ក៏មាន​ភាពចាស់ទុំ​ផងដែរ​ក្នុង​ការធ្វើ​អាជីវកម្ម ដែល​កត្តា​នេះ​អាចធ្វើឱ្យ​គាត់​ទទួលបាន​នូវ​ការប្រឹក្សា​យោបល់​ប្រកបដោយ​ប្រសិទ្ធភាព។

    ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា BNI គឺ​ឈរលើ​ទស្សនវិទ្យា 2ធំៗ គឺ​ទី1 អ្នក​ឱ្យ​គឺជា​អ្នកទទួល (Givers Gain) មានន័យថា អ្នក​ឱ្យ​កាន់តែច្រើន នោះ​យើង​នឹងទទួលបាន​កាន់តែច្រើន ហើយ​ទី2គឺ ធ្វើជា​កសិករមិនមែនជា​អ្នកប្រមាញ់​ទេ (Farming not Hunting) ព្រោះ​ប្រសិនបើ​យើង​តាំង​ចិត្តជា​អ្នកប្រមាញ់ នៅពេលដែល​ស្វែងរក​មួយកន្លែង​មិនបាន​គាត់​នឹង​បន្តទៅ​មួយកន្លែង​ផ្សេងទៀត ដល់​ដំណាក់កាល​ចុងក្រោយ​គាត់​នឹង​អស់​កន្លែង​សម្រាប់​ប្រមាញ់ តែ​សម្រាប់​អ្នកធ្វើ​កសិកម្ម​វិញ​គឺ​គាត់​ដាំ​ដុះ​នៅទីនេះ គាត់​ថែរក្សា ហើយ​ប្រមូល​ផល​នៅទីនេះ​ដែល​ផល​របស់គាត់​ប្រមូល​មិនចេះ​រីងស្ងួត។

    5.តើ​មកដល់​បច្ចុប្បន្ននេះ BNI បានសម្រេច​នូវ​សមិទ្ធផលសំខាន់ៗអ្វីខ្លះ?

    បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ គឺ​យើង​បែងចែកជា 2តំបន់ ហើយ​យើង​គ្រោង​នឹង​បង្កើតឱ្យមាន5តំបន់។ ចំណែកឯ​នៅ​ខេត្ត​វិញ គឺ​មិនទាន់​មាននៅឡើយ​ទេ តែ​យើង​ក៏​នឹង​គ្រោង​លក់ Franchise ទៅខេត្ត​ផងដែរ។ នៅពេលនេះ BNI មាន​សមាជិក​ប្រមាណ 400នាក់​ហើយ ដែល​ពួកគាត់​សុទ្ធតែជាម្ចាស់​អាជីវកម្ម ក្នុងនោះ​យើង​បែង​ចែកជា 9 Chapters ហើយ​យើង​ក៏​នឹងមាន​បន្ថែម 3 Chapters ទៀត​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ។

    នៅ​ឆ្នាំ2018 នេះ យើង​បង្កើត​ឱកាស​អាជីវកម្មបាន 2,539 ខណៈ​ចំណូល គឺ​ទទួលបាន​ប្រមាណ​ជា​ជិត 20លាន​ដុល្លារ។

    ចំពោះ​សមិទ្ធផល​ដែល​យើង​យកបាន​ពី BNI តាំងពី​ឆ្នាំ 2013 មកដល់​បច្ចុប្បន្ន គឺ​យើង​បង្កើតឱកាស​អាជីវកម្ម​ក្នុង BNI បាន​រហូតដល់​ទៅ 40,965 ឱកាស​អាជីវកម្ម​ហើយ ដែល​ក្នុងនោះ​ចំណូល​សរុបគឺ មាន​ចំនួន​ជាង 49លាន​ដុល្លារ។

    1. តើ​លោ​កមានអ្វី​ចង់​បន្ថែម​សម្រាប់​ជា​សារ​ទៅកាន់​សាធារណជន​ថែមទៀត​ទេ?

    ខ្ញុំ​សូម​ជម្រាបជូន​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ឱ្យបាន​ដឹងថា BNI ជា​ទម្រង់​ដែល​អាចជួយ​ឱ្យ​ម្ចាស់​អាជីវកម្ម​មានការ​រីក​ចម្រើន​តាមរយៈ​ការធ្វើការ​ជាក្រុម។ ហើយ​កាលណា​យើង​ធ្វើការ​ជា​ក្រុម​នៅក្នុង Chapter នីមួយៗ គឺ​យើង​ឈរលើ​គោលការណ៍ស្គាល់ (Know) ចូលចិត្ត(Like) និង​ជឿជាក់ (Trust)។

    ការធ្វើការងារ​បែបនេះ គឺ​ដំបូង​ឡើយ​គេ​ស្គាល់​យើង បន្ទាប់មក​គេ​ចូលចិត្ត​យើង ហើយ​បន្ទាប់មកទៀតគេ​នឹង​ជឿជាក់​លើ​យើង។ តាមរយៈ​គោលការណ៍​នេះ ម្ចាស់​អាជីវកម្មនីមួយៗនឹង​អាចធ្វើឱ្យ​អាជីវកម្មរបស់ខ្លួន​អភិវឌ្ឍ​បាន​យ៉ាង​ឆាប់រហ័ស ព្រោះថា នៅពេលដែល​គេ​មាន​ជំនឿ​ជាក់​មកលើ​យើង​កាន់តែខ្លាំង​នោះ ការធ្វើ​អាជីវកម្ម​របស់​យើង​ក៏​កាន់តែ​ងាយស្រួល​ឡើង​ដែរ៕

  • អ្នកគាំទ្រ​វៀតណាម​រាប់លាន​នាក់​អបអរសាទរ ក្រោយពី​ក្រុមU23របស់​ពួកគេ​បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ AFC U23

    អ្នកគាំទ្រ​វៀតណាម​រាប់លាន​នាក់​អបអរសាទរ ក្រោយពី​ក្រុមU23របស់​ពួកគេ​បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ AFC U23

    ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម 23ឆ្នាំ បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFC U23 Championship ក្នុងប្រទេស​ចិន ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​កាតា​អាយុ​ក្រោម 23ឆ្នាំ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ជាមួយនឹង​ជ័យជម្នះ 4-3 បន្ទាប់ពី​ទទួលបាន​លទ្ធផល​ស្មើ 2-2 នៅ​នាទី​បន្ថែម 15នាទី 2ដង​រួចមក។

    វៀតណាម បាន​ក្លាយជា​ក្រុម​ទៅ​ពី​តំបន់​អាស៊ីអាគ្នេយ៍​ដំបូង​គេ​ដែល​បាន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ​នេះ។ បន្ទាប់ពី​ជ័យជម្នះ​នេះ អ្នកគាំទ្រ​កីឡាបាល់ទាត់​វៀតណាម​រាប់លាន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​តាម​ដង​វិថី​នានា ដើម្បី​អបអរ​ជ័យជម្នះ​របស់​ក្រុម​ពួកគេ។ ជ័យជម្នះ​របស់​ក្រុម​វៀតណាម U23 បាន​កើតឡើង​មុនពេល​ក្រុម​អ៊ូ​ស​បេ​គី​ស្ថាន U23 ផ្តួល​កូរ៉េខាងត្បូង U23 ក្នុង​លទ្ធផល 3-០ ក្នុង​រយៈពេល​បន្ថែម 15នាទី 2ដង ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ក្នុង​រយៈពេល 90នាទី។

    ក្រុម​ទាំងពីរ​នឹងត្រូវ​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​សៅរ៍ ទី27 ខែមករា ខាងមុខនេះ។ លោក Park Hang-seo គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម បាន​ឲ្យ​ដឹងថា៖ «វា​គ្មានអ្វី​ស្រពេចស្រពិល​ទៀតឡើយ ពួកគេ​គឺជា​អ្នក​ប្រយុទ្ធ។ នៅ​មុនពេល​ការប្រកួត​នេះ យើង​បាន​សន្យា​ចំពោះ​ខ្លួនឯង​ថា យើង​មិន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​របស់​វៀតណាម បាក់មុខ​ឡើយ។ ទីបំផុត​យើង​ធ្វើបាន​សម្រេច​មែន»៕

    ប្រភពពី៖ e.vnexpress

  • Sanchez ចូលរួម​ជាមួយ Man Utd ខណៈ Mkhitaryan បំពេញ​ការផ្ទេរ​ទៅ Arsenal

    Sanchez ចូលរួម​ជាមួយ Man Utd ខណៈ Mkhitaryan បំពេញ​ការផ្ទេរ​ទៅ Arsenal

    Alexis Sanchez បាន​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ​ទៅកាន់​ក្លិប Manchester United រួចហើយ និង​បានធ្វើ​ការរិះគន់ភ្លាមៗទៅកាន់​អតីត​កីឡាករ​របស់​ក្រុម Arsenal។

    ការផ្ទេរ​ដែលជា​ការដោះដូ​រ​កីឡាករ​គ្នា​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ ខណៈដែល Sanchez ត្រូវបាន​គេ​ជឿជាក់ថា បាន​ចុះហត្ថលេខា​រយៈពេល 4ឆ្នាំកន្លះ ជាមួយនឹង Man Utd ហើយ​ខ្សែបម្រើ Henrikh Mkhitaryan បាន​ចូលរួម​ជាមួយនឹង​ក្លិប Arsenal។ Sanchez បាន​ស៊ុត​បាល់​បញ្ចូល​ទី 80គ្រាប់ ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Barcelona ក្នុងតម្លៃ​ខ្លួន 30លាន​ផោន កាលពី​ខែកក្កដា ឆ្នាំ2014 និង​បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​កាលពី​រដូវ​កាល​មុន ជាមួយនឹង​ការរកបាន 30គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​រំភើប​ណាស់ ក្នុងការ​បាន​ចូលរួម​ជាមួយនឹង​ក្លិប​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​នេះ។ ឱកាស​ក្នុង​ការលេង​នៅ​កីឡដ្ឋាន​ជា​ប្រវត្តិសាស្ត្រ និង​ការធ្វើការ​ជាមួយនឹង​លោក Jose Mourinho គឺជា​រឿង​មួយ​ដែល​ខ្ញុំ​មិនអាច​ច្រានចោល​បានឡើយ»។

    តារា​ឆ្នើម​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​កីឡាករ​ស៊ី​លី​ដំបូង​គេ​ដែល​លេង​ឲ្យ​ក្រុម Man United ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​ក្នុង​ពិភពលោក​បានឃើញ​ពី​មូលហេតុ​ដែល​ក្លិប​ចង់បាន​រូបខ្ញុំ​ឱ្យមក​ទីនេះ»។

    ស្របពេល​ជាមួយគ្នានេះដែរ ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អា​មេ​នី Mkhitaryan វ័យ 29ឆ្នាំ ក៏បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប Arsenal ផងដែរ ក្រោយពី​រូបគេ​បាន​ធ្លាក់​ចេញពី​ការចាប់អារម្មណ៍​របស់​អ្នកចាត់ការ​ទូទៅ​នៃ​ក្លិប Man United គឺ​លោក Jose Mourinho បន្ទាប់ពី​បាន​ចំណាយពេល​អស់ 18ខែ​នៅ​កីឡដ្ឋាន Old Trafford៕

    ប្រភពពី៖ The Guardian

  • រោម​ដុះ​ក្រោម​ច្រមុះ​ដូច​ពុកមាត់ តើនារីៗ ត្រូវ​កែប​ញ្ហា​នេះ​យ៉ាងដូច​ម្តេច?

    រោម​ដុះ​ក្រោម​ច្រមុះ​ដូច​ពុកមាត់ តើនារីៗ ត្រូវ​កែប​ញ្ហា​នេះ​យ៉ាងដូច​ម្តេច?

    ដោយសារតែរោមនៅលើ​មុខ​ដុះ​ឡើង​ច្រើន​ជ្រុលពេក (អ្នកខ្លះ​ដុះ​ច្រើន​ខុស​ប្រក្រតី) ទើប​ធ្វើឱ្យនារីៗមិនតិច​នាក់​នោះទេ​ដែល​ត្រូវ​បាត់បង់​ភាពជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​មែនទែន ព្រោះ​មិន​ថា ខំព្យាយាម​បិទបាំង​យ៉ាងណាក៏ដោយ ក៏​រោម​ពណ៌​ខៀវស្តើងៗដែល​ដុះ​នៅក្រោម​ច្រមុះ​នោះ នៅតែ​លេចធ្លោ​ទាក់ភ្នែក រហូត​ទាល់តែអ្នកណាៗក៏​នាំគ្នា​ចំអន់​ថា ស្រី​អី​ដុះ​ពុកមាត់​អញ្ចឹង! ដូច្នេះ​បើ​អ្នកនាងកញ្ញា​ណា​កំពុងតែ​ខ្វល់ខ្វាយជាមួយនឹង​ការ​រិះរកវិធី​ចាត់ការ​រោម​ដូច​ពុកមាត់​របស់​ខ្លួនឯង​នោះ លេខនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​នាំយក​វិធី​ជាច្រើន​ដែល​អាចជួយ​កម្ចាត់ និង​បិទបាំង​រោម​ដូច​ពុកមាត់​ចង្រៃ​នោះ មក​ជម្រាបជូន​ដូចតទៅ ៖

    ប្រើការ​តុបតែង​មុខ​ជួយ
    អាចនិយាយបានថាជាវិធី​ដ៏​ងាយស្រួលមួយដែល​អាចជួយ​កែប​ញ្ហា​នេះ​បាន​ក្នុង​រយៈ​ដំបូងដោយ​គ្រាន់តែ​ប្រើ​ម្សៅ​ទ្រនាប់ ប៊ី​ប៊ី​គ្រី​ម ឬខន​ស៊ី​លលើ​រ៍​ដែល​សង្កត់ធ្ងន់លើ​ការបិទបាំង លាប​នៅលើ​បរិវេណ​ដែលមាន​ពុកមាត់​នោះ ហើយ​ប្រើ​ម្សៅ​ហុយ​ផាត់​វាស​ជាន់​ពីលើ​យ៉ាងស្រាលៗ ដើម្បីឱ្យ​មើលទៅឃើញដូច​ធម្មជាតិ និង​កុំឱ្យ​មើលឃើញ​ក្រាស់​ខ្លាំងពេក​ជាការ​ស្រេច។

    ប្រើ​វិធី​កម្ចាត់​រោម​បែប​បណ្តោះ​អាស​ន្ត
    គឺជា​វិធី​ដែល​ទទួលបាន​ការនិយម​យ៉ាងច្រើន​នៅក្នុង​ចំណោម​នារី​ទាំងឡាយ មិនថាតែ​រោមដៃ រោមជើង រោមក្លៀក ឬ​សូម្បីតែ​រោម​នៅលើ​ផ្ទៃមុខ​ក៏ដោយ។ កា​របក​រោម និង​ការប្រើ​គ្រី​ម​កម្ចាត់​រោម​ក៏​អាចបំពេញ​តួនាទី​កម្ចាត់​រោម​បាន​ស្អាត​ហ្មត់ចត់​យ៉ាង​ងាយស្រួល​ដែរ តែ​រោម​នឹង​ដុះ​ឡើងវិញ​ក្នុងអំឡុង2–6សប្តាហ៍ ហើយ​សម្រាប់​អ្នក​ដែលមាន​ស្បែក​ខ្មៅ​ស្រអែម ឬ​មាន​ស្នាមដំបៅ​ដោយសារ​មុន សូម​ណែនាំ​ថា មិនគួរ​ប្រើ​វិធី​បក​រោម​ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​របកស្បែក​មាន​ស្លាកស្នាម និង​កើត​អាការ​រលាក​ក្រហាយបាន។

    ប្រើ​វិធី​ធ្វើ​ឡា​ែហ្ស៊កម្ចាត់​រោម​បែប​និរន្ត
    បច្ចេកវិទ្យា​ទំនើប​ខាង​វេជ្ជសាស្ត្រ​ដែល​ប្រើ ប្រាស់​កាំរស្មី​ឡា​ែហ្ស៊ដើម្បីឱ្យ​កម្ដៅ​ទៅ​បំផ្លាញ​ការរីក​ធំធាត់​របស់​រោម រហូត​អាច​កម្ចាត់​រោម​ឱ្យអស់​បាន​នៅ​ទីបំផុត​នោះ មានដូចជា IPL, Gental YAG និង Alexandrite ដែលមាន​អ្នកខ្លះ​ត្រូវ​ទៅ​ទទួល​ការធ្វើ​ឡា​ែហ្ស៊ច្រើនជាង​មួយដង ក៏មានដែរ ដោយសារតែ​ភាពខុសប្លែក​គ្នា​របស់​ទំ​ហំ​សរសៃ​រោម និង​ភាព​ខ្មៅ-ស​នៃ​ស្បែក​របស់​មនុស្សម្នាក់ៗ។

    ទាំងអស់នេះ​គឺជា​វិធី​កម្ចាត់​រោម ដែល​មិនមែនជា​រឿង​ពិបាក​នោះឡើយ គ្រាន់តែ​អ្នក​ត្រូវ​ចេះ​ជ្រើស​យក​វិធី​ណាមួយ​ដែល​ស័ក្តិសម​នឹង​ខ្លួនឯង​ប៉ុណ្ណោះ នោះ​អ្នក​នឹងមាន​ផ្ទៃមុខ​ស្អាត​រលោង គ្មាន​រោម​មក​រំខាន​ចិត្ត​ទៀតឡើយ៕

  • សារៈសំខាន់​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ចំពោះ​កម្ចី​ពី​ធនាគារ

    សារៈសំខាន់​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ចំពោះ​កម្ចី​ពី​ធនាគារ

    បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា គ្រប់​អាជីវកម្ម​កំពុង​រីកដុះដាល​ដូច​ផ្សិត តែ​ភាគច្រើន​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មិនសូវ​បានគិត​គូរ​ពី​បញ្ជីស្នាម​គណនេយ្យ​តាម​ក្បួនខ្នាត​ហិរញ្ញវត្ថុ​ច្បាស់លាស់​នៅឡើយ​ទេ​ដោយសារតែ​ម្ចាស់​អាជីវកម្ម​នៅ​មិនទាន់​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​នេះ។

    តើ​អ្វី​ទៅជា​របាយការណ៍​ហិរញ្ញវត្ថុ?
    សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម និង​ធុរកិច្ច លោក ឃឹម សារិទ្ធ បាន​លើកឡើងថា របាយការណ៍​ហិរញ្ញវត្ថុ​គឺជា​របាយការណ៍​ដែល​រៀបចំឡើង​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​គណនេយ្យ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យឃើញ​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មួយ ដូចជា​ចំណូល ចំណាយ ទ្រព្យសកម្ម ទ្រព្យអកម្ម និង​លំហូរ​សាច់ប្រាក់​ចេញ-ចូល​ជាដើម។ តាមរយៈ​របាយការណ៍​ហិរញ្ញវត្ថុ​យើង​អាច​ដឹង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ រួមទាំង​សក្តានុពល​របស់​ក្រុមហ៊ុន​នោះ​ទៀតផង។

    លោក​សាស្ត្រាចារ្យ ឃឹម សារិទ្ធ បាន​និយាយថា៖ “របាយការណ៍​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ម្ចាស់​អាជីវកម្ម​ផ្ទាល់ និង​អង្គភាព​ខាងក្រៅ​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម”។

    អ្នកជំនាញ​ខាងលើ​បានបញ្ជាក់​ថា សម្រាប់​ម្ចាស់​ស្ថាប័ន​ផ្ទាល់ គឺ​គាត់​អាច​នឹង​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​បានល្អ ប្រសិនបើ​គាត់​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ និង​ច្បាស់លាស់ ហើយ​ពេលខ្លះ​គាត់​ក៏​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្ដាក់​ទុន​បន្ថែម​បាន​ទៀតផង។ ម្យ៉ាងវិញទៀត សម្រាប់​ភាគី​ពាក់ព័ន្ធ​ដូចជា​ដៃគូ​អាជីវកម្ម និង​ម្ចាស់បំណុល​ជាដើម ក៏​អាច​នឹង​ប្រើ​របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ជា​មូលដ្ឋាន​ក្នុងការ​ស្វែងយល់​ពី​ស្ថានភាព​របស់​ក្រុមហ៊ុន​នោះ​ផងដែរ។

    លោក សាន្ត ច័ន្ទ​កុម្ភៈ នាយក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា ថ្វីដ្បិតតែ​ការផ្តល់​កម្ចី​នៅ​កម្ពុជា​គេ​ពឹង​ផ្អែកលើ​ទ្រព្យ​តម្កល់ តែ​គេ​ក៏​ឱ្យ​តម្លៃ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ផងដែរ ព្រោះថា​ គម្រោង​កម្ចី​សម្រាប់​អាជីវកម្ម គឺ​ទាមទារ​ចាំបាច់​ត្រូវ​ដឹង​ពី​ស្ថានភាព​អាជីវកម្ម​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន។

    លោក សាន្ត ច័ន្ទ​កុម្ភៈ បាន​និយាយថា៖ “ការ​ដែលមាន​របាយការណ៍​ហិរញ្ញវត្ថុ​ច្បាស់លាស់​គឺជា​រឿង​សំខាន់​មួយ​ដែល​ពាណិជ្ជករ​ត្រូវ​ដឹង ព្រោះថា ពួកគាត់​អាច​ត្រូវការ​ទុន​បន្ថែម​គ្រប់ពេល ហើយ​ពេលខ្លះ​គាត់​ត្រូវការ​ខ្ចីលុយ​ពី​ធនាគារ ដូច្នេះ​របាយការណ៍​ហិរញ្ញវត្ថុ​គឺជា​ទំនុកចិត្ត​មួយ​ដែល​អាច​បញ្ជាក់​ដល់​ធនា​គា​រថា​គាត់​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​សង​ត្រឡប់​ទៅ​ធនាគារ​វិញ ដែល​ធ្វើឱ្យ​គាត់​ងាយ​ទទួលបានជោគជ័យ​លើ​ការស្នើសុំ​កម្ចី”។

    លោក ច័ន្ទ​កុម្ភៈ បាន​បន្ថែមទៀតថា អ្នករកស៊ី​គាត់​អាចមាន​ទ្រព្យ​បញ្ចាំ​មួយចំនួន​ដែលមាន​កម្រិត​មិន​ច្រើនពេក​នោះទេ តែ​តម្រូវ​ការខ្ចី​របស់គាត់​គឺ​លើសពី​ទ្រព្យ​បញ្ចាំ​ទាំងអស់នោះ​ទៅទៀត ហេតុនេះ​ប្រសិនបើ​គាត់​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ច្បាស់លាស់ និង​អាជីវកម្ម​រឹងមាំ​ល្អ​ហើយ គាត់​អាចនឹងទទួល​បាន​លទ្ធ​ភាព​នៃ​ការខ្ចី​ក្នុង​ចំនួន​ខ្ពស់​បាន។ Accounting Partner នៃ​ក្រុមហ៊ុន REACHS &Partner Co., Ltd លោក ស៊ឹម ចាន់​គី​រី​រ័ត្ន បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ អ្នករកស៊ី​ជាច្រើន​បានធ្វើ​ការរកស៊ី​តាម​ទម្លាប់ ហើយ​មិនសូវ​ខ្វាយខ្វល់​ច្រើន​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប៉ុន្មាន​នោះទេ។ អ្នក​កាន់​បញ្ជី​របស់គាត់ ភាគច្រើន​ជាម​នុស្ស​ដែល​ម្ចាស់​អាជីវកម្ម​ទុកចិត្ត​បំផុត អាចជា​កូន ជា​ប្រពន្ធ ឬ​ជា​សាច់ញាតិ​ជាដើម ដែល​ពេលខ្លះ​គាត់​ធ្វើការ​កត់ត្រា​តែ​ក្នុង​សៀវភៅ​ធម្មតា។ កត្តា​នេះ​ធ្វើឱ្យ​គាត់​មាន​ផល​លំបាក​ក្នុង​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​នៅពេលដែល​គាត់​ត្រូវការ​ជា​ចាំបាច់។

    លោក ស៊ឹម ចាន់​គី​រី​រ័ត្ន បាន​និយាយថា៖ ជាធម្មតា​អ្នករកស៊ី​តែងតែ​យក​ប្លង់ដី ឬប្លង់​ផ្ទះ​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​ស្ទើរតែ​ទាំងអស់​ដើម្បី​យកលុយ​មកប្រកបរបររក​ស៊ី តែ​នៅពេលដែល​គាត់​កំពុង​កាក់កប ហើយ​ចង់​ពង្រីក​អាជីវកម្ម​ឱ្យធំឡើងបន្ថែមទៀតគាត់​អាច​នឹង​មិនមាន​ទុន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រឿង​ថ្មី​នោះទេ ព្រោះ​គាត់​គ្មាន​ទ្រព្យ​បន្ថែម​ដើម្បី​ដាក់​ទៅឱ្យ​ធនាគារ​បន្តទៀត​ឡើយ តែ​ប្រសិនបើ​គាត់​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ នោះ​គាត់​នឹងមិន​ទាល់​លុយ​សម្រាប់​រកស៊ី​នោះឡើយ ព្រោះថា នៅពេលដែល​គាត់​ត្រូវការ​លុយរកសុីបន្ថែម របាយការណ៍​ហិរញ្ញវត្ថុ​គឺជា​ឯកសារ​សំខាន់​មួយ​ដែល​អាចធ្វើឱ្យ​ធនាគារ​យល់ព្រម​ផ្តល់​កម្ចី​បន្ថែម​សម្រាប់​គាត់​ដើម្បី​ពង្រីក​អាជីវកម្ម៕